Search

佈道

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 4-2] អ្នកដែលទទួលបានព្រះពរពីស្ថានសួគ៌ ដោយសារជំនឿ (រ៉ូម ៤:១-៨)

(រ៉ូម ៤:១-៨)
«បើដូច្នេះ យើងនឹងថា លោកអ័ប្រាហាំ ជាឰយុកោយើង បានអ្វីខ្លះ ខាងឯសាច់ឈាម ដ្បិតបើសិនណាជាលោកអ័ប្រាហាំបានរាប់ជាសុចរិត ដោយការដែលលោកប្រព្រឹត្ត នោះលោកមានកន្លែងនឹងអួតខ្លួនហើយ តែមិនមែនចំពោះព្រះទេ តើគម្ពីរថាដូចម្តេច គម្ពីរថា «អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្តីជំនឿនោះ បានរាប់ជាសេចក្តីសុចរិតដល់លោក» រីឯអ្នកណាដែលធ្វើការ នោះរង្វាន់មិនរាប់ជាគុណរបស់ចៅហ្វាយទេ គឺទុកជាថ្លៃឈ្នួលវិញទេតើ តែចំណែកអ្នកដែលមិនធ្វើការសោះ គឺគ្រាន់តែជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសឲ្យមនុស្សទមិលល្មើសបានសុចរិត នោះសេចក្តីជំនឿរបស់អ្នកនោះ បានរាប់ទុកជាសេចក្តីសុចរិតវិញ ដូចជាហ្លួងដាវីឌបានសំដែងពីសណ្ឋានដ៏មានពរនៃមនុស្ស ដែលព្រះទ្រង់រាប់ជាសុចរិតក្រៅពីការប្រព្រឹត្តថា មានពរហើយ អ្នកណាដែលការទទឹងច្បាប់របស់ខ្លួនបានអត់ទោសឲ្យ និងបានខ្លួនបានគ្របបាំង មានពរហើយ មនុស្សណាដែលព្រះអម្ចាស់មិនរាប់ជាមានបាបឡើយ។»
 
 
មានពរហើយ អ្នកដែលអំពើបាបរបស់ខ្លួនត្រូវបានលាងសម្អាត
 
ខ្ញុំ អរព្រះគុណដល់ព្រះអម្ចាស់ សម្រាប់ការសង្រ្គោះព្រលឹងជាច្រើននៅសព្វថ្ងៃនេះ។ ព្រះគម្ពីរនិយាយនៅក្នុង រ៉ូម ៤ អំពីមនុស្សមានពរ។ ហើយខ្ញុំចង់និយាយអំពីអស់អ្នកដែលមានពរ។
«ដូចជាហ្លួងដាវីឌបានសំដែងពីសណ្ឋានដ៏មានពរនៃមនុស្ស ដែលព្រះទ្រង់រាប់ជាសុចរិតក្រៅពីការប្រព្រឹត្តថា មានពរហើយ អ្នកណាដែលការទទឹងច្បាប់របស់ខ្លួនបានអត់ទោសឲ្យ និងបានខ្លួនបានគ្របបាំង មានពរហើយ មនុស្សណាដែលព្រះអម្ចាស់មិនរាប់ជាមានបាបឡើយ» (រ៉ូម ៤:៦-៨)។ ព្រះគម្ពីរនិយាយអំពីអ្នកដែលមានពរនៅចំពោះព្រះ។ ពិតជាមានពរហើយ អ្នកណាដែលអំពើបាបរបស់ខ្លួនត្រូវបានលាងសម្អាតនៅចំពោះព្រះ ហើយព្រះអម្ចាស់មិនរាប់ជាមានបាប។ 
មុនពេលយើងចូលកាន់តែជ្រៅទៅក្នុងបទគម្ពីរ ចូរយើងពិនិត្យមើលស្ថានភាពបច្ចុប្បន្នរបស់យើងសិន។ ព្រះគម្ពីរនិយាយអំពីមនុស្សមានពរ ដែលបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន។ ដូច្នេះ ចូរយើងគិតថា តើយើងក៏សមនឹងទទួលបានពរផងដែរទេ?
ឥតមានអ្នកណាម្នាក់នៅក្នុងលោកិយនេះ ដែលមិនធ្វើបាបឡើយ គឺ មនុស្សជាតិប្រព្រឹត្តអំពើបាបយ៉ាងច្រើន ដូចជាពពកខ្មៅក្រាស់ ដែល អេសាយ ៤៤:២២ និយាយអញ្ចឹង។ ដូច្នេះ ក៏ឥតមានអ្នកណាម្នាក់អាចគេចរួចពីការជំនុំជម្រះរបស់ព្រះបានដែរ បើសិនមិនមានព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទនោះ។
យើងបានសង្រ្គោះចេញពីអំពើបាបរបស់យើង និងការជំនុំជម្រះរបស់ព្រះបាន តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដែលព្រះអម្ចាស់បានប្រទានការអត់ទោសសម្រាប់អំពើបាបដល់យើង។ លើសពីនេះ ឥឡូវនេះ យើងអាចរស់នៅបាន ដោយសារតែយញ្ញបូជា ដែលព្រះយេស៊ូវបានថ្វាយដល់ព្រះវរបិតា។ តើមានអ្នកណាម្នាក់មិនដែលធ្វើបាបសោះនៅក្នុងជីវិតរបស់ខ្លួនដែរទេ? ទាំងអ្នកដែលទទួលបានការអត់ទោសបាប និងអ្នកដែលមិនបានទទួល សុទ្ធតែធ្វើបាបដូចគ្នា។ ដូច្នេះ ដោយសារយើងតែងតែធ្វើបាប ដោយមិនដឹងខ្លួន យើងត្រូវទទួលការជំនុំជម្រះ ដោយសារអំពើបាបទាំងនោះ។
ខ្ញុំជឿលើការពិតថា មនុស្សដែលមានបាបតែបន្តិច ក៏ត្រូវធ្លាក់ទៅក្នុងស្ថាននរកដែរ។ ហេតុអ្វី? ពីព្រោះព្រះគម្ពីរនិយាយថា ឈ្នួលនៃអំពីបាបគឺជាសេចក្តីស្លាប់ (រ៉ូម ៦:២៣)។ មិនថាឈ្នួលនៃអំពើបាបនោះជាអ្វីឡើយ យើងត្រូវតែសង ហើយយើងអាចទទួលបានការអត់ទោសសម្រាប់អំពើបាបបាន លុះត្រាតែយើងសងថ្លៃឈ្នួលនោះរួច។ ដូច្នេះ បាបនាំមកតែការជំនុំជម្រះប៉ុណ្ណោះ។
យើងរស់នៅក្នុងអំពើបាបគ្រប់ប្រភេទ ទាំងអំពើបាបតូច និងអំពើបាបធំ ដូចជា អំពើបាបដោយសារភាពល្ងង់ខ្លៅ អំពើបាបដោយដឹងខ្លួន និងអំពើបាបដោយសារភាពខ្សោយ។ និយាយយ៉ាងម៉ឺងម៉ាត់គឺថា យើងត្រូវតែទទួលស្គាល់អំពើបាបរបស់យើង នៅចំពោះព្រះ ទោះបើយើងមានលេសល្អនឹងទូលដល់ទ្រង់ក៏ដោយ។ តើអ្នកយល់ស្របជាមួយគំនិតនេះដែរទេ? វាមិនត្រឹមត្រូវសម្រាប់យើងទេ ដែលបដិសេធមិនទទួលស្គាល់អំពើបាបរបស់យើង ទោះបើអំពើបាបទាំងអស់របស់យើងត្រូវបានអត់ទោសឲ្យហើយក៏ដោយ។ ដូច្នេះ គ្រប់គ្នាត្រូវតែទទួលស្គាល់កំហុសទាំងឡាយ ដែលយើងគួរតែទទួលស្គាល់។
 
 
មានតែមនុស្សសុចរិតប៉ុណ្ណោះ ទើបអាចសរសើរតម្កើងព្រះបាន
 
មនុស្សសុចរិត ដែលអំពើបាប និងអំពើរំលងរបស់ខ្លួនត្រូវបានអត់ទោស និងគ្របបាំងរួចហើយ ឥតមានបាប ហើយអាចថ្វាយការអរព្រះគុណដល់ព្រះបាន។ កាលណាយើងចូលមកចំពោះទ្រង់ យើងគួរតែ អរព្រះគុណដល់ព្រះ គ្រប់ម៉ោង និងនាទីទាំងអស់ ពីព្រោះព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់យើងចេញ ទោះបើអំពើបាបរបស់យើងច្រើនដូចជាពពកខ្មៅយ៉ាងក្រាស់ក៏ដោយ។ យើងអរព្រះគុណដល់ព្រះអម្ចាស់ ដែលបានដោះអំពើបាបទាំងអស់របស់យើងចេញ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស នៅទន្លេយ័រដាន់ និងការទទួលយកការជំនុំជម្រះជំនួសយើង នៅលើឈើឆ្កាង។
ប្រសិនបើព្រះអម្ចាស់មិនបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ឬមិនបានសុគតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាបរបស់យើងទេ តើយើងអាចហៅទ្រង់ថាព្រះវរបិតាបានយ៉ាងដូចម្តេចទៅ? តើយើងអាចសរសើរតម្កើងព្រះអម្ចាស់បានយ៉ាងដូចម្តេចទៅ? ហើយតើយើងអាចសរសើរព្រះនាមព្រះ និងអរព្រះគុណសម្រាប់អំណោយទានជាសេចក្តីសង្រ្គោះរបស់ទ្រង់ និងថ្វាយសីរីល្អដល់ទ្រង់បានយ៉ាងដូចម្តេចទៅ? ការសរសើរតម្កើង ការអរព្រះគុណ និងការថ្វាយសិរីល្អដល់ទ្រង់ គឺដោយសារតែព្រះគុណរបស់ព្រះ។
យើង ដែលជាមនុស្សបរិសុទ្ធ អាចសរសើរតម្កើងព្រះអម្ចាស់ និង អរព្រះគុណដល់ទ្រង់បាន ពីព្រោះអំពើបាបរបស់យើងត្រូវបានលុបបំបាត់រួចហើយ។ តាមរយៈយញ្ញបូជារបស់ព្រះគ្រីស្ទ និងការពិតថា ព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់យើងចេញ យើងអាចសរសើរតម្កើងព្រះអម្ចាស់បាន។
ទោះបីជាយើងទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់យើងហើយក៏ដោយ ក៏យើងមិនអាចត្រឡប់ជាគ្រប់លក្ខណ៍ ដោយសារតែការប្រព្រឹត្តរបស់យើងនៅលើផែនដីនេះដែរ។ យើងទាំងអស់គ្នាខ្សោយ ប៉ុន្តែយើងដែលជាមនុស្សសុចរិត សរសើរតម្កើងព្រះអម្ចាស់ ដែលបានសងថ្លៃឈ្នួលនៃអំពើបាបរបស់មនុស្សមានបាបទាំងអស់ ដោយព្រះគុណរបស់ ទ្រង់។ តើយើងនៅតែស្ថិតនៅក្នុងសេចក្តីងងឹងឬ? មិនថាសេចក្តីងងឹងបែបណាទេ បើសិនយើងទទួលស្គាល់អំពើបាបរបស់យើងនៅចំពោះព្រះ បើសិនយើងសារភាពថា យើងបានធ្វើបាបនៅចំពោះព្រះ និងបើសិនយើងជឿលើព្រះអម្ចាស់ដែលបានដោះអំពើបាបទាំងអស់ចេញ សេចក្តីពិតរបស់ព្រះអម្ចាស់នឹងជួយឲ្យយើងអាចសរសើរតម្កើង និងអរព្រះគុណដល់ទ្រង់បាន។ យើងបានធ្វើជាពួកបរិសុទ្ធ ហើយយើងត្រូវតែសរសើរតម្កើងព្រះយេស៊ូវគ្រីស្ទ ដោយសារតែព្រះគុណ និងសេចក្តីអត់ទោសបាបរបស់ទ្រង់សម្រាប់យើង។ លើសពីនេះ យើងបានធ្វើជាអ្នកថ្វាយបង្គំព្រះ បន្ទាប់ពីបានទទួលព្រះគុណនៃការអត់ទោសបាបនៅក្នុងចិត្តរបស់យើង។ 
 
 
បើសិនយើងបានរាប់ជាសុចរិត មិនដោយសារការប្រព្រឹត្តរបស់យើង នោះវាគឺជាព្រះគុណរបស់ព្រះហើយ
 
«បើដូច្នេះ យើងនឹងថា លោកអ័ប្រាហាំ ជាឰយុកោយើង បានអ្វីខ្លះ ខាងឯសាច់ឈាម ដ្បិតបើសិនណាជាលោកអ័ប្រាហាំបានរាប់ជាសុចរិត ដោយការដែលលោកប្រព្រឹត្ត នោះលោកមានកន្លែងនឹងអួតខ្លួនហើយ តែមិនមែនចំពោះព្រះទេ តើគម្ពីរថាដូចម្តេច គម្ពីរថា អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្តីជំនឿនោះ បានរាប់ជាសេចក្តីសុចរិតដល់លោក រីឯអ្នកណាដែលធ្វើការ នោះរង្វាន់មិនរាប់ជាគុណរបស់ចៅហ្វាយទេ គឺទុកជាថ្លៃឈ្នួលវិញទេតើ តែចំណែកអ្នកដែលមិនធ្វើការសោះ គឺគ្រាន់តែជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសឲ្យមនុស្សទមិលល្មើសបានសុចរិត នោះសេចក្តីជំនឿរបស់អ្នកនោះ បានរាប់ទុកជាសេចក្តីសុចរិតវិញ» (រ៉ូម ៤:១-៥)។ 
បាបរបស់មនុស្ស អាចត្រូវបានលុបបំបាត់ចោលបាន លុះត្រាតែថ្លៃឈ្នួលត្រូវបានសងរួច។ តើអ្នកប្រាកដថា បញ្ញាចិត្តរបស់អ្នកបានស្អាតហើយដែរទេ? មិនថាអំពើបាបប្រភេទណាទេ បញ្ញាចិត្តរបស់យើងអាចបានស្អាតបាន លុះត្រាតែថ្លៃឈ្នួលនៃអំពើបាបនោះត្រូវបានសងរួច។ យើងដែលជាមនុស្សមានបាប មិនមានជម្រើសអ្វីក្រៅតែពីត្រូវស្លាប់ទេ ប៉ុន្តែព្រះអម្ចាស់បានសុគត ជំនួសយើងវិញ។ ដូច្នេះ មនុស្សមានបាបបានរាប់ជាសុចរិត ដោយការបានសង្រ្គោះ។
នៅក្នុង រ៉ូម ៤ ដោយបានយកលោកអ័ប្រាហាំជាគំរូពីជំនឿតាមព្រះបន្ទូលព្រះ សាវកប៉ុលបាននិយាយថា មនុស្សមានបាបបានសង្រ្គោះ ដោយសារព្រះយេស៊ូវគ្រីស្ទ ដែលបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ និងដាក់លើអង្គអ្រង់ នៅឯទន្លេយ័រដាន់ ហើយបានសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់មនុស្ស។ ព្រះគម្ពីរនិយាយថា លោកអ័ប្រាហាំបានរាប់ជាសុចរិត ពីព្រោះគាត់បានជឿលើព្រះ។ គាត់មិនបានសង្រ្គោះ ដោយសារការប្រព្រឹត្តផ្ទាល់ខ្លួនរបស់គាត់ទេ ប៉ុន្តែដោយសារជំនឿតាមព្រះបន្ទូលព្រះ។ ដូច្នេះ ព្រះបានរាប់គាត់ជាសុចរិត ហើយគាត់បានទទួលសេចក្តីសង្រ្គោះ ដោយការជឿតាមព្រះបន្ទូលព្រះ និងបានក្លាយជាឪពុកនៃអស់អ្នកដែលជឿដែរ។ គាត់បានរាប់ជាសុចរិត ដោយការជឿលើសម័្ពន្ធមេត្រីរបស់ព្រះ។ 
តើសេចក្តីសង្រ្គោះចេញពីបាប និងព្រះគុណរបស់ព្រះ ដែលទ្រង់ប្រទានដល់យើងដែលជាមនុស្សមានបាប គឺជាអ្វី? ចូរយើងគិតអំពីចំណុចនេះ ដើម្បីធ្វើឲ្យមានភាពច្បាស់លាស់។ «រីឯអ្នកណាដែលធ្វើការ នោះរង្វាន់មិនរាប់ជាគុណរបស់ចៅហ្វាយទេ គឺទុកជាថ្លៃឈ្នួលវិញទេតើ» (រ៉ូម ៤:៤)។ ខនេះនិយាយអំពីសេចក្តីសង្រ្គោះរបស់ព្រះ ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់ និងការអត់ទោសសម្រាប់អំពើបាបរបស់យើង។ «រីឯអ្នកណាដែលធ្វើការ នោះរង្វាន់មិនរាប់ជាគុណរបស់ចៅហ្វាយទេ គឺទុកជាថ្លៃឈ្នួលវិញទេតើ។» បើសិនមនុស្សម្នាក់ទទួលបានឈ្នួលនៃការងាររបស់ខ្លួន តើគាត់នឹងចាត់ទុកឈ្នូលរបស់ខ្លួនជាព្រះគុណ ឬជាបំណុល? សាវកប៉ុលពន្យល់អំពីសេចក្តីសង្រ្គោះ ដោយយកលោក អ័ប្រាហាំធ្វើជាគំរូ។ តាមធម្មតា មនុស្សម្នាក់ធ្វើការ ហើយទទួលបានថ្លៃឈ្នួលសម្រាប់ការងារបស់គាត់មកវិញ។ ប៉ុន្តែបើសិនយើងបានរាប់ជាសុចរិត ទោះបើយើងមិនមានជីវិតគ្រប់លក្ខណ៍ក៏ដោយ វាគឺតាមរយៈអំណោយទានរបស់ព្រះ មិនតាមរយៈការប្រព្រឹត្តផ្ទាល់ខ្លួនរបស់យើងទេ។
«រីឯអ្នកណាដែលធ្វើការ នោះរង្វាន់មិនរាប់ជាគុណរបស់ចៅហ្វាយទេ គឺទុកជាថ្លៃឈ្នួលវិញទេតើ» (រ៉ូម ៤:៤)។ សេចក្តីសង្រ្គោះតាមរយៈ សេចក្តីអត់ទោសសម្រាប់អំពើបាប គឺផ្អែកលើបុណ្យជ្រមុជ និងការបង្ហូរព្រះលោហិតរបស់ព្រះអម្ចាស់។ យើងអាចទទួលបានសេចក្តីសង្រ្គោះបាន តាមរយៈព្រះគុណ និងអំណោយទាននៃសេចក្តីអត់ទោសសម្រាប់អំពើ បាប ពីព្រោះមនុស្សជាតិមិនអាចឈប់ធ្វើបាបបានឡើយ។ ដូច្នេះ ពួកគេត្រូវតែទទួលស្គាល់ថា ពួកគេបានធ្វើបាប។ ពួកគេមិនអាចលាងសម្អាតអំពើបាបរបស់ពួកគេបានឡើយ ទោះបើពួកគេជឿតាមគោលលទ្ធិអ្វី ឬខិតខំអធិស្ឋានសម្រាប់អំពើបាបរបស់ពួកគេខ្លាំងយ៉ាងណាក៏ដោយ។ 
ផ្លូវតែមួយគត់ សម្រាប់មនុស្សមានបាបបានលាងសម្អាតអំពើបាបរបស់ខ្លួន គឺត្រូវជឿលើសេចក្តីសង្រ្គោះ ដែលនិយាយថា ព្រះអម្ចាស់បានទទួលយកអំពើបាបរបស់លោកិយដាក់លើអង្គទ្រង់ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស នៅក្នុងទន្លេយ័រដាន់ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីទទួលការកាត់ទោសសម្រាប់អំពើបាប ជំនួសមនុស្ស។ មនុស្សមានបាបមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីសងថ្លៃឈ្នួលនៃអំពើបាបរបស់ខ្លួនបានឡើយ។ អ្វីដែលពួកគេអាចធ្វើបាន គឺត្រូវជឿលើសេចក្តីសង្រ្គោះ តាមរយៈសេចក្តីអត់ទោសសម្រាប់អំពើ បាប។ ហើយពួកគេអាចពឹងផ្អែកលើព្រះគុណរបស់ព្រះបានតែប៉ុណ្ណោះ។
តាមរយៈការទទួលបុណ្យជ្រមុជនៅទន្លេយ័រដាន់ ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរបៀបត្រឹមត្រូវបំផុត ហើយតាមរយៈការសុគតនៅលើឈើឆ្កាង មនុស្សមានបាបបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន។ នេះរួមបញ្ចូលទាំងអំពើបាបតូចៗ ដែលយើងប្រព្រឹត្ត ដោយសារតែភាពខ្សោយរបស់យើង នៅក្រោមការបោកបញ្ឆោតរបស់សាតាំង និងអំពើបាបធំៗដូចជាភ្នំផងដែរ។ ដូច្នេះ មនុស្សមានបាបបានទទួលសេចក្តីសង្រ្គោះ ដោយសារជំនឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ ឥឡូវនេះ តាមរយៈអំណោយទាននៃសេចក្តីសង្រ្គោះដ៏ឥតគិតថ្លៃរបស់ព្រះ យើងដែលជាមនុស្សមានបាប បានរាប់ជាសុចរិត។
 
 
ការអត់ទោសបាបត្រូវបានប្រទានឲ្យ តាមរយៈព្រះគុណ និងអំណោយទានតែប៉ុណ្ណោះ
 
សាវកប៉ុល និយាយអំពីរបៀបដែលមនុស្សមានបាបម្នាក់បានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួន។ «រីឯអ្នកណាដែលធ្វើការ នោះរង្វាន់មិនរាប់ជាគុណរបស់ចៅហ្វាយទេ គឺទុកជាថ្លៃឈ្នួលវិញទេតើ។» គាត់ពន្យល់អំពីព្រះគុណនៃសេចក្តីសង្រ្គោះ ដោយធ្វើការប្រៀបធៀបវាទៅនឹងការងារនៅក្នុងលោកិយនេះ។ បន្ទាប់ពីបានធ្វើការនៅចំពោះព្រះហើយ បើសិនមនុស្សមានបាបម្នាក់និយាយថា គាត់បានទទួលសេចក្តីសង្រ្គោះចេញពីអំពើបាបរបស់គាត់ហើយ វាមិនចេញមកពីអំណោយទានរបស់ព្រះទេ តែចេញមកពីការងាររបស់គាត់វិញ ពីព្រោះព្រះប្រទានការអត់ទោសបាប តាមរយៈព្រះគុណ និងអំណោយទានតែប៉ុណ្ណោះ។ គ្មានចំណែកណាមួយនៃការងាររបស់យើងត្រូវបានរាប់បញ្ចូលទៅក្នុងព្រះគុណព្រះឡើយ។ ដូច្នេះ តើសេចក្តីសង្រ្គោះចេញពីបាបគឺជាអំណោយទានដែលយើងបានទទួលពីព្រះឬ? បាទ មែនហើយ។ យើងគ្មានជម្រើសអ្វីក្រៅតែពីត្រូវវិនាស ដោយសារតែអំពើបាបរបស់យើងទេ ប៉ុន្តែព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្រ្គោះរបស់យើង បានដាក់អំពើបាបទាំងអស់របស់យើងទៅលើអង្គទ្រង់ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស នៅឯទន្លេយ័រដាន់។
យើងបានសង្រ្គោះចេញពីអំពើបាបរបស់យើង ដោយការជឿលើការពិតថា ព្រះយេស៊ូវគ្រីស្ទបានសងថ្លៃឈ្នួលជាសេចក្តីស្លាប់ និងបានសុគតជំនួសយើងរួចហើយ។ ហើយទ្រង់បានញែកយើងជាបរិសុទ្ធ ដោយការដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង ដោយនាំអំពើបាបទាំងនោះទៅឯឈើឆ្កាង។ ការទាំងនេះចេញមកពីព្រះគុណនៃសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ។ ដូច្នេះ យើងអាចទទួលបានសេចក្តីសង្រ្គោះបាន តាមរយៈព្រះគុណរបស់ព្រះ ហើយវាគឺជាអំណោយទានមួយដែលឥតគិតថ្លៃ។ មនុស្សមានបាបបានសង្រ្គោះ ដោយសារសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះពួកគេ។ ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបទាំងអស់របស់លោកិយនេះ និងចេញពីសេចក្តីជំនុំជម្រះទាំងអស់របស់ព្រះ ដោយការសុគតនៅលើឈើឆ្កាង។ 
«តែចំណែកអ្នកដែលមិនធ្វើការសោះ គឺគ្រាន់តែជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសឲ្យមនុស្សទមិលល្មើសបានសុចរិត នោះសេចក្តីជំនឿរបស់អ្នកនោះ បានរាប់ទុកជាសេចក្តីសុចរិតវិញ» (រ៉ូម ៤:៥)។ មុននេះ យើងនិយាយអំពីអ្នកដែលធ្វើការ។ ឃ្លាថា «តែចំណែកអ្នកដែលមិនធ្វើការសោះ» សំដៅទៅលើអស់អ្នកដែលមិនព្យាយាមប្រព្រឹត្តល្អ ដើម្បីបានរាប់ជាសុចរិត។ សាវកប៉ុលបន្តនិយាយខនេះថា «គឺគ្រាន់តែជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសឲ្យមនុស្សទមិលល្មើសបានសុចរិត នោះសេចក្តីជំនឿរបស់អ្នកនោះ បានរាប់ទុកជាសេចក្តីសុចរិតវិញ»។
គាត់ប្រើមនុស្សទមិលល្មើសជាឧទាហរណ៍ ដើម្បីពន្យល់អំពីសេចក្តីសុចរិតរបស់ព្រះ។ តើមនុស្សទមិលល្មើសមានន័យយ៉ាងដូចម្តេច? «មនុស្សទមិលល្មើស» គឺជាអ្នកដែលមិនគោរពដល់ព្រះជាម្ចាស់ និងមានជីវិតធូររលុង រហូតដល់ថ្លៃស្លាប់ទៅវិញ ដែលផ្ទុយគ្នាស្រឡះពីមនុស្សដែលគោរពដល់ព្រះជាម្ចាស់។ ពាក្យនេះសំដៅលើមនុស្សម្នាក់ដែលធ្វើបាបនៅចំពោះព្រះ រហូតដល់ខ្លួនស្លាប់ទៅវិញ។ ជាការពិត មនុស្សបានកើតមកពេញដោយបាប។ លើសពីនេះ តាមនិស្ស័យរបស់មនុស្ស មនុស្សត្រូវទទួលសេចក្តីជំនុំជម្រះរបស់ព្រះ សម្រាប់អំពើបាបរបស់ខ្លួន។
ទោះបីជាយ៉ាងណា ព្រះគម្ពីរប្រាប់យើងថា «តែចំណែកអ្នកដែលមិនធ្វើការសោះ គឺគ្រាន់តែជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសឲ្យមនុស្សទមិលល្មើសបានសុចរិត នោះសេចក្តីជំនឿរបស់អ្នកនោះ បានរាប់ទុកជាសេចក្តីសុចរិតវិញ»។ នៅទីនេះ ឃ្លាថា «តែចំណែកអ្នកដែលមិនធ្វើការសោះ» មានន័យថា «ទោះបីជាគាត់មិនល្អក៏ដោយ»។ តើយើងល្អនៅចំពោះព្រះដឬ? ទេ យើងមិនល្អឡើយ។
ព្រះអម្ចាស់មានបន្ទូលមកកាន់យើងថា «ឯងឥតមានបាបទេ ហើយឯងបានរាប់ជាសុចរិតហើយ»។ ព្រះអម្ចាស់បានដោះ និងសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់របស់យើងរួចហើយ។ តើអ្នកជឿថា ព្រះយេស៊ូវបានសងថ្លៃឈ្នួលនៃអំពើបាបទាំងស្រុងដែរទេ? សម្រាប់អ្នកជឿ ជំនឿរបស់ខ្លួនបានរាប់ជាសុចរិតហើយ។ «ឯងត្រឹមត្រូវហើយ គឺឯងពិតជាជឿលើការពិតនេះមែន។ ដូច្នេះ ឯងគឺជារាស្ត្រសុចរិតរបស់អញហើយ។ ហើយឯងឥតមានបាបទេ ពីព្រោះអញបានលាងសម្អាតវាអស់ហើយ នៅពេលអញទទួលបុណ្យជ្រមុជពីយ៉ូហាន-បាទ្ទីស និងទទួលការជំនជម្រះសម្រាប់អំពើបាបនៅលើឈើឆ្កាង!» 
ព្រះ បានដោះអំពើបាបរបស់មនុស្សទមិលល្មើសទាំងអស់នៅក្នុងលោកិយនេះចេញ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ទោះបើមនុស្សជាតិទាំងមូលទមិលល្មើសក៏ដោយ។ ព្រះបានបញ្ជូនព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់ ហើយបានដោះអំពើបាបចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយទ្រង់បានសុគតនៅលើឈើឆ្កាង ជំនួសឲ្យមនុស្សទមិលល្មើស។ ព្រះបានបំពេញសម្រេចច្បាប់ដែលនិយាយថា ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ និងច្បាប់នៃសេចក្តីស្រឡាញ់របស់ព្រះនៅក្នុងពេលតែ មួយ។ ដូច្នេះ ទ្រង់បានសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីអំពើបាបរបស់ពួកគេរួចហើយ។
ព្រះមានបន្ទូលថា «មែនហើយ ឯងឥតមានបាបទេ ពីព្រោះព្រះរាជបុត្រារបស់អញបានសង្រ្គោះឯហើយ គឺឯងបានសង្រ្គោះហើយ» ទៅកាន់អ្នកដែលជឿថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ នៅឯទន្លេយ័រដាន់។ ដូច្នេះ ពួកគេបានរាប់ជាសុចរិត ទោះបើពួកគេមិនល្អក៏ដោយ។ ហើយព្រះមានបន្ទូលថា ពួកគេគឺជារាស្ត្រដែលឥតមានបាបរបស់ទ្រង់ នៅពេលទ្រង់ទតឃើញជំនឿរបស់ពួកគេលើសេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់។ ដូច្នេះ មានពរហើយ អ្នកណាដែលព្រះអម្ចាស់មិនរាប់ជាមានបាប។
ព្រះសួរយើងថា តើយើងល្អដែរទេ? «តែចំណែកអ្នកដែលមិនធ្វើការសោះ គឺគ្រាន់តែជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសឲ្យមនុស្សទមិលល្មើសបានសុចរិត នោះសេចក្តីជំនឿរបស់អ្នកនោះ បានរាប់ទុកជាសេចក្តីសុចរិតវិញ។» តើយើងប្រព្រឹត្តការល្អដែរទេ? យើងមិនអាចធ្វើល្អបានទេ ប៉ុន្តែយើងងាយនឹងធ្វើបាបវិញ។ ដូច្នេះហើយបានជាព្រះបានសង្រ្គោះយើង តាមរយៈអំណោយទាននៃសេចក្តីសង្រ្គោះវិញ។ យើងជឿលើ សេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់ ដែលជាបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ!
 
 
យើងត្រូវតែរស់នៅ ដោយសារជំនឿលើសេចក្តីសង្រ្គោះ របស់ព្រះអម្ចាស់
 
យើង សរសើរតម្កើងដល់ព្រះអម្ចាស់ និងអរព្រះគុណសម្រាប់អំណោយទាននៃសេចក្តីស្រឡាញ់ និងព្រះគុណនៃសេចក្តីសង្រ្គោះចេញពីអំពើបាប ដោយដឹងថា ទ្រង់បានស្ម័គ្រព្រះទ័យសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់របស់យើង ដែលជាមនុស្សទមិលល្មើស។ យើងមិនអាចអរព្រះគុណដល់ទ្រង់បានគ្រប់គ្រាន់ សម្រាប់ការដែលទ្រង់បានសងថ្លៃឈ្នួលអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជ និងឈើឆ្កាងរបស់ទ្រង់បានឡើយ នៅពេលយើងទទួលស្គាល់ថា យើងគឺជាមនុស្សទមិលល្មើសនៅចំពោះទ្រង់។ ប៉ុន្តែយើងក៏មិនអាចអរព្រះគុណសម្រាប់ព្រះគុណរបស់ព្រះបានដែរ បើសិនយើងគិតថា យើងគឺជាមនុស្សល្អ។
សម្រាប់អ្នកដែលជឿលើព្រះយេស៊ូវគ្រីស្ទ ដែលរាប់មនុស្សទមិលល្មើសជាសុចរិត ជំនឿរបស់ពួកគេត្រូវបានរាប់ជាសុចរិតហើយ។ ហើយអ្នកដែលជឿលើសេចក្តីប្រោសលោះ និងសេចក្តីជំនុំជម្រះរបស់ព្រះ យេស៊ូវ ដែលរាប់ពួកគេជាសុចរិត ទទួលបានអំណោយទានរបស់ព្រះ ហើយ។ គ្មានអ្នកណាម្នាក់សុចរិតនៅចំពោះព្រះឡើយ ពីព្រោះពួកគេបង្កើតកំហុស នៅពេលព្យាយាមរស់នៅក្នុងជីវិតសុចរិត ដោយខ្លួនឯង។
ការពិតថា មនុស្សជាតិតែងតែធ្វើបាប បញ្ជាក់ពីសេចក្តីទមិលល្មើសរបស់ពួកគេ។ ដូច្នេះ ខ្ញុំរស់នៅ ដោយសារជំនឿលើសេចក្តីសង្រ្គោះរបស់ព្រះ ទោះបើខ្ញុំមិនមែនជាមនុស្សល្អក៏ដោយ។ ការរស់នៅ ដោយអាង សេចក្តីជំនឿ មិនមានន័យថា ការរស់នៅតាមចិត្តរបស់យើងនោះទេ។ មានរបៀបជាក់លាក់មួយ ដើម្បីរស់នៅ ដោយអាងសេចក្តីជំនឿ សម្រាប់អ្នកដែលបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿហើយ។
ជារៀងរាល់ថ្ងៃ អ្នកដែលបានកើតជាថ្មី ត្រូវការដំណឹងល្អអំពីសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ។ ហេតុអ្វី? ពីព្រោះការប្រព្រឹត្តរបស់ពួកគេនៅលើផែនដីនេះមិនល្អគ្រប់គ្រាន់ទេ ហើយពួកគេបន្តធ្វើបាបអស់មួយជីវិត។ គ្រប់គ្នាគួរតែស្តាប់ឮដំណឹងល្អដែលនិយាយថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់រួចហើយ។ មនុស្សសុចរិតត្រូវតែស្តាប់ឮ និងរំឮកពីដំណឹងល្អនេះ ជារៀងរាល់ថ្ងៃ។ បន្ទាប់មក វិញ្ញាណរបស់ពួកគេអាចរស់នៅ និងបន្តលូតលាស់ឡើង ដូចជានៅក្នុងនិទាឃរដូវ។ «តែចំណែកអ្នកដែលមិនធ្វើការសោះ គឺគ្រាន់តែជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសឲ្យមនុស្សទមិលល្មើសបានសុចរិត នោះសេចក្តីជំនឿរបស់អ្នកនោះ បានរាប់ទុកជាសេចក្តីសុចរិត វិញ។» តើព្រះរាជសារនេះសម្រាប់អ្នកណា? ព្រះរាជសារនេះសម្រាប់មនុស្សទាំងអស់នៅក្នុងលោកិយនេះ រួមទាំងអ្នក និងខ្ញុំផងដែរ។
ព្រះគម្ពីរប្រាប់យើងលម្អិតអំពីរបៀបដែលលោកអ័ប្រាហាំបានរាប់ជាសុចរិត។ អ្នកដែលធ្វើការ មិនផ្តល់តម្លៃដល់សេចក្តីសង្រ្គោះរបស់ព្រះឡើយ ហើយគាត់នឹងបដិសេធវាវិញ និងមិនអរព្រះគុណសម្រាប់ដំណឹងល្អឡើយ។ ជាដំបូង ខ.៤ ប្រាប់ពីអ្នកដែលធ្វើការថា គាត់ព្យាយាមប្រព្រឹត្តល្អ ដើម្បីបានចូលទៅក្នុងនគរស្ថានសួគ៌។ ហើយគាត់មិនអរព្រះគុណសម្រាប់ការលះបង់របស់ព្រះយេស៊ូវឡើយ។ ហេតុអ្វី? ពីព្រោះគាត់ធ្វើការ ល្អជាច្រើន ខណៈដែលកំពុងតែថ្វាយការអធិស្ឋានលន់តួ សម្រាប់ការអត់ទោសដល់អំពើបាបប្រចាំថ្ងៃរបស់ខ្លួន ហើយគាត់គិតថា តាមរយៈការប្រព្រឹត្តទាំងនេះ គាត់អាចទទួលបានសេចក្តីអត់ទោសសម្រាប់អំពើបាបរបស់គាត់បាន។ ហើយគាត់ក៏មិនអរព្រះគុណសម្រាប់ព្រះគុណពេញលេញរបស់ព្រះ ដែលជាដំណឹងល្អនេះដែរ។ ដូច្នេះហើយបានជាគាត់ពិតជាមិនអាចទទួលបានអំណោយទាននៃសេចក្តីសង្រ្គោះរបស់ព្រះឡើយ។ 
ព្រះគម្ពីរនិយាយថា «តែចំណែកអ្នកដែលមិនធ្វើការសោះ គឺគ្រាន់តែជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសឲ្យមនុស្សទមិលល្មើសបានសុចរិត នោះសេចក្តីជំនឿរបស់អ្នកនោះ បានរាប់ទុកជាសេចក្តីសុចរិតវិញ» (រ៉ូម ៤:៥)។ នេះមានន័យថា ព្រះអម្ចាស់បានសង្រ្គោះមនុស្សទមិលល្មើស និងមនុស្សដែលមិនអាចទទួលបានការអត់ទោសសម្រាប់អំពើបាប ដោយការប្រព្រឹត្តរបស់ខ្លួនបាន។ វាក៏បង្ហាញប្រាប់យើងផងដែរថា ព្រះគុណរបស់ព្រះបានបើកសម្តែងមកកាន់មនុស្សសុចរិត ដែលបានសង្រ្គោះ ដោយការទទួលបានការអត់ទោសអំពើបាប។ 
 
 
ចំណែកអ្នកដែលធ្វើការមិនចាត់ទុកព្រះគុណរបស់ទ្រង់ជាព្រះគុណទេ
 
អ្នក ដែលទទួលស្គាល់ព្រះ និងជឿតាមព្រះបន្ទូលទ្រង់ ដូចលោក អ័ប្រាហាំបានធ្វើ អាចយក រ៉ូម ៤:៥ មកអនុវត្តបាន។ យើងជឿលើព្រះអម្ចាស់ ដែលបានសង្រ្គោះមនុស្សទមិលល្មើស។ នៅក្នុងចំណោមគ្រីស្ទ បរិស័ទ មានមនុស្សពីរប្រភេទ៖ អ្នកដែលនៅតែធ្វើការ ដើម្បីទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន និងអ្នកដែលបានសង្រ្គោះទាំងស្រុងចេញពីអំពើបាបរបស់ខ្លួន។ ខ.៤ និង ៥ និយាយថា «អ្នកដែលធ្វើការ» មិនចាត់ទុកថ្លៃឈ្នួលជាព្រះគុណទេ ហើយបដិសេធព្រះគុណនៃការអត់ទោសអំពើបាប ពីព្រោះគាត់មកឯព្រះ ជាមួយនឹងការប្រព្រឹត្តរបស់ខ្លួន បន្ទាប់ពីបានជឿព្រះយេស៊ូវហើយ។
ដោយសារមនុស្សថ្វាយការប្រព្រឹត្តល្អរបស់ខ្លួនទៅចំពោះព្រះ ពួកគេនៅតែជាមនុស្សមានបាបដដែល។ គោលលទ្ធិនៃការរាប់ជាសុចរិតគឺជាគោលលទ្ធិគ្រីស្ទបរិស័ទមួយ ដែលបង្រៀនថា អ្នកជឿម្នាក់អាច និងគួរតែបន្តបានញែកជាបរិសុទ្ធបន្តិចម្តងៗ រហូតដល់ថ្ងៃដែលពួកគេស្លាប់ទៅ វិញ។ គោលលទ្ធិនេះដឹកនាំអ្នកជឿឲ្យបដិសេធអំណោយទាននៃការអត់ទោសអំពើបាប ហើយទាស់ប្រឆាំងនឹងព្រះ។ ព្រះគម្ពីរមិននិយាយថា មនុស្សម្នាក់បានរាប់ជាសុចរិតបន្តិចម្តងៗ ដោយការអធិស្ឋានសម្រាប់ការអត់ទោសអំពើបាប ដោយការប្រព្រឹត្តល្អ និងដោយការសម្អាតភាពកខ្វក់របស់ខ្លួនឡើយ។ អ្នកដែលប្រព្រឹត្តយ៉ាងនេះគឺជាបាវបម្រើរបស់សាតាំង ហើយសមនឹងធ្លាក់ទៅក្នុងស្ថាននរក។ ពួកគេមិនអាចបានរាប់ជាសុចរិតបានឡើយ ពីព្រោះពួកគេបដិសេធព្រះគុណរបស់ព្រះអម្ចាស់។
យើងទាំងអស់គ្នា គឺជាមនុស្សទមិលល្មើស។ ប៉ុន្តែនៅពេលនេះ មនុស្សយ៉ាងច្រើនកំពុងតែឆ្ពោះទៅកាន់ និងជឿតាមផ្លូវខុស។ ពួកគេជឿថា ពួកគេអាចទទួលបានការអត់ទោសសម្រាប់អំពើបាបជាក់ស្តែងរបស់ពួកគេ នៅពេលពួកគេលន់តួជារៀងរាល់ថ្ងៃ ដោយដឹងថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបពីអតីតកាលរបស់ពួកគេហើយ។ ពួកគេធ្វើដូច្នេះ ពីព្រោះពួកគេគិតថា ពួកគេមានសេចក្តីល្អ និងការគោរពដល់ព្រះជាម្ចាស់បន្តិចបន្តួចដែរ។ ដូច្នេះ ពួកគេបង្អួតសេចក្តីល្អ និងភាពបរិសុទ្ធរបស់ពួកគេនៅចំពោះព្រះយេស៊ូវ។ ប៉ុន្តែនៅចុងបញ្ចប់ ពួកគេមិនអាចទទួលបានការអត់ទោសអំពើបាប ដែលជាអំណោយទានរបស់ព្រះបានឡើយ។ 
 
 
តើអ្នកណាមានពរ?
 
មនុស្សបរិសុទ្ធ ដែលបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួន បានរាប់ជាសុចរិត ដោយការមានជំនឿលើព្រះយេស៊ូវ។ ចម្លើយសម្រាប់សំណួរថា «តើមនុស្សបែបណាអាចបានរាប់ជាសុចរិតបាន?» គឺថា អ្នកដែលស្គាល់យ៉ាងច្បាស់លាស់ពីភាពខ្សោយរបស់ខ្លួន និងមិនអាចថ្វាយការអធិស្ឋានលន់តួសម្រាប់អំពើបាបរបស់ខ្លួនបាន អាចបានរាប់ជាសុចរិត ដោយសារជំនឿ ដូចជាមនុស្សជាច្រើនទៀតដែរ។ មានតែអ្នកដែលមិនពូកែធ្វើការល្អ អធិស្ឋានលន់តួ គោរពដល់ព្រះអម្ចាស់ និងក្រខ្សត់នៅក្នុងវិញ្ញាណទេ ទើបនឹងទទួលបានអំណោយទាននៃការអត់ទោសសម្រាប់អំពើបាបពីព្រះយេស៊ូវបាន។ ពួកគេនឹងបានរាប់ជាសុចរិត ដោយមិនចាំបាច់ធ្វើការល្អនៅចំពោះព្រះឡើយ។
កិច្ចការតែមួយគត់ ដែលពួកគេត្រូវធ្វើ គឺត្រូវទទួលស្គាល់ដោយស្មោះត្រង់នូវអំពើបាបរបស់ខ្លួនថា «ទូលបង្គំបានធ្វើបាប។ ទូលបង្គំគឺជាមនុស្សមានបាបម្នាក់ ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក នៅពេលដែលទូលបង្គំស្លាប់ទៅ»។ បន្ទាប់មក ព្រះយេស៊ូវប្រទានដល់គាត់នូវអំណោយទាននៃសេចក្តីសង្រ្គោះពេញលេញ ដែលទ្រង់សម្រេចបាន។ ហើយការជឿលើការពិតថា ព្រះអម្ចាស់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស នៅក្នុងទន្លេយ័រដាន់ ដើម្បីដោះអំពើបាបទាំងអស់របស់ពួកគេចេញ និងបានសុគតនៅលើឈើឆ្កាង ពិតជាអាចជួយឲ្យមនុស្សមានបាបបានសង្រ្គោះចេញពីអំពើបាបទាំងអស់នៅក្នុងចិត្តរបស់ពួកគេបានមែន។ ពួកគេទទួលបានព្រះពរនៃការបានធ្វើជាកូនរបស់ព្រះ។ ការបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេគឺជាអំណោយទានរបស់ព្រះ។ ខ្ញុំសូមអរព្រះគុណដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ សម្រាប់ការបានសង្រ្គោះចេញពីសេចក្តីវិនាស។
នៅក្នុងខ.៦ សាវកប៉ុលនិយាយថា មនុស្សទទួលបានពរពីព្រះ «ក្រៅពីការប្រព្រឹត្ត»។ គាត់បញ្ជាក់អំពីផ្នែកបី ដែលទាក់ទងនឹង «ធ្វើការ»។ ទីមួយ «អ្នកដែលធ្វើការ» បន្ទាប់មក «អ្នកដែលមិនធ្វើការសោះ» និងចុងក្រោយ «ក្រៅពីការប្រព្រឹត្ត»។ ព្រះគម្ពីរនិយាយថា «ដូចជាហ្លួងដាវីឌបានសំដែងពីសណ្ឋានដ៏មានពរនៃមនុស្ស ដែលព្រះទ្រង់រាប់ជាសុចរិតក្រៅពីការប្រព្រឹត្តថា មានពរហើយ អ្នកណាដែលការទទឹងច្បាប់របស់ខ្លួនបានអត់ទោសឲ្យ និងបានខ្លួនបានគ្របបាំង មានពរហើយ មនុស្សណាដែលព្រះអម្ចាស់មិនរាប់ជាមានបាបឡើយ» (រ៉ូម ៤:៦-៨)។ «ព្រះអម្ចាស់មិនរាប់ជាមានបាប» មិនមានន័យថា ព្រះរាប់មនុស្សម្នាក់ជាឥតបាបទេ ទោះបើគាត់មានបាបក៏ដោយ ប៉ុន្តែទ្រង់ពិតជាចង់មានន័យថា មនុស្សម្នាក់នោះពិតជាឥតមានបាបមែន។
ព្រះប្រាប់យើងអំពីព្រះពរសម្រាប់មនុស្សជាតិ។ តើមនុស្សដែលទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់ខ្លួន មានអំណរដែរឬទេ? គ្មានអ្នកណាមានអំណរជាងយើងដែលទទួលបានការអត់ទោសសម្រាប់អំពើបាបឡើយ។ នេះមានន័យថា អ្នកណាដែលមានបាប សូម្បីតែបន្តិចក៏ដោយ ក៏ព្រះនឹងវិនិច្ឆ័យដែរ ហើយមិនអាចមានអំណរបានសោះឡើយ។ ប៉ុន្តែមនុស្សសុចរិតមានអំណរ ពីព្រោះពួកគេមានការអត់ទោសអំពើបាប។ ព្រះមានបន្ទូលថា «មានពរហើយ អ្នកណាដែលព្រះ អម្ចាស់មិនរាប់ជាមានបាប» (រ៉ូម ៤:៨)។
«ដែលអំពើបាបរបស់ខ្លួនត្រូវបានគ្របបាំង» មានន័យថា ព្រះអម្ចាស់បានលាងសម្អាតអំពើបាបរបស់មនុស្សទាំងអស់រួចហើយ។ ស្តេចដាវីឌក៏បានមានបន្ទូលថា «មានពរហើយ អ្នកណាដែលការទទឹងច្បាប់របស់ខ្លួនត្រូវបានអត់ទោសឲ្យ»។ មានពរហើយ អ្នកណាដែលអំពើបាបរបស់ខ្លួនត្រូវបានអត់ទោសឲ្យ ទោះបើពួកគេធ្វើបាបជារៀងរាល់ថ្ងៃនៅក្នុងលោកិយនេះក៏ដោយ។ មនុស្សសុចរិត ដែលទទួលបានការអត់ទោសអំពើបាប បានសង្រ្គោះចេញពីអំពើបាបសម្រាប់រយៈពេលមួយជីវិត តាមរយៈព្រះយេស៊ូវគ្រីស្ទ។ ដូច្នេះ មនុស្សសុចរិតពិតជាអំណរ។
 
 
មានពរហើយ អ្នកណាដែលអំពើបាបរបស់ខ្លួនត្រូវបានគ្របបាំង
 
ទីពីរ តើមនុស្សបែបណាមានអំណរ? «មានពរហើយ អ្នកដែលអំពើបាបរបស់ខ្លួនត្រូវបានគ្របបាំង។» យើងតែងតែធ្វើបាប ប៉ុន្តែដែលអំពើបាបរបស់មនុស្សម្នាក់បានគ្របបាំងគឺថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជ និងការសុគតរបស់ ទ្រង់រួចហើយ។ ដូច្នេះ តើព្រះវរបិតានឹងវិនិច្ឆ័យយើងដែរទេ? ហើយតើអំពើបាបទាំងអស់របស់មនុស្សមានបាបត្រូវបានគ្របបាំងដែរទេ? ព្រះនឹងមិនវិនិច្ឆ័យយើងទេ ពីព្រោះព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញ បានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង និងបានសុគតរួចហើយសម្រាប់យើង ពីព្រោះយើងនៅក្នុងទ្រង់។
មានពរហើយ អ្នកដែលអំពើបាបរបស់ខ្លួនត្រូវបានគ្របបាំង។ សេចក្តីស្លាប់ ដែលជាឈ្នួលនៃអំពើបាប មិនធ្លាក់លើយើងទេ ពីព្រោះព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់រួចហើយ។ ហាលេលូយ៉ា! យើងមានអំណរ។ តើយើងមានបាបទេ? ទេ។ អស់អ្នកដែលមិនស្គាល់ព្រះយេស៊ូវគ្រីស្ទ ដែលបានយាងមក ដោយទឹក និងព្រះលោហិត និងមិនដឹងថា អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើទ្រង់ នៅពេលទ្រង់ទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ នឹងតែងតែមានបាប ទោះបើពួកគេជឿព្រះយេស៊ូវយ៉ាងខ្ជាប់ខ្ជួនក៏ដោយ។
ប៉ុន្តែអស់អ្នកដែលស្គាល់ និងជឿតាមសេចក្តីពិតអំពីសេចក្តីសង្រ្គោះ មិនមានបាបទេ។ មានពរហើយ អ្នកណាដែលអំពើបាបរបស់ខ្លួនត្រូវបានគ្របបាំង។ ហើយមានពរហើយ អ្នកដែលបានផ្ទេរអំពើបាបរបស់ខ្លួនទៅលើព្រះយេស៊ូវគ្រីស្ទ នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន- បាទ្ទីស។ តើអ្នកណាពិតជាមានអំណរនៅក្នុងលោកិយនេះ? មានពរហើយ អ្នកណាដែលមានព្រះអង្គសង្រ្គោះសម្រាប់ខ្លួន ទោះបើខ្លួនមានភាពខ្សោយក៏ដោយ។ ហើយមានពរហើយ អ្នកណាដែលជឿព្រះយេស៊ូវដ៏ជាព្រះអង្គសង្រ្គោះ ដែលបានដោះអំពើបាបទាំងអស់របស់ខ្លួនចេញ និងបានសុគតនៅលើឈើឆ្កាង ដើម្បីទទួលរងការកាត់ទោសជំនួសខ្លួន។
 
 
មានពរហើយ មនុស្សណាដែលព្រះអម្ចាស់មិនរាប់ជាមានបាប
 
មានពរហើយ អ្នកដែលជឿលើសេចក្តីពិតអំពីសេចក្តីសង្រ្គោះ និងមានអ្នកគង្វាលល្អនៅក្នុងខ្លួន។ ទីបី ស្តេចដាវីឌបានមានបន្ទូលថា «មានពរហើយ មនុស្សណាដែលព្រះអម្ចាស់មិនរាប់ជាមានបាបឡើយ» (រ៉ូម ៤:៨)។
យើង ដែលមានការអត់ទោសសម្រាប់អំពើបាប គឺជាមនុស្សសុចរិត ទោះបើយើងខ្សោយក៏ដោយ។ សាច់ឈាមរបស់យើងនៅតែខ្សោយ ទោះបើយើងមានរាប់ជាសុចរិត ដោយសារជំនឿក៏ដោយ។ តើព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់អ្នកចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ដែរទេ? ហើយតើព្រះអម្ចាស់ចាត់ទុកយើងជាមនុស្ស ដែលទ្រង់ត្រូវវិនិច្ឆ័យដែរទេ? ទេ។ ព្រះអម្ចាស់មិនទទួលស្គាល់ថា យើងគួរតែទទួលការ វិនិច្ឆ័យទេ ទោះបើយើងមិនពេញលេញ និងខ្សោយក៏ដោយ។ ហេតុអ្វីព្រះអម្ចាស់មិនរាប់យើងជាមានបាប? ពីព្រោះទ្រង់បានសងថ្លៃឈ្នួលនៃអំពើបាប និងបានទទួលការវិនិច្ឆ័យជំនួសយើងរួចទៅហើយ។ ហើយព្រះ អម្ចាស់មិននឹកចាំពីអំពើបាបរបស់មនុស្ស ដែលទ្រង់បានរាប់ជាសុចរិត ដោយសារជំនឿទេ ហើយក៏មិនទម្លាក់ការជំនុំជម្រះទៅលើពួកគេដែរ។
មានពរហើយ អ្នកណាដែលបានរាប់ជាសុចរិត ដោយសារជំនឿ។ ហើយមានពរហើយ អ្នកណាដែលបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ (យ៉ូហាន ៣:៥)។ ជាទូទៅ យើងដេញតាមរបស់ខាងលោកិយនេះ ហើយបាត់បង់ព្រះពររបស់ទ្រង់ ដោយភ្លេចពីការពិតថា ព្រះបានសង្រ្គោះ និងប្រទានពរដល់យើង។ យើងនឹងទាស់ប្រឆាំងនឹងព្រះ នៅពេលយើងបាត់បង់ព្រះគុណរបស់ទ្រង់។ ដូច្នេះ យើងត្រូវតែចងចាំពីព្រះគុណរបស់ព្រះនៅក្នុងចិត្តរបស់យើងជានិច្ច។ សេចក្តីសង្រ្គោះរបស់ព្រះមាននៅក្នុងអ្នកជឿគ្រប់គ្នា។
ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ គង់នៅក្នុងអស់អ្នកដែលអំពើបាបរបស់ខ្លួនត្រូវបានលាងសម្អាតរួចហើយ។ ហើយព្រះនឹងមិនវិនិច្ឆ័យមនុស្សសុចរិតឡើយ។ ដូច្នេះ មានពរហើយ អ្នកដែលព្រះមិនវិនិច្ឆ័យនៅក្នុងលោកិយនេះ និងនៅក្នុងនគរស្ថានសួគ៌។ ហេតុអ្វី? ពីព្រោះព្រះបានរាប់ពួកគេជាសុចរិត ហើយបានទទួលសេចក្តីស្រឡាញ់របស់ព្រះ និងបានធ្វើជាកូនរបស់ទ្រង់ហើយ។ 
 
 
យើងមានពរ ដោយសារជំនឿ
 
មានពរហើយ អ្នកណាដែលបានរាប់ជាសុចរិត ដោយសារជំនឿ។ តើអ្នកដែលបានកើតជាថ្មី មានពរនៅចំពោះព្រះដែរទេ? បាទ។ សាវក ប៉ុលបាននិយាយថា «ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ» (១ថែស្សាឡូនីច ៥:១៦-១៨) ពីព្រោះគាត់មានពរ ដោយសារជំនឿ ក្នុងនាមជាពូជពង្សរបស់លោកអ័ប្រាហាំ ដែលជាឪពុកនៃជំនឿ។ ហើយយើងក៏ជាពូជពង្សរបស់លោកអ័ប្រាហាំផងដែរ។ លោកអ័ប្រាហាំបានសង្រ្គោះ ដោយសារគាត់មានជំនឿតាមព្រះបន្ទូលព្រះ ដូចជាយើងផងដែរ។ ព្រះបានមានបន្ទូលទៅកាន់លោកអ័ប្រាហាំថា «អាប់រ៉ាមអើយ កុំឲ្យខ្លាចអ្វីឡើយ អញជាខែល ហើយជារង្វាន់ដ៏ធំក្រៃលែងរបស់ឯង» (លោកុប្បត្តិ ១៥:១)។ 
«ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ តើទ្រង់នឹងប្រទានអ្វីមកទូលបង្គំ ដែលទូលបង្គំចេះតែនៅដោយឥតមានកូនដូច្នេះ ហើយអ្នកដែលត្រូវធ្វើជាម្ចាស់លើផ្ទះទូលបង្គំ នោះមានតែអេលាស៊ើរជាអ្នកស្រុកដាម៉ាសនេះប៉ុណ្ណោះ អាប់រ៉ាមក៏ទូលទៀតថា មើល ទ្រង់មិនបានប្រទានឲ្យទូលបង្គំមានកូនសោះ ហើយមើល បាវម្នាក់ដែលកើតនៅផ្ទះទូលបង្គំ វានឹងគ្រងមរដករបស់ទូលបង្គំហើយ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងគាត់ថា អ្នកនោះមិនត្រូវស៊ីមរដករបស់ឯងទេ គឺជាម្នាក់ដែលនឹងកើតពីឯងមកវិញទេតើ ដែលត្រូវស៊ីមរដករបស់ឯងនោះ រួចទ្រង់នាំគាត់ចេញទៅក្រៅប្រាប់ថា ចូរមើលទៅលើមេឃឥឡូវ ហើយរាប់ផ្កាយចុះ បើឯងអាចនឹងរាប់ទាំងអស់បាន រួចទ្រង់មានព្រះបន្ទូលប្រាប់ថា ពូជឯងនឹងបានដូច្នោះដែរ។» «ទូលបង្គំជឿហើយ ព្រះអម្ចាស់។» ដូច្នេះ លោកអ័ប្រាហាំបានជឿតាមព្រះបន្ទូលព្រះ។ 
តើអ្នកអាចជឿតាមព្រះបន្ទូលព្រះ ដូចជាលោកអ័ប្រាហាំដែរទេ? វាហាក់ដូចជាមនុស្សមិនអាចធ្វើដូច្នេះបានទេ។ ប្រពន្ធរបស់លោកអ័ប្រាហាំមានវ័យចាស់ហើយ ដើម្បីបង្កើតកូនប្រុសម្នាក់ ប៉ុន្តែលោកអ័ប្រាហាំបានជឿតាមព្រះបន្ទូលព្រះ។ ដូច្នេះ គាត់បានរាប់ជាសុចរិត នៅចំពោះព្រះ។
ព្រះយេស៊ូវ បានលាងសម្អាតអំពើបាបទាំងអស់របស់យើងហើយ។ ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានទទួលការជំនុំជម្រះសម្រាប់យើង តាមរយៈព្រះលោហិតទ្រង់។ យើងបានធ្វើជាពូជពង្សរបស់លោក អ័ប្រាហាំ ដោយការទទួលបានការអត់ទោសសម្រាប់អំពើបាប និងសេចក្តីសង្រ្គោះរបស់ព្រះ ពីព្រោះយើងទមិលល្មើសជាខ្លាំង ខណៈដែលអ្នកដទៃមិនបានជឿ។ ព្រះគម្ពីរនិយាយថា «ដ្បិតសេចក្តីល្ងង់ល្ងើរបស់ព្រះ នោះមានប្រាជ្ញាលើសជាងមនុស្ស ហើយសេចក្តីកំសោយរបស់ព្រះ ក៏មានកំឡាំងលើសជាងមនុស្សដែរ» (១កូរិនថូស ១:២៥)។ ព្រះយកអស់អ្នកដែលជឿតាមដំណឹងល្អរបស់ព្រះធ្វើជាកូនរបស់ទ្រង់ តាមរយៈជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ (ទឹក) និងឈើឆ្កាងរបស់ទ្រង់ (ព្រះលោហិត)។ នេះដូចជាល្ងីល្ងើចំពោះមនុស្សជាតិ ប៉ុន្តែសេចក្តីសង្រ្គោះ និងប្រាជ្ញារបស់ព្រះ ក្នុងការអត់ទោសដល់អំពើបាបគឺយ៉ាងដូច្នេះ។ មនុស្សអាចគិតថា វាអាចជាសេចក្តីចំកួត ប៉ុន្តែព្រះបានសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបរបស់ពួកគេ តាមរយៈអំណោយដ៏ឥតគិតថ្លៃរបស់ទ្រង់។ 
ព្រះយេស៊ូវ បានហៅមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយម៉ឺននាក់ ចេញពីជ្រុងទាំងបួននៃពិភពលោកនេះ ហើយបានប្រទានពរ និងសង្រ្គោះពួកគេ។ ហើយពួកគេថ្វាយការសរសើរតម្កើងដល់ទ្រង់។ ដូច្នេះ តើយើងមានពរដែរទេ? បាទ យើងមានពរហើយ។ ប៉ុន្តែសូមចងចាំថា ព្រះពរនេះមិនដោយសារការព្រឹត្តរបស់អ្នកឡើយ។ យើងមានពរ ពីព្រោះយើងបានជឿលើព្រះពរ ដែលព្រះបានប្រទានដល់យើង និងពីព្រោះទ្រង់បានប្រទានជំនឿដល់យើង តាមរយៈព្រះបន្ទូលទ្រង់។ ទ្រង់បានយកយើងធ្វើជាកូនរបស់ទ្រង់ ដោយការយាងមក ដោយទឹក ព្រះលោហិត និងព្រះវិញ្ញាណ (១យ៉ូហាន ៥:៤-៨) និងពីព្រោះទ្រង់បានប្រទានសេចក្តីស្រឡាញ់របស់ទ្រង់ដល់យើង។
យើងមានពរ ទោះបើយើងរស់នៅក្នុងភាពខ្សោយជាច្រើននៅលើផែនដីនេះក៏ដោយ។ ខ្ញុំពិតជាអរព្រះគុណយ៉ាងខ្លាំងក្រៃលែងដល់ព្រះអម្ចាស់ សម្រាប់ព្រះពរដ៏មានតម្លៃទាំងនេះ ការមិនបាននឹកចាំពីបាប ការអត់ទោសអំពីរំលងទាំងអស់របស់យើង និងការគ្របបាំងយើង ទោះបើយើងគឺជាមនុស្សទមិលល្មើស ដែលមិនអាចបានញែកជាបរិសុទ្ធ ដោយការប្រព្រឹត្តរបស់យើងបានក៏ដោយ។ ដូច្នេះ យើងទទួលបានព្រះពរនៃ សេចក្តីសង្រ្គោះ តាមរយៈជំនឿតែមួយប៉ុណ្ណោះ។