Search

關於基督教信仰的常見問題解答

話題 3:启示錄

3-11. អ្នកនិយាយថា ព្រះយេស៊ូវនឹងយាងមកលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ ហើយថា ទ្រង់នឹងយាងចុះមកផែនដីនេះ ដើម្បីបង្កើតសង្រ្គាមអើម៉ាគេដូន។ ដូច្នេះ តើអ្នកកំពុងតែនិយាយថា ព្រះអម្ចាស់នឹងយាងចុះមកផែនដីនេះពីរដងទេឬ? តើមានភាពខុសគ្នាអ្វី រវាងការយាងមកពីរដងនេះ?

ការយាងចុះពីស្ថានសួគ៌មកលើអាកាសរបស់ព្រះយេស៊ូវ ដើម្បីលើកពួកបរិសុទ្ធរបស់ទ្រង់ឡើងទៅស្ថានសួគ៌ និងការយាងត្រឡប់របស់ទ្រង់មកផែនដីនេះ ដើម្បីកាត់ទោសអារក្ស តាមរយៈសង្រ្គាមអើម៉ាគីដូន គឺមានភាពខុសគ្នា។ 
កាលណារយៈពេលបីឆ្នាំកន្លះដំបូងនៃសេចក្តីវេទនាដ៏ ធំបញ្ចប់ទៅ ហើយភ្លាមៗបន្ទាប់ពីទុក្ករកម្មរបស់ពួកបរិសុទ្ធ នៅពេលអាទទឹងនឹងព្រះ គ្រីស្ទលេចមក ព្រះអម្ចាស់នឹងយាងចុះពីស្ថានសួគ៌មក។ នៅពេលនេះ ពួកបរិសុទ្ធដែលបានដេកលក់នៅក្នុងផ្នូរ និងពួកបរិសុទ្ធដែលបានរួចខ្លួនក្នុងកំឡុងសេចក្តីវេទនាដ៏ធំ ដោយមិនបានទទួលយកសញ្ញារបស់សត្វ ហើយដោយការពារជំនឿរបស់ពួកគេ នឹងត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញ និងលើកឡើងទៅលើអាកាស ហើយជួបព្រះអម្ចាស់នៅទីនោះ។ ចាប់ពីពេលនេះតទៅ ពួកបរិសុទ្ធនឹងតែងតែនៅជាមួយព្រះអម្ចាស់ ជានិច្ច។ ព្រះអម្ចាស់មិនយាងចុះមកផែនដីនៅពេលនេះទេ។ ហេតុអ្វី? ពីព្រោះគ្រោះកាចនៃចានទាំង៧ ដែលនឹងកាត់ទោសសាតាំង និងអាទទឹងនឹងព្រះគ្រីស្ទមិនទាន់ធ្លាក់មកលើផែនដីនេះនៅឡើយ។ 
សាវកប៉ុលបានប្រាប់យើងនៅក្នុង ១ថែស្សាឡូនីច ៤:១៧ ថា «រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ»។ ពួកបរិសុទ្ធដែលបានតយុទ្ធជាមួយអាទទឹងនឹងព្រះគ្រីស្ទ ហើយបានស្លាប់ ដើម្បីការពារជំនឿរបស់ខ្លួន នឹងចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលោកទីមួយ ជួបព្រះអម្ចាស់នៅលើអាកាស មិនមែននៅលើផែនដីនេះទេ ហើយចូលទៅក្នុងពិធីមង្គលការរបស់កូនចៀម ជាមួយព្រះយេស៊ូវគ្រីស្ទ ដែលបានធ្វើជាកូនកម្លោះរបស់ពួកគេ។ 
បន្ទាប់ពីនេះ ព្រះនឹងបង្គាប់ពួកទេវតារបស់ទ្រង់ឲ្យចាក់គ្រោះកាចនៃចានទាំង៧ ដែលពេញដោយសេចក្តីក្រោធរបស់ព្រះ ដែលទ្រង់បានទប់ដោយអត់ធ្មត់ តាំងពីការបង្កបង្កើតមក មកលើអាទទឹងនឹងព្រះគ្រីស្ទ ពួកអ្នកដើរតាមរបស់វា និងមនុស្សមានបាបទាំងអស់ដែលនៅរស់នៅលើផែនដីនេះ។ ដូច្នេះ លោកិយនេះនឹងប្រឈមនឹងគ្រោះកាចដ៏ធ្ងន់ធ្ងរបំផុត ដែលមិនធ្លាប់បានឃើញពីមុនមក។ ពួកបរិសុទ្ធដែលជួបព្រះអម្ចាស់នៅលើអាកាស នឹងសរសើរតម្កើងព្រះអម្ចាស់នៅទីនោះ សម្រាប់គ្រោះកាចនៃចានទាំង៧ ដែលនឹងត្រូវធ្លាក់មកលើផែនដីនេះ។ 
បន្ទាប់ពីបានចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌ តាមរយៈព្រះអម្ចាស់ ពួកគេនឹងឈរនៅលើសមុទ្រកែវដែលលាយឈាម ដើម្បីសរសើរតម្កើងការជំនុំជម្រះដ៏សុចរិត ដែលព្រះទម្លាក់មកលើផែនដីនេះ។ ដូច្នេះ ពួកបរិសុទ្ធដែលបានស្លាប់ដោយសារជំនឿ ហើយបានចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌ ដោយអំណាចព្រះចេស្តារបស់ព្រះអម្ចាស់ នឹងតែងតែតម្កើងព្រះអម្ចាស់ជានិច្ច សម្រាប់សេចក្តីសង្រ្គោះដែលទ្រង់បានប្រទានឲ្យពួកគេ និងសម្រាប់ការជំនុំជម្រះរបស់ទ្រង់លើអាទទឹងនឹងព្រះគ្រីស្ទ និងពួកបាវបម្រើរបស់វា ដោយសព្វញ្ញុតភាព និងសព្វសព្វានុភាពរបស់ទ្រង់។
កាលណាពួកទេវតាដែលកាន់ចានទាំង៧ ចាក់ចាននីមួយៗមក មនុស្សគ្រប់រូបនៅលើផែនដីនេះនឹងរងទុក្ខយ៉ាងខ្លាំងក្រៃលែង ពីគ្រោះកាចនៃដំបៅស្អុយរលួយ គ្រោះកាចនៃសមុទ្រប្រែទៅជាឈាម គ្រោះកាចនៃទឹកប្រែទៅជាឈាម គ្រោះកាចនៃកម្តៅព្រះអាទិត្យ និងគ្រោះកាចនៃភាពងងឹត និងការឈឺចាប់។ កាលណាទេវតាទី៦ចាក់ចានរបស់ខ្លួនមកលើទន្លេអើប្រាត ទឹកទន្លេនេះនឹងរីងហួត ដើម្បីរៀបចំផ្លូវសម្រាប់ពួកស្តេចពីទិសខាងកើត។ គ្រោះទុរ្ភិក្សនឹងវាយប្រហារផែនដីនេះ ដែលធ្វើឲ្យមនុស្សរងទុក្ខយ៉ាងខ្លាំងក្រៃលែង។ ហើយពួកវិញ្ញាណអាក្រក់នឹងនៅពាសពេញផែនដីនេះ ដោយបញ្ចុះបញ្ចូលចិត្តរបស់មនុស្ស តាមរយៈអាទទឹងនឹងព្រះគ្រីស្ទ និងហោរាក្លែងក្លាយ។ 
បន្ទាប់មក ពួកវិញ្ញាណអាក្រក់នឹងបញ្ចុះបញ្ចូលពួកស្តេចនៅលើផែនដីនេះឲ្យប្រមូលគ្នាធ្វើសង្រ្គាមប្រឆាំងនឹងព្រះដ៏មានអំណាចព្រះចេស្តា នៅកន្លែងមួយ ដែលមានឈ្មោះថា អើម៉ាគេដូន។ នៅទីនេះហើយ ដែលសង្រ្គាមចុងក្រោយរវាងព្រះ និងសាតាំងបានកើតឡើង។ ប៉ុន្តែដោយសារព្រះយេស៊ូវគឺជាព្រះដ៏មានអំណាចព្រះចេស្តា ទ្រង់នឹងយាងចុះពីពពក ដោយជិះសេះសជាមួយកងពលរបស់ទ្រង់ យកឈ្នះលើសាតាំង ហើយបោះសត្វទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ (វិវរណៈ ១៩:១១-២១)។ ដោយសារឥឡូវនេះ ព្រះយេស៊ូវគ្រីស្ទមានអំណាចដាច់ខាត ក្នុងនាមជាព្រះអម្ចាស់នៃការយាងមកជាលើកទីពីរ ទ្រង់នឹងលេចមកលើផែនដីនេះ ដើម្បីកាត់ទោសលោកិយ ហើយបំផ្លាញសត្វ។ 
ដូច្នេះ យើងត្រូវតែដឹងថា កាលណាព្រះយេស៊ូវគ្រីស្ទយាងចុះពីស្ថានសួគ៌ នៅឯការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ ទ្រង់មិនយាងចុះមក ផែនដីនេះទេ ប៉ុន្តែទ្រង់យាងចុះមកលើអាកាស ដើម្បីលើកពួកបរិសុទ្ធឡើងទៅកន្លែងរបស់ទ្រង់ អនុញ្ញាតឲ្យពួកគេជួបជាមួយទ្រង់ ហើយចូលទៅក្នុងពិធីមង្គលការនៅស្ថានសួគ៌។ កាលណាព្រះអម្ចាស់យាងមកផែនដីនេះ ទ្រង់យាងមក ដើម្បីយកឈ្នះលើសាតាំង និងពួកទាហានរបស់វា ដែលទាស់ប្រឆាំងនឹងព្រះ ដោយព្រះបន្ទូលនៃអំណាចព្រះចេស្តារបស់ទ្រង់ តាមរយៈសង្រ្គាមអើម៉ាគេដូន បោះអារក្សទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ ហើយបំផ្លាញពួកអ្នកដើរតាមរបស់វា។ នេះហើយគឺជាការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់។ យើងត្រូវការការយល់ដឹងត្រឹមត្រូវ និងជំនឿដែលអាចបែងចែកការយាងចុះរបស់ព្រះអម្ចាស់មកលើអាកាស និងការយាងមកផែនដីនេះជាលើកទីពីររបស់ទ្រង់។ 
ប៉ុន្តែមនុស្សជាច្រើននៅតែគិតថា ព្រះអម្ចាស់នឹងបន្តយាងចុះមកផែនដីនេះមិនឈប់ឈរ នៅពេលការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌កើតឡើង។ គំនិតនេះពិតជាមិនត្រឹមត្រូវឡើយ។ កាលណាការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌កើតឡើង ព្រះអម្ចាស់មិនយាងចុះមកផែនដីនេះទេ ប៉ុន្តែយាងចុះមកលើអាកាស។ នៅក្នុងន័យផ្សេង ទ្រង់ទទួល និងលើកពួកបរិសុទ្ធឡើងនៅលើអាកាស។ 
ដូច្នេះ អ្នកត្រូវតែបំបាត់គំនិតថា ព្រះអម្ចាស់នឹងយាងមកលើផែនដីនេះម្តងទៀត នៅពេលការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌កើតឡើង ចេញពីខ្លួនរបស់អ្នក ហើយបែរមកដឹងដោយផ្អែកលើព្រះបន្ទូលព្រះវិញថា ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើង កាលណាទេវតាទី៧ផ្លុំរបស់ត្រែចុងក្រោយរបស់ខ្លួន។