Search

關於基督教信仰的常見問題解答

話題 4:讀者的經常提問及解答

4-9. សូមអ្នកជួយកាត់ស្រាយផ្នែកទីមួយនៃ ហេព្រើរ ៦។

នេះគឺជាការកាត់ស្រាយរបស់ខ្ញុំលើ ហេព្រើរ ៦:១-៨។
«ដូច្នេះ ចូរឲ្យយើងឈប់ ខាងឯសេចក្តីបថមសិក្សានៃព្រះបន្ទូលព្រះគ្រីស្ទ ហើយខំឲ្យបានជឿនទៅមុខ ដរាបដល់ពេញខ្នាតចុះ មិនត្រូវតាំងសេចក្តីដើមនោះជាថ្មីឡើងវិញ ដូចជាសេចក្តីប្រែចិត្តចេញពីការស្លាប់ និងសេចក្តីជំនឿជឿដល់ព្រះ ហើយនិងសេចក្តីបង្រៀនពីបុណ្យជ្រមុជ ការដាក់ដៃ សេចក្តីរស់ពីស្លាប់ឡើងវិញ និងសេចក្តីជំនុំជំរះកាត់ទោសដល់អស់កល្បជានិច្ចនោះឡើយ បើសិនជាព្រះទ្រង់អនុញ្ញាតឲ្យ នោះយើងរាល់គ្នានឹងធ្វើការនោះឯង ដ្បិតឯពួកអ្នកដែលបានភ្លឺម្តង ទាំងភ្លក់អំណោយទាននៃស្ថានសួគ៌ ក៏បានចំណែកនៃព្រះវិញ្ញាណបរិសុទ្ធ ហើយភ្លក់ព្រះបន្ទូលដ៏ល្អនៃព្រះ និងការឫទ្ធិបារមីរបស់បរលោកនាយ រួចធ្លាក់ទៅវិញ នោះគ្មានផ្លូវណានឹងនាំឲ្យគេប្រែចិត្តម្តងទៀតទេ ដោយព្រោះគេបានឆ្កាងព្រះរាជបុត្រានៃព្រះ ខាងឯខ្លួនគេរួចទៅហើយ ព្រមទាំងធ្វើឲ្យទ្រង់ហាលមុខនៅកណ្តាលជំនុំផង ដ្បិតដីណាបានបៀមទឹកភ្លៀង ដែលធ្លាក់មកជាញយៗ រួចបង្កើតជាបន្លែមានប្រយោជន៍ដល់អ្នកដែលភ្ជួររាស់ នោះបានទទួលព្រះពរហើយ តែដីណាដែលបង្កើតសុទ្ធតែបន្លា និងអញ្ចាញវិញ ដីនោះត្រូវបោះបង់ចោលចេញ ក៏ជិតនឹងត្រូវបណ្តាសាហើយ លុះដល់ចុងបំផុតនឹងត្រូវដុតចោលផង។»
(ខ.១-២)
ព្រះចង់បង្កើតសេចក្តីជំនឿដ៏គ្រប់លក្ខណ៍ តាមគោលការណ៍គ្រឹះរបស់ព្រះគ្រីស្ទ នៅក្នុងគ្រីស្ទបរិស័ទសព្វថ្ងៃនេះ ដូចជាពួកសាសន៍ហេព្រើរដែលជឿដល់ព្រះយេស៊ូវដែរ។ 
ពួកគេមួយចំនួនធ្លាប់បានពេញខ្នាតម្តង ហើយបានភ្លក់ដំណឹងល្អពិត និងទទួលបានការអត់ទោសបាប និងទទួលបានព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែក្រោយមក ពួកគេបានរសាត់ចេញពីសេចក្តីជំនឿពិតវិញ។ ពួកគេនៅតែមានការសង្ស័យលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
ដូច្នេះ ព្រះគម្ពីរប្រកាសយ៉ាងច្បាស់លាស់ថា សេចក្តីបឋមសិក្សារបស់ព្រះគ្រីស្ទ (មូលដ្ឋានគ្រឹះនៃការប្រែចិត្តចេញពីការងារដែលស្លាប់ និងមូលដ្ឋានគ្រឹះនៃសេចក្តីជំនឿលើព្រះ គោលលទ្ធិនៃបុណ្យជ្រមុជ ការដាក់ដៃលើ ការរស់នៅពីស្លាប់ឡើងវិញ និងការជំនុំជម្រះដ៏អស់កល្បជានិច្ច) គួរតែបានតាំងនៅយ៉ាងរឹងមាំនៅក្នុងចិត្តរបស់អ្នកជឿម្នាក់ៗ។ 
នៅទីនេះ យើងគួរតែយកចិត្តទុកដាក់ចំពោះការពិតថា គោលការណ៍គ្រឹះទាំងនេះគឺជាធាតុនៃដំណឹងល្អពិតពីពួកជំនុំដំបូង។ 
ហើយនៅក្នុងចំណោមគោលការណ៍គ្រឹះទាំងនេះ គឺគោលលទ្ធិនៃបុណ្យជ្រមុជ និងការដាក់ដៃលើ។ នេះគឺជាភស្តុតាងច្បាស់លាស់បញ្ជាក់ថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាដំណឹងល្អ ដែលពួកសាវក និងពួកសិស្សនៅសម័យនោះ បានប្រកាសមែន។ 
អ្នកដែលមានជំនឿមុះមុតតាមដំណឹងល្អពិត មិនសង្ស័យលើគោលការណ៍គ្រឹះរបស់ព្រះគ្រីស្ទឡើយ ប៉ុន្តែពួកគេឈរយ៉ាងរឹងមាំនៅលើដំណឹងល្អ និងមានជីវិតនៃសេចក្តីជំនឿ និងជីវិតគ្រប់លក្ខណ៍។ ការប្រព្រឹត្តរបស់មនុស្សមិនអាចគ្រប់លក្ខណ៍បានឡើយ ប៉ុន្តែនៅពេលយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងអាចត្រឡប់ជាឥតបាប និងគ្រប់លក្ខណ៍ ដោយសារសេចក្តីជំនឿបាន។
ដូច្នេះហើយបានជាព្រះបានប្រាប់អ័ប្រាហាំថា «ចូរឯងដើរនៅមុខអញ ហើយឲ្យបានគ្រប់លក្ខណ៍ចុះ»។ នេះមានន័យថា មានសេចក្តីជំនឿគ្រប់លក្ខណ៍ ដើម្បីធ្វើឲ្យអ្នកត្រឡប់ជាឥតបាប និងគ្រប់លក្ខណ៍។ 
(ខ.៤-៦)
ប៉ុន្តែបើសិនមនុស្សម្នាក់ក្បត់ដំណឹងល្អពិត បន្ទាប់ពីបានមានសេចក្តីជំនឿតាមហើយ នោះគាត់មិនអាចបានសង្រ្គោះម្តងទៀតបានឡើយ។ នេះគឺជាបំណងព្រះហឫទ័យព្រះ។ សេចក្តីស្រឡាញ់របស់ទ្រង់គ្រប់លក្ខណ៍ និងធំធេងក្រៃលែង ហើយសេចក្តីក្រោធរបស់ទ្រង់ចំពោះសត្រូវរបស់ទ្រង់ក៏ក្រៀវក្រោធ និងឃោរឃៅដែរ។ 
ដូច្នេះ បទចម្រៀងសាឡូម៉ូន ៨:៦ ច្រៀងថា៖
«សូមប្តិតខ្ញុំម្ចាស់និត្យនៅព្រះទ័យទ្រង់ដូចជាត្រា 
គឺជាស្នាមត្រានៅលើព្រះពាហុទ្រង់ផង 
ដ្បិតសេចក្តីស្រឡាញ់មានកំឡាំង ដូចជាសេចក្តីស្លាប់ 
ហើយសេចក្តីប្រចណ្ឌក៏សាហាវ ដូចជាស្ថានឃុំព្រលឹង មនុស្សស្លាប់ 
ហើយជំហួលនៃសេចក្តីនោះក៏ជាជំហួលនៃភ្លើង 
ជាអណ្តាតភ្លើងយ៉ាងសហ័សដែលមកព្រះ។»
ហេព្រើរ ១០:២៦-២៧ ក៏និយាយអំពីការព្រមានដូចគ្នាដែរ៖ «ដ្បិតក្រោយដែលយើងបានទទួលស្គាល់សេចក្តីពិតហើយ បើយើងធ្វើបាប ស្ម័គ្រពីចិត្តទៀត នោះគ្មានយញ្ញបូជាណា សំរាប់នឹងលោះបាបទៀតទេ មានតែរង់ចាំ ដោយស្ញែងខ្លាចចំពោះសេចក្តីជំនុំជំរះ និងសេចក្តីសហ័សនៃភ្លើង ដែលរៀបនឹងឆេះដល់អស់ទាំងពួកទាស់ទទឹងផងប៉ុណ្ណោះ។»
ឥឡូវនេះ អ្នកអាចមានសេចក្តីជំនឿលើសេចក្តីពិតអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណហើយ។ ដូច្នេះ តើ «ធ្វើបាប ស្ម័គ្រពីចិត្ត» មានន័យយ៉ាងដូចម្តេច? យើងត្រូវតែដឹងថា យើងអាចបែងចែកបាបជាពីរប្រភេទបាន៖ «បាបដែលមិននាំទៅរកសេចក្តីស្លាប់» និង «បាបដែលនាំទៅរកសេចក្តីស្លាប់» (១យ៉ូហាន ៥:១៦)។ 
យើងធ្វើបាប ជារៀងរាល់ថ្ងៃ។ ប៉ុន្តែអំពើបាបទាំងនោះគឺជា «បាបដែលមិននាំទៅរកសេចក្តីស្លាប់» ទេ ពីព្រោះព្រះអម្ចាស់បានលាងសម្អាតអំពើបាបទាំងនោះរួចហើយ។ ប៉ុន្តែ «បាបដែលនាំទៅរកសេចក្តីស្លាប់» គឺជាអំពើបាបនៃការប្រមាថដល់ព្រះវិញ្ញាណវិញ។ ម៉ាថាយ ១២:៣១ សរសេរថា «ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អស់ទាំងបាប ហើយពាក្យប្រមាថ នឹងអត់ទោសឲ្យមនុស្សលោកបាន តែឯពាក្យប្រមាថដល់ព្រះវិញ្ញាណវិញ នោះមិនដែលបានអត់ទោស ដល់មនុស្សឡើយ»។ 
ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះដ៏ពិត ហើយទ្រង់ធ្វើបន្ទាល់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ តាមរយៈពួកបរិសុទ្ធដែលបានកើតជាថ្មី។ សរុបមក បើសិនមនុស្សម្នាក់បដិសេធដំណឹងល្អពិតប្រាកដ បន្ទាប់ពីបានស្តាប់ឮខ្លឹមសារទាំងស្រុងរបស់ដំណឹងល្អហើយ គាត់កំពុងតែប្រព្រឹត្តអំពើបាបនៃការប្រមាថដល់ព្រះវិញ្ញាណហើយ។ ប៉ុន្តែគួរឲ្យសោកស្តាយ មានមនុស្សដែលក្បត់ដំណឹងល្អ នៅពេលពួកគេប្រឈមនឹងបញ្ហាទាក់ទងនឹងដំណឹងល្អ។ 
បើសិនគាត់ពិតជាបដិសេធដំណឹងល្អពិតប្រាកដ ទោះបើគាត់ដឹងថា វាគឺជាដំណឹងល្អពិតប្រាកដ តើគាត់អាចទទួលបានការអត់ទោសពីព្រះ សម្រាប់អំពើបាបនេះបានទេ? ព្រះប្រកាសយ៉ាងច្បាស់លាស់ពីទោសដ៏អស់កល្បជានិច្ចចំពោះអំពើបាបបែបនេះ។ 
ខ្ញុំសង្ឃឹមថា ចម្លើយនេះនឹងបំបាត់ភាពស្រេកខាងវិញ្ញាណរបស់អ្នក។ ប៉ុន្តែសំខាន់បំផុតនោះ ខ្ញុំចង់ឲ្យអ្នកឈរយ៉ាងរឹងមាំនៅលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាដំណឹងល្អដើម ដែលព្រះអម្ចាស់យេស៊ូវរបស់យើងបានប្រទានឲ្យយើង តាំងពីដំបូង។