Search

শিক্ষা

Subject 8 : ព្រះវិញ្ញាណបរិសុទ្ធ

[8-20] អ្នកដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដឹកនាំអ្នកទៃឲ្យទទួលបាន (យ៉ូហាន ២០:២១-២៣)

(យ៉ូហាន ២០:២១-២៣)
«រួចព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយសេចក្តីសុខសាន្ត ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាព្រះវរបិតាបានចាត់ឲ្យខ្ញុំមកដែរ ទ្រង់មានព្រះបន្ទូលដូច្នោះ រួចក៏ផ្លុំលើគេទាំងមានព្រះបន្ទូលថា ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ បើអ្នករាល់គ្នានឹងអត់ទោសបាបដល់អ្នកណា នោះបាបគេនឹងបានអត់ទោសឲ្យ តែបើអ្នករាល់គ្នានឹងប្រកាន់ទោសបាបចំពោះអ្នកណា នោះបាបគេនឹងត្រូវប្រកាន់ជាប់វិញ។»
 
 
តើព្រះអម្ចាស់បានប្រទាន អំណាចអ្វីដល់មនុស្សសុចរិត?
ទ្រង់បានប្រទានឲ្យពួកគេនូវ អំណាចអត់ទោសអំពើបាបដល់មនុស្ស តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ

យ៉ូហាន ២០ ផ្ទុកនូវកំណត់ត្រាមួយអំពីការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ។ ព្រះអម្ចាស់របស់យើងបានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយបានប្រាប់ពួកសិស្សរបស់ទ្រង់ថា «ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ»។ ពួកសិស្សរបស់ទ្រង់បានទទួលការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាអំណោយទានមួយពីទ្រង់។ ព្រះយេស៊ូវបានប្រទានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ និងជីវិតអស់កល្បជានិច្ចដល់អ្នកដែលបានជឿថា បុណ្យជ្រមុជ និងព្រះលោហិតទ្រង់របស់ទ្រង់បានលាងសម្អាតអំពើបាបទាំងអស់របស់ពួកគេហើយ។ ព្រះគម្ពីរនិយាយថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជាគំរូពីសេចក្តីសង្រ្គោះ ដែលមានន័យថា បុណ្យជ្រមុជរបស់ទ្រង់បានសង្រ្គោះមនុស្សជាតិទាំងមូល ចេញពីអំពើបាបរបស់ពួកគេហើយ (១ពេត្រុស ៣:២១)។ 
 
 
ហេតុអ្វីព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ?
 
ហេតុអ្វីព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ពីលោកយ៉ូហាន-បាទ្ទីស? យើងអាចមើលឃើញចម្លើយសម្រាប់សំណួរនេះចេញពីអ្វីដែលព្រះយេស៊ូវមានបន្ទូលនៅក្នុង ម៉ាថាយ ៣:១៥ ថា «ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ»។ នៅទីនេះ «ដ្បិតគួរឲ្យ» មានន័យថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ។ ហើយបុណ្យជ្រមុជរបស់ទ្រង់ត្រូវបានអនុវត្តតាមរបៀបដូចគ្នា ទៅនឹងការដាក់ដៃលើនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែរ។ ហើយគោលបំណងនៃបុណ្យជ្រមុជរបស់ទ្រង់ គឺដើម្បីផ្ទេរអំពើបាបរបស់លោកិយនេះទៅលើព្រះយេស៊ូវ។
តើ «គ្រប់ទាំងសេចក្តីសុចរិត» មានន័យយ៉ាងដូចម្តេច? ហើយតើពាក្យថា «គួរឲ្យ» មានន័យយ៉ាងដូចម្តេច? «គ្រប់ទាំងសេចក្តីសុចរិត» មានន័យថា វាគួរឲ្យព្រះយេស៊ូវដោះអំពើបាបរបស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ហើយពាក្យថា «គួរឲ្យ» មានន័យថា បុណ្យជ្រមុជគឺជារបៀបសុចរិត និងត្រឹមត្រូវបំផុតនៅចំពោះព្រះ។
ព្រះយេស៊ូវ បានដោះអំពើបាបទាំងអស់របស់មនុស្សជាតិចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានលាងសម្អាតអស់អ្នកដែលបានជឿលើទ្រង់។ ហើយព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាង ដើម្បីទទួលការការជំនុំជម្រះអំពើបាបជំនួសយើង។ នេះហើយគឺជាដំណឹងល្អអំពីការអត់ទោសអំពើបាប។ សេចក្តីសុចរិតរបស់ព្រះគឺជាការអត់ទោសអំពើបាប ដោយលុបបំបាត់អំពើបាបទាំងអស់របស់មនុស្សមានបាប។ 
ប្រសិនបើមនុស្សយល់ និងជឿលើអាថ៌កំបាំងនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដូចដែលបានសរសេរនៅក្នុង ម៉ាថាយ ៣:១៣-១៧ នោះពួកគេនឹងអាចទទួលបានការអត់ទោសអំពើបាប និងព្រះវិញ្ញាណបរិសុទ្ធបាន។ អ្វីដែលព្រះយេស៊ូវបានធ្វើនៅក្នុងព័ន្ធកិច្ចជាសាធារណៈរបស់ទ្រង់ ដែលមានដូចជាបុណ្យជ្រមុជ ការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ គឺដើម្បីប្រទានផ្លូវសុចរិតមួយទៅឯសេចក្តីសង្រ្គោះ ដែលព្រះបានកំណត់ទុក។ តាមរបៀបនេះ ព្រះយេស៊ូវបានធ្វើជាព្រះអង្គសង្រ្គោះពិតរបស់មនុស្សមានបាបទាំងអស់។ ដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់គឺជាដំណឹងល្អអំពីសេចក្តីសង្រ្គោះ ដែលបានលាងសម្អាតអំពើបាបទាំងអស់របស់យើង។ 
មនុស្ស អាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន លុះត្រាតែពួកគេស្គាល់ និងជឿតាមដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ ដោយសារបុណ្យជ្រមុជរបស់ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ នោះអំពើបាបរបស់យើងក៏ត្រូវបានផ្ទេរទៅលើទ្រង់ផងដែរ។ ដោយជំនួសឲ្យមនុស្សជាតិ ការសុគតរបស់ទ្រង់នៅលើឈើឆ្កាងគឺជាការស្លាប់របស់យើងផ្ទាល់ ហើយការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់គឺជាការរស់ពីស្លាប់ឡើងវិញរបស់យើងផ្ទាល់ផងដែរ។ ដូច្នេះ បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងគឺជាដំណឹងល្អអំពីការអត់ទោសអំពើបាប និងការទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ 
ខ្ញុំ សង្ឃឹមថា អ្នករៀនបានអំពីមូលហេតុនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងមានជំនឿតាមដំណឹងល្អ។ បន្ទាប់មក អំពើបាបរបស់អ្នកនឹងត្រូវបានអត់ទោសឲ្យ ហើយអ្នកនឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ហេតុអ្វីព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ? គឺដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ ម៉ាថាយ ៣:១៥ និយាយថា «ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ»។ អាម៉ែន។ ហាលេលូយ៉ា!
នៅសព្វថ្ងៃនេះ មនុស្សមួយចំនួនជឿថា ការនិយាយភាសាដទៃគឺជាភស្តុតាងនៃការទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែ ភស្តុតាងពិតប្រាកដនោះគឺជាជំនឿត្រឹមត្រូវតាមដំណឹងល្អ ដែលត្រូវបានចារទុកនៅក្នុងចិត្តរបស់អស់អ្នកដែលពិតជាទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ 
 
 
ព្រះអម្ចាស់បានប្រទានអំណាចអត់ទោសអំពើបាបដល់មនុស្សសុចរិតទាំងអស់
 
ព្រះអម្ចាស់ បានប្រទានដល់ពួកសិស្សនូវអំណាចអត់ទោសបាប ដោយមានបន្ទូលថា «បើអ្នករាល់គ្នានឹងអត់ទោសបាបដល់អ្នកណា នោះបាបគេនឹងបានអត់ទោសឲ្យ តែបើអ្នករាល់គ្នានឹងប្រកាន់ទោសបាបចំពោះអ្នកណា នោះបាបគេនឹងត្រូវប្រកាន់ជាប់វិញ» (យ៉ូហាន ២០:២៣)។ នេះមានន័យថា នៅពេលពួកសាវកបានអធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អ្នកដែលបាន ស្តាប់ និងជឿតាម ទទួលបានការអត់ទោសអំពីបាប។ ប៉ុន្តែនេះមិនមានន័យថា ពួកគេអាចអត់ទោសអំពើបាបដល់មនុស្សទេ បើសិនមនុស្សមិនមានជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនោះ។
ពួកសិស្សរបស់ព្រះយេស៊ូវ មានអំណាចអត់ទោសអំពើបាបដល់អ្នកណាម្នាក់ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ បើសិនពួកគេបង្រៀនអ្វីដែលបានសរសេរទុក យើងត្រូវតែជឿតាម។ អ្នកត្រូវតែជឿថា ព្រះយេស៊ូវគ្រីស្ទបានប្រទានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដល់អ្នក ដើម្បីលាងសម្អាតអំពើបាបទាំងអស់របស់អ្នក។ តាមតែធ្វើដូច្នេះទេ ទើបអ្នកអាចទទួលបានការអត់ទោសអំពើបាប និងការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបាន។ ព្រះយេស៊ូវក៏បានប្រទានដល់យើងនូវអំណាចសង្រ្គោះមនុស្សទាំងអស់ចេញពីអំពើបាបរបស់ពួកគេ ដោយការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណផងដែរ។ 
 
 
អំណាចរបស់អ្នកដឹកនាំនៅក្នុងលោកិយ
 
នៅកន្លែងដែលខ្ញុំធ្លាប់រស់នៅពីមុន យើងត្រូវតែជិះឡានក្រុងតាមផ្លូវថ្នាល់មិនល្អ។ មនុស្សត្រូវតែចុះពីលើឡាននៅចំណុចមួយ ហើយរុញឡានឡើងភ្នំ។ មានពេលមួយ ប្រធានាធិតីប្រទេសកូរ៉េបានអញ្ជើញមកចូលរួមកម្មវិធីសម្ភោធនៅលើផ្លូវនោះ។ មនុស្សបានស្វាគមន៍ប្រធានាធតី ដោយការបោសសម្អាត និងក្រាលដើមឈើនៅលើផ្លូវថ្នល់ នៅពេលពួកគេបានដឹងថា លោកនឹងអញ្ជើញមក។ នៅពេលប្រធានាធិតីអញ្ជើញមក មានម៉ូតូជាច្រើនបាននាំផ្លូវពីមុខឡានរបស់លោក។ ហ្វូងមនុស្សបានចេញមកទទួលស្វាគមន៍លោក ជាមួយនឹងទង់ជាតិប្រទេសកូរ៉េនៅក្នុងដៃ។ គេបាននិយាយថា លោកប្រធានាធិបតីបានថ្លែងថា «ផ្លូវនេះពិតជារលាក់ខ្លាំងណាស់ ហើយយើងត្រូវតែឈូសឆាយវា»។ ពីរបីថ្ងៃក្រោយមក ផ្លូវនោះត្រូវបានឈូសឆាយដោយក្រាលកៅស៊ូ។
តើអ្វីបានកើតឡើងនៅទីនេះ? ពាក្យសម្តីមួយម៉ាត់របស់លោកប្រធានាធិតី គឺគ្រប់គ្រាន់ក្នុងការបណ្តាលឲ្យមានការផ្លាស់ប្តូរលក្ខខណ្ឌផ្លូវបាន។ បញ្ជារបស់លោកប្រធានាធិបតីមានអំណាចខ្លាំងបែបនេះ។ ប៉ុន្តែ យើងបានដឹងយ៉ាងច្បាស់ថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណត្រូវបានប្រទានដល់យើង ដោយព្រះគ្រីស្ទ ដែលមានអំណាចព្រះចេស្តាយ៉ាងខ្លាំងជាងនេះទៅទៀត។ 
យើងត្រូវតែជឿថា ដំណឹងល្អនេះមានអំណាចរំដោះយើងចេញពីអំពើបាបទាំងអស់នៅក្នុងជីវិតរបស់យើងបាន។ 
 
 
អំណាចពិតប្រាកដ ដើម្បីអត់ទោសអំពើបាប
 
«បើអ្នករាល់គ្នានឹងអត់ទោសបាបដល់អ្នកណា នោះបាបគេនឹងបានអត់ទោសឲ្យ តែបើអ្នករាល់គ្នានឹងប្រកាន់ទោសបាបចំពោះអ្នកណា នោះបាបគេនឹងត្រូវប្រកាន់ជាប់វិញ។» ពួកសិស្សរបស់ព្រះយេស៊ូវបានប្រកាសដំណឹងល្អថា អំពើបាបទាំងអស់របស់ពួកគេត្រូវបានអត់ទោសឲ្យហើយ។ ពួកគេបានប្រាប់មនុស្សថា «ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះចេញ ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវហើយ។ ដូច្នេះ មិនមានអ្វីត្រូវបារម្ភទៀតឡើយ។ ទោះបីជាអ្នកនឹងបន្តធ្វើបាបនៅថ្ងៃអនាគតទៀតក៏ដោយ ព្រះយេស៊ូវបានដោះអំពើបាបប្រចាំថ្ងៃទាំងអស់របស់អ្នកចេញ ហើយបានបង្ហូរព្រះលោហិតសម្រាប់អ្នកនៅលើឈើឆ្កាងរួចហើយ បន្ទាប់ពីបុណ្យជ្រមុជរបស់ទ្រង់។ ព្រះយេស៊ូវបានសង្រ្គោះអ្នកហើយ! ហើយអ្នកត្រូវតែជឿតាមសេចក្តីពិតនេះ!»។
មនុស្សមានបាប ទទួលបានសេចក្តីប្រោសលោះ ដោយការស្តាប់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ តាមរយៈការប្រកាសរបស់ពួកសិស្សរបស់ព្រះយេស៊ូវ ពីព្រោះព្រះយេស៊ូវបានប្រទានដល់ពួកសិស្សនូវអំណាចអត់ទោសអំពើបាប តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដោយសារពួកសិស្សរបស់ព្រះយេស៊ូវបានប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់មនុស្សទាំងអស់នៅក្នុងលោកិយនេះ អ្នកជឿអាចទទួលបានការអត់ទោសអំពើបាបបាន។ ព្រះយេស៊ូវបានប្រទានដល់ពួកគេនូវអំណោយទាននេះ ជាមួយនឹងអំណាចអត់ទោសអំពើបាបផងដែរ។
មនុស្សជាច្រើន បានអានសៀវភៅ ដែលខ្ញុំបានបោះពុម្ពផ្សាយពីមុន ហើយពួកគេបានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេ បន្ទាប់ពីបានអានសៀវភៅទាំងនោះ។ អ្នកខ្លះបានដឹង និងប្រកាសថា មូលហេតុដែលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង គឺជាលទ្ធផលនៃបុណ្យជ្រមុជរបស់ទ្រង់ ក្នុងការដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ «តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ» (អេសាយ ៥៣:៥)។
បន្ទាប់ពីទ្រង់មានព្រះជន្មរស់ពីសុគតឡើងវិញ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកសិស្សរបស់ទ្រង់ថា «ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ បើអ្នករាល់គ្នានឹងអត់ទោសបាបដល់អ្នកណា នោះបាបគេនឹងបានអត់ទោសឲ្យ តែបើអ្នករាល់គ្នានឹងប្រកាន់ទោសបាបចំពោះអ្នកណា នោះបាបគេនឹងត្រូវប្រកាន់ជាប់វិញ» (យ៉ូហាន ២០:២២-២៣)។ ព្រះយេស៊ូវបានប្រទានដល់ពួកគេនូវអំណាចអត់ទោសដល់អំពើបាបរបស់មនុស្ស។ 
មុនពេលយើងជឿតាមសេចក្តីពិតនេះ យើងមានពេញទៅដោយភាពស្មុគស្មាញ ភាពទទេ និងបាប។ ប៉ុន្តែឥឡូវនេះ យើងមានជំនឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ហើយបានរួចពីបាបហើយ ហើយយើងគឺជាអ្នកដែលប្រកាសដំណឹងល្អនេះទៅកាន់អ្នកដទៃទៀត។ ព្រះអម្ចាស់របស់យើងក៏បានប្រទានដល់យើងនូវសន្តិភាព និងព្រះពររបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ ដើម្បីទទួលបានសន្តិភាព និងព្រះវិញ្ញាណបរិសុទ្ធពីព្រះបាន យើងត្រូវតែទទួលបានការអត់ទោសអំពើបាប ដោយការជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង។ 
អ្វីដែលរំដោះយើងចេញពីបាប គឺជាជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នេះគឺជាជំនឿខាងវិញ្ញាណ ដែលនាំឲ្យយើងទទួលបានព្រះពរពីស្ថានសួគ៌។ ប៉ុន្តែជំនឿតាមតែចិត្តដែលផ្អែកលើគំនិតផ្ទាល់ខ្លួនរបស់មនុស្ស ដឹកនាំមនុស្សទៅរកសេចក្តីវិនាស។ ដូច្នេះ យើងត្រូវតែទទួលបានសេចក្តីប្រោសលោះ និងព្រះវិញ្ញាណបរិសុទ្ធបាន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយដើម្បីមានជំនឿបែបនេះបាន យើងត្រូវតែបោះបង់ចោលនូវគំនិតខាងលោកិយផ្ទាល់ខ្លួន ហើយបែរមកឯដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ។
ដើម្បីមានជំនឿមួយ ដែលអាចនាំឲ្យយើងទទួលបានព្រះវិញ្ញាណបរិសុទ្ធ មនុស្សគួរតែទទួលយកដំណឹងល្អថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ និងសុគតជំនួសយើង។ ព្រះអម្ចាស់បានប្រទានការអត់ទោសអំពើបាប សន្តិភាព និងការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ពីព្រោះយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ទ្រង់បានប្រទានដល់ពួកសិស្សរបស់ទ្រង់នូវការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ និងអំណាចអត់ទោសអំពីបាបរបស់អ្នកណាដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
យើង ក៏បានទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដោយការជឿតាមដំណឹងល្អនេះផងដែរ។ ហើយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណក៏បានជួយអ្នកដទៃជាច្រើនទៀតទទួលបានដូចគ្នាផងដែរ។ នៅពេលយើងប្រកាសដំណឹងល្អទៅកាន់អ្នកជិតខាង និងលោកិយនេះ អស់អ្នកដែលទទួលយកវាទុកនៅក្នុងចិត្ត នឹងត្រូវទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែបើសិនដំណឹងល្អដែលយើងប្រកាស មិនអាចជួយឲ្យមនុស្សទទួលបានព្រះវិញ្ញាណបរិសុទ្ធ នោះវាមិនមែនជាដំណឹងល្អពិតឡើយ។ ម៉្យាងវិញទៀត បើសិនដំណឹងល្អដែលយើងប្រកាស អាចនាំមនុស្សឲ្យទទួលបានព្រះវិញ្ញាណបរិសុទ្ធ នោះគឺជាដំណឹងល្អពិតហើយ។ 
យើង គួរតែអរព្រះគុណដល់ព្រះ ដែលយើងទទួលបានដំណឹងល្អពិតនេះ។ ដំណឹងល្អដែលអ្នក និងខ្ញុំបានប្រកាស គឺជាដំណឹងល្អឥតខ្ចោះ និងមានអំណាច។ ប៉ុន្តែគួរឲ្យសោកស្តាយ នៅសព្វថ្ងៃ យើងពិបាកនឹងជួបមនុស្សដែលពិតជាស្គាល់ និងជឿតាមដំណឹងល្អនេះណាស់។ ដូច្នេះ យើងត្រូវតែប្រកាសដំណឹងល្អពិតនេះទៅកាន់លោកិយទាំងមូល គឺយើងត្រូវតែជួយមនុស្សឲ្យទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដូចជាយើងផងដែរ។ 
 
 
អ្នកដែលសាតាំងបានបោកបញ្ឆោតឲ្យបដិសេធដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ
 
យើង ក៏កំពុងតែជួយដល់អ្នកដែលបានជឿព្រះរួចហើយផងដែរ។ ពួកគេជាច្រើននៅតែមិនទាន់បានទទួលព្រះវិញ្ញាណបរិសុទ្ធនៅឡើយ ទោះបើពួកគេជឿព្រះយេស៊ូវក៏ដោយ។ ដូច្នេះ យើងជួយដល់ពួកគេ ដោយការប្រកាសដំណឹងល្អពិត ដើម្បីឲ្យពួកគេអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ។
ប្រសិនបើមនុស្សម្នាក់មិនទាន់ទទួលបានព្រះវិញ្ញាណបរិសុទ្ធទេ ទោះបើគាត់ជឿព្រះយេស៊ូវក៏ដោយ ជំនឿរបស់គាត់មានបញ្ហាហើយ។ មានតែអ្នកដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធ តាមរយៈជំនឿលើព្រះទេ ទើបអាចបានធ្វើជាមនុស្សដែលមានជំនឿត្រឹមត្រូវបាន។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែរក្សាជំនឿ ដែលនាំយើងឲ្យទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ហើយយើងត្រូវតែស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ពីព្រោះមានតែសេចក្តីពិតនៃដំណឹងល្អនេះទេ ទើបជាអ្វីដែលជួយឲ្យយើងអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន។
យើង ប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីឲ្យអ្នកដទៃអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ទោះបីជាយ៉ាងណា អ្នកដែលប្រកាសដំណឹងល្អអាចនឹងប្រឈមនឹងទុក្ខលំបាកជាច្រើន។ គ្រីស្ទបរិស័ទមួយចំនួនគិតថា ពួកគេអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន ដោយការខិតខំរបស់ខ្លួនទៅតាមពេលវេលា។ ពួកគេមានបទពិសោធន៍ច្របូកច្របល់ជាច្រើន ដែលមិនទាក់ទងនឹងព្រះវិញ្ញាណបរិសុទ្ធសោះ។ ដូច្នេះ យើងត្រូវការពេលវេលា និងការលះបង់ជាច្រើន ដើម្បីជួយឲ្យពួកគេបានយល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
តើអ្នកណានឹងមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បើសិនគ្រប់គ្នាបានគិតថា មនុស្សអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន តាមរយៈជំនឿតាមដំណឹងល្អនេះ? មុនពេលដំណឹងល្អបានមកដល់ សាតាំងបានបោកបញ្ឆោតមនុស្សដោយដំណឹងល្អផ្សេងមួយទៀត។ មនុស្សបែបនេះគិតពីអ្វីផ្សេងទៀត ដែលត្រូវជឿតាម នៅពេលពួកគេបានចាត់ទុកថា ពួកគេបានជឿតាមដំណឹងល្អរបស់ព្រះយេស៊ូវរួចហើយ។ ដូច្នេះ ពួកគេបដិសេធដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
មនុស្សជាច្រើននៅសម័យនេះ មិនទទួលយកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ ពីព្រោះសាតាំងបានធ្វើឲ្យពួកគេខ្វាក់រួចទៅហើយ។ ជាលទ្ធផល ពួកគេគិតថា ការជឿលើព្រះយេស៊ូវគឺជាកាតព្វកិច្ចសាមញ្ញមួយ។ ប៉ុន្តែការយល់យ៉ាងពេញលេញពីសេចក្តីពិតអំពីដំណឹងល្អមិនស្រួលឡើយ។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណត្រូវបានបិទបាំង ដោយដំណឹងល្អក្លែងក្លាយ។
មនុស្ស គិតថា គ្រប់គ្នាអាចចូលទៅក្នុងនគរស្ថានសួគ៌បាន បើសិនពួកគេចូលរួមក្នុងពួកជំនុំ ហើយប្រកាសថា ពួកគេជឿលើព្រះយេស៊ូវ។ មនុស្សជាច្រើនជឿថា ព្រះប្រទានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការប្រព្រឹត្តផ្ទាល់ខ្លួនរបស់ពួកគេ ដូចជា ការអធិស្ឋាន និងការតមជាដើម។ ទោះបីជាយ៉ាងណា ជំនឿបែបនេះគឺខុសគ្នាឆ្ងាយពីសេចក្តីពិតអំពីការទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេគិតថា ការនិយាយភាសាដទៃ និងការអស្ចារ្យទាំងឡាយទៀតគឺជាសញ្ញានៃការទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ 
ដូច្នេះ ពួកគេមិនយល់ថា ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ មនុស្សចាំបាច់ជឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណទេ។ ទោះបីជាយ៉ាងណា ព្រះគម្ពីរនិយាយថា មនុស្សអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន លុះត្រាតែពួកគេជឿតាមព្រះបន្ទូលព្រះ។ ព្រះបានលាក់បាំងអាថ៌កំបាំងនៃការទទួលបានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងព្រះបន្ទូលទ្រង់។ 
 
 
អ្នកដែលចង់បានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ
 
មានពេលមួយ ខ្ញុំបានទៅប្រទេសតៃវ៉ាន់ជាមួយអ្នករួមការងាររបស់យើង។ មនុស្សនៅទីនោះ បានស្នើសៀវភៅអំពីព្រះវិញ្ញាណបរិសុទ្ធពីយើង។ ហើយការដូចគ្នាក៏បានកើតឡើងនៅប្រទេសជប៉ុន និងរុស្សីផងដែរ។ មូលហេតុដែលមនុស្សជាច្រើនចង់បានសៀវភៅអំពីការគង់សណ្ឋិតរបស់ព្រះវិញ្ញាណគឺថា មនុស្សនៅសម័យនេះ ពិតជាចង់ទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធយ៉ាងខ្លាំង។ មនុស្សជាច្រើនជឿព្រះយេស៊ូវ ហើយពេលខ្លះ ពួកគេមិនប្រាកដថា ពួកគេពិតជាបានទទួលព្រះវិញ្ញាណបរិសុទ្ធ ឬយ៉ាងណាទេ ពីព្រោះពួកគេមិនមានការគង់សណ្ឋិតរបស់ទ្រង់។
មានមនុស្សយ៉ាងច្រើន ដែលជឿព្រះយេស៊ូវ ហើយប្រកាសថា ពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធរួចហើយ។ ទោះបីជាយ៉ាងណា មនុស្សដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធជាអចិន្ត្រៃ និងអស់កល្បជានិច្ច កម្រមានណាស់។ មនុស្សជាច្រើនមិនអាចធ្វើដូច្នោះបានទេ ទោះបើពួកគេជឿលើព្រះយេស៊ូវក៏ដោយ ហើយនេះគឺជាមូលហេតុដែលពួកគេប្រាថ្នាចង់បានព្រះវិញ្ញាណបរិសុទ្ធ។
ក្នុងចំណោមគ្រីស្ទបរិស័ទនៅក្នុងពិភពលោកនេះ មានមនុស្សជាច្រើនដែលគិតថា ពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយ។ អ្នកខ្លះនិយាយថា ពួកគេបានជួបជាមួយព្រះយេស៊ូវនៅក្នុងសុបិន្ត ហើយអ្នកខ្លះទៀតអះអាងថា ពួកគេមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងខ្លួន ពួកគេធ្លាប់បានដេញអារក្ស។ ដូច្នេះហើយបានជាយើងមើលឃើញថា មានមនុស្សជាច្រើន ដែលមានជំនឿផ្អែកទៅលើបទពិសោធន៍ផ្ទាល់។ ប៉ុន្តែយើងកម្រនឹងឃើញមនុស្សបែបនេះពិតជាបានទទួលការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តាម រយៈជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណខ្លាំងណាស់។
មានពេលមួយ ខ្ញុំបានគិតថា វាចម្លែកណាស់ ដែលមិនមានសៀវភៅនៅក្នុងពិភពលោកនេះ ដែលនិយាយអំពីការទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈជំនឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។ មនុស្សជាច្រើននិយាយអំពីបទពិសោធន៍របស់ខ្លួនជាមួយព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែហេតុអ្វីមិនមានសៀវភៅ អំពីការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធដូច្នេះ? នៅពិភពលោកទាំងមូលនេះ យើងពិបាកនឹងស្វែងរកសៀវភៅបែបនេះណាស់។
អ្នកដែលជឿយ៉ាងខុសថា ពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ អះអាងថា ពួកគេបានទាំងជួបព្រះយេស៊ូវដោយផ្ទាល់ និងបានទៅដល់នគរស្ថានសួគ៌ និងស្ថាននរកទៀតផង។ ពួកគេជឿថា ព្រះបានមានបន្ទូលថា «អ្នកបានមកដល់មុនពេលកំណត់ហើយ។ ប៉ុន្តែអ្នកមានកិច្ចការជាច្រើនត្រូវធ្វើនៅក្នុងពិភពរបស់អ្នក។ ដូច្នេះ ចូរប្រញ៉ាប់ត្រឡប់ទៅពិភពរបស់អ្នកវិញចុះ»។ ទោះបីជាយ៉ាងណា តើព្រះយេស៊ូវដែលពួកគេបានជួប គឺជាព្រះយេស៊ូវពិតប្រាកដឬ? តើព្រះយេស៊ូវនឹងជួបជាមួយពួកគេ ខណៈដែលពួកគេកំពុងតែនៅមានបាបនៅក្នុងចិត្តឬ? ហើយតើព្រះយេស៊ូវគង់នៅក្នុងមនុស្សមានបាបឬ?
ពិតណាស់ថា គ្រីស្ទបរិស័ទភាគច្រើននៅសព្វថ្ងៃនេះ មិនមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ទោះបើពួកគេរក្សាជំនឿលើព្រះយេស៊ូវក៏ដោយ។ ដូច្នេះ យើងដែលជាអ្នកដែលមានព្រះវិញ្ញាណគង់ជាមួយ ត្រូវតែប្រកាសដំណឹងល្អ ដែលនឹងនាំអ្នកដទៃឲ្យទទួលបានអំណោយទាននេះដែរ។ គ្រប់គ្នាត្រូវការទទួលបានព្រះវិញ្ញាណបរិសុទ្ធ ហើយដើម្បីធ្វើដូច្នេះបាន ពួកគេត្រូវតែមានជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដោយគ្រាន់តែជឿតាមដំណឹងល្អប៉ុណ្ណោះ មនុស្សអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន។ តាមរយៈដំណឹងល្អអំពីសេចក្តីពិត ដែលយើងទាំងអស់គ្នាស្គាល់ និងជឿតាម យើងអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធជាអំណោយទានពីព្រះបាន។
យើងទាំងអស់គ្នា ត្រូវតែអរព្រះគុណ និងសរសើរតម្កើងដល់ព្រះអម្ចាស់សម្រាប់ការប្រទានដល់យើងនូវដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ខ្ញុំធ្លាប់មានអំណរនៃព្រះវិញ្ញាណបរិសុទ្ធ ខណៈដែលទ្រង់បានបណ្តាលឲ្យខ្ញុំនិពន្ធសៀវភៅនេះ។ នៅពេលសៀវភៅនេះត្រូវបានបោះពុម្ពផ្សាយ មនុស្សជាច្រើននឹងទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈជំនឿរបស់ពួកគេតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ សាវកពេត្រុសបាននិយាយទៅកាន់អ្នកជឿនៅក្រុងអេភេសូរថា «ចាប់តាំងពីអ្នករាល់គ្នាជឿមក តើបានទទួលព្រះវិញ្ញាណបរិសុទ្ធឬនៅ?» (កិច្ចការ ១៩:២)។
យើងទាំងអស់គ្នា ត្រូវតែទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ គ្រីស្ទបរិស័ទនៅទូទាំងពិភពលោកចាប់អារម្មណ៍យ៉ាងពិសេសលើការទទួលបានព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងសម័យនេះ។ ខ្ញុំកំពុងតែអធិប្បាយតាមរបៀបដែលស្របតាមព្រះគម្ពីរ ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមដែលទ្រង់ដឹកនាំខ្ញុំ។ ដើម្បីរស់នៅក្នុងជីវិតដែលស្កប់ស្កល់ចិត្ត អ្នកត្រូវតែជឿតាមសេចក្តីពិតអំពីការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺឱកាសចុងក្រោយរបស់អ្នកហើយ ក្នុងការទទួលបានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងទីជម្រៅចិត្តរបស់អ្នក។
ខ្ញុំ ត្រូវបានបណ្តាលឲ្យចែកចាយដំណឹងល្អ ដែលជួយមនុស្សគ្រប់គ្នាឲ្យទទួលបានព្រះវិញ្ញាណបរិសុទ្ធ ពីព្រោះព្រះយេស៊ូវគ្រីស្ទបានប្រទានដល់ខ្ញុំនូវដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ។ 
 
 
សាសន៍ដទៃក៏ត្រូវតែមានជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណផងដែរ
 
ព្រះគម្ពីរ និយាយអំពីរបៀបដែលពួកសិស្សរបស់ព្រះយេស៊ូវជួយអ្នកដទៃ ឲ្យទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណ បរិសុទ្ធ។ សូម្បីតែសាសន៍ដទៃក៏ត្រូវតែមានជំនឿដូចជាពួកសិស្សដែរ ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ លើសពីនេះ សាសន៍ដទៃត្រូវតែមានជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលពួកសិស្សមាន ដើម្បីចូលទៅក្នុងនគរព្រះ។ ដូច្នេះ យើងដែលជាសាសន៍ដទៃ ក៏ត្រូវតែជឿតាមដំណឹងល្អពិតផងដែរ ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ទ។ ព្រះបានបញ្ជូនសាវកពេត្រុសទៅឯលោកកូនេលាស ដែលជាសាសន៍ដទៃ ដើម្បីឲ្យគាត់ស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលមានភាពចាំបាច់សម្រាប់ការទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ 
អ្នកជឿសាសន៍យូដា បានភ្ញាក់ផ្អើលដែលបានឮថា ព្រះបានចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធទៅលើពួកសាសន៍ដទៃ។ នៅពេលសាវកពេត្រុសត្រឡប់មកព្រះវិហារក្រុងយេរូសាឡិមវិញ បន្ទាប់ពីបានអធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណហើយ ពួកអ្នកដែលបានកាត់ស្បែក បានរិះគន់គាត់។ «លោកបានចូលទៅឯពួកមនុស្សដែលមិនកាត់ស្បែក ក៏បានពិសាជាមួយនឹងគេផង» (កិច្ចការ ១១:៣)។ ប៉ុន្តែសាវកពេត្រុសបានពន្យល់គ្រប់យ៉ាងទៅកាន់ពួកគេ ចាប់ពីដំណើររឿងពីដំបូង។
ការពន្យល់របស់គាត់ មាននៅក្នុង កិច្ចការ ១១:៥-១៧។ «កំពុងដែលខ្ញុំអធិស្ឋាននៅក្រុងយ៉ុបប៉េ នោះខ្ញុំលង់ស្មារតីទៅ ឃើញការជាក់ស្តែង ជាប្រដាប់ដូចជាសំពត់កំរាលយ៉ាងធំ ចងទាំង៤ជ្រុង សំរូតចុះពីលើមេឃមកត្រឹមខ្ញុំ កាលខ្ញុំសំឡឹងគិតពិចារណាមើល នោះក៏ឃើញមានសត្វជើង៤ សត្វព្រៃ និងសត្វលូនវារដែលនៅលើដី ព្រមទាំងសត្វស្លាបនៅលើអាកាសផង រួចខ្ញុំឮសំឡេងមានព្រះបន្ទូលមកខ្ញុំថា ពេត្រុសអើយ ចូរក្រោកឡើងសំឡាប់ហើយបរិភោគទៅ តែខ្ញុំប្រកែកថា ទេ ព្រះអម្ចាស់ ព្រោះមិនដែលមានអ្វីដែលមិនស្អាត មិនបរិសុទ្ធ ចូលមកក្នុងមាត់ទូលបង្គំឡើយ ក៏មានឮសំឡេងពីលើមេឃនោះម្តងទៀតថា របស់អ្វីដែលព្រះបានសំអាតហើយ នោះកុំឲ្យអ្នកថាជាមិនស្អាតឡើយ ការនោះមានមកគ្រប់៣ដង រួចបានលើកទាំងអស់ទៅលើមេឃវិញ ទីបំផុតនោះ ស្រាប់តែមានមនុស្ស៣នាក់ដែលលោកនោះចាត់ពីសេសារាមករកខ្ញុំ គេឈរនៅមុខផ្ទះតែម្តង ហើយព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលប្រាប់ឲ្យខ្ញុំទៅជាមួយនឹងគេ ឥតប្រកាន់ឡើយ ក៏មានបងប្អូនទាំង៦នាក់នេះ បានទៅជាមួយនឹងខ្ញុំដែរ យើងរាល់គ្នាបានចូលទៅក្នុងផ្ទះរបស់លោក ហើយលោករ៉ាយរឿងប្រាប់យើង ពីដំណើរដែលឃើញទេវតាឈរក្នុងផ្ទះ ប្រាប់លោកថា ចូរចាត់គេឲ្យទៅឯយ៉ុបប៉េ ហៅស៊ីម៉ូន ដែលហៅថាពេត្រុស ឲ្យមក គាត់នឹងអធិប្បាយ ឲ្យលោកស្តាប់សេចក្តី ដែលនឹងជួយសង្គ្រោះដល់លោក ព្រមទាំងពួកគ្រួលោកទាំងអស់ផង កាលខ្ញុំចាប់តាំងនិយាយទៅនោះព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើគេ ដូចជាបានសណ្ឋិតលើយើងរាល់គ្នាកាលពីដើមដែរ នោះខ្ញុំបាននឹកឃើញពីសេចក្តី ដែលព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា [លោកយ៉ូហានបានធ្វើបុណ្យជ្រមុជដោយទឹក តែអ្នករាល់គ្នានឹងទទួលបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធវិញ] ដូច្នេះ បើសិនជាព្រះបានប្រទានអំណោយទានទៅគេ ដូចជាបានប្រទានមកយើងដែរ ដោយជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ចុះតើខ្ញុំជាអ្វីដែលអាចនឹងឃាត់ព្រះបាន។»
សាវកពេត្រុស បាននិយាយថា គាត់មិនគ្រាន់តែបានចូលទៅឯពួកមនុស្សមិនកាត់ស្បែក និងបរិភោគជាមួយពួកគេប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏បានប្រាប់ពួកគេអំពីដំណឹងល្អ តាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធផងដែរ។ នៅពេលពួកគេបានស្តាប់ឮការទាំងនេះ ពួកគេបាននៅស្ងៀមស្ងាត់ ហើយពួកគេបានថ្វាយសិរីល្អដល់ព្រះ ដែលបានប្រទានការប្រែចិត្ត និងជីវិតដល់ពួកគេទាំងអស់គ្នា ដែលមានកូនេលាស សាច់ញាតិ និងមិត្តភ័ក្តិជិតស្និទ្ធរបស់គាត់ផង។
 
 
ដំណឹងល្អរបស់ពួកសាវកសម្រាប់ការទទួលបានព្រះវិញ្ញាណបរិសុទ្ធ
 
តើបេសកកម្មសំខាន់បំផុត របស់ពួកសាវកគឺជាអ្វី?
ការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីឲ្យមនុស្ស ទទួលបានព្រះវិញ្ញាណបរិសុទ្ធ

តើពួកសាវកបានអធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែរឬទេ? ជាដំបូង យើងត្រូវតែបញ្ជាក់ថា សាវកពេត្រុសបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឬមិនជឿតាម។ នៅក្នុងព្រះគម្ពីរ សាវកពេត្រុសបាននិយាយថា «ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ» (១ពេត្រុស ៣:២១)។ សាវកពេត្រុសពិតជាបានជឿថា ព្រះយេស៊ូវបានសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីអំពើបាបរបស់ពួកគេ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាង។ ហើយគាត់ក៏បានជឿផងដែរថា នៅពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជ (ម៉ាថាយ ៣:១៥) អំពើបាបទាំងអស់ត្រូវបានផ្ទេរទៅលើទ្រង់ ហើយទ្រង់បានសុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីសង្រ្គោះយើងទាំងអស់គ្នា។
នៅសព្វថ្ងៃនេះ ក៏មានមនុស្សដែលមានជំនឿដូចជាសាវក ពេត្រុសដែរ។ អស់អ្នកដែលប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាអ្នកដែលប្រកាសដំណឹងល្អតែមួយ ដែលសាវក ពេត្រុសបានប្រកាសដែរ។ សេចក្តីពិតនេះគឺគ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យអ្នកស្តាប់ទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណ បរិសុទ្ធហើយ។
ដូចដែលមនុស្សជាច្រើនបានទទួលព្រះវិញ្ញាណបរិសុទ្ធ នៅពេលសាវកពេត្រុសប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងក៏មើលឃើញផងដែរថា មនុស្សជឿតាមដំណឹងល្អ ហើយទទួលបានព្រះវិញ្ញាណបរិសុទ្ធ នៅពេលយើងប្រកាសសេចក្តីពិតដូចគ្នា។ មនុស្សម្នាក់មិនទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដោយគ្រាន់តែជឿ និងទទួលយកព្រះយេស៊ូវជាព្រះអម្ចាស់របស់ខ្លួនប៉ុណ្ណោះឡើយ ប៉ុន្តែដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ។
កាលពីមុន សាវកពេត្រុសបានចាត់ទុកសាសន៍ដទៃដូចជាសត្វល្អិត ដែលវៀរនៅលើដី។ យោងតាមក្រិត្យវិន័យ ពួកគេដូចជាសត្វមិនស្អាត នៅមុនពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជ សុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ពីសុគតឡើងវិញ។ ប៉ុន្តែសូម្បីតែសាសន៍ដទៃ ក៏អាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ សម្លេងមួយបាននិយាយទៅកាន់សាវកពេត្រុសថា «របស់អ្វីដែលព្រះបានសំអាតហើយ នោះកុំឲ្យអ្នករាប់ថាជាមិនស្អាតឡើយ» (កិច្ចការ ១០:១៥)។
យើងដែលជាសាសន៍ដទៃ មិនអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធឡើយ ប៉ុន្តែយើងអាចមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធបាន ដោយការមានជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នៅពេលយើងប្រកាសដំណឹងល្អដោយអត់ធ្មត់ ទៅកាន់មនុស្សដែលមានគំនិតពេញ ជារឿយៗ យើងមើលឃើញពួកគេមានជំនឿតាមដំណឹងល្អ ហើយជាចុងក្រោយ ពួកគេទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ យើងក៏អាចមើលឃើញពួកគេប្រកាសថា ពួកគេមិនមានបាបនៅក្នុងចិត្តរបស់ពួកគេទៀតឡើយ បន្ទាប់ពីបានជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ មានតែធ្វើដូច្នេះទេ ទើបព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងពួកគេ។
គោលបំណងរបស់យើងក្នុងការប្រកាសដំណឹងល្អនេះ គឺមិនគ្រាន់តែដើម្បីធ្វើឲ្យពួកគេយល់ទេ ប៉ុន្តែក៏ដើម្បីដឹកនាំពួកគេឲ្យទទួលបានព្រះវិញ្ញាណបរិសុទ្ធផងដែរ។ ការពិតថា អស់ដែលជឿតាមដំណឹងល្អ ដែលយើងប្រកាស ទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន គឺជាភាពចាំបាច់ខ្លាំងណាស់។ ហើយការពិតថា ពួកគេទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងពេលតែមួយ ក៏កាន់តែសំខាន់ទៅទៀត។ យើងមិនគ្រាន់តែប្រកាសដំណឹងល្អ ទៅកាន់មនុស្សនៅក្នុងលោកិយនេះប៉ុណ្ណោះទេ ប៉ុន្តែក៏បន្តដឹកនាំពួកគេឲ្យទទួលបានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងពេលតែមួយផងដែរ។
យើង ត្រូវតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅក្នុងបរិបទនេះ ទៅកាន់មនុស្សដែលត្រូវការវា។ បើសិនយើងឈប់ បន្ទាប់ពីគ្រាន់តែប្រកាសដំណឹងល្អប៉ុណ្ណោះ នោះអត្ថន័យទាំងមូលនៃការងាររបស់យើងនឹងបាត់បង់ហើយ។ ដូច្នេះ យើងត្រូវតែបានដឹងថា ដំណឹងល្អនេះនាំមនុស្សឲ្យទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលប្រកាសដំណឹងល្អ យើងត្រូវចងចាំថា អណ្តាតភ្លើងនៃព្រះវិញ្ញាណនឹងរីករាលដាលដូចជាភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅពេសពេញលោកិយនេះ។
នៅពេលគ្រូផ្សាយដំណឹងល្អម្នាក់ជឿថា ដំណឹងល្អនេះអាចដឹកនាំមនុស្សនៅក្នុងលោកិយនេះ ឲ្យទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន នោះគាត់នឹងបានដឹងយ៉ាងច្បាស់ថា ព័ន្ធកិច្ចរបស់គាត់គឺមិនគ្រាន់តែបញ្ចុះបញ្ចូលមនុស្ស ឲ្យជឿលើព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយពួកគេឲ្យទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធផងដែរ។ ដូច្នេះ វាសំខាន់ណាស់សម្រាប់យើងក្នុងការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅពេលនេះ។ 
ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ មនុស្សគ្រានតែត្រូវស្តាប់នឹងត្រចៀក ហើយជឿដោយចិត្តតាមដំណឹងល្អ ដែលយើង ប្រកាសប៉ុណ្ណោះ។ ច្បាស់លាស់ណាស់ថា ដំណឹងល្អដែលយើងកំពុងតែប្រកាសនេះ មានឥទ្ធិពលដ៏អស្ចារ្យលើជីវិតរបស់មនុស្ស។ ហើយអំណាចនៃដំណឹងល្អគឺជាអំណាច និងព្រះពរ ដែលព្រះបានប្រទានឲ្យយើង។
សាវកពេត្រុស គឺជាគ្រូអធិប្បាយសម្រាប់សាសន៍យូដា ខណៈដែលសាវកប៉ុលគឺជាគ្រូអធិប្បាយសម្រាប់សាសន៍ដទៃ។ ខណៈដែលសាវកពេត្រុសកំពុងតែអធិស្ឋាននៅលើដំបូលផ្ទះ គាត់បានឃើញ មានប្រដាប់ ដូចជាសំពត់កំរាលយ៉ាងធំ បានចុះមក ចងទាំង៤ជ្រុង សំរូតមកដល់ដី។ ហើយនៅក្នុងសំពត់នោះមានសត្វមិនស្អាតគ្រប់ប្រភេទ ដែលព្រះគម្ពីរបានហាមមិនឲ្យបរិភោគ។
សាវកពេត្រុស មិនដែលបរិភោគអ្វីដែលមិនស្អាតឡើយ។ ប៉ុន្តែព្រះបានបង្គាប់គាត់ឲ្យសម្លាប់ និងបរិភោគសត្វទាំងនោះ។ សាវកពេត្រុសបានបដិសេធថា «ទេ ព្រះអម្ចាស់ ដ្បិតទូលបង្គំមិនដែលទទួលទានអ្វី ដែលមិនស្អាតមិនបរិសុទ្ធនោះសោះ!»។ ហើយសម្លេងមួយបាននិយាយមកកាន់គាត់ថា «របស់អ្វីដែលព្រះបានសំអាតហើយ នោះកុំឲ្យអ្នករាប់ថាជាមិនស្អាតឡើយ»។ តើនេះមានន័យយ៉ាងដូចម្តេច? ព្រះកំពុងតែមានបន្ទូលថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់លោកកិយនេះរួចអស់ហើយ រួមទាំងអំពើបាបរបស់សាសន៍ដទៃផង នៅពេលទ្រង់ទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាង។ 
អត្ថន័យខាងវិញ្ញាណនៃការបង្គាប់របស់ព្រះ ឲ្យគាត់សម្លាប់ និងបរិភោគសត្វមិនស្អាត គឺដើម្បីបង្រៀនគាត់ថា សូម្បីតែសាសន៍ដទៃក៏អាចធ្វើជាកូនរបស់ព្រះបានដែរ ដោយការជឿថា ព្រះយេស៊ូវត្រូវបានបញ្ជូនមកក្នុងលោកិយនេះ ដើម្បីទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ ហើយសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបទាំងនោះ។ 
ទោះបីជាសាវកពេត្រុសបានទទួលព្រះវិញ្ញាណហើយក៏ដោយ ក៏គាត់នៅតែដើរតាមក្រិត្យវិន័យដដែល ដោយមិនមើលពួកគេតាមភ្នែកខាងវិញ្ញាណនៃជំនឿទេ។ ប៉ុន្តែសាវកពេត្រុសបានលន់តួ ហើយជឿថា ព្រះបានលាងសម្អាតអំពើបាបរបស់សាសន៍ដទៃរួចអស់ទៅហើយ។ បន្ទាប់មក គាត់បានដឹងអំពីអត្ថន័យនៃដំណឹងល្អពិតកាន់តែស៊ីជម្រៅទៀត។ ហើយគាត់បានមើលឃើញព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើពួកអ្នកស្តាប់របស់គាត់ នៅពេលគាត់អធិប្បាយព្រះបន្ទូលព្រះ។
តើយើងអាចដឹងថា គ្រូអធិប្បាយសព្វថ្ងៃនេះបានទទួលព្រះវិញ្ញាណបរិសុទ្ធ ឬមិនទាន់បានទទួលយ៉ាងដូចម្តេច? វាអាស្រ័យថា ពួកគេទទួលយកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឬមិនទទួល យក។ មនុស្សជឿតាមដំណឹងល្អ នៅពេលណាគ្រូអធិប្បាយដែលប្រកាសព្រះបន្ទូលព្រះ បានទទួលការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធហើយ។ ព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងចិត្តរបស់គ្រូអធិប្បាយ ក៏យាងទៅគង់នៅចិត្តរបស់អ្នកជឿផងដែរ។ គ្រូអធិប្បាយ និងអ្នកស្តាប់នឹងមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ដូចជាមិត្តភ័ក្តិពីកុមារភាពអញ្ចឹង។ ពួកគេនឹងមើលឃើញ សេចក្តីស្រឡាញ់របស់ព្រះនៅក្នុងខ្លួនគ្នាទៅវិញទៅមក។ ហើយគ្រូអធិប្បាយនឹងមើលឃើញថា អ្នកស្តាប់បានធ្វើជារាស្ត្ររបស់ព្រះ ដោយការទទួលយកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
នៅពេលយើងអធិប្បាយដំណឹងល្អ យើងអាចមើលឃើញព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើអ្នកជឿ នៅពេលពួកគេជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណមិនមែនជាគោលលទ្ធិបែបទ្រឹស្តីរបស់និកាយណាមួយទេ។ ដូច្នេះហើយបានជានៅពេលយើងប្រកាសដំណឹងល្អនេះ ទៅកាន់អ្នកដទៃ ពួកគេមានជំនឿ ទទួលបានព្រះវិញ្ញាណបរិសុទ្ធ និងបានធ្វើជាកូនរបស់ព្រះ។ នេះគឺជាព្រះពរដ៏អស្ចារ្យណាស់! នេះគឺជាដំណឹងល្អដ៏អស្ចារ្យណាស់! ហើយព្រះរាជកិច្ចរបស់ទ្រង់គឺ អស្ចារ្យណាស់! អ្នកដែលប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ជួយស្អាងនគរព្រះឡើង។ យើងគ្រាន់តែប្រកាសប៉ុណ្ណោះ ប៉ុន្តែពួកគេទទួលបានព្រះវិញ្ញាណបរិសុទ្ធ។
មនុស្សមួយចំនួន គិតថា ការជឿលើព្រះយេស៊ូវគឺជារឿងមួយ ហើយការទទួលបានព្រះវិញ្ញាណបរិសុទ្ធគឺជារឿងមួយផ្សេងទៀត។ ដូច្នេះហើយបានជាគ្រីស្ទបរិស័ទ នៅតែអធិស្ឋានសុំព្រះវិញ្ញាណ បរិសុទ្ធ។ ទោះបីជាយ៉ាងណា ព្រះគម្ពីរនិយាយថា ព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើអស់អ្នកដែលស្តាប់ និងជឿតាមដំណឹងល្អ ដែលអ្នកបម្រើរបស់ទ្រង់ប្រកាស។ មនុស្សនៅក្នុងពិភពលោកទាំងមូលប្រាថ្នាចង់បានព្រះវិញ្ញាណបរិសុទ្ធយ៉ាងខ្លាំង។ ឯដំណឹងល្អដែលយើងប្រកាស ដឹកនាំពួកគេឲ្យបំពេញតាមបំណងប្រាថ្នារបស់ខ្លួន។ នេះគឺជាមូលហេតុដែលយើងមានទំនួលខុសត្រូវក្នុងការប្រកាសដំណឹងល្អទៅកាន់លោកិយទាំងមូល។ យើងគឺជាកូនរបស់ព្រះវរបិតា និងជាអ្នកស្នងមរដករបស់ទ្រង់ ដែលស្មោះត្រង់ចំពោះមហាបេសកកម្មរបស់ទ្រង់នេះ។
យើង ត្រូវតែប្រកាសដំណឹងល្អ ដោយជំនឿ ខណៈដែលចងចាំថា បេសកកម្មរបស់យើង គឺត្រូវជួយឲ្យមនុស្សទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ គ្រូអធិប្បាយត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មុនពេលខ្លួនអធិប្បាយដំណឹងល្អនេះទៅកាន់អ្នក ដទៃ។ បន្ទាប់មក អ្នកស្តាប់នឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈជំនឿរបស់ពួកគេតាមដំណឹងល្អ។ តាមរបៀបនេះ យើងអាចផ្លុំជីវិតអស់កល្បជានិច្ច ចូលទៅក្នុងអស់អ្នកដែលជឿតាមដំណឹងល្អបាន។ គោលដៅរបស់យើង គឺត្រូវជួយឲ្យពួកគេបានសង្រ្គោះចេញពីអំណាចនៃសេចក្តីងងឹត និងបានចូលទៅក្នុងនគរព្រះ។ គ្រូអធិប្បាយផ្ទេរមនុស្សមានបាប ដែលស្ថិតនៅក្រោមអំណាចនៃ សេចក្តីងងឹត ចូលទៅក្នុងនគររបស់ព្រះរាជបុត្រានៃព្រះវិញ។ វាគឺជាការងារយ៉ាងសំខាន់ ក្នុងការបំផ្លាស់បំប្រែមនុស្សមានបាបឲ្យក្លាយទៅជាកូនរបស់ព្រះវិញ។ 
មនុស្សជាច្រើន មិនស្គាល់ពីគន្លឹះទៅកាន់ការទទួលបានព្រះវិញ្ញាណបរិសុទ្ធទេ ហើយព្យាយាមទទួលបានទ្រង់ តាមរយៈការប្រព្រឹត្តរបស់ខ្លូនវិញ។ ទោះបីជាយ៉ាងណា ការនេះនឹងបានជាឥតប្រយោជន៍ទទេ។ យើងត្រូវការតែជំនឿតាមដំណឹងល្អតែមួយទេ ពីព្រោះជំនឿបែបនេះរំដោះមនុស្សចេញពីអំពើបាបទាំងអស់។
តើអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា? តាម រយៈការអធិស្ឋានឬ? ឬតាមរយៈការដាក់ដៃលើ? ទេ ទាំងនេះមិនមែនជារបៀបទទួលបានទ្រង់ឡើយ។ យើងអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន លុះត្រាតែយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយយើងត្រូវតែអធិស្ឋាន និងប្រកាសដំណឹងល្អនេះ ដើម្បីឲ្យមនុស្សទាំងអស់នៅក្នុងលោកិយនេះអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ 
ពាក្យថា «សាវក» មានន័យថា «អ្នកដែលព្រះបញ្ជូន»។ តើសាវកធ្វើអ្វី? ពួកគេប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីឲ្យមនុស្សអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ តើអ្នកចង់ទទួលការងារនេះជាមួយពួកយើងដែរឬទេ? យើងទាំងអស់គ្នាត្រូវតែមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ និងប្រកាសវាទៅកាន់មនុស្សទាំងអស់។ ហាលេលូយ៉ា! សូមសរសើរតម្កើងដល់ សេចក្តីពិតអំពីអំណឹងល្អ ដែលព្រះអម្ចាស់បានប្រទានដល់យើង ដើម្បីឲ្យយើងទទួលបានព្រះវិញ្ញាណបរិសុទ្ធ!