Search

শিক্ষা

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 8-4] គំនិតខាងសាច់ឈាមគឺជាសេចក្តីស្លាប់ ប៉ុន្តែគំនិតខាងវិញ្ញាណគឺជាជីវិត និង (រ៉ូម ៨:៤-១១)

(រ៉ូម ៨:៤-១១)
«ដើម្បីឲ្យសេចក្តីក្រឹត្យវិន័យបង្គាប់មក បានសំរេចក្នុងខ្លួនយើងរាល់គ្នា ដែលមិនដើរតាមសាច់ឈាម គឺដើរតាមព្រះវិញ្ញាណវិញ ពីព្រោះអស់អ្នកណាដែលតាមសាច់ឈាម នោះគិតតែខាងសាច់ឈាម តែអស់អ្នកណាដែលគិតតាមព្រះវិញ្ញាណ នោះគិតតែខាងវិញ្ញាណវិញ ដ្បិតគំនិតខាងសាច់ឈាម នោះជាសេចក្តីស្លាប់ទទេ ឯគំនិតនៃព្រះវិញ្ញាណ នោះទើបជាជីវិត និងសេចក្តីសុខសាន្តវិញ ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង ពួកអ្នកដែលនៅខាងសាច់ឈាម នោះពុំអាចនឹងគាប់ព្រះហឫទ័យដល់ព្រះបានឡើយ តែបើសិនជាព្រះវិញ្ញាណនៃព្រះសណ្ឋិតក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងវិញ្ញាណវិញ ប៉ុន្តែ បើអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ផងទ្រង់ទេ ហើយបើសិនជាព្រះគ្រីស្ទសណ្ឋិតក្នុងអ្នករាល់គ្នា នោះរូបសាច់បានស្លាប់ ដោយព្រោះអំពើបាបមែន តែវិញ្ញាណមានជីវិតវិញ ដោយព្រោះសេចក្តីសុចរិត មួយទៀត បើព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះព្រះអង្គនោះឯង ដែលបានប្រោសឲ្យព្រះគ្រីស្ទរស់ពីស្លាប់ឡើង ទ្រង់នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ ឲ្យមានជីវិតឡើងដែរ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតនៅក្នុងខ្លួនអ្នករាល់គ្នា។»
 
 
បេសកកម្មនៅបរទេស មានប្រសិទ្ធភាព នៅពេលត្រូវបានអនុវត្ត តាមរយៈអក្សរសាស្ត្រ ដែលជាអ្វីដែលយើងកំពុងតែធ្វើនៅសព្វថ្ងៃនេះ។ យើងទទួលបានព្រះពរ នៅពេលយើងអានព្រះបន្ទូល ហើយសេចក្តីជំនឿរបស់យើងរីកចម្រើន នៅពេលយើងជឿតាមព្រះបន្ទូលទ្រង់។
មនុស្សបានរងទុក្ខ អស់រយៈប្រាំទសវត្សមកហើយ ដោយត្រូវបានបោកបញ្ឆោត ដោយគោលលទ្ធិខុសឆ្គងផ្សេងៗដូចជា គោលលទ្ធិនៃការញែកជាបរិសុទ្ធបន្តិចម្តងៗ គោលលទ្ធិនៃការរាប់ជាសុចរិត និងគោលលទ្ធិដទៃទៀតដែលអះអាងថា មនុស្សអាចទទួលបានសេចក្តីប្រោសលោះ តាមរយៈការអធិស្ឋានលន់តួ។
រ៉ូម ៨:៣ ប្រាប់យើងថា ព្រះបានធ្វើអ្វីដែលក្រិត្យវិន័យ និងសាច់ឈាមដែលខ្សោយ មិនអាចធ្វើបាន។ ព្រះបានបញ្ជូនព្រះរាជបុត្រាទ្រង់មកនៅក្នុងនិស្ស័យសាច់ឈាម និងបានកាត់ទោសបាបនៅក្នុងសាច់ឈាមរបស់ទ្រង់ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់។
នៅថ្ងៃនេះ យើងពិនិត្យមើលសេចក្តីពិតរបស់ព្រះនៅក្នុង រ៉ូម ៨:៤-១១។ រ៉ូម ៨:៣-៤ និយាយថា «ពីព្រោះ ឯការដែលក្រឹត្យវិន័យធ្វើមិនកើតដោយមានសេចក្តីកំសោយព្រោះសាច់ឈាម នោះព្រះទ្រង់បានធ្វើវិញ ដោយចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក មានរូបអង្គបែបដូចជាសាច់ឈាម ដែលតែងតែមានបាប ហើយដោយព្រោះអំពើបាប ក៏កាត់ទោសអំពើបាបនៅក្នុងសាច់ឈាម ដើម្បីឲ្យសេចក្តីក្រឹត្យវិន័យបង្គាប់មក បានសំរេចក្នុងខ្លួនយើងរាល់គ្នា ដែលមិនដើរតាមសាច់ឈាម គឺដើរតាមព្រះវិញ្ញាណវិញ»។ តើបទគម្ពីរនេះមានន័យយ៉ាងដូចម្តេច?
 
 
តើការមិនរស់នៅតាមសាច់ឈាម មានន័យយ៉ាងដូចម្តេច?
 
នេះមានន័យថា មិនស្វែងរកផលប្រយោជន៍ពីសាច់ឈាម គឺត្រូវបែងចែកឲ្យដាច់ពីគ្នា រវាងបំណងរបស់ព្រះវិញ្ញាណ និងសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម ហើយនៅឲ្យឆ្ងាយពីអ្នកដែលមិនស្តាប់តាមព្រះបន្ទូលព្រះ។ ខ.៥និយាយថា «ពីព្រោះអស់អ្នកណាដែលតាមសាច់ឈាម នោះគិតតែខាងសាច់ឈាម តែអស់អ្នកណាដែលគិតតាមព្រះវិញ្ញាណ នោះគិតតែខាងវិញ្ញាណវិញ»។ តើ «គិតតែខាងសាច់ឈាម» មានន័យយ៉ាងដូចម្តេច? វាមានន័យថា មានអ្នកដែលចូលរួមនៅក្នុងពួកជំនុំ ប៉ុន្តែដេញតាមសេចក្តីប៉ងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេ។
និយាយឲ្យងាយយល់គឺថា គ្រីស្ទបរិស័ទមិនគួរទៅពួកជំនុំនៅក្នុងគោលបំណងស្វែងរកកម្រៃអាជីវកម្មទេ ពីព្រោះនេះគឺជាការរស់នៅតាមសាច់ឈាម។ ពួកគេទៅពួកជំនុំផ្សេងៗ ដែលមានសមាជិកច្រើន ដើម្បីណែនាំ និងផ្សព្វផ្សាយពីអាជីវកម្មរបស់ពួកគេ ដោយសង្ឃឹមថា ពួកគេនឹងទទួលបានអតិថិជនច្រើន។ ដូច្នេះ ពួកគេចូលរួមនៅក្នុងពួកជំនុំ និងជឿព្រះយេស៊ូវ សម្រាប់ផលប្រយោជន៍នៃសាច់ឈាមរបស់ពួកគេ។ 
មានអ្នកផ្សេងទៀត ដែលបង្រៀនគោលលទ្ធិរបស់និកាយនៅក្នុងសហគមន៍គ្រីស្ទបរិស័ទ និងអ្នកដែលបង្រៀនអ្នកដើរតាមរបស់ខ្លួនឲ្យដេញតាមទ្រព្យសម្បត្តិ។ ពួកគេគឺជាអ្នកដែលរស់នៅតាមសាច់ឈាម និងគិតតែខាងសាច់ឈាម។
នៅក្នុងសហគមន៍គ្រីស្ទបរិស័ទរបស់យើង យើងអាចងាយនឹងជួបគោលលទ្ធិនិកាយណាស់។ តើអ្នកនិកាយនិយមទាំងនេះគឺជាអ្នកណា? ពួកគេគឺជាអ្នកដែលបញ្ឆោតខ្លួនឯង ដោយសេចក្តីជំនឿខុសឆ្គងរបស់ពួកគេលើឧត្តមភាពនៃនិកាយរបស់ពួកគេ។ ពួកគេនិយាយថា និកាយរបស់ពួកគេត្រូវបានបង្កើតឡើង ដោយទេវវិទូនេះ ឬទេវវិទូនោះ ធំល្បីល្បាញនៅទូទាំងពិភពលោក និងមានប្រពៃណីខ្លាំងមួយនេះ...។ ការអួតទាំងនេះបង្កើតជាសេចក្តីឥតប្រយោជន៍របស់ពួកគេ និងសេចក្តីជំនឿរបស់ពួកគេ។ ហើយក៏មានមនុស្សជាច្រើននៅក្នុងលោកិយនេះ ដែលមានសេចក្តីជំនឿបែបនេះផងដែរ។
ពួកនិកាយនិយមជឿព្រះយេស៊ូវ សម្រាប់ផលប្រយោជន៍ខាងសាច់ឈាមរបស់ពួកគេ។ អ្នកដែលរស់នៅតាមសាច់ឈាម នៅតែអួតពីពួកជំនុំរបស់ខ្លួន និងពីព្រះពរខាងទ្រព្យសម្បត្តិ តាមរយៈការចូលរួមក្នុងព្រះវិហារធំៗរបស់ពួកគេ។ ពួកជំនុំមួយចំនួនមានគោលដៅសហគមន៍រួមគ្នាថា «ស្រឡាញ់ភរិយារបស់អ្នក»។ ប៉ុន្តែនេះគឺជាអ្វីដែល «អ្នកដែលរស់នៅតាមសាច់ឈាម» ចង់មានន័យ។ តើពួកជំនុំគួរតែដាក់គោលដៅលើការស្រឡាញ់ភរិយារបស់ខ្លួនឬ? ពួកគេមិនគួរធ្វើដូច្នេះទេ។ ដូច្នេះ តើខ្ញុំកំពុងតែនិយាយថា យើងមិនគួរស្រឡាញ់ភរិយារបស់យើងឬ? ពិតជាមិនដូច្នោះទេ! ប៉ុន្តែទោះបីជាគោលដៅបែបនេះមើលទៅដូចជាល្អ និងទាក់ទាញក៏ដោយ ក៏វាមិនអាចជាគោលបំណងគ្រឹះនៃពួកជំនុំរបស់យើងដែរ។
អ្នកដែលរស់នៅតាមសាច់ឈាម គិតតែពីការងារខាងសាច់ឈាម។ នៅសព្វថ្ងៃនេះ អ្នកបម្រើព្រះជាច្រើនបានផ្តោតតែលើការពង្រីកទំហំនៃសមាជិកពួកជំនុំ តង្វាយ និងអាគារព្រះវិហាររបស់ខ្លួនប៉ុណ្ណោះ ហើយនេះបានក្លាយជាគោលបំណងចម្បងនៃសេចក្តីជំនឿរបស់ពួកគេហើយ។ ការសាងសង់អាគារព្រះវិហារកាន់តែធំ និងខ្ពស់ បានក្លាយជាគោលដៅធំបំផុតរបស់ពួកគេហើយ។ ទោះបីជាពួកគេប្រកាសថា ការជួបជុំនៃមនុស្សជាច្រើន គឺដើម្បីដឹកនាំពួកគេទៅស្ថានសួគ៌ក៏ដោយ ក៏គោលដៅធំបំផុតរបស់ពួកគេ គឺដើម្បីអង្គាសប្រាក់ឲ្យបានកាន់តែច្រើន ដើម្បីសាងសង់អាគារព្រះវិហារកាន់តែធំជាងដែរ។
ដើម្បីធ្វើឲ្យពួកជំនុំរបស់ពួកគេដើរតាមសាច់ឈាម ពួកគេត្រូវតែប្រែក្លាយអ្នកដើរតាមរបស់ពួកគេទៅជាអ្នកមានជំនឿស៊ប់បែបសាសនា។ គ្រូគង្វាលមួយចំនួនបានសាងសង់ភាពជោគជ័យរបស់ពួកគេ នៅលើ សមត្ថភាពរបស់ពួកគេ ដើម្បីប្រែក្លាយជាក្រុមជំនុំរបស់ពួកគេទៅជាអ្នកមានជំនឿស៊ប់ ភាន់ច្រឡំ វង្វេង និងខូចសតិ។ 
 
 
អ្នកដែលរស់នៅតាមព្រះវិញ្ញាណ
 
ទោះបីយ៉ាងណា នៅក្នុងចំណោមគ្រីស្ទបរិស័ទ មានអ្នកដែលពិតជារស់នៅតាមព្រះវិញ្ញាណមែន។ ពួកគេរស់នៅតាមព្រះបន្ទូលព្រះ ជឿតាមអ្វីដែលត្រូវបានសរសេរនៅក្នុងព្រះគម្ពីរ បដិសេធគំនិតផ្ទាល់ខ្លួន ធ្វើអ្វីដែលព្រះសព្វព្រះទ័យ និងប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
ព្រះគម្ពីរនិយាយថា អ្នកដែលរស់នៅតាមព្រះវិញ្ញាណ គិតតែកិច្ចការរបស់ព្រះវិញ្ញាណប៉ុណ្ណោះ។ បើសិនយើងបានទទួលការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះហើយ យើងមិនគួររស់នៅ ដោយឥតគំនិតទេ ប៉ុន្តែរស់នៅ ដោយពិចារណាការងារបស់ព្រះវិញ្ញាណវិញ។ អ្នកដែលរស់នៅតាមព្រះវិញ្ញាណ គិតខាងវិញ្ញាណ និងប្រុងប្រៀបធ្វើការងារបស់ព្រះវិញ្ញាណ ដោយសេចក្តីជំនឿ។ មានអំណរហើយ អ្នកដែលដេញតាមការងារបស់ព្រះវិញ្ញាណ។ ពួកគេផ្គាប់ព្រះហឫទ័យព្រះ សង្រ្គោះអ្នកដទៃចេញពីអំពើបាបរបស់លោកិយនេះ និងរស់នៅ ដោយអាងសេចក្តីជំនឿ។ យើងបានទទួលការអត់ទោសម្រាប់អំពើបាបរបស់យើងហើយ ហើយយើងត្រូវតែគិតតែពីការងាររបស់ព្រះវិញ្ញាណ និងរស់នៅតាមទ្រង់។
គោលដៅនៅក្នុងជីវិតរបស់យើង គឺដើម្បីបំពេញសម្រេចការងាររបស់ព្រះវិញ្ញាណ ដែលត្រូវប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ យើងគួរតែគិតពីការងាររបស់ព្រះវិញ្ញាណវិញ។ ដូច្នេះ តើអ្នកបានគិតពីការងាររបស់ព្រះវិញ្ញាណច្រើនប៉ុណ្ណា? យើងកំពុងតែធ្វើសង្រ្គាមខាងវិញ្ញាណ ហើយយើងត្រូវតែអនុវត្តការងាររបស់ព្រះវិញ្ញាណ ដោយការជឿលើសេចក្តីសុចរិតររបស់ព្រះ និងការប្រកាសពីវា។ យើងត្រូវតែគិតពីអ្វីដែលផ្គាប់ព្រះហឫទ័យព្រះ ហើយធ្វើការងាររបស់ព្រះវិញ្ញាណ ដោយ ផ្តោតការគិតរបស់យើងលើការងាររបស់ព្រះ ទោះបើយើងនៅតែខ្សោយ និងពេញដោយកំហុសក៏ដោយ។ កាលណាការងារមួយបានសម្រេច យើងត្រូវតែខិតខំធ្វើការងារបន្ថែមទៀត ដែលនឹងផ្គាប់ព្រះហឫទ័យព្រះ។
ឥឡូវនេះ យើងកំពុងតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់ពិភពលោកទាំងមូល តាមរយៈព័ន្ធកិច្ចអក្សរសាស្ត្រ។ ជារៀងរាល់ថ្ងៃ មនុស្សប្រហែល២០០ទៅ៣០០នាក់ទទួលបានសៀវភៅគ្រីស្ទបរិស័ទដែលឥតគិតថ្លៃរបស់យើង តាមរយៈការចូលទៅគេហទំព័ររបស់យើង។ តាមរយៈការខិតខំដោយសេចក្តីជំនឿ សម្រាប់ការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់មនុស្សគ្រប់រូបនៅក្នុងគ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោកនេះ យើងកំពុងតែបម្រើដំណឹងល្អជាមួយអ្នកនៅក្នុងពួកជំនុំរបស់ទ្រង់។ បើសិនយើងមិនផ្តោតការគិតរបស់យើងលើការងាររបស់ព្រះវិញ្ញាណទេ ព្រះក៏មិនបានប្រទានផលផ្លែនៃព្រះវិញ្ញាណទាំងនេះដល់យើងដែរ។ យើងគួរតែអនុវត្តការងាររបស់ទ្រង់ម្តងមួយៗ ដោយគំនិតគិតពីការងាររបស់ព្រះវិញ្ញាណ។ បន្ទាប់មក យើងនឹងផ្គាប់ព្រះហឫទ័យកូនកម្លោះខាងវិញ្ញាណរបស់យើង ដែលជាព្រះយេស៊ូវគ្រីស្ទ ដូចជាភរិយាប្រកបដោយគុណធម៌នៅក្នុង សុភាសិត ៣១ ដែរ។
ខ.៨ និយាយថា «ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង»។ នេះសំដៅទៅលើអ្នកដែលមិនទទួលបានសេចក្តីអត់ទោសសម្រាប់អំពើបាប។ «ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង ពួកអ្នកដែលនៅខាងសាច់ឈាម នោះពុំអាចនឹងគាប់ព្រះហឫទ័យដល់ព្រះបានឡើយ» (រ៉ូម ៨:៧-៨)។ ដូច្នេះ មនុស្សមានបាប ដែលមិនមានព្រះវិញ្ញាណនៅក្នុងខ្លួន មិនអាចធ្វើការងាររបស់ព្រះ ឬផ្គាប់ព្រះហឫទ័យទ្រង់បានឡើយ។
ព្រះមិនសព្វព្រះហឫទ័យចំពោះការសរសើរតម្កើងរបស់មនុស្សមានបាបឡើយ។ ទោះបីជាមនុស្សមានបាបលើកដៃសរសើរតម្កើងទ្រង់ និងសម្រក់ទឹកភ្នែកនៅពេលថ្វាយបង្គំខ្លាំងយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចធ្វើឲ្យទ្រង់សព្វព្រះទ័យបានដែរ។ គ្រីស្ទបរិស័ទដែលមានបាប ព្យាយាមផ្គាប់ព្រះទ័យព្រះ ដោយការបញ្ចេញអារម្មណ៍របស់ពួកគេ ប៉ុន្តែពួកគេមិនអាចធ្វើឲ្យព្រះសព្វព្រះហឫទ័យបានឡើយ។ អ្នកដែលមានបាប មិនអាចផ្គាប់ព្រះទ័យព្រះបានឡើយ ពីព្រោះពួកគេគឺជាមនុស្សមានបាប ទោះបើពួកគេមានបំណងចិត្ត និងព្យាយាមខ្លាំងយ៉ាងណាក៏ដោយ។
តើព្រះសព្វព្រះទ័យទេ បើសិនមនុស្សសងសង់អាគារព្រះវិហារធំៗ? ទ្រង់មិនសព្វព្រះទ័យទេ។ បើសិនយើងត្រូវរើទៅអាគារព្រះវិហារធំជាង យើងគួរតែសាងសង់អាគារព្រះវិហារធំជាង។ ប៉ុន្តែការសាងសង់អាគារព្រះវិហារធំៗសម្រាប់តែអាគារព្រះវិហារធំ មិនអាចផ្គាប់ព្រះហឫទ័យព្រះបានសោះឡើយ។
ជាក់ស្តែង ពួកជំនុំមួយនៅទីក្រុងរបស់ខ្ញុំ ទើបតែបានចំណាយប្រាក់រហូតដល់បីលានដុល្លារ ដើម្បីសាងសង់អាគារព្រះវិហារថ្មីមួយ ទោះបើអាគារព្រះវិហារចាស់នៅក្បែរនោះ នៅតែមានទ្រង់ទ្រាយល្អសម្រាប់ប្រើប្រាស់ក៏ដោយ។ នៅពេលក្រុមជំនុំមានត្រឹមតែ២០០ ទៅ៣០០នាក់ តើយើងពិតជាចាំបាច់សាងសង់អាគារព្រះវិហារធំដូច្នេះឬ? ពួកជំនុំព្រះមិនត្រូវបានសាងសង់ឡើង ដោយឥដ្ឋឡើយ។ ព្រះប្រាប់យើងថា យើងគឺជាវិហារនៃព្រះ និងថា ព្រះវិញ្ញាណគង់នៅក្នុងចិត្តរបស់មនុស្សសុចរិត។ 
វាគឺជារឿងត្រឹមត្រូវ ដែលសាងសង់អាគារព្រះវិហារធំ បើសិនវាគឺជាភាពចាំបាច់។ ប៉ុន្តែអាគារព្រះវិហារនោះថ្វាយសិរីល្អដល់ព្រះដែរទេ? ទេ វាមិនធ្វើដូច្នេះឡើយ។ តើការប្រមូលមនុស្សជាច្រើនមកក្នុងពួកជំនុំថ្វាយសិរីល្អដល់ព្រះដែរទេ? ទេ អ្នកមិនអាចធ្វើឲ្យព្រះសព្វព្រះទ័យ ដោយការធ្វើដូច្នេះបានឡើយ។ អ្នកដែលនៅក្នុងសាច់ឈាម មិនអាចផ្គាប់ព្រះហឫទ័យព្រះបានឡើយ។
នៅពេលខ្លះ មានទាំងមនុស្សសុចរិតផង ដែលដេញតាមប្រយោជន៍ខាងសាច់ឈាមតែប៉ុណ្ណោះ ហើយពួកគេក៏មិនអាចផ្គាប់ព្រះហឫទ័យព្រះបានដែរ។ ក្នុងចំណោមមនុស្សសុចរិត មានអ្នកខ្លះដែលនៅតែជាប់នៅក្នុងគំនិតខាងសាច់ឈាមរបស់ខ្លួន ដូចជាមនុស្សមានបាបដែរ ហើយពួកគេមិនអាចផ្គាប់ព្រះហឫទ័យព្រះបានឡើយ។ តាមការពិត ពួកគេមិនអាចមានជីវិតនៃសេចក្តីជំនឿល្អប្រសើរនៅក្នុងពួកជំនុំ ត្អូញត្អែរ និងខឹងពួកជំនុំរបស់ព្រះ ហើយទីបំផុត ក៏ចាកចេញពីពួកជំនុំទៅ។
ដូច្នេះ យើងដែលជាមនុស្សសុចរិត គួរតែមានជីវិតសុចរិតមួយ ដែលព្រះសព្វព្រះទ័យ មិនមែនជីវិតមួយ ដែលគិតតែប្រយោជន៍ខាងសាច់ឈាមប៉ុណ្ណោះទេ។ យើងគួរតែគិតពីការងារបស់ព្រះ និងសេចក្តីសុចរិតរបស់ទ្រង់ បម្រើការងារនៃសេចក្តីសុចរិតរបស់ទ្រង់ និងប្រើប្រាស់រូបកាយ ចិត្តគំនិត និងទ្រព្យសម្បត្តិរបស់យើងជាប្រដាប់ប្រដានៃសេចក្តីសុចរិតរបស់ព្រះ។ យើងគួរតែមានជីវិតមួយ ដែលព្រះសព្វព្រះហឫទ័យ។
 
 
អ្នកដែលនៅក្នុងព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ
 
ចូរ យើងអានខ.៩ជាមួយគ្នា។ «តែបើសិនជាព្រះវិញ្ញាណនៃព្រះសណ្ឋិតក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងវិញ្ញាណវិញ ប៉ុន្តែ បើអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ផងទ្រង់ទេ។»
យោងតាមសាវកប៉ុល បទគម្ពីរនេះមានន័យថា បើសិនយើងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឬបើសិនយើងជឿលើសេចក្តីសុចរិតរបស់ព្រះ និងបានសង្រ្គោះចេញពីអំពើបាបរបស់យើង យើងលែងនៅក្នុងសាច់ឈាមទៀតហើយ ប៉ុន្តែនៅក្នុងព្រះវិញ្ញាណវិញ។ បើសិនមនុស្សម្នាក់មានព្រះវិញ្ញាណនៅក្នុងចិត្តរបស់គាត់ គាត់នៅក្នុងព្រះគ្រីស្ទ ប៉ុន្តែបើសិនគាត់គ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទទេ គាត់មិនមែនជារបស់ទ្រង់ឡើយ។
ដូច្នេះ យើងមិននៅក្នុងសាច់ឈាមទេ ប៉ុន្តែនៅក្នុងព្រះវិញ្ញាណវិញ។ យើងដែលនៅក្នុងព្រះវិញ្ញាណ និងបានសង្រ្គោះចេញពីបាប តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនគួរភ្លេចថា យើងគឺជាទាហានរបស់សេចក្តីសុចរិត ដែលជាមនុស្សសុចរិតនៅក្នុងព្រះគ្រីស្ទ ហើយមាន សមត្ថភាពផ្គាប់ព្រះហឫទ័យព្រះបាន។ យើងមិនគួរអស់សង្ឃឹមជាមួយភាពខ្សោយខាងសាច់ឈាមរបស់យើងទេ ប៉ុន្តែផ្គាប់ព្រះហឫទ័យេះព្រះ ដោយសេចក្តីជំនឿថា យើងគឺជារបស់ទ្រង់ យើងនៅក្នុងទ្រង់ ហើយយើងគឺជាអ្នកបម្រើរបស់ព្រះ ទោះបើយើងខ្សោយក៏ដោយ។ 
យើងត្រូវតែដឹងថា បន្ទាប់ពីបានកើតជាថ្មីហើយ ព្រះមិនអនុញ្ញាតឲ្យយើងដេញតាមតែផលប្រយោជន៍ខាងសាច់ឈាមប៉ុណ្ណោះទេ។ យើងគួរតែរស់នៅ និងដឹងថា មនុស្សសុចរិតត្រូវរស់នៅសម្រាប់សេចក្តីសុចរិតរបស់ព្រះតែប៉ុណ្ណោះ។ ខ.១០ប្រាប់យើងពីរបៀបដែលគ្រីស្ទបរិស័ទគួរតែរស់នៅ៖ «ហើយបើសិនជាព្រះគ្រីស្ទសណ្ឋិតក្នុងអ្នករាល់គ្នា នោះរូបសាច់បានស្លាប់ ដោយព្រោះអំពើបាបមែន តែវិញ្ញាណមានជីវិតវិញ ដោយព្រោះសេចក្តីសុចរិត»។
តាមការពិត រូបកាយរបស់យើងត្រូវបានឆ្កាង និងបានស្លាប់នៅលើឈើឆ្កាងជាមួយព្រះយេស៊ូវគ្រីស្ទ ដោយសារតែអំពើបាបរបស់យើងរួច ហើយ។ ហើយយើងបានសង្រ្គោះចេញពីអំពើបាបរបស់យើង តាមរយៈអំពើដ៏សុចរិតរបស់ព្រះហើយ។ ដោយសារតែសេចក្តីសុចរិតនេះ វិញ្ញាណរបស់មនុស្សសុចរិតមានជីវិតអស់កល្បជានិច្ច។ ជីវិតអស់កល្បជានិច្ច! យើងគួរតែដឹងថា អ្នកដែលបានរាប់ជាសុចរិត មិនត្រូវបានអនុញ្ញាតឲ្យរស់នៅសម្រាប់តែសាច់ឈាមឡើយ។ អ្នកដែលមិនរស់នៅសម្រាប់សេចក្តីសុចរិតរបស់ព្រះ បន្ទាប់ពីបានកើតជាថ្មីហើយ មិនអាចទទួលបានព្រះពររបស់ទ្រង់បានឡើយ។
ព្រះតម្រូវឲ្យយើងរស់នៅសម្រាប់សេចក្តីសុចរិតរបស់ទ្រង់។ បន្ទាប់ពីបានកើតជាថ្មីហើយ ប្រហែលអ្នកបានគិតនៅក្នុងសេចក្តីអស់សង្ឃឹមថា «ព្រះគម្ពីរនិយាយថា អ្នកដែលនៅក្នុងសាច់ឈាម មិនអាចផ្គាប់ព្រះហឫទ័យព្រះបានឡើយ។ ហើយខ្ញុំពិតជាម្នាក់នៅក្នុងចំណោមពួកគេហើយ»។ ប៉ុន្តែនេះមិនមែនជាការពិតឡើយ។ ព្រះបានបង្កើតយើងជាថ្មី ដើម្បីរស់នៅជាទាហាននៃសេចក្តីសុចរិតរបស់ទ្រង់។
មនុស្សមួយចំនួនគិតដូច្នេះ ពីព្រោះពួកគេយល់ខុសពីព្រះគម្ពីរ។ សូម្បីតែមនុស្សសុចរិតមួយចំនួន ក៏គិតដូច្នេះដែរថា ពួកគេមិនអាចរស់នៅតាមព្រះបានឡើយ ពីព្រោះរូបកាយរបស់ពួកគេរស់នៅតាមសាច់ឈាម និងដោយសារពួកគេខ្សោយ។ ប៉ុន្តែសេចក្តីពិតគឺថា អ្នកដែលមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងខ្លួន អរសប្បាយជាមួយនឹងការងាររបស់ព្រះ។ ការធ្វើការងាររបស់ព្រះធ្វើឲ្យពួកគេមានអំណរអរសប្បាយ។ ម៉្យាងវិញទៀត ជីវិតមួយដែលគ្មានការបំពេញការងារបស់ព្រះ គឺជាជីវិតមួយដែលគ្មានគោលបំណង និងការជម្រុញចិត្ត គឺជីវិតមួយដែលត្រូវបណ្តាសា។
បន្ទាប់ពីយើងបានទទួលដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងរស់នៅក្នុងសេចក្តីសុចរិតរបស់ព្រះហើយ ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុង យើង។ ទ្រង់យាងមកសណ្ឋិត និងគង់នៅក្នុងអ្នកណាដែលបានទទួល សេចក្តីប្រោសលោះ។ តើមានអ្វីកើតឡើងចំពោះអ្នកដែលទ្រង់គង់នៅជាមួយ? ពួកគេត្រូវបម្រើសេចក្តីសុចរិតរបស់ព្រះ និងបំពេញការងារសុចរិតរបស់ទ្រង់។
សរុបមក អ្នកដែលបានទទួលសេចក្តីអត់ទោសសម្រាប់អំពើបាប និងបានរាប់ជាសុចរិត គួរតែរស់នៅ ដោយសារសេចក្តីជំនឿ។ មនុស្សសុចរិតអាចរក្សាសេចក្តីជំនឿរបស់ខ្លួនបាន លុះត្រាតែពួកគេរស់នៅ ដោយសារសេចក្តីជំនឿ និងបំពេញការងាររបស់ព្រះ។ បើសិនអ្នកគិតថា អ្នកនឹងរស់នៅក្នុងលោកិយនេះ ដោយសារសាច់ឈាមរបស់អ្នក ទោះបើបានរាប់ជាសុចរិតហើយក៏ដោយ នេះពីព្រោះអ្នកមិនបានដឹងថា អ្នកបានទទួលសេចក្តីអត់ទោសសម្រាប់អំពើបាប និងថា គោលដៅរបស់យើងបានផ្លាស់ប្តូររួចហើយទេ។ 
គោលដៅរបស់មនុស្សសុចរិតបានផ្លាស់ប្តូរហើយ។ មុនពេលពួកគេបានកើតជាថ្មី ពួកគេបានរស់នៅសម្រាប់លោកិយនេះ និងសម្រាប់គោលបំណងផ្ទាល់ខ្លួនរបស់ពួកគេ ហើយក៏សប្បាយចិត្ត ដែលរស់នៅសម្រាប់សេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមរបស់ពួកគេដែរ។ ប៉ុន្តែបន្ទាប់ពីបានកើតជាថ្មីហើយ ពួកគេមិនអាចរស់នៅដូច្នេះបានទៀតឡើយ។ យើងបានទទួលសេចក្តីអត់ទោសសម្រាប់អំពើបាបរួចហើយ។ នៅពេលយើងត្រូវតែថ្វាយខ្លួនយើងទៅចំពោះការងារសង្រ្គោះព្រលឹងដទៃទៀត ចេញពីលោកិយនេះ តើយើងអាចស្កប់ចិត្តចំពោះទ្រព្យសម្បត្តិក្នុងលោកិយនេះបានយ៉ាងដូចម្តេច?
នៅក្នុងន័យផ្សេង ខ្ញុំសុំឲ្យអ្នកគិតយ៉ាងស៊ីជម្រៅអំពីការងាររបស់សាច់ឈាម និងការងាររបស់ព្រះវិញ្ញាណ។ អ្នកមិនចាំបាច់ធ្វើការងារទាំងនោះ ដើម្បីស្គាល់ពីការងារទាំងនោះទេ គឺអ្វីដែលអ្នកត្រូវធ្វើ គឺត្រូវគិតយ៉ាងស៊ីជម្រៅអំពីបញ្ហានេះ។
កន្លងមក ខ្ញុំបានអធិប្បាយចេញពី រ៉ូម ១ ដល់ ៦ និង រ៉ូម ៧ ដល់១៦ នៅក្នុងសៀវភៅនេះ។ សៀវភៅសេចក្តីអធិប្បាយទាំងពីរនេះ ភាគទី៥ និង ៦ នៃសៀវភៅគ្រីស្ទបរិស័ទជាស៊េរីរបស់ខ្ញុំ នឹងត្រូវបានចែកចាយទៅកាន់គ្រីស្ទបរិស័ទទូទាំងពិភពលោក ដើម្បីឲ្យពួកគេអាន។ ខ្ញុំប្រាកដថា មនុស្សជាច្រើននឹងស្គាល់ពីសេចក្តីសុចរិតរបស់ព្រះ តាមរយៈសៀវភៅ គ្រីស្ទបរិស័ទជាស៊េរីរបស់ខ្ញុំ។ នៅក្នុងសៀវភៅសេចក្តីអធិប្បាយទាំងបីរបស់ខ្ញុំពីមុន ខ្ញុំបាននិយាយអំពីសេចក្តីបង្រៀនគ្រឹះអំពីសេចក្តីសង្រ្គោះរបស់ព្រះ។ សៀវភៅទី១បាននិយាយអំពីដំណឹងល្អ ទី២បានពិភាក្សាអំពីបញ្ហាខាងទេវសាស្ត្រ និងទីបីអំពីព្រះវិញ្ញាណបរិសុទ្ធ និងរបៀបត្រឹមត្រូវក្នុងការទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ហើយសៀវភៅទី៥ និង៦ ពីកណ្ឌគម្ពីររ៉ូម និយាយយ៉ាងស៊ីជម្រៅអំពីគោលលទ្ធិទេវសាស្ត្រខុសឆ្គង និងមូលហេតុដែលអំពើបាបនៅតែមាន ទោះបើគ្រីស្ទបរិស័ទជឿព្រះយេស៊ូវហើយ និងរបៀបដែលដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណត្រូវបានបើកសម្តែងជាសេចក្តីសុចរិតរបស់ព្រះ។
តាមរយៈសៀវភៅនេះ ខ្ញុំជឿថា ដំណឹងល្អនឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយទៅកាន់ពិភពលោកទាំងមូល។ មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងការប្រកាសដំណឹងល្អ នៅពេលយើងបានបោះពុម្ពផ្សាយសៀវភៅទីបី បើប្រៀបធៀបទៅនឹងចំនួនដង នៅពេលយើងបានបោះពុម្ពផ្សាយសៀវភៅទីពីរ។ ឥឡូវនេះ បន្ទាប់ពីសៀវភៅទីបី មនុស្សកាន់តែច្រើនកំពុងតែស្នើសុំសៀវភៅទីមួយ និងទីពីរនៃសៀវភៅគ្រីស្ទ បរិស័ទជាស៊េរីរបស់ខ្ញុំ។
បន្ទាប់ពីសៀវភៅទាំងពីរនេះត្រូវបានបោះពុម្ពផ្សាយ យើងនឹងដឹងថា 
អំណាចនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះពិតជាអស្ចារ្យប៉ុណ្ណា។ ខ្ញុំអធិស្ឋានថា ព្រះនឹងប្រទានព្រះពរយ៉ាងច្រើនដល់អ្នកដែលស្គាល់សេចក្តីសុចរិតរបស់ទ្រង់។ ហើយពួកគេនឹងដឹងពីរបៀបយល់ពីកណ្ឌគម្ពីររ៉ូម គឺយល់ដោយសេចក្តីជំនឿតាមដំណឹងល្អ ដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះ។
យើងទាំងអស់គ្នាកំពុងតែធ្វើការជាមួយគ្នាសម្រាប់ដំណឹងល្អ។ តើអ្នកមិនកំពុងតែធ្វើការងាររបស់ព្រះទេឬ? ឥឡូវនេះ អ្នកកំពុងតែគាំទ្រដល់ព័ន្ធកិច្ចនៃការប្រកាសដំណឹងល្អ ដើម្បីសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបរបស់ពួកគេហើយ។ នៅពេលយើងមានផលផ្លែ និងបម្រើដំណឹងល្អ ព្រលឹងយ៉ាងច្រើននៅពាសពេញពិភពលោកនឹងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេ។ ដូច្នេះ តើយើងអាចបោះបង់ការងារដ៏មានតម្លៃនេះចោល សម្រាប់ប្រយោជន៍នៃការងារបស់លោកិយបានយ៉ាងដូចម្តេច?
ខ្ញុំចង់បញ្ជាក់ឲ្យបានច្បាស់លាស់ទៅកាន់អ្នកថា យើងដែលជាមនុស្សសុចរិត មិនត្រូវរស់នៅសម្រាប់សាច់ឈាមរបស់យើងទៀត ឡើយ។ ឥឡូវនេះ គោលដៅរបស់យើង គឺត្រូវសម្រេចសេចក្តីសុចរិតរបស់ព្រះ សង្រ្គោះព្រលឹង និងរស់នៅសម្រាប់សេចក្តីសុចរិតនេះ។ អ្នកត្រូវតែដឹងពីការរស់នៅបែបនេះ និងរស់នៅដូច្នេះអស់មួយជីវិតរបស់អ្នកសម្រាប់ព្រះ សម្រាប់ដំណឹងល្អ និងសម្រាប់សេចក្តីសង្រ្គោះដល់ព្រលឹងដែលបានបាត់បង់នៅក្នុងបាប។ 
នេះគឺជាអ្វីដែលកណ្ឌគម្ពីររ៉ូមនិយាយអំពី នៅក្នុងផ្នែកនេះ។ ចូរយើងពិនិត្យមើលខ.១០ និង ១១។ «ហើយបើសិនជាព្រះគ្រីស្ទសណ្ឋិតក្នុងអ្នករាល់គ្នា នោះរូបសាច់បានស្លាប់ ដោយព្រោះអំពើបាបមែន តែវិញ្ញាណមានជីវិតវិញ ដោយព្រោះសេចក្តីសុចរិត មួយទៀត បើព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះព្រះអង្គនោះឯង ដែលបានប្រោសឲ្យព្រះគ្រីស្ទរស់ពីស្លាប់ឡើង ទ្រង់នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ ឲ្យមានជីវិតឡើងដែរ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតនៅក្នុងខ្លួនអ្នករាល់គ្នា។» 
បទគម្ពីរខាងលើមានន័យថា រូបកាយរបស់យើងបានស្លាប់ ដោយសារតែអំពើបាបរបស់យើងរួចទៅហើយ។ ប៉ុន្តែវិញ្ញាណរបស់យើងបាននៅរស់ ដោយសារតែសេចក្តីសុចរិតរបស់ព្រះ និងសេចក្តីជំនឿ។ បើសិនអ្នកណាជឿលើសេចក្តីសុចរិតរបស់ព្រះ គាត់នឹងទទួលបានជីវិតថ្មីមួយ។ ដូច្នេះ យើងបានទទួលបានជីវិតថ្មីមួយ ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ។
ខ.១១ និយាយថា «មួយទៀត បើព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះព្រះអង្គនោះឯង ដែលបានប្រោសឲ្យព្រះគ្រីស្ទរស់ពីស្លាប់ឡើង ទ្រង់នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ ឲ្យមានជីវិតឡើងដែរ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតនៅក្នុងខ្លួនអ្នករាល់គ្នា»។ នេះមានន័យថា ទ្រង់នឹងប្រោសយើងឲ្យរស់ឡើងវិញ នៅចុងបញ្ចប់នៃលោកិយនេះ។ ជីវិតរបស់យើងពីមុនសម្រាប់តែសាច់ឈាម ហើយបាបបានស្លាប់បាត់ហើយ ប៉ុន្តែគោលដៅរបស់យើងបានផ្លាស់ប្តូរមករស់នៅអស់មួយជីវិតរបស់យើង សម្រាប់ព្រះ និងសេចក្តីសុចរិតរបស់ទ្រង់វិញ។
អ្នកអាចធុញទ្រាន់ចំពោះជីវិតរបស់មនុស្សសុចរិត និងគិតថា «ជា រឿយៗ មនុស្សសុចរិតនឹងជួបជុំគ្នា ដើម្បីនិយាយអំពីអ្វីដែលពួកគេនិយាយ»។ ប៉ុន្តែសូម្បីតែការស្តាប់ឮពួកគេស្ងាប ឬសម្លេងសរសើរតម្កើងរបស់ពួកគេ ក៏អាចកែគំនិតរបស់អ្នកជាថ្មីបានដែរ បើសិនអ្នកនៅក្នុងពួក ជំនុំ។ នេះដោយសារតែព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងពួកជំនុំរបស់ព្រះ និងនៅក្នុងចិត្តរបស់អ្នកជឿ។ គំនិតរបស់អ្នកនឹងបានកែជាថ្មីឡើង ហើយអ្នកនឹងទទួលបានកម្លាំងថ្មីនៅក្នុងចិត្តរបស់អ្នក បានឆ្អែតដោយនំប៉័ងជីវិតខាងវិញ្ញាណ និងទទួលបានការងារខាងវិញ្ញាណ។
នៅក្នុងការជួបជុំរបស់អ្នកជឿ អ្នកអាចមានភាពស្រស់ស្រាយបាន។ ការពិតថា អ្នកបានដាច់ចេញពីលោកិយនេះ បង្ហាញថា គោលដៅរបស់អ្នកបានផ្លាស់ប្តូរហើយ។ ដូច្នេះហើយបានជាអ្នកដែលរស់នៅតាមសាច់ឈាម គិតតែពីសាច់ឈាម ប៉ុន្តែអ្នកដែលរស់នៅតាមព្រះវិញ្ញាណ គិតតែខាងព្រះវិញ្ញាណ។ យើងដែលបានរាប់ជាសុចរិតហើយ លែងរស់នៅតាមសាច់ឈាមទៀតហើយ ហើយយើងលែងចង់ធ្វើជាបាវបម្រើរបស់បាបទៀតហើយ។ យ៉ាងហោចណាស់ យើងចង់រស់នៅតាមព្រះវិញ្ញាណ និងគិតពីការងាររបស់ព្រះវិញ្ញាណ ដែលជាការងារនៃការឈោងចាប់ព្រលឹងសម្រាប់ព្រះគ្រីស្ទ។
យើងត្រូវតែខិតខំធ្វើការងាររបស់ព្រះ គិតពីវា ហើយបដិសេធគំនិតផ្ទាល់ខ្លួន។ ឥឡូវនេះ យើងត្រូវតែរស់នៅតាមរបៀបនេះ អស់មួយជីវិតរបស់យើង។ គោលដៅរបស់អ្នកត្រូវបានផ្លាស់ប្តូរមករស់នៅសម្រាប់តែសេចក្តីសុចរិតរបស់ព្រះវិញហើយ ពីព្រោះអ្នកបានទទួលសេចក្តីប្រោសលោះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ ខ្ញុំសង្ឃឹមថា អ្នកស្គាល់ពីសេចក្តីពិតនេះ។
ខ្ញុំសូមទោស ប៉ុន្តែអ្នកលែងអាចត្រឡប់ទៅកាន់លោកិយ និងធ្វើជាបាវបម្រើរបស់បាបទៀតហើយ។ បើសិនអ្នកត្រឡប់ទៅកាន់លោកិយវិញ នោះវាគឺសេចក្តីស្លាប់របស់អ្នកហើយ។ គំនិតខាងសាច់ឈាមគឺជាសេចក្តីស្លាប់ គឺវិញ្ញាណរបស់អ្នកនឹងស្លាប់ គំនិតរបស់អ្នកនឹងស្លាប់ ហើយរូបកាយរបស់អ្នកនឹងស្លាប់ បើសិនអ្នកនៅតែដេញតាមសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមទៀត។ បន្ទាប់ពីការចាកចេញពីស្រុកអេស៊ីព្ទមក ជនជាតិ អ៊ីស្រាអែលមិនបានវិលត្រឡប់ទៅកាន់ស្រុកអេស៊ីព្ទវិញទេ ហើយពួកគេក៏មិនសប្បាយចិត្តចំពោះការជួបសាសន៍អេស៊ីព្ទណាម្នាក់ដែរ បន្ទាប់ពីបានឆ្លងសមុទ្រស្លាប់ហើយ។ ដូចគ្នាដែរ យើងដែលបានរាប់ជាសុចរិតហើយ លែងអាចវិលត្រឡប់ទៅកាន់ស្រុកអេស៊ីព្ទ ឬសប្បាយចិត្តនៅពេលជួបសាសន៍អេស៊ីព្ទខាងវិញ្ញាណណាម្នាក់បានទៀតហើយ។
ប្រសិនបើមនុស្សសុចរិតដែលបានកើតជាថ្មី ចេញទៅក្នុងលោកិយនេះ និងរស់នៅជាមួយមនុស្សមានបាបរបស់លោកិយនេះ ពួកគេនឹងនឹក និងចង់ត្រឡប់មកកាន់ពួកជំនុំរបស់វិញយ៉ាងខ្លាំង។ ដូច្នេះ ចូរយើងរស់នៅ ដោយគិតតែពីការងាររបស់ព្រះវិញ្ញាណវិញ។
តើការធ្វើការងារបស់ព្រះវិញ្ញាណ មានន័យយ៉ាងដូចម្តេច? តើវាមិនមែនជាការងាររបស់ព្រះទេឬ? តើវាមិនមែនជាការងារបម្រើដំណឹងល្អរបស់ព្រះទេឬ? ហើយតើយើងមិនពេញលេញ និងខ្សោយទេឬ? អ្នកខ្សោយ ហើយខ្ញុំក៏ខ្សោយដែរ។ ប៉ុន្តែតើអ្នកមិនបានទទួលសេចក្តីអត់ទោសសម្រាប់អំពើបាប ខណៈដែលអ្នកនៅខ្សោយ និងមិនពេញលេញទេឬ? អ្នកពិតជាបានទទួល! ដូច្នេះ តើព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងអ្នកដែរទេ? ចម្លើយគឺថា ទ្រង់ពិតជាគង់នៅក្នុងអ្នកមែន!
ដូច្នេះ តើយើងអាចគិតពីការងាររបស់ព្រះវិញ្ញាណបានទេ? យើងពិតជាអាចគិតតែពីការងារបស់ព្រះវិញ្ញាណបាន។ តើអ្នកដឹងថា ព្រះបានផ្លាស់ប្តូរគោលដៅរបស់អ្នកហើយ ដើម្បីឲ្យអ្នកនឹងធ្វើការងារបស់ព្រះវិញ្ញាណវិញដែរទេ? តើអ្នកយល់ពីការពិតនេះទេ?
ឥឡូវនេះ គំនិតរបស់យើងត្រូវបានផ្លាស់ប្តូរហើយ។ បើសិនអ្នកមិនដឹងថា គំនិតរបស់អ្នកបានផ្លាស់ប្តូរ នោះវាគឺជាបញ្ហាសម្រាប់អ្នកហើយ។ អ្នកត្រូវតែគិតតែពីសេចក្តីសុចរិតរបស់ព្រះ។ បន្ទាប់មក ពួកជំនុំនឹងក្លាយជាផ្ទះរបស់អ្នក ហើយអ្នករួមជំនឿរបស់អ្នកនឹងក្លាយជាបងប្អូនប្រុសស្រី ឪពុកម្តាយ និងគ្រួសារបស់អ្នក ពីព្រោះយើងទាំងអស់គ្នានៅក្នុងព្រះវិញ្ញាណតែមួយ។ គ្រប់គ្នានៅក្នុងពួកជំនុំរបស់អ្នកនឹងក្លាយជាគ្រួសារបស់អ្នក។ បើសិនអ្នកមិនបានគិតដូច្នេះពីមុនទេ ឥឡូវនេះ អ្នកគួរតែពិចារណាឲ្យបានម៉ត់ចត់ចំពោះសេចក្តីបង្រៀននេះ។
ចូរកុំគិតថា មានតែគ្រួសារខាងសាច់ឈាមប៉ុណ្ណោះ ទើបជាគ្រួសាររបស់អ្នក។ ទីកន្លែងនេះគឺជាផ្ទះរបស់អ្នក និងអ្នកដែលបានកើតជាថ្មីទាំងអស់។ ហើយអ្នកទាំងអស់គ្នាគឺជាផ្នែកមួយនៃគ្រួសារបស់ព្រះ។ ដូច្នេះហើយបានជាយើងត្រូវតែរស់នៅតាមព្រះវិញ្ញាណ គឺយើងត្រូវតែរស់នៅសម្រាប់ព្រះ និងមានគំនិតខាងវិញ្ញាណ ដើម្បីទទួលបានសន្តិភាព។