Search

សេចក្តីអធិប្បាយ

Subject 11 : រោងឧបោសថ

[11-7] សម្ភារៈសាងសង់រោងឧបោសថ ដែលបានធ្វើជាមូលដ្ឋានគ្រឹះនៃជំនឿ (និក្ខមនំ ២៥:១-៩)

សម្ភារៈសាងសង់រោងឧបោសថ ដែលបានធ្វើជាមូលដ្ឋានគ្រឹះនៃជំនឿ
(និក្ខមនំ ២៥:១-៩)
«ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកដង្វាយមកថ្វាយអញ ត្រូវទទួលដង្វាយដែលថ្វាយដល់អញនោះ ពីអស់អ្នកណាដែលថ្វាយដោយស្ម័គ្រពីចិត្ត នេះជា ដង្វាយដែលឯងត្រូវទទួលពីគេ គឺជាមាស ប្រាក់ លង្ហិន ហើយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងអំបោះខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងរោមពពែ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែកផ្សោត និងឈើនាងនួន ប្រេងសំរាប់ដុត គ្រឿងក្រអូបសំរាប់ប្រេងចាក់លាប ហើយសំរាប់គ្រឿងដុត ត្បូងអូនីក្ស ហើយត្បូងគ្រប់យ៉ាង សំរាប់ដាំនៅអេផូឌ និងនៅប្រដាប់បាំងទ្រូង រួចឲ្យគេស្អាងទីបរិសុទ្ធ ដើម្បីឲ្យអញបាននៅកណ្តាលគេ ត្រូវឲ្យឯងធ្វើរោងឧបោសថ និងគ្រឿងប្រដាប់ទាំងប៉ុន្មាន តាមគំរូដែលអញនឹងបង្ហាញឯង។»
 

ជីវិតវេទនា

នៅក្នុងកំណាព្យមួយ ដែលមានចំណងជើងថា «ទំនុកដំកើងនៃជីវិត» លោក Henry Wadsworth Longfellow បានសរសេរថា «កុំប្រាប់ខ្ញុំនៅក្នុងលេខទួញសោកថា «ជីវិតគឺពិតជាសុបិន្តទទេមួយ!»។
ទោះបីជាយ៉ាងណា បើសិនអ្នកពិតជាគិតអំពីវា ជីវិតរបស់មនុស្សជាតិពិតជាវេទនាខ្លាំងណាស់។ ទោះបីជាជីវិតរបស់មនុស្សម្នាក់ៗអាចបញ្ចប់ ដោយការត្រឡប់ទៅជាធូលីដីដែលឥតប្រយោជន៍ បន្ទាប់ពីបានរស់នៅយ៉ាងឯកា និងបណ្តោះអាសន្ននៅក្នុងវាលរហោស្ថាននៃលោកិយនេះក៏ដោយ ក៏ផែនដីនេះមិនមែនជាគោលដៅចុងក្រោយរបស់យើងដែរ។ ដោយសារបាប ចុងបញ្ចប់នៃជីវិតរបស់មនុស្សម្នាក់ៗគឺជាការរងទុក្ខដ៏វេទនាអស់កល្បជានិច្ចនៅក្នុងស្ថាននរក។ 
ប៉ុន្តែជាទូទៅ មនុស្សមិនយកចិត្តទុកដាក់ចំពោះសេចក្តីស្លាប់របស់ខ្លួន និងពិភពលោកលើសពីថ្នូរខ្មោចទេ។ ខណៈដែលកំពុងតែរស់នៅក្នុងលោកិយនេះ មនុស្សរស់នៅដោយឥតមានគោលបំណង ឆ្ពោះទៅរកស្ថាននរក និងមិនអាចជួបព្រះដែលបានសង្រ្គោះខ្លួនបានឡើយ។ នេះហើយគឺជាជីវិត។ ប៉ុន្តែបើសិនជីវិតគ្រាន់តែត្រូវប្រឈមនឹងស្ថានភាពបែបនេះប៉ុណ្ណោះមែន តើយើងពិតជាវេទនា និងគួរឲ្យអាណិតយ៉ាងណាទៅ?
ព្រះមែស៊ីកំពុងតែរង់ចាំជីវិតបែបនេះ។ បើសិនមនុស្សចូលមកក្នុងលោកិយចំហនេះ ដើម្បីគ្រាន់តែឆ្លងកាត់ដោយឥតមានគោលដៅ ហើយបាត់បង់ទៅវិញនៅក្នុងសេចក្តីងងឹង នោះពួកគេពិតជាកំពុងតែមានជីវិតវេទនា និងគួរឲ្យអាណិតហើយ។ 
នៅថ្ងៃមួយ នៅពេលខ្ញុំនៅក្នុងឡាន ខ្ញុំបានមើលឃើញបុរសចំណាស់ម្នាក់ អាយុប្រហែល៦០ឆ្នាំ កំពុងតែដើរនៅតាមផ្លូវ។ កំពុងតែដើរបែរខ្នងពីខាងក្រោយខ្ញុំ ក្បាលរបស់គាត់បានសំយ៉ុងចុះ ហើយស្មាររបស់គាត់បានធ្លាក់ ដែលមើលទៅដូចជាឯកាណាស់។ នៅពេលខ្ញុំចុចស៊ីផ្លេ គាត់បានងាកមក ហើយខ្ញុំបានមើលឃើញថា មុខរបស់គាត់ពេញដោយទុក្ខលំបាក។ តាមរយៈការមើលឃើញសភាពរបស់បុរសចំណាស់នេះ ខ្ញុំបានសញ្ជឹងគិតបន្តិច។ បុរសចំណាស់នេះប្រហែលកំពុងតែមានអារម្មណ៍ថា ជីវិតរបស់គាត់ពេញដោយភាពទទេហើយ។ វិនាសកម្មនៃការធ្លាក់ចុះប្រហែលជាបានធ្វើឲ្យមានអារម្មណ៍អំពីភាពទទេនេះ មានកាន់តែខ្លាំង ដែលធ្វើឲ្យគាត់មានអារម្មណ៍កាន់តែខ្លាំង អំពីភាពឥតប្រយោជន៍នៃជីវិតរបស់គាត់។ មិនត្រឹមតែជីវិតរបស់បុរសចំណាស់នេះប៉ុណ្ណោះទេ ប៉ុន្តេជីវិតរបស់មនុស្សគ្រប់គ្នា គឺពិតជាគួរឲ្យអាណិតខ្លាំងណាស់។ 
ពេលវេលាចេះកន្លងទៅ ហើយមនុស្សមិនដឹងថា ពួកគេកាន់តែមានវ័យចាស់នោះទេ រហូតដល់ពួកគេមើលឃើញស្នាមជ្រៀវជ្រួញនៅពេញខ្លួនរបស់ពួកគេ។ ពួកគេជាច្រើនបានប្រឈមនឹងទុក្ខលំបាកយ៉ាងច្រើននៅក្នុងជីវិតរបស់ពួកគេ ដែលពួកគេមិនទាំងមានឱកាសឈប់ ងាកក្រោយ និងមើលឃើញកន្លែងដែលពួកគេបានដើរផង។ ទោះបីជាឪពុក ម្តាយបានរស់នៅ ហើយបានធ្វើការយ៉ាងខ្លាំងសម្រាប់កូនចៅ និងគ្រួសាររបស់ពួកគេក៏ដោយ ក៏ពាក្យសម្តីមិនអាចពិពណ៌នាអំពីទុក្ខសោករបស់ពួកគេបានដែរ ពីព្រោះនៅពេលប្រឈមនឹងចុងបញ្ចប់របស់ពួកគេ ជីវិតរបស់ពួកគេគ្មានសេសសល់អ្វីឡើយ។ 
កាលណាមានពេញដោយអារម្មណ៍បែបនេះ ពួកគេនឹងស្រក់ទឹក ភ្នែក។ បន្ទាប់ពីពេលវេលាយ៉ាងច្រើនកន្លងផុតទៅ ហើយបន្ទាប់ពីរយៈពេលយ៉ាងច្រើនឆ្នាំកន្លងផុតទៅ ទីបំផុត ពួកគេមានឱកាសសម្លឹងមកក្រោយ ហើយនៅពេលពួកគេធ្វើដូច្នេះ អ្វីដែលពួកគេអាចមើលឃើញគឺថា ទិដ្ឋភាពឯកានៃរដូវស្លឹកឈើជ្រុះស៊ីគ្នានឹងការឆ្លុះបញ្ចាំងរបស់ពួកគេ។ នៅរដូវស្លឹកឈើជ្រុះ នៅពេលស្លឹកឈើទាំងអស់បានធ្លាក់មក ហើយប្រឈមនឹងរដូវរងារដែលគួរឲ្យធុញទ្រាន់តែប៉ុណ្ណោះ ពួកគេទទួលស្គាល់ថា ជីវិតរបស់ពួកគេក៏នឹងរលាយបាត់យ៉ាងឆាប់រហ័សតាមរបៀបនេះដែរ។ ហើយពួកគេពិតជានឹងស្តាយក្រោយ ដែលពួកគេទើបបានបានដឹងពីការពិតនេះ។ តើមនុស្សទាំងនេះមានសង្ឃឹមអ្វី នៅពេលពួកគេហៀបនឹងស្លាប់ទៅ ដោយមិនបានជួបព្រះអម្ចាស់? ពួកគេដែលឈានដល់ទីបញ្ចប់របស់ខ្លួន ដោយមិនបានជួបនឹងព្រះមែស៊ី គឺគួរឲ្យអាណិតខ្លាំងណាស់។ 
បើសិនខ្ញុំមិនបានជួបព្រះអម្ចាស់ទេ ខ្ញុំផ្ទាល់ក៏ត្រូវមានជីវិតគួរឲ្យអាណិតផងដែរ។ ចុះអ្នកវិញ? តើអ្នកកំពុងតែធ្វើដំណើរទៅកាន់កន្លែងណានៅពេលនេះ បើសិនអ្នកមិនបានជួបព្រះអម្ចាស់? មានមនុស្សយ៉ាងច្រើននៅក្នុងលោកិយនេះ ដែលរក្សាទុកសេចក្តីវេទនារបស់ពួកគេ ដោយសារពួកគេមិនអាចជួបនឹងព្រះអម្ចាស់បាន។ 
ខ្ញុំពិបាកចិត្ត នៅពេលខ្ញុំគិតអំពីមនុស្សទាំងនេះ ដែលមានមនុស្សយ៉ាងច្រើន ដែលបានរក្សាទុកនូវទុក្ខសោករបស់ពួកគេ។ អ្វីដែលសត្វជ្រូកត្រូវធ្វើ គឺចម្អែតខ្លួនវា រហូតដល់វាប្រឈមនឹងចុងបញ្ចប់របស់វា ប៉ុន្តែជីវិតរបស់យើងខុសពីសត្វជ្រូក ពីព្រោះយើងត្រូវតែសញ្ជឹងគិត និងសម្លឹងមើលលើសពីបច្ចុប្បន្ន ទៅដល់អនាគតដ៏អស់កល្បជានិច្ច។ មនុស្សជាច្រើនប្រឈមនឹងថ្ងៃចុងក្រោយរបស់ខ្លួន ដែលពេញដោយការស្តាយក្រោយ។ ទោះបីជាពួកគេដឹងថា មាននគរស្ថានសួគ៌ដ៏អស់កល្បជានិច្ចក៏ដោយ ក៏ពួកគេទទួលស្គាល់ថា ពួកគេពិតជាមិនសមចូលទៅនគរស្ថានសួគ៌ដែរ ពីព្រោះពួកគេនៅតែមានបាប។ ដូច្នេះ ដែលមានមនុស្សយ៉ាងច្រើន ដែលមានពេញដោយការស្តាយក្រោយដូច្នេះ ខ្ញុំមានទុក្ខសោក និងកាន់ទុក្ខសម្រាប់វាសនាដ៏អាក្រក់របស់ពួកគេ។ 
នៅពេលយើងគិតអំពីជីវិតទាំងនេះ ដែលពួកគេមិនអាចទៅកន្លែងល្អមួយ ដែលព្រះបានរៀបចំបាន ហើយថា ពួកគេត្រូវវិនាសចេញពីលោកិយនេះ ដោយមិនបានបំពេញតាមគោលបំណងពិតប្រាកដនៃជីវិតរបស់ពួកគេ យើងអាណិតដល់ព្រលឹងទាំងនេះ ហើយមានទុក្ខសោកសម្រាប់វាសនារបស់ពួកគេ។ ដូច្នេះហើយ ជារឿយៗ គេប្រៀបធៀបជីវិតទៅនឹងការធ្វើដំណើរនៅលើមហាសមុទ្រដ៏លំបាកមួយ។ បើសិននិយាយអំពីជីវិត មនុស្សនិយាយថា វាគឺដូចជាការរស់នៅក្នុងមហាសមុទ្រអញ្ចឹង ដែលព្យាយាមរស់នៅនៅក្នុងភាពជូរចត់នៃពិភពរបស់មនុស្ស ពីព្រោះចាប់ពីកំណើតដល់ការស្លាប់របស់ពួកគេ ពួកគេត្រូវតែរងទុក្ខ ទាត់ធាក់ និងស្រែក ដើម្បីបានរស់នៅ។ 
កាលណាយើងរំឮកខ្លួនយើងថា នេះគឺជាអត្ថន័យនៃជីវិត យើងបានដឹងយ៉ាងច្បាស់លាស់ថា ការពន្យល់អំពីសេចក្តីពិតនៃរោងឧបោសថនេះទៅកាន់មនុស្សទាំងអស់ និងការជួយពួកគេឲ្យបានជួបនឹងព្រះអម្ចាស់ សុទ្ធតែជាការងារសំខាន់បំផុតទាំងអស់។ ហេតុអ្វី? ពីព្រោះតាមរយៈតង្វាយយញ្ញបូជា ព្រះប្រទានឲ្យមនុស្សមានបាបទាំងនេះនូវសេចក្តីសង្រ្គោះរបស់ពួកគេចេញពីបាប ដោយការជួបនឹងពួកគេនៅក្នុងតំណាងរបស់ទ្រង់ផ្ទាល់។ រោងឧបោសថគឺជាតំណាក់របស់ព្រះ ដែលត្រូវបានសាងសង់ឡើងនៅក្នុងវាលរហោស្ថាន។ នៅក្នុងតំណាក់របស់ព្រះ ដែលជារោងឧបោសថ ព្រះជួបនឹងមនុស្សមានបាប តាមរយៈព្រះគុណនៃការអត់ទោសបាប ដែលត្រូវបានបំពេញសម្រេច ដោយតង្វាយយញ្ញបូជា។ ព្រះប្រាប់យើងថា «អញនឹងបង្គាប់ឲ្យឯងសាងសង់តំណាក់របស់អញ ជាកន្លែងដែលអញនឹងគង់នៅ ហើយអញនឹងជួបជាមួយឯងនៅខាងក្នុងរោងឧបោសថនេះ នៅក្នុងទីសណ្តោសប្រោសរបស់វា»។ ដូច្នេះ មានតែនៅក្នុងរោងឧបោសថ ដែលជាតំណាក់របស់ព្រះប៉ុណ្ណោះ ដែលមនុស្សម្នាក់ៗអាចមានឱកាសជួបជាមួយព្រះបាន។ 
ជំនឿតាមសេចក្តីពិតនៃរោងឧបោសថនេះមិនអាចត្រូវបានផ្លាស់ប្តូរជាមួយអ្វីផ្សេងទៀតនៅក្នុងលោកិយនេះបានជាដាច់ខាត ហើយវាគឺជាអំណោយទានដ៏មានតម្លៃបំផុត ដែលគ្មានអ្វីអាចទិញបានឡើយ។ ខ្ញុំជឿថា របៀបដើរទៅកាន់ផ្លូវដែលកាន់តែមានពរមួយ គឺយើងដែលមានជំនឿរបស់គ្រីស្ទបរិស័ទ ជឿ និងទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់យើង មានការយល់ដឹង និងជំនឿត្រឹមត្រូវលើរោងឧបោសថនេះ។
 

យើងមានជីវិតដែលមានព្រះរបស់យើង

ចិត្តរបស់ខ្ញុំបានពេញដោយសេចក្តីរីករាយ ដោយឆ្ងល់ថា តើមានអ្នកផ្សេងទៀតដែលកំពុងតែនៅក្នុងជីវិតដូចជាយើងដែទេ? ទោះបីជាជីវិតគឺជាអត្ថភាពដ៏គួរឲ្យអាណិតក៏ដោយ ក៏មនុស្សជាច្រើនបន្តជីវិតរបស់ពួកគេ ដោយនៅតែមិនដឹងពីវាសនារបស់ខ្លួនដែរ។ ប៉ុន្តែព្រះចង់ជួយឲ្យពួកគេដឹងថា ជីវិតរបស់ពួកគេមានះខ្លាំងយ៉ាងណានៅចំពោះព្រះ ហើយធ្វើឲ្យពួកគេប្រែចិត្ត។ ម៉្យាងវិញទៀត ពួកគេនៅតែកំពុងព្យាយាមរស់នៅ ដោយមិនស្តាប់តាមដំណឹងល្អដែលព្រះប្រទានឲ្យពួកគេ ដោយឥតគិតថ្លៃ ហើយដោយមិនបើកចិត្តរបស់ពួកគេ សូម្បីតែបន្តិច។ 
កណ្ឌនិក្ខមនំប្រាប់យើងអំពីគ្រោះកាចទាំងដប់ ដែលព្រះបានទម្លាក់មកលើស្តេចផារ៉ោន។ គ្រោះកាចទាំងដប់ត្រូវបានទម្លាក់មកលើទឹកដីស្រុកអេស៊ីព្ទ។ ទ្រង់បានប្រាប់ស្តេចផារ៉ោនថា បើសិនមិនស្តាប់តាមទ្រង់ទេ ទ្រង់នឹងទម្លាក់គ្រោះកាចទាំងដប់នេះមកហើយ។ ប៉ុន្តែស្តេចផារ៉ោនមិនបានស្តាប់តាមអ្វីដែលព្រះបានប្រាប់ទេ ហើយប្រឆាំងនឹងការបង្គាប់របស់ទ្រង់យ៉ាងរឹងរួស ហើយចុងបញ្ចប់ ត្រូវទទួលបានគ្រោះកាចទាំងដប់ ដូចដែលព្រះបានមានបន្ទូល។ ភាពមានះរបស់ស្តេចផារ៉ោនគឺជាការគិត ខុស។ ហើយមូលហេតុដែលស្តេចផារ៉ោនបានដោះលែងជនជាតិ អ៊ីស្រាអែលនៅពេលចុងក្រោយ បន្ទាប់ពីទទួលបានទណ្ឌកម្មទាំងអស់ពី គឺដោយសារតែគាត់ត្រូវបានគ្រប់គ្រង ដោយសាតាំង។ នេះសំដៅទៅលើការទាស់ប្រឆាំងយ៉ាងខុស ដែលមាននៅក្នុងយើងម្នាក់ៗ។ 
ទោះបីជាយ៉ាងណា មនុស្សបែបនេះនៅតែអាចទទួលបានការអត់ទោសបាប ដែលព្រះបានប្រទានឲ្យនៅក្នុងរោងឧបោសថ ហើយរស់នៅជាមួយទ្រង់នៅក្នុងជំនឿបានដែរ។ ប៉ុន្តែមនុស្សទាំងនេះមានភាពមានះយ៉ាងខ្លាំងដូចជាសត្វលា ក្នុងការបន្តបដិសេធ និងមិនជឿតាមសេចក្តីពិតរបស់ព្រះ។ ដូច្នេះហើយបានជាមនុស្សយ៉ាងច្រើនមិនបានជួបព្រះនៃ សេចក្តីពិត រស់នៅជាមនុស្សមានបាប និងប្រឈមនឹងសេចក្តីវិនាសរបស់ខ្លួននៅទីបំផុត។ មនុស្សយ៉ាងច្រើនពិតជារឹងរួសខ្លាំងណាស់នៅចំពោះព្រះ។ ការនេះធ្វើឲ្យខ្ញុំពិបាកចិត្តយ៉ាងខ្លាំង។ 
ដោយសារមនុស្សបែបនេះរីកចម្រើនមួយរយៈខ្លី នៅពេលពួកគេប្រឈមនឹងទុក្ខលំបាក ប៉ុន្តែបន្ទាប់មក ត្រឡប់ទៅកន្លែងពីមុន ដែលពួកគេបដិសេធបំណងព្រះហឫទ័យព្រះ ហើយម្តងទៀត ដើរតាមផ្លូវដែលមានះរបស់ពួកគេវិញ ពួកគេនឹងប្រឈមនឹងគ្រោះកាចទីពីររបស់ពួកគេ។ តាមរយៈគ្រោះកាចទីពីរនេះ ពួកគេរីកចម្រើនបន្តិច ប៉ុន្តែមិនស្ថិតស្ថេរបានយូរទេ ពីព្រោះពួកគេនឹងចាប់ផ្តើមមិនស្តាប់បង្គាប់ព្រះ ហើយប្រឆាំងនឹងទ្រង់ម្តងទៀត។ ដូច្នេះ ពួកគេត្រូវប្រឈមនឹងគ្រោះកាចទីបីរបស់ពួកគេ ហើយបន្ទាប់មក ទីបួន ទីប្រាំ ទីប្រាំមួយ ទីប្រាំពីរ ទីប្រាំបី ទីប្រាំបួន រហូតដល់ពួកគេព្រមចុះចាញ់ នៅពេលគ្រោះកាចចុងក្រោយមកដល់ ហើយពួកគេត្រូវវិនាស។ 
កាលណាគ្រោះកាចចុងក្រោយមកដល់ នឹងមានមនុស្សជាច្រើន ដែលនឹងត្រូវរងទុក្ខនៅក្នុងស្ថានរក ដោយសារការមិនជឿតាមអ្វីដែលព្រះមែស៊ីបានធ្វើសម្រាប់ពួកគេ។ ជីវិតរបស់មនុស្សពិតជាចំកួតខ្លាំងណាស់។ ដូច្នេះហើយបានជាជីវិតរបស់មនុស្សម្នាក់ៗគួរឲ្យអាណិតខ្លាំងណាស់។
ទោះបីជាជីវិតរបស់មនុស្សគួរឲ្យអាណិតនៅចំពោះព្រះក៏ដោយ ក៏អ្នកត្រូវដឹងថា ការជួបព្រះនៅក្នុងរោងឧបោសថគឺជាព្រះពរដ៏ធំសម្រាប់អ្នក ហើយប្រកាន់ខ្ជាប់តាមព្រះបន្ទូលអំពីរោងឧបោសថ ដោយការយល់ និងការជឿនេះ។ 
 

តង្វាយដែលព្រះចង់បានពីយើង

ព្រះបានបង្គាប់លោកម៉ូសេឲ្យឡើងមកឯភ្នំស៊ីណា ដើម្បីប្រទានក្រិត្យវិន័យទាំងមូលរបស់ទ្រង់ដល់គាត់។ ជាដំបូង ទ្រង់បានប្រទានឲ្យលោក ម៉ូសេនូវក្រិត្យវិន័យទាំងដប់៖ «កុំឲ្យមានព្រះឯណាទៀត នៅចំពោះមុខអញឲ្យសោះ។ កុំឲ្យធ្វើរូប ហើយថ្វាយបង្គំរូបទាំងនោះ។ កុំបញ្ចេញព្រះនាមអញជាអសារឥតការ។ នឹកចាំពីថ្ងៃសាប្ប័ទ ហើយញែកជាបរិសុទ្ធ។ គោរពដល់ឱពុកម្តាយ។ កុំសម្លាប់គេឲ្យសោះ។ កុំកំផិតឲ្យសោះ។ កុំលួចឲ្យសោះ។ កុំធ្វើបន្ទាល់ក្លែងចំពោះអ្នកជិតខាង។ និងកុំលោភឲ្យសោះ»។ ហើយបន្ទាប់មក ព្រះក៏បានប្រាប់ពួកគេពីច្បាប់ផ្សេងៗទៀត ដែលសាសន៍អ៊ីស្រាអែលត្រូវតែគោរពតាមនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ៖ ជាសរុប មានច្បាប់ និងបញ្ញត្តចំនួន៦១៣។
បញ្ញត្តទាំង៦១៣នេះរួមបញ្ចូលការចែងពីអ្វីដែលត្រូវធ្វើ នៅពេលជនជាតិអ៊ីស្រាអែលបានបាត់បង់សត្វរបស់ពួកគេ ពីអ្វីដែលត្រូវធ្វើ នៅពេលសត្វរបស់អ្នកដទៃបានធ្លាក់ចូលទៅក្នុងរណ្តៅ ពីការដែលពួកគេមិនត្រូវសាហាយស្មន់ ការដោះលែងបាវបម្រើនៅឆ្នាំទីប្រាំពីរ ការអនុញ្ញាតឲ្យបាវបម្រើស្រីរៀបការជាមួយបាវបម្រើប្រុស និងការមានកូន ការដោះលែងបាវបម្រើប្រុសនៅឆ្នាំទីប្រាំពីរ..។ល។ ព្រះបានប្រាប់លោកម៉ូសេពីច្បាប់ខាងសីលធម៌ទាំងនេះ ដែលសាសន៍អ៊ីស្រាអែលត្រូវតែគោរពតាម ដោយជំនឿ នៅចំពោះព្រះ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ 
បន្ទាប់មក ព្រះបានប្រាប់លោកម៉ូសេឲ្យចុះពីភ្នំ ប្រមូលផ្តុំពួកចាស់ទុំ ហើយប្រកាសពីច្បាប់ និងបញ្ញត្តរបស់ទ្រង់។ ដោយបានស្តាប់ឮព្រះបន្ទូលព្រះ ជនជាតិអ៊ីស្រាអែលទាំងអស់បានយល់ព្រម ហើយបានស្បថនឹងឈាមរបស់ពួកគេថា ពួកគេនឹងគោរពតាមច្បាប់ និងបញ្ញត្តទាំងអស់របស់ទ្រង់ (និក្ខមនំ ២៤:១-៤)។ 
បន្ទាប់មក ព្រះបានហៅលោកម៉ូសេទៅឯភ្នំម្តងទៀត ដែលលើកនេះ ទ្រង់ត្រូវបង្គាប់គាត់ឲ្យសាងសង់រោងឧបោសថ។ 
ព្រះបានប្រាប់គាត់ថា «ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកដង្វាយមកថ្វាយអញ ត្រូវទទួលដង្វាយដែលថ្វាយដល់អញនោះ ពីអស់អ្នកណាដែលថ្វាយដោយស្ម័គ្រពីចិត្ត» (និក្ខមនំ ២៥:២)។ ហើយបន្ទាប់មក គាត់បានកត់ត្រាតង្វាយរបស់ទ្រង់៖ «នេះជាដង្វាយដែលឯងត្រូវទទួលពីគេ គឺជាមាស ប្រាក់ លង្ហិន ហើយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងអំបោះខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងរោមពពែ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែកផ្សោត និងឈើនាងនួន ប្រេងសំរាប់ដុត គ្រឿងក្រអូបសំរាប់ប្រេងចាក់លាប ហើយសំរាប់គ្រឿងដុត ត្បូងអូនីក្ស ហើយត្បូងគ្រប់យ៉ាង សំរាប់ដាំនៅអេផូឌ និងនៅប្រដាប់បាំងទ្រូង» (និក្ខមនំ ២៥:៣-៧)។ 
មានគោលបំណងច្បាស់លាស់មួយ នៅពីក្រោយការដែលព្រះប្រាប់ពួកគេឲ្យថ្វាយតង្វាយទាំងនេះ។ គោលបំណងនេះ គឺដើម្បីសាងសង់តំណាក់ដ៏ភ្លឺចែងចាំងរបស់ព្រះនៅលើផែនដីនេះ ដែលជាកន្លែងឥតមានបាប ហើយទ្រង់គង់នៅ ដើម្បីឲ្យទ្រង់ជួបជាមួយជនជាតិអ៊ីស្រាអែល ហើយដោះអំពើបាបរបស់ពួកគេចេញ។ ប៉ុន្តែនេះមិនមានន័យថា ព្រះបានប្រាប់ឲ្យពួកគេយកប្រាក់មកសាងសង់អាគាររំឮកធំស្កឹមស្កៃ ដូចជាអាគារព្រះវិហារនៅសព្វថ្ងៃនេះឡើយ។ ហោរាក្លែងក្លាយនៅក្នុងជំនឿគ្រីស្ទ បរិស័ទសព្វថ្ងៃនេះចូលចិត្តអនុវត្តបទគម្ពីរនេះយ៉ាងខុស នៅពេលពួកគេកំពុងតែព្យាយាមសាងសង់អាគារព្រះវិហាររបស់ពួកគេ ដើម្បីបំពេញតាមសេចក្តីប៉ងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេ។ 
ផ្ទុយទៅវិញ ព្រះបានប្រាប់យើងសាសន៍អ៊ីស្រាអែលឲ្យថ្វាយតង្វាយទាំងអស់ដល់ទ្រង់ ដើម្បីឲ្យទ្រង់នឹងប្រើពួកគេសាងសង់តំណាក់របស់ទ្រង់ ហើយប្រទានពរយ៉ាងបរិបូរដល់ពួកគេនៅទីនោះ។ តាមការពិត មូលហេតុដែលទ្រង់ទទួលយកតង្វាយទាំងនេះ គឺដើម្បីសង្រ្គោះយើងចេញពីអំពើបាប និងការជំនុំជម្រះរបស់យើង។ ព្រះអង្គទ្រង់ផ្ទាល់ត្រូវជួបជាមួយយើងដែលមានជីវិតដ៏គួរឲ្យអាណិត ដើម្បីលាងសម្អាតអំពើបាបរបស់យើងចេញ ដោះអំពើបាបរបស់យើងចេញ និងយកយើងធ្វើជារាស្ត្ររបស់ទ្រង់។ 
 

អត្ថន័យខាងវិញ្ញាណអាថ៌កំបាំងនៃតង្វាយដែលព្រះបានបង្គាប់ឲ្យថ្វាយទ្រង់

មុនពេលយើងបន្តដំណើរទៅមុខទៀត ជាដំបូង ចូរយើងចំណាយពេលវេលាខ្លះ ដើម្បីសញ្ជឹងគិតអំពីអត្ថន័យខាងវិញ្ញាណនៃតង្វាយទាំងនេះ ដែលព្រះបានបង្គាប់ឲ្យថ្វាយដល់ទ្រង់។ បន្ទាប់មក យើងនឹងពិនិត្យមើលជំនឿរបស់យើងនៅក្នុងអត្ថន័យរបស់វា។ 
 

មាស ប្រាក់ និងលង្ហិន

ជាដំបូង យើងគួរតែរកមើលកន្លែងដែលមាស ប្រាក់ និងលង្ហិនត្រូវបានប្រើប្រាស់។ នៅក្នុងរោងឧបោសថ មាសត្រូវបានប្រើប្រាស់នៅក្នុងទីបរិសុទ្ធ ទីបរិសុទ្ធបំផុត ហើយប្រដាប់ប្រដាធ្វើពីមាសមានដូចជា ជើងចង្កៀង តុតាំងនំប៉័ង អាសនាគ្រឿងក្រអូប ទីសណ្តោសប្រោស និងហិបសញ្ញា។ នៅក្នុងព្រះបន្ទូលព្រះ មាសសំដៅទៅលើជំនឿ។ ហើយប្រាក់សំដៅទៅលើព្រះគុណនៃសេចក្តីសង្រ្គោះ។ វាប្រាប់យើងថា យើងត្រូវតែមានជំនឿដែលជឿលើអំណោយទាននៃសេចក្តីសង្រ្គោះ ដែលព្រះមែស៊ីបានប្រទានឲ្យ និងជំនឿដែលជឿថា ព្រះអម្ចាស់របស់យើងបានទទួលយកអំពើបាបទាំងអស់របស់យើង ហើយបានទទួលទោសជំនួសយើង។ 
ចំណែកឯលង្ហិនវិញ ត្រូវបានប្រើប្រាស់សម្រាប់ជើងសរសរ ចម្រឹង ចានក្លាំ និងអាសនាតង្វាយដុតនៅក្នុងរោងឧបោសថ។ ប្រដាប់ប្រដាធ្វើពីលង្ហិនទាំងអស់ត្រូវបានកប់ ឬដាក់នៅលើដី។ នេះសំដៅទៅលើការជំនុំជម្រះអំពើបាបរបស់មនុស្ស ហើយលង្ហិនក៏ប្រាប់យើងផងដែរថា យើងត្រូវតែទទួលទោសពីព្រះ សម្រាប់ការមិនគោរពតាមក្រិត្យវិន័យ និងសម្រាប់អំពើបាបរបស់យើង។ 
ដូច្នេះ តើអ្វីគឺជាអត្ថន័យខាងវិញ្ញាណនៃមាស ប្រាក់ និងលង្ហិន? ពួកវាបង្កើតមូលដ្ឋានគ្រឹះនៃជំនឿ លើការទទួលអំណោយទាននៃសេចក្តីសង្រ្គោះពីព្រះ។ ព្រះគម្ពីរប្រាប់យើងថា យើងទាំងអស់គ្នាគឺជាមនុស្សមានបាប ដែលមិនអាចគោរពតាមក្រិត្យវិន័យទាំងស្រុងបានឡើយ ហើយដូច្នេះ យើងត្រូវតែស្លាប់ ដោយសារអំពើបាបរបស់យើង ហើយថា ជំនួសឲ្យសេចក្តីស្លាប់របស់យើង ព្រះអម្ចាស់បានយាងមកផែនដីនេះ ហើយបានទទួលទោសសម្រាប់អំពើបាបរបស់យើង តាមរយៈការធ្វើជាតង្វាយយញ្ញបូជាលោះបាប ដែលត្រូវបានថ្វាយនៅក្នុងរោងឧបោសថ។ 
ដើម្បីដោះស្រាយបញ្ហាបាបរបស់យើង មនុស្សមានបាបបាននាំសត្វឥតខ្ចោះមួយមករោងឧបោសថ ហើយយោងតាមប្រព័ន្ធថ្វាយយញ្ញបូជា ពួកគេបានផ្ទេរអំពើបាបរបស់ពួកគេទៅលើវា ដោយការដាក់ដៃលើក្បាលរបស់វា បន្ទាប់មក ពួកគេបានបង្ហូរឈាមវា និងសម្លាប់វា។ ដោយធ្វើបានធ្វើដូច្នេះ ជនជាតិអ៊ីស្រាអែលដែលសមនឹងធ្លាក់ទៅក្នុងស្ថាននរក (លង្ហិន) អាចទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ (ប្រាក់) ហើយបានរួចពីទោសនៃបាបរបស់ពួកគេ ដោយសារជំនឿបាន (មាស)។ 
 


អំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងអំបោះខ្លូតទេសយ៉ាងម៉ដ្ត

អំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងអំបោះខ្លូតទេសយ៉ាងម៉ដ្តនេះគឺជាសម្ភារៈផ្សេងៗទៀត ដែលជារឿយៗ ត្រូវបានប្រើប្រាស់៖ អំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងអំបោះខ្លូតទេសយ៉ាងម៉ដ្ត។ អំបោះទាំងនេះត្រូវបានប្រើប្រាស់សម្រាប់ទ្វារចូលទីលានរោងឧបោសថ ទ្វារចូលទីបរិសុទ្ធ និងវាំងននខ័ណ្ឌចែករវាងទីបរិសុទ្ធ និងទីបរិសុទ្ធបំផុត។ អំបោះទាំងបួននេះប្រាប់យើងអំពីសេចក្តីពិត ដូចដែលបានទាយនៅក្នុង លោកុប្បត្តិ ៣:១៥ ថា ព្រះអម្ចាស់នឹងយាងមកក្នុងនាមជាពូជរបស់ស្ត្រី ព្រះអម្ចាស់ពិតជាបានយាងមកផែនដីនេះ ហើយសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបរបស់ពួកគេ ដោយការទទួលបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាង ហើយថា ទ្រង់ផ្ទាល់បានសង្រ្គោះពួកគេ។ 
អំបោះទាំងបួននេះមិនគ្រាន់តែត្រូវបានប្រើប្រាស់ សម្រាប់ទ្វារចូលរោងឧបោសថប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សំលៀកបំពាក់របស់សម្តេចសង្ឃ និងគម្របរោងឧបោសថផងដែរ។ នេះគឺជាសម្ព័ន្ធមេត្រីរបស់ព្រះថា ព្រះយេស៊ូវគ្រីស្ទនឹងយាងមកផែនដីនេះ ហើយសង្រ្គោះយើងចេញពីអំពើបាបរបស់យើង តាមរយៈការបំពេញសម្រេចព័ន្ធកិច្ចនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ហើយព្រះអម្ចាស់របស់យើងពិតជាបានបំពេញតាមសេចក្តីសន្យានេះ ហើយបានសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយនេះមែន។ 
ចំណុចសំខាន់បំផុតនៃទ្វារចូលរោងឧបោសថ គឺជាអំបោះពណ៌ផ្ទៃ មេឃ។ ហេតុអ្វីព្រះយេស៊ូវគ្រីស្ទដែលយាងមកផែនដីនេះក្នុងនាមជាព្រះមែស៊ី ត្រូវតែសុគតនៅលើឈើឆ្កាង? មូលហេតុគឺថា ទ្រង់បានទទួលបុណ្យជ្រមុជ។ អំបោះពណ៌ផ្ទៃមេឃសំដៅទៅលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ អំបោះពណ៌ស្វាយប្រាប់យើងថា ព្រះយេស៊ូវគឺជាស្តេច ហើយអំបោះពណ៌ក្រហមសំដៅទៅលើការសុគតនៅលើឈើឆ្កាង និងការបង្ហូរព្រះលោហិតរបស់ទ្រង់។ អំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងអំបោះខ្លូតទេសយ៉ាងម៉ដ្តគឺជាសម្ភារៈសាងសង់ចាំបាច់ ដែលបង្កើតអំណោយទាននៃសេចក្តីសង្រ្គោះ ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យយើង តាមរយៈការយាងមកផែនដីនេះក្នុងនាមជាព្រះមែស៊ី និងការទទួលអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់។ 
មនុស្សជាច្រើននៅលោកិយនេះ គ្រាន់តែសង្កត់ធ្ងន់ថា ព្រះយេស៊ូវ គ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ ហើយថា ទ្រង់គឺជាព្រះផ្ទាល់ តាំងពីដំបូង។ ប៉ុន្តែព្រះប្រាប់យើងយ៉ាងច្បាស់លាស់ តាមរយៈរោងឧបោសថថា សេចក្តីបង្រៀនបែបនេះមិនអាចជាសេចក្តីពិតពេញលេញបានឡើយ។ 
នៅក្នុង ១ពេត្រុស ៣:២១ សាវកពេត្រុសបាននិយាយថា «ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ មិនមែនជាការសំអាតក្អែលរបស់រូបសាច់ចេញទេ គឺជាសេចក្តីសន្មតិរបស់បញ្ញាចិត្តដ៏ជ្រះថ្លាចំពោះព្រះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្មរស់ឡើងវិញ»។ 
នេះធ្វើបន្ទាល់ប្រាប់យើងថា ព្រះយេស៊ូវគ្រីស្ទបានបំពេញសម្រេចតាមសេចក្តីសន្យារបស់ទ្រង់អំពីសេចក្តីសង្រ្គោះ ហើយបានបង្កើតមូលដ្ឋានគ្រឹះនៃជំនឿទាំងមូល ដោយការទទួលបុណ្យជ្រមុជ ដែលជាគំរូដែលសង្រ្គោះយើង។ តើព្រះមែស៊ីគឺជាអ្នកណា? ព្រះមែស៊ីមានន័យថា ព្រះអង្គសង្រ្គោះ ដែលប្រាប់យើងថា ព្រះយេស៊ូវបានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើង និងអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ ហើយបានទទួលយកអំពើបាបទាំងនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ 
ព្រះបានបង្គាប់ឲ្យសាសន៍អ៊ីស្រាអែល ធ្វើទ្វារចូលទីលានរោងឧបោសថ ដោយការត្បាញអំបោះពណ៌ខៀវ ពណ៌ផ្ទៃមេឃ និងពណ៌ក្រហម និងសំពត់ខ្លូតទេសត្បាញយ៉ាងម៉ដ្ត។ ហើយគោលបំណងរបស់ព្រះអម្ចាស់ដែលជាស្តេចលើសអស់ទាំងស្តេច និងជាម្ចាស់ស្ថានសួគ៌ ក្នុងការយាងមកផែនដីនេះក្នុងនាមជាមនុស្សម្នាក់ គឺដើម្បីបំពេញសម្រេច សេចក្តីពិតអំពីអំបោះពណ៌ខៀវ ពណ៌ផ្ទៃមេឃ និងពណ៌ក្រហម និងសំពត់ខ្លូតទេសត្បាញយ៉ាងម៉ដ្តនេះ។ ព្រះអម្ចាស់បានយាងមកក្នុងនាមជាមនុស្សម្នាក់ ហើយបានទទួលបុណ្យជ្រមុជដែលនឹងបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតនៃព្រះ ពីលោកយ៉ូហាន-បាទ្ទីសដែលជាតំណាងនៃមនុស្សជាតិ។ 
 


នេះដូចគ្នានឹងតង្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់


ដែលបានទទួលយកអំពើបាបរបស់សាសន៍អ៊ីស្រាអែល ដោយការដាក់ដៃរបស់សម្តេចសង្ឃលើក្បាលវា ហើយដែលបានទទួលយកទោសសម្រាប់អំពើបាបទាំងនេះជំនួសពួកគេ។ នៅក្នុងន័យផ្សេង ដូចដែលតង្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែរ ព្រះយេស៊ូវបានយាងមកក្នុងព្រះគម្ពីរសញ្ញាថ្មី ក្នុងនាមជាតង្វាយយញ្ញបូជាសម្រាប់អំពើបាបរបស់មនុស្សមានបាបទាំងអស់ បានទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាង ហើយដូច្នេះ បានទទួលយកទោសនៃអំពើបាបទាំងអស់របស់លោកិយនេះ។ ព្រះយេស៊ូវបានបំពេញសម្រេចសេចក្តីពិតនៃអំបោះពណ៌ខៀវ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ក្នុងនាមជាកូនចៀមយញ្ញបូជានៃព្រះ។ តាមរយៈបុណ្យជ្រមុជនេះ ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់មនុស្សជាតិដាក់លើអង្គទ្រង់តែម្តងជាសម្រេច។ 
មូលហេតុដែលគ្រីស្ទបរិស័ទភាគច្រើនបានក្លាយទៅជាមនុស្សដែលកាន់តែអាក្រក់ជាងសាសនាលោកិយទាំងឡាយ គឺដោយព្រោះពួកគេមិនអាចស្គាល់ និងជឿតាមសេចក្តីពិតអំពីអំបោះពណ៌ផ្ទៃមេឃ ដែលជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយដូច្នេះ មិនបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេតែម្តងជាសម្រេច។ នៅពេលគ្រីស្ទបរិស័ទមិនមានការកាត់ស្រាយត្រឹមត្រូវអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ទេ ពួកគេមិនអាចមូលដ្ឋានគ្រឹះនៃជំនឿរបស់ពួកគេត្រឹមត្រូវតាំងពីដំបូងបានឡើយ។
និយាយឲ្យច្បាស់លាស់ អំបោះពណ៌ផ្ទៃមេឃគឺជាមធ្យោបាយ និងសេចក្តីពិត ដែលព្រះមែស៊ីយាងមកផែនដីនេះ និងទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់។ ហើយអំបោះពណ៌ក្រហមសំដៅទៅលើព្រះលោហិតរបស់ព្រះយេស៊ូវ។ មូលហេតុដែលព្រះយេស៊ូវគ្រីស្ទបានជាប់ឆ្កាង បានបង្ហូរព្រះលោហិតទ្រង់ និងបានសុគតនៅលើឈើឆ្កាង គឺដោយព្រោះអំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន ទើបទ្រង់អាចសុគតនៅលើឈើឆ្កាងបាន ហើយដោយសារតែការពិតនេះ យញ្ញបូជារបស់ទ្រង់នៅលើឈើឆ្កាងសម្រាប់យើងមិនឥតប្រយោជន៍ទេ។ ដោយសារព្រះយេស៊ូវគ្រីស្ទដែលជាព្រះ មែស៊ី បានទទួលយកទោសនៃបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់ ទើបទ្រង់អាចបំពេញសម្រេចសេចក្តីសង្រ្គោះរបស់យើងបាន។ 
អំបោះពណ៌ស្វាយមានន័យថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះ និងជា ស្តេចលើសអស់ទាំងស្តេច។ ព្រះយេស៊ូវគ្រីស្ទគឺជាស្តេចលើសអស់ទាំងស្តេច (អំបោះពណ៌ស្វាយ) ប៉ុន្តែបើសិនទ្រង់មិនបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដែលជាតំណាងនៃមនុស្សជាតិទេ ហើយបើសិនទ្រង់មិនបានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ទេ (អំបោះពណ៌ផ្ទៃមេឃ) ទោះបើទ្រង់ទទួលរងការឈឺចាប់ និងការរងទុក្ខខ្លាំងយ៉ាងណា រហូតដល់សុគតនៅលើឈើឆ្កាងក៏ដោយ (អំបោះពណ៌ក្រហម) ក៏ការសុគតរបស់ទ្រង់ឥតប្រយោជន៍ដែរ។ សំពត់ខ្លូតទេសត្បាញយ៉ាងម៉ដ្តកំពុងតែប្រាប់យើងថា ព្រះបន្ទូលទំនាយដែលព្រះបានមានបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ត្រូវបានបំពេញសម្រេចទាំងអស់នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ 
 
 

ជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះបាត់បង់អត្ថន័យនៃ អំបោះពណ៌ផ្ទៃមេឃ


មានទំនោរមួយនៅក្នុងជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះ ដែលព្រងើយកន្តើយចំពោះអំបោះពណ៌ផ្ទៃមេឃ ក្នុងចំណោមអំបោះទាំងបួន ហើយកាត់ស្រាយព្រះបន្ទូលព្រះតាមតែចិត្តរបស់ខ្លួន។ អំពើបាបដ៏ធ្ងន់ធ្ងរនេះពិតជានឹងត្រូវទទួលទោសជាមិនខាន។
អំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសត្បាញយ៉ាងម៉ដ្ត ដែលត្រូវបានប្រើប្រាស់សម្រាប់ទ្វារចូលទីលានរោងឧបោសថ ប្រាប់យើងអំពីសេចក្តីពិតនៃសេចក្តីសង្រ្គោះថា ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ព្រះយេស៊ូវគ្រីស្ទដែលជាព្រះមែស៊ីរបស់យើងត្រូវតែយាងមកផែនដីនេះក្នុងនាមជាមនុស្សម្នាក់ ទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាង។ ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់។ 
តើព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់តាមរបៀបណា? ទ្រង់បានទទួលយកអំពើបាបទាំងនោះ តាមរយៈបុណ្យជ្រមុជដែលទ្រង់ទទួលពីលោកយ៉ូហាន។ លុះត្រាតែព្រះយេស៊ូវទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ ទើបទ្រង់អាចធ្វើជាព្រះអង្គសង្រ្គោះពិតប្រាកដរបស់យើងបាន។ ដូច្នេះហើយបានជាទ្វាររោងឧបោសថត្រូវតែត្បាញដោយអំបោះទាំងបួននេះ ពីព្រោះវាប្រាប់យើងថា ព្រះយេស៊ូវដែលបានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជ បានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ គឺជាព្រះពិតប្រាកដ។ 
ដូច្នេះ ទ្វារចូលទីលានរោងឧបោសថត្រូវបានធ្វើដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសត្បាញយ៉ាងម៉ដ្តទាំងនេះ។ ព្រះយេស៊ូវគឺជាទ្វារនៃសេចក្តីសង្រ្គោះដែលនាំយើងទៅនគរស្ថានសួគ៌។ ទ្វារនេះត្រូវបានត្បាញដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសត្បាញយ៉ាងម៉ដ្ត។ ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់មនុស្សមានបាប។ បុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ព្រះយេស៊ូវ គឺជាអំណោយទាននៃសេចក្តីសង្រ្គោះរបស់ទ្រង់ ដែលបានសង្រ្គោះយើងដែលជាមនុស្សមានបាប ចេញពីអំពើបាបរបស់យើង។ 
ដោយសារជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះមិនបានយល់យ៉ាងត្រឹមត្រូវអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ទើបវាមិនអាចជួបនឹងព្រះពិតបានទេ ហើយផ្ទុយទៅវិញ វាត្រូវបែរទៅឯសាសនាមួយក្នុងចំណោមសាសនាជាច្រើននៅក្នុងលោកិយនេះវិញ។ ដូច្នេះ ទាក់ទងនឹងជំនឿរបស់យើង យើងត្រូវតែដាក់មូលដ្ឋានគ្រឹះនៃជំនឿរឹងមាំ នៅលើសេចក្តីពិតអំពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ មូលដ្ឋានគ្រឹះនៃជំនឿគឺជាការពិតថា ព្រះអម្ចាស់របស់យើងបានយាងមកផែនដីនេះ ហើយបានសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាបរបស់លោកិយនេះ តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសត្បាញយ៉ាងម៉ដ្ត។ 
ព្រះយេស៊ូវបានយាងមកផែនដីនេះ ហើយបានបំពេញសម្រេចអំណោយទាននៃសេចក្តីសង្រ្គោះ ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតនៅលើឈើឆ្កាងរបស់ទ្រង់។ និយាយឲ្យកាន់តែជាក់លាក់ ព្រះយេស៊ូវបានយាងមកផែនដីនេះក្នុងនាមជាមនុស្សមា្នក់ បានទទួលយកអំពើបាបរបស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ បានធួននឹងអំពើបាបទាំងអស់របស់យើង តាមរយៈព្រះលោហិតទ្រង់នៅលើឈើឆ្កាង ហើយដូច្នេះ បានទទួលយកទោសនៃអំពើបាបរបស់យើង ដោយការសុគតនៅលើឈើឆ្កាង។ ព្រះយេស៊ូវនេះ ដែលបានសង្រ្គោះយើង តាម រយៈទឹក និងព្រះលោហិត (១យ៉ូហាន ៥:៤-៨) គឺជាព្រះអម្ចាស់នៃការបង្កបង្កើតដែលបានបង្កើតយើងមក ហើយជាព្រះអង្គដែលបានប្រទានឲ្យយើងនូវអំណោយទាននៃសេចក្តីសង្រ្គោះ ដែលបានសង្រ្គោះយើង។ ព្រះយេស៊ូវនេះ ដែលបានសង្រ្គោះយើងចេញពីអំពើបាប និងទោសទាំងអស់របស់យើង បានធ្វើជាព្រះអង្គសង្រ្គោះពិតប្រាកដរបស់យើង។ នេះហើយគឺជាអ្វីដែលសម្ភារៈសាងសង់រោងឧបោសថកំពុងតែប្រាប់យើង។ 
ដូច្នេះ យើងត្រូវតែបង្កើតមូលដ្ឋានគ្រឹះនៃជំនឿរឹងមាំ ដោយការជឿលើសម្ភារៈទាំងនេះ។ នៅក្នុងការជឿលើព្រះយេស៊ូវដែលបានយាងមកក្នុងនាមជាព្រះមែស៊ី និងព្រះអង្គសង្រ្គោះរបស់យើង យើងត្រូវតែជឿយ៉ាងត្រឹមត្រូវ និងអស់ពីចិត្តរបស់យើងលើបុណ្យជ្រមុជដែលទ្រង់បានទទួល លើទោសទាំងអស់ដែលទ្រង់បានទទួលយកនៅលើឈើឆ្កាង និងលើការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ ព្រះអង្គសង្រ្គោះដែលបានប្រទានឲ្យយើងនូវអំណោយទាននៃសេចក្តីសង្រ្គោះចេញពីអំពើបាប តាម រយៈបុណ្យជ្រមុជ និងព្រះលោហិតនៅលើឈើឆ្កាងរបស់ទ្រង់ មិនគ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាព្រះអាទិករដែលបានបង្កើតមនុស្សជាតិ និងចក្រវាលទាំងមូលផងដែរ។ ដូច្នេះ យើងត្រូវតែប្រកាសជំនឿរបស់យើងលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ពីព្រោះបើសិនមិនមានការប្រកាសជំនឿបែបនេះទេ ជំនឿ និងការទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះពិតជាមានភាពរង្គោះរង្គើហើយ។ 
តើអ្នកធ្លាប់លេងហ្គេមរៀបពាក្យឡើងវិញដែរទេ? ហ្គេមនេះចាប់ផ្តើមពីមនុស្សម្នាក់ ដែលបានទទួលកាតមួយដែលមានសរសេរឃ្លាមួយ។ មនុស្សទីមួយអានឃ្លានោះ យ៉ាងសម្ងាត់ ហើយបន្ទាប់មក បញ្ចេញឃ្លានោះ ដោយគ្រាន់តែធ្វើចលនាបបូរមាត់ស្ងាត់ៗ។ បន្ទាប់មក មនុស្សម្នាក់ទៀតដែលអានដោយបបូរមាត់ ក៏ហុចទៅឲ្យមនុស្សទីបី។ មនុស្សម្នាក់នេះអានបបូរមាត់របស់មនុស្សទីពីរ ហើយបន្ទាប់មក ហុចវាទៅឲ្យមនុស្សទីបួន តាមរបៀបដូចគ្នា រហូតដល់មនុស្សចុងក្រោយ។ គោលបំណងនៃហ្គេមនេះ គឺដើម្បីឲ្យមនុស្សចុងក្រោយនិយាយឃ្លាដើមឲ្យបានត្រឹមត្រូវដូចពីដំបូង។ ហ្គេមនេះបង្កភាពសប្បាយរីករាយ ពីព្រោះឃ្លាដើមងាយនឹងច្របូកច្របល់ខ្លាំងណាស់។ ជាក់ស្តែង បើសិនហ្គេមបានចាប់ផ្តើម ដោយឃ្លាមួយថា «ចូរបើកកង្ហារ» បន្ទាប់ពីហុចទៅដល់មនុស្សពីរបីនាក់ វាចាប់ផ្តើមផ្លាស់ប្តូរហើយ។ នៅចុងបញ្ចប់ មនុស្សុចុងក្រោយអាចនិយាយថា «ចូរបើកសត្វលា» ដែលជាឃ្លាខុសពីឃ្លាដើមទាំងស្រុង។ 
ដូចដែលមនុស្សចុងក្រោយនេះបង្កើតឃ្លាខុសស្រឡះមួយ ជំនឿ គ្រីស្ទបរិស័ទសព្វថ្ងៃនេះក៏មានជំនឿខុស ដូចជាខ្លួនបានលេងហ្គេមរៀបពាក្យឡើងវិញនេះដែរ។ ហេតុអ្វីដូច្នេះ? ពីព្រោះវាមិនបានដាក់មូលដ្ឋានគ្រឹះនៃជំនឿនៅលើជំនឿលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះមិនបានចាក់គ្រឹះរបស់ខ្លួននៅលើជំនឿលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមទេ។ កាលណាគ្រឹះនៃជំនឿរង្គោះរង្គើ យើងពិតជាមិនអាចជឿលើព្រះយេស៊ូវដោយឆេះឆួល និងព្យាយាមអនុវត្តសេចក្តីបង្រៀនរបស់ទ្រង់នៅក្នុងជីវិតរបស់យើងបានឡើយ ទោះបើយើងខិតខំធ្វើដូច្នេះខ្លាំងយ៉ាងណាក៏ដោយ។ 
នៅពេលព្រះអម្ចាស់បង្គាប់ឲ្យសាសន៍អ៊ីស្រាអែលនាំតង្វាយរបស់ពួកគេទៅឯទ្រង់ ដើម្បីសាងសង់រោងឧបោសថ ជាដំបូង ទ្រង់បានបង្គាប់ឲ្យពួកគេយកមាស ប្រាក់ និងលង្ហិន ហើយបន្ទាប់មក យកអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសត្បាញយ៉ាងម៉ដ្ត។ សម្ភារៈសាងសង់ទាំងនេះសុទ្ធតែបង្ហាញប្រាប់យើងថា ព្រះយេស៊ូវបានសង្រ្គោះយើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ពីលោកយ៉ូហាន ការបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ 
អំបោះពណ៌ផ្ទៃមេឃមិនគ្រាន់តែត្រូវបានប្រើសម្រាប់ទ្វារទាំងអស់នៃរោងឧបោសថប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សំលៀកបំពាក់របស់សម្តេចសង្ឃ និងគម្របរោងឧបោសថផងដែរ។ នេះគឺជាដំណឹងល្អដែលកំពុងតែប្រាប់យើងអំពីរបៀបដែលព្រះអម្ចាស់បានយាងមកផែនដីនេះ និងរបៀបដែលទ្រង់បានសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាបរបស់យើង។ ដូច្នេះ វាប្រាប់យើងអំពីសារៈសំខាន់នៃប្រដាប់ប្រដាមូលដ្ឋាននៃជំនឿទាំងបួននេះ គឺអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសត្បាញយ៉ាងម៉ដ្ត ដែលទាំងអស់គឺជាជំនឿរបស់យើងនេះហើយ។ ដោយផ្អែកលើព្រះបន្ទូលនេះ យើងត្រូវតែដាក់មូលដ្ឋានគ្រឹះនៃជំនឿរបស់យើងឲ្យបានរឹងមាំ។ ហើយលុះត្រាតែយើងធ្វើដូច្នេះ ទើបយើងអាចជឿលើព្រះ ហើយទទួលបានការអត់ទោសបាបរបស់យើង បានធ្វើជាអ្នកបម្រើរបស់ទ្រង់ដែលប្រកាសព្រះបន្ទូលនេះបាន ហើយកាលណាព្រះអម្ចាស់យាងមកវិញ យើងអាចធ្វើជាមនុស្សនៃជំនឿដែលអាចឈរយ៉ាងមានទំនុកចិត្តនៅចំពោះព្រះ ដោយជំនឿនេះបាន។ 
នៅប្រទេសកូរ៉េ នៅតែមានគំនិតខុសឆ្គងដែលចាត់ទុកអ្វីដែលមកពីបរទេស មានគុណភាពល្អជាង។ ទំនោរនេះក៏មាននៅក្នុងពួកទេវវិទូនៅក្នុងប្រទេសរបស់ខ្ញុំផងដែរ ដែលដាក់ទំនុកចិត្តយ៉ាងខ្លាំងលើអ្វីដែលពួកទេវវិទូពីលោកខាងលិចបាននិយាយ គឺពឹងផ្អែកលើពាក្យសម្តីរបស់ពួកគេជាងព្រះបន្ទូលព្រះ។ ពួកគេត្រូវតែចាកចេញពីភាពល្ងង់ខ្លៅនេះ ហើយពួកគេត្រូវតែជឿតាមព្រះបន្ទូលព្រះ ដោយទុកចិត្ត និងពឹងផ្អែកលើទ្រង់ ពីព្រោះសេចក្តីពិតអំពីបុណ្យជ្រមុជរបស់ព្រះអម្ចាស់ ព្រះលោហិតទ្រង់ និងការពិតថា ទ្រង់គឺជាព្រះ បានធ្វើជាទ្វារនៃសេចក្តីសង្រ្គោះរបស់យើង។ 
ដូចដែលសាវកពេត្រុសបានសារភាពថា «ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់» (ម៉ាថាយ ១៦:១៦) បើសិនអ្នកជឿលើព្រះ ហើយបើសិនអ្នកជឿថា ព្រះអម្ចាស់បានយាងមកផែនដីនេះ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង នោះអ្នកក៏ត្រូវតែដឹង និងជឿថា ព្រះអម្ចាស់បានធ្វើជាព្រះនៃសេចក្តីពិតពិតប្រាកដរបស់យើង ដោយការទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញផងដែរ។ បុណ្យជ្រមុជ និងព្រះលោហិតនៅលើឈើឆ្កាងរបស់ព្រះអម្ចាស់គឺជាមូលដ្ឋានគ្រឹះនៃជំនឿពិតប្រាកដ ដែលជួយឲ្យយើងអាចទទួលបានអំណោយទាននៃសេចក្តីសង្រ្គោះបាន។ បើសិនយើងមិនអាចជឿតាមជំនឿអំពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសត្បាញយ៉ាងម៉ដ្ត ដែលស្របតាមព្រះបន្ទូលព្រះបានទេ តើយើងអាចចាត់ទុកវាជាជំនឿពិតប្រាកដបានយ៉ាងដូចម្តេច?
 

ក្រិត្យវិន័យជាស្រមោលនៃការល្អដែលត្រូវមក

សម្ភារៈសាងសង់រោងឧបោសថបង្ហាញប្រាប់យើងថា ព្រះអម្ចាស់របស់យើងបានយាងមកផែនដីនេះ ក្នុងនាមជាមនុស្សម្នាក់ បានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ បានទទួលទោសនៃអំពើបាបរបស់យើង តាមរយៈការសុគតនៅលើឈើឆ្កាងរបស់ទ្រង់ បានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយដូច្នេះ បានធ្វើជាព្រះអង្គសង្រ្គោះរបស់យើង។ តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រះអម្ចាស់បានសន្យានៅក្នុងព្រះគម្ពីរសញ្ញាចាស់ថា ទ្រង់នឹងប្រទានអំណោយទាននៃសេចក្តីសង្រ្គោះដល់យើង។ ព្រះអង្គដែលបានប្រទានសម្ព័ន្ធមេត្រីនេះដល់យើង គឺពិតជាព្រះយេស៊ូវគ្រីស្ទនេះហើយ ដែលជាស្តេចលើសអស់ទាំងស្តេច ដែលបានទទួលបុណ្យជ្រមុជ និងបានសុគតនៅលើឈើឆ្កាងជំនួសមនុស្សមានបាប។ នៅក្នុងន័យផ្សេង ព្រះអង្គនេះបានយាងមកឯយើង ក្នុងនាមជាព្រះមែស៊ី។ ដូច្នេះ យើងត្រូវតែដាក់មូលដ្ឋានគ្រឹះនៃជំនឿរបស់យើង ដោយការយល់ និងជឿតាមសេចក្តីពិតទាំងស្រុង។ តាមរយៈការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងទាំងអស់គ្នាត្រូវតែទទួលបានអំណោយទាននៃសេចក្តីសង្រ្គោះ។ 
មាស ប្រាក់ និងលង្ហិនក៏ជាសម្ភារៈប្រើប្រាស់សម្រាប់រោងឧបោសថផងដែរ។ សម្ភារៈទាំងនេះសំដៅទៅលើមូលដ្ឋានគ្រឹះនៃជំនឿរបស់យើង។ នៅចំពោះព្រះ យើងត្រូវធ្លាក់ទៅក្នុងស្ថាននរក ដោយសារអំពើបាបរបស់យើង។ ប៉ុន្តែសម្រាប់មនុស្សដូចជាយើង ព្រះអម្ចាស់បានប្រទានអំណោយទាននៃសេចក្តីសង្រ្គោះដល់យើងដែលជឿ។ ដូចដែលតង្វាយយញ្ញបូជាគឺសម្រាប់មនុស្សជាតិទាំងមូល ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន បានសុគតនៅលើឈើឆ្កាង ហើយដូច្នេះ បានសង្រ្គោះយើងទាំងស្រុងចេញពីអំពើបាបរបស់យើង។ គ្មានផ្លូវ ដែលយើងអាចគេចរួចពីស្ថាននរកឡើយ ពីព្រោះយើងគ្រាន់តែបានដឹងថា យើងត្រូវទទួលទោសសម្រាប់អំពើបាបរបស់យើង ហើយមិនបានដឹងពីរបៀបដែលយើងអាចមានជំនឿដែលដោះអំពើបាបទាំងអស់របស់យើងចេញ។ ប៉ុន្តែនៅក្នុងព្រះ មានអំណោយទាននៃសេចក្តីសង្រ្គោះ។ ព្រះយេស៊ូវបានយាងមកផែនដីនេះ បានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់ បានសុគតនៅលើឈើឆ្កាង ហើយដូច្នេះ បានដោះស្រាយបញ្ហានៃអំពើបាប និងទោសទាំងអស់របស់យើង។ នេះហើយគឺជាអំណោយទាននៃសេចក្តីសង្រ្គោះ។ 
យើងបានសង្រ្គោះចេញពីអំពើបាបរបស់យើង ដោយសារជំនឿរបស់យើងថា ព្រះបានបំពេញសម្រេចព្រះរាជកិច្ចសម្រាប់សេចក្តីសង្រ្គោះរបស់យើង ហើយបានប្រទានឲ្យយើងនូវអំណោយទាននៃសេចក្តីសង្រ្គោះនេះ។ ដូច្នេះហើយបានជាព្រះបានបង្គាប់ឲ្យថ្វាយជំនឿនៃមាស ប្រាក់ និងលង្ហិនដល់ទ្រង់ ពីព្រោះទ្រង់បានសង្រ្គោះអស់អ្នកដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក ដោយការប្រទានអំណោយទាននៃសេចក្តីសង្រ្គោះដល់ពួកគេ។ ដោយសារព្រះអម្ចាស់ពិតជាបានសង្រ្គោះយើង ដោយការយាងមកផែនដីនេះ ការទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ និងការទទួលយកទោសទាំងអស់របស់យើង ទើបយើងបានសង្រ្គោះទាំងស្រុងនៅចំពោះព្រះ ដោយការជឿលើអំណោយទាននៃសេចក្តីសង្រ្គោះនេះ។ 
ឥឡូវនេះ ព្រះយេស៊ូវគ្រីស្ទបានធ្វើជាព្រះអង្គសង្រ្គោះដ៏គ្រប់លក្ខណ៍របស់យើងហើយ។ ដូច្នេះ យើងត្រូវតែឈរយ៉ាងមាំមួន ជាមួយជំនឿលើអំណោយទាននៃសេចក្តីសង្រ្គោះរបស់ទ្រង់ ពីព្រោះអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសត្បាញយ៉ាងម៉ដ្តគឺជាអំណោយទាននៃជំនឿ។ ព្រះមិនចង់ឲ្យយើងជឿតាមតែចិត្ត និងដោយ ល្ងិតល្ងង់ និងមិនដឹងអ្វីទាំងអស់នោះឡើយ។
 

រោមពពែ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែកផ្សោត
រោមពពែ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែកផ្សោតសម្ភារៈទាំងនេះត្រូវបានប្រើ ដើម្បីធ្វើរនាំងនៃរោងឧបោសថ។ រនាំងទីមួយត្រូវបានត្បាញដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយរនាំងទីពីរត្រូវបានស្រោបដោយរោមពពែ។ បន្ទាប់មក គេស្រោបរនាំងនេះ ដោយស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម និងស្បែកផ្សោតនៅពីលើ។ តាមរបៀបនេះ រនាំងដែលមានបួនស្រទាប់ បានគ្របដណ្តប់រោងឧបោសថ។ 
រនាំងដែលត្រូវបានដាក់ពីលើរោងឧបោសថ ត្រូវបានធ្វើពីស្បែក ផ្សោត។ ដូច្នេះ ស្បែកផ្សោតពណ៌ខ្មៅទាំងនេះនៅផ្ទៃខាងលើនៃរនាំងរោងឧបោសថ។ ផ្សោតគឺជាសត្វសមុទ្រ ដែលស្បែករបស់វាមានទំហំប្រហែលទំហំរបស់មនុស្សប្រុសម្នាក់ ឬតូចជាងបន្តិច ហើយស្បែកនេះមិនជ្រាបទឹកទេ។ ដូច្នេះហើយបានជាស្បែកផ្សោតត្រូវបានប្រើជារនាំងសម្រាប់ស្រទាប់ខាងលើនៃរោងឧបោសថ។ ដោយហេតុនេះ ទម្រង់ខាងក្រៅនៃរោងឧបោសថមិនមានអ្វីគួរឲ្យចាប់អារម្មណ៍ ឬមិនគួរឲ្យកាន់ផង។ នេះប្រាប់យើងថា នៅពេលព្រះយេស៊ូវបានយាងមកផែនដីនេះសម្រាប់យើង ទ្រង់ពិតជាបានយាងមកនៅក្នុងសណ្ឋានអន់ដូច្នេះ ជាមួយរូបអង្គដែលមិនគ្មានអ្វីគួរឲ្យចាប់អារម្មណ៍សោះ។ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហមប្រាប់យើងថា ព្រះយេស៊ូវគ្រីស្ទនឹងយាងមកផែនដីនេះ ហើយសុគតនៅលើឈើឆ្កាងជំនួសយើង ខណៈដែលរោមពពែប្រាប់យើងថា ទ្រង់នឹងសង្រ្គោះយើង តាមរយៈការទទួលបុណ្យជ្រមុជក្នុងនាមជាតង្វាយយញ្ញបូជារបស់យើង ហើយដូច្នេះ បានទទួលអំពើបាបរបស់យើងដាក់លើអង្គទ្រង់ និងសុគតនៅលើឈើឆ្កាង។
នៅក្នុងន័យផ្សេង សម្ភារៈធ្វើរនាំងរោងឧបោសថទាំងនេះគឺជាមូលដ្ឋានគ្រឹះនៃជំនឿរបស់យើង។ សេចក្តីពិតទាំងនេះគឺជាសម្ភារៈសាងសង់ជំនឿរបស់យើង ដែលមិនអាចខកខានបានឡើយ។ ដើម្បីប្រទានសេចក្តីសង្រ្គោះឲ្យយើង ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ ក្នុងនាមជាតង្វាយយញ្ញបូជារបស់យើងផ្ទាល់។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះបានបង្កើតប្រព័ន្ធថ្វាយតង្វាយ សម្រាប់ការអត់ទោសអំពើបាបដល់សាសន៍ អ៊ីស្រាអែល៖ សត្វយញ្ញបូជាឥតខ្ចោះ (ពពែ កូនចៀម ឬកូនគោ) បានទទួលយកអំពើបាបរបស់សាសន៍អ៊ីស្រាអែល តាមរយៈការដាក់ដៃលើ ហើយត្រូវបានគេសម្លាប់ បង្ហូរឈាម និងដុត ហើយដូច្នេះ បានសង្រ្គោះពួកគេចេញពីអំពើបាបទាំងអស់របស់ពួកគេ។ 
ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ ក្នុងនាមជាកូនចៀមយញ្ញបូជា ហើយបានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ដែលជាការដាក់ដៃលើ។ ដូចដែលតង្វាយយញ្ញបូជាត្រូវបានគេសម្លាប់ ដោយការបង្ហូរឈាមរបស់វា ហើយបានដុតនៅលើអាសនាតង្វាយដុត ដោយសារបានទទួលយកអំពើបាបរបស់សាសន៍អ៊ីស្រាអែល តាមរយៈការដាក់ដៃលើ ព្រះយេស៊ូវគ្រីស្ទក៏ទទួលយកទោសនៃអំពើបាបទាំងអស់របស់យើង ដោយការទទួលបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាង ហើយដូច្នេះ បានសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយនេះផងដែរ។ 
ដូចដែលឈ្មោះនៅក្នុងបញ្ជីជំនុំជម្រះត្រូវបានលុបចេញ ដោយសារការប្រោសឈាមតង្វាយយញ្ញបូជានៅលើស្នែងអាសនាតង្វាយដុត ដោយសារព្រះយេស៊ូវបានទទួលុបណ្យជ្រមុជ និងបានបង្ហូរព្រះលោហិតទ្រង់ ទ្រង់បានបញ្ចប់ការធួននឹងបាបដ៏អស់កល្បជានិច្ច ដោយព្រះលោហិតទ្រង់ ហើយបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ ដូច្នេះ សម្ភារៈទាំងអស់សម្រាប់ធ្វើរោងឧបោសថប្រាប់យើងអំពីព្រះយេស៊ូវគ្រីស្ទ និងព្រះរាជកិច្ចរបស់ទ្រង់ថា ទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបរបស់លោកិយនេះ។ ចាប់ពីព្រះគម្ពីរសញ្ញាចាស់ ដល់ព្រះគម្ពីរសញ្ញាថ្មី ព្រះបន្ទូលថា ព្រះយេស៊ូវបានសង្រ្គោះចេញពីអំពើបាបរបស់យើង គឺជា សេចក្តីពិតដ៏ពេញលេញដែលគ្មានកំហុសអ្វីទាំងអស់។ 
គ្រីស្ទបរិស័ទជាច្រើននៅសព្វថ្ងៃនេះមិនជឿថា ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះក្នុងនាមជាតង្វាយយញ្ញបូជារបស់យើង ហើយបានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ទេ ប៉ុន្តែពួកគេបែរជាជឿយ៉ាងឥតលក្ខខណ្ឌលើការសុគតរបស់ទ្រង់នៅលើឈើឆ្កាងតែមួយមុខគត់។ ជំនឿរបស់គ្រីស្ទបរិស័ទបែបនេះគឺជាទ្វារខុសច្បាប់ចូលទៅទីលានរោងឧបោសថ ដែលត្រូវបានត្បាញដោយអំបោះពណ៌ស្វាយ និងពណ៌ក្រហមតែប៉ុណ្ណោះ ឥតមានអំបោះពណ៌ផ្ទៃមេឃឡើយ។ ពួកគេគ្រាន់តែមាជំនឿខុសដែលមើលមិនឃើញពីសេចក្តីត្រូវការសម្រាប់រនាំងធ្វើពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ឡើយ ហើយថា ពួកគេត្រូវការរនាំងធ្វើពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម និងស្បែកផ្សោតតែប៉ុណ្ណោះ។ 
បើសិនអ្នកពិនិត្យមើលគំនូរនៃរោងឧបោសថ ដែលគេដាក់បង្ហាញនៅទូទាំងពិភពលោក នៅលើគំនូរភាគច្រើន យើងមិនអាចមើលឃើញដានតែបន្តិចនៃអំបោះពណ៌ផ្ទៃមេឃឡើយ។ ដោយសារអ្នកដែលបានគូររូបភាពទាំងនេះ មិនស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទ្វារចូលទីលានរោងឧបោសថនៅក្នុងគំនូររបស់ពួកគេ មានពណ៌ស និងពណ៌ក្រហមទាំងអស់។ ប៉ុន្តែជំនឿនេះមិនអាចមានភាពត្រឹមត្រូវនៅចំពោះព្រះបានឡើយ។
អំបោះដែលត្រូវបានប្រើភាគច្រើន សម្រាប់ទ្វារចូលទីលានរោងឧបោសថ គឺអំបោះពណ៌ផ្ទៃមេឃ បន្ទាប់មក អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ស។ ដូច្នេះ កាលណាយើងសម្លឹងមើលទ្វារចូលទីលានរោងឧបោសថ ពណ៌ទាំងបួននេះត្រូវតែលេចមកឲ្យយើងឃើញភ្លាមៗតែម្តង។ ប៉ុន្តែដោយសារមានមនុស្សយ៉ាងច្រើននៅក្នុងលោកិយនេះ ដែលមានជំនឿមិនយល់ពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ពួកគេទាំងអស់គ្នាបានព្រងើយកន្តើយចំពោះអំបោះពណ៌ទាំងបួន ដែលត្រូវបានគេប្រើសម្រាប់រោងឧបោស ហើយបែរជាសាងសង់ទ្វារចូលរោងឧបោសថរបស់ពួកគេ ដោយអំបោះតែពីរប៉ុណ្ណោះ។
ដោយធ្វើដូច្នេះ ពួកគេកំពុងតែបោកបញ្ឆោតមនុស្សជាច្រើន ដែលមានការយល់ដឹងដែលមានកម្រិតអំពីព្រះ និងមិនសូវយល់ពីព្រះបន្ទូល ទ្រង់។ ពួកគេគឺជាពួកហោរាក្លែងក្លាយ។ ព្រះយេស៊ូវអង្គទ្រង់បានចាត់ទុកមនុស្សទាំងនេះជាស្រងែ ដែលអារក្សបានព្រោះនៅក្នុងចំណោមស្រូវ សាឡី (ម៉ាថាយ ១៣:២៥)។ នៅក្នុងន័យផ្សេង ពួកគេបានធ្វើជាមនុស្សដែលប្រកាសសេចក្តីកុហក ដោយការបោះបង់អំបោះពណ៌ផ្ទៃមេឃចេញពីគំនូនៃទ្វារចូលទីលានរោងឧបោសថរបស់ពួកគេ។ ដូច្នេះហើយបានជាមនុស្សយ៉ាងច្រើននៅតែមានបាប ហើយត្រូវវិនាស ដោយសារបាបរបស់ពួកគេ ទោះបើពួកគេជឿលើព្រះយេស៊ូវក៏ដោយ។ 
មូលដ្ឋានគ្រឹះនៃជំនឿរបស់យើងត្រូវតែឈរនៅយ៉ាងរឹងមាំ។ តើមានប្រយោជន៍អ្វី បើសិនមានជីវិតបែបសាសនារយៈពេលយូរសម្រាប់ព្រលឹងរបស់អ្នក ខណៈដែលវាស្ថិតនៅលើមូលដ្ឋានគ្រឹះនៃជំនឿខុសច្បាប់? ជំនឿខុសអាច ហើយនឹងដួលរលំចុះគ្រប់ពេលវេលាបាន។ ទោះបីជាផ្ទះរបស់យើងស្អាតយ៉ាងណាក៏ដោយ តើវាមានប្រយោជន៍អ្វី បើសិនផ្ទះនេះត្រូវបានសាងសង់ឡើងនៅលើមូលដ្ឋានគ្រឹះនៃជំនឿខុសច្បាប់? ទោះបីជាអ្នកបានបម្រើព្រះយ៉ាងឧស្សាហ៍យ៉ាងណាក៏ដោយ បើសិនមូលដ្ឋានគ្រឹះនៃជំនឿរបស់អ្នកខុសច្បាប់ នោះអ្នកកំពុងតែសាងសង់ផ្ទះរបស់អ្នកនៅលើដីខ្សាច់ហើយ ហើយកាលណាព្យុះ ខ្យល់ និងទឹកជំនន់មកដល់ វានឹងដួលរលំចុះមួយរំពេច។ 
ប៉ុន្តែជំនឿដែលមានមូលដ្ឋានគ្រឹះរឹងមាំវិញយ៉ាងដូចម្តេចដែរ? វាមិនដួលរលំឡើយ ទោះបើវាត្រូវរង្គោះរង្គើក៏ដោយ។ ព្រះបានប្រាប់យើងថា ផ្ទះដែលត្រូវបានសាងសង់នៅលើថ្មដានៃសេចក្តីពិតអំពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ នឹងមិនដួលរលំឡើយ។ នេះគឺជាសេចក្តីពិត។ តើជំនឿនៃថ្មដាគឺជាអ្វី? វាគឺជាជំនឿដែលជឿតាមសេចក្តីពិតនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់។ ជំនឿរបស់អ្នកដែលបានសាងសង់ផ្ទះនៃជំនឿប្រភេទនេះ នឹងមិនដួលរលំឡើយ។ ដូច្នេះហើយបានជាជំនឿរបស់យើងចាំបាច់ត្រូវតែមានមូលដ្ឋានគ្រឹះរឹងមាំ។ បើសិនយើងយើង ដោយមិនទទួលយកអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់យើងទេ នោះជំនឿរបស់យើងនឹងក្លាយទៅជាជំនឿបែបសាសនា ដែលព្រះមិនសព្វព្រះទ័យហើយ។ 
 

ឈើនាងនួន ប្រេង និងគ្រឿងក្រអូប

សរសររោងឧបោសថ អាសនាតង្វាយដុត និងក្តារ និងប្រដាប់ប្រដានៃទីបរិសុទ្ធសុទ្ធតែត្រូវបានធ្វើពីឈើនាងនួនទាំងអស់។ ជាទូទៅ ឈើនៅក្នុងព្រះគម្ពីរសំដៅទៅលើមនុស្សជាតិ (ពួកចៅហ្វាយ ៩:៨-១៥; ម៉ាកុស ៨:២៤)។ ឈើនៅទីនេះសំដៅទៅលើយើងនៅក្នុងនិស្ស័យជាមនុស្ស។ ការដែលឈើនាងនួនត្រូវបានប្រើធ្វើជាសរសេរ អាសនាតង្វាយដុត និងរោងឧបោសថផ្ទាល់ ប្រាប់យើងថា ដូចដែលឫសដើមឈើនាងនួនតែងតែត្រូវបានកប់នៅក្នុងដី តាមនិស្ស័យរបស់យើង យើងតែងតែធ្វើបាប ជានិច្ច។ មនុស្សត្រូវតែទទួលស្គាល់ថា ពួកគេតែងតែបន្តធ្វើបាប ហើយជាមនុស្សទុច្ចរិតជានិច្ច។
ក្នុងពេលជាមួយគ្នា ឈើនាងនួនក៏សំដៅទៅលើភាពជាមនុស្សរបស់ព្រះយេស៊ូវគ្រីស្ទផងដែរ។ ព្រះមែស៊ីដែលបានយាងមកជាមនុស្សម្នាក់ បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ហើយបានទទួលទោសជំនួសមនុស្សជាតិទាំងមូល។ ទ្រង់ផ្ទាល់គឺជាព្រះ ហើយដូច្នេះ ហិបសញ្ញា តុតាំងនំប៉័ង អាសនាគ្រឿងក្រអូប និងក្តាររោងឧបោសថសុទ្ធតែត្រូវបានស្រោបដោយមាសសុទ្ធទាំងអស់។ 
ប្រេងសម្រាប់ដុតបំភ្លឺ និងគ្រឿងក្រអូបសម្រាប់ប្រេងតាំង និងសម្រាប់គ្រឿងក្រអូបសំដៅទៅលើជំនឿរបស់យើង ដែលយើងថ្វាយទៅកាន់ព្រះយេស៊ូវគ្រីស្ទ។ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះមែស៊ីដែលបានសង្រ្គោះអ្នក និងខ្ញុំ។ អត្ថន័យនៃព្រះនាម «យេស៊ូវ! គឺ «ព្រះអង្គដែលនឹងសង្រ្គោះ រាស្ត្ររបស់ទ្រង់ចេញពីអំពើបាបរបស់ពួកគេ! ហើយព្រះនាម «គ្រីស្ទ» មានន័យថា ព្រះអម្ចាស់បានយាងមកផែនដីនេះក្នុងនាមជាមនុស្សម្នាក់ បានទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាងជំនួសយើង ហើយដូច្នេះ បានប្រទានអំណោយទាននៃសេចក្តីសង្រ្គោះដល់យើង។ តួនាទីរបស់សម្តេចសង្ឃដែលត្រូវបានទទួលយក ដោយព្រះយេស៊ូវដែលប្រទានសេចក្តីសង្រ្គោះដល់យើង គឺជាការងារមានសារៈសំខាន់បំផុត។ 
 

ត្បូងអូនីក្ស និងត្បូងគ្រប់ប្រភេទសម្រាប់ដាំនៅលើអេផូឌ និងប្រដាប់បាំងទ្រូងរបស់សម្តេចសង្ឃ

នៅទីនេះ មានការលើកឡើងអំពីត្បូងដ៏មានតម្លៃទាំងដប់ពីរប្រភេទ ដែលត្រូវបានដាំនៅលើអេភូឌ និងប្រដាប់បាំងទ្រូងរបស់សម្តេចសង្ឃ។ ជាដំបូង សម្តេចសង្ឃស្លៀកអាវវែង បន្ទាប់មក ស្លៀកអាវពណ៌ខៀវ ហើយបន្ទាប់មក បានស្លៀកអេផូឌពីលើ។ បន្ទាប់មក ពាក់ប្រដាប់បាំងទ្រូង ពីលើអេផូឌ ក្នុងកំឡុងពិធីថ្វាយយញ្ញបូជា ហើយនៅលើអេផូឌនេះ មានដាំត្បូងដ៏មានតម្លៃដប់ពីរប្រភេទ។ នេះបង្ហាញប្រាប់យើងថា តួនាទីរបស់សម្តេចសង្ឃគឺត្រូវឱបក្រសោបសាសន៍អ៊ីស្រាអែល និងមនុស្សទាំងអស់នៅក្នុងលោកិយនេះនៅក្នុងទ្រូងរបស់គាត់ ចូលទៅចំពោះព្រះ ហើយថ្វាយតង្វាយយញ្ញបូជារបស់ពួកគេទៅចំពោះទ្រង់។ 
ព្រះយេស៊ូវដែលជាសម្តេចសង្ឃពីស្ថានសួគ៌ដ៏អស់កល្បជានិច្ច ក៏បានឱបក្រសោបជាតិសាសន៍ទាំងអស់នៅក្នុងពិភពលោកទៅក្នុងព្រះឱរ៉ាទ្រង់ផងដែរ បានលះបង់ព្រះជន្មរបស់ទ្រង់ ដើម្បីទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានសុគតនៅលើឈើឆ្កាងជំនួសយើង ហើយដូច្នេះ បានញែករាស្ត្ររបស់ទ្រង់ជាបរិសុទ្ធសម្រាប់ព្រះវរបិតា។ ត្បូងដ៏មានតម្លៃទាំងដប់ពីរប្រភេទដែលត្រូវបានដាំនៅលើប្រដាប់បាំងទ្រូង សំដៅទៅលើជាតិសាសន៍ទាំងអស់នៅក្នុងលោកិយនេះ ហើយសម្តេចសង្ឃដែលបានពាក់វា សំដៅទៅលើព្រះយេស៊ូវគ្រីស្ទដែលបានសង្រ្គោះ និងឱបក្រសោបជាតិសាសន៍ទាំងអស់នៅក្នុងលោកិយនេះទៅក្នុងព្រះឱរ៉ាទ្រង់។
ដូច្នេះ ទាំងនេះគឺជាតង្វាយដែលព្រះបានប្រាប់សាសន៍អ៊ីស្រាអែលឲ្យនាំមក ដើម្បីសាងសង់រោងឧបោសថសម្រាប់ទ្រង់។ មានអត្ថន័យខាងវិញ្ញាណសម្រាប់ការពិតថា ព្រះបានបង្គាប់ឲ្យពួកគេសាងសង់រោងឧបោសថ តំណាក់របស់ទ្រង់ ដោយប្រើតង្វាយទាំងនេះ។ ប្រជាជន អ៊ីស្រាអែលតែងតែមានបាបជានិច្ច ពីព្រោះពួកគេមិនអាចគោរពតាមក្រិត្យវិន័យដែលព្រះបានប្រទានឲ្យពួកគេបានឡើយ។ ដូច្នេះហើយបានជាព្រះបានប្រាប់ពួកគេតាមរយៈលោកម៉ូសេ ឲ្យសាងសង់រោងឧបោសថសម្រាប់ទ្រង់ ហើយបានប្រទានប្រព័ន្ធថ្វាយយញ្ញបូជាដល់ពួកគេ ដែលតាមរយៈនេះ ទ្រង់នឹងប្រទានការអត់ទោសបាប ដោយសារតង្វាយយញ្ញបូជានៅក្នុងរោងឧបោសថ។ នៅក្នុងន័យផ្សេង ព្រះបានដោះអំពើបាបទាំងអស់របស់សាសន៍អ៊ីស្រាអែល ដោយការទទួលយកតង្វាយរបស់ពួកគេមកសាងសង់តំណាក់របស់ទ្រង់ ហើយបន្ទាប់មកបង្គាប់ឲ្យពួកគេថ្វាយតង្វាយយញ្ញបូជាឲ្យស្របតាមសេចក្តីតម្រូវនៃប្រព័ន្ធថ្វាយយញ្ញបូជា។ នេះហើយគឺជារបៀបដែលព្រះអាចគង់នៅក្នុងរោងឧបោសថ ជាមួយប្រជាជន អ៊ីស្រាអែលបាន។ 
ទោះបីជាយ៉ាងណា មានគ្រីស្ទបរិស័ទយ៉ាងច្រើននៅលើផែនដីនេះ ដែលមិនជឿលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ទេ។ នៅពេលព្រះបានប្រាប់ពួកគេឲ្យថ្វាយមាស ប្រាក់ និងលង្ហិនទៅកាន់ទ្រង់ ហេតុអ្វីពួកគេមិនជឿតាម សេចក្តីពិតដែលមាននៅក្នុងតង្វាយទាំងនេះ?
តើយើងមិនត្រូវធ្លាក់ទៅក្នុងស្ថាននរក ដោយសារអំពើបាបរបស់យើងទេឬ? តើអ្នកបានជឿតាមជំនឿគ្រីស្ទ ទោះបើវាគឺជាសាសនាមួយនៃសាសនាជាច្រើននៅក្នុងលោកិយនេះ ដោយសារអ្នកមិនបានទទួលស្គាល់ថា ខ្លួនអ្នកត្រូវធ្លាក់ទៅក្នុងស្ថាននរកក៏ដោយឬ? បើសិននេះគឺជារបៀបដែលអ្នកបានជឿកន្លងមក អ្នកត្រូវតែប្រែចិត្ត ហើយបែរមកឯជំនឿលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់វិញ។ ហើយអ្នកត្រូវតែបានដឹងនៅចំពោះសេចក្តីបង្គាប់ដ៏តឹងរឹងរបស់ព្រះថា អ្នកគឺជាមនុស្សមានបាបម្នាក់ ហើយថា អ្នកត្រូវធ្លាក់ទៅក្នុងស្ថាននរក ដោយសារអំពើបាបទាំងនេះ ហើយអ្នកត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
ឥឡូវនេះ អ្នកត្រូវតែជឿតាមដំណឹងល្អអំពីសេចក្តីពិតថា ទោះបីជាអ្នកត្រូវធ្លាក់ទៅក្នុងស្ថាននរកក៏ដោយ ក៏ព្រះអម្ចាស់បានយាងមកផែនដីនេះក្នុងនាមជាព្រះមែស៊ី បានទទួលយកអំពើបាបរបស់អ្នកដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ បាននាំអំពើបាបទាំងនេះទៅលើឈើឆ្កាង ហើយបានសុគត ដោយការបង្ហូរព្រះលោហិតទ្រង់ ហើយដូច្នេះ បានសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាប និងទោសរបស់យើងដែរ។ បើសិនយើងមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលមាននៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមទេ យើងមិនអាចចាក់មូលដ្ឋានគ្រឹះនៃជំនឿរបស់យើងបានរឹងមាំ និងពេញលេញបានឡើយ។ 
 

យើងត្រូវតែគិតអំពីមូលដ្ឋានគ្រឹះនៃជំនឿរបស់យើង

ព្រះបង្គាប់ឲ្យយើងមានជំនឿលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ដូច្នេះ យើងគួរតែសួរខ្លួនឯងថា តើពិតជាមានជំនឿលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនេះ ឬយើងជឿតាម សេចក្តីពិតដែលមានក្នុងអំបោះពណ៌ស្វាយ និងពណ៌ក្រហមតែប៉ុណ្ណោះ ដែលបោះបង់អំបោះពណ៌ផ្ទៃមេឃចោល។
យើងត្រូវពិនិត្យមើលខ្លួនឯងថា យើងកំពុងតែមានជំនឿខុស និងតាមចិត្តរបស់យើងនៅចំពោះព្រះ ឬយ៉ាងណា។ នៅពេលព្រះបង្គាប់ឲ្យយើងថ្វាយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមដល់ទ្រង់ តើយើងមិនកំពុងតែថ្វាយអំបោះនីឡុងពណ៌ខ្មៅដល់ទ្រង់ទេឬ? «ព្រះអង្គ អំបោះដែលទ្រង់បង្គាប់ចង់បាន ហាក់ដូចជាឥតប្រយោជន៍សម្រាប់រោងឧបោសថទេ។ វានឹងពុកផុយ ដោយសារភ្លៀង។ ហើយក៏ពិបាកស្វែងរកវា ហើយនាំវាតាមផ្លូវមកទីនេះផងដែរ។ ដូច្នេះ សូមសាកអំបោះនីឡុងនេះវិញចុះ។ ទូលបង្គំធានាថា វានឹងជាប់បានរហូតដល់៥០ឆ្នាំ ឬប្រហែល១០០ឆ្នាំផង បើសិនទ្រង់ថែរក្សាវាបានល្អ។ ហើយទោះបីជាទ្រង់កប់វានៅក្នុងដីក៏ដោយ ក៏វានឹងមិនពុកផុយក្នងរយៈពេល២០០ឆ្នាំដែរ។ ដូច្នេះ តើអំបោះនេះអស្ចារ្យដែរទេ?»
តើនេះមិនមែនជាអ្វីដែលយើងកំពុងតែទូលទៅកាន់ព្រះទេឬ? យើងក៏ត្រូវតែពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ចំពោះខ្លួនឯង ហើយពិចារណាថា យើងមិនកំពុងតែនាំជំនឿតាមចិត្តខ្លួនឯង និងគ្មានមូលដ្ឋានគ្រឹះនេះទៅកាន់ព្រះឡើយ។ ហើយបើសិនយើងមានជំនឿបែបនេះ យើងត្រូវតែប្រែចិត្តនៅពេលនេះ។ នៅក្នុងន័យផ្សេង យើងត្រូវតែត្រឡប់មកឯជំនឿត្រឹមត្រូវវិញ។ 
មានមនុស្សជាច្រើនក្នុងចំណោមយើង ដែលគិតថា ពួកគេគឺពិតជាគ្រីស្ទបរិស័ទល្អ ប៉ុន្តែបើសិនពិនិត្យឲ្យបានច្បាស់លាស់ ពួកគេមានចំណេះដឹង និងជំនឿខុស។ 
 

ជំនឿខាងអធម្មជាតិដែលគ្របដណ្តប់លើ ជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះ

ជំនឿខាងអធម្មជាតិ គឺជាអ្វីដែលគ្រីស្ទបរិស័ទជឿតាមខ្លាំងបំផុត។ មនុស្សទាំងនេះមិនដឹងថា ព្រះបន្ទូលព្រះកំពុងតែនិយាយអំពីអ្វីនោះ ឡើយ។ ដោយសារពួកគេមិនស្គាល់ព្រះបន្ទូលនៃសេចក្តីពិត ដែលព្រះ មែស៊ីបានប្រទានឲ្យពួកគេ ពួកគេជឿ និងដើរតាមព្រះអម្ចាស់ តាមចិត្ត និងអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ហើយពួកគេជឿជាក់ថា អារម្មណ៍ទាំងនោះគឺជាសេចក្តីពិត។ ដោយសារពួកគេអធិស្ឋានទៅកាន់ព្រះយ៉ាងខ្ជាប់ខ្ជួន ដោយខ្លួនឯង ហើយដើរតាមចិត្ត និងអារម្មណ៍របស់ពួកគេនៅក្នុងការអធិស្ឋានយ៉ាងស្មោះត្រង់ ពួកគេមិនអាចដឹងថា ជំនឿត្រឹមត្រូវលើព្រះគឺពិតជាអ្វីនោះឡើយ។ 
ដូច្នេះ ការជឿលើព្រះតាមចិត្ត និងអារម្មណ៍ផ្ទាល់ខ្លួន ដែលប្រែប្រួលយ៉ាងខ្លាំងនៅក្នុងគំនិតផ្ទាល់ខ្លួន គឺជាជំនឿនៃអធម្មជាតិនិយម។ មនុស្សដែលជឿលើព្រះ តាមអារម្មណ៍ដែលពួកគេមាននៅពេលពួកគេអធិស្ឋានតម នៅពេលពួកគេសរសើរតម្កើង នៅពេលពួកជឿ នៅពេលពួកគេថ្វាយការអធិស្ឋានពេលព្រឹក នៅពេលពួកគេឡើងទៅលើភ្នំអធិស្ឋាន នៅពេលពួកគេធ្វើបាប នៅពេលពួកគេអធិស្ឋានលន់តួ...សុទ្ធតែជាអ្នកមានជំនឿអធម្មជាតិទាំងអស់។ នៅក្នុងន័យផ្សេង ការមានជីវិតនៃជំនឿតាមអារម្មណ៍ មិនមែនជាជំនឿ នៃអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលព្រះមែស៊ីបានមានបបន្ទូលអំពីនោះឡើយ។ 
ប្រហែលជា៩៩.៩ភាគរយនៃគ្រីស្ទបរិស័ទសព្វថ្ងៃនេះ មានប្រវត្តិជាបុគ្គលនៃជំនឿអធម្មជាតិ។ នៅក្នុងន័យផ្សេង យើងអាចនិយាយបានថា លើកលែងតែពួកជំនុំដំបូងចេញ ជំនឿគ្រីស្ទបរិស័ទទាំងមូលបានដើរតាមជំនឿអធម្មជាតិនិយម។ អ្នកដែលមិនមានជំនឿនៃអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម មានការគិតខុសថា អារម្មណ៍ទាំងឡាយរបស់ពួកគេគឺជាជំនឿ។ ពួកគេអះអាងថា ពួកគេបានមើលឃើញ និងជួបព្រះនៅក្នុងសេចក្តីអធិស្ឋានរបស់ពួកគេ ហើយប្រាប់យើងពីអារម្មណ៍ដ៏អស្ចារ្យរបស់ពួកគេ នៅពេលពួកគេកំពុងតែសរសើរតម្កើង។ 
ពួកគេនិយាយថា «យើងបានប្រជុំគ្នាសរសើរតម្កើងព្រះ ហើយយើងបានលើកដៃរបស់យើងឡើង ដើម្បីលន់តួអំពើបាបជាមួយគ្នា។ យើងបានកាន់ឈើឆ្កាង ហើយបានធ្វើពិធីនៅក្បែរឈើឆ្កាង ហើយបន្ទាប់មក ចិត្តរបស់យើងបានឆាបឆេះឡើង ហើយព្រះគ្រីស្ទមានភាពគួរឲ្យស្រឡាញ់ខ្លាំងណាស់។ យើងបានអរព្រះគុណយ៉ាងខ្លាំងនៅក្នុងចិត្តរបស់យើង សម្រាប់ព្រះលោហិតដែលព្រះគ្រីស្ទបានបង្ហូរ។ ហើយយើងជឿកាន់តែខ្លាំងក្លាឡើងថា ព្រះអម្ចាស់បានលាងសម្អាតអំពើបាបទាំងអស់របស់យើង ដោយបានដឹងកាន់តែច្បាស់លាស់ថា នេះគឺជាមូលហេតុដែលទ្រង់បានបង្ហូរព្រះលោហិតទ្រង់។ យើងពិតជាពេញចិត្តចំពោះបទពិសោធន៍ទាំងនេះ»។ ប៉ុន្តែនៅពេលអារម្មណ៍របស់ពួកគេរសាយទៅនៅថ្ងៃមួយ ពួកគេនិយាយថា «ប៉ុន្តែអារម្មណ៍ទាំងអស់បានរីងស្ងួត ហើយយើងមានចិត្តនៅក្នុងចិត្តរបស់យើង។ ដូច្នេះ ជំនឿបែបនេះគឺពិតជាជំនឿអធម្មជាតិហើយ។
ទោះបីជាមនុស្សមានភាពខុសគ្នាខាងក្រុម ឬនិកាយក៏ដោយ ក៏ គ្រីស្ទបរិស័ទគ្រប់រូបត្រូវការជំនឿដែលជឿតាមសេចក្តីពិត អំពីអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមដែរ។ ជំនឿរបស់អស់អ្នកដែលមិនមានជំនឿនៃអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលព្រះបានមានបន្ទូល គឺជាជំនឿអធម្មជាតិ និងគ្មានមូលដ្ឋានគ្រឹះត្រឹមត្រូវ។ មនុស្សទាំងនេះមិនកំពុងតែថ្វាយដល់ព្រះនូវជំនឿនៃអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមទេ ប៉ុន្តែជំនឿនៃអំបោះនីឡូងវិញ។ នៅក្នុងន័យផ្សេង ពួកគេកំពុងតែថ្វាយដល់ព្រះនូវជំនឿអធម្មជាតិ ដែលមិនត្រឹមត្រូវ និងគ្រាន់គ្រាន់ ហើយព្រះថែមទាំងមិនទតមើលវាផង។ 
តើអ្នកធ្លាប់បានមើលឃើញខ្សែពួរក្រាស់ ដែលគេចងទូកនៅកំពង់ផែដែរទេ? បុគ្គលដែលមានជំនឿអធម្មជាតិនឹងរីករាយក្នុងការថ្វាយសម្ភារៈប្រភេទទៅកាន់ព្រះ។ នៅពេលព្រះអម្ចាស់បានប្រាប់យើងឲ្យថ្វាយអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម មនុស្សមួយចំនួនថ្វាយខ្សែពួរក្រាស់នេះទៅកាន់ព្រះ ដោយទូលទ្រង់ថា «ព្រះអម្ចាស់ សូមទទួលយកជំនឿនេះចុះ!»។ ហើយមនុស្សមួយចំនួនថ្វាយដល់ទ្រង់នូវច្រវាក់ដែក ដែលគេចងកប៉ាល់ឲ្យជាប់គ្នា និងជាប់ទៅនឹងផែ។ ពួកគេពន្លាច្រវាក់ដែកមួយដុំនេះ ថ្វាយវាទៅឯព្រះបាតព្រះអម្ចាស់ ហើយសុំឲ្យទ្រង់ទទួលយកវា។ 
ប៉ុន្តែព្រះបានប្រាប់យើង ឲ្យថ្វាយជំនឿនៃអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ទ្រង់មិនបានប្រាប់យើងឲ្យថ្វាយច្រវាក់ដែកដល់ទ្រង់នោះឡើយ។ ប៉ុន្តែមនុស្សជាច្រើនកំពុងតែថ្វាយដល់ទ្រង់នូវអ្វីដែលភ្នែករបស់ពួកគេផ្ទាល់មើលឃើញថាល្អជាង ឬអ្វីដែលពួកគេអាចស្វែងរកបានយ៉ាងងាយស្រួលជាង។ ទោះបីជាមានមនុស្សដែលចូលទៅឯព្រះ ដោយច្រវាក់ដែក ខ្សែពួរ អំបោះនីឡុង ឬវល្លិ៍ក៏ដោយ ក៏តាមការពិត ព្រះទទួលយកតែតង្វាយនៃអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមប៉ុណ្ណោះ។ ព្រះបានសម្រេចថា ជំនឿតែមួយគត់ ដែលទ្រង់នឹងទទួលយក គឺជាជំនឿនៃអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ដូច្នេះ យើងត្រូវតែនាំយកជំនឿនៃអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនេះទៅឯព្រះ។
 

ព្រះមែស៊ីមិនទទួលយកតង្វាយគ្រប់ប្រភេទ

សាស៍អ៊ីស្រាអែលក៏ត្រូវតែថ្វាយទៅចំពោះព្រះផងដែរ នូវមាស ប្រាក់ លង្ហិន និងត្បូងដ៏មានតម្លៃទាំងដប់ពីរប្រភេទ ដើម្បីដាំនៅក្នុងអេផូឌ និងប្រដាប់បាំងទ្រូង។ ប៉ុន្តែនៅតែមានមនុស្សមួយចំនួន ដែលនាំយកស្ពាន់ និងដែកទៅថ្វាយព្រះ។ តើព្រះយេស៊ូវកំពុងតែមានម៉ាស៊ីនកែច្នៃសម្រាមឡើងវិញឬ ដែលទ្រង់នឹងទទួលយករបស់របរគ្រប់ប្រភេទដូច្នេះ? ពិតជាមិនមែនទេ!
ព្រះយេស៊ូវមិនទទួលយកសម្រាមគ្រប់ប្រភេទឡើយ។ ទ្រង់មិនមានម៉ាស៊ីកែច្នៃសម្រាម ដែលទ្រង់ត្រូវទទួលយករបស់របរឥតប្រយោជន៍ទាំងអស់ ដែលអ្នកថ្វាយដល់ទ្រង់ទេ។ ព្រះយេស៊ូវគឺជាព្រះមែស៊ី ដែលចង់ប្រទានដល់យើងនូវសេចក្តីមេត្តាករុណារបស់ទ្រង់ តាមរយៈអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលអត់ទោសដល់អំពើបាបរបស់យើង ហើយដែលចង់ប្រទានសេចក្តីស្រឡាញ់ពិតប្រាកដដល់យើង។ នេះគឺជាមូលហេតុដែលព្រះយេស៊ូវត្រូវបានហៅថា ស្តេចនៃសេចក្តីស្រឡាញ់។ អ្នកគង្វាលរបស់យើងគឺពិតជាស្តេចនៃសេចក្តី ស្រឡាញ់។ ព្រះយេស៊ូវគឺជាពិតជាព្រះមែស៊ីដ៏ពិតរបស់យើង។ ព្រះមែស៊ីនេះបានកំណត់ពីជំនឿ ដែលទ្រង់ចង់បានពីយើង កំណត់ចរិកលក្ខណៈជាក់លាក់តាមដែលទ្រង់តម្រូវចង់បាន។ លុះត្រាតែយើងចូលទៅចំពោះព្រះ ដោយជំនឿបែបនេះ ទើបទ្រង់ប្រទានដល់យើងនូវអ្វីដែលទ្រង់បានសន្យាជាមួយយើង។ 
ប៉ុន្តែនៅមើលឃើញថា ក្នុងចំណោមអ្នកដែលមានជំនឿលើព្រះមែស៊ី ដែលផ្អែកលើចំណេះដឹងខុសរបស់ពួកគេអំពីទ្រង់ មានមនុស្សមួយ ចំនួន ដែលមានភាពមានះដែលហួសពីការបរិយាយទៅទៀត។ ពួកគេអាក្រក់យ៉ាងខ្លាំង ដូចជាស្តេចផារ៉ោន ដែលបានបន្តដើរតាមផ្លូវមានះរបស់ខ្លួននៅចំពោះព្រះ។ នៅពេលលោកម៉ូសេបានប្រាប់គាត់ថា «ព្រះយេហូវ៉ាបានបើកសម្តែងអង្គទ្រង់ ហើយដូច្នេះ ចូរដោះលែងរាស្ត្ររបស់ទ្រង់ទៅ» ស្តេចផារ៉ោនបានឆ្លើយថា «តើព្រះយេហូវ៉ាគឺជាអ្នកណា?»។ 
នៅពេលអត្ថភាពរបស់ព្រះត្រូវបានពន្យល់ទៅកាន់គាត់ គាត់គួរតែ ប្រញ៉ាប់ប្រញ៉ាល់បន្ទាបខ្លួន និងចុះចូលចំពោះទ្រង់។ បើសិនគាត់នៅតែមិនជឿ ហើយនៅតែមានភាពមានះ គាត់អាចបន្តធ្វើដូច្នេះមួយរយៈពេលបាន ប៉ុន្តែបន្ទាប់ពីគ្រោះកាចពីរ គាត់គួរតែបានចុះចាញ់ហើយ។ ស្តេច ផារ៉ោនពិតជាចំកួត និងគួរឲ្យអាណិតខ្លាំងណាស់ ដែលគាត់នៅតែមានះ និងមិនស្តាប់តាមព្រះបន្ទូលព្រះ សូម្បីតែគាត់ទទួលរងគ្រោះកាចនៃសត្វកង្កែបគ្របដណ្តប់លើជាតិសាសន៍ទាំងមូលរបស់គាត់ហើយក៏ដោយ។ 
មិនត្រឹមតែសត្វកង្កែបប៉ុណ្ណោះទេ ប៉ុន្តែចៃក៏បានធ្វើទុក្ខដល់ព្រះរាជវាំងរបស់ស្តេចផារ៉ោនផងដែរ។ ទោះបីជាពួកគេងាកទៅស្តាំង ឬទៅឆ្វេងក៏ដោយ ក៏គ្រប់ទីកន្លែងនៅក្នុងទឹកដីស្រុកអេស៊ីព្ទទាំងមូលមានពេញដោយចៃដែរ ហើយប៉ុន្តែស្តេចផារ៉ោនមិនបានចុះចូលចំពោះព្រះឡើយ។ នៅពេលមានពេញដោយចៃនៅគ្រប់ទីកន្លែងដូច្នេះ តើអ្នកណាអាចរស់នៅបានទៅ? នៅក្នុងស្ថានភាពនេះ គាត់គួរតែបានដឹងថា «ដោយសារខ្ញុំមិនបានស្តាប់បង្គាប់ព្រះ ទ្រង់កំពុងតែបង្ហាញខ្ញុំថា អ្នកណាគឺជាស្តេចពិតប្រាកដ។ ខ្ញុំអាចធ្វើជាស្តេចនៃចក្រភពរបស់ខ្ញុំនៅលើផែនដីនេះបាន ប៉ុន្តែខ្ញុំគ្មានអ្វីដែលអាចប្រៀបធៀបជាមួយទ្រង់បានឡើយ។ ទោះបីជាខ្ញុំជាស្តេចនៃជាតិសាសន៍ដ៏អស្ចារ្យបំផុតនៅលើផែនដីនេះក៏ដោយ ហើយទោះបីជាខ្ញុំមានអំណាចលើពិភពលោកនេះក៏ដោយ ក៏ព្រះនៅតែមានអំណាចខ្លាំងជាខ្ញុំដែរ ហើយទ្រង់កំពុងតែទម្លាក់គ្រោះកាចទាំងនេះលើខ្ញុំ ដោយសារតែការមិនស្តាប់បង្គាប់របស់ខ្ញុំ»។ នេះហើយគឺជារបៀបដែលស្តេចផារ៉ោនគួរតែបានចុះចូលចំពោះព្រះ។ 
កិច្ចការវ័យឆ្លាតដែលស្តេចផារ៉ោនត្រូវធ្វើ គឺប្រញ៉ាប់ចុះចូលចំពោះព្រះ បន្ទាប់ពីមើលឃើញលទ្ធផលនៃភាពមានះរបស់ខ្លួន។ ទោះបីជាស្តេចផារ៉ោនមានអំណាចខ្លាំងយ៉ាងណាក៏ដោយ បើសិនគាត់បានឈានដល់ការសន្និដ្ឋានថា គ្មានផ្លូវសម្រាប់គាត់ ក្នុងការទាស់ប្រឆាំងនឹងព្រះទេ នោះអ្វីដែលគាត់ត្រូវធ្វើ គឺចុះចូលចំពោះព្រះ ហើយនិយាយថា «អញ្ចឹង ព្រះអង្គ ទ្រង់ធ្វើជាទីមួយ ហើយទូលបង្គំនឹងធ្វើជាទីពីរវិញ»។ ប៉ុន្តែដោយសារស្តេចផារ៉ោនបានបដិសេធមិនចុះចូលចំពោះព្រះ ជាតិសាសន៍ទាំងមូលរបស់គាត់ត្រូវបានចៃធ្វើទុក្ខ។
ហេតុនេះ គ្មានជនជាតិអេស៊ីព្ទណាម្នាក់ ដែលអាចធ្វើអ្វីបានឡើយ។ នៅពេលគ្រប់គ្នាទទួលរងការធ្វើទុក្ខយ៉ាងខ្លាំងពីចៃបែបនេះ តើអ្នកណាអាចធ្វើអ្វីផ្សេង ក្រៅតែពីរត់គេចចេញពីចៃ? យើងទាំងអស់គ្នាអាចស្រមើស្រមៃបានថា ជនជាតិអេស៊ីព្ទទាំងនេះកំពុងតែកាន់ចន្លុះ រត់ប្រសេចប្រសាច ព្យាយាមរត់គេចពីចៃ ហើយប្រហែលកំពុងតែដុតផ្ទះសម្បែងរបស់ពួកគេចោលផង និងមានក្លិនចៃដែលឆេះនៅពេញភូមិទាំងអស់។ 
មានរឿងខ្លះ ដែលមនុស្សអាចធ្វើបាន ហើយមានរឿងខ្លះ ដែលមនុស្សមិនអាចធ្វើបានឡើយ។ ដោយសារព្រះគឺជាព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់គឺជាអង្គដែលមានអំណាចលើជីវិត និងសេចក្តីស្លាប់ សុភមង្គល និងទុក្ខសោក និងព្រះពរ និងបណ្តាសា។ ដូច្នេះ បែរពីការមានទំនុកចិត្តលើខ្លួនឯង និងការព្យាយាមទាស់ប្រឆាំងនឹងព្រះ យើងត្រូវតែគិតឲ្យបានត្រឹមត្រូវ ហើយឈានទៅដល់ការសន្និដ្ឋានត្រឹមត្រូវ ដើម្បីបោះបង់ភាពមានះរបស់យើងចោល។ ក្នុងចំណោមខ្លួនយើង យើងអាចមានះដើរតាមផ្លូវរបស់ខ្លួន ហើយព្យាយាមគ្រប់គ្រងលើអ្នកដទៃបាន ប៉ុន្តែនៅចំពោះព្រះមែស៊ី យើងមិនអាចធ្វើដូច្នេះបានឡើយ។ 
យើងត្រូវតែគិតថា យើងគួរតែជាមនុស្សប្រភេទណានៅចំពោះព្រះ។ យើងត្រូវតែគិតយ៉ាងម៉ត់ចត់ថា យើងគួរតែទាស់ប្រឆាំងនឹងព្រះ ឬចិត្តរបស់យើងគួរតែសុភាព និងបន្ទាបខ្លួន។ ហើយយើងត្រូវតែឈានទៅដល់ការសន្និដានត្រឹមត្រូវថា យើងត្រូវតែបន្ទាបខ្លួននៅចំពោះព្រះ។ នៅចំពោះមនុស្ស យើងអាចមានភាពមានះបាន ហើយនៅពេលខ្លះ យើងប្រឈមនឹងលទ្ធផលនៃភាពមានះរបស់យើង ប៉ុន្តែនៅចំពោះព្រះ ចិត្តរបស់យើងត្រូវតែសុភាព និងបន្ទាបខ្លួនជានិច្ច។ 
អ្នកដែលទទួលស្គាល់ថា «ព្រះអង្គ ទូលបង្គំបានធ្វើខុសហើយ» គឺជាអ្នកដែលជ្រើសរើសផ្លូវត្រឹមត្រូវហើយ។ ពួកគេគឺជាអ្នកដែលអាចបានសង្រ្គោះចេញពីជីវិតដែលត្រូវបណ្តាសារបស់ពួកគេបាន។ ហើយសម្រាប់អ្នកដែលបានចាកចេញពីព្រះ ដោយសារអំពើបាបរបស់ខ្លួន របៀបដែលទទួលបានការឱបក្រសោបនៅក្នុងព្រះហស្តព្រះ និងបរិភោគទឹកដែលផ្តល់ជីវិតរបស់ទ្រង់ គឺត្រូវកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ។ នៅពេលជីវិតរបស់យើងត្រូវចំណាយយ៉ាងឥតផលផ្លែ នៅក្នុងវាលរហោស្ថាននៃលោកិយនេះ អណ្តែតចុះឡើងនៅលើទឹកដីដែលទទេ មិនបង្កើតផល និងឥតគោលដៅ គឺគ្រាន់តែវិលត្រឡប់ទៅជាធូលីដីមួយក្តាប់ដៃប៉ុណ្ណោះ តើយើងអាចរំពឹងចង់បានអ្វីពីជីវិតរបស់យើង?
របៀបតែមួយគត់សម្រាប់យើង ដែលត្រូវតែត្រឡប់ទៅជាធូលីដី ហើយត្រូវតែធ្លាក់ទៅក្នុងស្ថាននរក គឺត្រូវជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់យើង។ នេះគឺជារបៀបបានសង្រ្គោះសម្រាប់ជីវិតដែលអស់សង្ឃឹម និងប្រឈមនឹងសេចក្តីវិនាសដ៏អស់កល្បជានិច្ច ដោយព្រោះការទាស់ប្រឆាំងនឹងព្រះ និងដើម្បីឲ្យអំពើបាបរបស់ពួកគេបានលាងសម្អាតនៅចំពោះព្រះ តាមរយៈសេចក្តីស្រឡាញ់នៃសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់នៃសេចក្តីសង្រ្គោះរបស់ទ្រង់។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែទទួលបានសេចក្តីសង្រ្គោះនេះ។ 
តើមានអ្នកណាម្នាក់ដែលពុករលួយ ដែលអាចប្រឆាំងនឹងព្រះបាន? នៅពេលព្រះប្រាប់ឲ្យយើងនាំយកតង្វាយទាំងនោះ យើងត្រូវតែស្តាប់តាមព្រះបន្ទូលទ្រង់។ ដោយពិនិត្យមើលបទគម្ពីរមេខាងលើ ដែលព្រះប្រាប់យើងអំពីតង្វាយប្រភេទខ្លះ ដែលយើងត្រូវថ្វាយដល់ទ្រង់ យើងទាំងអស់គ្នាត្រូវតែបានដឹងថា «អូ ដូច្នេះ នេះគឺជាប្រភេទសេចក្តីជំនឿដែលព្រះកំពុងតែប្រាប់ឲ្យយើងថ្វាយដល់ទ្រង់»។ 
គេត្រូវតែដាំត្បូងដ៏មានតម្លៃទាំងដប់ពីរ នៅលើប្រដាប់បាំងទ្រូងរបស់សម្តេចសង្ឃ។ ហើយនៅខាងក្រោមប្រដាប់បាំងទ្រូងនៃការជំនុំជម្រះ គេត្រូវតែដាក់យូរីម និងធូមីម ដែលមានន័យត្រង់ថា ពន្លឺ និងភាពគ្រប់លក្ខណ៍ ដើម្បីឲ្យសម្តេចសង្ឃអាចផ្តល់ការជំនុំជម្រះត្រឹមត្រូវ ដល់កូនចៅ អ៊ីស្រាអែលបាន។ 
នេះសំដៅទៅលើការពិតថា មានតែអ្នកបម្រើព្រះប៉ុណ្ណោះ ដែលអាចផ្តល់ការជំនុំជម្រះសុចរិតដល់កូនៗនៃសេចក្តីជំនឿ ដោយការបង្ហាញពីការគង់របស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងពួកគេ និងព្រះបន្ទូលព្រះ។ 
ឥឡូវនេះ យើងទាំងអស់គ្នាត្រូវតែដឹងថា នៅចំពោះព្រះ សេចក្តីពិតនៃអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមគឺជាសេចក្តីពិតពិតប្រាកដ និងសេចក្តីសង្រ្គោះពិតប្រាកដ។ សេចក្តីពិតនៃអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនេះគឺជាសេចក្តីសង្រ្គោះពិតប្រាកដ ដែលផ្តល់ជីវិតដល់យើង ហើយក្រៅពីសេចក្តីពិតនេះ គ្មានអ្វីដែលអាចបង្កើតសេចក្តីសង្រ្គោះរបស់យើងបានឡើយ។ សេចក្តីពិតនេះសុទ្ធតែផ្អែកលើព្រះបន្ទូលព្រះ ដែលត្រឹមត្រូវ និងច្បាស់លាស់ទាំងអស់។ 
 


គ្រប់ទាំងសម្ភារៈនៅក្នុងរោងឧបោសថសុទ្ធតែទាក់ទងនឹងសេចក្តីសង្រ្គោះចេញពីបាបរបស់មនុស្ស


ចេញពីសេចក្តីចំកួត មនុស្សនៅតែមានភាពមានះ ហើយបដិសេធមិនជឿដដែល។ ដូច្នេះ តើនឹងមានរឿងអ្វីកើតឡើងចំពោះពួកគេ? ពួកគេនឹងមិនបានសង្រ្គោះឡើយ។ នៅចំពោះព្រះ យើងក៏ត្រូវតែបោះបង់សេចក្តីចំកួតរបស់យើងផងដែរ។ ហើយយើងត្រូវតែធ្វើឲ្យចិត្តរបស់យើងទទេ ដោយបោះបង់គំនិតផ្ទាល់ខ្លួន និងភាពមានះរបស់យើងនៅចំពោះព្រះចោល ហើយបែរមកស្តាប់តាមព្រះបន្ទូលទ្រង់ និងប្រទានចិត្តរបស់យើងទៅដល់ទ្រង់។ យើងមិនត្រូវទាស់ប្រឆាំងនឹងព្រះ ដោយទទូចដើរតាមផ្លូវមិនត្រឹមត្រូវរបស់យើងឡើយ។ យើងអាចធ្វើដូច្នេះនៅចំពោះមនុស្សដទៃបាន ប៉ុន្តែក្នុងនាមជាគ្រីស្ទបរិស័ទ យើងមិនអាចធ្វើដូច្នេះបានទេ យ៉ាងហោចណាស់ នៅចំពោះព្រះ។ ប៉ុន្តែមនុស្សចំកួតទាស់ប្រឆាំងនឹងព្រះ ហើយបែរជាសុភាពនៅចំពោះមនុស្សដទៃវិញ។ នេះគឺជាកំហុសរបស់ពួកគេ។ យើងត្រូវតែសុភាព និងបន្ទាបខ្លួននៅចំពោះព្រះ ហើយទទួលស្គាល់ថា អ្វីដែលព្រះបានមានបន្ទូលមកកាន់យើង សុទ្ធតែត្រឹមត្រូវទាំងអស់។
ហើយយើងត្រូវតែជឿ និងទុកចិត្តលើព្រះបន្ទូលអំពីអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ជំនឿគឺជាការទុកចិត្តលើព្រះបន្ទូលព្រះ។ នៅពេលយើងបន្ទាបខ្លួននៅចំពោះព្រះបាតព្រះ សារភាពទុក្ខលំបាកទាំងអស់របស់យើងទៅចំពោះទ្រង់ ហើយចូលទៅឯទ្រង់ ដើម្បីទូលសូមជំនួយ ព្រះពិតជានឹងឆ្លើយតបចំពោះយើង។ បន្ទាប់មក យើងត្រូវតែទទួលស្គាល់អ្វីដែលទ្រង់បានធ្វើសម្រាប់យើង ដោយការអរព្រះគុណ។ នេះហើយគឺជាជំនឿ។ តើភាពទំនង និងភាពចំកួតអ្វី ដែលយើងអាចបង្ហាញព្រះ ក្រៅពីអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម? ខ្សែសន្ទូច ឬច្រវាក់ដែក? ការថ្វាយអំបោះឥតប្រយោជន៍ទៅចំពោះព្រះ និងការទូលទ្រង់ថា «នេះគឺជាជំនឿផ្ទាល់ខ្លួនរបស់ទូលបង្គំ។ នេះគឺជារបៀបដែលទូលបង្គំបានជឿយ៉ាងរឹងមាំ។ នេះគឺជាជំនឿដ៏រឹងមាំ ដែលទូលបង្គំបានថែរក្សាបានយ៉ាងល្អ» មិនមែនជាជំនឿឡើយ ប៉ុន្តែជាការបង្ហាញសេចក្តីចំកួតរបស់ខ្លួននៅចំពោះព្រះវិញ។ 
មនុស្សត្រូវតែទទួលបានលទ្ធផលពីភាពមានះរបស់ខ្លួន នៅចំពោះព្រះ។ នៅក្នុងន័យផ្សេង នៅចំពោះព្រះ មនុស្សត្រូវតែបន្ទន់ឆន្ទះរបស់ ខ្លួន។ យើងត្រូវតែទទួលស្គាល់ខ្លួនយើងនៅចំពោះព្រះ។ ហើយយើងត្រូវតែទទួលស្គាល់តាមអ្វីដែលព្រះមានបន្ទូលមកកាន់យើង និងរបៀបដែលទ្រង់សម្រេចសម្រាប់យើង។ នេះហើយគឺជាជំនឿត្រឹមត្រូវរបស់គ្រីស្ទ បរិស័ទ។ ការស្តាប់បង្គាប់ និងការជឿតាមព្រះបន្ទូលព្រះ គឺជាកិរិយា និងចិត្តត្រឹមត្រូវរបស់មនុស្សសុចរិត។ នេះហើយគឺជាអ្វីដែលយើងត្រូវតែចងចាំនៅចំពោះព្រះ។ 
ក្នុងចំណោមខ្លួនយើង យើងអាចអួតពីសមិទ្ធិផលផ្ទាល់ខ្លួន ប្រៀបធៀប ប្រកួតប្រជែង និងប្រឆាំងគ្នាទៅវិញទៅមកបាន។ ប៉ុន្តែយើងពិតជាមិនអាចប្រព្រឹត្តដូច្នេះនៅចំពោះព្រះបានឡើយ។ មនុស្សជាតិមានជម្រើសបន្តិចបន្តួចក្នុងការធ្វើដូច្នេះ ហើយយើងគួរតែបន្តស្របជាមួយព្រះជានិច្ច។
សូម្បីតែសត្វឆ្កែក៏ស្គាល់ម្ចាស់របស់វាដែរ ហើយវាចុះចូល និងស្តាប់បង្គាប់តាមម្ចាស់របស់វា។ នៅក្នុងន័យផ្សេង សូម្បីតែសត្វឆ្កែក៏ស្តាប់បង្គាប់តាមម្ចាស់ ស្គាល់សម្លេងម្ចាស់ និងដើរតាមម្ចាស់ដែរ។ នៅពេលម្ចាស់បន្ទោសសត្វឆ្កែ វាទទួលស្គាល់កំហុសរបស់វា ឱនក្បាលរបស់វាចុះ ដោយការស្តាប់បង្គាប់ ហើយព្យាយាមស្រុះស្រួលជាមួយម្ចាស់របស់វាវិញ ដោយការយកចិត្តដែលគួរតែស្រឡាញ់។ សូម្បីតែសត្វក៏ធ្វើដូច្នេះដែរ ប៉ុន្តែមនុស្សបែរជាបន្តទាស់ប្រឆាំងនឹងព្រះ ដោយការថ្វាយជំនឿតាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេ។ នៅក្នុងន័យផ្សេង ពួកគេបន្តចូលទៅឯព្រះ តាមផ្លូវ និងគំនិតផ្ទាល់ខ្លួនរបស់ពួកគេ។ 
តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រះបានដោះអំពើបាបទាំងអស់របស់មនុស្សជាតិចេញ ហើយទ្រង់បានប្រាប់យើងឲ្យមានជំនឿលើព្រះរាជកិច្ចរបស់ព្រះអម្ចាស់របស់យើង។ ប៉ុន្តែមនុស្សនៅតែរឹងរួស និងទាស់ប្រឆាំងនឹងព្រះដដែល។
ព្រះអម្ចាស់បានប្រាប់ឲ្យយើងថ្វាយអំពើបាបទាំងអស់របស់យើងទៅកាន់ទ្រង់ ហើយដោយការដោះអំពើបាបទាំងនោះ តាមរយៈអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ទ្រង់បានប្រទានការអត់ទោសបាបដល់យើង។ នៅពេលព្រះបានប្រាប់យើងឲ្យថ្វាយទ្រង់នូវអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម មនុស្សនៅតែមិនជឿតាមព្រះបន្ទូល ហើយបែរជាប្រមាថព្រះអាទិកររបស់ខ្លួនទៅវិញ។ ដូច្នេះ មនុស្សទាំងនេះនឹងត្រូវបណ្តាសា។ 
នៅពេលពួកគេមិនថ្វាយដល់ព្រះមែស៊ី នូវជំនឿដែលទ្រង់ចង់បានពីពួកគេ ប៉ុន្តែជំនឿដែលទ្រង់មិនចង់បានវិញ ពួកគេមានតែធ្វើឲ្យទ្រង់មានសេចក្តីក្រោធប៉ុណ្ណោះ។ ពួកគេបន្តថ្វាយភាពមានះរបស់ពួកគេទៅចំពោះព្រះ ហើយទូលទ្រង់ថា «ទូលបង្គំបានរក្សាជំនឿរបស់ទូលបង្គំបានល្អជាយូរមកហើយ។ សូមសរសើរថា ទូលបង្គំបានធ្វើការងារល្អហើយ!»។ តើព្រះនឹងសរសើរពួកគេ ដោយសារពួកគេបានរក្សាជំនឿរបស់ពួកគេ ខណៈដែលជំនឿនេះពិតជាឥតប្រយោជន៍រហូតមកដែរទេ?
ពេលខ្លះ ភាពមានះអាចមានប្រយោជន៍នៅក្នុងជីវិតរបស់យើង។ ប៉ុន្តែភាពមានះនៃជំនឿខុសគឺពិតជាឥតប្រយោជ៍នៅចំពោះព្រះ។ ព្រះបានប្រើអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដើម្បីដោះអំពើបាបរបស់យើងចេញ។ ព្រះគម្ពីរមិននិយាយថា ទ្រង់ប្រើតែអំបោះពណ៌ស្វាយ ឬថា ទ្រង់ប្រើតែអំបោះពណ៌ក្រហម ឬថា ទ្រង់ប្រើច្រវាក់ដែក ហើយក៏មិននិយាយថា ទ្រង់ប្រើអំបោះនីឡុងដែរ។ នៅខាងក្នុងតំណាក់របស់ព្រះ ហើយនៅក្នុងច្បាប់នៃសេចក្តីសង្រ្គោះដែលទ្រង់ប្រទានឲ្យយើង ព្រះមែស៊ីបានតម្រូវឲ្យយើងមានជំនឿនៃអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ 
គ្រីស្ទបរិស័ទសំដៅទៅលើអ្នកដែលជឿ និងដើរតាមព្រះយេស៊ូវ គ្រីស្ទ។ ដូច្នេះ យើងក៏ជាគ្រីស្ទបរិស័ទផងដែរ។ ប៉ុន្តែមានមនុស្សយ៉ាងច្រើន ដែលមិនបានកើតជាថ្មី ទោះបើពួកគេជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ពួកគេក៏ដោយ។ ពួកគេមិនបានទទួលការអត់ទោសបាប ហើយមិនមានជំនឿលើអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមទេ។ ពួកគេគ្រាន់តែជាគ្រីស្ទបរិស័ទក្លែងក្លាយ ដែលត្រូវតែធ្លាក់ទៅក្នុងស្ថាននរក ដោយសារពួកគេជឿតាមរបៀបផ្ទាល់ខ្លួនរបស់ពួកគេ។ ហើយព្រះនឹងបោះបង់មនុស្សទាំងនេះចោល ពីព្រោះពួកគេគ្រាន់តែជាអ្នកសាសនានិយមប៉ុណ្ណោះ មិនមែនជាគ្រីស្ទបរិស័ទពិតប្រាកដឡើយ។ 
នៅចំពោះព្រះ យ៉ាងហោចណាស់ យើងទាំងអស់គ្នាត្រូវតែស្មោះត្រង់ ហើយទទួលស្គាល់ថា យើងគឺពិតជាអ្នកណា។ គ្រប់ពេលវេលា គ្រប់នាទី និងវិនាទី យើងត្រូវតែសារភាពថា យើងត្រូវតែធ្លាក់ទៅក្នុងស្ថាននរក ដោយសារតែអំពើបាបរបស់យើង។ នៅចំពោះព្រះមែស៊ី យើងត្រូវតែមានជំនឿលើអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ពីព្រោះការជឿដូច្នេះគឺជាកិច្ចការត្រឹមត្រូវ ដែលយើងត្រូវធ្វើ។ ហើយកាលណាយើងសារភាព យើងត្រូវតែរំឮកខ្លួនយើងពីអ្វីដែលព្រះមែស៊ីបានធ្វើសម្រាប់យើង គឺទ្រង់បានទទួលបុណ្យជ្រមុជ ដើម្បីសង្រ្គោះយើងចេញពីបាប ហើយបានទទួលទោសសម្រាប់អំពើបាបរបស់យើង តាមរយៈការសុគតនៅលើឈើឆ្កាង។ ហើយយើងត្រូវតែទទួលស្គាល់សេចក្តីសង្រ្គោះរបស់យើងគ្រប់ពេលវេលា។ នេះហើយគឺជាសេចក្តីជំនឿ ដែលព្រះតម្រូវចង់បានពីយើង។ 
បើសិនយើងមិនធ្វើតាមអ្វី ដែលព្រះមែស៊ីពិតជាចង់ឲ្យយើងធ្វើទេ យើងមិនអាចផ្គាប់ព្រះទ័យព្រះបានឡើយ។ ហេតុអ្វី? ពីព្រោះនៅពេលទ្រង់បានធ្វើជាព្រះអង្គសង្រ្គោះដ៏អស់កល្បជានិច្ចរបស់យើង តាមរយៈអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមរបស់ទ្រង់ យើងត្រូវជឿគ្រប់ពេលវេលាលើអ្វីដែលព្រះបានធ្វើសម្រាប់យើង។ ដោយសារជំនឿលើអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមគឺជាជំនឿត្រឹមត្រូវ យើងត្រូវការវាកាន់តែខ្លាំង សម្រាប់ការអត់ទោសដល់អំពើបាប ដែលយើងខ្លួនឯងប្រព្រឹត្តជារៀងរាល់ថ្ងៃ។ 
 

តើព្រះនឹងសព្វព្រះទ័យទេ បើយើងថ្វាយផលិតផលដែលយើងបង្កើតដោយខ្លួនឯង?
ពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវ
ឈើឆ្កាងរបស់ព្រះយេស៊ូវ
បើសិនយើងថ្វាយអ្វីដែលជារបស់ផែនដីនេះ យើងនឹងមិនគ្រាន់តែប្រមូលសេចក្តីក្រោធរបស់ព្រះទុកសម្រាប់ខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏នឹងកំពុងតែប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរមួយ ដោយការបង្កើតការទាស់ប្រឆាំងនឹងព្រះផងដែរ។ នេះគឺជាជំនឿក្បត់ ពីព្រោះវាទាស់ប្រឆាំងនឹងព្រះ។ គ្មានអ្វីនៅលើផែនដីនេះ ទោះបើមានតម្លៃថ្លៃយ៉ាងណាក៏ដោយ មិនអាចផ្គាប់ព្រះទ័យព្រះបានឡើយ។ ការថ្វាយទ្រព្យសម្បត្តិលោកិយទៅកាន់ព្រះមិនមែនជាជំនឿត្រឹមត្រូវ ដែលទ្រង់សរសើរនោះឡើយ។ ទោះបីជាវាមានលក្ខណៈពិសេស និងតម្លៃថ្លៃយ៉ាងណាក៏ដោយ ក៏ព្រះមិនទទួលយករបស់ទាំងនោះឡើយ។ ដូច្នេះ យើងត្រូវតែមានជំនឿដែលព្រះពិតជាចង់បានពីយើង ហើយថ្វាយជំនឿនេះទៅកាន់ទ្រង់វិញ។ 
ជំនឿរបស់យើងត្រូវតែជឿតាមព្រះបន្ទូលព្រះ ហើយថ្វាយតង្វាយដែលព្រះបង្គាប់ចង់បានពីយើង។ ជាមួយគ្នា យើងត្រូវតែទទួលស្គាល់អ្វីដែលព្រះបានធ្វើសម្រាប់យើង ហើយយើងក៏ត្រូវតែទទួលស្គាល់កំហុស និងភាពមិនពេញលេញរបស់យើងផងដែរ។ យើងត្រូវតែចងចាំពីព្រះគុណដ៏បរិបូរ ដែលព្រះបានប្រទានឲ្យយើង ហើយយើងត្រូវតែដឹងយ៉ាងច្បាស់លាស់ និងជឿលើអ្វីដែលទ្រង់បានធ្វើសម្រាប់យើង ហើយទ្រង់បានស្ម័គ្រព្រះទ័យជួបជាមួយយើង។
យើងត្រូវតែបោះបង់ជំនឿខាងអធម្មជាតិទាំងអស់ចោល ហើយយើងត្រូវតែមានជំនឿតាមព្រះបន្ទូលដែលព្រះមានបន្ទូលតែប៉ុណ្ណោះ។ តង្វាយនៃជំនឿនេះគឺជាអ្វីដែលយើងត្រូវតែថ្វាយទៅកាន់ព្រះ។ លុះត្រាតែយើងថ្វាយតង្វាយនៃជំនឿត្រឹមត្រូវនេះទៅកាន់ព្រះ ទើបទ្រង់សព្វព្រះទ័យ ជួបជាមួយយើង និងទទួលយកជំនឿរបស់យើង។ ហើយលុះត្រាតែយើងធ្វើដូច្នេះ ទើបព្រះប្រទានឲ្យយើងនូវព្រះពរទាំងអស់ ដែលទ្រង់បានត្រៀមសម្រាប់យើង។ 
ដូច្នេះ នៅពេលយើងនៅជាប់ជាមួយព្រះបន្ទូល យើងត្រូវតែសញ្ជឹងគិតថា «តើជំនឿបែបណាដែលព្រះពិតជាចង់បានពីយើង? តើការអធិស្ឋានបែបណាដែលទ្រង់ចង់បានពីយើង?»។ បន្ទាប់មក យើងបានដឹងថា ការអធិស្ឋានដែលព្រះចង់បានពីយើង គឺជាការអធិស្ឋាននៅក្នុងជំនឿ។ ព្រះអម្ចាស់ចង់ឲ្យយើងថ្វាយការអធិស្ឋាននៅក្នុងជំនឿលើសេចក្តីសង្រ្គោះនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម គឺនៅក្នុងជំនឿដែលបានទទួលយកអ្វីដែលព្រះបានប្រទានឲ្យយើង។ ព្រះចង់បានការអធិស្ឋានអរព្រះគុណនៅក្នុងជំនឿពីយើង ហើយទ្រង់នឹងមិនទទួលយកអ្វីដែលយើងបង្កើតដោយខ្លួនឯង ដែលយើងព្យាយាមថ្វាយទ្រង់ ឬថ្វាយនៅឯព្រះបាតទ្រង់នោះឡើយ។ ដូច្នេះ យើងត្រូវតែដឹងថា យើងមិនគួរធ្វើដូច្នេះទេ។ 
ព្រះកំពុងតែប្រាប់យើងថា «ទេ ទេ នេះមិនមែនជាជំនឿដែលអញចង់បានពីឯងឡើយ។ អញបានទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាងសម្រាប់ឯងហើយ។ អញបានទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបរបស់ឯងចេញហើយ។ ដោយសារអញត្រូវតែទទួលយកអំពើបាបរបស់ឯងដាក់លើអង្គអញ មុនពេលអញទទួលទោសសម្រាប់អំពើបាបទាំងនេះ និងសុគតនៅលើឈើឆ្កាង។ អញគឺជាព្រះសង្រ្គោះរបស់ឯង ប៉ុន្តែពីដើមមក អញក៏ជាព្រះរបស់ឯងផងដែរ។ អញគឺជាស្តេចលើសអស់ទាំងស្តេច ប៉ុន្តែដោយសារអញគឺជាព្រះរបស់ឯងដែរ អញបានមកផែនដីនេះ ហើយបានបំពេញសម្រេចគ្រប់យ៉ាង។ អញចង់ឲ្យឯងជឿអញឲ្យពិតប្រាកដ ទទួលយកអំណាចរបស់អញនៅក្នុងចិត្តរបស់ឯង ហើយប្រកាសចេញពីចិត្តថា អញគឺជាព្រះរបស់ឯង»។ ដោយមានគោលបំណងនេះហើយ ដែលព្រះបានប្រទានឲ្យយើងនូវអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសត្បាញយ៉ាងម៉ដ្ត។ ហើយនេះគឺជាជំនឿដែលព្រះចង់បានពីយើង។ 
យើងពិតជាត្រូវតែមានជំនឿលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនេះ។ អ្នកអាចគិតចំពោះខ្លួនឯងថា «មើល ខ្ញុំនៅតែអាចរស់បាន។ ខ្ញុំនៅតែមិនមានបញ្ហាអ្វី ហើយគ្រប់យ៉ាងកំពុងតែដំណើរការធម្មតា។ បើសិនវាគ្មានបញ្ហាអ្វីទេ ហេតុអ្វីចាំបាច់ដោះស្រាយវា? ហេតុអ្វីខ្ញុំត្រូវតែជឿតាមរបៀបនេះ? ទោះបីជាខ្ញុំជឿតាមរបៀបនេះ ឬមិនជឿ តើវាមិននៅតែដូចគ្នាទេឬ?»។ ទេ វាមិនដូចគ្នាឡើយ! បើសិនអ្នកមានជំនឿផ្សេងពីជំនឿនេះនៅក្នុងចិត្តរបស់អ្នក អ្នកពិតជាមិនបានសង្រ្គោះឡើយ។ ដោយសារនៅក្នុងចិត្តបែបនេះ នៅតែមានបាប អ្នកត្រូវតែបែរចិត្តរបស់អ្នកមកឯជំនឿដែលពិតជាជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ។ 
ចិត្តរបស់អ្នកដែលជឿតាមដំណឹងល្អពិត និងចិត្តរបស់អ្នកដែលមិនជឿ គឺខុសគ្នា។ ព្រះជ្រាបការនេះ ហើយយើងដែលបានកើតជាថ្មី ក៏ដឹងផងដែរ។ នៅពេលអ្នកស្គាល់ខ្លួនឯង អ្នកត្រូវតែបែរក្រោយ។ «ព្រះអង្គ ទូលបង្គំពិតជាមានបាបមែន។ សូមជួយសង្រ្គោះទូលបង្គំផង។» ដូច្នេះ កាលណាអ្នកបែរចិត្តរបស់អ្នក ហើយស្វែងរកសេចក្តីសង្រ្គោះរបស់អ្នក ព្រះនឹងជួបជាមួយអ្នកនៅក្នុងសេចក្តីពិតរបស់អ្នក។ 
 


ព្រះអម្ចាស់របស់យើងបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង


ព្រះអម្ចាស់បានទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាងសម្រាប់យើង។ ដូចដែលបានសរសេរនៅក្នុង ម៉ាថាយ ៣ នេះគឺជាអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់យើង។ ដូច្នេះ យើងសូមអរព្រះគុណដល់ទ្រង់។ នៅពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជ អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើអង្គទ្រង់។ ហើយនៅពេលទ្រង់សុគតនៅលើឈើឆ្កាង គឺដោយសារទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើង ដើម្បីឲ្យទ្រង់អាចនាំអំពើបាបទាំងនេះទៅលើឈើឆ្កាង។ ទ្រង់មិនគ្រាន់តែបានទទួលទោសសម្រាប់អំពើបាបរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែអំពើបាបទាំងអស់របស់លោកិយទាំងមូលផងដែរ។ 
កាលណាព្រះអម្ចាស់បង្គាប់យើងឲ្យថ្វាយទ្រង់ នូវតង្វាយសម្ភារៈសាងសង់រោងឧបោសថ ឬកាលណាទ្រង់បង្គាប់យើងឲ្យធ្វើអ្វីមួយ ទ្រង់តែងតែបង្គាប់ជាមួយលំដាប់លំដោយមួយជានិច្ច។ ទ្រង់តែងតែបង្គាប់យើងឲ្យ «ថ្វាយឲ្យអញនូវអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម» ជានិច្ច។ អំបោះពណ៌ផ្ទៃមេឃតែងតែនៅមុនគេ។ ហើយទ្រង់មានបន្ទូលបន្តអំពីសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ដែលបង្គាប់យើងឲ្យយើងតាមព្រះបន្ទូលព្រះ។ ការជឿលើព្រះលោហិតនៅលើឈើឆ្កាងជាមុន ហើយបន្ទាប់មក ជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហាក់ដូចជាមិនមានបញ្ហាអ្វីទេ បើសិនយើងមើលពីដំបូង ប៉ុន្តែការជឿបែបនេះពិតជាខុសហើយ។ ដោយសារព្រះយេស៊ូវបានទទួលបុណ្យជ្រមុជជាមុន ទើបទ្រង់អាចបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាងបាន។ ខ្ញុំចង់និយាយទៅកាន់អ្នកម្តងទៀតថា យើងមិនអាចជឿជាមុនលើព្រះលោហិតនៅលើឈើឆ្កាង ហើយបន្ទាប់មក ជឿលើបុណ្យជ្រមុជរបស់ទ្រង់បានឡើយ។ ព្រះមិនអនុញ្ញាតឲ្យមានជំនឿបែបនេះឡើយ។ 
តាមរយៈការយាងមកផែនដីនេះក្នុងនាមជាមនុស្សម្នាក់ នៅពេលព្រះអម្ចាស់មានព្រះជន្ម៣៣វស្សា ទ្រង់បានទទួលបុណ្យជ្រមុជជាមុន ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់។ បន្ទាប់ពីបានធ្វើដូច្នេះ ទ្រង់បាននាំអំពើបាបរបស់លោកិយនេះទៅឯឈើឆ្កាង បានទទួលទោស ដោយការសុគតនៅលើឈើឆ្កាង ហើយបន្ទាប់មក បានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយដូច្នេះ បានធ្វើជាព្រះអង្គសង្រ្គោះរបស់យើង។ ដូច្នេះ យើងត្រូវតែជឿតាមអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់យើង ឲ្យស្របតាមលំដាប់លំដោយដែលទ្រង់បានបំពេញសម្រេចព្រះរាជកិច្ចរបស់ទ្រង់។ នេះហើយគឺជារបៀបដែលយើងត្រូវតែជឿ។ លុះត្រាតែយើងជឿដូច្នេះ ទើបជំនឿរបស់យើងអាចឈរយ៉ាងពេញលេញ មិនច្របូកច្របល់ និងមិនរង្គោះរង្គើ។ ហើយកាលណាយើងប្រកាសដំណឹងល្អទៅកាន់អ្នកដទៃ យើងក៏ត្រូវតែធ្វើដូច្នេះដែរ។ នៅក្នុងន័យផ្សេង យើងត្រូវតែជឿតាមអ្វីដែលផ្គាប់ព្រះទ័យព្រះ គឺតាមរបៀបដែលទ្រង់បានបង្កើតសម្រាប់យើង។ 
តើព្រះកំពុងតែបង្គាប់ឲ្យអ្នកថ្វាយតង្វាយនៃជំនឿអ្វីដល់ទ្រង់? តើទ្រង់មិនកំពុងតែបង្គាប់ឲ្យអ្នកថ្វាយទ្រង់ នូវជំនឿលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ទេឬ? តើអ្នកមានជំនឿបែបនេះទេ? ហើយតើអ្នកមិនកំពុងតែជឿលើលំដាប់លំដោយខុសទេឬ? «ទោះបីជាខ្ញុំជឿតាមរបៀបនេះ ឬរបៀបនោះក៏ដោយ ក៏វាមិនមានបញ្ហាដែរ។ ខ្ញុំនៅតែជឿ ហើយវាគ្រប់គ្រាន់ហើយ។ ខ្ញុំជឿលើអំបោះពណ៌ក្រហមជាមុន ហើយបន្ទាប់មក ខ្ញុំជឿលើអំបោះពណ៌ផ្ទៃមេឃ និងអំបោះពណ៌ស្វាយ»។ បើសិននេះគឺជារបៀបដែលអ្នកជឿ អ្នកត្រូវតែជឿសារជាថ្មី ពីព្រោះព្រះអម្ចាស់នឹងមិនទទួលយកជំនឿខុសលំដាប់លំដោយរបស់អ្នកឡើយ។
ព្រះអម្ចាស់គឺជាព្រះយុត្តិធម៌ និងជាព្រះនៃសេចក្តីពិត។ ដូច្នេះ ទ្រង់មិនទទួលយកជំនឿខុសឡើយ។ ដោយសារជំនឿមិនអាចឈរយ៉ាងត្រឹមត្រូវបានទេ កាលណាលំដាប់លំដោយរបស់វាច្របូកច្របល់ ព្រះក៏មិនអាចទទួលយកជំនឿបែបនេះបានដែរ ទោះបើទ្រង់ចង់ក៏ដោយ។ ដូចដែលយើងមិនអាចព្យាយាមដាក់គ្រឹះ បន្ទាប់ពីបានបញ្ចប់ការសាងសង់ផ្ទះមួយហើយ ដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើង តាម រយៈបុណ្យជ្រមុជរបស់ទ្រង់ ទើបទ្រង់អាចសុគតនៅលើឈើឆ្កាងបាន។ 
ដូច្នេះ យើងត្រូវតែជឿតាមអ្វីដែលព្រះអម្ចាស់បានប្រាប់យើង។ នេះគឺជាការដាក់ថ្មជ្រុងយ៉ាងឯកសម្រាប់ជំនឿត្រឹមត្រូវ។ ដោយសារព្រះបានសង្រ្គោះយើងយ៉ាងត្រឹមត្រូវ យុត្តិធម៌ និងសុចរិត យើងមិនអាចផ្លាស់ប្តូរ លំដាប់លំដោយរបស់ទ្រង់តាមតែចិត្តរបស់យើងបានឡើយ។ បើសិនយើងជឿលើព្រះលោហិតនៅលើឈើឆ្កាង ហើយបន្ទាប់មក ជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ នោះជំនឿនេះពិតជាខុសហើយ។ ហើយបាបនៅតែមាននៅក្នុងចិត្តរបស់អ្នកដែលជឿដូច្នេះ ពីព្រោះអំពើបាបមិនត្រូវបានលាងសម្អាត ដោយសារការបង្វែរលំដាប់លំដោហនៃជំនឿរបស់ពួកគេ ឡើយ។ នេះគឺពិតជាសេចក្តីពិតដ៏អស្ចារ្យខ្លាំងណាស់។
នៅចំពោះព្រះមែស៊ី យើងធ្លាប់បានជឿលើព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងតែមួយមុខ។ យើងបានជឿថា «ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់ខ្ញុំ ហើយបានទទួលការជំនុំជម្រះទាំងអស់របស់ខ្ញុំ ដោយការបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ដូច្នេះ យើងបានសង្រ្គោះយ៉ាងពេញលេញហើយ។ សេចក្តីសង្រ្គោះរបស់យើងបានកើតចេញពីព្រះគ្រីស្ទ ដែលបានសុគតសម្រាប់យើងនៅលើឈើ ឆ្កាង។ ឥឡូវនេះ អ្នកណាជឿតាមរបៀបនេះ បានសង្រ្គោះហើយ»។ ដូច្នេះ យើងបានយល់ពីអត្ថន័យដើមនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយ។ ដូច្នេះ នៅពីលើជំនឿខុសរបស់យើងពីដំបូង យើងគ្រាន់តែបន្ថែមជំនឿនៃសេចក្តីពិតប៉ុណ្ណោះ។ ដូច្នេះ តើមានរឿងអ្វីបានកើតឡើង? អំពើបាបរបស់យើងមិនរលាយបាត់ជាក់ស្តែងឡើយ។ ដោយសារជំនឿបែបនេះគឺជាជំនឿតាមគោលលទ្ធិ និងប្រាជ្ញារបស់មនុស្ស វាមិនអាចជាជំនឿត្រឹមត្រូវ និងពិតប្រាកដចេញពីចិត្តរបស់យើងបានឡើយ។ 
បើសិនជំនឿរបស់អ្នកមានលក្ខណៈបែបនេះ អ្នកត្រូវតែប្រញ៉ាប់ ត្រឡប់មក ហើយកែប្រែវាភ្លាម។ ជាដំបូង អ្នកត្រូវតែទទួលស្គាល់ថា ជំនឿរបស់អ្នកមិនត្រឹមត្រូវទេ។ ហើយបន្ទាប់មក អ្នកត្រូវតែកែប្រែ មូលដ្ឋានគ្រឹះនៃជំនឿរបស់អ្នកភ្លាម។ អ្វីដែលអ្នកត្រូវតែធ្វើគឺ កែប្រែលំដាប់លំដោយរបស់វាឡើងវិញ។ «តាមរយៈការយាងមកផែនដីនេះ នៅពេលព្រះអម្ចាស់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស នៅក្នុងទន្លេយ័រដាន់ ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់ខ្ញុំ។ ដោយសារព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ទើបអំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើអង្គទ្រង់ ហើយដោយសារដូច្នេះ អំពើបាបទាំងអស់របស់ខ្ញុំក៏ត្រូវបានផ្ទេរទៅលើអង្គទ្រង់ផងដែរ។ ហើយបន្ទាប់មក ទ្រង់បានបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់របស់ខ្ញុំ។» នេះហើយគឺជារបៀបដែលអ្នកគួរតែជឿ។ 
«តើអ្នកណាខ្វល់ថា ខ្ញុំជឿតាមរបៀបនេះ ឬរបៀបនោះ? អ្វីដែលសំខាន់គឺថា ខ្ញុំជឿលើព័ន្ធកិច្ចទាំងបួនរបស់ព្រះអម្ចាស់។ ហេតុអ្វីក៏មានះ និងខ្ជាប់ខ្ជួននឹងលំដាប់លំដោយនេះខ្លាំងម៉្លេះ?» តើអ្នកនៅតែប្រកាន់តាមទស្សនៈនេះដែរទេ? ដូច្នេះ អ្នកត្រូវតែទទួលយកសេចក្តីពិតនេះទុកនៅក្នុងចិត្តរបស់អ្នក៖ ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង លុះត្រាតែបន្ទាប់ពីទ្រង់បានទទួលបុណ្យជ្រមុជ។ ហើយនេះគឺជាសេចក្តីពិតដែលអ្នកត្រូវតែជឿតាម។ 
ព្រះវិញ្ញាណបរិសុទ្ធមិនដែលទទួលយកភាពអយុត្តិធម៌ឡើយ។ ទ្រង់ទទួលយកជំនឿរបស់យើង លុះត្រាតែយើងជឿតាមអ្វីដែលព្រះមែស៊ីបានធ្វើសម្រាប់យើងនៅលើផែនដីនេះ តាមទម្រង់ដើមរបស់វា។ ព្រះវិញ្ញាណបរិសុទ្ធមិនមានបន្ទូលថា «ដូច្នេះ អ្នកជឿលើព័ន្ធកិច្ចទាំងបួនរបស់ព្រះយេស៊ូវ។ អាម៉ែន។ ទោះបីជាអ្នកជឿយ៉ាងត្រឹមត្រូវ ឬខុសលំដាប់លំដោយ ឬអ្នកជឿតាមរបៀបនេះ ឬរបៀបនោះក៏ ក៏មិនមានបញ្ហាអ្វីដែរ ឲ្យតែអ្នកជឿ។ អាម៉ែន។ ល្អហើយ អ្នកគឺជាកូនរបស់ខ្ញុំ»។ 
ព្រះយេស៊ូវដែលជាព្រះមែស៊ី បានយាងមកផែនដីនេះ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតា ហើយបានធ្វើតាមសេចក្តីបង្គាប់របស់ព្រះវរបិតា។ នេះហើយគឺជារបៀបដែលទ្រង់បានមានព្រះជន្មរស់នៅរយៈពេល៣៣វស្សានៅលើផែនដីនេះ។ តាមរយៈការយាងមកផែនដីនេះ ទ្រង់បានបំពេញព្រះរាជកិច្ចនៃសេចក្តីសង្រ្គោះរបស់ទ្រង់ ដោយការទទួលបុណ្យជ្រមុជ ការសុគតនៅលើឈើឆ្កាង ការមានព្រះជន្មរស់ពីសុគតឡើងវិញ និងការយាងទៅស្ថានសួគ៌វិញ។ ហើយឥឡូវនេះ ទ្រង់បានបញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកកាន់យើង។ 
ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់យើងដែលបានទទួលការអត់ទោសបាប ហើយទ្រង់ទទួលយកជំនឿរបស់យើងដែលជឿតាមអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់យើង។ ដូច្នេះហើយបានជាយើងមិនអាចជឿតាមគំនិតផ្ទាល់ខ្លួនរបស់យើងបានឡើយ។ បើសិនអ្នក និងខ្ញុំពិតជាជឿលើព្រះយេស៊ូវ តើអ្នកមិនជឿលើការត្រឡប់លំដាប់លំដោយទេឬ? បើសិនដូច្នេះ អ្នកត្រូវតែជឿយ៉ាងត្រឹមត្រូវម្តងទៀត។ 
កាលណាអ្នកធ្វើដូច្នេះ ព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងចិត្តរបស់ អ្នក។ ទោះបីជាយើងមានពេញដោយកំហុសក៏ដោយ ក៏ព្រះវិញ្ញាណបរិសុទ្ធទប់ចិត្តរបស់យើងឲ្យនឹង គង់នៅជាមួយយើង ហើយប្រទានព្រះគុណទ្រង់ដល់យើង នៅពេលយើងមិនពេញលេញនៅចំពោះទ្រង់។ ទ្រង់ប្រទានអំណាច កម្លាំង និងការកំសាន្តចិត្តដល់យើង។ ទ្រង់ប្រទានពរដល់យើងឲ្យមានអនាគតដ៏ភ្លឺថ្លាមួយ។ ហើយសម្រាប់យើងដែលជឿ ទ្រង់ដឹកនាំពីជំនឿទៅកាន់ជំនឿ ដើម្បីមិនឲ្យយើងបាត់បង់លក្ខណៈសម្បត្តិចូលទៅក្នុងនគរដ៏អស់កល្បជានិច្ចរបស់ទ្រង់ឡើយ។ 
នេះហើយគឺជាអ្វីដែលយើងត្រូវការ នៅពេលយើងជឿតាមអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់យើង ឬនៅពេលទ្រង់បង្គាប់យើងឲ្យថ្វាយតង្វាយរបស់យើងទៅកាន់ទ្រង់ គឺយើងត្រូវតែជឿថា ទ្រង់បានសង្រ្គោះយើង ដោយទឹក និងព្រះវិញ្ញាណ។ ប្រដាប់ប្រដាទាំងអស់នៅក្នុងរោងឧបោសថមានសារៈសំខាន់ ពីព្រោះវាបន្តប្រាប់យើងជានិច្ចអំពីអាថ៌កំបាំងនៃការបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណ។ នៅក្នុងន័យផ្សេង តាមរយៈប្រដាប់ប្រដាជាច្រើននៅក្នុងរោងបោសថ ព្រះចង់ប្រាប់យើងអំពីការមួយ គឺដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
 

មូលដ្ឋានគ្រឹះមានភាពចាំបាច់សម្រាប់ជំនឿរបស់យើង

បើសិនយើងសាងសង់ផ្ទះនៃជំនឿ ដោយមិនដាក់មូលដ្ឋានគ្រឹះនៃជំនឿឲ្យបានរឹងមាំជាមុនទេ កាលណាយើងជឿព្រះយេស៊ូវកាន់តែយូរ យើងប្រព្រឹត្តអំពើបាបកាន់តែច្រើន កាលណាយើងថ្វាយការអធិស្ឋានលន់តួកាន់តែច្រើន យើងក្លាយទៅជាមនុស្សមានបាបដែលមានសេចក្តីពុតកាន់តែខ្លាំង។ ប៉ុន្តែបើសិនយើងជឿលើអំណោយទាននៃសេចក្តីសង្រ្គោះ ដែលព្រះអម្ចាស់បានសង្រ្គោះយើង តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ យើងអាចធ្វើជាកូនដ៏គ្រប់លក្ខណ៍របស់ព្រះបានហើយ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែជឿតាមសេចក្តីពិតនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយយើងត្រូវតែធ្វើជាកូនរបស់ព្រះ។ 
អ្នកដែលមានមូលដ្ឋានគ្រឹះនៃជំនឿពេញលេញ តែងតែអាចបំពេញការងារជាសង្ឃរបស់ខ្លួននៅក្នុងពន្លឺបាន ទោះបើពួកគេអាចមានកំហុសក៏ដោយ។ នៅក្នុងន័យផ្សេង ពួកគេអាចបំពេញតាមកាតព្វកិច្ចនៃការងារជាសង្ឃបាន គឺការឱបក្រសោបមនុស្សទាំងអស់នៅក្នុងលោកិយនេះនៅក្នុងទ្រូងរបស់ខ្លួន ការអធិស្ឋានសម្រាប់ការអត់ទោសបាបរបស់ពួកគេ និងការបម្រើដំណឹងល្អនេះនៅចំពោះព្រះ។ 
ផ្ទុយទៅវិញ សម្រាប់អ្នកដែលមានមូលដ្ឋានគ្រឹះនៃជំនឿមិនច្បាស់លាស់ កាលណាពេលវេលាកាន់តែកន្លងផុតទៅ ពួកគេកាន់តែមានសេចក្តីកំពុត។ ពួកគេត្រឡប់ជាពួកសាសនានិយមដែលមានសេចក្តីកំពុត និងសេចក្តីអាក្រក់។ ដូចដែលព្រះអម្ចាស់បានប្រាប់យើងថា យើងគួរតែស្គាល់ដើមឈើ ដោយសារផ្លែរបស់វា ផលផ្លែរបស់មនុស្សទាំងនេះគឺសុទ្ធតែគួរតែស្ពើម ស្មោគគ្រោក និងកំពុត។ ប៉ុន្តែយើងដែលបានកើតជាថ្មី មិនមានសេចក្តីកំពុតទាល់តែសោះ។ យើងគឺជាអ្នកដែលបង្កើតផលផ្លែល្អ។ ទោះបីជាយើងមានកំហុសឆ្គង ប៉ុន្តែយើងមានភាពស្មោះត្រង់។ យើងទទួលស្គាល់កំហុស និងភាពខ្សោយរបស់យើង ហើយយើងតែងតែរស់នៅពន្លឺដ៏ភ្លឺ។ ដោយសារព្រះអម្ចាស់បានទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាង ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ ហើយដោយសារទ្រង់ពិតជាបានដោះអំពើបាបទាំងអស់របស់យើងចេញ តាម រយៈជំនឿតាមសេចក្តីពិតនេះ យើងបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់យើង។ ដោយសារមូលដ្ឋានគ្រឹះនៃជំនឿរបស់យើងមានភាពរឹងមាំ ទោះបើយើងមិនពេញលេញ ខ្សោយ និងប្រព្រឹត្តអំពើបាបក៏ដោយ ក៏ជីវិតរបស់យើងនៅតែភ្លឺ ពីព្រោះចិត្តរបស់យើងឥតមានបាបសោះ។ ដោយសារកំហុសរបស់យើង ជាច្រើនដង យើងអាចវង្វេងបាន ប៉ុន្តែដោយសារយើងពិតជាឥតមានបាបសោះ យើងមិនវង្វេង រហូតដល់ដឹកនាំអ្នកដទៃ និងខ្លួនយើងទៅរកសេចក្តីវិនាសឡើយ។ ទោះបីជាយើងមិនពេញលេញក៏ដោយ ក៏យើងកំពុងតែដើរនៅលើផ្លូវដែលព្រះសព្វព្រះទ័យ ឆ្ពោះទៅមុខមួយជំហានម្តងៗ ហើយបម្រើដំណឹងល្អកាន់តែខ្លាំងដែរ។ ហើយយើងអាចធ្វើការទាំងនេះបាន ពីព្រោះព្រះយេស៊ូវបានសង្រ្គោះយើងយ៉ាងឥតខ្ចោះហើយ។ 
បើសិនព្រះយេស៊ូវគ្រីស្ទដែលជាព្រះមែស៊ី និងព្រះអង្គសង្រ្គោះរបស់យើង មិនបានសង្រ្គោះយើងទាំងស្រុង តាមរយៈអំបោះទាំងបួននេះទេ យើងមិនអាចបានសង្រ្គោះឡើយ។ ដោយសារទ្រង់បានសង្រ្គោះយើង ទើបយើងបានសង្រ្គោះ ហើយដោយសារតែការពិតនេះ យើងជឿ ប្រកាសដំណឹងល្អ និងសរសើរតម្កើងព្រះ ដោយចិត្តរបស់យើង។ ដោយសារជំនឿ យើងអរព្រះគុណដល់ព្រះ ដោយសារជំនឿរបស់យើង យើងបម្រើទ្រង់ ហើយដោយសារជំនឿ ទើបយើងដើរតាមទ្រង់។ នេះហើយគឺជាយើងនៅពេលនេះ។ នៅក្នុងន័យផ្សេង យើងបានធ្វើជាអ្នកដែលផ្គាប់ព្រះទ័យព្រះ ដោយជំនឿរបស់យើង។ ហើយយើងបានធ្វើជាអ្នកដែលមានមូលដ្ឋានគ្រឹះនៃជំនឿយ៉ាងរឹងមាំ។ 
អ្នកដែលមានមូលដ្ឋានគ្រឹះនៃជំនឿមិនត្រឹមត្រូវ ត្រូវបានបង្កើតមូលដ្ឋានគ្រឹះនៃជំនឿម្តងទៀត។ នេះគឺជាមូលហេតុដែល ហេព្រើរ ៦:១-២ ប្រាប់ថា «ដូច្នេះ ចូរឲ្យយើងឈប់ខាងឯសេចក្តីបថមសិក្សានៃព្រះបន្ទូលព្រះគ្រីស្ទ ហើយខំឲ្យបានជឿនទៅមុខ ដរាបដល់ពេញខ្នាតចុះ មិនត្រូវតាំងសេចក្តីដើមនោះជាថ្មីឡើងវិញ ដូចជាសេចក្តីប្រែចិត្តចេញពីការស្លាប់ និងសេចក្តីជំនឿជឿដល់ព្រះ ហើយនិងសេចក្តីបង្រៀនពីបុណ្យជ្រមុជ ការដាក់ដៃ សេចក្តីរស់ពីស្លាប់ឡើងវិញ និងសេចក្តីជំនុំជំរះកាត់ទោសដល់អស់កល្បជានិច្ចនោះឡើយ»។ 
តើបទគម្ពីរនេះប្រាប់យើងអំពីអ្វី? វាប្រាប់យើងឲ្យយល់ និងបញ្ជាក់យ៉ាងច្បាស់លាស់ ហើយដើម្បីមានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់សំណួរថា «ហេតុអ្វីព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ?» «តើបុណ្យជ្រមុជគឺជាគំរូនៃការដាក់ដៃលើនៅក្នុងព្រះគម្ពីរសញ្ញាចាស់ឬ?» «តើយើងនឹងបានរស់ម្តងទៀតដែរទេ? និង «តើការជំនុំជម្រះដ៏អស់កល្បជានិច្ចគឺជាអ្វី?»។ បទគម្ពីរនេះប្រាប់យើងឲ្យមានជំនឿពេញលេញ ហើយដាក់មូលដ្ឋានគ្រឹះនៃជំនឿឲ្យបានរឹងមាំតាំងពីដំបូង ដើម្បីកុំឲ្យយើងរង្គោះរង្គើ ឬបង្ខំចិត្តដាក់មូលដ្ឋានគ្រឹះនេះម្តងទៀត។ ជំនឿលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ គឺជាជំនឿពេញលេញដែលជឿថា ព្រះអម្ចាស់បានបំពេញសម្រេចសេចក្តីសង្រ្គោះរបស់យើងយ៉ាងគ្រប់លក្ខណ៍។ ដូច្នេះ យើងត្រូវតែឈរយ៉ាងមាំមួននៅក្នុងមូលដ្ឋានគ្រឹះនៃជំនឿនេះ ហើយយើងត្រូវតែរត់ពីទីនេះទៅមុខ គឺយើងត្រូវតែរត់ប្រណាំងខាងជំនឿ។ 
មនុស្សមួយចំនួនកាត់ស្រាយបទគម្ពីរនេះ ចេញពីភាសាហេព្រើរថា យើងមិនអាចនិយាយម្តងទៀតថា អំពើបាបរបស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់បានទេ ហើយថា បទគម្ពីរកំពុងតែប្រាប់យើងថា យើងមិនត្រូវការសាងសង់មូលដ្ឋានគ្រឹះនៃជំនឿរបស់យើងឡើងវិញទេ។ ប៉ុន្តែបើសិនមូលដ្ឋានគ្រឹះនៃជំនឿត្រូវបានសាងសង់យ៉ាងត្រឹមត្រូវពីដំបូងហើយ ហេតុអ្វីព្រះចាំបាច់បង្គាប់ឲ្យយើងសាងសង់វាឡើងវិញ? បទគម្ពីរនេះប្រាប់យើងថា អ្នកដែលមិនមានមូលដ្ឋានគ្រឹះនៃជំនឿត្រឹមត្រូវ គួរតែមានមូលដ្ឋានគ្រឹះនេះ ហើយអ្នកដែលមានមូលដ្ឋានគ្រឹះនៃជំនឿត្រឹមត្រូវហើយ គួរតែធ្វើឲ្យវាកាន់តែរឹងមាំ ហើយបន្តដំណើរទៅមុខទៀត។ 
ដើម្បីសង្រ្គោះយើង ព្រះបានបង្គាប់ឲ្យលោកម៉ូសេសាងសង់រោងឧបោសថ ហើយទទួលតង្វាយពីរាស្ត្ររបស់ទ្រង់។ ទ្រង់បានបង្គាប់ឲ្យប្រជាជនអ៊ីស្រាអែលថ្វាយដល់ទ្រង់នូវមាស ប្រាក់ លង្ហិន អំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងរោមពពែ ស្បែកចៀមឈ្មោលជ្រលក់ក្រហម ស្បែកផ្សោត និងឈើ នាងនួន។ ដូចដែលបង្ហាញនៅក្នុងសម្ភារៈទាំងនេះ ព្រះអម្ចាស់ពិតជាបានប្រទានអំណោយទាននៃសេចក្តីសង្រ្គោះដល់យើង តាមរយៈការសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាបរបស់លោកិយនេះមែន។ តាមរបៀបនេះ ព្រះពិតជាបានប្រាប់សាសន៍អ៊ីស្រាអែល ឲ្យថ្វាយតង្វាយទាំងនេះដល់ទ្រង់ បានសាងសង់រោងឧបោសថ បានបង្កើតប្រព័ន្ធថ្វាយយញ្ញបូជា ហើយបានអត់ទោសដល់បាបរបស់ពួកគេ ដែលបានថ្វាយទ្រង់នូវតង្វាយយញ្ញបូជារបស់ពួកគេ ដែលស្របតាមសេចក្តីតម្រូវនៃប្រព័ន្ធថ្វាយយញ្ញបូជា។
 
 
ជំនឿរបស់យើងបានពេញលេញ ដោយការជឿលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសត្បាញយ៉ាងម៉ដ្ត ដែលបានប្រាប់យើងជាមុនអំពីការបំពេញសម្រេចដ៏គ្រប់លក្ខណ៍នៃសេចក្តីសង្រ្គោះរបស់យើង តាមរយៈព្រះយេស៊ូវ

បើសិនយើងមិនអាចជឿតាមសេចក្តីពិតដ៏គ្រប់លក្ខណ៍ ដែលព្រះយេស៊ូវបានបំពេញសម្រេច ហើយមិនមានមូលដ្ឋានគ្រឹះនៃជំនឿរឹងមាំតែម្តងទេ ជំនឿរបស់យើងនឹងនៅតែរង្គោះរង្គើជានិច្ច។ បើសិនមិនមានចំណេះដឹង ការយល់ដឹង និងជំនឿតាមសេចក្តីពិតថា ព្រះអម្ចាស់បានសង្រ្គោះយើងទាំងស្រុងទេ យើងទាំងអស់នឹងនឹងត្រូវព្យាយាមទទួលបានសេចក្តីសង្រ្គោះរបស់យើង តាមរយៈការប្រព្រឹត្តផ្ទាល់ខ្លួនរបស់យើង ហើយ។ ជំនឿបែបនេះខុស និងមិនពេញលេញឡើយ។ 
ឥឡូវនេះ ចូរយើងត្រឡប់ទៅឯ ហេព្រើរ ១០:២៦-៣១៖ «ដ្បិតក្រោយដែលយើងបានទទួលស្គាល់សេចក្តីពិតហើយ បើយើងធ្វើបាប ស្ម័គ្រពីចិត្តទៀត នោះគ្មានយញ្ញបូជាណា សំរាប់នឹងលោះបាបទៀតទេ មានតែរង់ចាំ ដោយស្ញែងខ្លាចចំពោះសេចក្តីជំនុំជំរះ និងសេចក្តីសហ័សនៃភ្លើង ដែលរៀបនឹងឆេះដល់អស់ទាំងពួកទាស់ទទឹងផងប៉ុណ្ណោះ ឯអ្នកណាដែលក្បត់ក្រឹត្យវិន័យលោកម៉ូសេ នោះបានត្រូវស្លាប់ឥតប្រណី ដោយសេចក្តីបន្ទាល់របស់មនុស្ស២ឬ៣នាក់ ចុះតើអ្នករាល់គ្នាស្មានថា គេគួរមានទោសជាធ្ងន់ជាងយ៉ាងណាទៅ ដែលគេជាន់ឈ្លីព្រះរាជបុត្រានៃព្រះ ទាំងរាប់ព្រះលោហិតនៃសេចក្តីសញ្ញា ដែលបានញែកគេចេញជាបរិសុទ្ធ ទុកដូចជារបស់ប្រើធម្មតា ហើយត្មះតិះដៀលដល់ព្រះវិញ្ញាណដ៏មានព្រះគុណផងនោះ ដ្បិតយើងស្គាល់ព្រះអង្គដែលទ្រង់មានព្រះបន្ទូលថា [សេចក្តីសងសឹកជារបស់ផងអញ អញនឹងសងគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់] ហើយ១ទៀតថា [ព្រះអម្ចាស់ទ្រង់នឹងជំនុំជំរះរាស្ត្រទ្រង់] រីឯការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់»។ 
បទគម្ពីរនេះប្រាប់យើងថា បើសិនយើងធ្វើបាបដោយចេតនា បន្ទាប់ពីយើងបានទទួលចំណេះដឹងអំពីសេចក្តីពិតហើយ នោះលែងមានយញ្ញបូជាសម្រាប់អំពើបាបទៀតហើយ ប៉ុន្តែមានតែការជំនុំជម្រះដ៏សាហាវប៉ុណ្ណោះ។ នៅទីនេះ អ្នកដែលធ្វើបាបដោយចេតនា បន្ទាប់ពីបានស្គាល់សេចក្តីពិតហើយ សំដៅទៅលើអ្នកដែលមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទោះបើពួកគេស្គាល់ដំណឹងល្អនេះក៏ដោយ។ ដូច្នេះ យើងត្រូវតែជឿតាមសេចក្តីពិតថា ព្រះបានសង្រ្គោះយើង តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសត្បាញយ៉ាងម៉ដ្តរបស់ទ្រង់ ហើយថា ទ្រង់បានសង្រ្គោះយើង ដោយមាស ប្រាក់ និងលង្ហិន និងថា ទ្រង់បានធ្វើដំបូលរោងឧបោសថ ដោយគម្របធ្វើពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសត្បាញយ៉ាងម៉ដ្ត និងរោមពពែ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម និងស្បែកផ្សោត។ យើងត្រូវតែដឹងពីការទាំងនេះយ៉ាងច្បាស់លាស់ ហើយមានមូលដ្ឋានគ្រឹះនៃជំនឿរបស់យើងឲ្យបានរឹងមាំ។ 
ព្រះអម្ចាស់បានសន្យានឹងយើងថា ទ្រង់នឹងសង្រ្គោះយើងទាំងស្រុង ហើយខណៈដែលពេលវេលាមកដល់ ទ្រង់បានទទួលបុណ្យជ្រមុជ ដើម្បីទទួលផ្ទុកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយដូច្នេះ ពិតជាបានសង្រ្គោះយើងទាំងស្រុង។ ដូច្នេះ យើងបានសង្រ្គោះយ៉ាងគ្រប់លក្ខណ៍ ដោយការជឿលើព្រះយេស៊ូវគ្រីស្ទនេះ ដែលបានបង្កើតមូលដ្ឋានគ្រឹះនៃជំនឿរបស់យើងទាំងស្រុង។ 
ប៉ុន្តែអ្នកដែលមិនដឹងពីសេចក្តីពិតនេះ ហើយនៅតែបដិសេធមិនជឿតាម ពិតជានឹងប្រឈមនឹងការជំនុំជម្រះដ៏សាហាវរបស់ព្រះ នៅពេលថ្ងៃនៃការជំនុំជម្រះចុងក្រោយរបស់ពួកគេមកដល់។ រូបកាយរបស់ពួកគេនឹងមិនស្លាប់ទេ ប៉ុន្តែរងទុក្ខអស់កល្បជានិច្ចវិញ។ ព្រះគម្ពីរប្រាប់យើងថា នឹងមានតែការឈឺចាប់ដ៏ខ្លាំងសម្រាប់ពួកគេប៉ុណ្ណោះ ហើយការរងទុក្ខរបស់ពួកគេនៅក្នុងស្ថាននរកនឹងមានសភាពវេទនានៅក្នុងភ្លើង (ម៉ាកុស ៩:៤៩)។ ហើយវាប្រាប់យើងថា នឹងមានតែការជំនុំជម្រះដ៏សាហាប និងការឈឺចាប់ដ៏ធ្ងន់ធ្ងរប៉ុណ្ណោះ ដែលនឹងលាបត្របាក់ពួកខ្មាំងសត្រូវ។ 
បើសិនការមិនគោរពតាមក្រិត្យវិន័យ នាំទៅដល់ការជំនុំជម្រះដ៏ សាហាវបែបនេះទៅហើយ ចុះទម្រាំអ្នកដែលមិនជឿលើសេចក្តីសង្រ្គោះ ដែលព្រះរាជបុត្រានៃព្រះបានប្រទានឲ្យ នឹងត្រូវប្រឈមនឹងការជំនុំជម្រះកាន់តែកាចសាហាវយ៉ាងណាទៅទៀត? ដូច្នេះហើយបានជាយើងត្រូវតែជឿ និងទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះ ដែលបានយាងមកផែនដីនេះក្នុងនាមជាមនុស្សម្នាក់ ដែលបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជបស់ទ្រង់ ដែលបាននាំអំពើបាបទាំងអស់របស់លោកិយនេះទៅលើឈើឆ្កាង ហើយបានទទួលយកទោសនៃអំពើបាបទាំងអស់ តាមរយៈការសុគតនៅលើឈើឆ្កាងរបស់ទ្រង់ ដែលបានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយដែលឥឡូវនេះ បានព្រះជន្មគង់នៅ។ 
 

ដូច្នេះ យើងត្រូវតែមានមូលដ្ឋានគ្រឹះនៃជំនឿរឹងមាំ

ហេតុអ្វីព្រះបានបង្គាប់ឲ្យលោកម៉ូសេធ្វើរោងឧបោសថ? នៅពេលយើងពិនិត្យមើលសម្ភារៈនីមួយៗ ដែលត្រូវបានប្រើប្រាស់សម្រាប់រោងឧបោសថ យើងអាចមើលឃើញថា ពួកវាសុទ្ធតែបើកសម្តែងអំពីសេចក្តីពិតថា ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះក្នុងនាមជាមនុស្សម្នាក់ បានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន-បាទ្ទីស បាននាំអំពើបាបរបស់លោកិយនេះទៅលើឈើឆ្កាង និងបានសុគតនៅលើទីនោះ បានមានព្រះជន្មរស់ពីសុគតឡើងវិញ បានគង់នៅខាងស្តាំបល្ល័ង្កនៃព្រះវរបិតា ហើយឥឡូវនេះ បានធ្វើជាព្រះដ៏អស់កល្បជានិច្ចរបស់យើង។ ចាប់ពីទ្វារចូលទៅដល់សរសរ និងជើងលង្ហិន គ្រប់សម្ភារៈទាំងអស់នៃរោងឧបោសថបង្ហាញយើងអំពីសេចក្តីពិតអំពីដំណឹងល្អ។ នៅក្នុងន័យផ្សេង ព្រះគម្ពីរសញ្ញាចាស់ទាំងមូលកំពុងតែប្រាប់យើង អំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ យញ្ញបូជារបស់ទ្រង់ អត្តសញ្ញាណរបស់ទ្រង់ និងព្រះរាជកិច្ចនៃសេចក្តីសង្គ្រោះរបស់ទ្រង់។ 
ចាប់ពីព្រះគម្ពីរសញ្ញាចាស់ ទៅដល់ព្រះគម្ពីរសញ្ញាថ្មី ដោយសារព្រះយេស៊ូវគ្រីស្ទមានបន្ទូលមកកាន់យើងអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាដំណឹងល្អអំពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសត្បាញយ៉ាងម៉ដ្ត អ្នកដែលជឿតាមសេចក្តីពិតនេះ តែងតែនិយាយអំពីសេចក្តីពិតអំពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសត្បាញយ៉ាងម៉ដ្ត កាលណាពួកគេមានឱកាស។ ដោយសារយើងស្តាប់ឮការប្រកាសពីដំណឹងល្អនេះ ពេលខ្លះ យើងអាចភ្លេចថា សេចក្តីពិតនេះមានតម្លៃពិសេសយ៉ាងណា។ ប៉ុន្តែ តើសេចក្តីពិតនេះមានសារៈសំខាន់បែបណា? មនុស្សរស់នៅក្នុងសម័យស្តេចសាឡូម៉ូន នៅពលមាស និងប្រាក់ដ៏មានតម្លៃមានយ៉ាងច្រើនបរិបូរ ពួកគេបានចាត់ទុកវាដូចជាថ្ម។ ដូចគ្នាដែរ ដោយសារយើងស្តាប់ឮព្រះបន្ទូលនៃសេចក្តីពិតនេះជារៀងរាល់ថ្ងៃនៅក្នុងពួកជំនុំ ពេលខ្លះ យើងអាចចាត់ទុកសេចក្តីសង្រ្គោះនេះមិនសូវសំខាន់។ ប៉ុន្តែអ្នកត្រូវតែចងចាំថា មនុស្សមិនអាចស្តាប់ឮសេចក្តីពិតនៅខាងក្រៅពួកជំនុំបានសោះឡើយ ហើយបើសិនគ្មានសេចក្តីសង្រ្គោះនេះទេ គ្មានអ្នកណាអាចបានសង្រ្គោះ ឬមានមូលដ្ឋានគ្រឹះនៃជំនឿរឹងមាំបានឡើយ។ 
ជំនឿដែលជួយឲ្យអ្នក និងខ្ញុំបានសង្រ្គោះ គឺជាជំនឿតាមការពិតថា ព្រះអម្ចាស់បានសង្រ្គោះយើងទាំងស្រុង ហើយបានដាក់មូលដ្ឋានគ្រឹះនៃជំនឿរបស់យើងយ៉ាងរឹងមាំ ដោយអំបោះទាំងបួនពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសត្បាញយ៉ាងម៉ដ្ត។ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា យើងទាំងអស់គ្នាត្រូវតែជឿតាមសេចក្តីពិត ដោយអស់ពីចិត្ត។ ព្រះបានសន្យានឹងយើង ហើយដូចដែលទ្រង់បានសន្យា ទ្រង់បានយាងមកផែនដីនេះក្នុងនាមជាពូជរបស់ស្ត្រី (លោកុប្បត្តិ ៣:១៥) បានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ បានទទួលយកទោសនៃអំពើបាបរបស់យើងនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយដូច្នេះ បានសង្រ្គោះយើងយ៉ាងគ្រប់លក្ខណ៍។ ដោយសារនេះគឺជាសេចក្តិពិតសាមញ្ញមួយ ដែលងាយពន្យល់ និងយល់ យើងអាចប្រកាសដំណឹងល្អនេះនៅទូទាំងពិភពលោកជារៀងរាល់ថ្ងៃបាន។ តាមការពិត នៅតែមានមនុស្សជាច្រើនដែលគួរឲ្យអាណិត និងមិនស្គាល់សេចក្តីពិតនេះ។ ប៉ុន្តែអ្នកដែលគួរឲ្យអាណិតជាងនេះ គឺជាអ្នកដែលមិនស្គាល់សេចក្តីពិតនេះ ទោះបើពួកគេនៅក្នុងពួកជំនុំព្រះក៏ដោយ។ 
ទោះបីជាអ្នកពិតជាបានទទួលការអត់ទោសបាបហើយក៏ដោយ ក៏គំនិតរបស់អ្នកអាចនៅតែអាក្រក់ដែរ ប៉ុន្តែយ៉ាងហោចណាស់ ក៏ចិត្តរបស់អ្នកបានត្រឡប់ជាស្លូតដែរ។ ប៉ុន្តែមនុស្សកំពុតដែលមិនដូច្នេះ ទោះបើពួកគេអាចព្យាយាមធ្វើជាមនុស្សស្លូតពីខាងក្រៅក៏ដោយ ក៏ខ្លួនខាងក្នុងរបស់ពួកគេអាក្រក់យ៉ាងខ្លាំង ដែលពួកគេបន្តបោកបញ្ឆោតព្រះ និងមនុស្សជាច្រើនរាប់មិនអស់ ជារៀងរាល់ថ្ងៃដែរ។ អ្នក និងខ្ញុំត្រូវបានដាក់មូលដ្ឋានគ្រឹះនៃជំនឿឲ្យបានរឹងមាំ។ ហើយនៅលើសេចក្តីសង្រ្គោះដែលព្រះអម្ចាស់បានបង្កើតសម្រាប់យើងយ៉ាងរឹងមាំ យើងត្រូវតែរនៅចំពោះព្រះ ដោយការជឿលើសេចក្តីសង្រ្គោះនេះ។ 
 

ជំនឿដែលឈរយ៉ាងរឹងមាំ ដូចជាសម្ភារៈសាងសង់ រោងឧបោសថ

ព្រះបានបង្គាប់ឲ្យយើងនាំយកតង្វាយបែបនេះ ដើម្បីសាងសង់រោងឧបោសថរបស់ទ្រង់។ អ្នក និងខ្ញុំត្រូវតែធ្វើជាមនុស្សនៃជំនឿដែលជឿថា ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ ដើម្បីសង្រ្គោះយើងខាង វិញ្ញាណ។ យើងត្រូវតែឈរយ៉ាងរឹងមាំនៅចំពោះព្រះ ដោយការមានជំនឿដូចជាសម្ភារៈសាងសង់រោងឧបោសថ។ តើអ្នកជឿដែរទេ? ហើយតើអ្នកពិតជាមានជំនឿបែបនេះដែរទេ? តាមរយៈពួកជំនុំព្រះ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅតែត្រូវបានប្រកាស។ ដោយសារនេះគឺជាមូលដ្ឋានគ្រឹះនៃជំនឿពិតប្រាកដ ខ្ញុំមិនអាចបញ្ជាក់អំពីវាឲ្យបានគ្រប់គ្រាន់បានទេ។ 
ពួកជំនុំ និងនិកាយយ៉ាងច្រើននៅក្នុងពិភពលោកនេះនៅតែមិនយល់ពីសេចក្តីពិតថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ។ សូម្បីតែនៅក្នុងស្ថានភាពទាំងនេះ ព្រះអម្ចាស់នៅតែបានអនុញ្ញាតឲ្យយើងស្វែងរកឃើញសេចក្តីពិត។ មូលហេតុដែលព្រះយេស៊ូវត្រូវបានបោះភ្ជាប់ទៅនឹងឈើឆ្កាង ហើយត្រូវបានគេចាក់ គឺពីព្រោះទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស នៅឯទន្លេ យ័ដាន់។ ដោយសារទ្រង់បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ទើបទ្រង់ត្រូវបានគេឆ្កាង និងចាក់ទម្លុះ។ 
ដូច្នេះ ជំនឿរបស់អ្នកដែលអះអាងថា ខ្លួនបានទទួលការអត់ទោសបាប ដោយគ្រាន់តែការជឿលើព្រះលោហិតនៅលើឈើឆ្កាងមួយមុខ គឺជាជំនឿខុសដែលបាក់បែកនៅទីបំផុត ទោះបើពួកគេមានភាពឆេះឆួលយ៉ាងណាក៏ដោយ។ ទោះបីជាពួកគេខិតខំប្រកាសដោយសម្លេងខ្លាំងៗ និងដោយមិននឿយហត់ទៅកាន់ហ្វូងមនុស្ស ឲ្យពួកគេជឿព្រះយេស៊ូវក៏ដោយ ក៏ជំនឿរបស់ពួកគេដែលជឿលើព្រះលោហិតតែមួយមុខ ថ្វាយការអធិស្ឋានលន់តួតែប៉ុណ្ណោះ និងមិនអាចដោះស្រាយបញ្ហាបាបផ្ទាល់ខ្លួនបាន ត្រូវបានសាងសង់ឡើងនៅលើមូលដ្ឋានគ្រឹះខុស ដែលនឹងដួលរលំទៅ កាលណាមានភ្លៀង ខ្យល់ និងទឹកជំនន់មកដល់។ 
ចាប់តាំងពីខ្ញុំបានជឿព្រះយេស៊ូវ ខ្ញុំខ្លួនឯងមិនបានស្តាប់ឮអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវអស់រយៈពេលជាង១០ឆ្នាំ។ ប៉ុន្តែព្រះយេស៊ូវបានជួបជាមួយខ្ញុំ តាមរយៈព្រះបន្ទូលនៃសេចក្តីពិតរបស់ទ្រង់ ហើយខ្ញុំបានអាចកើតជាថ្មីពីទឹក និងព្រះវិញ្ញាណ។ ឥឡូវនេះ ខ្ញុំដឹងថា មានមនុស្សជាច្រើននៅទូទាំងពិភពលោក ដែលកំពុងតែស្វែងរកសេចក្តីពិត ប៉ុន្តែមិនទាន់រកឃើញនៅឡើយ។ ខ្ញុំចង់និយាយទៅកាន់ពួកគេទាំងអស់គ្នា ដើម្បីឲ្យពួកគេអាចស្តាប់ឮសេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណ ហើយដើម្បីឲ្យពួកគេអាចទទួលបានការអត់ទោសអំពើបាប ដោយការជឿតាមសេចក្តីពិតនេះនៅក្នុងចិត្តរបស់ពួកគេ។ 
មុនពេលអ្នកបានកើតជាថ្មី អ្នកក៏មានជីវិតបែបសាសនាផងដែរ។ នៅពេលនោះ អ្នកប្រហែលជាមិនបានស្តាប់ឮអំពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសត្បាញយ៉ាងម៉ដ្ត។ លើសពីនេះ អ្នកក៏ប្រហែលជាមិនបានស្តាប់ឭអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែរ ដែលប្រាប់យើងថា អំពើបាបរបស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ។ 
វាមានភាពចាំបាច់សម្រាប់គ្រីស្ទបរិស័ទ ក្នុងការយល់ និងជឿតាមសេចក្តីពិតអំពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសត្បាញយ៉ាងម៉ដ្ត តាមអត្ថន័យដើមរបស់វា។ លុះត្រាតែមូលដ្ឋានគ្រឹះនៃជំនឿត្រូវបានដាក់នៅលើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសត្បាញយ៉ាងម៉ដ្ត ទើបយើងអាចឈរយ៉ាងមាំមួនជាមួយជំនឿរបស់យើងបាន។ បើសិនអ្នកមិនបានជឿកន្លងមកទេ វាមិនទាន់យឺតពេលសម្រាប់អ្នកឡើយ។ អ្វីដែលអ្នកត្រូវតែធ្វើនៅពេលនេះ គឺជឿដូច្នេះ។ លុះត្រាតែអ្នកជឿ ទើបអ្នកអាចបានសង្រ្គោះទាំងស្រុង មានមូលដ្ឋានគ្រឹះនៃជំនឿរឹងមាំ និងមានជំនឿនៅលើមូលដ្ឋានគ្រឹះនេះបាន។ 
 

អ្នកដែលនៅក្នុងពួកជំនុំរបស់ព្រះ ក៏ត្រូវតែមាន មូលដ្ឋានគ្រឹះនៃជំនឿរឹងមាំដែរ

ម៉ាថាយ ២៤:៤០ និយាយថា «នៅគ្រានោះ នឹងមានមនុស្ស២នាក់នៅចំការ ម្នាក់នឹងបានយកទៅ ហើយម្នាក់ទុកនៅ»។ នៅពេលយើងប្រកាសជឿតាមសេចក្តីពិតតែមួយ និងបម្រើដំណឹងល្អតែមួយជាមួយគ្នានៅក្នុងពួកជំនុំរបស់ព្រះ តើអ្វីដែលអាចកាន់តែគ្រោះថ្នាក់ បើសិនអ្នកខ្លះក្នុងចំណោមយើងត្រូវបានបោះបង់ចោលនៅពេលក្រោយមកទៀត?
ដោយសារព្រះបន្ទូលព្រះមានប្រាជ្ញា និងសីលធម៌ មិនមានការបង្ខំឲ្យអ្នកណាម្នាក់មានជំនឿឡើយ។ ដូច្នេះ កាលណាអ្នកស្តាប់ឮព្រះបន្ទូលព្រះអធិប្បាយទៅកាន់អ្នក ដោយសុភាព អ្នកត្រូវតែជឿតាម ដោយគំនិតត្រឹមត្រូវ ការផ្ចង់គំនិតរបស់អ្នកលើការពិតថា អ្នកពិតជាកំពុងតែស្តាប់ឮព្រះបន្ទូលព្រះ។ នៅពេលជនជាតិអ៊ីស្រាអែលបានស្តាប់ឮអ្វីដែលលោកម៉ូសេប្រាប់ពួកគេ ពួកគេបានមិនបានចាត់ទុកវាជាពាក្យសម្តីរបស់លោកម៉ូសេទេ ប៉ុន្តែជាព្រះបន្ទូលព្រះវិញ។ ដូចគ្នាដែរ នៅពេលអ្នកស្តាប់ឮអ្វីដែលព្រះបន្ទូលប្រាប់ អ្នកត្រូវពិនិត្យមើលថា អ្នកពិតជាជឿតាមព្រះបន្ទូលព្រះ ឬយ៉ាងណា។ អ្នកត្រូវពិចារណព្រះបន្ទូល ដោយគំនិតត្រឹមត្រូវ ហើយបន្ទាប់មក ជឿតាមអ្វីដែលព្រះបន្ទូលប្រាប់អ្នក។ 
ព្រះគម្ពីរបានសរសើរពួកអ្នកជឿនៅស្រុកបេរា សម្រាប់ការមានចិត្តល្អ និងការប្រុងប្រៀបសព្វគ្រប់ក្នុងការទទួលព្រះបន្ទូលព្រះ។ ពួកអ្នកជឿនៅស្រុកបេរា «មានចិត្តល្អជាងពួកអ្នកនៅថែស្សាឡូនីច គេប្រុងប្រៀបសព្វគ្រប់នឹងទទួលព្រះបន្ទូល ក៏ពិចារណាមើលគម្ពីររាល់តែថ្ងៃ ឲ្យបានដឹងជាសេចក្តីទាំងនោះត្រូវឬមិនត្រូវ» (កិច្ចការ ១៧:១១)។ សរុបមក ពួកគេបានជឿយ៉ាងសមហេតុសមផលតាមព្រះបន្ទូលទ្រង់ ដូចដែលពួកគេត្រូវបានបង្រៀន។ 
ជំនឿត្រឹមត្រូវចេញមកពីចិត្តដែលមានគំនិតត្រឹមត្រូវ ដែលស្វែងរកព្រះបន្ទូល។ វាមិនមានន័យទេ បើសិនបង្ខំឲ្យអ្នកជឿ ដែលខុសពីបំណងចិត្តរបស់អ្នក។ ទោះបីជាមនុស្សម្នាក់បង្ខំមនុស្សម្នាក់ទៀតឲ្យជឿក៏ដោយ ក៏វាឥតមានន័យអ្វីទាំងអស់ដែរ ពីព្រោះអ្នកដែលត្រូវគេបង្ខំ នឹងមិនជឿតាមអ្វីដែលគេប្រាប់នោះឡើយ។ នៅចំពោះព្រះ គ្រប់យ៉ាងអាស្រ័យលើអ្វីដែលមនុស្សជឿតាមឆន្ទះសេរីរបស់ពួកគេ។ បើសិនមនុស្សម្នាក់មិនជឿ នៅពេលគេបានប្រាប់គាត់អំពីរឿងតែមួយដដែលៗ នោះគាត់គ្មានផ្លូវគេចរួចពីស្ថាននរកឡើយ។ 
ដូច្នេះ យើងគួរតែអាណិតដល់មនុស្សមានបាបទាំងអស់នៅក្នុងលោកិយនេះ ប៉ុន្តែបើសិនអ្នកខ្លះមិនជឿតាមព្រះបន្ទូលទ្រង់ ទោះបើយើងនៅក្រោមដំបូលតែមយយនៃពួកជំនុំនៃព្រះ នោះពួកគេកាន់តែគួរឲ្យអាណិតទៅទៀត។ តើមានអ្នកណាដែលគួរឲ្យអាណិតជាងអ្នកដែលត្រូវធ្លាក់ទៅស្ថាននរក ខណៈដែលពួកគេនៅក្នុងពួកជំនុំតែមួយជាមួយយើង?
ព្រះយេស៊ូវមានពួកសិស្សចំនួនដប់ពីរនាក់ ហើយក្នុងចំណោមពួកគេ មានតែយូដាសប៉ុណ្ណោះ ដែលមិនបានជឿថា ព្រះយេស៊ូវគឺជាព្រះមែស៊ី និងព្រះអង្គសង្រ្គោះ។ ដូច្នេះ យូដាសតែងតែបានហៅព្រះយេស៊ូវជាលោកគ្រូ។ ហើយសាវកពេត្រុសក៏ធ្លាប់បានហៅព្រះយេស៊ូវជាលោកគ្រូជាច្រើនផងដែរ ប៉ុន្តែជាចុងក្រោយ គាត់បានជឿ និងសារភាពថា «ព្រះអម្ចាស់ ទ្រង់គឺជាព្រះគ្រីស្ទ ហើយជាព្រះរាជបុត្រានៃព្រះ។ ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ដែលជាព្រះអង្គសង្រ្គោះ ដែលបានយាងមកដោះអំពើបាបរបស់ទូលបង្គំចេញ។ ទ្រង់គឺជាព្រះនៃសេចក្តីសង្រ្គោះ»។ 
នៅក្នុងន័យផ្សេង ជំនឿរបស់សាវកពេត្រុសខុសពីជំនឿរបស់ យូដាស។ បន្ទាប់ពីយូដាសបានក្បត់ព្រះយេស៊ូវ និងបានលក់ទ្រង់ គាត់បានចងកសម្លាប់ខ្លួនឯង។ ទោះបីជាយូដាសបាននៅជាមួយសិស្សទាំងដប់មួយនាក់ទៀតក៏ដោយ ក៏ចុងបញ្ចប់ គាត់មិនបានទទួលស្គាល់ថា ទ្រង់គឺជាពិតជាព្រះរាជបុត្រានៃព្រះដែរ ហើយដូច្នេះ គាត់ត្រូវធ្លាក់ទៅក្នុងស្ថាននរក។ ផ្ទុយទៅវិញ សាវកពេត្រុសបានសង្រ្គោះ ដោយការជឿ និងការ ទទួសស្គាល់ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់គាត់ ទោះបីគាត់គឺជាមនុស្សឆេវឆាវ និងមានកំហុសជាច្រើនក៏ដោយ។ 
ដូចគ្នាដែរ សេចក្តីសង្រ្គោះអាស្រ័យថា មនុស្សម្នាក់ស្គាល់សេចក្តីពិត ហើយជឿតាមនៅក្នុងចិត្ត ឬអត់។ មនុស្សមិនអាចជឿតាមសេចក្តីពិត ខណៈដែលខ្លួនមិនយល់ពីសេចក្តីពិតបានឡើយ។ ប៉ុន្តែបើសិនមនុស្សមិនជឿតាមសេចក្តីពិត ខណៈដែលខ្លួនយល់ពីវា ពួកគេនឹងប្រឈមនឹងទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ (លូកា ១២:៤៨)។ ដូច្នេះ ព្រះកំពុងតែប្រាប់យើងថា មូលដ្ឋានគ្រឹះនៃជំនឿរបស់យើងត្រូវតែត្រឹមត្រូវ និងរឹងមាំ។ 
 

តើជំនឿរបស់យើងយ៉ាងដូចម្តេច?

តើឥឡូវនេះ មូលដ្ឋានគ្រឹះនៃជំនឿរបស់យើងត្រូវបានពង្រឹងហើយឬនៅ? តើវាមានរឹងមាំដែរទេ? ហើយតើអ្នកជឿថា ព្រះអម្ចាស់ពិតជាបានសង្រ្គោះអ្នកដែរទេ? តាមរយៈទឹក និងព្រះវិញ្ញាណ ព្រះអម្ចាស់ពិតជាបានសង្រ្គោះយើងមែន។ នេះមិនមែនជារឿងចម្លែកទេ ដែលនិកាយរបស់យើងកំពុងតែបង្រៀន ប៉ុន្តែជាអ្វីដែលព្រះបានសន្យានៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងជាអ្វីដែលព្រះយេស៊ូវពិតជាបំពេញសម្រេចនៅក្នុងព្រះគម្ពីរសញ្ញាថ្មី គឺជារបៀបដែលព្រះគ្រីស្ទពិតជាបានសង្រ្គោះយើងមែន។ 
ព្រះយេស៊ូវគឺជាស្តេចលើសអស់ទាំងស្តេច (អំបោះពណ៌ស្វាយ) ដែលបានយាងមកផែនដីនេះក្នុងនាមជាមនុស្សម្នាក់ បានទទួលផ្ទុកអំពើបាបរបស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ (អំបោះពណ៌ផ្ទៃមេឃ) បាននាំអំពើបាបទាំងនេះទៅឯឈើឆ្កាង និងបានសុគតនៅលើឈើឆ្កាង (អំបោះពណ៌ក្រហម) បានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយដូច្នេះ បានសង្រ្គោះយើង។ ទ្រង់បានសន្យាថា ទ្រង់នឹងធ្វើដូច្នេះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយទ្រង់បានសង្រ្គោះយើង ដោយការបំពេញសម្រេចតាមសេចក្តីសន្យានេះនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ តើអ្នកជឿតាមសេចក្តីពិតដែរទេ? នេះហើយគឺជាការមានមូលដ្ឋានគ្រឹះនៃជំនឿរឹងមាំ។ 
មានគ្រីស្ទបរិស័ទចំនួនរាប់រយលាននាក់ នៅទូទាំងពិភពលោកនេះ ប៉ុន្តែពួកគេភាគច្រើនមានមូលដ្ឋានគ្រឹះនៃជំនឿផុយស្រួយ។ តាមរយៈការពិនិត្យមើលសៀវភៅគ្រីស្ទបរិស័ទជាច្រើន ដែលមាននៅសព្វថ្ងៃនេះ យើងអាចមើលឃើញថា មនុស្សមានជំនឿត្រឹមត្រូវ ឬយ៉ាងណាបាន។ អ្នក និពន្ធសៀវភៅទាំងនេះមានបំណងចង់ធ្វើជាអ្នកដឹកនាំសហគមន៍គ្រីស្ទ បរិស័ទ ហើយតាមរយៈការអានសៀវភៅរបស់ពួកគេ យើងអាចមើលឃើញថា ពួកគេមានចំណេះដឹងត្រឹមត្រូវអំពីសេចក្តីពិត ឬយ៉ាងណាបាន។ បើសិនអ្នកដឹកនាំម្នាក់មិនស្គាល់ ឬមិនជឿតាមសេចក្តីពិត ដែលគាត់ស្គាល់ នោះគ្រប់គ្នាដែលដើរតាមគាត់ ក៏នឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក ដែរ។ ការពិតដែលគួរឲ្យសោកស្តាយគឺថា កម្រមានអ្នកណាស្គាល់សេចក្តីពិតណាស់ គឺមានតែម្នាក់ប៉ុណ្ណោះ នៅក្នុងមួយលាននាក់។ ដូច្នេះហើយបានជាយើងដែលមានចំនួនតិច និងស្គាល់សេចក្តីពិត ត្រូវតែប្រកាសដំណឹងល្អយ៉ាងស្មោះត្រង់ នៅទូទាំងលោកិយនេះ។ 
ព្រះកំពុងតែធ្វើការ តាមរយៈយើង។ អ្នក និងខ្ញុំត្រូវតែប្រកាសដំណឹងល្អ ពីព្រោះការមិនប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះទៅកាន់លោកិយទាំងមូលទេ គឺស្មើនឹងការប្រព្រឹត្តអំពើបាបដ៏ធំមួយនៅចំពោះព្រះ។ តាមការពិត បើសិនយើងមិនដើរតាម និងបម្រើការងារនេះ ដោយជំនឿទេ យើងពិតជានឹងកំពុងតែប្រព្រឹត្តអំពើបាបដ៏ធំមួយនៅចំពោះព្រះហើយ។ នេះគឺជាអំពើបាបនៃការបញ្ជូនមនុស្សទៅកាន់ស្ថាននរក ទោះបើយើងដឹងថា យើងអាចបញ្ឈប់វាបានក៏ដោយ។ វាគឺជាអំពើបាបដែលមិនអាចអត់ទោសឲ្យបាន ដែលមនុស្សនឹងត្រូវធ្លាក់ទៅក្នុងស្ថាននរកនៅក្នុងភាពល្ងង់ខ្លៅរបស់ខ្លួន ដោយសារតែយើងដែលស្គាល់សេចក្តីពិតហើយ ប៉ុន្តែបានបិទមាត់របស់យើងមិនប្រកាសពីសេចក្តីពិតនោះដល់ពួកគេ។ 
បើសិនយើងមិនបំពេញកាតព្វកិច្ចដែលត្រូវបានប្រគល់ឲ្យយើង មនុស្សទាំងនេះនឹងតវ៉ានឹងយើង ពីព្រោះវាគឺជាកាតព្វកិច្ចតម្រូវរបស់យើង។ ព្រះគម្ពីរព្រមានយើងថា «តែបើអ្នកចាំយាមឃើញដាវមក ហើយមិនផ្លុំត្រែឲ្យបណ្តាជនបានដឹង រួចដាវក៏មកដល់ យកជីវិតអ្នកណាចេញពីពួកគេទៅ អ្នកនោះនឹងត្រូវស្លាប់ទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន តែអញនឹងទារឈាមរបស់អ្នកនោះពីដៃអ្នកចាំយាមវិញ» (អេសេគាល ៣៣:៦)។ យើងដែលបានស្គាល់ និងជឿលើកដំបូង ត្រូវតែអនុវត្តកាតព្វកិច្ចរបស់អ្នកចាំយាមនេះ។ 
ខ្ញុំសូមអរព្រះគុណដល់ព្រះអម្ចាស់សម្រាប់ការប្រទានដំណឹងល្អនេះដល់យើង និងសម្រាប់ការជួយឲ្យយើងស្គាល់សេចក្តីពិតនេះ។ ខ្ញុំសូមអរព្រះគុណដល់ទ្រង់កាន់តែខ្លាំង នៅពេលខ្ញុំបានដឹងថា យើងគឺជាមនុស្សជ្រើសតាំងមួយចំនួនតូចនៅក្នុងលោកិយនេះ ដែលស្គាល់សេចក្តីពិតនេះ និងជឿតាមដំណឹងល្អនេះ។ យើងបានប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់គ្រូគង្វាល និងអ្នកជឿធម្មតាជាច្រើននាក់នៅទូទាំងពិភពលោក ប៉ុន្តែជារៀងរាល់ថ្ងៃ យើងបញ្ជាក់ការពិតថា ពីមុន គ្មានអ្នកណាម្នាក់ ដែលពិតជាបានស្គាល់ និងជឿតាមដំណឹងល្អនេះទេ។ តាមរយៈយើង ចំនួនគ្រូអធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានកើនឡើងនៅទូទាំងពិភពលោក។ ដូចជាយើងដែរ ពួកគេក៏មានមូលដ្ឋានគ្រឹះរឹងមាំនៃជំនឿ និងកំពុងតែប្រកាសពីជំនឿដ៏រឹងមាំនេះ។ 
បើសិនមានមនុស្សបែបនេះច្រើន ដែលកំពុងតែប្រកាសដំណឹងល្អ នោះប្រហែលជាយើងអាចដកដង្ហើម និងសម្រាកបានស្រួលបន្តិចនៅក្នុងការប្រកាសដំណឹងល្អរបស់យើង ប៉ុន្តែគួរឲ្យសោកស្តាយ មិនទានមានមនុស្សច្រើនប៉ុន្មានទេនៅក្នុងលោកិយនេះ ដែលស្គាល់ និងជឿតាមសេចក្តីពិតនេះ។ មនុស្សជាច្រើនបានផ្តល់តម្លៃយ៉ាងលើសដល់ការសម្រេចបាននៃការកំណែទម្រង់នៅក្នុងប្រវត្តិសាស្ត្រពិភពលោក។ នៅពេលយើងពិនិត្យមើលវាយ៉ាងលម្អតិ យើងអាចមើឃើញថា អ្នកកំណែទម្រង់និយមចុចប៊ូតុងនៃមូលដ្ឋានគ្រឹះនៃជំនឿតាមព្រះគម្ពីរដំបូងខុស ក្នុងកំឡុងពេលកំណែទម្រង់ ហើយគ្រប់យ៉ាងផ្សេងទៀតដែលមានបន្តបន្ទាប់ ក៏ខុសដែរ។ បើសិនយើងកែប្រែកំហុសខាងក្រោយៗ ដោយទុកឲ្យប៊ូតុងទីមួយនៅតែខុស នោះវានៅតែមានកំហុសដដែល ហើយដូច្នេះ ប្រវត្តិសាស្ត្រនៃជំនឿគ្រីស្ទបរិស័ទត្រូវតែសរសេរឡើងវិញ។ 
ខ្ញុំសង្ឃឹម និងអធិស្ឋានថា អ្នកទាំងអស់គ្នានឹងឈរនៅចំពោះព្រះនៅលើមូលដ្ឋានគ្រឹះរឹងមាំនៃជំនឿរបស់អ្នក ហើយថា នៅលើមូលដ្ឋានរឹងមាំនេះ អ្នកនឹងប្រើជីវិតរបស់អ្នកសម្រាប់ប្រយោជន៍នៃការបម្រើដំណឹងល្អ ពិត។ កាលណាអ្នករស់នៅសម្រាប់ដំណឹងល្អ ចិត្តរបស់អ្នកពិតជានឹងបានពេញដោយអំណរ។ កាលណាមនុស្សម្នាក់រស់នៅសម្រាប់ដំណឹងល្អ ចិត្តរបស់គាត់ត្រូវបានផ្លាស់ប្រែទៅជាចិត្តខាងវិញ្ញាណ។ ហើយដោយសារព្រះវិញ្ញាណបរិសុទ្ធបំពេញចិត្ត និងធ្វើការនៅក្នុងចិត្តរបស់ពួកគេ ពួកគេទាំងអស់គ្នានឹងមានអំណរយ៉ាងហូរហៀរ។ 
ប៉ុន្តែបើសិនអ្នកមិនរស់នៅសម្រាប់ដំណឹងល្អទេ ប៉ុន្តែដេញតាមសេចក្តីប៉ងប្រាថ្នានៃសាច់ឈាមរបស់អ្នកវិញ ទោះបើអ្នកមានទទួលការអត់ទោសបាប និងបានស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណក៏ដោយ ក៏អ្នកកំពុងតែរស់នៅក្នុងជីវិតឥតន័យ និងទទេដែរ។ 
ខ្ញុំសូមអរព្រះគុណដល់ព្រះ សម្រាប់ការប្រទានដំណឹងល្អដ៏មានតម្លៃនេះដល់យើង និងសម្រាប់ការប្រទានសេចក្តីសង្រ្គោះដោយឥតគិតថ្លៃដល់យើង។ ខ្ញុំសង្ឃឹម និងអធិស្ឋានថា អ្នកទាំងអស់នឹងពិនិត្យមើលជំនឿរបស់អ្នករាល់គ្នាម្តងទៀត ហើយទទួលបានអំណោយទាននៃសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍ តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងអំបោះខ្លូតទេសយ៉ាងម៉ដ្ត។