Search

ពាក្យតាមព្រះគម្ពីរ

ការពន្យល់ខ្លីអំពីពាក្យតាមព្រះគម្ពីរមួយចំនួន

ដែលពាក់ព័ន្ធនឹងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ

  • 1. ថ្លៃលោះ

    ការដោះលែងទ្រព្យសម្បត្តិ ឬបុគ្គលម្នាក់ ជាថ្នូរ និងការទូទាត់ថ្លៃដែលទាមទារ។ ថ្លៃ ឬការទូទាត់សងថ្លៃទាមទារ គឺសម្រាប់ការដោះលែងបែបនេះ។ ពាក្យនេះ ត្រូវបានប្រើភាគច្រើន ជាតំណាងវិជ្ជមាននៃការបង់ថ្លៃលោះ (ឧ. និក្ខមនំ ២១:៣០ «សងថ្លៃជំនួស»; ជនគណនា ៣៥:៣១-៣២; អេសាយ ៤៣:៣ «ថ្លៃលោះ»)។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ម៉ាថាយ ២០:២៨ និង ម៉ាកុស ១០:៤៥ ពិពណ៌នាថ្លៃលោះជា «ការសងប្រាក់»។

  • 2. ធួននឹងបាប

    ពិធីផ្ទេរអំពើបាបទាំងអស់របស់មនុស្សទៅលើអង្គព្រះយេស៊ូវ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ការធួននឹងបាបគឺជាការផ្ទេរអំពើបាបទៅលើយញ្ញបូជាមួយ ដោយការដាក់ដៃលើក្បាលរបស់វា។ ហើយនៅក្នុងព្រះគម្ពីរសញ្ញាថ្មី វាមានន័យថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលទ្រង់បានទទួលពីលោកយ៉ូហាន-បាទ្ទីស។ ភាសា ហេព្រើរ និងក្រិក ពាក្យនេះមានន័យថា ការផ្ទេរបាបទៅលើព្រះយេស៊ូវ ដើម្បីឲ្យមនុស្សមានបាបអាចចូលទៅក្នុងទំនាក់ទំនងត្រឹមត្រូវជាមួយព្រះបាន។ ព្រះគម្ពីរសញ្ញាថ្មី បង្ហាញពីតង្វាយសម្រាប់ការធួននឹងបាបបានយ៉ាងច្បាស់លាស់៖ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ 
    នៅក្នុងព្រះគម្ពីរសញ្ញាចាស់៖ ពាក្យថា «ការធួននឹងបាប» ត្រូវបានប្រើជិត១០០ដង ហើយវាតែងតែត្រូវបានបញ្ជាក់ជា (ឧ. លេវីវិន័យ ២៣:២៧; ២៥:៩; ជនគណនា ៥:៨) «kaphar» ជាភាសា ហេព្រើរ (ជាទូទៅ ត្រូវបានសរសេរថា «ធ្វើការធួននឹងបាប»)។ ការធួននឹងបាប គឺជាការប្រែពីពាក្យហេព្រើរមួយ ដែលមានន័យថា ការផ្ទេរអំពើបាប ដោយការដាក់ដៃលើក្បាលសត្វពពែរស់មួយ ហើយប្រកាសសេចក្តីរំលងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ទៅលើវា (លេវីវិន័យ ១៦:២០-២១)។
    នៅក្នុងព្រះគម្ពីរសញ្ញាថ្មី៖ ការធួននឹងបាប ទាក់ទងនឹងពាក្យ   អារ៉ាមេក «kpr» ដែលមានន័យថា គ្របបាំង។ នេះមានន័យថា បុណ្យជ្រមុជនៃសេចក្តីប្រោសលោះរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ព្រះយេស៊ូវ បានយាងមកលោកិយនេះ ហើយបានទទួលបុណ្យជ្រមុជនៅព្រះជន្ម៣០ព្រះវស្សា ដើម្បីបំពេញសម្រេចសេចក្តីសង្រ្គោះរបស់មនុស្សជាតិទាំងមូល។

  • 3. ការធួននឹងបាបតាមព្រះគម្ពីរ

    ក. នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ជាទូទៅ ការធួននឹងបាបត្រូវបានធ្វើឡើង តាមរយៈយញ្ញបូជាជាសត្វពាហនៈមួយក្បាល       (ឧ. និក្ខមនំ ៣០:១០; លេវីវិន័យ ១:៣-៥; ៤:២០-២១; ១៦:៦-២២)។ 
    ខ. នៅក្នុងព្រះគម្ពីរសញ្ញាថ្មី គំនិតនៃយញ្ញបូជាធួននឹងបាបនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ត្រូវបានរក្សាទុក ប៉ុន្តែសេចក្តីប្រោសលោះរបស់មនុស្សជាតិទាំងមូលអាចបំពេញសម្រេចបាន តាមរយៈតែការថ្វាយរូបកាយរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះប៉ុណ្ណោះ។ សាវកប៉ុល បាននិយាយថា ព្រះយេស៊ូវគ្រីស្ទបានសុគតសម្រាប់អំពើបាបរបស់យើង (១កូរិនថូស ១៥:៣)។
    ពាក្យថា ការធួននឹងបាប មិនគ្រាន់តែត្រូវបានប្រើ ដើម្បីសំដៅលើការសុគតរបស់ព្រះគ្រីស្ទ ដើម្បីដោះបាបតាំងពីកំណើតប៉ុណ្ណោះទេ ប៉ុន្តែក៏សំដៅលើការដោះអំពើបាបទាំងអស់របស់មនុស្សជាតិទាំងមូលផងដែរ។ បន្ទាប់ពីបុណ្យជ្រមុជ ដែលអំពើបាបរបស់លោកិយត្រូវបានផ្ទេរទៅលើទ្រង់ (ម៉ាថាយ ៣:១៥) ព្រះយេស៊ូវបានសង្រ្គោះមនុស្សជាតិ ដោយការបង្ហូរព្រះលោហិតនៅលើឈើឆ្កាង (លេវីវិន័យ ១:១-៥; យ៉ូហាន ១៩:៣០)។ 
    សាវកប៉ុល ពន្យល់នៅក្នុង ២កូរិនថូស ៥:១៤ ថា «ម្នាក់បានស្លាប់ជំនួសអ្នកទាំងអស់» បន្ទាប់មក នៅក្នុងខបន្ទាប់ ខ.២១ គាត់ប្រាប់ថា វា «ដើម្បីឲ្យយហើងរាល់គ្នា» ហើយម្តងទៀតនៅក្នុង កាឡាទី ៣:១៣ «ទ្រង់ត្រូវបណ្តាសាជំនួសយើងរាល់គ្នា»។ មានតែពីរបីខនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលសំដៅលើព្រះយេស៊ូវជាយញ្ញបូជា (ឧ. អេភេសូរ ៥:២)៖ យ៉ូហាន ១:២៩, ៣៦ («កូនចៀម» - លោកយ៉ូហាន-បាទ្ទីស) ហើយ ១កូរិនថូស ៥:៧ («បុណ្យរំលងរបស់យើង» - សាវកប៉ុល)។ 
    ទោះបីយ៉ាងណា សាវកប៉ុលបានបញ្ជាក់ថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងទន្លេយ័រដាន់ គឺជាការធួននឹងអំពើបាបទាំងអស់របស់លោកិយនេះ។ ហើយគាត់ពន្យល់នៅក្នុង រ៉ូម ៦ ថា អំពើបាបទាំងអស់របស់លោកិយនេះ ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាម រយៈបុណ្យជ្រមុជ ដែលទ្រង់បានទទួលពីលោកយ៉ូហាន-បាទ្ទីស។
    គាត់ បន្តពន្យល់ថា ការជាប់ឆ្កាងរបស់ព្រះយេស៊ូវ គឺជាការ វិនិច្ឆ័យ និងការទូទាត់សងថ្លៃឈ្នួលនៃអំពើបាប ហើយថា យញ្ញបូជាសម្រាប់ការធួននឹងអំពើបាប ត្រូវបានថ្វាយសម្រាប់ព្រលឹងមនុស្សទាំងអស់។ 
    ការសុគតរបស់ព្រះយេស៊ូវ គឺជាការរៀបចំទុកនៅក្នុងផែនការរបស់ព្រះ ដែលបំពេញសម្រេចយញ្ញបូជាសម្រាប់ការធួននឹងអំពើបាបនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ការដាក់ដៃលើនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ស្របទៅតាមច្បាប់របស់ព្រះ (អេសាយ ៥៣:១០; ម៉ាថាយ ៣:១៣-១៧; ហេព្រើរ ៧:១-១០; ១ពេត្រុស ៣:២១)។
    ព្រះគម្ពីរសញ្ញាថ្មី មិនបញ្ចប់នៅត្រឹមបុណ្យជ្រមុជ និងការសុគតរបស់ព្រះយេស៊ូវទេ ប៉ុន្តែបន្តប្រាប់យើងថា ការបំពេញសម្រេច សេចក្តីសង្រ្គោះគឺជាការទទួលបុណ្យជ្រមុជរបស់យើង ចូលទៅក្នុងព្រះគ្រីស្ទ ដែលធ្វើឲ្យនិស្ស័យចាស់របស់យើងស្លាប់ទៅជាមួយទ្រង់ (រ៉ូម ៦:៣-៧; កាឡាទី ២:១៩-២០)។ 
    ព្រះគម្ពីរសញ្ញាថ្មី ប្រាប់យើងថា លោកយ៉ូហាន-បាទ្ទីសបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវគ្រីស្ទ ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ហើយជាលទ្ធផល ទ្រង់ត្រូវគេឆ្កាង។ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ព្រះយេស៊ូវមិនត្រឹមតែលាងសម្អាតអំពើបាបរបស់លោកិយនេះទេ ប៉ុន្តែក៏បានសង្រ្គោះយើងចេញពីអំណាចរបស់សាតាំង ហើយបង្វែរយើងទៅឯអំណាចរបស់ព្រះវិញ ដោយការទទួលយកទណ្ឌកម្ម និងការទ្រាំទ្រការឈឺចាប់ជំនួសមនុស្សជាតិ។ 
    ដូច្នេះ សេចក្តីប្រោសលោះរបស់ព្រះយេស៊ូវ បានដោះស្រាយបញ្ហាបាប ដែលឃាំងមនុស្សឲ្យនៅឆ្ងាយពីព្រះ។ នេះគឺជាព្រឹត្តិការណ៍សំខាន់ ដែលបានស្តាសន្តិភាព និងសុខដុមរមនារវាងមនុស្ស និងព្រះ នាំមកនូវសេចក្តីសង្រ្គោះ អំណរ (រ៉ូម ៥:១១) ជីវិត (រ៉ូម ៥:១៧-១៨) និងសេចក្តីប្រោសលោះ (ម៉ាថាយ ៣:១៥; យ៉ូហាន ១:២៩; ហេព្រើរ ១០:១-២០; អេភេសូរ ១:៧; កូល៉ុស ១:១៤) នៅក្នុងពេលតែមួយ។

  • 4. ថ្ងៃធួននឹងបាប

    នៅក្នុងភាសាហេព្រើរ គំនិតនេះមានន័ថា ថ្ងៃនៃ «ការគ្របបាំង» ឬ «ការផ្សះផ្សា»។ ថ្ងៃសំខាន់បំផុតសម្រាប់ពួកយូដា គឺជាថ្ងៃធួននឹងបាប នៅថ្ងៃទីដប់ ខែប្រាំពីរ (លេវីវិន័យ ២៣:២៧; ២៥:៩)។ យើងអាចមើលឃើញនៅក្នុង លេវីវិន័យ ១៦ ថា សូម្បីតែសម្តេចសង្ឃក៏មិនអាចចូលទៅក្នុងទីបរិសុទ្ធបំផុតបានដែរ លុះត្រាតែពេលធ្វើពិធីជាក់លាក់នៅថ្ងៃនោះ។
    ទីបរិសុទ្ធបំផុត ពិតជាត្រូវការការធួននឹងបាប ហើយនិងបណ្តាជនអ៊ីស្រាអែល។ ដូច្នេះ សម្តេចសង្ឃត្រូវតែថ្វាយយញ្ញបូជា ដើម្បីផ្ទេរអំពើបាប ដោយការដាក់ដៃលើក្បាលរបស់យញ្ញបូជានោះ។ ជនជាតិអ៊ីស្រាអែល បានគិតអំពីភាពបរិសុទ្ធរបស់ព្រះ និងអំពើបាបរបស់ពួកគេ នៅថ្ងៃធួននឹងបាប។ 
    នៅថ្ងៃនោះ មានតង្វាយចំនួន១៥ (រួមទាំងពពែដែលត្រូវបំបរបង់ តង្វាយដុត១២ និងតង្វាយធួននឹងបាប៣) ត្រូវបានថ្វាយទៅចំពោះព្រះ (លេវីវិន័យ ១៦:៥-២៩; ជនគណនា ២៩:៧-១១)។ បើសិនយើងរាប់ «កូនចៀម១ទៀត» ដែលត្រូវបានលើកឡើងនៅក្នុង ជនគណនា ២៨:៨ នោះមានតង្វាយដុត១៣ និងដង្វាយធួននឹងបាប៤។
    ថ្ងៃដែលជនជាតិអ៊ីស្រាអែលធួននឹងអំពើបាបប្រចាំឆ្នាំរបស់ខ្លួន គឺនៅថ្ងៃទីដប់ ខែប្រាំពីរ។ ហើយថ្ងៃធួននឹងបាបសម្រាប់លោកិយទាំងមូល គឺជាថ្ងៃដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស។ វាពិតជាថ្ងៃធួននឹងបាបសម្រាប់មនុស្សជាតិទាំងមូល ហើយជាថ្ងៃដែលព្រះបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះចេញផងដែរ (ម៉ាថាយ ៣:១៣-១៧)។ វាគឺជាថ្ងៃធួននឹងបាប ដែលព្រះ «ដ្បិត...ធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ»។

  • 5. យញ្ញបូជាសម្រាប់ការធួននឹងបាប

    នៅក្នុងព្រះគម្ពីរសញ្ញាចាស់៖ ដូចជាយញ្ញបូជាដទៃទៀតដែរ យញ្ញបូជាសម្រាប់ការញែកជាបរិសុទ្ធសម្រាប់ជនជាតិអ៊ីស្រាអែល ត្រូវបានថ្វាយនៅក្នុងរោងឧបោសថ។ សម្តេចសង្ឃ បានសម្អាតខ្លួនរបស់គាត់ ហើយពាក់អាវខ្លូតទេសបរិសុទ្ធ ជំនួសឲ្យសំលៀកបំពាក់ផ្លូវការធម្មតាសម្រាប់ពិធីផ្សេងៗទៀត ហើយជ្រើសរើសគោឈ្មោលស្ទាវមួយជាតង្វាយលោះបាប និងកូនចៀមមួយជាតង្វាយដុតសម្រាប់ខ្លួនគាត់ និងពូជពង្សរបស់គាត់ (លេវីវិន័យ ១៦:៣-៤)។ សម្តេចសង្ឃ បានដាក់ដៃរបស់គាត់ទៅលើក្បាលរបស់យញ្ញបូជានោះ ដើម្បីផ្ទេរអំពើបាបប្រចាំឆ្នាំរបស់បណ្តាជន។
    ការដាក់ដៃលើ គឺជាផ្នែកចាំបាច់នៃថ្ងៃធួននឹងបាប។ បើសិនគេមិនអនុវត្តវទេ នោះគេមិនអាចអនុវត្តការថ្វាយយញ្ញបូជាបានឡើយ ពីព្រោះការធួននឹងបាបមិនអាចសម្រេចបាន ដោយឥតមានការដាក់ដៃលើឡើយ គឺត្រូវតែផ្ទេរអំពើបាបប្រចាំឆ្នាំរបស់ជនជាតិ អ៊ីស្រាអែលទៅលើតង្វាយលោះបាបនោះ។ 
    លេវីវិន័យ ១៦:២១ ប្រាប់ថា «រួចដាក់ដៃទាំង២នៅលើក្បាលពពែនោះ លន់តួពីអស់ទាំងសេចក្តីទុច្ចរិត និងអស់ទាំងសេចក្តីរំលងរបស់ពួកកូនចៅអ៊ីស្រាអែល ពីលើពពែនោះ គឺអំពើបាបរបស់គេទាំងអស់ ត្រូវដាក់ទាំងអស់លើក្បាលពពែនោះ រួចប្រគល់ដល់មនុស្សម្នាក់ដែលប្រុងជាស្រេច ដើម្បីដឹកវាទៅឯទីរហោស្ថាន»។
    គាត់ បានយកពពែពីរជាតង្វាយលោះបាប និងកូនចៀមមួយជាតង្វាយដុតពីបណ្តាជន (លេវីវិន័យ ១៦:៥)។ បន្ទាប់មក គាត់បានថ្វាយពពែពីរនោះទៅចំពោះព្រះ នៅទ្វាររោងឧបោសថ ហើយចាប់ឆ្នោតជ្រើសរើសមួយសម្រាប់ «ព្រះអម្ចាស់» និងមួយទៀតធ្វើជា «ពពែដែលត្រូវបំបរបង់»។ 
    ពពែមួយសម្រាប់ព្រះអម្ចាស់ ត្រូវបានថ្វាយជាតង្វាយលោះបាប ហើយពពែដែលត្រូវបំបរបង់ ត្រូវបានថ្វាយទាំងរស់នៅចំពោះព្រះ គឺដើម្បីធួននឹងអំពើបាបប្រចាំឆ្នាំរបស់ជនជាតិអ៊ីស្រាអែល ហើយបន្ទាប់មក គេនាំយកវាទៅប្រលែងវាទៅក្នុងវាលរហោស្ថាន (លេវីវិន័យ ១៦:៧-១០)។
    អំពើបាបរបស់អ៊ីស្រាអែល ត្រូវបានផ្ទេរទៅលើពពែដែលត្រូវបំបរបង់ ដោយការដាក់ដៃលើរបស់សម្តេចសង្ឃ។ បន្ទាប់មក ពពែដែលត្រូវបំបរបង់នោះ ដែលបានទទួលយកអំពើបាបទាំងអស់របស់អ៊ីស្រាអែល ត្រូវបានដាក់នៅក្នុងទីរហោស្ថានសម្រាប់ការផ្សះផ្សារវាងមនុស្ស និងព្រះ។ ដូច្នេះ ជាលទ្ធផល អំពើបាបប្រចាំឆ្នាំរបស់អ៊ីស្រាអែលត្រូវបានលាងសម្អាត។
    ដូចគ្នាដែរ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជ (ការដាក់ដៃលើនៅក្នុងព្រះគម្ពីរសញ្ញាចាស់) ពីលោកយ៉ូហាន-បាទ្ទីស ដែលជាពូជចុងក្រោយរបស់សម្តេចសង្ឃអើរ៉ុន ហើយបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ក្នុងនាមជាកូនចៀមដែលត្រូវបានថ្វាយជាយញ្ញបូជា ដើម្បីបំពេញសម្រេចសេចក្តីសង្រ្គោះរបស់ព្រះ (លេវីវិន័យ ២០:២២; ម៉ាថាយ ៣:១៥;    យ៉ូហាន ១:២៩, ៣៦)។ 
    នៅក្នុងព្រះគម្ពីរសញ្ញាចាស់ មុនពេលចាប់ឆ្នោត អើរ៉ុនបាន សំឡាប់គោឈ្មោលមួយជាតង្វាយលោះបាបសម្រាប់ខ្លួនគាត់ និងពូជពង្សរបស់គាត់ (លេវីវិន័យ ១៦:១១)។ បន្ទាប់មក គាត់បានយកជើងពានពេញដោយរងើកភ្លើង ពីអាសនានៅមុខព្រះអម្ចាស់ដោយដៃរបស់គាត់ពេញដោយគ្រឿងក្រអូបបុកយ៉ាងម៉ត់ ហើយនាំចូលទៅក្នុងវាំងនន។ គាត់ដាក់គ្រឿងក្រអូបនៅលើភ្លើង នៅចំពោះមុខព្រះអម្ចាស់ ដើម្បីឲ្យផ្សែងគ្រឿងក្រអូបនោះហុយឡើងទៅបាំងទីសណ្តោសប្រោស។ ហើយគាត់ក៏បានយកផងដែរ នូវឈាមរបស់គោឈ្មោលនោះ ហើយប្រោសវាដោយម្រាមដៃនៅលើនិងនៅមុខទីសណ្តោសប្រោស ចំនួនប្រាំពីរដង (លេវីវិន័យ ១៦:១២-១៩)។ 
    នៅថ្ងៃធួននឹងបាប មិនអាចអត់មានការដាក់ដៃរបស់អើរ៉ុនទៅលើក្បាលយញ្ញបូជាបានឡើយ។ អើរ៉ុន បានដាក់ដៃរបស់គាត់ទៅលើពពែ ហើយបានផ្ទេរអំពើបាប និងសេចក្តីរំលងទាំងអស់របស់ អ៊ីស្រាអែលទៅលើក្បាលរបស់វា។ បន្ទាប់មក មនុស្សម្នាក់ដែលប្រុងជាស្រេច ដឹកនាំវាទៅឯទីរហោស្ថាន។ ពពែនោះ ក៏វង្វេងនៅក្នុងទីរហោស្ថានជាមួយនឹងអំពើបាបរបស់អ៊ីស្រាអែល ហើយបានស្លាប់ជាមួយនឹងអំពើបាបទាំងនោះទៅ។ នេះគឺជាយញ្ញបូជានៃការធួននឹងបាបនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ 
    ដូចគ្នាដែរ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី គឺព្រះយេស៊ូវគ្រីស្ទ ដែលជាពពែដែលត្រូវបំបរបង់ បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានបង្ហូរព្រះលោហិត ហើយបានសុគតនៅលើឈើឆ្កាងសម្រាប់យើងទាំងអស់គ្នា។ 
    ដូច្នេះ ឥឡូវនេះ យើងមិនអាចទទួលបានសេចក្តីសង្រ្គោះចេញពីអំពើបាបទាំងអស់ ដោយមិនមានបុណ្យជ្រមុជ និងការជាប់ឆ្កាង របស់សម្តេចសង្ឃពីស្ថានសួគ៌ ដែលជាព្រះយេស៊ូវគ្រីស្ទបាន ឡើយ។ នេះគឺជាការបំពេញសម្រេចនៃសេចក្តីសង្រ្គោះដោយការកើតជាថ្មីពីទឹក និងព្រះវិញ្ញាណ។

  • 6. ការដាក់ដៃលើ/ ពិធីតែងតាំងជាអ្នកបម្រើ

    នេះគឺជាវិធីមួយ ដែលព្រះបានប្រទានសម្រាប់ការផ្ទេរអំពើបាបទៅលើតង្វាយលោះបាបនៅក្នុងព្រះគម្ពីរសញ្ញាចាស់ (លេវីវិន័យ ៤:២៩; ១៦:២១)។ នៅសម័យព្រះគម្ពីរសញ្ញាចាស់ ព្រះបានអនុញ្ញាតឲ្យមនុស្សធួននឹងអំពើបាបរបស់ពួកគេ ដោយការដាក់ដៃលើក្បាលរបស់តង្វាយលោះបាបនៅក្នុងរោងឧបោសថ។ វិធីនេះ ត្រូវបើកសម្តែងពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលនឹងកើតឡើងនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។

  • 7. បុណ្យជ្រមុជ

    បុណ្យជ្រមុជ មានន័យថា (១) ត្រូវបានលាងសម្អាត (២) ត្រូវបានកប់ (ត្រូវបានមុជចុះ) និងអត្ថន័យខាងវិញ្ញាណ (៣) ផ្ទេរបាប ដោយការដាក់ដៃលើ ដូចបានធ្វើនៅសម័យព្រះគម្ពីរសញ្ញាចាស់។
    នៅក្នុងព្រះគម្ពីរសញ្ញាថ្មី បុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីស គឺត្រូវលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះចេញ។ «បុណ្យជ្រមុជរបស់ព្រះយេស៊ូវ» មានន័យថា ការដោះអំពើបាបរបស់មនុស្សទាំងអស់ចេញ ឬការលាងសម្អាតអំពើបាបរបស់លោកិយនេះ។ 
    ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដែលជាអ្នកតំណាងនៃមនុស្សជាតិ និងជាសម្តេចសង្ឃតាមពូជរបស់អើរ៉ុន ដើម្បីទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់។ នេះគឺជាគោលបំណងនៃបុណ្យជ្រមុជរបស់ទ្រង់។ 
    អត្ថន័យខាងវិញ្ញាណនៃពាក្យ «បុណ្យជ្រមុជ» គឺ « ផ្ទេរទៅឲ្យ ឬត្រូវបានកប់»។ ដូច្នេះ «បុណ្យជ្រមុជរបស់ព្រះយេស៊ូវ» មានន័យថា អំពើបាបទាំងអស់ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ ហើយទ្រង់ត្រូវរងការកាត់ទោសជំនួសយើង។ ដើម្បីសង្រ្គោះមនុស្សជាតិ ព្រះយេស៊ូវត្រូវតែដោះអំពើបាបរបស់យើងចេញ ដោយបុណ្យជ្រមុជរបស់ទ្រង់ ហើយសុគតសងថ្លៃអំពើបាបទាំងនោះ។ 
    ដូច្នេះ ការសុគតរបស់ទ្រង់គឺជាការស្លាប់របស់អ្នក និងខ្ញុំ រួមទាំងមនុស្សមានបាបទាំងអស់នៅក្នុងលោកិយនេះផង ហើយការមានព្រះជន្មរស់ឡើងវិញក៏ជាការរស់ឡើងវិញរបស់មនុស្សទាំងអស់ផងដែរ។ យញ្ញបូជារបស់ទ្រង់ គឺជាសេចក្តីសង្រ្គោះរបស់មនុស្សមានបាប ហើយបុណ្យជ្រមុជរបស់ទ្រង់គឺជាទីបន្ទាល់ពីការលាងសម្អាតអំពើបាបទាំងអស់របស់មនុស្សជាតិ។ 
    ព្រះគម្ពីរ ប្រាប់យើងថា «ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ» (១ពេត្រុស ៣:២១)។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជារបៀបសុចរិតក្នុងការសង្រ្គោះមនុស្សជាតិ ដោយការលាងសម្អាតអំពើបាបរបស់យើង។
    ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដែលជាអ្នកតំណាងនៃមនុស្សជាតិ និងជាសម្តេចសង្ឃតាមពូជរបស់អើរ៉ុន ដើម្បីទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់។ នេះគឺជាគោលបំណងនៃបុណ្យជ្រមុជរបស់ទ្រង់។ 

  • 8. បាប

    អ្វីទាំងអស់ដែលទាស់ប្រឆាំងនឹងព្រះ គឺជាបាប។ បាបនេះ សំដៅទៅលើអំពើបាបទាំងអស់ រួមទាំងបាបតាំងពីកំណើត និងសេចក្តីរំលងដែលយើងប្រព្រឹត្តពេញមួយជីវិតរបស់យើង។ 
    បាបជាភាសាក្រិកគឺ «hamartia» ហើយទម្រង់ជាកិរិយាស័ព្ទរបស់វាគឺ «hamartano» ដែលមានន័យថា «បរាជ័យ»។ ដូច្នេះ អំពើបាបធំបផុតមួយគឺជាការជឿលើព្រះយេស៊ូវមិនត្រឹមត្រូវ ហើយមិនអាចបានសង្រ្គោះ។ ការមិនដឹង ឬការមិនជឿលើសេចក្តីពិត  មានន័យថា យើងប្រព្រឹត្តអំពើបាបនៃការមិនស្តាប់បង្គាប់ ហើយប្រមាថដល់ព្រះហើយ។ 
    បើសិនយើងពិតជាមិនចង់ប្រព្រឹត្តអំពើបាបបែបនេះនៅចំពោះព្រះទេ នោះយើងត្រូវតែយល់ព្រះបន្ទូលទ្រង់ឲ្យបានត្រឹមត្រូវ ហើយស្គាល់ពីសេចក្តីពិតថា ព្រះយេស៊ូវបានត្រឡប់ជាព្រះអង្គសង្រ្គោះរបស់យើងហើយ។
    យើង គួរតែជឿលើបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះ តាម រយៈព្រះបន្ទូលព្រះ។ ការមិនទទួលយកព្រះបន្ទូលព្រះ ការបដិសេធសេចក្តីពិត និងការជឿលើទ្រឹស្តីខុសឆ្គង គឺជាអំពើបាប។
    ព្រះគម្ពីរ ប្រាប់យើងថា អំពើបាបធ្ងន់ធ្ងរបំផុត «អំពើបាបដែលនាំទៅរកសេចក្តីស្លាប់» (១យ៉ូហាន ៥:១៦) គឺជាការមិនជឿថា ព្រះបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះហើយ។ យើងត្រូវតែជឿលើការប្រសូត្ររបស់ព្រះយេស៊ូវ ការលាងសម្អាតបាបដោយបុណ្យជ្រមុជរបស់ទ្រង់ និងការប្រទានជីវិតដល់យើង ដោយព្រហលោហិតទ្រង់នៅលើឈើឆ្កាង។ វាគឺជាអំពើបាប បើយើងមិនជឿលើបទគម្ពីរដែលប្រាប់យើងថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ សុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញ ដើម្បីរំដោះយើងចេញពីអំពើបាបទាំងអស់របស់យើង។

  • 9. ការប្រែចិត្ត

    នៅពេលមនុស្សម្នាក់ ដែលឃ្លាតឆ្ងាយពីព្រះ បានដឹងពីអំពើបាបរបស់ខ្លួន ហើយអរព្រះគុណដល់ព្រះយេស៊ូវសម្រាប់ការលាងសម្អាតអំពើបាបទាំងនោះ ហើយត្រឡប់មកឯព្រះវិញ នោះយើងហៅថា ការប្រែចិត្ត។
    យើងទាំងអស់គ្នា គឺជាដុំបាប។ ការប្រែចិត្តពិតប្រាកដ គឺត្រូវទទួលស្គាល់សេចក្តីពិតដូចតទៅនេះ៖ យើងគឺជាមនុស្សមានបាបនៅចំពោះព្រះ យើងូវតធ្វើបាបពេញមួយជីវិត ហើយត្រូវទៅស្ថាននរក នៅពេលយើងស្លាប់។ យើងត្រូវទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់យើង ដោយជឿថា ទ្រង់បានយាងមកក្នុងលោកិយនេះ ដើម្បីសង្រ្គោះមនុស្សមានបាបដូចជាយើង ហើយថា ទ្រង់បានដោះអំពើបាបទាំងអស់ចេញ (តាមរយៈបុណ្យជ្រមុជរបស់ទ្រង់) បានសុគត និងបានមានព្រះជន្មរស់ឡើងវិញ ដើម្បីសង្រ្គោះយើង។ ការប្រែចិត្តពិតប្រាកដ គឺត្រូវបោះបង់ចោលគំនិតផ្ទាល់ខ្លួនរបស់យើង ហើយបែរទៅឯព្រះវិញ (កិច្ចការ ២:៣៨)។
    ការប្រែចិត្ត គឺត្រូវទទួលស្គាល់អំពើបាបរបស់យើង ហើយបែរមកឯព្រះបន្ទូលព្រះវិញ ដើម្បីទទួលយកសេចក្តីសង្រ្គោះដោយទឹក និងព្រះលោហិត ដោយអស់ពីចិត្តរបស់យើង (១យ៉ូហាន ៥:៦)។
    ការប្រែចិត្តពិតប្រាកដ គឺត្រូវទទួលស្គាល់ខ្លួនយើងជាមនុស្សមានបាបពិតប្រាកដមែន ហើយត្រូវជឿលើព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះ ជាព្រះអង្គសង្រ្គោះរបស់យើង ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ ដើម្បីបានសង្រ្គោះ និងបានស្អាតពីអំពើបាបទាំងអស់ យើងត្រូវតែឈប់ព្យាយាមធ្វើឲ្យខ្លួនយើងបានបរិសុទ្ធ តាមរយៈការប្រព្រឹត្តរបស់យើង ហើយទទួលស្គាល់ថា យើងគឺពិតជាមនុស្សមានបាបនៅពោះព្រះ និងច្បាប់របស់ទ្រង់។ បន្ទាប់មក យើងត្រូវតែទទួលយកសេចក្តីពិត ដែលព្រះយេស៊ូវបានប្រទានដល់យើង តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ 
    មនុស្សមានបាបម្នាក់ ត្រូវតែបោះបង់ចោលនូវគំនិត និងឆន្ទះផ្ទាល់ខ្លួន ហើយបែរមកឯព្រះយេស៊ូវទាំងស្រុងវិញ។ យើងនឹងបានសង្រ្គោះ កាលណាយើងជឿថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ហើយ។ 
    បុណ្យជ្រមុជរបស់ព្រះ ការជាប់ឆ្កាងរបស់ទ្រង់ និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ បានបំពេញសម្រេចតាមសេចក្តីសុចរិតរបស់ព្រះ ដែលជាសេចក្តីសង្រ្គោះរបស់ទ្រង់សម្រាប់មនុស្សមានបាបទាំងអស់។ ព្រះយេស៊ូវ បានយាងមកជាសាច់ឈាម បានទទួលបុណ្យជ្រមុជ ហើយបានជាប់ឆ្កាង ដើម្បីលាងសម្អាតអំពើបាបទាំងអស់របស់យើង។ ការមានជំនឿពេញលេញលើសេចក្តីពិតទាំងនេះ និងការជឿថា ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ ដើម្បីត្រឡប់ជាព្រះអង្គសង្រ្គោះរបស់អស់អ្នកដែលជឿលើទ្រង់ គឺជាការប្រែចិត្ត និងជំនឿត្រឹមត្រូវ និងពិតប្រាកដ។

  • 10. សេចក្តីសង្រ្គោះ

    នៅក្នុងជំនឿគ្រីស្ទបរិស័ទ សេចក្តីសង្រ្គោះមានន័យថា «ការរំដោះចេញពីអំណាច ឬទណ្ឌកម្មនៃបាប»។ យើងអាចទទួលបាន សេចក្តីសង្រ្គោះ នៅពេលដែលយើងទទួលស្គាល់ថា យើងមានបាប និងត្រូវទៅស្ថាននរក ហើយជឿថា ព្រះយេស៊ូវបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈការប្រសូត បុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។
    អ្នកដែលត្រឡប់ជាគ្មានបាប ដោយការជឿលើសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ បុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ត្រូវបានហៅថា «អ្នកបានសង្រ្គោះ អ្នកបានកើតជាថ្មី និងមនុស្សសុចរិត»។
    យើងអាចប្រើពាក្យ «សេចក្តីសង្រ្គោះ» នេះទៅកាន់អ្នកដែលបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេ រួមទាំងបាបតាំងពីកំណើត និងអំពើបាបប្រចាំថ្ងៃ ដោយជឿលើព្រះយេស៊ូវ។ ដូចដែលមនុស្សដែលកំពុងលុងទឹក បានសង្រ្គោះ អ្នកដែលកំពុងលុងក្នុងបាបរបស់លោកិយ ក៏អាចបានសង្រ្គោះផងដែរ ដោយជឿលើព្រះយេស៊ូវថាជាព្រះអង្គសង្គ្រោះរបស់ខ្លួន ដោយជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។

  • 11. បានកើតជាថ្មី

    វាមាន័យថា «បានកើតជាលើកទីពីរ»។ មនុស្សមានបាបម្នាក់ បានកើតជាថ្មី ហើយបានរាប់ជាសុចរិត កាលណាគាត់បានសង្រ្គោះខាងវិញ្ញាណ ដោយជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងឈើឆ្កាងរបស់ទ្រង់។ 
    យើង អាចបានកើតជាថ្មីខាងវិញ្ញាណបាន ដោយជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ុវ។ អ្នកដែលបានកើតជាថ្មី គឺជាអ្នកដែលត្រូវបានលាងសម្អាតចេញពីអំពើបាបទាំងអស់របស់ខ្លួន ហើយ «ដោយព្រោះបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្តងទៀត ក្រៅពីរឿងអំពើបាប គឺសំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកដែលរង់ចាំទ្រង់» (ហេព្រើរ ៩:២៨)។

  • 12. ការអត់ទោសអំពើបាប

    គំនិតសំខាន់នេះ ក៏ត្រូវបានគេស្គាល់ជាសេចក្តីអត់ទោសចំពោះអំពើបាបផងដែរ។ អំពើបាប ត្រូវបានអត់ទោសឲ្យ កាលណាយើងបានស្អាតពីអំពើបាប ម្តងជាសម្រេច តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ជំនឿលើ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺត្រូវជឿលើសេចក្តីពិតជាស៊េរីមួយថា៖ ភាពជាព្រះរបស់ព្រះយេស៊ូវគ្រីស្ទ ការយកនិស្ស័យជាមនុស្សរបស់ព្រះរាជបុត្រានៃព្រះ បុណ្យជ្រមុជ និងការជាប់ឆ្កាងរបស់ទ្រង់សម្រាប់សេចក្តីសង្រ្គោះរបស់យើងទាំងអស់គ្នា និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ 
    សេចក្តីប្រោសលោះ ដែលព្រះយេស៊ូវបានប្រទានដល់យើង អាចជារបស់យើង តាមរយៈជំនឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ ដូចដែលបានទាយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះយេស៊ូវអង្គទ្រង់បានសង្រ្គោះមនុស្សទាំងអស់ចេញពី បាប។ សេចក្តីប្រោសលោះនៅក្នុងព្រះគម្ពីរ ចង្អុលទៅកាន់ការលាងសម្អាតអំពើបាប តាមរយៈជំនឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ អំពើបាបទាំងអស់ ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ ដើម្បីមិនឲ្យមានបាបនៅក្នុងចិត្តរបស់មនុស្សទៀត។ 
    យើង អាចហៅខ្លួនឯងថា មនុស្សបានសង្រ្គោះ និងមនុស្សសុចរិតបាន បន្ទាប់ពីការផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើព្រះយេស៊ូវ តាមរយៈជំនឿលើបុណ្យជ្រមុជរបស់ទ្រង់។

  • 13. ព្រះយេស៊ូវគ្រីស្ទ

    ព្រះយេស៊ូវ៖ «ព្រះអង្គសង្រ្គោះ ដែលបានសង្រ្គោះមនុស្សទាំងអស់ចេញពីអំពើបាបរបស់ពួកគេ និងការដាក់ទណ្ឌកម្មសម្រាប់អំពើបាបទាំងនោះ។» ព្រះយេស៊ូវ សំដៅទៅលើព្រះអង្គសង្រ្គោះ ព្រះអង្គដែលបានសង្រ្គោះមនុស្សទាំងអស់ចេញពីអំពើបាបរបស់ពួកគេ។ 
    ព្រះគ្រីស្ទ៖ «អង្គដែលត្រូវបានចាក់ប្រេងតាំង» មានមនុស្សបីប្រភេទ ដែលមានតួនាទីដោយការចាក់ប្រេងតាំងនៅចំពោះព្រះ (១) ស្តេច (២) ហោរា និង (៣) សង្ឃ។ ព្រះយេស៊ូវ បានបំពេញសម្រេចតួនាទីទាំងបីនេះ។
    ព្រះយេស៊ូវ បានមានតួនាទីទាំងបីនេះ ហើយបានបំពេញកិច្ចការនៃតួនាទីទាំងនេះ។ យើងត្រូវតែជឿថា ព្រះយេស៊ូវគឺជាស្តេច ហោរា និងសង្ឃ ដែលបាននាំសេចក្តីប្រោសលោះ និងសេចក្តីសង្រ្គោះមកឲ្យយើង។ ដូច្នេះ យើងមក ហើយហៅទ្រង់ថា «ព្រះយេស៊ូវគ្រីស្ទ»។ ទ្រង់គឺជាសម្តេចសង្ឃពីស្ថានសួគ៌ ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់លោកិយនេះ ដោយបុណ្យជ្រមុជ និងព្រះលោហិតទ្រង់។ 
    ដូច្នេះ ទ្រង់គឺជាស្តេចដល់អស់អ្នកដែលជឿលើទ្រង់។ ទ្រង់ជួយធ្វើឲ្យយើងស្គាល់ពីអំពើបាបរបស់យើង នៅពេលយើងមកចំពោះទ្រង់។ ទ្រង់បានបង្រៀនយើងថា យើងគឺជាមនុស្សមានបាប តាំងពីពួកព្ធយុកោយើងមកម៉្លេះ គឺយើងជាពូជមនុស្សមានបាប បានកើតមកជាមនុស្សមានបាប ហើយជាលទ្ធផល យើងត្រូវទទួលរងការ វិនិច្ឆ័យរបស់ព្រះ។ 
    ទ្រង់ ក៏បានបង្រៀនយើងផងដែរថា យើងត្រូវបានលាងសម្អាតពីអំពើបាបរបស់យើងហើយ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ ទ្រង់បានធ្វើកិច្ចការទាំងអស់នេះសម្រាប់យើង ដែលជាមនុស្សមានបាប។

  • 14. ច្បាប់របស់ព្រះ៖ ក្រិត្យវិន័យទាំងដប់

    មាន៦១៣មាត្រានៅក្នុងច្បាប់របស់ព្រះ ទាក់ទងនឹងជីវិតប្រចាំថ្ងៃ។ ប៉ុន្តែចំណុចស្នូលនៃមាត្រាទាំងនោះគឺជាក្រិត្យវិន័យទាំងដប់ ដែលយើងត្រូវតែរក្សាតាមនៅចំពោះព្រះ។ មានសេចក្តីបង្គាប់ និងការហាមប្រាមដូចជា «ធ្វើនេះ» និង «កុំធ្វើនោះ»។ ទាំងនេះ គឺជាសេចក្តីណែនាំសម្រាប់ការរស់នៅតាម និងក្រិត្យវិន័យរបស់ព្រះត្រូវបានប្រទានមកយើង ដើម្បីឲ្យយើងស្គាល់អំពើបាបរបស់យើង។ តាមរយៈក្រិត្យវិន័យដែលបានកត់ត្រារបស់ព្រះ យើងអាចទទួលស្គាល់ថា យើងមិនស្តាប់បង្គាប់ទ្រង់ខ្លាំងប៉ុណ្ណា (រ៉ូម ៣:១៩-២០)។ 
    មូលហេតុដែលព្រះបានប្រទានក្រិត្យវិន័យរបស់ទ្រង់មកដល់យើង គឺដើម្បីធ្វើឲ្យយើងបានស្គាល់អំពើបាបរបស់យើង។ យើងពិតជាមិនអាចរក្សាតាមគ្រប់ទាំងក្រិត្យវិន័យបានឡើយ ប៉ុន្តែយើងអាចបន្ទាបខ្លួនទទួលស្គាល់ការពិតថា យើងគឺជាមនុស្សមានបាប មុនពេលយើងជឿលើព្រះយេស៊ូវ។ ហើយយើងទាំងអស់គ្នា គឺជាមនុស្សមានបាប ហើយព្រះដឹងថា យើងពិតជាមិនអាចរស់នៅតាមក្រិត្យវិន័យរបស់ទ្រង់បានឡើយ។ ដូច្នេះ ទ្រង់បានយាងមកក្នុងលោកិយនេះយកនិស្ស័យជាមនុស្ស បានទទួលបុណ្យជ្រមុជ និងទទួលការកាត់ទោសនៅលើឈើឆ្កាង។ ការព្យាយាមរស់នៅតាមក្រិត្យវិន័យ គឺជាអំពើបាបនៃភាពក្រអឺតក្រទម ហើយយើងមិនគួរតែធ្វើដូច្នេះទេ។ 
    ក្រិត្យវិន័យ បង្ហាញប្រាប់យើងពីភាពឥតខ្ចោះ និងភាពបរិសុទ្ធរបស់ព្រះ ហើយភាពខ្សោយរបស់យើង ក្នុងនាមជាមនុស្សជាតិ។ ភាពបរិសុទ្ធ និងភាពឥតខ្ចោះរបស់ព្រះ ត្រូវបានបើកសម្តែងនៅក្នុងក្រិត្យវិន័យរបស់ព្រះ។

  • 15. ទន្លេយ័រដាន់ កន្លែងដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ

    ទន្លេយ័រដាន់ បន្តហូរចូលទៅក្នុងសមុទ្រស្លាប់ជានិច្ច។ ផ្ទៃទឹកសមុទ្រស្លាប់មានកម្ពស់ប្រហែល៤០០ម៉ែត្រ ទាបជាងកម្រិតទឹក សមុទ្រ។ ដូច្នេះ ទឹកនៅក្នុងសមុទ្រស្លាប់មិនអាចហូរទៅទីណាបានឡើយ គឺទឹកទាំងអស់ត្រូវនៅទ្រឹងក្នុងសមុទ្រស្លាប់។ កម្រិតបរិមាណអំបិលក្នុងសមុទ្រស្លាប់គឺខ្ពស់ជាងសមុទ្រធម្មតាចំនួន១០ដង ហើយមិនមានជីវិតរស់នៅក្នុងវាទេ។ ដូច្នេះហើយបានជាគេហៅវាថា សមុទ្រស្លាប់។ ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីសនៅក្នុងទន្លេនៃសេចក្តីស្លាប់ (ទន្លេយ័រដាន់)។ នេះមានន័យថា នៅថ្ងៃចុងក្រោយ មនុស្សទាំងអស់ លើកលែងតែអ្នកមិនមានបាបនៅក្នុងចិត្ត ប្រឈមនឹងការកាត់ទោសអស់កល្បជានិច្ចសម្រាប់អំពើបាបរបស់ពួកគេ។
    ដូច្នេះ ទន្លេយ័រដាន់គឺជាទន្លេនៃការលាងសម្អាតអំពើបាប និងជាទន្លេដែលមនុស្សមានបាបស្លាប់។ និយាយឲ្យខ្លី វាគឺជាទន្លេនៃសេចក្តីប្រោសលោះ ដែលអំពើបាបទាំងអស់របស់លោកិយត្រូវបានលាងសម្អាត តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ដែលជាការផ្ទេរអំពើបាបទៅលើព្រះយេស៊ូវ។
    ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីសនៅក្នុងទន្លេនៃសេចក្តីស្លាប់ (ទន្លេយ័រដាន់)។