សាវកប៉ុលបាននិយាយថា «ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ» (១កូរិនថូស ១៥:៣-៤)។ តើពាក្យថា «បទគម្ពីរ» នៅក្នុងឃ្លាថា «ព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ» មានន័យយ៉ាងដូចម្តេច? ពាក្យនេះមានន័យថា ព្រះគម្ពីរសញ្ញាចាស់។ សាវកប៉ុលបាននិយាយថា ព្រះយេស៊ូវបានសុគតសម្រាប់អំពើបាបទាំងអស់របស់យើង តាមសម្ព័ន្ធមេត្រី និងការបើកសម្តែងរបស់ព្រះគម្ពីរសញ្ញាចាស់។ តើទ្រង់បានធួននឹងអំពើបាបទាំងអស់របស់យើងតាមរបៀបណា? ទ្រង់បានធួននឹងបាបរបស់យើង តាមរយៈទង្វើដ៏សុចរិតរបស់ទ្រង់៖ បុណ្យជ្រមុជរបស់ទ្រង់ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។
នៅសម័យពួកជំនុំដំបូង មិនមានបុណ្យអូអែលទេ រហូតដល់ចុងបញ្ចប់នៃសតវត្សទី២។ គ្រីស្ទបរិស័ទដំបូង រួមជាមួយពួកសាវក គ្រាន់តែធ្វើពិធីរំឮកថ្ងៃទី៦ ខែមករា ដែលជា «ថ្ងៃនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ» ហើយវាគឺជាការរំឮកតែមួយគត់របស់ពួកជំនុំដំបូង។
ហេតុអ្វីពួកសាវកបានផ្តោតសំខាន់លើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ? វាគឺជាអាថ៌កំបាំងនៃដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ ដែលពួកគេបានទទួលពីព្រះយេស៊ូវ និងបានប្រកាសទៅកាន់លោកិយ។ ព្រះយេស៊ូវបានមានបន្ទូលថា «បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ» (យ៉ូហាន ៣:៥)។ ព្រះគម្ពីរនិយាយថា ព្រះយេស៊ូវបានយាងមក ដោយទឹក និងឈាម ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង (១យ៉ូហាន ៥:៦)។ ឈាមមានន័យថា ឈើឆ្កាង។ អញ្ចឹង តើទឹកមានន័យយ៉ាងដូចម្តេច?
(ខ្ញុំសង្ឃឹមថា អ្នកមិនមានភាពច្របូកច្របល់អំពីបុណ្យជ្រមុជរបស់អ្នកជឿ និងបុណ្យជ្រមុជរបស់ព្រះយេស៊ូវទេ។ សូមយកចិត្តទុកដាក់ចំពោះ អត្ថន័យច្បាស់លាស់នៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ឥឡូវនេះ យើងមិនកំពុងតែផ្តោតលើបុណ្យជ្រមុជរបស់អ្នកជឿ ឬគោលលទ្ធិនៃការកើតជាថ្មីតាមបុណ្យជ្រមុជទេ។)
ហេតុអ្វីព្រះយេស៊ូវទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស? ហេតុអ្វីព្រះយេស៊ូវបានប្រកាសថា បុណ្យជ្រមុជរបស់ទ្រង់ «គួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ» (ម៉ាថាយ ៣:១៥)។
ហេព្រើរ ១០:១ និយាយថា «ដ្បិតឯក្រឹត្យវិន័យ ដែលមានតែស្រមោល ពីសេចក្តីល្អដែលត្រូវមក...»។ ចូរយើងពិនិត្យមើលយញ្ញបូជាគំរូ ដែលព្រះបានប្រទានឲ្យរាស្ត្ររបស់សម្រាប់សេចក្តីសង្រ្គោះរបស់ពួកគេ នៅសម័យព្រះគម្ពីរសញ្ញាចាស់។ បើសិនអ្នកណាម្នាក់បានធ្វើបាប និងមានទោស មនុស្សមានបាបនោះត្រូវបានថ្វាយតង្វាយលោះបាបមួយ ដើម្បីធ្វើការធួននឹងបាបរបស់គាត់។ ចូរយើងពិនិត្យមើល លេវីវិន័យ ១:៣-៥ «បើសិនជាដង្វាយរបស់អ្នកនោះជាគោដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ គេត្រូវនាំយកដង្វាយនោះទៅថ្វាយនៅមាត់ទ្វារ ត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា នោះគេត្រូវដាក់ដៃលើក្បាលនៃសត្វនោះ ហើយទ្រង់នឹងទទួលដង្វាយនោះស្នងគេ ដើម្បីឲ្យបានធួននឹងខ្លួនគេ ក៏ត្រូវសំឡាប់គោស្ទាវនោះ នៅចំពោះព្រះយេហូវ៉ា រួចពួកកូនអើរ៉ុនដែលជាពួកសង្ឃ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនាដែលនៅមាត់ទ្វារត្រសាលជំនុំ»។ នៅទីនេះ យើងអាចមើលឃើញថា តង្វាយលោះបាបត្រូវតែបំពេញតាមលក្ខខណ្ឌបីខាងក្រោម ដើម្បីឲ្យបានស្របច្បាប់ នៅចំពោះព្រះ។
នៅក្នុងខគម្ពីរទាំងអស់ខាងលើ យើងត្រូវតែបញ្ជាក់ពីច្បាប់របស់ព្រះថា បាបត្រូវតែផ្ទេរទៅលើក្បាលសត្វយញ្ញបូជា តាមរបៀបដាក់ដៃលើ មុនពេលសត្វយញ្ញបូជាត្រូវគេសម្លាប់។ នេះគឺជាសេចក្តីពិតសំខាន់មួយ។ អ្នកអាចមើលឃើញសំនួនសេចក្តីថា «ការដាក់ដៃលើក្បាលតង្វាយលោះបាប» នៅក្នុងជំពូកបន្ទាប់ៗនៅក្នុងកណ្ឌគម្ពីរលេវីវិន័យបាន។ លេវីវិន័យ ១៦:២១ និយាយថា «រួចដាក់ដៃទាំងពីរនៅលើក្បាលពពែនោះ លន់តួពីអស់ទាំងសេចក្តីទុច្ចរិត និងអស់ទាំងសេចក្តីរំលងរបស់ពួកកូនចៅអ៊ីស្រាអែល ពីលើពពែនោះ គឺអំពើបាបរបស់គេទាំងអស់ ត្រូវដាក់ទាំងអស់លើក្បាលពពែនោះ រួចប្រគល់ដល់មនុស្សម្នាក់ដែលប្រុងជាស្រេច ដើម្បីដឹកវាទៅឯទីរហោស្ថាន»។
នៅពេលសម្តេចសង្ឃអើរ៉ុនបានដាក់ដៃរបស់គាត់លើក្បាលសត្វពពែ អំពើបាបទាំងអស់របស់សាសន៍អ៊ីស្រាអែល ត្រូវបានផ្ទេរទៅលើក្បាលសត្វ ពពែ។ ហើយនៅពេលមនុស្សមានបាបម្នាក់បានដាក់ដៃរបស់គាត់លើក្បាលយញ្ញបូជា អំពើបាបរបស់គាត់ត្រូវបានផ្ទេរទៅលើក្បាលរបស់សត្វនោះ។ តាមរបៀបដូចគ្នានេះ នៅពេលមនុស្សម្នាក់ត្រូវបានតែងតាំងជាសង្ឃ អ្នកដឹកនាំដាក់ដៃលើក្បាលរបស់គាត់ ដើម្បីផ្ទេរការងារជាសង្ឃទៅលើគាត់។ ដូច្នេះ «ការដាក់ដៃលើ» គឺជាសកម្មភាពនៃការផ្ទេរអំពើបាបទៅលើយញ្ញបូជា។ វាមានន័យថា «ផ្ទេរទៅលើ»។
ហើយបន្ទាប់មក គេត្រូវតែសម្លាប់សត្វនោះ ដោយការបង្ហូរឈាមរបស់វា ពីព្រោះ «ជីវិតនៃរូបសាច់ នោះនៅក្នុងឈាម ហើយ...ដ្បិតគឺជាឈាមនោះឯងដែលធួននឹងព្រលឹងបាន» (លេវីវិន័យ ១៧:១១)។
ទោះបីជាយ៉ាងណា សាសន៍អ៊ីស្រាអែលខ្សោយខ្លាំងណាស់ ដើម្បីដោះអំពើបាបទាំងអស់របស់ពួកគេចេញ ពីព្រោះពួកគេនៅតែបន្តធ្វើបាបជារៀងរាល់ថ្ងៃ រហូតដល់ពួកគេស្លាប់ ទោះបើពួកគេបានថ្វាយតង្វាយលោះបាប គ្រប់ពេលដែលពួកគេបានធ្វើបាបក៏ដោយ។ ដូច្នេះ ព្រះបានបើក ឱកាសមួយទៀតសម្រាប់ពួកគេទទួលបានការអត់ទោសសម្រាប់អំពើបាបប្រចាំឆ្នាំម្តង។ នេះគឺជាពិធីបុណ្យថ្ងៃធួននឹងបាប។ នៅថ្ងៃធួននឹងបាប សម្តេចសង្ឃអើរ៉ុនបានដាក់ដៃរបស់គាត់ លើក្បាលពពែដែលត្រូវបំបរបង់ ដើម្បីផ្ទេរអំពើបាបប្រចាំឆ្នាំរបស់សាសន៍អ៊ីស្រាអែលទៅលើវា តែម្តងជា សម្រេច (លេវីវិន័យ ១៦:២១)។
នៅពេលនោះ អើរ៉ុនគឺជាតំណាងនៃសាសន៍អ៊ីស្រាអែល ពីព្រោះគាត់បានដាក់ដៃរបស់គាត់លើក្បាលសត្វពពែ ជំនួសសាសន៍អ៊ីស្រាអែលទាំង មូល។ នៅពេលគាត់បានដាក់ដៃលើក្បាលសត្វពពែ អំពើបាបប្រចាំឆ្នាំរបស់សាសន៍អ៊ីស្រាអែល (ប្រហែលពីរបីលាននាក់ នៅពេលនោះ) ត្រូវបានផ្ទេរទៅលើក្បាលពពែដែលត្រូវបំបរបង់ តាមរយៈសកម្មភាពស្របច្បាប់របស់គាត់។ ហើយនេះគឺជាច្បាប់សម្រាប់មនុស្សជាតិទាំងមូលជារៀងដរាបតទៅ (លេវីវិន័យ ១៦:២៩)។
នេះគឺជា «ស្រមោលពីសេចក្តីល្អដែលត្រូវមក» (ហេព្រើរ ១០:១)។ ឥឡូវនេះ ព្រះបានបំពេញសម្រេច «សេចក្តីល្អដែលត្រូវមក» តាមរយៈព្រះយេស៊ូវគ្រីស្ទ។ ដូច្នេះ ចូរយើងពិនិត្យមើលរបៀបដែលព្រះយេស៊ូវគ្រីស្ទបានបំពេញសម្រេចសម័្ពន្ធមេត្រីរបស់ទ្រង់។
ទីមួយ ព្រះវរបិតាបានបញ្ជូនព្រះយេស៊ូវឲ្យយាងមក នៅក្នុងរូបភាពជាមនុស្សគ្រប់លក្ខណ៍ ដើម្បីធ្វើជាកូនចៀមនៃព្រះដែលទ្រង់បានសន្យា។ ទ្រង់គឺជាព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះ ហើយក៏ជាព្រះផងដែរ។ ដូច្នេះ ទ្រង់សាកសមធ្វើជាយញ្ញបូជាឥតខ្ចោះសម្រាប់មនុស្សជាតិទាំងអស់។
ទីពីរ ទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស នៅក្នុងទន្លេយ័រដាន់។ នៅទីនេះ យើងត្រូវស្គាល់ថា លោកយ៉ូហាន-បាទ្ទីសគឺជាអ្នកណា ដែលបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ។ លោកយ៉ូហាន-បាទ្ទីសគឺជាពូជពង្សរបស់ស្តេចសង្ឃអើរ៉ុន។ សង្ឃសាការី ដែលជាឪពុករបស់លោកយ៉ូហាន បានកើតមកនៅក្នុងពូជពង្សរបស់អ័ប៊ីយ៉ា ដែលជាចៅប្រុសរបស់អើរ៉ុន (លូកា ១:៥; ១របាក្សត្រ ២៤:១០)។ ដូច្នេះ លោក យ៉ូហាន-បាទ្ទីសគឺជាពូជពង្សរបស់សម្តេចសង្ឃអ៊រ៉ុន។ នេះមានន័យថា គាត់មានសិទ្ធិធ្វើជាសម្តេចសង្ឃ។ លើសពីនេះ ព្រះយេស៊ូវបានទទួលបានស្គាល់ថា លោកយ៉ូហានគឺជាមនុស្សដ៏អស្ចារ្យជាងគេនៅក្នុងចំណោមមនុស្សជាតិ។ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងបណ្តាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំជាងយ៉ូហានទេ...» (ម៉ាថាយ ១១:១១, ១៤)។ នេះមានន័យថា លោកយ៉ូហានគឺជាសម្តេចសង្ឃចុងក្រោមបង្អស់នៅលើផែនដីនេះ និងជាតំណាងស្របច្បាប់នៃមនុស្សជាតិ ដែលព្រះបានសន្យា និងរៀបចំ។
ព្រះគម្ពីរសញ្ញាចាស់បានទាយពីគាត់។ «មើល អញចាត់ទូតអញឲ្យទៅ គាត់នឹងរៀបចំផ្លូវនៅមុខអញ (ម៉ាឡាគី ៣:១)។ «ចូរនឹកចាំពីក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបំរើអញ ដែលអញបានបង្គាប់ដល់លោក នៅលើភ្នំហោរែបសំរាប់ពួកអ៊ីស្រាអែលទាំងអស់គ្នា គឺអស់ទាំងក្រឹត្យក្រម និងបញ្ញត្តច្បាប់ទាំងប៉ុន្មាននោះ មើល មុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់ នោះអញនឹងចាត់អេលីយ៉ា ឲ្យមកឯឯងរាល់គ្នា លោកនឹងបង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុកវិញ ក្រែងអញមកវាយផែនដីដោយសារសេចក្តីបណ្តាសា» (ម៉ាឡាគី ៤:៤-៦)។ យើងព្រះយេស៊ូវបានមានបន្ទូលថា «បើសិនអ្នករាល់គ្នាព្រមទទួលពាក្យនេះ នោះគឺលោកនេះហើយ ជាលោកអេលីយ៉ាដែលត្រូវមក» (ម៉ាថាយ ១១:១៤)។
លោកយ៉ូហាន-បាទ្ទីស គឺជាអេលីយ៉ា ដែលត្រូវមក និងបង្វែរមនុស្សទាំងអស់ត្រឡប់ទៅឯព្រះយេស៊ូវគ្រីស្ទ ដោយជួយឲ្យពួកគេរៀបចំខ្លួនទទួល ទ្រង់។ គាត់បានកើតមកមុនព្រះយេស៊ូវ រយៈពេលប្រាំមួយខែ។ គាត់បានធ្វើបុណ្យជ្រមុជនៃការប្រែចិត្តដល់មនុស្សនៅក្នុងវាលរហោស្ថាន ដើម្បីរៀបចំផ្លូវសម្រាប់ព្រះអម្ចាស់។ ហើយគាត់ត្រូវដឹកនាំមនុស្សឲ្យនឹកចាំពីច្បាប់ និងប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដើម្បីជួយឲ្យពួកគេរៀបចំខ្លួនទទួលព្រះអង្គសង្គោះយេស៊ូវគ្រីស្ទរបស់ពួកគេ។ ដូច្នេះ គាត់បានធ្វើបុណ្យជ្រមុជដល់មនុស្ស ហើយធ្វើឲ្យពួកគេបានដឹងថា ព្រះអង្គសង្រ្គោះនឹងយាងមកក្នុងពេលដ៏ឆាប់ ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរបៀបដាក់ដៃលើ។ បុណ្យជ្រមុជរបស់លោកយ៉ូហានបានហៅមនុស្សឲ្យបែរមកឯព្រះវិញ។ មនុស្សយ៉ាងច្រើនបាន ស្តាប់ឮព្រះបន្ទូលព្រះ តាមរយៈលោកយ៉ូហាន ហើយបានបោះបង់រូបព្រះរបស់ពួកគេចោល ដើម្បីបែរមកឯព្រះវិញ ដោយការសារភាពអំពើបាបរបស់ពួកគេ។
បន្ទាប់មក ព្រះយេស៊ូវបានយាងពីស្រុកកាលីឡេ មកឯលោកយ៉ូហាន នៅទន្លេយ័រដាន់ ដើម្បីទទួលបុណ្យជ្រមុជពីគាត់។ ព្រះយេស៊ូវបានមានបន្ទូលថា «ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ»។ គ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ នៅទីនេះ ជាភាសាក្រិកគឺ «dikaiosune» ហើយវាមានន័យថា «ភាពត្រឹមត្រូវ និង យុត្តិធម៌»។ នេះមានន័យថា ព្រះយេស៊ូវបានសង្រ្គោះមនុស្សមានបាបទាំងអស់ ចេញពីអំពើបាបរបស់ពួកគេ តាមរបៀបត្រឹមត្រូវ និងសុចរិត ព្រះយេស៊ូវត្រូវតែដោះអំពើបាបទាំងអស់របស់ពួកគេចេញ តាមរយៈ «ការដាក់ដៃលើ» ដែលស្របតាមសម្ព័ន្ធមេត្រី ដែលព្រះបានបង្កើតឡើង ដើម្បីដោះអំពើបាបទាំងអស់របស់មនុស្សជាតិចេញ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ ដោយសារព្រះយេស៊ូវបានទទួលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ នៅថ្ងៃបន្ទាប់ លោកយ៉ូហាន-បាទ្ទីសបានធ្វើបន្ទាល់ថា «នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» (យ៉ូហាន ១:២៩)។ លោកយ៉ូហានបានមក ដើម្បីធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ដោយការដាក់ដៃលើ។ នៅវេលាដែលលោកយ៉ូហានដាក់ដៃរបស់គាត់លើព្រះសិរសារបស់ព្រះយេស៊ូវគ្រីស្ទ អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើទ្រង់ ស្របតាមច្បាប់របស់ព្រះ។
ទីបី ទ្រង់បានសុគតនៅលើឈើឆ្កាង សម្រាប់ការអត់ទោសដល់អំពើបាបរបស់យើង។ មុនពេលទ្រង់សុគត ទ្រង់បានមានបន្ទូលថា «ការស្រេចហើយ!» (យ៉ូហាន ១៩:៣០)។ ទ្រង់បានបង្ហូរព្រះលោហិតទាំងអស់របស់ទ្រង់ សម្រាប់ថ្លៃឈ្នួលនៃអំពើបាបរបស់យើង។ ហើយទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងបិញ នៅថ្ងៃទីបី និងបានយាងត្រឡប់ទៅស្ថានសួគ៌វិញ។ ដូច្នេះ ទ្រង់ពិតជាបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងរួចហើយមែន។
សាវកប៉ុលបាននិយាយថា «គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ» (១កូរិនថូស ១៥:៣)។ ឥឡូវនេះ តើអ្នកយល់ពីរបៀបដែលសត្វយញ្ញបូជាត្រូវបានថ្វាយ សម្រាប់ការអត់ទោសបាប នៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងមូលហេតុដែលវាគឺជាស្រមោលនៃសេចក្តីល្អដែលត្រូវមកដែរទេ?
មុនពេលសម្លាប់សត្វយញ្ញបូជា ត្រូវតែមាន «ការដាក់ដៃលើ»។ បើសិនយើងលុបបំបាត់ «ការដាក់ដៃលើយញ្ញបូជា» នៅពេលយើងថ្វាយតង្វាយលោះបាប យើងមិនអាចទទួលបានការអត់ទោសបាបបានឡើយ ដោយសារតែការល្មើសច្បាប់របស់ព្រះ ហើយព្រះក៏មិនដែលទទួលយកយញ្ញបូជាខុសច្បាប់បែបនេះដែរ។ ដូច្នេះ វាគឺជាការបំពានច្បាប់របស់ព្រះ ដែលថ្វាយយញ្ញបូជា ដោយមិនមានការដាក់ដៃលើវា។
ព្រះយេស៊ូវបានយាងមកផែនដីនេះ ដើម្បីលាងសម្អាតអំពើបាបទាំងអស់របស់យើង ដោយអំពើដ៏សុចរិតរបស់ទ្រង់ (រ៉ូម ៥:១៨)។ អំពើដ៏សុចរិតរបស់ទ្រង់គឺថា ទ្រង់បានទទួលបុណ្យជញរមុជពីលោកយ៉ូហាន ដើម្បីដោះអំពើបាបរបស់លោកិយនេះចេញ ហើយបានសុកតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាប។ ដូច្នេះ ទ្រង់បានយាងមក ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ ប៉ុន្តែគួរឲ្យសោកស្តាយ គ្រីស្ទបរិស័ទភាគច្រើនស្គាល់អំពីដ៏សុចរិតរបស់ទ្រង់តែពាក់កណ្តាលប៉ុណ្ណោះ។ តាមការពិត យើងគួរតែស្គាល់ផ្នែកទាំងមូលនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ការជឿដល់ទ្រង់ ដោយលុបបំបាត់ផ្នែកសំខាន់នៃដំណឹងល្អរបស់ទ្រង់ គឺខុសច្បាប់ និងឥតប្រយោជន៍។
នៅក្នុងសំបុត្រទីមួយរបស់សាវកយ៉ូហាន គាត់បានបញ្ជាក់ច្បាស់អំពីផ្នែកទាំងមូលនៃដំណឹងល្អរបស់ទ្រង់។ «គឺព្រះយេស៊ូវគ្រីស្ទនេះហើយ ដែលយាងមកដោយទឹក ហើយនិងឈាម មិនមែនដោយទឹកតែប៉ុណ្ណោះ គឺទាំងទឹកទាំងឈាមផង» (១យ៉ូហាន ៥:៦)។
យើងបានកើតមក នៅក្នុងនិស្ស័យបាប ហើយធ្វើបាប រហូតដល់យើងស្លាប់ទៅវិញ។ យើងនៅតែបន្តធ្វើបាបជានិច្ច ហើយមិនអាចគេចចេញពីការជំនុំជម្រះរបស់ព្រះបានឡើយ គឺយើងត្រូវធ្លាក់ទៅក្នុងស្ថាននរក «ត្បិតឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់» (រ៉ូម ៦:២៣)។ ប៉ុន្តែកន្លែងណាមានបាបកាន់តែច្រើន ព្រះគុណក៏ចម្រើនឡើងកាន់តែខ្លាំងដែរ «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ» (យ៉ូហាន ៣:១៦; រ៉ូម ៥:២០)។
ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ បានយាងមកលោកិយនេះ ធ្វើជាកូនចៀមនៃព្រះ។ ទ្រង់បានទទួលផ្ទុកអំពើបាបទាំងអស់របស់លោកិយនេះ នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស នៅក្នុងទន្លេយ័រដាន់។ ក្នុងនាមជាតំណាងនៃមនុស្សជាតិទាំងមូល លោកយ៉ូហានបានដាក់ដៃរបស់គាត់លើព្រះសិរសារបស់ព្រះយេស៊ូវ ហើយបន្ទាប់មក អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ។ ដូច្នេះ ព្រះយេស៊ូវទទួលផ្ទុកអស់ទាំងអំពើបាបរបស់យើង តាម រយៈបុណ្យជ្រមុជ ហើយបាននាំអំពើបាបទាំងនោះទៅឯឈើឆ្កាង។ ទ្រង់បានបង្ហូរព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់ធ្វើជាថ្លៃឈ្នួលនៃអំពើបាបរបស់យើង ហើយបានធួននឹងអំពើបាបទាំងអស់របស់លោកិយនេះទាំងស្រុង។
ដូច្នេះ មុនពេលទ្រង់សុគតនៅលើឈើឆ្កាង ទ្រង់បានស្រែកយ៉ាងខ្លាំងថា «ការស្រេចហើយ!»។ តើការអ្វីដែលព្រះយេស៊ូវបានសម្រេច? អំពើបាបទាំងអស់ និងការជំនុំជម្រះត្រូវបានបញ្ចប់ ដោយសារអំពើដ៏សុចរិតរបស់ទ្រង់ហើយ។ នៅក្នុងន័យផ្សេង យើងបានទទួលការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង ដោយសារបុណ្យជ្រមុជរបស់ទ្រង់ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាងហើយ។ ព្រះយេស៊ូវគ្រីស្ទបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ កាលពីជាង២០០០ឆ្នាំមុន ហើយបានបង្កើតរបៀបរស់នៅថ្មីមួយ (ហេព្រើរ ១០:២០)។ ពេលនេះគឺជាពេលវេលានៃព្រះគុណទ្រង់ហើយ។ អ្នកណាដែលជឿលើបុណ្យជ្រមុជរបស់ទ្រង់ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង អាចទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់ខ្លួនបាន ហើយទទួលបានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយ (កិច្ចការ ២:៣៨)។ ហាលេលូយ៉ា!
តើយើងគួរតែនិយាយអំពីអ្វីផ្សេងទៀត! មានខគម្ពីរយ៉ាងច្រើននៅក្នុងព្រះគម្ពីរ ដែលបញ្ជាក់ថា បុណ្យជ្រមុជរបស់ទ្រង់គឺជាអំពើដ៏សុចរិតរបស់ព្រះយេស៊ូវដ៏មិនអាចខ្វះបាន សម្រាប់សេចក្តីសង្រ្គោះរបស់យើង (ម៉ាថាយ ៣:១៣-១៧; ១ពេត្រុស ៣:២១; យ៉ូហាន ៦:៥៣-៥៥; អេភេសូត ៤:៥; កាឡាទី ៣:២៧; កិច្ចការ ១០:៣៧...)។
តើអ្នកជឿលើសេចក្តីពិតនេះដែរទេ? តើអ្នកមិនមានបាបនៅក្នុងចិត្តរបស់អ្នកទេឬ? តើព្រះបានដោះអំពើបាបរបស់អ្នក ចាប់ពីកំណើតរបស់អ្នក រហូតដល់ពេលនេះឬ? តើទ្រង់បានដោះអំពើបាបទាំងអស់របស់អ្នក ចាប់ពីពេលនេះ រហូតដល់នាទីចុងក្រោយនៃជីវិតរបស់អ្នក តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ កាលពីជាង២០០០ឆ្នាំមុនឬ? ហើយដូច្នេះ តើអ្នកពិតជាបានញែកជាបរិសុទ្ធ ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ហើយឬ?
ជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះ គួរតែស្តាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើងវិញ។ អ្នកណាដែលចង់ស្គាល់យ៉ាងលម្អិតបន្ថែមទៀតអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ សូមកុំស្ទាក់ស្ទើរក្នុងការទំនាក់ទំនងមកកាន់ អង្គការ The New Life Mission។ អ្នកអាចទទួលបានសៀវភៅ និងសៀវភៅអេឡិចត្រូនិករបស់លោកគ្រូ Paul C. Jong ដោយឥតគិតថ្លៃ។
តើអ្នកពិតជាបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណដែរឬទេ?
ត្រឡប់ទៅឯ ដំណឹងល្អអំពី ទឹក និង ព្រះវិញ្ញាណ
ព្រះវិញ្ញាណបរិសុទ្ធ ដែលគង់នៅក្នុងខ្ញុំ - របៀបត្រឹមត្រូវ ដែលអ្នកអាចទទួលបាន ព្រះវិញ្ញាណបរិសុទ្ធ
សេចក្តីសុចរិតរបស់ព្រះ ដែលត្រូវបានបើកសម្តែងនៅក្នុងកណ្ឌគម្ពីររ៉ូម - ព្រះអម្ចាស់របស់យើង ដែលធ្វើជាសេចក្តីសុចរិតរបស់ព្រះ (ភាគ ១)
សេចក្តីសុចរិតរបស់ព្រះ ដែលត្រូវបានបើកសម្តែងនៅក្នុងកណ្ឌគម្ពីររ៉ូម - ព្រះអម្ចាស់របស់យើង ដែលធ្វើជាសេចក្តីសុចរិតរបស់ព្រះ (ភាគ ២)
សេចក្តីអត្ថាធិប្បាយ និងសេចក្តីអធិប្បាយអំពីកណ្ឌគម្ពីរវិវរណៈ តើគ្រានៃពួកអាទទឹងនឹងព្រះគ្រីស្ទ ទុក្ករកម្ម ការលើកឡើងទៅក្នុងពពក និង នគររាជ្យមួយពាន់ឆ្នាំ នឹងមកដល់ឬ? (ភាគ១)
សេចក្តីអត្ថាធិប្បាយ និងសេចក្តីអធិប្បាយអំពីកណ្ឌគម្ពីរវិវរណៈ តើគ្រានៃពួកអាទទឹងនឹងព្រះគ្រីស្ទ ទុក្ករកម្ម ការលើកឡើងទៅក្នុងពពក និង នគររាជ្យមួយពាន់ឆ្នាំ នឹងមកដល់ឬ? (ភាគ២)
រោងឧបោសថ៖ រូបភាពលម្អិតអំពីព្រះយេស៊ូវគ្រីស្ទ (I)
រោងឧបោសថ៖ រូបភាពលម្អិតអំពីព្រះយេស៊ូវគ្រីស្ទ (II)
សេចក្តីជំនឿ លើគោលជំនឿ នៃពួកសាវក - គែលាការចំបង របស់ព្រះគ្រីស្ទ
ទំនាក់ទំនង រវាង ព្រះរាជកិច្ចរបស់ព្រះយេស៊ូវ និងព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ ដែលត្រូវបានកត់ត្រាទុកក្នុង កណ្ឌដំណឹងល្អទាំងបួន