-
- រោងឧបោសថ គឺជាស្រមោលនៃព្រះយេស៊ូវគ្រីស្ទ ដែលបានអត់ទោសអំពើបាបរបស់ជនជាតិអ៊ីស្រាអែល និងមនុស្សគ្រប់គ្នា ដែលជឿដល់ ទ្រង់។ ព្រះអម្ចាស់របស់យើងគឺជាម្ចាស់នៃរោងឧបោសថ ហើយទ្រង់គឺជាព្រះអង្គសង្រ្គោះ ដែលបានដោះអំពើបាបរបស់មនុស្សគ្រប់គ្នាចេញ តែម្តងជាសម្រេច ហើយនៅក្នុងពេលជាមួយគ្នា ទ្រង់គឺជាតង្វាយយញ្ញបូជាសម្រាប់មនុស្សជាតិទាំងមូលតែម្តង។
- ទោះបីជាជនជាតិអ៊ីស្រាអែលបានធ្វើបាប ជារៀងរាល់ថ្ងៃក៏ដោយ ក៏ពួកគេអាចផ្ទេរអំពើបាបរបស់ពួកគេទៅលើតង្វាយ ដោយការដាក់ដៃរបស់ពួកគេលើក្បាលសត្វយញ្ញបូជាឥតខ្ចោះ នៅក្នុងទីលាននៃរោងឧបោសថ ស្របតាមប្រព័ន្ធថ្វាយយញ្ញបូជាដែរ។ នេះគឺជារបៀបដែលពួកគេទាំងអស់គ្នា ដែលបានជឿលើព័ន្ធកិច្ចរបស់ពួកសង្ឃ និងការថ្វាយយញ្ញបូជា ដែលស្របតាមប្រព័ន្ធថ្វាយយញ្ញបូជា អាចទទួលបានការអត់ទោសសម្រាប់អំពើបាប និងការលាងសម្អាតអំពើបាបឲ្យបានសដូចជាព្រិល។ ដូចគ្នាដែរ ដោយការជឿលើបុណ្យជ្រមុជ និងយញ្ញបូជារបស់ព្រះយេស៊ូវ ដែលជាខ្លឹមសារពិតប្រាកដនៃរោងឧបោសថ ជនជាតិអ៊ីស្រាអែល និងយើងទាំងអស់គ្នាដែលជាសាសន៍ដទៃ បានទទួលព្រះពរនៃការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង និងការរស់នៅជាមួយព្រះអម្ចាស់អស់កល្បជានិច្ច។
- ដោយការជឿដល់ព្រះយេស៊ូវ ដែលជាព្រះអម្ចាស់នៃរោងឧបោសថ មិនត្រឹមតែជនជាតិអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែសាសន៍ដទៃទាំងអស់ផងដែរ ក៏អាចបានរួចពីអំពើបាបទាំងអស់របស់ខ្លួនដែរ។ រោងឧបោសថបង្រៀនយើងអំពីអំណោយទាននៃការអត់ទោសបាប ដែលព្រះបានប្រទានដល់មនុស្សគ្រប់រូប។ ដូច្នេះ រោងឧបោសថគឺជាខ្លឹមសារនៃព្រះយេស៊ូវគ្រីស្ទ។
- ព្រះយេស៊ូវបានធ្វើជាព្រះអង្គសង្រ្គោះដល់មនុស្សមានបាប។ មនុស្សមានបាបទាំងអស់ ទោះបើគាត់គឺជាអ្នកណាក៏ដោយ ក៏អាចត្រឡប់ជាឥតបាបបានដែរ បើសិនគាត់ជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ព្រះលោហិតទ្រង់នៅលើឈើឆ្កាង និងសេចក្តីពិតដែលថា ទ្រង់គឺជាព្រះ។ យើងអាចបានសង្រ្គោះចេញពីការជំនុំជម្រះបាន ដោយសារសេចក្តីជំនឿរបស់យើងលើអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមបាន។ នៅក្នុងន័យផ្សេង យើងបានសង្រ្គោះចេញពីអំពើបាប ដោយសារការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ព្រះលោហិតទ្រង់ និងភាពជាព្រះរបស់ ទ្រង់។ ព្រះយេស៊ូវគឺជាទ្វារចូលទៅនគរស្ថានសួគ៌។
- កិច្ចការ ៤:១២ និយាយថា «ហើយគ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ»។ ហើយគ្មានអ្នកណាម្នាក់ ក្រៅពីព្រះយេស៊ូវ ដែលអាចសង្រ្គោះមនុស្សទាំងអស់ចេញពីអំពើបាបរបស់ពួកគេបានឡើយ។ ក្រៅពីព្រះយេស៊ូវ គ្មានព្រះអង្គសង្រ្គោះណាទៀតឡើយ។ យ៉ូហាន ១០:៩ និយាយថា «ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ នេះនឹងបានសង្គ្រោះ រួចនឹងចេញចូល ហើយនឹងរកបានវាលស្មៅដ៏ស្រួល»។ ១ធីម៉ូថេ ២:៥ និយាយថា «ពីព្រោះមានព្រះតែ១ ហើយមានអ្នកសង្រួបសង្រួមតែ១ នៅកណ្តាលព្រះ និងមនុស្ស គឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះ»។ ម៉ាថាយ ៣:១៥ និយាយថា «ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នោះ»។ ដូច្នេះ ខទាំងនេះធ្វើបន្ទាល់ពីសេចក្តីពិតនេះ។
- ព្រះយេស៊ូវបានយាងមកផែនដីនេះ នៅក្នុងរូបភាពជាមនុស្សម្នាក់ ហើយតាមរយៈការទទួលបុណ្យជ្រមុជ (អំបោះពណ៌ខៀវ) និងការបង្ហូរព្រះលោហិត (អំបោះពណ៌ក្រហម) ទ្រង់បានសង្រ្គោះមនុស្សមានបាប។ ដូច្នេះ ព្រះយេស៊ូវបានធ្វើជាទ្វារនៃសេចក្តីសង្រ្គោះ សម្រាប់មនុស្សមានបាបទាំងអស់។ ដូចដែលទ្វារចូលទៅទីលានរោងឧបោសថត្រូវបានត្បាញដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រះយេស៊ូវបានយាងមកផែនដីនេះ ដែលជាដំបូង ទ្រង់បានទទួលអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ ដែលទ្រង់បានទទួលពីលោកយ៉ូហាន។ ដូច្នេះ ទ្រង់បានធ្វើជាតង្វាយយញ្ញបូជា ដែលជាកូនចៀមនៃព្រះ (យ៉ូហាន ១:២៩)។
- ទីពីរគឺថា បន្ទាប់ពីទទួលផ្ទុកអស់ទាំងសេចក្តីរំលងរបស់មនុស្សមានបាបទាំងអស់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ហើយ ទ្រង់បានសុគតជំនួសពួកគេ ហើយបានប្រទានជីវិតថ្មីដល់អ្នកដែលជឿ។ ហើយទីបី ព្រះយេស៊ូវនេះហើយ គឺជាព្រះ។ លោកុប្បតិ្ត ១:១ និយាយថា «កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី»។ ហើយ លោកុប្បត្តិ ១:៣ និយាយថា «នោះព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យមានពន្លឺឡើង ដូច្នេះ ពន្លឺក៏មានពន្លឺឡើង។ ព្រះយ៉ាវ៉េគឺជាព្រះនៃព្រះបន្ទូល និងជាព្រះអាទិករដែលបានបង្កើតចក្រវាលទាំងមូល និងអ្វីៗទាំងអស់ ដោយព្រះបន្ទូល។
- ព្រះបានបង្គាប់ម៉ូសេឲ្យធ្វើទ្វារចូលទៅក្នុងទីលាននៃរោងឧបោសថ។ ព្រះយេស៊ូវគឺជាព្រះ ហើយទ្រង់បានបំពេញសម្រេចការងារបស់ទ្រង់ ក្នុងការរាប់មនុស្សមានបាបជាសុចរិត ដោយការយាងមកផែនដីនេះនៅក្នុងរូបភាពជាមនុស្ស និងការសង្រ្គោះរាស្ត្ររបស់ទ្រង់ចេញពីអំពើបាបទាំងអស់របស់ពួកគេ តាមរយៈបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ ទ្រង់។ កិច្ចការទាំងបីនេះគឺជារបៀបដែលព្រះគ្រីស្ទបានសង្រ្គោះមនុស្សមានបាប ហើយកិច្ចការទាំងបីនេះគឺជាភស្តុតាងបញ្ជាក់ពីសេចក្តីពិតនេះ។
- សាវកប៉ុលបាននិយាយនៅក្នុង អេភេសូរ ៤:៤-៦ ថា «មានរូបកាយតែ១ ហើយព្រះវិញ្ញាណតែ១ ដូចជាទ្រង់បានហៅអ្នករាល់គ្នាមក ក្នុងសេចក្តីសង្ឃឹមតែ១របស់ការងារអ្នករាល់គ្នាដែរ មានព្រះអម្ចាស់តែ១ សេចក្តីជំនឿតែ១ បុណ្យជ្រមុជតែ១ មានព្រះតែ១ គឺជាព្រះវរបិតានៃទាំងអស់ ដែលទ្រង់ខ្ពស់លើទាំងអស់ គង់នៅកណ្តាលទាំងអស់ ហើយសណ្ឋិតនៅក្នុងទាំងអស់»។ ព្រះបន្ទូលនេះសំដៅទៅលើសេចក្តីសង្រ្គោះចេញពីបាប ដែលត្រូវបានបង្កើតឡើង ដោយអំបោះខ្លូតទេសពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។
- តាមរយៈការស្វែងយល់របស់យើងអំពីរោងឧបោសថ យើងត្រូវតែស្គាល់សេចក្តីពិតរបស់វា និងទទួលបានការអត់ ទោសម្រាប់អំពើបាបទាំងអស់របស់យើង។
សូមជ្រើសរើសពីប្រភេទខាងក្រោម ដើម្បីមើលឃើញរូបភាពនៃរោងឧបោសថ និងអានសេចក្តីអធិប្បាយដែលទាក់ទងនឹងរូបភាពនីមួយៗ។