Search

សេចក្តីអធិប្បាយ

Subject 11 : រោងឧបោសថ

[11-9] ជំនឿដែលត្រូវបាន បើកសម្តែងនៅក្នុងអាសនាតង្វាយដុត (និក្ខមនំ ២៧::១-៨)

ជំនឿដែលត្រូវបាន បើកសម្តែងនៅក្នុងអាសនាតង្វាយដុត
(និក្ខមនំ ២៧::១-៨)
«ត្រូវធ្វើអាសនាពីឈើនាងនួន បណ្តោយ៥ហត្ថ ទទឹង៥ហត្ថ ៤ជ្រុងស្មើ ហើយកំពស់៣ហត្ថ ត្រូវធ្វើស្នែងជាប់នឹងអាសនាគ្រប់ទាំង៤ជ្រុង ហើយត្រូវស្រោបដោយលង្ហិន ត្រូវធ្វើប្រដាប់ដាក់ផែះ ចបចូក ផើង សម ហើយនឹងជើងក្រានសំរាប់អាសនា ឯប្រដាប់ទាំងនោះ ត្រូវធ្វើពីលង្ហិនទាំងអស់ ត្រូវធ្វើប្រទាសលង្ហិនខ្ទាស់ក្រឡាគ្នាសំរាប់អាសនាដែរ ហើយត្រូវធ្វើកងលង្ហិន៤ដាក់នៅគ្រប់ជ្រុងប្រទាស ត្រូវដាក់ប្រទាសពីខាងក្រោមគែមឲ្យជាប់ត្រង់ពាក់កណ្តាលកំពស់នៃអាសនា ត្រូវយកឈើនាងនួន ធ្វើជាឈើស្នែងសំរាប់សែងអាសនា ហើយស្រោបដោយលង្ហិនដែរ ត្រូវព្រហកឈើស្នែងនោះទៅក្នុងកង ឲ្យឈើស្នែងបានជាប់ទាំងសងខាងអាសនា សំរាប់សែងទៅ អាសនានោះត្រូវធ្វើពីក្តារឲ្យខូង ដូចជាបានបង្ហាញឲ្យឯងឃើញនៅលើភ្នំ។»
 
 
អាសនាតង្វាយដុត
ខ្ញុំចង់ពិភាក្សាអំពីជំនឿដែលត្រូវបានបើកសម្តែង នៅក្នុងអាសនាតង្វាយដុត។ នៅពេលជនជាតិអ៊ីស្រាងែលបានបំពានច្បាប់ទាំង៦១៣មាត្រានៃច្បាប់របស់ព្រះ និងបញ្ញត្តរបស់ព្រះ ដែលពួកគេត្រូវតែគោរពតាមនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ហើយនៅពេលពួកគេបានទទួលស្គាល់អំពើបាបរបស់ពួកគេ ពួកគេបានថ្វាយទៅកាន់ព្រះនូវតង្វាយឥតខ្ចោះរបស់ពួកគេ ដែលស្របតាមប្រព័ន្ធថ្វាយយញ្ញបូជា ដែលព្រះបានបង្កើតឡើង។ ហើយកន្លែងដែលពួកគេបានថ្វាយតង្វាយទាំងនេះ គឺជាអាសនាតង្វាយដុត។ នៅក្នុងន័យផ្សេង ជនជាតិអ៊ីស្រាអែលបានទទួលការអត់ទោសបាប ដោយការដាក់ដៃរបស់ពួកគេលើក្បាលរបស់សត្វយញ្ញបូជាឥតខ្ចោះ ការអាករ និងការបង្ហូរឈាមវា ការប្រោសឈាមវាទៅលើស្នែងនៃអាសនាតង្វាយដុត និងការចាក់ឈាមដែលនៅសល់ទៅលើដី និងការដុតសាច់យញ្ញបូជានេះនៅលើអាសនា។ 
 


តើអាសនាតង្វាយដុតមានអត្ថន័យខាងវិញ្ញាណ យ៉ាងដូចម្តេច?


អាសនាតង្វាយដុតត្រូវបានធ្វើពីឈើនាងនួន ស្រោបដោយលង្ហិន មានបណ្តោយ និងទទឹងប្រវែង២.២៥ម៉ែត្រ និងកម្ពស់១.៣៥ម៉ែត្រ។ កាលណាសាសន៍អ៊ីស្រាអែលសម្លឹងទៅឯអាសនាតង្វាយដុតនេះ ពួកគេទទួលស្គាល់ថា ពួកគេគឺជាអ្នកដែលជាប់នៅក្នុងការជំនុំជម្រះ ហើយមិនអាចគេចរួចពីទោសរបស់ពួកគេបានឡើយ។ ហើយដូចដែលសត្វយញ្ញបូជាត្រូវគេសម្លាប់ ពួកគេក៏បានដឹងផងដែរថា ពួកគេក៏ត្រូវតែស្លាប់ផងដែរ ដោយសារតែអំពើបាបរបស់ពួកគេ។ ប៉ុន្តែពួកគេក៏បានជឿផងដែរថា ព្រះមែស៊ីនឹងយាងមកផែនដីនេះ ហើយដោះអំពើបាបរបស់ពួកគេចេញ ដោយការទទួលទោស និងការសុគត ដូចជាតង្វាយយញ្ញបូជា ដោយសារតែអំពើបាបរបស់ពួកគេ។ 
អាសនាតង្វាយដុត គឺជាស្រមោលនៃព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះអង្គសង្រ្គោះរបស់យើង។ ដូចដែលសត្វឥតខ្ចោះត្រូវបានថ្វាយជាយញ្ញបូជា ដោយការដាក់ដៃលើវា និងការបង្ហូរឈាមរបស់វា ព្រះយេស៊ូវគ្រីស្ទក៏បានយាងមកឯយើងក្នុងនាមជាព្រះរាជបុត្រានៃព្រះ ហើយបានទទួលទោសសម្រាប់អំពើបាបទាំងអស់របស់យើងផងដែរ។ ដូចដែលតង្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ត្រូវតែទទួលយកអំពើបាបទាំងអស់ តាមរយៈការដាក់ដៃលើ និងការសម្រក់ឈាមវា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយបានទទួលទោសសម្រាប់អំពើបាបទាំងនេះ ដោយការបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាងផងដែរ។ 
តាមរបៀបនេះ អាសនាតង្វាយដុតបង្ហាញប្រាប់យើងថា ព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់ បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយដូច្នេះ បានសង្រ្គោះយើង។ 
 

ដើម្បីទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន សាសន៍អ៊ីស្រាអែលត្រូវតែថ្វាយតង្វាយយញ្ញបូជារបស់ខ្លួននៅឯអាសនាតង្វាយដុត

នៅពេលយើងពិនិត្យមើលជំពូក៤នៃកណ្ឌគម្ពីរលេវីវិន័យ យើងមើលឃើញថា កាលណាពួកសង្ឃដែលមានការចាក់ប្រេងតាំង បណ្តាជន អ៊ីស្រាអែលទាំងមូល អ្នកដឹកនាំ ឬមនុស្សធម្មតាណាម្នាក់បានធ្វើបាប ពួកគេបានទទួលការអត់ទោសបាប ដោយការនាំយកតង្វាយយញ្ញបូជាមួយមកថ្វាយព្រះ ដោយដាក់ដៃរបស់ពួកគេនៅលើក្បាលរបស់តង្វាយនោះ សម្លាប់វា បង្ហូរឈាមវា ហើយយកឈាមវាទៅថ្វាយព្រះនៅឯ អាសាតង្វាយដុត។ 
ជាធម្មតា អាសនាតង្វាយដុតនេះតែងតែរវល់ ជារៀងរាល់ថ្ងៃ ពីព្រោះវាគឺជាកន្លែងដែលសាសន៍អ៊ីស្រាអែលថ្វាយតង្វាយលោះបាបរបស់ពួកគេ ជារៀងរាល់ថ្ងៃ។ សាសន៍អ៊ីស្រាអែលដែលចង់ដោះអំពើបាបរបស់ខ្លួនចេញ ត្រៀមសត្វឥតខ្ចោះមួយ ហើយថ្វាយវាទៅកាន់ព្រះ នៅលើអាសនាតង្វាយដុត ទុកជាតង្វាយយញ្ញបូជារបស់ខ្លួន។ មនុស្សមានបាបបានផ្ទេរអំពើបាបទាំងអស់របស់ពួកគេទៅលើសត្វយញ្ញបូជា ដោយការដាក់ដៃរបស់ពួកគេនៅលើក្បាលវា ហើយជាការជំនុំជម្រះលើអំពើបាបទាំងនេះ ពួកគេបានកាត់បំពង់កបង្ហូរឈាមវា។ បន្ទាប់មក ពួកសង្ឃបានប្រោសឈាមតង្វាយយញ្ញបូជានេះនៅលើស្នែងនៃអាសនាតង្វាយដុត ហើយបានដុតសាច់ និងខ្លាញ់វានៅលើអាសនា។ នេះហើយគឺជារបៀបដែលសាសន៍អ៊ីស្រាអែលបានទទួលការអត់ទោសបាបរបស់ពួកគេ។ 
មិនថាអ្នកណាដែលបានធ្វើបាបទេ ទោះបើអ្នកដឹកនាំបណ្តាជន អ៊ីស្រាអែល សម្តេចសង្ឃ ពួកសង្ឃធម្មតា បណ្តាជនទាំងមូល ឬមនុស្សធម្មតាណាម្នាក់ក៏ដោយ ក៏ពួកគេត្រូវតែទទួលការអត់ទោសបាប ដោយការនាំយកសត្វយញ្ញបូជាមួយ ដូចជា គោ ពពែ ឬចៀម ហើយថ្វាយសត្វនេះទៅកាន់ព្រះ ទុកជាតង្វាយយញ្ញបូជាដែរ។ 
មនុស្សមានបាប ឬអ្នកតំណាងរបស់ពួកគេត្រូវតែដាក់ដៃលើក្បាលយញ្ញបូជា សម្លាប់វា ប្រោសឈាមវានៅលើស្នែងអាសនាតង្វាយដុត ចាក់ឈាមដែលនៅសល់ទៅលើដី និងដុតខ្លាញ់វា ដែលនឹងអត់ទោសដល់អំពើបាបរបស់ពួកគេ។ ដូច្នេះ មនុស្សជាច្រើនត្រូវតែនាំសត្វយញ្ញបូជារបស់ពួកគេទៅឯអាសនាតង្វាយដុត ដាក់ដៃរបស់ពួកគេលើក្បាលរបស់តង្វាយនោះ បង្ហូរឈាមវា ហើយថ្វាយវាទៅកាន់ព្រះ។ 
នៅពេលគេថ្វាយតង្វាយនៅលើអាសនាតង្វាយដុត តង្វាយទាំងនេះត្រូវតែឥតខ្ចោះ។ ហើយនៅពេលមនុស្សមានបាបថ្វាយតង្វាយទៅកាន់ព្រះ ពួកគេត្រូវតែប្រាកដថា ពួកគេបាននាំសត្វល្អឥតខ្ចោះមកឯព្រះ ហើយតាមរយៈការដាក់ដៃរបស់ពួកគេ លើក្បាលតង្វាយយញ្ញបូជាតែប៉ុណ្ណោះ ដែលអំពើបាបរបស់ពួកគេអាចផ្ទេរទៅតង្វាយយញ្ញបូជាបាន។ ដូច្នេះ ពួកគេមិនត្រូវភ្លេចធ្វើការទាំងអស់នេះឡើយ នៅពេលពួកគេថ្វាយតង្វាយយញ្ញបូជា។ 
ជាធម្មតា អ្នកដែលបានធ្វើបាប ត្រូវតែដាក់ដៃរបស់ខ្លួននៅលើក្បាលសត្វតង្វាយយញ្ញបូជា ប៉ុន្តែកាលណាបណ្តាជនអ៊ីស្រាអែលបានធ្វើបាប ពួកចាស់ទុំតំណាងរបស់ពួកគេបានដាក់ដៃលើយញ្ញបូជា (លេវីវិន័យ ៤:១៥)។ គេត្រូវតែសម្លាប់សត្វយញ្ញបូជានោះដែលគេបានដាក់ដៃលើ ដោយកាត់បំពង់កបង្ហូរឈាមវា។ ហើយជាចុងក្រោយ គេត្រូវតែដុតវានៅលើអាសនា។ 
ផ្សែងនៃសាច់ និងខ្លាញ់ដែលគេដុតដោយអុស តែងតែមានពេញនៅកន្លែងជុំវិញអាសនាតង្វាយដុត ហើយស្នែងរបស់វា និងដីនៅខាងក្រោមវា ប្រឡាក់ទៅដោយឈាមសត្វយញ្ញបូជា។ អាសនាតង្វាយដុតគឺជាកន្លែងនៃការអត់ទោសអំពើបាប ដែលគេថ្វាយតង្វាយយញ្ញបូជាទៅកាន់ព្រះ ដើម្បីលាងសម្អាតអំពើបាបរបស់ជនជាតិអ៊ីស្រាអែល។ 
អាសនាតង្វាយដុតេះ ដែលតែងតែមានផ្សែងហុយឡើងជានិច្ច មានរៀងជាការ៉េ បណ្តោយ និងទទឹងមានប្រវែង២.២៥ម៉ែត្រ ហើយមានកម្ពស់១.៣៥ម៉ែត្រ។ ដែកប្រទាសត្រូវបានដាក់នៅចំកណ្តាល ហើយផ្សែងហុយឡើង ចេញ ពីតង្វាយដែលគេដុតដោយភ្លើងអុសនៅលើដែកប្រទាសនោះ។ ដូច្នេះ កន្លែងដែលគេដុតតង្វាយ និងថ្វាយទៅកាន់ព្រះ គឺជាអាសនាតង្វាយដុត។ 
 

ប្រដាប់ប្រដាទាំងអស់នៃអាសនាតង្វាយដុត សុទ្ធតែត្រូវបានធ្វើពីលង្ហិន

ប្រដាប់ប្រដានៃអាសនាតង្វាយដុត ដែលគេប្រើសម្រាប់យកផេះចេញ សុទ្ធតែត្រូវបានធ្វើពីលង្ហិនទាំងអស់។ អាសនាតង្វាយដុតផ្ទាល់ក៏ត្រូវបានធ្វើ ដោយស្រោបលង្ហិនពីលើឈើនាងនួនដែរ ហើយដូច្នេះ អាសនា និងប្រដាប់ប្រដារបស់វាសុទ្ធតែត្រូវបានធ្វើពីលង្ហិនទាំងអស់។ 
លង្ហិននៃអាសនាតង្វាយដុតនេះ មានអត្ថន័យខាងវិញ្ញាណមួយ។ លង្ហិនសំដៅទៅលើការជំនុំជម្រះបាបនៅចំពោះព្រះ។ ដូច្នេះ អាសនាតង្វាយដុតគឺជាកន្លែងមួយ ដែលបង្ហាញយើងយ៉ាងច្បាស់លាស់ថា មនុស្សមានបាបពិតជាត្រូវទទួលការជំនុំជម្រះអំពើបាបរបស់យើង។ ព្រះពិតជានឹងកាត់ទោសមនុស្ស សម្រាប់អំពើបាបរបស់ពួកគេ ដោយមិនខកខានឡើយ។ កន្លែងដែលគេដុតថ្វាយតង្វាយយញ្ញបូជាជំនួសមនុស្សមានបាប គឺជាអាសនាតង្វាយដុតនេះឯង ហើយអាសនា និងប្រដាប់ប្រដាទាំងអស់របស់វាត្រូវបានធ្វើពីលង្ហិន។ ដូច្នេះ ការទាំងនេះប្រាប់យើងថា គ្រប់ទាំងអំពើបាបពិតជាត្រូវទទួលការជំនុំជម្រះ។ 
អាសនាបង្ហាញប្រាប់យើងថា ដោយសារតែអំពើបាបរបស់ពួកគេ មនុស្សត្រូវតែទទួលទោស និងសេចក្តីស្លាប់ ប៉ុន្តែដោយសារការនាំសត្វយញ្ញបូជារបស់ពួកគេមកឯអាសនាតង្វាយដុត និងការថ្វាយវាទៅកាន់ព្រះ ពួកគេអាចលាងសម្អាតអំពើបាបរបស់ពួកគេ ទទួលបានការអត់ទោសបាប និងរស់នៅម្តងទៀតបាន។ នៅទីនេះ តង្វាយទាំងអស់ដែលដុតនៅលើអាសនា ប្រាប់យើងថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ និងការបង្ហូរព្រះលោហិតទ្រង់បានអត់ទោសដល់អំពើបាបរបស់អ្នកជឿ។ ដូច្នេះ ជំនឿដែលថ្វាយតង្វាយយញ្ញបូជានៅឯអាសនាតង្វាយដុត ត្រូវបានបន្តទៅក្នុងសម័យព្រះគម្ពីរសញ្ញាថ្មី ជាជំនឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ។ 
នៅពេលយើងជឿ និងទទួលស្គាល់ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់យើង យើងត្រូវតែថ្វាយទៅកាន់ព្រះនូវជំនឿរបស់យើង ដែលជឿ និងទទួលស្គាល់បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ជាការអត់ទោសបាបរបស់យើង។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ជំនឿនេះគឺជាជំនឿដែលបើក និងចូលទៅតាមទ្វារនៃអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ទៅឯទីលានរោងឧបោសថ។
 


តង្វាយទាំងអស់ដែលត្រូវបានថ្វាយជាយញ្ញបូជានៅលើអាសនាតង្វាយដុត បើកសម្តែងពីព្រះយេស៊ូវគ្រីស្ទ

ឈើឆ្កាងរបស់ព្រះយេស៊ូវ
តើព្រះយេស៊ូវគ្រីស្ទបានធ្វើអ្វីខ្លះ នៅពេលទ្រង់យាងមកផែនដីនេះ? យើងមានបាប គឺយើងបានធ្វើបាបទាស់នឹងព្រះ ហើយបានបំពានក្រិត្យ វិន័យ និងបញ្ញត្តរបស់ទ្រង់។ ប៉ុន្តែដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ ព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយទទួលយកអំពើបាបរបស់លោកិយនេះដាក់លើអង្គទ្រង់ ហើយដូច្នេះ បានបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ដូចដែលតង្វាយយញ្ញបូជាបានទទួលយកអំពើបាបរបស់សាសន៍អ៊ីស្រាអែល តាមរយៈការដាក់ដៃលើ ហើយត្រូវបានគេសម្លាប់ និងដុតនៅលើអាសនាតង្វាយដុត ដោយសារព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ ក្នុងនាមជាតង្វាយយញ្ញបូជាដ៏ឥតខ្ចោះ ហើយបានទទួលបុណ្យជ្រមុជ នោះទ្រង់អាចបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង និងសុគតជំនួសយើងបាន។ តាមរយៈការត្រូវគេវាយដែកគោលនៅលើព្រះហស្ត និងព្រះបាតទាំងពីររបស់ទ្រង់ និងការបង្ហូរព្រះលោហិត ព្រះអម្ចាស់បានទទួលយកទោសនៃអំពើបាបរបស់ យើង។ ដូច្នេះ ទ្រង់បានសង្រ្គោះយើងចេញពីអំពើបាប និងទោសទាំងអស់របស់យើង។ 
ដែលបានយាងមកធ្វើជាខ្លឹមសារពិតប្រាកដនៃអាសនាតង្វាយដុត តើព្រះយេស៊ូវគ្រីស្ទបានធ្វើអ្វី នៅពេលទ្រង់យាងមកផែនដីនេះ? ទ្រង់បានសង្រ្គោះយើង ដោយការទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ ការជាប់ឆ្កាង និងការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញ។ ព្រះអម្ចាស់បានយាងមកផែនដីនេះ បានបញ្ចប់សេចក្តីសង្រ្គោះរបស់យើង ហើយបន្ទាប់មក ទ្រង់បានយាងឡើងទៅនគរស្ថានសួគ៌វិញ។ 
 

យើងដែលធ្វើបាបជារៀងរាល់ថ្ងៃ

ក៏មានអត្ថន័យមួយទៀត សម្រាប់អាសនាតង្វាយដុតផងដែរ គឺ «ការហុយឡើង»។ តាមការពិត អ្នក និងខ្ញុំធ្វើបាបជារៀងរាល់ថ្ងៃ។ ដូច្នេះ យើងតែងតែត្រូវថ្វាយតង្វាយយញ្ញបូជារបស់យើង ទៅកាន់ព្រះជានិច្ច ហើយដោយសារហេតុនេះ ផ្សែងទោសនៃអំពើបាបរបស់យើងតែងតែកំពុងហុយឡើងទៅឯព្រះ។ តើមានថ្ងៃណាមួយ ដែលអ្នករស់នៅយ៉ាងគ្រប់លក្ខណ៍ ហើយមិនធ្វើបាបសោះដែរទេ? តង្វាយយញ្ញបូជារបស់សាសន៍អ៊ីស្រាអែលត្រូវបានបន្តថ្វាយទៅកាន់ព្រះ រហូតដល់ពួកសង្ឃនឿយហត់អស់កម្លាំងពីការងារថ្វាយតង្វាយទាំងនេះ ដែលអត់ទោសដល់អំពើបាបដ៏ច្រើនរាប់មិនអស់របស់សាសន៍អ៊ីស្រាអែល ហើយលែងអាចធ្វើបន្តទៀតបាន។ ដោយសារពួកអ៊ីស្រាអែលបានបំពានក្រិត្យវិន័យ ហើយបានធ្វើបាបទាស់នឹងព្រះជារៀងរាល់ថ្ងៃ ពួកគេត្រូវតែថ្វាយតង្វាយយញ្ញបូជារបស់ពួកគេជារៀងរាល់ថ្ងៃ។ 
ក្នុងនាមជាតំណាងនៃអ៊ីស្រាអែល លោកម៉ូសេបានប្រកាសមាត្រាទាំង៦១៣នៃច្បាប់ និងបញ្ញត្តរបស់ព្រះទៅកាន់សាសន៍អ៊ីស្រាអែល៖ «ដូច្នេះបើឯងរាល់គ្នានឹងស្តាប់តាមអញឥឡូវ ហើយកាន់តាមសេចក្តីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញលើសជាងអស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ផងអញ ឯងរាល់គ្នានឹងបានធ្វើជានគរដល់អញ ដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធឲ្យអញដែរ គឺពាក្យទាំងនេះហើយ ដែលឯងត្រូវប្រាប់ដល់ពួកកូនចៅ អ៊ីស្រាអែល» (និក្ខមនំ ១៩:៥-៦)។
បន្ទាប់មក បណ្តាជនអ៊ីស្រាអែលបានស្យាថា «យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់សេចក្តី ដែលព្រះយេហូវ៉ាទ្រង់មានបន្ទូល» (និក្ខមនំ ១៩:៨)។ ដូច្នេះ បណ្តាជនអ៊ីស្រាអែលចង់ជឿ និងទទួលស្គាល់ព្រះដែលបានលេចមកឯលោកម៉ូសេ និងបានមានបន្ទូលមកកាន់ពួកគេ តាមរយៈគាត់ ជាព្រះដ៏ពិតរបស់ពួកគេ ហើយពួកគេចង់ឲ្យព្រះនេះការពារពួកគេ។ ដោយការគោរពតាមគ្រប់យ៉ាងដែលព្រះបានមានបន្ទូលមកកាន់ពួកគេ ពួកគេក៏ចង់ធ្វើជាទ្រព្យសម្បត្តិពិសេស នគរនៃសង្ឃ និងជាតិសាសន៍បរិសុទ្ធ ដែលជាកម្មសិទ្ធិរបស់ព្រះផងដែរ។ ដូច្នេះ ពួកគេបានព្យាយាមគោរពតាមគ្រប់ទាំងក្រិត្យវិន័យរបស់ព្រះ ដែលទ្រង់បានប្រទានឲ្យពួកគេ។ 
តើព្រះពិតជាបានជ្រាបថា សាសន៍អ៊ីស្រាអែលនឹងធ្វើបាបដែរទេ? ទ្រង់ពិតជាបានជ្រាបហើយ។ ដូច្នេះហើយបានជាព្រះបានហៅលោក ម៉ូសេទៅឯភ្នំស៊ីណាយ បានបង្ហាញគាត់នៅក្នុងនិមិត្តពីរោងឧបោសថ បានពន្យល់គាត់ពីទម្រង់លម្អិតរបស់វា បានប្រាប់ឲ្យគាត់សាងសង់វា ហើយបានជួយឲ្យគាត់សាងសង់វា តាមដែលទ្រង់ចង់បាន។ ហើយទ្រង់ក៏បានបង្កើតប្រព័ន្ធថ្វាយតង្វាយ ដែលគេអាចថ្វាយតង្វាយទៅកាន់ទ្រង់នៅក្នុងរោងឧបោសថនេះផងដែរ។ 
នៅពេលបណ្តាជនអ៊ីស្រាអែលព្យាយាមថ្វាយតង្វាយលោះបាបមួយទៅកាន់ព្រះ ពួកគេត្រូវតែនាំគោ ចៀម ពពែ ឬព្រាបមក ហើយពួកគេត្រូវប្រាកដថា ពួកគេផ្ទេរអំពើបាបរបស់ពួកគេទៅលើតង្វាយយញ្ញបូជានោះ ដោយការដាក់ដៃលើក្បាលរបស់វា (លេវីវិន័យ ១:១-)។ ហើយបន្ទាប់មក អារបំពង់កសម្រក់ឈាមវា ហើយប្រគល់ឈាមនោះទៅពួកសង្ឃ។ បន្ទាប់មក ពួកសង្ឃបានយកឈាមនេះទៅប្រោសលើស្នែងអាសនាតង្វាយដុត ចាក់ឈាមដែលនៅសល់ទៅលើដី កាត់តង្វាយយញ្ញបូជាជាចំណែកៗ ហើយដាក់វានៅលើអាសនា ហើយដុតថ្វាយវាទៅកាន់ព្រះ។ 
នេះហើយគឺជារបៀដែលសាសន៍អ៊ីស្រាអែលអាចទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ។ នៅពេលពួកគេដុតតង្វាយ ពួកគេត្រូវដុតទាំងសាច់ ហើយព្រលាត់សត្វនោះ ដើម្បីយកខ្លាញ់ ពោះវៀន និងថ្លើមវាដុតដែរ។ តាមរបៀបនេះ ព្រះបានអត់ទោសដល់អំពើបាបរបស់សាសន៍អ៊ីស្រាអែល។ 
 


របៀបតែមួយគត់ ដើម្បីទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់


នៅពេលយើងពិនិត្យមើលខ្លួនយើង យើងពិតជាអាចដដឹងថា យើងធ្វើបាបគ្រប់ពេលវេលា។ យើងរស់នៅក្នុងជីវិតរបស់យើង ដែលតែងតែធ្វើបាបជានិច្ច។ យើងប្រព្រឹត្តអំពើបាបយ៉ាងច្រើនរាប់មិនអស់ សម្រាប់ហេតុផលជាច្រើន ទោះបើដោយសារយើងខ្សោយ មានកំហុសយ៉ាងច្រើន មានសេចក្តីលោភលន់ខ្លាំង ឬមានអំណាចខ្លាំងយ៉ាងណាក៏ដោយ។ ហើយ សូម្បីតែក្នុងចំណោមអ្នកដែលទទួលស្គាល់ព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ខ្លួន ក៏គ្មានអ្នកណា ដែលមិនធ្វើបាបដែរ។ 
សម្រាប់យើងដែលតែងតែធ្វើបាបដូច្នេះ ទោះបើជឿព្រះក៏ដោយ របៀបតែមួយគត់ ដើម្បីបានលាងសម្អាតអំពើបាបទាំងនេះ ហើយបានសង្រ្គោះ គឺត្រូវជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ។ ទ្រង់គឺជាព្រះទ្រង់ផ្ទាល់ ដែលបានយាងមក ដោយទឹក និងឈាម (១យ៉ូហាន ៥:៦) គឺទ្រង់បានយាងមកផែនដីនេះ ដើម្បីធ្វើជាតង្វាយយញ្ញបូជានៅលើអាសនាតង្វាយដុត តាមរយៈអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ នៅពេលព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ ដោយការទទួលបុណ្យជ្រមុជ ហើយបានសងថ្លៃឈ្នួលនៃអំពើបាបរបស់យើង ដោយការសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង និងការសុគតនៅលើឈើឆ្កាង នោះយើងពិតជាអាចទទួលបានការអត់ទោសបាប តាមរយៈជំនឿបាន។ ដោយសារតែសេចក្តីសង្រ្គោះរបស់ព្រះមែស៊ីយេស៊ូវគ្រីស្ទ តាមរយៈជំនឿ អ្នក និងខ្ញុំអាចទទួលបានការអត់ទោសបាប តែម្តងជាសម្រេចបាន។ 
ទោះបីជាយើងតែងតែធ្វើបាបជានិច្ចក៏ដោយ ក៏ដោយសារតែសេចក្តីសង្រ្គោះនៃបុណ្យជ្រមុជ និងព្រះលោហិត ដែលព្រះយេស៊ូវគ្រីស្ទបានបំពេញសម្រេច នៅពេលទ្រង់បានយាងមកផែនដីនេះ យើងអាចបានរួចពីអំពើបាបទាំងអស់របស់យើងបានដែរ។ ព្រះអម្ចាស់របស់យើងបានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ បាននាំអំពើបាបរបស់លោកិយនេះទៅលើឈើឆ្កាង ហើយបានសុគត ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើងទាំងស្រុង។ តាមរយៈការទទួលបុណ្យជ្រមុជសម្រាប់អំពើបាបរបស់យើង ការទទួលយកទោសនៃអំពើបាបរបស់យើង ដោយការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញ ទ្រង់បានសង្រ្គោះយើងដែលជឿតាមសេចក្តីពិតនេះទាំងស្រុង។ ទោះបីជាយើងត្រូវទទួលទោសសម្រាប់អំពើបាបរបស់យើងក៏ដោយ ក៏ដោយសារតែសេចក្តីស្រឡាញ់នៃសេចក្តីសង្រ្គោះ និងសេចក្តីមេត្តាករុណា ដែលព្រះយេស៊ូវបានប្រទានឲ្យយើង តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម នោះអ្នក និងខ្ញុំបានសង្រ្គោះ ដោយសារជំនឿ។ នៅក្នុងន័យផ្សេង ព្រះបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង។ ដោយសារការជឿលើទ្រង់ យើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង។ នេះហើយគឺជាអ្វីដែលអាសនាតង្វាយដុតកំពុងតែបង្ហាញប្រាប់យើង។ 
អ្នកអាចគិតថា នៅខាងក្នុងរោងឧបោសថ គ្រប់យ៉ាងស្រស់ស្អាត ប៉ុន្តែបើសិនអ្នកពិតជាបានចូលទៅក្នុងទីលានរបស់វា អ្នកនឹងមើលឃើញទិដ្ឋភាពដ៏គួរឲ្យខ្ពើមមួយ។ អាសនាតង្វាយដុតដែលធ្វើពីលង្ហិន និងមានរាងបួនជ្រុងទ្រវែង កំពុងតែបញ្ចេញភ្លើង និងផ្សែងគ្រប់ពេលវេលា។ អាសនាលង្ហិនកំពុងតែរង់ចាំមនុស្សមានបាប នៅក្បែរជើងអាសនាប្រឡាក់ទៅដោយឈាមជោគជាំ ហើយគ្រប់គ្នានឹងបានដឹងថា នេះគឺជាកន្លែងកាត់ទោសបាប។ ដោយសារកន្លែងនេះហើយ ដែលគេថ្វាយតង្វាយយញ្ញបូជាជារៀងរាល់ថ្ងៃ អ្នកនឹងធុំក្លិនស្អុយពីឈើ និងសាច់ដែលគេដុត។
នៅខាងក្រោមអាសនាតង្វាយដុត មានឈាមកំពុងតែហូរដូចជា ទន្លេ។ កាលណាសាសន៍អ៊ីស្រាអែលបានធ្វើបាប ពួកគេនាំសត្វយញ្ញបូជារបស់ពួកគេមកឯរោងឧបោសថ ផ្ទេរអំពើបាបរបស់ពួកគេទៅលើវា ដោយការដាក់ដៃលើ អារបំពង់កវា សម្រក់ឈាមវា ហើយប្រគល់ឈាមវាទៅឲ្យពួកសង្ឃ។ បន្ទាប់មក សង្ឃប្រោសឈាមនោះនៅលើស្នែងអាសនាតង្វាយដុត ហើយចាក់ឈាមដែលនៅសល់ទៅលើដី។ 
បន្ទាប់មក គេកាត់តង្វាយនោះទៅជាចំណែកៗ ហើយដាក់ដុតចំណែកសាច់ទាំងនោះជាមួយលំពែង និងខ្លាញ់របស់វានៅលើដែក ប្រទាស។ នៅពេលឈាមវាសម្រក់ដំបូង វារាវ ហើយមានពណ៌ក្រហម។ ប៉ុន្តែបន្ទាប់ពីមួយភ្លែត ឈាមនោះត្រឡប់ទៅជាស្អិត និងកក។ បើសិនអ្នកពិតជាបានចូលទៅក្នុងរោងឧបោសថមែន អ្នកពិតជាបានមើលឃើញឈាមដ៏កខ្វក់នេះហើយ។ 
កាលណាប្រជាជនអ៊ីស្រាអែលបានបំពានបញ្ញត្តរបស់ព្រះ តាមរយៈអាសនាតង្វាយដុត ពួកគេទទួលស្គាល់ថា ពួកគេត្រូវស្លាប់ដូចជាតង្វាយយញ្ញបូជារបស់ពួកគេនៅលើអាសនាដែរ។ ហេតុអ្វី? ពីព្រោះព្រះបានបង្កើតសម័្ពន្ធមេត្រីជាមួយព្រះ ដោយឈាម។ «បើឯងរាល់គ្នារក្សាតាម ក្រិត្យវិន័យរបស់អញ ឯងរាល់គ្នានឹងបានធ្វើជារាស្ត្ររបស់អញ និងនគរនៃសង្ឃ ប៉ុន្តែបើឯងរាល់គ្នាមិនរក្សាតាមទេ ឯរាល់គ្នាត្រូវតែស្លាប់ដូចជាតង្វាយយញ្ញបូជាទាំងនេះដែរ។» នេះហើយគឺជារបៀបដែលព្រះបានបង្កើតសម្ព័ន្ធមេត្រីរបស់ទ្រង់ ដោយឈាម។ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានទទួលយកវាជាការពិតមួយថា បើសិនពួកគេធ្វើបាប និងបំពានក្រិត្យ វិន័យ ពួកគេត្រូវតែសម្រក់ឈាមរបស់ពួកគេ។ 
តាមការពិត មិនត្រឹមតែសាសន៍អ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែអ្នកដែលជឿលើព្រះ ក៏ត្រូវតែថ្វាយឈាមយញ្ញបូជាសម្រាប់អំពើបាបរបស់ខ្លួនផងដែរ។ វាបង្ហាញប្រាប់យើងថា គ្រប់គ្នាដែលធ្វើបាបនៅចំពោះព្រះ ហើយមានបាបនៅក្នុងចិត្ត ទោះបើបាបតូច ឬបាបធំក៏ដោយ ត្រូវតែ ប្រឈមនឹងការកាត់ទោសបាបនេះ។ ទោះបីជាច្បាប់នៃការជំនុំជម្រះដែលថា ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ អនុវត្តសម្រាប់មនុស្សគ្រប់រូបនៅចំពោះព្រះក៏ដោយ ក៏មិនមានមនុស្សច្រើនប៉ុន្មានទេ ដែលពិតជាខ្លាចការជំនុំជម្រះរបស់ព្រះ ហើយព្យាយាមគោរពតាមច្បាប់នៃសេចក្តីសង្រ្គោះរបស់ព្រះ ដែលមាននៅក្នុងប្រព័ន្ធថ្វាយយញ្ញបូជារបស់ទ្រង់។ 
អាសនាតង្វាយដុតប្រាប់យើងថា យោងតាមច្បាប់ដែលនិយាយថា ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ ព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះយើងចេញពីអំពើបាប និងទោសរបស់យើង តាមរយៈអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលមាននៅក្នុងទ្វារចូលទៅទីលានរោងឧបោសថ។ សម្រាប់យើងដែលតែងតែធ្វើបាប ហើយត្រូវតែទទួលទោសសម្រាប់អំពើបាបរបស់យើង ព្រះគ្រីស្ទបានយាងមកផែនដីនេះ ក្នុងនាមជាមនុស្សម្នាក់ បានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈការទទួលបុណ្យជ្រមុជពីលោក យ៉ូហាន បាននាំអំពើបាបរបស់លោកិយនេះទៅឯឈើឆ្កាង បានជាប់ និងសម្រក់ព្រះលោហិតនៅលើឈើឆ្កាង បានទទួលរងទុក្ខ និងការឈើចាប់ដ៏ធ្ងន់ធ្ងរក្រៃលែង បានថ្វាយអង្គទ្រង់ជាតង្វាយយញ្ញបូជា ហើយដូច្នេះ បានសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាបទាំងអស់របស់យើង។ 
ដោយសារព្រះគ្រីស្ទបានថ្វាយរូបកាយទ្រង់ ជាតង្វាយយញ្ញបូជា ដើម្បីសង្រ្គោះយើង អ្នក និងខ្ញុំអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់ តាមរយៈជំនឿបាន។ នៅក្នុងន័យផ្សេង សម្រាប់ជាប្រយោជន៍ដល់អ្នកដែលត្រូវតែស្លាប់ ដោយសារតែបាបរបស់ខ្លួន ព្រះយេស៊ូវគ្រីស្ទបានជាប់ឆ្កាងរហូតដល់សុគត បានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយដូច្នេះ បានសង្រ្គោះពួកគេចេញពីអំពើបាប និងទោសទាំងអស់របស់ពួកគេ។ 
នៅពេលយើងសម្លឹងមើលអាសនាតង្វាយដុតនេះ យើងមាជំនឿដូច្នេះ។ ដោយមើលឃើញថា តង្វាយយញ្ញបូជាត្រូវបានថ្វាយគ្រប់ពេលវេលានៅឯអាសនា យើងអាចដឹង និងជឿថា ទោះបីជាយើងគឺជាអ្នកដែលត្រូវតែស្លាប់ ដោយសារតែអំពើបាបប្រចាំថ្ងៃរបស់យើងក៏ដោយ ក៏ព្រះមិនបានយកយើងធ្វើជាតង្វាយយញ្ញបូជារបស់ទ្រង់ដែរ ប៉ុន្តែព្រះអម្ចាស់ទ្រង់ផ្ទាល់បានយាងមកផែនដីនេះ ហើយបានបំពេញសម្រេចសេចក្តីសង្រ្គោះរបស់យើង។ ដោយបានទទួលបុណ្យជ្រមុជ បានសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ ព្រះយេស៊ូវបានសង្រ្គោះយើង។ 
ដូច្នេះហើយបានជាព្រះវរបិតាបានទទួលយកតង្វាយយញ្ញបូជារបស់សាសន៍អ៊ីស្រាអែល ហើយបានអត់ទោសដល់អំពើបាបទាំងអស់របស់ពួកគេ គឺទ្រង់មិនកាត់ទោសពួកគេសម្រាប់ការធ្វើបាបឡើយ។ ដោយការបង្គាប់ឲ្យបណ្តាជនអ៊ីស្រាអែលផ្ទេរអំពើបាបរបស់ពួកគេទៅលើសត្វយញ្ញបូជា ដោយការដាក់ដៃរបស់ពួកគេទៅលើក្បាលវា ហើយដោយការបង្គាប់ឲ្យពួកគេសម្លាប់សត្វយញ្ញបូជា ហើយថ្វាយឈាម សាច់ និងខ្លាញ់វាទៅចំពោះទ្រង់ ព្រះបានអត់ទោសដល់អំពើបាបរបស់សាសន៍អ៊ីស្រាអែល។ តាមរយៈតង្វាយយញ្ញបូជានេះ ទ្រង់ក៏៏បានលាងសម្អាតយើងចេញពីអំពើបាបទាំងអស់របស់យើងផងដែរ។ នេះហើយគឺជាសេចក្តីមេត្តាករុណារបស់ព្រះ និងសេចក្តីស្រឡាញ់របស់ទ្រង់។ 
 

ព្រះមិនបានប្រព្រឹត្តនឹងយើង តាមច្បាប់តែមួយប៉ុណ្ណោះទេ

បើសិនព្រះត្រូវតែកាត់ទោសអ្នក និងខ្ញុំ និងជនជាតិអ៊ីស្រាអែលទាំងអស់ ទៅតាមច្បាប់របស់ទ្រង់ តើមនុស្សប៉ុន្មាននាក់នឹងនៅរស់នៅលើផែនដីនេះ? បើសិនព្រះវិនិច្ឆ័យ និងកាត់ទោស តាមច្បាប់របស់ទ្រង់តែមួយ យើងទាំងអស់គ្នានឹងអាចមានជីវិតរស់នៅសូម្បីតែមួយថ្ងៃបានផង។ យើងភាគច្រើននឹងមានជីវិតបាន២៤ម៉ោង ប៉ុន្តែនឹងស្លាប់ទៅនៅក្នុងរយៈពេលពីរបីនាទីបន្ទាប់។ អ្នកខ្លះអាចស្លាប់ក្នុងរយៈពេលមួយម៉ោង ហើយអ្នកខ្លះទៀតអាចស្លាប់ក្នុងរយៈពេល១០ម៉ោង ប៉ុន្តែភាពខុសគ្នានេះមិនសំខាន់ទេ ពីព្រោះយើងទាំងអស់គ្នាត្រូវតែស្លាប់ដូចគ្នា។ មនុស្សអាចរស់នៅបានយូរ រហូតដល់៦០ឆ្នាំ ៧០ឆ្នាំ ៨០ឆ្នាំ ឬយូរជាងនេះផង។ ប៉ុន្តែជាចុងក្រោយ គ្រប់គ្នានឹងត្រូវតែទទួលទោស។ 
ចូរគិតអំពីអ្វីដែលបានកើតឡើងកាលពីព្រឹកមិញ។ កូនប្រុសរបស់អ្នកនៅមិនទាន់ក្រោកពីដំណេក ពីព្រោះគាត់បានជប់លៀងពេញមួយយប់មិញ។ ប្រពន្ធរបស់អ្នកកំពុងតែព្យាយាមធ្វើឲ្យគាត់ភ្ញាក់ឡើង។ កូនប្រុសរបស់អ្នកស្រែកឲ្យម្តាយរបស់គាត់ ដោយសារការធ្វើឲ្យគាត់ភ្ញាក់ ហើយប្រពន្ធរបស់អ្នកស្រែកឲ្យគាត់ ដោយសារគាត់បានស្រែកឲ្យម្តាយ។ នៅទីបំផុត ទាំងម្តាយ និងទាំងកូនប្រុសបានធ្វើបាបនៅចំពោះព្រះ ហើយពួកគេទាំងពីរនាក់មានជីវិតរស់នៅមិនបានមួយថ្ងៃផង ពីព្រោះពួកគេត្រូវតែទទួលទោសសម្រាប់អំពើបាបនេះ។ 
ប៉ុន្តែព្រះមិនបានប្រព្រឹត្តឹងយើង តាមច្បាប់ដ៏សុចរិតរបស់ទ្រង់ទេ។ «ទ្រង់មិនបានប្រព្រឹត្តនឹងយើង តាមអំពើបាបរបស់យើងទេ ក៏មិនបានសងតាមអំពើទុច្ចរិតរបស់យើងដែរ» (ទំនុកដំកើង ១០៣:១០)។ 
ផ្ទុយពីការវិនិច្ឆ័យយើង តាមច្បាប់ដ៏សុចរិតរបស់ទ្រង់ ព្រះបានរបៀចំតង្វាយយញ្ញបូជា ដែលនឹងជំនួសយើង ដើម្បីបំពេញតាមច្បាប់ដ៏សុចរិតនេះ។ ដោយការធ្វើឲ្យយើងផ្ទេរអំពើបាបរបស់យើងទៅលើតង្វាយយញ្ញបូជានេះ ដោយការដាក់ដៃលើវា និងដោយការបង្គាប់ឲ្យយើងថ្វាយឈាមតង្វាយនេះទៅកាន់ទ្រង់ ជំនួសឲ្យជីវិតរបស់យើងផ្ទាល់ ព្រះបានទទួលយកជីវិតនៃតង្វាយយញ្ញបូជា ជំនួសឲ្យជីវិតរបស់យើង ហើយបានអត់ទោសដល់អំពើបាបទាំងអស់របស់មនុស្សជាតិ រួមទាំងអំពើបាបរបស់យើង និងរបស់សាសន៍អ៊ីស្រាអែលផងដែឬ បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់ ហើយបានធ្វើឲ្យយើងរស់នៅម្តងទៀត។ ហើយដោយការសង្រ្គោះអ្នកជឿចេញពីអំពើបាប ព្រះបានយកពួកគេធ្វើជារាស្ត្ររបស់ទ្រង់ផ្ទាល់។ នេះហើយគឺជារបៀបដែលព្រះបានយកជនជាតិអ៊ីស្រាអែលធ្វើជាពួកសង្ឃនៃនគរព្រះ។ 
តង្វាយយញ្ញបូជានៅទីនេះ សំដៅទៅលើព្រះយេស៊ូវគ្រីស្ទផ្ទាល់។ ដោយសារតែអំពើបាបរបស់យើង ព្រះយេស៊ូវគ្រីស្ទបានធ្វើជាតង្វាយយញ្ញបូជា ហើយដើម្បីសង្រ្គោះយើងដែលត្រូវប្រឈមនឹងទោសនៃបាប ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ បានបង្ហូរព្រះលោហិត និងបានសុគតនៅលើឈើឆ្កាង។ ដើម្បី សង្រ្គោះយើងចេញពីអំពើបាបរបស់យើង ព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ព្រះបានយាងមកផែនដីនេះ ក្នុងនាមជាមនុស្សម្នាក់ ហើយបានធ្វើជាតង្វាយយញ្ញបូជា តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ដែលស្របតាមបំណងព្រះហឫទ័យព្រះវរបិតា។ បន្ទាប់ពីការទទួលយកអំពើបាបរបស់មនុស្សជាតិដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជពីលោកយ៉ូហាន ហើយបន្ទាប់ពីការនាំអំពើបាបរបស់លោកិយនេះទៅឯឈើឆ្កាង ការសម្រក់ព្រះលោហិត និងការសុគតនៅលើឈើឆ្កាង ការថ្វាយអង្គទ្រង់ជាយញ្ញបូជា និងការមានព្រះជន្មរស់ពីសុគតឡើងវិញ ព្រះយេស៊ូវបានសង្រ្គោះអ្នក និងខ្ញុំទាំងស្រុង។ 
នៅពេលយើងស្តាប់ឮព្រះបន្ទូលនៃសេចក្តីសង្រ្គោះ ដែលប្រាប់យើងថា ព្រះបានទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី ជំនួសយើង ចិត្តរបស់យើងមានកម្លាំងយ៉ាងខ្លាំង។ ដោយសារទ្រង់ដែលឥតមានបាបសោះ បានទទួលបុណ្យជ្រមុជដែលផ្ទេរអំពើបាបទាំងអស់ទៅលើទ្រង់ ហើយដោយសារឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ ទ្រង់បានទទួលយកការបៀតបៀន ការធ្វើទុក្ខ ការឈឺចាប់ ការរងទុក្ខ និងសេចក្តីស្លាប់គ្រប់ប្រភេទ ដែលយើងគឺជាអ្នកដែលសមនឹងទទួល។ ដូច្នេះ នៅពេលព្រះគ្រីស្ទបា នសង្រ្គោះយើងចេញពីអំពើបាបរបស់យើងដូច្នេះ គ្មានអ្វីដែលអាក្រក់ជាងការមិនជឿតាមសេចក្តីពិតនេះឡើយ។ 
 

យើងត្រូវតែជឿលើសេចក្តីសង្រ្គោះ ដែលត្រូវបានបំពេញសម្រេច តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម
យើងត្រូវតែជឿលើសេចក្តីសង្រ្គោះ ដែលត្រូវបានបំពេញសម្រេច តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនៅពេលព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបរបស់យើង និងទោសនៃអំពើបាបទាំងនេះ តាមរយៈបុណ្យជ្រមុជ ហើយនៅពេលទ្រង់បានសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាបរបស់យើង ដោយថ្វាយអង្គទ្រង់ជាតង្វាយយញ្ញបូជាជំនួសយើង យើងទាំងអស់គ្នាត្រូវមានជំនឿដែលនិយាយថា «អរព្រះគុណ ព្រះអម្ចាស់!»។ ទោះបីជាមនុស្សជាច្រើនងាយនឹងមានការប៉ះពាល់ចិត្តពីរឿងស្នហា រឿងជីវិត ឬរឿងចេញពីដួងចិត្តក៏ដោយ ក៏ចិត្តរបស់ពួកគេចំពោះសេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌរបស់ព្រះ ពួកគេបែរជាត្រជាក់ដូចជាទឹកកកទៅវិញ។ នៅពេលព្រះគុណមានភាព អស្ចារ្យ ដែលព្រះអម្ចាស់ទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាងសម្រាប់យើង នៅតែមានមនុស្សអាក្រក់ដែលមិនអាចស្គាល់ពីព្រះគុណនេះ ហើយមិនអរព្រះគុណដល់ទ្រង់សម្រាប់ព្រះគុណនេះសោះ។ 
ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ បានយាងមកផែនដីនេះ ហើយបានធ្វើជាតង្វាយយញ្ញបូជាសម្រាប់យើង។ ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ ហើយបានថ្វាយអង្គទ្រង់ជាតង្វាយយញ្ញបូជា តាមរយៈការលះបង់រូបអង្គទ្រង់នៅលើឈើឆ្កាង។ ទ្រង់ត្រូវបានទះកំផ្លៀង សម្រាត វាយ បៀតបៀន និងកៀបសង្កត់ ដោយសារតែយើង។ នេះហើយគឺជារបៀបដែលទ្រង់បានសង្រ្គោះយើង។ ដោយសារការជឿតាមសេចក្តីពិតនេះ ដែលយើងបានធ្វើជាកូនរបស់ព្រះ។ នេះគឺជាការលើកទឹកចិត្តដ៏អស្ចារ្យបំផុត និងជាព្រះគុណដ៏អស្ចារ្យរបស់ព្រះ ដែលពាក្យសម្តីមិនអាចបរិយាយបានឡើយ។ នៅពេលនេះគឺជារបៀបដែលព្រះបានសង្រ្គោះយើង វាធ្វើឲ្យខ្ញុំលំបាកយ៉ាងខ្លាំង ដែលមើលឃើញថា មនុស្សជាច្រើននៅតែមិនជឿ និងអរព្រះគុណដល់ទ្រង់ សូម្បីតែបានស្តាប់ឮហើយក៏ដោយ។
ដោយសារព្រះយេស៊ូវបានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជ និងលះបង់ព្រះជន្មទ្រង់ អ្នក និងខ្ញុំបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង។ ដូច្នេះ អេសាយ ៥៣:៥ និយាយថា «តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់»។ 
យើងធ្វើបាបនៅពេលក្នុងជីវិតរបស់យើង។ ដើម្បីសង្រ្គោះយើងដែលត្រូវតែទទួលទោស ចេញពីអំពើបាបទាំងអស់របស់យើង ទណ្ឌកម្ម សេចក្តីវិនាស និងបណ្តាសា ព្រះអម្ចាស់បានចាកចោលបល្ល័ង្កនៅនគរស្ថានសួគ៌ ហើយបានយាងមកផែនដីនេះ។ ទ្រង់បានឱនសិរសារបស់ទ្រង់នៅចំពោះលោកយ៉ូហាន ហើយបានទទួលបុណ្យជ្រមុជ បាននាំអំពើបាបទាំងនេះទៅលើឈើឆ្កាង ហើយបានរងទុក្ខយ៉ាងខ្លាំងក្រៃលែង បានបង្ហូរព្រះលោហិតនៃទឹកព្រះទ័យទ្រង់ចុះមកដី បានមានព្រះជន្មរស់ពីសុគតឡើងវិញ បានធ្វើជាតង្វាយយញ្ញបូជាសម្រាប់យើង ហើយបានធ្វើជាព្រះនៃសេចក្តីសង្រ្គោះដ៏ពិតប្រាកដរបស់យើង។ 
តើអ្នកពិចារណាការពិតនេះ ហើយរក្សាវាទុកយ៉ាងជ្រៅនៅក្នុងចិត្តរបស់អ្នកដែរទេ? នៅពេលអ្នកស្តាប់ឮព្រះបន្ទូលព្រះ អ្នកគួរតែមានអំណរ និងជឿនៅក្នុងចិត្តរបស់អ្នកថា ព្រះយេស៊ូវគ្រីស្ទពិតជាបានយាងមកផែនដីនេះ ក្នុងនិស្ស័យជាមនុស្សម្នាក់ ហើយថា ទ្រង់បានទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីសង្រ្គោះរាស្ត្ររបស់ទ្រង់ចេញពីអំពើបាបរបស់ពួកគេ។ បើសិនយើងបានដឹងថា យើងទាំងអស់គ្នាត្រូវតែប្រឈមនឹងស្ថាននរក នោះយើងអាចដឹងនៅក្នុងជម្រៅចិត្តរបស់យើងថា យើងពិតជាមានសេចក្តីអំណរ និង សេចក្តីអរព្រះគុណយ៉ាងខ្លាំងយ៉ាងណា សម្រាប់សេចក្តីសង្រ្គោះនេះ។ ទោះបីជាយើងចង់ជឿលើព្រះ ហើយបានធ្វើជារាស្ត្ររបស់ទ្រង់ក៏ដោយ ក៏គ្មានផ្លូវណាមួយ ដែលយើងអាចធ្វើដូច្នេះបានដែរ។ ប៉ុន្តែសម្រាប់អ្នក និងខ្ញុំ ដែលពិតជាដេញតាមការអត់ទោសបាបរបស់យើង ទ្រង់បានជួបយើង តាមរយៈព្រះបន្ទូលនៃសេចក្តីពិតថា ព្រះគ្រីស្ទបានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាង ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញ នៅថ្ងៃទីបី។ 
បើសិនគ្មានយញ្ញបូជារបស់ព្រះយេស៊ូវទេ តើយើងអាចទទួលបានសេចក្តីសង្រ្គោះរបស់យើងបានយ៉ាងដូចម្តេច? យើងមិនអាចទទួលបានឡើយ! បើសិនគ្មានបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងទេ ហើយបើសិនគ្មានសេចក្តីសង្រ្គោះនៃអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ពណ៌ផ្ទៃមេឃ ពណ៌ខ្វាយ និងពណ៌ក្រហម នៅក្នុងរោងឧបោសថទេ នោះសេចក្តីសង្រ្គោះគ្រាន់តែជាសុបិន្តនៅកណ្តាលរដូវក្តៅមួយសម្រាប់យើងប៉ុណ្ណោះ។ បើសិនគ្មានយញ្ញបូជារបស់ទ្រង់ទេ យើងមិនអាចបានរួចពីអំពើបាបរបស់យើង ហើយមិនអាចគេចពីទណ្ឌកម្មនៃអំពើបាបបានដែរ ប៉ុន្តែយើងត្រូវធ្លាក់ទៅក្នុងភ្លើងនរកដ៏អស់កល្បជានិច្ច ហើយរងទុក្ខនៅទីនោះ ជារៀងរហូតហើយ។ ប៉ុន្តែព្រះគ្រីស្ទបានសង្រ្គោះយើង ដោយការថ្វាយអង្គទ្រង់ជាតង្វាយយញ្ញបូជាសម្រាប់យើង ដូចជាតង្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ផងដែរ។ 
 


សេចក្តីសង្រ្គោះនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលត្រូវបានបំពេញសម្រេច នៅក្នុងព្រះគម្ពីរសញ្ញាថ្មី


អ្នកអានជាំទីស្រឡាញ់ អ្នកមិនត្រូវភ្លេចសេចក្តីពិតនៃអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលគេប្រើសម្រាប់រោងឧបោសថឡើយ។ អំបោះខ្លូតទេសវេញយ៉ាងខ្មាញ់គឺជាព្រះ បន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ដែលព្រះបានសន្យាតាំងពីយូរណាស់មកហើយថា ទ្រង់ផ្ទាល់នឹងយាងមកធ្វើជាព្រះអង្គសង្រ្គោះរបស់យើង ហើយស្របតាមសេចក្តីសន្យានេះ ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះពិតប្រាកដមែន។ អំបោះពណ៌ផ្ទៃមេឃប្រាប់យើងថា ព្រះ គ្រីស្ទបានយាងមកផែនដីនេះ ហើយបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ។ នៅក្នុងន័យផ្សេង ទ្រង់បានទទួលបុណ្យជ្រមុជ ដែលស្របតាមសេចក្តីសន្យាថា ទ្រង់នឹងសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ហើយរំដោះយើងចេញពីទោសរបស់យើង។ ដើម្បីទទួលយកអំពើបាបរបស់យើង និងអំពើបាបរបស់មនុស្សគ្រប់គ្នានៅក្នុងលោកិយនេះ ដាក់លើអង្គទ្រង់ ទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយពិតជាបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះមែន។ ដូច្នេះ យើងមិនត្រូវភ្លេចសេចក្តីពិតនេះឡើយ ពីព្រោះបើសិនយើងភ្លេចថា ព្រះយេស៊ូវបានយាងមកធ្វើជាតង្វាយយញ្ញបូជារបស់យើង ហើយបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ នោះនឹងគ្មានសេចក្តីសង្រ្គោះសម្រាប់យើងឡើយ។ 
ជារឿយៗ យើងរស់នៅក្នុងលោកិយនេះ ដោយផ្តោតលើ សារៈសំខាន់នៃខ្លួនយើង។ ចិត្តរបស់មនុស្សគឺថា ពួកគេមិនអាចទ្រាំស្តាប់អ្នកដទៃអួតបានឡើយ ប៉ុន្តែពួកគេចូលចិត្តអួតប្រាប់គេវិញ។ ប៉ុន្តែមកដល់ពេលវេលាជាក់លាក់មួយ នៅពេលដែលខ្ញុំបានចាប់ផ្តើមមិនអួតពីខ្លួនខ្ញុំ ប៉ុន្តែអួតពីអ្នកដទៃវិញ ហើយវាគឺជាពេលដែលខ្ញុំបានដឹងព្រះគុណដល់ព្រះយេស៊ូវ សម្រាប់ការសង្រ្គោះខ្ញុំ តាមរយៈអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ នៅក្នុងន័យផ្សេង ខ្ញុំបាន ត្រឡប់មកអួតពីព្រះយេស៊ូវវិញ។ ឥឡូវនេះ ខ្ញុំប្រាប់ និងអួតជារឿយៗថា ព្រះយេស៊ូវបានយាងមកផែនដីនេះ គឺដើម្បីដោះអំពើបាបរបស់យើងចេញ ទ្រង់បានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរយៈការទទួលបុណ្យជ្រមុជ ដើម្បីឲ្យទ្រង់អាចសុគតនៅលើឈើឆ្កាងបាន ហើយថា នេះគឺជារបៀបដែលព្រះអម្ចាស់បានសង្រ្គោះយើង។ ដូច្នេះ ខ្ញុំមិនខកខានក្នុងការអួតពីសេចក្តីពិតនេះ ប្រកាសវា និងថ្វាយគ្រប់ទាំងសិរីល្អដល់ព្រះទេ។
ប៉ុន្តែមានមនុស្សយ៉ាងច្រើនក្រៃលែង ដែលសារភាពជឿលើព្រះយេស៊ូវ និងប្រកាសព្រះបន្ទូល ប៉ុន្តែមិនចាប់អារម្មណ៍លើបុណ្យជ្រមុជរបស់ទ្រង់ ឬអួតពីខ្លួនឯង ដោយខ្ចីព្រះនាមទ្រង់ប្រើ។ មានអ្នកដឹកនាំក្លែងក្លាយម្នាក់ ដែលបានធ្លាប់អះអាងថា គាត់ចំណាយតែ៣០០ដុល្លារប៉ុណ្ណោះ សម្រាប់ជីវភាពរស់នៅរបស់គាត់ក្នុងមួយខែ។ វាហាក់ដូចជាចំណុចដ៏ល្អរបស់គាត់អញ្ចឹង ដែលគាត់អួតថា គាត់អាំចរស់នៅបាន ជាមួយប្រាក់តែ៣០០ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែគាត់បានបន្តប្រាប់ទៀតថា គាត់មិនចាំបាច់យកប្រាក់ទៅតាមខ្លួនឡើយ នៅពេលគាត់ធ្វើដំណើរ ពីព្រោះអ្នកដើរតាមរបស់គាត់ បង់ថ្លៃការចំណាយទាំងអស់របស់គាត់រួចហើយ។ ប៉ុន្តែប្រាក់របស់អ្នកជឿមិនមែនជាប្រាក់ទេឬ? តើប្រាក់នេះមិនមានតម្លៃសម្រាប់អ្វីមួយទេឬ? ឬមានតែប្រាក់របស់គាត់ប៉ុណ្ណោះ ដែលមានតម្លៃ។ អ្នកដឹកនាំគ្រីស្ទបរិស័ទនេះបានអះអាងថា កាលណាគាត់ត្រូវការអ្វីមួយ អ្វីដែលគាត់ត្រូវធ្វើ គឺគ្រាន់តែអធិស្ឋានប៉ុណ្ណោះ។ «ព្រះអម្ចាស់អើយ សូមជួយបង់ថ្លៃចំណាយលើការធ្វើដំណើររបស់ទូលបង្គំផង! ទូលបង្គំជឿលើទ្រង់!» គាត់បានធ្វើបន្ទាល់ថា តាមរយៈការអធិស្ឋាននេះ ពួកបរិសុទ្ធមួយចំនួនបានលេចមក ហើយបានផ្តល់ប្រាក់មួយបាច់ដល់គាត់។ បើសិនយើងសម្លឹងមើលមនុស្សបែបនេះ ដែលនិយាយអំពីការទាំងនេះ ទុកដូចជាពួកគេមានអ្វីមួយត្រូវអួត តើអ្នកគិតយ៉ាងដូចម្តេចដែរ?
ម៉ាថាយ ៣:១៣-១៧ និយាយថា «នោះព្រះយេស៊ូវទ្រង់យាងពីស្រុកកាលីឡេ មកឯយ៉ូហានត្រង់ទន្លេយ័រដាន់ ដើម្បីនឹងទទួលបុណ្យជ្រមុជពីគាត់ តែយ៉ូហានប្រកែកថា ដូចម្តេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ រួចគាត់ក៏ព្រមធ្វើ កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាម ស្រាប់តែមេឃក៏របើកឡើង ឲ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះ យាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់ នោះមានឮសំឡេងចេញពីមេឃថា នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់»។ បទគម្ពីរពិពណ៌នាពីអ្វីដែលបានកើតឡើង នៅពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជ។ នៅពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស នៅទន្លេយ័ដាន់ ហើយបានយាងឡើងពីទឹកវិញ ទ្វារស្ថានសួគ៌បានរបើក ហើយមានឮសម្លេងរបស់ព្រះវរបិតាថា «នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់»។ នៅពេលនោះ លោកយ៉ូហាន-បាទ្ទីសបានស្រឡាំងកាំង។
លោកយ៉ូហាន-បាទ្ទីសបានស្រឡាំងកាំងពីរដង នៅឯទន្លេយ័រដាន់នេះ។ លើកទីមួយ គាត់បានស្រឡាំងកាំង នៅពេលគាត់បានមើលឃើញថា ព្រះយេស៊ូវយាងមកឯគាត់ ហើយចង់ឲ្យគាត់ធ្វើបុណ្យជ្រមុជថ្វាយទ្រង់ ហើយលើកទីពីរ គាត់បានស្រឡាំងកាំង បន្ទាប់ពីបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ នៅពេលទ្វារស្ថានសួគ៌បានរបើក ហើយបានឮសម្លេងព្រះវរបិតាថា «នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់»។
តើមូលហេតុអ្វីដែលព្រះយេស៊ូវត្រូវទទួលបុណ្យជ្រមុជ ពីលោក យ៉ូហាន-បាទ្ទីស? នៅទីនេះ ម៉ាថាយ ៣:១៥ ផ្តល់ចម្លើយសម្រាប់យើង។ ចូរយើងអានខ.១៥ និង១៦ម្តងទៀត៖ «ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ រួចគាត់ក៏ព្រមធ្វើ កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាម ស្រាប់តែមេឃក៏របើកឡើង ឲ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះ យាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់»។
ម៉ាថាយ ៣:១៥ ប្រាប់យើងអំពីមូលហេតុដែលព្រះយេស៊ូវទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស។ ទោះបីជាព្រះយេស៊ូវគឺជាសម្តេចសង្ឃនៃនគរស្ថានសួគ៌ និងព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ព្រះក៏ដោយ ក៏ទ្រង់បានយាងមកផែនដីនេះ ដើម្បីសង្រ្គោះយើងដែលជារាស្ត្ររបស់ទ្រង់ ចេញពីអំពើបាបរបស់យើងដែរ។ នៅក្នុងន័យផ្សេង ព្រះយេស៊ូវបានយាងមកផែនដីនេះ ក្នុងនាមជាតង្វាយយញ្ញបូជា ដែលបង់ថ្លៃឈ្នួលនៃអំពើបាបរបស់យើង ដោយការទទួលយកអំពើបាបទាំងនេះដាក់លើអង្គទ្រង់ និងការធ្វើជាយញ្ញបូជាជំនួសយើង។ នេះហើយគឺជាមូលហេតុដែលព្រះបានយាងមកទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ 
ប៉ុន្តែ ហេតុអ្វីព្រះទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស? ពីព្រោះលោកយ៉ូហាន-បាទ្ទីសគឺជាតំណាងនៃមនុស្សជាតិ ពីព្រោះគាត់គឺជាមនុស្សដ៏អស្ចារ្យបំផុត ដែលបានកើតពីស្ត្រីមក។ ម៉ាថាយ ១១:១១ និយាយថា «ក្នុងបណ្តាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំជាងយ៉ូហាន-បាទ្ទីស»។ លោកយ៉ូហាន-បាទ្ទីសគឺជាអ្នកបម្រើព្រះ ដែលកណ្ឌគម្ពីរម៉ាឡាគីបានទាយទុក៖ «មើល មុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់ នោះអញនឹងចាត់អេលីយ៉ា ឲ្យមកឯឯងរាល់គ្នា» (ម៉ាឡាគី ៤:៥)។ លោកយ៉ូហាន-បាទ្ទីសគឺជាពិតជាហោរា អេលីយ៉ា ដែលព្រះបានសន្យានឹងបញ្ចូនមកនោះហើយ។ 
ប៉ុន្តែ ហេតុអ្វីព្រះបានហៅលោកយ៉ូហាន-បាទ្ទីសជាហោរាអេលីយ៉ា? ហោរាអេលីយ៉ាគឺជាហោរា ដែលបានបង្វែរចិត្តរបស់សាសន៍អ៊ីស្រាអែលមកឯព្រះវិញ។ នៅពេលនោះ ពួកអ៊ីស្រាអែលកំពុងតែថ្វាយបង្គំព្រះបាលទុកជាព្រះរបស់ពួកគេ ប៉ុន្តែហោរាអេលីយ៉ាបានបង្ហាញប្រាប់ពួកគេយ៉ាងច្បាស់លាស់ថា អ្នកណាគឺជាព្រះដ៏ពិត ព្រះបាល ឬព្រះយេហូវ៉ា។ គាត់គឺជាហោរាម្នាក់ ដែលជាមួយជំនឿរបស់គាត់ និងតាមរយៈតង្វាយយញ្ញបូជា បានបង្ហាញប្រាប់ពួកអ៊ីស្រាអែលថា ព្រះដ៏មានព្រះជន្មរស់គឺពិតជាអ្នកណា។ ដោយហេតុនេះ នៅចុងបញ្ចប់នៃព្រះគម្ពីរសញ្ញាចាស់ ព្រះបានសន្យាថា «អញនឹងចាត់អេលីយ៉ា ឲ្យមកឯឯងរាល់គ្នា»។ ដោយសារមនុស្សជាតិទាំងមូល ដែលព្រះបានបង្កើតឡើងតាមរូបអង្គទ្រង់ បានដើរតាមផ្លូវខុសនៃការថ្វាយបង្គំរូបព្រះ និងថ្វាយបង្គំអារក្ស ព្រះបានមានបន្ទូលថា ទ្រង់នឹងចាត់អ្នកបម្រើរបស់ទ្រង់មកឯពួកគេ ដើម្បីដឹកនាំពួកគេត្រឡប់ទៅឯព្រះវិញ។ ដូច្នេះ អ្នកដែលនឹងត្រូវមកនោះ គឺជាលោក យ៉ូហាន-បាទ្ទីសនេះឯង។ 
ម៉ាថាយ ១១:១៣-១៤ ប្រាប់យើងថា «ពីព្រោះអស់ទាំងហោរា និងក្រឹត្យវិន័យបានទាយ ដរាបមកដល់គ្រាលោកយ៉ូហាន ហើយបើសិនជាអ្នករាល់គ្នាព្រមទទួលពាក្យនេះ នោះគឺលោកនេះហើយ ជាលោកអេលីយ៉ាដែលត្រូវមក»។ ដូច្នេះ ហោរាអេលីយ៉ានេះ គឺជាយ៉ូហាន-បាទ្ទីសនេះហើយ។ ហើយ ខ.១១-១២ សរសេរថា «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងបណ្តាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំជាងយ៉ូហាន-បាទ្ទីសបានទេ ប៉ុន្តែអ្នកណាដែលតូចជាងគេក្នុងនគរស្ថានសួគ៌ នោះធំជាងគាត់ហើយ តាំងតែពីគ្រាយ៉ូហាន-បាទ្ទីស ដរាបដល់គ្រាឥឡូវនេះ នោះមានគេខំប្រឹងចាប់បាននគរស្ថានសួគ៌ ហើយគឺជាពួកខំប្រឹងពិតដែលចាប់បានផង»។ 
ដូច្នេះ នៅពេលវានិយាយនៅទីនេះថា «ក្នុងបណ្តាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំជាងលោកយ៉ូហាន-បាទ្ទីសបានទេ» វាមានន័យថា ព្រះបានលើកលោកយ៉ូហាន-បាទ្ទីសឡើងជាតំណាងនៃមនុស្សជាតិទាំងមូល។ ព្រះបានធ្វើឲ្យលោកយ៉ូហាន-បាទ្ទីសកើតមកនៅលើផែនដីនេះ រយៈពេល៦ខែ មុនកំណើតរបស់ព្រះយេស៊ូវ។ ហើយព្រះបានរៀបចំគាត់ជាហោរា និងសង្ឃចុងក្រោយបង្អស់នៃព្រះគម្ពីរសញ្ញា ចាស់។ ដូច្នេះ ក្នុងនាមជាសម្តេចសង្ឃនៅផែនដី លោកយ៉ូហាន-បាទ្ទីសបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវគ្រីស្ទ ហើយដូច្នេះ បានផ្ទេរអំពើបាបទាំងអស់របស់មនុស្សជាតិទៅលើទ្រង់។ នៅក្នុងន័យផ្សេង មូលហេតុដែលលោកយ៉ូហាន-បាទ្ទីសធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ គឺដើម្បីផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើទ្រង់។ ហើយមូលហេតុដែលព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស គឺដើម្បីទទួលយកអំពើបាបទាំងអស់របស់មនុស្សដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជនេះ។
ហេតុនេះ ព្រះបានមានបន្ទូលនៅក្នុង ម៉ាថាយ ៣:១៥ ថា «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាង»។ ដោយសារគ្រប់ទាំងសេចក្តីសុចរិតអាចបំពេញសម្រេចបាន លុះត្រាតែព្រះបានទទួលបុណ្យជ្រមុជរបស់ទ្រង់ពីលោកយ៉ូហាន-បាទ្ទីស ដើម្បីទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ នោះព្រះយេស៊ូវបានមានបន្ទូលថា ដ្បិតគួរឲ្យយើង។ 
 

ដូច្នេះ ព្រះអម្ចាស់របស់យើងបានសង្រ្គោះមនុស្សមានបាប តាមវិធីសាស្ត្រនេះ
ពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន គឺដូចគ្នានឹងការដាក់ដៃលើនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ នៅក្នុងន័យផ្សេង វាគឺជាការដាក់ដៃលើនៅចំពោះអាសនាតង្វាយដុត នៅសម័យព្រះគម្ពីរសញ្ញាចាស់ ដើម្បីផ្ទេរអំពើបាបរបស់មនុស្សម្នាក់ទៅលើតង្វាយយញ្ញបូជា។ ដោយការយាងមកផែនដីនេះ និងការទទួលបុណ្យជ្រមុជ ព្រះយេស៊ូវ គ្រីស្ទបានបំពេញសម្រេចសេចក្តីសន្យានៃការដាក់ដៃលើ ដែលជាសេចក្តីសន្យាថា កាលណាមនុស្សមានបាបថ្វាយតង្វាយប្រចាំថ្ងៃ ពួកគេត្រូវតែដាក់ដៃរបស់ពួកគេលើក្បាលតង្វាយយញ្ញបូជា ដើម្បីផ្ទេរអំពើបាបរបស់ពួកគេទៅលើវា ហើយកាលណាគេថ្វាយតង្វាយប្រចាំឆ្នាំនៅថ្ងៃទី១០ ខែ៧ ដែលជាថ្ងៃធួននឹងបាបដ៏ធំ ដែលសម្តេចសង្ឃត្រូវបានផ្ទេរអំពើបាបទាំងអស់ក្នុងរយៈពេលមួយឆ្នាំរបស់សាសន៍អ៊ីស្រាអែលទាំងមូល ទៅលើតង្វាយយញ្ញបូជា ដោយការដាក់ដៃរបស់គាត់លើក្បាលវា។ 
ដូចជាការដាក់ដៃលើនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែរ ដោយសារព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ដាក់លើអង្គទ្រង់ ដោយការទទួលបុណ្យជ្រមុជ ទ្រង់បានលាងសម្អាតអំពើបាបទាំងនេះចេញ ហើយដោយសារទ្រង់បានទទួលអំពើបាបទាំងអស់របស់មនុស្សជាតិដាក់លើអង្គទ្រង់ ទ្រង់បានទទួលយកទោសនៃអំពើបាបទាំងនេះជំនួសយើង ហើយបានធ្វើជាតង្វាយយញ្ញបូជា។ នេះហើយគឺជារបៀបដែលព្រះយេស៊ូវគ្រីស្ទអាចធ្វើជាព្រះនៃសេចក្តីសង្រ្គោះដ៏ពិតប្រាកដរបស់យើងបាន។ 
ដូច្នេះ យើងពិតជាត្រូវទទួលស្គាល់ថា ដោយសារអំពើបាបរបស់យើង យើងត្រូវតែប្រឈមនឹងទោស និងសេចក្តីស្លាប់របស់យើង។ យើងត្រូវតែដឹង និងមានអារម្មណ៍ពីការពិតនេះ។ ហើយយើងត្រូវតែដឹងថា ព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះអង្គសង្រ្គោះ បានសង្រ្គោះយើង ដោយការយាងមកផែនដីនេះ និងការថ្វាយអង្គទ្រង់ជាតង្វាយយញ្ញបូជាជំនួសយើង គឺតាម រយៈព្រះរាជកិច្ចនៃសេចក្តីសង្រ្គោះរបស់ទ្រង់ តាមរយៈបុណ្យជ្រមុជ ការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញ ព្រះយេស៊ូវគ្រីស្ទបានលាងសម្អាតយើង ចេញពីអំពើបាបទាំងអស់របស់យើង ហើយបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើងទាំងស្រុង។ ហើយយើងក៏ត្រូវតែជឿផងដែរថា ព្រះយេស៊ូវបានប្រទានអំណោយទាននៃ សេចក្តីសង្រ្គោះដល់យើង គឺទ្រង់បានបំពេញសម្រេចសេចក្តីសង្រ្គោះរបស់យើង ហើយបានប្រទានសេចក្តីសង្រ្គោះដ៏ពេញលេញនេះដល់យើង ទុកជាអំណោយទានសម្រាប់យើង។ ព្រះយេស៊ូវបានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតទាំងអស់ ដើម្បីឲ្យអ្នកណាដែលគ្រាន់តែជឿ និងទទួលយក នោះគាត់ពិតជានឹងបានសង្រ្គោះ។ 
ដើម្បីធ្វើឲ្យយើងស្គាល់ពីការពិតនេះ ទ្វារចូលទៅទីលានរោងឧបោសថត្រូវបានត្បាញ ដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ នេះក៏ជាមូលហេតុដែលយើងនឹងមើលឃើញអាសនាតង្វាយដុតដំបូងគេ បើសិនយើងបើក និងចូលទៅតាមទ្វារចូលទៅទីលានរោងឧបោសថផងដែរ។ ហើយក៏តង្វាយដែលគេថ្វាយនៅលើអាសនាតង្វាយដុត ជាស្រមោលនៃវិធីសាស្ត្រនៃសេចក្តីសង្រ្គោះ ដែលព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះយើងផងដែរ។ តង្វាយយញ្ញបូជានៅលើអាសនាតង្វាយដុតត្រូវតែទទួលយកសេចក្តីរំលងរបស់មនុស្សមានបាបដាក់លើខ្លួនវា តាមរយៈការដាក់ដៃលើ ហើយសម្រក់ឈាមរហូតដល់ស្លាប់ ជំនួសមនុស្សមានបាប។ បន្ទាប់មក គេប្រោសឈាមតង្វាយយញ្ញបូជាទៅលើស្នែងអាសនាតង្វាយដុត ហើយចាក់ឈាមដែលនៅសល់ទៅលើដី។ បន្ទាប់មក គេថ្វាយសាច់ និងខ្លាញ់របស់សត្វនោះនៅលើអាសនាទុកជាតង្វាយដុត។ ទាំងនេះគឺជាវីធីសាស្ត្រ ដែលគេថ្វាយតង្វាយយញ្ញបូជាទៅកាន់ព្រះ។ លក្ខណៈពិសេសទាំងនេះនៃតង្វាយយញ្ញបូជាគឺដូចគ្នានឹងវិធីសាស្ត្រដែលព្រះយេស៊ូវគ្រីស្ទបានធ្វើជាព្រះអង្គសង្រ្គោះរបស់យើង។ នៅក្នុងន័យផ្សេង តាមរយៈតង្វាយយញ្ញបូជា ព្រះបានបង្ហាញប្រាប់យើងថា ព្រះយេស៊ូវគ្រីស្ទនឹងយាងមកផែនដីនេះ ហើយសង្រ្គោះយើងតាមរបៀបនេះ។ 
នៅឯអាសនាតង្វាយដុត មនុស្សមានបាបត្រូវតែដាក់ដៃរបស់ខ្លួននៅលើសត្វយញ្ញបូជា ដោយមិនខកខាន។ នេះគឺជាមូលហេតុដែលរោងឧបោសថកំពុងតែប្រាប់យើងអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដោយបានយាងមកផែនដីនេះ ព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបរបស់មនុស្សជាតិដាក់លើអង្គទ្រង់។ បុណ្យជ្រមុជគឺជាគំរូពីសេចក្តីសង្រ្គោះដែលព្រះគ្រីស្ទបានទទួល ដើម្បីធ្វើជាតង្វាយយញ្ញបូជានៅចំពោះព្រះវរបិតា សម្រាប់មនុស្សមានបាបទាំងអស់នៅក្នុងលោកិយនេះ។
ឥឡូវនេះ តាមរយៈរោងឧបោសថនេះ យើងអាចមានជំនឿត្រឹមត្រូវ និងច្បាស់លាស់ហើយ។ ដូចដែលតង្វាយយញ្ញបូជាបានទទួលយកអំពើបាបរបស់ជនជាតិអ៊ីស្រាអែល នៅថ្ងៃធួននឹងបាប តាមរយៈការដាក់ដៃលើរបស់សម្តេចសង្ឃ ហើយដូចដែលគេត្រូវតែតង្វាយយញ្ញបូជាជំនួសឲ្យមនុស្ស ដោយសារអំពើបាបរបស់មនុស្សត្រូវបានផ្ទេរទៅលើវាហើយ (លេវីវិន័យ ១៦) ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ ដើម្បីទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ ហើយធ្វើជាតង្វាយយញ្ញបូជារបស់យើង សម្រាប់អំពើបាបទាំងនេះ ហើយបានសង្រ្គោះយើងចេញពីអំពើបាប និងទោសទាំងអស់របស់យើង។ ឥឡូវនេះ យើងអាចជឿទាំងស្រុងលើសេចក្តីសង្រ្គោះនៃសេចក្តីស្រឡាញ់បាន។ ដោយសារការជឿតាមសេចក្តីពិតនេះ យើងអាចអរព្រះគុណ និងសងបំណុលទៅកាន់ព្រះ សម្រាប់សេចក្តីសង្រ្គោះនៃសេចក្តីស្រឡាញ់នេះ ដែលទ្រង់បានប្រទានឲ្យយើង។
មិនថាមនុស្សម្នាក់មានចំណេះដឹងខ្លាំងយ៉ាងណា អំពីរោងឧបោសថទេ បើសិនគាត់មិនជឿ នោះចំណេះដឹងទាំងនោះឥតមានប្រយោជន៍សម្រាប់គាត់ឡើយ។ ដូច្នេះ យើងត្រូវតែដឹង និងជឿលើសារៈសំខាន់នៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ។ រោងឧបោសថមានទ្វារបី ដែលសុទ្ធតែត្រូវបានត្បាញ ដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ មនុស្សអាចពន្យល់ពីទ្វារនីមួយនៃរោងឧបោសថតាមរបៀបខុសៗគ្នា ដោយសារតែភាពល្ងង់ខ្លៅរបស់ពួកគេ។ 
នៅក្នុងលំដាប់លំដោលនៃអំបោះ ទីមួយគឺអំបោះពណ៌ផ្ទៃមេឃ បន្ទាប់មក អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម និងសំពត់ខ្លូតទេស។ លុះត្រាតែធ្វើទ្វារតាមរបៀបនេះ ទើបវាអាចជាទ្វារពិតប្រាកដនៃរោងឧបោសថបាន ពីព្រោះនៅសម័យព្រះគម្ពីរសញ្ញាចាស់ ព្រះបានបង្គាប់ឲ្យសាសន៍អ៊ីស្រាអែលសាងសង់វាតាមរបៀបនេះ។ 
មានមូលហេតុមួយដែលត្រូវតែធ្វើទ្វារតាមរបៀបនេះ។ មិនថាព្រះយេស៊ូវគ្រីស្ទបានប្រសូតមកក្នុងផែនដីនេះ ក្នុងនាមជាមនុស្សម្នាក់ តាម រយៈរូបកាយរបស់នាងក្រមុំព្រហ្មចារីម៉ារី ដើម្បីធ្វើជាព្រះអង្គសង្រ្គោះរបស់មនុស្សជាតិទេ បើសិនទ្រង់មិនបានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ជាមុនទេ នោះទ្រង់មិនអាចធ្វើជាព្រះអង្គសង្រ្គោះពិតប្រាកដរបស់យើងបានឡើយ។ ហើយបើសិនទ្រង់មិនបានទទួលបុណ្យជ្រមុជទេ ក៏ទ្រង់មិនអាចជាប់ និងសុគតនៅលើឈើឆ្កាងបានដែរ។ ដូច្នេះ គេត្រូវតែត្បាញអំបោះពណ៌ផ្ទៃមេឃជាមុន ដែលមានសារៈសំខាន់យ៉ាងខ្លាំង។ 
 
 
តើយើងត្រូវតែជឿលើអ្នកណា?

ដូច្នេះ យើងត្រូវតែជឿលើព្រះយេស៊ូវគ្រីស្ទ ដែលបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង។ យើងអាចបានកើតជាថ្មីបាន លុះត្រាតែយើងជឿលើសេចក្តីសង្រ្គោះដែលព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ និងព្រះអង្គសង្រ្គោះរបស់យើង បានប្រទានឲ្យយើង។ នៅពេលយើងជឿលើព្រះរាជបុត្រានៃព្រះ ហើយនៅពេលយើងជឿតាមសេចក្តីពិតថា ទ្រង់បានយាងមកផែនដីនេះ បានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់តែម្តងជាសម្រេច តាមរយៈការទទួលបុណ្យជ្រមុជសម្រាប់យើង ហើយបានទទួលទណ្ឌកម្មរបស់យើងនៅលើឈើឆ្កាង នោះយើងទាំងអស់គ្នាអាចទទួលបានសេចក្តីសង្រ្គោះពិតប្រាកដបាន។ 
ដោយសារព្រះយេស៊ូវគ្រីស្ទមិនអាចទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរបៀបណាផ្សេងទៀត ក្រៅពីតាមរយៈបុណ្យជ្រមុជរបស់ទ្រង់ លុះត្រាតែទ្រង់ទទួលយកអំពើបាបរបស់យើងតាមវិធីសាស្ត្រ ទើបទ្រង់អាចយាងទៅឈើឆ្កាង សម្រក់ព្រះលោហិតទ្រង់ និងសុគតនៅទៅទីនោះបាន។ មិនថាទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ហើយទ្រង់បានយាងមកផែនដីនេះតាមរបៀបណាឡើយ បើសិនទ្រង់មិនបានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ទេ នោះយើងមិនអាចមានសេចក្តីសង្រ្គោះនៅក្នុងលោកិយនេះបានឡើយ។ 
ដូច្នេះ អ្នកចាំបាច់ត្រូវតែបញ្ជាក់ពីភស្តុតាងតាមព្រះគម្ពីរយ៉ាងលម្អិតនៅក្នុងចិត្តជឿជាក់ថា អំពើបាបទាំងអស់របស់អ្នកត្រូវបានដោះចេញរួចរាល់ហើយ។
ចូរយើងសន្មត់ថា អ្នកជំពាក់បំណុលគេ។ បន្ទាប់មក មនុស្សម្នាក់និយាយប្រាប់អ្នកថា «សូមកុំបារម្ភ ខ្ញុំនឹងសងបំណុលសម្រាប់អ្នក។ សូមកុំបារម្ភ ខ្ញុំនឹងដោះស្រាយបញ្ហានេះ»។ គ្រប់ពេលដែលអ្នកជួបគាត់ មនុស្សម្នាក់នេះនៅតែនិយាយប្រាប់យើងថា «តើខ្ញុំមិនបានប្រាប់អ្នកថា កុំបារម្ភ ទេឬ? ខ្ញុំបានប្រាប់អ្នកថា ខ្ញុំនឹងដោះស្រាយបញ្ហានេះ!»។ ចូរហើយសន្មត់បន្ថែមទៀថា មនុស្សមា្នក់នេះថែមទាំងខឹង ដោយឆ្ងល់ថា ហេតុអ្វីអ្នកមិនជឿលើគាត់។ សូម្បីតែមនុស្សម្នាក់នេះប្រាប់អ្នកជារៀងរាល់ថ្ងៃថា «ខ្ញុំបានសងបំណុលនោះអស់ហើយ។ ចូរទុកចិត្តលើខ្ញុំចុះ» ដែលតាមការពិត គាត់មិនបានជួយសងបំណុលរបស់អ្នកសោះ តើអ្នកពិតជានឹងបានរួចពីបំណុលនោះ ដោយគ្រាន់តែជឿលើគាត់ឬ? មិនអាចឡើយ!
ទោះបីជាគាត់ប្រាប់យើងអ្នកដោយទំនុកចិត្តយ៉ាងខ្លាំងថា «បើសិនអ្នកទុកចិត្តខ្ញុំ ខ្ញុំនឹងដោះបំណុលទាំងអស់របស់អ្នក» បើសិនគាត់ពិតជាមិនបានសងបំណុលទេ នោះបំណុលរបស់អ្នកនៅតែដដែល ហើយមនុស្សម្នាក់នេះកំពុងតែបោកបញ្ឆោតអ្នកហើយ។ ដូច្នេះ អ្នកសួរគាត់ម្តងហើយម្តងទៀតថា «ដូច្នេះ តើអ្នកបានជួយសងបំណុលរបស់ខ្ញុំហើយឬនៅ?»។ បន្ទាប់មក គាត់ប្រាប់អ្នកដដែលៗថា «ហេតុអ្វីអ្នកសង្ស័យដូច្នេះ? គ្រាន់តែទុកចិត្តខ្ញុំ ដោយឥតលក្ខខណ្ឌចុះ! ខ្ញុំបានប្រាប់អ្នកថា ខ្ញុំបានសងបំណុលទាំងអស់របស់អ្នករួចហើយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជឿខ្ញុំ ប៉ុន្តែនៅពេលនេះ អ្នកបែរជាសង្ស័យទៅវិញ! ចូរកុំធ្វើដូច្នេះ!។ ដូច្នេះ ចូរយើងសន្មត់ម្តងទៀតថា អ្នកបានទុកចិត្តគាត់ ដោយអស់ពីចិត្តហើយ។ ប៉ុន្តែមិនថាអ្នកបានជឿគាត់ខ្លាំងយ៉ាងណាទេ បើសិនគាត់ពិតជាមិនបានសងសំណុលរបស់អ្នកទេ នោះពាក្យសម្តីទាំងអស់របស់គាត់គឺសុទ្ធតែជាសេចក្តីកុហកទាំងអស់។ 
 

នេះគឺជាលក្ខណៈនៃជំនឿរបស់គ្រីស្ទបរិស័ទសព្វថ្ងៃនេះ

គ្រីស្ទបរិស័ទសព្វថ្ងៃនេះនិយាយថា «ព្រះយេស៊ូវបានសង្រ្គោះយើង ដោយការសម្រក់ព្រះលោហិតដ៏មានតម្លៃរបស់ទ្រង់នៅលើឈើឆ្កាង។ ទ្រង់បានទទួលយកទោសនៃបាបទាំងអស់នៅទីនោះ។ នេះហើយគឺជារបៀបដែលទ្រង់បានសង្រ្គោះអ្នក»។ គ្រូគង្វាលជាច្រើនអធិប្បាយដូច្នេះទៅកាន់ក្រុមជំនុំរបស់ពួកគេ។ នៅពេលមនុស្សម្នាក់ក្នុងចំណោមក្រុមជំនុំក្រោកឡើង ហើយបានប្រាប់ពួកគេថា «ប៉ុន្តែខ្ញុំនៅតែមានបាប» ពួកគេនិយាយថា «នោះដោយសារតែអ្នកមានជំនឿតិច។ ចូរជឿ! ការមិនជឿរបស់អ្នកនោះហើយ ដែលជាបាបរបស់អ្នក!» «ខ្ញុំក៏ពិតជាចង់ជឿដែរ ប៉ុន្តែខ្ញុំមិនដឹងថា ហេតុអ្វីខ្ញុំមិនអាចជឿបាន។» «អ្នកមិនទាន់មានជំនឿគ្រប់គ្រាន់ទេ។ អ្នកត្រូវជឿឲ្យបានខ្លាំងឡើង។ ចូរឡើងទៅឯភ្នំ ហើយព្យាយាមអធិស្ឋានតម។ ចូរជឿ ខណៈដែលតមអាហារដល់ខ្លួនឯងចុះ។» «ប៉ុន្តែទោះបីជាតមអាហារក៏ដោយ ក៏ខ្ញុំនៅតែមិនអាចជឿបានដដែល។» «ទេ អ្នកត្រូវតែព្យាយាមជឿ ខណៈដែលអ្នកកំពុងតែអធិស្ឋានតម។»
គ្រូគង្វាលជាច្រើននៅសព្វថ្ងៃនេះប្រាប់អ្នកឲ្យជឿ ប៉ុន្តែខ្លួនពួកគេមិនដោះស្រាយបញ្ហាអំពើបាបរបស់ពួកគេទេ ហើយពួកគេគ្រាន់តែបន្ទោសអ្នក សម្រាប់ការមិនជឿរបស់អ្នក។ សម្រាប់អ្នក អ្នកព្យាយាមជឿ ប៉ុន្តែវាពិបាកណាស់ក្នុងការជឿ ឬអ្នកពិតជាជឿដោយល្ងិតល្ងង់ ប៉ុន្តែបញ្ហាអំពើបាបរបស់អ្នកនៅតែមានដដែល។ តើមានបញ្ហាអ្វីនៅទីនេះ? តើអ្វីអាចពន្យល់ពីបញ្ហានេះបាន? មនុស្សមិនអាចមានជំនឿរឹងមាំ និងត្រឹមត្រូវបានទេ ពីព្រោះពួកគេមិនដឹងថា ព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបទាំងអស់របស់ពួកគេដាក់លើអង្គទ្រង់ តាមរយៈការទទួលបុណ្យជ្រមុជ។ ដោយសារពួកគេជឿលើមាយាការ ពួកគេមិនអាចដោះស្រាយបញ្ហាអំពើបាបរបស់ពួកគេបានឡើយ ទោះបើពួកគេជឿខ្លាំងយ៉ាងណាក៏ដោយ។ 
តើជំនឿកើតឡើង ដោយការជឿដោយឥតលក្ខខណ្ឌ និងដោយឥតភស្តុតាងច្បាស់លាស់ដែរឬ? មិនអាចទេ! ជំនឿត្រឹមត្រូវកើតឡើងតែម្តងជាសសម្រេច លុះត្រាតែអ្នកដឹងពីរបៀបដែលបញ្ហាបាបរបស់អ្នកពិតជាត្រូវបានដោះស្រាយ ហើយជឿតាម។ «ទោះបីជាទូលបង្គំបានសង្ស័យទ្រង់ក៏ដោយ ក៏នៅពេលនេះ ទូលបង្គំបានដឹងយ៉ាងច្បាស់លាស់ហើយបាន ទ្រង់ពិតជាបានដោះស្រាយបញ្ហាអំពើបាបរបស់ទូលបង្គំរួចហើយ។ មិនថាទូលបង្គំព្យាយាមមិនជឿយ៉ាងណាក៏ដោយ ក៏ទូលបង្គំត្រូវតែជឿលើសេចក្តីសង្រ្គោះរបស់ទ្រង់ដែរ ពីព្រោះសេចក្តីសង្រ្គោះនេះមានភាពច្បាស់លាស់។ សូមអរព្រះគុណ ដែលទ្រង់បានដោះស្រាយបញ្ហារបស់ទូលបង្គំ។» នៅក្នុងន័យផ្សេង ទោះបីជាពីដំបូងយើងអាចសង្ស័យក៏ដោយ ក៏ដោយសារភស្តុតាងនៃសេចក្តីសង្រ្គោះរបស់យើងមានភាពច្បាស់លាស់ពេក ទើបយើងលែងអាចសង្ស័យទៀតបាន។ ព្រះយេស៊ូវបានបង្ហាញ វិក័យប័ត្រនៃសញ្ញា និងភស្តុតាងនៃសេចក្តីសង្រ្គោះ ដែលយើងហៅថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ»។ «ខ្ញុំបានសងបំណុលរបស់អ្នកជំនួសអ្នក តាមរបៀបនេះរួចហើយ។» លុះត្រាតែយើងសម្លឹងមើលវិក័យប័ត្រនេះ ដែលបង្ហាញថា បំណុលទាំងអស់របស់យើងត្រូវបានសងរួចហើយ ទើបយើងអាចមានជំនឿត្រឹមត្រូវ និងពិតប្រាកដបាន។ 
បើសិនយើងមិនមានភស្តុតាងនៃរបៀបដែលទ្រង់បានសង្រ្គោះយើង និងរបៀបដែលអំពើបាបរបស់យើងត្រូវបានដោះចេញ យើងមិនជឿបានទេ ទោះបើយើងសារភាពថា យើងជឿព្រះ និយាយថា ព្រះយេស៊ូវគ្រីស្ទផ្ទាល់គឺជាព្រះអង្គសង្រ្គោះរបស់យើង និងអះអាងថា យើងជឿលើព្រះអង្គសង្រ្គោះក៏ដោយ។ នៅក្នុងន័យផ្សេង យើងមិនអាចមានជំនឿមុតមាំបានទេ បើសិនយើងមិនបានមើលឃើញវិក័យប័ត្របង់ថ្លៃឈ្នួលនៃអំពើបាបរបស់យើង។ មនុស្សដែលជឿ ដោយមិនបានមើលឃើញវិក័យប័ត្រនេះ អាចមើលទៅហាក់ដូចជាមានអារម្មណ៍នៃជំនឿខ្លាំង ប៉ុន្តែតាមការពិត ជំនឿរបស់គាត់គឺជាខុសឆ្គង និងល្ងិតល្ងង់ទេ។ 
 

តើអ្នកចាត់ទុកជំនឿជ្រុលនិយមជាជំនឿល្អមួយឬ?

តើអ្នកចង់បានយ៉ាងដូចម្តេច បើសិនគ្រូគង្វាលម្នាក់ដែលមានជំនឿជ្រុលនិយម តម្រូវឲ្យអ្នកដទៃមានជំនឿជ្រុលនិយមដូចគ្នា? «ជឿ! ទទួលភ្លើង! ភ្លើង! ភ្លើង! ភ្លើង! ព្រះវិញ្ញាណបរិសុទ្ធដែលដូចជាភ្លើង បំពេញយើងដោយភ្លើង! ខ្ញុំជឿថា ព្រះអម្ចាស់នឹងប្រទានពរដល់អ្នកទាំងអស់គ្នា! ខ្ញុំជឿថា ទ្រង់នឹងធ្វើឲ្យអ្នកក្លាយជាអ្នកមាន! ខ្ញុំជឿថា ទ្រង់នឹងប្រទានពរដល់អ្នក! ខ្ញុំជឿថា ទ្រង់នឹងព្យាបាលអ្នក!» នៅពេលគ្រូគង្វាលបែបនេះសម្តែងដូច្នេះ ត្រចៀករបស់អ្នកដើរតាមចាប់ផ្តើមរោទ៍ ហើយចិត្តរបស់ពួកគេចាប់ផ្តើមលោត។ ដោយសម្តែងតាមរយៈប្រព័ន្ធសម្លេងដែលមានគុណភាពខ្ពស់ នៅពេលគាត់ចាប់ផ្តើមស្រែកថា «ភ្លើង ភ្លើង ភ្លើង» ចិត្តរបស់អ្នកដើរតាមចាត់ផ្តើមពុះកញ្ជ្រោលតាមសម្លេងដ៏អស្ចារ្យរបស់គាត់។ បន្ទាប់មក ពួកគេមានអារម្មណ៍យ៉ាងពុះកញ្ជ្រោល ទុកដូcជាពួកគេមានជំនឿដ៏ខ្លាំងក្លាហើយ ហើយស្រែកយំថា «ឱព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក! ឱព្រះវិញ្ញាណបរិសុទ្ធអើយ សូមយាងមក!»។ 
ប្រហែលនៅវេលានេះ គ្រូគង្វាលពន្យុះអារម្មណ៍របស់អ្នកដើរតាមកាន់តែខ្លាំង ដោយនិយាយថា «ចូរយើងអធិស្ឋាន។ ខ្ញុំជឿថា នៅពេលនេះ ព្រះវិញ្ញាណបរិសុទ្ធកំពុងតែយាងចុះមកបំពេញយើងទាំងអស់គ្នាហើយ»។ បន្ទាប់មក ក្រុមភ្លេងលេងបទទំនុកតម្កើង ហើយមនុស្សលើកដៃរបស់ពួកគេឡើងខ្ពស់ ដោយសេចក្តីរំជើបរំជួល ហើយអារម្មណ៍របស់ពួកគេផ្ទុះឡើងដល់ចំណុចកំពូល។ ហើយក៏ដល់ពេលវេលាល្មម ដែលគ្រូគង្វាលនិយាយថា «ចូរយើងថ្វាយតង្វាយរបស់យើង។ នៅល្ងាចនេះជាពិសេស ព្រះចង់ទទួលយកតង្វាយពិសេសមួយពីអ្នក។ ដូច្នេះ ចូរយើងទាំងអស់គ្នាថ្វាយតង្វាយពិសេសនេះទៅកាន់ព្រះ»។ 
ដោយពោរពេញដោយអារម្មណ៍បែបនេះ មនុស្សត្រូវអស់ប្រាក់ពីហោប៉ៅរបស់ខ្លួន។ គ្រូគង្វាលក្លែងក្លាយនេះបានត្រៀមអាសនាយ៉ាងធំមួយ ដែលអាចដាក់ប្រាក់ទាំងអស់ដែលប្រមូលបាន ហើយបានដាក់សំណាញ់មេអំបៅជាច្រើន (ចានតង្វាយ) នៅពីមុខអាសនានេះ។ នៅពេលក្រុមចម្រៀងចាប់ផ្តើមច្រៀងបទទំនុកតម្កើង និងចិត្តរបស់មនុស្សមានពេញដោយសេចក្តីរំភើប គ្រូគង្វាលបញ្ជូនអ្នកប្រមូលមេអំបៅទៅឯពួកគេ (អ្នកស្ម័គ្រចិត្តហុចចានតង្វាយ)។ 
ដោយការកុហកថា តង្វាយកាន់តែច្រើនមានន័យថា ព្រះពរកាន់តែច្រើន ហើយដោយការពន្យុះអារម្មណ៍របស់មនុស្ស គ្រូគង្វាលក្លែងក្លាយទាំងនេះលួងលោមឲ្យពួកគេសម្រក់ទឹកភ្នែក និងបើកកាបូបលុយរបស់ពួកគេ ដើម្បីប្រគល់លុយឲ្យពួកគេ ដោយទាំងមិនដឹងពីហេតុផល និងគោលបំណងពិតប្រាកដ។ ទង្វើនេះមិនផ្អែកលើព្រះបន្ទូលព្រះ ឬលើសេចក្តីអធិប្បាយណាមួយឡើយ ប៉ុន្តែជាសកម្មភាពល្ងង់ខ្លៅ ខុសឆ្គង និងប្រោកប្រាស់។ ដូច្នេះ គ្រូគង្វាលក្លែងក្លាយទាំងនោះ ពន្យុះអារម្មណ៍របស់មនុស្ស ដើម្បីឈានទៅសម្រេចតាមគោលបំណងអាថ៌កំបាំងរបស់ពួកគេ។ 
បើសិនយើងដឹងថា ព្រះអម្ចាស់របស់យើងបានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ហើយ ហើយបើសិនយើងជឿ និងទទួលស្គាល់ព្រះយេស៊ូវគ្រីស្ទនេះជាព្រះអង្គសង្រ្គោះរបស់យើងហើយ នោះយើងមិនរង្គោះរង្គើឡើយ ប៉ុន្តែនៅតែមានសេចក្តីសុខសាន្តយ៉ាងស្ងប់ស្ងាត់វិញ។ ការតែមួយគត់ ដែលធ្វើឲ្យយើងរំភើបយ៉ាងស្ងៀមស្ងាត់គឺថា ព្រះយេស៊ូវបានរែកអំពើបាបរបស់យើងនៅលើស្មាតាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានសុគតនៅលើឈើឆ្កាង។ 
នៅពេលយើងគិតអំពីការពិតថា ព្រះយេស៊ូវទ្រង់ផ្ទាល់បានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានសុគត ដើម្បីសងថ្លៃឈ្នួលនៃអំពើបាបទាំងនេះ យើងអរព្រះគុណយ៉ាងខ្លាំង ហើយចិត្តរបស់យើងបានពេញដោយអំណរ។ ប៉ុន្តែ សេចក្តីរំភើបដ៏ស្ងៀមស្ងាត់នៅក្នុងចិត្តរបស់យើងនេះ មានទំហំធំធេងជាងអ្វីៗទាំងអស់នៅក្នុងលោកិយនេះទៅទៀត គឺទោះបើការសារភាពសេចក្តីស្នេហាដ៏ផ្អែមល្ហែម ឬអំណោយជាពេជ្រដ៏មានតម្លៃបំផុតនៅក្នុងលោកិយនេះក៏ដោយ ក៏មិនអាចធ្វើឲ្យយើងរំភើបខ្លាំងជាងនេះបានដែរ។ 
ផ្ទុយទៅវិញ អារម្មណ៍រំជើបរំចួលរបស់បុគ្គលដែលមានជំនឿជ្រុលនិយមមិនស្ថិតស្ថេរបានយូរទេ។ ទោះបីជាពួកគេអាចមានសេចក្តីរំភើបនេះបានមួយរយៈពេលក៏ដោយ ក៏នៅពេលពួកគេធ្វើបាបជារៀងរាល់ថ្ងៃ ហើយបាក់មុខដោយសារអំពើបាបរបស់ពួកគេ ពួកគេត្រូវតែលាក់មុខ ដោយសេចក្តីអាម៉ាស់។ «នៅពេលព្រះយេស៊ូវបានទទួលយកទោស និងសុគតនៅលើឈើឆ្កាងសម្រាប់យើង ហេតុអ្វីខ្ញុំនៅតែធ្វើបាបជារៀងរាល់ថ្ងៃ?» ដូច្នេះ ពួកគេបាក់មុខ ហើយពេលក្រោយមក ពួកគេលែងអាចមានសេចក្តីរំភើបទៀតហើយ។ លើសពីនេះ ដោយសារសេចក្តីអាម៉ាស់ ពួកគេថែមទាំងមិនអាចចូលទៅឯព្រះបានផង។ 
នេះគឺជាមូលហេតុដែលព្រះបានបង្ហាញប្រាប់យើង អំពីអាសនាតង្វាយដុត។ តង្វាដែលគេថ្វាយនៅលើអាសនាតង្វាយដុត ស្របតាមប្រព័ន្ធថ្វាយយញ្ញបូជា គឺជាព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះអង្គសង្រ្គោះរបស់យើងនេះហើយ។ ដូច្នេះ អាសនាតង្វាយដុតបើកសម្តែងថា ព្រះយេស៊ូវបានយាងមកផែនដីនេះ ហើយពិតជាបានសង្រ្គោះយើងទាំងអស់គ្នាតែម្តងជាសម្រេច តាមរយៈអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។ ព្រះបានធ្វើឲ្យយើងមើលឃើញអាសនាតង្វាយដុតនេះ ហើយទ្រង់ចង់ឲ្យយើងបានសង្រ្គោះ ដោយការជឿលើវា។ 
 

តើយើងត្រូវតែធ្វើអ្វីខ្លះនៅសម័យនេះ?

មានកិច្ចការជាច្រើន ដែលអ្នកដែលបានកើតជាថ្មី ត្រូវតែធ្វើនៅក្នុងសម័យនេះ។ ជាដំបូង យើងត្រូវតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់ពិភពលោកទាំងមូល។ យើងត្រូវតែប្រកាសសេចក្តីពិតទៅកាន់អ្នកដែលនៅតែមិនស្គាល់សេចក្តីពិតនៃអំបោះខ្លូតទេស វេញយ៉ាងខ្មាញ់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ហើយយើងត្រូវតែជួយពួកគេឲ្យបានសង្រ្គោះចេញពីទណ្ឌកម្មនៃភ្លើងនរក។ ហេតុអ្វី? ពីព្រោះមានមនុស្សជាច្រើន ដែលកំពុងតែដើរតាមព្រះយេស៊ូវ ដោយទាំងមិនដឹង និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលត្រូវបានបើកសម្តែងនៅក្នុងរោងឧបោសថផង។ 
ដើម្បីប្រកាសសេចក្តីពិតនេះទៅកាន់ពួកគេ យើងនៅមានការងារជាច្រើនដែលត្រូវធ្វើ។ យើងត្រូវតែបោះពុម្ពផ្សាយសៀវភៅរបស់យើង ហើយបញ្ជូនវាទៅទូទាំងពិភពលោក គឺគិតចាប់ពីការបកប្រែ ការអានកែសម្រួល និងការពិនិត្យផ្ទៀងផ្ទាត់សៀវភៅទាំងនេះ ទៅដល់ការធានាមូលនិធិចាំបាច់ ដើម្បីបោះពុម្ព និងបញ្ជូនសៀវភៅទៅកាន់ប្រទេសទូទាំងពិភពលោក យើងពិតជាមានការងារជាច្រើន ដែលត្រូវធ្វើ។ 
ដូច្នេះ នៅពេលយើងសម្លឹងមើលអ្នកដឹកនាំ និងសហការីរបស់យើង យើងមើលឃើញថា ពួកគេពិតជាមានភាពរវល់ខ្លាំងណាស់។ ដោយសារពួកបរិសុទ្ធ និងអ្នកបម្រើពួកជំនុំព្រះទាំងអស់មានភាពរវល់តាមរបៀបនេះ ពួកគេប្រឈមនឹងទុក្ខលំបាកខាងសាច់ឈាម។ គេនិយាយ នៅក្នុងការរត់ម៉ារ៉ាតុនចម្ងាយ៤២.១៩៥គីឡូម៉ែត្ររបស់ពួកគេ នៅពេលអ្នករត់អស់រត់មកចម្ងាយជាក់លាក់មួយ ហើយអស់កម្លាំងយ៉ាងខ្លាំង ពួកគេមិនទាំងដឹងខ្លួនថា ពួកគេកំពុងតែរត់ ឬកំពុងតែធ្វើអ្វីមួយផ្សេងទៀតផង។ សរុបមក ការនឿយហត់យ៉ាងខ្លាំងនឹងធ្វើឲ្យផ្លូវចិត្តរបស់ពួកគេនៅទទេ។ ប្រហែលឥឡូវនេះ យើងបានឈានដល់ចំណុចនេះ នៅក្នុងបេសកកម្មដំណឹងល្អរបស់យើងហើយ។ ការប្រើជីវិតរបស់យើងសម្រាប់ដំណឹងល្អ គឺជាការរត់ចម្ងាយឆ្ងាយដោយឥតឈប់ ទៅកាន់គោលដៅរបស់យើង ដូចដែលអ្នករត់ម៉ារ៉ាតុនធ្វើដែរ។ ដោយសារការរត់របស់យើងសម្រាប់ដំណឹងល្អត្រូវតែបន្ត រហូតដល់ថ្ងៃនៃការយាងមករបស់ព្រះអម្ចាស់ ហើយទាំងអស់គ្នាប្រឈមនឹងទុក្ខលំបាក។ 
ប៉ុន្តែដោយសារព្រះអម្ចាស់គង់នៅក្នុងយើង ដោយសារយើងមានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយសារជំនឿរបស់យើងជឿថា ព្រះអម្ចាស់បានសង្រ្គោះយើង តាមរយៈអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងដោយសារយើងជឿតាម សេចក្តីពិតនេះ យើងទាំងអស់គ្នាអាចទទួលបានកម្លាំងថ្មីបាន។ ដោយសារព្រះយេស៊ូវបានប្រទានអំណោយទាននៃសេចក្តីសង្រ្គោះ ដល់យើង អ្នក និងខ្ញុំទទួលបានអំណោយទាននេះ។ ដូច្នេះ ទុក្ខលំបាកខាងសាច់ឈាមរបស់យើងមិនអាចធ្វើទុក្ខយើងបានឡើយ។ ផ្ទុយទៅវិញ កាលណាកាន់តែមានទុក្ខលំបាក មនុស្សសុចរិតទទួលបានកម្លាំងកាន់តែខ្លាំង។ ដូច្នេះ ខ្ញុំពិតជាអរព្រះគុណដល់ព្រះអម្ចាស់។ 
និយាយខាងវិញ្ញាណ នៅក្នុងចិត្ត គំនិត និងមជ្ឈដ្ឋានជុំវិញរបស់យើង យើងអាចដឹងពីកម្លាំងថ្មី ដែលព្រះអម្ចាស់បានប្រទានឲ្យយើង ហើយថា ទ្រង់គង់នៅជាមួយយើង។ ដោយសារយើងអាចដឹងថា ទ្រង់កំពុងតែជួយយើង និងទ្រទ្រង់យើង ហើយថា ទ្រង់គង់នៅជាមួយយើង នោះយើងថ្វាយការអរព្រះគុណកាន់តែខ្លាំងទៅចំពោះទ្រង់។ ដូច្នេះ សាវកប៉ុលក៏បាននិយាយផងដែរថា «ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ» (ភីលីព ៤:១៣)។ ដូច្នេះ យើងសារភាពជារៀងរាល់ថ្ងៃថា យើងមិនអាចធ្វើអ្វីបានសោះឡើយ បើសិនព្រះអម្ចាស់មិនប្រទានកម្លាំងដល់យើងទេ។ ព្រះយេស៊ូវមិនគ្រាន់តែបានទទួលបុណ្យជ្រមុជសម្រាប់យើងប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានថ្វាយអង្គទ្រង់ជាតង្វាយយញ្ញបូជាសម្រាប់យើង ដោយការសុគតនៅលើឈើឆ្កាង ការមានព្រះជន្មរស់ពីសុគតឡើងវិញ និងការធ្វើជាព្រះអង្គសង្រ្គោះដ៏ពិតរបស់យើងផងដែរ។ កាលណាយើងសម្លឹងមើលអាសនាតង្វាយដុត យើងរំឮកខ្លួនឯងអំពីសេចក្តីពិតនេះ។ 
អាសនាតង្វាយដុតត្រូវបានធ្វើពីឈើនាងនួន ហើយត្រូវបានស្រោបពីខាងក្នុង និងខាងក្រៅដោយលង្ហិនក្រាស់។ វាមានកម្ពស់ប្រហែល១.៣៥ម៉ែត្រ ហើយដែកប្រទាស ដែលជាបណ្តាញនៃលង្ហិនមួយ ត្រូវបានដាក់នៅចំកណ្តាល ដែលមានកម្ពស់ប្រហែល៦៨សង់ទីម៉ែត្រ។ សាច់នៃតង្វាយត្រូវបានដាក់ និងដុតនៅលើដែកប្រទាសនេះ។ 
កាលណាយើងសម្លឹងមើលអាសនាតង្វាយដុត យើងត្រូវតែអាចមើលឃើញថា ខ្លួនយើងមានសណ្ឋានបែបណាហើយ។ ហើយយើងក៏ត្រូវតែអាចមើលឃើញថា ព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ ដោយការទទួលបុណ្យជ្រមុជ ហើយថា ទ្រង់បានទទួលយកទណ្ឌកម្មទាំងអស់នៃអំពើបាបរបស់យើង ដោយការសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ អ្នក និងខ្ញុំពិតជាត្រូវតែស្លាប់នៅចំពោះព្រះ ដោយសារតែអំពើបាប និងទោសរបស់យើង។ ដោយសារតែអំពើបាប និងទោសរបស់យើង អ្នក និងខ្ញុំត្រូវតែស្លាប់ និងទទួលបាន បណ្តាសាជារៀងរហូត។ ប៉ុន្តែដោយសារតែព្រះគ្រីស្ទយេស៊ូវ ដែលបានយាងមកផែនដីនេះ ដើម្បីធ្វើជាតង្វាយធួននឹងបាបដ៏អស់កល្បជានិច្ច បានទទួលបុណ្យជ្រមុជ និងបានសុគតសម្រាប់យើង ដូចជាតង្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែរ នោះយើងបានសង្រ្គោះ។ 
សត្វយញ្ញបូជាអាចមើលទៅគួរឲ្យស្រឡាញ់ នៅពេលវានៅមានជីវិត ប៉ុន្តែនៅពេលវាហូរឈាមស្លាប់ វាគួរឲ្យរន្ធត់ណាស់ ដោយគេអារកយកឈាមវា បន្ទាប់ពីវាបានទទួលយកអំពើបាប តាមរយៈការដាក់ដៃលើ។ ការដែលយើងដែលសមនឹងស្លាប់តាមរបៀបដ៏គួរឲ្យរន្ធត់នេះ បានរួចពីទោស គឺពិតជាព្រះពរដ៏ធំមួយហើយ។ យើងអាចទទួលបានព្រះពរនេះបាន ដោយសារព្រះអម្ចាស់បានប្រទានអំណោយទាននៃសេចក្តីសង្រ្គោះដល់យើង។ ដូចដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រះយេស៊ូវបានយាងមកផែនដីនេះ ក្នុងនាមជាមនុស្សមា្នក់ បានសង្រ្គោះអ្នក និងខ្ញុំ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ហើយដូច្នេះ បានប្រទានអំណោយទាននៃសេចក្តីសង្រ្គោះដ៏ពិតដល់យើង។ ដូច្នេះ ព្រះបានប្រទានឲ្យអ្នក និងខ្ញុំនូវអំណោយទាននៃសេចក្តីសង្រ្គោះ។ តើអ្នកជឿតាមសេចក្តីបិតនៅក្នុងចិត្តរបស់អ្នកដែរទេ? ហើយតើអ្នកជឿលើអំណោយទាននៃសេចក្តីសង្រ្គោះនេះ ដែលជាសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវដែរទេ? យើងទាំងអស់គ្នាត្រូវតែមានសេចក្តីជំនឿបែបនេះ។ 
នៅពេលយើងសម្លឹងមើលអាសនាតង្វាយដុត យើងត្រូវតែដឹងថា ព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះយើងតាមរបៀបនេះ។ ទ្រង់ត្រូវបានថ្វាយជាតង្វាយយញ្ញបូជាបែបនេះ ដើម្បីផ្តល់អំណោយទាននៃសេចក្តីសង្រ្គោះដល់យើង។ គេត្រូវតែដាក់ដៃលើតង្វាយយញ្ញបូជា ហើយដោយសារតង្វាយយញ្ញបូជានេះត្រូវហូរឈាម រហូតដល់ស្លាប់ ព្រះយេស៊ូវបានប្រទានឲ្យយើងនូវសេចក្តីសង្រ្គោះ ដោយការរងទុក្ខបែបនេះ។ នេះហើយគឺជារបៀបដែលទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង។ ដូច្នេះ យើងត្រូវតែដឹង និងជឿលើសេចក្តីពិតនេះនៅក្នុងចិត្តនៅចំពោះព្រះ ហើយថ្វាយការអរព្រះគុណដល់ទ្រង់ ដោយអស់ពីចិត្តរបស់យើង។ 
ព្រះចង់ឲ្យយើងទទួលបាន តាមរយៈជំនឿ នូវអំណោយទាន និង សេចក្តីស្រឡាញ់នៃសេចក្តីសង្រ្គោះ ដែលទ្រង់បានប្រទាឲ្យយើង។ ទ្រង់ចង់ឲ្យយើងជឿនៅក្នុងចិត្តរបស់យើង លើសេចក្តីសង្រ្គោះនៃបុណ្យជ្រមុជ និងព្រះលោហិតនៅលើឈើឆ្កាង ដែលទ្រង់បានបំពេញសម្រេច ដោយការយាងមក តាមរយៈទឹក និងព្រះវិញ្ញាណ។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងជឿលើសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ ហើយទទួលយកអំណោយទាននៃសេចក្តីសង្រ្គោះទុកនៅក្នុងចិត្ត។ តើអ្នកពិតជាទទួលយកទុកនៅក្នុងចិត្តរបស់អ្នកដែរទេ?
 

តើអ្នកណាត្រូវបានថ្វាយជាយញ្ញបូជាតាមរបៀបនេះសម្រាប់អ្នក?

ពេលមួយ ខ្ញុំបានមើលឃើញខិត្តប័ណ្ណទីបន្ទាល់មួយ ដែលសរសេរថា «តើអ្នកណានឹងស្លាប់សម្រាប់អ្នក?» តើអ្នកណាដែលអ្នកជួបនៅថ្ងៃនេះ ដែលបានកំសាន្តចិត្តអ្នក? ព្រះយេស៊ូវត្រូវបានថ្វាយជាយញ្ញបូជាសម្រាប់អ្នក។ តើអ្នកបានទទួលការកំសាន្តចិត្តពីការនេះដែរទេ?» តើអ្នកណាពិតជានឹងទទួលយកអំពើបាបរបស់អ្នក ដោយការទទួលបុណ្យជ្រមុជ ហើយស្លាប់នៅលើឈើឆ្កាងជំនួសអ្នក ដើម្បីដោះអំពើបាបរបស់អ្នកចេញ? តើអ្នកណានឹងបង្ហូរឈាមរបស់ខ្លួន និងស្លាប់ ដើម្បីផ្តល់សេចក្តីស្រឡាញ់ដល់អ្នក? តើអ្នកណានឹងស្ម័គ្រចិត្តធ្វើជាយញ្ញបូជានេះសម្រាប់អ្នក? សាច់ញ្ញាតិរបស់អ្នកឬ? កូនចៅរបស់អ្នកឬ? ឪពុកម្តាយរបស់អ្នកឬ?
ពួកគេនឹងមិនធ្វើដូច្នេះឡើយ! ព្រះទ្រង់ផ្ទាល់ដែលបានបង្កើតអ្នក។ ដើម្បីសង្រ្គោះអ្នកចេញពីអំពើបាបរបស់អ្នក ព្រះបានយាងមកផែនដីនេះ ក្នុងនិស្ស័យជាមនុស្សម្នាក់ បានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបរបស់អ្នកដាក់លើអង្គទ្រង់ បានជាប់ឈើឆ្កាង និងបង្ហូរព្រះលោហិតទ្រង់ ដើម្បីទទួលយកទោសនៃអំពើបាបរបស់អ្នក បានធ្វើជាព្រះអង្គសង្រ្គោះដ៏ពិតរបស់អ្នក បានមានព្រះជន្មរស់ពីសុគតឡើងវិញ និងកំពុងតែមានព្រះជន្មគង់នៅខណៈនេះ ហើយបានប្រទានឲ្យអ្នកនូវអំណោយទាននៃសេចក្តីសង្រ្គោះ និងសេចក្តីស្រឡាញ់របស់ទ្រង់។ តើអ្នកពិតជាចង់ទទួលយកសេចក្តីសង្រ្គោះនៃសេចក្តីស្រឡាញ់នេះ ទុកនៅក្នុងចិត្តរបស់អ្នកដែរទេ? ហើយតើអ្នកពិតជាជឿនៅក្នុងចិត្តរបស់អ្នកដែរទេ?
អ្នកណាដែលជឿ នឹងទទួលយកព្រះអម្ចាស់ ហើយអ្នកណាដែលទទួលយកទ្រង់ នឹងបានសង្រ្គោះ។ ការទទួលយកទ្រង់មានន័យថា ទទួលយកសេចក្តីសង្រ្គោះ និងសេចក្តីស្រឡាញ់ ដែលព្រះគ្រីស្ទបានប្រទានឲ្យយើង។ យើងបានសង្រ្គោះ តាមរយៈការជឿនៅក្នុងចិត្តលើសេចក្តីស្រឡាញ់នេះ ការអត់ទោសបាបនេះ ការទទួលយកអំពើបាបនេះ និងទោសនៃអំពើបាបនេះ។
គ្រប់យ៉ាងនៃរោងឧបោសថ សុទ្ធតែបើកសម្តែងពីព្រះយេស៊ូវគ្រីស្ទទាំងអស់។ ព្រះមិនតម្រូវចង់បានយញ្ញបូជាអ្វីពីយើងឡើយ។ អ្វីដែលទ្រង់ចង់បានពីយើងគឺថា យើងជឿលើអំណោយទាននៃសេចក្តីសង្រ្គោះ ដែលទ្រង់បានប្រទាននៅក្នុងចិត្តរបស់យើង។ «ដើម្បីប្រទានអំណោយទាននៃសេចក្តីសង្រ្គោះដល់អ្នក ខ្ញុំបានយាងមកផែនដីនេះ។ ដូចជាតង្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែរ ខ្ញុំបានទទួលយកអំពើបាបទាំងអស់ របស់អ្នកដាក់លើរូបខ្ញុំ តាមរយៈការដាក់ដៃលើ ហើយដូចជាតង្វាយយញ្ញបូជានេះដែរ ខ្ញុំបានទទួលយកទោសនៃអំពើបាបរបស់អ្នកជំនួសអ្នក។ នេះហើយគឺជារបៀបដែលខ្ញុំបានសង្រ្គោះអ្នក។» នេះគឺជាអ្វីដែលព្រះកំពុងតែប្រាប់យើង តាមរយៈរោងឧបោសថ។ 
ទោះបីជាព្រះបានសង្រ្គោះយើង បានស្រឡាញ់យើងយ៉ាងខ្លាំងបែបនេះ ហើយបានប្រទានអំណោយទានៃសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍ដល់យើងតាមរបៀបនេះក៏ដោយ បើសិនយើងមិនជឿទេ នោះគ្រប់យ៉ាងក៏នៅតែឥតប្រយោជន៍ដែរ។ អ្នកត្រូវតែបង់អំបិលដែលនៅក្នុងទូរបស់អ្នក ចូលទៅក្នុងស៊ុប ដើម្បីឲ្យវាមានរសជាតិប្រៃ ហើយដូចគ្នាដែរ បើសិនអ្នក និងខ្ញុំមិនជឿនៅក្នុងចិត្តទេ នោះសូម្បីតតែសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍ក៏ត្រឡប់ទៅជាឥតប្រយោជន៍ទាំងស្រុងដែរ។ បើសិនយើងមិនអរព្រះគុណនៅក្នុងចិត្តរបស់យើង សម្រាប់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយមិនទទួលយកវាទុកនៅក្នុងចិត្តរបស់យើងទេ នោះយញ្ញបូជារបស់ព្រះយេស៊ូវត្រឡប់ជាឥតប្រយោជន៍ហើយ។ 
សេចក្តីសង្រ្គោះអាចជារបស់អ្នកបាន លុះត្រាតែអ្នកយល់ពីយញ្ញបូជា និងសេចក្តីស្រឡាញ់ ដែលព្រះយេស៊ូវបានប្រទានដល់អ្នក ហើយទទួលយកវាទុកនៅក្នុងចិត្តរបស់អ្នក និងអរព្រះគុណដល់ទ្រង់សម្រាប់វា។ បើសិនអ្នកមិនទទួលយកអំណោយទាននៃសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍របស់ព្រះគ្រីស្ទទុកនៅក្នុងចិត្តរបស់អ្នក ដោយគ្រាន់តែយល់ពីវានៅក្នុងខួរក្បាលរបស់អ្នក នោះវាពិតជាឥតប្រយោជន៍ទទេ។ 
 

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលយកសេចក្តីពិត

មិនថាស៊ុបរបស់អ្នកកំពុងតែពុះខ្លាំងយ៉ាងណានៅលើចង្រ្កានទេ បើសិនអ្នកគិតថា អ្នកនឹងដាក់អំបិលចូលទៅក្នុងស៊ុបនោះ ប៉ុន្តែអ្នកមិនធ្វើដូច្នេះ នោះស៊ុបរបស់អ្នកនឹងមិនមានជាតិប្រៃឡើយ។ អ្នកអាចបានសង្រ្គោះបាន លុះត្រាតែអ្នកទទួលទុកនៅក្នុងចិត្ត ហើយជឿថា ព្រះ អម្ចាស់បានសង្រ្គោះអ្នកចេញពីអំពើបាបរបស់អ្នក ដោយការទទួលយកទទួលបុណ្យជ្រមុជ និងការធ្វើជាតង្វាយយញ្ញបូជាសម្រាប់យើង ដូចដែលតង្វាយយញ្ញបូជាដែលគេបានថ្វាយនៅលើអាសនាតង្វាយដុតដែរ។ នៅពេលព្រះកំពុងតែប្រទានឲ្យអ្នកនូវអំណោយទាននៃសេចក្តីសង្រ្គោះ នោះគ្រាន់តែទទួលយកវា ដោយការអរព្រះគុណប៉ុណ្ណោះ។ ហើយនៅពេលព្រះអម្ចាស់កំពុងតែប្រាប់យើងថា ទ្រង់បានសង្រ្គោះយើងទាំងស្រុងរួចហើយ កិច្ចការត្រឹមត្រូវដែលយើងត្រូវធ្វើ គឺគ្រាន់តែជឿដូច្នេះប៉ុណ្ណោះ។ 
តើសេចក្តីស្រឡាញ់របស់ព្រះ ដែលទ្រង់បានប្រទាឲ្យអ្នក ជាសេចក្តីស្រឡាញ់ដែលមិនអស់ពីចិត្តឬ? មិនដូច្នេះឡើយ! សេចក្តីស្រឡាញ់របស់ព្រះអម្ចាស់គឺគ្រប់លក្ខណ៍។ នៅក្នុងន័យផ្សេង ព្រះអម្ចាស់បានសង្រ្គោះអ្នក និងខ្ញុំទាំងស្រុង និងយ៉ាងគ្រប់លក្ខណ៍។ ដោយសារទ្រង់បានទទួលយកអំពើបាបទាំងស្រុងរបស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ ហើយពិតជាបានសុគតនៅលើឈើឆ្កាង យើងមិនអាចមានការសង្ស័យអំពីសេចក្តីស្រឡាញ់នេះបានឡើយ។ ទ្រង់បានសង្រ្គោះយើងយ៉ាងគ្រប់លក្ខណ៍ ហើយបានប្រទានអំណោយទាននៃសេចក្តីសង្រ្គោះដល់យើង។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែទទួលយកអំណោយទាននៃសេចក្តីសង្រ្គោះ ដែលព្រះបានប្រទានឲ្យយើង។ 
ចូរសន្មត់មួយភ្លែតថា ខ្ញុំកំពុងតែកាន់គ្រឿងអលង្ការដ៏មានតម្លៃមួយ ដែលធ្វើពីត្បូងដ៏មានតម្លៃបំផុត។ បើសិនខ្ញុំឲ្យវាទៅអ្នកទុកជាអំណោយ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលយកវាភ្លាមប៉ុណ្ណោះ។ តើវាមិនអញ្ចឹងឬ? តើវាងាយស្រួល និងសាមញ្ញយ៉ាងណាសម្រាប់អ្នក ដើម្បីយកវាធ្វើជាកម្មសិទ្ធិរបស់អ្នក? ដើម្បីធ្វើឲ្យគ្រឿងអលង្ការនេះជារបស់អ្នក អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលូកដៃ និងទទួលយកវា។ 
បើសិនអ្នកគ្រាន់តែបើកចិត្តរបស់អ្នក ហើយផ្ទេរអំពើបាបទាំងអស់ របស់អ្នកទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ នោះអ្នកអាចទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់អ្នក ហើយបំពេញចិត្តទទេរបស់អ្នកដោយសេចក្តីពិត បានយ៉ាងងាយស្រួល។ នេះហើយគឺជារបៀបដែលព្រះអម្ចាស់មានបន្ទូលថា ទ្រង់នឹងប្រទានសេចក្តីសង្រ្គោះដល់យើង ទុកជាអំណោយដ៏ឥតគិតថ្លៃ។ សេចក្តីសង្រ្គោះអាចជារបស់អ្នកបាន ដោយអ្នកគ្រាន់តែលូកដៃ និងទទួលយកវាប៉ុណ្ណោះ។
យើងបានទទួលសេចក្តីសង្រ្គោះរបស់យើង ទុកជាអំណោយទាន ដោយមិនចាំបាច់បង់ថ្លៃមួយរៀល។ ហើយដោយសារព្រះគឺជាព្រះអង្គដែលសព្វព្រះទ័យប្រទានអំណោយទាននេះ ទៅដល់អ្នកណាដែលចង់ទទួល មានពរហើយ អ្នកណាដែលបានទទួលយកវា ដោយចិត្តអរព្រះ គុណ។ អ្នកដែលទទួលយកសេចក្តីស្រឡាញ់របស់ព្រះដោយអំណរ បានរស់នៅក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ហើយ ហើយពួកគេគឺជាអ្នកដែលស្រឡាញ់ព្រះដែលប្រទានឲ្យនោះ ពីព្រោះតាមរយៈការទទួលយកវា ពួកគេបានផ្គាប់ព្រះទ័យទ្រង់។ ដូច្នេះ ការទទួលយកអំណោយទាននេះគឺជាកិច្ចការត្រឹមត្រូវ ដែលមនុស្សត្រូវធ្វើ។ លុះត្រាតែអ្នកទទួលយកអំណោយទាននៃសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍ ដែលព្រះបានប្រទានឲ្យអ្នក ទើបអំណោយទាននៃសេចក្តីសង្រ្គោះពិតប្រាកដ អាចធ្វើជាកម្មសិទ្ធិរបស់អ្នកបាន។ ប៉ុន្តែបើសិនអ្នកមិនទទួលយកវាទុកនៅក្នុងចិត្តរបស់អ្នក នោះអំណោយទាននៃសេចក្តីសង្រ្គោះនេះមិនអាចធ្វើជាកម្មសិទ្ធិរបស់អ្នកបានឡើយ ទោះបើអ្នកព្យាយាមខ្លាំងយ៉ាងណាក៏ដោយ។ 
ខ្ញុំក៏ទទួលបានអំណោយទាននៃសេចក្តីសង្រ្គោះនេះផងដែរ។ «ព្រះ អម្ចាស់បានទទួលបុណ្យជ្រមុជតាមរបៀបនេះសម្រាប់ខ្ញុំ។ តាមរយៈការទទួលបុណ្យជ្រមុជ ទ្រង់បានទទួលយកទោសនៃអំពើបាបទាំងអស់របស់ខ្ញុំ។ ទ្រង់បានទទួលបុណ្យជ្រមុជ សម្រាប់ជាប្រយោជន៍ដល់ខ្ញុំ។ សូម អរព្រះគុណ ព្រះអម្ចាស់!» នេះគឺជាអ្វីដែលខ្ញុំបានជឿ។ ដូច្នេះ ខ្ញុំឥតមានបាបទៀតទេ ហើយខ្ញុំបានទទួលការអត់ទោសបាបដ៏គ្រប់លក្ខណ៍រួច ហើយ។ បើសិនអ្នកក៏ចង់ទទួលបានការអត់ទោសបាបនេះ និងបានសង្រ្គោះដែរ សូមទទួលយកវានៅខណៈពេលចុះ។ 
ខ្ញុំបានគិតអំពីអំណោយទាននៃសេចក្តីសង្រ្គោះនេះ គ្រប់ពេលវេលា ចាប់ពីពេលនោះមក។ សូម្បីតែឥឡូវនេះ នៅពេលខ្ញុំគិតអំពីវាម្តងទៀត ខ្ញុំដឹងថា ខ្ញុំមិនអាចធ្វើផ្សេងបានឡើង ក្រៅតែពីអរព្រះគុណដល់ព្រះអម្ចាស់ សម្រាប់សេចក្តីសង្រ្គោះរបស់ខ្ញុំ។ ដោយសារសេចក្តីស្រឡាញ់នៃសចក្តីសង្រ្គោះនេះនៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំមិនអាចភ្លេចវាបានឡើយ។ នៅពេលខ្ញុំបានទទួលការអត់ទោសបាបរបស់ខ្ញុំជាលើកដំបូង ដោយការទទួលយក និងការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាសេចក្តីពិតដែលបើកសម្តែងនៅក្នុងអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ខ្ញុំពិតជាបានដឹងព្រះគុណព្រះយ៉ាងខ្លាំង។ ហើយសូម្បីតែឥឡូវនេះ បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំបានកន្លងផុតទៅក៏ដោយ ក៏ខ្ញុំនៅតែមានចិត្តដែលដឹងព្រះគុណនេះជានិច្ច ហើយខ្ញុំបានកែជាថ្មីឡើង ជារៀងរាល់ថ្ងៃ។ 
ព្រះយេស៊ូវពិតជាបានយាងមកផែនដីនេះ ដើម្បីសង្រ្គោះខ្ញុំ បានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបទាំងអស់របស់ខ្ញុំដាក់លើអង្គទ្រង់ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីទទួលយកទណ្ឌកម្មនៃអំពើបាបរបស់ខ្ញុំ។ កាលណាខ្ញុំបានដឹងថា ការទាំងអស់នេះត្រូវបានធ្វើសម្រាប់ខ្ញុំ ខ្ញុំបានទទួលយកការទាំងនោះជារបស់ខ្ញុំមួយរំពេច។ ហើយខ្ញុំបានដឹងគ្រប់ពេលវេលាថា នេះគឺជាកិច្ចការដ៏ឆ្លាតវ័យបំផុតមួយ ដែលខ្ញុំបានធ្វើនៅក្នុងជីវិតរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំជឿថា ព្រះអម្ចាស់ពិតជាស្រឡាញ់ និងយកព្រះទ័យទុកដាក់ចំពោះខ្ញុំ ហើយខ្ញុំក៏ជឿ និងទទួលស្គាល់ផងដែរថា ទ្រង់បានធ្វើការទាំងនេះ ដោយសារទ្រង់បានស្រឡាញ់ខ្ញុំ។ «ព្រះអម្ចាស់ ទូលបង្គំសូមថ្វាយការអរព្រះគុណទាំងអស់ដល់ទ្រង់។ ដូចដែលទ្រង់បានស្រឡាញ់ទូលបង្គំ ទូលបង្គំក៏ស្រឡាញ់ទ្រង់ដែរ។» ការសារភាពបែបនេះគឺជាសេចក្តីអំណរដ៏ធំសម្រាប់អ្នកដែលបានកើតជាថ្មី។ 
សេចក្តីស្រឡាញ់របស់ព្រះអម្ចាស់មិនប្រែប្រួល ជារៀងរហូត។ ដូចដែលសេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់យើងមិនប្រែប្រួល ជារៀងរហូត សេចក្តីស្រឡាញ់របស់យើងសម្រាប់ទ្រង់ក៏មិនអាចប្រែប្រួល ជារៀងរហូតបានដែរ។ នៅពេលខ្លះ នៅពេលយើងរងទុក្ខ និងប្រឈមនឹងទុក្ខលំបាក ចិត្តរបស់យើងអាចវង្វេង ហើយយើងអាចចង់បំភ្លេច និងក្បត់សេចក្តីស្រឡាញ់នេះ។ ប៉ុន្តែសូម្បីតែនៅពេលយើងមានពេញដោយការឈឺចាប់ ហើយបញ្ញាចិត្តរបស់យើងធ្វើឲ្យយើងបរាជ័យ ហើយសូម្បីតែនៅពេលគ្រប់យ៉ាងដែលយើងគិតអំពី គឺជាការឈឺចាប់របស់យើងផ្ទាល់ក៏ដោយ ក៏ព្រះនៅតែធ្វើឲ្យយើងនៅតែស្មោះត្រង់ ដើម្បីឲ្យចិត្តរបស់យើងនឹងមិនបំភ្លេចសេចក្តីស្រឡាញ់របស់យើងឡើយ។ 
ព្រះស្រឡាញ់យើងជារៀងរហូត។ ព្រះអម្ចាស់របស់យើងបានយាងមកផែនដីនេះ សម្រាប់ជាប្រយោជន៍ដល់យើង គឺដោយសារទ្រង់បានស្រឡាញ់យើង រហូតដល់ទ្រង់ស្ម័គ្រព្រះទ័យលះបង់ព្រះជន្មរបស់ទ្រង់។ ឥឡូវនេះ ខ្ញុំសុំឲ្យអ្នកជឿលើសេចក្តីស្រឡាញ់របស់ព្រះ សម្រាប់ខ្លួនអ្នក។ ហើយសូមទទួលយកវាទុកនៅក្នុងចិត្តរបស់អ្នកចុះ។ ឥឡូវនេះ តើអ្នកជឿដែរទេ? 
ខ្ញុំសូមអរព្រះគុណដល់ព្រះអម្ចាស់ សម្រាប់ការសង្រ្គោះយើងយ៉ាងគ្រប់លក្ខណ៍ ចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈសេចក្តីស្រឡាញ់នេះ។