Search

សេចក្តីអធិប្បាយ

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 8-2] តើគ្រោះកាចនៃត្រែទាំង៧ កើតឡើងពិតប្រាកដឬ? (វិវរណៈ ៨:១-១៣)

តើគ្រោះកាចនៃត្រែទាំង៧ កើតឡើងពិតប្រាកដឬ?
(វិវរណៈ ៨:១-១៣)

នៅក្នុង វិវរណៈ ៥ មានក្រាំងមួយមានបិទត្រា៧ ដែលព្រះយេស៊ូវបានទទួលយក។ នេះមានន័យថា ព្រះយេស៊ូវត្រូវបានព្រះវរបិតាប្រគល់សិទ្ធិអំណាចឲ្យ ហើយថា ទ្រង់នឹងដឹកនាំពិភពលោកនេះស្របតាមផែនការរបស់ទ្រង់ចាប់ពីពេលនោះមក។ វិវរណៈ៨ ចាប់ផ្តើមជាមួយបទគម្ពីរថា «កាលកូនចៀមបកត្រាទី៧ នោះនៅស្ថានសួគ៌បានស្ងាត់ច្រៀប ប្រហែលជាកន្លះម៉ោង រួចខ្ញុំឃើញទេវតាទាំង៧ ដែលឈរនៅចំពោះព្រះក៏មានត្រែ៧បានប្រគល់ទៅឲ្យ»។ ដូច្នេះ ព្រះយេស៊ូវបើកត្រាទី៧នៃក្រាំងចេញ ហើយបង្ហាញប្រាប់យើងពីការទាំងអស់ដែលនឹងកើតឡើង។ 
ជំពូក៨ ចាប់ផ្តើមដោយប្រាប់យើងថា គ្រោះកាចនៃត្រែទាំង៧នឹងចាប់ផ្តើម ដោយការអធិស្ឋានរបស់ពួកបរិសុទ្ធ។ ចាប់ពីខ៦ទៅ ជំពូកនេះនិយាយអំពីគ្រោះនៃត្រែទាំង៧ ដែលនឹងត្រូវបានបង្ហូរមកលើផែនដីនេះ។ 
 
 

គ្រោះកាចនៃត្រែទី១


ត្រែទី១ - ខ.៧៖ «ទេវតាទី១ក៏ផ្លុំឡើង នោះកើតមានព្រិល ហើយភ្លើងលាយដោយឈាម បោះទៅលើផែនដី រួចផែនដី១ភាគក្នុង៣បានឆេះអស់ទៅ ព្រមទាំងដើមឈើ១ភាគក្នុង៣ដែរ និងស្មៅទាំងអស់ផង»។
រឿងទីមួយ ដែលយើងត្រូវតែដឹងថា យើងដែលជាពួកបរិសុទ្ធ នឹងត្រូវឆ្លងកាត់គ្រោះកាចនៃត្រែទាំង៧ដែរ ឬយ៉ាងណា នៅពេលគ្រោះកាចទាំងនេះធ្លាក់មកលើផែនដីនេះ។ 
នៅទីនេះ មានទេវតាទាំង៧ ដែលផ្លុំត្រែទាំង៧។ យើងត្រូវតែដឹងថា យើងនឹងបន្តនៅលើផែនដីនេះ ហើយត្រូវឆ្លងកាត់គ្រោះកាចចំនួន៦។ ប៉ុន្តែយើងក៏ត្រូវតែដឹងផងដែរថា កាលណាត្រែទី៧បន្លឺសម្លេងឡើង យើងនឹងត្រូវបានលើកឡើងទៅលើអាកាស ហើយបន្ទាប់មក នឹងមានគ្រោះកាចនៃចានទាំង៧ធ្លាក់ចុះមក។
ខ.៧ ប្រាប់យើងថា កាលណាទេវតាទី១ផ្លុំត្រែ ព្រិល និងភ្លើងលាយឈាមនឹងធ្លាក់មកលើផែនដីនេះ ហើយដុតកម្ទេចមួយភាគបីនៃផែនដី និងមួយភាគបីនៃដើមឈើ។ នៅក្នុងន័យផ្សេង មួយភាគបីនៃផែនដី និង ធម្មជាតិនឹងត្រូវឆេះអស់។ 
ដូច្នេះ តើយើងអាចរស់នៅបានទេ បើសិនធម្មជាតិត្រូវឆេះក្លាយជាផ្សែងបែបនេះ? កាលណាព្រិល និងភ្លើងលាយឈាមធ្លាក់មកលើយើង ហើយដើមឈើក្លាយទៅជាផេះ តើយើងអាចរស់នៅជាមួយបរិស្ថាន ធម្មជាតិដែលឆេះខ្ទេចខ្ទីរបែបនេះបានដែរទេ? នៅពេលយើងពិតជាប្រឈមនឹងការពិតនៃការបាត់បង់ផ្ទះសម្បែងរបស់យើង ដោយសារការធ្លាក់ព្រិល និងភ្លើងលាយឈាមបែបនេះ ហើយភ្នំ និងព្រៃកំពុងតែឆេះសន្ធរសន្ធៅ គ្មានអ្នកណាមានចិត្តចង់រស់នៅទៀតឡើយ។ 
សូមកុំភ្លេចថា អ្នក និងខ្ញុំត្រូវតែឆ្លងកាត់គ្រោះកាចទី១នេះ។ កាលណាវាប្រាប់យើងថា យើងកំពុងតែចូលទៅក្នុងគ្រោះកាចដ៏អាក្រក់នេះហើយ យើងត្រូវតែដឹងថា បន្ទាប់ពីនោះ អាទទឹងនឹងព្រះគ្រីស្ទលេចមកនៅលើផែនដីនេះរួចទៅហើយ។ ដោយសារគ្រោះកាចទាំងនេះនឹងចាប់ផ្តើម មុនពេលអាទទឹងនឹងព្រះគ្រីស្ទលេចមកយ៉ាងពេញលេញ ដើម្បីស្វែងរកអំណាចគ្រប់គ្រងផ្តាច់ការរបស់វាលើពិភពលោក ពួកអ្នកដឹកនាំពិភពលោកនឹងចាប់ផ្តើមបង្កើតកម្លាំងរួបរួមមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះកាចទាំងនេះ ហើយអ្នកដឹកនាំជាក់លាក់ម្នាក់នឹងបង្រួបបង្រួមអ្នកដឹកនាំចំនួនប្រាំពីរនាក់ទៀត ដើម្បីបង្កើតជាមហាអំណាចមួយ។ 
នៅក្នុងដំណើរការនេះ អាទទឹងនឹងព្រះគ្រីស្ទនឹងលេចមកជាធម្មតា ក្នុងនាមជាអ្នកដឹកនាំផ្តាច់ការម្នាក់។ ដោយសារអាទទឹងនឹងព្រះគ្រីស្ទ បង្ហាញសមត្ថភាពដ៏អស្ចារ្យ ក្នុងការគ្រប់គ្រង និងភាពធូរស្បើយពីសេចក្តីវិនាសនៃធម្មជាតិ មនុស្សជាច្រើនដែលចាប់អារម្មណ៍លើអំណាចរបស់វា នឹងចាប់ផ្តើមដើរតាមវា ដោយចាត់ទុកវាជាព្រះមួយ ហើយលទ្ធិរបស់វានឹងលេចមកបន្តិចម្តងៗជាពិត។ 
ព្រះគម្ពីរប្រាប់យើងថា កាលណាទេវតាទី១ផ្លុំត្រែ នឹងមានគ្រោះកាចទី១នៃត្រែទាំង៧ធ្លាក់មក ដែលនឹងដុតបំផ្លាញមួយភាគបីនៃផែនដីនេះ។ ទាំងយើងដែលជាពួកបរិសុទ្ធ និងទាំងមនុស្សនៅលើផែនដីនេះ នឹងកំពុងតែរស់នៅលើផែនដីនេះ ខណៈដែលគ្រោះកាចនេះកំពុងតែវាយប្រហារ។ ដូច្នេះ តើនឹងមានរឿងអ្វីកើតឡើងចំពោះផែនដីនេះ? នឹងមានភាពច្របូកច្របល់ពាសពេញពិភពលោក ការបំផ្លិចបំផ្លាញ សាកសព និងអ្នករបួសនៅគ្រប់កន្លែង ផ្សែង និងឧស្ម័នពុលពីបឹងភ្លើងគ្របដណ្តប់បរិយាកាស ខ្យល់នឹងខ្វះអុកស៊ីសហ្សែន និងការរត់គេចខ្លួនពីភ្លើងនឹងកាត់ផ្តាច់ សមត្ថភាពរបស់ផែនដីក្នុងការបង្កើតអុកស៊ីហ្សែនឡើងវិញ។ 
តាមរយៈគ្រោះកាចនេះ យើងត្រូវតែធ្វើការសម្រេចចិត្តដ៏វ័យឆ្លាត មួយ។ ដែលកំពុងតែរស់នៅក្នុងពិភពលោកធម្មតានៅពេលនេះ យើងអាចភ័យខ្លាចចំពោះគ្រោះកាច និងសេចក្តីវេទនាដ៏ធំដែលនឹងមកដល់។ ប៉ុន្តែយើងអាចបានរួចពីភាពភ័យខ្លាចនេះ ហើយត្រឡប់ជាក្លាហានវិញបាន ពីព្រោះរយៈពេលជាយូរមុនពេលមួយភាគបីនៃធម្មជាតិឆេះ ហើយមនុស្សកំពុងតែយំស្រែគ្រប់ទីកន្លែង យើងបានដឹងរួចទៅហើយថា គ្រោះកាចនេះត្រូវតែកើតឡើងតាមពេលវេលាកំណត់របស់វា ហើយថា នៅមានគ្រោះកាចចំនួន៦ទៀតដែលនឹងមកដល់។ ដោយសារយើងមានសេចក្តីសង្ឃឹម យើងអាចពេញដោយសេចក្តីសង្ឃឹមបាន ប៉ុន្តែដោយសារយើងក៏មានសាច់ឈាមផងដែរ ពេលខ្លះ ភាពភ័យខ្លាចនេះអាចវាយប្រហារយើង បាន។ ប៉ុន្តែដោយសារយើងដឹងពីអនាគតនៃផែនដីនេះ យើងមិនដាក់ សេចក្តីសង្ឃឹមរបស់យើងនៅលើផែនដីនេះទេ ប៉ុន្តែលើនគរនៃព្រះវិញ។ តាមរយៈជំនឿនេះ និងដោយសារការគង់នៅជាមួយរបស់ព្រះវិញ្ញាណបរិសុទ្ធ យើងអាចមានភាពក្លាហានបាន។ 
ការស្រែទ្រហ៊ោយំរបស់មនុស្សនៅលើផែនដី នឹងកាន់តែមានសម្លេងខ្លាំងឡើងៗ ហើយយើងក៏នឹងកាន់ទុក្ខផងដែរ បើសិនសមាជិកគ្រួសាររបស់យើងមាននៅក្នុងចំណៅមអស់អ្នកដែលមិនបានទទួលការអត់ទោសសម្រាប់អំពើបាប។ សមាជិកគ្រួសារខាងសាច់ឈាមខ្លួនរបស់យើង ដែលមិនបានប្រោសលោះចេញពីអំពើបាបរបស់ពួកគេ ក៏នឹងអាចលក់យើងដូរយកម្ហូបសល់បានដែរ។ ម៉្យាងវិញទៀត អ្នកផ្សេងៗទៀតអាចមកឯយើង ដើម្បីសួរពីរបៀបដែលពួកគេអាចទទួលបានការអត់ទោស សម្រាប់អំពើបាបរបស់ពួកគេ។ ការទាំងនេះពិតជាអាចកើតឡើងបាន ពីព្រោះនៅពេលនោះ ឱកាសសម្រាប់សេចក្តីប្រោសលោះរបស់ពួកគេនៅមាននៅឡើយ។ ព្រះគម្ពីរប្រាប់យើងថា កាលណាគ្រោះកាចនៃត្រែទាំង៧មកដល់ មនុស្សមួយភាគបីនៅលើផែនដីនេះនឹងស្លាប់។ នេះក៏មានន័យផងដែរថា ពីរភាគបីនៃមនុស្សនៅលើផែនដីនេះនឹងរួចខ្លួន។ កាលណាមួយភាគបីនៃចំនួនមនុស្សនៅលើផែនដីនេះពិតជាត្រូវឆេះស្លាប់ យើងគួរតែដឹងថា ពេលវេលានៃទុក្ករកម្មរបស់យើង និងការយាងមកវិញរបស់ព្រះអម្ចាស់ជិតកើតឡើងហើយ។ ព្រះបានមានបន្ទូលថា ទ្រង់នឹងចាក់ព្រិលលាយឈាមពីមេឃចុះមកលើផែនដីនេះ។ 
កាលណាព្រះចាក់ភ្លើង និងព្រិលមកលើយើង យើងពិតជានឹងមិនអាចគេចចេញពីវាបានឡើយ។ សូម្បីតែភាពរីកចម្រើនខាងវិទ្យាសាស្ត្រ ដែលបង្កើត និងដាក់ខែលការពារនៅលើអាកាស ដែលអាចគ្របដណ្តប់ផែនដីទាំងមូលពីការចាក់ភ្លើង និងព្រិល ក៏មិនអាចទប់ទល់នឹងគ្រោះកាចនេះបានដែរ។ ទោះបីជាយើងមាឧបករណ៍បែបនេះមួយក៏ដោយ ក៏វានៅតែមិនអាចប្រៀបនឹងអំណាចនៃគ្រោះកាច ដែលមកពីព្រះអម្ចាស់បាន ដែរ។ ហើយយើងត្រូវតែទទួលយកនៅក្នុងចិត្តរបស់យើងនូវការពិតថា គ្រោះកាចទាំងនេះពិតជានឹងកើតឡើងជាក់ស្តែងចំពោះយើង ហើយយើងត្រូវតែរស់នៅក្នុងជីវិតបច្ចុប្បន្នរបស់យើង ដោយការជឿតាមព្រះបន្ទូលសន្យាទាំងអស់របស់ព្រះ ដោយចិត្តរបស់យើង។ 
ថ្មីៗនេះ ខ្ញុំបានស្តាប់ព័ត៌មានថា គ្រាប់ព្រិលធំប៉ុនក្បាលមនុស្ស ប្រវែល៤៥សង់ទីម៉ែត្រ បានធ្លាក់នៅក្នុងប្រទេសចិន។ ដុំទឹកកកទាំងនេះដែលមានទំហំប៉ុនក្បាលមនុស្ស បានធ្លាក់មកយ៉ាងលឿន ដោយកម្លាំងយ៉ាងខ្លាំង ដែលទម្លុះដំបូលផ្ទះ និងបំផ្លាញគ្រប់យ៉ាងដែលប៉ះទង្គិចនឹងវា។ ប៉ុន្តែគ្រោះកាចទីមួយនឹងធ្លាក់មក ដោយកម្លាំងកាន់តែខ្លាំងជាងនេះទៅទៀត។ យើងត្រូវតែជឿនៅក្នុងចិត្តថា ភ្លើងដែលនឹងដុតមួយភាគបីនៃផែនដីនេះ ដែលមានកម្លាំងបំផ្លាញខ្លាំងជាគ្រាប់ព្រិលនៅប្រទេសចិនទៅទៀត ពិតជានឹងមកដល់មែន ហើយយើងត្រូវតែប្រព្រឹត្ត ដោយជំនឿនេះ កាលណាគ្រោះកាចនេះមកដល់។ យើងត្រូវតែជឿថា ផែនដីនេះនឹងត្រូវវិនាសក្នុងពេលដ៏ឆាប់។ ហើយយើងក៏ត្រូវតែប្តេជ្ញាចិត្តក្នុងការប្រឈមនឹងគ្រោះកាចនេះ ដោយជំនឿបែបនេះ ហើយស្ម័គ្រចិត្តធ្វើទុក្ករកម្មដែរ។ កាលណាត្រែទី៧បន្លឺសម្លងឡើង គ្រោះកាចទាំង៧ពិតជានឹងធ្លាក់មកលើផែនដីនេះ ហើយ។ នេះគឺជាគ្រោះកាចទី១ក្នុងចំណោមគ្រោះកាចទាំង៧។ 
 


គ្រោះកាចនៃត្រែទី២ ដែលមកពីព្រះ


ត្រែទី២ - ខ.៨-៩៖ «ទេវតាទី២ក៏ផ្លុំឡើង នោះមានដូចជាភ្នំយ៉ាងធំកំពុងតែឆេះជាភ្លើង បានបោះទំលាក់នៅក្នុងសមុទ្រ រួចសមុទ្រ១ភាគក្នុង៣ក៏ត្រឡប់ទៅជាឈាម ៩ ហើយអស់ទាំងសត្វនៅក្នុងសមុទ្រ ដែលមានជីវិតរស់ ក៏ស្លាប់អស់១ភាគក្នុង៣ ហើយអស់ទាំងនាវា ក៏ត្រូវបំផ្លាញ១ភាគក្នុង៣ដែរ»។
យើងត្រូវតែយកចិត្តទុកដាក់ចំពោះការពិតថា ពួកបរិសុទ្ធក៏នឹងរស់នៅឆ្លងកាត់គ្រោះកាចទីពីរនេះផងដែរ។ 
ខទាំងនេះនិយាយថា អ្វីមួយដូចជាភ្នំដ៏ធំត្រូវបានបោះទម្លាក់ទៅក្នុងសមុទ្រ ហើយធ្វើមួយភាគបីនៃសមុទ្រប្រែទៅជាឈាម និងសម្លាប់មួយភាគបីនៃសត្វទាំងអស់នៅក្នុងសមុទ្រ។ កាលណាថ្ងៃចុងក្រោយមកដល់ សណ្តាប់ធ្នាប់នៃសកលលោកនេះនឹងបាត់បង់ ដែលធ្វើឲ្យអន្តរាយដល់ក្រុមផ្កាយ និងបណ្តាលឲ្យពួកវាប៉ះទង្គិចគ្នាទៅវិញទៅមក ហើយបែកបាក់ជាចំណែកៗ ហើយចំណែកនៃផ្កាយទាំងនេះនឹងហោះឆ្ពោះមកផែនដី។ ចំណែកខ្លះនឹងទម្លុះបរិយាកាស ហើយធ្លាក់ទៅក្នុងសមុទ្រ ហើយជាមួយនឹងកម្លាំងដ៏ខ្លាំងក្លារបស់វា ធ្វើឲ្យមួយភាគបីនៃសមុទ្រប្រែទៅជាឈាម សម្លាប់មួយភាគបីនៃសត្វសមុទ្រ និងបំផ្លាញមួយភាគបីនៃនាវា។ នេះហើយគឺជាគ្រោះកាចនៃត្រែទី២ ក្នុងចំណោមគ្រោះកាចនៃត្រែទាំង៧។ 
ដូច្នេះ កាលណាការនេះកើតឡើង តើយើងនឹងអាចបរិភោគត្រីពី សមុទ្រ ឬហែលទឹកសមុទ្របានទៀតទេ? ពិតជាមិនអាចឡើយ។ កាលណាផ្កាយដុះកន្ទុយមួយដូចជាភ្នំដ៏ធំ ធ្លាក់ទៅក្នុងសមុទ្រ មួយភាគបីនៃ សមុទ្រនឹងប្រែទៅជាឈាម មួយភាគបីនៃសត្វសមុទ្រនឹងងាប់ សាកសពសត្វទាំងនោះនឹងធ្វើឲ្យសមុទ្រស្អុយរលួយ ហើយការរញ្ជួយរលកសមុទ្រ និងការរញ្ជួយដីនឹងសម្លាប់មនុស្សជាច្រើន ហើយបំផ្លាញនាវា។
ខ្ញុំនឹកចាំអំពីខ្សែភាពយន្តមួយ ដែលបង្ហាញពីផ្កាយដុះកន្ទុយមួយធ្លាក់ទៅក្នុងសមុទ្រ ហើយបង្កើតជាការរញ្ជួយរលកសមុទ្រដែលគ្របដណ្តប់លើផែនដីនេះ។ ខ្ញុំប្រាកដថា ផលិតករនៃខ្សែភាពយន្តនេះបានមានរូបភាពដ៏រស់រវើកនៃថ្ងៃចុងក្រោយនៅក្នុងគំនិតរបស់ពួកគេ នៅពេលពួកគេ ផលិតខ្សែភាពយន្តនេះឡើង។ ការដែលគ្រោះមហន្តរាយទាំងនោះនឹងវាយប្រហារផែនដីនេះគឺជាការពិត ដែលសូម្បីតែអ្នកមិនជឿក៏អាចទទួលស្គាល់បានយ៉ាងងាយដែរ។ គ្រោះកាចនៃការធ្លាក់ផ្កាយដុះកន្ទុយនឹងសម្លាប់មនុស្សយ៉ាងច្រើនរាប់មិនអស់។ ប៉ុន្តែដោយសារតែមួយភាគបីនៃផែនដីតែប៉ុណ្ណោះ ដែលត្រូវវិនាស អ្នក និងខ្ញុំនឹងបន្តរស់នៅលើផែនដីនេះ រហូតល់គ្រោះកាចនៃចានទាំង៧ធ្លាក់មក។ 
មនុស្សធ្លាប់ជឿពីមុនមកថា ការលើកពួកបរិសុទ្ធឡើងទៅលើអាកាសនឹងកើតឡើង បន្ទាប់ពីការរងទុក្ខវេទនាដ៏ធំបញ្ចប់ទៅ ប៉ុន្តែដោយសារការលេចឡើងនៃទ្រឹស្តីអំពីការលើកពួកបរិសុទ្ធ ឡើងទៅស្ថានសួគ៌អាកាសមុនពេលការរងទុក្ខវេទនាដ៏ធំ ទេវវិទូជាច្រើនបានចាប់ផ្តើមជឿតាមទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ មុនពេលការរងទុក្ខវេទនាដ៏ធំនេះវិញ។ កាន់តែអាក្រក់ជាងនេះ សូម្បីតែបដិសហស្សវត្យនិយមដែលបដិសេធនគររាជ្យមួយពាន់ឆ្នាំ ក៏ឥឡូវនេះបានលេចរូបរាងរបស់ខ្លួនដែរ។ នៅក្នុងភាពអសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយព្រះបន្ទូលនៃការបើកសម្តែងទាំងមូល ឥឡូវនេះ ពួកទេវវិទូកំពុងតែព្យាយាមរត់គេចពីព្រះបន្ទូលទាំងអស់នេះហើយ។ អស់អ្នកដែលនឹងបាត់បង់ សេចក្តីសង្ឃឹមរបស់ខ្លួននៅលើផែនដីនេះ ដោយសារតែគ្រោះកាចទាំងអស់ដែលនឹងមកដល់ នឹងផ្តល់ភាពផ្ទុយគ្នាដល់ពួកបរិសុទ្ធដែលបានកើតជាថ្មី ដែលនឹងទ្រាំទ្រនឹងស្ថានភាព ដោយដាក់សេចក្តីសង្ឃឹមរបស់ខ្លួននៅលើនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មីតែប៉ុណ្ណោះ។ 
ដោយសារថ្ងៃចុងក្រោយកាន់តែជិតមកដល់ហើយ យើងគួរតែត្រៀមជំនឿរបស់យើងជាស្រេច ប៉ុន្តែផ្ទុយទៅវិញ មនុស្សជាច្រើនចូលចិត្តនិយាយអំពីទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ មុនពេលការរងទុក្ខវេទនាដ៏ធំ ឬបដិសហស្សវត្សនិយម ដើម្បីព្យាយាមគេចេញពីការប្រឈមនឹងជំនឿពិតប្រាកដ។ ដោយសារពួកគេជឿថា ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញនៅក្នុងពពក ខណៈដែលពួកគេកំពុងតែរស់នៅជា ធម្មតាប្រចាំថ្ងៃ និងដោយសារពួកគេជឿថា ពួកគេនឹងត្រូវបានលើកឡើងដោយផ្ទាល់ទៅក្នុងនគរព្រះ ដោយមិនចាំបាច់ឆ្លងកាត់គ្រោះកាចទាំងអស់ ពួកគេមិនកំពុងតែត្រៀមជំនឿរបស់ពួកគេ សម្រាប់ការរងទុក្ខវេទនាដ៏ធំអ្វីទាំងអស់។ 
បើមើលមួយភ្លែត អស់អ្នកដែលមានការសេចក្តីសុខសាន្ត និងមិនត្រៀមខ្លួនសម្រាប់សេចក្តីវេទនាដ៏ធំ ហាក់ដូចជាក្លាហានណាស់។ មូលហេតុដែលមនុស្សមានបាបដែលមិនបានកើតជាថ្មី ហាក់ដូចជាក្លាហានចំពោះសេចក្តីវេទនាដ៏ធំ គឺដោយសារព្រលឹងរបស់ពួកគេបានស្រវឹងនឹងសេចក្តីកុហករបស់ពួកហោរាក្លែងក្លាយ ហើយស្លាប់ និងគ្មានបំណងចិត្តខាងវិញ្ញាណនៅក្នុងខ្លួនទៀតទេ។ សម្រាប់មូលហេតុដូចគ្នានេះគឺថា ព្រលឹងរបស់ពួកគេបានស្លាប់ទៅហើយ ហើយពួកគេមិនស្តាប់ និងបដិសេធដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជួយឲ្យពួកគេអាចបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ ហើយចូលទៅក្នុងនគរព្រះបាន (យ៉ូហាន ៣:៥)។ 
ប៉ុន្តែអ្នកដែលបានកើតជាថ្មិ ត្រូវតែត្រៀមជំនឿរបស់ខ្លួនជាស្រេច សម្រាប់សេចក្តីវេទនាដ៏ធំនៅថ្ងៃចុងក្រោយ ទោះបើជីវិតបច្ចុប្បន្នរបស់ពួកគេមានភាពស្រណុកសុខស្រួលក៏ដោយ។ ពួកគេត្រូវតែត្រៀមខ្លួនជាមុន សម្រាប់អនាគត ដោយរក្សាគំនិត និងបំណងចិត្តរបស់ខ្លួនក្នុងការប្រកាសដំណឹងល្អ ទៅកាន់អ្នកដែលបានមិនស្មោះត្រង់ចំពោះព្រះ ដើម្បីឲ្យពួកគេអាចសង្រ្គោះព្រលឹងជាច្រើន ក្នុងកំឡុងពេលរងទុក្ខវេទនាដ៏ធំបាន។ 
ការព្រងើយកន្តើយចំពោះការមកដល់នៃសេចក្តីវេទនាដ៏ធំ គឺជា សេចក្តីចំកួតមួយ។ អស់អ្នកដែលធ្វើដូច្នេះ នឹងគ្មានសង្ឃឹមនៅចំពោះគ្រោះកាចឡើយ ហើយបានដូចជាអ្វីដែលបានកើតឡើងជាមួយសង្រ្គាម កូរ៉េអញ្ចឹងដែរ។ មុនពេលសង្រ្គាមកូរ៉េបានផ្ទុះឡើង សហរដ្ឋអាមេរិកបានស៊ើបការណ៍ដឹងពីការចល័តទ័ពដ៏ធំរបស់កូរ៉េខាងជើង ហើយបានព្រមានកូរ៉េខាងត្បូងអំពីការឈ្លានពានភ្លាមៗមួយ ប៉ុន្តែរដ្ឋាភិបាល និងកងទ័ពកូរ៉េខាងត្បូងបានព្រងើយកន្តើយចំពោះការព្រមាននេះទាំងស្រុង ហើយបែរជាបញ្ជូនកងទ័ពទៅលំហែរកាយ ហើយអនុញ្ញាតកងទ័ពជួរមុខសម្រាកថ្ងៃចុងសប្តាហ៍ នៅចំថ្ងៃនៃការឈ្លានពានទៅវិញ។ 
ដោយសារពួកគេមិនបានត្រៀមខ្លួនសម្រាប់សង្រ្គាម សូម្បីតែនៅពេលភ្នាក់ងារសម្ងាត់ព្រមានពួកគេ អំពីការឈ្លានពានរបស់កូរ៉េខាងជើង ពួកគេមិនអាចទប់ទល់នឹងការវាយប្រហាររបស់កូរ៉េខាងជើងបានឡើយ ហើយភ្លាមៗ ពួកគេត្រូវបានវាយឲ្យរត់ទៅខ្សែត្រៀមចុងក្រោយបង្អស់ នៅជ្រុងនៃភាគខាងត្បូង។ នៅពេលកូរ៉េខាងត្បូងបានហៅកងទ័ពរបស់ខ្លួនឲ្យត្រឡប់មកពីការសម្រាកលំហែរជាបន្ទាន់ ហើយបានព្យាយាមរៀបចំកងទ័ពសម្រាប់សង្រ្គាម ខ្សែត្រៀមជួរមុខរបស់ខ្លួនត្រូវបានវាយបំបែករួចទៅហើយ ហើយគ្មានជម្រើសអ្វីក្រៅពីការដកថយ និងចំនួនដ៏ច្រើននៃមនុស្សរបួស និងស្លាប់តែប៉ុណ្ណោះ។
នេះគឺជាសេចក្តីវេទនា ដែលនឹងធ្លាក់មកលើយើង បើសិនយើងមិនជឿតាមព្រះបន្ទូលដែលព្រះបានមានបន្ទូលមកកាន់យើង អំពីថ្ងៃចុងក្រោយទេ។ ប៉ុន្តែបើសិនយើងជឿវាយ៉ាងស្មោះត្រង់ នោះយើងអាចរួចពីសេចក្តីវេទនានោះបាន។ កណ្ឌគម្ពីរវិវរណៈនិយាយអំពីខែលការពារមួយ នៅក្នុងពេលវេលានៃការរងទុក្ខវេទនាដ៏ធំ ប៉ុន្តែវាមិនប្រាប់យើងអំពីទីតាំងច្បាស់លាស់នោះទេ។ ទោះបីយ៉ាងណា វាប្រាប់យើងថា ពួកបរិសុទ្ធនឹងត្រូវបានការពារ និងចិញ្ចឹមនៅក្នុងខែលការពារមួយ។ ខែលការពារនេះសំដៅទៅលើពួកជំនុំ។ តើនៅក្នុងពិភពលោកនេះ មនុស្សអាចស្វែងរកបានខែលការពារមួយនៅកន្លែងណា? មនុស្សមួយចំនួននិយាយថា ពួកគេអាចរួចខ្លួនបាន បើសិនពួកគេរត់ទៅអ៊ីស្រាអែល។ ប៉ុន្តែនៅអ៊ីស្រាអែល មនុស្សពិតជានឹងប្រឈមនឹងសេចក្តីវេទនាធ្ងន់ធ្ងរជាងទៅទៀត។ អ្នកគួរតែដឹងថា ដោយសារអាទទឹងនឹងព្រះគ្រីស្ទនឹងបោះទីតាំងរបស់វានៅ អ៊ីស្រាអែល គ្រោះកាចនឹងមានសភាពកាន់តែធ្ងន់ធ្ងន់នៅទីនោះ។ 
ទោះបីជាព្រះបន្ទូលអំពីសេចក្តីវេទនាដ៏ធំនេះមិនទាន់ក្លាយជាការពិតនៅពេលនេះក៏ដោយ ក៏អ្នកត្រូវតែជឿវានៅក្នុងចិត្តរបស់អ្នក ហើយត្រៀមខ្លួនជាស្រេចសម្រាប់អនាគតដែរ។ អ្នកត្រូវតែជឿនៅក្នុងចិត្តរបស់អ្នក ហើយជាមួយជំនឿនេះ អ្នកត្រូវតែប្រកាសដំណឹងល្អទៅកាន់មនុស្ស ទុកដូចជាអ្នកកំពុងតែរស់នៅក្នុងពេលវេលានៃសេចក្តីវេទនាដ៏ធំនោះរួចទៅហើយចុះ។ អ្នកត្រូវតែរៀបចំចិត្តរបស់មនុស្ស និងដឹកនាំពួកគេទៅឯខែលការពារ ដោយការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់ពួកគេ។ ព្រះបានរក្សាយើងនៅក្នុងពួកជំនុំរបស់ទ្រង់ ដើម្បីឲ្យយើងនឹងប្រកាសការទាំងនោះទៅកាន់មនុស្ស ហើយជួយពួកគេឲ្យត្រៀមជំនឿរបស់ពួកគេជាស្រេច សម្រាប់ថ្ងៃចុងក្រោយ។ 
នេះគឺជាមូលហេតុដែលយើងគំពុងតែធ្វើអ្វីដែលយើងកំពុងតែធ្វើ គឺការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយអស់ពីកម្លាំងរបស់យើង។ យើងកំពុងតែប្រកាសព្រះបន្ទូលនៃការបើកសម្តែងនៅសម័យនេះ មិនដើម្បីអួតពីខ្លួនឯងទេ ប៉ុន្តែដោយសាវាគឺជាព្រះបន្ទូលសំខាន់ចាំបាច់សម្រាប់សម័យសព្វថ្ងៃនេះ ទាំងអ្នកជឿ និងទាំងអ្នកមិនជឿផង។ មានតែត្រៀមជំនឿនេះជាស្រេចចាប់ពីពេលនេះទេ ទើបចិត្តរបស់យើងនឹងមិនអាចរង្គោះរង្គើ នៅពេលគ្រោះកាច និងសេចក្តីវេទនាដ៏ធំធ្លាក់មក។ 
ពិតមែនហើយ ព្រះនឹងប្រទានការការពារពិសេសរបស់ទ្រង់ដល់យើង ប៉ុន្តែដោយសារយើងកំពុងតែរស់នៅក្នុងពិភពលោកដែលលំបាក និងអាក្រក់ បើសិនយើងដឹងពីអ្វីដែលនឹងត្រូវមកនៅថ្ងៃចុងក្រោយ និងត្រៀមជំនឿរបស់យើងជាស្រេច ដើម្បីយកឈ្នះលើសេចក្តីវេទនាដ៏ធំ នោះយើងអាចប្រកាសដំណឹងល្អបានកាន់តែច្រើន។ ហើយដោយសារយើងនឹងមានទំនុកចិត្ត និងសេចក្តីសង្ឃឹមកាន់តែខ្លាំងសម្រាប់នគរព្រះ យើងនឹងមិនវិនាស ដោយសារតែលោកិយបច្ចុច្បន្ននេះ ឬបោះបង់ជំនឿរបស់យើងទេ ប៉ុន្តែផ្ទុយទៅវិញ យើងនឹងធ្វើការងារនៃជំនឿកាន់តែខ្លាំងឡើង។ នេះគឺជាមូលហេតុដែលយើងប្រកាសព្រះបន្ទូលនៃការបើក សម្តែង និងបម្រើការងារនៃជំនឿជាច្រើន។ 
 

គ្រោះកាចនៃត្រែទី៣

ត្រែទី៣ - ខ.១០-១១៖ «ទេវតាទី៣ក៏ផ្លុំឡើង នោះមានផ្កាយ១យ៉ាងធំធ្លាក់ចុះពីលើមេឃ ទាំងឆេះដូចជាចន្លុះ ក៏ធ្លាក់ទៅលើអស់ទាំងទន្លេ១ភាគក្នុង៣ ហើយនិងលើអស់ទាំងរន្ធទឹក ផ្កាយនោះឈ្មោះហៅថា [ស្លែង] ហើយទឹក១ភាគក្នុង៣ បានត្រឡប់ទៅជាពុល មានមនុស្សជាច្រើនស្លាប់ ដោយសារទឹកនោះ ដ្បិតបានត្រឡប់ជាល្វីងអស់ហើយ»។ 
ពួកបរិសុទ្ធក៏នឹងត្រូវឆ្លងកាត់គ្រោះកាចទីបីនេះផងដែរ។ គ្រោះកាចនៃត្រែទី២ត្រូវធ្លាក់ទៅក្នុងសមុទ្រ ប៉ុន្តែនៅពេលនេះ ត្រែទី៣នឹងទម្លាក់គ្រោះកាចទៅក្នុងទន្លេ និងរន្ធទឹកវិញ។ នៅទីនេះ ផ្កាយមួយយ៉ាងធំធ្លាក់ចុះពីលើមេឃ សំដៅទៅលើផ្កាយដុះកន្ទុយមួយ។ ទន្លេ និងរន្ធទាំងប៉ុន្មាន ដែលត្រូវប៉ះទង្គិចនឹងផ្កាយដុះកន្ទុយនេះ នឹងប្រែជាល្វីង ខណៈដែលពួកវាក្លាយទៅជាស្លែង។ នៅសម័យបុរាណ មនុស្សធ្លាប់បានកិនស្លែង ហើយបរិភោគរសរបស់វាជាឱសថ ដែលមានជាតិល្វីងលើសពីការគិត។ ព្រះគម្ពីរប្រាប់យើងថា កាលណាស្លែងល្វីងនេះរីកផ្សាយពេញទឹកនៅលើផែនដីនេះហើយ មនុស្សជាច្រើននឹងស្លាប់ ដោយសារទឹកទាំងនោះ។ 
ខណៈដែលមួយភាគបីនៃទឹកសាបនៅលើផែនដីនេះប្រែទៅជាស្លែងល្វីង មនុស្សជាច្រើននឹងស្លាប់ដោយសារវា ប៉ុន្តែព្រះអម្ចាស់នឹងការពារ រាស្ត្ររបស់ទ្រង់ ក្នុងកំឡុងពេលគ្រោះកាចនេះ។ ការស្លាប់មនុស្សយ៉ាងច្រើននេះ ប្រហែលបណ្តាលមកពីជម្ងឺឆ្លងតាមទឹកមួយចំនួន ដែលមកពីការផ្លាស់ប្តូរជីវគីមី ដែលបង្កើតឡើង ដោយការធ្លាក់ផ្កាយដុះកន្ទុយ។ នៅក្នុងន័យផ្សេង មនុស្សមិនស្លាប់ដោយសារតែទឹកប្រែទៅជាល្លវីងទេ ប៉ុន្តែដោយសារអ្វីមួយផ្សេងទៀត។ យើងដឹង និងជឿថា គ្រប់ការទាំងនេះគឺជាការពិត ហើយថា ពួកវាពិតជានឹងកើតឡើងនៅពេលអនាគតជាមិនខាន។ 
 

គ្រោះកាចនៃត្រែទី៤

ត្រែទី៤ - ខ.១២៖ «ទេវតាទី៤ក៏ផ្លុំឡើង នោះព្រះអាទិត្យ ព្រះចន្ទ និងផ្កាយទាំងប៉ុន្មាន បានត្រូវងងឹតទៅ១ភាគក្នុង៣ នៅពេលថ្ងៃគ្មានពន្លឺ១ភាគក្នុង៣ ពេលយប់ក៏ដូច្នោះដែរ»។ 
សូមកុំភ្លេចថា ពួកបរិសុទ្ធក៏នឹងកំពុងតែរស់នៅលើផែនដីនេះផងដែរ ខណៈដែលគ្រោះកាចទីបួននេះធ្លាក់មក។ 
បើសិនមួយភាគបីនៃថ្ងៃមិនបញ្ចេញពន្លឺទេ វាមានន័យថា ពន្លឺថ្ងៃត្រូវបានបន្ថយមកត្រឹមបួនម៉ោង ពីជាមធ្យមប្រាំពីរទៅប្រាំបីម៉ោង។ ដោយសារព្រះច័ន្ទ និងផ្កាយក៏នឹងបាត់បង់មួយភាគបីនៃពន្លឺរបស់ខ្លួន នោះផែនដីទាំងមូលនឹងប្រែទៅជាងងឹត។ នៅក្នុងន័យផ្សេង នៅពេលវាគួរតែជាពេលថ្ងៃ ភាពងងឹតនឹងធ្លាក់មកមួយរំពេច។ ខ្សែភាពយន្តមួយ ដែលមានចំណងជើងថា Rapture (ការលើកពួកបរិសុទ្ធឡើងទៅក្នុងអាកាស) ដើរតាមទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ មុនពេលរងទុក្ខវេទនាដ៏ធំ ប៉ុន្តែនៅក្នុងខ្សែភាពយន្តនេះ អ្នកអាចមើលឃើញផែនដីទាំងមូលប្រែទៅជាងងឹតទាំងកណ្តាលថ្ងៃចែស ដែលធ្វើឲ្យមនុស្សគ្រប់គ្នាស្រែកយំ និងភ័យតក់ស្លត់។ ចូរគិតអំពីនេះដោយខ្លួនឯង៖ វាគួរតែម៉ោង១១ព្រឹក ប៉ុន្តែមួយរំពេចនោះ ព្រះអាទិត្យក៏បាត់ទៅ ហើយគ្មានពន្លឺទៀតសោះ។ អ្នកក៏នឹងត្រូវបានវាយប្រហារ ដោយសេចក្តីភ័យខ្លាចនេះ ដូចជាអ្នកត្រូវបានទេវតានៃសេចក្តីស្លាប់មកសួរសុខទុក្ខដែរ។
យើងដឹងថា យើងនឹងត្រូវរស់នៅ ហើយឆ្លងកាត់ពេលវេលាដ៏ មហន្តរាយនេះ ប៉ុន្តែអ្នកមិនគួរភ័យខ្លាចឡើយ។ ព្រះនឹងការពារ និងប្រទានពរដល់យើងកាន់តែខ្លាំងឡើង។ នៅពេលនេះ ជំនឿរបស់អ្នកនឹងបានជារឹងមាំ ដែលព្រះនឹងឆ្លើយតបចំពោះសេចក្តីអធិស្ឋានរបស់អ្នក ហើយទ្រង់ធ្វើការសម្រាប់អ្នក នៅពេលអ្នកអធិស្ឋានទៅកាន់ទ្រង់។ ដោយសារព្រះបានសន្យាជាមួយយើងថា ទ្រង់នឹងតែងតែគង់ជាមួយយើង រហូតដល់ចុងបំផុតផែនដី ទ្រង់នឹងមិនចាកចោលយើងនៅក្នុងសេចក្តីវេទនាដ៏ធំនៅថ្ងៃចុងក្រោយឡើយ។ ដោយឥតមានការសង្ស័យ ទ្រង់នឹងតែងតែគង់នៅជាមួយយើងជានិច្ច។ ដូច្នេះ ដោយសារព្រះនឹងគង់នៅជាមួយយើងគ្រប់ពេលវេលា យើងត្រូវតែជឿថា ទ្រង់នឹងការពារយើង ហើយអនុញ្ញាតឲ្យយើងបានរួចខ្លួន ហើយយើងត្រូវតែប្រកាសជំនឿនេះទៅកាន់អ្នកដទៃ ដើម្បីត្រៀមជំនឿរបស់ពួកគេជាស្រេចផងដែរ។ 
 

គ្រោះកាចចំនួនបីទៀតនឹងមកដល់

ខ.១៣ និយាយថា «រួចខ្ញុំឃើញ ហើយឮសត្វឥន្ទ្រីហើរកាត់កណ្តាលមេឃ ទាំងបន្លឺដោយសំឡេងយ៉ាងខ្លាំងថា វេទនា វេទនា វេទនាហើយ ដល់អស់មនុស្សដែលនៅផែនដី ដោយព្រោះសូរត្រែរបស់ទេវតាទាំង៣ ដែលរៀបនឹងផ្លុំទៀត»។ 
កាលណាទេវតាស្រែកថា វេទនា ចំនួនបីដង នោះនឹងមានគ្រោះកាចចំនួនបីទៀត ដែលនឹងត្រូវធ្លាក់មកលើផែនដីនេះ។ នៅក្នុងន័យផ្សេង ក្នុងចំណោមគ្រោះកាចនៃត្រែទាំង៧ នៅសល់គ្រោះកាចចំនួនបីទៀត។ យើងគួរតែដឹងថា នៅឯត្រែទី៧ ការលើកយើងឡើងទៅក្នុងអាកាសនឹងកើត ឡើង។ កាលណាគ្រោះកាចនៃត្រែទាំង៦បញ្ចប់ទៅ ហើយទេវតាទី៧ផ្លុំត្រែ ពួកបរិសុទ្ធនឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ និងលើកឡើងទៅលើអាកាសមួយរំពេច។ កាលណាពួកបរិសុទ្ធទាំងអស់ត្រូវបានលើកឡើងទៅជួបនឹងព្រះអម្ចាស់នៅលើអាកាស គ្រោះកាចនៃចានទាំង៧នឹងត្រូវបានចាក់មកលើផែនដីនេះ។ 
យើងត្រូវតែដឹងថា ក្នុងពេលដ៏ឆាប់ ផែនដីនេះនឹងចូលទៅដល់ការ ផ្តើមនៃគ្រោះកាចនៃត្រែទាំង៧ និងគ្រោះកាចនៃចានទាំង៧ ស្របតាមបំណងព្រះហឫទ័យព្រះ។ ហើយយើងត្រូវតែជឿលើការគ្រោះកាចទាំងនេះនៅក្នុងចិត្តរបស់យើង ហើយចិញ្ចឹមជំនឿរបស់យើងឲ្យរីកចម្រើន ដើម្បីឲ្យជំនឿរបស់យើងអាចរឹងមាំល្មម ក្នុងការទ្រាំទ្រនឹងគ្រោះកាចទាំងអស់នេះបាន។ បើសិនមនុស្សជឿ ដោយមិនមានការយល់ដឹងជាមុនអំពីថ្ងៃចុងក្រោយទេ ពួកគេក៏នឹងភ័យរន្ធត់ផងដែរ កាលណាសេចក្តីវេទនាដ៏ធំមកដល់ ហើយពួកគេអាចនឹងបោះបង់ជំនឿចោលផង។ 
ដូច្នេះ ដើម្បីឲ្យយើងយកឈ្នះនៅទីបញ្ចប់បាន ជំនឿរបស់យើងលើការទាំងនេះត្រូវតែមានចំណេះដឹងត្រឹមត្រូវអំពីថ្ងៃចុងក្រោយ។ នៅសព្វថ្ងៃនេះ កាលណាថ្ងៃចុងក្រោយខិតកាន់ជិតយើងហើយ យើងមិនត្រូវព្រងើយកន្តើយ ឬដាច់ចេញពីពួកជំនុំឡើយ។ ចិត្តទាំងមូលរបស់យើងត្រូវតែរួបរួមជាមួយពួកជំនុំ ហើយយើងត្រូវតែជឿតាមព្រះបន្ទូលនៃព្រះ ដែលប្រកាសមកកាន់យើង តាមរយៈពួកជំនុំ ស្អាងគ្នាឡើងទៅវិញទៅមក និងរស់នៅក្នុងសេចក្តីជំនឿ។ 
កាលណាគ្រោះកាចទាំងនេះមកដល់ អ្នកដែលមិនបានសង្រ្គោះមួយចំនួនពីគ្រួសារ សាច់ញាតិ ឬមិត្តភ័ក្តិរបស់អ្នកផ្ទាល់ អាចមកតាមអ្នក។ នៅពេលគេសួរថា តើអ្នកណាគឺជាសាច់ញាតិ បងប្អូន និងឪពុកម្តាយរបស់យើង ព្រះអម្ចាស់របស់យើងបានប្រាប់យើងថា មានតែអស់អ្នកដែលធ្វើតាមបំណងព្រះហឫទ័យនៃព្រះវរបិតាប៉ុណ្ណោះ ទើបជាគ្រួសារ ឪពុក ម្តាយ និងបងប្អូនរបស់យើង។ កាលណាសេចក្តីវេទនាដ៏ធំមកដល់ផែនដីនេះ អ្នកដែលបានកើតជាថ្មី នឹងដឹងកាន់តែច្បាស់ថា អ្នកណាពិតជាគ្រួសារបងប្អូនប្រុសស្រីពិតប្រាកដរបស់ខ្លួន។ ឥឡូវនេះ ដោយសារយើងយល់ និងជួយគ្នា ដោយជំនឿនេះ និងដោយសារព្រះបានសង្រ្គោះអ្នក និងខ្ញុំរួចហើយ ចេញពីគ្រោះកាចទាំងអស់នេះ ទ្រង់នឹងទតមើលយើង ការពារយើង និងចិញ្ចឹមយើងនៅក្នុងពួកជំនុំរបស់ទ្រង់ ទុកដូចជាកូនរបស់ទ្រង់។ ដូច្នេះ យើងត្រូវតែដាំជំនឿនេះយ៉ាងរឹងមាំនៅក្នុងយើង។ 
នៅថ្ងៃចុងក្រោយ អ្នកដែលលក់យើងឲ្យអាទទឹងនឹងព្រះគ្រីស្ទ អាចចេញពីគ្រួសារខាងសាច់ឈាមរបស់យើង។ ដូច្នេះ ទោះបីជាពួកគេគឺជាសាច់ញាតិ និងគ្រួសាររបស់យើងក៏ដោយ បើសិនពួកគេមិនបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណទេ ជំនឿរបស់យើងត្រូវតែខ្លាំងល្មមក្នុងការចាត់ទុកពួកគេជាអ្នកដទៃ ចាប់ពីដើមដំបូង។ នៅក្នុងន័យផ្សេង ពួកគេអាចធ្វើការអាក្រក់បំផុតសម្រាប់យើង ជាងអ្នកដទៃពិតប្រាកដទៅទៀត។ មិនជាបញ្ហាទេ ដែលពួកគេគឺជាគ្រួសារខាងសាច់ឈាមរបស់យើង បើសិនពួកគេមិនបានសង្រ្គោះទេ នោះយើងត្រូវតែដឹងថា ពួកគេគឺជាខ្មាំងសត្រូវរបស់យើងហើយ។ យើងត្រូវតែបើកចិត្តរបស់យើងចំពោះអ្វីដែលយើងបានស្តាប់ឮជាញឹកញាប់ ពីព្រះបន្ទូលនៃព្រះអំពីបញ្ហានេះ ហើយជឿ និងទទួលយកវាជាសេចក្តីពិត។ 
ដូចដែលព្រះបានធ្វើឲ្យសូដុំម និងកូមូរ៉ាក្លាយទៅជាបឹងភ្លើងមួយ ដោយទម្លាក់ភ្លើង និងស្ពាន់ធ័រមកលើពួកគេ ទ្រង់ក៏នឹងទម្លាក់គ្រោះកាចមួយមកលើមនុស្សមានបាបនៅថ្ងៃចុងក្រោយផងដែរ។ ការបំផ្លាញសូដុំម និងកូមូរ៉ាគឺជាការពិតមួយ ដែលភស្តុតាងខាងបុរាណវត្ថុវិទ្យាអះអាង។ 
នៅសព្វថ្ងៃនេះ មានខ្សែភាពយន្តជាច្រើនដែលដំណើររឿងផ្អែកលើសេចក្តីវិនាសរបស់មនុស្សជាតិ ដោយសារការប៉ះទង្គិចគ្នារវាងផែនដី និងផ្កាយដុះកន្ទុយ បានចេញមកហើយ។ ខ្សែភាពយន្តទាំងនោះត្រូវបានបង្កើតឡើង ដោយមានមូលដ្ឋាននៅលើព្រះបន្ទូលនៅក្នុងព្រះគម្ពីរ ដែលកត់ត្រាអំពីគ្រោះកាចនៅថ្ងៃចុងក្រោយ ដែលនឹងធ្លាក់មកលើផែនដីនេះ។ ភាពប្រហែលនៃផ្កាយដុះកន្ទុយធ្លាក់មកលើផែនដីនេះ ពិតជាខ្ពស់ណាស់ ដែលប្រាប់យើងថា គ្រោះកាចទាំងនេះពិតជានឹងកើតឡើងជាពិតប្រាកដនៅលើផែនដីនេះ។ 
ឧទាហរណ៍ល្អមួយគឺ ភស្តុតាងពីបុរាណវិទ្យាអំពីហ្វូស៊ីលរបស់សត្វដាយណូស័រ ដែលបង្ហាញថា ផែនដីបានឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំមួយចំនួននៅសម័យបុរាណ។ តាមរយៈហ្វូស៊ីលរបស់ទម្រង់ជីវិតផុតពូជ ពួកវាប្រាប់យើងអំពីអត្ថិភាពពីមុនរបស់ពួកវា។ អ្នកវិទ្យាសាស្ត្រមួយចំនួនអះអាងថា ការផុតពូជនៃទម្រង់ជីវិតពីបុរាណ រួមទាំងសត្វដាយណូស័រផង បានកើតឡើង ដោយសារតែការបុកទង្គិចគ្នារវាងផែនដី និងផ្កាយដុះកន្ទុយមួយ។ ដូច្នេះ គ្រោះកាចនៃផ្កាយដុះកន្ទុយ ដែលត្រូវបានកត់ត្រាទុកនៅក្នុង វិវរណៈ ៨ ពិតជានឹងកើតឡើងនៅលើផែនដីនេះជាមិនខាន។ 
 

អនាគតដ៏ខ្លីខាងមុខ...

យើងត្រូវតែដឹងថា គ្រោះកាចបែបនេះនឹងកើតឡើងនៅលើផែនដីនេះ នៅក្នុងពេលអនាគតដ៏ខ្លី។ អ្នកវិទ្យាសាស្ត្រមួយចំនួនបានសាកល្បងសារពាង្គកាយចម្លងពីមនុស្សរួចហើយ ដែលពិតជាការប្រកួតប្រជែងដ៏ធំជាមួយព្រះ។ ដូច្នេះ គ្រោះកាចទាំងនេះត្រៀមខ្លួនជាស្រេចនៅក្នុងសម័យនេះ។ មនុស្សជាតិមិនត្រូវបំភ្លេចព្រះ ហើយបែរទៅពឹងផ្អែកលើអំណាចខាងវិទ្យាសាស្ត្ររបស់ខ្លួនឡើយ។ 
ឥឡូវនេះ មនុស្សជាតិកំពុងតែព្យាយាមឆ្លើយតបចំពោះគ្រោះកាចទាំងអស់នៅលើផែនដីនេះ តាមរយៈអំណាចនៃចំណេះដឹងខាង វិទ្យាសាស្ត្ររបស់ខ្លួន។ ប៉ុន្តែគ្មានការរកឃើញខាងវិទ្យាសាស្ត្រណាមួយ ដែលអាចទប់ស្កាត់គ្រោះកាចរបស់ព្រះបានឡើយ ពីព្រោះគ្រោះកាចទាំងនោះមានភាពធ្ងន់ធ្ងរខ្លាំងជាងគ្រោះធម្មជាតិទាំងឡាយ ដែលមនុស្សធ្លាប់បានឆ្លងកាត់ពីមុនមកឆ្ងាយណាស់។ នៅពេលយើងសម្លឹងមើលភាពរីកចម្រើនខាងវិទ្យាសាស្ត្ររបស់មនុស្សសព្វថ្ងៃនេះ យើងអាចមើលឃើញថា មនុស្សជាតិកំពុងតែប្រកួតប្រជែងជាមួយអំណាចរបស់ព្រះហើយ ដោយពួកគេចង់ត្រឡប់ដូចជាទ្រង់។ ប៉ុន្តែមិនថាពួកគេមានភាពរីកចម្រើនខាងវិទ្យាសាស្ត្រខ្លាំងប៉ុណ្ណាទេ គ្មានអ្នកណាម្នាក់អាចបញ្ឈប់គ្រោះកាចទាំងអស់ ដែលព្រះនឹងទម្លាក់មកបានឡើយ។ ហើយគ្មានអ្នកណាក្រៅពីមនុស្សជាតិទេ ដែលសួរអំពីគ្រោះកាចទាំងនេះ។ 
ផ្លូវតែមួយគត់ ដើម្បីគេចរួចពីគ្រោះកាចទាំងអស់ ដែលព្រះនឹងទម្លាក់មក គឺត្រូវស្វែងរកសេចក្តីពិតអំពីសេចក្តីសង្រ្គោះ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយពឹងជ្រកនៅក្នុងព្រះហស្តនៃព្រះអម្ចាស់ ដោយការជឿតាមដំណឹងល្អនេះ។ ដើម្បីគេចរួចពីគ្រោះកាចទាំងនេះបាន ដោយការដឹង និងការជឿថា ផ្លូវតែមួយគត់ ដើម្បីបានរួចពីការជំនុំជម្រះដ៏ ឃោរឃៅរបស់ព្រះ គឺជាជំនឿរបស់អ្នកតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះហើយ។ 
ព្រះពរ និងបណ្តាសាមាននៅក្នុងព្រះហស្តរបស់ទ្រង់។ បើសិនព្រះសម្រេចព្រះទ័យរក្សាផែនដីនេះ នោះផែនដីនេះនឹងបន្តគង់នៅ ប៉ុន្តែបើសិនមិនដូច្នេះ វានឹងត្រូវវិនាស។ ដែលកំពុងតែរស់នៅក្នុងគ្រាបែបនេះ បើសិនអ្នកជឿ និងដើរតាមព្រះបន្ទូលនៃព្រះយ៉ាងបរិសុទ្ធ ហើយកោតខ្លាចទ្រង់កាន់តែខ្លាំង ព្រះនឹងដឹកនាំអ្នកទៅឯដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលអាចធ្វើជាទីជ្រកកោនដល់អ្នក ដើម្បីគេចពីគ្រោះកាចទាំងអស់ដែលនឹងមកដល់បាន។
សូម្បីតែឥឡូវនេះ មនុស្សជាច្រើនពាសពេញពិភពលោក កំពុងតែស្លាប់ និងភ័យញ័រចំពោះការរញ្ជួយដី ខ្យល់ព្យុះ និងជម្ងឺ។ លើសពីនេះ សង្រ្គាមកើតឡើងនៅគ្រប់ទីកន្លែង ជាតិសាសន៍នឹងជាតិសាសន៍ ហើយរដ្ឋនឹងរដ្ឋ។ ដូច្នេះ កាលណាអាទទឹងនឹងព្រះគ្រីស្ទលេចមកនៅពេលអនាគតដ៏ខ្លី ហើយដោះស្រាយបញ្ហាបន្ទាន់នៃស្ថានភាពច្របូកច្របល់បែបនេះ មនុស្សជាច្រើននឹងដើរតាមវា។ បន្ទាប់មក នឹងមានគ្រោះកាចដ៏គួរឲ្យខ្លាចបំផុតធ្លាក់មកលើផែនដីនេះតាមក្រោយ ហើយទីបំផុត ផែនដីនេះនឹងត្រូវបានបំផ្លាញទាំងស្រុង ដោយសារគ្រោះកាចទាំងនេះ ដែលមកពីព្រះ។ 
ព្រះនឹងបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី ហើយប្រទានវាដល់អស់អ្នកដែលបានសង្រ្គោះចេញពីបាប។ គោលបំណងនៅក្នុងការបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មីរបស់ទ្រង់ គឺដើម្បីប្រទានវាដល់អ្នកដែលបានកើតជាថ្មី ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ទន្ទឹមនឹងនេះ ព្រះនឹងបំផ្លាញផែនដីចាស់ ហើយបើកផែនដីថ្មី។ ដូចដែលដាយណូស័រពីបុរាណបានបាត់បង់ផុតពូជ ពិភពលោកដែលមានការរីកចម្រើនខាងវិទ្យាសាស្ត្រ ក៏នឹងរលាយបាត់ដែរ ហើយយើងនឹងធ្វើបន្ទាល់ដោយភ្នែករបស់យើងផ្ទាល់ពីការចាប់ផ្តើមនៃពិភពលោកថ្មីមួយ ដែលព្រះនឹងនាំមក។ 
ដូច្នេះ ឥឡូវនេះ យើងត្រូវតែគិតអំពីរបៀបដែលយើងគួរតែរស់នៅ។ យើងត្រូវតែជឿលើគ្រោះកាចទាំងអស់ ដូចដែលបានកត់ទុកនៅក្នុងបទគម្ពីរ ហើយរស់នៅក្នុងជីវិតដែលនៅសល់ សម្រាប់សេចក្តីសុចរិតរបស់ព្រះ ដែលត្រៀមខ្លួនសម្រាប់ពិភពលោកថ្មី ដោយជំនឿ។ យើងត្រូវតែយល់ពីព្រះបន្ទូលទំនាយនៅក្នុងកណ្ឌវិវរណៈ។ ខ្ញុំនិយាយដូច្នេះនៅពេលនេះ ពីព្រោះកាលណាថ្ងៃនោះមកដល់ ចំណេះដឹងទាំងអស់ដែលអ្នកបានទទួល នឹងក្លាយជាគុណប្រយោជន៍យ៉ាងធំធេងសម្រាប់ជំនឿរបស់អ្នក។ 
វត្ថុអវកាសទាំងអស់ដែលមានសក្ដានុពលអាចប៉ះទង្គិចគ្នាជាមួយផែនដី ចាប់ពីអាចម៍ផ្កាយដែលខ្ចាត់ខ្ចាយនៅចន្លោះភពអង្គារ និងភពព្រហស្បតិ៍ ដល់ផ្កាយដុះកន្ទុយរាប់មិនអស់ដែលមានវដ្តមិនស្គាល់ ត្រូវបានគេហៅថាជា «វត្ថុនៅជិតផែនដី» (NEOs)។ អង្គការ NASA ធ្លាប់បានបង្ហាញបញ្ជីឈ្មោះ NEOs ដែលគេស្គាល់ចំនួន៨៩៣ នៅក្នុងប្រព័ន្ធព្រះអាទិត្យតែមួយ។ ប្រសិនបើ NEOs ណាមួយក្នុងចំណោម NEOs ទាំងនេះត្រូវប៉ះទង្គិចជាមួយផែនដី ការបំផ្លិចបំផ្លាញដែលនាំមកដោយការប៉ះទង្គិចគ្នានេះនឹងលើសពីការស្មាន។ ផលប៉ះពាល់ដ៏មហន្តរាយប្រហែលជាធំជាងគ្រាប់បែកនុយក្លេអ៊ែររាប់ពាន់គ្រាប់បញ្ចូលគ្នាទៅទៀត។
ដូច្នេះ ចូរស្រមៃពីអ្វីដែលនឹងកើតឡើងចំពោះផែនដីនេះ។ ព្រៃឈើ ទឹក និងនាវានៅលើផែនដីនេះនឹងត្រូវវិនាស។ ដូច្នេះ មនុស្សជាតិត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយរស់នៅក្នុងជីវិតរបស់ខ្លួន ដោយត្រៀមខ្លួនជាស្រេចសម្រាប់ជីវិតអស់កល្បជានិច្ច។ 
ព្រះអម្ចាស់បានប្រាប់យើងថា កាលណាគ្រោះធម្មជាតិកើតឡើងនៅលើផែនដីនេះ មួយភាគបីនៃព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ នឹងបាត់បង់ពន្លឺរបស់ពួកវា។ ប៉ុន្តែមនុស្សមួយចំនួនតូចដឹងពីការនេះ ហើយមនុស្សមួយចំនួនតូចជឿលើការនេះ។ ដូច្នេះ មានតែមនុស្សមួយចំនួនតូចតែប៉ុណ្ណោះ ដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយកំពុងតែប្រកាសសេចក្តីពិតនេះ។ 
យើងត្រូវតែមានគំនិតភ្ញាក់ឡើង។ គ្រោះកាចទាំងនេះនឹងកើតឡើងជាពិតប្រាកដ។ យើងត្រូវតែស្វែងរកឲ្យឃើញនូវជំនឿ និងការប្តេជ្ញាចិត្តប្រភេទណា ដែលយើងគួរតែមាននៅក្នុងជីវិតរបស់យើង។ អ្នក និងខ្ញុំត្រូវតែដឹងថា សម័យបច្ចុប្បន្ននេះកំពុងតែឈានទៅដល់សេចក្តីវេទនាដ៏ធំយ៉ាងឆាប់ហើយ ហើយយើងត្រូវតែរស់នៅក្នុងជីវិត ដោយជំនឿ និងគ្មានការសង្ស័យនៅក្នុងចិត្តរបស់យើង។ 
បើសិនយើងមិនរស់នៅ ដោយការជឿតាមព្រះបន្ទូលនៃទំនាយ សម្រាប់ការរងទុក្ខវេទនាដ៏ធំនៅពេលនេះទេ ចិត្តរបស់យើងនឹងត្រឡប់ទៅជាទទេ គោលបំណងរបស់យើងនឹងបាត់បង់ ហើយនឹងពិការ ដោយសារការព្រួយបារម្ភអំពីជីវិត។ ការនេះមិនត្រូវកើតឡើងឡើយ។ ក្នុងពេលជាមួយគ្នា យើងមិនគួររស់នៅ ដោយដាក់សេចក្តីសង្ឃឹមលើលោកិយនេះ ទុកដូចជាយើងនឹងមិនចាកចេញពីលោកិយនេះទេ។ មនុស្សជាច្រើនដែលមានចំណេះខាងវិទ្យាសាស្រ្តបន្តិចបន្តួច ដឹងយ៉ាងច្បាស់លាស់ថា គ្មានសេចក្តីសង្ឃឹមសម្រាប់ពិភពលោកនេះទេ។ ព្រះពិតជានឹងបំផ្លាញពិភពលោកនេះចោលមែន។ 
ព្រះនឹងបង្កើតនគរថ្មីរបស់ព្រះយេស៊ូវ ហើយអនុញ្ញាតឲ្យមនុស្សសុចរិតរស់នៅក្នុងនគរនេះ។ ហើយទ្រង់នឹងអនុញ្ញាតឲ្យអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណរស់នៅជាមួយទ្រង់អស់កល្បជានិច្ច។ 
យើងគួរតែបោះបង់គំនិត និងបំណងចិត្តរបស់យើងចោលនៅចំពោះព្រះ ហើយទទួលយក និងជឿតាមព្រះបន្ទូលទ្រង់អំពីទំនាយ ដោយបន្ទាបខ្លួនវិញ។ យើងត្រូវតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយបន្ទាប់មក ជួបជាមួយព្រះអម្ចាស់ កាលណាទ្រង់យាងមក។ ចូរយើងរស់នៅ សម្រាប់ការងាររបស់ព្រះ។ កាលណាព្រះអម្ចាស់យាងត្រឡប់មកផែនដីនេះវិញ យើងនឹងទទួលបានជីវិតថ្មីមួយ រូបកាយរបស់យើងនឹងផ្លាស់ប្រែទៅជារូបកាយរបស់ទ្រង់ ហើយយើងនឹងរស់នៅម្តងទៀតនៅក្នុងពិភពលោកថ្មីរបស់ទ្រង់ ដូចដែលទ្រង់បានប្រាប់យើងរួចហើយ។ 
យើងមិនដឹងពីថ្ងៃ និងពេលវេលាជាក់លាក់នៃការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ឡើយ។ ប៉ុន្តែតាមរយៈការសម្លឹងមើលទីសម្គាល់នៅក្នុងពិភពលោកនេះ យើងពិតជាដឹងថា គ្រោះកាចទាំងអស់ដែលបានកត់ត្រាទុកនៅក្នុងព្រះបន្ទូលនៃព្រះ កំពុងតែជិតមកដល់យើងហើយ។ ដូច្នេះ យើងជឿលើព្រះ ដែលបានទាយពីការទាំងនេះ និងដែលបានបង្ហាញផ្លូវនៃសេចក្តីសង្រ្គោះដល់យើង។