Search

សេចក្តីអធិប្បាយ

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 13-1] ការលេចមករបស់ អាទទឹងនឹងព្រះគ្រីស្ទ (វិវរណៈ ១៣:១-១៨)

ការលេចមករបស់ អាទទឹងនឹងព្រះគ្រីស្
(វិវរណៈ ១៣:១-១៨)
«ខ្ញុំក៏ឈរលើខ្សាច់ នៅមាត់សមុទ្រ ហើយខ្ញុំឃើញសត្វសាហាវ១ឡើងចេញពីសមុទ្រមក ដែលមានស្នែង១០ និងក្បាល៧ រីឯនៅលើស្នែងវា មានមកុដ១០ ហើយនៅលើក្បាលទាំងប៉ុន្មាន នោះមានឈ្មោះ ជាពាក្យប្រមាថ សត្វដែលខ្ញុំឃើញនោះ មើលទៅដូចជាខ្លារខិន ជើងវាដូចជាជើងនៃខ្លាឃ្មុំ ហើយមាត់វាដូចជាមាត់សិង្ហ នាគក៏ឲ្យឫទ្ធិ និងបល្ល័ង្ករបស់វាដល់សត្វនោះ ព្រមទាំងអំណាចយ៉ាងធំដែរ ខ្ញុំឃើញក្បាលវា១ដូចជាបានកាប់សំឡាប់ហើយ តែរបួសដល់ស្លាប់នោះបានសះជាឡើងវិញ ហើយផែនដីក៏អស្ចារ្យនឹងសត្វនោះ គេក្រាបថ្វាយបង្គំដល់នាគ ដែលឲ្យសត្វនោះមានអំណាច ព្រមទាំងក្រាបថ្វាយបង្គំដល់សត្វនោះដែរ ដោយនិយាយថា តើមានអ្នកណាដូចសត្វនេះ មានអ្នកឯណាដែលអាចច្បាំងនឹងវាបាន នាគក៏ឲ្យវាមានមាត់ចេះនិយាយជាពាក្យសំដីដ៏ធំ និងពាក្យប្រមាថ ក៏ឲ្យមានអំណាចនឹងធ្វើការវា ក្នុងរវាង៤២ខែ វាបើកមាត់ប្រមាថដល់ទាំងព្រះ និងព្រះនាម ហើយព្រះវិហារនៃទ្រង់ដែរ ព្រមទាំងដល់ពួកអ្នកដែលនៅស្ថានសួគ៌ផង ក៏មានអំណាចបានប្រគល់ដល់វា ឲ្យច្បាំងឈ្នះពួកបរិសុទ្ធបាន ហើយនិងអំណាចលើគ្រប់ទាំងពូជមនុស្ស គឺអស់ទាំងគ្រួសារ និងភាសា ហើយនិងអស់ទាំងសាសន៍ផង ឯអស់មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសំឡាប់ តាំងពីកំណើតលោកីយ៍មក នោះនឹងក្រាបថ្វាយបង្គំចំពោះសត្វនោះ បើអ្នកណាមានត្រចៀក ឲ្យអ្នកនោះស្តាប់ចុះ បើអ្នកណាដឹកនាំគេឲ្យទៅជាឈ្លើយ អ្នកនោះឯងនឹងត្រូវគេដឹកនាំខ្លួនឲ្យទៅជាឈ្លើយដែរ បើអ្នកណាកាប់ សំឡាប់គេដោយដាវ នោះនឹងត្រូវស្លាប់ដោយដាវដែរ នេះហើយជាសេចក្តីអត់ធ្មត់ និងសេចក្តីជំនឿរបស់ពួកបរិសុទ្ធ ខ្ញុំក៏ឃើញសត្វសាហាវ១ទៀត ឡើងចេញពីដីមក វាមានស្នែង២ ដូចជាកូនចៀម តែពោលពាក្យដូចជានាគវិញ ក៏ប្រព្រឹត្តដោយនូវគ្រប់ទាំងអំណាចរបស់សត្វទី១ នៅមុខនាគនោះ ទាំងបណ្តាលឲ្យផែនដី និងអស់អ្នកដែលនៅផែនដីបានក្រាបថ្វាយបង្គំ ដល់សត្វទី១ដែលមានរបួសដល់ស្លាប់នោះ តែបានសះជាវិញនោះផង វាក៏ធ្វើទីសំគាល់យ៉ាងធំ ដល់ម៉្លេះបានជាធ្វើឲ្យធ្លាក់ទាំងភ្លើង ពីលើមេឃមកលើផែនដី នៅមុខមនុស្សលោកផង វាបញ្ឆោតពួកមនុស្សនៅផែនដី ដោយសារទីសំគាល់ ដែលវាមានអំណាចនឹងធ្វើ នៅមុខសត្វនោះ ក៏ប្រាប់ដល់ពួកអ្នកនៅផែនដី ឲ្យធ្វើរូបសត្វនោះ ដែលត្រូវរបួសនឹងដាវ តែបានរស់វិញដែរ ក៏មានអំណាចបានប្រគល់ឲ្យវា នឹងធ្វើឲ្យរូបសត្វនោះមានខ្យល់ដង្ហើម ដើម្បីឲ្យបានចេះនិយាយ ហើយអំណាចនឹងធ្វើឲ្យពួកអ្នក ដែលមិនព្រមក្រាបថ្វាយបង្គំរូបសត្វនោះ ត្រូវស្លាប់ផង វាក៏បង្ខំមនុស្សទាំងអស់ ទាំងធំ ទាំងតូច ទាំងមាន ទាំងក្រ ហើយទាំងអ្នកជា និងបាវគេ ឲ្យទទួលទីសំគាល់នៅដៃស្តាំ ឬនៅថ្ងាសគេរៀងខ្លួន ហើយមិនបើកឲ្យអ្នកណាមានច្បាប់នឹងទិញ ឬលក់អ្វីបានឡើយ លើកតែអ្នកដែលមានទីសំគាល់នោះចេញ គឺជាឈ្មោះរបស់សត្វនោះ ឬជាលេខឈ្មោះរបស់វា នេះហើយជាប្រាជ្ញា អ្នកណាដែលមានយោបល់ ឲ្យអ្នកនោះរាប់លេខនៃសត្វនោះចុះ ដ្បិតលេខនោះជាលេខរបស់មនុស្សគឺ៦៦៦»
 


ការកាត់ស្រាយ


ខ.១៖ ខ្ញុំក៏ឈរលើខ្សាច់ នៅមាត់សមុទ្រ ហើយខ្ញុំឃើញសត្វសាហាវ១ឡើងចេញពីសមុទ្រមក ដែលមានស្នែង១០ និងក្បាល៧ រីឯនៅលើស្នែងវា មានមកុដ១០ ហើយនៅលើក្បាលទាំងប៉ុន្មាន នោះមានឈ្មោះ ជាពាក្យប្រមាថ។ 
សាវកយ៉ូហានបានមើលឃើញសត្វសាហាវមួយឡើងចេញពីសមុទ្រមក។ តាមរយៈសត្វសាហាវដែលសាវកយ៉ូហានបានមើលឃើញនេះ ព្រះបង្ហាញប្រាប់យើងពីអ្វីដែលអាទទឹងនឹងព្រះគ្រីស្ទនឹងធ្វើ នៅពេលវាលេចមកលើផែនដីនេះ។ ព្រះបានបង្ហាញសត្វសាហាវដែលមានក្បាល៧ និងស្នែង១០នេះដល់សាវកយ៉ូហាន មិនដើម្បីប្រាប់យើងថា សត្វសាហាវមួយដែលមានរូបរាងបែបនេះនឹងលេចមក និងមានសកម្មភាពជាក់ស្តែងនៅលើផែនដីនេះទេ ប៉ុន្តែដើម្បីប្រាប់យើងពីម្នាក់ដែលមានអំណាចដូចសត្វនេះនឹងលេចមក បៀតបៀន ហើយធ្វើទុក្ករកម្មដល់ពួកបរិសុទ្ធ។
ដូច្នេះ តើនេះមានន័យថា គ្រប់យ៉ាងដែលមាននៅក្នុងកណ្ឌវិវរណៈ គ្រាន់តែជានិមិត្តរូបប៉ុណ្ណោះឬ? មិនមែនឡើយ! ដោយគ្រាន់តែបង្ហាញពីការលេចមក និងកិច្ចការរបស់អាទទឹងនឹងព្រះគ្រីស្ទនៅថ្ងៃចុងក្រោយ ព្រះត្រូវតែមានបន្ទូលតាមរយៈនិមិត្តបែបនេះ។ នេះគឺជាប្រាជ្ញា និងអំណាច ដែលព្រះតែមួយអង្គទ្រង់គត់អាចមានបន្ទូលបាន។ តាមរយៈព្រះបន្ទូលនៅក្នុង វិវរណៈ១៣ យើងត្រូវតែអានមើលឃើញរូបភាពរស់រវើកអំពីថ្ងៃចុងក្រោយ។
អ្វីដែលសាវកយ៉ូហានបានមើលឃើញដំបូងគេ គឺជារូបរាងសត្វ សាហាវមួយ ដែលចេញពីសមុទ្រមក។ ក្បាល៧ និងស្នែង១០របស់សត្វសាហាវនៅទីនេះ សំដៅទៅលើអំណាចរបស់អាទទឹងនឹងព្រះគ្រីស្ទ ដែលនឹងលេចមកលើផែនដីនេះ។ ឃ្លាថា «ហើយនៅលើក្បាលទាំងប៉ុន្មាន នោះមានឈ្មោះ ជាពាក្យប្រមាថ» មានន័យថា អាទទឹងនឹងព្រះគ្រីស្ទនឹងប្រមូលជាតិសាសន៍ទាំងអស់នៅក្នុងពិភពលោក ហើយឈរទាស់ប្រឆាំងនឹងព្រះ។ វាក៏ប្រាប់យើងផងដែរថា វានឹងត្រួតត្រាលើស្តេចទាំងអស់នៅលើផែនដីនេះ។ 
មកុដ១០សំដៅទៅលើជ័យជំនះរបស់ពួកវា ហើយពាក្យប្រមាថនៅលើក្បាលសត្វសាហាវសំដៅទៅលើអំណួតរបស់ពួកវា។
នៅថ្ងៃអនាគត ពិភពលោកនឹងត្រូវបានគ្រប់គ្រង ដោយអង្គការរួបរួមនៃជាតិសាសន៍ទាំងអស់ ដែលផ្អែកលើប្រព័ន្ធគ្រប់គ្រង ដែលស្វែងរកផលប្រយោជន៍ដល់ជាតិសាសន៍នីមួយៗ។ មហាអំណាចរួបរួមនេះ ដែលជាអង្គភាពចម្រុះជាតិសាសន៍ដ៏ធំមួយ នឹងពង្រីកអធិបតេយភាពរបស់ខ្លួន ហើយគ្រប់គ្រងលើជាតិសាសន៍ទាំងអស់នៅក្នុងពិភពលោក ហើយវានឹងបម្រើកិច្ចការរបស់អាទទឹងនឹងព្រះគ្រីស្ទ នៅពេលវាលេចមកលើផែនដីនេះ។ វាគឺជាខ្មាំងសត្រូវរបស់ព្រះ ដែលជាអ្នកធ្វើការដោយអំណាចរបស់សាតាំង និងជាអ្នកបម្រើរបស់សាតាំងអារក្ស។ 

ខ.២៖ សត្វដែលខ្ញុំឃើញនោះ មើលទៅដូចជាខ្លារខិន ជើងវាដូចជាជើងនៃខ្លាឃ្មុំ ហើយមាត់វាដូចជាមាត់សិង្ហ នាគក៏ឲ្យឫទ្ធិ និងបល្ល័ង្ករបស់វាដល់សត្វនោះ ព្រមទាំងអំណាចយ៉ាងធំដែរ។ 
ព្រះបន្ទូលនេះប្រាប់យើងពីអ្វីដែលអាទទឹងនឹងព្រះគ្រីស្ទនឹងធ្វើដាក់ពួកបរិសុទ្ធ និងមនុស្សនៅលើផែនដីនេះ នៅពេលវាលេចមក។ អាទទឹងនឹងព្រះគ្រីស្ទនឹងប្រព្រឹត្តអំពើសាហាវបែបនេះ ដាក់ពួកបរិសុទ្ធ ពីព្រោះវានឹងទទួលបានសិទ្ធអំណាចពីសាតាំង ដើម្បីធ្វើដូច្នេះ។ នេះបង្ហាញប្រាប់យើងថា អាទទឹងនឹងប្រព្រឹត្តយ៉ាងសាហាវដាក់ពួកបរិសុទ្ធ នៅពេលវាលេចមក។ ហើយនេះបង្ហាញពីប្រភេទនៃការឈឺចាប់ ដែលពួកបរិសុទ្ធនឹងទទួលរងពីអាទទឹងនឹងព្រះគ្រីស្ទ នៅក្នុងទុក្ករកម្មរបស់ពួកគេ។ 
ព្រះបន្ទូលនេះប្រាប់យើងពីភាពសាហាវឃោរឃៅរបស់អាទទឹងនឹងព្រះគ្រីស្ទ។ ឃ្លាថា «ជើងវាដូចជាជើងនៃខ្លាឃ្មុំ» បង្ហាញពីភាពវិនាសដែលអំណាចរបស់វាបង្កឡើង។ «នាគ» នៅទីនេះ គឺជាទេវតាមួយ ដែលព្រះបានបង្កើត និងដែលបានដណ្តើមរាជ្យបល្ល័ង្ករបស់ទ្រង់។ សត្វសាហាវដែលលេចឡើងនៅក្នុងជំពូកនេះ សំដៅទៅលើម្នាក់ដែលបានទទួលសិទ្ធិអំណាចពីនាគ ហើយដែលធ្វើកិច្ចការទាស់ប្រឆាំងនឹងព្រះ និងពួកបរិសុទ្ធរបស់ទ្រង់។ 
សាតាំងដែលជាទេវតាមួយ ដែលព្រះបានបណ្តេញចេញពីស្ថានសួគ៌ នឹងផ្តល់សិទ្ធិអំណាចរបស់វាទៅឲ្យម្នាក់ដែលនឹងឈរទាស់ប្រឆាំងនឹងព្រះ ហើយដឹកនាំម្នាក់នោះទៅរកសេចក្តីស្លាប់ ដោយធ្វើឲ្យម្នាក់នោះប្រឆាំងនឹងព្រះ និងពួកបរិសុទ្ធរបស់ទ្រង់។ នៅពេលអនាគត អាទទឹងនឹងព្រះ គ្រីស្ទដែលមានអំណាចរបស់សាតាំង នឹងបៀតបៀនរាស្ត្ររបស់ព្រះ និងមនុស្សទាំងអស់យ៉ាងសាហាវឃោរឃៅ។

ខ.៣៖ ខ្ញុំឃើញក្បាលវា១ដូចជាបានកាប់សំឡាប់ហើយ តែរបួសដល់ស្លាប់នោះបានសះជាឡើងវិញ ហើយផែនដីក៏អស្ចារ្យនឹងសត្វនោះ។ 
ខនេះប្រាប់យើងថា អាទទឹងនឹងព្រះគ្រីស្ទនឹងលេចមក ក្នុងនាមជាស្តេចមួយនៃស្តេចទាំង៧។ អាទទឹងនឹងព្រះគ្រីស្ទត្រូវបានហៅថា សត្វ សាហាវ ពីព្រោះវានឹងប្រព្រឹត្តអំពើកាចសាហាវដាក់ពួកបរិសុទ្ធ។
នៅទីនេះ ខ្មាំងសត្រូវរបស់ព្រះ និងពួកបរិសុទ្ធនឹងលេចមក ក្នុងនាមជាម្នាក់ដែលអាចដោះស្រាយបញ្ហានៃសេចក្តីស្លាប់ នៅថ្ងៃចុងក្រោយ បាន។ ដូច្នេះ មនុស្សជាច្រើននៅថ្ងៃចុងក្រោយជឿថា វាអាចដោះស្រាយបញ្ហានៃគ្រោះកាចនៅលើផែណដីនេះបាន។ ប៉ុន្តែវាគឺជាខ្មាំងសត្រូវរបស់ព្រះ។ ទោះបីជាវាធ្វើឲ្យមនុស្សខាងលោកិយចុះចូលចំពោះវា ក៏វានឹងត្រូវវិនាស ដោយព្រោះបានទាស់ប្រឆាំងនឹងព្រះ និងពួកបរិសុទ្ធរបស់ព្រះ។ 

ខ.៤៖ គេក្រាបថ្វាយបង្គំដល់នាគ ដែលឲ្យសត្វនោះមានអំណាច ព្រមទាំងក្រាបថ្វាយបង្គំដល់សត្វនោះដែរ ដោយនិយាយថា តើមានអ្នកណាដូចសត្វនេះ មានអ្នកឯណាដែលអាចច្បាំងនឹងវាបាន។ 
នេះប្រាប់យើងថា នាគនឹងប្រគល់អំណាចទាំងអស់របស់វាដល់ម្នាក់ដែលប្រព្រឹត្តការកាចសាហាវ ដែលនាគយកវាធ្វើបាវបម្រើរបស់ខ្លួន។ ដោយហេតុនេះ មនុស្សទាំងអស់នៅលើផែនដីនឹងចាត់ទុកនាគជាព្រះ ហើយកោតខ្លាច និងថ្វាយបង្គំវា។ ដោយសារនៅពេលនេះគ្មានស្តេចអង្គណានៅលើផែនដីនេះ ដែលមានអំណាចដូចជាសត្វសាហាវ គ្មានអ្នកណាអាចបញ្ឈប់សត្វសាហាវពីការប្រកាសខ្លួនវាជាព្រះបានឡើយ។
ដោយសារនាគប្រគល់អំណាចដ៏ខ្លាំងដល់សត្វសាហាវ គ្រប់គ្នានឹងចាត់ទុកនាគ និងសត្វសាហាវ និងថ្វាយបង្គំពួកវាទុកដូចជាព្រះ។ នៅពេលអាទទឹងនឹងព្រះគ្រីស្ទដែលមានអំណាចបែបនេះ លេចមក អស់អ្នកដែលស្រឡាញ់សេចក្តីងងឹតជាងពន្លឺ នឹងដើរតាមវា ថ្វាយបង្គំវាទុកដូចជាព្រះ ហើយសរសើរតម្កើងវា។ 

ខ.៥៖ នាគក៏ឲ្យវាមានមាត់ចេះនិយាយជាពាក្យសំដីដ៏ធំ និងពាក្យប្រមាថ ក៏ឲ្យមានអំណាចនឹងធ្វើការវា ក្នុងរវាង៤២ខែ។ 
សត្វសាហាវនឹងទទួលចិត្តអំណួត និងសិទ្ធិអំណាចពីនាគ ដើម្បីនិយាយពាក្យសម្តីអំណួត សម្រាប់រយៈពេលបីឆ្នាំប្រាំមួយខែ (៤២ខែ)។ សត្វសាហាវនឹងទទួលបានសិទ្ធិអំណាច ដើម្បីធ្វើទុក្ខដល់ពួកបរិសុទ្ធ និងមនុស្សនៅលើផែនដីនេះ សម្រាប់រយៈពេលបីឆ្នាំកន្លះ។ 
សត្វសាហាវដែលជាអាទទឹងនឹងព្រះគ្រីស្ទ នឹងទទួលបានសិទ្ធិអំណាច ដើម្បីនិយាយពាក្យប្រឆាំងនឹងព្រះ ហើយប្រមាថពួកជំនុំរបស់ទ្រង់ សម្រាប់រយៈពេលបីឆ្នាំកន្លះ។ ហើយមនុស្សមានបាបទាំងអស់នឹងត្រូវចុះចូលចំពោះសត្វសាហាវនេះ ហើយជាចុងក្រោយ ពួកគេធ្លាក់ទៅក្នុងសេចក្តីវិនាសជាមួយសត្វសាហាវនេះដែរ។ 

ខ.៦៖ វាបើកមាត់ប្រមាថដល់ទាំងព្រះ និងព្រះនាម ហើយព្រះវិហារនៃទ្រង់ដែរ ព្រមទាំងដល់ពួកអ្នកដែលនៅស្ថានសួគ៌ផង។ 
សត្វសាហាវដែលបានទទួលសិទ្ធិអំណាចពីនាគ នឹងប្រមាថព្រះ ទេវតាទាំងអស់របស់ទ្រង់ និងពួកបរិសុទ្ធ សម្រាប់រយៈពេលបីឆ្នាំកន្លះ ដោយដាក់បណ្តាសា និងធ្វើទុក្ខដល់ពួកគេ។ ការទាំងនេះនឹងកើតឡើង តាមអ្វីដែលនាគប្រាប់វាឲ្យធ្វើ។ នៅទីនេះ យើងត្រូវតែដឹង និងជឿថា សកម្មភាពរបស់សាតាំង ដែលប្រគល់សិទ្ធិអំណាចខ្លួនដល់សត្វសាហាវ ដើម្បីប្រមាថព្រះ សម្រាប់រយៈពេលបីឆ្នាំកន្លះ អាចកើតឡើងបាន លុះត្រាតែមានការអនុញ្ញាតពីព្រះប៉ុណ្ណោះ។ 
តាមការពិត អាទទឹងនឹងព្រះគ្រីស្ទមាននៅ ដើម្បីប្រមាថព្រះ និង រាស្ត្ររបស់ទ្រង់។ ដោយបានទទួលសិទ្ធិអំណាចពីនាគ អាទទឹងនឹងព្រះ គ្រីស្ទនឹងប្រមាថព្រះនាមព្រះ និងរាស្ត្ររបស់ទ្រង់ សម្រាប់រយៈពេលបីឆ្នាំកន្លះនៃសេចក្តីវេទនាដ៏ធំ។ 

ខ.៧៖ ក៏មានអំណាចបានប្រគល់ដល់វា ឲ្យច្បាំងឈ្នះពួកបរិសុទ្ធបាន ហើយនិងអំណាចលើគ្រប់ទាំងពូជមនុស្ស គឺអស់ទាំងគ្រួសារ និងភាសា ហើយនិងអស់ទាំងសាសន៍ផង។ 
សត្វសាហាវនឹងទទួលសិទ្ធិអំណាចពីនាគ ដើម្បីសម្លាប់ពួកបរិសុទ្ធ និងធ្វើឲ្យពួកបរិសុទ្ធធ្វើទុក្ករកម្ម។ ហើយវាក៏នឹងគ្រប់គ្រងលើពិភពលោកទាំងមូលផងដែរ ដោយទទួលបានអំណាចធ្វើឲ្យមនុស្សគ្រប់គ្នានៅក្រោមអំណាចគ្រប់គ្របរបស់វា។ 
អាទទឹងនឹងព្រះគ្រីស្ទនឹងសម្លាប់ពួកបរិសុទ្ធ ពីព្រោះមធ្យោបាយតែមួយគត់សម្រាប់វាសោយរាជ្យលើផែនដីនេះ គឺប្រយុទ្ធ និងយកឈ្នះលើពួកបរិសុទ្ធ។ អ្នកនៅពីក្រោយអាទទឹងនឹងព្រះគ្រីស្ទគឺជាអារក្ស ដែលជាទេវតាធ្លាក់ចុះ ដែលចង់ឲ្យគេថ្វាយបង្គំវាទុកដូចជាព្រះ។ ហើយតាមរយៈការសម្លាប់ពួកបរិសុទ្ធ អស់អ្នកដែលមិនបានកើតជាថ្មី នឹងថ្វាយបង្គំ និងលើកតម្កើងវាជាព្រះ។ ក្នុងកំឡុងសេចក្តីវេទនាដ៏ធំនេះ ពួកបរិសុទ្ធទាំងអស់នឹងទទួលរងការបៀតបៀន និងទុក្ករកម្មពីអាទទឹងនឹងព្រះគ្រីស្ទ។ 

ខ.៨៖ ឯអស់មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសំឡាប់ តាំងពីកំណើតលោកីយ៍មក នោះនឹងក្រាបថ្វាយបង្គំចំពោះសត្វនោះ។ 
កាលណាអាទទឹងនឹងព្រះគ្រីស្ទគ្រប់គ្រងផែនដីនេះ គ្រប់គ្នាដែលមិនបានកើតជាថ្មី នឹងថ្វាយបង្គំវាទុកដូចជាព្រះ ប៉ុន្តែអស់អ្នកដែលបានកើតជាថ្មី មិនធ្វើដូច្នេះឡើយ។ វានឹងទទួលបានការថ្វាយបង្គំតែពីមនុស្សមានបាបដែលមិនមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិតប៉ុណ្ណោះ។ 

ខ.៩៖ បើអ្នកណាមានត្រចៀក ឲ្យអ្នកនោះស្តាប់ចុះ។ 
នេះប្រាប់យើងថា អ្នកណាដែលជារាស្ត្ររបស់ព្រះ ត្រូវតែត្រៀមជំនឿរបស់ខ្លួន ដើម្បីធ្វើទុក្ករកម្ម ពីព្រោះគ្រប់ការទាំងនេះពិតជានឹងកើតឡើង ដូចដែលបានកត់ទុកនៅក្នុងព្រះគម្ពីរ។ 

ខ.១០៖ បើអ្នកណាដឹកនាំគេឲ្យទៅជាឈ្លើយ អ្នកនោះឯងនឹងត្រូវគេដឹកនាំខ្លួនឲ្យទៅជាឈ្លើយដែរ បើអ្នកណាកាប់សំឡាប់គេដោយដាវ នោះនឹងត្រូវស្លាប់ដោយដាវដែរ នេះហើយជាសេចក្តីអត់ធ្មត់ និងសេចក្តីជំនឿរបស់ពួកបរិសុទ្ធ។ 
នៅទីនេះ ព្រះមានបន្ទូលថា នៅថ្ងៃចុងក្រោយ ទ្រង់នឹងនាំសេចក្តីស្លាប់ និងសេចក្តីវេទនាដ៏ធំមកលើអស់អ្នកដែលសម្លាប់ពួកបរិសុទ្ធដែលបានកើតជាថ្មី។ ពួកបរិសុទ្ធនឹងត្រូវបានសម្លាប់ ដោយអាទទឹងនឹងព្រះ គ្រីស្ទ និងអ្នកដើរតាមរបស់វា កាលណារយៈពេលបីឆ្នាំកន្លះនៃសេចក្តីវេទនាដ៏ធំកន្លងផុតទៅ។ ប៉ុន្តែព្រះនឹងសងសឹកអស់អ្នកដែលបានសម្លាប់ពួកបរិសុទ្ធ ដោយការរងទុក្ខ និងសេចក្តីវេទនាកាន់តែធ្ងន់ធ្ងរ។ ដូច្នេះ ពួកបរិសុទ្ធទាំងអស់ត្រូវរួបរួមចិត្តគ្នា យកឈ្នះលើសេចក្តីវេទនាដ៏ធំនេះ ដោយជំនឿតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ និងថ្វាយសិរីល្អដល់ព្រះ ដោយការធ្វើទុក្ករកម្មរបស់ខ្លួន។ 

ខ.១១៖ ខ្ញុំក៏ឃើញសត្វសាហាវ១ទៀត ឡើងចេញពីដីមក វាមានស្នែង២ ដូចជាកូនចៀម តែពោលពាក្យដូចជានាគវិញ។ 
នៅទីនេះ យើងមិនឃើញសត្វសាហាវទីមួយទេ ប៉ុន្តែសត្វសាហាវទីពីរ។ សត្វសាហាវទីពីរក៏គិត និងនិយាយដូចជានាគផងដែរ។ វាមិនគ្រាន់តែគិតថា វាគឺជានាគប៉ុណ្ណោះទេ ប៉ុន្តែដោយសកម្មភាពរបស់វាផ្អែកលើជំនឿនេះ វាបៀតបៀនពួកបរិសុទ្ធកាន់តែសាហាវឃោរឃៅទៅទៀត។ សត្វសាហាវនេះគឺជាហោរារបស់អាទទឹងនឹងព្រះគ្រីស្ទ។ 

ខ.១២៖ ក៏ប្រព្រឹត្តដោយនូវគ្រប់ទាំងអំណាចរបស់សត្វទី១ នៅមុខនាគនោះ ទាំងបណ្តាលឲ្យផែនដី និងអស់អ្នកដែលនៅផែនដីបានក្រាបថ្វាយបង្គំ ដល់សត្វទី១ដែលមានរបួសដល់ស្លាប់នោះ តែបានសះជាវិញនោះផង។ 
សត្វសាហាវទីពីរដែលបានទទួលអំណាចពីសត្វសាហាវទីមួយ នឹងថ្វាយបង្គំសត្វសាហាវទីមួយ ហើយធ្វើឲ្យមនុស្សគ្រប់គ្នាដែលនៅរស់នៅលើផែនដី ថ្វាយបង្គំវាផងដែរ។ វាមានភារៈកិច្ចធ្វើឲ្យសត្វសាហាវទីមួយក្លាយជារូបព្រះ និងធ្វើឲ្យមនុស្សគ្រប់គ្នាថ្វាយបង្គំវាទុកដូចជាព្រះ។ ដោយសារការងារនេះ មនុស្សត្រូវតែថ្វាយបង្គំសត្វសាហាវទីមួយ និងវាទុកដូចជាព្រះ។ នេះហើយគឺជានិស្ស័យពិតប្រាកដរបស់សាតាំង។ 
ខ.១៣៖ វាក៏ធ្វើទីសំគាល់យ៉ាងធំ ដល់ម៉្លេះបានជាធ្វើឲ្យធ្លាក់ទាំងភ្លើង ពីលើមេឃមកលើផែនដី នៅមុខមនុស្សលោកផង។ 
ដោយសារសាតាំងនឹងធ្វើការអស្ចារ្យផ្សេងៗនៅលើផែនដីនេះ នៅចំពោះមុខមនុស្ស វាអាចបោកបញ្ឆោតមនុស្សជាច្រើនបាន។ វាអាចទាំងមានអំណាចធ្វើឲ្យភ្លើងធ្លាក់ពីមេឃចុះមកដីបានទៀតផង។ 

ខ.១៤៖ វាបញ្ឆោតពួកមនុស្សនៅផែនដី ដោយសារទីសំគាល់ ដែលវាមានអំណាចនឹងធ្វើ នៅមុខសត្វនោះ ក៏ប្រាប់ដល់ពួកអ្នកនៅផែនដី ឲ្យធ្វើរូបសត្វនោះ ដែលត្រូវរបួសនឹងដាវ តែបានរស់វិញដែរ។ 
ប៉ុន្តែក្នុងពេលដ៏ឆាប់ សាតាំងនឹងបញ្ចេញពណ៌របស់វា។ អ្វីដែលវាចង់ធ្វើ គឺលួចពីចិត្តរបស់មនុស្សនូវជំនឿលើព្រះ និងធ្វើឲ្យពួកគេថ្វាយបង្គំវាវិញ។ ដើម្បីសម្រេចការនេះបាន វានឹងធ្វើការអស្ចារ្យជាច្រើននៅចំពោះមុខមនុស្ស ហើយសម្លាប់រាស្ត្ររបស់ព្រះ។ ដើម្បីសម្រេចតាមគោលបំណងចុងក្រោយរបស់វា ដែលចង់ក្លាយជាព្រះ វានឹងព្យាយាមឡើងទៅកន្លែងរបស់្រះ។ ដូច្នេះ វាធ្វើរូបសត្វសាហាវមួយ ហើយបង្ខំឲ្យមនុស្សថ្វាយបង្គំវាទុកដូចជាព្រះ។ 

ខ.១៥៖ ក៏មានអំណាចបានប្រគល់ឲ្យវា នឹងធ្វើឲ្យរូបសត្វនោះមានខ្យល់ដង្ហើម ដើម្បីឲ្យបានចេះនិយាយ ហើយអំណាចនឹងធ្វើឲ្យពួកអ្នក ដែលមិនព្រមក្រាបថ្វាយបង្គំរូបសត្វនោះ ត្រូវស្លាប់ផង។ 
ដោយសារឧបសគ្គធំបំផុតក្នុងការធ្វើឲ្យខ្លួនស្មើនឹងព្រះ គឺជារាស្ត្ររបស់ព្រះ សាតាំងនឹងខិតខំអស់ពីសមត្ថភាព ដើម្បីកំចាត់ពួកគេចោល។ ដូច្នេះ វានឹងសម្លាប់អស់អ្នកដែលមិនថ្វាយបង្គំរូបសត្វសាហាវ ទោះបើពួកគេមានគ្នាច្រើនយ៉ាងណាក៏ដោយ។ ដូច្នេះ ពួកបរិសុទ្ធច្រើនរាប់មិនអស់នឹងព្រមធ្វើទុក្ករកម្មសម្រាប់ជំនឿរបស់ពួកគេនៅពេលនេះ ដោយសម្លឹងទៅកាន់ជីវិតបន្ទាប់ពីស្លាប់ទៅ។ ដោយសារអាទទឹងនឹងព្រះគ្រីស្ទនាំការរងទុក្ខដ៏ធំមកលើពួកបរិសុទ្ធ ព្រះនឹងត្រៀមគ្រោះកាចនៃចានទាំង៧ និងទណ្ឌកម្មនៃស្ថាននរកដែលឆេះអស់កល្បជានិច្ចសម្រាប់វា។ 

ខ.១៦-១៧៖ វាក៏បង្ខំមនុស្សទាំងអស់ ទាំងធំ ទាំងតូច ទាំងមាន ទាំងក្រ ហើយទាំងអ្នកជា និងបាវគេ ឲ្យទទួលទីសំគាល់នៅដៃស្តាំ ឬនៅថ្ងាសគេរៀងខ្លួន ហើយមិនបើកឲ្យអ្នកណាមានច្បាប់នឹងទិញ ឬលក់អ្វីបានឡើយ លើកតែអ្នកដែលមានទីសំគាល់នោះចេញ គឺជាឈ្មោះរបស់សត្វនោះ ឬជាលេខឈ្មោះរបស់វា។ 
នៅចំណុចកំពូលនៃសេចក្តីវេទនាដ៏ធំ អាទទឹងនឹងព្រះគ្រីស្ទនឹងតម្រូវឲ្យមនុស្សទាំងអស់ទទួលសញ្ញានៅលើដៃស្តាំ ឬថ្ងាស ដើម្បីធានាថា គ្រប់គ្នានៅក្រោមអំណាចគ្រប់គ្រងរបស់វា។ សញ្ញានេះគឺជាឈ្មោះរបស់សត្វសាហាវ។ ដើម្បីធ្វើឲ្យគ្រប់គ្នាក្លាយជាអ្នកបម្រើរបស់វា អាទទឹងនឹងព្រះ គ្រីស្ទនឹងបង្ខំឲ្យមនុស្សទទួលយកសញ្ញារបស់វា។ 
ដោយគ្រប់គ្រងជីវិតរបស់មនុស្ស អាទទឹងនឹងព្រះគ្រីស្ទនឹងបន្តអនុវត្តផែនការនយោបាយរបស់វាជាបន្តទៀត។ វាមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ដែលមិនមានសញ្ញារបស់សត្វសាហាវ ដែលបញ្ជាក់ពីភក្តីភាពចំពោះវា ទិញ ឬលក់អ្វីតាមរបៀបណាមួយបានឡើយ។ សញ្ញានេះគឺជាឈ្មោះរបស់សត្វសាហាវ ឬលេខរបស់វា។ នៅពេលសត្វសាហាវលេចមកលើផែនដីនេះនៅពេលអនាគត គ្រប់គ្នាត្រូវបានតម្រូវឲ្យទទួលសញ្ញារបស់វា ដែលជាឈ្មោះ ឬលេខរបស់វា។ ដូច្នេះ យើងត្រូវតែរំឮកខ្លួនយើងអំពីការព្រមានរបស់ព្រះថា អស់អ្នកដែលទទួលសញ្ញានេះ នឹងត្រូវបោះទម្លាក់ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។ 

ខ.១៨៖ នេះហើយជាប្រាជ្ញា អ្នកណាដែលមានយោបល់ ឲ្យអ្នកនោះរាប់លេខនៃសត្វនោះចុះ ដ្បិតលេខនោះជាលេខរបស់មនុស្សគឺ៦៦៦។ 
លេខរបស់សត្វសាហវគឺ៦៦៦។ សរុបមក នេះមានន័យថា សត្វ សាហាវទាមទារឲ្យខ្លួនវាបានស្មើនឹងព្រះ។ តើមានលេខណាមួយ ដែលបញ្ជាក់ថា «មនុស្សគឺជាព្រះ» ដែរទេ? លេខដែលមានអត្ថន័យបែបនេះ គឺជាលេខរបស់អាទទឹងនឹងព្រះគ្រីស្ទ។ ដូច្នេះ ពួកបរិសុទ្ធមិនអាចទទួលយកសញ្ញានេះបានឡើយ ពីព្រោះមានតែព្រៃត្រៃឯកប៉ុណ្ណោះ ដែលជាព្រះដ៏ពិតសម្រាប់យើង។ ពួកបរិសុទ្ធត្រូវតែយកឈ្នះលើសាតាំង ដោយជំនឿរបស់ខ្លួនលើព្រះអម្ចាស់ ហើយថ្វាយសិរីល្អដល់ព្រះ។ នេះគឺជាជំនឿ និងការថ្វាយបង្គំប្រសើរបំផុត ដែលពួកបរិសុទ្ធអាចថ្វាយសិរីល្អដល់ព្រះ អម្ចាស់បាន។ ដូច្នេះ ចូរយើងយកឈ្នះ ដោយជំនឿរបស់យើង។ 
 

ការពន្យល់ពាក្យគន្លឹះ

ប្រធានបទនៃជំពូក១៣ គឺជាការលេចមករបស់អាទទឹងនឹងព្រះគ្រីស្ទ និងសាតាំង។ តាមរយៈការលេចមករបស់ពួកវា ពួកបរិសុទ្ធនឹងចូលរួមនៅក្នុងសង្រ្គាមខាងវិញ្ញាណមួយ ដែលពួកគេគ្មានជម្រើសអ្វីក្រៅពីត្រូវបាន អាទទឹងនឹងព្រះគ្រីស្ទសម្លាប់ឡើយ។ អាទទឹងនឹងព្រះគ្រីស្ទគឺជាបាវបម្រើម្នាក់របស់សាតាំង ដែលជាអ្នកបៀតបៀន និងសម្លាប់ពួកបិរសុទ្ធ។
ដោយកំពុងតែរស់នៅក្នុងគ្រាបច្ចុប្បន្ននេះ គ្រីស្ទបរិស័ទ និងអ្នកដែលមិនមែនជាគ្រីស្ទបរិស័ទទាំងអស់នៅក្នុងលោកិយនេះ ត្រូវតែយល់ព្រះបន្ទូលនៅក្នុងកណ្ឌគម្ពីរវិវរណៈ។ វិវរណៈ ១៣ ទាយថា ពេលវេលាមួយនឹងមកដល់ នៅពេលសាតាំងនឹងតាំងអាទទឹងនឹងព្រះគ្រីស្ទឲ្យដូចជាព្រះ។ សាតាំងនឹងប្រគល់សិទ្ធិអំណាចដ៏ធំដល់អ្នកដឹកនាំនយោបាយម្នាក់នៅក្នុងពិភពលោកនេះ ហើយធ្វើឲ្យអ្នកដឹកនាំនោះទាស់ប្រឆាំងនឹងព្រះ និងពួកបរិសុទ្ធរបស់ទ្រង់។ ជាពិសេស អាទទឹងនឹងព្រះគ្រីស្ទនឹងធ្វើឲ្យខ្លួនវាបានដូចជាព្រះ ហើយទាស់ប្រឆាំងនឹងទ្រង់។ 
គ្រប់គ្នា រួមទាំងរាស្ត្ររបស់ព្រះផង នឹងរងទុក្ខយ៉ាងខ្លាំងពីសេចក្តីវេទនាដ៏ធំ និងការបៀតបៀន ដោយសារអាទទឹងនឹងព្រះគ្រីស្ទដ៏កាច សាហាវ។ បទគម្ពីរមេប្រាប់យើងថា រូបរបស់អាទទឹងនឹងព្រះគ្រីស្ទដែលបានទទួលដង្ហើមជីវិតរបស់សាតាំង នឹងនិយាយដូចជាវាមានជីវិត ហើយក៏មានសិទ្ធិអំណាចធ្វើទុក្ខដល់មនុស្សផងដែរ។ អស់អ្នកដែលមិនបានកើតជាថ្មី នឹងចុះចូលចំពោះវា ហើយធ្វើជាបាវបម្រើរបស់វា។ ហើយអស់អ្នកដែលមិនថ្វាយបង្គំរូបព្រះរបស់សាតាំង នឹងត្រូវបានសម្លាប់ ទោះបើពួកគេមានគ្នាច្រើនប៉ុណ្ណាក៏ដោយ។ ហើយសាតាំងក៏បង្ខំឲ្យមនុស្សទាំងអស់ទទួលយកសញ្ញា ឬលេខរបស់វានៅលើដៃស្តាំ ឬថ្ងាសផងដែរ។
ដូច្នេះ យើងទាំងអស់គ្នាត្រូវតែត្រៀមជំនឿរបស់យើងជាមុន ហើយតយុទ្ធ និងយកឈ្នះលើសាតាំង ដោយជំនឿនៅពេលអនាគត ដោយការយល់ និងជឿលើអត្ថន័យនៃព្រះបន្ទូលបើកសម្តែងនៅក្នុង វិវរណៈ ១៣។ រាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ ត្រូវតែថ្វាយសិរីល្អដល់ព្រះអម្ចាស់ ដោយការរៀនពី និងជឿតាមព្រះបន្ទូលបើកសម្តែងនេះ ហើយឈរយ៉ាងមាំមួនប្រឆាំង និងយកឈ្នះលើអាទទឹងនឹងព្រះគ្រីស្ទ។
 

ដើមកំណើតនៃស្ថាននរក

ជាដំបូង យើងត្រូវតែដឹងពីមូលហេតុដែលត្រូវតែមានស្ថាននរក និងអត្ថិភាពរបស់វា។ ស្ថាននរកគឺជាកន្លែងមួយ ដែលព្រះបានត្រៀមសម្រាប់សាតាំង។ ព្រះគម្ពីរប្រាប់យើងថា ពីដំបូង វាមិនមែនជាសាតាំងទេ។ ប៉ុន្តែដោយសារការប្រឆាំងនឹងព្រះដោយអំណួត ទេវតានេះបានក្លាយជាសាតាំង ដោយសារបាបរបស់វា ហើយស្ថាននរកគឺជាកន្លែងដែលព្រះបានបង្កើតសម្រាប់វា។ ព្រះបានបង្កើតស្ថាននរក ដើម្បីដាក់ទណ្ឌកម្មសាតាំង ពួកអ្នកដើរតាមរបស់វា និងអស់អ្នកដែលទាស់ប្រឆាំងនឹងទ្រង់។ 
អេសាយ ១៤:១២-១៥ ពន្យល់ពីរបៀបដែលទេវតានេះបានក្លាយខ្លួនទៅជាសាតាំង៖ «ឱតារាប្រចាំថ្ងៃ ជាផ្កាយព្រឹកអើយ ន៏ ឯងបានធ្លាក់ចុះមកពីលើមេឃហើយ ឯងដែលបានផ្តេកអស់ទាំងនគរឲ្យរាប ឯងបានត្រូវកាប់រំលំដល់ដីដែរហ្ន៎ ឯងបានគិតក្នុងចិត្តថា អញនឹងឡើងទៅឯស្ថានសួគ៌ អញនឹងដំកើងបល្ល័ង្កអញ ឲ្យខ្ពស់ជាងអស់ទាំងផ្កាយរបស់ព្រះ ហើយអញនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំ នៅទីបំផុតនៃទិសខាងជើង អញនឹងឡើងទៅផុតទីខ្ពស់នៃពពក អញនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុត តែឯងបានត្រូវទំលាក់ចុះដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ គឺដល់ទីជំរៅនៃជង្ហុកធំ»។ 
ទេវតានេះដែលទាស់ប្រឆាំងនឹងព្រះនៅស្ថានសួគ៌ បានដណ្តើមរាជ្យបល្ល័ង្ករបស់ព្រះ។ ដោយមើលឃើញព្រះមានអំណាចលើសវា វាបានព្យាយាមបណ្តេញទ្រង់ចេញ ហើយអង្គុយលើបល្ល័ង្ករបស់ទ្រង់ ហើយជាលទ្ធផលនៃការបះបោរដែលបរាជ័យនេះ វាត្រូវបានព្រះបណ្តេញចេញពីស្ថានសួគ៌ ហើយបានក្លាយជាសាតាំង។ ព្រះគម្ពីរក៏ហៅពួកទេវតាដែលបានដើរតាមសាតាំងនៅក្នុងការបះបោរនេះថា ពួកវិញ្ញាណអាក្រក់ដែរ។ 
ដើម្បីដាក់ទណ្ឌកម្មលើស្នាព្រះហស្តដែលបានទាស់ប្រឆាំងនឹងទ្រង់ ព្រះបានបង្កើតកន្លែងមួយដែលហៅថា «ស្ថាននរក»។ ទោះបីជាសាតាំងហាក់ដូចជាទាស់ប្រឆាំងនឹងព្រះ និងប្រមាថព្រះរាជកិច្ចរបស់ទ្រង់មិនចប់មិនចេះហើយក៏ដោយ កាលណាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណត្រូវបានប្រកាសទៅដល់មនុស្សទាំងអស់ហើយ វានឹងត្រូវធ្លាក់ទៅក្នុងជង្ហុកធំ សម្រាប់រយៈពេលមួយពាន់ឆ្នាំ។
ដោយសារសាតាំងនឹងមិនប្រែចិត្តចេញពីបាបនៃការទាស់ប្រឆាំងនឹងព្រះ វានឹងបន្តព្យាយាមលើកខ្លួនវាឲ្យខ្ពស់ដូចជាព្រះ ហើយជាចុងក្រោយ វានឹងទទួលយកទណ្ឌកម្មដ៏សាហាវនៅក្នុងស្ថាននរកអស់កល្បជានិច្ច។ រហូតដល់ចុងបញ្ចប់នេះ សាតាំងនឹងបន្តទាស់ប្រឆាំងនឹងព្រះ និងមនុស្សសុចរិត ដោយការធ្វើឲ្យមនុស្សយកវាធ្វើជារូបព្រះ។ ព្រះគម្ពីរបាន ហៅទេវតាដែលធ្លាក់ចុះនេះ ដែលប្រមាថព្រះ និងពួកបរិសុទ្ធរបស់ទ្រង់ ថា សាតាំង ឬអារក្ស និងនាគ ឬសត្វពស់ពីដើម (វិវរណៈ ១២:៩)។
 


៦៦៦ លេខរបស់សត្វ


នៅទីបំផុត ព្រះនឹងចងសាតាំងនៅក្នុងគុករបស់វា។ ប៉ុន្តែមុនពេលវាធ្លាក់ទៅក្នុងស្ថាននរក សាតាំងនឹងបង្ខំឲ្យមនុស្សទទួលយកសញ្ញា៦៦៦ ដែលជាឈ្មោះ និងលេខរបស់វា ដាក់នៅលើដៃស្តាំ ឬថ្ងាស។ ហើយវានឹងហាមឃាត់អស់អ្នកដែលមិនមានសញ្ញានេះពីការលក់ដូរទាំងអស់។ 
លេខ៧គឺជាលេខនៃភាពគ្រប់លក្ខណ៍ ដែលសំដៅទៅលើព្រះ។ ប៉ុន្តែលេខ៦សំដៅទៅលើមនុស្ស ពីព្រោះព្រះបានបង្កើតមនុស្សនៅថ្ងៃទី៦ តាមរូបអង្គ និងភាពដូចជាទ្រង់។ លេខ៦៦៦របស់សត្វនៅទីនេះ សម្តែងពីអំណួតរបស់មនុស្ស ដែលព្យាយាមក្លាយជាព្រះត្រៃឯក។ ក្នុងពេលអនាគតដ៏ខ្លី ពេលវេលានឹងមកដល់ នៅពេលមនុស្សនឹងទទួលយកសញ្ញា៦៦៦នេះ។ 
វិវរណៈ ១៣:១ ប្រាប់យើងថា ស្តេចទាំង៧លេចចេញមកពីជាតិសាសន៍ទាំង១០។ ក្នុងចំណោមពួកគេ ម្នាក់ដែលមានអំណាចដ៏ខ្លាំង ហើយសាតាំងប្រគល់សិទ្ធិអំណាចដល់ម្នាក់នេះ នឹងដាក់ពិភពលោកនេះនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ តាមរយៈការធ្វើការអស្ចារ្យធំៗ ដូចជាការប្រោសរបួសដល់ស្លាប់ឲ្យជា និងធ្វើឲ្យភ្លើងធ្លាក់ពីមេឃមក វានឹងធ្វើឲ្យមនុស្សទាំងអស់នៅលើផែនដីនេះដើរតាមវា។ 
នៅក្នុងន័យផ្សេង ដោយសារសាតាំងធ្វើឲ្យមនុស្សដើរតាមវា ជាជាងដើរតាមព្រះ មនុស្សជាច្រើននឹងត្រូវថ្វាយបង្គំវាទុកដូចជាព្រះ។ ដូចដែល វីរៈបុរសលេចមកនៅក្នុងពេលមានបញ្ហា អាទទឹងនឹងព្រះគ្រីស្ទដែលបានទទួលសិទ្ធិអំណាចដ៏ធំពីសាតាំង នឹងខិតខំធ្វើឲ្យមនុស្សគ្រប់គ្នាដើរតាមវាទុកដូចជាព្រះ តាមរយៈការដោះស្រាយបញ្ហានយោបាយសេដ្ឋកិច្ច ធ្ងន់ធ្ងរទាំងឡាយ ដែលពិភពលោកនេះនឹងប្រឈម។ ជាចុងក្រោយ សាតាំងនឹងសម្តែងពណ៌ពិតប្រាកដរបស់ទ្រង់ ដោយព្យាយាមទាស់ប្រឆាំងនឹងព្រះដោយផ្ទាល់នៅថ្ងៃចុងក្រោយ។ 
ដូចដែលយើងអាចមើលឃើញពីកណ្ឌគម្ពីរដានីយ៉ែល សេចក្តីវេទនាដ៏ធំនឹងមានភាពធ្ងន់ធ្ងរ នៅពេលរយៈពេលបីឆ្នាំកន្លះដំបូងរបស់វាបញ្ចប់ទៅ។ បីឆ្នាំកន្លះនេះគឺជារយៈពេលនៃគ្រោះកាច និងការសោយរាជ្យដ៏មានអំណាចរបស់សាតាំង។ ប៉ុន្តែកាលណាបីឆ្នាំកន្លះនេះបញ្ចប់ទៅ នឹងមានសេចក្តីវេទនាដកាន់តែធំកើតឡើង។ នៅពេលនេះ សាតាំងនឹងមានសិទ្ធិអំណាចធ្វើកិច្ចការបស់វា ក្នុងចំណោមមនុស្សនៅក្នុងលោកិយនេះ សម្លាប់អស់អ្នកដែលមិនស្តាប់តាមវា បោកបញឆោតពួកគេ ដោយការអស្ចារ្យ ផ្សេងៗ ដូចជាការធ្វើឲ្យភ្លើងធ្លាក់ពីមេឃ ធ្វើឲ្យខ្លួនវាក្លាយជារូបព្រះ និងធ្វើឲ្យពួកគេប្រមាថព្រះ។ 
ក្នុងពេលជាមួយគ្នា អាទទឹងនឹងព្រះគ្រីស្ទដែលបានទទួលសិទ្ធិអំណាចទាំងអស់ពីសាតាំង នឹងប្រមាថពួកបរិសុទ្ធ ហើយសម្លាប់ពួកបរិសុទ្ធទាំងអស់ ដែលមិនស្តាប់បង្គាប់វា។ ខ.៧-៨ ប្រាប់យើងថា «ឯអស់មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសំឡាប់ តាំងពីកំណើតលោកីយ៍មក នោះនឹងក្រាបថ្វាយបង្គំចំពោះសត្វនោះ ក៏មានអំណាចបានប្រគល់ដល់វា ឲ្យច្បាំងឈ្នះពួកបរិសុទ្ធបាន ហើយនិងអំណាចលើគ្រប់ទាំងពូជមនុស្ស គឺអស់ទាំងគ្រួសារ និងភាសា ហើយនិងអស់ទាំងសាសន៍ផង»។ ប៉ុន្តែមានអ្នកដែលបដិសេធមិនថ្វាយបង្គំសត្វនៅពេលនេះ ហើយពួកគេគឺជារាស្ត្រដែលបានកើតជាថ្មីរបស់ព្រះ ដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀម។ 
 

ព្រឹត្តិការណ៍នៃទុក្ករកម្ម

ទុក្ករកម្មគឺជាព្រឹត្តិការណ៍មួយដែលកើតឡើង នៅពេលពួកបរិសុទ្ធដែលបានកើតជាថ្មី ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ស៊ូឲ្យបានគេសម្លាប់ ដើម្បីការពារជំនឿរបស់ពួកគេលើព្រះអម្ចាស់ ដោយការបដិសេធមិនទទួលយកសញ្ញារបស់សាតាំង។ នៅក្នុងន័យផ្សេង សេចក្តីវេទនាដ៏ធំនឹងឈានដល់ចំណុចខ្ពស់បំផុតរបស់វា កាលណារយៈពេលបីឆ្នាំកន្លះដំបូងកន្លងផុតទៅ។ នៅពេលនេះ ជំនឿរបស់មនុស្សសុចរិតត្រូវត្រៀមជាស្រេចសម្រាប់ទុក្ករកម្មរបស់ពួកគេ។ 
ទោះបីយ៉ាងណា អស់អ្នកដែលមិនបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន និងនៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួន នឹងត្រូវនៅខាងសាតាំង ហើយចុះចូលចំពោះវានៅទីបំផុត ទោះបើពួកគេជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ពួកគេក៏ដោយ។ នៅទីបំផុត ដោយសារពួកគ្រីស្ទ បរិស័ទដែលជឿព្រះយេស៊ូវ តែមិនបានកើតជាថ្មី មិនមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់ពួកគេ នៅពេលមានការបង្ខំមកដល់ ពួកគេនឹងចុះចូលចំពោះសាតាំង ទទួលយកសញ្ញារបស់វានៅលើដៃស្តាំ ឬថ្ងាស និងថ្វាយបង្គំវាទុកដូចជាព្រះ។ 
យើងត្រូវតែដឹងយ៉ាងច្បាស់លាស់ថា អស់អ្នកដែលមិនថ្វាយបង្គំសាតាំងនៅពេលនេះ គឺជាអស់អ្នកដែលបានទទួលការអត់ទោសបាបរបស់ខ្លួនហើយ។ ហើយយើងក៏ត្រូវតែដឹងផងដែរថា ព្រះបានប្រាប់យើងយ៉ាងច្បាស់លាស់ហើយថា ទ្រង់នឹងបោះអស់អ្នកដែលចុះចូលចំពោះសត្វទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រជាមួយសាតាំង។ 
ខ.៩-១០ ប្រាប់យើងថា «បើអ្នកណាមានត្រចៀក ឲ្យអ្នកនោះស្តាប់ចុះ បើអ្នកណាដឹកនាំគេឲ្យទៅជាឈ្លើយ អ្នកនោះឯងនឹងត្រូវគេដឹកនាំខ្លួនឲ្យទៅជាឈ្លើយដែរ បើអ្នកណាកាប់សំឡាប់គេដោយដាវ នោះនឹងត្រូវស្លាប់ដោយដាវដែរ នេះហើយជាសេចក្តីអត់ធ្មត់ និងសេចក្តីជំនឿរបស់ពួកបរិសុទ្ធ»។ នៅពេលនេះ អាទទឹងនឹងព្រះគ្រីស្ទ និងអ្នកដើរតាមរបស់វាបៀតបៀនមនុស្សសុចរិតយ៉ាងខ្លាំង ហើយលក់ និងសម្លាប់ពួកគេដោយដាវរបស់ខ្លួន។ អ្វីដែលយើងត្រូវតែដឹងនៅទីនេះគឺថា ព្រះនឹងសងសឹកលើខ្មាំងសត្រូវរបស់យើង ដែលបៀតបៀន និងសម្លាប់មនុស្សសុចរិត។ 
ដូច្នេះ ពួកបរិសុទ្ធត្រូវតែឆ្លងកាត់ការបៀតបៀន និងសេចក្តីស្លាប់របស់ខ្លួន ដោយការជឿតាមសេចក្តីសន្យារបស់ព្រះ។ បើសិនព្រះមិននាំការសងសឹកមកលើពួកខ្មាំងសត្រូវរបស់យើងទេ តើយើងអាចបិទភ្នែកយ៉ាងអយុត្តិធម៌បែបនេះបានយ៉ាងដូចម្តេច? ប៉ុន្តែដូចដែលព្រះបានសន្យាជាមួយយើងថា ទ្រង់នឹងសងសឹកខ្មាំងសត្រូវដែលធ្វើបាបយើង នោះ សេចក្តីស្លាប់របស់យើងនឹងមិនជាឥតប្រយោជន៍ឡើយ។ ព្រះពិតជានឹងសងសឹកដល់អស់អ្នកដែលធ្វើទុក្ខ និងបៀតបៀនដល់មនុស្សសុចរិត ហើយប្រោសមនុស្សុសុចរិតឲ្យរស់ពីស្លាប់ឡើងវិញ លើកពួកគេឡើងទៅស្ថានសួគ៌ និងពិធីមង្គលការរបស់កូនចៀម ហើយអនុញ្ញាតឲ្យពួកគេសោយរាជ្យជាមួយព្រះអម្ចាស់ សម្រាប់រយៈពេលមួយពាន់ឆ្នាំ និងរស់នៅជាមួយទ្រង់អស់កល្បជានិច្ច។ យើងទាំងអស់គ្នាជឿ និងសង្ឃឹមសម្រាប់សេចក្តីពិតនេះ។ ដូច្នេះ ព្រះអម្ចាស់របស់យើងគឺជាព្រះដ៏អស្ចារ្យបំផុត ដែលបំពេញសម្រេចតាមសេចក្តីសង្ឃឹមទាំងអស់របស់យើង។