Search

សេចក្តីអធិប្បាយ

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 19-1] នគរដែលព្រះប្រកប ដោយសព្វានុភាពសោយរាជ្យ (វិវរណៈ ១៩:១-២១)

នគរដែលព្រះប្រកប ដោយសព្វានុភាពសោយរាជ្
(វិវរណៈ ១៩:១-២១)
«ក្រោយនោះមក ខ្ញុំឮសំឡេងយ៉ាងខ្លាំង របស់មនុស្ស១ហ្វូងដ៏ធំ នៅលើស្ថានសួគ៌ថា ហាលេលូយ៉ា សេចក្តីសង្គ្រោះ សិរីល្អ និងព្រះចេស្តា នោះជារបស់ផងព្រះនៃយើងរាល់គ្នាហើយ ដ្បិតសេចក្តីជំនុំជំរះរបស់ទ្រង់ សុទ្ធតែពិតត្រង់ ហើយសុចរិតទាំងអស់ ពីព្រោះទ្រង់បានកាត់ទោសស្រីសំផឹងដ៏ធំនោះ ដែលបង្ខូចផែនដី ដោយការកំផិតរបស់វា ទ្រង់ក៏សងសឹក ដោយព្រោះឈាមពួកបាវបំរើរបស់ទ្រង់ ដែលវាបានកំចាយ ពួកនោះក៏ពោលពាក្យម្តងទៀតថា ហាលេលូយ៉ា ហើយផ្សែងវាក៏ហុយឡើងនៅអស់កល្បជានិច្ចរៀងរាបតទៅ ពួកចាស់ទុំទាំង២៤នាក់ និងតួមានជីវិតទាំង៤ ក៏ទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំចំពោះព្រះ ដែលគង់នៅលើបល្ល័ង្ក ដោយនិយាយថា អាម៉ែន ហាលេលូយ៉ា រួចមានសំឡេងចេញពីបល្ល័ង្កមកថា អស់ទាំងបាវបំរើទ្រង់ និងពួកអ្នកដែលកោតខ្លាចទ្រង់ ទាំងធំទាំងតូចអើយ ចូរសរសើរដល់ព្រះនៃយើងរាល់គ្នាចុះ នោះខ្ញុំឮសូរដូចជាសំឡេងនៃមនុស្ស១ហ្វូងយ៉ាងធំ ដូចសូរទឹកច្រើន ហើយដូចសូរផ្គរលាន់យ៉ាងខ្លាំងថា ហាលេលូយ៉ា ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលមានព្រះចេស្តាបំផុត ទ្រង់សោយរាជ្យឡើងហើយ ចូរឲ្យយើងអរសប្បាយ ហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតបានដល់ពេលរៀបវិវាហមង្គលនៃកូនចៀមហើយ ភរិយាទ្រង់បានរៀបខ្លួនជាស្រេច ទ្រង់ប្រទានឲ្យនាងបានស្លៀកពាក់សំពត់ទេសយ៉ាងម៉ដ្ឋ ស្អាត ហើយភ្លឺ ដ្បិតសំពត់ទេសយ៉ាងម៉ដ្ឋ នោះជាសេចក្តីសុចរិតរបស់ពួកបរិសុទ្ធ ទេវតាក៏ប្រាប់មកខ្ញុំថា ចូរសរសេរថា មានពរហើយ អស់អ្នកដែលព្រះបានហៅមកបរិភោគការកូនចៀម ក៏និយាយមកខ្ញុំទៀតថា នេះជាព្រះបន្ទូលពិតរបស់ព្រះ នោះខ្ញុំទំលាក់ខ្លួនចុះ នៅទៀបជើងទេវតានោះ ដើម្បីថ្វាយបង្គំ តែទេវតាប្រាប់ខ្ញុំថា កុំឲ្យធ្វើដូច្នេះឡើយ ដ្បិតខ្ញុំជាបាវបំរើជាមួយនឹងអ្នក ហើយនិងបងប្អូនអ្នក ដែលមានសេចក្តីបន្ទាល់ពីព្រះយេស៊ូវដែរ ចូរថ្វាយបង្គំដល់ព្រះវិញ ដ្បិតការធ្វើបន្ទាល់ពីព្រះយេស៊ូវ នោះហើយជាវិញ្ញាណនៃសេចក្តីទំនាយ ខ្ញុំក៏ឃើញមេឃបើកចំហឡើង នោះឃើញមានសេះស១ និងព្រះអង្គដែលគង់លើវា ទ្រង់មានព្រះនាមថា [ស្មោះត្រង់ ហើយពិតប្រាកដ] ទ្រង់ជំនុំជំរះ ហើយច្បាំងដោយសុចរិត ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង ហើយនៅលើព្រះសិរសា មានមកុដជាច្រើន ទ្រង់មានព្រះនាមកត់ទុក ដែលគ្មានអ្នកណាស្គាល់ឡើយ លើកតែអង្គទ្រង់ប៉ុណ្ណោះ ទ្រង់ក៏ទ្រង់ព្រះពស្ត្រជ្រលក់ដោយឈាម ហើយព្រះនាមទ្រង់ហៅថា [ព្រះបន្ទូលនៃព្រះ] អស់ទាំងពលបរិវារនៅស្ថានសួគ៌ ក៏ជិះសេះសដង្ហែទ្រង់ ទាំងស្លៀកពាក់សំពត់ទេស ហើយស្អាតផង មានដាវយ៉ាងមុតចេញពីព្រះឱសទ្រង់ ដើម្បីនឹងកាប់អស់ទាំងសាសន៍ ហើយទ្រង់នឹងឃ្វាលគេ ដោយដំបងដែក ទ្រង់ក៏ជាន់ក្នុងធុងឃ្នាបនៃស្រាទំពាំងបាយជូរ ជាសេចក្តីឃោរឃៅរបស់សេចក្តីខ្ញាល់នៃព្រះដ៏មានព្រះចេស្តាបំផុត ទ្រង់មានព្រះនាមកត់នៅព្រះពស្ត្រ ហើយនៅព្រះឧរូទ្រង់ថា [ស្តេចលើអស់ទាំងស្តេច ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់] ខ្ញុំក៏ឃើញទេវតា១ឈរនៅលើព្រះអាទិត្យ បន្លឺដោយសំឡេងយ៉ាងខ្លាំង ដល់គ្រប់ទាំងសត្វដែលហើរលើអាកាសថា ចូរមកប្រជុំគ្នា និងស៊ីលៀងដ៏ធំរបស់ព្រះចុះ ដើម្បីនឹងស៊ីសាច់នៃពួកស្តេច ពួកមេទ័ព ពួកមនុស្សខ្លាំងពូកែ ព្រមទាំងសេះ ហើយនិងពួកអ្នកដែលជិះដែរ គឺជាសាច់នៃមនុស្សទាំងអស់ ទាំងអ្នកជា និងខ្ញុំគេ ទាំងអ្នកធំ និងអ្នកតូចផង ខ្ញុំក៏ឃើញសត្វនោះ និងពួកស្តេចនៅផែនដី ព្រមទាំងពលទ័ពគេ បានប្រមូលគ្នា ដើម្បីច្បាំងនឹងព្រះអង្គដែលគង់នៅលើសេះសនោះ និងពួកពលទ័ពរបស់ទ្រង់ផង សត្វនោះក៏ត្រូវចាប់បាន ព្រមទាំងហោរាក្លែងក្លាយ ដែលនៅជាមួយផង ជាអ្នកដែលធ្វើទីសំគាល់នៅមុខវា ដើម្បីនឹងបញ្ឆោតពួកអ្នក ដែលទទួលទីសំគាល់របស់សត្វ និងពួកអ្នកដែលក្រាបថ្វាយបង្គំដល់រូបវា ហើយវាទាំង២ក៏ត្រូវបោះទាំងរស់ ទៅក្នុងបឹងភ្លើង ដែលឆេះដោយស្ពាន់ធ័រ ហើយពួកដែលសល់នៅ ក៏ត្រូវស្លាប់ដោយដាវព្រះអង្គ ដែលគង់លើសេះ ជាដាវដែលចេញពីព្រះឱស្ឋទ្រង់មក នោះអស់ទាំងសត្វស្លាបបានឆ្អែត ដោយសាច់នៃពួកទាំងនោះ»
 


ការកាត់ស្រាយ


ខ.១៖ ក្រោយនោះមក ខ្ញុំឮសំឡេងយ៉ាងខ្លាំង របស់មនុស្ស១ហ្វូងដ៏ធំ នៅលើស្ថានសួគ៌ថា ហាលេលូយ៉ា សេចក្តីសង្គ្រោះ សិរីល្អ និងព្រះចេស្តា នោះជារបស់ផងព្រះនៃយើងរាល់គ្នាហើយ។ 
បទគម្ពីរពិពណ៌នាពួកបរិសុទ្ធដែលសរសើរតម្កើងព្រះអម្ចាស់ ខណៈដែលថ្ងៃពិធីមង្គលការរបស់កូនចៀមមកដល់។ ព្រះអម្ចាស់បានប្រទានសេចក្តីសង្រ្គោះ និងសិរីល្អដល់ពួកបរិសុទ្ធ ដើម្បីឲ្យពួកគេអាចសរសើរតម្កើងទ្រង់ សម្រាប់មូលហេតុល្អ។ ដូច្នេះ ពួកបរិសុទ្ធដែលត្រូវបានលើកឡើងទៅស្ថានសួគ៌ បន្តសរសើរតម្កើងព្រះអម្ចាស់ ពីព្រោះព្រះគុណទ្រង់ធំ ដែលបានសង្រ្គោះពួកគេចេញពីបាប និងទោសទាំងអស់របស់ពួកគេ។
ពាក្យថា «ហាលេលូយ៉ា» (hallelujah) គឺជាពាក្យផ្សំមួយ ដែលទាក់ទងយ៉ាងជិតស្និទ្ទជាមួយពាក្យហេព្រើរថា «halal» ដែលមានន័យថា សរសើរតម្កើង ហើយ «Yah» មានន័យថា «ព្រះយេហូវ៉ា»។ ដូច្នេះ ពាក្យនេះមានន័យថា «សរសើរតម្កើងព្រះយេហូវ៉ា»។ ឧទាហរណ៍ ទំនុកដំកើង ១១៣-១១៨ ត្រូវបានហៅថា «Hallel of Egypt» (ការសរសើរតម្កើងរបស់អេស៊ីព្ទ) ហើយ ទំនុកដំកើង ១៤៦-១៥០ ត្រូវបានហៅថា «Psalms of Hallel» (ទំនុកដំកើងនៃការសរសើរតម្កើង)។
ទំនុកដំកើងនៃការសរសើរតម្កើងទាំងនេះគឺជាទំនុកដែលមានទាំងអំណរ និងទុក្ខសោករបស់សាសន៍យូដា ដែលផ្តល់កម្លាំងដល់ពួកគេ ក្នុងពេលមានសេចក្តីទុក្ខព្រួយ និងសេចក្តីវេទនា ហើយពួកគេច្រៀងជាទំនុកនៃសេចក្តីអំណរ ក្នុងពេលមានសេចក្តីសង្រ្គោះ និងជ័យជំនះ។ គេក៏អាចច្រៀងទំនុកទាំងនេះបាន ដរាបណាការសរសើរតម្កើងនៃ «ហាលេលូយ៉ា» អាចត្រូវបានច្រៀងទៅកាន់ព្រះតែប៉ុណ្ណោះ។ មូលហេតុគឺថា ការជំនុំជម្រះតាមរយៈគ្រោះកាចដ៏ធំរបស់ព្រះមកលើផែនដីនេះ គឺត្រឹមត្រូវ និងពិតប្រាកដ ហើយថា សេចក្តីសង្រ្គោះ អំណាច និងសិរីល្អគឺជារបស់ព្រះតែមួយអង្គគត់។ 

ខ.២៖ ដ្បិតសេចក្តីជំនុំជំរះរបស់ទ្រង់ សុទ្ធតែពិតត្រង់ ហើយសុចរិតទាំងអស់ ពីព្រោះទ្រង់បានកាត់ទោសស្រីសំផឹងដ៏ធំនោះ ដែលបង្ខូចផែនដី ដោយការកំផិតរបស់វា ទ្រង់ក៏សងសឹក ដោយព្រោះឈាមពួកបាវបំរើរបស់ទ្រង់ ដែលវាបានកំចាយ។ 
ការដែលព្រះអម្ចាស់នឹងសងសឹកសម្រាប់ពួកបរិសុទ្ធ ដោយការចាក់គ្រោះកាចនៃចានទាំង៧មកលើពួកអ្នកកាន់តាមសាសនាទាំងអស់នៅលើផែនដីនេះ និងពួកអ្នកមិនជឿទាំងអស់ គឺជាការជំនុំជម្រះត្រឹមត្រូវ និងពិតប្រាកដរបស់ព្រះ។ ដោយសារពួកអ្នកកាន់តាមសាសនាទាំងឡាយនៅលើផែនដីនេះបានសម្លាប់ពួកអ្នកបម្រើសុចរិត និងឥតបាបរបស់ព្រះ ពួកគេក៏សមនឹងទទួលបានសេចក្តីស្លាប់អស់កល្បជានិច្ចពីព្រះដែរ។
តើពួកអ្នកបម្រើរបស់ព្រះធ្លាប់បានធ្វើអ្វីនៅលើផែនដីនេះ ដែលសមនឹងត្រូវបានពួកកាន់តាមសាសនាខាងលោកិយសម្លាប់ដែរទេ? មិនបានធ្វើអ្វីសោះ! ប៉ុន្តែអ្នកកាន់តាមសាសនាទាំងឡាយនៅលើផែនដីនេះបានរួមគំនិតគ្នាសម្លាប់កូនរបស់ព្រះ។ ដូច្នេះ ការចាក់គ្រោះកាចនៃចានទាំង៧ពីព្រះមកលើពួកឃាតករទាំងនេះ គឺយុត្តិធម៌ហើយ ហើយវាបើកសម្តែងពីសេចក្តីសុចរិតរបស់ព្រះ។ 

ខ.៣៖ ពួកនោះក៏ពោលពាក្យម្តងទៀតថា ហាលេលូយ៉ា ហើយផ្សែងវាក៏ហុយឡើងនៅអស់កល្បជានិច្ចរៀងរាបតទៅ។ 
ពួកបរិសុទ្ធកំពុងតែសរសើរតម្កើងព្រះអម្ចាស់នៅស្ថានសួគ៌ ពីព្រោះថ្ងៃមង្គលការរបស់ពួកគេជាមួយព្រះយេស៊ូវដែលបានធ្វើជាកូនចៀម បានមកដល់ហើយ។
«ផ្សែងវាក៏ហុយឡើងនៅអស់កល្បជានិច្ចរៀងរាបតទៅ។» នេះសំដៅទៅលើផ្សែងដែលចេញពីលោកិយនេះ ដែលឆេះ និងវិនាស ដោយគ្រោះកាចនៃចានទាំង៧ពីព្រះ។ វាបង្ហាញប្រាប់យើងថា ផែនដីនេះនឹងមិនបានស្បើយពីការបំផ្លិចបំផ្លាញរបស់វាឡើយ ពីព្រោះសេចក្តីវិនាសរបស់វាមានទំហំធំ និងអស់កល្បជានិច្ច។

ខ.៤៖ ពួកចាស់ទុំទាំង២៤នាក់ និងតួមានជីវិតទាំង៤ ក៏ទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំចំពោះព្រះ ដែលគង់នៅលើបល្ល័ង្ក ដោយនិយាយថា អាម៉ែន ហាលេលូយ៉ា។ 
ការពិតថា ថ្ងៃមង្គលការរបស់ពួកបរិសុទ្ធជាមួយព្រះអម្ចាស់យេស៊ូវបានមកដល់ គឺជាព្រឹត្តិការណ៍ដ៏មានសិរីល្អមួយ ដែលពួកចាស់ទុំទាំង២៤ និងតួជីវិតទាំង៤នៅស្ថានសួគ៌ថ្វាយបង្គំ និងសរសើរតម្កើងព្រះអម្ចាស់ ដែលគង់នៅលើបល្ល័ង្ករបស់ទ្រង់។ ដូច្នេះហើយបានជាពួកអ្នកបម្រើទាំងអស់របស់ព្រះកំពុងតែសរសើរតម្កើងព្រះអម្ចាស់នៅស្ថានសួគ៌។ 

ខ.៥៖ រួចមានសំឡេងចេញពីបល្ល័ង្កមកថា អស់ទាំងបាវបំរើទ្រង់ និងពួកអ្នកដែលកោតខ្លាចទ្រង់ ទាំងធំទាំងតូចអើយ ចូរសរសើរដល់ព្រះនៃយើងរាល់គ្នាចុះ។ 
ដោយសារថ្ងៃមង្គលការរបស់កូនចៀមជាមួយពួកបរិសុទ្ធគឺជាអំណរដ៏ធំសម្រាប់ពួកបរិសុទ្ធ និងអ្នកបម្រើរបស់ទ្រង់ ដែលបានសង្រ្គោះ ដោយការជឿលើព្រះអម្ចាស់ សម្លេងដែលចេញពីបល្ល័ង្ក បង្គាប់ឲ្យពួកគេទាំងអស់គ្នាសរសើរតម្កើងព្រះ។ ឥឡូវនេះ ពេលវេលាបានមកដល់សម្រាប់ពួកអ្នកបម្រើរបស់ព្រះ និងពួកបរិសុទ្ធទាំងអស់របស់ទ្រង់ ដើម្បីមានអំណរ និងសរសើរតម្កើងព្រះអម្ចាស់ហើយ។ 

ខ.៦៖ នោះខ្ញុំឮសូរដូចជាសំឡេងនៃមនុស្ស១ហ្វូងយ៉ាងធំ ដូចសូរទឹកច្រើន ហើយដូចសូរផ្គរលាន់យ៉ាងខ្លាំងថា ហាលេលូយ៉ា ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលមានព្រះចេស្តាបំផុត ទ្រង់សោយរាជ្យឡើងហើយ។
ខនេះប្រាប់យើងថា ដោយសារពេលវេលាសម្រាប់ការសោយរាជ្យរបស់ព្រះអម្ចាស់បានមកដល់ហើយ ឥឡូវនេះគឹជាពេលវេលាសម្រាប់ពួកបរិសុទ្ធ និងអ្នកបម្រើរបស់ទ្រង់ទទួលបានសន្តិភាព អំណរ និងព្រះពរអស់កល្បជានិច្ច ដែលហូរដូចជាទឹកទន្លេ។ ដូច្នេះហើយបានជាពួកគេកំពុងតែសរសើរតម្កើងព្រះអម្ចាស់។ ពួកបរិសុទ្ធកំពុងតែសរសើរតម្កើងព្រះរបស់ពួកគេនៅលើស្ថានសួគ៌ ទោះបើគ្រោះកាចនៅតែបន្តនៅលើផែនដីនេះក៏ដោយ ពីព្រោះពេលវេលាបានមកដល់សម្រាប់ពួកគេអនុញ្ញាតឲ្យព្រះ អម្ចាស់សោយរាជ្យលើពួកគេហើយ។ នេះគឺជាពេលវេលាដែលព្រះប្រទានសិរីល្អដល់ពួកបរិសុទ្ធទាំងអស់របស់ទ្រង់។ សម្លេងសរសើរតម្កើងរបស់ពួកបរិសុទ្ធនៅពេលនេះ គឺដូចជាសម្លេងផ្គរលាន់ និងសូរទឹកច្រើន។ ដូច្នេះ ពិធីមង្គលការនៅក្នុងនគររបស់ព្រះអម្ចាស់ចាប់ផ្តើមដោយការសរសើរតម្កើងដ៏ពីរោះរបស់ពួកបរិសុទ្ធ។

ខ.៧៖ ចូរឲ្យយើងអរសប្បាយ ហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតបានដល់ពេលរៀបវិវាហមង្គលនៃកូនចៀមហើយ ភរិយាទ្រង់បានរៀបខ្លួនជាស្រេច។ 
ឥឡូវនេះ ដែលគ្រោះកាចនៃចានទាំង៧ពីព្រះកំពុងតែបញ្ចប់ទៅ ខនេះប្រាប់យើងថា ពេលវេលាបានមកដល់សម្រាប់ពួកបរិសុទ្ធទាំងអស់មានអំណរ និងសេចក្តីអរសប្បាយ។ ពួកបរិសុទ្ធមានអំណរ និងសេចក្តី អរសប្បាយនៅទីនេះ ពីព្រោះថ្ងៃបានមកដល់សម្រាប់ពួកគេរៀបការជាមួយព្រះអម្ចាស់ ហើយរស់នៅក្នុងនគររបស់ទ្រង់។ ដើម្បីរស់នៅជាមួយពួកបរិសុទ្ធ ព្រះអម្ចាស់បានត្រៀមផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលជាទីក្រុងបរិសុទ្ធ និងសួនច្បារ និងសិរីល្អ និងទ្រព្យសម្បត្តិទាំងអស់នៅទីនោះ ហើយទ្រង់កំពុងតែរង់ចាំពួកគេតែប៉ុណ្ណោះ។ ចាប់ពីពេលនោះតទៅ ពួកបរិសុទ្ធត្រូវសោយរាជ្យជាមួយព្រះអម្ចាស់ជារៀងរហូត។ 

ខ.៨៖ ទ្រង់ប្រទានឲ្យនាងបានស្លៀកពាក់សំពត់ទេសយ៉ាងម៉ដ្ឋ ស្អាត ហើយភ្លឺ ដ្បិតសំពត់ទេសយ៉ាងម៉ដ្ឋ នោះជាសេចក្តីសុចរិតរបស់ពួកបរិសុទ្ធ។
ព្រះអម្ចាស់បានប្រទានសំលៀកបំពាក់ថ្មីដែលធ្វើពីសំពត់ទេសយ៉ាងម៉ត់។ អស់អ្នកដែលរស់នៅ និងបម្រើព្រះអម្ចាស់ បានស្លៀកសំលៀក បំពាក់ថ្មីនេះ។ នៅក្នុងន័យផ្សេង ព្រះបានប្រទានសំលៀកបំពាក់ស្ថានសួគ៌ឲ្យពួកបរិសុទ្ធស្លៀក។ សំលៀកបំពាក់ស្ថានសួគ៌ដែលធ្វើពីសំពត់ទេសយ៉ាងម៉ត់នេះ មិនទទឹកញើសឡើយ។ នេះប្រាប់យើងថា ការពិតថា យើងបានធ្វើជាកូនក្រមុំរបស់កូនចៀម មិនមែនដោយសារតែការវិនិយោគ និងការខិតខំផ្ទាល់ខ្លួនរបស់មនុស្សឡើយ ប៉ុន្តែដោយសារតែជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យ។ 
ខុសគ្នាស្រឡះពីសំលៀកបំពាក់ពណ៌ក្រហម និងផ្ទៃមេឃ ដែលអាទទឹងនឹងព្រះគ្រីស្ទស្លៀក សំពត់ទេសយ៉ាងម៉ត់នេះគឺជាសំពត់ទេសដ៏មានតម្លៃ ដែលគេយកធ្វើសំលៀកបំពាក់សម្រាប់ពួកស្តេច និងពួកសង្ឃ។ ដោយមិនទទឹកញើស សំពត់ទេសពណ៌សយ៉ាងម៉ត់នេះបង្ហាញប្រាប់យើងអំពីអស់អ្នកដែលបានស្លៀកព្រះគុណ និងសេចក្តីសុចរិតរបស់ព្រះ ឥឡូវនេះ បានធ្វើជារាស្ត្ររបស់ព្រះហើយ។
ឃ្លាថា «ដ្បិតសំពត់ទេសយ៉ាងម៉ដ្ឋ នោះជាសេចក្តីសុចរិតរបស់ពួកបរិសុទ្ធ» មានន័យថា អស់អ្នកដែលបានក្លាយជាពួកបរិសុទ្ធ ដោយសារព្រះគុណនៃសេចក្តីសង្រ្គោះ ដែលព្រះអម្ចាស់បានប្រទានឲ្យ បានថ្វាយសិរីល្អដល់ព្រះ តាមរយៈការធ្វើទុក្ករកម្ម ដោយសារអាទទឹងនឹងព្រះគ្រីស្ទ និងពួកអ្នកដើរតាមរបស់វា ដើម្បីការពារជំនឿរបស់ពួកគេ។ នៅក្នុងន័យផ្សេង «សេចក្តីសុចរិត» មិនសំដៅទៅលើសេចក្តីសុចរិតរបស់ក្រិត្យវិន័យទេ ប៉ុន្តែទៅលើទុក្ករកម្មរបស់ពួកបរិសុទ្ធដើម្បីការពារជំនឿដ៏មានតម្លៃរបស់ពួកគេ។ ដូចគ្នាដែរ កូនក្រមុំទាំងអស់របស់ព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយត្រូវធ្វើទុក្ករកម្ម ដើម្បីការពារភាពស្មោះត្រង់នៃជំនឿលើព្រះអម្ចាស់ ដោយទាស់ប្រឆាំង និងតយុទ្ធជាមួយអាទទឹងនឹងព្រះគ្រីស្ទ និងពួកអ្នកដើរតាមរបស់វា ខណៈដែលកំពុងតែរស់នៅលើផែនដីនេះ។ 
ដើម្បីត្រៀមជំនឿសម្រាប់ទុក្ករកម្មរបស់ពួកគេ ព្រះត្រូវតែចិញ្ចឹមពួកបរិសុទ្ធទាំងអស់ រយៈពេលបីឆ្នាំកន្លះនៃសេចក្តីវេទនាដ៏ធំ ពីព្រោះកាលណារយៈពេលបីឆ្នាំកន្លះនេះបញ្ចប់ទៅ ពួកគេពិតជានឹងត្រូវធ្វើទុក្ករកម្ម។ 

ខ.៩៖ ទេវតាក៏ប្រាប់មកខ្ញុំថា ចូរសរសេរថា មានពរហើយ អស់អ្នកដែលព្រះបានហៅមកបរិភោគការកូនចៀម ក៏និយាយមកខ្ញុំទៀតថា នេះជាព្រះបន្ទូលពិតរបស់ព្រះ។ 
កាលណាគ្រោះកាចរបស់ព្រះបញ្ចប់នៅលើផែនដីនេះ ព្រះអម្ចាស់នឹងអញ្ជើញពួកបរិសុទ្ធទាំងអស់ ទៅចូលរួមក្នុងពិធីមង្គលការរបស់កូនចៀម (នគរដែលព្រះអម្ចាស់បង្កើត និងសោយរាជ្យ) ហើយទ្រង់នឹងអនុញ្ញាតឲ្យពួកគេរស់នៅក្នុងនគររបស់ព្រះគ្រីស្ទ។ អស់អ្នកដែលទ្រង់បានអញ្ជើញទៅចូលរួមក្នុងពិធីមង្គលការរបស់កូនចៀម គឺជាអស់អ្នកដែលមានព្រះពរយ៉ាងធំ។ ព្រះរបស់យើងបានប្រាប់យើងថា ទ្រង់នឹងមិនដែលខកខានបំពេញសម្រេចតាមព្រះបន្ទូលសន្យានេះឡើយ។ ថ្ងៃនោះនឹងមកដល់ជាពិត នៅពេលពួកបរិសុទ្ធរៀបការជាមួយព្រះអម្ចាស់។ ព្រះអម្ចាស់នឹងយាងត្រឡប់មកផែនដីនេះវិញ ដើម្បីនាំយកពួកកូនក្រមុំរបស់ទ្រង់ទៅ ដែលពួកគេបានស្អាតពីអំពើបាបទាំងអស់របស់ពួកគេ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយព្រះអម្ចាស់នឹងគង់នៅជាមួយកូនក្រមុំរបស់ទ្រង់នៅក្នុងនគររបស់ទ្រង់ជារៀងរហូតតទៅ។ 
ការជួបជុំរបស់ពួកបរិសុទ្ធជាមួយព្រះអម្ចាស់បានពេញលេញ នៅពេលព្រះគ្រីស្ទលើកពួកគេឡើងទៅស្ថានសួគ៌ ដែលពួកគេត្រូវទទួលបានសិរីល្អ និងរង្វាន់ដ៏អស់កល្បជានិច្ច នៅក្នុងនគររាជ្យមួយពាន់ឆ្នាំ។ ហាលេលូយ៉ា! ខ្ញុំសូមសរសើរតម្កើង និងអរព្រះគុណដល់ព្រះអម្ចាស់ ដែលបានយកយើងធ្វើជារាស្ត្ររបស់ទ្រង់។ 

ខ.១០៖ នោះខ្ញុំទំលាក់ខ្លួនចុះ នៅទៀបជើងទេវតានោះ ដើម្បីថ្វាយបង្គំ តែទេវតាប្រាប់ខ្ញុំថា កុំឲ្យធ្វើដូច្នេះឡើយ ដ្បិតខ្ញុំជាបាវបំរើជាមួយនឹងអ្នក ហើយនិងបងប្អូនអ្នក ដែលមានសេចក្តីបន្ទាល់ពីព្រះយេស៊ូវដែរ ចូរថ្វាយបង្គំដល់ព្រះវិញ ដ្បិតការធ្វើបន្ទាល់ពីព្រះយេស៊ូវ នោះហើយជាវិញ្ញាណនៃសេចក្តីទំនាយ។ 
ពួកបរិសុទ្ធត្រូវតែថ្វាយសិរីល្អទាំងអស់នេះ ដល់ព្រះអម្ចាស់តែមួយប៉ុណ្ណោះ។ ព្រះអង្គដែលត្រូវទទួលបានការថ្វាយបង្គំ និងការសរសើរតម្កើងទាំងអស់ពីពួកបរិសុទ្ធ គឺជាព្រះត្រៃឯករបស់យើង។
ឃ្លាថា «ការធ្វើបន្ទាល់ពីព្រះយេស៊ូវ នោះហើយជាវិញ្ញាណនៃសេចក្តីទំនាយ» មានន័យថា សេចក្តីបន្ទាល់ និងទំនាយរបស់ព្រះយេស៊ូវមក តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។

ខ.១១៖ ខ្ញុំក៏ឃើញមេឃបើកចំហឡើង នោះឃើញមានសេះស១ និងព្រះអង្គដែលគង់លើវា ទ្រង់មានព្រះនាមថា [ស្មោះត្រង់ ហើយពិតប្រាកដ] ទ្រង់ជំនុំជំរះ ហើយច្បាំងដោយសុចរិត។ 
កាលណាថ្ងៃចុងក្រោយមកដល់ ព្រះអម្ចាស់របស់យើងនឹងជិះសេះស តយុទ្ធជាមួយសាតាំង ដោយសេចក្តីសុចរិតរបស់ទ្រង់ ហើយចងវាបោះទម្លាក់ទៅក្នុងជង្ហុកធំ និងបឹងភ្លើង។
នៅទីនេះ ព្រះនាមព្រះយេស៊ូវគ្រីស្ទគឺ «ស្មោះត្រង់» ដែលមានន័យថា ព្រះគ្រីស្ទគួរឲ្យទុកចិត្តបាន ហើយបង្ហាញពីភាពពិតប្រាកដ និងភក្តីភាពរបស់ទ្រង់ ហើយពាក្យថា «ពិតប្រាកដ» ដែលមានន័យថា ទ្រង់មិនមានសេចក្តីកុហកណាមួយឡើយ ប្រាប់យើងថា ព្រះគ្រីស្ទនឹងយកឈ្នះលើអាទទឹងនឹងព្រះគ្រីស្ទ ដោយការជំនុំជំ្រះដ៏សុចរិតរបស់ព្រះ។ 

ខ.១២៖ ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង ហើយនៅលើព្រះសិរសា មានមកុដជាច្រើន ទ្រង់មានព្រះនាមកត់ទុក ដែលគ្មានអ្នកណាស្គាល់ឡើយ លើកតែអង្គទ្រង់ប៉ុណ្ណោះ។ 
ព្រះនេត្ររបស់ព្រះអម្ចាស់ «ដូចជាអណ្តាតភ្លើង» ប្រាប់យើងថា ទ្រង់មានអំណាចជំនុំជម្រះទាំងអស់។ ហើយឃ្លាថា «នៅលើព្រះសិរសា មានមកុដជាច្រើន» មានន័យថា ព្រះអម្ចាស់របស់យើងតែងតែយកឈ្នះលើសាតាំងជានិច្ច នៅក្នុងការតយុទ្ធជាមួយវា ពីព្រោះទ្រង់គឺជាព្រះប្រកបដោយសព្វញ្ញុតភាព និងសព្វានិភាព។

ខ.១៣៖ ទ្រង់ក៏ទ្រង់ព្រះពស្ត្រជ្រលក់ដោយឈាម ហើយព្រះនាមទ្រង់ហៅថា [ព្រះបន្ទូលនៃព្រះ]។ 
ព្រះអម្ចាស់របស់យើងនឹងសងសឹកពួកខ្មាំងសត្រូវ សម្រាប់ពួកបរិសុទ្ធ ដោយការជំនុំជម្រះពួកខ្មាំងសត្រូវរបស់ទ្រង់ ដែលបានទាស់ប្រឆាំងនឹងទ្រង់ ដោយសេចក្តីក្រោធដ៏សាហាវរបស់ទ្រង់។ ព្រះនេះគឺជាព្រះយេស៊ូវគ្រីស្ទទ្រង់ផ្ទាល់។ ដូចដែលទ្រង់បានសន្យា ដោយព្រះបន្ទូលទ្រង់ ព្រះអម្ចាស់ពិតជាបានយាងមកផែនដីនេះជាសាច់ឈាម បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីទទួលផ្ទុកអំពើបាបទាំងអស់របស់លោកិយនេះ បាននាំអំពើបាបទាំងនោះទៅលើឈើឆ្កាង ហើយបានដោះអំពើបាបរបស់មនុស្សជាតិទាំងមូលចេញ។
«ពស្ត្រជ្រលក់ដោយឈាម» ឈាមនេះមិនសំដៅទៅលើព្រះលោហិតរបស់ព្រះគ្រីស្ទទេ ប៉ុន្តែសំដៅទៅលើឈាមរបស់ពួកខ្មាំងសត្រូវដែលកំពុងតែខ្ទាតទៅលើព្រះពស្រ្តរបស់ព្រះអម្ចាស់ នៅពេលទ្រង់នាំការជំនុំជម្រះដ៏កាចសាហាវមកលើពួកគេ ហើយជាន់ឈ្លីពួកគេ ដោយព្រះបាតនៃអំណាចព្រះចេស្តារបស់ទ្រង់។
«ព្រះបន្ទូលនៃព្រះ» សំដៅទៅបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវ។ ដោយសារព្រះអម្ចាស់ធ្វើគ្រប់យ៉ាង ដោយព្រះបន្ទូលដ៏អស្ចារ្យរបស់ទ្រង់ ទ្រង់មាននាមថា «ព្រះបន្ទូលនៃព្រះ»។ 

ខ.១៤-១៦៖ អស់ទាំងពលបរិវារនៅស្ថានសួគ៌ ក៏ជិះសេះសដង្ហែទ្រង់ ទាំងស្លៀកពាក់សំពត់ទេស ហើយស្អាតផង មានដាវយ៉ាងមុតចេញពីព្រះឱសទ្រង់ ដើម្បីនឹងកាប់អស់ទាំងសាសន៍ ហើយទ្រង់នឹងឃ្វាលគេ ដោយដំបងដែក ទ្រង់ក៏ជាន់ក្នុងធុងឃ្នាបនៃស្រាទំពាំងបាយជូរ ជាសេចក្តីឃោរឃៅរបស់សេចក្តីខ្ញាល់នៃព្រះដ៏មានព្រះចេស្តាបំផុត ទ្រង់មានព្រះនាមកត់នៅព្រះពស្ត្រ ហើយនៅព្រះឧរូទ្រង់ថា [ស្តេចលើអស់ទាំងស្តេច ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់]។ 
កងទ័ពរបស់ព្រះអម្ចាស់តែងតែបម្រើការងាររបស់ទ្រង់ ដោយស្លៀកព្រះគុណនៃសិរីល្អរបស់ទ្រង់ជានិច្ច។
ព្រះនឹងជំនុំជម្រះលោកិយនេះ ដោយព្រះបន្ទូលដែលចេញពីព្រះ ឱសទ្រង់មក។ ព្រះអម្ចាស់តែងតែបានសន្យានឹងយើង ដោយព្រះបន្ទូលដែលចេញពីព្រះឱសទ្រង់មកជានិច្ច ហើយទ្រង់តែងតែបំពេញសម្រេច សេចក្តីសន្យាទាំងនេះ ដោយអំណាចព្រះចេស្តារបស់ទ្រង់។ ព្រះអង្គដែលជំនុំជម្រះលោកិយនេះ និងបំផ្លាញសាតាំងគឺជាព្រះយេស៊ូវគ្រីស្ទ ដែលជាស្តេចលើអស់ទាំងស្តេច និងព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់។

ខ.១៧៖ ខ្ញុំក៏ឃើញទេវតា១ឈរនៅលើព្រះអាទិត្យ បន្លឺដោយសំឡេងយ៉ាងខ្លាំង ដល់គ្រប់ទាំងសត្វដែលហើរលើអាកាសថា ចូរមកប្រជុំគ្នា និងស៊ីលៀងដ៏ធំរបស់ព្រះចុះ។ 
នៅទីបំផុត ព្រះយេស៊ូវគ្រីស្ទនឹងបំផ្លាញផែនដីនេះ សាតាំង និងអ្នកដើរតាមរបស់វា។ ព្រះគម្ពីរហៅសេចក្តីវិនាសរបស់ផែនដីជាពិធីលៀងដ៏ធំរបស់ព្រះ។ 

ខ.១៨៖ ដើម្បីនឹងស៊ីសាច់នៃពួកស្តេច ពួកមេទ័ព ពួកមនុស្សខ្លាំងពូកែ ព្រមទាំងសេះ ហើយនិងពួកអ្នកដែលជិះដែរ គឺជាសាច់នៃមនុស្សទាំងអស់ ទាំងអ្នកជា និងខ្ញុំគេ ទាំងអ្នកធំ និងអ្នកតូចផង។ 
ព្រះបន្ទូលនេះប្រាប់យើងថា ដោយសារផែនដីទាំងមូល និងមនុស្សទាំងអស់នឹងត្រូវស្លាប់ នៅពេលគ្រោះកាចរបស់ព្រះអម្ចាស់បញ្ចប់ទៅ សត្វហើរលើអាកាសនឹងស៊ីសាកសពរបស់ពួកគេជាចំណី។ ពួកវានឹងស៊ីសាច់សាកសព ពីព្រោះព្រះនឹងចាក់គ្រោះកាចនៃចានទាំង៧មកលើផែនដីនេះ។ ព្រះអម្ចាស់ប្រាប់យើងថា «ដ្បិតខ្មោចមាននៅកន្លែងណា ឥន្ទ្រីនឹងប្រជុំគ្នានៅកន្លែងនោះឯង» (ម៉ាថាយ ២៤:២៨)។ នៅលើផែនដីនៅថ្ងៃចុងក្រោយ នឹងមានតែសេចក្តីវិនាស សេចក្តីស្លាប់ និងទណ្ឌកម្មនៅក្នុងស្ថាននរកសម្រាប់មនុស្សមានបាប។ ប៉ុន្តែសម្រាប់ពួកបរិសុទ្ធវិញ នឹងមានព្រះពរនៃការសោយរាជ្យនៅក្នុងនគររបស់ព្រះគ្រីស្ទ។ 

ខ.១៩៖ ខ្ញុំក៏ឃើញសត្វនោះ និងពួកស្តេចនៅផែនដី ព្រមទាំងពលទ័ពគេ បានប្រមូលគ្នា ដើម្បីច្បាំងនឹងព្រះអង្គដែលគង់នៅលើសេះសនោះ និងពួកពលទ័ពរបស់ទ្រង់ផង។ 
រហូតដល់ចុងបញ្ចប់របស់ពួកគេ អាទទឹងនឹងព្រះគ្រីស្ទ អ្នកបម្រើរបស់សាតាំង និងពួកអ្នកដើរតាមរបស់វានឹងទាស់ប្រឆាំងនឹងពួកអ្នកបម្រើ និងពួកបរិសុទ្ធរបស់ព្រះ ហើយព្យាយាមយកឈ្នះលើពួកគេ។ ប៉ុន្តែដោយសារព្រះអម្ចាស់គឺជាស្តេចលើអស់ទាំងស្តេច ទ្រង់នឹងចងអាទទឹងនឹងព្រះគ្រីស្ទ និងហោរាក្លែងក្លាយ បោះពួកគេទៅក្នុងបឹងភ្លើង ហើយសម្លាប់ពួកអ្នកបម្រើទាំងអស់របស់ពួកវា ដោយដាវនៃព្រះបន្ទូលទ្រង់។ 

ខ.២០៖ សត្វនោះក៏ត្រូវចាប់បាន ព្រមទាំងហោរាក្លែងក្លាយ ដែលនៅជាមួយផង ជាអ្នកដែលធ្វើទីសំគាល់នៅមុខវា ដើម្បីនឹងបញ្ឆោតពួកអ្នក ដែលទទួលទីសំគាល់របស់សត្វ និងពួកអ្នកដែលក្រាបថ្វាយបង្គំដល់រូបវា ហើយវាទាំង២ក៏ត្រូវបោះទាំងរស់ ទៅក្នុងបឹងភ្លើង ដែលឆេះដោយស្ពាន់ធ័រ។
«សត្វ» នៅទីនេះ សំដៅទៅលើអាទទឹងនឹងព្រះគ្រីស្ទ។ «ហោរាក្លែងក្លាយ» គឺជាអ្នកបម្រើរបស់អាទទឹងនឹងព្រះគ្រីស្ទ ដែលបង្វែរមនុស្សចេញពីជំនឿតាមព្រះបន្ទូលអំពីសេចក្តីពិត ដោយការធ្វើទីសម្គាល់ និងការ អស្ចារ្យផ្សេងៗ។ ព្រះអម្ចាស់នឹងបំផ្លាញសាតាំង សត្វ (អាទទឹងនឹងព្រះ គ្រីស្ទ) ហោរាក្លែងក្លាយ និងពួកអ្នកដើរតាមរបស់សាតាំង ដែលបានថ្វាយបង្គំរូបរបស់អាទទឹងនឹងព្រះគ្រីស្ទ ហើយបានទាស់ប្រឆាំងនឹងព្រះ ពួកបរិសុទ្ធ និងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
«បឹងភ្លើង ដែលឆេះដោយស្ពាន់ធ័រ» សំដៅទៅលើស្ថាននរក។ ស្ថាននរកខុសពីជង្ហុកធំ។ ជង្ហុកធំគឺជាកន្លែងដែលចងកម្លាំងរបស់សាតាំងទុកហើយ «បឹងភ្លើង» គឺជាកន្លែងដាក់ទណ្ឌកម្មអស់កល្បជានិច្ចលើពួកគេ។ ភ្លើង និងស្ពាន់ធ័រតែងតែត្រូវបានប្រើនៅក្នុងព្រះគម្ពីរ ជាឧបករណ៍នៃការជំនុំជម្រះ និងការដាក់ទណ្ឌកម្មរបស់ព្រះ។
បន្ទាប់ពីផែនដីត្រូវវិនាស ព្រះអម្ចាស់នឹងយាងត្រឡប់មកផែនដីនេះជាមួយពួកបរិសុទ្ធ បំផ្លាញសាតាំង និងពួកអ្នកបម្រើរបស់វាជាមុន ហើយបន្ទាប់មក បើកនគររបស់ព្រះគ្រីស្ទ។ បន្ទាប់មក ពួកបរិសុទ្ធនឹងរស់នៅ ហើយសោយរាជ្យនៅក្នុងនគរនេះ សម្រាប់រយៈពេលមួយពាន់ឆ្នាំ។ 

ខ.២១៖ ហើយពួកដែលសល់នៅ ក៏ត្រូវស្លាប់ដោយដាវព្រះអង្គ ដែលគង់លើសេះ ជាដាវដែលចេញពីព្រះឱស្ឋទ្រង់មក នោះអស់ទាំងសត្វស្លាបបានឆ្អែត ដោយសាច់នៃពួកទាំងនោះ។ 
លោកិយនេះ និងពួកខ្មាំងសត្រូវទាំងអស់របស់ព្រះ ដែលកើតមាន ដោយសារព្រះបន្ទូលដែលចេញពីព្រះឱសទ្រង់មក ក៏នឹងត្រូវបានបំផ្លាញ ដោយព្រះបន្ទូលដែលចេញពីព្រះឱសទ្រង់ដែរ។ បន្ទាប់មក នគររបស់ព្រះគ្រីស្ទនឹងត្រូវបានសាងសង់ឡើងនៅលើផែនដីនេះ។ ដូច្នេះ ពួកបរិសុទ្ធត្រូវតែដាក់សេចក្តីសង្ឃឹមរបស់ខ្លួននៅលើនគររបស់ព្រះគ្រីស្ទ ហើយថ្វាយសិរីល្អដល់ព្រះ ដោយការតយុទ្ធជាសាតាំង អាទទឹងនឹងព្រះគ្រីស្ទ និងពួកអ្នកដើរតាមរបស់វា ហើយដោយការធ្វើទុក្ករកម្មរបស់ខ្លួនដោយជំនឿ។