Search

សេចក្តីអធិប្បាយ

Subject 7 : ជំនឿខុសឆ្គងតាមទ្រឹស្តីនៃការតម្រូវទុកជាមុន និងការជ្រើសរើសរបស់ព្រះ

[7-1] ជំនឿខុសឆ្គង ដែលមាននៅក្នុង ទ្រឹស្តីអំពីការតម្រូវទុកជាមុន និងការជ្រើសរើសរបស់ព្រះ (រ៉ូម ៨:២៨-៣០)

(រ៉ូម ៨:២៨-៣០)
«តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់ ដ្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុន នោះទ្រង់ក៏តម្រូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាបងច្បងគេក្នុងពួកបងប្អូនជាច្រើន ឯពួកអ្នកដែលទ្រង់បានតម្រូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានដំកើងឡើងដែរ។»
 
 
តើព្រះពិតជាបានជ្រើសរើស តែមនុស្សមួយចំនួនប៉ុណ្ណោះឬ?
ទេ។ ទ្រង់បានជ្រើសរើសយើងទាំងអស់គ្នា នៅក្នុងព្រះយេស៊ូវគ្រីស្ទ

ទ្រឹស្តីខាងទេវសាស្ត្រអំពីការតម្រូវទុកជាមុន និងការជ្រើសរើសរបស់ព្រះ ដែលជាទេវសាស្ត្រមូលដ្ឋានគ្រឹះមួយ ដែលបង្កើតគោលលទ្ធិគ្រីស្ទបរិស័ទ បានដឹកនាំមនុស្សជាច្រើន ដែលចង់ជឿព្រះយេស៊ូវ ឲ្យយល់ខុសអំពីព្រះបន្ទូលព្រះ។ នេះគឺជាទ្រឹស្តីខុសឆ្គង ដែលបានបង្កឲ្យមានការយល់ច្រឡំយ៉ាងខ្លាំង។
អ្វីដែលទេវសាស្ត្រខុសឆ្គងនិយាយអំពីការតម្រូវទុកជាមុន គឺថា ព្រះបានជ្រើសរើសមនុស្សដែលទ្រង់ស្រឡាញ់ ប៉ុន្តែកាត់ទោសអ្នកដែលទ្រង់មិនស្រឡាញ់វិញ។ នេះមានន័យថា មនុស្សមួយចំនួនដែលត្រូវបានជ្រើសរើស បានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ ហើយត្រូវបានទទួលយកទៅក្នុងស្ថានសួគ៌ ខណៈដែលអ្នកផ្សេងទៀតដែលមិនត្រូវបានជ្រើសរើស ត្រូវបានតម្រូវឲ្យឆេះនៅក្នុងស្ថាននរកវិញ។
បើសិនព្រះពិតជាបានជ្រើសរើសមនុស្សតែមួយចំនួន យើងត្រូវតែទួញសោកចំពោះសំណួរថា «តើខ្ញុំត្រូវបានជ្រើសរើសសម្រាប់សេចក្តីសង្រ្គោះដែរឬទេ?»។ ហើយបើសិនយើងមិនត្រូវបានជ្រើសរើសទេ នោះវាគ្មានប្រយោជន៍អ្វីឲ្យយើងជឿព្រះយេស៊ូវឡើយ។ ដូច្នេះ ទ្រឹស្តីនេះបានធ្វើឲ្យមនុស្សជាច្រើនបារម្ភយ៉ាងខ្លាំងអំពីការជ្រើសរើសរបស់ព្រះជាជាងជំនឿរបស់ខ្លួន។ 
បើសិនយើងជឿដូច្នេះ តើយើងអាចបានរួចពីការសង្ស័យ និងជឿលើព្រះតែមួយបានយ៉ាងដូចម្តេច? ហើយតើយើងបញ្ជាក់ថា ព្រះពិតជាបានជ្រើសរើសយើងយ៉ាងដូចម្តេច? ទ្រង់នឹងធ្វើជាព្រះរបស់អ្នកដែលទ្រង់បានជ្រើសរើសតែប៉ុណ្ណោះ ទោះបើទ្រង់មានបន្ទូលថា «តើព្រះអង្គទ្រង់ជាព្រះនៃសាសន៍យូដាតែប៉ុណ្ណោះ តើទ្រង់មិនមែនជាព្រះនៃសាសន៍ដទៃដែរទេឬអី មែនហើយ ទ្រង់ជាព្រះនៃសាសន៍ដទៃដែរ» (រ៉ូម ៣:២៩)។
ដោយសារមនុស្សជាច្រើនយល់ខុស អំពីអត្ថន័យនៃការតម្រូវទុកជាមុន និងការជ្រើសរើសរបស់ព្រះ ពួកគេភ័យខ្លាចថា ពួកគេនឹងត្រូវវិនាស ទោះបើពួកគេជឿលើព្រះយេស៊ូវក៏ដោយ។
អេភេសូរ ១:៣-៥ និយាយថា «សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយ៍មកប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ ដោយសេចក្តីស្រឡាញ់ ពីព្រោះទ្រង់បានតម្រូវយើងរាល់គ្នាទុកជាមុន សំរាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម ដោយសារព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យទ្រង់»។
ដូច្នេះ យើងគួរតែពិនិត្យឡើងវិញនូវទស្សនៈខាងទេវសាស្ត្រអំពីការតម្រូវទុកជាមុន និងការជ្រើសរើសរបស់ព្រះ។ ជាដំបូង យើងគួរតែយល់ជាមុនសិន ពីអ្វីដែលព្រះគម្ពីរនិយាយអំពីការតម្រូវទុកជាមុន និងការជ្រើសរើសរបស់ព្រះ ហើយពង្រឹងជំនឿរបស់យើងនៅក្នុងសេចក្តីសង្រ្គោះតាមរយៈទឹក និងព្រះវិញ្ញាណ។
តើកណ្ឌរ៉ូមប្រាប់យើងអំពីអ្វី? ទេវវិទូមួយចំនួន បានបង្កើតទ្រឹស្តីមិនសមហេតុផលអំពី «ការជ្រើសរើសដោយឥតល័ក្ខខ័ណ្ឌ»។ ដូច្នេះ តើទេវសាស្ត្រគឺជាព្រះឬ? ទេវសាស្ត្រមិនមែនជាព្រះឡើយ។
នៅមុនកំណើតលោកិយនេះ ព្រះបានជ្រើសរើសមនុស្សជាតិទាំងមូលនៅក្នុងព្រះយេស៊ូវគ្រីស្ទ ហើយបានសម្រេចព្រះទ័យសង្រ្គោះយើងទំាងអស់គ្នា ដោយការរាប់យើងជាសុចរិត។ ព្រះយេស៊ូវ ស្រឡាញ់យើង ដោយឥតល័ក្ខខ័ណ្ឌ។ ដូច្នេះ ចូរកុំធ្វើឲ្យទ្រង់ក្លាយជាព្រះដែលរើសអើងឲ្យសោះ។ អ្នកដែលមិនជឿ មានជំនឿតាមគំនិតរបស់ខ្លួន ប៉ុន្តែអ្នកជឿវិញ ដាក់មូលដ្ឋានគ្រឹះនៃជំនឿរបស់ខ្លួននៅក្នុងព្រះបន្ទូលដែលមាននៅក្នុងព្រះគម្ពីរ។ 
 
 
ការជ្រើសរើសរបស់ព្រះនៅក្នុងព្រះគម្ពីរសញ្ញាចាស់
 
តើទ្រឹស្តីអំពីការជ្រើសរើស ដោយឥតល័ក្ខខ័ណ្ឌត្រឹមត្រូវដែរឬទេ?
ទេ។ ព្រះអម្ចាស់របស់យើងមិនមែនជា ព្រះដែលមានគំនិតចង្អៀតចង្អល់បែបនេះទេ។ ព្រះបានជ្រើសរើសមនុស្សមានបាបទាំងអស់ នៅក្នុងព្រះយេស៊ូវ គឺមិនបានជ្រើសរើសតែមួយចំនួនឡើយ
 

នៅក្នុង លោកុប្បត្តិ ២៥:២១-២៦ យើងអានអំពីកូនប្រុសពីរនាក់របស់អ៊ីសាក គឺអេសាវ និងយ៉ាកុប។ ព្រះបានជ្រើសរើស យ៉ាកុប ខណៈដែលកូនប្រុសទាំងពីរនាក់របស់អ៊ីសាកកំពុងតែនៅក្នុងផ្ទៃម្តាយរបស់ពួកគេនៅឡើយ។
អស់អ្នកដែលយល់ខុសពីព្រះបន្ទូលព្រះ យកបទគម្ពីរនេះជាមូលដ្ឋានគ្រឹះនៃការជ្រើសរើសដោយឥតល័ក្ខខ័ណ្ឌ។ នេះគឺដូចជាការបញ្ចូលព្រះនៃវាសនាមួយទៅក្នុងជំនឿគ្រីស្ទបរិស័ទអញ្ចឹង។ 
បើសិនយើងជឿថា ព្រះជ្រើសរើសយើង ដោយផ្អែកលើ មូលដ្ឋាននៃ «ការជ្រើសរើសដោយឥតល័ក្ខខ័ណ្ឌ» និងមិននៅក្នុងព្រះគ្រីស្ទ នោះដូចជាយើងថ្វាយបង្គំព្រះនៃវាសនា និងរូបព្រះ អញ្ចឹងដែរ។ តាមការពិត ព្រះមិនមែនជាព្រះនៃវាសនាឡើយ។ ហើយបើសិនយើងជឿព្រះនៃវាសនាមែន យើងកំពុងតែបដិសេធផែនការរបស់ព្រះសម្រាប់យើង ហើយធ្លាក់ចូលទៅក្នុងអន្ទាក់របស់សាតាំងហើយ។
បើសិនមនុស្សមិនស្តាប់បង្គាប់តាមបំណងព្រះហឫទ័យព្រះទេ ពួកគេមិនខុសពីបិសាចដែលនឹងត្រូវវិនាសឡើយ។ ដោយសារយើងដែលជាអ្នកជឿ មិនមែនជាបិសាច យើងគួរតែធ្វើជាអ្នកជឿពិតប្រាកដ ដែលអាន និងជឿសេចក្តីពិតដែលបានសរសេរទុកនៅក្នុងព្រះគម្ពីរ។ បើសិនយើងមិនគិតជាមុនអំពីសេចក្តីពិតដែលមាននៅក្នុងព្រះគម្ពីរទេ យើងប្រគល់ខ្លួនយើងទៅឲ្យសាតាំងហើយ។
ដើម្បីមានជំនឿត្រឹមត្រូវ ជាដំបូង យើងគួរតែគិតអំពីសេចក្តីពិតដែលបានកត់ទុកនៅក្នុងព្រះគម្ពីរ ហើយដើរតាមអស់អ្នកដែលបានកើតជាថ្មីនៅក្នុងព្រះគ្រីស្ទ។ 
កាល់វិននិយម មានជំហរលើសេចក្តីប្រោសលោះមាន កំណត់។ នេះមានន័យថា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងសេចក្តីប្រោសលោះរបស់ព្រះអម្ចាស់ មិនសម្រាប់មនុស្សមួយចំនួន ឡើយ។ តើនេះត្រឹមត្រូវទេ?
ព្រះគម្ពីរ និយាយថា «ដែលទ្រង់សព្វព្រះហឫទ័យ ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្តីពិត» (១ធីម៉ូថេ ២:៤)។ បើសិនព្រះពរនៃសេចក្តីប្រោសលោះនេះ គឺសម្រាប់តែមនុស្សមួយចំនួន នោះអ្នកជឿជាច្រើននឹងបោះបង់ជំនឿលើព្រះយេស៊ូវចោលហើយ។ និយាយឲ្យចំ តើអ្នកណានឹងចង់ជឿលើព្រះដែលមានគំនិតចង្អៀតចង្អល់បែបនេះទៅ?
យើង ត្រូវតែមានទំនុកចិត្តថា ព្រះរបស់យើងមិនមែនជាព្រះដែលមានគំនិតចង្អៀតចង្អល់ទេ។ ទ្រង់គឺជាព្រះនៃសេចក្តីពិត សេចក្តីស្រឡាញ់ និងយុត្តិធម៌។ ដូច្នេះ យើងត្រូវតែជឿលើព្រះយេស៊ូវ និងដំណឹងល្អអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ ហើយបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង។ ព្រះយេស៊ូវ គឺជាព្រះអង្គសង្រ្គោះរបស់អស់អ្នកដែលបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។
វាមិនត្រឹមត្រូវឡើយ ដែលនិយាយថា ព្រះស្រឡាញ់មនុស្សមួយចំនួន ហើយចោះបង់ចោលមនុស្សមួយចំនួនទៀត។ ឧបមាថា នៅថ្ងៃនេះ ព្រះគង់នៅទីនេះជាមួយយើង។ បើសិនទ្រង់សម្រេចព្រះទ័យជ្រើសរើសអស់អ្នកដែលអង្គុយនៅខាងស្តាំ ហើយបញ្ជូនអស់អ្នកដែលអង្គុយនៅខាងឆ្វេងទៅស្ថាននរក តើយើងនឹងចាត់ទុកទ្រង់ជាព្រះដែរឬទេ?
តើអស់អ្នកដែលត្រូវបានបោះបង់ចោល នឹងមិនតវ៉ាប្រឆាំងទេឬអី? ស្នាព្រះហស្តទាំងអស់ នឹងស្រែកថា «តើព្រះអាចមានភាពអយុត្តិធម៌បែបនេះបានយ៉ាងដូចម្តេចទៅ?»។ ដូច្នេះ ការជ្រើសរើសដោយឥតល័ក្ខខ័ណ្ឌមិនត្រឹមត្រូវទេ ពីព្រោះព្រះបានជ្រើសរើសមនុស្សទាំងអស់នៅក្នុងព្រះយេស៊ូវគ្រីស្ទហើយ។
អ្នកណាដែលព្រះហៅនៅក្នុងព្រះនាមព្រះយេស៊ូវ គឺជាអ្នកដែលទ្រង់បានជ្រើសរើសហើយ។ ដូច្នេះ តើព្រះហៅអ្នកណា? ទ្រង់ហៅមនុស្សមានបាប មិនមែនមនុស្សសុចរិតទេ។ ព្រះមិនហៅអ្នកដែលចាត់ទុកខ្លួនឯងជាមនុស្សសុចរិតទេ។
ព្រះពរនៃសេចក្តីប្រោសលោះរបស់ព្រះ គឺសម្រាប់មនុស្សមានបាប និងអស់អ្នកដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក។ ដូច្នេះ ការជ្រើសរើស មានន័យថា ព្រះហៅមនុស្សមានបាប ដើម្បីឲ្យពួកគេបានធ្វើជាកូនសុចរិតរបស់ទ្រង់។
 
 
ព្រះទ្រង់យុត្តិធម៌
 
តើព្រះស្រឡាញ់តែមនុស្ស ដែលទ្រង់បានជ្រើសរើសប៉ុណ្ណោះឬ?
ទេ ព្រះអម្ចាស់មិនមានគំនិតចង្អៀតចង្អល់ទេ។ ទ្រង់គឺយុត្តិធម៌

ព្រះ គឺយុត្តិធម៌។ ទ្រង់មិនមែនជាព្រះ ដែលស្រឡាញ់អ្នកដែលទ្រង់បានជ្រើសរើសដោយឥតល័ក្ខខ័ណ្ឌឡើយ។ ទ្រង់បានហៅមនុស្សមានបាបនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ បើសិនគ្មាន សេចក្តីសង្រ្គោះ តាមរយៈសេចក្តីប្រោសលោះរបស់ព្រះយេស៊ូវ និងសេចក្តីអត់ទោសអំពើបាបរបស់ទ្រង់ទេ តើយើងអាចស្គាល់ សេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះរបស់ទ្រង់បានយ៉ាងដូចម្តេច? ដូច្នេះ ចូរកុំធ្វើឲ្យព្រះក្លាយជាព្រះដែលមិនយុត្តិធម៌ឲ្យសោះ។ 
សូមព្យាយាមស្វែងរកអ្វីដែលបាត់ នៅពេលអ្នកអាន អេភេសូរ ១:៣-៥។ «សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយ៍មក ប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ ដោយសេចក្តីស្រឡាញ់ ពីព្រោះទ្រង់បានតម្រូវយើងរាល់គ្នាទុកជាមុន សំរាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម ដោយសារព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យទ្រង់។» តើមានបាត់អ្វីទេ? ពាក្យដែលបាត់នោះគឺ «នៅក្នុងព្រះយេស៊ូវគ្រីស្ទ»។
ការជ្រើសរើសដោយឥតល័ក្ខខ័ណ្ឌ តាមគោលលទ្ធិរបស់លោកកាល់វិន មិនស៊ីគ្នាជាមួយព្រះបន្ទូលនៅក្នុងព្រះគម្ពីរទេ។ ព្រះគម្ពីរ និយាយថា «ទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយ៍»។ 
ព្រះ បានជ្រើសរើសមនុស្សជាតិទាំងមូលនៅក្នុងព្រះគ្រីស្ទ ឲ្យបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។ អស់អ្នកដែលបានកើតមកជាមនុស្សមានបាប អាចបានសង្រ្គោះចេញពីបាប ហើយបានធ្វើជាកូនរបស់ទ្រង់បាន។ ទ្រង់បានរាប់បញ្ចូលមនុស្សទាំងអស់នៅក្នុងបញ្ជីនៃអ្នកដែលបានសង្រ្គោះ ហើយបានជ្រើសរើសពួកគេនៅក្នុងព្រះយេស៊ូវគ្រីស្ទ។
ដោយសារទេវវិទូជាច្រើន ដែលប្រកាន់តាមគោលលទ្ធិនៃការជ្រើសរើសដោយឥតល័ក្ខខ័ណ្ឌ និយាយថា ព្រះបានជ្រើសរើសតែមនុស្សមួយចំនួនប៉ុណ្ណោះ មនុស្សជាច្រើនបានជាប់អន្ទាក់នៅក្នុងភាពវឹកវរនៃជំនឿលើគោលលទ្ធិដែលមិនសមហេតុផល។ ទេវវិទូក្លែងក្លាយទាំងនេះ និយាយថា ព្រះជ្រើសរើសមនុស្សមួយចំនួន ហើយបោះបង់ចោលមនុស្សមួយចំនួនទៀត តាមរយៈការជ្រើសរើសដោយឥតល័ក្ខខ័ណ្ឌ ខណៈដែលសេចក្តីពិតនៃព្រះបន្ទូលទ្រង់គឺថា ព្រះបានជ្រើសរើសមនុស្សមានបាបទាំងអស់នៅក្នុងព្រះយេស៊ូវ។ ដោយសារជំនឿដែលគ្មានអ្វីជាមូលដ្ឋាន មនុស្សជាច្រើន ក្លាយជាជនរងគ្រោះដោយសារគោលលទ្ធិខុសឆ្គងនេះ។
ចូរបានដឹងថា បើសិនយើងទទួលស្គាល់ថា ព្រះបានសម្រេចព្រះហឫទ័យសង្រ្គោះមនុស្សជាតិទាំងមូលនៅក្នុងព្រះយេស៊ូវ នោះការអត់ទោសអំពើបាបត្រូវតែអនុវត្តសម្រាប់មនុស្សគ្រប់គ្នា ដែលជឿលើព្រះយេស៊ូវ។ ដោយការធ្វើដូច្នោះ យើងអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើងបាន ហើយបានធ្វើជាកូនរបស់ព្រះ បានក្លាយជាមនុស្សសុចរិត មានជីវិតអស់កល្បជានិច្ច និងមានទំនុកចិត្តថា ព្រះគឺយុត្តិធម៌។
 
 
ការជ្រើសរើសរបស់ព្រះនៅក្នុងរឿងយ៉ាកុប និងអេសាវ
 
តើព្រះបានជ្រើសរើសអ្នកណា? តែអ្នកដែលត្រូវបានជ្រើសរើសប៉ុណ្ណោះឬ?
ទេ។ ព្រះបានជ្រើសរើសមនុស្សជាតិទាំងមូល នៅក្នុងព្រះគ្រីស្ទ។ ដូច្នេះ អ្នកណាដែលជឿព្រះគ្រីស្ទ និងមិនមានបាប តាមរយៈបុណ្យជ្រមុជរបស់ព្រះ គឺត្រូវបានជ្រើសរើស
 
នៅក្នុង លោកុប្បត្តិ ២៥:១០-២៨ អេសាវ និងយ៉ាកុបប្រធាក់គ្នានៅក្នុងផ្ទៃម្តាយរបស់ពួកគេ។ ព្រះបានមានបន្ទូលក្នុង លោកុប្បត្តិ ២៥:២៣ ថា «មាននគរ២នៅក្នុងផ្ទៃឯង គឺនឹងមានសាសន៍២ចេញពីពោះឯងមក សាសន៍១នឹងបានខ្លាំងជាងសាសន៍១ គឺកូនច្បងនឹងត្រូវបំរើប្អូន»។
មនុស្សមានបាប បានធ្វើឲ្យព្រះបន្ទូលទាំងនេះក្លាយទៅជាទ្រឹស្តីខាងទេវសាស្ត្រអំពីការតម្រូវទុកជាមុន និងការជ្រើសរើសរបស់ព្រះ ដែលធ្វើឲ្យមនុស្សជាច្រើនដែលជឿព្រះយេស៊ូវមានការច្របូកច្របល់ថា ព្រះបានជ្រើសរើសពួកគេ ឬមិនបានជ្រើសរើសពួកគេ! នៅពេលពួកគេចាត់ទុកថា ខ្លួនគឺជាអ្នកដែលព្រះបានជ្រើសរើស ពួកគេគិតថា ខ្លួនបានសង្រ្គោះហើយ ហើយបាត់បង់ការចាប់អារម្មណ៍លើការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។
ទស្សនៈអំពីការជ្រើសរើសដោយឥតល័ក្ខខ័ណ្ឌ បានបង្វែរមនុស្សជាច្រើនដែលជឿព្រះយេស៊ូវ ចេញពីសេចក្តីប្រោសលោះ ហើយកាត់ទោសពួកគេទម្លាក់ទៅក្នុងស្ថាននរក។ ហើយវាក៏បានធ្វើឲ្យព្រះមើលទៅដូចជាអយុត្តិធម៌ផងដែរ។
ដោយសារតែទេវវិទូជាច្រើន បង្រៀនគោលលទ្ធិមិនត្រឹមត្រូវ ដែលបានកើតចេញពីគំនិតផ្ទាល់ខ្លួនរបស់ពួកគេ មនុស្សជាច្រើនដែលជឿព្រះយេស៊ូវ ត្រឡប់ទៅមិនមានសុវត្ថិភាព ហើយឆ្ងល់ថា ព្រះបានជ្រើសរើសពួកគេ ឬមិនបានជ្រើសរើសពួកគេ ឬពួកគេត្រូវទទួលបានសេចក្តីប្រោសលោះ ឬមិនទទួលបាន។
ក្នុងចំណោមយ៉ាកុប និងអេសាវ តើព្រះបានជ្រើសរើសអ្នកណា? ទ្រង់បានជ្រើសរើសយ៉ាកុបនៅក្នុងព្រះយេស៊ូវគ្រីស្ទ។ រ៉ូម ៩:១០-១១ និយាយថា ព្រះបានហៅយ៉ាកុប ជំនួសបងប្រុសរបស់គាត់វិញ ទោះបើពួកគេបានចាប់ទុំផ្ទៃម្តាយដោយឪពុកតែមួយ មិនទាន់បានកើតមក ហើយមិនទាន់ចេះធ្វើល្អ ឬអាក្រក់ក៏ដោយ។
គោលបំណងរបស់ព្រះ គឺត្រូវជ្រើសរើសយ៉ាកុប មិនដោយសារតែការប្រព្រឹត្តរបស់គាត់ទេ ប៉ុន្តែដោយសារការជ្រើសរើសរបស់ទ្រង់វិញ។ ព្រះគម្ពីរ ប្រាប់យើងថា ព្រះយេស៊ូវបានយាងមកហៅមនុស្សមានបាប មិនមែនមនុស្សសុចរិតទេ។
ក្នុងនាមជាពូជរបស់អ័ដាម មនុស្សទាំងអស់បានកើតមកជាមនុស្សមានបាប។ ស្តេចដាវីឌ បានមានបន្ទូលថា ទ្រង់គឺជាមនុស្សមានបាបម្នាក់ តាំងពីពេលទ្រង់នៅក្នុងផ្ទៃម្តាយ និងបានកើតមកនៅក្នុងសេចក្តីទុច្ចរិត។ «មើល ទូលបង្គំបានកើតមកក្នុងសេចក្តីទុច្ចរិត ហើយម្តាយទូលបង្គំបានមានទំងន់ បង្កើតទូលបង្គំនៅក្នុងអំពើបាបដែរ» (ទំនុកដំកើង ៥១:៥)។
ដោយសារតែអំពើបាបរបស់ពួកព្ធយុកោរបស់ខ្លួន មនុស្សទាំងអស់បានកើតមកជាមនុស្សមានបាប។ ដូច្នេះ មនុស្សម្នាក់ៗដែលបានកើតមកក្នុងលោកិយនេះ គឺពិតជាមនុស្សមានបាប ប្រព្រឹត្តដូចជាមនុស្សមានបាប ហើយបង្កើតផលផ្លែនៃបាប។
ទារកដែលមិនទាន់បានប្រព្រឹត្តអំពើបាបណាផង ក៏ជាមនុស្សមានបាបរួចទៅហើយ ពីព្រោះគាត់បានកើតមកជាគ្រាប់ពូជនៃបាប ហើយមានគំនិតអាក្រក់ សេចក្តីកំផិត អាសអាភាស និងការកាប់ សំឡាប់នៅក្នុងចិត្តរបស់ខ្លួន។ គាត់បានកើតមកជាមួយអំពើបាបរបស់ពួកព្ធយុកោរបស់ខ្លួន។ ដូច្នេះ មនុស្សទាំងអស់គឺជាមនុស្សមានបាប សូម្បីតែមុនពេលដែលពួកគេបានកើតមកម៉្លេះ។
មូលហេតុដែលព្រះបានធ្វើឲ្យយើងខ្សោយគឺថា មនុស្សជាតិគឺជាស្នាព្រះហស្តរបស់ព្រះ ប៉ុន្តែព្រះបានរៀបចំផែនការយកយើងធ្វើជាកូនរបស់ទ្រង់ ដោយការសង្រ្គោះយើងចេញពីបាប។ នេះហើយគឺជាមូលហេតុដែលទ្រង់បានអនុញ្ញាតឲ្យអ័ដាមធ្វើបាប។
ជាលទ្ធផល នៅពេលយើងបានក្លាយជាមនុស្សមានបាប ព្រះបានបញ្ចូនព្រះយេស៊ូវឲ្យមកលោកិយនេះ ដើម្បីដោះអំពើបាបទាំងអស់របស់មនុស្សជាតិចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។
គោលបំណងរបស់ព្រះ គឺដើម្បីសង្រ្គោះមនុស្សជាតិ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង និងប្រទានអំណាចឲ្យពួកគេបានធ្វើជាកូនរបស់ទ្រង់ ដោយការជឿលើព្រះយេស៊ូវ។ ទ្រង់បានអនុញ្ញាតឲ្យអ័ដាមធ្វើបាប ដោយសេចក្តីសន្យា អំពីការលាងសម្អាតអំពើបាបទាំងអស់ចេញនៅក្នុងព្រះគ្រីស្ទ។
មនុស្សមានបាបដែលជឿតាមគោលលទ្ធិខុសឆ្គង និយាយថា «ចូរមើលទៅយ៉ាកុប និងអេសាវចុះ។ ទ្រង់បានជ្រើសរើសយកម្នាក់ ហើយបោះបង់ម្នាក់ទៀតចោល ដោយឥតល័ក្ខខ័ណ្ឌ»។ ព្រះមិនបានជ្រើសរើសយើង ដោយឥតល័ក្ខខ័ណ្ឌឡើយ ប៉ុន្តែទ្រង់បានជ្រើសរើសយើងនៅក្នុងព្រះយេស៊ូវគ្រីស្ទវិញ។ យើងត្រូវតែពិនិត្យមើលព្រះបន្ទូលនៅក្នុងព្រះគម្ពីរ។ រ៉ូម ៩:១០-១២ និយាយថា «មិនតែប៉ុណ្ណោះសោត រេបិកាក៏មានផ្ទៃពោះនឹងមនុស្សម្នាក់ដែរ គឺ អ៊ីសាក ជាឰយុកោនៃយើងរាល់គ្នា គ្រាដែលកូនមិនទាន់កើតមកនៅឡើយ ហើយមិនទាន់ធ្វើការល្អឬអាក្រក់អ្វី នោះព្រះទ្រង់មានព្រះបន្ទូលប្រាប់នាងថា កូនច្បងនឹងត្រូវបំរើប្អូន»។ 
ព្រះ បានជ្រើសរើសយ៉ាកុបនៅក្នុងព្រះយេស៊ូវ។ យ៉ាកុបគឺជាគំរូនៃមនុស្សមានបាប ដែលមិនសមនឹងទទួលបាន និងមិនមានសេចក្តីសុចរិតផ្ទាល់ខ្លួនឡើយ។ ហើយ អេភេសូរ ១:៤ និយាយថា ព្រះបានជ្រើសរើសយើងនៅក្នុងទ្រង់។ 
តើព្រះបានជ្រើសរើសអ្នកណា? ទ្រង់បានជ្រើសរើសយ៉ាកុប ពីព្រោះយ៉ាកុបបានដឹងថា គាត់មានបាប និងទុច្ចរិតនៅចំពោះព្រះ ហើយគាត់បានពឹងផ្អែកលើព្រះ។ ទ្រង់បានជ្រើសរើសយ៉ាកុប នៅក្នុងព្រះនាមនៃព្រះរាជបុត្រានៃទ្រង់ គឺព្រះយេស៊ូវ ហើយបានសង្រ្គោះគាត់ ដោយដំណឹងល្អអំពីទឹក និងព្រះលោហិត ដើម្បីយកគាត់ធ្វើជាកូនរបស់ទ្រង់។ ដូច្នេះ ព្រះបានជ្រើសរើសយ៉ាកុប ហើយបានប្រទានពរនៃសេចក្តីសង្រ្គោះដល់គាត់។
ទ្រង់ បានជ្រើសរើសមនុស្សមានបាប ដើម្បីរាប់ពួកគេជាសុចរិត តាមរយៈសេចក្តីប្រោសលោះនៅក្នុងព្រះយេស៊ូវ។ នេះហើយគឺជាផែនការរបស់ព្រះ។
 
 
គោលលទ្ធិខុសឆ្គងអំពីការជ្រើសរើសដោយឥតល័ក្ខខ័ណ្ឌ
 
ហេតុអ្វីព្រះបានស្រឡាញ់យ៉ាកុប?
ពីព្រោះយ៉ាកុបបានដឹងពី សេចក្តីទុច្ចរិតរបស់ខ្លួន

ថ្មីៗនេះ ខ្ញុំបានអានសៀវភៅមួយក្បាល ដែលផ្អែកលើរឿងអំពីការជ្រើសរើសដោយឥតល័ក្ខខ័ណ្ឌ។ បុរសវ័យក្មេងម្នាក់ បានយល់សុបិន្តមួយ ដោយបានឃើញស្ត្រីចំណាស់ម្នាក់លេចមកប្រាប់គាត់ឲ្យទៅកន្លែងមួយ ហើយគាត់ក៏បានទៅតាម។ បន្ទប់មក ស្ត្រីចំណាស់នោះបានប្រាប់គាត់ថា ព្រះបានជ្រើសរើសហើយ។
គាត់ បានសួរស្ត្រីចំណាស់នោះថា តើព្រះបានជ្រើសរើសគាត់យ៉ាងដូចម្តេច នៅពេលគាត់មិនទាំងជឿលើព្រះផង? ស្ត្រីចំណាស់នោះ បានប្រាប់គាត់ថា ព្រះបានជ្រើសរើសគាត់ ដោយឥត ល័ក្ខខ័ណ្ឌ ដោយមិនគិតពីភាពស្មោះត្រង់របស់គាត់ឡើយ។
រឿងនេះ មិនពិតឡើយ។ តើព្រះអាចកាត់ទោសមនុស្សចំនួនឲ្យធ្លាក់ទៅក្នុងស្ថាននរក ហើយជ្រើសរើសមនុស្សមួយចំនួនទៀតសម្រាប់សេចក្តីសង្រ្គោះ តាមតែព្រះទ័យទ្រង់បានយ៉ាងដូចម្តេចទៅ? ព្រះបានជ្រើសរើសមនុស្សគ្រប់គ្នានៅក្នុងព្រះយេស៊ូវ។
ទ្រឹស្តីខាងទេវសាស្ត្រអំពីការជ្រើសរើស ដែលមិនរួមបញ្ចូលព្រះយេស៊ូវ គឺជាទ្រឹស្តីខុសឆ្គង។ ប៉ុន្តែទេវវិទូជាច្រើនទទូចថា ព្រះបានជ្រើសរើសមនុស្សតែមួយចំនួនប៉ុណ្ណោះ។ ជំនឿនេះ ពិតជាខុសឆ្គងហើយ។ តាមពិត ព្រះចង់សង្រ្គោះមនុស្សគ្រប់គ្នានៅក្នុងព្រះយេស៊ូវ ប៉ុន្តែអ្នកដែលមិនជឿលើសេចក្តីប្រោសលោះដោយទឹក និងព្រះវិញ្ញាណនៅក្នុងព្រះយេស៊ូវ នឹងមិនបានសង្រ្គោះទេ។ 
ព្រះ បានតម្រូវមនុស្សទាំងអស់សម្រាប់សេចក្តីសង្រ្គោះ តាម រយៈព្រះរាជបុត្រានៃទ្រង់ គឺព្រះយេស៊ូវ ហើយមានបំណងយកយើងធ្វើជាកូនរបស់ទ្រង់ នៅមុនពេលទ្រង់បានបង្កើតផែនដីនេះទៅទៀត។ ទ្រង់បានរៀបចំផែនការសង្រ្គោះមនុស្សចេញពីអំពើបាបរបស់លោកិយនេះ តាមរយៈសេចក្តីប្រោសលោះរបស់ព្រះយេស៊ូវ។ នេះហើយគឺជាសេចក្តីពិត ដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ។ 
មនុស្សសុចរិត ដែលបានកើតជាថ្មីនៅក្នុងព្រះគ្រីស្ទ គឺជាមនុស្សដែលព្រះបានជ្រើសរើស។ ប៉ុន្តែទេវវិទូទទូចថា ព្រះជ្រើសរើសមនុស្សតែមួយចំនួនប៉ុណ្ណោះ។ ជាឧទាហរណ៍ ពួកគេនិយាយថា សង្ឃពុទ្ធសាសនាគឺជាមនុស្សក្នុងចំណោមមនុស្សដែលព្រះមិនបានជ្រើសរើស។ ប៉ុន្តែតាមការពិត ព្រះក៏បានជ្រើសរើសពួកគេនៅក្នុងព្រះយេស៊ូវផងដែរ។
បើសិនព្រះបានជ្រើសរើសមនុស្សតែមួយចំនួន ដោយឥត ល័ក្ខខ័ណ្ឌ និងមិនមានព្រះយេស៊ូវ នោះយើងមិនចាំបាច់ប្រកាសដំណឹងល្អទេ។ ហើយបើសិនព្រះបានរៀបផែនការជ្រើសរើសមនុស្សម្នាក់ ដោយមិនមានព្រះយេស៊ូវ នោះមនុស្សមានបាបមិនចាំបាច់ជឿលើព្រះយេស៊ូវទេ។ ដូច្នេះ តើព្រះបន្ទូលរបស់ទ្រង់អំពីសេចក្តីស្រឡាញ់ សេចក្តីពិត និងការសង្រ្គោះអាចត្រូវបានបំពេញសម្រេចបានយ៉ាងដូចម្តេច?
តើមានមូលហេតុណាមួយ សម្រាប់អ្នកបម្រើព្រះក្នុងការប្រកាសដំណឹងល្អនៅក្នុងលោកិយនេះដែរឬទេ? តើវាត្រឹមត្រូវទេ ដែលព្រះបានជ្រើសរើសមនុស្សសម្រាប់សេចក្តីសង្រ្គោះ និងសម្រាប់សេចក្តីវិនាស ដោយមិនមានព្រះយេស៊ូវរួចទៅហើយ?
មូលហេតុដែលព្រះបានជ្រើសរើស និងស្រឡាញ់យ៉ាកុប ហើយស្អប់អេសាវគឺថា ទ្រង់បានដឹងរួចទៅហើយ នៅមុនពេលពួកគេបានកើតមកថា យ៉ាកុបនឹងជឿលើព្រះយេស៊ូវ ហើយអេសាវនឹងមិនជឿលើទ្រង់ទេ។
មានមនុស្សជាច្រើននៅក្នុងលោកិយនេះ ដែលបានជឿព្រះយេស៊ូវ។ ហើយពួកគេមួយចំនួនដូចជាអេសាវ ហើយពួកគេមួយចំនួនទៀតដូចជាយ៉ាកុបដែរ។ 
ហេតុអ្វីព្រះស្រឡាញ់យ៉ាកុប? យ៉ាកុប គឺជាមនុស្សមិនសុចរិត ហើយបានដឹងពី ភាពមិនសមនឹងទទួលបានសេចក្តីសុចរិតរបស់ គាត់។ ដូច្នេះ គាត់បានទទួលស្គាល់ថា គាត់គឺជាមនុស្សមានបាបម្នាក់នៅចំពោះព្រះ ហើយបានទូលសូមព្រះគុណពីព្រះ។ នេះហើយគឺជាមូលហេតុដែលព្រះបានសង្រ្គោះយ៉ាកុប។ 
ប៉ុន្តែអេសាវបានពឹងផ្អែកលើខ្លួនឯង ខ្លាំងជាងលើព្រះអម្ចាស់ ហើយបានស្រេកឃ្លានព្រះគុណរបស់ព្រះឡើយ។ ដូច្នេះ ព្រះបានមានបន្ទូលថា ទ្រង់បានស្រឡាញ់យ៉ាកុប ហើយស្អប់អេសាវ។ នេះគឺជាព្រះបន្ទូលនៃសេចក្តីពិត។
ព្រះ បានតម្រូវយើងទាំងអស់គ្នាសម្រាប់សេចក្តីសង្រ្គោះនៅក្នុងព្រះយេស៊ូវ។ ហើយមនុស្សមានបាបត្រូវតែត្រូវជឿព្រះយេស៊ូវ។ បន្ទាប់មក សេចក្តីពិត និងយុត្តិធម៌របស់ព្រះនឹងដុះនៅក្នុងចិត្តរបស់ពួកគេ។ យើងគឺជាមនុស្សមានបាប ហើយយើងត្រូវតែជឿដោយអស់ពីចិត្តលើសេចក្តីប្រោសលោះតាមរយៈព្រះយេស៊ូវ។
 
 
ទ្រឹស្តីខុសឆ្គងអំពីការញែកជាបរិសុទ្ធបន្តិចម្តងៗ
 
តើមនុស្សមានបាបម្នាក់អាចត្រឡប់ជា សុចរិតបន្តិចម្តងៗបានដែរឬទេ?
ទេ មិនអាចឡើយ។ តែម្តងជាសម្រេច ព្រះបានរាប់មនុស្សមានបាបជាសុចរិត និងឥតខ្ចោះ តាមរយៈសេចក្តីប្រោសលោះ តាមរយៈបុណ្យជ្រមុជ និងការសុគត របស់ទ្រង់នៅលើឈើឆ្កាង

សាតាំង បោកបញ្ឆោតមនុស្សមានបាប ដោយទ្រឹស្តីអំពីការញែកជាបរិសុទ្ធបន្តិចម្តងៗ ដើម្បីកុំឲ្យពួកគេបានសង្រ្គោះចេញពីបាបរបស់ខ្លួន។ ការញែកជាបរិសុទ្ធបន្តិចម្តងៗ មានន័យថា មនុស្សមានបាបត្រឡប់ជាបរិសុទ្ធបន្តិចម្តងៗ បន្ទាប់ពីពួកគេជឿលើព្រះយេស៊ូវ។
ទ្រឹស្តីនេះ បង្រៀនថា មនុស្សមានបាបមិនអាចបានរាប់ជាសុចរិតតែម្តងជាសម្រេចឡើយ ប៉ុន្តែនៅពេលពួកគេជឿលើព្រះយេស៊ូវ ពួកគេបានសង្រ្គោះចេញពីបាបតាំងពីកំណើតហើយ។ ហើយអំពើបាបជាក់ស្តែង ត្រូវបានលាងសម្អាត តាមរយៈការអធិស្ឋានលន់តួជារៀងរាល់ថ្ងៃ ហើយមនុស្សបានញែកជាបរិសុទ្ធបន្តិចម្តងៗ។ 
ខ្លឹមសារនៃទ្រឹស្តីនេះ គឺជាការញែកជាបរិសុទ្ធបន្តិចម្តងៗ។ វាមើលទៅដូចជាអស្ចារ្យណាស់ដែលថា មនុស្សម្នាក់អាចជឿព្រះយេស៊ូវ ហើយក្លាយជាគ្រីស្ទបរិស័ទ្ធដែលបរិសុទ្ធខ្លាំងទៅៗ។ ទ្រឹស្តីនេះ បានបោកបញ្ឆោតគ្រីស្ទបរិស័ទជាច្រើន ហើយធ្វើឲ្យពួកគេមានអារម្មណ៍អំពីសុវត្ថិភាព អស់រយៈពេលជាច្រើនឆ្នាំ។ នេះគឺជាមូលហេតុដែលមានគ្រីស្ទបរិស័ទជាច្រើន ដែលគិតថា ខ្លួនបរិសុទ្ធជាងគ្រីស្ទបរិស័ទដទៃទៀត នៅក្នុងជំនឿគ្រីស្ទបរិស័ទ។ 
ពួកគេ គិតថា នៅថ្ងៃមួយ ពួកគេនឹងផ្លាស់ប្រែ ហើយលែងធ្វើបាបទៀត។ ប៉ុន្តែពួកគេរស់នៅជាជីវិតមនុស្សមានបាប និងបន្ទាប់ពីពួកគេស្លាប់ទៅ ព្រះនឹងកាត់ទោសពួកគេជាមនុស្សមានបាប។
ចូរយើងអានព្រះបន្ទូលពិតនៅក្នុងព្រះគម្ពីរ។ រ៉ូម ៨:៣០ ប្រាប់យើងថា «ឯពួកអ្នកដែលទ្រង់បានតម្រូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានដំកើងឡើងដែរ»។ 
ហើយនៅក្នុងខ.២៩ «ដ្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុន នោះទ្រង់ក៏តម្រូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាបងច្បងគេក្នុងពួកបងប្អូនជាច្រើន»។ បើសិនយើងមើលលើកដំបូង វាហាក់ដូចជាមានជំហានៗ ក្នុងការបានរាប់ជាសុចរិត។ ប៉ុន្តែព្រះបន្ទូលប្រាប់យើងថា ព្រះប្រទានសេចក្តីសុចរិត តែម្តងជាសម្រេច។
«ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត »។ ព្រះយេស៊ូវ បានហៅមនុស្សមានបាប ហើយបានរាប់ពួកគេជាសុចរិត តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅទន្លេយ័រដាន់ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។
ដូច្នេះ អ្នកដែលជឿលើសេចក្តីប្រោសលោះនៅក្នុងព្រះយេស៊ូវ ក្លាយជាកូនដ៏មានសិរីល្អរបស់ព្រះ។ ហើយវាគឺជាព្រះគុណរបស់ព្រះ ក្នុងការសង្រ្គោះមនុស្សមានបាប និងលើកតម្កើងពួកគេនៅក្នុងព្រះនាមទ្រង់។
នេះហើយគឺជាអ្វីដែលព្រះប្រាប់យើង។ ប៉ុន្តែគ្រីស្ទបរិស័ទមួយចំនួនប្រាប់យើងឲ្យមើល រ៉ូម ៨:៣០ ហើយនិយាយថា «មានជា ជំហានៗ ដើម្បីបានញែកជាបរិសុទ្ធ។ ហើយតើនេះមិនមានន័យថា យើងផ្លាស់ប្រែបន្តិចម្តងៗទេឬ?»។ នេះហើយគឺជារបៀបដែលពួកគេបោកបញ្ឆោតមនុស្ស។ ពួកគេប្រាប់មនុស្សនៅក្នុងប្រយោគអនាគតកាលថា មនុស្សមានបាបម្នាក់នឹងបានរាប់ជាសុចរិតទៅតាមពេលវេលា។
ប៉ុន្តែព្រះគម្ពីរមិនប្រាប់យើង នៅក្នុងប្រយោគអនាគតកាលទេ ប៉ុន្តែនៅក្នុងប្រយោគអតីតកាលបរិបូរវិញថា យើងបានរាប់ជាសុចរិត តែម្តងជាសម្រេច។ ពិតជាមានភាពខុសគ្នារវាងទស្សនៈអនាគតកាល និងទស្សនៈអតីតកាលបរិបូរ។
យើង គួរតែជឿទាំងស្រុងលើព្រះគម្ពីរ ដែលប្រាប់យើងថា យើងអាចធ្វើជាកូនរបស់ព្រះបាន តែម្តងជាសម្រេច។ នេះគឺពិតជាខុសគ្នាស្រឡះពីទ្រឹស្តីអំពីការញែកជាបរិសុទ្ធបន្តិចម្តងៗ។
ទ្រឹស្តីអំពីការញែកជាបរិសុទ្ធបន្តិចម្តងៗ និយាយថា នៅពេលយើងជឿព្រះយេស៊ូវ មានតែបាបតាំងពីកំណើតរបស់យើងប៉ុណ្ណោះ ដែលត្រូវបានអត់ទោសឲ្យ។ នេះមានន័យថា យើងគួរតែរស់នៅក្នុងជីវិតបែបសាសនាមួយ ហើយលន់តួអំពើបាបរបស់យើងជារៀងរាល់ថ្ងៃ ដើម្បីឲ្យយើងអាចឈរនៅចំពោះព្រះបាន ហើយយើងនឹងបានរាប់ជាសុចរិត។ 
ដោយសារមនុស្សជាច្រើនជឿតាមទ្រឹស្តីនេះ ពួកគេនៅតែជាមនុស្សមានបាប សូម្បីតែបន្ទាប់ពីពួកគេចាប់ផ្តើមជឿព្រះយេស៊ូវក៏ដោយ។ នេះហើយគឺជាមូលហេតុដែលទ្រឹស្តីអំពីការញែកជាបរិសុទ្ធបន្តិចម្តងៗ គឺខុសឆ្គង។
ព្រះគម្ពីរ ប្រាប់យើងយ៉ាងច្បាស់លាស់ថា យើងបានរាប់ជាសុចរិត ហើយធ្វើជាកូនរបស់ព្រះ ដោយសារជំនឿ។ ដូចដែលទារកបានកើតមកក្នុងលោកិយនេះ កូនៗរបស់ព្រះក៏បានញែកជាបរិសុទ្ធផងដែរ នៅពេលណាពួកគេបានដឹង និងជឿលើសេចក្តីប្រោសលោះរបស់ព្រះយេស៊ូវ។ ដូច្នេះ ទ្រឹស្តីខុសឆ្គងអំពីការញែកជាបរិសុទ្ធបន្តិចម្តងៗ កើតចេញពីសេចក្តីភូតភរ។
 
 
សេចក្តីសង្រ្គោះពេញលេញចេញពីអំពើបាបទាំងអស់ 
 
ដើម្បីបានញែកជាបរិសុទ្ធ តើយើងត្រូវតែធ្វើអ្វី?
យើងត្រូវតែជឿលើសេចក្តីប្រោសលោះ តាមរយៈទឹក និងព្រះវិញ្ញាណ

រ៉ូម ៨:១-២ និយាយថា «ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ ដ្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះបានប្រោសឲ្យខ្ញុំរួចពីអំណាចរបស់អំពើបាប និងសេចក្តីស្លាប់ហើយ»។ នេះប្រាប់យើងថា ព្រះបានរាប់មនុស្សមានបាបទាំងអស់ជាសុចរិត ហើយបានសង្រ្គោះអស់អ្នកដែលបានចាកចេញពីច្បាប់នៃបាប និងសេចក្តីស្លាប់ ហើយមកឯព្រះយេស៊ូវវិញ។
ព្រះគម្ពីរ ប្រាប់យើងអំពីសេចក្តីប្រោសលោះពេញលេញនៅក្នុង ហេព្រើរ ៩:១២ ថា «នោះទ្រង់បានយាងចូលទៅក្នុងទីបរិសុទ្ធបំផុត១ដងជាសំរេច ទាំងបានសេចក្តីប្រោសលោះ នៅអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតនៃអង្គទ្រង់វិញ»។ នេះមានន័យថា យើងដែលជឿព្រះយេស៊ូវ បានសង្រ្គោះ ហើយត្រូវបានទទួលស្វាគមន៍ឲ្យចូលទៅក្នុងនគរស្ថានសួគ៌។
យើង បានស្តាប់ឮ និងជឿដំណឹងល្អអំពីសេចក្តីប្រោសលោះដោយទឹក និងព្រះវិញ្ញាណនៅក្នុងព្រះគ្រីស្ទយេស៊ូវ ហើយទទួលបានការអត់ទោសអំពើបាបទាំងអស់របស់យើង។ ប៉ុន្តែមនុស្សមានបាប ដែលជឿថា ពួកគេត្រូវបានអត់ទោសសម្រាប់តែបាបតាំងពីកំណើតខ្លួន មិនអាចបានសង្រ្គោះឡើយ។ ដើម្បីបានញែកជាបរិសុទ្ធចេញពីអំពើបាបដែលពួកគេប្រព្រឹត្ត បន្ទាប់ពីពួកគេជឿព្រះយេស៊ូវ ពួកគេមានអារម្មណ៍ថា ពួកគេគួរតែលន់តួអំពើបាបជារៀងរាល់ថ្ងៃ។
ជំនឿខុសឆ្គងរបស់ពួកគេ ដឹកនាំពួកគេទៅរកស្ថាននរក។ ជំនឿខុសឆ្គងរបស់ពួកគេ បណ្តាលឲ្យពួកគេលន់តួជារៀងរាល់ថ្ងៃ ដើម្បីរំដោះពួកគេឲ្យរួចពីអំពើរំលងទាំងអស់របស់ខ្លួន។ នេះមិនមែនជាជំនឿត្រឹមត្រូវ ដែលសង្រ្គោះយើងចេញពីស្ថាននរកឡើយ។ 
បើសិនពួកគេបានជឿព្រះយេស៊ូវ ហើយបានសង្រ្គោះ តែម្តងជាសម្រេចមែន នោះពួកគេប្រាកដជាបានរាប់ជាសុចរិត និងធ្វើជាកូនរបស់ព្រះហើយ។ សេចក្តីប្រោសលោះពិតប្រាកដ រាប់មនុស្សជាសុចរិត ហើយផ្លាស់ប្រែពួកគេឲ្យទៅជាកូនរបស់ព្រះ តែម្តងជាសម្រេច។
ទោះបីជាអ្នកជឿបានសង្រ្គោះ ចេញពីអំពើបាបទាំងអស់របស់លោកិយនេះក៏ដោយ សាច់ឈាមរបស់ពួកគេមិនផ្លាស់ប្រែ រហូតដល់ថ្ងៃពួកគេស្លាប់។ ប៉ុន្តែចិត្តរបស់ពួកគេមានពេញទៅដោយ សេចក្តីសុចរិតរបស់ព្រះ។ ដូច្នេះ យើងមិនត្រូវយល់ខុសអំពីការពិតនេះឡើយ។ 
ព្រះគម្ពីរ ប្រាប់យើងបាន យើងបានញែកជាបរិសុទ្ធ និងបានរាប់ជាសុចរិត នៅពេលយើងជឿលើដំណឹងល្អ។
ចូរយើងពិនិត្យមើលដំណឹងល្អពិតនៅក្នុង ហេព្រើរ ១០:៩-១៤ ដើម្បីពិនិត្យមើលដំណឹងល្អពិត។ «នោះទ្រង់ក៏ថែមព្រះបន្ទូលនេះទៀតថា មើល ឱព្រះអង្គអើយ ទូលបង្គំមកនឹងធ្វើតាមព្រះហឫទ័យទ្រង់ ដូច្នេះ ទ្រង់បានលើកចោលសេចក្តីមុន ដើម្បីនឹងតាំងសេចក្តីក្រោយវិញ គឺដោយសារចំណង់ព្រះហឫទ័យនោះ ដែលយើងរាល់គ្នាបានញែកជាបរិសុទ្ធ ដោយសារដង្វាយថ្វាយរូបអង្គព្រះយេស៊ូវគ្រីស្ទ១ដងជាសំរេច ឯអស់ទាំងសង្ឃក៏ឈរធ្វើការងាររាល់តែថ្ងៃ ទាំងថ្វាយយញ្ញបូជាដដែលជាញឹកញាប់ ដែលពុំអាចនឹងដោះបាបបានឡើយ តែទ្រង់វិញ ក្រោយដែលទ្រង់បានថ្វាយយញ្ញបូជាតែ១ ដោយព្រោះបាប នោះទ្រង់បានគង់ខាងស្តាំព្រះ នៅជារៀងរាប ដរាបទៅ ទាំងចាំទំរាំដល់បានដាក់ពួកខ្មាំងសត្រូវ ឲ្យធ្វើជាកំណល់កល់ព្រះបាទទ្រង់ ដ្បិតទ្រង់ធ្វើឲ្យពួកអ្នក ដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារ ដង្វាយតែ១នោះ។»
«គឺដោយសារចំណង់ព្រះហឫទ័យនោះ ដែលយើងរាល់គ្នាបានញែកជាបរិសុទ្ធ ដោយសារដង្វាយថ្វាយរូបអង្គព្រះយេស៊ូវ គ្រីស្ទ១ដងជាសំរេច ។» ចូរកត់សម្គាល់ថា នេះត្រូវបានសរសេរនៅក្នុងប្រយោគបច្ចុប្បន្នកាលបរិបូរ មិនមែននៅក្នុងប្រយោគអនាគតកាលទេ។
ដើម្បីបានញែកជាបរិសុទ្ធទាំងស្រុង យើងទាំងអស់គ្នាត្រូវតែជឿលើសេចក្តីប្រោសលោះតាមរយៈទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវបានប្រទានឲ្យយើង។ 
 
 
ព្រះយេស៊ូវបានប្រទានសេចក្តីប្រោសលោះដ៏អស់កល្បជានិច្ច តែម្តងជាសម្រេច
 
ហេតុអ្វីមនុស្សម្នាក់ត្រូវបាន លើកទឹកចិត្តឲ្យអរសប្បាយជានិច្ច? 
(១ថែស្សាឡូនីច ៥:១៦) ពីព្រោះព្រះយេស៊ូវបានដោះ អំពើបាបទាំងអស់របស់គាត់ចេញ ហើយគាត់ត្រូវតែបន្ទាបខ្លួននៅចំពោះទ្រង់ និងអរព្រះគុណសម្រាប់ព្រះគុណរបស់ទ្រង់
 

បើសិនយើងជឿសេចក្តីប្រោសលោះដ៏អស់កល្បជានិច្ចរបស់ព្រះយេស៊ូវ យើងបានរាប់ជាសុចរិត តែម្តងជាសម្រេច។ ព្រះគម្ពីរនិយាយថា «ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់» (១ថែស្សាឡូនីច ៥:១៦-១៨)។
«ចូរអរសប្បាយជានិច្ច។» តើយើងអាចអរសប្បាយជានិច្ចបានយ៉ាងដូចម្តេច? អស់អ្នកដែលទទួលបានសេចក្តីប្រោសលោះដ៏អស់កល្បជានិច្ចតែម្តងជាសម្រេច អាចអរសប្បាយជានិច្ច ពីព្រោះពួកគេបានរួចពីបាបហើយ ហើយពួកគេមានសុវត្ថិភាព ដោយដឹងថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់ពួកគេនៅទន្លេយ័រដាន់រួចរាល់ហើយ។ ដូច្នេះ ពួកគេបន្ទាបខ្លួននៅចំពោះទ្រង់ ហើយអរព្រះគុណដល់ទ្រង់ និងមានអំណរជារៀងរហូត។
«មានពរហើយ អ្នកណាដែលការទទឹងច្បាប់របស់ខ្លួនបានអត់ទោសឲ្យ និងបានខ្លួនបានគ្របបាំង» (រ៉ូម ៤:៧)។ នេះមិនមានន័យថា អំពើបាបរបស់យើងត្រូវបានគ្របបាំង ទោះបើយើងនៅមានបាបនៅចិត្តរបស់យើងទេ។ ចិត្តរបស់យើងត្រូវបានលាងសម្អាត គឺព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់យើង ហើយបានសង្រ្គោះយើង តែម្តងជាសម្រេច។ 
ព្រះគម្ពីរសញ្ញាថ្មី បាននិយាយអំពីសេចក្តីប្រោសលោះដ៏អស់កល្បជានិច្ចនេះ។ នៅពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជ ទ្រង់បានមានបន្ទូលថា «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ» (ម៉ាថាយ ៣:១៥)។
ដូចដែលពពែ ឬចៀមបានដោះអំពើបាបរបស់មនុស្ស តាម រយៈការដាក់ដៃលើនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះយេស៊ូវក៏បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ និងបានរាប់មនុស្សជាតិជាសុចរិត តាមរបៀបត្រឹមត្រូវ និងសាកសមបំផុតផងដែរ។
ព្រះយេស៊ូវ បានមានបន្ទូលថា «ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ»។ ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជ តាមរបៀបត្រឹមត្រូវបំផុត ហើយទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិដាក់លើអង្គទ្រង់ ដើម្បីសង្រ្គោះយើង។ 
ម៉ាថាយ ៣:១៥ សរសេរថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ យុត្តិធម៌របស់ព្រះ ត្រូវបានបំពេញសម្រេច។ យើងមិនគួរព្យាយាមយល់ពីសេចក្តីប្រោសលោះដ៏អស់កល្បជានិច្ចនេះទេ ប៉ុន្តែយើងគួរតែទទួលយកវាជាព្រះបន្ទូលនៃសេចក្តីសង្រ្គោះរបស់ទ្រង់វិញ។ «មានពរហើយ មនុស្សណាដែលការរំលង ច្បាប់របស់ខ្លួនបានអត់ទោសឲ្យ គឺដែលបាបរបស់ខ្លួនបានគ្របបាំងហើយ» (ទំនុកដំកើង ៣២:១)។ 
ព្រះយេស៊ូវ បានលាងសម្អាតអំពើបាបនៃចិត្តនិងសាច់ឈាមទាំងអស់ចេញ នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស នៅទន្លេយ័រដាន់។ ទ្រង់បានទទួលរងការកាត់ទោសសម្រាប់អំពើបាប ដែលយើងប្រព្រឹត្តនៅក្នុងលោកិយដែលខូចនិងធ្លាក់ចុះនេះ។ ហើយបន្ទាប់ពីទ្រង់បានដោះអំពើបាបទាំងអស់របស់យើង ទ្រង់បានសុគតនៅលើឈើឆ្កាង។
អ្នកដែលជឿលើសេចក្តីប្រោសលោះចេញពីបាបនេះ អាចបានរាប់ជាសុចរិត និងឥតខ្ចោះ តែម្តងជាសម្រេច។ ដោយព្រោះព្រះយេស៊ូវគង់នៅអស់កល្បជានិច្ច អ្នកដែលជឿលើសេចក្តីប្រោសលោះនៅក្នុងព្រះគ្រីស្ទ នៅតែសុចរិតជានិច្ច។
ឥឡុវនេះ យើងអាចឈរនៅចំពោះព្រះដោយទំនុកចិត្ត ហើយនិយាយថា «ព្រះអម្ចាស់ តើទ្រង់សុខសប្បាយជាទេ? ទូលបង្គំជឿលើព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ហើយទូលបង្គំក៏ជាកូនរបស់ទ្រង់ផងដែរ។ សូមអរព្រះគុណ ព្រះ វរបិតា ដែលបានទទួលយកទូលបង្គំធ្វើជាកូនរបស់ទ្រង់។ នេះបានកើតឡើង មិនតាមការប្រព្រឹត្តរបស់ទូលបង្គំឡើយ ប៉ុន្តែតាមរយៈជំនឿរបស់ទូលបង្គំលើការកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណនៅក្នុងព្រះយេស៊ូវវិញ។ ទ្រង់បានសង្រ្គោះទូលបង្គំចេញពីអំពើបាបទាំងអស់របស់លោកិយនេះហើយ។ ហើយទូលបង្គំជឿលើអ្វីដែលទ្រង់បានមានបន្ទូលថា «ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំង សេចក្តីសុចរិតយ៉ាងដូច្នេះ» (ម៉ាថាយ ៣:១៥)។ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងឈើឆ្កាងរបស់ទ្រង់ ទូលបង្គំបានធ្វើជាកូនរបស់ទ្រង់។ ហើយទូលបង្គំសូមអរព្រះគុណសម្រាប់ការនេះ»។ 
តើអ្នកបានផ្ទេរអំពើបាបទាំងអស់របស់អ្នកទៅលើព្រះយេស៊ូវហើយឬនៅ? ហើយតើអំពើបាបទាំងអស់របស់យើងត្រូវបានដោះចេញដោយទ្រង់ហើយឬនៅ? ព្រះគម្ពីរប្រាប់យើងថា តាមរយៈបុណ្យជ្រមុជ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង មនុស្សមានបាបអាចបានញែកជាបរិសុទ្ធ ដោយគ្រាន់តែជឿសេចក្តីពិតនេះ។ 
 
 
ទំនាក់ទំនងរវាងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងសេចក្តីប្រោសលោះ
 
តើអ្វីគឺជាទំនាក់ទំនងរវាង បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងសេចក្តីប្រោសលោះ?
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺជាគំរូពីសេចក្តីប្រោសលោះ តាមរយៈការដាក់ដៃលើ នៅក្នុងព្រះគម្ពីរសញ្ញាចាស់

ឧបមាថា បុរសម្នាក់រស់នៅជាមនុស្សមានបាប ទោះបើគាត់ជឿលើព្រះយេស៊ូវ ហើយអធិស្ឋាននៅក្នុងព្រះវិហារថា «ឱព្រះជាម្ចាស់អើយ! សូមអត់ទោសដល់ទូលបង្គំសម្រាប់អំពើបាប ដែលទូលបង្គំបានប្រព្រឹត្តកាលពីសប្តាហ៍មុន។ សូមអត់ទោសដល់ទូលបង្គំសម្រាប់អំពើបាបកាលពីបីថ្ងៃមុន។ ហើយសូមអត់ទោសសម្រាប់អំពើបាបនៅថ្ងៃនេះផង។ ទូលបង្គំជឿលើព្រះយេស៊ូវ»។
ចូរយើងសន្មត់ថា តាមរយៈការអធិស្ឋាននោះ ព្រះបានអត់ទោសដល់បុរសម្នាក់នេះសម្រាប់អំពើបាបទាំងនោះ។ ប៉ុន្តែនៅពេលក្រោយមកទៀត គាត់ត្រឡប់ទៅកាន់ជីវិតប្រចាំថ្ងៃរបស់គាត់វិញ ហើយធ្វើបាបម្តងទៀត។ ដូច្នេះ គាត់នឹងក្លាយជាមនុស្សមានបាបម្តងទៀតហើយ។
ព្រះយេស៊ូវ បានធ្វើជាកូនចៀមនៃព្រះ ហើយបានដោះអំពើបាបរបស់មនុស្សមានបាបទាំងអស់ចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានសង្រ្គោះពួកគេ ដោយការសុគតនៅលើឈើឆ្កាង។ ដើម្បីបានសង្រ្គោះ មនុស្សមានបាបគួរតែជឿសេចក្តីពិតដូចតទៅ។
ពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ទ្រង់បានដោះអំពើបាបទាំងអស់ចេញ ដើម្បីបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ។ ហើយអំពើបាបទាំងអស់របស់លោកិយនេះ ត្រូវបានលាងសម្អាត។ អ្នកណាដែលជឿលើសេចក្តីពិតនេះ នឹងបានសង្រ្គោះ។ ម៉ាថាយ ៣:១៣-១៧ សរសេរថា «ដ្បិតគួរឲ្យ» ព្រះយេស៊ូវទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ហើយធ្វើជាព្រះអង្គសង្រ្គោះសម្រាប់អ្នកជឿទាំងអស់។
ដំណឹងល្អអំពីសេចក្តីពិត ប្រាប់យើងថា ព្រះយេស៊ូវបានដោះអំពើបាបរបស់លោកិយនេះចេញ តែម្តងជាសម្រេច។ ប៉ុន្តែទ្រឹស្តីខុសឆ្គងប្រាប់យើងថា យើងបានសង្រ្គោះជារៀងរាល់ថ្ងៃ។ តើយើងគួរតែជឿតាមមួយណា? តើយើងបានសង្រ្គោះតែម្តងជាសម្រេច ឬយើងបានសង្រ្គោះជារៀងរាល់ថ្ងៃ?
ព្រះគម្ពីរ ប្រាប់យើងយ៉ាងច្បាស់លាស់ថា ព្រះយេស៊ូវបានសង្រ្គោះយើង តែម្តងជាសម្រេច។ ជំនឿពិត គឺត្រូវជឿលើសេចក្តីប្រោសលោះដោយទឹក និងព្រះវិញ្ញាណ តែម្តងជាសម្រេច។ ប៉ុន្តែអ្នកដែលជឿថា យើងត្រូវតែបានសង្រ្គោះជារៀងរាល់ថ្ងៃ នឹងមិនបានសង្រ្គោះឡើយ។
ពួកគេ គួរតែដឹងថា សេចក្តីប្រោសលោះពិតប្រាកដចេញមកពីការជឿថា ព្រះយេស៊ូវបានសង្រ្គោះយើងតែម្តងជាសម្រេច តាម រយៈបុណ្យជ្មមុជ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ ហើយអ្វីដែលយើងត្រូវធ្វើ គឺត្រូវអរព្រះគុណដល់ព្រះ ហើយជឿលើដំណឹងល្អពិតនេះ។ 
ប៉ុន្តែអ្នកដែលត្រូវបានគេដឹកនាំឲ្យវង្វេងនៅក្នុងជំនឿរបស់ខ្លួន និយាយថា យើងបានសង្រ្គោះចេញពីបាបតាំងពីកំណើតតែប៉ុណ្ណោះ ហើយយើងគួរតែបានសង្រ្គោះជារៀងរាល់ថ្ងៃចេញពីអំពើបាបជាក់ស្តែង ហើយយើងអាចបានរាប់ជាសុចរិត «បន្តិចម្តងៗ»។ នេះគឺជាជំនឿខុស។
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង សម្រេចបានការអត់ទោសបាប តែម្តងជាសម្រេច។ នេះហើយគឺជាសេចក្តីពិត។ អំពើបាបរបស់យើង ត្រូវតែបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈលោកយ៉ូហាន-បាទ្ទីស ហើយព្រះយេស៊ូវត្រូវតែបានសុគតនៅលើឈើឆ្កាង ដើម្បីឲ្យយើងបានសង្រ្គោះ។
ការនិយាយថា «សូមអត់ទោសដល់ទូលបង្គំផង» បន្ទាប់ពីយើងធ្វើបាប មិនស្របនឹងយុត្តិធម៌របស់ព្រះឡើយ។ ច្បាប់របស់ព្រះ ប្រាប់យើងថា ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់។ ហើយយើងគួរតែដឹងថា ព្រះគឺបរិសុទ្ធ និងយុត្តិធម៌។ 
អស់អ្នកដែលអធិស្ឋានទៅកាន់ព្រះថា «ទូលបង្គំសូមទោស ហើយសូមអត់ទោសដល់ទូលបង្គំផង» បន្ទាប់ពីពួកគេធ្វើបាប មិនស្គាល់ពីយុត្តិធម៌របស់ព្រះឡើយ។ ពួកគេអធិស្ឋានសម្រាប់ការអត់ទោស ប៉ុន្តែពួកគេគ្រាន់តែបន្ធូរបញ្ញាចិត្តរបស់ខ្លួនប៉ុណ្ណោះ។ តើវាត្រឹមត្រូវដែរទេ ដែលមនុស្សម្នាក់ធ្វើបាបជារៀងរាល់ថ្ងៃ ហើយលួងលោមបញ្ញាចិត្តរបស់ខ្លួន ដោយការបន្តលន់តួអំពើរំលងរបស់ខ្លួនម្តងហើយម្តងទៀត? ផ្លូវតែមួយ ដើម្បីបានសង្រ្គោះ គឺដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ យើងគួរតែជឿសេចក្តីពិតនេះនៅក្នុងចិត្ត ពីព្រោះវាគឺជាផ្លូវតែមួយសម្រាប់យើងគេចចេញពីការកាត់ទោសរបស់ព្រះ។ 
ចូរយើងពិចារណាបន្ថែមទៀតអំពីការសង្រ្គោះចេញពីបាប។ ហេព្រើរ ៩:២២ និយាយថា «ហើយតាមក្រឹត្យវិន័យ សឹងតែគ្រប់របស់ទាំងអស់បានស្អាត ដោយសារឈាម បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាបឡើយ»។ 
យោងតាមច្បាប់ដ៏សុចរិតរបស់ព្រះ អំពើបាបអាចបានស្អាត ដោយសារឈាម ហើយបើសិនមិនមានការកម្ចាយឈាមទេ នោះមិនមានការអត់ទោសបាបឡើយ។
ច្បាប់របស់ព្រះ គឺត្រឹមត្រូវ។ ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ហើយបានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើងដែលជាមនុស្សមានបាប។ ក្នុងន័យផ្សេង ទ្រង់បានដោះអំពើរំលងទាំងអស់របស់យើងចេញ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីសងថ្លៃលោះសម្រាប់អំពើបាបទាំងអស់របស់ យើង។ ទ្រង់បានបង់ថ្លៃលោះសម្រាប់អំពើបាបជំនួសយើង។
 
តើព្រះបានប្រទានសេចក្តីប្រោសលោះ តែម្តងជាសម្រេច ឬជារៀងរាល់ថ្ងៃ? 
តែម្តងជាសម្រេច។ ព្រះយេស៊ូវបានដោះ អំពើបាបរបស់មនុស្សមានបាបទាំងអស់ចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់

នៅក្នុង ម៉ាថាយ ៣:១៥ នៅពេលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជតាមរបៀបត្រឹមត្រូវបំផុត ទ្រង់បានលាងសម្អាតអំពើបាបទាំងអស់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានសុកតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់លោកិយនេះ។ 
ការទូលសុំការអត់ទោសជារៀងរាល់ថ្ងៃ មានន័យដូចគ្នាថា ការទូលសុំឲ្យទ្រង់ដោះអំពើបាបរបស់យើងចេញ ហើយសុគតនៅលើឈើឆ្កាងម្តងទៀត។ យើងគួរតែយល់ឲ្យច្បាស់លាស់ពីច្បាប់របស់ព្រះ។ ព្រះយេស៊ូវ មិនចាំបាច់សុគតម្តងហើយម្តងទៀត ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើងឡើយ។
ព្រះ ចាត់ទុកថា ព្រហើនបំផុត សម្រាប់អ្នកណាដែលជឿព្រះយេស៊ូវ តែទូលសុំការអត់ទោសអំពើបាបជាក់ស្តែងម្តងហើយម្តងទៀត។ «មនុស្សព្រហើនទាំងនេះ! ពួកគេទូលសុំព្រះរាជបុត្រារបស់អញ ព្រះយេស៊ូវ ឲ្យទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាងម្តងទៀត! ពួកគេជឿសេចក្តីប្រោសលោះនៅក្នុងព្រះយេស៊ូវហើយ តែនៅតែចាត់ទុកខ្លួនឯងជាមនុស្សមានបាបទៀត! អញនឹងកាត់ទោសពួកគេ ដោយច្បាប់របស់អញ ហើយបញ្ជូនពួកគេទាំងអស់ទៅបឹងភ្លើង។ តើឯងសុខចិត្តសំឡាប់កូនប្រុសតែមួយរបស់ឯងពីរដងដែរឬទេ? ឯងសុំឲ្យអញធ្វើគុតព្រះរាជបុត្រារបស់អញម្តងទៀត ដោយសារតែអំពើបាបជាក់ស្តែងរបស់ឯង។ តាមពិត អញបានធ្វើគុតព្រះរាជបុត្រារបស់អញ ដើម្បីសង្រ្គោះឯងចេញពីអំពើបាបទាំងអស់របស់លោកិយនេះ តែម្តងជាសម្រេចរួចទៅហើយ។ ដូច្នេះ កុំធ្វើឲ្យអញមានសេចក្តីក្រោធ ដោយការសុំឲ្យអញអត់ទោសអំពើបាបជាក់ស្តែងរបស់ឯង ម្តងហើយម្តងទៀតឲ្យសោះ។ ចូរជឿលើដំណឹងល្អអំពីសេចក្តីសង្រ្គោះដោយទឹក និងព្រះវិញ្ញាណវិញចុះ។»
ព្រះយេស៊ូវ ប្រាប់អស់អ្នកដែលនៅតែជាមនុស្សមានបាបថា ពួកគេគួរតែទៅចូលរួមព្រះវិហារណា ដែលមានការអធិប្បាយដំណឹងល្អពិត បោះបង់ចោលជំនឿខុសឆ្គង ហើយទទួលយក សេចក្តីប្រោសលោះ ដោយការយកឈ្នះលើសេចក្តីមិនពិត ដោយជំនឿ។
ឥឡូវនេះ គឺជាពេលវេលាសម្រាប់អ្នកបានសង្រ្គោះ ដោយការជឿនៅក្នុងចិត្តរបស់អ្នកហើយ។ តើអ្នកជឿដែរឬទេ?
 
 
លទ្ធផលនៃជំនឿលើការប្រព្រឹត្ត មិនលើសេចក្តីពិត
 
ហេតុអ្វីគ្រីស្ទបរិស័ទភាគច្រើន មិនមានជីវិតស្មោះត្រង់ខ្ជាប់ខ្ជួន?
ពីព្រោះពួកគេពឹងផ្អែកលើ ការប្រព្រឹត្តរបស់ខ្លួនឯង
 

សូម្បីតែមនុស្សមានបាបដែលជឿព្រះយេស៊ូវ តែមិនបានសង្រ្គោះ ក៏អាចមានពន្លឺយ៉ាងភ្លឺថ្លាបានពីរទៅបីឆ្នាំដែរ។ ពួកគេមានភាពឆេះឆួលពីដំបូង ប៉ុន្តែជំនឿរបស់ពួកគេរលត់ទៅវិញទៅតាមពេលវេលា។ បើសិនអ្នកជឿព្រះយេស៊ូវ តាមរយៈការប្រព្រឹត្តរបស់អ្នក ភាពឆេះឆួលរបស់អ្នកក៏នឹងរលត់បាត់ទៅវិញយ៉ាងឆាប់រហ័សផងដែរ។ 
មនុស្សខ្វាក់ មិនអាចមើលឃើញឡើយ ហើយពួកគេពឹងផ្អែកលើញ្ញាណផ្សេងៗទៀតរបស់ខ្លួន ដើម្បីទទួលបានការយល់ដឹង។ នៅពេលពួកគេក្តុកត្តួលហូរទឹកភ្នែក ពួកគេយល់ច្រឡំថា វាគឺជាសញ្ញានៃការអត់ទោស។ ប៉ុន្តែការអត់ទោសអំពើបាបពិតប្រាកដ មិនមែនជាអារម្មណ៍មួយនោះឡើយ។
មនុស្សខ្វាក់ខាងវិញ្ញាណ ខិតខំស្វែងរកសេចក្តីស្រឡាញ់ពីដំបូងរបស់ខ្លួនមកវិញ ដោយការចូលរួមការជួបជុំសម្រាប់ចលនាធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណ ប៉ុន្តែពួកគេមិនអាចស្វែងរកអារម្មណ៍នោះបានឡើយ។ ការអត់ទោសអំពើបាប គឺយើងមិនអាចស្វែងរកបានឡើយ។ ប៉ុន្តែបើសិនពួកគេបានជឿយ៉ាងត្រឹមត្រូវតាំងពីដំបូង នោះការអត់ទោស និងព្រះគុណទ្រង់នឹងបញ្ចេញពន្លឺកាន់តែភ្លឺទៅៗ ទៅតាមពេលវេលាហើយ។
ប៉ុន្តែការអត់ទោសមិនត្រឹមត្រូវ គ្រាន់តែបញ្ចេញពន្លឺពីដំបូង ហើយបាត់បង់ភាពឆេះឆួលរបស់ខ្លួន ចាប់ពីពេលនោះមក។ ភាពឆេះឆួល បាត់បង់ទៅយ៉ាងឆាប់រហ័ស ពីព្រោះមនុស្សខ្វាក់ខាងវិញ្ញាណមិនបានស្តាប់ឮដំណឹងល្អពិត តាំងពីដំបូងទេ។ 
ពួកអាចារ្យ និងពួកផារ៉ាស៊ីកំពុត កាន់ព្រះគម្ពីរក្នុងដៃរបស់ខ្លួន ហើយទន្ទេញសេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់ និងគោលជំនឿរបស់ពួកសាវក ហើយអធិស្ឋានគ្រប់ពេលវេលា។ ពួកគេបានទទួលតួនាទីខ្ពស់ៗនៅក្នុងព្រះវិហារ ហើយពោរពេញទៅដោយភាពឆេះឆួលខាងអារម្មណ៍។ ប៉ុន្តែអំពើបាបរបស់ពួកគេកាន់តែកើនឡើង ហើយជាចុងក្រោយ ព្រះបានបោះបង់ពួកគេចោល។ ពីខាងក្រៅ ពួកគេបាំងដោយសំពត់ពណ៌សនៃភាពឆេះឆួលខាងសាសនា ប៉ុន្តែនៅក្នុងគំនិតរបស់ពួកគេវិញ ស្អុយរលួយដោយអំពើបាប។ នេះហើយគឺជាលទ្ធផលនៃជំនឿបែបសាសនាដែលផ្អែកលើការប្រព្រឹត្ត មិនលើសេចក្តីពិត។
 
 
យើងបានរាប់ជាសុចរិត ដោយសារជំនឿ
 
តើសេចក្តីប្រោសលោះចេញពី អំពើបាបទាំងអស់នៅក្នុងលោកិយនេះត្រូវបាន បំពេញសម្រេចហើយឬនៅ?
បាទ។ វាត្រូវបានបំពេញសម្រេច តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង

ឥឡូវនេះ ចូរយើងអាន ហេព្រើរ ១០:១៦-១៨។ «ឯសេចក្តីសញ្ញា ដែលអញនឹងតាំងដល់គេក្រោយគ្រានោះ គឺថា អញនឹងដាក់ក្រឹត្យវិន័យអញនៅក្នុងចិត្តគេ ហើយនិងកត់ទុកនៅក្នុងគំនិតគេផង នោះទ្រង់បានបន្ថែមនូវព្រះបន្ទូលនេះទៀតថា អញនឹងលែងនឹកចាំពីអំពើបាប និងសេចក្តីទទឹងច្បាប់របស់គេទៀត ដូច្នេះ ដែលបានប្រោសឲ្យរួចពីសេចក្តីទាំងនោះរួចហើយ នោះមិនចាំបាច់ថ្វាយដង្វាយ ដោយព្រោះបាបទៀតទេ។»
ឥឡូវនេះ ដោយសារយើងបានសង្រ្គោះ តាមរយៈទឹកនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង យើងលែងត្រូវការការធួននឹងបាបទៀតហើយ។ វាអាចចម្លែក នៅពេលអ្នកស្តាប់ឮជាលើកដំបូង ប៉ុន្តែវាស្របនឹងព្រះបន្ទូលនៅក្នុងព្រះគម្ពីរ។ តើព្រះបន្ទូលទាំងនោះគឺជាពាក្យសម្តីរបស់មនុស្សជាតិឬ? ព្រះគម្ពីរគឺជាខ្នាតគំរូ និងខ្សែប្រយោលសម្រាប់វាស់គ្រប់យ៉ាងទាំងអស់។
«ក្រោយគ្រានោះ គឺថា អញនឹងដាក់ក្រឹត្យវិន័យអញនៅក្នុងចិត្តគេ ហើយនិងកត់ទុកនៅក្នុងគំនិតគេផង» (ហេព្រើរ ១០:១៦)។ បន្ទាប់ពីបានសង្រ្គោះ តើអ្នកមានអារម្មណ៍យ៉ាងដូចម្តេច? ឥឡូវនេះ ដោយសារចិត្តរបស់អ្នកបានរួចពីបាបហើយ អ្នកមានអារម្មណ៍ស្រស់ថ្លា។ អ្នកបានក្លាយជាមនុស្សសុចរិតម្នាក់ ហើយអាចរស់នៅក្នុងពន្លឺ។
ហើយព្រះអម្ចាស់មានបន្ទូលនៅក្នុង ហេព្រើរ ១០:១៧ ថា «អញនឹងលែងនឹកចាំពីអំពើបាប និងសេចក្តីទទឹងច្បាប់របស់គេទៀត »។ ទ្រង់ប្រាប់យើងថា ទ្រង់នឹងមិននឹកចាំពីអំពើបាប និងអំពើរំលងរបស់អ្នកដែលបានសង្រ្គោះទៀតទេ។ ហេតុអ្វី? ពីព្រោះព្រះយេស៊ូវបានទទួលបុណ្យជ្រមុជនៅក្នុងរបៀបត្រឹមត្រូវបំផុត «ដ្បិតគួរឲ្យ»។ បន្ទាប់ពីបានដោះអំពើបាបចេញ ព្រះយេស៊ូវបានទទួលរងការកាត់ទោសជំនួសអស់អ្នកដែលជឿលើទ្រង់។ 
ឥឡូវនេះ ដោយសារទ្រង់បានបង់ថ្លៃលោះសម្រាប់អំពើបាបទាំងអស់របស់យើងហើយ យើងអាចនៅចងចាំពីវា ប៉ុន្តែយើងមិនចាំបាច់មានអារម្មណ៍ថា យើងមានទោសដោយសារវាទេ។ យើងលែងត្រូវស្លាប់ ដោយសារអំពើបាបរបស់យើងទៀតហើយ ពីព្រោះព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់ ហើយបានបង្ហូរព្រះលោហិតនៅលើឈើឆ្កាងសម្រាប់យើងរួចរាល់ហើយ។
ហេព្រើរ ១០:១៨ និយាយថា «ដូច្នេះ ដែលបានប្រោសឲ្យរួចពីសេចក្តីទាំងនោះរួចហើយ នោះមិនចាំបាច់ថ្វាយដង្វាយ ដោយព្រោះបាបទៀតទេ»។ នេះមានន័យថា ទ្រង់បានលុបអំពើបាបទាំងអស់របស់លោកិយនេះចេញរួចហើយ។ ហើយវាក៏មានន័យផងដែរថា អស់អ្នកដែលបានកើតជាថ្មីនៅក្នុងព្រះយេស៊ូវ លែងចាំបាច់ធ្វាយតង្វាយលោះបាបអ្វីទៀតហើយ។
យើង មិនចាំបាច់អធិស្ឋានថា «ឱព្រះជាម្ចាស់! សូមអត់ទោសដល់ទូលបង្គំផង។ មូលហេតុដែលទូលបង្គំជឿព្រះយេស៊ូវ ហើយនៅតែរស់នៅក្នុងជីវិតឈឺចាប់គឺថា ទូលបង្គំមិនទាន់បានសង្រ្គោះនៅឡើយទេ។ ទូលបង្គំគឺជាគ្រីស្ទបរិស័ទម្នាក់ ប៉ុន្តែគំនិតរបស់ទូលបង្គំស្អុយរលួយទាំងស្រុងដោយបាប»។
មនុស្សមានបាប ប្រព្រឹត្តអំពើបាប ដោយមិនស្គាល់ថា បាបជាងអ្វីទេ ពីព្រោះពួកគេមិនស្គាល់ច្បាប់នៃសេចក្តីពិតរបស់ព្រះ។ ពួកគេគ្រាន់តែដឹងថា ពួកគេមិនគួរធ្វើបាបនៅក្នុងបញ្ញាចិត្តរបស់ខ្លួន ប៉ុន្តែពួកគេមិនដឹងថា បាបគឺជាអ្វីនៅចំពោះព្រះឡើយ។ ដូច្នេះ ព្រះបានគូសបញ្ជាក់ប្រាប់យើងថា វាគឺជាអំពើបាបមួយ ដែលមិនជឿលើព្រះយេស៊ូវ។
នៅក្នុង យ៉ូហាន ១៦:៩ ទ្រង់ប្រាប់ពីអ្វីដែលជាអំពើបាបនៅចំពោះព្រះ។ «គឺពីអំពើបាបដោយព្រោះគេមិនជឿដល់ខ្ញុំ។» វាគឺជាអំពើបាបមួយ ដែលមិនជឿលើទ្រង់។ ហើយ យ៉ូហាន ១៦:១០ ប្រាប់យើងអំពីអ្វីដែលជាសេចក្តីសុចរិត។ «ពីសេចក្តីសុចរិត ដោយព្រោះខ្ញុំទៅឯព្រះវរបិតាខ្ញុំ ហើយអ្នករាល់គ្នាមិនឃើញខ្ញុំទៀតទេ។» នៅក្នុងន័យផ្សេង ព្រះយេស៊ូវបានសង្រ្គោះលោកិយនេះចេញពីបាបរួចរាល់ទៅហើយ ហើយទ្រង់មិនចាំបាច់សង្រ្គោះយើងម្តងទៀត ដោយបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងឡើយ។
ទ្រង់ បានហៅអស់អ្នកដែលជឿលើសេចក្តីប្រោសលោះមក ដើម្បីញែកជាបរិសុទ្ធ និងរាប់ជាសុចរិត។ សេចក្តីប្រោសលោះនៅក្នុងលោកិយនេះ ត្រូវបានបំពេញសម្រេច តាមរយៈបុណ្យជ្រមុជ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ ដូច្នេះ មិនចាំបាច់មានសេចក្តីប្រោសលោះណាផ្សេងទៀតសម្រាប់សង្រ្គោះមនុស្សមានបាបឡើយ។
«ហើយគ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ» (កិច្ចការ ៤:១២)។ ព្រះយេស៊ូវ បានយាងចុះមកក្នុងលោកិយនេះ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ហើយបានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះមនុស្សមានបាបទាំងអស់។ ចូរជឿសេចក្តីពិតនេះនៅក្នុងចិត្តរបស់អ្នក ហើយបានសង្រ្គោះចុះ។ ព្រះយេស៊ូវបានញែកអ្នកជាបរិសុទ្ធ ដោយទឹក និងព្រះវិញ្ញាណ។ 
ព្រះយេស៊ូវ បានលាងសម្អាំតអំពើបាបទាំងអស់ចេញពីសាច់ឈាម តាមរយៈទឹក និងព្រះវិញ្ញាណ។ ហើយយើងបានសង្រ្គោះ ដោយសារជំនឿ។ បើសិនយើងជឿតាមសេចក្តីពិត ហើយបើសិនយើងជឿតាមដំណឹងល្អតាមរយៈព្រះយេស៊ូវគ្រីស្ទ យើងបានរាប់ជាសុចរិត តែម្តងជាសម្រេច។ ធាតុទាំងពីរ ដែលជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង បង្កើតសេចក្តីពិតមូលដ្ឋានគ្រឹះ។
 
 
ខគម្ពីរដែលមនុស្សមានបាបប្រើជាជម្រករបស់ខ្លួន
 
តើយើងពិតជាអាចបានសង្រ្គោះ ដោយការសារភាពអំពើបាបរបស់យើង ឬយើងបានសង្រ្គោះរួចទៅហើយ? 
ព្រះបានប្រទានសេចក្តីប្រោសលោះ ចេញពីបាប តែម្តងជាសម្រេច

១យ៉ូហាន ១:៩ និយាយថា «បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង»។
វាគឺជាការល្អ បើសិនយើងគ្រាន់តែចង់លន់តួអំពើបាបរបស់យើង ដើម្បីទទួលបានការអត់ទោស។ ប៉ុន្តែតាមរយៈខគម្ពីរនេះ ទេវវិទូមួយចំនួនបានមានគំនិតដ៏ធំសម្រាប់គោលលទ្ធិថ្មីមួយ។ ពួកគេជឿថា រាល់ពេលដែលមនុស្សមា្នក់លន់តួអំពើបាបរបស់ខ្លួន គាត់អាចទទួលបានការអត់ទោស។ តើនេះមិនងាយស្រួលទេឬ? ប៉ុន្តែព្រះយេស៊ូវមិនដែលមានបន្ទូលថា យើងអាចទទួលបានការអត់ទោស គ្រប់ពេលដែលយើងបានលន់តួអំពើបាបរបស់យើងទៅចំពោះព្រះឡើយ។
តើយើងពិតជាអាចត្រូវបានអត់ទោសឲ្យ ដោយគ្រាន់តែលន់តួអំពើបាបរបស់យើង ឬយើងបានសង្រ្គោះរួចហើយ? តើអ្នកជឿមួយណា? អ្នកដែលការពារគោលលទ្ធិខុសឆ្គងនេះ ជឿថា ពួកគេត្រូវបានអត់ទោស គ្រប់ពេលដែលពួកគេលន់តួអំពើបាបរបស់ខ្លួន ប៉ុន្តែតាមការពិត បាបនៅតែមាននៅក្នុងចិត្តរបស់ពួកគេ ពីព្រោះពួកគេមិនដឹងពីព្រះបន្ទូលនៃសេចក្តីប្រោសលោះពិត។ មិនត្រឹមត្រូវទេ ដែលមនុស្សដែលជឿព្រះយេស៊ូវ ត្រូវបានអត់ទោស នៅពេលណាពួកគេអធិស្ឋានសម្រាប់ការអត់ទោសអំពើបាបជាក់ស្តែង។ 
សម្រាប់ហេតុផលនេះ យើងគួរតែយកចិត្តទុកដាក់ចំពោះព្រះបន្ទូលទ្រង់អំពីសេចក្តីប្រោសលោះ ហើយបែងចែករវាងសេចក្តីពិត និងសេចក្តីមិនពិត ដោយមិនគិតពីអ្វីដែលយើងត្រូវបានប្រាប់រួចមកហើយ។
មនុស្សមានបាប យល់ខុសចំពោះ ១យ៉ូហាន ១:៩។ ពួកគេគិតយ៉ាងខុសថា វាទាក់ទងនឹងការអត់ទោសអំពើបាបប្រចាំថ្ងៃ។ ចូរយើងអានខគម្ពីរនេះ ដោយយកចិត្តទុកដាក់។ «បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។» តើអ្នកគិតថា យើងគ្រាន់តែបានសង្រ្គោះចេញពីបាបតាំងពីកំណើត ហើយថា យើងត្រូវតែលន់តួអំពើបាបជាក់ស្តែងរបស់យើង ដើម្បីឲ្យទ្រង់ស្មោះត្រង់ និងសុចរិត ហើយអត់ទោសដល់យើងដែរឬទេ? ទាំងនេះគឺជាគំនិតខុសឆ្គង ដែលបណ្តាលមកពីភាពខ្សោយរបស់សាច់ឈាមយើង។
យើង បានដឹងថា គំនិតនេះមិនត្រឹមត្រូវទេ នៅពេលយើងជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ អំពើបាបទាំងអស់ ត្រូវបានលាងសម្អាតតាំងពីយូរមកហើយ ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។
ជឿតាមព្រះវិញ្ញាណ និងជឿតាមគំនិតខុសឆ្គង គឺជាការពីរខុសគ្នាស្រឡះ។ អស់អ្នកដែលជឿតាមគំនិតផ្ទាល់ខ្លួន មានអារម្មណ៍ថា ខ្លួនត្រូវការលាងសម្អាតអំពើបាបជារៀងរាល់ថ្ងៃ ប៉ុន្តែអស់អ្នកដែលជឿលើសេចក្តីប្រោសលោះដោយទឹក និងព្រះលោហិត ដឹងថា ពួកគេបានសង្រ្គោះ តែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ។ 
តើអ្នកបានសង្រ្គោះ តែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទហើយឬនៅ? អស់អ្នកដែលមិនបានសង្រ្គោះ ព្យាយាមទទួលបានសេចក្តីសង្រ្គោះ ដោយការលន់តួអំពើបាបរបស់ខ្លួនជារៀងរាល់ថ្ងៃ ប៉ុន្តែពួកគេនៅតែមានបញ្ហាដោះស្រាយអំពើបាបជាក់ស្តែងរបស់ខ្លួននៅពេលអនាគត។
ពួកគេ អាចព្យាយាមលន់តួអំពើបាបនៅពេលអនាគតជាមុន។ ប៉ុន្តែការធ្វើដូច្នេះ ពួកគេបង្ហាញពីកង្វះជំនឿលើព្រះយេស៊ូវ។ មនុស្សទាំងនេះ ខ្វាក់ចំពោះដំណឹងល្អអំពីសេចក្តីប្រោសលោះ។ ព្រះយេស៊ូវ បានសង្រ្គោះយើងចេញពីបាប តែម្តងជាសម្រេច ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ដែលជាការទទួលយកកាត់ទោសដាក់លើអង្គទ្រង់។ ដូច្នេះ យើងបានសង្រ្គោះ ដោយគ្រាន់តែជឿលើទ្រង់ប៉ុណ្ណោះ។ 
បើសិនអ្នកគិតថា អ្នកត្រូវតែលន់តួអំពើបាបនៅពេលអនាគត ដើម្បីបានសង្រ្គោះ អ្នកមិនខុសគ្នាជាមួយអ្នកមិនជឿ ដែលមិនដឹងអ្វីសោះអំពីការកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណទេ។ មនុស្សមានបាប មិនអាចបានសង្រ្គោះ ដោយការលន់តួអំពើបាបឡើយ។
ដូច្នេះ បើសិនអ្នកលន់តួដោយស្មោះត្រង់ថា «ទូលបង្គំគឺជាមនុស្សមានបាប ដែលមិនទាន់បានសង្រ្គោះ» ហើយបន្ទាប់មក បើសិនអ្នកស្តាប់ និងជឿតាមដំណឹងល្អអំពីបុណ្យជ្រមុជ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ព្រះនឹងសង្រ្គោះអ្នកចេញពីអំពើបាបទាំងអស់របស់អ្នក។ 
អស់អ្នកដែលមិនជឿតាមដំណឹងល្អអំពី សេចក្តីប្រោសលោះដោយទឹក និងព្រះវិញ្ញាណ នឹងត្រូវបានកាត់ទោស ហើយបើសិនពួកគេលាក់ខ្លួននៅខាងក្រោយការលន់តួ ពួកគេក៏នឹងប្រឈមនឹងការកាត់ទោសដែរ។ ដូច្នេះ ចូរកុំរង់ចាំដល់ថ្ងៃជំរុំជម្រះឲ្យសោះ។ ឥឡូវនេះ ចូរជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណចុះ។ 
 
 
ការលន់តួដែលត្រឹមត្រូវ និងជឿពិត
 
តើអ្វីគឺជាការលន់តួដែលត្រឹមត្រូវ សម្រាប់មនុស្សមានបាបម្នាក់? 
លន់តួថា គាត់នៅមានបាប ហើយនឹងទៅស្ថាននរក បើសិនគាត់មិនជឿតាមដំណឹងល្អពិតទេ
 
ព្រះ សង្រ្គោះយើង តែម្តងជាសម្រេច។ នេះគឺជាឧទាហរណ៍ពីជីវិតពិត ដើម្បីបញ្ជាក់ពីអ្វីដែលខ្ញុំកំពុងតែព្យាយាមនិយាយ។ ឧបមាថា ចារបុរសម្នាក់ពីកូរ៉េខាងជើងមកឯកូរ៉េខាងត្បូង។ នៅពេលគាត់មើលឃើញពីភាពរីកចម្រើនរបស់យើង គាត់បានដឹងថា គាត់ត្រូវបានគេបោកបញ្ឆោត ហើយបានសម្រេចចិត្តបោះបង់ការងារនេះចោល។
បន្ទាប់ពីបានទៅស្ថានីយប៉ូលីសដែលនៅជិតបំផុត គាត់បានសារភាពថា «ខ្ញុំគឺជាចារបុរសម្នាក់ ដែលមកពីកូរ៉េខាងជើង» ឬ «ខ្ញុំបានមកកូរ៉េខាងត្បូង ដើម្បីធ្វើឃាតអ្នកនេះ ឬអ្នកនោះ ហើយបំផ្ទុះកន្លែងនេះ ឬកន្លែងនោះ។ ហើយខ្ញុំបានបំផ្ទុះកន្លែងនេះរួចទៅហើយ ប៉ុន្តែឥឡូវនេះ ខ្ញុំចង់សារភាព។ ដូច្នេះ ខ្ញុំមិនមែនជាចារបុរសទៀតទេ»។
តើនេះគឺជាសារភាពត្រឹមត្រូវដែរឬទេ? បើសិនគាត់ពិតជាចង់សារភាពមែន អ្វីដែលគាត់ត្រូវនិយាយគឺថា «ខ្ញុំគឺជាចារបុរសម្នាក់»។ ការអះអាងសាមញ្ញានេះ កំណត់ន័យបានទាំងអស់៖ គាត់គឺជាមនុស្សអាក្រក់ម្នាក់ ដែលនឹងត្រូវទទួលការកាត់ទោស។ តាមរយៈការអះអាងសាមញ្ញនេះ មិនគិតពីបេសកកម្មដែលគាត់ត្រូវធ្វើ គាត់នឹងត្រូវបានអត់ទោសឲ្យ។
ដូចគ្នាដែរ បើសិនមនុស្សមានបាបម្នាក់លន់តួនៅចំពោះព្រះថា «ទូលបង្គំគឺជាមនុស្សមានបាបម្នាក់ ដែលមិនទាន់បានសង្រ្គោះ ហើយនឹងត្រូវទទួលរងការកាត់ទោសទម្លាក់ទៅក្នុងស្ថាននរក។ សូមសង្រ្គោះទូលបង្គំផង» ហើយជឿលើព្រះយេស៊ូវ គាត់នឹងបានសង្រ្គោះជាពិត។ ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជ និងបង្ហូរព្រះលោហិតសម្រាប់យើង ហើយអ្វីយើងត្រូវតែធ្វើនោះ គឺត្រូវជឿលើសេចក្តីសង្រ្គោះតាមរយៈទ្រង់ ដើម្បីបានសង្រ្គោះ។ 
វិវរណៈ ២:១៧ និយាយថា «នោះអញនឹងឲ្យបរិភោគនំម៉ាន៉ាដ៏លាក់កំបាំង ហើយនិងឲ្យគ្រួសស១ដល់អ្នកនោះ នៅគ្រួសនោះមានឆ្លាក់ជាឈ្មោះថ្មី ដែលគ្មានអ្នកណាស្គាល់ឡើយ ស្គាល់បានតែអ្នកដែលទទួលប៉ុណ្ណោះ»។ ព្រះគម្ពីរ និយាយថា មានតែអ្នកដែលទទួលយកដំណឹងល្អពិតទេ ទើបនឹងស្គាល់ព្រះនាមព្រះយេស៊ូវ។ ហើយមានតែអ្នកដែលបានសង្រ្គោះតែម្តងជាសម្រេចទេ ទើបដឹងពីអាថ៌កំបាំងនៃការបានរាប់ជាសុចរិត។
អ្នកដែលមិនស្គាល់ពីវា នឹងនៅតែជាមនុស្សមានបាប ទោះបើពួកគេអធិស្ឋានលន់តួអំពើបាបជារៀងរាល់ថ្ងៃក៏ដោយ។ លន់តួ មិនមានន័យថា អធិស្ឋានសម្រាប់ការអត់ទោសជារៀងរាល់ថ្ងៃនោះទេ។ សូម្បីមនុស្សម្នាក់ជាគ្រីស្ទបរិស័ទអស់រយៈពេលដប់ឆ្នាំហើយក៏ដោយ ក៏គាត់នឹងនៅតែជាមនុស្សមានបាបដដែល បើសិនគាត់អធិស្ឋានសូមការអត់ទោសពីព្រះជារៀងរាល់ថ្ងៃ។ ហើយគាត់នឹងមិនបានធ្វើជាកូនរបស់ព្រះឡើយ។ 
ដើម្បីបានសង្រ្គោះ ពួកគេត្រូវតែសារភាពថា ពួកគេគឺជាមនុស្សមានបាប និងជឿលើសេចក្តីប្រោសលោះរបស់ព្រះយេស៊ូវ។ នេះហើយគឺជាជំនឿពិត។ 
 
 
ចុះបញ្ជីអំពើបាបរបស់ខ្លួនមិនមែនជាអ្វីដែល ១យ៉ូហាន ១:៩ ប្រាប់យើងអំពីការលន់តួទេ
 
តើយើងត្រូវតែលន់តួអំពើបាប របស់យើងជារៀងរាល់ថ្ងៃ ឬធ្វើតែម្តង ហើយបានសង្រ្គោះ? 
ធ្វើតែម្តង

តើចោរ និងឃាតករអាចសារភាពទង្វើរបស់ខ្លួន ហើយបានសង្រ្គោះដែរទេ? មនុស្សមានបាប មិនអាចបានសង្រ្គោះ ដោយគ្រាន់តែសារភាពអំពើបាបរបស់ខ្លួនបានឡើយ។ ពួកគេអាចបានសង្រ្គោះ តាមរយៈដំណឹងល្អអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណនៅក្នុងព្រះយេស៊ូវតែប៉ុណ្ណោះ។ 
គ្រីស្ទបរិស័ទ្ធដែលត្រូវបានគេដឹកនាំឲ្យវង្វេងមួយចំនួន លន់តួអំពើបាបរបស់ខ្លួនបែបដូច្នេះថា «ឱព្រះជាម្ចាស់អើយ! នៅថ្ងៃនេះ ទូលបង្គំបានឈ្លោះគ្នាជាមួយមនុស្សម្នាក់ម្តងទៀតហើយ។ ទូលបង្គំបានធ្វើបាបទៀតហើយ គឺទូលបង្គំបានបោកមនុស្សម្នាក់ ហើយបានលួចរបស់គេ»។ 
បើសិនពួកគេបន្តនិយាយដូច្នេះ ព្រះនឹងមានបន្ទូលថា «ចូរស្ងាត់ មនុស្សមានបាប! អញ្ចឹង យ៉ាងម៉េច?»។
«សូមស្តាប់ទូលបង្គំសិន។ ទ្រង់បានប្រាប់យើងឲ្យលន់តួអំពើបាបរបស់យើង ហើយយើងទូលសុំសេចក្តីមេត្តាករុណាពីទ្រង់»។
ព្រះ មិនចង់ស្តាប់ឮការអធិស្ឋានបែបនេះឡើយ។ ប៉ុន្តែទ្រង់ចង់ស្តាប់ឮការអធិស្ឋានរបស់អ្នកដែលជឿលើសេចក្តីប្រោសលោះដោយទឹក និងព្រះវិញ្ញាណវិញ៖ អ្នកដែលទទួលស្គាល់អំពើបាបរបស់ខ្លួន ហើយជឿតាមដំណឹងល្អអំពីការបានកើតជាថ្មីពិត។
លោក អូហ្គាស្ទីន បាននិយាយថា គាត់បានស្តាយក្រោយ ដែលគាត់បានបោះដោះម្តាយរបស់គាត់។ ហើយគាត់បានគិតថា ការអធិស្ឋានបែបនេះនឹងនាំគាត់ទៅក្នុងនគរស្ថានសួគ៌។ យើងអាចសើចចំពោះការអធិស្ឋានបែបនេះ ពីព្រោះគ្រាន់តែសារភាពអំពើបាបរបស់ខ្លួន មិនអាចជួយយើងបានឡើយ។
ព្រះ មានបន្ទូលថា «ចូរស្ងាត់ ហើយប្រាប់ខ្ញុំមកថា អ្នកបានធ្វើបាប ឬមិនបានធ្វើបាប។ បើសិនអ្នកបានធ្វើបាប អញ្ចឹងឈប់និយាយអំពីវាទៅ។ អ្នកបានជឿតាមរបៀបខុស តាំងពីដើមរៀងមក ដូច្នេះ ចូរទៅឯពួកជំនុំ ដែលបង្រៀនសេចក្តីពិតវិញចុះ។ ចូរជឿតាមដំណឹងល្អអំពីសេចក្តីប្រោសលោះ តាមរបៀបត្រឹមត្រូវ ហើយបានសង្រ្គោះចុះ។ បើសិនមិនដូច្នេះទេ ខ្ញុំនឹងមក ហើយកាត់ទោសអ្នកហើយ»។ 
ការអធិស្ឋានលន់តួសម្រាប់ការអត់ទោស និងការប៉ុនប៉ង ផ្សេងៗទៀត ដើម្បីបានសង្រ្គោះ តាមរយៈការសារភាព ឬការលន់តួ បង្ហាញពីជំនឿដែលវង្វេង និងខុស។
១យ៉ូហាន ១:៩ សរសេរថា នៅពេលយើងទទួលស្គាល់អំពើបាបទាំងអស់របស់យើង ដំណឹងល្អអំពីទឹក និងព្រះលោហិតនឹងសង្រ្គោះយើងចេញពីអំពើបាបទាំងអស់។ 
 
 
«ចូរថយចេញពីអញទៅ»
 
តើទទឹងច្បាប់មានន័យ យ៉ាងដូចម្តេច?
មានន័យថា ជឿព្រះយេស៊ូវហើយ តែនៅមានបាបនៅក្នុងចិត្ត

គ្រីស្ទបរិស័ទដែលជាមនុស្សមានបាប មានជំនឿខុសឆ្គង ហើយទទឹងនឹងច្បាប់នៅចំពោះព្រះយស៊ូវ។ «នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនៅព្រះនាមទ្រង់ទេឬអី នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ» (ម៉ាថាយ ៧:២២-២៣)។ 
ឧបមាថា មនុស្សមា្នក់ដែលជឿតាមសេចក្តីមិនពិត ស្លាប់ ហើយឈរនៅចំពោះព្រះ ដោយនិយាយថា «ព្រះអម្ចាស់ តើទ្រង់សុខសប្បាយជាទេ? កាលពីទូលបង្គំនៅរស់ ទ្រង់ហាក់ដូចជាល្អស្អាតខ្លាំងណាស់ នៅពេលទូលបង្គំគិតពីទ្រង់។ សូមអរព្រះគុណដល់ព្រះអម្ចាស់ ដែលទ្រង់បានសង្រ្គោះទូលបង្គំ។ ទូលបង្គំជឿថា ទ្រង់ទតមើលមកទូលបង្គំជាមនុស្សឥតមានបាប ទោះបើទូលបង្គំមានបាបនៅក្នុងចិត្តក៏ដោយ។ ឥឡូវនេះ ទូបបង្គំមកទីនេះ ពីព្រោះទ្រង់បានសន្យាទទួលយកទូលបង្គំចូលទៅស្ថានសួគ៌។ ដូច្នេះ ទូលបង្គំនឹងទៅទីនោះ ដែលមានផ្ការីកយ៉ាងស្រស់បំព្រង។ លាសិនហើយ ហើយទូលបង្គំសង្ឃឹមថា នឹងជួបទ្រង់នៅទីនោះ»។ 
គាត់ ធ្វើដំណើរទៅកាន់សួនច្បារ ប៉ុន្តែព្រះយេស៊ូវបញ្ឈប់ គាត់។ «ឈប់សិន! ចូរយើងពិនិត្យមើល ក្រែងមនុស្សមា្នក់នេះមានបាបនៅក្នុងចិត្តរបស់គាត់។ តើអ្នកគឺជាមនុស្សមានបាបឬ?
«ពិតមែនហើយ ទូលបង្គំមានបាប។ ប៉ុន្តែតើទូលបង្គំមិនបានជឿលើទ្រង់ទេឬ?»
«អ្នកបានជឿខ្ញុំហើយ តើអ្នកនៅតែមានបាបទៀតឬ?»
«ពិតមែនហើយ ទូលបង្គំមានបាប។»
«និយាយថាម៉េច? អ្នកមានបាប? ចូរយកសៀវភៅជីវិតមកឲ្យខ្ញុំ ហើយយកសៀវភៅនៃការប្រព្រឹត្តមកផង។ ចូរពិនិត្យរកឈ្មោះរបស់គាត់។ តើឈ្មោះមាននៅក្នុងសៀវភៅមួយណា?»
ប្រាកដណាស់ ឈ្មោះរបស់គាត់មាននៅក្នុងសៀវភៅនៃការប្រព្រឹត្ត។
«ឥឡូវនេះ ចូរលន់តួអំពើបាបទាំងឡាយ ដែលអ្នកបានប្រព្រឹត្តនៅលើផែនដី។»
បុរសម្នាក់នោះ ព្យាយាមមិនលន់តួ ប៉ុន្តែព្រះបង្ខំគាត់ឲ្យបើកមាត់ ហើយលន់តួអំពើបាបរបស់គាត់។
«ទូលបង្គំបានប្រព្រឹត្តអំពើបាបនេះ និងអំពើបាបនោះ...»
គាត់ ច្របូកច្របល់ រហូតមិនអាចបិទមាត់របស់ខ្លួនបាន។
«បានហើយ គ្រប់គ្រាន់ហើយ! គាត់បានប្រព្រឹត្តអំពើបាបច្រើនគ្រប់គ្រាន់ ដើម្បីបានទៅស្ថាននរកហើយ។ ចូរបញ្ជូនគាត់ទៅបេងភ្លើងចុះ។»
គាត់ មិនត្រូវបានបញ្ជូនទៅកន្លែងដែលមានផ្ការីកស្រស់បំព្រងឡើយ ប៉ុន្តែទៅកន្លែងមានភ្លើងឆេះវិញ។ គាត់សង្កៀតធ្មេញ នៅពេលគេនាំគាត់ទៅស្ថាននរក។
«ទូលបង្គំបានជឿលើទ្រង់ បានទាយនៅក្នុងព្រះនាមទ្រង់ បានអធិប្បាយនៅក្នុងព្រះនាមទ្រង់ បានលក់ផ្ទះសម្បែងរបស់ទូលបង្គំ ដើម្បីបម្រើទ្រង់ បានជួយក្មេងកំព្រា បានរងទុក្ខជាច្រើនៅក្នុងព្រះនាមទ្រង់ បានអធិស្ឋានពេលព្រឹកព្រលឹម បានព្យាបាលអ្នកជម្ងឺ...ទូលបង្គំសមនឹងទៅស្ថានសួគ៌។»
គាត់ សង្កៀតធ្មេញយ៉ាងខ្លាំង រហូតទាល់តែបាក់ធ្មេញអស់។ នៅពេលគាត់ទៅស្ថាននរក គាត់មើលឃើញគ្រីស្ទបរិស័ទទាំងអស់ ដែលមិនបានស្គាល់អត្ថន័យពិតនៃសេចក្តីប្រោសលោះនៅក្នុងព្រះយេស៊ូវ។ អស់អ្នកដែលយល់ខុសអំពីដំណឹងល្អអំពីសេចក្តីប្រោសលោះ ត្រូវបានទ្រង់បោះបង់ចោល។
 
 
អំពើបាបរបស់អ្នកជឿក្លែងក្លាយ ត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅនៃការប្រព្រឹត្ត
 
តើអំពើបាបរបស់មនុស្សមានបាបទាំងអស់ ត្រូវបានកត់ទុកនៅកន្លែងណា? 
ត្រូវបានកត់ត្រាទុកនៅក្នុងចិត្តរបស់ពួកគេ និងនៅក្នុងសៀវភៅនៃការប្រព្រឹត្ត

មិនថាយើងជឿព្រះយេស៊ូវ ឬមិនជឿទេ ព្រះបំផ្លាញអស់អ្នកដែលមានបាបនៅក្នុងចិត្តរបស់ខ្លួន។ បើសិនទ្រង់រកឃើញកំទេចបាបណាមួយនៅក្នុងចិត្តរបស់មនុស្សម្នាក់ មនុស្សម្នាក់នោះនឹងត្រូវទទួលបានកាត់ទោសឲ្យធ្លាក់ទៅក្នុងស្ថាននរក នៅថ្ងៃជំនុំជម្រះ ហើយ។ ព្រះទទូចឲ្យមនុស្សមានបាបដែលមិនទាន់បានសង្រ្គោះ សារភាពថា ពួកគេមិនទាន់បានសង្រ្គោះទេ បើសិនពួកគេចង់ទទួលបានសេចក្តីប្រោសលោះ។
អំពើបាបរបស់មនុស្សមានបាបម្នាក់ ត្រូវបានកត់ត្រាទុកនៅក្នុងចិត្តរបស់គាត់។ ហើយអស់អ្នកដែលបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ អាចនៅចងចាំអំពើបាបរបស់ខ្លួន ប៉ុន្តែអំពើបាបទាំងនោះត្រូវបានលុបចេញពីចិត្តរបស់ពួកគេរួចរាល់ទៅហើយ។ ពួកគេគឺជាមនុស្សសុចរិត។
ប៉ុន្តែអស់អ្នកដែលមិនបានកើតជាថ្មី មានបាបនៅក្នុងចិត្តរបស់ខ្លួន។ ដូច្នេះ ពួកគេគឺជាមនុស្សមានបាបនៅចំពោះព្រះ។ កាលណាពួកគេលុតជង្គុងអធិស្ឋាន អំពើបាបរបស់ពួកគេបំបែកពួកគេចេញពីព្រះ ហើយរារាំងទ្រង់មិនឲ្យស្តាប់សេចក្តីអធិស្ឋានរបស់ពួកគេ។ ពួកគេអធិស្ឋានសម្រាប់ការនេះ និងការនោះ ប៉ុន្តែពួកគេនៅតែមានបាបនៅក្នុងចិត្តដដែល។ ពួកគេលន់តួអំពើបាបរបស់ខ្លួន ប្រែចិត្តចេញពីអំពើរំលងទាំងឡាយ ដែលពួកគេបានប្រព្រឹត្តកាលពីដប់ឆ្នាំមុន ឬម្ភៃឆ្នាំមុន។
តើពួកគេពិតជាត្រូវតែប្រែចិត្តម្តងហើយម្តងទៀត នៅក្នុងការអធិស្ឋានឬ? ហេតុអ្វីពួកគេធ្វើដូច្នេះ? តាមការពិត ពួកគេមិនចង់ធ្វើដូច្នេះទេ ប៉ុន្តែកាលណាពួកគេចាប់ផ្តើមអធិស្ឋានទៅចំពោះព្រះ ពួកគេនឹកចាំថា ពួកគេមានទោសនៅចំពោះព្រះ។ ដូច្នេះ ពួកគេមានអារម្មណ៍ថា ពួកគេត្រូវតែធួននឹងអំពើបាបរបស់ខ្លួន មុននឹងអធិស្ឋានដោយស្មោះត្រង់។ 
ព្រះ បានសរសេរអំពើបាបរបស់ពួកគេ ដោយដែកចារមានចុងពេជ្រនៅលើបន្ទះចិត្តរបស់ពួកគេ ដើម្បីកុំឲ្យអំពើបាបទាំងនោះមិនអាចរលុបបាន។ ជាលទ្ធផល ពួកគេមានអារម្មណ៍ថា ពួកគេត្រូវតែសារភាពអំពើបាបរបស់ខ្លួនជារៀងរាល់ពេលពួកគេចូលមកចំពោះព្រះ។ ដូច្នេះ អស់អ្នកដែលជឿតាមដំណឹងល្អរបស់ព្រះយេស៊ូវតែពាក់កណ្តាល ត្រូវតែរស់នៅក្នុងការឈឺចាប់ជាមនុស្សមានបាប ហើយត្រូវបញ្ចប់នៅក្នុងស្ថាននរក។
យេរេមា ១៧:១ សរសេរថា «អំពើបាបរបស់ពួកយូដាបានចារឹកទុក ដោយដែកចារមានចុងជាពេជ្រ គឺបានចារឹកទុកនៅបន្ទះចិត្តគេ ហើយនៅស្នែងអាសនារបស់គេដែរ»។
យូដា គឺជាឈ្មោះនៃពូជអំបូរស្តេចរបស់សាសន៍អ៊ីស្រាអែល។ ព្រះគម្ពីរ ប្រាប់យើងថា យូដាតំណាងឲ្យមនុស្សជាតិទាំងមូល។ ដូច្នេះ យូដា មានន័យថា មនុស្សទាំងអស់។
អំពើបាបរបស់យូដា ត្រូវបានកត់ត្រាទុក ដោយដែកចារមានចុងពេជ្រ ដែលកាត់ទម្លុះដែកថែប។ ពេជ្រគឺជាសម្ភារៈខ្លាំងបំផុតនៅលើផែនដីនេះ។ អំពើបាបរបស់យើង ត្រូវបានកត់ត្រាទុក ដោយដែកចារមានចុងពេជ្រ។
កាលណាអំពើបាបត្រូវបានចារទុក អំពើបាបទាំងនោះមិនអាចរលុបបានឡើយ។ អំពើបាបទាំងនោះមិនអាចរលុបបានឡើយ បើសិនយើងមិនជឿតាមសេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណ។ 
វាគ្មានប្រយោជន៍អ្វីសោះ ដែលបានសង្រ្គោះតែនៅក្នុងគំនិតរបស់ពួកគេ ជឿតាមគោលលទ្ធិគ្រីស្ទបរិស័ទ ទន្ទេញទេវសាស្ត្រ និងដាក់ខ្លួនបម្រើព្រះវិហារ បើសិនអំពើបាបនៅតែមាននៅក្នុងចិត្តរបស់ពួកគេ។
ដោយសារអំពើបាបមិនអាចរលុប ដោយមិនមានបុណ្យជ្រមុជរបស់ព្រះយេស៊ូវ មនុស្សមានបាបនៅតែនឹកចាំអំពើបាបទាំងនោះ ហើយនិយាយថា «ឱព្រះអម្ចាស់អើយ! ទូលបង្គំគឺជាមនុស្សមានបាប» នៅគ្រប់ពេលពួកគេអធិស្ឋាន។ ពួកគេនៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួន មិនថាពួកគេព្យាយាមមានទំនាក់ទំនងជាមួយព្រះ ទទួលខុសត្រូវនៅក្នុងព្រះវិហារ និងសិក្សាទេវសាស្ត្រ និងគោលលទ្ធិខ្លាំងយ៉ាងណាទេ។ 
ដូច្នេះ ពួកគេទៅឯភ្នំ ហើយព្យាយាមនិយាយភាសាដទៃឥតប្រយោជន៍ ហើយស្វែងរកនិមិត្តនៃអណ្តាតភ្លើងឆេះ ប៉ុន្តែទង្វើទាំងនេះគឺឥតប្រយោជន៍ទទេ។ បើសិនអំពើបាបនៅតែមាននៅក្នុងចិត្តរបស់អ្នក អ្នកនឹងមិនដែលមានសន្តិភាពឡើយ។
យេរេមា ១៧:១ សរសេរថា អំពើបាបរបស់យើងត្រូវបានចារទុកនៅលើស្នែងអាសនារបស់យើង។ នៅស្ថានសួគ៌ មានបញ្ជីជីវិត និងបញ្ជីនៃការប្រព្រឹត្ត។ អំពើបាបរបស់មនុស្សមានបាប ត្រូវបានកត់ត្រាទុកនៅក្នុងបញ្ជីនៃការប្រព្រឹត្ត និងបន្ទះចិត្តរបស់យើង ហើយតាមរយៈក្រិត្យវិន័យ យើងអាចមើលឃើញវាបាន។ 
យើង គួរតែលុបកំណត់ត្រានេះចេញ និងបានសង្រ្គោះ ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតដែលទ្រង់បានបង្ហូរសម្រាប់យើង។ បន្ទាប់មក យើងនឹងបានត្រៀមខ្លួនជាស្រេចសម្រាប់ជីវិតអស់កល្បជានិច្ច ហើយឈ្មោះរបស់យើងនឹងត្រូវបានសរសេរចុះនៅក្នុងបញ្ជីជីវិតវិញ។ 
 
 
តើឈ្មោះរបស់អ្នកនៅក្នុងបញ្ជីជីវិតដែរឬទេ?
 
តើឈ្មោះរបស់អ្នកណា នៅក្នុងបញ្ជីជីវិត?
ឈ្មោះរបស់អស់អ្នកដែលមិនមាន បាបនៅក្នុងចិត្តរបស់ខ្លួន

អ្នក ចាំបាច់ត្រូវតែមានឈ្មោះរបស់អ្នកនៅក្នុងបញ្ជីជីវិត។ បើសិនឈ្មោះរបស់អ្នកមិនមាននៅទីនោះទេ តើការជឿព្រះយេស៊ូវមានប្រយោជន៍អ្វី? ដើម្បីបានសង្រ្គោះពិតប្រាកដ អ្នកត្រូវតែជឿលើការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។
ព្រះយេស៊ូវ បានយាងមកលោកិយនេះ បានទទួលបុណ្យជ្រមុជ នៅពេលទ្រង់មានព្រះជន្ម៣០វស្សា ដើម្បីលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើង។ ម៉ាថាយ ៣:១៥ និយាយថា «ដ្បិតគួរឲ្យ» ព្រះយេស៊ូវទទួលបុណ្យជ្រមុជ និងត្រូវគេឆ្កាងនៅលើឈើឆ្កាង។ ដូច្នេះ យើងត្រូវតែជឿសេចក្តីពិតនេះ ដើម្បីមានឈ្មោះរបស់យើងនៅក្នុងបញ្ជីជីវិត។ 
នៅពេលមនុស្សស្លាប់ទៅ ហើយឈរនៅចំពោះព្រះ ព្រះមានបន្ទូលថា «ចូរពិនិត្យមើលថា ឈ្មោះរបស់មនុស្សម្នាក់នេះមាននៅក្នុងបញ្ជីជីវិត ឬមិនមាន»។
«ព្រះអម្ចាស់ ឈ្មោះរបស់គាត់មាននៅក្នុងបញ្ជីជីវិត។»
«អ្នកបានរងទុក្ខ និងស្រក់ទឹកភ្នែកនៅផែនដីសម្រាប់ខ្ញុំ ហើយឥឡូវនេះ អ្នកនឹងមិនត្រូវធ្វើដូច្នេះម្តងទៀតទេ។»
ព្រះ ប្រទានមកុដនៃសេចក្តីសុចរិតដល់មនុស្សមា្នក់នេះជា រង្វាន់ដ៏វិសេសថ្លៃថ្លា។
«អរព្រះគុណ ព្រះអម្ចាស់។ ទូលបង្គំដឹងព្រះគុណទ្រង់ជារៀង រហូត។»
«ទេវតា ចូរបំពាក់មកុដដល់គាត់ទៅ។»
«ព្រះអម្ចាស់ គឺវាលើសពីគ្រប់គ្រាន់ហើយ ដែលទ្រង់បានសង្រ្គោះទូលបង្គំ។ មកុដនេះមានតម្លៃខ្ពស់ពេកហើយសម្រាប់ទូលបង្គំ។ សូមអរព្រះគុណ ដែលទ្រង់បានសង្រ្គោះទូលបង្គំ។ ទូលបង្គំលើសពីបានស្កប់ចិត្តទៅទៀត ដែលបានរស់នៅក្នុងវត្តមានរបស់ទ្រង់។»
«ទេវតា ឱនចុះ ហើយអៀវកូនទីមួយម៉ឺនរបស់ខ្ញុំ។»
ទេវតា ទូលឆ្លើយថា «ព្រះករុណាថ្លៃវិសេស»។
«សូមឡើងលើខ្នងរបស់ខ្ញុំមក។»
«ខ្ញុំមានអារម្មណ៍សុខស្រួលណាស់។ សូមបន្តដំណើរទៅមុខទៀត។»
ទេវតា ដើរទៅមុខដោយប្រុងប្រយ័ត្ន។
«តើអ្នកចង់ទៅដើរលេងដែរឬទេ?»
«អូ នៅទីនេះស្អាតខ្លាំងណាស់។ តើកន្លែងនេះធំប៉ុណ្ណាទៅ?»
«ខ្ញុំបានទៅសព្វទីកន្លែងនេះ អស់រយៈពេលរាប់ពាន់ឆ្នាំ ប៉ុន្តែខ្ញុំមិនទាន់បានឃើញចុងបំផុតរបស់វាឡើយ។»
«ពិតមែនឬ? ខ្ញុំធ្ងន់សម្រាប់អ្នកហើយ។ សូមដាក់ខ្ញុំចុះ។»
«យើងមិនដែលអស់កំឡាំងនៅស្ថានសួគ៌នេះទេ។»
«អរគុណ ប៉ុន្តែខ្ញុំចង់ឈើនៅលើដីនៃនគរស្ថានសួគ៌។ ឥឡូវនេះ តើមនុស្សសុចរិតទាំងអស់ ដែលបានមកដល់មុនខ្ញុំ នៅឯណា?»
«ពួកគេនៅទីនោះ។»
ហេលេលូយ៉ា! ពួកគេឱបគ្នាទៅវិញទៅមក ញញឹមស្រស់ស្រាយ ហើយរស់នៅយ៉ាងមានអំណរជារៀងរហូតទៅ។
ឥឡូវនេះ ឧបមាថា បុរសម្នាក់ដែលជឿព្រះយេស៊ូវតែនៅតែជាមនុស្សស្លាប់ទៅ ហើយឈរនៅចំពោះព្រះ។ គាត់ក៏បាននិយាយថា គាត់ជឿព្រះយេស៊ូវ ហើយទទួលស្គាល់ថា គាត់គឺជាមនុស្សមានបាបម្នាក់។
ព្រះ មានបន្ទូលថា «ចូរពិនិត្យមើលថា បុរសម្នាក់នេះមានឈ្មោះនៅក្នុងបញ្ជីជីវិត ឬមិនមាន»។
«ព្រះអម្ចាស់ គាត់មិនមានឈ្មោះនៅក្នុងបញ្ជីជីវិតទេ។»
«អញ្ចឹង ពិនិត្យមើលនៅក្នុងបញ្ជីនៃការប្រព្រឹត្តវិញមើល។»
«ឈ្មោះ និងអំពើបាបរបស់គាត់នៅក្នុងបញ្ជីនេះ។»
«អញ្ចឹង បញ្ជូនគាត់ទៅកន្លែង ដែលគាត់នឹងមិនចាំបាច់បារម្ភពីប្រេងសាំង ហើយឲ្យគាត់រស់នៅទីនោះជារៀងរហូតទៅ។»
«ឱព្រះអម្ចាស់អើយ! នេះគឺអយុត្តិធម៌ខ្លាំងណាស់...»
គាត់ និយាយថា វាមិនយុត្តធម៌ទេ។ ហេតុអ្វីត្រូវបញ្ជូនគាត់ទៅស្ថាននរក បើសិនគាត់បានជឿព្រះយេស៊ូវយ៉ាងស្មោះត្រង់ដូច្នេះ?
មូលហេតុគឺថា គាត់ត្រូវបានបោកបញ្ឆោត ដោយសាតាំង ហើយគាត់ស្តាប់តាមសេចក្តីពិតនៃដំណឹងល្អតែពាក់កណ្តាលទេ។ បើសិនយើងមិនខុសអំពីអត្ថន័យពិតនៃសេចក្តីប្រោសលោះរបស់ព្រះ យើងក៏នឹងត្រូវបញ្ចប់នៅក្នុងស្ថាននរកផងដែរ។
បុរសម្នាក់នេះ បានជឿព្រះហើយ ប៉ុន្តែគាត់ត្រូវបានបោកបញ្ឆោត ដោយសាតាំង ហើយបានគិតថា គាត់គឺជាមនុស្សមានបាបម្នាក់។ បើសិនគាត់បានស្តាប់ឮដំណឹងល្អពិត គាត់នឹងបានដឹងថា សេចក្តីជំនឿរបស់គាត់គឺខុស។ ប៉ុន្តែគាត់មិនបានជឿ ដោយព្រោះគំនិតអាត្មានិយមរបស់គាត់មាននៅក្នុងជំនឿខុសរបស់គាត់។
បើសិនអ្នកចង់ទៅនគរស្ថានសួគ៌ អ្នកត្រូវតែជឿលើការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។ ម៉ាថាយ ៣:១៥ សរសេរថា «ដ្បិតគួរឲ្យ» ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ ដូច្នេះ អ្នកត្រូវតែជឿលើសេចក្តីសង្រ្គោះដោយទឹក និងព្រះលោហិត។
 
តើឈ្មោះរបស់អ្នកណាត្រូវបាន កត់ត្រាទុកនៅក្នុងបញ្ជីនៃការប្រព្រឹត្ត? 
ឈ្មោះរបស់អស់អ្នក ដែលមានបាបនៅក្នុងចិត្ត

បើសិនអ្នកជ្រើសរើសជឿលើអ្វីមួយ ដូចជាមនុស្សដែលមានសណ្តានចិត្តល្អ ដែលមិនដែលបដិសេធសំណើររបស់អ្នកដទៃម្តងណាឡើយ នោះអ្នកអាចត្រូវបញ្ចប់នៅក្នុងស្ថាននរក។ មានមនុស្សដែលមានសណ្តានល្អជាច្រើននៅក្នុងស្ថាននរក ប៉ុន្តែនៅក្នុងនគរស្ថានសួគ៌ មានអ្នកប្រយុទ្ធពិតប្រាកដ ដែលបានប្រយុទ្ធការពារអ្វីដែលពួកគេជឿ។
អស់អ្នកដែលនៅក្នុងនគរស្ថានសួគ៌ បានដឹងថា ពួកគេគឺជាមនុស្សមានបាប ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក ហើយបានជឿថា អំពើបាបរបស់ពួកគេត្រូវបានលាងសម្អាត តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ 
មានត្រចៀក និងមាត់ជាច្រើននៅស្ថានសួគ៌។ ដោយសារមនុស្សជាច្រើនជឿសេចក្តីប្រោសលោះរបស់ព្រះយេស៊ូវ តាមតែមាត់ ឬតាមតែត្រចៀក ព្រះបោះរូបកាយរបស់ពួកគេទៅក្នុងបឹង ភ្លើង គឺទុកតែមាត់ និងត្រចៀកទេ។ 
ចូរយើងគិតថា មនុស្សមា្នក់ដែលជឿព្រះយេស៊ូវហើយតែនៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួន ឈរនៅចំពោះព្រះ ហើយនិយាយថា «ព្រះអម្ចាស់ មនុស្សបានចាត់ទុកទូលបង្គំជាសុចរិត ពីព្រោះទូលបង្គំបានជឿព្រះយេស៊ូវ ទោះបើទូលបង្គំនៅមានបាបនៅក្នុងចិត្តរបស់ទូលបង្គំក៏ដោយ។ ទូលបង្គំបានជឿថា ទ្រង់នឹងចាត់ទុកទូលបង្គំថា ឥតមានបាបផងដែរ។ នេះហើយគឺជាអ្វីដែលទូលបង្គំបានរៀន និងជឿ។ ទូលបង្គំគ្រាន់តែបានជឿ ដូចជាមនុស្សជាច្រើនបានជឿដែរ។ នេះគឺជាសេចក្តីជំនឿដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយ នៅកន្លែងដែលទូលបង្គំបានមកពី»។ 
ព្រះអម្ចាស់ ឆ្លើយតបថា «ខ្ញុំមិនអាចអត់ទោសដល់អ្នកដែលមានបាបនៅក្នុងចិត្តរបស់ខ្លួនបានឡើយ។ ខ្ញុំបានលាងសម្អាតអំពើបាបទាំងអស់របស់អ្នក ដោយព្រះពរនៃការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណរួចរាល់ហើយ។ ប៉ុន្តែអ្នកបានបដិសេធមិនព្រមជឿតាមសោះ។ ទេវតា! បោះមនុស្សម្នាក់នេះទៅក្នុងបឹងភ្លើងទៅ»។
អ្នកណាដែលជឿព្រះតែនៅតែគិតថា ខ្លួនមានបាបនៅក្នុងចិត្ត នឹងត្រូវបញ្ចប់នៅក្នុងស្ថាននរក។ ដូច្នេះ ចូរស្តាប់តាមដំណឹងល្អពិតអំពីសេចក្តីប្រោសលោះ ហើយបានសង្រ្គោះចុះ។ បើមិនដូច្នោះទេ អ្នកនឹងត្រូវឆេះនៅក្នុងស្ថាននរកហើយ។
ដែលនិយាយថា អ្នកឥតមានបាប នៅពេលដែលអ្នកមានបាបនៅក្នុងចិត្ត គឺការបោកបញ្ឆោតព្រះ។ យើងអាចមើលឃើញថា មានភាពខុសគ្នាខ្លាំងយ៉ាងណា រវាងមនុស្សមានបាប និងមនុស្សសុចរិត នៅថ្ងៃចុងក្រោយ។ ហើយអ្នកនឹងបានដឹងពីមូលហេតុដែលខ្ញុំអង្វរអ្នកឲ្យបានសង្រ្គោះ។
អ្នក នឹងមើលឃើញពីភាពខុសគ្នារវាងអ្នកដែលជឿលើសេចក្តីប្រោសលោះពេញ (បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង) និងអ្នកដែលមិនជឿ នៅពេលអ្នកឈរនៅលើបំបែកទៅស្ថានសួគ៌ និងស្ថាននរក។ វានឹងមានភាពខុសគ្នាយ៉ាងខ្លាំង គឺមនុស្សមួយចំនួននឹងចូលទៅក្នុងនគរស្ថានសួគ៌ ប៉ុន្តែមនុស្សមួយចំនួនទៀតនឹងធ្លាក់ទៅក្នុងស្ថាននរក។ 
តើអ្នកជឿព្រះយេស៊ូវហើយ តែនៅតែជាមនុស្សមានបាបឬ? ដូចេ្នះ អ្នកគួរតែបានដឹងថា អ្នកគួរតែបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។ ព្រះបញ្ជូនអ្នកដែលមានបាបនៅក្នុងចិត្ត ទៅស្ថាននរក ហើយមានតែអ្នកដែលជឿលើសេចក្តីអត់ទោសអំពើបាបពេញលេញទេ ទើបអាចចូលទៅក្នុងនគរស្ថានសួគ៌បាន។
ដូច្នេះ ចូរជឿដំណឹងល្អពិតឥឡូវនេះ ពីព្រោះបើសិនអ្នកមិនជឿទេ វាអាចយឺតពេលសម្រាប់អ្នក។ ចូរត្រៀមខ្លួនជាមុន។ មុនពេលអ្នកត្រូវបញ្ចប់នៅក្នុងស្ថាននរក ចូរជឿលើសេចក្តីប្រោសលោះដោយទឹក និងព្រះវិញ្ញាណ ហើយបានញែកជាបរិសុទ្ធចុះ។
សូមថ្វាយសិរីល្អដល់ព្រះអម្ចាស់យេស៊ូវ! យើងអរព្រះគុណសម្រាប់ព្រះគុណរបស់ទ្រង់ ដែលបានរាប់យើងដែលជាមនុស្សមានបាប ជាសុចរិត។ ហេលេលូយ៉ា!
 
 
ព្រះយេស៊ូវ៖ ព្រះដ៏ជាជំនួយសម្រាប់មនុស្សសុចរិត
 
តើអំពើបាបរបស់យើងអាចត្រូវបានដោះចេញ ដោយការអធិស្ឋានលន់តួដែរទេ? 
ទេ វាមិនអាចឡើយ។ នេះគឺជារបៀបមួយ ដែលសាតាំងបោកបញ្ឆោតយើង។
 
ចូរយើងអាន ១យ៉ូហាន ២:១-២។ «កូនតូចៗ រាល់គ្នាអើយ ដែលខ្ញុំសរសេរសេចក្តីទាំងនេះផ្ញើមក នោះដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាបទៀត តែបើសិនជាអ្នកណាភ្លាត់ធ្វើបាបវិញ នោះយើងមានព្រះដ៏ជាជំនួយ១អង្គហើយ ដែលទ្រង់គង់នៅចំពោះព្រះវរបិតា គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏សុចរិត ដែលទ្រង់ជាដង្វាយធួននឹងបាបយើងរាល់គ្នា មិនត្រឹមតែបាបរបស់យើងរាល់គ្នាតែប៉ុណ្ណោះ គឺនឹងបាបរបស់លោកីយ៍ទាំងមូលដែរ។»
តើអ្នកមើលឃើញអ្វីដែលមានសរសេរនៅទីនេះដែរទេ? តើមានអ្នកណាម្នាក់ដែលជឿហើយ តែនៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួនដែរទេ? បើសិនអ្នកមានបាបនៅក្នុងចិត្តរបស់អ្នក តែអ្នកទូលព្រះថា អ្នកមិនមានបាបទេ នោះអ្នកកំពុងតែកុហកទ្រង់ហើយ ហើយអ្នកក៏កំពុងតែកុហកខ្លួនឯងផងដែរ។
ប៉ុន្តែបើសិនអ្នកពិតជាយល់អំពីព្រះយេស៊ូវ និងជឿលើអ្វីដែលទ្រង់បានធ្វើនៅទន្លេយ័រដាន់ ដើម្បីលាងសម្អាតអំពើបាបទាំងអស់ អ្នកនឹងពិតជាបានរួចពីបាបហើយ។ បន្ទាប់មក អ្នកអាចនិយាយថា «ព្រះអម្ចាស់ ទូលបង្គំបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណនៅក្នុងទ្រង់ហើយ។ ទូលបង្គំឥតមានបាបឡើយ។ ហើយទូលបង្គំអាចឈរនៅចំពោះទ្រង់បាន ដោយឥតមានសេចក្តីខ្មាស់ឡើយ»។
បន្ទាប់មក ព្រះអម្ចាស់នឹងឆ្លើយតបថា «អ្នកនិយាយត្រឹមត្រូវហើយ។ ដូចដែលអ័ប្រាហាំបានជឿលើខ្ញុំ និងបានជឿថា ខ្លួនគាត់បានរាប់ជាសុចរិត អ្នកក៏បានរាប់ជាសុចរិតផងដែរ ពីព្រោះខ្ញុំបានលាងសម្អាតអំពើបាបទាំងអស់របស់អ្នករួចរាល់ហើយ»។ 
ប៉ុន្តែចូរយើងពិចារណាអំពីមនុស្សម្នាក់ ដែលនៅតែមានបាបនៅក្នុងចិត្តរបស់គាត់ ទោះបើគាត់ជឿលើព្រះយេស៊ូវហើយក៏ដោយ។ គាត់និយាយថា «ដោយសារខ្ញុំជឿលើព្រះយេស៊ូវ ខ្ញុំនឹងទៅស្ថានសួគ៌ ទោះបើខ្ញុំនៅតែមានបាបបន្តិចបន្តួចនៅក្នុងចិត្តរបស់ខ្ញុំក៏ដោយ»។ 
គាត់ពិតជាចង់ចូលទៅក្នុងស្ថានសួគ៌ខ្លាំងណាស់ ដែលគាត់ព្យាយាមតវ៉ានៅចំពោះបល្ល័ង្កជំនុំជម្រះ ប៉ុន្តែគាត់នៅតែត្រូវធ្លាក់ទៅក្នុងស្ថាននរក  ដដែល។ ហេតុអ្វី? ពីព្រោះគាត់មិនបានស្គាល់ដំណឹងល្អពិតអំពីការបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណឡើយ។
មនុស្សគ្រប់គ្នាគួរតែទទួលស្គាល់ថា ខ្លួនគឺជាមនុស្សមានបាប ខណៈដែលកំពុងតែរស់នៅលើផែនដីនេះ។ «ទូលបង្គំគឺជាមនុស្សមានបាបម្នាក់ ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក។ ដូច្នេះ សូមជួយសង្រ្គោះទូលបង្គំផង។» ការអធិស្ឋានលន់តួអំពើបាបមិនអាចប្រោសលោះមនុស្សមានបាបម្នាក់បានឡើយ។ ប៉ុន្តែគាត់ត្រូវតែទទួលស្គាល់ថា គាត់គឺជាមនុស្សមានបាបម្នាក់ ហើយទទួលយកសេចក្តីប្រោសលោះពីទឹក និងព្រះវិញ្ញាណ ដើម្បីទទួលបានសេចក្តីសង្រ្គោះ។ ដូច្នេះ គាត់អាចបានរាប់ជាសុចរិតបាន លុះត្រាតែតាមរយៈសេចក្តីប្រោសលោះពីទឹក និងព្រះវិញ្ញាណ។
ដំណឹងល្អក្លែងក្លាយបង្រៀនថា នៅក្នុងព្រះយេស៊ូវ បាបតាំងពីកំណើតត្រូវបានអត់ទោសឲ្យហើយ ប៉ុន្តែយើងត្រូវតែបន្តលន់តួអំពើបាបជាក់ស្តែង ដើម្បីទទួលបានសេចក្តីសង្រ្គោះ។ សេចក្តីមិនពិតនេះដឹកនាំយើងឲ្យធ្លាក់ទៅក្នុងស្ថាននរក។ អ្នកជឿយ៉ាងច្រើននឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក ដោយការជឿតាមដំណឹងល្អក្លែងក្លាយនេះ ហើយទំនោរនេះកំពុងតែគ្របដណ្តប់លោកិយនេះហើយ។
តើអ្នកនឹងដឹងខ្លួនទេ បើសិនអ្នកបានធ្លាក់ទៅតាមដំណឹងល្អក្លែងក្លាយ? តើអ្នកអាចនៅតែជាកូនបំណុលទៀតទេ បើសិនអ្នកបានសងបំណុលទាំងអស់រួចហើយ? ចូរគិតអំពីចំណុចនេះ។ បើសិនអ្នកនៅតែចាត់ទុកខ្លួនឯងជាមនុស្សមានបាបម្នាក់ ខណៈដែលជឿលើព្រះយេស៊ូវ តើអ្នកជឿលើទ្រង់ត្រឹមត្រូវឬទេ? តើអ្នកគឺជាអ្នកជឿ និងមនុស្សមានបាប ឬអ្នកជឿ និងមនុស្សសុចរិត?
អ្នកអាចជ្រើសរើសសម្រាប់ខ្លួនឯងបានថា អ្នកជឿថា អំពើបាបទាំងអស់របស់អ្នកត្រូវបានអត់ទោសឲ្យហើយ ឬអ្នកជឿថា អ្នកគួរតែលន់តួអំពើបាបជារៀងរាល់ថ្ងៃសម្រាប់អំពើរំលងរបស់អ្នក។ ការជ្រើសរើសរបស់អ្នកនឹងកំណត់ថា អ្នកបានទៅស្ថានសួគ៌ ឬធ្លាក់ទៅក្នុងស្ថាននរក។ ដូច្នេះ អ្នកត្រូវតែយកចិត្តទុកដាក់ចំពោះគ្រូផ្សាយដំណឹងល្អ ដែលប្រាប់អ្នកអំពីដំណឹងល្អពិត។
អ្នកដែលជឿតាមដំណឹងល្អក្លែងក្លាយ នៅតែអធិស្ឋានសម្រាប់      សេចក្តីអត់ទោសដល់អំពើបាបនៅឯការជួបជុំអធិស្ឋានពេលព្រឹកព្រហៀម កម្មវិធីថ្វាយបង្គំថ្ងៃពុធ និងការអធិស្ឋានពេញមួយយប់នៅថ្ងៃសុក្រ ក្នុងគោលបំណងលាងសម្អាតអំពើបាបរបស់ខ្លួន។
ពួកគេនិយាយថា «ឱព្រះអម្ចាស់អើយ ទូលបង្គំបានធ្វើបាបហើយ នៅសប្តាហ៍នេះ»។ បន្ទាប់មក ពួកគេនឹកចាំពីអំពើបាបកាលពីប៉ុន្មានឆ្នាំមុន ហើយអធិស្ឋានម្តងទៀតសម្រាប់សេចក្តីអត់ទោសពីទ្រង់។ ទង្វើនេះបង្ខូចដំណឹងល្អពិតអំពីការបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណ។
អំពើបាបរបស់យើងត្រូវតែត្រូវបានសង ដោយឈាម។ ហេព្រើរ     ៩:២២ និយាយថា «ហើយតាមក្រឹត្យវិន័យ សឹងតែគ្រប់របស់ទាំងអស់បានស្អាត ដោយសារឈាម បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាបឡើយ»។ បើសិនអ្នកគិតថា អ្នកមានបាប នោះអ្នកកំពុងតែសុំឲ្យទ្រង់បង្ហូរព្រះលោហិតសម្រាប់អ្នកម្តងទៀតហើយ។ អ្នកដែលមិនជឿលើសេចក្តីប្រោសលោះពេញលេញ មានទោសនៃការធ្វើឲ្យសេចក្តីប្រោសលោះរបស់ព្រះយេស៊ូវក្លាយទៅជាសេចក្តីកុហក។ តាមការពិត ពួកគេកំពុងតែទទូចថា ព្រះយេស៊ូវមិនបានសង្រ្គោះយើង តែម្តងជា សម្រេច និងថា ទ្រង់គឺជាអ្នកកុហក។
ដើម្បីបានប្រោសលោះនៅក្នុងព្រះយេស៊ូវ អ្នកត្រូវតែជឿតាមសេចក្តីពិតអំពីសេចក្តីប្រោសលោះពីទឹក និងព្រះវិញ្ញាណ។ តើការអធិស្ឋានចំនួនរាប់រយ រាប់ពាន់ និងរាប់លានដងពិតជាអាចផ្តល់ការអត់ទោសសម្រាប់អំពើបាបរបស់អ្នកបានដែរទេ? ដំណឹងល្អពិតប្រោសលោះយើង តែម្តងជាសម្រេច។ ដូច្នេះ ចូរបានរាប់ជាសុចរិត ទៅនគរស្ថានសួគ៌ និងមានជីវិតសុចរិតជារៀងរហូតចុះ។ 
«♪ខ្ញុំមានជីវិតថ្មីមួយនៅក្នុងព្រះយេស៊ូវ។ អតីតកាលកន្លងផុតទៅ ហើយខ្ញុំបានក្លាយជាស្នាព្រះហស្តថ្មីមួយ។ អតីតកាលដ៏ឥតប្រយោជន៍បានកន្លងផុតទៅ។ អូ ព្រះយេស៊ូវគឺជាជីវិតពិតរបស់ខ្ញុំ។ មានជីវិតថ្មីមួយនៅក្នុងព្រះយេស៊ូវ។♪»
អ្នកមានជីវិតថ្មីមួយនៅក្នុងព្រះយេស៊ូវ។ មិនថាអ្នកមិនសង្ហារ ទាបពេក ឬធាត់ពេកនោះទេ អ្នកដែលមានពរនៃដំណឹងល្អអំពីការបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណ មានជីវិតពេញដោយអំណរ។ មិនជាបញ្ហាអ្វីទេ បើសិនអ្នកមិនមានច្រមុះស្រួច ឬទាបនោះ។ ដោយសារយើងមិនគ្រប់លក្ខណ៍ យើងបានសង្រ្គោះ ដោយសារការជឿលើការបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណនៅក្នុងព្រះយេស៊ូវ។ ប៉ុន្តែអ្នកដែលមិនជឿ នឹងត្រូវធ្លាក់ទៅក្នុងស្ថាននរកវិញ។
សូមអរគុណ ព្រះអម្ចាស់។ ខ្ញុំតែងតែអរព្រះគុណដល់ព្រះអម្ចាស់            ជានិច្ច។ ដោយសារជឿលើការបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណ ទ្រង់នឹងស្វាគមន៍យើងនៅនគរស្ថានសួគ៌។
 
 
សេចក្តីមិនពិតដែលដឹកនាំយើងទៅស្ថាននរក
 
តើអ្នកណានឹងទទួលបានមកុដនៃសេចក្តីសុចរិត នៅចុងបញ្ចប់?
អ្នកដែលយកឈ្នះលើសេចក្តីមិនពិត
 
សេចក្តីមិនពិតប្រាប់យើងថា យើងត្រូវតែលន់តួអំពើបាបជារៀងរាល់ថ្ងៃ ដើម្បីទទួលបានការអត់ទោស ប៉ុន្តែដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប្រាប់យើងថា យើងត្រូវបានអត់ទោសឲ្យទាំងស្រុងរួចរាល់ហើយ ហើយអ្វីដែលយើងត្រូវធ្វើគឺជឿតាម។
តើមួយណាគឺជាសេចក្តីពិត? តើយើងត្រូវតែលន់តួអំពើបាបជារៀងរាល់ថ្ងៃឬ? ឬយើងត្រូវជឿថា ព្រះយេស៊ូវបានសង្រ្គោះយើង នៅពេលទ្រង់ទទួលបុណ្យជ្រមុជ តាមរបៀបត្រឹមត្រូវបំផុត ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ? សេចក្តីពិតគឺថា ព្រះយេស៊ូវបានដោះអំពើបាបរបស់យើងចេញ តែម្តងជាសម្រេច តាមរបៀបត្រឹមត្រូវនេះ ដើម្បីប្រទានសេចក្តីសង្រ្គោះដល់យើង។
យើងត្រូវតែយកឈ្នះលើសេចក្តីមិនពិតនៅក្នុងសង្រ្គាមខាងវិញ្ញាណ ខណៈដែលមនុស្សជាច្រើនដើរតាមសេចក្តីំមិនពិត។ «ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងពើកាម៉ុសថា ព្រះដែលមានដាវមុខ២ដ៏មុត ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា អញស្គាល់ទីលំនៅរបស់ឯងហើយ គឺជាកន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំងនោះ តែឯងកាន់ខ្ជាប់តាមឈ្មោះអញ ហើយមិនបានលះចោលសេចក្តីជំនឿដល់អញចេញឡើយ ទោះក្នុងគ្រាដែលគេបានសំឡាប់អាន់ទីប៉ាស ជាស្មរបន្ទាល់ស្មោះត្រង់របស់អញ នៅកណ្តាលពួកឯងរាល់គ្នា ជាកន្លែងដែលអារក្សសាតាំងនៅនោះផង» (វិវរណៈ ២:១២-១៣)។
«អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគនំម៉ាន៉ាដ៏លាក់កំបាំង ហើយនិងឲ្យគ្រួសស១ដល់អ្នកនោះ នៅគ្រួសនោះមានឆ្លាក់ជាឈ្មោះថ្មី ដែលគ្មានអ្នកណាស្គាល់ឡើយ ស្គាល់បានតែអ្នកដែលទទួលប៉ុណ្ណោះ» (វិវរណៈ ២:១៧)។
នៅកន្លែងណាដែលវិញ្ញាណអាក្រក់យ៉ាងច្រើននៅ និងសេចក្តីមិនពិតតាំងខ្លួនជាសេចក្តីពិត សាតាំងបង្ហាញខ្លួនជាទេវតានៃពន្លឺ។ ព្រះមិនអាចជួយអ្នកណាដែលស្តាប់ឮ និងស្គាល់សេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណហើយ តែមិនជឿតាមបានឡើយ។ ពួកគេប្រាកដជានឹងធ្លាក់ទៅក្នុងស្ថាននរកមិនខាន។
គ្រប់គ្នាត្រូវតែសម្រេចចិត្តជឿលើសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ឬមិនជឿ ពីព្រោះគ្មានអ្នកណាម្នាក់លុតជង្គង់នៅចំពោះអ្នក ហើយអង្វរអ្នកឲ្យជឿ និងបានសង្រ្គោះឡើយ។
ប្រសិនបើអ្នកចង់បានសង្រ្គោះចេញពីបាប ចូរជឿលើសេចក្តីសង្រ្គោះនៃទឹក និងព្រះវិញ្ញាណចុះ។ បើសិនអ្នកមានអារម្មណ៍អរព្រះគុណសម្រាប់សេចក្តីស្រឡាញ់របស់ទ្រង់នៅក្នុងសេចក្តីសង្រ្គោះ និងព្រះគុណរបស់ទ្រង់ក្នុងការសង្រ្គោះយើង ចូរជឿតាមចុះ។ បើសិនអ្នកគឺជាមនុស្សមានបាបម្នាក់ ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក ចូរជឿលើទឹក និងព្រះវិញ្ញាណ ដែលជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅឈើឆ្កាងចុះ។ បន្ទាប់មក អ្នកនឹងបានរាប់ជាសុចរិតហើយ។
ប្រសិនបើអ្នកគិតថា អ្នកមិនមែនជាមនុស្សមានបាបម្នាក់ទេ អ្នកមិនចាំបាច់បានសង្រ្គោះ ដោយសារការជឿលើព្រះយេស៊ូវឡើយ។ មានតែមនុស្សមានបាបប៉ុណ្ណោះ ដែលបានសង្រ្គោះចេញពីបាប ដោយការជឿតាមដំណឹងល្អអំពីការបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណ។ ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់មនុស្សមានបាប និងជាអង្គកំសាន្តចិត្តដល់អ្នកដែលមានទុក្ខព្រួយ។ ទ្រង់គឺជាព្រះអាទិករ ហើយក៏ជាប្រភពនៃសេចក្តីស្រឡាញ់ផងដែរ។
ខ្ញុំពិតជាទទូចឲ្យអ្នកជឿតាមដំណឹងល្អអំពីការបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណ។ ចូរជឿតាមដំណឹងល្អនេះចុះ។ អ្នកអាចប្រាកដច្បាស់ថា ព្រះយេស៊ូវនឹងធ្វើជាព្រះអង្គសង្រ្កោះ មិត្តសម្លាញ់ អ្នកគង្វាលរបស់អ្នក។ មនុស្សមានបាបគួរតែជឿលើព្រះយេស៊ូវ បើសិនពួកគេមិនចង់ធ្លាក់ទៅក្នុងស្ថាននរកទេ។ ព្រះមិនអង្វរយើងឲ្យជឿតាមដំណឹងល្អពីតអំពីសេចក្តីសង្រ្គោះឡើយ។
តើអ្នកចង់បានចូលទៅក្នុងស្ថានសួគ៌ដែរទេ? ដូច្នេះ ចូរជឿតាមដំណឹងល្អអំពីការបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណចុះ។ ព្រះយេស៊ូវមានបន្ទូលថា «ខ្ញុំជាផ្លូវ និងសេចក្តីពិត។ ចូរជឿលើខ្ញុំចុះ»។ តើអ្នកកំពុងតែនិយាយថា អ្នកចង់ធ្លាក់ទៅក្នុងស្ថាននរកឬ? ដូច្នេះ ចូរជឿតាមដំណឹងល្អនេះអី។ ហើយទ្រង់មានបន្ទូលថា ទ្រង់បានរៀបចំកន្លែងមួយនៅក្នុងស្ថាននរកសម្រាប់អ្នកហើយ។
ព្រះមិនអង្វរអ្នកឡើយ។ ឈ្មួញស្វាគមន៍មនុស្ស ដោយមិនរើសអើង ក្នុងគោលបំណងលក់ទំនិញរបស់ខ្លួន ប៉ុន្តែព្រះប្រទាននគរស្ថានសួគ៌ ដោយឥតគិតថ្លៃ ដល់អ្នកណាដែលបានសង្រ្គោះ។ ព្រះយុត្តិធម៌។
មនុស្សនិយាយថា ចុងបញ្ចប់នៃលោកិយនេះជិតមកដល់ហើយ។ បាទ ខ្ញុំក៏គិតដូច្នេះដែរ។ ដូច្នេះ ពិតជាចំកួតណាស់ ដែលមិនជឿតាមដំណឹងល្អពិតអំពីការបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណ។
ចូរជឿលើសេចក្តីសង្រ្គោះនៃដំណឹងល្អពិតអំពីការបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណចុះ។ ចូរយើងចូលទៅក្នុងនគរស្ថានសួគ៌ទាំងអស់គ្នា។ តើអ្នកនឹងមិនទៅនៅនគររបស់ព្រះយេស៊ូវជាមួយខ្ញុំទេឬ?
 
តើអ្នកគឺជាមនុស្សមានបាបម្នាក់ ឬុមនុស្សសុចរិតម្នាក់? 
មនុស្សសុចរិតម្នាក់ដែលគ្មានបាប នៅក្នុងចិត្តរបស់ខ្លួន
 
ចូរយើងអាន រ៉ូម ៨:១-២។ «ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ  ដ្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះបានប្រោសឲ្យខ្ញុំរួចពីអំណាចរបស់អំពើបាប និងសេចក្តីស្លាប់ហើយ។»
ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់។ ទ្រង់បានសង្រ្គោះមនុស្សមានបាបទាំងអស់ ដែលត្រូវតែទទួលការជំនុំជម្រះសម្រាប់អំពើបាបរបស់ខ្លួន។
សេចក្តីសង្រ្គោះរបស់ព្រះមានផ្ទុកនូវធាតុពីរយ៉ាង។ ទីមួយគឺជាក្រិត្យវិន័យ និងទីពីរគឺជាសេចក្តីស្រឡាញ់របស់ទ្រង់។ ក្រិត្យន័យបង្រៀនយើងថា យើងគឺជាមនុស្សមានបាប។ យោងតាមក្រិត្យវិន័យ ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់។ ហើយយើងមិនអាចបានសង្រ្គោះ ដោយសារក្រិត្យ     វិន័យបានឡើយ ពីព្រោះវាគ្រាន់តែបង្រៀនយើងអំពីវាសនា និងនិស្ស័យបាបរបស់យើងប៉ុណ្ណោះ គឺវាបង្ហាញយើងថា យើងគឺជាមនុស្សមានបាប។
ដើម្បីសងថ្លៃឈ្នួលនៃអំពើបាប ព្រះយេស៊ូវបានយាងចុះមកផែនដីនេះ បានដោះអំពើបាបទាំងអស់របស់យើងចេញ និងសងថ្លៃសម្រាប់អំពើបាបទាំងនោះ ដោយព្រះជន្មរបស់ទ្រង់ ដើម្បីសង្រ្គោះយើងចេញពីការជំនុំជម្រះ។ នេះហើយគឺជាសេចក្តីស្រឡាញ់របស់ព្រះ ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់។ 
យើងត្រូវតែយកឈ្នះលើសេចក្តីមិនពិត។ ព្រះប្រទានព្រះពរនៃការបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណ ដល់អស់អ្នកដែលអាចយកឈ្នះលើសេចក្តីមិនពិតបាន។
យើងបានសង្រ្គោះ ដោយសារការជឿលើព្រះយេស៊ូវ។ ដោយសារការជឿតាមព្រះបន្ទូលទ្រង់ យើងទទួលបានសេចក្តីសុចរិត និងយល់ពី  សេចក្តីពិត។ ដូច្នេះ ចូរជឿតាមសេចក្តីពិតអំពីការបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណនៅក្នុងចិត្តរបស់អ្នកចុះ នោះអ្នកនឹងបានសង្រ្គោះ។