Search

សេចក្តីអធិប្បាយ

Subject 8 : ព្រះវិញ្ញាណបរិសុទ្ធ

[8-11] រក្សាជីវិតរបស់អ្នកឲ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ (អេភេសូរ ៥:៦-១៨)

(អេភេសូរ ៥:៦-១៨)
«កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នា ដោយពាក្យសំដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្តីទាំងនោះ បានជា សេចក្តីក្រោធរបស់ព្រះ បានមកលើមនុស្សរឹងចចេស ដូច្នេះ កុំឲ្យមានចំណែកជា១នឹងគេឡើយ ដ្បិតកាលពីដើមអ្នករាល់គ្នាក៏ងងឹតដែរ តែឥឡូវនេះវិញ បានភ្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរដូចជាមនុស្សភ្លឺចុះ ដ្បិតផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អ សេចក្តីសុចរិត និងសេចក្តីពិត ចូរលមើលឲ្យដឹងសេចក្តីអ្វី ដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យចុះ កុំឲ្យប្រកបក្នុងការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ស៊ូបន្ទោសវិញ ដ្បិតការទាំងប៉ុន្មានដែលគេប្រព្រឹត្តដោយសំងាត់ នោះបើគ្រាន់តែនិយាយពីការទាំងនោះ ក៏គួរខ្មាសទៅហើយ តែការទាំងនោះបានសំដែងមកយ៉ាងច្បាស់ ដោយពន្លឺភ្លឺបញ្ជាក់ ដ្បិតគឺជាពន្លឺហើយ ដែលសំដែងឲ្យឃើញទាំងអស់ ហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា [ឯងដែលដេកលក់អើយ ចូរភ្ញាក់ឡើង ឲ្យក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងភ្លឺមកលើឯង] ដូច្នេះ ត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់ ដូច្នេះ កុំឲ្យខ្លៅល្ងង់ឡើយ ត្រូវខំឲ្យយល់បំណងព្រះហឫទ័យព្រះអម្ចាស់វិញ កុំឲ្យស្រវឹងស្រាដែលនាំឲ្យព្រើលចិត្តឡើយ តែចូរឲ្យបានពេញជាព្រះវិញ្ញាណវិញ។»
 
 
តើយើងត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីរក្សាជីវិតរបស់យើងឲ្យបានពេញ ដោយព្រះវិញ្ញាណបរិសុទ្ធ?
យើងត្រូវបដិសេធខ្លួនឯង លីឈើឆ្កាង បដិសេធគំនិតផ្ទាល់ខ្លួន និងលះបង់ខ្លួនឯងសម្រាប់ ការប្រកាសដំណឹងល្អ

ដើម្បី «រក្សាជីវិតរបស់យើងឲ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ» យើងត្រូវតែលះបង់ខ្លួនឯងសម្រាប់ការប្រកាសដំណឹងល្អ។ ហើយដើម្បីរស់នៅក្នុងជីវិតមួយ ដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធ ជាដំបូង យើងត្រូវតែទទួលបានព្រះពរមួយ ដែលធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធគង់នៅចិត្តរបស់យើងសិន។ ហើយដើម្បីទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវតែមានជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានឲ្យយើង។ ដោយការមានជំនឿបែបនេះ យើងនឹងទទួលបានព្រះពរមួយ ដែលធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងយើង។
តើអស់អ្នកដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ចង់បានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? ពិតណាស់ ពួកគេចង់បាន។ ប៉ុន្តែហេតុអ្វីពួកគេខ្លះមិនអាចទទួលបានជីវិតបែបនេះដូច្នេះ? មូលហេតុគឺថា បញ្ហាផ្ទាល់ខ្លួនរបស់ពួកគេមានអាទិភាពលើសជាងព្រះរាជកិច្ចរបស់ព្រះជាម្ចាស់ ដែលមានន័យថា ពួកគេមិនអាចដើរជាមួយទ្រង់បានទេ។ ដូច្នេះ ដើម្បីរក្សាជីវិតរបស់យើងឲ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវតែរៀន និងជឿតាមព្រះបន្ទូលព្រះ។ ជាដំបូង ចូរយើងពិនិត្យមើលក្នុងព្រះគម្ពីរ ដើម្បីស្វែងរកជីវិត និងជំនឿបែបណា ដែលយើងត្រូវតែមានសិន។
 
 
ហេតុអ្វីមនុស្សមួយចំនួនមិនអាចមានជីវិត ពេញដោយព្រះវិញ្ញាណបរិសុទ្ធ?
 
ទីមួយ យើងអាចនិយាយបានថា គឺដោយសារតែពួកគេមិនអាចបដិសេធខ្លួនឯងបាន។ ព្រះគម្ពីរនិយាយថា មានតែអ្នកដែលបដិសេធខ្លួនឯងប៉ុណ្ណោះទេ ទើបអាចដើរជាមួយព្រះអម្ចាស់បាន។ ដោយសារការទទួលបានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ មិនអាចកើតឡើង តាមរយៈអំណាចផ្ទាល់ខ្លួនរបស់មនុស្សបាន គ្រប់គ្នាត្រូវតែមានជំនឿលើការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីអាចបដិសេធខ្លួនឯងបាន។ សូម្បីតែអស់អ្នកដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធហើយក៏ដោយ ក៏វាពិបាកសម្រាប់ពួកគេក្នុងការបដិសេធខ្លួនឯង ដោយមិនខ្វល់ពីនគរព្រះនោះដែរ។ ដូច្នេះ ដើម្បីទទួលបានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវតែបម្រើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ បន្ទាប់មក យើងអាចបដិសេធខ្លួនឯង ហើយរស់នៅជាអ្នកបម្រើរបស់សេចក្តីសុចរិតវិញបាន។
ម៉ាថាយ ១៦:២៤-២៦ និយាយថា «រួចទ្រង់មានព្រះបន្ទូលទៅពួកសិស្សទាំងអស់គ្នាថា បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ ព្រោះអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានវិញ ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរ ឲ្យបានព្រលឹងខ្លួនវិញ»។
មូលហេតុ ដែលមនុស្សមួយចំនួនដែលបានកើតជាថ្មីហើយ មិនអាចមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធបានគឺថា ពួកគេមិនអាចបដិសេធសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមរបស់ខ្លួនបានទេ។ សូម្បីតែអ្នកដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលអាចដើរតាមព្រះវិញ្ញាណបរិសុទ្ធបាន លុះត្រាតែពួកគេបោះបង់ចោលសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមរបស់ខ្លួនដែរ។ មានផ្នែកជាច្រើនៃជីវិតខាងសាច់ឈាម ដែលយើងត្រូវតែបោះបង់ចោល ដើម្បីដើរតាមព្រះអម្ចាស់។ ព្រះអម្ចាស់បានមានបន្ទូលថា «បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ »។ 
គំនិតខាងសាច់ឈាម គឺជាសេចក្តីស្លាប់ ប៉ុន្តែគំនិតខាងវិញ្ញាណគឺជាជីវិត និងសន្តិភាពវិញ។ មនុស្សដែលចង់ដើរជាមួយព្រះវិញ្ញាណ ត្រូវតែបោះបង់ចោលជីវិតខាងសាច់ឈាម។ មានតែអ្នកដែលហ៊ានលះបង់បែបនេះទេ ទើបអាចរក្សាជីវិតឲ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធបាន។ 
រវាងព្រះអម្ចាស់ និងលោកិយនេះ តើអ្នកចង់ដើរតាមមួយណា? យោងតាមជម្រើសរបស់អ្នក ជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ ឬជីវិតពេញដោយសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមគឺជារបស់អ្នកហើយ។ បើសិនអ្នកពិតជាចង់មានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធមែន ជម្រើសគឺជារបស់អ្នក។ ព្រះបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង ហើយបានប្រទានឲ្យយើងនូវព្រះពរនៃការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែវាអាស្រ័យលើអ្នកផ្ទាល់ ក្នុងការសម្រេចចិត្តថា អ្នករស់នៅក្នុងជីវិតពេញដោយព្រះវិញ្ញាណ ឬមិនរស់។ នៅក្នុងន័យផ្សេង ព្រះមិនបានកំណត់ ឬតម្រូវទុកជាមុននូវជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធទេ។ ជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធអាស្រ័យលើឆន្ទះរបស់យើង ដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
 
 
អ្នកត្រូវតែមានឆន្ទះក្នុងការមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ
 
ប្រសិនបើអ្នកមានឆន្ទះ ក្នុងការមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ ព្រះនឹងអនុញ្ញាតឲ្យវាកើតឡើង។ ទ្រង់នឹងជួយ ហើយប្រទានពរដល់អ្នក។ ប៉ុន្តែបើសិនអ្នកមិនចង់បានវាទេ អ្នកត្រូវតែបោះបង់ចោលជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធទៅ។
អ្នក អាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធបាន លុះត្រាតែអ្នកមានជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនមែនតាមឆន្ទះរបស់អ្នកឡើយ។ ប៉ុន្តែដើម្បីរស់នៅ និងរក្សាជីវិតឲ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ គឺអាស្រ័យលើ ឆន្ទះរបស់អ្នកទាំងស្រុង។
ដូច្នេះ បើសិនអ្នកចង់បានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ អ្នកត្រូវតែពិនិត្យមើលឆន្ទះផ្ទាល់ខ្លួនរបស់អ្នក ហើយទូលសូមជំនួយពីព្រះ។ បើសិនយើងពិតជាចង់បានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធមែន ព្រះនឹងប្រទានពរដល់យើង ហើយបំពេញតាមបំណងចិត្តរបស់យើងជាមិនខាន។ ប៉ុន្តែដើម្បីសម្រេចគោលដៅរបស់យើងបាន យើងត្រូវតែបដិសេធសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមជាមុនសិន។
ទីពីរ ដើម្បីមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវតែលីឈើឆ្កាងផ្ទាល់ខ្លួនរបស់យើង។ យើងត្រូវតែរស់នៅ និងដើរតាមបំណងព្រះហឫទ័យព្រះ ទោះបើស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ នេះហើយគឺជាអត្ថន័យនៃការរស់នៅក្នុងជីវិតសុចរិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ។
ហើយទីបី ព្រះអម្ចាស់បានមានបន្ទូលថា «អ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានវិញ ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរ ឲ្យបានព្រលឹងខ្លួនវិញ»។ នេះមានន័យថា ការដើរតាមព្រះអម្ចាស់គឺទាក់ទងនឹងជីវិតរបស់យើង។ តាមការពិត បើសិនយើងដើរតាមទ្រង់ វិញ្ញាណ និងសាច់ឈាមរបស់យើងនឹងចម្រុងចម្រើន ប៉ុន្តែបើសិនយើងមិនដើរតាមទ្រង់ទេ ហើយជ្រើសរើសរស់នៅក្នុងជីវិតផ្ទាល់ខ្លួនវិញ នោះវិញ្ញាណ និងសាច់ឈាមរបស់យើងនឹងត្រូវវិនាសជាមិនខាន។
ហេតុអ្វីយើងមិនអាចរស់នៅក្នុងជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធបាន? មូលហេតុគឺថា យើងមិនបដិសេធគំនិតផ្ទាល់ខ្លួនរបស់យើង គឺសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម។ នៅពេលយើងដើរតាមព្រះយេស៊ូវ ព្រះវិញ្ញាណពង្រឹងកំឡាំងខាងក្នុងរបស់យើង ដើម្បីឲ្យទ្រង់អាចដឹកនាំយើងទៅឯកម្រិតខ្ពស់ជាង។ 
អេភេសូរ ៥:១១-១៣ និយាយថា «កុំឲ្យប្រកបក្នុងការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ស៊ូបន្ទោសវិញ ដ្បិតការទាំងប៉ុន្មានដែលគេប្រព្រឹត្តដោយសំងាត់ នោះបើគ្រាន់តែនិយាយពីការទាំងនោះ ក៏គួរខ្មាសទៅហើយ តែការទាំងនោះបានសំដែងមកយ៉ាងច្បាស់ ដោយពន្លឺភ្លឺបញ្ជាក់ ដ្បិតគឺជាពន្លឺហើយ ដែលសំដែងឲ្យឃើញទាំងអស់»។ គ្រីស្ទបរិស័ទមិនត្រូវមានទំនាក់ទំនងជាមួយការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ពីព្រោះការទាំងប៉ុន្មានដែលគេប្រព្រឹត្តដោយសម្ងាត់ នោះបើគ្រាន់តែនិយាយពីការទាំងនោះ ក៏គួរខ្មាសទៅហើយ។ ប៉ុន្តែការទាំងនោះត្រូវបានសម្តែងមកយ៉ាងច្បាស់ ដោយពន្លឺវិញ។
តើអ្នកណាមានសមត្ថភាពបើកសម្តែង និងនិយាយអំពីការអាម៉ាស់ទាំងនេះ? បើសិនអ្នកដទៃ បងប្អូនប្រុសស្រីរបស់អ្នក និងអ្នកបម្រើរបស់ព្រះមិនអាចបើកសម្តែងការទាំងនោះទេ អ្នកត្រូវតែបើកសម្តែងការទាំងនោះដោយខ្លួនឯងវិញ។ បទគម្ពីរប្រាប់ថា គ្រប់ទាំងកិច្ចការត្រូវបានបើកសម្តែងដោយពន្លឺ។ ដូច្នេះ យើងត្រូវតែទទួលស្គាល់ទង្វើអាក្រក់របស់យើង ហើយអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធ បើកសម្តែងការឥតផលប្រយោជន៍របស់សេចក្តីងងឹត ដោយខ្លួនឯងយើង ឬតាមរយៈអ្នកដឹកនាំរបស់យើង។ 
នៅក្នុងលោកិយនេះ គ្រប់ការទាំងអស់ដែលត្រូវបានបើក សម្តែង គឺត្រូវមានទោស ប៉ុន្តែនៅក្នុងពិភពរបស់ព្រះវិញ្ញាណ គ្រប់ទាំងការទាំងអស់ត្រូវបានបើកសម្តែងដោយពន្លឺ ពីព្រោះពន្លឺជាអ្នកបើកសម្តែង។ ហើយនៅក្នុងលោកិយនេះ ដោយសារយើងមិនគ្រប់លក្ខណ៍ យើងប្រព្រឹត្តអំពើបាបជាច្រើនដោយមិនដឹងខ្លួន។ ប៉ុន្តែនៅពេលយើងបញ្ចាំងពន្លឺនៃព្រះបន្ទូលព្រះមកលើខ្លួនយើង យើងអាចដឹងពីអំពើបាបជាច្រើន ហើយអាចទទួលស្គាល់ពួកវាបាន។ ដូច្នេះហើយបានជាយើងត្រូវអរព្រះគុណដល់ព្រះមិនឈប់ឈរ។
ដោយសារព្រះយេស៊ូវបានដោះអំពើបាប និងអំពើទុច្ចរិតទាំងអស់របស់យើងចេញ ហើយគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះត្រូវបានបំពេញសម្រេច នៅពេលទ្រង់ទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ យើងអាចត្រូវបានបើកសម្តែងដោយពន្លឺ តាមរយៈសេចក្តីសុចរិតរបស់ព្រះ។ អំពើបាបរាប់កោត ដែលមនុស្សជាតិបានប្រព្រឹត្ត ត្រូវបានផ្ទេរទៅឲ្យព្រះយេស៊ូវ នៅពេលលោកយ៉ូហានធ្វើបុណ្យជ្រមុជថ្វាយទ្រង់។ ទ្រង់គឺជាកូនចៀមនៃព្រះ ដែលបានដោះអំពើបាបរបស់មនុស្សលោកចេញ បានសុគតនៅលើឈើឆ្កាង ដើម្បីទទួលការកាត់ទោសសម្រាប់អំពើបាបទាំងនោះ ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញ។ ព្រះយេស៊ូវបានអត់ទោសឲ្យអំពើបាបទាំងអស់របស់មនុស្សជាតិ ហើយនៅពេលទ្រង់បានមានបន្ទូលថា «ការស្រេចហើយ!» (យ៉ូហាន ១៩:៣០) មនុស្សជាតិទាំងមូលត្រូវបានសង្រ្គោះ។ យើងបានញែកជាបរិសុទ្ធ តាមរយៈជំនឿរបស់យើងលើអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើ។ ហើយដោយសារយើងទទួលបានការអត់ទោសអំពើបាប យើងអាចចូលទៅក្នុងពន្លឺម្តងទៀត ហើយដើរតាមព្រះដោយសេចក្តីសុចរិតបាន។
 
 
ព្រះបានប្រាប់ឲ្យយើងលៃយកឱកាសឲ្យទាន់ពេល
 
សាវកប៉ុល បាននិយាយថា បើសិនយើងចង់បានជីវិតមួយពេញដោយព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវតែលៃយកឱកាសឲ្យទាន់ពេល។ អេភេសូរ ៥:១៦-១៧ និយាយថា «ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់ ដូច្នេះ កុំឲ្យខ្លៅល្ងង់ឡើយ ត្រូវខំឲ្យយល់បំណងព្រះហឫទ័យព្រះអម្ចាស់វិញ»។ បើសិនយើងចង់បានជីវិតមួយពេញដោយព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវតែលៃយកឱកាសឲ្យទាន់ពេល ហើយមិនត្រូវល្ងង់ខ្លៅឡើយ។ យើងគួរតែខំយល់ពីបំណងព្រះហឫទ័យព្រះអម្ចាស់ និងធ្វើតាម ផង។ យើងត្រូវសម្រេចចិត្តថា មួយណាមានគុណតម្លៃជាង៖ ជីវិតស្មោះត្រង់ចំពោះសាច់ឈាមខ្លួនឯង ឬជីវិតស្មោះត្រង់ចំពោះព្រះ។
បន្ទាប់ពីយើងបានកើតជាថ្មីហើយ ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងយើង។ បើសិនយើងទទួលការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ វាមានន័យថា ម្ចាស់របស់យើងគឺជាព្រះអម្ចាស់ ហើយទ្រង់គឺជាស្តេចរបស់យើង។ ទ្រង់គឺជាព្រះអង្គសង្រ្គោះតែមួយគត់របស់យើង ហើយយើងត្រូវតែទទួលយកទ្រង់ធ្វើជាព្រះអង្គម្ចាស់របស់យើងទាំងស្រុង។ ទ្រង់គឺជាម្ចាស់តែមួយគត់របស់យើង ដែលបានបង្កើតអ្នក និងខ្ញុំ បានអត់ទោសអំពើបាប និងប្រទានពរដល់យើង។ ហើយទ្រង់គឺជាស្តេច ដែលមានអំណាចគ្រប់គ្រងលើជីវិត និង សេចក្តីស្លាប់របស់យើង គឺព្រះពរ ឬបណ្តាសា។ យើងត្រូវតែទទួលស្គាល់ថា ព្រះអម្ចាស់គឺជាម្ចាស់ និងជាព្រះអង្គម្ចាស់របស់យើង ហើយយើងត្រូវតែស្តាប់បង្គាប់តាមទ្រង់ពេញមួយជីវិតរបស់យើង។ 
ចូរយើងពិនិត្យមើល ភីលីព ២:៥-១១ ដែលនិយាយថា «ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ ដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ គង់តែមិនបានរាប់សេចក្តីស្មើនឹងព្រះនោះ ទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយ គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង ហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់ឈើឆ្កាងផង ដោយហេតុនោះបានជាព្រះបានលើកទ្រង់ឡើងយ៉ាងខ្ពស់ ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរ លើសជាងអស់ទាំងនាមផង ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវ នោះឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី ហើយនៅក្រោមផែនដីត្រូវលុតចុះ ហើយឲ្យគ្រប់ទាំងអណ្តាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សំរាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា។»
សាវកប៉ុល បាននិយាយថា «ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទវិញ»។ គាត់បាននិយាយថា នេះជាព្រះទ័យរបស់ព្រះយេស៊ូវគ្រីស្ទ។ អ្វីដែលសាវកប៉ុលបាននិយាយគឺថា «គំនិត» គឺជារបស់ព្រះយេស៊ូវ ដែលជាព្រះអាទិករ និងបានយាងមកក្នុងលោកិយនេះ ដើម្បីសង្រ្គោះរាស្ត្ររបស់ទ្រង់ចេញពីអំពើបាបរបស់ពួកគេ ដោយស្របតាមបំណងព្រះហឫទ័យព្រះវរបិតា។ ព្រះអម្ចាស់បានយាងមកក្នុងលោកិយនេះ ហើយបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន។ ហើយនៅពេលទ្រង់សុគតនៅលើឈើឆ្កាង អំពើបាបរបស់លោកិយនេះត្រូវបានបំផ្លាញចោលទាំងស្រុង។ បន្ទាប់មក ទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី ហើយបានធ្វើព្រះអង្គសង្រ្គោះរបស់យើង។ 
មូលហេតុដែលព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអាទិករ បានយាងមកលោកិយនេះ គឺដើម្បីសង្រ្គោះយើងរាល់គ្នា។ ទ្រង់បានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ដល់យើង តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ស្នាព្រះហស្តទាំងអស់ត្រូវតែលុតជង្គុងចុះនៅចំពោះទ្រង់ ហើយសរសើរពី សេចក្តីស្រឡាញ់របស់ទ្រង់ ដែលបានប្រទានសេចក្តីអត់ទោសអំពើបាបដល់យើង ដោយការបន្ទាបអង្គទ្រង់ដូចជាស្នាព្រះហស្តមួយ ទោះបើទ្រង់គឺជាព្រះអាទិករក៏ដោយ។ ដូច្នេះហើយបានជាស្នាព្រះហស្តទាំងអស់គួរតែប្រកាសថា ទ្រង់គឺជាព្រះអង្គសង្រ្គោះពិតរបស់ខ្លួន។ ទ្រង់បានធ្វើឲ្យយើងប្រកាសថា ទ្រង់មិនគ្រាន់តែជាព្រះអម្ចាស់នៃស្នាព្រះហស្តទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រះ អម្ចាស់នៃសេចក្តីសុចរិតបំផុតរបស់យើងផងដែរ។
យើងដែលជឿលើព្រះ និងបានទទួលការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ត្រូវតែជឿថា «ព្រះគឺជាម្ចាស់ពិតប្រាកដតែមួយគត់របស់ខ្ញុំ» ហើយមានសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងចិត្តរបស់យើង។ យើងត្រូវតែមានជំនឿថា ម្ចាស់របស់យើងមិនមែនជាខ្លួនយើងទេ តែជាព្រះយេស៊ូវគ្រីស្ទវិញ ដែលបានបង្កើត និងសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ ហើយយើងត្រូវតែមានជំនឿថា ទ្រង់គឺជាម្ចាស់ ដែលធ្វើឲ្យយើងរស់នៅក្នុងជីវិតថ្មីដែលមានព្រះពរ ហើយរៀបចំគ្រប់យ៉ាងសម្រាប់យើង និងធ្វើការសម្រាប់យើង។ 
មានមនុស្សជាច្រើន ដែលមិនចង់ផ្លាស់ប្តូរម្ចាស់ទេ បន្ទាប់ពីបានកើតជាថ្មីហើយ។ ហើយក៏មានមនុស្សជាច្រើន ដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធហើយ ប៉ុន្តែនៅតែចង់ធ្វើជាម្ចាស់លើខ្លួនឯងដដែល។ ជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធគឺជាជីវិតនៃការដើរតាមព្រះ។ យើងមិនអាចទទួលបានជីវិតបែបនេះក្នុង រយៈពេលតែមួយថ្ងៃបានឡើយ ប៉ុន្តែនៅពេលយើងជឿថា ព្រះយេស៊ូវគឺជាម្ចាស់នៃជីវិតរបស់យើង និងជាព្រះអង្គដែលបានបង្កើតយើង និងស្នាព្រះហស្តទាំងអស់នៅក្នុងសកលលោកនេះ យើងអាចទទួលបានជីវិតនេះហើយ។ យើងត្រូវមានជំនឿ ដើម្បីបម្រើព្រះយេស៊ូវដ៏ជាព្រះអម្ចាស់របស់យើង ជាម្ចាស់ និងជាព្រះ ដែលបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ហើយបានប្រទានជីវិតអស់កល្បជានិច្ចនៅក្នុងនគរស្ថានសួគ៌ដល់យើង។
យើង ត្រូវចងចាំសេចក្តីនេះនៅក្នុងចិត្តរបស់យើង។ មនុស្សជាច្រើនរស់នៅធ្វើជាម្ចាស់លើខ្លួនឯង ដោយការពារ និងរក្សាការគ្រប់គ្រងលើជីវិតខ្លួនឯង។ ប៉ុន្តែឥឡូវនេះ គឺជាពេលវេលាផ្លាស់ប្តូរម្ចាស់ហើយ។ ឥឡូវនេះ យើងបានក្លាយជាមនុស្សដែលស្គាល់ព្រះ ហើយម្ចាស់ដ៏ធំបំផុតរបស់យើងគឺជាព្រះអម្ចាស់។ 
យើងទំាងអស់គ្នា មានបាបនៅក្នុងចិត្តបស់ខ្លួន ហើយគួរតែទទួលការកាត់ទោស និងទម្លាក់ទៅក្នុងស្ថាននរកសម្រាប់អំពើរំលងរបស់យើង។ ប៉ុន្តែយើងស្វែងរកព្រះឃើញ តាមរយៈជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ព្រះស្រឡាញ់យើងខ្លាំងណាស់ ដែលទ្រង់បានយាងមកលោកិយនេះ បានដោះអំពើបាបទាំងអស់របស់យើងចេញ ដោយការទទួលបុណ្យជ្រមុជពីលោក យ៉ូហាន និងការសុគតនៅលើឈើឆ្កាង ដើម្បីធ្វើជាព្រះអង្គសង្រ្គោះពិតរបស់យើង។ ហើយតាមរយៈជំនឿរបស់យើងលើព្រះ យើងបានសង្រ្គោះចេញពីអំពើបាបរបស់យើងហើយ។ នៅក្នុងន័យផ្សេង យើងបានទទួលការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធហើយ។
ព្រះគម្ពីរ និយាយថា «តែបើសិនជាព្រះវិញ្ញាណនៃព្រះសណ្ឋិតក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងវិញ្ញាណវិញ ប៉ុន្តែ បើអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះ គ្រីស្ទ អ្នកនោះមិនមែនជារបស់ផងទ្រង់ទេ» (រ៉ូម ៨:៩)។ នៅពេលយើងបានទទួលសេចក្តីប្រោសលោះរបស់ទ្រង់ ដែលជាការគង់សណ្ឋិតរបស់ព្រះវិញ្ញាណ យើងបានធ្វើជាកូនរបស់ព្រះ។ ព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះរបស់យើង ហើយយើងត្រូវតែដើរនៅក្នុងសេចក្តីសុចរិតរបស់ព្រះ ក្រោមការដឹកនាំរបស់ទ្រង់។ ដើម្បីរស់នៅដូច្នេះ យើងត្រូវតែបោះបង់ភាពជាម្ចាស់លើខ្លួនឯងចោល។ បន្ទាប់ពីយើងបានជួបព្រះយេស៊ូវ និងបានសង្រ្គោះដោយសារទ្រង់ហើយ យើងត្រូវតែទទួលយកទ្រង់ជាម្ចាស់តែមួយគត់របស់យើង។
 
 
យើងត្រូវតែថ្វាយបល្ល័ង្កចិត្តរបស់យើងទៅចំពោះព្រះយេស៊ូវ
 
ប្រសិនបើយើងចាត់ទុកខ្លួនឯងជាម្ចាស់លើជីវិត យើងមិនអាចដើរតាមព្រះអម្ចាស់បានឡើយ។ នៅពេលព្រះបង្គាប់ឲ្យយើងបម្រើទ្រង់ យើងនឹងនិយាយថា «យល់ព្រម» ភ្លាម បើសិនយើងមិនមែនជាម្ចាស់លើជីវិតខ្លួនឯង។ បើមិនដូច្នោះទេ យើងនឹងនិយាយថា «ហេតុអ្វីទូលបង្គំគួរតែធ្វើការនេះសម្រាប់ទ្រង់?» អ្នកដែលជាម្ចាស់លើខ្លួនឯង នឹងបដិសេធធ្វើអ្វីដែលព្រះចង់ឲ្យគាត់ធ្វើ ដោយគិតថា «ទ្រង់គួរតែសុំឲ្យខ្ញុំធ្វើអ្វីដែលទ្រង់ចង់បាន»។ សម្រាប់មនុស្សបែបនេះ ការដឹកនាំរបស់ព្រះគឺជាពាក្យឥតប្រយោជន៍ និងរំខាន។ 
ទោះបីជាយ៉ាងណា ដើម្បីបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវតែស្តាប់តាមបង្គាប់របស់ទ្រង់។ យើងមិនអាចធ្វើជាសត្វគោ ដែលត្រូវបានគេអូសទៅសំឡាប់នោះឡើយ ប៉ុន្តែយើងត្រូវតែស្ម័គ្រចិត្តដើរតាមព្រះវិញ។ យើងត្រូវតែដើរតាមព្រះដ៏ជាព្រះអង្គសង្រ្គោះរបស់យើង ដែលដឹកនាំយើងតាមផ្លូវសុចរិត។ ព្រះគឺជាព្រះអម្ចាស់ ដែលប្រទានសេចក្តីសង្រ្គោះដល់យើង។ បើសិនយើងបម្រើទ្រង់ដែលជាម្ចាស់របស់យើង ហើយអនុញ្ញាតឲ្យទ្រង់គ្រប់គ្រងយើង នោះយើងអាចបានពេញដោយព្រះវិញ្ញាណបរិសុទ្ធបានហើយ។ បើសិនអ្នក និងសមាជិកគ្រួសារបស់អ្នកថ្វាយភាពជាស្តេចទៅចំពោះព្រះយេស៊ូវ ហើយដាក់ទ្រង់នៅលើអ្វីៗទាំងអស់ អ្នកនឹងមានព្រះគុណ និងព្រះពរនៅក្នុងជីវិតរបស់អ្នករាល់គ្នា។
ប្រហែលជាអ្នកបានមើលឃើញរូបភាពមួយ ដែលមានបុរសម្នាក់កំពុងចែវទូកនៅពេលមានព្យុះ ហើយព្រះយេស៊ូវកំពុងតែគង់នៅពីខាងក្រោយគាត់។ នៅពេលយើងកំពុងតែតយុទ្ធជាមួយឧបសគ្គនៅក្នុងជីវិត និងធ្វើការងាររបស់ព្រះអម្ចាស់ គឺពិតជាព្រះ អម្ចាស់យេស៊ូវហើយ ដែលកំពុងតែដឹកនាំ និងកាន់ដៃយើង។ ព្រះដ៏មានអំណាចព្រះចេស្តា គឺជាអង្គដែលគ្រប់គ្រងជីវិតរបស់យើង។ ទ្រង់បានសង្រ្គោះយើងហើយ។ ទ្រង់ការពារយើងពីសាតាំង ដឹកនាំយើង ហើយមានអំណាចគ្រប់គ្រងលើជីវិតរបស់យើង។ 
ដោយសារទ្រង់ធ្វើជាម្ចាស់នៃជីវិតរបស់យើង ទ្រង់អាចគ្រប់គ្រង និងប្រទានពរដល់យើង។ ប៉ុន្តែបើសិនយើងមិនទទួលស្គាល់ទ្រង់ជាម្ចាស់របស់យើងទេ នោះទ្រង់មិនអាចបំពេញតួនាទីគ្រប់គ្រងយើងបានឡើយ។ ដោយសារទ្រង់គឺជាព្រះមានបុគ្គលិកលក្ខណះ ទ្រង់មិនបង្ខំយើងឲ្យស្តាប់តាមបំណងព្រះហឫទ័យទ្រង់ឡើយ។ ទោះបីជាទ្រង់គឺជាព្រះដ៏មានព្រះចេស្តា ទ្រង់មិនធ្វើអ្វីមួយសម្រាប់យើងទេ លុះត្រាតែយើងស្ម័គ្រចិត្តបម្រើទ្រង់ ទទួលយកទ្រង់ធ្វើជាម្ចាស់ និងសុំជំនួយពីទ្រង់។ 
 
 
ចូរផ្ទេរគ្រប់ការទាំងអស់ទៅលើទ្រង់
 
ចូរផ្ទេរការទាំងអស់ទៅលើទ្រង់ ដើម្បីឲ្យទ្រង់អាចធ្វើជាម្ចាស់លើជីវិតរបស់យើងបាន។ ចូរបម្រើទ្រង់ និងទទួលស្គាល់ថា ទ្រង់គឺជាម្ចាស់របស់យើង។ ដោយសារយើងមិនគ្រប់លក្ខណ៍ យើងត្រូវតែផ្ទេរគ្រប់ការទាំងអស់ទៅលើទ្រង់ ហើយផ្ទេរទំនួលខុសត្រូវទាំងអស់ទៅលើទ្រង់ផងដែរ។ កាលណាយើងថ្វាយក្រុមគ្រួសារ ជីវិតប្រចាំថ្ងៃ និងគ្រប់យ៉ាងរបស់យើងទៅចំពោះទ្រង់ យើងនឹងទទួលបានប្រាជ្ញាពីព្រះ ហើយអាចដោះស្រាយបញ្ហាផ្សេងៗបាន ដោយជំនឿ និងអំណាច ដែលព្រះបានប្រទានឲ្យយើង។ 
ដូច្នេះ បញ្ហាទាំងឡាយរបស់យើងក្លាយជាបញ្ហារបស់ម្ចាស់របស់យើង ដែលមានន័យថា បើសិនយើងដើរតាមព្រះយេស៊ូវដ៏ជាព្រះមានអំណាចព្រះចេស្តា ទ្រង់នឹងទទួលខុសត្រូវចំពោះយើង។ យើងនឹងអាចរស់នៅក្នុងជីវិតមួយពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយមានសន្តិភាពពីទ្រង់។ ក្នុងនាមជាគ្រីស្ទបរិស័ទស្មោះត្រង់ យើងត្រូវតែលុតជង្គុងចុះនៅចំពោះព្រះ ទទួលស្គាល់ទ្រង់ជាម្ចាស់ និងបម្រើទ្រង់។
ចូរយើងពិនិត្យមើលអ្វីដែល ភីលីព ៣:៣ និយាយអំពីជំនឿ ដែលយើងត្រូវតែមាន ដើម្បីរស់នៅក្នុងជីវិតមួយពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ «ដ្បិតយើងរាល់គ្នាដែលបំរើព្រះដោយវិញ្ញាណ ហើយអួតពីព្រះគ្រីស្ទយេស៊ូវ ឥតទុកចិត្តនឹងសាច់ឈាមឡើយ នោះយើងជាពួកកាត់ស្បែកដ៏ពិត។» នៅទីនេះ «ពួកកាត់ស្បែកដ៏ពិត» មានន័យថា មនុស្សដែលថ្វាយបង្គំព្រះ ដោយវិញ្ញាណ អំណរនៅក្នុងព្រះគ្រីស្ទ ហើយមិនមានទំនុកចិត្តលើសាច់ឈាម។
រស់នៅដោយការកាត់ស្បែក មានន័យថា កាត់ផ្តាច់អំពើបាបទាំងអស់នៅក្នុងចិត្ត ហើយផ្ទេរវាទៅលើព្រះយេស៊ូវ ដែលបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ អ្នកដែលព្រះវិញ្ញាណដឹកនាំ ជំពាក់ព្រះវិញ្ញាណនូវជីវិតរបស់ខ្លួន។ ពួកគេបម្រើព្រះ និងមានអំណរនៅក្នុងព្រះគ្រីស្ទ ដោយនិយាយថា «ព្រះយេស៊ូវបានដឹកនាំខ្ញុំឲ្យរស់នៅក្នុងជីវិតមានសិរីល្អនេះ។ ទ្រង់បានរាប់ខ្ញុំជាសុចរិត ហើយប្រទានពរដល់ខ្ញុំ។ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវព្រះគុណទាំងអស់ ដែលខ្ញុំត្រូវការ ដើម្បីបម្រើទ្រង់»។ សាវកប៉ុលបាននិយាយថា «ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះចុះ» (១កូរិនថូស ១០:៣១)។ 
ភីលីព ៣:១៣-១៤ និយាយថា «បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានសេចក្តីនេះ១ គឺថា ខ្ញុំភ្លេចសេចក្តីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត ទាំងរត់ដំរង់ទៅឯទី ដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវ»។ ព្រះបានប្រាប់យើងឲ្យបំភ្លេចការទាំងអស់ពីអតីតកាល ហើយឈោងចាប់គោលដៅរបស់យើង។ ដោយមិនគិតពីទង្វើល្អ ឬទង្វើអាក្រក់របស់យើង យើងត្រូវតែបំភ្លេចការទាំងអស់ដែលនៅពីក្រោយយើង ហើយព្យាយាមឈោងចាប់ការទាំងអស់ដែលនៅខាងមុខយើង និងឆ្ពោះទៅដល់គោលដៅរបស់យើង។ គោលដៅរបស់យើង គឺត្រូវបម្រើបំណងព្រះហឫទ័យទ្រង់ ដោយជំនឿ។
ដោយសារតែយើងមិនគ្រប់លក្ខណ៍ យើងតែងតែធ្លាក់ចុះ នៅពេលយើងប្រឈមនឹងសេចក្តីល្បួងរបស់សាច់ឈាម។ ប៉ុន្តែ ដោយការសម្លឹងមើលទៅឯព្រះដោយជំនឿ យើងអាចបោះបង់ភាពខ្សោយ និងសេចក្តីទុច្ចរិតទាំងឡាយរបស់យើងចោលបាន។ នៅពេលព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងបានសុគតនៅលើឈើឆ្កាង អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើទ្រង់។ ហើយនៅពេលទ្រង់បានធ្វើជាព្រះអង្គសង្រ្គោះរបស់យើង តាមរយៈការមានព្រះជន្មរស់ពីសុគតឡើងវិញ ទ្រង់បានប្រទានជីវិតថ្មីមួយដល់យើង តាមរយៈជំនឿរបស់យើងលើ ទ្រង់។ ដូច្នេះ យើងត្រូវតែបោះបង់ចោលនូវការទាំងអស់ដែលនៅពីក្រោយយើង ឈោងចាប់ការទាំងអស់ដែលនៅពីមុខយើង ហើយឆ្ពោះតម្រង់ទៅឯគោលដៅរបស់យើង។ 
 
 
រក្សាជីវិតមួយពេញដោយព្រះវិញ្ញាណបរិសុទ្ធ
 
យើង ត្រូវតែឈោងចាប់ការទាំងអស់ ដែលនៅខាងមុខយើង ហើយឆ្ពោះទៅកាន់គោលដៅធំជាង។ ខ្ញុំសង្ឃឹមថា អ្នកអាចបំភ្លេចការទាំងអស់ពីអតីតកាល ឲ្យបានឆាប់តាមដែលអាចធ្វើបាន បើសិនវាជាបន្ទុកដល់អ្នក។ មានការជាច្រើន ដែលយើងមិនអាចធ្វើបាន ដោយសារតែភាពខ្សោយរបស់យើង ប៉ុន្តែអ្វីដែលសំខាន់នោះគឺមាននៅពេលអនាគត។ ដោយសារអនាគតសំខាន់ជាង យើងត្រូវតែថ្វាយភាពជាស្តេចទៅចំពោះព្រះយេស៊ូវ តាមរយៈជំនឿ ហើយអនុញ្ញាតឲ្យទ្រង់ដឹកនាំយើង។ ហើយយើងត្រូវតែអនុញ្ញាតឲ្យទ្រង់សម្រេចពីរបៀបដែលយើងនឹងរស់នៅ ក្នុងពេលអនាគត ហើយធ្វើអ្វីដែលផ្គាប់ព្រះហឫទ័យទ្រង់។
 
 
យើងត្រូវតែរស់នៅដូចជាពួកសិស្ស
 
យើង អាចមានជីវិតមួយពេញដោយព្រះវិញ្ញាណបរិសុទ្ធបាន លុះត្រាតែយើងរឹងមាំនៅក្នុងជំនឿលើការអត់ទោសអំពើបាប។ ចំណុចនេះមានសារៈសំខាន់ខ្លាំងណាស់។ ចូរយើងពិនិត្យមើល ២ធីម៉ូថេ ២:១-១០។ «ដូច្នេះ កូនអើយ ចូរមានកំឡាំងឡើងដោយសារព្រះគុណ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ឯអស់ទាំងសេចក្តីដែលអ្នកបានឮអំពីខ្ញុំ នៅមុខស្មរបន្ទាល់ជាច្រើន នោះក៏ត្រូវផ្ញើទុកនឹងមនុស្សស្មោះត្រង់ ដែលអាចនឹងបង្វឹកបង្រៀនតទៅអ្នកឯទៀតដែរ ដូច្នេះ ចូរឲ្យអ្នកទ្រាំទ្រទុក្ខលំបាក ដូចជាទាហានយ៉ាងល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ ធម្មតាដែលធ្វើទាហាន នោះមិនដែលជាប់ទាក់ទិននឹងការក្នុងជីវិតនេះទៀតទេ គឺដើម្បីឲ្យបានគាប់ចិត្តដល់អ្នក ដែលកេណ្ឌខ្លួនទៅនោះវិញ ហើយបើអ្នកណាប្រយុទ្ធគ្នាក្នុងព្រ័ត្រ នោះមិនបានពាក់ភួងជ័យទេ លើកតែប្រយុទ្ធតាមច្បាប់វិញ ឯអ្នកធ្វើស្រែ ក៏ត្រូវនឿយហត់ជាមុនដែរ ទើបនឹងទទួលផលបាន ចូរពិចារណាសេចក្តីដែលខ្ញុំប្រាប់ទាំងនេះចុះ ដ្បិតព្រះអម្ចាស់ទ្រង់នឹងប្រទានឲ្យអ្នកមានយោបល់ ក្នុងគ្រប់ការទាំងអស់ ចូរនឹកចាំថា ព្រះយេស៊ូវគ្រីស្ទ ជាព្រះវង្សហ្លួងដាវីឌ ទ្រង់បានរស់ពីស្លាប់ឡើងវិញ តាមដំណឹងល្អដែលខ្ញុំផ្សាយបា្រប់ ហើយខ្ញុំរងទុក្ខ ទាំងជាប់ចំណងដូចជាមនុស្សអាក្រក់ ដោយព្រោះដំណឹងល្អនោះឯង ប៉ុន្តែ ព្រះបន្ទូលមិនបានជាប់ចំណងទេ ហេតុនោះបានជាខ្ញុំទ្រាំទ្រនឹងគ្រប់ការទាំងអស់ ដើម្បីជាប្រយោជន៍ដល់ពួករើសតាំង ឲ្យគេបានសេចក្តីសង្គ្រោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ព្រមទាំងមានសិរីល្អដ៏នៅអស់កល្បជានិច្ចផង។» សាវកប៉ុលបាននិយាយទៅកាន់ធីម៉ូថេ ដូចដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់យើងថា «ដូច្នេះ កូនអើយ ចូរមានកំឡាំងឡើងដោយសារព្រះគុណ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ឯអស់ទាំងសេចក្តីដែលអ្នកបានឮអំពីខ្ញុំ នៅមុខស្មរបន្ទាល់ជាច្រើន នោះក៏ត្រូវផ្ញើទុកនឹងមនុស្សស្មោះត្រង់ ដែលអាចនឹងបង្វឹកបង្រៀនតទៅអ្នកឯទៀតដែរ»។ 
«ចូរមានកំឡាំងឡើងដោយសារព្រះគុណ» នៅទីនេះ មានន័យថា យើងត្រូវតែពង្រឹងជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយការជឿលើទ្រង់ និងទុកចិត្តទ្រង់។ ព្រះយេស៊ូវគ្រីស្ទបានយាងមកលោកិយនេះ ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ និងបានធ្វើជាព្រះអង្គសង្រ្គោះរបស់យើង។ នេះមានន័យថា យើងគួរតែរឹងមាំនៅក្នុងព្រះគុណនៃព្រះ ហើយអរព្រះគុណដល់ទ្រង់។ ព្រះបានសង្រ្គោះយើង ហើយយើងគួរតែទទួលយកសេចក្តីសង្រ្គោះ តាម រយៈជំនឿ ទុកជាអំណោយទានពីព្រះ។ នេះគឺជាសេចក្តីសង្រ្គោះនៃការអត់ទោសអំពើបាប។ ហើយវាមិនពាក់ព័ន្ធអ្វីនឹងការអធិស្ឋានពេលព្រឹកព្រលឹមជារៀងរាល់ថ្ងៃ ឬការបរិច្ចាគប្រាក់សម្រាប់ការសាងសង់ព្រះវិហារនោះឡើយ។ ការទាំងអស់នេះបង្កគ្រោះថ្នាក់សម្រាប់ការទទួលបានសេចក្តីសង្រ្គោះវិញទេ។
សេចក្តីសង្រ្គោះរបស់យើង តាមរយៈការអត់ទោសអំពើបាប មានន័យថា ព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើង ហើយបន្ទាប់មក បានសុគតនៅលើឈើឆ្កាង ដើម្បីលុបបំបាត់អំពើបាបទាំងអស់របស់យើង ចោល។ គ្រូគង្វាល និងសមាជិកពួកជំនុំទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន ដោយការជឿតាមដំណឹងល្អអំពីសេចក្តីពិត។ អ្នកដែលជឿព្រះយេស៊ូវគ្រីស្ទតាមរបៀបនេះ ដោយអស់ពីចិត្ត ទទួលបានការអត់ទោសអំពើបាប។ ដូច្នេះ យើងអាចមានទំនុកចិត្តនៅក្នុងព្រះគុណនៃសេចក្តីសង្រ្គោះ និងពង្រឹងជំនឿរបស់យើងបាន។
ប្រសិនបើយើងចង់បានជីវិតមួយពេញដោយព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវតែរឹងមាំនៅក្នុងជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ មានផ្នែកផ្សេងៗនៅក្នុងជីវិតរបស់យើង ដែលយើងមិនអាចថ្លឹងថ្លែងបាន ហើយរួមទាំងភាពខ្សោយរបស់យើងផងដែរ។ ដូច្នេះហើយបានជាយើងគួរតែមានភាពរឹងមាំនៅក្នុងព្រះគុណនៃសេចក្តីសង្រ្គោះ។ គ្រប់ពេលដែលកំហុសរបស់យើងលេចមក យើងត្រូវតែឆ្លុះបញ្ចាំងពីជំនឿរបស់យើង ដោយនិយាយទៅកាន់ខ្លួនឯងថា «ព្រះបានសង្រ្គោះខ្ញុំហើយ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយព្រះយេស៊ូវបានអត់ទោសឲ្យអំពើបាបទាំងអស់របស់ខ្ញុំរួចហើយ តាមរយៈទឹក និងព្រះវិញ្ញាណ»។ យើងបានរាប់ជាសុចរិត ដោយការជឿតាមដំណឹងល្អ ហើយពង្រឹងខ្លួនឯង ដោយការមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ យើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ហើយបានរឹងមាំ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយយើងបានក្លាយជាមនុស្សដែលមានព្រះពរ តាមរយៈជំនឿ។ 
សាវកប៉ុល បាននិយាយថា «ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះចុះ» (១កូរិនថូស ១០:៣១)។ ចំណុចនេះសំខាន់ខ្លាំងណាស់។ វាមានន័យថា យើងត្រូវតែថ្វាយជីវិតរបស់យើងទៅចំពោះព្រះ។ «ទោះបើស៊ី ឬផឹក» យើងគួរតែបរិភោគ ផឹក ហើយរឹងមាំសម្រាប់ព្រះ ដើម្បីធ្វើការងាររបស់ទ្រង់។ យើងគួរតែបរិភោគអាហារល្អៗ ដើម្បីប្រកាសដំណឹងល្អ។
«ធម្មតាដែលធ្វើទាហាន នោះមិនដែលជាប់ទាក់ទិននឹងការក្នុងជីវិតនេះទៀតទេ គឺដើម្បីឲ្យបានគាប់ចិត្តដល់អ្នក ដែលកេណ្ឌខ្លួនទៅនោះវិញ» (២ធីម៉ូថេ ២:៤)។ អ្នកគួរតែមានជីវិតមួយពេញដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីប្រកាសដំណឹងល្អ។ យើងអាចមានជីវិតស្មោះត្រង់មួយបាន នៅពេលយើងរស់នៅសម្រាប់ការប្រកាសដំណឹងល្អ។ អស់អ្នកដែលមានជីវិតស្មោះត្រង់បែបនេះ បានពេញដោយព្រះវិញ្ញាណបរិសុទ្ធហើយ។ យើងទាំងអស់គ្នាគួរតែខិតខំរស់នៅដោយពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ សូម្បីតែតង្វាយដែលអ្នកបានខិតខំធ្វើការដើម្បីទទួលបាន ក៏គួរតែត្រូវបានប្រើសម្រាប់ដំណឹងល្អផងដែរ។
ប្រសិនបើអ្នកចង់រក្សាជីវិតមួយពេញដោយព្រះវិញ្ញាណបរិសុទ្ធ អ្នកត្រូវតែថ្វាយខ្លួនឯងទៅចំពោះព្រះអម្ចាស់ បម្រើការងាររបស់ព្រះ ប្រើប្រាស់ប្រាក់កាសរបស់អ្នកសម្រាប់ដំណឹងល្អ ហើយចែករំលែកអំណរ និងទុក្ខលំបាករបស់អ្នកជាមួយព្រះ។ ហើយបើសិនយើងចង់មានជីវិតបែបនេះ យើងត្រូវតែរស់នៅជាមួយនឹងឆន្ទះរឹងមាំ ដើម្បីបម្រើដំណឹងល្អ។ 
មនុស្សជាច្រើន បានរស់នៅសម្រាប់តែខ្លួនឯង រហូតមកដល់ពេលនេះ។ ពួកគេបានសង់ជញ្ជាំង ហើយខិតខំបង្កើនទ្រព្យសម្បត្តិសម្រាប់ខ្លួនឯង ដោយការធ្វើជាម្ចាស់លើខ្លួនឯង។ ប៉ុន្តែឥឡូវនេះ យើងត្រូវតែរស់នៅសម្រាប់ព្រះវិញ។ យើងត្រូវតែទទួលយកព្រះជាម្ចាស់តែមួយគត់របស់យើង។ ព្រះអម្ចាស់មានបន្ទូលថា «ធម្មតាដែលធ្វើទាហាន នោះមិនដែលជាប់ទាក់ទិននឹងការក្នុងជីវិតនេះទៀតទេ គឺដើម្បីឲ្យបានគាប់ចិត្តដល់អ្នក ដែលកេណ្ឌខ្លួនទៅនោះវិញ»។ ការរស់នៅក្នុងជីវិតជាទាហានល្អមានន័យថា ការគោរពតាមច្បាប់។ ព្រះអម្ចាស់ដោះស្រាយបញ្ហារបស់យើងសម្រាប់យើង ការពារយើង ហើយដឹកនាំយើង បើសិនយើងរស់នៅសម្រាប់ទ្រង់ និងធ្វើជាទាហានស្មោះត្រង់របស់ទ្រង់។ ទ្រង់ប្រាប់យើងឲ្យស្វែងរកនគរព្រះ និងសេចក្តីសុចរិតរបស់ទ្រង់ជាមុន (ម៉ាថាយ ៦:៣៣)។ 
គ្មានអ្វីខុសនៅក្នុងព្រះបន្ទូលព្រះឡើយ។ បើសិនយើងដើរតាមទ្រង់ យើងនឹងស្គាលពីភាពពិតប្រាកដនៃព្រះបន្ទូលទ្រង់។ ប៉ុន្តែសូមចងចាំថា ជាដំបូង អ្នកត្រូវតែមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់អ្នកសិន។ មនុស្សដែលមិនមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនអាចថ្វាយបល្ល័ង្កចិត្តរបស់ខ្លួនទៅចំពោះព្រះបានឡើយ។ ប៉ុន្តែមនុស្សដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ អាចថ្វាយបល្ល័ង្កចិត្តរបស់ខ្លួនទៅចំពោះព្រះ ហើយទទួលបានភាពពេញនៃព្រះវិញ្ញាណបរិសុទ្ធ សុភមង្គល និងសេចក្តីសុខសាន្តនៅក្នុងចិត្តរបស់ខ្លួនបាន។ 
ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ នឹងកើតឡើងចំពោះអ្នក បើសិនអ្នកគ្រាន់តែយល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ។ បើសិនអ្នកចង់ទទួលបានភាពពេញលេញនៃព្រះវិញ្ញាណបរិសុទ្ធ និងជីវិតពេញដោយព្រះពរ អ្នកគួរតែបម្រើព្រះជាស្តេច និងរស់នៅសម្រាប់ប្រយោជន៍នៃនគរបស់ព្រះ។ បន្ទាប់មក អ្នកនឹងបានពេញដោយព្រះវិញ្ញាញបរិសុទ្ធ ហើយជីវិតរបស់អ្នកនឹងបានចម្រុងចម្រើន និងបរិបូរ ពីព្រោះអ្នកបានធ្វើជាកូននៅក្នុងនគរព្រះ។ 
ខ្ញុំ បានចែកចាយព្រះរាជសារ ដែលមនុស្សដែលបានទទួលសេចក្តីសង្រ្គោះចេញពីអំពើបាប និងការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយការជឿលើព្រះអម្ចាស់ គួរតែមានជីវិតមួយពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំបានផ្តល់អត្ថន័យដល់ជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយបានពន្យល់ពីរបៀបរក្សាជីវិតបែបនេះ។ ខ្ញុំក៏បានពន្យល់ផងដែរថា ដោយជំនឿ អ្នកត្រូវតែថ្វាយបល្ល័ង្កចិត្តរបស់អ្នកទៅចំពោះព្រះអម្ចាស់ ហើយដោយជំនឿ អ្នកត្រូវតែបម្រើទ្រង់ និងរក្សាជីវិតឲ្យបានពេញដោយព្រះវិញ្ញាណ បរិសុទ្ធ។ 
ជាថ្មីម្តងទៀត សម្រាប់អ្នកដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ការបានកើតជាថ្មីមិនទាន់បានបញ្ចប់ទេ។ គាត់ត្រូវតែបន្តរស់នៅក្នុងជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធទៀត។ យើងគួរតែដឹង និងជឿថា វិញ្ញាណ និងសាច់ឈាមរបស់យើងអាចទទួលបានព្រះពរបាន លុះត្រាតែយើងមានជីវិតបែបនេះ។
ជីវិតបែបនេះ មិនកើតមានដោយខ្លួនឯងទេ។ វាអាចកើតឡើងបាន លុះត្រាតែយើងជឿលើព្រះអម្ចាស់ជាម្ចាស់របស់យើង ហើយយកទ្រង់ជាទីមួយនៅក្នុងចិត្តរបស់យើង។ ព្រះបានសង្រ្គោះយើង ហើយបានប្រទានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធដល់យើងរួចហើយ គឺជីវិតដែលបម្រើដំណឹងល្អ។ ទ្រង់ក៏បានប្រទានឲ្យយើងនូវការងារ និងតួនាទីរបស់ទ្រង់ ដើម្បីធ្វើការងាររបស់ទ្រង់ផងដែរ។ ដូច្នេះ យើងគួរតែរក្សាជីវិតរបស់យើងឲ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ។
អ្នក គួរតែថ្វាយខ្លួនអ្នកទៅចំពោះទ្រង់ ហើយរស់នៅសម្រាប់ទ្រង់។ ចូរបម្រើទ្រង់ ដោយការប្រកាសដំណឹងល្អពិតចុះ។ នោះចិត្តរបស់អ្នកនឹងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយសេចក្តីសុខសាន្ត និងព្រះគុណនឹងហូរចេញពីអ្នក។ នៅថ្ងៃទ្រង់យាង ត្រឡប់មកវិញ អ្នកនឹងទទួលបានព្រះពរ ឈរនៅចំពោះព្រះដោយមានមោទនភាព និងទទួលបានរង្វាន់ពីទ្រង់។ អ្នក និងខ្ញុំគួរតែចង់បានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ យើងគួរតែខិតខំរស់នៅក្នុងជីវិតបែបនេះ តាមរយៈជំនឿ។ នេះហើយគឺជារបៀបដែលយើងអាចរក្សាជីវិតរបស់យើងឲ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ 
តើអ្នកបានថ្វាយបល្ល័ង្កចិត្តរបស់អ្នកទៅចំពោះព្រះអម្ចាស់ ដើម្បីមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ? ខ្ញុំសង្ឃឹមថា អ្នកនឹងអនុញ្ញាតឲ្យទ្រង់មានតួនាទីខ្ពស់បំផុតនៅក្នុងចិត្តរបស់អ្នក។ អ្នកត្រូវតែមានឆន្ទះរស់នៅក្នុងជីវិតមួយពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ ហើយបន្ទាប់មក ទ្រង់ពិតជានឹងប្រទានពរដល់អ្នក ដើម្បីឲ្យអ្នកមានជីវិតមួយពេញដោយព្រះវិញ្ញាណបរិសុទ្ធ។