Search

សេចក្តីអធិប្បាយ

Subject 8 : ព្រះវិញ្ញាណបរិសុទ្ធ

[8-12] ធ្វើឲ្យជីវិតរបស់អ្នកបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ (ទីតុស ៣:១-៨)

(ទីតុស ៣:១-៨)
«ចូររំឭកគេ ឲ្យចុះចូលនឹងពួកនាម៉ឺន ហើយនិងពួកមានអំណាចទាំងអស់ ព្រមទាំងស្តាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងសំដែងសេចក្តីសុភាពគ្រប់យ៉ាង ដល់មនុស្សទាំងអស់ផង ដ្បិតពីដើម យើងរាល់គ្នាក៏ជាមនុស្សឥតប្រាជ្ញា រឹងចចេស ហើយវង្វេងដែរ ទាំងបំរើសេចក្តីប៉ងប្រាថ្នា និងសេចក្តីសំរើបផ្សេងៗ ទាំងរស់នៅដោយសេចក្តីគំរក់ និងសេចក្តីឈ្នានីស យើងក៏គួរខ្ពើម ហើយបានស្អប់គ្នាទៅវិញទៅមកដែរ តែកាលសេចក្តីសប្បុរស របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង និងសេចក្តីស្រឡាញ់ របស់ទ្រង់ដល់មនុស្ស បានលេចមកឲ្យឃើញ នោះទ្រង់បានជួយសង្គ្រោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្តីមេត្តាករុណារបស់ទ្រង់វិញ ដោយសារការសំអាតនៃសេចក្តីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញ នៃព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានចាក់មកលើយើងជាបរិបូរ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង ដើម្បីកាលណាយើងបានរាប់ជាសុចរិត ដោយសារព្រះគុណទ្រង់ នោះឲ្យយើងបានត្រឡប់ជាអ្នកគ្រងមរដក តាមសេចក្តីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច ពាក្យនេះគួរជឿ ហើយខ្ញុំចង់បញ្ជាក់អ្នក ពីសេចក្តីទាំងនេះឲ្យច្បាស់ ដើម្បីឲ្យពួកអ្នកដែលបានជឿដល់ព្រះ បានខំប្រឹងនឹងធ្វើការល្អអស់ពីចិត្ត នោះទើបល្អ ហើយមានប្រយោជន៍ដល់មនុស្ស។»
 
 
តើយើងអាចមានជីវិត ពេញដោយព្រះវិញ្ញាណបរិសុទ្ធ បានដោយរបៀបណា?
យើងគួរតែយល់ពីបំណងព្រះហឫទ័យព្រះ ហើយប្រកាសដំណឹងល្អ

អ្នកដែលជឿលើព្រះយេស៊ូវ និងមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ត្រូវតែមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ សម្រាប់គ្រីស្ទបរិស័ទ ជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធគឺជាអ្វីដែលព្រះតម្រូវឲ្យមាន។ ហើយយើងត្រូវតែធ្វើតាមបង្គាប់របស់ ទ្រង់។ ដូច្នេះ តើយើងអាចមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធបានដោយរបៀបណា? យើងត្រូវតែយកចិត្តទុកដាក់ចំពោះអ្វីដែលសាវកប៉ុលបាននិយាយអំពីនេះ។
 
 
តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ
 
សាវកប៉ុល បាននិយាយនៅក្នុង ទីតុស ៣:១ ថា «ចូររំឭកគេ ឲ្យចុះចូលនឹងពួកនាម៉ឺន ហើយនិងពួកមានអំណាចទាំងអស់ ព្រមទាំងស្តាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ»។ ជាដំបូង គាត់បានប្រាប់យើងឲ្យចុះចូលចំពោះពួកអ្នកគ្រប់គ្រង និងអាជ្ញាធរ ស្តាប់បង្គាប់ ហើយត្រៀមខ្លួនធ្វើគ្រប់ទាំងការល្អ។ អ្វីដែលគាត់ចង់មានន័យគឺថា យើងមិនអាចមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធទេ បើសិនយើងមិនគោរពតាមច្បាប់នៅក្នុងពិភពលោកនេះ។ ពិតណាស់ថា បើសិនពួកអ្នកដឹកនាំនៅក្នុងពិភពលោកនេះ និងច្បាប់ប្រឆាំងនឹងសេចក្តីពិត យើងមិនគួរស្តាប់បង្គាប់តាមពួកគេឡើយ។ ប៉ុន្តែបើសិនច្បាប់មិនប្រឆាំងនឹងជំនឿរបស់យើងទេ យើងត្រូវតែគោរពតាម ដើម្បីបម្រើដំណឹងល្អដោយសន្តិភាព។
យើង គឺជាមនុស្សដែលបានទទួលការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ តើយើងអាចមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធបានយ៉ាងដូចម្តេច បើសិនយើងបានបំពានច្បាប់នៅក្នុងលោកិយនេះ? ដូច្នេះ ដើម្បីមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវតែគោរពតាមច្បាប់នៅក្នុងលោកិយនេះ។ ហើយអ្នកដែលបានទទួលការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ត្រូវតែគោរពតាមបទដ្ឋានសង្គម ពីព្រោះយើងអាចដើរជាមួយព្រះបាន លុះត្រាតែយើងគោរពតាមច្បាប់នៅក្នុងលោកិយនេះ។ 
ឧបមាថា គ្នាយើងម្នាក់បានប្រព្រឹត្តបទឧក្រិដ្ឋមួយ នៅតាមផ្លូវមកព្រះវិហារ។ តើគាត់នឹងអាចបម្រើព្រះអម្ចាស់ដោយស្រួលចិត្តដែរឬទេ? ហើយបើសិនគាត់បានរស់នៅក្រៅច្បាប់ តើគាត់នឹងអាចរស់នៅតាមសេចក្តីបង្រៀនរបស់ព្រះអម្ចាស់បានយ៉ាងដូចម្តេចទៅ? ដូច្នេះ យើងមិនត្រូវបំពានបទដ្ឋានសង្គមទេ ខណៈដែលកំពុងដើរនៅក្នុងព្រះវិញ្ញាណ។ គ្មានអ្វីល្អ ដែលចេញមកពីការបំពានច្បាប់ឡើយ។ យើងត្រូវតែថែរក្សាសន្តិភាព ដោយការគោរពតាមច្បាប់។ យើងត្រូវតែខិតខំរស់នៅក្នុងជីវិតសុចរិត ខណៈដែលកំពុងតែប្រកាសដំណឹងល្អ។ ដូច្នេះ ដើម្បីមានភាពពេញលេញនៃព្រះវិញ្ញាណបរិសុទ្ធ ពួកបរិសុទ្ធត្រូវតែគោរពច្បាប់នៅក្នុងសង្គម។
 
 
យើងត្រូវតែមានសេចក្តីសុភាពនៅក្នុងចិត្តរបស់យើង
 
សាវកប៉ុល បាននិយាយថា «មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងសំដែងសេចក្តីសុភាពគ្រប់យ៉ាង ដល់មនុស្សទាំងអស់ផង»។ ដើម្បីមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ យើងមិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកទេ តែត្រូវមានចិត្តស្លូតបូត និងសេចក្តីសុភាពវិញ។ 
នៅក្នុងចិត្តរបស់អ្នកដែលបានកើតជាថ្មី មានសេចក្តីសុភាព សេចក្តីស្លូតបូត និងការគ្រប់គ្រងខ្លួនឯង។ ពួកគេអាចធ្វើការទាំងនេះបាន ពីព្រោះព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងពួកគេ។ សាវក ប៉ុលបានប្រាប់យើងថា យើងមិនត្រូវបង្អាក់ដំណឹងល្អ ដោយការឈ្លោះប្រកែកគ្នាទៅវិញទៅមកឡើយ។ ពិតណាស់ថា យើងត្រូវតែប្រឆាំង នៅពេលច្បាប់សង្គមប្រឆាំងនឹងដំណឹងល្អរបស់យើង។ ប៉ុន្តែបើសិនច្បាប់សង្គមមិនប្រឆាំងនឹងដំណឹងល្អទេ យើងត្រូវតែរស់នៅដោយសន្តិភាពវិញ។ យើងត្រូវតែធ្វើឲ្យអ្នកដទៃគិតអំពីយើងថា «នៅពេលខ្លះ ទោះបីជាគាត់អាក្រក់ដូចជាសត្វតោមែន ប៉ុន្តែគាត់ពិតជាសុភាពដូចជាសត្វព្រាប។ ហើយជំនឿគ្រីស្ទបរិស័ទរបស់គាត់ធ្វើឲ្យគាត់មានភាពគួរសម និងចេះគិតគូពីអ្នកដទៃ»។ 
មិនមានចិត្តស្លូតបូត ឬសេចក្តីសុភាពនៅក្នុងសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមឡើយ។ ប៉ុន្តែតាមរយៈការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ និងតាមរយៈព្រះអម្ចាស់ដែលបានសង្រ្គោះយើងចេញពីអំពើបាប យើងអាចស្លូតបូតចំពោះអ្នកដទៃបាន។ ការអត់ទោសដល់មនុស្សម្នាក់ដែលបានធ្វើខុសចំពោះខ្ញុំ គឺជា «ការអត់ទោស» ពិតប្រាកដ ហើយការប្រព្រឹត្តជាមួយគាត់ដោយសេចក្តីសុភាពចេញពីចិត្តរបស់ខ្ញុំ គឺជា «សេចក្តីសុភាព» ពិតប្រាកដ។ វាមិនមែនជាសេចក្តីសុភាពសម្រាប់ខ្ញុំ ក្នុងការធ្វើពុតជាចិត្តល្អចំពោះអ្នកដទៃ នៅពេលខ្ញុំពិតជាមានសេចក្តីស្អប់ចំពោះគាត់នោះឡើយ។ ការមានចិត្តពេញដោយសេចក្តីសុភាព និងសេចក្តីអត់ទោស គឺជាសីលធម៌ពីខាងក្នុងរបស់គ្រីស្ទបរិស័ទដែលបានកើតជាថ្មី។ 
យើង ក៏ត្រូវតែមានភាពស្លូតបូតផងដែរ នៅពេលមនុស្សធ្វើខុសចំពោះយើង។ ដរាបណាពួកគេមិនប៉ុនប៉ងបង្អាក់ដំណឹងល្អ យើងត្រូវតែស្លូតបូតចំពោះមនុស្សគ្រប់គ្នា។ ប៉ុន្តែបើសិនពួកគេបង្អាក់ដំណឹងល្អ យើងត្រូវប្តូរពន្លឺនៃភាពស្លូតបូតទៅជាពន្លឺនៃ សេចក្តីពិតវិញ។ ដោយសារភាពស្លូតបូតមានតែនៅក្នុងសេចក្តីពិតរបស់ព្រះប៉ុណ្ណោះ អ្នកដែលប្រឆាំង ជ្រៀតជ្រែក ឬបង្ខូចព្រះបន្ទូលព្រះ មិនសមនឹងទទួលបានភាពស្លូតបូតពីយើងឡើយ។ 
ព្រះ មិនអត់ទោសដល់អ្នកដែលប្រឆាំងនឹងទ្រង់ឡើយ ប៉ុន្តែទ្រង់ធ្វើឲ្យពួកគេសងថ្លៃវិញ។ ព្រះបានប្រាប់លោកអ័ប្រាហាំថា «អញនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរដល់ឯង ហើយនឹងដាក់បណ្តាសាដល់អស់អ្នកណាដែលផ្តាសាឯង គ្រប់ទាំងគ្រួរនៅផែនដីនឹងបានពរដោយសារឯង» (លោកុប្បត្តិ ១២:៣)។ អ្នកដែលប្រឆាំងនឹងដំណឹងល្អអំពីសេចក្តីពិត មិនមានផ្លូវបានសង្រ្គោះឡើយ។ ហើយពួកគេពិតជានឹងមិនអាចគេចចេញពីមហន្តរាយ ដែលនឹងបំផ្លាញជីវិតរបស់ពួកគេ និងកូនចៅរបស់ពួកគេ រហូតដល់បីជំនាន់ឯណោះ។
ហេតុអ្វីយើងត្រូវតែអត់ធ្មត់ និងបន្ទាបខ្លួន? ដូចដែលបាន សរសេរនៅក្នុង ទីតុស ៣:៣ ថា «ដ្បិតពីដើម យើងរាល់គ្នាក៏ជាមនុស្សឥតប្រាជ្ញា រឹងចចេស ហើយវង្វេងដែរ ទាំងបំរើសេចក្តីប៉ងប្រាថ្នា និងសេចក្តីសំរើបផ្សេងៗ ទាំងរស់នៅដោយសេចក្តីគំរក់ និងសេចក្តីឈ្នានីស យើងក៏គួរខ្ពើម ហើយបានស្អប់គ្នាទៅវិញទៅមកដែរ»។ មុនពេលយើងបានកើតជាថ្មី យើងក៏ដូចជាមនុស្សទាំងនេះដែរ។ ដូច្នេះ យើងត្រូវតែអត់ធ្មត់ និងអត់ទោសដល់ពួកគេ ពីព្រោះយើងពីមុនក៏ដូចជាពួកគេដែរ។ 
ទីតុស ៣:៤-៨ និយាយថា «តែកាលសេចក្តីសប្បុរស របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង និងសេចក្តីស្រឡាញ់ របស់ទ្រង់ដល់មនុស្ស បានលេចមកឲ្យឃើញ នោះទ្រង់បានជួយសង្គ្រោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្តីមេត្តាករុណារបស់ទ្រង់វិញ ដោយសារការសំអាតនៃសេចក្តីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញ នៃព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានចាក់មកលើយើងជាបរិបូរ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង ដើម្បីកាលណាយើងបានរាប់ជាសុចរិត ដោយសារព្រះគុណទ្រង់ នោះឲ្យយើងបានត្រឡប់ជាអ្នកគ្រងមរដក តាមសេចក្តីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច ពាក្យនេះគួរជឿ ហើយខ្ញុំចង់បញ្ជាក់អ្នក ពីសេចក្តីទាំងនេះឲ្យច្បាស់ ដើម្បីឲ្យពួកអ្នកដែលបានជឿដល់ព្រះ បានខំប្រឹងនឹងធ្វើការល្អអស់ពីចិត្ត នោះទើបល្អ ហើយមានប្រយោជន៍ដល់មនុស្ស»។
យោងតាមព្រះគម្ពីរ ព្រះមិនបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ដោយសារតែយើងបានធ្វើការល្អនោះឡើយ។ ទ្រង់បានប្រទានដល់យើងនូវព្រះពរនៃការបានកើតជាថ្មី ពីព្រោះទ្រង់បានស្រឡាញ់ និងអាណិតយើង។ នៅក្នុងន័យផ្សេង ព្រះយេស៊ូវគ្រីស្ទបានយាងមកលោកិយនេះ បានទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយបានលាងសម្អាតអំពើបាបទាំងអស់របស់យើង។ ព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយឥឡូវនេះ ទ្រង់គង់នៅខាងស្តាំព្រះវរបិតា។ ដោយការមានព្រះជន្មរស់ពីសុគតឡើងវិញ គ្រប់ទាំងកិច្ចការដែលមិនទាន់បានបញ្ចប់នៅក្នុងលោកិយនេះ ត្រូវបានបញ្ចប់យ៉ាងពេញលេញហើយ។ 
ព្រះ ប្រទានព្រះវិញ្ញាណបរិសុទ្ធដល់យើង តាមរយៈព្រះ យេស៊ូវដ៏ជាព្រះអង្គសង្រ្គោះរបស់យើង។ ដើម្បីអត់ទោសដល់អំពើបាបទាំងអស់របស់យើង ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ហើយបានសុគតនៅលើឈើឆ្កាង។ ឥឡូវនេះ យើងបានសង្រ្គោះ និងបានរាប់ជាសុចរិតហើយ។
ព្រះគម្ពីរ ក៏និយាយផងដែរថា «យើងគួរតែបានត្រឡប់ជាអ្នកគ្រងមរដក តាមសេចក្តីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច»។ នេះមានន័យថា ក្នុងនាមជាអ្នកគ្រងមរដករបស់ព្រះ យើងគឺជាអ្នកដែលបានស្នងមរដក និងសិរីល្អទាំងអស់របស់ទ្រង់។ ដើម្បីអាចមានជីវិតបែបនេះបាន យើងត្រូវតែមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ អ្នកត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់អ្នក ហើយប្រកាសដំណឹងល្អទៅកាន់អ្នកដទៃ។
ដូច្នេះ ដើម្បីទទួលបានការអត់ទោសទៅសម្រាប់អំពើបាបរបស់យើង យើងត្រូវតែធ្វើការសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ ហើយយើងត្រូវតែគោរពច្បាប់សង្គម និងប្រកាសដំណឹងល្អទៅកាន់អ្នកដែលកំពុងតែស្វែងរកព្រះ។ ហើយយើងត្រូវតែអត់ទោសដល់មនុស្សដែលធ្វើខុសចំពោះយើង ហើយប្រព្រឹត្តជាមួយពួកគេដោយសេចក្តីល្អ និងសេចក្តីសុភាព ដើម្បីឲ្យពួកគេមិនអាចជ្រៀតជ្រែកក្នុងការប្រកាសដំណឹងល្អពិតរបស់យើង។ «ការទាំងនេះល្អ ហើយមានផលប្រយោជន៍ដល់មនុស្ស។» បើសិនអ្នកចង់ទទួលបានភាពពេញលេញនៃព្រះវិញ្ញាណបរិសុទ្ធ អ្នកត្រូវតែចងចាំអ្វីដែលសាវកប៉ុលបាននិយាយមកកាន់យើង។ ពាក្យទាំងនេះអាចមិនមានអ្វីពិសេស ប៉ុន្តែពួកវាគឺជាពាក្យសម្តីសំខាន់ខ្លាំងណាស់។
ដោយសារយើងកំពុងតែរស់នៅក្នុងលោកិយនេះ យើងមិនអាចបានពញដោយព្រះវិញ្ញាណបរិសុទ្ធបានឡើយ បើសិនយើងមានជម្លោះជាមួយអ្នកដទៃ ដោយមិនគោរពតាមច្បាប់សង្គម។ ដូច្នេះ យើងត្រូវតែគោរពច្បាប់ បើសិនវាមិនប្រឆាំងនឹងព្រះបន្ទូលព្រះទេ។ ទោះបីជាយើងមានជំនឿក៏ដោយ ការគោរពច្បាប់គឺជាជម្រើសប្រសើរជាង បើសិនយើងចង់មានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ ដើម្បីឲ្យយើងអាចធ្វើការល្អបាន យើងត្រូវតែគោរពច្បាប់សង្គម ហើយស្រុះស្រួលជាមួយអ្នកជិតខាងទាំងអស់របស់យើង។
 
 
តើអ្នកចង់រស់នៅក្នុងជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធទេ?
 
អេភេសូរ ៥:៨-១១ និយាយថា «ដ្បិតកាលពីដើមអ្នករាល់គ្នាក៏ងងឹតដែរ តែឥឡូវនេះវិញ បានភ្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរដូចជាមនុស្សភ្លឺចុះ ដ្បិតផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អ សេចក្តីសុចរិត និងសេចក្តីពិត ចូរលមើលឲ្យដឹងសេចក្តីអ្វី ដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យចុះ កុំឲ្យប្រកបក្នុងការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ស៊ូបន្ទោសវិញ»។ បទគម្ពីរនេះប្រាប់យើងឲ្យរស់នៅជាកូននៃពន្លឺ ហើយបង្កើតផលផ្លែនៃព្រះវិញ្ញាណ។
បន្ទាប់មក អេភេសូរ ៥:១២-១៣ និយាយថា «ដ្បិតការទាំងប៉ុន្មានដែលគេប្រព្រឹត្តដោយសំងាត់ នោះបើគ្រាន់តែនិយាយពីការទាំងនោះ ក៏គួរខ្មាសទៅហើយ តែការទាំងនោះបានសំដែងមកយ៉ាងច្បាស់ ដោយពន្លឺភ្លឺបញ្ជាក់ ដ្បិតគឺជាពន្លឺហើយ ដែលសំដែងឲ្យឃើញទាំងអស់»។ នៅទីនេះ សាវកប៉ុលនិយាយថា គ្រប់ការទាំងអស់ត្រូវបានបើកសម្តែងដោយពន្លឺ។ បើសិនមនុស្សសុចរិតមិនអាចរស់នៅដោយសុចរិតបានទេ គាត់នឹងត្រូវបានបើកសម្តែងដោយព្រះ ឬខ្លួនឯងគាត់។ តើមានអ្វីកើតឡើង នៅពេលមនុស្សម្នាក់ត្រូវបានគេមើលឃើញថា កំពុងតែប្រព្រឹត្តការរបស់សេចក្តីងងឹត ហើយបន្ទាប់ត្រូវបានស្តីបន្ទោសដោយពន្លឺ? បន្ទាប់ពីការទទួលស្គាល់កំហុសរបស់ខ្លួន ចិត្តរបស់គាត់បានភ្លឺឡើង នៅពេលគាត់ចូលទៅចំពោះព្រះម្តងទៀត។ «ការទាំងនោះបានសំដែងមកយ៉ាងច្បាស់ ដោយពន្លឺភ្លឺបញ្ជាក់ ដ្បិតគឺជាពន្លឺហើយ ដែលសំដែងឲ្យឃើញទាំងអស់។» វាគឺជាការល្អសម្រាប់យើង ដែលពន្លឺបើក សម្តែងពីកំហុសរបស់យើង ពីព្រោះយើងអាចទទួលស្គាល់កំហុសនោះ ហើយត្រឡប់ទៅឯព្រះវិញបាន។ 
ប្រសិនបើយើងពិតជាចង់មានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធមែន យើងត្រូវតែមានសេចក្តីសប្បុរសនៅក្នុងចិត្តរបស់ យើង។ សូម្បីតែមនុស្សដែលមិនមានបាបនៅក្នុងចិត្តក៏ដោយ ក៏វាមិនមានន័យថា គាត់មិនចាំបាច់មានសេចក្តីសប្បុរសដែរ។ យើងត្រូវតែរស់នៅ ដោយមានសេចក្តីល្អ និងសេចក្តីសប្បុរសនៅក្នុងចិត្តរបស់យើង។ យើងត្រូវតែអធិប្បាយដោយប្រាជ្ញា ហើយអធិស្ឋានសម្រាប់មនុស្សដែលមិនស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីឲ្យពួកគេអាចយល់ និងជឿ ហើយទទួលបានការអត់ទោសអំពើបាប។ ហើយយើងក៏មិនត្រូវបង្កគ្រោះថ្នាក់ដល់អ្នកដទៃផងដែរ។ យើងក៏ត្រូវតែបរិភោគ គេង និងរស់នៅសម្រាប់ដំណឹងល្អ ហើយបម្រើអ្នកដទៃផងដែរ។
ដើម្បីមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវតែគិតអំពីសារៈសំខាន់នៃពេលវេលា ហើយបម្រើដំណឹងល្អពិត ដូចជាមនុស្សមានប្រាជ្ញា។ នៅពេលយើងស្រឡាញ់លោកិយនេះ យើងចុះចូលចំពោះល្បិចនៃសេចក្តីងងឹតហើយ ហើយយើងអាចធ្វេសប្រហែសមិនធ្វើការងាររបស់ព្រះបាន។ ដូច្នេះ យើងត្រូវតែសម្លឹងទៅឯព្រះអម្ចាស់ ហើយធ្វើអ្វីដែលទ្រង់ចង់ឲ្យយើងធ្វើ។ ខណៈដែលកំពុងតែជឿលើសេចក្តីសង្រ្គោះ ដែលព្រះបានប្រទានឲ្យយើង យើងក៏ត្រូវប្រយ័ត្នគ្រប់ពេលវេលាផងដែរ។ មនុស្សមានប្រាជ្ញាដែលមានព្រះវិញ្ញាណបរិសុទ្ធ គួរតែថ្វាយខ្លួនទៅចំពោះការប្រកាសដំណឹងល្អពិតទៅកាន់លោកិយទាំងមូល នៅមុនពេលលោកិយនេះបានពេញដោយសេចក្តីងងឹត។ 
 
 
យល់ពីបំណងព្រះហឫទ័យព្រះអម្ចាស់
 
យើង ត្រូវតែស្វែងយល់ពីអ្វីដែលផ្គាប់ព្រះហឫទ័យព្រះ។ យើងត្រូវតែរៀនពីអ្វីដែលទ្រង់ចង់ឲ្យយើងធ្វើ តាមរយៈពួកជំនុំ និងព្រះបន្ទូលទ្រង់។ យើងគួរតែដឹងពីអ្វីដែលយើងអាចធ្វើបាន ដើម្បីផ្គាប់ព្រះហឫទ័យព្រះ ហើយស្វែងយល់ពីបំណងព្រះហឫទ័យទ្រង់សម្រាប់យើង។ 
មនុស្សដែលបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន គឺជាអ្នកដែលបានកើតជាថ្មី ហើយអ្នកដែលបានកើតជាថ្មី គឺជាអ្នកដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្នកដែលមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្ត គឺពិតជារាស្ត្រ និងកូនបរិសុទ្ធរបស់ព្រះហើយ។ ពួកគេត្រូវតែរស់នៅក្នុងជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ នេះហើយគឺជាកាតព្វកិច្ចរបស់ពួកបរិសុទ្ធទាំងអស់គ្នា។ យើងមិនគួរខ្ជះខ្ជាយសមត្ថភាព និងថាមពលរបស់យើងសម្រាប់តែខ្លួនឯងឡើយ តែយើងត្រូវគិតពីសេចក្តីត្រូវការរបស់អ្នកដទៃវិញ។ យើងមិនគួររារាំងការងារបស់ព្រះ ដោយការ បណ្តែតបណ្តោយខ្លួនទៅតាមពេលវេលានោះឡើយ។ 
ប្រសិនបើយើងបានញែកជាបរិសុទ្ធ និងបានទទួលការបានកើតជាថ្មី តាមរយៈសេចក្តីស្រឡាញ់របស់ព្រះហើយ យើងត្រូវតែធ្វើជាមនុស្សល្អ ដើម្បីបន្តអនុវត្តការងាររបស់ទ្រង់។ ហើយបើសិនយើងបានធ្វើជាកូនរបស់ព្រះ ដោយការជឿលើទ្រង់ហើយ យើងត្រូវតែធ្វើជាមនុស្សដែលមានសេចក្តីល្អ។
សាច់ឈាមរបស់កូនរបស់ព្រះ គឺមិនគ្រប់លក្ខណ៍ទេ ប៉ុន្តែវាជាទីគាប់ដល់ព្រះហឫទ័យព្រះ ពីព្រោះយើងយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យព្រះ ហើយធ្វើការល្អ។ ប៉ុន្តែសូម្បីតែអ្នកដែលបានកើតជាថ្មី ក៏នៅតែធ្វើអាក្រក់ចំពោះអ្នកដទៃដែរ បើសិនពួកគេរស់នៅសម្រាប់តែខ្លួនឯង។ «កុំឲ្យស្រវឹងស្រាដែលនាំឲ្យព្រើលចិត្តឡើយ តែចូរឲ្យបានពេញជាព្រះវិញ្ញាណវិញ» (អេភេសូរ ៥:១៨) មានន័យថា យើងមិនត្រូវស្រវឹងជាមួយសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមទេ ប៉ុន្តែត្រូវតែធ្វើការងារនៃសេចក្តីល្អវិញ។ 
សាវកប៉ុល បាននិយាយនៅក្នុង អេភេសូរ ៥:១៩-២១ ថា «ហើយនិយាយគ្នាទៅវិញទៅមក ដោយបទទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ ទាំងច្រៀង ហើយសរសើរដល់ព្រះអម្ចាស់ដោយចិត្ត ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតាជាដរាប ក្នុងគ្រប់ការទាំងអស់ ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ហើយទាំងចំណុះគ្នាទៅវិញទៅមក ដោយសេចក្តីកោតខ្លាចដល់ព្រះគ្រីស្ទ»។ បើសិនយើងចង់មានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវតែជឿតាម និងប្រកាសដំណឹងល្អអំពីសេចក្តីសង្រ្គោះ ហើយបើកសម្តែងអ្វីដែលព្រះបានធ្វើសម្រាប់យើង។ 
ព្រះ ប្រទានពរដល់យើង កាលណាយើងអធិស្ឋាន ហើយទ្រង់បានកត់ត្រាព្រះពរទាំងនេះទុកនៅក្នុងទំនុកដំកើង និងបទចម្រៀងខាងវិញ្ញាណសម្រាប់យើងសរសើរទ្រង់ជាសម្លេង។ យើងត្រូវតែសរសើរតម្កើង អរព្រះគុណ និងថ្វាយសិរីល្អដល់ទ្រង់។ យើងអាចមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធបាន នៅពេលយើងអធិស្ឋានសម្រាប់អស់អ្នកដែលមិនទាន់បានសង្រ្គោះ និងសម្រាប់គ្នាទៅវិញទៅមក។ យើងត្រូវតែអរព្រះគុណដល់ព្រះដោយអស់ពីចិត្ត ហើយគោរពកោតខ្លាចព្រះយេស៊ូវព្រះគ្រីស្ទ ដែលបានសង្រ្គោះយើង។ ជាមួយនឹងគំនិតទាំងនេះនៅក្នុងចិត្តរបស់យើង យើងត្រូវតែអាចទទួលស្គាល់កំហុសរបស់យើង បង្ហាញពីការកោតសរសើរដល់ការលាងសម្អាតអំពើបាបរបស់យើង ហើយស្តាប់បង្គាប់តាមទ្រង់។ នេះហើយគឺជាអត្ថន័យនៃការមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ 
 
 
យើងត្រូវតែបម្រើដំណឹងល្អពិតអស់មួយជីវិតរបស់យើង
 
យើង ត្រូវតែរៀបចំផែនការធ្វើការល្អ ហើយសម្រេចវាឲ្យបានសម្រាប់សិរីល្អរបស់ដំណឹងល្អពិត។ ដោយបានចូលរួមជាមួយពួកជំនុំ យើងគួរតែអធិស្ឋានរួមគ្នា ហើយអំពាវនាវឲ្យព្រះជួយសង្រ្គោះព្រលឹងរបស់មនុស្សគ្រប់គ្នា។ នៅតែមានមនុស្សជាច្រើន ដែលមិនស្គាល់ដំណឹងល្អពិត ទោះបើពួកគេបានខិតខំស្វែងរកព្រះក៏ដោយ។ ដូច្នេះ យើងត្រូវតែអធិស្ឋានសម្រាប់មនុស្សទាំងនេះថា «ឱព្រះអង្គម្ចាស់អើយ! សូមជួយសង្រ្គោះពួកគេផង»។ ហើយយើងមិនត្រូវដេញតាមភាពអាត្មានិយមរបស់យើងឡើយ ប៉ុន្តែថ្វាយទ្រព្យសម្បត្តិរបស់យើងទៅចំពោះការបម្រើដំណឹងល្អ ដើម្បីសង្រ្គោះមនុស្សបាត់បង់វិញ ពីព្រោះការរស់នៅសម្រាប់ព្រលឹងរបស់អ្នកដទៃ និងសម្រាប់ការពង្រីកនគរព្រះ គឺជាការធ្វើការល្អ។
ការធ្វើការងារបែបនេះ មានន័យថា ការរស់នៅក្នុងជីវិតមួយពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ ការរស់នៅជាមួយភាពពេញលេញនៃព្រះវិញ្ញាណបរិសុទ្ធ មិនមានន័យថា ការមានសមត្ថភាពនិយាយភាសាដទៃ និងការសម្តែងការអស្ចារ្យទេ ប៉ុន្តែជាការរៀនពីរបៀបផ្គាប់ព្រះហឫទ័យព្រះវិញ។ ហើយវាមានន័យថា ការជឿលើសេចក្តីសង្រ្គោះ ដែលព្រះបានប្រទានឲ្យយើង ការសរសើរតម្កើង និងថ្វាយសិរីល្អដល់ព្រះ ដោយកំណាព្យ និងទំនុកដំកើង។ ការអរព្រះគុណ សរសើរតម្កើង និងថ្វាយសិរីល្អដល់ព្រះ ដោយអស់ពីចិត្ត និងបម្រើទ្រង់ដោយយករូបកាយជាឧបករណ៍នៃសេចក្តីសុចរិត គឺជាបំណងព្រះហឫទ័យព្រះ។ ការស្តាប់តាមបង្គាប់របស់ទ្រង់ មានន័យថា ការរស់នៅក្នុងជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ 
រស់នៅក្នុងជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវតែស្តាប់បង្គាប់គ្នាទៅវិញទៅមក។ បើសិនមនុស្សម្នាក់ផ្តល់ដំបូន្មានដល់យើង យើងត្រូវតែស្តាប់តាមអ្វីដែលគាត់និយាយ។ ក្នុងរបៀបដូចគ្នា បើសិនខ្ញុំផ្តល់ដំបូន្មានដល់គាត់ គាត់ក៏គួរតែស្តាប់ផងដែរ ទោះបើគាត់មិនយល់ស្របជាមួយខ្ញុំក៏ដោយ។ ដូចគ្នាដែរ យើងត្រូវតែរស់នៅក្នុងជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ ដោយការស្តាប់តាមគ្នាទៅវិញទៅមក និងការធ្វើការងាររបស់ព្រះ។ 
 
 
ការរស់នៅក្នុងជីវិតពេញដោយព្រះវិញ្ញាណមានន័យថា ការថ្វាយសិរីល្អដល់ព្រះយេស៊ូវគ្រីស្ទ
 
ការរស់នៅក្នុងជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ មានន័យថា ការស្តាប់តាមបង្គាប់របស់ព្រះយេស៊ូវគ្រីស្ទ។ អេភេសូរ ៦:១០-១៣ និយាយថា «ឯសេចក្តីឯទៀត បងប្អូនអើយ ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់ ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ ហេតុនោះបានជាត្រូវឲ្យយកគ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បាន រួចកាលណាបានតតាំងសព្វគ្រប់ហើយ នោះឲ្យបាននៅតែឈរមាំមួនដដែល។»
តើការរស់នៅក្នុងជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធមានន័យយ៉ាងដូចម្តេច? វាមានន័យថា ភាពរឹងមាំនៅក្នុងព្រះអម្ចាស់ និងការមានជំនឿលើអំណាចព្រះចេស្តាទ្រង់។ ហើយវាក៏មានន័យផងដែរថា ការរស់នៅក្នុងអំណាចព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលគង់នៅក្នុងយើង ហើយមិនតាមឆន្ទះរបស់យើងតែមួយនោះទេ។ លើសពីនេះ វាមានន័យថា ការរស់នៅក្នុងជីវិតពេញដោយការអធិស្ឋាន។ តាមរយៈការអធិស្ឋាន យើងអាចមានជីវិតរីកចម្រើន ដោយទទួលបានសមត្ថភាព និងព្រះពរជាច្រើន ដែលព្រះប្រទានឲ្យ។ យើងខ្សោយខ្លាំងណាស់ រហូតដល់ទោះបីជាយើងព្យាយាមដើរតាមទ្រង់ បម្រើ និងស្តាប់បង្គាប់ទ្រង់ក៏ដោយ ក៏យើងមិនអាចមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធបានដែរ បើសិនយើងមិនប្រកាន់ខ្ជាប់តាមព្រះបន្ទូលព្រះ។
ជំនឿតាមព្រះបន្ទូលព្រះ គឺមានភាពចាំបាច់សម្រាប់ការបង្កើនអំណាចខាងវិញ្ញាណរបស់យើង។ ទោះបីជាយើងមានជំនឿក៏ដោយ យើងក៏ត្រូវតែពាក់គ្រឿងសឹករបស់ព្រះដែរ ហើយយើងនិយាយថា «ខ្ញុំប្រាកដថា វានឹងបានដូចជាអ្វីដែលព្រះបន្ទូលព្រះប្រាប់»។ នេះគឺជាជំនឿ ដែលជួយឲ្យយើងអាចមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធបាន។ 
តើមានអ្នកណាម្នាក់កំពុងតែមានបញ្ហាជីវិតបែបនេះដែរឬទេ? ដូច្នេះ សូមចងចាំព្រះបន្ទូលនៅក្នុងព្រះគម្ពីរ ហើយពាក់គ្រឿងសឹករបស់ព្រះចុះ។ ព្រះបានប្រាប់យើងឲ្យពាក់គ្រឿងសឹករបស់ទ្រង់។ ដោយការទទួលយកព្រះបន្ទូលដាក់នៅក្នុងជម្រៅចិត្តរបស់អ្នក អ្នកនឹងរៀនពីអត្ថន័យនៃការពាក់គ្រឿងសឹករបស់ព្រះ។ ដោយមិនគិតពីបរិយាកាសរបស់យើង និងអ្វីដែលអ្នកដទៃនិយាយ យើងត្រូវតែប្រកាន់ខ្ជាប់តាមព្រះបន្ទូលព្រះ ពីព្រោះតាមរបៀបនេះ យើងនឹងរស់នៅក្នុងជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ។
តើយើងអាចទទួលបានជំនឿបែបនេះពីកន្លែងណា? វិវរណៈ ៣:២២ និយាយថា «អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានព្រះបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ»។ យើងគួរតែស្តាប់តាមអ្វីដែលព្រះវិញ្ញាណមានបន្ទូលទៅកាន់ពួកជំនុំ។ នៅក្នុងន័យផ្សេង យើងមិនអាចស្តាប់ឮព្រះបន្ទូលព្រះ ឬមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធបានទេ បើសិនយើងមិនបម្រើព្រះ។ តើព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលតាមរយៈអ្នកណា? ព្រះមានបន្ទូលទៅកាន់ពួកបរិសុទ្ធ និងមនុស្សទាំងអស់នៅក្នុងលោកិយនេះ តាមរយៈអ្នកបម្រើរបស់ទ្រង់នៅក្នុងពួកជំនុំ។ 
នេះ មានន័យថា អ្នកគួរតែជឿថា សេចក្តីបង្រៀនរបស់ពួកជំនុំនៃព្រះគឺពិតជាផ្អែកលើព្រះបន្ទូលព្រះមែន។ អ្នកត្រូវទទួលយក សេចក្តីបង្រៀនរបស់ពួកជំនុំ ដោយមានជំនឿបែបនេះនៅក្នុងចិត្ត។ បើសិនព្រះវិញ្ញាណបរិសុទ្ធមិនគង់ជាមួយគ្រូអធិប្បាយ គឺគាត់កំពុងតែបង្រៀនពីគំនិតផ្ទាល់ខ្លួនរបស់គាត់ហើយ។ គ្រូអធិប្បាយដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ អធិប្បាយព្រះបន្ទូលព្រះ ក្រោមការគ្រប់គ្រងរបស់ព្រះវិញ្ញាណបរិសុទ្ធ។ បើសិនគាត់មិនធ្វើដូច្នេះទេ តែបែរជាអធិប្បាយពាក្យមិនស្របតាមព្រះគម្ពីរ នោះព្រះវិញ្ញាណបរិសុទ្ធនឹងបញ្ឈប់គាត់ ពីព្រោះទ្រង់គង់នៅក្នុងចិត្តរបស់គាត់។
ព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះ។ អំណាចរបស់អ្នកបម្រើព្រះគឺខ្លាំងក្លាណាស់ ពីព្រោះព្រះគង់នៅក្នុងពួកគេ។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលទៅសាវកពេត្រុសថា «ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក» (ម៉ាថាយ ១៦:១៩)។ កូនសោរចូលទៅស្ថានសួគ៌គឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ក្នុងន័យផ្សេង ដំណឹងល្អនេះជាកូនសោរចូលទៅក្នុងស្ថានសួគ៌។ ព្រះបានប្រទានអំណាចអធិប្បាយព្រះបន្ទូលព្រះ មិនគ្រាន់តែដល់សាវកពេត្រុសប៉ុណ្ណោះទេ ប៉ុន្តែក៏ដល់អ្នកបម្រើទាំងអស់របស់ព្រះ និងពួកបរិសុទ្ធទាំងអស់ផងដែរ ដរាបណាពួកគេបានកើតជាថ្មី និងមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។
ដើម្បីមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវតែពាក់គ្រឿងសឹករបស់ព្រះ។ បើសិនយើងមិនមានជំនឿទេ យើងត្រូវតែចងចាំសេចក្តីបង្រៀនរបស់ពួកជំនុំទុកនៅក្នុងគំនិតជារៀងរាល់ថ្ងៃ ដោយការជឿលើអំណាចរបស់ពួកជំនុំ និងអ្នកបម្រើព្រះ។ ទោះបីជាសេចក្តីអធិប្បាយ ដែលអ្នកស្តាប់ឮនៅថ្ងៃនេះ មិនមានប្រយោជន៍ និងមិនទាក់ទងដោយផ្ទាល់ជាមួយអ្នកក៏ដោយ ក៏អ្នកត្រូវតែស្តាប់វា ហើយទទួលយកវាទុកនៅក្នុងចិត្តដែរ។ ចូរស្វែងរកព្រះបន្ទូលនៅក្នុងព្រះគម្ពីរ ដែលអ្នកត្រូវការនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ហើយប្រកាន់ខ្ជាប់តាមព្រះបន្ទូលទាំងនោះ។ តាមរបៀបនេះ អ្នកនឹងបានធ្វើជាមនុស្សពេញដោយជំនឿ។ ហើយអ្នកនឹងអាចមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ ដើរជាមួយព្រះ និងឈ្នះសង្រ្គាមជាមួយពួកមានអំណាច និងពួកអ្នកគ្រប់គ្រងនៃសេចក្តីងងឹតបាន។
អ្នក អាចមានការយល់ច្រឡំបាន ពីព្រោះអ្នកបានដឹងថា អ្នកគួរតែចុះចូលចំពោះពួកអ្នកដឹកនាំនៅក្នុងលោកិយនេះ ប៉ុន្តែឥឡូវនេះ ខ្ញុំនិយាយថា អ្នកគួរតែប្រយុទ្ធជាពួកអ្នកគ្រប់គ្រងសេចក្តីងងឹតនៅក្នុងលោកិយនេះវិញ។ នៅសម័យចក្រភពរ៉ូម៉ាំង អធិរាជរ៉ូម៉ាំងបានចាត់ទុកខ្លួនឯងជាព្រះ។ ប៉ុន្តែគ្រីស្ទបរិស័ទមិនអាចធ្វើការនេះបានឡើយ ពីព្រោះវាប្រឆាំងនឹងព្រះបន្ទូលព្រះ។ ដូច្នេះ គ្រីស្ទ បរិស័ទនៅសម័យនោះមិនមានជម្រើសអ្វីក្រៅពីប្រឆាំងនឹងអធិរាជ រ៉ូម៉ាំង ដែលបង្គាប់ឲ្យមនុស្សថ្វាយបង្គំខ្លួនឡើយ។ 
ដើម្បីឈ្នះសង្រ្គាមជាមួយអារក្សបាន យើងត្រូវតែជឿ និងប្រកាន់ខ្ជាប់តាមព្រះបន្ទូលព្រះ។ បើសិនយើងរស់នៅតាមព្រះបន្ទូលព្រះ យើងនឹងទទួលព្រះពររបស់ទ្រង់ ហើយអាចយកឈ្នះអារក្សបាន។ ទោះបីជាយើងបានសង្រ្គោះហើយក៏ដោយ ក៏យើងនឹងចាញ់សង្រ្គាមជាមួយសាតាំងដែរ បើសិនយើងមិនប្រកាន់ខ្ជាប់តាមព្រះបន្ទូលព្រះ។ ព្រះរំឮកយើងថា «អារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន» (១ពេត្រុស ៥:៨)។ 
មនុស្សម្នាក់ដែលមិនជឿតាមព្រះបន្ទូលព្រះ អាចត្រូវអារក្សវាយប្រហារយ៉ាងងាយស្រួលបំផុត។ 
ព្រះយេស៊ូវ ក៏បានយកឈ្នះលើសាតាំង ដោយការប្រើព្រះបន្ទូលផងដែរ។ «ដ្បិតមានសេចក្តីចែងទុកមកថា មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ» (ម៉ាថាយ ៤:៤)។ ទ្រង់បានបណ្តេញអារក្សចេញ តាមរយៈជំនឿតាមព្រះបន្ទូលព្រះ ដែលមានចែងទុកនៅក្នុងព្រះគម្ពីរ។ ហើយចុះយើងវិញ? យើងខ្វះប្រាជ្ញា ហើយមិនអាចប្រៀបធៀបជាមួយព្រះយេស៊ូវបានឡើយ។ ដូច្នេះ យើងត្រូវតែជឿតាម និងប្រកាន់ខ្ជាប់តាមព្រះបន្ទូលព្រះកាន់តែខ្លាំងជាងទៅទៀត។
យើង មិនអាចនិយាយថា «ខ្ញុំគិតថា ព្រះបន្ទូលគឺត្រឹមត្រូវ ប៉ុន្តែខ្ញុំមិនអាចជឿតាមវាទាំងស្រុងបានឡើយ» ឡើយ។ យើងត្រូវតែប្រកាន់ខ្ជាប់តាមព្រះបន្ទូល។ «ខ្ញុំជឿថា គ្រប់យ៉ាងនឹងបានជាពិត ដូចជាអ្វីដែលបានចែងទុកមក»។ នេះហើយគឺជាជំនឿត្រឹមត្រូវ និងអនុញ្ញាតឲ្យយើងពាក់គ្រឿងសឹករបស់ព្រះ។ មនុស្សដែលនិយាយថា «គ្រប់យ៉ាងនឹងបានជាពិតទាំងស្រុង ដូចដែលព្រះអម្ចាស់បានមានបន្ទូល» នឹងទទួលបានព្រះពរ។ បើសិនមនុស្សម្នាក់ប្រកាន់ខ្ជាប់តាម និងពឹងផ្អែកលើព្រះបន្ទូលព្រះ គ្រប់ការទាំងអស់នឹងបានជាល្អ ដោយសារជំនឿរបស់គាត់។ ទោះបីជាអារក្សព្យាយាមល្បួងយើងក៏ដោយ ក៏វាពិតជានឹងរត់ចេញឆ្ងាយ បើសិនយើងនិយាយថា «ខ្ញុំជឿតាមព្រះបន្ទូលព្រះ ពីព្រោះវាគឺជាចម្លើយពិត»។ នេះហើយគឺជារបៀបយកឈ្នះសង្រ្គាមជាមួយអារក្ស។ 
 
 
យើងត្រូវតែប្រកាន់ខ្ជាប់នូវព្រះបន្ទូលព្រះ
 
«ហេតុនោះបានជាត្រូវឲ្យយកគ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បាន រួចកាលណាបានតតាំងសព្វគ្រប់ហើយ នោះឲ្យបាននៅតែឈរមាំមួនដដែល ដូច្នេះ ចូរឲ្យឈរមាំមួនចុះ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតទុកជាប្រដាប់បាំងដើមទ្រូង ទាំងពាក់សេចក្តីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្តីសុខសាន្ត ទុកជាស្បែកជើង ថែមទាំងយកសេចក្តីជំនឿទុកជាខែលផង ដែលអ្នករាល់គ្នានឹងអាចរំលត់ អស់ទាំងព្រួញឆេះរបស់មេកំណាច ដោយសារខែលនោះបាន ចូរយកសេចក្តីសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល» (អេភេសូរ ៦:១៣-១៧)។ 
នៅក្នុងបទគម្ពីរ «ដូច្នេះ ចូរឲ្យឈរមាំមួនចុះ ដោយក្រវាត់ សេចក្តីពិតនៅចង្កេះ» ព្រះបន្ទូលត្រូវបានប្រៀបធៀបទៅនឹងខ្សែ ក្រវាត់។ នេះមានន័យថា យើងត្រូវតែក្រវាត់គំនិតរបស់យើងដោយព្រះបន្ទូលព្រះ។ ទ្រង់កំពុងតែប្រាប់យើងឲ្យដើរតាមព្រះបន្ទូលនៃសេចក្តីពិត ដើម្បីឲ្យយើងអាចមានគំនិតតែមួយជាមួយព្រះបាន។ ប៉ុន្តែដោយសារខ្សែក្រវាត់យ៉ាងតឹងនៅជាប់ចង្កេះ យើងក៏ត្រូវតែក្រវាត់ខ្លួនយើងយ៉ាងតឹងជាប់នឹងព្រះបន្ទូលព្រះផងដែរ។ នៅពេលយើងមានគំនិតតែមួយជាមួយព្រះ យើងប្រាកដជាអាចជឿ និងនិយាយថា «ខ្ញុំជឿថា គ្រប់យ៉ាងនឹងត្រឡប់ជាល្អប្រសើរ។ ហើយខ្ញុំប្រាកដថា គ្រប់យ៉ាងនឹងបានល្អប្រសើរ ដូចដែលព្រះបានមានបន្ទូលមក»។
បន្ទាប់មកទៀត យើងត្រូវតែពាក់ប្រដាប់បាំងទ្រង់នៃសេចក្តីសុចរិត។ យើងត្រូវតែពាក់ប្រដាប់បាំងទ្រង់នៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលនិយាយថា ព្រះបានសង្រ្គោះយើងហើយ។ យើងត្រូវតែក្រវាត់ចង្កេះនឹងសេចក្តីពិត និងពាក់ប្រដាប់បំាងទ្រង់នៃសេចក្តីសុចរិត។ យើងត្រូវតែពាក់ប្រដាប់បាំងទ្រង់នៃគ្រឿងអលង្ការមានតម្លៃ។ យើងត្រូវតែពាក់របស់ទាំងនេះ ដោយជំនឿថា ព្រះបានអត់ទោសដល់អំពើបាបទាំងអស់របស់យើងរួចហើយ។ យើងត្រូវតែជឿតាមព្រះបន្ទូលព្រះ ដោយអស់ពីចិត្ត។ ហើយយើងក៏ត្រូវតែប្រកាសដំណឹងល្អអំពីសេចក្តីសង្រ្គោះ ដើម្បីផ្តល់សេចក្តីសុខសាន្តដល់អ្នកដទៃផងដែរ។
បន្ទាប់ពីបានពាក់គ្រឿងសឹកខាងលើរួចហើយ យើងគួរតែពាក់ស្បែកជើងនៃការប្រុងប្រៀបនៃដំណឹងល្អអំពីសេចក្តីសុខសាន្តទៅកាន់មនុស្សទាំងអស់។ បើសិនយើងបានសង្រ្គោះចេញពីអំពើបាបហើយ យើងគួរតែប្រកាសជំនឿរបស់យើង តាមរយៈមាត់របស់ យើង។ ហើយរាល់ពេលដែលអំពើបាប និងការអាក្រក់របស់យើងត្រូវបានបើកសម្តែង យើងត្រូវតែបោសសម្អាតវាចេញ ដោយឆ្លុះបញ្ចាំងពីសេចក្តីពិតថា ព្រះបានអត់ទោសដល់អំពើបាបទាំងអស់របស់យើងរួចហើយ។ ទ្រង់បានធ្វើដូច្នោះ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ យើងត្រូវតែរស់នៅក្នុងជីវិតមួយពេញដោយសិរីល្អ និងការអរព្រះគុណដល់ព្រះ។ ហើយយើងត្រូវតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលផ្តល់សន្តិភាពដល់មនុស្សទាំងអស់ ដែលមិនទាន់បានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន។ 
លើសពីនេះ យើងត្រូវតែតយុទ្ធនឹងមនុស្សអាក្រក់ ដោយខែលនៃសេចក្តីជំនឿ។ នៅពេលសាតាំងវាយប្រហារ យើងត្រូវតែដេញវាចេញ ដោយប្រើខែលនៃសេចក្តីជំនឿនៅក្នុងដៃម្ខាង និងព្រះបន្ទូលនៃសេចក្តីពិតនៅដៃម្ខាងទៀត។
បន្ទាប់មក យើងត្រូវតែពាក់មួកនៃសេចក្តីសង្រ្គោះ។ យើងត្រូវតែទទួលយកព្រះបន្ទូលអំពីសេចក្តីសង្រ្គោះ ដោយនិយាយថា «ខ្ញុំបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្ញុំហើយ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺព្រះបានអត់ទោសដល់អំពើបាបរបស់ខ្ញុំ តាមរបៀបនេះ»។ យើងគួរតែទទួលយកសេចក្តីពិតទុកនៅក្នុងគំនិតរបស់យើង។ យើងត្រូវតែយកព្រះបន្ទូលព្រះ មួកនៃសេចក្តីសង្រ្គោះ និងដាវនៃព្រះវិញ្ញាណធ្វើជាអាវុធទប់ទល់នឹងអារក្ស។ 
ប្រសិនបើសាតាំងវាយប្រហារយើង យើងត្រូវតែទាញដាវចេញ ហើយវាយប្រហារវាភ្លាម។ «ព្រះបានមានបន្ទូលដូច្នេះ! ហើយខ្ញុំជឿថា វាដូច្នេះ!» យើងដេញសាតាំងចេញ តាមរយៈជំនឿតាមព្រះបន្ទូលព្រះ ពីព្រោះបើសិនយើងជឿតាមព្រះបន្ទូលព្រះ និងទាញដាវខាងវិញ្ញាណរបស់យើងចេញមក សាតាំងនឹងរត់ចេញ ហើយស្រែកថា «អូយ! ឈឺណាស់»។ យើងអាចយកឈ្នះលើការវាយប្រហារទាំងអស់របស់សាតាំងបាន បើសិនយើងគ្រាន់តែជឿតាមព្រះបន្ទូលប៉ុណ្ណោះ។ 
អ្នក គួរតែរស់នៅក្នុងជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយប្រកាសថា «សាច់ឈាមរបស់ខ្ញុំមិនគ្រប់លក្ខណ៍ទេ ប៉ុន្តែខ្ញុំគឺជាមនុស្សរបស់ព្រះ ដែលបានទទួលសេចក្តីប្រោសលោះរួច ហើយ។ ហើយខ្ញុំរស់នៅដោយជំនឿ ប្រកាន់ខ្ជាប់តាមព្រះបន្ទូល ដែលព្រះបានប្រាប់ខ្ញុំ»។ បើសិនយើងមានជំនឿបែបនេះ យើងអាចដេញសាតាំងឲ្យចេញឆ្ងាយបាន ដោយដាវនៃសេចក្តីពិត គ្រប់ពេលដែលវាមកយាយី និងរំខានដល់ជីវិតស្មោះត្រង់របស់យើង។ សាតាំងមិនខ្លាចឡើយ បើសិនយើងប្រយុទ្ធជាមួយវា ដោយប្រើតែពាក្យសម្តីខាងសាច់ឈាមនោះ។ ដូច្នេះ យើងត្រូវតែតយុទ្ធជាមួយវា ដោយនិយាយថា «នេះគឺជាអ្វីដែលព្រះបានមានបន្ទូល»។ បន្ទាប់មក សាតាំងនឹងចុះចាញ់នៅចំពោះអំណាចនៃព្រះបន្ទូលព្រះ។ 
ប្រសិនបើយើងចង់មានជីវិតមួយពេញដោយព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវតែអធិស្ឋានទៅចំពោះព្រះថា ពួកជំនុំ ពួកបរិសុទ្ធ និងអ្នកបម្រើទាំងអស់របស់ព្រះនឹងថ្វាយខ្លួនទៅចំពោះការប្រកាសដំណឹងល្អ។ ដោយការអធិស្ឋានថា «អនុញ្ញាតឲ្យខ្ញុំបើកសម្តែងពីអាថ៌កំបាំងនៃដំណឹងល្អ» យើងនឹងមានជីវិតមួយពេញដោយបំណងចិត្តបម្រើដំណឹងល្អ។ នេះហើយគឺជាជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ ការមានជីវិតមួយពេញដោយព្រះវិញ្ញាណបរិសុទ្ធ គឺជាសំខាន់ចាំបាច់សម្រាប់ពួកបរិសុទ្ធខ្លាំងណាស់។ ការមានជីវិតបែបនេះសំខាន់សម្រាប់ពួកបរិសុទ្ធ ដូចដែលការទទួលបានការអត់ទោសអំពើបាបសំខាន់សម្រាប់ព្រលឹងរបស់មនុស្សម្នាក់ៗផងដែរ។ នេះហើយគឺជាសេចក្តីបង្គាប់របស់ព្រះ។
អ្នកដែលបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន តែមិនដឹងពីរបៀបរស់នៅក្នុងជីវិតមួយពេញដោយព្រះវិញ្ញាណបរិសុទ្ធ ត្រូវតែដឹងថា ពួកគេត្រូវតែមានជីវិតមួយពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជាអ្វីដែលព្រះចង់បាន។ ពួកបរិសុទ្ធត្រូវតែមានជីវិតមួយពេញដោយព្រះវិញ្ញាណបរិសុទ្ធ ដែលជាបំណងព្រះហឫទ័យព្រះ។ ជីវិតមួយពេញដោយព្រះវិញ្ញាណបរិសុទ្ធ ជម្រុញឲ្យពួកបរិសុទ្ធប្រកាសដំណឹងល្អ ដោយការធ្វើការល្អ។ ពួកគេស្រឡាញ់ការប្រកាសដំណឹងល្អ ការអធិស្ឋានទៅកាន់ព្រះ និងការជឿតាម និងប្រកាន់ខ្ជាប់តាមព្រះបន្ទូលព្រះ។ យើងត្រូវតែពាក់មួកនៃសេចក្តីសង្រ្គោះ និងប្រដាប់បាំងទ្រង់នៃសេចក្តីសុចរិត ហើយដេញសាតាំងចេញ ដោយនិយាយថា «ខ្ញុំបានរាប់ជាសុចរិតជារៀងរហូត»។ 
ដោយសារពួកបរិសុទ្ធមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ពួកគេដើរនៅក្នុងព្រះវិញ្ញាណ ហើយបានអាចទទួលបានអំណាចព្រះចេស្តាពីព្រះវិញ្ញាណបរិសុទ្ធបាន។ ពួកគេកំពុងតែធ្វើការងាររបស់ទ្រង់ ដោយមានព្រះពររបស់ព្រះ តាមរយៈការអធិស្ឋានដោយជំនឿ។ ហើយពួកគេគួរតែដើរនៅក្នុងព្រះវិញ្ញាណ រហូតដល់ពួកគេយកឈ្នះសាតាំង និងឈរនៅចំពោះព្រះ។ មនុស្សដែលអាចពាក់គ្រឿងសឹករបស់ព្រះបាន មានតែគ្រីស្ទ បរិស័ទដែលបានកើតជាថ្មី ដែលអាចរស់នៅក្នុងជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ។
«ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ» (អេភេសូរ ៦:១២)។ សង្រ្គាមរបស់អ្នកដែលបានកើតជាថ្មី មិនមែនជាសង្រ្គាមខាងសាច់ឈាមឡើយ។ ប៉ុន្តែសង្រ្គាមរបស់អ្នកដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺត្រូវប្រយុទ្ធជាមួយពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅក្នុងលោកិយនេះ និងអ្នកដែលប្រឆាំងនឹង និងរំខានដល់ជីវិតស្មោះត្រង់របស់យើង អ្នកមិនបម្រើដំណឹងល្អ និងអ្នកយាយីដល់យើង។
នៅពេលយើងចេញទៅតយុទ្ធនៅក្នុងសង្រ្គាមខាងវិញ្ញាណ សម្រាប់ដំណឹងល្អរបស់ព្រះអម្ចាស់ យើងត្រូវតែពាក់មួក និងគ្រឿងសឹករបស់ព្រះវិញ្ញាណ។ បើសិនយើងគ្រាន់តែស្លៀកសំលៀក បំពាក់ធម្មតានៅក្នុងសង្រ្គាមនេះ យើងពិតជានឹងត្រូវរបួសជាមិន ខាន។ ដូច្នេះ យើងត្រូវតែពាក់គ្រឿងសឹក ដែលមានដាវ ខែល និងមួក។ ដើម្បីឈ្នះសង្រ្គាមបាន យើងត្រូវតែត្រៀមខ្លួនឲ្យបានល្អ ដោយត្រូវតែពាក់ប្រដាប់បាំងទ្រូង ក្រវាត់ចង្កេះ និងពាក់ស្បែក ជើង។ បន្ទាប់មក ដោយមានដាវ និងខែលនៅក្នុងដៃទាំងពីរ យើងត្រូវតែឈ្នះខ្មាំងសត្រូវរបស់យើង។ នេះហើយគឺជាជីវិតមួយពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ 
 
 
យើងត្រូវតែរក្សាដំណឹងល្អពិត
 
សាវកប៉ុល បានប្រាប់យើងឲ្យ «ចូររក្សាបញ្ញើល្អដែលផ្ញើទុកនឹងអ្នក ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលសណ្ឋិតនៅក្នុងយើង» (២ធីម៉ូថេ ១:១៤)។ តើបញ្ញើល្អគឺជាអ្វី? វាគឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង។ ទីតុស ៣:៥ និយាយថា «នោះទ្រង់បានជួយសង្គ្រោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយ សេចក្តីមេត្តាករុណារបស់ទ្រង់វិញ ដោយសារការសំអាតនៃសេចក្តីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញ នៃព្រះវិញ្ញាណបរិសុទ្ធ»។ ព្រះអម្ចាស់របស់យើងបានលាងសម្អាតអំពើបាបទាំងអស់ ដែលយើងបានប្រព្រឹត្តនៅក្នុងលោកិយនេះចេញ បានសុគតនៅលើឈើឆ្កាង ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញ។ ដូច្នេះ យើងត្រូវតែរក្សាដំណឹងល្អពិតនេះ។ ហើយយើងត្រូវតែពាក់មួកនៃ សេចក្តីសង្រ្គោះ ប្រដាប់បាំងទ្រូងនៃសេចក្តីសុចរិត និងក្រវាត់សេចក្តីពិតជាប់នឹងចង្កេះ។ យើងត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
បន្ទាប់ពីបានប្រដាប់ខ្លួនរបស់យើងតាមបៀបនេះ យើងត្រូវតែឈ្នះការប្រយុទ្ធជាមួយនឹងសាតាំង។ ហើយយើងនឹងអាចទទួលជ័យជំនះ និងចែករំលែកវាជាមួយអ្នកដទៃទៀតបាន។ យើងនឹងត្រូវប្រយុទ្ធជាមួយសាតាំងនៅក្នុងសមរភូមិខាងវិញ្ញាណជាច្រើន ហើយយកមេដាយជាច្រើនពីវា រហូតដល់ថ្ងៃដែលយើងចូលទៅក្នុងនគររបស់ព្រះអម្ចាស់ ដែលជាមរដករបស់យើង។ កាលណាយើងយកឈ្នះលើសត្រូវរបស់យើង នៅក្នុងសមរភូមិកាន់តែច្រើន ការប្រយុទ្ធបន្តបន្ទាប់ទៀត នឹងកាន់តែងាយស្រួលសម្រាប់យើង។ យើងទាំងអស់គ្នា ត្រូវតែអធិស្ឋានឲ្យនគររបស់ទ្រង់បានរីកចម្រើនឡើង។ ដោយការធ្វើដូច្នេះ យើងនឹងបានទទួលជីវិតមួយពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ 
យើង មិនត្រូវស្កប់ចិត្តចំពោះការទទួលបានការអត់ទោសអំពើបាបបណ្ណឹងទេ ប៉ុន្តែត្រូវតែរស់នៅក្នុងជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធទៀត។ សម្រាប់ដំណឹងល្អ និងការល្អរបស់យើង យើងត្រូវតែជឿតាមព្រះបន្ទូលព្រះ។ យើងត្រូវតែអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធដឹកនាំយើង ហើយរស់នៅ ដោយការធ្វើតាម និងជឿតាមព្រះបន្ទូលព្រះ ដើម្បីកុំចាញ់ការប្រយុទ្ធជាមួយសាតាំង ហើយត្រូវវិនាស។
តើអ្នកយល់ពីអ្វីដែលខ្ញុំកំពុងតែនិយាយដែរឬទេ? មានតែធ្វើដូច្នោះទេ ទើបយើងអាចមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធបាន។ ខ្ញុំសង្ឃឹមថា អ្នកក៏នឹងបម្រើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយពឹងផ្អែក និងដើរតាមព្រះបន្ទូលព្រះផងដែរ។ ចូរយើងទាំងអស់គ្នាធ្វើកិច្ចការនៃការសង្រ្គោះព្រលឹងទាំងឡាយចេញពីសាតាំង។ យើងអាចមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធបាន រហូតដល់ព្រះអម្ចាស់យាងមកម្តងទៀត។ ការទទួលបានភាពពេញលេញនៃព្រះវិញ្ញាណបរិសុទ្ធ គឺជាក្រិត្យវិន័យទីពីរ ដែលព្រះបានប្រទានឲ្យយើង។ សូមអរព្រះគុណដល់ទ្រង់។ យើងអាចមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធបាន តាមរយៈការអត់ទោសអំពើបាបនៅក្នុងចិត្តរបស់យើង។ ហើយបើសិនវាមិនសម្រាប់ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធទេ នោះខ្ញុំមិនអាចចាប់ផ្តើមជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ ខ្ញុំសូមអរព្រះគុណដល់ព្រះ សម្រាប់ការអនុញ្ញាតឲ្យយើងមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ 
តើអ្នកជឿថា អ្នកអាចមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? សម្រាប់អ្នកដែលបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួនហើយ យើងមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធហើយ។ ប៉ុន្តែសម្រាប់អ្នកដែលមិនទាន់បានលាងសម្អាតអំពើបាបរបស់ខ្លួនទេ មិនទាន់មានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ អ្នកដែលមិនស្គាល់ ឬមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សទាំងអស់នៅក្នុងលោកិយនេះនឹងត្រូវទម្លាក់ទៅក្នុងស្ថាននរក បើសិនពួកគេមិនមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ 
ដោយសារយើងមិនមានបាបនៅក្នុងចិត្តរបស់យើង យើងមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធហើយ។ ហើយដោយសារព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់យើង យើងអាចមានជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធបានហើយ។ ដោយមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវតែស្តាប់តាមបំណងព្រះហឫទ័យព្រះវិញ្ញាណ ដើម្បីបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ កាលណាយើងកាន់តែស្តាប់តាមបំណងព្រះហឫទ័យព្រះវិញ្ញាណ ជំនឿរបស់យើងកាន់តែរឹងមាំ ដូចជាអ្នកប្រយុទ្ធដែលប្រដាប់ខ្លួនយ៉ាងល្អ។ ប៉ុន្តែបើសិនយើងមិនស្តាប់តាមព្រះវិញ្ញាណទេ នោះដូចជាយើងដោះអាវក្រោះរបស់យើងចេញអញ្ចឹង។ 
ចូរយើងរីកចម្រើនឡើង តាមរយៈព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធ ហើយធ្វើជាមនុស្សពេញដោយជំនឿ។ នៅពេលយើង ស្តាប់ឮព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធ ជំនឿរបស់យើងរីកចម្រើនឡើង ពីព្រោះព្រះមានបន្ទូលថា «សេចក្តីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ» (រ៉ូម ១០:១៧)។ ដូច្នេះ ទោះបីជាសាតាំងវាយប្រហារយើងក៏ដោយ ក៏ជំនឿរបស់យើងតាមព្រះបន្ទូលទាំងនេះ នឹងការពារយើងដែរ។ សាតាំងមិនអាចវាយប្រហារមនុស្ស ដែលប្រដាប់ខ្លួនដោយខែលនៃសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានឡើយ។ មនុស្សស្មោះត្រង់មានអំណាចទប់ទល់នឹងការវាយប្រហាររបស់សាតាំង ដោយជំនឿរបស់ខ្លួន។ 
ចូរយើងរស់នៅក្នុងជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ ដោយជំនឿ។ ជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ គឺជាជីវិតដែលប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយស្មោះត្រង់ ទៅកាន់លោកិយទាំងមូល។ ជីវិតបែបនេះគឺជាជីវិតពេញដោយព្រះវិញ្ញាណបរិសុទ្ធ។