(ម៉ាថាយ ២៧:៤៥-៥៤)
«តាំងពីថ្ងៃទ្រង់ ដរាបដល់ម៉ោង៣រសៀល នោះមានងងឹតដាប គ្របពេញលើផែនដី ប្រហែលជាម៉ោង៣ នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា អេលីៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ មានអ្នកខ្លះដែលឈរនៅទីនោះ កាលគេបានឮ នោះក៏និយាយថា វាស្រែកហៅរកលោកអេលីយ៉ាហើយ ស្រាប់តែមានម្នាក់រត់ទៅ យកសារាយរំហួត ជ្រលក់ទឹកខ្មេះជោកដាក់នឹងចុងដើមត្រែង ហុចទៅថ្វាយទ្រង់សោយ តែអ្នកឯទៀតនិយាយថា ឈប់សិន ចាំមើល លោកអេលីយ៉ាមកជួយសង្គ្រោះវា កាលព្រះយេស៊ូវ ទ្រង់បានស្រែកជាខ្លាំងម្តងទៀត នោះទ្រង់ប្រគល់វិញ្ញាណទ្រង់ទៅវិញ គ្រានោះ វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះទៅដល់ក្រោម ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា អស់ទាំងផ្នូរខ្មោចក៏របើកឡើង ឯខ្មោចពួកអ្នកបរិសុទ្ធ ដែលដេកលក់ទៅហើយ បានរស់ឡើងវិញជាច្រើន ទាំងចេញពីផ្នូរ ក្នុងពេលក្រោយដែលទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយចូលទៅក្នុងទីក្រុងបរិសុទ្ធ លេចមកឲ្យមនុស្សជាច្រើនឃើញដែរ ឯមេទ័ព និងពួកអ្នកដែលចាំយាមព្រះយេស៊ូវជាមួយគ្នា កាលបានឃើញកក្រើកដី និងការទាំងប៉ុន្មាន ដែលកើតមកដូច្នោះ នោះក៏ភ័យញ័រជាខ្លាំង គាត់និយាយថា នេះពិតជាព្រះរាជបុត្រានៃព្រះមែន។»
ហេតុអ្វីវាំងននក្នុងព្រះវិហារ នៃព្រះរហែក នៅពេលទ្រង់បានប្រគល់ វិញ្ញាណទ្រង់នៅលើឈើឆ្កាង?
ពីព្រោះនគរព្រះបានបើកសម្រាប់ អ្នកដែលជឿលើបុណ្យជ្រមុជ និងការសុគត នៅលើឈើឆ្កាងរបស់ទ្រង់
ដើម្បីយល់ពីសេចក្តីពិតអំពីដំណឹងល្អនេះ ជាដំបូង យើងត្រូវតែដឹង និងយល់សិនពីប្រព័ន្ធថ្វាយយញ្ញបូជា នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលត្រូវបានអនុវត្តសម្រាប់ការអត់ទោសអំពើបាបរបស់មនុស្ស នៅចំពោះព្រះ។
យោងតាមយញ្ញបូជាធួននឹងបាបនៅសម័យបុរាណ ដូចដែលបានកត់ត្រាទុកនៅក្នុង លេវីវិន័យ ១៦ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ សម្តេចសង្ឃបានដាក់ដៃរបស់ខ្លួនលើសត្វពពែរស់មួយ ហើយបានផ្ទេរទៅលើវានូវអំពើបាបទាំងអស់របស់មនុស្ស សម្រាប់រយៈពេលពេញមួយឆ្នាំ។ បន្ទាប់មក ដោយតំណាងឲ្យជនជាតិអ៊ីស្រាអែល យញ្ញបូជានោះត្រូវបានគេសំឡាប់ ហើយសម្តេចសង្ឃបានប្រោសឈាមរបស់វានៅលើទីសណ្តោសប្រោស។ យញ្ញបូជានេះធួននឹងអំពើបាបទាំងអស់របស់ជនជាតិអ៊ីស្រាអែល។ ដូចគ្នាដែរ មានតែអ្នកដែលបានជឿលើការដាក់ដៃលើ ឈាម និងព្រះបន្ទូលព្រះប៉ុណ្ណោះ ទើបអាចចូលទៅក្នុងទីបរិសុទ្ធបាន។
ពួកសង្ឃ តែងតែបានចូលទៅក្នុងផ្នែកទីមួយនៃត្រសាលជំនុំ ដើម្បីបំពេញការងារបស់ខ្លួន។ ប៉ុន្តែសម្រាប់ផ្នែកទីពីរ ដែលជាទីបរិសុទ្ធបំផុត គឺមានតែសម្តេចសង្ឃប៉ុណ្ណោះ ដែលអាចចូលបានតែម្នាក់ឯងគត់ ក្នុងរយៈពេលមួយឆ្នាំម្តង ដោយមានទាំងឈាម ដែលគាត់បានថ្វាយសម្រាប់ខ្លួនឯង និងសម្រាប់អំពើបាបរបស់បណ្តាជនផង (ហេព្រើរ ៩:៦-៧)។ ដូចគ្នាដែរ សូម្បីតែសម្តេចសង្ឃក៏មិនអាចចូលទៅក្នុងទីបរិសុទ្ធបំផុត ដោយមិនមានឈាមនៃយញ្ញបូជា ដែលត្រូវបានរៀបចំ តាមរយៈការដាក់ដៃលើ ដោយជំនឿដែរ។
ព្រះគម្ពីរសញ្ញាថ្មីបានប្រាប់យើងថា ព្រះយេស៊ូវគ្រីស្ទបានធ្វើជា យញ្ញបូជាសម្រាប់យើង
ព្រះគម្ពីរសញ្ញាថ្មី ប្រាប់យើងថា មនុស្សអាចចូលទៅក្នុងនគរព្រះបាន តាមរយៈជំនឿរបស់ខ្លួនលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ តើវាំងននក្នុងព្រះវិហារនៃព្រះបានរហែកជាពីរ ពីលើដល់ក្រោម នៅពេលណា? វាបានកើតឡើងដូច្នេះ នៅពេលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង បន្ទាប់ពីទ្រង់បានយាងមកក្នុងលោកិយនេះ ហើយបានទទួលបុណ្យ
ជ្រមុជពីលោកយ៉ូហាន-បាទ្ទីស។
តើអ្វីគឺជាមូលហេតុនៃហេតុការណ៍នេះ? ព្រះយេស៊ូវបានយាងមកក្នុងលោកិយនេះធ្វើជាយញ្ញបូជាមួយ គឺកូនចៀមនៃព្រះ បានដោះអំពើបាបរបស់លោកិយនេះចេញ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយបានលាងសម្អាតមនុស្សជាតិចេញពីអំពើបាបទាំងអស់ នៅពេលទ្រង់បានសុគតនៅលើឈើឆ្កាង។ ការរហែកវាំងននគឺជានិមិត្តសញ្ញាមួយថា អំពើបាបទាំងអស់របស់មនុស្សជាតិ ដែលបំបែកយើងចេញពីព្រះ ត្រូវបានលាងសម្អាត តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។
ព្រះយេស៊ូវអង្គទ្រង់ផ្ទាល់ បានបំបាក់រនាំងនេះ ដោយការសងថ្លៃឈ្នួលនៃអំពើបាប ដែលជាសេចក្តីស្លាប់។ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ និងបានសុគត ដើម្បីដោះអំពើបាបរបស់លោកិយនេះចេញ។ នេះហើយគឺជាមូលហេតុដែលវាំងននក្នុងព្រះវិហារនៃព្រះបានរហែកជាពីរ។ ហើយដូចដែលពួកសង្ឃអាចចូលទៅក្នុងត្រសាលជំនុំ ដោយជំនឿលើការដាក់ដៃលើ ឥឡូវនេះ យើងក៏អាចចូលទៅក្នុងនគរព្រះបាន ដោយជំនឿរបស់យើងលើបុណ្យជ្រមុជ និងព្រះលោហិតទ្រង់ផងដែរ។
នៅពេលព្រះយេស៊ូវត្រូវបានគេឆ្កាង ទ្រង់បានស្រែកយ៉ាងខ្លាំងថា «អេលីៗល៉ាម៉ាសាបាច់ថានី» ដែលស្រាយថា «ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?» (ម៉ាថាយ ២៧:៤៦)។ នៅទីបំផុត នៅពេលទ្រង់បានប្រគល់វិញ្ញាណទ្រង់វិញ ទ្រង់បានមានបន្ទូលថា «ការស្រេចហើយ!» (យ៉ូហាន ១៩:៣០)។ ព្រះវរបិតាបានបោះបង់ព្រះយេស៊ូវចោល នៅឯឈើឆ្កាងមួយរយៈ ពីព្រោះទ្រង់បានផ្ទុកអំពើបាបទាំងអស់របស់លោកិយនេះ ចាប់តាំងពីទ្រង់បានទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់មក។
ទ្រង់ បានសុគតសម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សជាតិទាំងមូល។ ជាលទ្ធផលនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង អស់អ្នកដែលបានមានជំនឿលើទ្រង់ បានសង្រ្គោះទាំងអស់។ ហើយដោយសារយើងបានកើតមកជាមនុស្សមានបាប និងត្រូវទទួលការកាត់ទោស ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ។
មាត់ទ្វាចូលទៅក្នុងនគរស្ថានសួគ៌ ត្រូវបានបិទយ៉ាងជិត រហូតដល់ព្រះយេស៊ូវបានលាងសម្អាងយើង ចេញពីអំពើបាបទាំងអស់របស់យើង។ នៅពេលទ្រង់បានទទួលបុណ្យជ្រមុជពីលោក យ៉ូហាន និងបានសុគតនៅលើឈើឆ្កាង វាំងននក្នុងព្រះវិហារនៃព្រះបានរហែកជាពីរ ចាប់ពីលើដល់ក្រោម ដើម្បីឲ្យអ្នកណាដែលជឿតាមដំណឹងល្អពិត អាចចូលទៅក្នុងព្រះវិហារនៃព្រះនៅស្ថានសួគ៌បាន។
ខ្ញុំ អរព្រះគុណដល់ព្រះអម្ចាស់ ដែលខ្ញុំមានជំនឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ឥឡូវនេះ ខ្ញុំអាចចូលទៅក្នុងនគរស្ថានសួគ៌បាន តាមរយៈជំនឿរបស់ខ្លួនលើដំណឹងល្អ ដែលព្រះយេស៊ូវសម្រេចបាន តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ ខ្ញុំមិនអាចទទួលបានសេចក្តីសង្រ្គោះ តាមរយៈអំណាច សមិទ្ធិផល និងការប្រឹងប្រែងរបស់ខ្ញុំបានឡើយ។
យើង មិនអាចទទួលបានព្រះពរដែលដឹកនាំយើងទៅក្នុងនគរស្ថានសួគ៌ ដោយការអធិស្ឋាន វិភាគទាន និងជំនឿស៊ប់បាន ឡើយ។ ប៉ុន្តែយើងអាចបានសង្រ្គោះ ដោយការមានជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើ ឆ្កាង។ ហើយយើងអាចចូលទៅក្នុងនគរស្ថានសួគ៌បាន លុះត្រាតែមានជំនឿតាមដំណឹងល្អពិតនេះ។ ព្រះយេស៊ូវគឺជាទ្វារចូលទៅនគរស្ថានសួគ៌។ មិនមានជំនឿផ្សេងណាទៀត ដែលមានភាពចាំបាច់សម្រាប់អ្នកដែលជឿលើព្រះយេស៊ូវឡើយ។ ការចូលទៅស្ថានសួគ៌ មិនមែនជាការប្រទានឲ្យ ជាការទូទាត់សងសម្រាប់វិភាគទានរបស់មនុស្ស ការប្រព្រឹត្តខាងលោកិយ ឬការប្រព្រឹត្តល្អផ្សេងៗឡើយ។ កិច្ចការចាំបាច់ពិតប្រាកដមួយសម្រាប់អ្នកជឿ ដើម្បីចូលទៅក្នុងនគរព្រះ គឺការមានជំនឿតាមដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅទន្លេយ័រដាន់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។
ការជឿលើទឹក (បុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងទន្លេ យ័រដាន់) និងព្រះលោហិតទ្រង់ (ឈើឆ្កាង) នឹងដឹកនាំអ្នកទៅក្នុងនគរស្ថានសួគ៌។ មនុស្សដែលនៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួន ទោះបើគាត់បានជឿព្រះយេស៊ូវហើយក៏ដោយ ត្រូវជឿលើកិច្ចការមួយ៖ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ «អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច» (យ៉ូហាន ៨:៣២)។
យើង មិនដែលដឹងពីពេលវេលានៃការស្លាប់របស់យើងឡើយ ប៉ុន្តែព្រះយេស៊ូវជ្រាបគ្រប់ទាំងអស់។ ដោយសារតែទ្រង់បានជ្រាបពីនិស្ស័យបាបរបស់យើងបានយ៉ាងច្បាស់លាស់ នោះទ្រង់បានលាងសម្អាតអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាងឈើ កាលពីជាងពីរពាន់ឆ្នាំមុន។
យើងត្រូវតែជឿតាមដំណឹងល្អពិតនេះ ដែលបានធ្វើឲ្យវាំងនន ក្នុងព្រះវិហារនៃព្រះរហែក
ព្រះអង្គសង្រ្គោះ បានប្រសូតមក តាមរយៈស្ត្រីក្រមុំព្រហ្មចារី ដើម្បីសង្រ្គោះមនុស្សជាតិចេញពីអំពើបាបរបស់ពួកគេ។ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅក្នុងទន្លេយ័រដាន់ នៅពេលទ្រង់មានព្រះជន្ម៣០ព្រះវស្សា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ អំពើបាបទាំងអស់របស់មនុស្សជាតិ ដែលចេញពីភាពខ្សោយ និងកំហុសរបស់ពួកគេ ត្រូវបានព្រះយេស៊ូវអត់ទោសឲ្យ។ ដូច្នេះ បុណ្យជ្រមុជ និងព្រះលោហិតទ្រង់គឺជាគន្លឹះដ៏អស់កល្បជានិច្ច សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សជាតិទាំង មូល។ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ និងបានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ហើយឥឡូវនេះ អស់អ្នកដែលមានជំនឿតាមដំណឹងល្អនេះ អាចចូលទៅក្នុងនគរស្ថានសួគ៌បាន។
វាំងននក្នុងព្រះវិហារនៃព្រះ បានរហែក នៅពេលព្រះយេស៊ូវបានប្រគល់វិញ្ញាណទ្រង់នៅលើឈើឆ្កាង។ តើវាំងននក្នុងព្រះវិហារនៃព្រះអាចរហែកជាពីរបានយ៉ាងដូចម្តេច នៅពេលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង? មូលហេតុគឺថា ទ្រង់បានសម្រេចសេចក្តីសង្រ្គោះរបស់មនុស្សជាតិនៅក្នុងដំណឹងល្អពិត។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ យើងរៀនអំពីត្រសាលជំនុំរបស់អ៊ីស្រាអែល។ នៅទីនោះ មានអាសនាតង្វាយដុត និងចានក្លាំ។ ហួសពីចានក្លាំ គឺជាត្រសាលជំនុំ ហើយនៅខាងក្នុងត្រសាលជំនុំខាងក្រោយវាំងនន មានហិបសញ្ញា ដែលវត្តមាន និងសិរីល្អរបស់ព្រះគង់នៅទីនោះ។ វាំងននត្រូវបានត្បាញយ៉ាងរឹងមាំ រហូតដល់សេះបួនទាញពីទិសទាំងបួន ក៏មិនអាចរហែកសំពត់របស់វាបាន ដែរ។ សូម្បីតែស្តេចសាឡូម៉ូនបានប្តូរត្រសាលជំនុំដោយព្រះវិហារក៏ដោយ ក៏ទម្រង់មូលដ្ឋានគ្រឹះរបស់វាមិនត្រូវបានផ្លាស់ប្តូរដែរ ហើយវាំងនននៅតែនៅទីនោះ បាំងផ្លូវទៅក្នុងទីបរិសុទ្ធបំផុត ដដែល។ ទោះបីជាយ៉ាងណា វាបានរហែកជាពីរ ពីលើដល់ក្រោម នៅពេលព្រះយេស៊ូវបានសម្រក់ព្រះលោហិត និងសុគតនៅលើឈើឆ្កាង។ ការនេះធ្វើបន្ទាល់ពីការពិតថា ដំណឹងល្អដែលត្រូវបានសម្រេចបាន ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ គឺល្អឥតខ្ចោះ។
ព្រះ បានប្រទានដល់មនុស្សជាតិទាំងមូលនូវសេចក្តីអត់ទោសអំពើបាប និងជីវិតអស់កល្បជានិច្ច ដោយក្រសោបពួកគេនៅក្នុងដំណឹងល្អពិត។ ក្នុងនាមជាយញ្ញបូជា ព្រះយេស៊ូវបានសងថ្លៃឈ្នួលនៃអំពើបាបហើយ នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងបានសុគតនៅលើឈើឆ្កាង។ ព្រះគម្ពីរនិយាយថា «ឈ្នួលនៃអំពើបាប គឺជាសេចក្តីស្លាប់» (រ៉ូម ៦:២៣)។ នៅសម័យព្រះគម្ពីរសញ្ញាចាស់ មនុស្សអាចចូលទៅក្នុងព្រះវិហារនៃព្រះបាន ដោយមានឈាមនៃយញ្ញបូជា ហើយទទួលបានការធួននឹងបាប។ ហើយឥឡូវនេះ យើងក៏អាចចូលទៅចំពោះព្រះបាន ជាមួយយញ្ញបូជារបស់យើង ដែលជាព្រះយេស៊ូវ ហើយទទួលបានការអត់ទោសសម្រាប់អំពើរំលងរបស់យើងផងដែរ។ នេះហើយគឺជាសេចក្តីពិត។ ហើយពាក្យថា «ឈ្នួលនៃអំពើបាប គឺជាសេចក្តីស្លាប់» បង្ហាញប្រាប់យើងថា ដំណឹងល្អពិតគឺល្អឥតខ្ចោះ។
ផ្លូវទៅស្ថានសួគ៌ គឺត្រូវជឿតាមដំណឹងល្អពិត។ ការរហែកវាំងននជាពីរតំណាងឲ្យការបើកនគរព្រះ។ នៅពេលយើងដឹង និងជឿតាមដំណឹងល្អ ហើយនិយាយថា «អូ ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់ខ្ញុំចេញហើយ។ អូ ព្រះយេស៊ូវបានសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់របស់ខ្ញុំនៅលើឈើឆ្កាងហើយ!» នោះទ្វាទៅស្ថានសួគ៌នឹងបើកនៅចំពោះយើង។ ឥឡូវនេះ ស្ថានសួគ៌បើកសម្រាប់អស់អ្នក ដែលបានទទួលសេចក្តីប្រោសលោះ តាមរយៈជំនឿរបស់ខ្លួនលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់។ ព្រះលោហិតរបស់ព្រះយេស៊ូវបានសង្រ្គោះមនុស្សមានបាបចេញពីសេចក្តីស្លាប់ ហើយបុណ្យជ្រមុជរបស់ទ្រង់គឺជារបៀបទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិ។
មានការកក្រើកដី និងថ្មប្រេះដាច់ពីគ្នា នៅពេលព្រះអម្ចាស់បានប្រគល់វិញ្ញាណទ្រង់នៅលើឈើឆ្កាង។ បន្ទាប់មក ព្រះលោហិតទ្រង់បានស្រក់ចុះដល់ដី ហើយបានចាប់ផ្តើមហូរចូលទៅក្នុងដីផ្នែកខាងក្រោម។ នៅពេលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង អំពើបាបទាំងអស់របស់មនុស្សជាតិត្រូវបានលាងសម្អាត ដំណឹងល្អពិតត្រូវបានសម្រេចបាន ហើយអ្នកជឿទាំងអស់បានមានសិទ្ធិចូលទៅក្នុងនគរស្ថានសួគ៌។ នេះហើយគឺជាសេចក្តីពិតអំពីការបានកើតជាថ្មី។
មានសាស្ត្រាចារ្យព្រះគម្ពីរជាច្រើន ដែលបានធ្វើការស្រាវជ្រាវភស្តុតាង ដើម្បីបដិសេធអត្ថិភាពរបស់ព្រះយេស៊ូវគ្រីស្ទជាមនុស្សពិតម្នាក់។ ប៉ុន្តែពួកគេមិនអាចយកសម្មតិកម្មរបស់ពួកគេប្រឆាំងនឹងភស្តុតាងជាប្រវត្តិសាស្ត្រជាច្រើន អំពីអត្ថិភាពរបស់ទ្រង់បាន ឡើយ។ ក្នុងចំណោមពួកគេ មានមនុស្សជាច្រើនបានចុះចូល និងជឿតាមដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះ យេស៊ូវ។ ពួកគេបានដឹងថា ភស្តុតាងនៃព្រះយេស៊ូវគឺរឹងមាំ រហូតដល់ពួកគេមិនអាចបដិសេធអត្ថិភាពរបស់ទ្រង់បាន។ ដូច្នេះ ពួកគេបានទទួលយកព្រះយេស៊ូវធ្វើជាព្រះអង្គសង្រ្គោះរបស់ខ្លួន នៅពេលពួកគេបានដឹង និងជឿតាមដំណឹងល្អនេះ៖ កំណើត បុណ្យជ្រមុជ ការសុគត ការមានព្រះជន្មរស់ពីសុគត និងការយាងត្រឡប់មកវិញជាលើកទីពីររបស់ទ្រង់។
យើង មិនបានមើលឃើញបុណ្យជ្រមុជរបស់ព្រះយេស៊ូវដោយផ្ទាល់ភ្នែកទេ។ ភ្នែករបស់យើងមិនបានមើលឃើញអ្វីដែលបានកើតឡើង កាលពីជាង២០០០ឆ្នាំមុនឡើយ។ ប៉ុន្តែតាមរយៈអ្វីដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ គ្រប់គ្នាអាចមានទំនាក់ទំនងជាមួយដំណឹងល្អនេះបាន។ ព្រះយេស៊ូវបានបំបាក់រនាំងបាបរវាងព្រះ និងមនុស្សចោល តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ហើយ។ ដូច្នេះហើយបានជាវាំងននក្នុងនគរព្រះក៏បានរហែកជាពីរ ពីលើដល់ក្រោមផងដែរ។
ឥឡូវនេះ អ្នកណាដែលជឿតាមដំណឹងល្អពិតនេះ ដែលត្រូវបានសម្រេចបានដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ អាចចូលទៅក្នុងនគរស្ថានសួគ៌បានហើយ។ តើអ្នកមានជំនឿលើសេចក្តីពិតថា បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ដែលជាដំណឹងល្អពិតនេះ គឺជាគន្លឹះទៅកាន់នគរស្ថានសួគ៌ដែរឬទេ?
ពីមុន ខ្ញុំក៏ជាមនុស្សមានបាបម្នាក់ផងដែរ ដែលបានទុកចិត្តលើព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ ប៉ុន្តែមិនបានស្គាល់ពីដំណឹងល្អពិតនេះទេ។ ប៉ុន្តែថ្ងៃមួយ ខ្ញុំបានអានអំពីសេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌរបស់ទ្រង់សម្រាប់ខ្ញុំនៅក្នុងព្រះគម្ពីរ។ ខ្ញុំបានដឹងថា ទ្រង់បានទទួលបុណ្យជ្រមុជសម្រាប់ខ្ញុំ បានសុគតនៅលើឈើឆ្កាងសម្រាប់ខ្ញុំ ហើយបានមានព្រះជន្មរស់ពីសុគតសម្រាប់ខ្ញុំ។ ព្រះយេស៊ូវបានសង្រ្គោះខ្ញុំ ដោយការទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នូលនៃអំពើបាប ដោយសារតែសេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់យើង។ ឥឡូវនះ យើងអាចចូលទៅក្នុងនគរស្ថានសួគ៌បានហើយ ដោយការជឿតាមដំណឹងល្អពិតនេះ។
នេះ គឺជាសេចក្តីសុចរិតដ៏អស្ចារ្យបំផុតរបស់ព្រះសម្រាប់មនុស្សជាតិ និងព្រឹត្តិការណ៍ដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រ។ ព័ន្ធកិច្ចទាំងអស់របស់ទ្រង់ ដែលមានដូចជាកំណើតរបស់ទ្រង់ បុណ្យជ្រមុជរបស់ទ្រង់នៅក្នុងទន្លេយ័រដាន់ ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ គឺដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ តាមការពិត យើងត្រូវធ្លាក់ទៅក្នុងស្ថាននរក បន្ទាប់ពីយើងស្លាប់ទៅ ប៉ុន្តែព្រះយេស៊ូវបានរំដោះព្រលឹងរបស់យើង ចេញពីភាពអស់កល្បជានិច្ចនៅក្នុងស្ថាននរក ហើយបានប្រទានឲ្យយើងនូវដំណឹងល្អពិតទុកជាផ្លូវចូលទៅក្នុងនគរស្ថានសួគ៌វិញ។
បងប្អូនជាទីស្រឡាញ់អើយ! នៅពេលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ទាហានម្នាក់បានយកលំពែងចាក់ចំហៀងទ្រង់ ហើយរំពេចនោះ ព្រះលោហិត និងទឹកបានហូរចេញមក។ ការនេះត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ។ ហើយការនេះធ្វើបន្ទាល់ពី សេចក្តីពិតនៃដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់។
តើអ្នកជឿថា ជំនឿរបស់អ្នកលើព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងគឺគ្រប់គ្រាន់ដើម្បីសង្រ្គោះអ្នកចេញពីអំពើបាបទាំងអស់របស់អ្នកហើយឬ? តើបុណ្យជ្រមុជរបស់ព្រះយេស៊ូវមានសារៈសំខាន់តិចជាង ឬជាការចៃដន្យសម្រាប់សេចក្តីសង្រ្គោះរបស់អ្នកឬ? ឥឡូវនេះ យើងត្រូវតែជឿតាមដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ហើយទទួលយកវាជាសេចក្តីពិតរបស់ព្រះ។
តើអ្នកចង់បានស្អាតពីអំពើបាបទាំងអស់របស់ខ្លួនដែរទេ?
ដូចដែលយើងត្រូវសងប្រាក់ ដើម្បីរួចពីបំណុល យើងក៏ត្រូវតែមានជំនឿលើដំណឹងល្អពិតអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវផងដែរ ដើម្បីបានស្អាតពីអំពើបាបទាំងអស់របស់ យើង។ យើងមិនគួរប្រព្រឹត្តអំពើបាបនៃការមិនជឿតាមដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវឡើយ។ ទោះបីជាយើងមិនបានផ្ទេរអំពើបាបរបស់យើង ទៅលើព្រះយេស៊ូវដោយផ្ទាល់មែន ក៏មានអ្នកសម្រួបសម្រួលម្នាក់ឈ្មោះថា យ៉ូហាន-បាទ្ទីស បានបំពេញកាតព្វកិច្ចនេះជំនួសយើងដែរ។
នៅពេលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ផ្នូរមួយចំនួនរបស់ពួកបរិសុទ្ធនៅក្រុងយេរូសាឡិមបានរបើក ហើយបីថ្ងៃក្រោយមក ទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយបានចូលទៅស្រុកកាលីឡេ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះពិតជាបានកើតឡើងមែន ប៉ុន្តែមនុស្សជាច្រើនមិនបានជឿឡើយ។
ព្រះអម្ចាស់របស់យើង បានប្រទាននគរស្ថានសួគ៌ដល់យើងដែលជាមនុស្សសុចរិត ដែលបានទទួលការអត់ទោសអំពើបាប។ យើងបានសង្រ្គោះ និងបានកើតជាថ្មី មិនតាមរយៈអំណាចខាងសាច់ឈាម ឬការប្រព្រឹត្តតាមបែបសាសនារបស់យើងឡើយ ប៉ុន្តែតាមរយៈជំនឿរបស់យើងតាមដំណឹងល្អពិតវិញ។ ដំណឹងល្អនេះមិនមែនជារឿងប្រឌិតឡើយ។ អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់ទទួលបុណ្យ ជ្រមុជ។ មិនមានបាបណាមួយសោះនៅក្នុងទ្រង់ ប៉ុន្តែទ្រង់ត្រូវតែសុគតនៅលើឈើឆ្កាង ដើម្បីធួននឹងអំពើបាបដែលទ្រង់បានទទួលយកនៅឯបុណ្យជ្រមុជរបស់ទ្រង់។
នៅពេលព្រះយេស៊ូវបានប្រគល់វិញ្ញាណទ្រង់វិញ ដីបានកក្រើក និងថ្មប្រេះដាច់ចេញពីគ្នា។ នៅពេលមេទ័ព និងអ្នកដែលនៅជាមួយគ្នា ដែលកំពុងតែយាមសពរបស់ព្រះយេស៊ូវ បានដឹងពីការរញ្ជួយដី និងហេតុការណ៍ផ្សេងៗដែលបានកើតឡើង ពួកគេបានមានការភ័យញ័រយ៉ាងខ្លាំង ហើយនិយាយថា «នេះពិតជាព្រះរាជបុត្រានៃព្រះមែន» (ម៉ាថាយ ២៧:៥៤)។
លោកយ៉ូសែប ដែលជាអ្នកមានមកពីភូមិអើរីម៉ាថេ បានយកសពរបស់ព្រះយេស៊ូវ ហើយរុំនឹងសំពត់ឯកទេសយ៉ាងស្អាត ហើយបានដាក់នៅក្នុងផ្នូរខ្លួនផ្ទាល់របស់គាត់។ ហើយសម្តេចសង្ឃ និងពួក ផារ៉ាស៊ីបានចេញបញ្ជាឲ្យយាមកាមផ្នូរឲ្យបានម៉ត់ចត់ រហូតដល់ថ្ងៃទីបី។
ទោះបីជាយ៉ាងណា ព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីប្រទានជីវិតថ្មីដល់អស់អ្នកដែលជឿតាមដំណឹងល្អពិត។ ទ្រង់បានចូលទៅក្នុងស្រុកកាលីឡេ ដែលជាកន្លែងទ្រង់បានសន្យានឹងជួបជាមួយពួកសិស្សរបស់ពួកគេ នៅមុនពេលទ្រង់បានសុគតនៅលើឈើឆ្កាង។ ហេតុការណ៍ទាំងអស់នេះ៖ កំណើត បុណ្យជ្រមុជ ការសុគតនៅលើឈើឆ្កាង ការមានព្រះជន្មរស់ពីសុគតឡើងវិញ ការយាងត្រឡប់ទៅស្ថានសួគ៌វិញ និងការយាងមកជាលើកទីពីររបស់ទ្រង់ គឺសម្រាប់អស់អ្នកដែលជឿតាមដំណឹងល្អពិត។ ខ្ញុំក៏បានក្លាយជាអ្នកធ្វើបន្ទាល់ម្នាក់ ដែលប្រកាសថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ និងព្រះអង្គសង្រ្គោះរបស់ខ្ញុំ។
តើដំណឹងល្អត្រូវបានប្រកាសដោយអ្នកណា?
អ្នកជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ធ្វើបន្ទាល់ពីដំណឹងល្អអំពីសេចក្តីពិត។ ដំណឹងល្អពិតត្រូវបានផ្សព្វផ្សាយ តាមរយៈសេចក្តីបន្ទាល់របស់មនុស្សទាំងនេះ ដែលបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួន។ នៅពេលមនុស្សមា្នក់បានរួចពីអំពើបាបរបស់ខ្លួនហើយ ដោយការជឿតាមដំណឹងល្អ ព្រះវិញ្ញាណនៃព្រះចាប់ផ្តើមគ្រប់គ្រងគាត់ ហើយទ្រង់ផ្លាស់ប្រែគាត់ទៅតាមបំណងព្រះហឫទ័យទ្រង់។ ព្រះបន្ទូលព្រះដែលចាប់យកព្រលឹង បន្តផ្លាស់ប្រែមនុស្សសុចរិតម្នាក់ ហើយជួយឲ្យគាត់មានជំនឿកាន់តែរឹងមាំ។ ត្រឡប់មកវិញ គាត់សរសើរតម្កើងដល់ព្រះអម្ចាស់។ ព្រះបន្ទូលព្រះនៅក្នុងគាត់ ហើយជាលទ្ធផល គាត់ទទួលបានការកែជាថ្មីឡើងវិញពីខាងក្នុងខ្លួនគាត់ ជារៀងរាល់ថ្ងៃ។ ដោយមើលឃើញគាត់បានផ្លាស់ប្រែដូច្នេះ មនុស្សធ្វើបន្ទាល់ថា «គាត់ពិតជាមនុស្សបានសង្រ្គោះមែន។ ហើយគាត់បានក្លាយជា គ្រីស្ទបរិស័ទ និងកូនរបស់ព្រះពិតប្រាកដមែន»។
សូម្បីតែអារក្សក៏ទទួលយក និងចុះចូលចំពោះដំណឹងល្អពិតនេះដែរ។ វានិយាយថា «ខ្ញុំអន់ចិត្តណាស់ ប៉ុន្តែការពិតគឺថា មិនមានបាបនៅក្នុងលោកិយនេះទេ។ ហើយគ្មានអ្នកណាម្នាក់មានបាបនៅក្នុងចិត្តរបស់ខ្លួនឡើយ»។ ដូច្នេះ អារក្សធ្វើការនៅក្នុងគំនិតរបស់មនុស្ស ជ្រៀតជ្រែកនៅក្នុងជីវិតស្មោះត្រង់របស់ពួកគេ។ ការងារបស់អារក្ស គឺត្រូវរារាំងពួកគេមិនឲ្យទទួលបានដំណឹងល្អ ដែលជាព្រះពរខាងវិញ្ញាណ។
សាតាំង បានចាញ់ការប្រយុទ្ធជាមួយព្រះយេស៊ូវទាំងស្រុងហើយ។ វាបានជោគជ័យក្នុងការអនុញ្ញាត្តឲ្យព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ដោយការគ្រប់គ្រងគំនិតរបស់មនុស្ស។ ទោះបីជាយ៉ាងណា ព្រះយេស៊ូវបានដោះអំពើបាបរបស់លោកិយនេះចេញរួចទៅហើយ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ និងនៅពេលទ្រង់សុគតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នូលនៃអំពើបាប។ សម្រាប់ហេតុផលនេះ ទ្រង់បានសង្រ្គោះអ្នកជឿតាមដំណឹងល្អទាំងស្រុង។
អារក្ស មិនអាចកម្ទេចផែនការរបស់ព្រះក្នុងការសង្រ្គោះមនុស្សជាតិចេញពីអំពើបាបរបស់ពួកគេបានឡើយ។ ព្រះយេស៊ូវបានសងថ្លៃសម្រាប់អំពើបាបរបស់មនុស្ស តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ដើម្បីបំពេញសម្រេចដំណឹងល្អ។ ដូច្នេះ ឥឡូវនេះ ឥតមានបាបនៅក្នុងលោកិយនេះទៀតឡើយ។ ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់ តាមរយៈបុណ្យជ្រមុជបស់ទ្រង់ ហើយបញ្ចប់រាល់អំពើបាបទាំងអស់ តាមរយៈការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ដោយមានបន្ទូលថា «ការស្រេចហើយ!» (យ៉ូហាន ១៩:៣០)។ សាតាំងត្រូវបានដកហូតអំណាចក្នុងការចោទអស់អ្នកដែលមានជឿតាមដំណឹងល្អពិត។ ព្រះយេស៊ូវបានបំបាក់អារក្ស តាម រយៈកំណើត បុណ្យជ្រមុជ ការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតរបស់ទ្រង់។
តើអ្នកនៅតែមានបាបនៅក្នុងចិត្តឬ? ទេ។ គ្រីស្ទបរិស័ទអាចនិយាយដោយទំនុកចិត្តថា «ខ្ញុំមិនមានបាបនៅក្នុងចិត្តឡើយ» ដោយផ្អែកលើជំនឿរបស់ខ្លួន តាមដំណឹងល្អអំពីសេចក្តីពិតនេះ។ ពីព្រោះមនុស្សដែលជឿតាមដំណឹងល្អពិតអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ មិនមានបាបណាសោះនៅក្នុងចិត្ត។
ឥឡូវនេះ ដំណឹងល្អពិតត្រូវបានចារនៅក្នុងចិត្តរបស់យើង ហើយ។ ហើយយើងបានរួចពីភាពសោកសៅនៅចំពោះព្រះ ហើយ។ តើអ្នករាល់គ្នាជឿថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់អ្នកចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅក្នុងទន្លេយ័រដាន់ដែរឬទេ? បើសិនអ្នករាល់គ្នាជឿ អំណរ និងការដឹងព្រះគុណរបស់អ្នកចំពោះព្រះនឹងបានពេញលេញ។ ហើយដោយការជឿតាមដំណឹងល្អពិតនេះ យើងបានញែកជាបរិសុទ្ធ ហើយបានរួចពីអំពើបាបទាំងអស់របស់យើងនៅក្នុងលោកិយនេះ។ យើងសូម អរព្រះគុណដល់ព្រះ។
«ទ្រង់បានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់ យើងរាល់គ្នាមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្តីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់» (កូឡូស ១:១៣-១៤)។ ហាលេលូយ៉ា។ សូមសរសើរតម្កើងព្រះអម្ចាស់។
ព្រះយេស៊ូវ បានបើកទ្វាចូលទៅកាន់សេចក្តីសង្រ្គោះ តាម រយៈដំណឹងល្អពិត។ ហើយអ្នកក៏ត្រូវតែបំបាក់រនាំងទាំងអស់នៅក្នុងចិត្តរបស់អ្នក ដោយអំណាចនៃដំណឹងល្អពិត ដូចដែលវាំងននក្នុងព្រះវិហារបានរហែកជាពីរផងដែរ។ យើងអាចចូលទៅក្នុងនគរស្ថានសួគ៌ ដោយការជឿតាមដំណឹងល្អពិតនេះ ហើយវាគឺជា សេចក្តីពិតដាច់ខាត ដែលអនុញ្ញាតឲ្យទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។