Search

សេចក្តីអធិប្បាយ

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 9-3] តើព្រះខុសឬ ដែលស្រឡាញ់យ៉ាកុប? (រ៉ូម ៩:៣០-៣៣)

(រ៉ូម ៩:៣០-៣៣)
«ដូច្នេះ តើយើងនឹងថាដូចម្តេច គឺត្រូវថា សាសន៍ដទៃ ដែលមិនដេញតាមសេចក្តីសុចរិត នោះបានទាន់សេចក្តីសុចរិតនោះហើយ គឺជាសេចក្តីសុចរិត ដែលមកដោយសារសេចក្តីជំនឿ តែឯសាសន៍អ៊ីស្រាអែលវិញ ដែលគេដេញតាមក្រឹត្យវិន័យដ៏សុចរិត នោះគេមិនបានទាន់ក្រឹត្យវិន័យដ៏សុចរិតទេ តើដោយហេតុអ្វី គឺដោយព្រោះតែគេរក ដោយអាងការគេប្រព្រឹត្ត មិនមែនដោយសេចក្តីជំនឿទេ ដ្បិតគេបានជំពប់នឹងថ្មជំពប់នោះ ដូចមានសេចក្តីចែងទុកមកថា [មើល អញដាក់ថ្មជំពប់១ គឺជាថ្មដាបង្អាក់បង្អន់ចិត្ត នៅក្រុងស៊ីយ៉ូន អស់អ្នកណាដែលជឿដល់ថ្មនោះ នឹងគ្មានហេតុនាំឲ្យខ្មាសឡើយ]។»
 
 
នៅក្នុងការហៅយើងទាំងអស់គ្នា ព្រះអម្ចាស់បានមានបន្ទូលថា «ខ្ញុំមិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប ឲ្យប្រែចិត្តវិញ» (ម៉ាថាយ ៩:១៣)។ យើងគួរតែដឹងថា ព្រះមិនប្រទានអំណោយទាននៃសេចក្តីសង្រ្គោះ ដល់អ្នកដែលដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួនហើយ ហើយដើម្បីចៀសវាងការនេះ យើងត្រូវតែជឿលើសេចក្តីសុចរិតរបស់ព្រះវិញ។
រ៉ូម ៩:១៣ និយាយថា ព្រះបានស្រឡាញ់យ៉ាកុប តែទ្រង់បានស្អប់អេសាវ។ ព្រះបានប្រទានដល់អ្នកដែលទទួលយកសេចក្តីសុចរិតរបស់ព្រះ ដោយការអរព្រះគុណ នូវអំណោយទាននៃការអត់ទោសសម្រាប់អំពើបាប និងព្រះពរនៃការយកពួកគេធ្វើជាកូនរបស់ទ្រង់។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែជឿលើព្រះ ដោយស្គាល់ពីសេចក្តីសុចរិតរបស់ទ្រង់។
យើងគួរតែរៀន និងយល់ព្រះបន្ទូលអំពីសេចក្តីសុចរិតរបស់ព្រះ ដែលទ្រង់បានប្រទានឲ្យយើង។ នៅពេលមនុស្សចង់បានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន ជាដំបូង ពួកគេត្រូវតែស្គាល់ពីភាពមានបាប និងភាពមិនពេញលេញរបស់ខ្លួន និងសេចក្តីសុចរិតរបស់ព្រះជាមុនសិន។ យើងត្រូវតែស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ទ្រង់។ ព្រះបានប្រាប់យើងថា អ្នកដែលដឹងថា មានតែពួកគេដែលត្រូវធ្លាក់ទៅក្នុងស្ថាននរកប៉ុណ្ណោះ ដែលត្រូវការសេចក្តីសុចរិតរបស់ទ្រង់។ ដូច្នេះ យើងចាំបាច់ត្រូវទទួលស្គាល់អំពើបាបរបស់យើង និងដឹងថា ដោយសារតែអំពើបាបរបស់ខ្លួន យើងប្រឈមនឹងសេចក្តីក្រោធរបស់ព្រះ ដែលធ្វើឲ្យយើងគេចមិនផុតពីទណ្ឌកម្មនៅក្នុងស្ថាននរកឡើយ។
ប៉ុន្តែយើងអាចទទួលយកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទុកនៅក្នុងចិត្តរបស់យើងបាន តាមរយៈបុណ្យជ្រមុជរបស់ព្រះអម្ចាស់ ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ ពីព្រោះមានតែអ្នកដែលស្គាល់សេចក្តីសុចរិតរបស់ព្រះប៉ុណ្ណោះ ទើបអាចជឿលើសេចក្តីសុចរិតនេះបាន។ នេះដោយសារតែព្រះគុណ និង សេចក្តីស្រឡាញ់របស់ព្រះ មិនមែនអ្វីដែលយើងអាចស្វែងរកបាន ដោយការអធិស្ឋានលន់តួ ឬជីវិតនៃជំនឿស៊ប់ខាងសាសនា ដែលមនុស្សជាច្រើនអនុវត្តឡើយ។ ផ្ទុយទៅវិញ ព្រះប្រទានការអត់ទោសសម្រាប់អំពើបាបដល់អ្នកដែលសរសើរតម្កើង និងជឿលើសេចក្តីសុចរិតរបស់ទ្រង់។
យើងទាំងអស់គ្នាត្រូវតែត្រៀមខ្លួនជាស្រេច ដើម្បីជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នៅក្នុងចិត្តរបស់យើង។ តើអ្នកចង់ទទួលបាន សេចក្តីសុចរិតរបស់ព្រះដែរទេ? ដូច្នេះ ចូរទទួលស្គាល់ភាពមិនពេញលេញរបស់អ្នក នៅចំពោះព្រះ និងក្រិត្យវិន័យរបស់ទ្រង់ចុះ។ ចូរទទួលស្គាល់ថា ដោយសារតែអំពើបាបរបស់អ្នក អ្នកស្ថិតនៅក្រោមសេចក្តីក្រោធរបស់ព្រះ និងថា អ្នកត្រូវការសេចក្តីសុចរិតរបស់ទ្រង់! នៅពេលអ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងទទួលយកវាទុកនៅក្នុងចិត្ត សេចក្តីសុចរិតរបស់ព្រះនឹងក្លាយជារបស់អ្នក។ ដូច្នេះ អ្នកត្រូវតែស្គាល់ និងជឿតាមសេចក្តីពិតនេះ។
 
 
គំនិតរបស់អ្នកដែលមិនជឿលើសេចក្តីសុចរិតរបស់ព្រះ មានភាពច្របូកច្របល់ និងជាប់នៅក្នុងភាពឥតប្រយោជន៍
 
ព្រះ បានប្រាប់យើងថា គំនិតរបស់យើងច្របូកច្របល់ តាំងពីដើមដំបូងមកម៉្លេះ (លោកុប្បត្តិ ១:២)។ ហេតុអ្វីដូច្នេះ? នេះដោយសារតែ ទេវតាដែលធ្លាក់ចុះ ដែលបានទាស់ប្រឆាំងនឹងព្រះ បានរារាំងមនុស្សមិនឲ្យជឿតាមព្រះបន្ទូលអំពីសេចក្តីសុចរិតរបស់ព្រះ ដោយការធ្វើឲ្យគំនិតរបស់ពួកគេច្របូកច្របល់ និងឥតប្រយោជន៍។ នេះគឺជាមូលហេតុដែលអំពើបាបបានចូលមកក្នុងចិត្តរបស់មនុស្ស (លោកុប្បត្តិ ៣:១-៨)។ 
ព្រះគម្ពីរប្រាប់យើងថា ទេវតាមួយដែលព្រះបានបង្កើត បានទាស់ប្រឆាំងនឹងទ្រង់។ ទេវតានេះបានព្យាយាមដណ្តើមរាជ្យបាល្ល័ង្ករបស់ព្រះ ដោយផែនការក្បត់ និងកម្លាំងផ្ទាល់ខ្លួន ប៉ុន្តែបានបរាជ័យនៅក្នុងការបះបោរ ហើយត្រូវបានព្រះបណ្តេញចេញពីតំណែងជាទេវតារបស់ខ្លួន។ បន្ទាប់មក ទេវតាដែលធ្លាក់ចុះនេះ បានល្បួង និងបោកបញ្ឆោតមនុស្សជាតិ ហើយបានបង្វែរពួកគេឲ្យទាស់ប្រឆាំងនឹងព្រះ។ ទេវតានេះមានឈ្មោះថា សាតាំង។ ទេវតាដែលពេញដោយអំណួតនេះ នៅតែធ្វើការនៅក្នុងទាំងអ្នកជឿ និងអ្នកមិនជឿផង នៅក្នុងរបៀបអួត និងបះបោរ។ តាមរយៈការបោកបញ្ឆោតមនុស្ស វាបានប្រឆាំងនឹងព្រះបន្ទូលអំពីសេចក្តីសុចរិតរបស់ព្រះ និងអំណាចព្រះចេស្តារបស់ទ្រង់។
អារក្សតែងតែព្យាយាមកុហក ដើម្បីឲ្យមនុស្សមិនអាចជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបាន។ ដោយត្រូវបានអារក្សបោកបញ្ឆោត មនុស្សជាច្រើនព្យាយាមបង្កើតសេចក្តីសុចរិតផ្ទាល់ខ្លួន។ អារក្សបានធ្វើឲ្យមនុស្សជាតិធ្លាក់ទៅក្នុងបាប ហើយជាលទ្ធផល មនុស្សត្រូវរស់នៅក្នុងជីវិតដែលមានច្របូកច្របល់ និងឥតប្រយោជន៍។
 
 
ព្រះបានប្រទានការអត់ទោសសម្រាប់អំពើបាប និងសេចក្តីសុចរិត
 
ការបានសង្រ្គោះចេញពីបាបសម្រាប់មនុស្សជាតិ ដែលបានធ្លាក់ទៅក្នុងបាប ដោយសារការល្បួងរបស់សាតាំង មិនពឹងផ្អែកលើភាពឆេះឆួល ឬសេចក្តីសុចរិតរបស់ពួកគេឡើយ។ ទោះបីយ៉ាងណា មនុស្សយ៉ាងច្រើនព្យាយាមយ៉ាងខ្លាំង ដើម្បីគេចេញពីអំពើបាបរបស់ខ្លួន ខណៈដែលកំពុងតែទាស់ប្រឆាំងនឹងព្រះ ដោយមិនស្គាល់ពីភាពមិនពេញលេញរបស់ខ្លួន។ ព្រះបានបន្ទោសអ្នកដែលស្វែងរកសេចក្តីសុចរិតផ្ទាល់ខ្លួន ដែលព្យាយាមទទួលបានសេចក្តីសុចរិតរបស់ព្រះ ដោយការប្រព្រឹត្តល្អរបស់ខ្លួន។ សេចក្តីប្រោសលោះមិនសម្រាប់មនុស្សបែបនេះឡើយ ប៉ុន្តែព្រះប្រទានសេចក្តីសុចរិតរបស់ទ្រង់ដល់អ្នកដែលដឹងថា ខ្លួនគឺជាមនុស្សមានបាប និងដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ តែប៉ុណ្ណោះ។
បំណងព្រះហឫទ័យព្រះ គឺខុសពីគំនិតរបស់មនុស្ស។ សាវកប៉ុលបានប្រាប់យើងថា ទោះបីជាមនុស្សមានការប្រព្រឹត្តខាងក្រៅដូចជា ជំនឿស៊ប់ខាងសាសនា ការចូលរួមក្នុងពួកជំនុំ ការអធិស្ឋានពាក់កណ្តាលយប់ និងព្រឹកព្រលឹម ការតម ការថ្វាយតង្វាយ ការអធិស្ឋានលន់តួ...ល្អយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចលាងសម្អាតអំពើបាបរបស់ខ្លួនបានដែរ។
ព្រះប្រាប់យើងថា ការប្រព្រឹត្តតាមក្រិត្យវិន័យមិនអាចប្រោសលោះយើងចេញពីអំពើបាបរបស់យើង និងធ្វើឲ្យសេចក្តីសុចរិតរបស់ព្រះក្លាយជារបស់យើងបានឡើយ។ ខ.៣២-៣៣និយាយថា «ដោយហេតុអ្វី គឺដោយព្រោះតែគេរក ដោយអាងការគេប្រព្រឹត្ត មិនមែនដោយសេចក្តីជំនឿទេ ដ្បិតគេបានជំពប់នឹងថ្មជំពប់នោះ ដូចមានសេចក្តីចែងទុកមកថា [មើល អញដាក់ថ្មជំពប់១ គឺជាថ្មដាបង្អាក់បង្អន់ចិត្ត នៅក្រុងស៊ីយ៉ូន អស់អ្នកណាដែលជឿដល់ថ្មនោះ នឹងគ្មានហេតុនាំឲ្យខ្មាសឡើយ]»។ 
ដូច្នេះ ដើម្បីទទួលបានសេចក្តីសុចរិតរបស់ព្រះ យើងត្រូវតែជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដែលតាមរយៈការពិតទាំងនេះ ព្រះយេស៊ូវបានធ្វើជាតង្វាយលោះបាប រវាងព្រះ និងមនុស្សជាតិ។ ដូច្នេះ វាមានសារៈសំខាន់យ៉ាងខ្លាំង ដែលអ្នកយល់ថា អ្នកត្រូវតែបោះបង់សេចក្តីសុចរិតផ្ទាល់ខ្លួនចោល ដើម្បីទទួលបានសេចក្តីសុចរិតរបស់ព្រះ។ នៅពេលយើងជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់យើង យើងមិនគួរបដិសេធសេចក្តីសុចរិតរបស់ព្រះ ដែលទ្រង់បានប្រទានដល់យើងទេ។
សូម្បីតែឥឡូវនេះ មនុស្សជាច្រើនដែលជឿ និងទទួលយកព្រះ អម្ចាស់យេស៊ូវជាព្រះអង្គសង្រ្គោះ នៅតែជាមនុស្សមានបាបដដែល ពីព្រោះពួកគេមិនជឿតាមដំណឹងល្អ ដែលបើកសម្តែងពីសេចក្តីសុចរិតរបស់ព្រះទេ។ មនុស្សមិនអាចទទួលបានសេចក្តីសុចរិតរបស់ព្រះ ដោយការដើរតាមក្រិត្យវិន័យបានឡើយ។ អ្នកដែលជឿតាមព្រះបន្ទូលអំពី សេចក្តីសុចរិតរបស់ព្រះ ត្រូវតែបោះបង់ការដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួនចោល។ អ្នកគួរតែចងចាំថា ព្រះយេស៊ូវបានធ្វើជាថ្មជំពប់ដល់អ្នកដែលបានដេញតាមសេចក្តីប្រោសលោះ និងសេចក្តីសុចរិតរបស់ព្រះ ដោយការប្រព្រឹត្តតាមក្រិត្យវិន័យ។
ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានឲ្យយើង គឺជាសេចក្តីពិតដែលប្រោសលោះអ្នកដែលជឿ និងទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់ខ្លួន និងដែលរួមដំណើរជាមួយអ្នកដែលដេញតាមសេចក្តីសុចរិតរបស់ព្រះ។ អ្វីដែលចាំបាច់បំផុតសម្រាប់សេចក្តីប្រោសលោះ និងជីវិតអស់កល្បជានិច្ច គឺជាសេចក្តីជំនឿតាមព្រះបន្ទូលអំពីសេចក្តីសុចរិតរបស់ព្រះ ដែលត្រូវបានបើកសម្តែង តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ព្រះបន្ទូលនេះបង្ហាញប្រាប់យើងអំពីអ្នកណាខ្លះ នៅក្នុងចំណោមគ្រីស្ទបរិស័ទ ដែលមិនអាចទទួលបានការអត់ទោសសម្រាប់អំពើបាប ហើយក្នុងពេលជាមួយគ្នា វាបង្រៀនយើងអំពីសេចក្តីពិតថា អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នឹងទទួលបានសេចក្តីសុចរិតរបស់ព្រះ។ 
ដូច្នេះ សេចក្តីជំនឿត្រឹមត្រូវតម្រូវឲ្យមានការយល់ដឹងថា ព្រះមិនបានសម្រេចជ្រើសរើសមនុស្សមួយក្រុម ដោយឥតលក្ខខណ្ឌ ហើយបញ្ជូនពួកគេទៅស្ថាននរកឡើយ។ បើសិនព្រះពិតជាបានស្រឡាញ់មនុស្សមួយចំនួន ហើយបានស្អប់មនុស្សមួយចំនួនទៀត តាមតែព្រះ ទ័យទ្រង់ មនុស្សនឹងមិនគោរពសេចក្តីសុចរិតរបស់ទ្រង់ឡើយ។
តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ព្រះបានបង្កើតច្បាប់នៃសេចក្តីសុចរិត និងសេចក្តីប្រោសលោះ ដើម្បីសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីអំពើបាបរបស់យើង ហើយបានប្រទានដល់យើងនូវ សេចក្តីស្រឡាញ់របស់ទ្រង់។ ដូច្នេះ គ្រប់គ្នាត្រូវតែបោះបង់សេចក្តីសុចរិតផ្ទាល់ខ្លួនចោល នៅចំពោះដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលមានសេចក្តីសុចរិតរបស់ព្រះ ពីព្រោះព្រះប្រទានសេចក្តីសុចរិតរបស់ទ្រង់ដល់អ្នកដែលជឿតាមដំណឹងល្អនេះតែប៉ុណ្ណោះ។
ព្រះមិនបានអនុញ្ញាតឲ្យមនុស្សអាចសង្រ្គោះខ្លួនឯងចេញពីអំពើបាប ដោយសេចក្តីសុចរិតរបស់ផ្ទាល់ខ្លួនឡើយ។ បើសិនមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាសេចក្តីសុចរិតរបស់ព្រះទេ គ្មានអ្នកណានឹងទទួលបានសេចក្តីសុចរិតនេះឡើយ ទោះបើគាត់មានជំនឿលើព្រះយេស៊ូវក៏ដោយ (យ៉ូហាន ៣:១-៨)។ 
បុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួល និងព្រះលោហិត ដែលទ្រង់បានបង្ហូរនៅលើឈើឆ្កាង បានក្លាយជាសេចក្តីសុចរិតរបស់ព្រះ។ ដូច្នេះហើយបានជាព្រះយេស៊ូវបានយាងមកធ្វើជាថ្មជំពប់ ដល់អ្នកដែលដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួន។ ដូច្នេះ អ្នកដែលជឿដល់ព្រះយេស៊ូវ ត្រូវតែដឹង និងយល់ថា នៅពេលពួកគេដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួន ពួកគេកំពុងតែជាន់ឈ្លីលើសេចក្តីសុចរិតរបស់ព្រះហើយ។ គ្មានមនុស្សមានបាបណាម្នាក់ ដែលអាចចូលទៅតាមទ្វារស្ថានសួគ៌បាន ដោយមិនមានជំនឿលើសេចក្តីសុចរិតរបស់ព្រះឡើយ។ យើងដែលជឿដល់ព្រះយេស៊ូវ ត្រូវតែទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់យើង ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ។ 
ព្រះយេស៊ូវគ្រីស្ទ ដែលបានយាងមកលោកិយនេះ គឺជាព្រះអង្គសង្រ្គោះរបស់មនុស្សមានបាប និងជាសេចក្តីសុចរិតរបស់ព្រះតែម្តង។ យើងត្រូវតែជឿលើសេចក្តីសុចរិតរបស់ព្រះ ពីព្រោះព្រះយេស៊ូវបានអត់ទោសអំពើបាបរបស់យើង ដោយព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណ។ អ្នកដែលជឿដល់ព្រះយេស៊ូវ ត្រូវតែជឿ និងទទួលយកបុណ្យជ្រមុជ ដែលទ្រង់បានទទួលពីលោកយ៉ូហាន និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ជាសេចក្តីសុចរិតរបស់ព្រះ ពីព្រោះមានតែអ្នកដែលជឿតាមព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ទើបអាចចទូលទៅក្នុងស្ថានសួគ៌បាន។ 
 
 
ព្រះប្រាប់យើងឲ្យបែងចែកទៅជាភាជន៍នៃសេចក្តីក្រោធ និងភាជន៍នៃសេចក្តីមេត្តាករុណា
 
ព្រះអម្ចាស់ បានមានបន្ទូលថា «ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរ ឲ្យបានព្រលឹងខ្លួនវិញ» (ម៉ាថាយ ១៦:២៦)។ បើសិនយើងបាត់បង់ជីវិតអស់កល្បជានិច្ច ស្នាដៃទាំងអស់របស់យើងនៅក្នុងលោកិយនេះ នឹងបានជាឥតប្រយោជន៍។ ទោះបីជាយើងទទួលបានលោកិយទាំងមូល ឬចក្រវាលទាំងមូលក៏ដោយ ក៏វាឥតប្រយោជន៍ដែរ បើសិនយើងមិនបានទទួលសេចក្តីសុចរិតរបស់ព្រះ ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ 
ទោះបីជាគោលលទ្ធិខាងទេវសាស្ត្រត្រូវបានអភិវឌ្ឍប្រសើរយ៉ាងណាក៏ដោយ ក៏តាមរយៈជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះតែប៉ុណ្ណោះ ទើបមនុស្សអាចជឿ និងទទួលបានសេចក្តីសុចរិតនេះដែរ។ អ្នកដែលជឿព្រះយេស៊ូវ អាចបានរួចពីអំពើបាបរបស់ខ្លួនបាន លុះត្រាតែពួកគេទទួលបានសេចក្តីសុចរិតរបស់ព្រះ ដោយការជឿលើវា។
នៅសព្វថ្ងៃនេះ វាគឺជារឿងធម្មតាហើយ ដែលយើងមើលឃើញអ្នកដែលប្រកាសថា ខ្លួនជឿលើសេចក្តីសុចរិតរបស់ព្រះ ប៉ុន្តែទួញសោកចំពោះអំពើបាបរបស់ខ្លួន នៅក្នុងគ្រប់ការជួបជុំអធិស្ឋានពេលព្រឹក។ តាមការពិត ពួកគេមិនជឿលើសេចក្តីសុចរិតរបស់ព្រះឡើយ។ យើងត្រូវតែដឹងថា សេចក្តីជំនឿរបស់អ្នកដែលមិនជឿលើសេចក្តីប្រោសលោះ ដែលមាននៅក្នុងសេចក្តីសុចរិតរបស់ព្រះ មិនអាចផ្គាប់ព្រះហឫទ័យព្រះបានទេ ប៉ុន្តែពួកគេមានតែខឹងនឹងទ្រង់វិញប៉ុណ្ណោះ។ ដោយសារពួកគេបានទាស់ប្រឆាំងនឹងសេចក្តីសុចរិតរបស់ព្រះ ពួកគេអាចនៅតែជាខ្មាំងសត្រូវរបស់ទ្រង់តែប៉ុណ្ណោះ។
យ៉ូហាន ៣:៥ ប្រាប់យើងថា «បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ»។ ដូច្នេះហើយបានជាអ្នកកគួរតែដោះស្រាយបញ្ហាបាបទាំងអស់របស់អ្នក ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយនៅក្នុងសេចក្តីសុចរិតរបស់ព្រះ។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បានធ្វើជាសេចក្តីសុចរិតរបស់ព្រះ ដែលអាចផ្តល់ដល់អ្នកនូវការអត់ទោសសម្រាប់អំពើបាប និងសេចក្តីសុចរិតរបស់ទ្រង់បាន។ 
ប្រសិនបើអ្នកចង់មានសេចក្តីជំនឿមួយ ដែលនឹងរាប់អ្នកជាសុចរិតនៅក្នុងសេចក្តីសុចរិតរបស់ព្រះ អ្នកត្រូវតែដើរតាម និងជឿតាមព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណ ដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះ។ ហើយអ្នកក៏ត្រូវតែដឹងផងដែរថា ដើម្បីឲ្យចិត្តរបស់អ្នកបានពេញដោយ សេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ អ្នកត្រូវតែបោះបង់សេចក្តីសុចរិតផ្ទាល់ខ្លួនរបស់អ្នកចោល។ សាវកប៉ុលកំពុងតែប្រាប់ដល់សាសន៍ អ៊ីស្រាអែល និងសាសន៍ដទៃថា ពួកគេត្រូវតែបោះបង់សេចក្តីសុចរិតផ្ទាល់ខ្លួនចោល បើសិនពួកគេចង់ទទួលបានសេចក្តីសុចរិតរបស់ព្រះ។ 
ព្រះបានប្រទានកូនប្រុសម្នាក់ដល់លោកអ័ប្រាហាំ ទុកជាផលផ្លែនៃសេចក្តីជំនឿរបស់គាត់លើសេចក្តីសុចរិតរបស់ព្រះ។ សេចក្តីសុចរិតរបស់ព្រះលេចមកនៅក្នុងព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណ។ អ្នកណាដែលជឿតាមព្រះបន្ទូលអំពីសេចក្តីសុចរិតនេះ បានធ្វើជាមនុស្សសុចរិតម្នាក់។ រេបេកា ដែលជាប្រពន្ធរបស់អ៊ីសាក បានមានផ្ទៃពោះកូនភ្លោះ ហើយសូម្បីតែមុនពេលពួកគេកើតមក ឬចេះធ្វើល្អ ឬអាក្រក់ផង ព្រះបានប្រាប់គាត់ថា «កូនច្បងនឹងត្រូវបំរើប្អូន»។ ចេញពីបទគម្ពីរនេះ មនុស្សមួយចំនួនសន្និដ្ឋានថា ព្រះមិនមែនជាព្រះយុត្តិធម៌ទេ។ ប៉ុន្តែការសន្និដ្ឋាននេះមិនត្រឹមត្រូវឡើយ។ 
នេះដោយសារតែព្រះបានជ្រាបរួចទៅហើយ ពីសេចក្តីជំនឿរបស់យ៉ាកុប និងអេសាវនៅពេលអនាគត ទោះបើពួកគាត់កំពុងតែនៅក្នុងផ្តៃ ម្តាយនៅឡើយក៏ដោយ។ អាថ៌កំបាំងនៃសេចក្តីសុចរិតរបស់ព្រះ ត្រូវបានលាក់ទុកនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដោយសារអេសាវគឺជាមនុស្សម្នាក់ដែលពេញដោយអំណួរពីការប្រព្រឹត្តល្អរបស់ខ្លួន ព្រះបានទតឃើញគាត់ថា គាត់មិនមានសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ទ្រង់ឡើយ ហើយដូច្នេះហើយបានជាទ្រង់បានស្អប់គាត់។ ចំណែកឯយ៉ាកុបវិញ គឺជាមនុស្សម្នាក់ដែលបានជឿលើសេចក្តីសុចរិតរបស់ព្រះ និងបានថ្វាយសិរីល្អទាំងអស់ដល់ទ្រង់តែមួយអង្គគត់។ ដូច្នេះហើយបានជាព្រះត្រូវតែស្រឡាញ់គាត់។
ដូច្នេះ ការដែលព្រះបានស្រឡាញ់យ៉ាកុប តែបានស្អប់អេសាវ គឺផ្អែកលើមូលដ្ឋានគ្រឹះនៃសេចក្តីពិត។ ព្រះមិនផ្តល់តម្លៃដល់មនុស្សដូចជា អេសាវទេ ដែលបានអួតពីកម្លាំងរបស់ខ្លួន ដោយមិនជឿលើសេចក្តីសុចរិតរបស់ព្រះ ប៉ុន្តែទ្រង់សព្វព្រះទ័យ និងស្រឡាញ់មនុស្សដូចជា យ៉ាកុប ដែលបានដឹងពីភាពមិនពេញលេញរបស់ខ្លួន ហើយបានជឿលើសេចក្តីសុចរិតរបស់ព្រះ។ 
ជារឿយៗ មនុស្សយល់ខុសពីសេចក្តីសុចរិតរបស់ព្រះ ដោយសួរពីមូលហេតុដែលព្រះបានប្រព្រឹត្តដាក់អេសាវដូច្នេះ។ ពួកគេគិតថា បើសិនព្រះបានស្រឡាញ់មនុស្សមួយចំនួន តែបានស្អប់មនុស្សមួយចំនួនទៀត ព្រះពិតជាខុសហើយ ហើយពួកគេអាចបដិសេធមិនជឿដល់ព្រះយេស៊ូវ ពីព្រោះពួកគេចាត់ទុកទ្រង់ជាព្រះនៃភាពអយុត្តិធម៌។
ប៉ុន្តែតើព្រះអាចអយុត្តិធម៌ដូច្នេះបានយ៉ាងដូចម្តេច? បើសិនយើងចាត់ទុកព្រះថា ទ្រង់អយុត្តធម៌ នោះដោយសារយើងមិនមានការយល់ដឹងត្រឹមត្រូវអំពីសេចក្តីសុចរិតរបស់ទ្រង់។ លើសពីនេះ វាគឺជាអំពើបាបដ៏ធ្ងន់ធ្ងរមួយហើយ ដែលអ្នកដែលជំនួសសេចក្តីសុចរិតរបស់ទ្រង់ ដោយសេចក្តីសុចរិតរបស់មនុស្ស គឺដោយមិនជឿលើសេចក្តីសុចរិតរបស់ទ្រង់។ គ្រប់គ្នាត្រូវតែបោះបង់សេចក្តីសុចរិតផ្ទាល់ខ្លួនចោល នៅចំពោះសេចក្តីសុចរិតរបស់ព្រះ ហើយជឿតាមព្រះបន្ទូលអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណវិញ។ 
នេះគឺជារបៀបតែមួយគត់ ដើម្បីជឿតាមព្រះបន្ទូលអំពីសេចក្តីប្រោសលោះ ដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះ។ ការគិតថា ព្រះអយុត្តិធម៌គ្រាន់តែជាផ្នែកមួយនៃការស្រមើស្រមៃរបស់អ្នកតែប៉ុណ្ណោះ ដែលចេញពីការមិនស្គាល់របស់អ្នក អំពីគោលបំណងដ៏ស៊ីជម្រៅរបស់ព្រះ ដែលមាននៅក្នុងផែនការ និងការតម្រូវទុកជាមុនរបស់ទ្រង់។ ផែនការដ៏សុចរិតរបស់ព្រះ គឺត្រូវបើកសម្តែងសេចក្តីសុចរិតរបស់ទ្រង់មកកាន់ យើង។ ដោយសារព្រះបានជ្រាបពីអនាគតរបស់កូនភ្លោះនេះរួចទៅហើយ ទ្រង់បានរៀបចំផែនការតាមរបៀបនេះ នៅក្នុងសេចក្តីសុចរិតរបស់ទ្រង់ ហើយបានសម្រេចស្រឡាញ់អ្នកដែលបានជឿ។ 
យើងត្រូវតែយល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះ នៅក្នុងផែនការរបស់ទ្រង់។ តើរវាងយ៉ាកុប និងអេសាវ ព្រះបានហៅអ្នកណា? ព្រះអម្ចាស់បានបន្ទូលថា «មិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប ឲ្យប្រែចិត្តវិញ»។ នៅក្នុងន័យផ្សេង សេចក្តីសុចរិតរបស់ព្រះហៅមនុស្សដូចជាយ៉ាកុប។ ប៉ុន្តែអេសាវមិនគ្រាន់តែមិនបានធ្លើយតបចំពោះការហៅដ៏សុចរិតរបស់ព្រះប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏បានអួតពីសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់គាត់ទៀតផង។ ដូច្នេះហើយបានជាព្រះត្រូវស្អប់អេសាវ ហើយយ៉ាកុបបានធ្វើជាអ្នកដែលបានឆ្លើយតបចំពោះការហៅនៃសេចក្តីសុចរិតរបស់ព្រះ។ 
យើងត្រូវតែយល់ពីសេចក្តីពិតតាមព្រះគម្ពីរទាំងនេះ នៅក្នុងសេចក្តីជំនឿ ដែលស្គាល់ និងជឿលើសេចក្តីស្រឡាញ់នៃសេចក្តីសុចរិតរបស់ព្រះ។ បើសិនយើងព្យាយាមដោះស្រាយអាថ៌កំបាំងនៃការតម្រូវទុកជាមុនរបស់ព្រះ ដោយមិនមានការយល់ដឹងត្រឹមត្រូវអំពីសេចក្តីស្រឡាញ់ដ៏សុចរិតរបស់ទ្រង់ទេ យើងនឹងធ្លាក់ទៅក្នុងអន្ទាក់របស់សាតាំង ដែលនឹងដឹកនាំទៅរកសេចក្តីវិនាសហើយ។
ព្រះបានតាំងការតម្រូវទុកជាមុន ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់នៃសេចក្តីសុចរិតរបស់ទ្រង់។ យ៉ាកុបគឺជាមនុស្សម្នាក់ ដែលបានទទួលស្គាល់ភាពមិនពេញលេញរបស់គាត់ ហើយបានជឿតាមព្រះបន្ទូលអំពី សេចក្តីសុចរិតរបស់ព្រះ។ ការដែលព្រះបានស្រឡាញ់យ៉ាកុប តែបានស្អប់អេសាវ គឺយុត្តិធម៌ហើយ។ នៅចំពោះព្រះ គ្រប់គ្នាសមនឹងទទួលបានសេចក្តីក្រោធរបស់ទ្រង់ ប៉ុន្តែទ្រង់បានប្រទានសេចក្តីប្រោសលោះរបស់ទ្រង់ដល់អស់អ្នកដែលជឿលើសេចក្តីសុចរិតរបស់ទ្រង់។ អ្នកដែលបានពាក់សេចក្តីមេត្តាករុណារបស់ព្រះ គឺជាអ្នកដែលមិនអួតពីសេចក្តីសុចរិតផ្ទាល់ខ្លួនទេ ប៉ុន្តែជឿ និងទទួលយកសេចក្តីសុចរិតរបស់ព្រះជាសេចក្តីប្រោសលោះរបស់ខ្លួនវិញ។ ពួកគេសារភាពថា «ទូលបង្គំត្រូវធ្លាក់ទៅក្នុងស្ថាននរក ដោយសារតែអំពើបាបរបស់ទូលបង្គំ។ ដូច្នេះ ឱព្រះអម្ចាស់អើយ សូមប្រទានសេចក្តីមេត្តាករុណាដល់ទូលបង្គំ និងបង្រៀនទូលបង្គំពីសេចក្តីស្រឡាញ់ដ៏សុចរិតនៅក្នុងសេចក្តីសុចរិតរបស់ទ្រង់ផង»។ 
ព្រះប្រទានការអត់ទោសសម្រាប់អំពើបាបដល់អ្នកណាដែលជឿលើសេចក្តីស្រឡាញ់ដ៏សុចរិតរបស់ទ្រង់តែប៉ុណ្ណោះ ហើយនេះគឺជាផែនការរបស់ព្រះ ដើម្បីឲ្យយើងបានធ្វើជាកូនរបស់ទ្រង់។ អ្នកមិនត្រូវយល់ខុសពីផែនការរបស់ព្រះ ក្នុងការស្រឡាញ់យ៉ាកុប និងស្អប់អេសាវឡើយ។ បើសិនអ្នកមិនយល់យ៉ាងត្រឹមត្រូវពីសេចក្តីសុចរិតរបស់ព្រះទេ នេះគឺជាពេលវេលាសម្រាប់ ជឿលើសេចក្តីស្រឡាញ់ដ៏សុចរិតរបស់ព្រះនៅក្នុង សេចក្តីសុចរិតរបស់ទ្រង់ហើយ។
ខ្ញុំជឿលើសេចក្តីសុចរិតរបស់ព្រះ។ អ្នកដែលអាចយល់ពីសេចក្តីស្រឡាញ់ដ៏សុចរិតរបស់ព្រះយ៉ាងច្បាស់លាស់បាន ក៏អាចជឿយ៉ាងត្រឹមត្រូវលើសេចក្តីសង្រ្គោះដ៏សុចរិតរបស់ព្រះនៅក្នុងសេចក្តីសុចរិតរបស់ទ្រង់បានផងដែរ។ ប៉ុន្តែមានមនុស្សមួយចំនួនតូចនៅក្នុងលោកិយនេះប៉ុណ្ណោះ ដែលយល់ដឹងត្រឹមត្រូវអំពីផែនការដ៏សុចរិតរបស់ព្រះ និងជឿតាម ហើយមនុស្សជាច្រើនកំពុងតែវិនាស ដោយសារពួកគេយល់ខុសអំពីព្រះ។ 
មនុស្សទាំងនេះគិតថា ដោយសារព្រះគម្ពីរប្រាប់យើងថា ព្រះបានស្អប់អេសាវ ព្រះក៏បានជ្រើសរើសស្អប់មនុស្សមួយចំនួន តាមតែព្រះទ័យទ្រង់ដែរ គឺវាសនារបស់ពួកគេ គឺត្រូវបានស្អប់ ដោយព្រះ។ ប៉ុន្តែព្រះរបស់យើងមិនមែនជាព្រះដែលផ្តាច់ការដូច្នេះឡើយ។ ទ្រង់គឺជាចៅក្រម ដែលត្រឹមត្រូវ និងយុត្តិធម៌នៅក្នុងសេចក្តីសុចរិតរបស់ទ្រង់។ ដូច្នេះ ព្រះចង់ប្រទានដល់មនុស្សគ្រប់រូបនូវសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាដ៏សុចរិតរបស់ទ្រង់។
ព្រះចង់ប្រទានឲ្យយើងនូវសេចក្តីសុចរិតរបស់ទ្រង់ តាមរយៈព្រះយេស៊ូវគ្រីស្ទ បំពាក់សេចក្តីមេត្តាករុណារបស់ទ្រង់ដល់អ្នកដែលបានជឿលើសេចក្តីសុចរិតរបស់ទ្រង់ និងយកពួកគេធ្វើជាកូនរបស់ទ្រង់។
សេចក្តីពិតនេះត្រូវបានបើកសម្តែងនៅក្នុង ម៉ាថាយ ៩:១២-១៣ ដែលព្រះយេស៊ូវមានបន្ទូលថា «ពួកអ្នកដែលជាសុខសប្បាយ មិនត្រូវការនឹងគ្រូពេទ្យទេ គឺជាពួកដែលមានជំងឺវិញទេតើ ចូរឲ្យអ្នករាល់គ្នាទៅរៀនន័យបទ ដែលថា [អញចង់បានសេចក្តីមេត្តាករុណា មិនមែនយញ្ញបូជាទេ] ពីព្រោះខ្ញុំមិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប ឲ្យប្រែចិត្តវិញ»។ អ្នកដែលសុខសប្បាយ មិនត្រូវការគ្រូពេទ្យទេ និងអាចចាត់ទុកគ្រូពេទ្យជាការរំខានវិញ។ ដូចដែលមនុស្សមិនដឹងពី សារៈសំខាន់នៃគ្រូពេទ្យ នៅពេលពួកគេមានសុខភាពល្អ ពួកគេក៏មិនដឹងពីសារៈសំខាន់នៃការជឿ និងទទួលបានសេចក្តីសុចរិតរបស់ព្រះនៅក្នុងចិត្តរបស់ពួកគេដែរ។ ដោយមិនស្គាល់សេចក្តីសុចរិតរបស់ព្រះ ពួកគេកំពុងតែរវល់ដេញតាមសេចក្តីសុចរិតផ្ទាល់ខ្លួន។
ប៉ុន្តែមនុស្សមានបាបត្រូវតែបោះបង់សេចក្តីសុចរិតផ្ទាល់ខ្លួនចោល ហើយជឿលើសេចក្តីសុចរិតរបស់ព្រះវិញ។ អ្នកអាចធ្វើជាយ៉ាកុប ឬ អេសាវ នៅចំពោះព្រះបាន។ ដូច្នេះ តើអ្នកចង់ធ្វើជាអ្នកណា? រង្វាន់ និងទណ្ឌកម្មរបស់ព្រះ គឺជាអាស្រ័យលើការសម្រេចចិត្តរបស់អ្នកថា អ្នកជឿលើសេចក្តីប្រោសលោះនៃសេចក្តីសុចរិតរបស់ព្រះ ឬមិនជឿ។ 
 
 
ព្រះមិនបានខុសអ្វីសោះឡើយ
 
តាមនិស្ស័យរបស់មនុស្ស យើងទាំងអស់គ្នាគឺជាអ្នកដែលប្រកួតប្រជែង។ មនុស្សមួយចំនួនមានប្រាជ្ញាខ្ពង់ខ្ពស់ និងជោគជ័យ ហើយមួយចំនួនទៀតអាចបានធ្វើការល្អជាច្រើន សម្រាប់អ្នកដទៃ។ ប៉ុន្តែបើសិនមិនមានការយល់ដឹង និងសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះទេ ពួកគេនឹងមិនទទួលបានការទទួលស្គាល់ពីព្រះឡើយ។ នៅចំពោះព្រះ គ្រប់គ្នា រួមទាំងខ្ញុំ និងសាសន៍អ៊ីស្រាអែលដែរ ត្រូវធ្លាក់ទៅក្នុងស្ថាននរក។ ទោះបីជាយ៉ាងណា យើងបានរាប់ជាសុចរិត មិនដោយការប្រព្រឹត្ត និងកម្លាំងរបស់យើងទេ ប៉ុន្តែដោយសារសេចក្តីជំនឿរបស់យើងលើសេចក្តីសុចរិតរបស់ព្រះតែប៉ុណ្ណោះ។ 
ដោយសារព្រះបានប្រទានសេចក្តីស្រឡាញ់ដ៏សុចរិតរបស់ទ្រង់ដល់មនុស្សគ្រប់គ្នា ដោយយុត្តិធម៌ និងមិនលម្អៀង អ្នកដែលជឿលើសេចក្តីស្រឡាញ់នេះ អាចបានសង្រ្គោះរួចពីអំពើបាបទាំងអស់របស់ខ្លួនបាន។
មនុស្សអាចទទួលបានព្រះពរនៃសេចក្តីប្រោសលោះរបស់ព្រះបាន ពិតជាអាស្រ័យលើការសម្រេចចិត្តរបស់ពួកគេថា ពួកគេទទួលយកព្រះពរនេះ ឬមិនទទួលយក។ ដូច្នេះហើយបានជាមនុស្សមួយចំនួនបានធ្វើជាភាជន៍នៃសេចក្តីក្រោធ ប៉ុន្តែប៉ុន្តែមនុស្សមួយចំនួនទៀតបានធ្វើជាភាជន៍នៃសេចក្តីមេត្តាករុណា។ នៅក្នុងន័យផ្សេង យ៉ាកុបបានធ្វើជាភាជន៍នៃ សេចក្តីមេត្តាករុណា ប៉ុន្តែអេសាវបានធ្វើជាភាជន៍នៃសេចក្តីក្រោធវិញ។
ប៉ុន្តែជារឿយៗ ទេវវិទូមួយចំនួន និងអ្នកដែលមិនមានព្រះវិញ្ញាណ និយាយបង្ខូចព្រះថា «មើល តើព្រះមិនបានធ្វើឲ្យផារ៉ោនក្លាយជាភាជន៍នៃសេចក្តីក្រោធទេឬ? ចូរមើលយ៉ាកុប និងអេសាវ! ចូរមើលរេបេកា! ចូរមើលអ្វីដែលជាងស្មូនបានធ្វើ! តើព្រះមិនបានធ្វើឲ្យមនុស្សម្នាក់ក្លាយជាភាជន៍នៃសេចក្តីមេត្តាករុណា តាំងពីដើមដំបូងមកទេឬ? នេះគឺជាការកំណត់វាសនារបស់មនុស្សជាមុនហើយ!»។ ពួកគេចង់មានន័យថា មនុស្សមួយចំនួនត្រូវបានជ្រើសរើសតាំងពីមុនកំណើតរបស់ពួកគេ ដើម្បីបានធ្វើជាកូនរបស់ព្រះ ហើយពួកគេត្រូវបានតម្រូវទុក និងជ្រើសរើសឲ្យទទួលបានសេចក្តីស្រឡាញ់របស់ព្រះ ខណៈដែលមនុស្សមួយចំនួនទៀតត្រូវតែធ្លាក់ទៅក្នុងស្ថាននរក។ នេះហើយគឺជារបៀបដែលពួកគេវាយប្រហារការជ្រើសរើសរបស់ព្រះ។ ប៉ុន្តែព្រះបានប្រទានសេចក្តីសុចរិតរបស់ទ្រង់ដល់មនុស្សគ្រប់គ្នា ហើយទ្រង់បានជ្រើសរើសអ្នកដែលជឿលើសេចក្តីសុចរិតរបស់ទ្រង់ ដោយឥតលម្អៀង។
យើងបានរាប់ជាសុចរិត ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ នៅពេលការពិតគឺថា មុនពេលបានរាប់ជាសុចរិត យើងមិនមែនជារាស្ត្ររបស់ទ្រង់ទេ។ ព្រះអាចទទួលស្គាល់សេចក្តីជំនឿរបស់យើងបាន ពីព្រោះយើងបានរាប់ជាសុចរិត ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ តាមរយៈព្រះបន្ទូលទ្រង់។ នេះហើយគឺជាសេចក្តីពិតនៃដំណឹងល្អ ដែលបើកសម្តែងពីអំណាចព្រះចេស្តាដ៏ខ្លាំងពូកែរបស់ព្រះ។ 
តាមនិស្ស័យរបស់យើង យើងមិនមានព្រះនៅក្នុងយើង មិនបានស្គាល់ទ្រង់ និងជាមនុស្សមានបាប។ ប៉ុន្តែដោយសារការជឿលើសេចក្តីសុចរិតរបស់ព្រះ យើងបានធ្វើជារាស្ត្ររបស់ទ្រង់។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលយើងជឿតាម គឺជាដំណឹងល្អពេញលេញ និងគ្រប់ លក្ខណ៍។ ដូច្នេះ យើងគួរតែសរសេរតម្កើងព្រះ សម្រាប់ការប្រទាន សេចក្តីពិត ដែលនាំឲ្យយើងទទួលបានសេចក្តីសុចរិតរបស់ទ្រង់។
ជីវិតរបស់យើងអាចមានពេញដោយទុក្ខលំបាកផ្សេងៗ ប៉ុន្តែយើងមិនត្រូវភ្លេចពីសេចក្តីសុចរិតរបស់ព្រះឡើយ ពីព្រោះព្រះបានបង្រៀនយើងអំពីឧត្តមភាពនៃអំណាចព្រះចេស្តារបស់ទ្រង់ហើយ។ អ្នកដែលមានអំណរខ្លាំងបំផុតនៅក្នុងចក្រវាលនេះ គឺជាអ្នកដែលស្គាល់សេចក្តីសុចរិតរបស់ព្រះ។ ព្រះត្រៃឯកគឺជាព្រះវរបិតានៃសេចក្តីមេត្តាករុណា ដល់យើងទាំងអស់គ្នា ដែលជឿលើព្រះ។ ទ្រង់គឺជាព្រះដ៏បរិសុទ្ធ។ ទ្រង់បានដាក់សេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ នៅក្នុងព្រលឹងរបស់យើងទាំងអស់គ្នា ដែលជឿតាម។ ហើយទ្រង់បានយកយើងធ្វើជាកូនរបស់ទ្រង់ និងអ្នកដែលទទួលបានព្រះគុណ និងព្រះពរ ដោយការស្គាល់ និងជឿលើ សេចក្តីសុចរិតរបស់ទ្រង់។
ទោះបីជាយ៉ាងណា មនុស្សជាច្រើនៅតែជាប់នៅក្នុងការព្យាយាមប្រព្រឹត្តល្អរបស់ខ្លួនដដែល។ ការថ្វាយតង្វាយ ការងារស្ម័គ្រចិត្តសម្រាប់ពួកជំនុំ ការផ្តល់វិភាគទានដ៏ច្រើន គឺដើម្បីប្រកួតប្រជែងជាមួយនឹងអ្នកដទៃ ហើយអ្នកអាចគិតថា ទាំងនេះគឺសុទ្ធតែការល្អទាំងអស់ ប៉ុន្តែការល្អទាំងនេះតែមួយនឹងមិនសង្រ្គោះអ្នកចេញពីអំពើបាបរបស់អ្នកឡើយ។ ការផ្តោតលើការល្អទាំងនេះតែមួយ មិនបង្ហាញពីសេចក្តីជំនឿរបស់អ្នកលើ សេចក្តីសុចរិតរបស់ព្រះឡើយ ប៉ុន្តែបង្ហាញថា អ្នកកំពុងតែដេញតាម សេចក្តីសុចរិតផ្ទាល់ខ្លួនវិញ។ អ្នកដែលរវល់ដេញតាមការប្រព្រឹត្តខាងសាច់ឈាម កំពុងតែទាស់ប្រឆាំងនឹងព្រះហើយ។ ហើយមានតែអ្នកមិនស្គាល់សេចក្តីសុចរិតរបស់ព្រះទេ ដែលរវល់នឹងការងារខាងសាច់ឈាម។
ព្រះគម្ពីរប្រាប់យើងថា ព្រះមិនប្រទានសេចក្តីសង្រ្គោះដល់អ្នកដែលព្យាយាមចង់បានទេ ប៉ុន្តែដល់អ្នកដែលជឿលើសេចក្តីសុចរិតរបស់ទ្រង់តែប៉ុណ្ណោះ។ យើងអាចទទួលបានសេចក្តីសុចរិតនេះបាន លុះត្រាតែយើងជឿលើព្រះដ៏មានសេចក្តីមេត្តាករុណា។ ព្រះមិនស្រឡាញ់យើង ដោយសារតែការប្រព្រឹត្តរបស់យើងឡើយ ប៉ុន្តែទ្រង់ស្រឡាញ់អ្នកដែលជឿលើសេចក្តីសុចរិតរបស់ទ្រង់វិញ។ ដូច្នេះហើយបានជាសេចក្តីជំនឿត្រឹមត្រូវអាស្រ័យទាំងស្រុងថា យើងស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះ ឬអត់។ 
តើយើងមិនមែនជាមនុស្សឥតប្រយោជន៍ តាំងពីដើមដំបូងមកម៉្លេះទេឬ? ប៉ុន្តែយើងត្រឡប់ជាមានប្រយោជន៍វិញ ដោយសារសេចក្តីជំនឿរបស់យើងលើសេចក្តីសុចរិតរបស់ព្រះ។ យើងអាចរក្សាសេចក្តីជំនឿរបស់យើងបានរហូតដល់ទីបញ្ចប់ ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ និងប្រកាន់ខ្ជាប់នឹងការពិតថា យើងបានធ្វើជាកូនរបស់ព្រះហើយ។ 
មានមនុស្សជាច្រើននៅក្នុងលោកិយនេះ ដែលធ្វើអាក្រក់ ហើយអះអាងថា មិនមានព្រះ ប៉ុន្តែព្រះបានប្រទានសេចក្តីមេត្តាករុណាដល់យើង ពីព្រោះយើងបានជឿលើសេចក្តីសុចរិតរបស់ទ្រង់។ យើងពិតជាមានតម្លៃនៅចំពោះព្រះ ហើយយើងសមនឹងទទួលបានមោទនភាពរបស់យើងនៅក្នុងព្រះ។ អ្នកអាចប្រឈមនឹងទុក្ខលំបាក និងសេចក្តីវេទនា ផ្សេងៗនៅលើផែនដីនេះ ប៉ុន្តែយើងមានទ្រព្យសម្បត្តិ និងអំណរខាង វិញ្ញាណ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែដើរតាមសេចក្តីសុចរិតរបស់ព្រះ ហើយសរសើរតម្កើងព្រះយេស៊ូវ។ 
ព្រះបានយកមនុស្សមានបាបទាំងអស់ធ្វើជាកូនរបស់ទ្រង់ រាប់ជាឥតបាប និងសុចរិត និងគ្រប់លក្ខណ៍នៅចំពោះទ្រង់។ យើងត្រូវតែដឹងថា អ្នកណាទទួលបានសេចក្តីសុចរិតរបស់ព្រះ។ សេចក្តីសុចរិតរបស់ព្រះនេះបានលុបបំបាត់ភាពមិនពេញលេញរបស់យើង និងលាងសម្អាតអំពើបាបទាំងអស់របស់យើងចេញ។ ការជឿតាមសេចក្តីពិតនេះ ឬមិនជឿ គឺអាស្រ័យលើអ្នកទាំងស្រុង។ ហើយអ្នកក៏បានសង្រ្គោះទាំងស្រុង ចេញពីអំពើបាបរបស់អ្នក ដោយសារសេចក្តីសុចរិតរបស់អ្នកផងដែរ។ ដូច្នេះ តើអ្នកត្រូវធ្វើយ៉ាងដូចម្តេច? តើអ្នកនឹងពន្យាពេលដល់ថ្ងៃស្អែក ទើប សម្រេចចិត្តជឿឬ?
សូមឲ្យអ្នកទទួលបានសេចក្តីសុចរិតរបស់ព្រះ។