«ដូច្នេះ បងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណានៃព្រះ ឲ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែល គាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នា ដែលមានទំនង»
(រ៉ូម ១២:១)។
តើ «ការគោរពដែលមានទំនង» មានន័យយ៉ាងដូចម្តេច? ការថ្វាយការគោរពដែលមានទំនងទៅចំពោះព្រះ មានន័យថា ការថ្វាយរូបកាយរបស់យើងទៅចំពោះទ្រង់ ដើម្បីធ្វើការងារសុចរិតរបស់ទ្រង់។ ដោយសារយើងបានសង្រ្គោះហើយ យើងត្រូវថ្វាយរូបកាយរបស់យើង ហើយឲ្យបានគាប់ព្រះទ័យដល់ព្រះ សម្រាប់ការប្រកាសពីដំណឹងល្អសុចរិត។ ការគោរពដែលមានទំនង ដែលយើងត្រូវតែថ្វាយដល់ព្រះ គឺត្រូវញែករូបកាយរបស់យើងជាបរិសុទ្ធ ហើយថ្វាយវាទៅចំពោះទ្រង់។
នៅក្នុងជំពូក១២ សាវកប៉ុលនិយាយអំពីការគោរពខាងវិញ្ញាណរបស់យើង។ វាគឺជាការមិនត្រាប់តាមលោកិយនេះ ប៉ុន្តែបានផ្លាស់ប្រែ ដោយការកែគំនិតជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង។
ការគោរពដែលមានទំនង គឺត្រូវថ្វាយរូបកាយ និងចិត្តរបស់យើងទៅចំពោះព្រះ។ ដូច្នេះ តើមនុស្សសុចរិតអាចរស់នៅក្នុងជីវិតបែបនេះនៅចំពោះព្រះបានយ៉ាងដូចម្តេច? សាវកប៉ុលនិយាយថា យើងមិនគួរត្រាប់តាមលោកិយនេះទេ និងថា យើងគួរតែថ្វាយរូបកាយរបស់យើងសម្រាប់ការងារសុចរិតរបស់ព្រះវិញ។ ការជឿលើសេចក្តីសុចរិតរបស់ព្រះ ខណៈដែលយើងកំពុងតែថ្វាយរូបកាយ និងចិត្តរបស់យើង ក៏ជាការគោរពដែលមានទំនងទៅចំពោះព្រះផងដែរ។
បទគម្ពីរនេះមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាប្រាប់យើងថា យើងមិនគួរត្រាប់តាមលោកិយនេះទេ ប៉ុន្តែយើងគួរតែបម្រើការងាររបស់ព្រះ និងបានផ្លាស់ប្រែ ដោយការកែគំនិតរបស់យើងជាថ្មីឡើង។
បើសិនគ្មានការកែគំនិតជាថ្មីទេ យើងមិនអាចថ្វាយការថ្វាយបង្គំខាងវិញ្ញាណដល់ព្រះបានឡើយ។ សូម្បីតែមនុស្សសុចរិត ក៏មិនអាចថ្វាយរូបកាយ និងចិត្តរបស់ខ្លួនទៅចំពោះព្រះបានដែរ បើសិនពួកគេឈប់ជឿលើសេចក្តីសុចរិតរបស់ទ្រង់។
យើងអាចទទួលឥទ្ធិពលពីសម័យនេះ ដូចដែលបានកើតឡើងនៅសម័យរបស់សាវកប៉ុលដែរ។ ដោយសារយើងរស់នៅក្នុងចំណុចកណ្តាលនៃការរសាត់អណ្តែតនៃសម័យដែលមានបាបនេះ ហើយយើងមិនបានជឿលើសេចក្តីសុចរិតរបស់ព្រះ នោះយើងនឹងដើរតាមការវិវត្តន៍របស់សម័យនេះជាមិនខាន។ សូម្បីតែមនុស្សសុចរិតដែលជឿលើសេចក្តីសុចរិតរបស់ព្រះ ក៏មិនអាចគេចផុតពីឥទ្ធិពលរបស់លោកិយនេះបានទាំងស្រុងដែរ។ ដូច្នេះហើយបានជាព្រះគម្ពីរប្រាប់យើងមិនឲ្យត្រាប់តាមលោកិយនេះ។
ដូច្នេះ តើមនុស្សសុចរិតអាចថ្វាយការថ្វាយបង្គំដែលមានទំនង ដែលជាយញ្ញបូជាដ៏បរិសុទ្ធមួយ ទៅចំពោះព្រះ ដោយអស់ពីរូបកាយ និងចិត្តរបស់ពួកគេ ខណៈដែលកំពុងតែទទួលរងឥទ្ធិពលរបស់លោកិយនេះបានយ៉ាងដូចម្តេច? ពួកគេអាចធ្វើបាន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបន្តកែគំនិតរបស់យើងជាថ្មីជានិច្ច។ មនុស្សសុចរិតអាចស្គាល់ និងដើរតាមបំណងព្រះហឫទ័យព្រះដែលល្អ និងគ្រប់លក្ខណ៍បាន នៅពេលពួកគេកែគំនិតរបស់ពួកគេជាថ្មី ហើយបានផ្លាស់ប្រែ ដោយសេចក្តីសុចរិតរបស់ទ្រង់។
សាវកប៉ុលមិនកំពុងតែនិយាយដូច្នេះ ដោយព្រោះគាត់មិនស្គាល់ពីកិច្ចការខាងលោកិយ ឬកំពុងតែផ្តល់មេរៀនបែបសាសនាទៅកាន់អ្នកជឿ ដោយនិយាយថា «ចូរធ្វើល្អ» ខណៈដែលនៅតែមិនគិតពីស្ថានភាព និងសមត្ថភាពរបស់ពួកគេទេ។ មូលហេតុដែលសាវកប៉ុលកំពុងតែលើកទឹកចិត្តយើងឲ្យកែចិត្តរបស់យើងជាថ្មី ដើម្បីបម្រើព្រះគឺថា គាត់ដឹងយ៉ាងច្បាស់លាស់ថា អ្នកជឿក៏អាចនឹងត្រូវវិនាស ដោយសាររបៀបរបស់លោកិយនេះដែរ។
ទោះបីជាយើងបានកើតជាថ្មី ឬមិនបានកើតជាថ្មីក៏ដោយ សាច់ឈាមរបស់យើងមិនខុសពីគ្នាឡើយ។ ប៉ុន្តែមានភាពខុសគ្នាដ៏ធំមួយ រវាងអ្នកដែលបានកើតជាថ្មី និងអ្នកដែលមិនបានកើតជាថ្មី គឺសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ។ មានតែមនុស្សសុចរិតប៉ុណ្ណោះ ទើបអាចដើរតាមព្រះអម្ចាស់បាន ដោយការកែគំនិតរបស់ពួកគេជាថ្មី តាមរយៈសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
ដូច្នេះ តើអ្វីអាចកែចិត្តរបស់យើងជាថ្មីបាន? សេចក្តីជំនឿតាមព្រះបន្ទូលនៃដំណឹងល្អ ដែលប្រកាសពីសេចក្តីសង្រ្គោះពេញលេញរបស់យើងចេញពីបាប គឺជាអ្វីដែលកែចិត្តរបស់យើងជាថ្មី។ ព្រះអម្ចាស់បានអត់ទោសដល់អំពើបាបទាំងអស់ ដែលយើងបានប្រព្រឹត្ត ដោយសាច់ឈាម និងចិត្តរបស់យើងនៅក្នុងភាពខ្សោយ និងភាពមិនពេញលេញរបស់សាច់ឈាម។ គំនិតរបស់មនុស្សសុចរិតអាចត្រូវបានកែជាថ្មីបាន ពីព្រោះព្រះ អម្ចាស់បានអត់ទោសដល់អំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ នៅក្នុងន័យផ្សេង គំនិតរបស់យើងបានកែជាថ្មីឡើង ពីព្រោះយើងបានជឿលើ សេចក្តីសុចរិតរបស់ព្រះ។
ឥឡូវនេះ យើងត្រូវមានការយល់ដឹងត្រឹមត្រូវអំពីអ្វីដែលយើងធ្វើនៅចំពោះព្រះ។ យើងត្រូវតែស្គាល់បំណងព្រះហឫទ័យដ៏គ្រប់លក្ខណ៍របស់ទ្រង់ អ្វីដែលទ្រង់ចង់បានពីយើង បេសកកម្មដែលទ្រង់បានប្រទានដល់យើង និងអ្វីដែលមនុស្សសុចរិតដែលបានកើតជាថ្មី ត្រូវតែធ្វើ។ នៅសម័យនេះយើងត្រូវតែកែចិត្តរបស់យើងជាថ្មី ហើយបម្រើទ្រង់។ ទ្រង់ចង់ឲ្យយើងថ្វាយសាច់ឈាម និងគំនិតរបស់យើង ទុកជាយញ្ញបូជាដល់ទ្រង់ នៅពេលយើងកែគំនិតរបស់យើងជាថ្មី។ ការកែគំនិតជាថ្មី ចេញមកពីការជឿថា ព្រះបានដោះអំពើបាបទាំងអស់របស់យើងចេញរួចហើយ។
មានភាពខុសគ្នាមួយ រវាងអ្នកដែលបានកើតជាថ្មី និងអ្នកដែលមិនបានកើតជាថ្មី។ មានតែមនុស្សសុចរិតទេ ទើបអាចកែគំនិតរបស់ពួកគេជាថ្មីបាន ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ។ យើងដែលជាមនុស្សសុចរិត តែងតែអាចធ្វើកិច្ចការទាំងឡាយ ដែលផ្គាប់ព្រះទ័យព្រះ ដោយសារសេចក្តីជំនឿបាន ដោយការលាងសម្អាត និងកែចិត្តរបស់យើងជាថ្មី និងការបដិសេធសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម។ មនុស្សសុចរិតខុសគ្នាពីមនុស្សមានបាប ពីព្រោះពួកគេតែងតែអាចកែចិត្តរបស់ពួកគេជាថ្មី ហើយបម្រើ និងដើរជាមួយព្រះអម្ចាស់បានជានិច្ច។
អ្នកត្រូវតែកែចិត្តរបស់អ្នកជាថ្មី ដោយសេចក្តីជំនឿ
មានបុគ្គលល្បីល្បាញជាច្រើននៅលើទូរទស្សន៍។ មនុស្សនៅក្នុងលោកិយនេះរវល់តែយកលំនាំម៉ូត និងរចនាបថរបស់បុគ្គលល្បីល្បាញទាំងនេះ។ យើងអាចមើលឃើញការពេញនិយមថ្មីៗបាន ដោយការមើលទូរទស្សន៍។ យើងអាចបើកពិភពលោកទាំងមូល ដោយប្រដាប់បញ្ជាទូរទស្សន៍បាន។ តើជីវិតរបស់អ្នកមិនបានត្រាប់តាមលោកិយនេះទេឬ?
ខ្ញុំមានអារម្មណ៍ថា ពិភពលោកនេះកំពុងតែផ្លាស់ប្តូរយ៉ាងគំហុក។ នៅពេលនេះ យើងកាន់ក្រដាសប្រាក់ ប៉ុន្តែថ្ងៃណាមួយ យើងនឹងកាន់ប្រាក់ និងកាតអេឡិចត្រូនិចវិញម្តង។ បើសិនការបាត់កាតអេឡិចត្រូនិកទាំងនេះក្លាយជារឿងរំខានមួយ គេនឹងប្រាប់យើងឲ្យទទួលលេខសម្ងាត់នៅក្នុងដៃ ឬថ្ងាសរបស់យើង សម្រាប់ភាពងាយស្រួលជាង។ ខ្ញុំក៏គិតផងដែរថា នឹងមានគ្រោះធម្មជាតិជាច្រើននៅពេលនោះ។ ចូរឲ្យយើងកែចិត្តគំនិតរបស់យើងជាថ្មីឡើង និងប្រកាសដំណឹងល្អរបស់ព្រះ មុនពេលនោះមកដល់ ដើម្បីកុំឲ្យយើងដែលជាមនុស្សសុចរិត ត្រាប់តាមលោកិយនេះ។
គ្រប់ពេលដែលខ្ញុំដឹងខ្លួន ខ្ញុំគិតអំពីការបម្រើព្រះ។ ឥឡូវនេះ ខ្ញុំចង់ផ្សាយដំណឹងល្អ ដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ទ្រង់ ដោយ ឧស្សាហ៍ ពីព្រោះយើងនឹងមិនអាចផ្សាយព្រះបន្ទូលទ្រង់ នៅពេលគេដាក់លេខកូដនៅក្នុងដៃ និងថ្ងាសរបស់យើងបានទេ។ ខ្ញុំពិតជាមិននឿយហត់ ក្នុងការដើរតាមបំណងព្រះហឫទ័យព្រះទេ។ ប្រហែលខ្ញុំអាចសម្រាកបាន លុះត្រាតែនៅថ្ងៃដែលខ្ញុំពិតជាលែងអាចធ្វើការទៀតបាន ហើយនៅពេលនោះ ខ្ញុំនឹងផ្តល់ទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំទៅដល់អ្នកក្រីក្រ។
ប៉ុន្តែឥឡូវនេះ ខ្ញុំអាចដើរតាមបំណងព្រះហឫទ័យព្រះតែប៉ុណ្ណោះ ញែកជាបរិសុទ្ធ និងមិនត្រាប់តាមលោកិយនេះទេ។ មនុស្សសុចរិតជាច្រើននៅក្នុងក្រុងរ៉ូម ដែលបានសង្រ្គោះ ដោយសារដំណឹងល្អ ដែលសាវកប៉ុលបានប្រកាស បានត្រាប់តាមលោកិយនេះ ហើយបានវង្វេងចេញពីព្រះអម្ចាស់។ ដូច្នេះ យើងត្រូវតែប្រយ័ត្ន ដើម្បីមិនដើរតាមដានរបស់ពួកគេឲ្យសោះ។
សាវកប៉ុលបានសរសេរបទគម្ពីរនេះ ដោយចិត្តថប់បារម្ភ នៅពេលអ្នកជឿក្នុងក្រុងរ៉ូមកំពុងតែត្រាប់តាមលោកិយនេះ។ «សាច់ឈាមរបស់អ្នកកំពុងតែត្រាប់តាមលោកិយនេះហើយ ប៉ុន្តេកិច្ចការមានតម្លៃមួយ ដែលអ្នកអាចធ្វើបាន។ ចូរកែគំនិតរបស់អ្នកជាថ្មីឡើង។ តើព្រះអម្ចាស់មិនបានអត់ទោសដល់អំពើបាបទាំងអស់របស់អ្នកទេឬ? ចូរនឹកចាំដំណឹងល្អរបស់ព្រះ ហើយប្រព្រឹត្តអ្វីដែលសមទំនង ដោយគំនិតខាងវិញ្ញាណ មិនមែនគំនិតខាងសាច់ឈាមឡើយ។» នេះគឺជាអ្វីដែលសាវកប៉ុលបានដាស់តឿនអ្នកជឿក្នុងក្រុងរ៉ូម ក៏ដូចជាយើងនៅសព្វថ្ងៃនេះផងដែរ។
ទោះបីជាយើងធ្វើពុតជាមិនត្រាប់តាមលោកិយនេះក៏ដោយ ក៏តាមការពិត យើងត្រាប់តាមលោកិយនេះដែរ។ ប៉ុន្តែយើងនៅតែអាចបម្រើព្រះអម្ចាស់បាន ដោយការកែគំនិតរបស់យើងជាថ្មីដដែល។ នៅក្នុងភាពខ្សោយរបស់យើងដឹងថា យើងពិបាកនឹងមិនត្រាប់តាមលោកិយនេះណាស់ ប៉ុន្តែយើងនៅតែជឿថា ព្រះអម្ចាស់របស់យើងបានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈសេចក្តីសុចរិតរបស់ទ្រង់រួចហើយ។ នេះហើយគឺជារបៀបដែលយើងតែងតែអាចបម្រើការងារសុចរិតរបស់ព្រះ ដោយសេចក្តីជំនឿរបស់យើងលើសេចក្តីសុចរិតរបស់ទ្រង់បាន។ ដោយសារការជឿលើទ្រង់ តាមអាចដើរតាមបំណងព្រះហឫទ័យព្រះដែលល្អ និងគ្រប់លក្ខណ៍បាន។
គ្រប់ពេលវេលា យើងត្រូវតែកែគំនិតរបស់យើងជាថ្មី។ ដោយសារមនុស្សសុចរិត ដែលបានស្លាប់ខាងឯលោកិយនេះហើយ និងបរិសុទ្ធជាងមនុស្សរបស់លោកិយនេះ ពួកគេប្រឈមនឹងផ្លាស់ប្តូរចិត្ត គំនិត និងរូបកាយទៅជាខុស ជាងមនុស្សរបស់លោកិយនេះ។ ដូច្នេះហើយបានជាយើងត្រូវតែការពារចិត្តរបស់យើង ដោយសេចក្តីជំនឿរបស់យើងលើ សេចក្តីសុចរិតរបស់ព្រះ។
ដោយសារព្រះគ្រីស្ទបានដោះអំពើបាបទាំងអស់របស់យើងចេញរួចហើយ យើងគ្រាន់តែត្រូវឈរឲ្យបានមំាមួននៅក្នុងសេចក្តីជំនឿ ដែលធានាខ្លួនឯងថា ព្រះបានរាប់សេចក្តីជំនឿរបស់យើងជាគ្រប់លក្ខ ណ៍ហើយ។ តើអ្នកជឿថា ព្រះអម្ចាស់របស់យើងបានដោះអំពើបាបទាំងអស់របស់អ្នកចេញ ដោយសារសេចក្តីសុចរិតរបស់ព្រះដែរទេ? បើសិនអ្នកជឿ អ្នកអាចធ្វើការងាររបស់ព្រះអម្ចាស់ ដោយសេចក្តីជំនឿបានហើយ ទោះបើអ្នកមានសេចក្តីទុច្ចរិតពីអតីតកាលក៏ដោយ ពីព្រោះព្រះអម្ចាស់បានដោះការជំនុំជម្រះ និងទោសសម្រាប់អំពើបាបរបស់អ្នកចេញហើយ។
យើងត្រូវតែកែគំនិតរបស់យើងជាថ្មី ដោយជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ពីព្រោះវាមានសារៈសំខាន់ខ្លាំងណាស់។ យើងទាំងអស់គ្នានឹងចាកចោលពួកជំនុំ និងស្លាប់ បើសិនយើងមិនកែគំនិតជាថ្មីឡើង ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នៅសម័យនេះទេ។
ការរស់នៅក្នុងជីវិតនៃសេចក្តីជំនឿដែលមានការកែជាថ្មី គឺដូចជាការជិះកង់ឡើងភ្នំអញ្ចឹង។ ការមិនកែគំនិតជាថ្មី គឺដូចជាការឈប់នៅពាក់ កណ្តាលភ្នំ និងឈប់ធាក់កង់អញ្ចឹង។ បើសិនអ្នកមិនធាក់ឈ្នាន់កង់ទេ អ្នកមិនគ្រាន់តែឈប់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏នឹងរមៀលថយក្រោយ រហូតមកដល់ក្រោមវិញជាមិនខានផងដែរ។
យើងក៏អនុវត្តគោលការណ៍ដូចគ្នា ចំពោះសេចក្តីជំនឿរបស់យើងលើសេចក្តីសុចរិតរបស់ព្រះផងដែរ។ យើងកំពុងតែជិះកង់ឡើងភ្នំ។ យើងពិបាកនឹងឡើងដល់កំពូលភ្នំ បើសិនយើងប្រើគំនិត និងកម្លាំងផ្ទាល់ខ្លួនយើង។ ដូច្នេះ យើងត្រូវតែប្រកាន់ខ្ជាប់នឹងសេចក្តីសុចរិតរបស់ព្រះ ពីព្រោះយើងនៅតែនៅក្នុងសាច់ឈាមនៅឡើយ ហើយយើងតែងតែមានគំនិតខាងសាច់ឈាមជានិច្ច។
ឆន្ទះនៅក្នុងសាច់ឈាមរបស់យើង ងាយនឹងបោះបង់យ៉ាងងាយ កាលណាយើងអស់កម្លាំង។ «ខ្ញុំមិនអាចធ្វើការនេះបានឡើយ។ ខ្ញុំមិនអាចសម្របខ្លួនតាមស្ថានភាពបែបនេះបានឡើយ។ ឆន្ទះរបស់ខ្ញុំខ្សោយខ្លាំងណាស់ ប៉ុន្តែឆន្ទះរបស់អ្នកដទៃពិតជាខ្លាំងណាស់។ ខ្ញុំមិនមានកម្លាំងទេ ប៉ុន្តែម្នាក់នោះមានកម្លាំងខ្លាំងណាស់។ ខ្ញុំខ្សោយខ្លាំងណាស់ បើសិនប្រៀបធៀបទៅនឹងបងប្អូនប្រុសស្រីទាំងនោះ។ ពួកគេហាក់ដូចជាបម្រើព្រះបានល្អណាស់ ប៉ុន្តែខ្ញុំមិនដូច្នោះទេ។» អ្នកដែលមិនជឿ និងប្រកាន់ខ្ជាប់នឹងសេចក្តីសុចរិតរបស់ព្រះ នឹងឈប់ធាក់ឈ្នាន់កង់ ហើយធ្លាក់ចុះពីលើភ្នំ នៅទីបំផុត។
តើនេះអនុវត្តបានសម្រាប់តែមនុស្សមួយចំនួនឬ? ពិតជាមិនដូច្នេះទេ។ នេះអនុវត្តសម្រាប់មនុស្សគ្រប់គ្នា។ អ្នកជិះកង់ដែលមានការហ្វឹកហាត់ល្អ អាចជិះកង់ឡើងភ្នំបានយ៉ាងស្រួល ប៉ុន្តែមនុស្សខ្សោយនឹងពិបាកជិះឡើងភ្នំ។ ប៉ុន្តែបញ្ហាសម្រាប់មនុស្សសុចរិតមិនស្ថិតនៅលើកម្លាំងខាងសាច់ឈាមឡើយ តែវាគឺជាការប្រកាន់ខ្ជាប់នឹងសេចក្តីជំនឿរបស់ពួកគេតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ យើងមិនអាចទៅដល់ទីកំពូលខាងវិញ្ញាណ ដោយប្រើកម្លាំងខាងសាច់ឈាមបានឡើយ។ ដូច្នេះ ភាពខ្សោយ ឬភាពខ្លាំងខាងសាច់ឈាមមិនពាក់ព័ន្ធនឹងការទៅដល់ទីកំពូលខាងវិញ្ញាណឡើយ។
ចូរចងចាំថា គ្មានអ្នកណាម្នាក់អាចមានជីវិតនៃសេចក្តីជំនឿដោយសារពួកគេមានឆន្ទះខ្លាំងបានឡើយ។ អ្នកមិនត្រូវប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ ហើយធ្លាក់ទឹកចិត្តឡើយ។ ប៉ុន្តែចូរប្រកាន់ខ្ជាប់តាមសេចក្តីសុចរិតរបស់ព្រះតែមួយប៉ុណ្ណោះ។ ព្រះអម្ចាស់នឹងទាញយើងឡើង បើសិនយើងបន្តកែគំនិតរបស់យើងជាថ្មី ដោយសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ។ ដំណឹងល្អអំពីសេចក្តីសង្រ្គោះ ដែលយើងទទួលបាន នឹងបានដុះនៅក្នុងចិត្តរបស់យើង ហើយព្រះអម្ចាស់នឹងគង់នៅជាមួយយើង បើសិនពិនិត្យមើលចិត្តរបស់យើងជារៀងរាល់ថ្ងៃ។ យើងត្រូវតែលាងសម្អាតគំនិតកខ្វក់របស់យើង ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ និងការធ្វើការងាររបស់ព្រះអម្ចាស់។
ខ្ញុំសូមអរព្រះគុណដល់ព្រះ សម្រាប់ព្រះគុណទ្រង់ ដែលបានអនុញ្ញាតឲ្យយើងបម្រើទ្រង់ ដោយការកែគំនិតរបស់យើងជាថ្មីឡើង។ ដោយការធ្វើឲ្យយើងបានកែគំនិតជាថ្មីឡើង ព្រះរបស់យើងបានអនុញ្ញាតឲ្យយើងរត់ជាមួយសេចក្តីជំនឿរបស់យើង នៅខាងមុខទ្រង់ជានិច្ច។
ត្បិតខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំ គ្មានអ្វីល្អទេ
សាវកប៉ុល និយាយនៅក្នុង រ៉ូម ៧:១៨ ថា «ដ្បិតខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែ រកធ្វើមិនកើតសោះ»។ គាត់បានដឹងយ៉ាងច្បាស់ថា គ្មានអ្វីល្អនៅក្នុងសាច់ឈាមរបស់គាត់ឡើយ។ ហើយគ្មានអ្វីល្អនៅក្នុងសាច់ឈាម គឺជាច្បាប់។
សាវកប៉ុលទទួលស្គាល់ថា គ្មានអ្វីល្អនៅក្នុងសាច់ឈាមរបស់គាត់ឡើយ។ ហើយគាត់បានដឹងថា មិនថាគាត់ស្រឡាញ់ក្រិត្យវិន័យខ្លាំងយ៉ាងណា ហើយគាត់ព្យាយាមធ្វើតាមក្រិត្យវិន័យខ្លាំងយ៉ាងណា គាត់នៅតែមិនអាចធ្វើបានឡើយ។ ចិត្តចង់កែខ្លួនឯងជាថ្មី ដើម្បីដើរតាមព្រះអម្ចាស់ ប៉ុន្តែសាច់ឈាមតែងតែចង់ចាកចេញពីសមរភូមិខាងវិញ្ញាណវិញ។
ដូច្នេះហើយបានជាគាត់បានទួញសោកនៅក្នុង រ៉ូម ៧:២១-២៤ ថា «យ៉ាងនោះខ្ញុំឃើញច្បាប់១នេះថា ឯខ្ញុំ ដែលចង់ប្រព្រឹត្តតែសេចក្តីល្អ នោះចេះតែមានសេចក្តីអាក្រក់ជាប់នៅនឹងខ្ញុំជានិច្ច ដ្បិតតាមប៉ែកខាងក្នុង ខ្ញុំត្រេកអរចំពោះក្រឹត្យវិន័យរបស់ព្រះ តែខ្ញុំឃើញមានអំណាច១ទៀត ក្នុងអស់ទាំងអវយវៈរបស់រូបកាយខ្ញុំ ដែលច្បាំងនឹងអំណាចនៃគំនិតខ្ញុំ ទាំងចាប់នាំខ្ញុំទៅជាប់ក្រោមអំណាចអំពើបាប ដែលនៅក្នុងអវយវៈនៃខ្លួនខ្ញុំទាំងប៉ុន្មានផង វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន?»។
តើសាវកប៉ុលបានចាត់ទុករូបកាយរបស់គាត់ជាអ្វី? គាត់បានចាត់ទុកវាជា «តួសេចក្តីស្លាប់»។ ហើយរូបកាយរបស់អ្នកវិញយ៉ាងដូចម្តេចដែរ? តើវាមិនមែនជាតួសេចក្តីស្លាប់ទេឬ? វាពិតជាតួសេចក្តីស្លាប់! រូបកាយគឺជាតួសេចក្តីស្លាប់ ហើយវាចង់ប្រព្រឹត្តអំពើបាប និងទៅកន្លែងណាដែលមានអំពើបាប។ «វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួ សេចក្តីស្លាប់នេះទៅបាន?» ហើយគាត់បាននិយាយថា «អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ» (រ៉ូម ៧:២៥)។
សាវកប៉ុលចង្អុលបង្ហាញថា មានច្បាប់ពីរ។ ទីមួយគឺជាច្បាប់ខាងសាច់ឈាម ដែលចង់តែដើរតាមសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម និងមាននៅក្នុងគំនិតខាងសាច់ឈាម ដែលប្រឆាំងនឹងអ្វីដែលផ្គាប់ព្រះហឫទ័យព្រះ។
ទីពីរគឺជាច្បាប់នៃព្រះវិញ្ញាណនៃជីវិត ដែលចង់ដឹកនាំយើងទៅកាន់ផ្លូវត្រឹមត្រូវ ដែលព្រះចង់ឲ្យយើងដើរតាម។ ហើយវាចង់ធ្វើអ្វីដែលផ្ទុយពីច្បាប់ខាងសាច់ឈាម។ គ្រីស្ទបរិស័ទ ត្រូវជាប់នៅចន្លោះច្បាប់ទាំងពីរនេះ ហើយព្យាយាមសម្រេចចិត្តថា ត្រូវដើរទៅតាមផ្លូវមួយណា។
នៅពេលខ្លះ យើងរក្សាការដើរតាមអ្វីដែលសាច់ឈាមរបស់យើងចង់បាន ប៉ុន្តែនៅពេលយើងកែគំនិតរបស់យើងជាថ្មី យើងដើរតាមការងាររបស់ព្រះ ដែលព្រះវិញ្ញាណចង់បានវិញ។ ដើម្បីធ្វើដូច្នេះបាន គឺត្រូវថ្វាយរូបកាយរបស់យើងជាយញ្ញបូជាទៅចំពោះព្រះ ហើយបន្ទាប់មក ធ្វើការងាររបស់សាច់ឈាមមួយរំពេច ពីព្រោះយើងទាំងអស់គ្នាមានសាច់ឈាម។ ដូច្នេះ យើងត្រូវតែកែគំនិតរបស់យើងជាថ្មី ដោយព្រះវិញ្ញាណបរិសុទ្ធជានិច្ច។
ទោះបីជាបានសង្រ្គោះហើយក៏ដោយ ក៏យើងត្រាប់តាមលោកិយនេះយ៉ាងងាយដែរ ពីព្រោះយើងនៅតែស្ថិតនៅក្នុងសាច់ឈាម។ ដោយសារមនុស្សទាំងអស់ទៀតនៅក្នុងលោកិយនេះ រស់នៅ ដោយត្រាប់តាមលោកិយនេះ យើងអាចទទួលឥទ្ធិពលពីពួកគេបានយ៉ាងងាយ។ ដូច្នេះ មានផ្លូវតែមួយគត់ ដែលយើងអាចដើរតាមព្រះបាន គឺត្រូវកែគំនិតរបស់យើងជាថ្មី។ យើងអាចរស់នៅ ដោយតែងតែកែគំនិតរបស់យើងនៅក្នុងសេចក្តីជំនឿជានិច្ច។ នេះហើយគឺជារបៀបដែលយើងតែងតែអាចដើរតាមព្រះអម្ចាស់បាន រហូតដល់ទ្រង់យាងត្រឡប់មកវិញ។
ប្រសិនបើយើងគ្រាន់តែសម្លឹងមើលសាច់ឈាមរបស់យើងប៉ុណ្ណោះ គ្មានអ្នកណាម្នាក់អាចដើរតាមការងារសុចរិតរបស់ព្រះអម្ចាស់បានឡើយ ហើយយើងទាំងអស់គ្នានឹងត្រូវវិនាស។ ប៉ុន្តែយើងអាចដើរតាមព្រះ អម្ចាស់បាន ដោយការកែគំនិតរបស់យើងជាថ្មី និងប្រកាន់ខ្ជាប់នឹងសេចក្តីសុចរិតរបស់ទ្រង់ ដោយអស់ពីចិត្តរបស់យើង។ យើងត្រូវតែកែគំនិតរបស់យើងជាថ្មី ហើយដើរតាមទ្រង់។ ដូច្នេះហើយជាសាវកប៉ុលបាននិយាយនៅក្នុង រ៉ូម ៨:២ ថា «ដ្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះបានប្រោសឲ្យខ្ញុំរួចពីអំណាចរបស់អំពើបាប និងសេចក្តីស្លាប់ហើយ»។
អ្វីដែលក្រិត្យវិន័យមិនអាចធ្វើបាន ដោយសារសាច់ឈាមខ្សោយ ព្រះគ្រីស្ទអាចធ្វើបាន ដោយសារសេចក្តីសុចរិតរបស់ព្រះវិញ។ ដូចដែល រ៉ូម ៨:៣ និយាយថា «ពីព្រោះ ឯការដែលក្រឹត្យវិន័យធ្វើមិនកើតដោយមានសេចក្តីកំសោយព្រោះសាច់ឈាម នោះព្រះទ្រង់បានធ្វើវិញ ដោយចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក មានរូបអង្គបែបដូចជាសាច់ឈាម ដែលតែងតែមានបាប ហើយដោយព្រោះអំពើបាប ក៏កាត់ទោសអំពើបាបនៅក្នុងសាច់ឈាម»។
ព្រះបានបញ្ជូនព្រះរាជបុត្រាតែមួយរបស់ទ្រង់មកក្នុងលោកិយនេះ ហើយបានកាត់ទោសអំពើបាបរបស់យើងនៅក្នុងសាច់ឈាមរបស់ទ្រង់។ «ទ្រង់បានកាត់ទោសអំពើបាបនៅក្នុងសាច់ឈាម» មានន័យថា អំពើបាបទាំងអស់របស់យើងត្រូវបានដោះចេញ ហើយយើងបានរាប់ជាឥតមាន បាប។ យើងបានសង្រ្គោះចេញពីអំពើបាបរបស់យើង ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ។ ដើម្បីស្របតាមយុត្តធម៌នៃក្រិត្យវិន័យ ព្រះបានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ ឲ្យមកដោះអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតនៅលើឈើឆ្កាងរបស់ទ្រង់ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់លោកិយនេះ។
បន្ទាប់ពីបានទទួលសេចក្តីសង្រ្គោះនេះហើយ មានមនុស្សពីរប្រភេទលេចឡើង៖ អ្នកដែលរស់នៅតាមសាច់ឈាម និងគិតតែពីកិច្ចការរបស់សាច់ឈាម និងអ្នកដែលរស់នៅតាមព្រះវិញ្ញាណ និងគិតពីកិច្ចការរបស់ព្រះវិញ្ញាណ។ អ្នកត្រូវតែយល់ថា គំនិតរបស់សាច់ឈាមដឹកនាំអ្នកទៅរកសេចក្តីស្លាប់ ប៉ុន្តែគំនិតរបស់ព្រះវិញ្ញាណដឹកនាំអ្នកទៅឯជីវិត និង សន្តិភាពវិញ។ គំនិតខាងសាច់ឈាមគឺជាខ្មាំងសត្រូវរបស់ព្រះ។
យើងមិនចុះចូលចំពោះក្រិត្យវិន័យរបស់ព្រះ ហើយយើងក៏មិនអាចធ្វើបានផង (រ៉ូម ៨:៧)។ សូម្បីតែមនុស្សសុចរិតដែលបានកើតជាថ្មី ក៏នឹងធ្លាក់ទៅក្នុងគំនិតរបស់សាច់ឈាមដែរ បើសិនពួកគេមិនកែគំនិតរបស់ពួកគេជាថ្មីទេ។ បើសិនពួកគេមិនជឿថា ព្រះបានដោះអំពើបាបទាំងអស់របស់យើងចេញ ឬមិនកែគំនិតរបស់យើងជាថ្មីទេ យើងអាចធ្លាក់ទៅក្នុងកិច្ចការរបស់សាច់ឈាមយ៉ាងងាយ ហើយមិនអាចដើរតាមព្រះអម្ចាស់បានទេ។ ដូច្នេះហើយបានជាយើងត្រូវតែកែគំនិតរបស់យើងជាថ្មីជានិច្ច។
សាវកប៉ុលបាននិយាយថា យើងដែលជាមនុស្សសុចរិត និងដែលបានកើតជាថ្មី អាចធ្លាក់ទៅក្នុងសាច់ឈាម ដោយការដើរតាមសាច់ឈាមបាន ហើយយើងអាចដើរតាមគំនិតរបស់ព្រះវិញ្ញាណ ដោយការកែគំនិតរបស់យើងជាថ្មីបានដែរ។ យើងកំពុងតែនៅចន្លោះកណ្តាលផ្លូវទាំងពីរនេះ។ ប៉ុន្តែសាវកប៉ុលនៅតែបាននិយាយថា «តែបើសិនជាព្រះវិញ្ញាណនៃព្រះសណ្ឋិតក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងវិញ្ញាណវិញ ប៉ុន្តែ បើអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ផងទ្រង់ទេ» (រ៉ូម ៨:៩)។
យើងគឺជារាស្ត្រខាងវិញ្ញាណរបស់ព្រះ។ នៅក្នុងន័យផ្សេង យើងគឺជារាស្ត្ររបស់ទ្រង់។ ទោះបីជាយើងដើរតាមសេចក្តីប៉ងប្រាថ្នារបស់លោកិយនេះ និងត្រាប់តាមពួកគេនៅក្នុងភាពខ្សោយរបស់យើងក៏ដោយ ក៏យើងនៅតែជាអ្នកដែលបានកើតជាថ្មីដដែលដែរ។ យើងធ្លាក់ទៅក្នុងសាច់ឈាម នៅពេលយើងគិតអំពីកិច្ចការរបស់សាច់ឈាម ប៉ុន្តែដោយសារយើងមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងយើង យើងគឺជារាស្ត្ររបស់ព្រះគ្រីស្ទ។ នៅក្នុងន័យផ្សេង យើងបានធ្វើជាមនុស្សសុចរិត និងរាស្ត្ររបស់ព្រះហើយ។
សាវកប៉ុលបាននិយាយថា រូបសាច់របស់យើងបានស្លាប់ ដោយសារព្រះគ្រីស្ទហើយ។ ហើយគាត់បន្ថែមថា «ហើយបើសិនជាព្រះគ្រីស្ទសណ្ឋិតក្នុងអ្នករាល់គ្នា នោះរូបសាច់បានស្លាប់ ដោយព្រោះអំពើបាបមែន តែវិញ្ញាណមានជីវិតវិញ ដោយព្រោះសេចក្តីសុចរិត» (រ៉ូម ៨:១០)។ គំនិតខាងវិញ្ញាណរបស់យើងត្រូវតែភ្ញាក់ឡើង។ យើងនៅតែខ្សោយ ហើយសាច់ឈាមរបស់យើងនឹងវង្វេងទៅយ៉ាងងាយ រហូតដល់យើងស្លាប់។ ប៉ុន្តែចិត្តគំនិតរបស់យើងត្រូវតែបានកែជាថ្មីជានិច្ច ដោយការជឿលើ សេចក្តីសុចរិតរបស់ព្រះ។
ចូរយើងសម្លឹងទៅឯសេចក្តីសុចរិតរបស់ព្រះ កាលណាយើងបានដឹងថា មានបំណងចង់ធ្វើបាបនៅក្នុងខ្លួនរបស់យើង។ ដូច្នេះ យើងអាចដឹងថា សេចក្តីសុចរិតរបស់ព្រះបានដោះអំពើបាបទាំងអស់របស់យើងចេញរួចហើយ។ ចូរសម្លឹងទៅឯសេចក្តីសុចរិតរបស់ព្រះ ហើយជឿចុះ។ ហើយ អរព្រះគុណដល់ទ្រង់ ដែលបានដោះអំពើបាបទាំងអស់របស់យើងចេញ និងគិតអំពីការងាររបស់ព្រះ និងបំណងព្រះហឫទ័យដ៏គ្រប់លក្ខណ៍របស់ទ្រង់។ បន្ទាប់មក អ្នកនឹងតែងតែបានកែជាថ្មីជានិច្ច។
យើងត្រូវតែកែគំនិតរបស់យើងជាថ្មី ដោយសេចក្តីជំនឿ និងផ្តោតគំនិតរបស់យើងលើកិច្ចការដែលព្រះសព្វព្រះទ័យ។ នេះហើយជារបៀបដែលមនុស្សសុចរិតគួរតែរស់នៅ។ មានតែធ្វើដូច្នេះទេ ទើបយើងអាចដើរតាមព្រះអម្ចាស់បាន រហូតដល់ទ្រង់យាងមកវិញ។ ខ្ញុំដឹងថា យើងទាំងអស់គ្នានឿយហត់ពីជីវិតប្រចាំថ្ងៃរបស់យើង។ វាគឺជាការងារធ្ងន់ធ្ងរ ហើយវាពិបាកក្នុងការមកពួកជំនុំ។ គ្រប់គ្នាប្រឈមនឹងទុក្ខលំបាក។ នៅពេលខ្លះ យើងច្រណែននឹងព្រះយេស៊ូវ ដែលទ្រង់បានស្រែកនៅពេលទ្រង់ហៀបនឹងសុគតថា «ការបានបញ្ចប់ហើយ»។ យើងជឿជាក់ថា យើងក៏នឹងអាចនិយាយបានផងដែរថា «ការបានបញ្ចប់ហើយ» ហើយបានរួចពីទុក្ខលំបាកទាំងអស់នេះ។
ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ជិតមកដល់ហើយ។ រហូតដល់ពេលនោះ ចូរយើងដែកគំនិតរបស់យើងជាថ្មី ដោយមិនត្រាប់តាមលោកិយនេះ។ ដោយសារដើម្បីដើរតាមព្រះអម្ចាស់ ចិត្តរបស់យើងត្រូវប្រកាន់ខ្ជាប់តាមសេចក្តីសុចរិតរបស់ព្រះ គំនិតរបស់យើងត្រូវតែបន្តបានកែជាថ្មីឡើងជានិច្ច។ នេះហើយគឺជារបៀបដែលយើងអាចដើរតាមព្រះ អម្ចាស់បាន រហូតដល់ទ្រង់យាងមកវិញ។ ពេលវេលាជិតដល់ហើយ។
ថ្មីៗនេះ ខ្ញុំបានអានអត្ថបទព័ត៌មានមួយ ដែលបានរាយការណ៍ថា រណ្តៅអូហ្សូននៅប៉ូលខាងជើងមានទំហំធំជាងសហរដ្ឋអារិកចំនួនបីដងឯនោះ។ ហើយខ្ញុំក៏បានអានអត្ថបទមួយទៀតផងដែរ អំពីគំនិតផ្តួចផ្តើមបង្កើតប្រព័ន្ធការពារមីស៊ីល។ ប្រព័ន្ធនេះមានគោលបំណងបាញ់ទម្លាក់ មីស៊ីលបាឡាស្ទីកនៅលើអាកាស ហើយការធ្វើតេស្តទទួលបានភាពជោគជ័យ។ ផលប៉ះពាល់នៃការអភិវឌ្ឃន៍ទាំងនេះគឺថា បរិស្ថាននឹងត្រូវបានបំផ្លាញ នៅពេលសមត្ថភាពយោធារីកចម្រើនយ៉ាងខ្លាំង។
ប្រសិនបើប្រទេសមួយពង្រីកអំណាចយោធា សត្រូវរបស់ពួកគេក៏នឹងពង្រីកកម្លាំងយោធា ដើម្បីទប់ទល់ជាមួយពួកគេផងដែរ។ ហើយប្រទេសទាំងអស់នៅក្នុងពិភពលោកនេះក៏នឹងមិនឈរស្ងៀមមើលប្រទេសណាមួយរីកចម្រើនខាងអំណាចយោធារបស់ពួកគេដែរ។ ដូច្នេះ តើមានរឿងអ្វីកើតឡើង បើសិនមានសង្រ្គាមរវាងមហាអំណាចទាំងនេះ?
នៅពេលប្រទេសខ្លះបានព្យាយាមអភិវឌ្ឃអាវុធនុយក្លេអ៊ែរ ប្រទេសមហាអំណាចទាំងអស់បានព្យាយាមយ៉ាងខ្លាំង ដើម្បីរារាំងពួកគេមិនឲ្យបង្កើតអាវុធនេះបាន។ ប៉ុន្តែបើសិនការរារាំងនេះមិនទទួលបានជោគជ័យ ហើយប្រទេសទាំងនោះអាចផលិតអាវុធប្រល័យលោកបាន និងគំរាមប្រើប្រាស់អាវុធទាំងនោះ ប្រទេសផ្សេងៗទាំងអស់ទៀតក៏ប្រាកដជានឹងព្យាយាមបង្កើតអាវុធថ្មីៗទៀតផងដែរ ដើម្បីគ្រប់គ្រងសហភាពការណ៍។
អាវុធថ្មីៗទាំងនេះនឹងបំផ្លាញពិភពលោកនេះ ខ្លាំងជាងអាវុធ នុយក្លេអ៊ែរទៅទៀត ហើយគេលែងប្រើកាំភ្លើងពីអតីតកាលនៅក្នុងសង្រ្គាមទៀតហើយ។ ការសម្លាប់មនុស្សនឹងមានភាពងាយស្រួល ហើយទីក្រុងទាំងឡាយ និងប្រទេសទាំងអស់រលាយខ្ទេចខ្ទីរតែមួយរំពេចប៉ុណ្ណោះ។ សង្រ្គាមនុយក្លែអ៊ែរនឹងមិនត្រឹមតែកើតឡើងនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងដឹកនាំទៅដល់សង្រ្គាមលោកផងដែរ។ ហើយក្រៅពីទទួលរងការបំផ្លាញពីសង្រ្គាម ការបំផ្លាញពីគ្រោះធម្មជាតិក៏នឹងរង់ចាំពិភពលោកនេះផងដែរ។ ស្រទាប់អូហ្សូននឹងត្រូវបានបំផ្លាញកាន់តែខ្លាំង ហើយរលកទឹក និងព្យុះនឹងបន្តកើនឡើង ដោយសារការកាប់បំផ្លាញព្រៃឈើ។ បន្ទាប់មក អាទទឹងនឹងព្រះគ្រីស្ទនឹងលេចមក ជាមួយនឹងអំណាចដ៏ខ្លាំងពូកែ ហើយដណ្តើមយកលោកិយនេះ។
អ្នកអាចនិយាយថា ខ្ញុំកំពុងតែគិតពីសេណារីយ៉ូនេះយ៉ាងហួសហេតុ ប៉ុន្តែនិស្ស័យរបស់មនុស្សគឺអាក្រក់ តាំងពីដំបូងមកម៉្លេះ។ ជាតិសាសន៍ ផ្សេងៗបង្កើតកងកម្លាំង និងអភិវឌ្ឍអាវុធថ្មីៗ ដែលនឹងត្រូវប្រើប្រាស់សម្រាប់គោលបំណងអាក្រក់។ អាវុធនុយក្លែអ៊ែរគឺជាអាវុធបំផ្លាញទ្រង់ទ្រាយធំ។ ប្រទេសនីមួយៗអាចវាយប្រហារគ្នាទៅវិញទៅមក ដើម្បីឲ្យខ្លួនឯងអាចនៅរស់រានបាន។ ជាតិសាសន៍ដទៃទៀតនឹងព្យាយាមប្រយុទ្ធជាមួយនឹងប្រទេសណាមួយ ដែលព្យាយាមគ្រប់គ្រងពិភពលោកនេះ។ កាលណា សមត្ថភាពកងកម្លាំង និងអាវុធនុយក្លែអ៊ែរត្រូវបានបង្កើតឡើង គឺសម្រាប់ប្រើប្រាស់នៅក្នុងគោលបំណងអាក្រក់ទាំងអស់។
នៅសម័យនោះ សាវកប៉ុលបានប្រាប់អ្នកជឿនៅក្រុងរ៉ូមមិនឲ្យត្រាប់តាមលោកិយនេះ ប៉ុន្តែដើរតាមព្រះអម្ចាស់ ដោយការកែចិត្តគំនិតរបស់ពួកគេជាថ្មី។ នេះគឺជាបទគម្ពីរយ៉ាងសមស្របសម្រាប់យើង ដែលរស់នៅក្នុងសម័យនេះ។ នៅថ្ងៃចុងក្រោយនេះ យើងត្រូវតែស្គាល់អ្វីដែលល្អ ស្រួលទទួល និងគ្រប់លក្ខណ៍ផង។ ហើយយើងត្រូវតែស្គាល់បំណងព្រះហឫទ័យដ៏គ្រប់លក្ខណ៍របស់ព្រះ ហើយដើរតាមព្រះអម្ចាស់ ជាមួយនឹងសេចក្តីជំនឿរបស់យើង។
ទោះបីជាយើងមានកំហុសជាច្រើនក៏ដោយ ក៏ព្រះអម្ចាស់របស់យើងគឺជាព្រះដ៏មានគ្រប់ទាំងអំណាចព្រះចេស្តាដែរ។ ទ្រង់គង់នៅក្នុងយើង ក្នុងនាមជាព្រះវិញ្ញាណបរិសុទ្ធ។ ហើយទោះបីជាយើងខ្សោយខាងសាច់ឈាមក៏ដោយ ក៏ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងយើង គឺខ្លាំងណាស់។ ទ្រង់កែគំនិតរបស់យើងជាថ្មី ដោយសារសេចក្តីជំនឿតាមព្រះបន្ទូល ដើម្បីឲ្យយើងអាចដើរតាមព្រះអម្ចាស់បាន។
ចូរយើងទាំងអស់គ្នាពឹងផ្អែកលើអំណាចព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ កែគំនិតរបស់យើងជាថ្មី និងបម្រើព្រះអម្ចាស់ចុះ។ បើសិនព្រះ អម្ចាស់យាងត្រឡប់មកឯយើង ខណៈដែលយើងកំពុងតែបម្រើទ្រង់ ចូរយើងទៅជាមួយទ្រង់ចុះ។ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃព្រះអម្ចាស់យាង ត្រឡប់មកវិញ យើងនឹងរស់នៅ ដើម្បីប្រកាសពីសេចក្តីសុចរិតរបស់ព្រះជានិច្ច។ ដូច្នេះ ចូរកែគំនិតរបស់អ្នក ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះចុះ។