Search

សេចក្តីអធិប្បាយ

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 2-9] តើអ្នកបានសង្រ្គោះ ដោយសារទឹក និងព្រះវិញ្ញាណហើយឬនៅ? (វិវរណៈ ២:១៨-២៩)

តើអ្នកបានសង្រ្គោះ ដោយសារទឹក និងព្រះវិញ្ញាណហើយឬនៅ?
(វិវរណៈ ២:១៨-២៩)

ពួកជំនុំក្រុងទីធារ៉ាបានបម្រើការងាររបស់ព្រះ ដោយសេចក្តីស្រឡាញ់ សេចក្តីជំនឿ និងសេចក្តីអត់ធ្មត់ ហើយការប្រព្រឹត្តរបស់ពួកគេបានប្រសើរឡើងទៅតាមពេលវេលា។ ប៉ុន្តែក្នុងពេលជាមួយគ្នា ពួកជំនុំនេះក៏បានរងគ្រោះ ដោយសារហោរាស្រីអាក្រក់ម្នាក់ផងដែរ។ នៅក្នុងន័យផ្សេង កំហុសរបស់ពួកជំនុំនេះគឺថា សមាជិកមួយចំនួនរបស់ពួកជំនុំនេះត្រូវបានហោរាស្រីក្លែងក្លាយបោកបញ្ឆោត ឲ្យប្រព្រឹត្តការថ្វាយបង្គំរូបព្រះ និងអសីលធម៌ផ្លូវភេទ។ ដូច្នេះហើយបានជាព្រះអម្ចាស់បានបង្គាប់ឲ្យពួកជំនុំក្រុងទីធារ៉ាប្រែចិត្ត និងប្រកាន់ខ្ជាប់តាមសេចក្តីជំនឿដើមរបស់ពួកគេ រហូតដល់ចុងបញ្ចប់។ ព្រះអម្ចាស់ក៏បានសន្យាផងដែរថា ទ្រង់នឹងប្រទានអំណាចលើជាតិសាសន៍ និងផ្កាយព្រឹក ដល់អ្នកដែលការពារ សេចក្តីជំនឿរបស់ខ្លួន រហូតដល់ចុងបញ្ចប់។ 
 

ព្រះបាលរបស់យេសេបិល

យេសេបិលគឺជាម្ចាស់ក្សត្រីសាសន៍ដទៃម្នាក់ ដែលបាននាំព្រះបាលរបស់នាងចូលទៅក្នុងអ៊ីស្រាអែល នៅពេលនាងបានក្លាយជាមហេសីរបស់ស្តេចអ័ហាប់ (១ពង្សាវតារក្សត្រ ១៦:៣១)។ ព្រះបាលគឺជាព្រះនៃព្រះអាទិត្យរបស់សាសន៍ដទៃ ដែលជារូបព្រះមួយរបស់សាសន៍ Phoenicians ដែលមនុស្សបានថ្វាយបង្គំសុំសេចក្តីចម្រុងចម្រើន។ រូបព្រះនេះត្រូវបានឆ្លាក់ និងថ្វាយបង្គំ ហើយអ្នកដើរតាមរបស់វាបានបន់សុំសេចក្តីចម្រុងចម្រើនដល់គ្រួសារ និងទឹកដីរបស់ពួកគេ។ ការអនុវត្តនេះស្រដៀងគ្នាទៅនឹងការថ្វាយបង្គំជាទូទៅរបស់សាសន៍ដទៃ ចំពោះផែនដី និងធម្មជាតិ នៅទូទាំងពិភពលោកនេះ។ ជាឧទាហរណ៍ ការបន់ស្រន់ទៅកាន់អទិទេពនៅលើថ្មដ៏ធំ និងការថ្វាយបង្គំវាជាព្រះមួយ គឺជាការថ្វាយបង្គំទូទៅមួយទៅចំពោះធម្មជាតិ។ ការអនុវត្តបែបសាសនា និងសេចក្តីជំនឿនេះ ត្រូវបានប្រកាន់យក ដោយអ្នកដែលដើរតាមជំនឿលើគ្រប់អាទិទេព។
តាមរយៈការណែនាំរបស់យេសេបិល អំពីសាសនារបស់សាសន៍ដទៃនេះ ព្រះបាលបានក្លាយជារូបព្រះដ៏ធំមួយ សម្រាប់បណ្តាជន អ៊ីស្រាអែល។ ស្តេចអ័ហាប់ដែលធ្លាប់តែថ្វាយបង្គំព្រះយេហូវ៉ា បានបែរមកថ្វាយបង្គំព្រះបាលវិញ ដោយសារគាត់បានរៀបការជាមួយស្រីសាសន៍ ដទៃ។ ហើយជនជាតិអ៊ីស្រាអែលជាច្រើនបានដើរតាមគំរូអាក្រក់របស់គាត់ ដោយបោះបង់ព្រះដ៏ពិតចោល ហើយបែរមកការថ្វាយបង្គំព្រះបាល វិញ។ ដូច្នេះ ពួកគេបាននាំសេចក្តីក្រោធរបស់ព្រះមកដល់ខ្លួនពួកគេ។ 
ព្រះបានបន្ទោសអ្នកបម្រើនៃពួកជំនុំក្រុងធាទីរ៉ា សម្រាប់ការអនុញ្ញាតឲ្យជំនឿរបស់ហោរាស្រីក្លែងក្លាយយេសេបិលចូលមកក្នុងពួកជំនុំ។ ដោយបានបង្គាប់ឲ្យយេសេបិល និងអ្នកដើរតាមរបស់នាងប្រែចិត្ត ព្រះបានព្រមានថា ទ្រង់នឹងនាំសេចក្តីទុក្ខវេទនាដ៏ធំ និងសេចក្តីវិនាសមកលើពួកគេ បើសិនពួកគេមិនស្តាប់តាមទ្រង់។ 
នេះមានន័យថា ពួកជំនុំពិតនៃព្រះមិនអាចអនុញ្ញាតឲ្យទ្រព្យសម្បត្តិខាងលោកិយគ្របដណ្តប់លើគោលដៅរបស់ខ្លួនបានឡើយ។ វាមានន័យថា អ្នកជឿសព្វថ្ងៃនេះមិនអាចថ្វាយបង្គំលោកិយទុកដូចជាព្រះរបស់ខ្លួន ដូចជាជនជាតិអ៊ីស្រាអែលបានថ្វាយបង្គំព្រះបាល ដែលជាព្រះនៃព្រះអាទិត្យ សម្រាប់សេចក្តីចម្រុងចម្រើនខាងសាច់ឈាមបានឡើយ។ 
៣យ៉ូហាន ១:២ និយាយថា «អ្នកស្ងួនភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យអ្នកបានចំរើនឡើងគ្រប់ជំពូក ហើយឲ្យបានសុខសប្បាយខាងរូបសាច់ ដូចជាព្រលឹងអ្នកបានចំរើនឡើងដែរ»។ នៅពេលយើងសម្លឹងមើលសេចក្តីជំនឿរបស់សាវកយ៉ូហាន យើងមើលឃើញថា ទុក្ខកង្វល់ទីមួយរបស់គាត់គឺជាសេចក្តីចម្រុងចម្រើនខាងវិញ្ញាណ។ សេចក្តីចម្រុងចម្រើនសម្រាប់អ្វីៗផ្សេងទៀតនឹងកើតមានតាមក្រោយ មិនមែនមុនទុក្ខកង្វល់របស់សាវក យ៉ូហានសម្រាប់សេចក្តីចម្រុងចម្រើនរបស់ព្រលឹងនោះឡើយ។ ដូច្នេះ តើជំនឿនេះបានផ្លាស់ប្តូរលោកិយសព្វថ្ងៃនេះយ៉ាងដូចម្តេច? លោកិយនេះបានបែរមកដើរតាមជំនឿ ដែលដេញតាមព្រះពរខាងសាច់ឈាមតែប៉ុណ្ណោះ ដែលយកសេចក្តីចម្រុងចម្រើនខាងលោកិយជាអាទិភាពនៃជំនឿ ហើយបដិសេធសុខុមាលភាពខាងវិញ្ញាណ។ មនុស្សជាច្រើនជឿដល់ព្រះយេស៊ូវ ដើម្បីធ្វើឲ្យសាច់ឈាមរបស់ខ្លួនចម្រុងចម្រើនជាមុន មិនដើម្បីធ្វើឲ្យព្រលឹងរបស់ខ្លួនចម្រុងចម្រើនឡើយ។ 
មានក្រុមសាសនាជាច្រើននៅជុំវិញយើង ដែលពិសពុលដូចជាថ្នាំញៀន ដែលអះអាងចំពោះអ្នកដើរតាមរបស់ពួកគេថា ការថ្វាយបង្គំរបស់ពួកគេនឹងនាំឲ្យពួកគេមានទ្រព្យសម្បត្តិ និងសុខភាពល្អ។ ការថ្វាយបង្គំរបស់យេសេបិលចំពោះព្រះបាលក៏ដូច្នេះដែរ។ មនុស្សបានដើរតាមក្រុមសាសនាបែបនេះ ដើម្បីដេញតាមសេចក្តីចម្រុងចម្រើនខាងសាច់ឈាមរបស់ពួកគេតែប៉ុណ្ណោះ។
នៅក្នុងពួកជំនុំដែលបានកើតជាថ្មីសព្វថ្ងៃនេះ ពួកជំនុំមួយចំនួនអាចទទួលយកសេចក្តីជំនឿរបស់យេសេបិល ដើម្បីពង្រីកក្រុមជំនុំរបស់ពួកគេ។ ប៉ុន្តែតក្កវិជ្ជារបស់វាគឺដូចជាការមានរូបព្រះនៅក្នុងវិហារនៃព្រះដែរ។ 
យេសេបិលបានមិនគ្រាន់តែបាននាំព្រះបាលរបស់លោកិយចូលទៅក្នុងអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែក៏បាននាំចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាទៀតផង។ សេចក្តីជំនឿដែលដេញតាមសេចក្តីចម្រុងចម្រើនខាងសាច់ឈាម និងទ្រព្យសម្បត្តិលោកិយបែបនេះ តែមិនស្គាល់ពីសេចក្តីប្រោសលោះចេញពីបាបនៅក្នុងព្រះយេស៊ូវ គឺដូចជាសេចក្តីជំនឿនៃការថ្វាយបង្គំរូបព្រះនៅចំពោះព្រះនេត្ររបស់ព្រះដូច្នេះដែរ។ 
ពួកជំនុំនៅទូទាំងពិភពលោកនាំពេលសព្វថ្ងៃនេះ អធិប្បាយចេញពី យ៉ូហាន ១:២៩ ថា «អំពើបាបទាំងអស់របស់អ្នកបានបញ្ចប់ហើយ ពីព្រោះព្រះយេស៊ូវបានដោះវាចេញនៅលើឈើឆ្កាងរួចហើយ»។ ពួកគេបានប្រែក្លាយបុណ្យជ្រមុជរបស់ព្រះយេស៊ូវឲ្យទៅជាគ្រឿងបន្ថែម ដោយអះអាងថា គ្រាន់តែជឿលើព្រះយេស៊ូវ នោះបានទទួលសេចក្តីសង្រ្គោះហើយ ទោះបើជាមិនជឿលើបុណ្យជ្រមុជរបស់ទ្រង់ក៏ដោយ។ ប៉ុន្តែបុណ្យជ្រមុជដែលព្រះគ្រីស្ទបានទទួលពីលោកយ៉ូហាន និងដើម្បីទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ មិនមែនជាជម្រើសដែលយើងអាចទទួលយក ឬមិនទទួលយកបាននោះឡើយ។ ការជឿ និងការអធិប្បាយអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលគ្រាន់តែជាគ្រឿងបន្ថែមលើដំណឹងល្អគឺស្មើនឹងការថ្វាយបង្គំរូបព្រះ។ 
ដូច្នេះ តើហេតុអ្វីមនុស្សទាំងនេះអធិប្បាយដំណឹងល្អ ដោយមិនមានបុណ្យជ្រមុជរបស់ព្រះយេស៊ូវ? ពួកគេធ្វើដូច្នេះ ពីព្រោះសេចក្តីសង្ឃឹមរបស់ពួកគេមិនមាននៅក្នុងនគរព្រះឡើយ ប៉ុន្តែនៅក្នុងទ្រព្យសម្បត្តិនៅផែនដីនេះវិញ។ ដូច្នេះ អ្នកដែលមានសេចក្តីជំនឿបែបនេះ គឺពិតជាដូចគ្នានឹងអ្នកដែលបានថ្វាយបង្គំព្រះបាលដែរ។ 
អ្នកដែលបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណហើយ ប៉ុន្តែឥឡូវនេះ កំពុងតែអធិប្បាយតែអំពីព្រះលោហិតនៅលើឈើឆ្កាង ត្រូវតែដឹងថា ពួកគេកំពុងតែប្រព្រឹត្តអំពើបាបមួយ ដែលធ្ងន់ធ្ងរដូចជាការថ្វាយបង្គំព្រះបាលដូច្នោះដែរ។ 
គ្មានអ្នកណាម្នាក់អាចបម្រើព្រះបានត្រឹមត្រូវទេ បើសិនពួកគេដាក់គោលដៅរបស់ខ្លួនទៅលើទ្រព្យសម្បត្តិលោកិយ។ គ្រូគង្វាលលុបចោលបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយអធិប្បាយតែព្រះលោហិតនៅលើឈើឆ្កាងប៉ុណ្ណោះ ដើម្បីអាចទទួលបានទ្រព្យសម្បត្តិលោកិយនេះ។ ប៉ុន្តែពួកគេត្រូវតែដឹងថា ជំនឿ និងការអធិប្បាយបែបនេះមិនត្រឹមត្រូវឡើយ។ 
តាមរយៈបទគម្ពីរខាងលើ យើងអាចមើលឃើញថា អ្នកដឹកនាំនៃពួកជំនុំក្រុងធាទីរ៉ាបានថ្វាយបង្គំព្រះបាលនៅក្នុងពួកជំនុំរបស់ខ្លួន ដូចដែលយេសេបិលបានថ្វាយបង្គំព្រះបាលដែរ។ 
ប្រសិនបើមនុស្សមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ ព្រះវិញ្ញាណបរិសុទ្ធមិនអាចគង់នៅចិត្តរបស់ពួកគេ និងធ្វើការនៅក្នុងពួកគេបានឡើយ។ សាវកប៉ុលប្រាប់យើងថា «បើអ្នកណាមិនមានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទទេ គាត់មិនមែនជារបស់ទ្រង់ឡើយ»។ នេះមានន័យថា ការមាន ឬមិនមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តកំណត់ថា មនុស្សម្នាក់គឺជាកូនរបស់ព្រះ ឬមិនមែន។ ព្រះគម្ពីរប្រាប់យើងថា ព្រះនឹងបោះបង់អ្នកដែលមិនមានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទចោល។ 
 

អ្នកដែលស្គាល់ និងប្រកាសបុណ្យជ្រមុជរបស់ព្រះយេស៊ូវ

នៅពេលមនុស្សម្នាក់ជឿលើបុណ្យជ្រមុជ (ទឹក) របស់ព្រះយេស៊ូវ ដែលទ្រង់បានទទួលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយដាក់លើអង្គទ្រង់ និងលើព្រះលោហិតទ្រង់នៅលើឈើឆ្កាង ព្រះវិញ្ញាណបរិសុទ្ធអាចគង់នៅក្នុងចិត្តរបស់គាត់បាន។
ប៉ុន្តែបើសិនគាត់មិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ ទោះបើគាត់ត្រូវប្រឈមនឹងទុក្ករកម្មសម្រាប់ព្រះយេស៊ូវក៏ដោយ ក៏វាមិនមែនជាទុក្ករកម្មពិតប្រាកដដែរ ប៉ុន្តែជាការព្យាយាមបង្កើតសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់គាត់វិញ។ មនុស្សមួយចំនួន ដែលជឿលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខ ទៅដល់ទីកន្លែងឆ្ងាយបំផុតនៅក្នុងពិភពលោកនេះ ដើម្បីប្រកាសដំណឹងល្អ ចំណាយមួយជីវិតរបស់ពួកគេនៅក្នុងបេសកកម្ម ហើយពេលខ្លះ ក៏ថែមទាំងត្រូវប្រឈមនឹងទុក្ករកម្មសម្រាប់ សេចក្តីជំនឿរបស់ពួកគេផង។
ដូច្នេះ ដោយទទួលបានការជំរុញទឹកចិត្តពីសេចក្តីស្រឡាញ់របស់ព្រះ មនុស្សអាចប្រឈមនឹងទុក្ករកម្មបាន ទោះបើពួកគេជឿលើព្រះលោហិតរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាងតែមួយមុខក៏ដោយ។ ប៉ុន្តែ ម៉ាថាយ ៧:២៣ ប្រាប់យើងថា តើវាមានប្រយោជន៍អ្វី បើសិនព្រះអម្ចាស់ទ្រង់ផ្ទាល់បដិសេធមិនទទួលស្គាល់ការងារ និងការលះបង់ទាំងអស់របស់ពួកគេ? វាឥតប្រយោជន៍ទទេ ទោះបើពួកគេប្រកាសដំណឹងល្អ យ៉ាងស្មោះត្រង់ និងឆេះឆួល ដូចដែលបេសកជនម័រមិនធ្វើក៏ដោយ។ ដូច្នេះ ដោយសារពួកគេមិនបានប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ សេចក្តីជំនឿ និងការប្រឹងប្រែងទាំងអស់របស់ពួកគេឥតប្រយោជន៍ទទេ។ 
ព្រះបានបន្ទោសអ្នកបម្រើនៅពួកជំនុំធាទេរ៉ា ដោយសារតែគាត់បានអនុញ្ញាតឲ្យកើតមានអ្នកដើរតាមជំនឿរបស់យេសេបិល នៅក្នុងពួកជំនុំ និងបង្អាក់ការរីកចម្រើនរបស់ពួកគេ។ មានអ្នកដឹកនាំសាសនាយ៉ាងច្រើននៅក្នុងពិភពលោក ដែលធ្វើដូច្នេះ គឺខិតខំបោកបញ្ឆោតព្រលឹង វិញ្ញាណ។ ពួកជំនុំពិតប្រាកដរបស់ព្រះត្រូវតែមានជំនឿត្រឹមត្រូវ និងផ្សព្វផ្សាយដំណឹងល្អត្រឹមត្រូវនៅក្នុងកំណើតរបស់ព្រះគ្រីស្ទ បុណ្យជ្រមុជរបស់ទ្រង់ ការជាប់ឆ្កាងរបស់ទ្រង់ ការសុគតរបស់ទ្រង់ ការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ និងការយាងត្រឡប់ទៅស្ថានសួគ៌របស់ទ្រង់។ បើមិនដូច្នេះទេ ជំនឿរបស់ពួកគេនឹងត្រឡប់ជាឥតប្រយោជន៍ទទេ។ 
ពួកហោរាខុសឆ្គងអះអាងថា ពួកគេបានសង្រ្គោះ និងថា វាគ្រប់គ្រាន់ហើយ ដែលជឿតែព្រះលោហិតរបស់ព្រះគ្រីស្ទនៅលើឆ្កាងតែមួយគត់ ដោយមិនដឹងពីសារៈសំខាន់នៃបុណ្យជ្រមុជរបស់ទ្រង់។ ដោយសារពួកគេលុបចោលសេចក្តីពិតអំពីទឹក ជំនឿគ្រីស្ទបរិស័ទត្រូវបានពុករលួយ និងបានក្លាយទៅជាសាសនាមួយនៅក្នុងលោកិយនេះ។ នេះគឺជាមូលហេតុដែលជំនឿគ្រីស្ទបរិស័ទលែងអាចនាំសេចក្តីសង្រ្គោះទៅកាន់មនុស្សទាំងអស់នៅក្នុងពិភពលោកនេះទៀតហើយ។
បើសិនគ្មានបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងទេ ជំនឿគ្រីស្ទបរិស័ទបានក្លាយទៅជាសាសនាមួយ ដែលផ្តោតលើសីលធម៌លោកិយនេះហើយ។ សាសនាផ្សេងៗពីប៉ែកខាងកើតបានមានប្រជាប្រិយភាពនៅអឺរ៉ុប និងអាមេរិកខាងជើង ដែលមាន ប្រជាជនភាគច្រើនជាគ្រីស្ទបរិស័ទ។ ហេតុអ្វី? ពីព្រោះជំនឿគ្រីស្ទបរិស័ទតាមរបៀបសាសនានេះមិនអាចផ្តល់ការអត់ទោសអំពើបាប និងសេចក្តីជំនឿពិតប្រាកដនៅក្នុងព្រះបានឡើយ។ ដូច្នេះហើយបានជាមនុស្សជាច្រើនត្រូវបានអូសទាញ ដោយសាសនាផ្សេងៗពីប៉ែកខាងកើត។ ហើយពួកគេគិតថា ពួកគេផ្តល់ការផ្លាស់ប្តូរល្អជាងដល់សាសនាផ្សេងៗនៅប៉ែកខាងលិច។ ប៉ុន្តែជំនឿគ្រីស្ទបរិស័ទមិនមែនជាសាសនាពីប៉ែកខាងលិច ឬប៉ែកខាងកើតឡើយ។ 
ឥឡូវនេះ គឺជាពេលវេលាសម្រាប់យើង ក្នុងការពិចារណាឡើងវិញពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងស្ថានភាពនៃជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះ។ យើងត្រូវតែសួរ និងគិតអំពីមូលហេតុដែលជំនឿគ្រីស្ទបរិស័ទពិតប្រាកដបានត្រឡប់ជាឥតតម្លៃ និងរំខានដល់មនុស្សយ៉ាងច្រើនដូច្នេះ។ ចម្លើយមាននៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ការជឿលើព្រះយេស៊ូវ ដោយមិនស្គាល់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺស្មើនឹងការថ្វាយបង្គំព្រះបាលនៅចំពោះព្រះនេត្ររបស់ព្រះដូច្នេះដែរ។ អ្វីដែលអាក្រក់បំផិតចំពោះព្រះ គឺការបដិសេធមិនជឿតាម និងទទួលយកដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណជាសេចក្តីពិតនៃសេចក្តីសង្រ្គោះពិតប្រាកដ។ 
 ជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះ ត្រូវបានទាក់ទាញ ដោយសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងសម្រស់នៃលោកិយនេះ។ ពួកជំនុំទាំងប្រាំពីរនៅស្រុកអាស៊ីបានបម្រើព្រះអម្ចាស់ ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ប៉ុន្តែដូចដែលបានបង្ហាញនៅក្នុងព្រះគម្ពីរ ពួកគេក៏ត្រូវបានលោកិយនេះទាក់ទាញ ហើយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបន្តខ្ទាតចេញ ខណៈដែលលោកិយចូលមកគ្រប់គ្រងចិត្តរបស់មនុស្ស។ 
តើនឹងមានរឿងអ្វីកើតឡើង បើសិនពួកជំនុំមួយមិនប្រកាសសេចក្តីពិតនៃសេចក្តីសង្រ្គោះ ដែលជាដំណឹងល្អអំពីការបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ តែបែរជាប្រកាសព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខវិញ? ខ្ញុំលើកសំណួរនេះឡើង ពីព្រោះសូម្បីតែពួកជំនុំព្រះក៏ដោយ បើសិនដេញតាមលោកិយ ក៏នឹងត្រូវខូច ដោយសារលោកិយដ៏ឆាប់ដែរ ហើយមិនយូរប៉ុន្មាន បន្ទាប់ពីចាប់ផ្តើមអះអាងថា វាមិនជាបញ្ហាអ្វីទេ ដែលព្រងើយកន្តើយចំពោះបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ នេះគឺជាមូលហេតុដែលខ្ញុំនិយាយឡើងវិញអំពីចំណុចសំខាន់នេះ តាមរយៈព្រះបន្ទូលព្រះ។ 
 

ភាពខុសគ្នារវាងដំណឹងល្អដែលមានបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងដំណឹងល្អដែលគ្មានបុណ្យជ្រមុជរបស់ទ្រង់

អ្នក និងខ្ញុំបានទទួលការអត់ទោសចំពោះអំពើបាបទាំងអស់របស់យើង ដោយការជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដំណឹងល្អពិតនេះគឺជាសេចក្តីពិតរបស់ព្រះអម្ចាស់ ខណៈដែលបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង និងព្រះវិញ្ញាណបរិសុទ្ធគឺជាភស្តុតាងនៃសេចក្តីសង្រ្គោះរបស់យើង។ 
១យ៉ូហាន ៥:៥-៧ និង ១ពេត្រុស ៣:២១ ប្រាប់យើងថា «ទឹក» ដែលជាបុណ្យជ្រមុជ គឺជាសញ្ញានៃសេចក្តីសង្រ្គោះរបស់យើង ហើយវាគឺជាពាក្យតែមួយ ដែលលេចឡើងនៅក្នុង ម៉ាថាយ ៣:១៥ ដែលប្រាប់ថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិ ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ បើសិនបុណ្យជ្រមុជរបស់ព្រះយេស៊ូវពិតជាមានសារៈសំខាន់ខ្លាំងបែបនេះ តើការព្រងើយកន្តើយចំពោះបុណ្យជ្រមុជរបស់ទ្រង់ និងការអធិប្បាយតែព្រះលោហិតទ្រង់នៅលើឈើឆ្កាងតែមួយមុខ អាចដឹកនាំយើងទៅកាន់សេចក្តីសង្រ្គោះពេញលេញ និងគ្រប់លក្ខណ៍បានយ៉ាងដូចម្តេច? អ្នកដែលបានសង្រ្គោះចេញពីបាប ត្រូវតែគូសបន្ទាត់នៃសេចក្តីសង្រ្គោះច្បាស់លាស់ ដោយការជឿតាមព្រះ បន្ទូល។ ពួកគេត្រូវតែរំឮកខ្លួនឯងម្តងហើយម្តងទៀត ដើម្បីឲ្យបន្ទាត់នេះកាន់តែមានភាពច្បាស់លាស់។ 
បើសិនយើងមិនអាចគូសបន្ទាត់ព្រំដែនសម្រាប់សេចក្តីសង្រ្គោះរបស់យើងបានទេ វាមានន័យថា យើងមិនទាន់បានសង្រ្គោះឡើយ។ ការគិតថា សេចក្តីសង្រ្គោះចេញពីបាបរបស់យើង ស្ថិតនៅក្នុងតំណាក់កាលខ្ពស់នៃជំនឿរបស់យើង គឺខុសហើយ។ សេចក្តីសង្រ្គោះចេញពីបាបមិនមែនជាតំណាក់កាលនៃការបញ្ជាក់ខាងវិញ្ញាណទេ ប៉ុន្តែវាគឺជាមូលដ្ឋានគ្រឹះនៃជំនឿរបស់យើងវិញ ដែលជាជំហានសំខាន់បំផុតនៅក្នុងការសាងសង់ផ្ទះនៃសេចក្តីជំនឿរបស់យើងនៅលើថ្មដា។ 
យើងក៏មិនត្រូវចាត់ទុកបញ្ហានៃសេចក្តីសង្រ្គោះជាបញ្ហានៃ «ជំហរខាងគោលលិទ្ធ» របស់និកាយផ្សេងៗដែរ។ គោលលទ្ធិអាចខុសគ្នាពីនិកាយមួយទៅនិកាយមួយបាន ប៉ុន្តែសេចក្តីពិតរបស់ព្រះគម្ពីរ ដែលព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ មិនអាចខុសគ្នាពីជំនឿមួយទៅជំនឿមួយទៀតបានឡើយ។ ដូច្នេះហើយបានជាយើងមិនអាចលុបចោលសារៈខាន់
នៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ នៅពេលយើងកំពុងតែអធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានឡើយ។ 
យើងមិនអាចលុបចោលបុណ្យជ្រមុជរបស់ព្រះគ្រីស្ទ និងអធិប្បាយថា ព្រះយេស៊ូវជា «កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» ឬអធិប្បាយថា មនុស្សអាចបានសង្រ្គោះ ដោយគ្រាន់តែជឿលើព្រះលោហិតនៅលើឈើឆ្កាងប៉ុណ្ណោះបានឡើយ។ យើងត្រូវតែទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់យើង ដោយការជឿលើទាំងបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ និងទាំងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ គ្មានអ្នកណាអាចលុបបំបាត់អំពើបាបរបស់ខ្លួនបាន ដោយគ្រាន់តែជឿលើព្រះលោហិតរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង ដោយមិនជឿលើបុណ្យជ្រមុជរបស់ទ្រង់បានឡើយ។ នៅពេលមនុស្សជឿលើតែព្រះលោហិតនៅលើឈើឆ្កាង តើអំពើបាបនៃបញ្ញាចិត្តរបស់ពួកគេរលាយបាត់ដែរឬទេ? ពិតជាមិនអាចឡើយ!
ពេញក្នុងព្រះគម្ពីរ ព្រះយេស៊ូវធ្វើបន្ទាល់ពីសេចក្តីសុចរិតរបស់ព្រះ អំពើបាបរបស់យើង និងការជំនុំជម្រះអំពើបាបទាំងនោះ។ ជំនឿពិតដែលយើងត្រូវតែមាន គឺជាសេចក្តីជំនឿនៅក្នុងការស្គាល់ត្រឹមត្រូវពីការធ្វើបន្ទាល់របស់ព្រះគ្រីស្ទ។ ការស្គាល់ត្រឹមត្រូវមានន័យយ៉ាងដូចម្តេច? ខ្ញុំចង់មានន័យថា ការស្គាល់ច្បាស់លាស់ពីការជំនុំជម្រះអំពើបាបរបស់យើង ដោយព្រះ សេចក្តីសុចរិតរបស់ទ្រង់ និងសេចក្តីជំនឿដែលត្រូវវិនាសនៅចំពោះព្រះ។ លុះត្រាតែយើងស្គាល់យ៉ាងច្បាស់លាស់ពីការទាំងនេះ ទើបយើងអាចមានជំនឿត្រឹមត្រូវចេញពីការយល់ដឹងត្រឹមត្រូវរបស់យើងបាន។ 
នៅក្នុងអធិប្បាយដំណឹងល្អ បើសិនយើងលុបចោលបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ឬព្រះលោហិតទ្រង់នៅលើឈើឆ្កាង នោះអ្វីដែលយើងអធិប្បាយមិនមែនជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើយ។ បើសិនយើងផ្តល់អត្ថន័យដល់សេចក្តីពិតរបស់ព្រះតាមគំនិតរបស់មនុស្ស និងអធិប្បាយថា មនុស្សគ្រប់គ្នាអាចត្រឡប់ជាឥតបាប ដោយគ្រាន់តែជឿលើព្រះយេស៊ូវប៉ុណ្ណោះ នោះទាំងអ្នកដែលអធិប្បាយ និងទាំងអ្នកដែលស្តាប់ នឹងនៅតែជាមនុស្សមានបាបដដែល។ ភាពខុសគ្នារវាងការអធិប្បាយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ឬមិន បង្កើតភាពខុសគ្នានៅក្នុងការសង្រ្គោះព្រលឹងវិញ្ញាណ។ 
នៅពេលយើងសម្លឹងមើលជំនឿរបស់ពួកសាវក យើងមើលឃើញថា ពួកគេមិនគ្រាន់តែបានអធិប្បាយអំពីព្រះលោហិតនៅលើឈើឆ្កាងប៉ុណ្ណោះទេ។ ពួកគេទាំងអស់បានជឿលើ និងទទួលយកបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងជាកិច្ចការនៃ សេចក្តីសង្រ្គោះ។ ការជឿថា ព្រះយេស៊ូវបានដោះស្រាយអំពើបាបទាំងអស់របស់យើងនៅលើឈើឆ្កាង ដោយមិនជឿថា ទ្រង់បានទទួលយកអំពើបាបទាំងនោះដាក់លើអង្គទ្រង់ជាមុន មិនសមហេតុសមផលតាមគំនិតរបស់មនុស្ស ហើយក៏មិនស៊ីគ្នានឹងសេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណដែរ។ អ្នកដែលជឿតាមដំណឹងល្អពាក់កណ្តាលបែបនេះ មិនអាចបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួនបានឡើយ។ 
 

កិច្ចការរបស់អ្នកអធិប្បាយដំណឹងល្អ

ព្រះគម្ពីរប្រាប់ថា មេអណ្តើកខាងវិញ្ញាណគឺជាអ្នកដែលអធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ មេអណ្តើកនៃសេចក្តីសង្រ្គោះខាងវិញ្ញាណត្រូវតែសម្របសម្រួលរវាងព្រះអម្ចាស់ និងកូនក្រមុំរបស់ទ្រង់។ កិច្ចការដំបូងដែលពួកគេត្រូវតែធ្វើ គឺប្រកាសទៅកាន់មនុស្សមានបាបអំពីអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់ពួកគេ។ ពួកគេត្រូវតែបង្រៀនមនុស្សមានបាបថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបរបស់ពួកគេដាក់លើអង្គទ្រង់ និងថា ទ្រង់បានទទួលទោសសម្រាប់អំពើបាបទាំងនេះនៅលើឈើឆ្កាង។ ហើយពួកគេក៏ត្រូវតែដឹងយ៉ាងច្បាស់លាស់ថា កូនក្រមុំជឿលើសេចក្តីពិតនេះ ឬមិនជឿ ហើយនៅពេលកូនក្រមុំពិតជាជឿហើយ តួនាទីរបស់មេអណ្តើកត្រូវបានបញ្ចប់ហើយ។ 
ដើម្បីសម្រេចកិច្ចការនេះបាន មេអណ្តើកចាំបាច់ត្រូវពន្យល់ដល់កូនក្រមុំថា កូនកម្លោះជាអ្នកណា និងអ្វីដែលទ្រង់បានធ្វើសម្រាប់ពួកគេ ដើម្បីឲ្យកូនក្រមុំអាចយល់បានយ៉ាងងាយស្រួល។ នៅពេលចិត្តរបស់កូនក្រមុំដឹងពីអ្វីដែលកូនកម្លោះបានធ្វើសម្រាប់ពួកគេ មេអណ្តើកត្រូវតែបង្រៀនពួកគេពីការពិតថា កូនកម្លោះបានដោះអំពើបាបទាំងអស់របស់ពួកគេចេញ តាមរយៈទឹក និងព្រះលោហិតរបស់ទ្រង់។ 
ដូច្នេះ កាលណាកូនក្រមុំទទួលយកគ្រប់ទាំងការដែលកូនកម្លោះបានធ្វើសម្រាប់ខ្លួនហើយ ពួកគេអាចធ្វើជា និងត្រូវបានហៅជាកូនក្រមុំរបស់ព្រះគ្រីស្ទហើយ។ អ្នកដែលបានធ្វើជាកូនក្រមុំរបស់ព្រះយេស៊ូវគ្រីស្ទ ត្រូវតែដឹងថា កូនកម្លោះបានទិញពួកគេ ដោយថ្លៃលោះនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ពួកគេត្រូវតែដឹងថា ដើម្បីធ្វើឲ្យពួកគេក្លាយជារបស់ទ្រង់ កូនកម្លោះបានលាងសម្អាតអំពើបាបទាំងអស់របស់ពួកគេ ដោយទឹក និងព្រះលោហិតរបស់ទ្រង់ បានធ្វើឲ្យពួកគេបានសដូចជាព្រិល ហើយបានទទួលយកពួកគេជាកូនក្រមុំរបស់ទ្រង់។ 
មានតែដូច្នេះទេ ទើបកូនក្រមុំគោរព និងទទួលស្គាល់កូនកម្លោះជារៀងរហូត។ អ្នកដែលបានទទួលការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់ខ្លួនគឺជាមនុស្សសុចរិត មនុស្សសុចរិតឥតមានបាបទេ ហើយមនុស្សឥតមានបាបគឺជាកូនក្រមុំរបស់ព្រះយេស៊ូវគ្រីស្ទ។ នៅពេលកូនក្រមុំមានជំនឿបែបនេះ ពួកគេអាចរៀបការជាមួយកូនកម្លោះបាន ហើយកូនកម្លោះអាចទទួលយកពួកគេទៅកាន់ព្រះហស្តទ្រង់បាន។ ដូច្នេះ លុះត្រាតែមេ អណ្តើកខាងវិញ្ញាណរៀបចំកូនក្រមុំ ដោយព្រះបន្ទូលនៃសេចក្តីពិត ទើបពួកគេអាចរៀបចំអាពាហ៍ពិពាហ៍របស់ពួកគេបានដោយជោគជ័យ។ 
ដើម្បីជោគជ័យបាន មេអណ្តើកនៃសេចក្តីសង្រ្គោះខាងវិញ្ញាណត្រូវតែដឹងថា កូនក្រមុំបែបណាដែលកូនកម្លោះចង់បាន។ ព្រះយេស៊ូវដែលជាកូនកម្លោះរបស់យើង ឥតមានបាបទេ គឺទ្រង់បរិសុទ្ធ។ ដូច្នេះហើយបានជាទ្រង់ចង់បានកូនក្រមុំឥតមានបាប និងឥតមានកន្លែងបន្ទោសបាន។ ហើយនេះជាមូលហេតុដែលមេអណ្តើកប្រើកិច្ចការរបស់កូនកម្លោះ ដើម្បីលាងសម្អាត និងតុបតែងកូនក្រមុំ។ ការតុបតែងកូនក្រមុំមានន័យថា ពួកគេនឹងត្រូវបាននាំទៅកាន់កូនកម្លោះ កាលណាអំពើបាបរបស់ពួកគេត្រូវបានលាងសម្អាតទាំងស្រុង ដោយសារដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលកូនកម្លោះបានបំពេញសម្រេច។ បើសិនពួកគេត្រូវបាននាំទៅឯកូនកម្លោះ ខណៈអំពើបាបរបស់ពួកគេត្រូវបានសម្អាតតែពាក់កណ្តាល កូន កម្លោះនឹងមិនទទួលយកពួកគេឡើយ ពីព្រោះទ្រង់ចង់ឲ្យកូនក្រមុំរបស់ទ្រង់លែងមានបាបទាំងស្រុងតែម្តង។ អ្នកបម្រើព្រះដែលមានតួនាទីនេះ គឺជាមេអណ្តើកនៃសេចក្តីសង្រ្គោះខាងវិញ្ញាណ។ 
ដូច្នេះ អ្នកបម្រើព្រះត្រូវតែបន្តរៀបចំកូនក្រមុំសម្រាប់សេចក្តីសង្រ្គោះខាងវិញ្ញាណរបស់ពួកគេ។ ក្នុងពេលជាមួយគ្នា យើងក៏ត្រូវតែដឹងថា នៅក្នុងជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះ មានមេអណ្តើកខាងសាច់ឈាមជាច្រើន ដែលបង្ខូច និងបំផ្លាញសម្រាប់តែទ្រព្យសម្បត្តិលោកិយរបស់ខ្លួន នៅគ្រប់ទីកន្លែង។ មេអណ្តើកទាំងនេះនឹងត្រូវទទួលទោសពីព្រះយេស៊ូវគ្រីស្ទ និងពួកកូនក្រមុំដែលត្រូវបានបដិសេធ។
 

ការស្គាល់ពីទីជម្រៅរបស់សាតាំង

សូម្បីតែនៅក្នុងចំណោមអ្នកបម្រើ និងរាស្ត្ររបស់ព្រះ ក៏មានមនុស្សជាច្រើន ដែលមិនស្គាល់ពីទីជម្រៅនៃល្បិចកលរបស់សាតាំងដែរ។ នៅក្នុងន័យផ្សេង មានមនុស្សជាច្រើន ដែលមិនដឹងថា សាតាំងព្យាយាមធ្វើឲ្យយើងជំពប់ដួលយ៉ាងឧស្សាហ៍យ៉ាងណាឡើយ។ អ្នកបម្រើយ៉ាងច្រើនរបស់ព្រះមិនបានដឹងពីរបៀបដែលសាតាំងបានផ្លាស់ប្តូរ និងបង្ខូចដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងរបៀបដែលវាបានបោកបញ្ឆោតអ្នកជឿឲ្យដើរតាមសេចក្តីជំនឿខុសឆ្គងរបស់វាឡើយ។ ជាលទ្ធផល អ្នកជឿជាច្រើននៅក្នុងព្រះយេស៊ូវ ត្រូវបញ្ចប់ជាមួយដំណឹងល្អដែលខូច ជំនួសឲ្យដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ ហើយផ្ទុយពីបំណងព្រះហឫទ័យព្រះ ព្រលឹងរបស់ពួកគេក៏ត្រូវបានវិនាសផងដែរ។ 
ព្រះប្រាប់យើងថា «ចូរកុំដើរតាមសេចក្តីបង្រៀនរបស់យេសេបិល។ ប៉ុន្តែជឿ និងប្រកាសយ៉ាងខ្ជាប់ខ្ជួនអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ រហូតដល់ខ្ញុំត្រឡប់មកវិញចុះ។ ហើយខ្ញុំនឹងប្រទានដល់អ្នកនូវអំណាចយកឈ្នះលើជាតិសាសន៍ទាំងអស់»។ ប៉ុន្តែព្រះក៏ប្រាប់យើងផងដែរថា ទ្រង់នឹងបោះអ្នកដែលបានចាញ់បញ្ឆោតសេចក្តីជំនឿរបស់យេសេបិល ទៅក្នុងសេចក្តីទុក្ខវេទនា ហើយដំពួកគេម្តងទៀត។ 
កាលណាព្រះគ្រីស្ទយាងត្រឡប់មកវិញ យើងនឹងមើលឃើញអ្នកដែលបានជឿ និងប្រកាសសេចក្តីសង្រ្គោះ តាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវតែមុខ ក្បត់សេចក្តីជំនឿរបស់ខ្លួន។ ពួកគេចង់តែអួតពីសេចក្តីជំនឿរបស់ខ្លួន ហើយតែងតែគិតថា ខ្លួនខ្ពស់ជាងអស់អ្នកដែលមានសេចក្តីជំនឿខុសពីខ្លួន។ ប៉ុន្តែព្រះបែងចែករវាងសេចក្តីជំនឿរបស់ពួកគេ និងសេចក្តីជំនឿរបស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ៖ «ឯអ្នកណាដែលឈ្នះ ហើយកាន់តាមការអញ ដរាបដល់ចុងបំផុត នោះអញនឹងឲ្យមានអំណាចលើពួកសាសន៍ដទៃ អ្នកនោះនឹងឃ្វាលគេ ដោយដំបងដែក ដូចជាគេបំបែកភាជនៈដីឲ្យខ្ទេចខ្ទី តាមអំណាចដែលអញបានទទួលពីព្រះវរបិតាមក»។ 
កាលណាព្រះអម្ចាស់របស់យើងយាងត្រឡប់មកវិញ នឹងមានគ្រីស្ទ បរិស័ទជាច្រើន ដែលនឹងត្រូវជួបជាមួយព្រះអម្ចាស់ ដោយមិនបានកើតជាថ្មី។ ដោយសារពួកគេមិនបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ពួកគេនឹងជួបជាមួយព្រះអម្ចាស់ ជាមួយនឹងបាបនៅក្នុងចិត្តរបស់ពួកគេ។ ប៉ុន្តែអស់អ្នកដែលបាបនៅក្នុងចិត្តត្រូវបានអត់ទោសឲ្យ ដោយការជឿតាមដំណឹងល្អពិត នឹងបានផ្លាស់ប្រែ ជាមួយនឹងការយាងមករបស់ព្រះអម្ចាស់ ហើយសោយរាជ្យជាមួយទ្រង់។ បទគម្ពីរនៅទីនេះនិយាយថា អំណាចព្រះចេស្តារបស់ព្រះអម្ចាស់ និងរាស្ត្ររបស់ទ្រង់គឺដូចជាកម្លាំងដំបងដែកមួយ ដែលវាយបំបែកភាជន៍របស់ជាងស្មូន។
ព្រះប្រាកដជានឹងប្រទានអំណាចឈ្នះលើអស់ទាំងជាតិសាសន៍ដល់អ្នកដែលការពារសេចក្តីជំនឿរបស់ខ្លួន នៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ រហូតដល់ទីបំផុត។ ព្រះអម្ចាស់ប្រាប់យើងថា អំណាចរបស់ទ្រង់គឺដូចជាអំណាចដែលទ្រង់បានទទួលពីព្រះវរបិតា។ ដូច្នេះ យើងត្រូវតែតយុទ្ធ និងយកឈ្នះលើពួកហោរាក្លែងក្លាយដូចជា យេសេបិល និង បាឡាម ដើម្បីឲ្យយើងនឹងបានសោយរាជ្យជាមួយអំណាចឈ្នះលើគ្រប់ទាំងជាតិសាសន៍ ដែលព្រះអម្ចាស់នឹងប្រទានឲ្យយើង។ 
 

សេចក្តីពិតនៃសេចក្តីសង្រ្គោះពិតប្រាកដ!

ដើម្បីសង្រ្គោះមនុស្សមានបាប ព្រះអម្ចាស់របស់យើងត្រូវតែយាងមកផែនដីនេះ ហើយដើម្បីទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិដាក់លើអង្គទ្រង់ ទ្រង់ត្រូវតែទទួលយកបុណ្យជ្រមុជពីលោកយ៉ូហាន។ ដោយសារតែព្រះអម្ចាស់បានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបរបស់យើង ទ្រង់អាចនាំអំពើបាបទាំងនោះទៅលើឈើឆ្កាង សុគត និងមានព្រះជន្មរស់ពីសុគតឡើងវិញ។ ទ្រង់បានបំពេញព្រះរាជកិច្ចដ៏សុចរិតទាំងនេះសម្រាប់យើង ពីព្រោះទ្រង់មិនអាចទតមើលឃើញមនុស្សជាតិបន្តប្រព្រឹត្ត និងរងទុក្ខដោយសារអំពើបាបបានទៀតឡើយ។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាសេចក្តីពិត ដែលអាចសង្រ្គោះអ្នកចេញពីអំពើបាបទាំងអស់របស់អ្នកបាន។ 
ហើយព្រះអម្ចាស់របស់យើងអាចធ្វើជាព្រះអង្គសង្រ្គោះ សម្រាប់អស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបាន។ ដោយសារព្រះអម្ចាស់ត្រូវតែទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ទ្រង់អាចបង្កើតផលផ្លែ ដែលជាលទ្ធផលដ៏អស្ចារ្យនេះ ដែលត្រូវបានធ្វើបន្ទាល់នៅក្នុង យ៉ូហាន ១:២៩ និងយ៉ូហាន ១៩:៣០ ថា៖ «នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!» និង «ការស្រេចហើយ!»។ អ្នកដែលមានចិត្តជឿយ៉ាងមុតមាំលើសេចក្តីប្រោសលោះតាមរយៈព្រះបន្ទូលព្រះនេះ អាចមានជំនឿរឹងមាំលើទ្រង់បាន ពីព្រោះពួកគេដឹងថា ព្រះយេស៊ូវបានដោះស្រាយអំពើបាបទាំងអស់របស់ពួកគេ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់រួចហើយ។ យើងត្រូវតែសម្លឹងមើលទៅក្នុងចិត្តរបស់យើង ដោយស្មោះត្រង់ ពីព្រោះបើសិនយើងមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ អំពើបាបរបស់យើងនៅតែបន្តមាននៅក្នុងចិត្តរបស់យើងជានិច្ច។ 
នៅពេលយើងសម្លឹងមើលចិត្តរបស់អ្នកដែលមិនជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងជឿលើព្រះលោហិតទ្រង់នៅលើឈើឆ្កាងតែមួយគត់ យើងមើលឃើញអត្ថិភាពនៃបាបនៅក្នុងចិត្តរបស់ពួកគេ យ៉ាងច្បាស់ លាស់។ យើងត្រូវតែយកចិត្តទុកដាក់ជាពិសេស លើបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីស ហើយជឿកាន់តែខ្លាំងឡើង ពីព្រោះយើងមិនអាចដក ឬបន្ថែមគំនិតផ្ទាល់ខ្លួនរបស់យើងទៅលើព្រះបន្ទូលព្រះបានឡើយ។ យើងទាំងអស់គ្នាត្រូវតែតយុទ្ធជាមួយដំណឹងល្អខុសឆ្គង ពីព្រោះវាអាចបំផ្លាញជំនឿរបស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបាន។ 
ព្រះយេស៊ូវអង្គទ្រង់ផ្ទាល់បានប្រាប់យើងថា «ចូរឲ្យពិចារណ ហើយប្រុងប្រយ័ត្នចំពោះដំបែររបស់ពួកផារ៉ាស៊ី»។ «ដំបែរ» នៅទីនេះ មិនសំដៅទៅលើដំបែរដែលគេប្រើដើម្បីធ្វើស្រា ឬនំប៉័ងទេ ប៉ុន្តែទៅលើដំណឹងល្អដែលមិនមានបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ យើងត្រូវតែដឹង និងជឿលើការពិតថា ព្រះយេស៊ូវបាននាំអំពើបាបរបស់លោកិយនេះទៅឯឈើឆ្កាង ដោយការទទួលយកវាទាំងអស់ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងថា ទ្រង់បានធ្វើជាព្រះអង្គសង្រ្គោះពិតប្រាកដរបស់យើង ដោយការជាប់ឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញ។ 
ភាគីខាងទ្រង់ ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងការលុបបាត់អំពើបាបទាំងអស់ ដោយព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ចំណែកឯភាគីខាងមនុស្សជាតិ ដោយសារពួកគេមិនជឿលើបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន អំពើបាបរបស់ពួកគេនៅតែបន្តមានជានិច្ច។ បើសិនមិនជឿតាមសេចក្តីពិតថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីដាក់អំពើបាបទាំងអស់របស់លោកិយនេះទៅលើអង្គទ្រង់ទេ អំពើបាបរបស់ពួកគេមិនអាចត្រូវបានដោះចេញបានឡើយ។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាដំណឹងល្អនៃអំណាចព្រះចេស្តា ដែលលាងសម្អាតអំពើបាបទាំងអស់របស់យើងចេញ និងធ្វើឲ្យយើងបានសដូចជាព្រិល នៅពេលយើងជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ 
 

ចូរយើងធ្វើជាអ្នកដែលឈ្នះ

ចេញពីបទគម្ពីរចម្បងនេះ យើងបានមើលឃើញព្រះបន្ទូលនៃការបើកសម្តែងទៅកាន់ពួកជំនុំក្រុងធាទីរ៉ា។ ព្រះបានសន្យាចំពោះអ្នកបម្រើនៃពួកជំនុំនេះថា ទ្រង់នឹងប្រទានអំណាចឈ្នះលើគ្រប់ទាំងជាតិសាសន៍។ ពួកបរិសុទ្ធដែលបានកើតជាថ្មីទាំងអស់ រស់នៅក្នុងសមរភូមិខាងវិញ្ញាណមួយ ដែលប្រយុទ្ធខាងវិញ្ញាណជាមួយសាតាំង។ យើងតែងតែមានជ័យ ជំនះនៅក្នុងសមរភូមិនេះជានិច្ច ដោយជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ សង្រ្គាមខាងវិញ្ញាណនេះចាប់ផ្តើមចាប់ពីវេលាដែលមនុស្សម្នាក់ជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះ។ 
អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ត្រូវតែយកឈ្នះលើសាតាំង នៅក្នុងការតយុទ្ធរបស់ខ្លួនជាមួយវា។ ពួកយើងមួយចំនួន តយុទ្ធជាមួយសាតាំង ហើយនឹងយកឈ្នះលើដំណឹងល្អក្លែងក្លាយ រហូតដល់ថ្ងៃដែលពួកគេឈរនៅចំពោះព្រះ។ អ្នកដែលឈ្នះ ជឿថា ព្រះអម្ចាស់របស់យើងបានដោះអំពើបាបទាំងអស់របស់យើងចេញ ដោយការយាងមកផែនដីនេះ ការទទួលបុណ្យជ្រមុជ ការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញ។ ទោះបីជាអ្នកដទៃនិយាយយ៉ាងណាក៏ដោយ ក៏ពួកគេមិនរង្គោះរង្គើរនៅក្នុងសេចក្តីជំនឿរបស់ពួកគេថា ទីកន្លែងនៃការលាងសម្អាតអំពើបាបរបស់ពួកគេគឺជាទន្លេយ័រដាន់ និងថា អំពើបាបទាំងអស់របស់ពួកគេត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជ ដែលទ្រង់បានទទួលពីលោកយ៉ូហានរួចហើយ។ 
ព្រះអម្ចាស់របស់យើងបានបង្គាប់ឲ្យយើងតយុទ្ធ និងយកឈ្នះលើសាតាំង។ ជាច្រើនដង សាច់ឈាមរបស់យើងអាចធ្វើការ និងនឿយហត់យ៉ាងខ្លាំងបាន ប៉ុន្តែសេចក្តីជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណមិនអាចបាត់បង់សង្រ្គាមរបស់វា ជាមួយនឹងដំណឹងល្អក្លែងក្លាយបានឡើយ។ 
ព្រះអម្ចាស់ប្រាប់យើងថា «ចូរឲ្យចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅឯសេចក្តីហិនវិនាស នោះធំ ហើយទូលាយផង ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ» (ម៉ាថាយ ៧:១៣-១៤)។ ហោរាអេលីយ៉ានៅក្នុងព្រះគម្ពីរសញ្ញាចាស់ បានតយុទ្ធ និងយកឈ្នះលើសង្ឃរបស់ព្រះបាលចំនួនជាង៨៥០នាក់។
សាវកប៉ុលក៏បាននិយាយផងដែរថា គ្មានដំណឹងល្អណាផ្សេង ក្រៅពីដំណឹងល្អដែលគាត់បានប្រកាសនោះឡើយ (កាឡាទី ១:៧)។ ដំណឹងល្អរបស់សាវកប៉ុលនេះ គឺពិតជាសេចក្តីជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងមែន។ អ្នកដែលជឿតាមដំណឹងល្អនេះ លែងមានបាបនៅក្នុងចិត្តជារៀងរហូតហើយ ទោះបើពួកគេអាចនៅតែមានកំហុស បន្ទាប់ពីបានកើតជាថ្មីហើយក៏ដោយ។ ព្រះ អម្ចាស់របស់យើងបានលាងសម្អាតអំពើបាបទាំងអស់របស់យើងចេញ ដោយទឹករបស់យើង និងបានទទួលយកការជំនុំជម្រះសម្រាប់អំពើបាបទាំងនោះ ដោយព្រះលោហិតទ្រង់។ ដូច្នេះ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងផ្តល់សេចក្តីប្រោសលោះដ៏អស់កល្បជានិច្ចដល់អ្នកណាដែលជឿ។ 
ព្រះអម្ចាស់ប្រទានអំណាច ដើម្បីការពារសេចក្តីជំនឿ និងតយុទ្ធ ហើយយកឈ្នះរហូតដល់ទីបញ្ចប់ ដល់អ្នកណាដែលបានសង្រ្គោះ។