Search

សេចក្តីអធិប្បាយ

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 3-1] សំបុត្រទៅកាន់ពួកជំនុំក្រុងសើដេស (វិវរណៈ ៣:១-៦)

សំបុត្រទៅកាន់ពួកជំនុំក្រុងសើដេស
(វិវរណៈ ៣:១-៦)
«ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងសើដេសថា ព្រះដ៏មានព្រះវិញ្ញាណទាំង៧ និងផ្កាយទាំង៧ ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា អញស្គាល់ការដែលឯងប្រព្រឹត្តហើយ គឺដែលឯងមានឈ្មោះថារស់ តែឯងស្លាប់ទេ ចូរប្រុងប្រយ័ត្ន ហើយចំរើនកំឡាំងដល់អ្វីៗដែលនៅសល់ ដែលរៀបនឹងស្លាប់នោះដែរ ដ្បិតអញមិនបានឃើញការដែលឯងប្រព្រឹត្តនោះ ជាពេញខ្នាតនៅចំពោះព្រះនៃអញទេ ដូច្នេះ ចូរនឹកចាំ ដែលឯងបានទទួល ហើយបានឮជាយ៉ាងណា រួចឲ្យកាន់តាម ហើយប្រែចិត្តចុះ បើឯងមិនចាំយាមទេ នោះអញនឹងមកឯឯងដូចជាចោរ ហើយឯងនឹងមិនដឹងជាវេលាណា ដែលអញមកឯឯងឡើយ ប៉ុន្តែ នៅក្រុងសើដេស ឯងក៏មានអ្នកខ្លះ ដែលមិនបានធ្វើឲ្យសំលៀកបំពាក់ខ្លួនស្មោកគ្រោកដែរ អ្នកទាំងនោះនឹងស្លៀកពាក់ស ដើរជាមួយនឹងអញ ដ្បិតគេបានគួរហើយ អ្នកណាដែលឈ្នះ នោះនឹងបានស្លៀកពាក់ស ហើយអញមិនដែលលុបឈ្មោះអ្នកនោះចេញពីបញ្ជីជីវិតឡើយ អញនឹងថ្លែងប្រាប់ពីឈ្មោះអ្នកនោះ នៅចំពោះព្រះវរបិតាអញ និងចំពោះពួកទេវតាទ្រង់ដែរ អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តីដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ។»
 

ការកាត់ស្រាយ

ខ.១៖ «ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងសើដេសថា ព្រះដ៏មានព្រះវិញ្ញាណទាំង៧ និងផ្កាយទាំង៧ ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា អញស្គាល់ការដែលឯងប្រព្រឹត្តហើយ គឺដែលឯងមានឈ្មោះថារស់ តែឯងស្លាប់ទេ។» 
ព្រះអម្ចាស់ មានព្រះវិញ្ញាណទាំងប្រាំពីរនៃព្រះ និងផ្កាយទាំងប្រាំ ពីរ។ ពួកជំនុំក្រុងសើដេសបានមានកំហុសជាច្រើន នៅក្នុងជីវិតនៃសេចក្តីជំនឿរបស់ខ្លួន។ ដូច្នេះ ព្រះបានដាស់តឿនពួកគេឲ្យរស់នៅដោយសេចក្តីជំនឿវិញ។ នៅទីនេះ ព្រះបានមានបន្ទូលទៅកាន់អ្នកបម្រើនៅពួកជំនុំក្រុងសើដេសថា «ដែលឯងមានឈ្មោះថារស់ តែឯងស្លាប់ទេ»។ ព្រះចង់មានន័យថា សេចក្តីជំនឿរបស់អ្នកបម្រើនៅពួកជំនុំក្រុងសើដេសបានស្លាប់ សម្រាប់គោលបំណងជាក់ស្តែងទាំងអស់។

ខ.២៖ «ចូរប្រុងប្រយ័ត្ន ហើយចំរើនកំឡាំងដល់អ្វីៗដែលនៅសល់ ដែលរៀបនឹងស្លាប់នោះដែរ ដ្បិតអញមិនបានឃើញការដែលឯងប្រព្រឹត្តនោះ ជាពេញខ្នាតនៅចំពោះព្រះនៃអញទេ។» 
ព្រះអម្ចាស់លែងអនុញ្ញាតឲ្យទេវតានៃពួកជំនុំក្រុងសើដេសបន្តរស់នៅ ដោយឥតសេចក្តីជំនឿទៀតហើយ។ ទ្រង់បានបន្ទោសពួកជំនុំនេះ ពីព្រោះពួកគេបានរស់នៅ ដោយឥតមានសេចក្តីជំនឿទាំងស្រុងតាមព្រះបន្ទូលព្រះ។ សម្រាប់ពួកបរិសុទ្ធដែលមិនរស់នៅក្នុងជីវិត ដែលជឿតាមព្រះបន្ទូលព្រះទាំងអស់នៅក្នុងព្រះគម្ពីរ គឺដូចជាកំពុងតែរស់នៅ ដោយប្រព្រឹត្តបាប នៅចំពោះវត្តមាននៃព្រះដែរ។
ទោះបីជានៅពេលយើងខ្សោយក៏ដោយ បើសិនពួកបរិសុទ្ធរស់នៅដោយអាងសេចក្តីជំនឿតាមព្រះបន្ទូលព្រះ ពួកគេនឹងមានតម្កើងឡើងខ្ពស់ នៅចំពោះព្រះ និងមនុស្ស។ ហើយដើម្បីធ្វើជាពួកបរិសុទ្ធដែលមានសេចក្តីជំនឿពេញលេញ យើងត្រូវតែរស់នៅក្នុងជីវិតស្មោះត្រង់ ដោយជឿ និងដើរតាមព្រះបន្ទូលព្រះ ដែលធ្វើឲ្យយើងបានពេញលេញ។ 

ខ.៣៖ «ដូច្នេះ ចូរនឹកចាំ ដែលឯងបានទទួល ហើយបានឮជាយ៉ាងណា រួចឲ្យកាន់តាម ហើយប្រែចិត្តចុះ បើឯងមិនចាំយាមទេ នោះអញនឹងមកឯឯងដូចជាចោរ ហើយឯងនឹងមិនដឹងជាវេលាណា ដែលអញមកឯឯងឡើយ។» 
ពួកបរិសុទ្ធ និងអ្នកបម្រើនៃព្រះនៅសម័យពួកជំនុំដំបូង ត្រូវតែមានការលះបង់ដ៏ធំធេង ដើម្បីស្តាប់តាម និងថែរក្សាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ ព្រះអម្ចាស់បានប្រាប់ពួកគេមិនឲ្យបាត់បង់សេចក្តីជំនឿតាមដំណឹងល្អដ៏មានតម្លៃអំពីទឹក និងព្រះវិញ្ញាណនេះ ដែលបានចំណាយការលះបង់យ៉ាងធំធេង ទោះទាំងជីវិតរបស់ពួកគេផង ដើម្បីឲ្យពួកគេទទួលបាន។ អ្នកជឿត្រូវបង្ហាញសេចក្តីជំនឿ និងការប្រព្រឹត្តយ៉ាងច្បាស់ទៅចំពោះព្រះ ដោយប្រកាន់ខ្ជាប់តាមដំណឹងល្អអំពីសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍ដោយទឹក និងព្រះវិញ្ញាណ។ 
អ្នកដែលបានសង្រ្គោះ ត្រូវតែចងចាំពីរបៀបដែលពួកគេបានស្តាប់ឮ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណពីដំបូង ហើយរស់នៅក្នុងជីវិត ដែលអរព្រះគុណសម្រាប់ព្រះគុណនៃសេចក្តីសង្រ្កោះ។ ពួកបរិសុទ្ធដែលបានកើតជាថ្មី និងអ្នកបម្រើព្រះ ត្រូវតែផ្តោតលើភាពអស្ចារ្យ និងព្រះពរនៃដំណឹងល្អ ដែលពួកគេបានទទួលពីព្រះអម្ចាស់។ បើសិនមិនដូច្នេះទេ ពួកគេនឹងឈរជាមួយមនុស្សល្ងីល្ងើ ដោយមិនដឹងថា ព្រះអម្ចាស់នឹងយាងមកផែនដីនេះវិញ នៅពេលណាឡើយ។

ខ.៤៖ «ប៉ុន្តែ នៅក្រុងសើដេស ឯងក៏មានអ្នកខ្លះ ដែលមិនបានធ្វើឲ្យសំលៀកបំពាក់ខ្លួនស្មោកគ្រោកដែរ អ្នកទាំងនោះនឹងស្លៀកពាក់ស ដើរជាមួយនឹងអញ ដ្បិតគេបានគួរហើយ។» 
ទោះបីជាយ៉ាងណា ព្រះអម្ចាស់ប្រាប់យើងនៅទីនេះថា ពួកជំនុំនៅក្រុងសើដេសនៅមានអ្នកជឿមួយចំនួនតូច ដែលមិនបានធ្វើឲ្យសំលៀកបំពាក់របស់ខ្លួនស្មោគគ្រោក ហើយប្រកាន់ខ្ជាប់តាមសេចក្តីជំនឿរបស់ពួកគេ។ ហើយព្រះអម្ចាស់ក៏មានបន្ទូលផងដែរថា ពួកបរិសុទ្ធស្មោះត្រង់ទាំងនេះនឹងរស់នៅជាអ្នកបម្រើរបស់ព្រះ ស្លៀកសេចក្តីសុចរិតរបស់ទ្រង់ និងដើរជាមួយព្រះអម្ចាស់។ ពួកគេអាចដើរជាមួយព្រះអម្ចាស់បាន ពីព្រោះសេចក្តីជំនឿរបស់ពួកគេធ្វើឲ្យពួកគេសមនឹងដើរជាមួយទ្រង់ហើយ។
ពួកបរិសុទ្ធ ដែលសេចក្តីជំនឿរបស់ខ្លួនមានការទទួលស្គាល់ពីព្រះ ដើរតាមព្រះអម្ចាស់ ទោះបើទ្រង់នឹងដឹកនាំពួកគេទៅទីកន្លែងណាក៏ ដោយ។ ការពិតថា ពួកគេមិនបានធ្វើឲ្យសំលៀកបំពាក់របស់ពួកគេស្មោគគ្រោក មានន័យថា ពួកគេបានទុកចិត្តដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់ និងមិនបានចុះចូលជាមួយកិច្ចការខាងលោកិយនេះឡើយ។ អ្នកដែលបានស្លៀកសំលៀកបំពាក់របស់មនុស្សសុចរិត ដោយសារដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យ ប្រកាន់ខ្ជាប់តាមព្រះបន្ទូលទ្រង់ និងមិនសម្របសម្រួលជាមួយលោកិយនេះឡើយ។ ពួកគេគូសបន្ទាត់បែងចែកច្បាស់លាស់ពីដំណឹងល្អក្លែងក្លាយ។
អ្នកដែលបានស្លៀកសំលៀកបំពាក់ស ដោយការជឿតាមដំណឹងល្អរបស់ព្រះអម្ចាស់ ធ្វើការសម្រាប់ដំណឹងល្អរបស់ទ្រង់ ហើយរស់នៅក្នុងជីវិតមួយនៅក្នុងលោកិយនេះ ដែលដើរជាមួយទ្រង់។ ដូច្នេះហើយបានជាព្រះអម្ចាស់តែងតែគង់នៅជាមួយពួកគេជានិច្ច ពីព្រោះពួកគេតែងតែបានដើរតាមទ្រង់ ដោយការជឿតាមព្រះបន្ទូលទ្រង់ជានិច្ច។ 

ខ.៥៖ «អ្នកណាដែលឈ្នះ នោះនឹងបានស្លៀកពាក់ស ហើយអញមិនដែលលុបឈ្មោះអ្នកនោះចេញពីបញ្ជីជីវិតឡើយ អញនឹងថ្លែងប្រាប់ពីឈ្មោះអ្នកនោះ នៅចំពោះព្រះវរបិតាអញ និងចំពោះពួកទេវតាទ្រង់ដែរ។»
អ្នកដែលឈ្នះលោកិយនេះ ដោយការជឿតាមព្រះបន្ទូលព្រះ នឹងរស់នៅអស់កល្បជានិច្ច ស្លៀកសេចក្តីសុចរិតរបស់ព្រះធ្វើជាពួកបរិសុទ្ធរបស់ទ្រង់ និងបម្រើការងាររបស់ព្រះអម្ចាស់។ ព្រះអម្ចាស់ក៏នឹងទទួលស្គាល់សេចក្តីជំនឿរបស់ពួកគេ ហើយសរសេរឈ្មោះរបស់ពួកគេទុកនៅក្នុងបញ្ជីជីវិតផងដែរ ហើយឈ្មោះទាំងនេះនឹងមិនលុបចេញ ជារៀងរហូត។
ព្រះបន្ទូលសេចក្តីសន្យារបស់ព្រះអម្ចាស់នៃយើង ប្រាប់យើងថា អ្នកដែលមានសេចក្តីជំនឿត្រឹមត្រូវ ពិតជានឹងយកឈ្នះលើការតយុទ្ធខាង សេចក្តីជំនឿរបស់ពួកគេជាមួយខ្មាំងសត្រូវរបស់ព្រះ។ «អ្នកណាដែលឈ្នះ នោះនឹងបានស្លៀកពាក់ស។» សំលៀកបំពាក់សនៅទីនេះ មានន័យថា ជ័យជំនះនៅក្នុងការតយុទ្ធខាងសេចក្តីជំនឿជាមួយខ្មាំងសត្រូវរបស់ព្រះ។ អ្នកឈ្នះខាងសេចក្តីជំនឿនឹងទទួលបានព្រះពរ ដែលឈ្មោះរបស់ពួកគេនឹងមិនត្រូវលុបចេញពីបញ្ជីជីវិតឡើយ។ ហើយឈ្មោះរបស់ពួកគេក៏នឹងត្រូវបានសរសេរទុកនៅក្នុងក្រុងយេរូសាឡិមថ្មីផងដែរ។ «អញនឹងថ្លែងប្រាប់ពីឈ្មោះអ្នកនោះ នៅចំពោះព្រះវរបិតាអញ និងចំពោះពួកទេវតាទ្រង់ដែរ។» «ថ្លែង» នៅទីនេះ មានន័យថា ព្រះអម្ចាស់នឹងទទួលស្គាល់សេចក្តីជំនឿរបស់ពួកគេ។ 

ខ.៦៖ «អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តីដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ។»
អ្នកដែលមានសេចក្តីជំនឿត្រឹមត្រូវ តែងតែស្តាប់ពីអ្វីដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលទៅកាន់ពួកគេ តាមរយៈពួកជំនុំរបស់ទ្រង់។ ដូច្នេះ ពួកគេតែងតែរស់នៅក្នុងព្រះ និងទទួលបានការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធជានិច្ច។