Search

សំណួរញឹកញាប់អំពីសេចក្តីជំនឿរបស់គ្រីស្ទបរិស័ទ

ប្រធានបទទី៤៖ សំណួរញឹកញាប់ពីអ្នកអានសៀវភៅរបស់យើង

4-12. ១២. តើអ្នកគិតអំពីការអស្ចារ្យរបស់គ្រីស្ទបរិស័ទសព្វថ្ងៃនេះយ៉ាងដូចម្តេច? តើការអស្ចារ្យទាំងនោះមិនមែនជាការងាររបស់ព្រះវិញ្ញាណទេឬ? ខ្ញុំគិតថា ព្រះវិញ្ញាណបរិសុទ្ធនៅតែធ្វើការនៅក្នុងពួកជំនុំនៃព្រះ។

សម្រាប់សំណួររបស់អ្នកអំពីបញ្ហានៃការអស្ចារ្យរបស់គ្រីស្ទបរិស័ទសព្វថ្ងៃនេះ អ្នកត្រឹមត្រូវនៅត្រង់ចំណុចខ្លះ។
ប៉ុន្តែអ្នកត្រូវតែដឹងថា ការអស្ចារ្យទាំងអស់របស់ព្រះ គឺត្រូវប្រទានដល់មនុស្សនូវសេចក្តីជំនឿនៅក្នុងព្រះយេស៊ូវគ្រីស្ទ (យ៉ូហាន ២:១១)។ នៅក្នុងន័យផ្សេង ព្រះអម្ចាស់អនុញ្ញាតឲ្យការអស្ចារ្យកើតឡើង ដើម្បីធ្វើឲ្យមនុស្សមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ។
យើងអាចមើលឃើញការអស្ចារ្យជាច្រើន ដែលពួកសាវក និងពួកសិស្សរបស់ព្រះយេស៊ូវបានធ្វើ ជាពិសេស នៅក្នុងកណ្ឌគម្ពីរកិច្ចការ។ តាមរយៈការអស្ចារ្យទាំងនោះ ពួកគេអាចធ្វើបន្ទាល់ពីសេចក្តីជំនឿរបស់ពួកគេលើសេចក្តីពិតថា ព្រះយេស៊ូវគឺជាព្រះ ទ្រង់បានទទួលផ្ទុកអស់ទាំងអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយទ្រង់បានសុគត ដោយការបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាបរបស់យើង។ 
ប៉ុន្តែ បន្ទាប់ពីបានបញ្ចប់ការសរសេរព្រះបន្ទូលព្រះដែលមាននៅក្នុងព្រះគម្ពីរ ព្រះវរបិតាចង់ឲ្យយើងស្តាប់បង្គាប់តាមព្រះបន្ទូលទ្រង់ ជាជាងស្វែងរកភស្តុតាងនៃការអស្ចារ្យ។ ដូច្នេះហើយបានជាព្រះគម្ពីរនិយាយថា «រីឯការអធិប្បាយ នោះនឹងត្រូវបាត់ទៅ ការនិយាយភាសាដទៃនឹងត្រូវឈប់ ហើយចំណេះក៏ត្រូវសាបសូន្យទៅដែរ តែឯសេចក្តីស្រឡាញ់មិនដែលផុតឡើយ ដ្បិតយើងចេះមិនទាន់សព្វគ្រប់ ហើយយើងអធិប្បាយមិនទាន់បានពេញខ្នាតផង តែកាលណាសេចក្តីគ្រប់លក្ខណ៍បានចូលមក នោះសេចក្តីដែលមិនពេញខ្នាតនឹងបាត់ទៅ» (១កូរិនថូស ១៣:៨-១០)។ 
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ។ (យ៉ូហាន ២០:៩)
សេចក្តីជំនឿពិតប្រាកដមិនផ្អែកលើការអស្ចារ្យទាំងឡាយ ដែលអ្នកបានជួបប្រទះនោះឡើយ ប៉ុន្តែលើព្រះបន្ទូលព្រះ ដែលអ្នកបានទទួលពីព្រះអម្ចាស់រួចហើយ។