Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)
[ជំពូក 18-2] «រាស្ត្រអញអើយ ចូរចេញពីទីក្រុងនោះមក ដើម្បីកុំឲ្យត្រូវមានចំណែកក្នុង អំពើបាបវាឡើយ» (វិវរណៈ ១៨:១-២៤)
(វិវរណៈ ១៨:១-២៤)
ព្រះប្រាប់យើងនៅក្នុងជំពូក១៨ថា ទ្រង់នឹងបំផ្លាញទីក្រុងបាប៊ីឡូនដ៏ធំចោល ដោយគ្រោះកាចរបស់ទ្រង់។ ដោយសារនៅថ្ងៃចុងក្រោយ លោកិយនេះនឹងមានបាប និងភាពអាក្រក់យ៉ាងខ្លាំងនៅចំពោះព្រះ ហើយដោយសារព្រះនឹងត្រូវតែបំផ្លាញលោកិយនេះចោល ទោះបើទ្រង់បានបង្កើតវាឡើងក៏ដោយ ទ្រង់នឹងទម្លាក់គ្រោះកាចដ៏សាហាវមកបំផ្លាញផែនដីនេះចោល។ ដូច្នេះ ផែននេះនឹងត្រូវរងការបំផ្លិចបំផ្លាញ រហូតដល់វាត្រូវវិនាសទាំងស្រុងតែម្តង។ មូលហេតុពិតប្រាកដដែលព្រះនឹងបំផ្លាញផែនដីនេះចោលគឺថា ទ្រង់បានទតឃើញពួកហោរា និងពួកបរិសុទ្ធរបស់ទ្រង់ត្រូវបានគេសម្លាប់។ ហើយដោយសារលោកិយនេះនឹងប្រព្រឹត្តអំពើបាបដ៏អាក្រក់យ៉ាងច្រើន ជាមួយនឹងរបស់ទាំងអស់ដែលព្រះបានប្រទានឲ្យវា វានឹងត្រឡប់ជាកខ្វក់បំផុត ដែលព្រះមិនអាចទ្រាំទ្រទៀតបាន។ ភាពដ៏ស្រស់ស្អាតដែលព្រះបានបង្កើត គឺជាភពផែនដីនេះហើយ ពីព្រោះព្រះអង្គទ្រង់បានបង្កើតផែនដីនេះ ដោយព្រះទ័យទុកដាក់បំផុត ហើយពីព្រោះវាក៏ជាកន្លែងដែលផែនការ និងព្រះរាជកិច្ចរបស់ព្រះក្នុងការសង្រ្គោះមនុស្សមានបាបនៅក្នុងព្រះយេស៊ូវគ្រីស្ទបានបំពេញសម្រេចផងដែរ។ ទោះបីយ៉ាងណា ព្រះបានរៀបចំផែនការរួចហើយ ពីរបៀបដែលទ្រង់នឹងបំផ្លាញផែនដីនេះ និងរបៀបដែលទ្រង់នឹងធ្វើឲ្យនគររបស់ព្រះគ្រីស្ទ មកដល់។ កាលណាលោកិយនេះមានពេញដោយសេចក្តីស្មោគគ្រោកគ្រប់ប្រភេទ ព្រះនឹងបំផ្លាញវាចោល តាមរយៈគ្រោះកាចនៃចានទាំង៧ពីទេវតារបស់ទ្រង់។ បន្ទាប់មក ទ្រង់នឹងកែគ្រប់យ៉ាងជាថ្មីឡើងវិញ ហើយអនុញ្ញាតឲ្យពួកបរិសុទ្ធរបស់ទ្រង់សោយរាជ្យនៅក្នុងនគរថ្មីរបស់ទ្រង់។
ទីក្រុងបាប៊ីឡូនដែលធ្លាក់ចុះ!
ពួកស្តេចនៅលើផែនដីនេះ បានកំផិតជាមួយកិច្ចការខាងលោកិយ ហើយរស់នៅយ៉ាងហ៊ឺហារ ហើយពួកជំនួញទាំងអស់ដែលកំពុងតែរវល់ទិញលក់គ្រប់យ៉ាងដែលព្រះបានប្រទានឲ្យពួកគេ បានបាត់បង់ព្រះ ដោយសារការដេញតាមសេចក្តីលោភលន់របស់ពួកគេ។ ហើយព្រះនឹងបំផ្លាញគ្រប់យ៉ាង គឺអាគារទាំងអស់ សាសនា ជំនួញនៅក្នុងសាសនា មនុស្សដែលបង្កើនទ្រព្យសម្បត្តិសម្រាប់ខ្លួនឯង តាមរយៈសាសនា ពួកស្តេច ពួកអ្នកនយោបាយ មនុស្សដែលញៀននឹងទ្រព្យសម្បត្តិលោកិយ និងផ្សេងៗទៀតផង។ ព្រះនឹងបំផ្លាញអាគារទាំងអស់នៅលើផែនដីនេះចោល ហើយទ្រង់នឹងបំផ្លាញគ្រប់ទាំងអស់ ចាប់ពីមនុស្សដល់ព្រៃឈើ ដោយភ្លើងរបស់ ទ្រង់។ កាលណាគ្រប់យ៉ាងនៅក្នុងលោកិយនេះធ្លាក់ចុះ មនុស្សនឹងយំស្រែក។ ជាពិសេស ព្រះនឹងធ្វើឲ្យប្រាកដថា ទ្រង់បំផ្លាញអស់អ្នកដែលបង្កើនទ្រព្យសម្បត្តិសម្រាប់ខ្លួនឯង តាមរយៈសាសនា។ ដូច្នេះ យើងចាំបាច់ត្រូវដឹងជាមុន និងជឿលើការពិតថា ទ្រង់នឹងបំផ្លាញផែនដីដ៏ស្រស់ស្អាតនេះ ដែលទ្រង់បានបង្កើតដោយអង្គទ្រង់ចោល។ នៅពេលនេះ ព្រះនឹងអនុញ្ញាតឲ្យពួកបរិសុទ្ធដែលបានកើតជាថ្មី ដែលបានចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយ សោយរាជ្យនៅលើផែនដីនេះជាមួយព្រះគ្រីស្ទ សម្រាប់រយៈពេលមួយពាន់ឆ្នាំ។ ជាមួយនគររបស់ព្រះអម្ចាស់ ទ្រង់នឹងសងដល់ពួកបរិសុទ្ធ សម្រាប់ការបម្រើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងសម្រាប់ការស្លាប់ដើម្បីការពារជំនឿ កាលពួកគេនៅរស់នៅលើផែនដីនេះ។ ព្រះនឹងប្រទានឲ្យពួកគេមានសិទ្ធិអំណាចលើទីក្រុងដប់ លើទីក្រុងប្រាំ និងលើទីក្រុងពីរ ហើយឲ្យពួកគេសោយរាជ្យសម្រាប់រយៈពេលមួយពាន់ឆ្នាំ ហើយបន្ទាប់ពីនេះ ទ្រង់ក៏នឹងប្រទានឲ្យពួកគេរស់នៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មីជារៀងរហូតតទៅផងដែរ។ ដូច្នេះ ហេតុអ្វីព្រះនឹងបំផ្លាញផែនដីដែលជាភពដ៏ស្រស់ស្អាតបំផុតនៅក្នុងសកលលោកទាំងមូលនេះ? មានតែនៅលើភពផែនដីទេ ដែលត្រីអាចហែលនៅក្នុងទន្លេ សត្វព្រៃអាចដើរ និងរត់នៅក្នុងព្រៃ ហើយមនុស្សអាចរស់នៅបាន។ ប៉ុន្តែដោយសារព្រះលែងអាចស៊ូទ្រាំនឹងពិភពលោកមួយដែលមានពោរពេញដោយបាបទៀតហើយ ទ្រង់នឹងបំផ្លាញផែនដីនេះចោលទាំងស្រុង ដោយគ្រោះកាចរបស់ទ្រង់។ ដូច្នេះ ព្រះបានសម្រេចព្រះទ័យបំផ្លាញលោកិយនេះចោល។ គ្រប់គ្នាដែលរស់នៅលើផែនដីនេះ លើកលែងតែអស់អ្នកដែលបានសង្រ្គោះ នឹងត្រូវវិនាស ដោយគ្រោះកាចនៃចានទាំង៧។ ដោយសារមនុស្សសុចរិតទាំងអស់នៅថ្ងៃចុងក្រោយនឹងត្រូវបានលោកិយនេះសម្លាប់ដោយព្រោះជំនឿ បៀតបៀន និងកៀបសង្កត់ ព្រះនឹងជាន់ឈ្លីផែនដីនេះវិញ សម្រាប់ទង្វើអាក្រក់របស់វា។ កាលណាពេលវេលានេះមកដល់ ពួកអ្នកដឹកនាំសាសនា និងពួកជំនួញដែលបានរកស៊ីនៅក្នុងព្រលឹងរបស់មនុស្ស នឹងត្រូវវិនាសទាំងអស់។ ព្រះនឹងមិនគ្រាន់តែសម្លាប់អស់អ្នកដែលប្រព្រឹត្តក្នុងនាមជាអ្នកដឹកនាំសាសនាដែលមិនបានកើតជាថ្មីប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏នឹងបោះពួកគេជាមួយអារក្សចុះទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រផងដែរ។ ព្រះពិតជានឹងបំផ្លាញលោកិយនេះចោល។ ដូច្នេះ យើងត្រូវតែដឹង និងជឿលើសពីការសង្ស័យថា លោកិយនេះនឹងត្រូវបានព្រះបំផ្លាញ ចោល។ ព្រះនឹងសម្លាប់ពួកជំនួញទាំងអស់ ដែលអួតពីរបស់ល្អគ្រប់ប្រភេទ ហើយធ្វើជំនួញលើព្រលឹងរបស់មនុស្ស ដោយសាសនារបស់ពួកគេ។ ប៉ុន្តែទោះបីជាគ្រោះកាចរបស់ព្រះមានភាពធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏មនុស្សនឹងនៅតែល្ងង់ខ្លៅនៅក្នុងទំនុកចិត្តរបស់ពួកគេដដែល។ ដូច្នេះ ចូរសម្លឹងមើលពួកអ្នកដឹកនាំសាសនានៅលើផែនដីនេះ។ តើពួកគេមិនមានអំណួត ដូចជាពួកគេកំពុងតែធ្វើការត្រឹមត្រូវនៅចំពោះទេឬ? ហើយតើព្រះនឹងទទួលយកមនុស្សបែបនេះដែរទេ? បើសិនព្រះបានមានបន្ទូលថា ទ្រង់នឹងបំផ្លាញលោកិយនេះចោល ដោយព្រោះអំពើបាបរបស់មនុស្សទាំងនេះ នោះយើងត្រូវតែជឿដូច្នេះ ពីព្រោះគ្រប់ការទាំងអស់នឹងកើតឡើងដូចជាទ្រង់បានមានបន្ទូលហើយ។ ខ្ញុំមិនកំពុងតែនិយាយដូច្នេះ ក្នុងនាមជាអ្នកដឹកនាំសាសនាម្នាក់ដែលបង្កើតគោលលទ្ធិផ្ទាល់ខ្លួន ហើយនិយាយអំពីព្រឹត្តិការណ៍មហាវិនាសដែលនឹងមកដល់ទេ ប៉ុន្តែខ្ញុំកំពុងតែនិយាយដូច្នេះ ពីពោ្រះយើងត្រូវតែជឿលើអ្វីដែលព្រះបានប្រាប់យើងនៅក្នុងព្រះគម្ពីរ គឺព្រះដ៏មានព្រះជន្មរស់ពិតជានឹងបំផ្លាញលោកិយនេះចោល ដោយគ្រោះកាចនៃចានទាំង៧។
យើងមិនត្រូវផ្តេកផ្តួលខ្លួនទៅតាមលោកិយដែលនឹងត្រូវវិនាសក្នុងពេលដ៏ខ្លីឡើយ
ដូច្នេះ យើងមិនត្រូវញៀននឹងការបង្កើនទ្រព្យសម្បត្តិខាងលោកិយនេះ ដែលនឹងត្រូវវិនាសក្នុងពេលដ៏ឆាប់នោះឡើយ។ យើងត្រូវតែស្កប់ចិត្តចំពោះអ្វីដែលព្រះបានប្រទានឲ្យយើង ហើយប្រើប្រាស់ និងចែករំលែកវាជាមួយអ្នកដទៃ តាមដែលព្រះសព្វព្រះទ័យ។ យើងត្រូវការទ្រព្យសម្បត្តិខាងលោកិយ ដើម្បីបម្រើព្រះតែប៉ុណ្ណោះ។ យើងត្រូវធ្វើជាអ្នកបម្រើស្មោះត្រង់ ដែលចាត់ចែងគ្រប់យ៉ាងដែលព្រះប្រទានឲ្យយើង ដើម្បីប្រកាសដំណឹងល្អ។ យើងមិនត្រូវពាក់ព័ន្ធនឹងទ្រព្យសម្បត្តិលោកិយឡើយ ពីព្រោះយើងជឿថា ព្រះនឹងបំផ្លាញលោកិយនេះចោល។ យើងមិនត្រូវបញ្ឆោតខ្លួនយើង ដោយគិតថា ទ្រព្យសម្បត្តិ និងគុណតម្លៃខាងលោកិយនេះនឹងស្ថិតស្ថេរជារៀងរហូតឲ្យសោះ។ ដោយដឹងថា ព្រះនឹងជាន់ឈ្លីលើពួកអ្នកដឹកនាំសាសនាទាំងអស់ និងពួកអ្នកដើរតាមរបស់ពួកគេផង យើងត្រូវតែរស់នៅ ហើយរង់ចាំថ្ងៃនៃការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់។ បើមិនដូច្នេះទេ យើងនឹងត្រូវធ្លាក់ទៅតាមលោកិយនេះដែលនឹងត្រូវវិនាសក្នុងពេលដ៏ខ្លីហើយ។ ដូច្នេះ ដើម្បីកុំឲ្យធ្លាក់ទៅក្នុងលោកិយដែលប្រឈមនឹងសេចក្តីវិនាស យើងត្រូវតែជឿថា ភពផែនដីនេះពិតជានឹងត្រូវបានព្រះបំផ្លាញចោល។ នៅវេលានេះ ព្រះមានព្រះជន្មគង់នៅ ហើយកាលណាពេលវេលាមកដល់ ទ្រង់នឹងបំពេញសម្រេចតាមគ្រប់យ៉ាងដែលទ្រង់បានមាន បន្ទូល។ ដោយសារវាគឺជាការពិតថា សូម្បីតែក្នុងចំណោមអ្នកដែលបានកើតជាថ្មី ក៏មានអ្នកដែលមានជំនឿមិនទាន់ពេញវ័យដែរ យើងទាំងអស់គ្នាត្រូវតែជឿដោយឥតសង្ស័យ។ ហើយយើងត្រូវតែភ្ញាក់ឡើងម្តងទៀត។ យើងមិនត្រូវអនុញ្ញាតឲ្យលោកិយនេះចាប់ចិត្តរបស់យើងបានឡើយ ប៉ុន្តែយើងត្រូវតែរស់នៅក្នុងជីវិតមួយ ដែលមានជំនឿដែលមិនរង្គោះរង្គើរតាមព្រះបន្ទូលព្រះ។ ជាច្រើនដង ចិត្តរបស់យើងខ្សោយ ប៉ុន្តែយើងត្រូវតែនៅតែរស់នៅ ដោយសារជំនឿរឹងមាំ។ ការដែលព្រះនឹងធ្វើការទាំងនេះចំពោះលោកិយនេះ គឺមានភាព អស្ចារ្យសម្រាប់យើង។ បើសិនព្រះមិនបំផ្លាញលោកិយនេះ ហើយបង្កើតនគរថ្មីរបស់ព្រះគ្រីស្ទទេ មនុស្សសុចរិតនឹងខកចិត្តយ៉ាងខ្លាំង។ ដូច្នេះហើយបានជាផែនការរបស់ព្រះមានភាពអស្ចារ្យខ្លាំងណាស់ ចំពោះយើង ហើយផ្តល់សង្ឃឹមដល់ពួកបរិសុទ្ធ។ បើសិនពួកអ្នកមិនជឿត្រូវនៅតែល្ងង់ខ្លៅ ហើយរស់នៅយ៉ាងមាន សុមង្គលនៅលើផែនដីនេះ តែបានចូលទៅក្នុងស្ថានសួគ៌ជាមួយទ្រង់បន្ទាប់មកទៀត វាគឺជារឿងអយុត្តិធម៌សម្រាប់យើងហើយ ដែលព្រះមិនគួរអនុញ្ញាតឲ្យការនេះកើតឡើងទេ។ សេចក្តីសន្យារបស់ព្រះថា ទ្រង់នឹងកាត់ទោស ហើយបំផ្លាញអ្នកដែលបៀតបៀនមនុស្សសុចរិត ធ្វើទុក្ខពួកគេដោយសេចក្តីកុហក និងសម្លាប់ពួកបរិសុទ្ធ គឺយុត្តិធម៌ និងត្រឹមត្រូវ។ បើសិនមិនមានការជំនុំជម្រះរបស់ព្រះ លើពួកមនុស្សមានបាបនៅលើផែនដីនេះទេ តើវាមិនអយុត្តិធម៌សម្រាប់មនុស្សសុចរិតដែលបានរស់នៅក្នុងការស៊ូទ្រាំពេញមួយជីវិតសម្រាប់ព្រះអម្ចាស់ ទោះបើពួកគេបានប្រឈមនឹងទុក្ខលំបាកយ៉ាងណាក៏ដោយទេឬ? ដូច្នេះ វាគឺជារឿងត្រឹមត្រូវ ដែលព្រះនឹងជំនុំជម្រះលោកិយនេះ។ កាលណាលោកិយនេះត្រឡប់ជាលោកិយនៅសម័យលោកណូអេ ព្រះពិតជានឹងធ្វើឲ្យវាក្រឡាប់ចាក់ ហើយបំផ្លាញវាចោល។ ដោយសារយើងជឿលើព្រះអម្ចាស់ យើងមិនច្រណែនមនុស្សខាងលោកិយនេះឡើយ។ ហើយដោយសារព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់នឹងកាត់ទោសលោកិយនេះ និងបោះសាតាំង អាទទឹងនឹងព្រះគ្រីស្ទ និងពួកអ្នកដើរតាមរបស់វាទៅក្នុងភ្លើងនរក យើងទាំងអស់គ្នាអាចស៊ូទ្រាំ និងរង់ចាំបាន។ ក្នុងពេលដ៏ខ្លី លោកិយនេះនឹងត្រូវបានបំផ្លាញហើយ ស្របតាមព្រះបន្ទូលទំនាយទាំងអស់របស់ព្រះ។ នៅពេញផែនដី យើងបានមើលឃើញទីសម្គាល់ជាច្រើនហើយ ដែលបង្ហាញពីការមកដល់នៃគ្រោះកាចនៅថ្ងៃចុងក្រោយ។ ការប្រែប្រួលអាកាសធាតុ ដូចជាបាតុភូត El Niño និងជម្ងឺថ្មីៗ ដូចជាជម្ងឺគោឆ្ងួត (Mad Cow Disease) កំពុងតែវាយប្រហារពិភពលោកសព្វថ្ងៃនេះ។ ជម្ងឺដែលព្យាបាលមិនជា កំពុងតែគ្របដណ្តប់ពិភពលោកនេះ ដូចជាគ្រោះហន្តរាយដ៏ធំពីមុន ដែលមានគ្រោះទុរ្ភិក្ស និងការរញ្ជួយដីដ៏ខ្លាំងក្លាវាយប្រហារពេញលើផែនដីនេះ។ កាលណាការទាំងនេះកំពុងតែកើតឡើង យើងត្រូវតែជឿថា ព្រះគង់នៅ ហើយរស់នៅក្នុងជីវិតដែលដឹងថា ព្រះនឹងជំនុំជម្រះ ហើយបំផ្លាញអស់អ្នកដែលបានរស់នៅសម្រាប់តែសេចក្តីប៉ងប្រាថ្នា និងការបង្កើនទ្រព្យសម្បត្តិរបស់ខ្លួនតែប៉ុណ្ណោះ។ បាបកាន់តែមានសភាពធ្ងន់ធ្ងរទៅៗនៅក្នុងលោកិយសព្វថ្ងៃនេះ។ លោកិយនេះមានភាពហ៊ឺហារក្រៃលែង។ មនុស្សកំពុងតែរវល់រៀបការ ស៊ីផឹក និងសាងសង់ផ្ទះរបស់ពួកគេ ហើយពួកគេមិនអាចយកចិត្តទុកដាក់ ចំពោះសុខភាពខាងវិញ្ញាណរបស់ពួកគេបាន ឡើយ។ លោកិយនេះសព្វថ្ងៃនេះគឺជាកន្លែងដែលមនុស្សប្រុសម្នាក់រួមភេទជាមួយមនុស្សប្រុសម្នាក់ទៀត ហើយស្រីជាច្រើនមានតម្រេកផ្លូវភេទជាមួយស្រីដូចគ្នា (រ៉ូម ១:២៧)។ តើលោកិយនេះមិនដូចជាសម័យលោកណូអេទេឬ? អ្នកអាចស្គាល់យ៉ាងច្បាស់លាស់នូវដើមកំណើតនៃពាក្យថា «សាសន៍សូដុំម»។ នៅពេលក្រុងសូដុំម និងក្រុងកូមូរ៉ាត្រូវបានបំផ្លាញ វប្បធម៌របស់ពួកគេក៏ដូចគ្នានឹងវប្បធម៌សព្វថ្ងៃនេះ ដែលយើងកំពុងតែរស់នៅក្នុងដែរ។ លោកិយនេះបានត្រឡប់ជាកខ្វក់ និងមានបាបក្រៃលែង ដល់កម្រិតដែលព្រះនឹងទម្លាក់ភ្លើងមកដុតបំផ្លាញវាឲ្យទៅជាផេះ ហើយវាបានក្លាយជាពិភពមួយ ដែលពួកវិញ្ញាណអាក្រក់គ្រប់គ្រងទាំងស្រុង។
ត្រូវតែសម្លាប់ពួកហោរាក្លែងក្លាយចោល
ពួកហោរាក្លែងក្លាយតែងតែដេញតាម និងបង្កើនទ្រព្យសម្បត្តិលោកិយ ដោយខុសច្បាប់ ដោយលាក់ខ្លួននៅពីក្រោយស្ថាប័នសាសនារបស់ពួកគេ។ «បើសិនអ្នកជឿលើព្រះយេស៊ូវ អ្នកនឹងមានទ្រព្យសម្បត្តិច្រើន រស់នៅបានល្អ និងជាសះស្បើយពីជម្ងឺរបស់អ្នក។» អ្នកត្រូវតែដឹងថា នៅពីក្រោយសេចក្តីកុហកទាំងនេះ តែងតែមានគោលបំណងលាក់បាំងនៃការបំផ្លាញទ្រព្យសម្បត្តិជានិច្ច។ នៅក្នុងប្រទេសកូរ៉េ រយៈពេលជាយូរមកហើយ ចាប់តាំងពីជំនឿ គ្រីស្ទបរិស័ទបានបាត់បង់ជំនឿដើមរបស់ខ្លួន ហើយត្រឡប់ជាពុករលួយ ដោយសារកម្លាំងរបស់ពួកវិញ្ញាណអាក្រក់មានពាសពេញនៅក្នុងព្រះនាមព្រះយេស៊ូវ។ នេះគឺជាការពិតនៃជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះ។ ប៉ុន្តែសម្រាប់ពួកហោរាក្លែងក្លាយ ដែលវាស់ជំនឿជាមួយទ្រព្យសម្បត្តិលោកិយ ហើយប្រើមន្តអាគមជាមួយព្រះបន្ទូលព្រះ ការជំនុំជម្រះ និងស្ថាននរកដ៏គួរឲ្យខ្លាច និងគ្រោះកាចនៃចានទាំង៧របស់ទ្រង់កំពុងតែរង់ចាំ។ ព្រះប្រាប់យើងថា ទាំងអ្នកដែលបោកបញ្ឆោតមនុស្ស និងទាំងអ្នកដែលត្រូវបានបោកបញ្ឆោត ដោយពួកហោរាក្លែងក្លាយ នឹងទទួលការជំនុំជម្រះដូចគ្នា។ ដូច្នេះ យើងត្រូវតែជឿថា ដោយសារព្រះមានព្រះជន្មគង់នៅ អស់អ្នកដែលមិនជឿលើព្រះយេស៊ូវ និងទាស់ប្រឆាំងនឹងទ្រង់ ហើយបៀតបៀនមនុស្សសុចរិត នឹងទទួលការជំនុំជម្រះ និងការកាត់ទោសឲ្យស្លាប់អស់កល្បជានិច្ច។ ហើយយើងក៏ត្រូវតែជឿផងដែរថា បន្ទាប់ពីជំនុំជម្រះលោកិយនេះហើយ ព្រះពិតជានឹងប្រទានរង្វាន់ដល់ពួកបរិសុទ្ធ សម្រាប់ការរងទុក្ខ និងការឈឺចាប់របស់ពួកគេ ដោយព្រោះព្រះនាមព្រះគ្រីស្ទ។
सूचि