Search

उपदेश

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 2-2] អ្នកដែលព្រងើយកន្តើយចំពោះ ព្រះគុណរបស់ព្រះ (រ៉ូម ២:១-១៦)

(រ៉ូម ២:១-១៦)
«ដូច្នេះ ឱមនុស្សអើយ អស់អ្នកណាដែលថ្កោលទោសគេ នោះគ្មានសេចក្តីដោះសារចំពោះខ្លួនឡើយ ដ្បិតដែលអ្នកថ្កោលទោសគេ នោះឈ្មោះថាកាត់ទោសខ្លួនឯងហើយ ពីព្រោះអ្នកឯងដែលថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគ្នាដែរ តែយើងរាល់គ្នាដឹងថា ចំណែកសេចក្តីជំនុំជំរះរបស់ព្រះវិញ នោះត្រូវនឹងសេចក្តីពិត ទាស់នឹងពួកអ្នកដែលប្រព្រឹត្តយ៉ាងនោះ មួយទៀត ឱមនុស្សអើយ ដែលអ្នកថ្កោលទោស ដល់អស់អ្នក ដែលប្រព្រឹត្តការយ៉ាងនោះ តែខ្លួនអ្នកក៏ប្រព្រឹត្តដូច្នោះដែរ នោះតើអ្នកស្មានថាខ្លួនអ្នកនឹងរួចពីសេចក្តីជំនុំជំរះរបស់ព្រះឬអី ឬអ្នកមើលងាយសេចក្តីសប្បុរសដ៏ឥតគណនា ព្រមទាំងសេចក្តីទ្រាំទ្រ និងសេចក្តីអត់ធន់របស់ទ្រង់ ដោយមិនដឹងថា សេចក្តីសប្បុរសនៃព្រះទាញនាំឲ្យអ្នកបានប្រែចិត្តឬអី តែដោយអ្នករឹងរបឹង ហើយមិនព្រមប្រែចិត្តសោះ បានជាអ្នកឈ្មោះថាកំពុងតែប្រមូលសេចក្តីក្រោធ ទុកសំរាប់ខ្លួនដល់ថ្ងៃនៃសេចក្តីក្រោធវិញ ជាថ្ងៃដែលសេចក្តីជំនុំជំរះដ៏សុចរិតរបស់ព្រះនឹងសំដែងមក ដែលទ្រង់នឹងសងដល់គ្រប់គ្នា តាមអំពើដែលខ្លួនបានប្រព្រឹត្ត គឺជាជីវិតអស់កល្បជានិច្ច ដល់ពួកអ្នកដែលរកសិរីល្អ កេរ្តិ៍ឈ្មោះ និងសេចក្តីមិនពុករលួយ ដោយគេកាន់ខ្ជាប់ក្នុងការល្អ តែពួកអ្នកដែលទាស់ទទឹង មិនព្រមស្តាប់តាមសេចក្តីពិត គឺស្តាប់តាមតែសេចក្តីទុច្ចរិតវិញ នោះនឹងបានសេចក្តីក្រោធ និង សេចក្តីឃោរឃៅ ជាសេចក្តីវេទនា និងសេចក្តីលំបាកនៅលើគ្រប់ទាំងព្រលឹងមនុស្សណា ដែលប្រព្រឹត្តអាក្រក់ មានសាសន៍យូដាជាដើម និងសាសន៍ក្រេកផង តែអស់អ្នកដែលប្រព្រឹត្តល្អ នោះនឹងបានសិរីល្អ កេរ្តិ៍ឈ្មោះ និងសេចក្តីសុខវិញ គឺមានសាសន៍យូដាជាដើម និងសាសន៍ក្រេកផង ដ្បិតព្រះទ្រង់មិនយោគយល់ខាងអ្នកណាសោះ ព្រោះអស់អ្នក ណាដែលបានធ្វើបាបឥតស្គាល់ក្រឹត្យវិន័យ នោះនឹងត្រូវវិនាសទៅឥត ក្រឹត្យវិន័យដែរ ហើយអស់អ្នកណាដែលបានធ្វើបាបក្នុងបន្ទុកក្រឹត្យវិន័យ នោះនឹងត្រូវក្រឹត្យវិន័យជំនុំជំរះវិញ ដ្បិតពួកអ្នកដែលគ្រាន់តែស្តាប់ ក្រឹត្យវិន័យ នោះមិនមែនឈ្មោះថាសុចរិត នៅចំពោះព្រះឡើយ គឺបានរាប់ជាសុចរិតតែពួកអ្នក ដែលប្រព្រឹត្តតាមក្រឹត្យវិន័យប៉ុណ្ណោះទេ ពីព្រោះកាលណាពួកសាសន៍ដទៃ ដែលគ្មានក្រឹត្យវិន័យ គេបានប្រព្រឹត្តតាមក្រឹត្យវិន័យពីបវេណី នោះពួកដែលគ្មានក្រឹត្យវិន័យនោះឯង គេជាក្រឹត្យវិន័យដល់ខ្លួនគេវិញ ដោយសំដែងថា របៀបក្រឹត្យវិន័យបានកត់ទុកក្នុងចិត្តគេហើយ បញ្ញាចិត្តគេក៏ធ្វើបន្ទាល់ឲ្យ ហើយគំនិតគេជួនកាលប្រកាន់ទោស ជួនកាលដោះសាគ្នាទៅវិញទៅមក គឺក្នុងថ្ងៃ ដែលព្រះទ្រង់នឹងជំនុំជំរះអស់ទាំងការលាក់កំបាំងរបស់មនុស្ស តាមដំណឹងល្អខ្ញុំ ដោយសារព្រះយេស៊ូវគ្រីស្ទ។»
 
 
អ្នកក្រិត្យវិន័យនិយមតែងតែថ្កោលទោសអ្នកដទៃ ខណៈដែលខ្លួនឯងមិនអាចធ្វើតាមក្រិត្យវិន័យទេ
 
ចូរ យើងនិយាយអំពីក្រិត្យវិន័យ។ សាវកប៉ុលបាននិយាយទៅកាន់ពួកយូដា ដែលបានអួតពីក្រិត្យវិន័យថា «ដូច្នេះ ឱមនុស្សអើយ អស់អ្នកណាដែលថ្កោលទោសគេ នោះគ្មានសេចក្តីដោះសារចំពោះខ្លួនឡើយ ដ្បិតដែលអ្នកថ្កោលទោសគេ នោះឈ្មោះថាកាត់ទោសខ្លួនឯងហើយ ពីព្រោះអ្នកឯងដែលថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគ្នាដែរ តែយើងរាល់គ្នាដឹងថា ចំណែកសេចក្តីជំនុំជំរះរបស់ព្រះវិញ នោះត្រូវនឹងសេចក្តីពិត ទាស់នឹងពួកអ្នកដែលប្រព្រឹត្តយ៉ាងនោះ មួយទៀត ឱមនុស្សអើយ ដែលអ្នកថ្កោលទោស ដល់អស់អ្នក ដែលប្រព្រឹត្តការយ៉ាងនោះ តែខ្លួនអ្នកក៏ប្រព្រឹត្តដូច្នោះដែរ នោះតើអ្នកស្មានថាខ្លួនអ្នកនឹងរួចពីសេចក្តីជំនុំជំរះរបស់ព្រះឬអី?» (រ៉ូម ២:១-៣)។ ពួកក្រិត្យវិន័យនិយមគិតថា ពួកគេគោរពកោតខ្លាចព្រះបានយ៉ាងល្អ។ មនុស្សប្រភេទនេះមិនជឿព្រះដោយចិត្តទេ ប៉ុន្តែដោយ អំណួតខុសរបស់ពួកគេវិញ ដែលផ្អែកលើការប្រព្រឹត្តផ្ទាល់ខ្លួនរបស់ពួកគេ។ មនុស្សទាំងនេះចូលចិត្ត និងពូកែខាងការថ្កោលទោសអ្នកដទៃ។ ប៉ុន្តែនៅពេលពួកគេថ្កោលទោសអ្នកដទៃ ដោយព្រះបន្ទូលព្រះ ពួកគេមិនបានដឹងថា ពួកគេក៏បានប្រព្រឹត្តកំហុសដូចគ្នា ជាមួយអ្នកដែលពួកគេថ្កោលទោសដែរនោះទេ។ 
ជាក់ស្តែង ពួកគេមិនរក្សាថ្ងៃសាប្ប័ទឲ្យបរិសុទ្ធទេ ប៉ុន្តែប្រាប់អ្នកដទៃឲ្យធ្វើដូច្នេះ តាមសេចក្តីបង្គាប់របស់ព្រះទៅវិញ។ ពួកគេប្រាប់អ្នកដទៃឲ្យធ្វើតាម និងរក្សាតាមក្រិត្យវិន័យ ប៉ុន្តែពួកគេមិនធ្វើដូច្នេះទេ។ សាវកប៉ុលបាននិយាយទៅកាន់មនុស្សទាំងនេះថា «ឱមនុស្សអើយ ដែលអ្នកថ្កោលទោស ដល់អស់អ្នក ដែលប្រព្រឹត្តការយ៉ាងនោះ តែខ្លួនអ្នកក៏ប្រព្រឹត្តដូច្នោះដែរ នោះតើអ្នកស្មានថាខ្លួនអ្នកនឹងរួចពីសេចក្តីជំនុំជំរះរបស់ព្រះឬអី?» (រ៉ូម ២:៣)។ 
ពួកក្រិត្យវិន័យនិយម មិនអាចបានសង្រ្គោះនៅចំពោះព្រះបានទេ ពីព្រោះក្រិត្យវិន័យមិនអាចសង្រ្គោះយើងបានទេ។ ដូច្នេះ ព្រះនឹង វិនិច្ឆ័យយើង បើសិនជីវិតសុចរិតរបស់យើងផ្អែកលើក្រិត្យវិន័យ។ ជីវិតតាមក្រិត្យវិន័យបណ្តាលឲ្យសេចក្តីក្រោធរបស់ព្រះកើតឡើង។ ហើយអ្នកដែលមិនបានសង្រ្គោះ កំពុងតែមានជីវិតតាមក្រិត្យវិន័យហើយ។ ពួកគេប្រាប់អ្នកដទៃឲ្យរស់នៅក្នុងរបៀបជាក់លាក់ផ្សេងៗ ដោយយោងទៅតាមក្រិត្យវិន័យ ប៉ុន្តែនៅសម័យនេះ ពួកគេមិនគួរនិយាយបែបនេះទៀតទេ។ 
រយៈពេលជាយូរទៅហើយ គ្រីស្ទបរិស័ទភាគច្រើននៅក្នុងប្រទេសរបស់យើង ធ្លាប់បានធ្វើដូច្នេះដែរ។ ពួកអ្នកដឹកនាំក្រិត្យវិន័យនិយម ធ្លាប់បានបន្ទោសស្ត្រីៗដែលអ៊ុតសក់ថា ពួកគេនឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក។ បើសិនយើងស្ថិតនៅក្រោមការបង្រៀនរបស់ពួកអ្នកដឹកនាំ ដែលបង្រៀនសមាជិកពួកជំនុំ ដោយការប្រព្រឹត្តតាមក្រិត្យវិន័យនៅក្នុងរបៀបនេះ យើងប្រាកដជានឹងជឿថា អ្នកដែលអ៊ុតសក់របស់ខ្លួន នឹងធ្លាក់ទៅក្នុងស្ថាននរកដោយស្វ័យប្រវត្តិហើយ។ នេះគឺជាការបង្រៀនមួយ ដែលបានកើតឡើងអស់រយៈពេល១៥ទៅ២៩ឆ្នាំហើយ។ យោងតាមការបង្រៀនរបស់ពួកអ្នកដឹកនាំទាំងនោះ បើសិនស្ត្រីម្នាក់ប្រើក្រែមលាបបបូរមាត់ វាមានន័យថា នាងនឹងត្រូវបានបញ្ជូនទៅកាន់ស្ថាននរក។
មនុស្សទាំងនេះគឺជាពួកក្រិត្យវិន័យនិយម ដែលសម្តែងជាបរិសុទ្ធតែផ្នែកខាងក្រៅនៅចំពោះព្រះប៉ុណ្ណោះ។ ពួកគេបង្រៀនមនុស្សមិនឲ្យប្រើក្រែមលាបបបូរមាត់ មិនអ៊ុតសក់ តែងតែដើរដោយសុភាព ហើយមិនទិញ ឬលក់ទំនិញអ្វីឡើយ។ ហើយពួកក្រិត្យវិន័យនិយមទាំងនេះបានប្រាប់អ្នកជឿពីអ្វីត្រឹមត្រូវ ឬមិនត្រឹមត្រូវ ដោយផ្អែកលើព្រះបន្ទូលព្រះ ប៉ុន្តែពួកគេខ្លួនឯងគឺជាមនុស្សកំពុតទៅវិញ។
 
 
ពួកយូដាគឺដូចនេះ
 
ពួកយូដា គឺដូចនេះ។ ពួកគេយកក្រិត្យវិន័យមកថ្កោលទោសសាសន៍ដទៃថា «ពួកគេមិនស្គាល់ព្រះទេ ហើយពួកគេបម្រើរូបព្រះផ្សេងៗ។ ពួកគេគឺជាមនុស្សអាក្រក់ និងឃោរឃៅ ហើយត្រូវធ្លាក់ទៅក្នុងស្ថាននរក»។ ប៉ុន្តែពួកគេខ្លួនឯងបានស្រឡាញ់ទ្រព្យសម្បត្តិរបស់លោកិយនេះ ជាមួយនឹងព្រះផ្សេងៗរបស់សាសន៍ដទៃ ជាជាងព្រះទៅទៀត។
«ដូច្នេះ ឱមនុស្សអើយ អស់អ្នកណាដែលថ្កោលទោសគេ នោះគ្មានសេចក្តីដោះសារចំពោះខ្លួនឡើយ ដ្បិតដែលអ្នកថ្កោលទោសគេ នោះឈ្មោះថាកាត់ទោសខ្លួនឯងហើយ ពីព្រោះអ្នកឯងដែលថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគ្នាដែរ។» ពួកយូដាបានថ្កោលទោសអ្នកដទៃ ដោយផ្អែកលើ ក្រិត្យវិន័យ ប៉ុន្តែពួកគេមិនដែលដើរតាមសេចក្តីបង្រៀនរបស់ខ្លួនឯងទេ។ លើសពីនេះ អស់អ្នកដែលមិនជឿលើសេចក្តីសុចរិតរបស់ព្រះ ឬមិនមានសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវនៅក្នុងចិត្ត គិតថា ពួកគេរស់នៅតាមព្រះបន្ទូលទាំងស្រុង ប៉ុន្តែតាមការពិត ពួកគេគឺដូចតែពួកយូដាដែរទេ។ 
 
 
ព្រះនឹងកាត់ទោសពួកក្រិត្យវិន័យនិយម
 
មនុស្សជំនាន់ក្រោយនៅទីនេះ ប្រហែលជាមិនមានជីវិតបែបសាសនាតាមរបៀបនេះទេ។ ប៉ុន្តែមនុស្សជំនាន់មុនបានស្តាប់ឮសេចក្តីអធិប្បាយ ដែលផ្អែកលើក្រិត្យវិន័យហើយ។ ពួកអ្នកដឹកនាំធ្លាប់បានបន្ទោសស្ត្រីដែលអ៊ុតសក់ ពីព្រោះម៉ូតសក់នេះអាសអាភាស។ នៅសម័យនេះ ពួកអ្នកដឹកនាំមិនអាចបង្រៀនបែបនេះទៀតបានឡើយ។ វាបានក្លាយជាគោលដៅនៃការរិះគន់ដែលនិយាយពាក្យថា «មនុស្សសុចរិត» ឬ «បានញែកជាបរិសុទ្ធទាំងស្រុង» កាលពីពេលមុន។ នៅសព្វថ្ងៃនេះ មនុស្សជាច្រើនជាទូទៅប្រើឃ្លាថា «មនុស្សសុចរិត»។ នេះមានន័យថា ជំនឿគ្រីស្ទបរិស័ទបានផ្លាស់ប្តូរហើយ។ ពួកគ្រូខុសឆ្គងមិនអាចនិយាយកុហកបានទេ ពីព្រោះក្រុមជំនុំរបស់ពួកគេក៏បានទទួលដំណឹងល្អពិត តាមរយៈសៀវភៅ និងសៀវភៅជាសម្លេងផងដែរ។ ដូច្នេះ ពួកគេមិនអាចនិយាយទៅកាន់អ្នកស្តាប់របស់ខ្លួន ដោយមិនមានហេតុផលបានឡើយ។ 
ការសំខាន់បំផុតមួយ ដែលយើងត្រូវតែដឹងគឺថា ពួកក្រិត្យវិន័យនិយមដែលព្រងើយកន្តើយចំពោះសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍របស់ព្រះយេស៊ូវគ្រីស្ទ និងដែលមានជីវិតបែបសាសនា ដែលផ្អែកលើក្រិត្យវិន័យ នឹងទទួលបានការកាត់ទោសនៅចំពោះព្រះ។ 
ខ.៤ និយាយអំពីសេចក្តីជំនុំជម្រះរបស់ព្រះ។ ចូរយើងអានខនេះ។ «ឬអ្នកមើលងាយសេចក្តីសប្បុរសដ៏ឥតគណនា ព្រមទាំងសេចក្តីទ្រាំទ្រ និងសេចក្តីអត់ធន់របស់ទ្រង់ ដោយមិនដឹងថា សេចក្តីសប្បុរសនៃព្រះទាញនាំឲ្យអ្នកបានប្រែចិត្តឬអី»។ ព្រះនឹងកាត់ទោសពួកក្រិត្យវិន័យ និយម។ បងប្អូន សេចក្តីជំនឿតាមក្រិត្យវិន័យទាស់ប្រឆាំងនឹងព្រះ។ ពួកក្រិត្យវិន័យនិយមទាស់ប្រឆាំងនឹងសេចក្តីស្រឡាញ់របស់ព្រះ តាម លក្ខណៈវិនិច្ឆ័យដែលផ្អែកលើការប្រព្រឹត្តផ្ទាល់ខ្លួន។ ហើយពួកគេព្រងើយកន្តើយចំពោះដំណឹងល្អអំពីសេចក្តីសង្រ្គោះដែលនិយាយថា ព្រះបានអត់ទោសអំពើបាប និងអំពើរំលងទាំងអស់របស់ពួកគេ តាមរយៈសេចក្តីសប្បុរសនៃសេចក្តីល្អ សេចក្តីអត់ទ្រាំ និងសេចក្តីអត់ធ្មត់របស់ទ្រង់។
អស់អ្នកដែលមានជីវិតបែបសាសនា ដែលផ្អែកលើក្រិត្យវិន័យ នឹងទទួលបានការកាត់ទោសនៅចំពោះព្រះ។ ប៉ុន្តែមនុស្សជាច្រើនរស់នៅក្នុងជីវិតបែបសាសនា ដោយផ្អែកលើក្រិត្យវិន័យ នៅចំពោះព្រះ។ យើងមិនត្រូវគិតថា «យើងបានរួចពីសេចក្តីជំនុំជម្រះរបស់ទ្រង់ ពីព្រោះយើងបានសង្រ្គោះហើយ» ឡើយ។ សាវកប៉ុលបាននិយាយថា ពួកក្រិត្យវិន័យនិយមមិនអាចបានសង្រ្គោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេនឹងទទួលបានការកាត់ទោស និងសេចក្តីវិនាស។ ហើយយើងត្រូវតែដឹងថា មនុស្សប្រភេទណាមានជីវិតបែបសាសនា ដែលផ្អែកលើក្រិត្យវិន័យ ដើម្បីឲ្យយើងអាចរៀបចំផែនការប្រកាសដំណឹងល្អទៅកាន់ពួកគេ។ 
 
 
មានអ្នកក្រិត្យវិន័យនិយមជាច្រើននៅក្នុងលោកិយនេះ រួមទាំងសាសន៍យូដាផង
 
សាវកប៉ុល មិនបានគ្រាន់តែនិយាយអំពីការពិតថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះទេ ប៉ុន្តែគាត់ក៏បាននិយាយអំពីរបៀបដែលមនុស្សដែលមានជីវិតបែបសាសនា នៅក្នុងក្រិត្យវិន័យ ដូចជាសាសន៍យូដា ដែលទាស់ប្រឆាំងនឹងព្រះ ហើយនឹងត្រូវទទួលការជំនុំជម្រះផងដែរ។ ពួកគេព្រងើយកន្តើយចំពោះសេចក្តីស្រឡាញ់របស់ព្រះ ដែលទ្រង់បានបង្ហាញសេចក្តីអាណិតអាសូរដល់ យើង។ ហើយពួកគេព្រងើយកន្តើយចំពោះដំណឹងល្អអំពីការអត់ទោសអំពើបាប ដែលនិយាយថា ព្រះបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ ពីព្រោះយើងគួរឲ្យអាណិតអាសូរនៅចំពោះព្រះនេត្រទ្រង់។
តើមិនមានអ្នកក្រិត្យវិន័យនិយមជាច្រើននាក់នៅជុំវិញអ្នក ដែលមានជីវិតបែបសាសនាដូច្នេះទេឬ? មានអ្នកក្រិត្យវិន័យនិយមជាច្រើននាក់ ដែលជឿថា ព្រះមិនមានសេចក្តីមេត្តាករុណាសម្រាប់លោកិយនេះទេ ហើយទ្រង់ក៏មិនបានលាងសម្អាតអំពើបាបទាំងអស់របស់យើងដែរ។ ផ្ទុយទៅវិញ មានមនុស្សមួយចំនួនដែលទទួលយកសេចក្តីស្រឡាញ់របស់ព្រះ ហើយបានរាប់ជា «មនុស្សសុចរិត» នៅចំពោះទ្រង់។ ហើយនៅពេលវេលានេះ ក៏មានអ្នកក្រិត្យវិន័យនិយមទាំងនោះផងដែរ ដែលព្រងើយកន្តើយចំពោះសេចក្តីសុចរិតរបស់ព្រះ ហើយមើលងាយសេចក្តីសង្រ្គោះរបស់ព្រះ ដោយគំនិតផ្ទាល់ខ្លួនរបស់ពួកគេ។ មនុស្សភាគច្រើនមិនជឿលើសេចក្តីសុចរិតរបស់ទ្រង់ទេ ហើយពួកគេមើលងាយអ្នកដែលជឿវិញ។
ខ្ញុំចង់ឲ្យអ្នកដឹងថា មានមនុស្សជាច្រើននៅជុំវិញអ្នក ដែលព្រងើយកន្តើយចំពោះសេចក្តីសប្បុរសនៃសេចក្តីល្អ សេចក្តីទ្រាំទ្រ និងសេចក្តីអត់ធន់របស់ព្រះ ដូចដែលសាសន៍យូដាបានធ្វើដែរ។ តើពិតដែរទេ? បាទ ពិតជាមនុស្សជាច្រើនធ្វើដូច្នេះមែន។ អ្នកក្រិត្យវិន័យនិយមមើលងាយអ្នកដទៃនៅចំពោះព្រះ។ តើអ្នកក្រិត្យវិន័យនិយមមើលងាយអ្វី? សេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍របស់ព្រះ។
មនុស្សយ៉ាងច្រើន រួមទាំងសាសន៍យូដាផង ដែលកំពុងតែរស់នៅក្នុងលោកិយនេះ មើលងាយការពិតថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ។ សាសន៍យូដាគឺជាជនជាតិអ៊ីស្រាអែល ប៉ុន្តែពួកគេនិយាយថា «តើព្រះយេស៊ូវគឺជាព្រះបុត្រានៃព្រះយ៉ាងដូចម្តេច? តាមពិត គាត់គ្រាន់តែជាហោរាម្នាក់ប៉ុណ្ណោះ»។ ពួកគេទទួលស្គាល់ព្រះយេស៊ូវត្រឹមតែចំណុចនេះប៉ុណ្ណោះ។ ហើយជនជាតិអ៊ីស្រាអែលបានមើលងាយព្រះរាជបុត្រានៃព្រះ ហើយបានទះកំផ្លៀងទ្រង់ដោយដៃរបស់ពួកគេ ដោយនិយាយថា «វាបានពោលពាក្យប្រមាថដល់ព្រះ» (ម៉ាថាយ ២៦:៦៥)។ ហើយឥឡូវនេះ ពួកគេក៏នៅតែមើលងាយទ្រង់ដែរ។ សាសន៍យូដាមើលងាយព្រះ ពីព្រោះពួកគេមិនជឿលើព្រះរាជបុត្រារបស់ទ្រង់។ យើងអាចយល់បានថា ជនជាតិ អ៊ីស្រាអែលមើលងាយព្រះយេស៊ូវ ពីព្រោះពួកគេមិនបានជឿលើទ្រង់។ ប៉ុន្តែតើអ្នកក្រិត្យវិន័យនិយមនៅក្នុងចំណោមសាសន៍ដទៃមើលងាយអ្វីដែរ? ពួកគេមើលងាយសេចក្តីសប្បុរសដ៏ឥតគណនានៃសេចក្តីស្រឡាញ់ និងសេចក្តីសុចរិតរបស់ព្រះ។ 
 
 
អ្នកក្រិត្យវិន័យនិយមរស់នៅ ដោយផ្អែកលើការប្រព្រឹត្តរបស់ខ្លួន
 
នៅក្នុងនិកាយក្រិត្យវិន័យនិយមមួយ អ្នកក្រិត្យវិន័យនិយមបង្រៀនអ្នកដើរតាមខ្លួនឲ្យបែរកំផ្លៀងឆ្វេងឲ្យគេទះទៀត បន្ទាប់ពីគេបានទះកំផ្លៀងស្តាំហើយ។ ពួកគេមិនត្រូវខឹងឡើយ។ ពួកគេក៏បង្រៀនមនុស្សឲ្យអធិប្បាយគោលលទ្ធិ ដើរដោយសុភាពរាបសារ និងរបៀបញញឹករាក់ទាក់...។ល។ ពួកគេគិតថា ពួកគេស្គាល់បទគម្ពីរទាំងអស់ ហើយអះអាងថា បាបតាំងពីកំណើតរបស់ពួកគេត្រូវបានអត់ទោសឲ្យហើយ ប៉ុន្តែពួកគេទទួលបានការអត់ទោសសម្រាប់អំពើបាបប្រចាំថ្ងៃ ដោយការថ្វាយការអធិស្ឋានលន់តួជារៀងរាល់ថ្ងៃ។ 
នេះក៏ជាជំនឿមួយ ដែលផ្អែកលើក្រិត្យវិន័យផងដែរ ដែលធ្វើឲ្យមនុស្សមើលងាយសេចក្តីសប្បុរសដ៏ឥតគណនានៃសេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះរបស់ព្រះ។ ពួកគេនិយាយថា «អ្នកមានមោទនភាពខ្លាំងណាស់ ដែលនិយាយថា អ្នកឥតមានបាប អ្នកគឺជាមនុស្សសុចរិត ហើយអ្នកបានទទួលការអត់ទោសសម្រាប់អំពើបាបទាំងអស់ ដោយការជឿថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងនោះអស់ហើយ!»។ ទោះបីជាពួកគេមិនសុចរិតក៏ដោយ ក៏ពួកគេគិតថា ព្រះបានរាប់ពួកគេជាសុចរិត ដែរ។ អ្នកក្រិត្យវិន័យនិយមទាំងអស់ជឿតាមគោលលទ្ធិគ្រីស្ទបរិស័ទខុសឆ្គងនេះ។ ដូច្នេះ យើងត្រូវតែនៅឲ្យបានឆ្ងាយពីពួកគេទាំងនេះ។
បន្ទាប់ពីជឿលើព្រះយេស៊ូវ តើការទទួលបានសេចក្តីអត់ទោសសម្រាប់អំពើបាបប្រចាំថ្ងៃ តាមរយៈការអធិស្ឋានលន់តួគឺជាក្រិត្យវិន័យនិយមទេ? បាទ មែនហើយ។ តើវាចេញពីក្រិត្យវិន័យនៃការប្រព្រឹត្តទេ? បាទ មែនហើយ។ វាមិនកើតចេញពីជំនឿទេ។ ហើយអ្នកដែលប្រកាសថា ខ្លួនរស់នៅ ដោយការធ្វើតាមក្រិត្យវិន័យ គឺជាអ្នក ក្រិត្យវិន័យនិយម ហើយក៏មានពួកគេច្រើនរាប់មិនអស់នៅជុំវិញយើងផង។
សាវកប៉ុលបានទទួលការអត់ទោសអំពើបាបទាំងស្រុង ដោយគ្រាន់តែជឿលើព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ។ ប៉ុន្តែជនជាតិអ៊ីស្រាអែលដែលបានជឿតាមព្រះគម្ពីរសញ្ញាចាស់ ដែលផ្អែកលើក្រិត្យវិន័យ បានជឿតាមសាសនាយូដាវិញ។ តើអស់អ្នកដែលបានធ្វើដូចជាពួកគេ គឺជាអ្នក ក្រិត្យវិន័យនិយមដែរឬទេ? ពួកគេគឺជាអ្នកដែលបានដើរតាមក្រិត្យវិន័យ ដែលបង្រៀនតែការប្រព្រឹត្តខាងក្រៅ ដូចជា របៀបមនុស្សគួរតែដើរ អ្វីដែលមនុស្សគួរធ្វើ និងអ្វីដែលមនុស្សមិនគួរធ្វើ។
ដូច្នេះហើយបានជាសាវកប៉ុលបានបន្ទោសអ្នកទាំងនេះ ដោយ សម្លេងខឹង ប៉ុន្តែតាមរបៀបសមរម្យ។ គ្រីស្ទបរិស័ទសព្វថ្ងៃនេះក៏មានជីវិតដើរតាមក្រិត្យវិន័យផងដែរ ដោយជឿថា ទោះបីជាពួកគេបានញែកជាបរិសុទ្ធ ដោយសារជំនឿហើយក៏ដោយ ក៏ពួកគេត្រូវតែថ្វាយការអធិស្ឋានលន់តួសម្រាប់ការអត់ទោសសម្រាប់អំពើបាបប្រចាំថ្ងៃរបស់ពួកគេដែរ។ ដូច្នេះ ពួកគេគឺជាអ្នកក្រិត្យវិន័យនិយម ហើយជំនឿរបស់ពួកគេចេញមកពីក្រិត្យវិន័យ។
គ្រូគង្វាលជាច្រើន ពូកែអធិប្បាយថា «យើងបានសង្រ្គោះ ដោយសារជំនឿ»។ ប៉ុន្តែនៅចុងបញ្ចប់ ពួកគេនិយាយថា «ប៉ុន្តែយើងត្រូវតែសារភាពពីអំពើបាបដែលយើងបានប្រព្រឹត្ត ហើយលន់តួ»។ គ្រូគង្វាលទាំងនេះក៏ជាអ្នកក្រិត្យវិន័យនិយមផងដែរ ដែលពឹងផ្អែកលើការប្រព្រឹត្តផ្ទាល់ខ្លួនសម្រាប់សេចក្តីសង្រ្គោះ និងមិនជឿ ឬមិនពឹងផ្អែកលើព្រះយេស៊ូវឡើយ។ 
តើយើងគឺជាអ្នកក្រិត្យវិន័យនិយមដែរទេ មុនពេលយើងបានសង្រ្គោះ? បាទ មែនហើយ។ មុនពេលយើងបានកើតជាថ្មី យើងបានគិតថា ការប្រព្រឹត្តល្អអាចសង្រ្គោះយើងបាន។ មានមនុស្សជាច្រើននៅក្នុងលោកិយនេះ ដែលគិតដូច្នេះ។ ប៉ុន្តែព្រះប្រាប់ពួកគេឲ្យប្រែចិត្ត។ «ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយ មកពីចំពោះព្រះអម្ចាស់» (កិច្ចការ ៣:១៩)។ ប៉ុន្តែមនុស្សទាំងនេះមិនប្រែចិត្តទេ។ ពួកគេពិតជាមានចិត្តរឹងរួសមែន! ដូច្នេះហើយបានជាសាវកប៉ុលនិយាយម្តងទៀតនៅកាន់អ្នកដែលមានចិត្តរឹងរួស។
 
 
អ្នកក្រិត្យវិន័យនិយមប្រកាសថា ពួកគេគឺជាមនុស្សមានបាប រហូតដល់ពួកគេស្លាប់
 
ចូរ យើងពិនិត្យមើល រ៉ូម ២:៥។ «តែដោយអ្នករឹងរបឹង ហើយមិនព្រមប្រែចិត្តសោះ បានជាអ្នកឈ្មោះថាកំពុងតែប្រមូលសេចក្តីក្រោធ ទុកសំរាប់ខ្លួនដល់ថ្ងៃនៃសេចក្តីក្រោធវិញ ជាថ្ងៃដែលសេចក្តីជំនុំជំរះដ៏សុចរិតរបស់ព្រះនឹងសំដែងមក។» អ្នកក្រិត្យវិន័យនិយមប្រមូលសេចក្តីក្រោធរបស់ព្រះទុក រហូតដល់ថ្ងៃសេចក្តីជំនុំជម្រះដ៏សុចរិតរបស់ព្រះមកដល់។
ទោះបីយ៉ាងណា អ្នកក្រិត្យវិន័យនិយមមានចិត្តរឹងរួសខ្លាំងណាស់ ហើយពួកគេនៅតែប្រកាសថា ពួកគេគឺជាមនុស្សមានបាបនៅចំពោះព្រះ ទោះបើមានកាំបិតភ្ជុងករបស់ពួកគេក៏ដោយ។ នៅពេលពួកគេប្រឈមនឹងគ្រោះថ្នាក់ ពួកគេនៅតែប្រកាសថា ពួកគេគឺជាមនុស្សមានបាបនៅចំពោះព្រះដដែល។ ហើយមនុស្សមួយចំនួនប្រកាសថា ពួកគេគឺនៅតែជាមនុស្សមានបាបនៅចំពោះព្រះ រហូតដល់ថ្ងៃពួកគេស្លាប់។ ពួកគេពិតជាមានចិត្តរឹងរួសខ្លាំងណាស់! ពួកគេនិយាយថា ពួកគេគឺជាមនុស្សមានបាប ពីព្រោះពួកគេមិនអាចរស់តាមព្រះបន្ទូលព្រះបានឡើយ ទោះបើពួកគេជឿលើព្រះយេស៊ូវក៏ដោយ។ 
 តើព្រះមានបន្ទូលយ៉ាងដូចម្តេច? ទ្រង់មានបន្ទូលថា «ដោយសារអ្នកមិនអាចរស់នៅតាមព្រះបន្ទូលបាន នោះខ្ញុំបានសង្រ្គោះអ្នក។ ខ្ញុំបានលាងសម្អាតអំពើបាបទាំងអស់របស់អ្នកចេញ ហើយបានសង្រ្គោះអ្នកទាំងស្រុង»។ ពួកគេមិនមានជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយមិនព្យាយាមទទួលយកសេចក្តីសុចរិតរបស់ព្រះ ដើម្បីបានសង្រ្គោះនោះទេ។ ផ្ទុយទៅវិញ ពួកគេនៅតែអះអាងថា ពួកគេគឺជាមនុស្សមានបាប រហូតដល់ថ្ងៃដែលពួកគេស្លាប់ ពីព្រោះពួកគេព្យាយាមបានសង្រ្គោះ ដោយការធ្វើតាមក្រិត្យវិន័យ និងជំនឿលើព្រះយេស៊ូវគ្រីស្ទ។ ពួកគេត្រូវតែដឹងថា ពេលវេលានឹងមកដល់ ហើយពួកគេនឹងទទួលបានការជំនុំជម្រះសម្រាប់ជំនឿ និងការប្រព្រឹត្តរបស់ពួកគេជាមិនខាន។
«តែដោយអ្នករឹងរបឹង ហើយមិនព្រមប្រែចិត្តសោះ បានជាអ្នកឈ្មោះថាកំពុងតែប្រមូលសេចក្តីក្រោធ ទុកសំរាប់ខ្លួនដល់ថ្ងៃនៃសេចក្តីក្រោធវិញ ជាថ្ងៃដែលសេចក្តីជំនុំជំរះដ៏សុចរិតរបស់ព្រះនឹងសំដែងមក» (រ៉ូម ២:៥)។ សាវកប៉ុលបានមានន័យថា «អ្នកពិតជាមានចិត្តរឹងរួសមែន។ អ្នកនឹងត្រូវទទួលការជំនុំជម្រះសម្រាប់ចិត្តដ៏រឹងរួសនេះ។ អ្នកកំពុងតែប្រមូលសេចក្តីក្រោធរបស់ព្រះទុកហើយ»។ ទោះបីជាយើងជឿ ឬមិនជឿក៏ដោយ ក៏ការពិតគឺថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់យើងរួច ហើយដែរ។ ដូច្នេះហើយបានជាគ្រប់គ្នាអាចបានសង្រ្គោះបាន តាមរយៈព្រះយេស៊ូវគ្រីស្ទ។ យើងបានសង្រ្គោះ ដោយសារជំនឿត្រឹមត្រូវលើការពិតថា ព្រះយេស៊ូវគ្រីស្ទបានលាងសម្អាតអំពើបាបទាំងអស់របស់យើងរួចហើយ។ យើងមិនអាចរស់នៅតាមក្រិត្យវិន័យ ខណៈដែលលន់តួសម្រាប់អំពើបាបប្រចាំថ្ងៃ ដើម្បីទទួលការអត់ទោសពីទ្រង់បានឡើយ។ ដូច្នេះ យើងត្រូវតែបែរពីសាសនារបស់សាសន៍ដទៃ មកឯព្រះយេស៊ូវគ្រីស្ទវិញ។ យើងតែងតែធ្វើបាបជានិច្ច រហូតដល់ថ្ងៃយើងស្លាប់។ ដូច្នេះ យើងមិនអាចបានរាប់ជាសុចរិត ដោយការធ្វើការក្រិត្យវិន័យបានឡើយ ប៉ុន្តែដោយសារជំនឿលើព្រះអម្ចាស់វិញ។ 
តើអ្នកប្រកាសថា អ្នកគឺជាមនុស្សសុចរិតនៅចំពោះព្រះ រហូតដល់ថ្លៃដែលអ្នកស្លាប់ដែរទេ? ឬតើអ្នកប្រកាសថា អ្នកគឺនៅតែជាមនុស្សមានបាបម្នាក់ រហូតដល់ថ្ងៃដែលអ្នកស្លាប់? យើងប្រកាសថា យើងគឺជាមនុស្សសុចរិត។ មនុស្សមួយចំនួននិយាយថា នេះគឺដូចជាការលាងខួរក្បាល។ ត្រឹមត្រូវទេ? តើអ្នកណានឹងដើរតាមការបញ្ចុះបញ្ចូលនេះ? មិនមានអ្នកណាម្នាក់ឡើយ។
ឧបមាថា អ្នកណាម្នាក់បញ្ចុះបញ្ចូលអ្នក ជារៀងរាល់ថ្ងៃ។ អ្នកនឹងប្រកែកយ៉ាងម៉ឺងម៉ាត់ថា «ហេតុអ្វីដូច្នោះ? អញ្ចឹង? បើអញ្ចឹង យ៉ាងម៉េច?»។ មនុស្សភាគច្រើននឹងប្រត្តិកម្មដូច្នេះ។ យើងអាចជឿលើអ្វីមួយបាន លុះត្រាតែចិត្តរបស់យើងបញ្ជាក់ថា វាគឺជាការពិត។ បើសិនមនុស្សម្នាក់ព្យាយាមបោកបញ្ឆោតយើង ដោយពាក្យសម្តីផ្អែក ឲ្យជឿលើអ្វីមួយ ដែលមិនស្របតាមព្រះគម្ពីរ យើងមិនអាចជឿតាមសូម្បីតែបន្តិចបានឡើយ។ យើងដឹងថា មនុស្សជាតិមានចិត្តរឹងរួសខ្លាំងណាស់ ប៉ុន្តែយើងត្រឡប់ជាទន់ចិត្ត និងជឿតាមសេចក្តីពិត បើសិនវាពិតជាព្រះបន្ទូលព្រះមែន។ 
 
 
អ្នកក្រិត្យវិន័យនិយមមានចិត្តរឹងរួសខ្លាំងណាស់
 
ពួកគេ មានចិត្តរឹងរួសខ្លាំងណាស់។ ពួកគេប្រកាសថា ពួកគេគឺជាមនុស្សមានបាប រហូតដល់នាទីចុងក្រោយនៃជីវិតរបស់ពួកគេ។ មានមនុស្សជាច្រើន ដែលជឿតាមសាសនាយូដា។ តើពិតជាមានមនុស្សជាច្រើននៅក្នុងចំណោមគ្រីស្ទបរិស័ទសព្វថ្ងៃនេះ ដែលជឿតាមសាសនា យូដាដែរឬទេ? បាទ មានច្រើនណាស់។ «ឱព្រះអម្ចាស់អើយ! មនុស្សមានបាបម្នាក់នៅទីនេះ។ សូមអត់ទោសដល់អំពើបាបរបស់ទូលបង្គំ ផង។» មានមនុស្សជាច្រើន ដែលប្រកាសថា ពួកគេគឺជាមនុស្សមានបាបនៅចំពោះព្រះ ពីព្រោះពួកគេសម្លឹងមើលភាពខ្សោយ និងអំពើបាបប្រចាំថ្ងៃរបស់ពួកគេ ដោយគំនិតផ្ទាល់ខ្លួន។ ទោះបីជាមានគ្រីស្ទបរិស័ទចំនួនជាងមួយរយកោដិនៅក្នុងពិភពលោកនេះ ហើយគ្រីស្ទបរិស័ទចំនួនដប់លាននាក់ក៏ដោយនៅក្នុងប្រទេសកូរ៉េក៏ដោយ ក៏មនុស្សទាំងនេះគឺជាអ្នកក្រិត្យវិន័យនិយមដែរ។
 
 
អ្នកក្រិត្យវិន័យនិយមគឺដូចជាពួកផារ៉ាស៊ី
 
មុនពេលខ្ញុំបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ខ្ញុំក៏ធ្លាប់ធ្វើជាអ្នកក្រិត្យវិន័យនិយមម្នាក់ផងដែរ។ ខ្ញុំធ្លាប់គិតថា «បើសិនខ្ញុំនៅតែបន្តធ្វើបាបជារៀងរាល់ថ្ងៃ តើខ្ញុំអាចបានរាប់ជាសុចរិតបានយ៉ាងដូចម្តេច?»។ វាមិនដូច្នេះទេ នៅសព្វថ្ងៃនេះ។ មនុស្សជាច្រើនដែលអ្នកស្គាល់ ប្រព្រឹត្តដោយមានចិត្តរឹងរួសខ្លាំងណាស់។ យោងតាមព្រះគម្ពីរ តើមនុស្សបែបនេះនឹងត្រូវទៅកន្លែងណា? ពួកគេនឹងត្រូវបញ្ចប់នៅក្នុងស្ថាននរក ពីព្រោះពួកគេបានប្រមូលសេចក្តីក្រោធរបស់ព្រះ ដោយសារតែមានចិត្តរឹងរួស។ ខណៈដែលកំពុងរស់នៅក្នុងលោកិយនេះ អ្នកក្រិត្យវិន័យនិយមក៏ត្រូវតែប្រែចិត្តផងដែរ ដោយការអរព្រះគុណ និងការជឿយ៉ាងពិតប្រាកដថា ព្រះយេស៊ូវគ្រីស្ទបានលាងសម្អាតអំពើបាបទាំងអស់របស់ពួកគេរួចរាល់ហើយ។
ទោះបីជាយ៉ាងណា ពួកគេមិនងាយនឹងប្រែចិត្តឡើយ។ ពួកគេគួរឲ្យអាណិតខ្លាំងណាស់។ ពួកគេគួរតែប្រែចិត្ត ប៉ុន្តែពួកគេមិនធ្វើដូច្នេះ ឡើយ។ មនុស្សជាច្រើនប្រព្រឹត្តដូចជាពួកផារ៉ាស៊ី។ ពួកគេស្វាគមន៍មនុស្សនៅមុខព្រះវិហារយ៉ាងរាក់ទាក់កក់ក្តៅថា «តើអ្នកសុខសប្បាយជាទេ?» ខណៈដែលកំពុងកាន់ព្រះគម្ពីរនៅក្នុងដៃ។ ពួកគេបិទភ្នែកពាក់ កណ្តាលនៅក្នុងសេចក្តីល្ងិតល្ងង់ នៅពេលពួកគេជួបមនុស្សនៅរៀងរាល់ថ្ងៃអាទិត្យ។ ហើយពួកគេព្យាយាមធ្វើឲ្យគេមើលឃើញថា ពួកគេបរិសុទ្ធជាងព្រះយេស៊ូវទៅទៀត។ តើវាល្អប្រសើរយ៉ាងណាទៅ បើសិនពួកគេពិតជាអាចបរិសុទ្ធបែបនេះជារៀងរាល់ថ្ងៃ? 
តើអ្នកដឹងថា ប្រពន្ធរបស់គ្រូគង្វាលក្រិត្យវិន័យនិយមនិយាយយ៉ាងដូចម្តេចទេ? ពួកគេនិយាយថា ពួកគេមានអំណរ នៅពេលប្តីរបស់ពួកគេអធិប្បាយនៅអាសនា ពីព្រោះប្តីរបស់ពួកគេនិយាយពាក្យសម្តីផ្អែមស្រទន់ ក្នុងរបៀប «បរិសុទ្ធ និងអាណិតអាសូរ»។ ប៉ុន្តែនៅពេលពួកគេទៅដល់ផ្ទះវិញ ប្រពន្ធរបស់គាត់និយាយថា គាត់ចូលចិត្តប្តីរបស់គាត់នៅលើអាសនា ប៉ុន្តែប្តីរបស់គាត់ហាក់បីដូចជាកាចចំពោះគាត់នៅផ្ទះវិញ។ 
 
 
យើងត្រូវតែប្រកាសដំណឹងល្អ
 
និយាយដោយស្មោះត្រង់ ខ្ញុំបានបាត់បង់ពិន្ទុជាច្រើនពីភរិយារបស់ខ្ញុំ។ នេះដោយព្រោះភរិយារបស់ខ្ញុំនិយាយថា «កិច្ចការតែមួយគត់ ដែលបងយកចិត្តទុកដាក់ចំពោះ គឺជាដំណឹងល្អ»។ ដោយសារខ្ញុំមិនមែនជាមនុស្សគ្រប់លក្ខណ៍ ខ្ញុំមិនអាចធ្វើគ្រប់យ៉ាងបានល្អទេ។ កិច្ចការទីមួយ ដែលខ្ញុំត្រូវតែធ្វើឲ្យបានល្អនោះ គឺជាកិច្ចការរបស់ព្រះ។ ទីពីរ ខ្ញុំត្រូវតែថែរក្សាគ្រួសាររបស់ខ្ញុំ។ ហើយទីបី ខ្ញុំត្រូវតែធ្វើកិច្ចការផ្សេងៗទៀត។ ទាំងនេះគឺជាលំដាប់លំដោយអាទិភាពរបស់ខ្ញុំ។ នេះមិនដោយព្រោះខ្ញុំគឺជាគ្រូគង្វាលម្នាក់ទេ។ ប៉ុន្តែខ្ញុំធ្វើដូច្នេះ ពីព្រោះខ្ញុំទទួលខុសត្រូវចំពោះការបម្រើដំណឹងល្អ។ ខ្ញុំមិនអាចបម្រើដំណឹងល្អ បន្ទាប់ពីធ្វើកិច្ចការទាំងអស់របស់ខ្ញុំបានឡើយ។ ដូច្នេះ ខ្ញុំផ្តោតជាសំខាន់លើការអធិប្បាយដំណឹងល្អ ហើយធ្វើកិច្ចការផ្សេងៗទៀតរបស់ខ្ញុំ បន្ទាប់ពីការអធិប្បាយដំណឹងល្អ។ ខ្ញុំមិនអាចអធិប្បាយដំណឹងល្អ បន្ទាប់ពីខ្ញុំបានបញ្ចប់កិច្ចការទាំងអស់របស់ខ្ញុំបានឡើយ។ 
នៅពេលឈរនៅលើអាសនា ពួកក្រិត្យវិន័យនិយមសំដែងដូចជាពួកទេវតាអញ្ចឹង។ ពួកគេបង្រៀនអ្នកជឿឲ្យទួញយំសម្រាប់អំពើបាបរបស់ ខ្លួន។ អ្នកក្រិត្យវិន័យនិយមម្នាក់ៗគួរតែទទួលបានសេចក្តីអត់ទោសអំពើបាប បន្ទាប់ពីជឿលើព្រះយេស៊ូវ ពីព្រោះមានតែរបៀបនេះទេ ទើបពួកគេអាចត្រឡប់ជាឥតបាប ហើយមានអំណរពិតប្រាកដបាន។ នេះគឺជារបៀបតែមួយគត់ ដែលព្រលឹងរបស់មនុស្សអាចមានអំណរបាន។ មនុស្សប្រព្រឹត្តអំពើបាប និងអំពើអសីលធម៌ ដរាបណាពួកគេនៅមានជីវិតរស់នៅ ហើយបើសិនមនុស្សមានបាបនៅក្នុងចិត្ត វាអាក្រក់ជាងសម្រាប់ខ្លួនទៅទៀត។ ព្រះវិនិច្ឆ័យមនុស្សប្រភេទនេះ។ 
ខ្ញុំចង់និយាយថា មនុស្សជាច្រើនកំពុងតែប្រមូលសេចក្តីក្រោធនៅចំពោះព្រះហើយ។ អស់អ្នកដែលមិនប្រែចិត្ត ផ្លាស់ប្តូរ ឬជឿព្រះយេស៊ូវ គ្រីស្ទ ឬធ្វើពុតជាជឿ នឹងទទួលបានសេចក្តីក្រោធរបស់ព្រះ ទុកជាទណ្ឌកម្ម។ ពួកគេមិនអាចបោកបញ្ឆោតព្រះបានឡើយ គឺមិនអាចកុហកព្រះថា ពួកគេមានជំនឿត្រឹមត្រូវ ឬមិនមានជំនឿត្រឹមត្រូវបានឡើយ។ បើសិនយើងមិនជឿ យើងនឹងទទួលការវិនិច្ឆ័យ គឺសេចក្តីក្រោធរបស់ព្រះបានសម្តែងមកដល់អ្នកដែលមិនមានជំនឿ គឺពួកគេនឹងឆេះនៅក្នុងភ្លើង នរក។ ហើយមានមនុស្សជាច្រើននឹងត្រូវឆេះនៅក្នុងស្ថាននរក ដោយសារតែការមិនជឿរបស់ពួកគេ។
ដូច្នេះ យើងត្រូវតែប្រកាសដំណឹងល្អ។ យើងក៏គួរតែបន្តប្រកាសព្រះបន្ទូលព្រះផងដែរ។ គ្រប់ពេលយើងជួបជុំគ្នា យើងគួរតែគិតអំពីដំណឹងល្អ និងចំណាយពេលយកចិត្តទុកដាក់ចំពោះអ្នកដទៃ គឺយើងមិនគួរគិតតែពីខ្លួនឯងទេ។ មូលហេតុដែលយើងត្រូវតែប្រកាសដំណឹងល្អ គឺដើម្បីជួយមនុស្សបានរួចពីសេចក្តីក្រោធរបស់ព្រះ ទោះបើពួកគេបៀតបៀនយើង និងមើលងាយសេចក្តីស្រឡាញ់របស់ព្រះក៏ដោយ។
យើងត្រូវតែដឹងថា មានមនុស្សជាច្រើននៅជុំវិញយើង ដែលនឹងទទួលបានសេចក្តីក្រោធនេះ។ យើងត្រូវតែគិតយ៉ាងម៉ត់ចត់ថា យើងពិតជាត្រូវធ្វើបន្ទាល់ពីវា ឬអត់ ហើយយើងត្រូវប្រកាសដំណឹងល្អ ដោយអស់ពីសមត្ថភាព ដើម្បីជួយអ្នកដទៃ ឬអត់។ តើព្រះសព្វព្រះទ័យទេ បើសិនយើងទុកឲ្យពួកគេទទួលបានសេចក្តីក្រោធរបស់ទ្រង់? យើងពិតជាមិនអាចទុកឲ្យពួកគេនៅដូច្នេះបានឡើយ។ ដូច្នេះ យើងត្រូវតែដឹងចំណុចនេះឲ្យបានច្បាស់លាស់ ហើយយើងត្រូវតែប្រកាសដំណឹងល្អទៅកាន់ពិភពលោកទាំងមូល។ 
ប្រសិនបើមានអ្នកក្រិត្យវិន័យនិយមម្នាក់ នៅក្នុងគ្រួសាររបស់អ្នក គ្រួសារទាំងមូលនឹងទទួលបានសេចក្តីក្រោធ។ តើអ្វីគឺជាសេចក្តីក្រោធ? យើងនិយាយថា «បើសិនកូនមិនស្តាប់បង្គាប់ ឪពុកម្តាយនឹងវាយកូនហើយ» នៅពេលកូនៗមិនស្តាប់បង្គាប់តាមឪពុកម្តាយ។ ដូច្នេះ កាលណាឪពុកម្តាយអត់ទ្រាំនឹងកូនលែងបាន ពួកគេក៏វាយកូន។ កូនទទួលស្គាល់កំហុស ហើយសុំការអត់ទោស។ ហើយឪពុកម្តាយក៏អត់ទោសដល់កូនរបស់ខ្លួន ពីព្រោះកូននោះគឺជាកូនរបស់ខ្លួន។ ខ.៤ សរសេរថា «ឬអ្នកមើលងាយសេចក្តីសប្បុរសដ៏ឥតគណនា ព្រមទាំងសេចក្តីទ្រាំទ្រ និងសេចក្តីអត់ធន់របស់ទ្រង់ ដោយមិនដឹងថា សេចក្តីសប្បុរសនៃព្រះទាញនាំឲ្យអ្នកបានប្រែចិត្តឬអី»។ ប៉ុន្តែតើព្រះអត់ទ្រាំរហូតដល់ពេលណា? ព្រះអត់ទ្រាំចំពោះយើងរហូតដល់៧០ ឬ៨០ឆ្នាំនៅលើផែនដី ប៉ុន្តែមនុស្សវាយ កូនៗរបស់ខ្លួនដោយរំពាត់ បន្ទាប់ពីបានអត់ទ្រាំពីរ ឬបីដង។ ដូច្នេះ ព្រះអត់ទ្រាំចំពោះយើង រហូតដល់ជីវិតរបស់យើងបញ្ចប់។ 
 
 
ព្រះបានត្រៀមភ្លើងនរកសម្រាប់ពួកក្រិត្យវិន័យនិយម
 
វា នឹងត្រូវចប់ហើយ នៅពេលព្រះអម្ចាស់កាន់រំពាត់នៅក្នុងព្រះហស្តរបស់ទ្រង់។ ព្រះបានត្រៀមភ្លើងឆេះសម្រាប់ពួកក្រិត្យវិន័យនិយម ដែលមានថ្ម និងស្ពាន់ធ័រឆេះ។ ព្រះធ្វើឲ្យមនុស្សស្លាប់ក្លាយទៅជារូបកាយដែលមិនចេះស្លាប់ ដោយសេចក្តីក្រោធរបស់ទ្រង់ ដើម្បីឲ្យពួកគេអាចមានអារម្មណ៍ឈឺចាប់បាន ហើយទ្រង់ទម្លាក់ពួកគេទៅក្នុងស្ពាន់ធ័រដែលឆេះមិនរលត់។ សេចក្តីក្រោធរបស់ព្រះធ្វើឲ្យពួកគេក្លាយទៅជារូបកាយអស់កល្បជានិច្ច ហើយធ្វើឲ្យពួកគេរងទុក្ខអស់កល្បជានិច្ច។ ពួកគេនឹងត្រូវឆេះ ប៉ុន្តែនឹងមិនស្លាប់ទេ។ ហើយពួកគេនិយាយថា «ខ្ញុំក្តៅខ្លាំងណាស់។ សូមយកម្រាមដៃរបស់អ្នកជ្រលក់នៅទឹក ហើយបន្តក់ក្នុងមាត់របស់ខ្ញុំ ដើម្បីឲ្យខ្ញុំបានត្រជាក់បន្តិចផង ពីព្រោះខ្ញុំកំពុងតែរងទុក្ខយ៉ាងខ្លាំងនៅក្នុងភ្លើង» (លូកា ១៦:២៤)។ 
យើងត្រូវតែប្រកាសដំណឹងល្អទៅកាន់ពួកគេ ពីព្រោះយើងដឹងយ៉ាងច្បាស់ថា ពួកគេនឹងទទួលបានសេចក្តីក្រោធ។ មូលហេតុដែលយើងត្រូវតែប្រកាសដំណឹងល្អទៅកាន់ពួកក្រិត្យវិន័យនិយមនៅជុំវិញយើង គឺដើម្បីសង្រ្គោះពួកគេចេញពីសេចក្តីក្រោធ និងសេចក្តីវិនាស ទោះបើពួកគេមើលងាយ និងបៀតបៀនយើងក៏ដោយ។ តើអ្នកយល់ពីមូលហេតុដែលយើងធ្វើដោយអស់ពីសមត្ថភាពរបស់យើង មូលហេតុដែលយើងចាប់អារម្មណ៍លើការសង្រ្គោះអ្នកដទៃ និងមូលហេតុដែលយើងចំណាយ ហិរញ្ញវត្ថុពួកជំនុំរបស់យើងទៅក្នុងព័ន្ធកិច្ចអក្សរសាស្ត្រដែរទេ?
ទោះបីយ៉ាងណា យើងត្រូវការសម្ភារៈ និងថវិកាយ៉ាងច្រើន ដើម្បីប្រកាសដំណឹងល្អទៅកាន់លោកិយទាំងមូល។ ហេតុអ្វី? ពីព្រោះតាមរបៀបនេះ អ្នកដទៃអាចបានសង្រ្គោះបាន។ ដូច្នេះ យើងលះបង់ខ្លួនយើងនៅក្នុងការប្រកាសដំណឹងល្អទៅកាន់លោកិយទាំងមូល ពីព្រោះបើសិនយើងមិនធ្វើដូច្នេះទេ តើអ្នកដទៃអាចទទួលបានសេចក្តីអត់ទោសសម្រាប់អំពើបាបដែរឬទេ? 
ប្រសិនបើយើងមិនបានប្រកាសដំណឹងល្អទៅកាន់អ្នក តើអ្នកអាចបានសង្រ្គោះទេ ទោះបើព្រះបានសង្រ្គោះអ្នករួចហើយក៏ដោយ? ទេ អ្នកមិនអាចទេ។ យើងទាំងអស់គ្នាធ្លាប់ធ្វើជាពួកក្រិត្យវិន័យនិយម មុនពេលយើងបានកើតជាថ្មី។ យើងបានរស់នៅជាមួយបាប ទោះបើយើងបានគិតថា យើងបានជឿព្រះយេស៊ូវហើយក៏ដោយ។ យើងអាចត្រូវវិនាសនៅក្នុងលោកិយនេះហើយ បើសិនយើងមិនបានស្តាប់ឮដំណឹងល្អពិតនេះទេ។
ដូច្នេះ តើយើងអាចទុកឲ្យពួកគេធ្លាក់ទៅក្នុងស្ថាននរក ហើយវិនាសបានដែរទេ? ទេ យើងមិនអាចទេ។ យើងមិនអាចទុកឲ្យពួកគេធ្លាក់ទៅក្នុងស្ថាននរកបានឡើយ ពីព្រោះយើងស្គាល់ដំណឹងល្អរបស់ព្រះអម្ចាស់អំពីសេចក្តីសង្រ្គោះ។ យើងដឹងថា អ្នកណានឹងធ្លាក់ទៅក្នុងស្ថាននរក ហើយអ្នកនឹងចូលទៅក្នុងនគរស្ថានសួគ៌។ ដូច្នេះ យើងបារម្ភអំពីពួកគេ ហើយអធិស្ឋាន និងប្រកាសដំណឹងល្អ។ មូលហេតុដែលយើងធ្វើឲ្យ ហិរញ្ញវត្ថុមានសុវត្ថិភាព និងចំណាយប្រាក់យ៉ាងច្រើនសម្រាប់ព័ន្ធកិច្ចគឺថា ការសង្រ្គោះបានព្រលឹងមួយ ប្រសើរជាងទទួលបានលោកិយទាំងមូល។ 
មូលហេតុដែលយើងប្រកាសដំណឹងល្អ ដោយការតស៊ូ និងភាពអត់ធ្មត់ ទោះបើត្រូវបានគេមើលងាយ និងបៀតបៀនក៏ដោយ គឺដើម្បីសង្រ្គោះព្រលឹងបាត់បង់ ដែលនឹងត្រូវទទួលបានសេចក្តីក្រោធរបស់ព្រះ។
អ្នកអាចគិតថា «អ្នកួរតែសរសេរសៀវភៅអំពីដំណឹងល្អពិត ហើយ ផលិតវាជាកូនសៀវដំណឹងល្អ និងចែកចាយទៅកាន់ពិភពលោកទាំងមូល»។ យើងនឹងធ្វើដូច្នេះ បើសិនវាគឺជារបៀបល្អក្នុងការប្រកាសដំណឹងល្អពិត។ ប៉ុន្តែដោយសារវាមិនមានប្រសិទ្ធភាព យើងសាកល្បងគ្រប់មធ្យោបាយ ហើយរក្សាការអធិស្ឋាន។
យើង ដែលជាគ្រូអធិប្បាយ មិនព្យាយាមប្រកាសដំណឹងល្អ ដើម្បីទទួលបានអ្វីមួយនោះឡើយ។ ប៉ុន្តែយើងប្រកាសដំណឹងល្អ ដើម្បីសង្រ្គោះព្រលឹង ពីព្រោះយើងដឹងថា មនុស្សមានបាបទាំងអស់ប្រាកដជាធ្លាក់ទៅក្នុងស្ថាននរក។ ប៉ុន្តែមានអ្នកក្រិត្យវិន័យនិយមជាច្រើន នៅក្នុងលោកិយនេះ ដែលពិតជាដេញតាមសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមរបស់ពួកគេ ដោយពួកគេមានអំណួតអំពីភក្តីភាពរបស់ពួកគេចំពោះជំនឿគ្រីស្ទរិស័ទ។ ដូច្នេះ យើងត្រូវតែដឹងពីមូលហេតុសម្រាប់ការបង្រៀនដំណឹងល្អទៅដល់ពួកក្រិត្យវិន័យនិយម។ 
យើងក៏ត្រូវតែដឹងពីមូលហេតុ ដែលព្រះអម្ចាស់បានបង្គាប់យើងឲ្យរក្សាថ្ងៃសាប្ប័ទជាបរិសុទ្ធ នៅក្នុងក្រិត្យវិន័យទាំងដប់ប្រការ និងមូលហេតុដែលអស់អ្នកដែលមិនរក្សាថ្ងៃសាប្ប័ទ ត្រូវបានគេចោលសម្លាប់នឹងដុំថ្មផងដែរ។ ថ្ងៃសាប្ប័ទបញ្ជាក់ពីដំណឹងល្អថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់យើងរួចហើយ។ ហើយយើងត្រូវតែចងចាំថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់យើងរួចហើយ។ ហើយយើងក៏ត្រូវតែប្រកាសអំពីការពិត ដោយជំនឿលើព្រះអម្ចាស់ ដែលរួមបញ្ចូលទាំងការពិតថា ព្រះអម្ចាស់បានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះចេញរួចហើយ។
វាហាក់ដូចជាខ្ញុំមានការទើសចិត្តរបស់ខ្ញុំចំពោះពួកក្រិត្យវិន័យនិយម ក្នុងកំឡុងពេលសេចក្តីអធិប្បាយនេះ។ ប៉ុន្តែយើងត្រូវតែអត់ទោស ហើយបើកចិត្តឲ្យទំលំទូលាយសម្រាប់ពួកគេ។ ពួកគេនឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក បើសិនយើងនៅតែបិទមាត់របស់យើង។ យើងដែលជាគ្រូអធិប្បាយដំណឹងល្អ មិនអាចទុកឲ្យពួកក្រិត្យវិន័យនិយមយកប្រាក់របស់ពួកគេមកមើយងាយយើង ឬពួកគេមានឥទ្ធិពលខាងសាច់ឈាមលើយើងឡើយ។
 
 
យើងត្រូវតែប្រកាសដំណឹងល្អទៅកាន់គ្រួសាររបស់យើង និងអ្នកដទៃទៀត
 
យើង ត្រូវតែប្រកាសដំណឹងល្អទៅកាន់មនុស្សគ្រប់គ្នា រួមទាំងមនុស្សជាច្រើនទៀតផង។ យើងដឹងថា ព្រលឹងទាំងអស់ក៏មានតម្លៃដូចសមាជិកគ្រួសាររបស់យើងដែរ។ ហើយយើងគួរតែចាត់ទុកអ្នកដទៃមានតម្លៃ ពីព្រោះយើងទាំងអស់គ្នាដូចតែគ្នានៅចំពោះព្រះ។
ខ្ញុំតែងតែចង់និយាយអំពីសេចក្តីពិតអំពីសេចក្តីសង្រ្គោះ នៅពេលណាខ្ញុំអធិប្បាយ ពីព្រោះព្រលឹងផ្សេងៗកំពុងតែត្រូវបានបញ្ជូនទៅស្ថាន នរក។ យើងត្រូវតែប្រកាសដំណឹងល្អទៅកាន់គ្រួសារ និងមិត្តភ័ក្តិរបស់យើង ប្រកាសវាតាមអក្សរសាស្ត្រ និងអធិស្ឋានសម្រាប់អ្វីដែលយើងត្រូវការ។ យើងត្រូវតែប្រកាសដំណឹងល្អ តាមរបៀបជាច្រើន។ យើងរៀបចំពិធីជប់លៀង នៅពេលណាព្រលឹងមួយបានសង្រ្គោះ។ យើងសង្រ្គោះព្រលឹងផ្សេងៗ នៅពេលយើងរៀបចំការជួបជុំសម្រាប់ការធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណ ដើម្បីប្រកាសដំណឹងល្អ។ នៅពេលខ្លះ មនុស្សត្រឡប់ទៅឯលោកិយវិញ ទោះបើយើងប្រកាសដំណឹងល្អទៅកាន់ពួកគេក៏ ដោយ។ បន្ទាប់មក យើងពិបាកចិត្តជាខ្លាំង។ ប៉ុន្តែនៅទីបំផុត យើងប្រកាសដំណឹងល្អ ដោយមិនមានការអាក់អន់ចិត្តអ្វីបន្តិចសោះ។ 
ខ្ញុំចង់ឲ្យអ្នកយល់ពីការមួយ។ ចូរចងចាំការពិតថា មានគ្រីស្ទបរិស័ទក្រិត្យវិន័យនិយមជាច្រើននៅជុំវិញយើង និងថា យើងត្រូវតែប្រកាសដំណឹងល្អទៅកាន់ពួកគេ។ ពួកគេធ្វើពុតជាធ្វើតាមក្រិត្យវិន័យ ប៉ុន្តែនៅបន្តធ្វើបាបជារៀងរាល់ថ្ងៃ ហើយពួកគេគិតថា ពួកគេអាចទទួលបានសេចក្តីអត់ទោសសម្រាប់អំពើបាបប្រចាំថ្ងៃរបស់ពួកគេ ដោយការថ្វាយការអធិស្ឋានលន់តួជារៀងរាល់ថ្ងៃ។
ពួកគេបដិសេធដំណឹងល្អ ដែលនិយាយថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់យើងរួចហើយ។ ហើយពួកគេគិតថា ព្រះយេស៊ូវបានទទួលយកតែបាបតាំងពីកំណើតរបស់ពួកគេប៉ុណ្ណោះ មិនរួមទាំងអំពើបាបប្រចាំថ្ងៃរបស់ពួកគេទេ ពីព្រោះពួកគេមិនស្គាល់ពីសេចក្តីអត់ទោសសម្រាប់អំពើបាបពិតឡើយ។ អ្នកដែលមិនស្គាល់ពីសេចក្តីពិតអំពីសេចក្តីសង្រ្គោះ គឺជាពួកក្រិត្យវិន័យនិយមហើយ។ ដូច្នេះ យើងត្រូវតែសង្រ្គោះពួកគេចេញពីអំពើបាបរបស់ពួគគេ ដោយការប្រកាសដំណឹងល្អអំពីសេចក្តីសុចរិតរបស់ព្រះទៅកាន់ពួកគេ។