Search

मसीही विश्वास पर पूछे गए ज्यादातर प्रश्न

विषय २: पवित्र आत्मा

2-6. តើការនិយាយភាសាដទៃមិនមែនជាភស្តុតាងនៃការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធឬ? ហើយតើយើងអាចដឹងថា ទ្រង់គង់នៅក្នុង ឬមិនគង់នៅក្នុងយើងដោយរបៀបណា?

យើងមិនអាចធានាថា មនុស្សម្នាក់បានទទួលការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយព្រោះតែគាត់និយាយភាសាដទៃបានឡើយ។ សូម្បីតែមនុស្សដែលអារក្សចូល ក៏អាចនិយាយភាសាដទៃបានដែរ។ អ្នកគួរតែដឹងថា វិញ្ញាណអាក្រក់អាចធ្វើឲ្យមនុស្សនិយាយភាសាចម្លែកបានយ៉ាងស្ទាត់ជំនាញ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។
ប្រសិនបើយើងនិយាយថា ការនិយាយភាសាដទៃគឺជា ភស្តុតាងនៃការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះវាមិនត្រឹមត្រឹមតាមគំនិតព្រះគម្ពីរឡើយ ហើយវាធ្វើឲ្យយើងមានអំពើបាបនៃការប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធវិញ។ ១កូរិនថូស ១២:៣០ និយាយថា «គ្រប់គ្នាមានអស់ទាំងអំណោយទាននឹងប្រោសឲ្យជាបានឬអី គ្រប់គ្នាអាចនិយាយភាសាដទៃបានឬអី គ្រប់គ្នាចេះបកប្រែភាសាបានឬអី»។ ដោយសារព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះវិញ្ញាណរបស់ព្រះ ទ្រង់ពិតជាមិនអាចគង់នៅជាមួយបាប ឬគង់នៅក្នុងមនុស្សមានបាបនៅក្នុងចិត្តរបស់ខ្លួនបានឡើយ។
យើង មិនគួរជឿថា មនុស្សម្នាក់បានទទួលព្រះវិញ្ញាណបរិសុទ្ធ ដោយព្រោះតែគាត់និយាយភាសាដទៃទេ ប៉ុន្តែជាដំបូង យើងគួរតែពិនិត្យមើលថា គាត់បានទទួលសេចក្តីអត់ទោសអំពើបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឬមិនបាន។ បើសិនមនុស្សមា្នក់គិតថា គាត់បានទទួលព្រះវិញ្ញាណបរិសុទ្ធ ដោយព្រោះតែគាត់មានបទពិសោធន៍ពិសេសដូចជា ការនិយាយភាសាដទៃ នោះមានន័យថា គាត់ត្រូវបានបោកបញ្ឆោត ដោយសាតាំងហើយ (២ថែស្សាឡូនីច ២:១០)។ ព្រះវិញ្ញាណបរិសុទ្ធគឺជាអំណោយទានមួយ ដែលព្រះបានប្រទានឲ្យមនុស្សដែលបានទទួលការអត់ទោសអំពើបាប តាមរយៈព្រះបន្ទូលទ្រង់។ 
ឆ្លើយនឹងសំណួរទីពីរ ព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះអង្គទ្រង់ផ្ទាល់ និងព្រះវិញ្ញាណនៃសេចក្តីពិត។ ដូច្នេះ ទ្រង់ធ្វើការជាមួយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ទ្រង់មិនធ្វើការតាមបំណងរបស់មនុស្សឡើយ។ ទ្រង់ដឹកនាំមនុស្សមានបាបឲ្យជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បង្រៀនសេចក្តីពិតដល់មនុស្សសុចរិត ហើយក៏អធិប្បាយដំណឹងល្អដោយស្ងាត់ៗជាមួយនឹងពួកគេ ស្របតាមបំណងព្រះហឫទ័យព្រះផងដែរ។ ទ្រង់មិនយាងមកសណ្ឋិតលើមនុស្សដែលមានអារម្មណ៍ដូចភ្លើង ឬខ្លួនប្រាណញាក់ញ័រមិនឈប់ឡើយ។ ព្រះប្រទានព្រះវិញ្ញាណបរិសុទ្ធដល់មនុស្សសុចរិត ដែលអំពើបាបរបស់ខ្លួនត្រូវបានលុបចោល ដោយការជឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។ ទ្រង់បានបង្រៀនពួកគេថា ពួកគេបានធ្វើជាកូនរបស់ព្រះហើយ។ ទ្រង់ធ្វើបន្ទាល់នៅក្នុងចិត្តរបស់មនុស្សសុចរិតថា ពួកគេលែងមានបាបទៀតហើយ ហើយបានរាប់ជាសុចរិតទាំងស្រុង តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
ដូច្នេះ បើសិនមនុស្សម្នាក់និយាយភាសាដទៃ ប៉ុន្តែនៅតែមានបាបនៅក្នុងចិត្តរបស់គាត់ វិញ្ញាណដែលនៅក្នុងគាត់ គឺមិនមែនជាព្រះវិញ្ញាណបរិសុទ្ធទេ ប៉ុន្តែជាវិញ្ញាណរបស់សាតាំងវិញ។ បើសិនអ្នកចង់ទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់អ្នក អ្នកគួរតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ បន្ទាប់មក ព្រះអម្ចាស់នឹងប្រទានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធដល់អ្នកជាមិនខាន។