Search

တရားဟောချက်များ

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 16-1] ការចាប់ផ្តើមនៃគ្រោះកាច នៃចានទាំង៧ (វិវរណៈ ១៦:១-២១)

ការចាប់ផ្តើមនៃគ្រោះកាច នៃចានទាំង៧
(វិវរណៈ ១៦:១-២១)
«ខ្ញុំក៏ឮសំឡេង១យ៉ាងខ្លាំង ចេញពីព្រះវិហារ ប្រាប់ទៅទេវតាទាំង៧ថា ចូរចាក់សេចក្តីឃោរឃៅរបស់ព្រះ ដែលនៅក្នុងចានទាំង៧ ទៅលើផែនដីទៅ ទេវតាទី១ក៏ចេញទៅ ចាក់ពីចានខ្លួន ទៅលើផែនដី នោះមនុស្សដែលមានទីសំគាល់របស់សត្វ និងអស់ពួកអ្នកដែលក្រាបថ្វាយបង្គំដល់រូបវា គេក៏កើតដំបៅកាចអាក្រក់ណាស់ ទេវតាទី២ ក៏ចាក់ពីចានខ្លួន ទៅក្នុងសមុទ្រ រួចសមុទ្រត្រឡប់ទៅជាឈាម ដូចជាឈាមខ្មោច ហើយគ្រប់ទាំងសត្វនៅក្នុងសមុទ្រក៏ស្លាប់អស់ ទេវតាទី៣ ក៏ចាក់ពីចានខ្លួន ទៅក្នុងទន្លេ និងរន្ធទឹកទាំងប៉ុន្មាន នោះក៏ប្រែទៅជាឈាមទាំងអស់ដែរ រួចខ្ញុំឮទេវតានៃទឹកនិយាយថា ឱព្រះដ៏គង់នៅ ហើយបានគង់នៅតាំងពីដើមរៀងមកអើយ ដែលទ្រង់បានជំនុំជំរះកាត់ទោសដូច្នេះ នោះសុចរិតហើយ ដ្បិតគេបានកំចាយឈាមនៃពួកបរិសុទ្ធ និងពួកហោរា ហើយទ្រង់បានប្រទានឈាមឲ្យគេផឹក គេគួរមានទោសដូច្នេះហើយ រួចខ្ញុំឮអាសនាទទួលថា មែនហើយ ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ សេចក្តីជំនុំជំរះរបស់ទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់ទាំងអស់ ទេវតាទី៤ក៏ចាក់ពីចានខ្លួន ទៅលើព្រះអាទិត្យ រួចព្រះអាទិត្យបានអំណាចនឹងធ្វើឲ្យមនុស្សត្រូវខ្លោច ដោយសារភ្លើង មនុស្សលោកក៏ត្រូវខ្លោចទៅ ដោយអំណាចក្តៅជាខ្លាំង តែគេមិនបានប្រែចិត្ត ដើម្បីនឹងលើកសរសើរដល់សិរីល្អនៃព្រះទេ គឺគេប្រមាថដល់ព្រះនាមព្រះ ដែលមានអំណាចលើសេចក្តីវេទនាទាំងនោះវិញ ឯទេវតាទី៥ ក៏ចាក់ពីចានខ្លួន ទៅលើបល្ល័ង្ករបស់សត្វនោះ រួចនគរវាត្រឡប់ទៅជាងងឹតសូន្យសុង ហើយគេខាំអណ្តាត ដោយមាន សេចក្តីទុក្ខលំបាក ក៏ប្រមាថដល់ព្រះនៃស្ថានសួគ៌ដោយព្រោះទុក្ខលំបាក និងដំបៅរបស់គេ តែមិនបានប្រែចិត្តលះចោលពីការដែលគេប្រព្រឹត្តឡើយ ទេវតាទី៦ ក៏ចាក់ពីចានខ្លួន ទៅលើទន្លេធំ គឺជាទន្លេអ៊ើប្រាត រួចទឹកទន្លេនោះក៏រីងទៅ ដើម្បីឲ្យបានរៀបចំផ្លូវរបស់ពួកស្តេចពីទិសខាងថ្ងៃរះ រួចខ្ញុំឃើញវិញ្ញាណអសោច៣ ដូចជាកង្កែប ចេញពីមាត់នាគ មាត់សត្វ និងពីមាត់ហោរាក្លែងក្លាយមក ដ្បិតវិញ្ញាណទាំងនោះ ជាវិញ្ញាណនៃពួកអារក្ស ដែលចេញទៅឯអស់ទាំងស្តេច នៅផែនដីទាំងមូល ទាំងធ្វើទីសំគាល់ ដើម្បីនឹងប្រមូលស្តេចទាំងនោះមកក្នុងចំបាំង នៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្តាបំផុត (មើល អញមកដូចជាចោរប្លន់ មានពរហើយ អ្នកណាដែលនៅចាំ ហើយរក្សាសំលៀកបំពាក់ខ្លួន ដើម្បីមិនឲ្យដើរអាក្រាត ឲ្យអ្នកណាឃើញកេរ្តិ៍ខ្មាសខ្លួនឡើយ) រួចវិញ្ញាណទាំងនោះ ក៏ប្រមូលគេទៅឯកន្លែង ដែលភាសាហេព្រើរហៅថា អើម៉ាគេដូន ទេវតាទី៧ ក៏ចាក់ពីចានខ្លួន ទៅក្នុងអាកាស រួចមានឮសំឡេងខ្លាំង ចេញពីបល្ល័ង្ក ក្នុងព្រះវិហារនៅស្ថានសួគ៌ មកថា ស្រេចហើយ រួចមានផ្លេកបន្ទោរ សូរសំឡេង និងផ្គរលាន់ ហើយមានកក្រើកដីជាខ្លាំងដែរ ដល់ម៉្លេះបានជាតាំងពីមានមនុស្សនៅផែនដីរៀងមក នោះមិនដែលមានកក្រើកដីយ៉ាងខ្លាំង ហើយសំបើមដូច្នេះឡើយ ទីក្រុងដ៏ធំញែកចេញជា៣ភាគ អស់ទាំងទីក្រុងរបស់សាសន៍ដទៃទាំងប៉ុន្មានក៏រលំ ហើយព្រះទ្រង់នឹកចាំពីក្រុងបាប៊ីឡូនដ៏ជាធំ ដើម្បីនឹងឲ្យពែងស្រារបស់សេចក្តីឃោរឃៅផងសេចក្តីខ្ញាល់ទ្រង់ដល់គេ នោះគ្រប់ទាំងកោះក៏បាត់ទៅ ហើយមិនឃើញមានភ្នំណាទៀតសោះឡើយ ក៏មានព្រិលយ៉ាងធំៗ គ្រាប់១ទំងន់១ហាប ធ្លាក់ចុះពីផ្ទៃមេឃមកលើមនុស្សលោក ហើយមនុស្សលោកក៏ប្រមាថដល់ព្រះ ដោយព្រោះសេចក្តីវេទនា នឹងព្រិលនោះ ពីព្រោះសេចក្តីវេទនានោះជាខ្លាំងក្រៃលែង»
 


ការកាត់ស្រាយ


ខ.១៖ ខ្ញុំក៏ឮសំឡេង១យ៉ាងខ្លាំង ចេញពីព្រះវិហារ ប្រាប់ទៅទេវតាទាំង៧ថា ចូរចាក់សេចក្តីឃោរឃៅរបស់ព្រះ ដែលនៅក្នុងចានទាំង៧ ទៅលើផែនដីទៅ។
តាមរយៈគ្រោះកាចនៃចានទាំង៧នៃសេចក្តីក្រោធ ព្រះនឹងនាំសេចក្តីក្រោធរបស់ទ្រង់មកពួកបាវបម្រើរបស់អាទទឹងនឹងព្រះគ្រីស្ទ និងមនុស្សរបស់វាដែលនៅរស់នៅលើផែនដីនេះ។ គ្រប់ទាំងសត្វ និងមនុស្សនឹងត្រូវបានបោសសម្អាត ដោយព្យុះនៃសេចក្តីក្រោធរបស់ព្រះ ដែលផ្ទុះឡើង បន្ទាប់ពីទ្រង់បានមានភាពអត់ធ្មត់អស់ រយៈពេលយ៉ាងច្រើនឆ្នាំមកហើយ ហើយពួកគេនឹងទទួលរងគ្រោះកាចដ៏ធំ ដែលនឹងត្រូវចាក់មកលើពួកគេ ក្នុងកំឡុងពេលសេសសល់ នៃរយៈពេលប្រាំពីរឆ្នាំនៃការរងទុក្ខវេទនាដ៏ធំ។ នៅពេលនេះ ពិភពលោកនេះនឹងត្រូវរលាយទៅជាផេះ ខណៈដែលវាត្រូវបាក់បែកខ្ទេចខ្ទីរ ហើយលែងមានអ្នកណានឹកនាំទៀតឡើយ។ 
វិវរណៈ ១៦ គឺជាជំពូកដែលគ្រោះកាចនៃចានទាំង៧ត្រូវបានចាក់ មក។ រហូតមកដល់ពេលវេលាចុងក្រោយនេះ អស់អ្នកដែលមិនស្គាល់ និងមិនជឿតាមដំណឹងល្អ ដែលធ្វើបន្ទាល់ពីសេចក្តីសង្រ្គោះ ហើយដែលនឹងជួយឲ្យពួកគេអាចត្រូវបានលើកឡើងទៅលើអាកាស ដោយព្រះអម្ចាស់ គឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នឹងត្រូវវិនាសទាំងអស់គ្នា ដោយសារគ្រោះកាចទាំងនេះ។ 

ខ.២៖ ទេវតាទី១ក៏ចេញទៅ ចាក់ពីចានខ្លួន ទៅលើផែនដី នោះមនុស្សដែលមានទីសំគាល់របស់សត្វ និងអស់ពួកអ្នកដែលក្រាបថ្វាយបង្គំដល់រូបវា គេក៏កើតដំបៅកាចអាក្រក់ណាស់។ 
គ្រោះកាចនៃដំបៅកាចអាក្រក់ ដែលតាមរយៈទេវតារបស់ទ្រង់ ព្រះនឹងចាក់មកលើអស់អ្នកដែលបានទទួលទីសម្គាល់របស់សត្វ។ គ្រោះកាចនៃដំបៅនេះគឺជាជម្ងឺសើស្បែកដែលមិនអាចព្យាបាលបាន 1ដែលនឹងករខ្ទុះនៅលើស្បែករបស់មនុស្សដែលឆ្លង ហើយនឹងរីករាលដាលលើសពីការករខ្ទុះនៅលើស្បែកទៀតផង។ ការរងទុក្ខនេះពិតជាធ្ងន់ធ្ងរណាស់ កាលណាអ្នកឆ្លងត្រូវរងការឈឺចាប់ ដោយសារគ្រោះកាចនៃដំបៅកាចអាក្រក់នេះ រហូតដល់ស្លាប់។ ប៉ុន្តែបន្ទាប់មកទៀត ព្រះនឹងមិនគ្រាន់តែចាក់គ្រោះកាចនៃដំបៅកាចអាក្រក់នេះ មកលើអស់អ្នកដែលបានទទួលទីសម្គាល់របស់សត្វប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏នឹងចាក់គ្រោះកាចចំនួនប្រាំមួយទៀតលើក្បាលរបស់ពួកគេផងដែរ។ ដូច្នេះ មនុស្សគ្រប់គ្នាត្រូវតែស្វែងរកផ្លូវគេចពីគ្រោះកាចទាំងនេះ នៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយគេចពីគ្រោះកាចដ៏អាក្រក់ទាំងនេះ ដោយការជឿតាមដំណឹងល្អនៅពេលឥឡូវនេះតែម្តង។ 
ព្រះអម្ចាស់របស់យើងមានបន្ទូលថា ទ្រង់នឹងចាក់គ្រោះកាចចំនួនប្រាំមួយទៀតមកលើអស់អ្នកដែលថ្វាយបង្គំសត្វ និងរូបរបស់វា។ តើអំពើបាបអ្វីដែលព្រះស្អប់ជាងគេបំផុត? អំពើបាបនេះគឺការបង្កើតរូបផ្សេងៗតាមអ្វីមួយ ឬអ្នកណាម្នាក់ ក្រៅពីព្រះ ហើយចុះចូល និងថ្វាយបង្គំរូបទាំងនោះ។ ដូច្នេះ យើងត្រូវតែដឹងយ៉ាងច្បាស់លាស់ថា ព្រះអម្ចាស់របស់យើង និងព្រះយេស៊ូវគ្រីស្ទគឺជាអ្នកណា ហើយជឿតាម និងថ្វាយព្រះគ្រីស្ទយេស៊ូវ។ គ្មានអ្វី និងគ្មានអ្នកណាម្នាក់នៅក្នុងសកលលោកទាំងមូលនេះ ដែលអាចធ្វើជាព្រះរបស់យើង ក្រៅពីព្រះអម្ចាស់ទ្រង់ផ្ទាល់បានឡើយ។ 
បើសិនអ្នកពិតជាចង់រួចពីគ្រោះកាចនៃដំបៅកាចអាក្រក់នេះ និងគ្រោះកាចចំនួនប្រាំមួយទៀតមែន ចូររៀនអំពី និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យចុះ។ មនុស្សច្រើនរាប់មិនអស់ដែលបានទាស់ប្រឆាំងនឹងព្រះ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ និងដែលបានបដិសេធមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នឹងត្រូវរងទុក្ខដោយសារគ្រោះកាចទាំងនេះ រហូតដល់ពួកគេវិនាស។

ខ.៣៖ ទេវតាទី២ ក៏ចាក់ពីចានខ្លួន ទៅក្នុងសមុទ្រ រួចសមុទ្រត្រឡប់ទៅជាឈាម ដូចជាឈាមខ្មោច ហើយគ្រប់ទាំងសត្វនៅក្នុងសមុទ្រក៏ស្លាប់អស់។ 
គ្រោះកាចទីពីរជាសមុទ្រត្រឡប់ទៅជាឈាមខ្មោច។ ព្រះនឹងសម្លាប់សត្វទាំងអស់នៅក្នុងសមុទ្រ ដោយគ្រោះកាចនេះ។ តាមរយៈគ្រោះកាចនៃចានទីពីរពីព្រះនេះ សមុទ្រនឹងស្អុយ ហើយសត្វទាំងអស់នៅក្នុងវានឹងលែងអាចរស់នៅក្នុងវាបានទៀតឡើយ។ ដូច្នេះ គ្មានអ្នកណាម្នាក់នឹងអាចបរិភោគផលពីសមុទ្របានទៀតឡើយ កាលណាព្រះចាក់គ្រោះកាចទីពីរនេះមក។ តាមរយៈគ្រោះកាចទីពីរនេះ ព្រះនឹងធ្វើឲ្យមនុស្សដឹងថា ទ្រង់មានព្រះជន្មគង់នៅ ហើយថា ទ្រង់គឺជាព្រះអម្ចាស់លើជីវិតទាំងអស់។
គ្រោះកាចទីពីរនេះគឺជាការជំនុំជម្រះរបស់ព្រះលើមនុស្សទាំងអស់នៅលើផែនដីនេះ ដែលមិនថ្វាយបង្គំព្រះអម្ចាស់ដ៏ជាព្រះ សម្រាប់ការបង្កបង្កើតរបស់ទ្រង់ តែបែរជាថ្វាយបង្គំរូបរបស់សត្វដែលជាខ្មាំងសត្រូវរបស់ព្រះ និងបានសម្លាប់ពួកបរិសុទ្ធទៅវិញ។ គ្រោះកាចទីពីរនេះពិតជាសាកសមបំផុតហើយ។ ព្រះបង្ហាញថា ទ្រង់នឹងដកភាពបរិបូរនៃធម្មជាតិចេញពីអស់អ្នកដែលមិនអរព្រះគុណដល់ព្រះអម្ចាស់ សម្រាប់គ្រប់យ៉ាងដែលព្រះបានបង្កើតមក។ 

ខ.៤-៧៖ ទេវតាទី៣ ក៏ចាក់ពីចានខ្លួន ទៅក្នុងទន្លេ និងរន្ធទឹកទាំងប៉ុន្មាន នោះក៏ប្រែទៅជាឈាមទាំងអស់ដែរ រួចខ្ញុំឮទេវតានៃទឹកនិយាយថា ឱព្រះដ៏គង់នៅ ហើយបានគង់នៅតាំងពីដើមរៀងមកអើយ ដែលទ្រង់បានជំនុំជំរះកាត់ទោសដូច្នេះ នោះសុចរិតហើយ ដ្បិតគេបានកំចាយឈាមនៃពួកបរិសុទ្ធ និងពួកហោរា ហើយទ្រង់បានប្រទានឈាមឲ្យគេផឹក គេគួរមានទោសដូច្នេះហើយ រួចខ្ញុំឮអាសនាទទួលថា មែនហើយ ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ សេចក្តីជំនុំជំរះរបស់ទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់ទាំងអស់។ 
គ្រោះកាចទីបី ដែលនឹងប្រែទន្លេ និងរន្ធទឹកឲ្យទៅជាឈាម ពិតជាគ្រោះកាចដ៏អាក្រក់បំផុត។ ដែលជាទណ្ឌកម្មសម្រាប់អំពើបាបរបស់អស់អ្នកដែលមិនជឿលើព្រះ គ្រោះកាចនេះនឹងប្រែរន្ធទឹកឲ្យទៅឈាម ហើយធ្វើមិនឲ្យពួកគេអាចរស់នៅលើផែនដីនេះបាន។ ព្រះនឹងធ្វើឲ្យទន្លេ និងរន្ធទឹកទាំងអស់ប្រែទៅជាឈាម។ គ្រោះកាចនេះក៏ជាការជំនុំជម្រះ តម្លៃ និងទណ្ឌកម្មផងដែរ លើមនុស្សនៅលើផែនដីនេះ ដែលទាស់ប្រឆាំងនឹងព្រះ ដែលបានប្រទានទឹកដ៏ជាឫសនៃជីវិតទាំងអស់។ 
មូលហេតុដែលព្រះនឹងនាំគ្រោះកាចនេះ មកលើអស់អ្នកដែលបានទាស់ប្រឆាំងនឹងទ្រង់ គឺពីព្រោះពួកគេបានសម្លាប់ពួកហោរា និងពួកបរិសុទ្ធរបស់ទ្រង់ ខណៈដែលពួកគេនៅលើផែនដីនេះ។ ពួកគេមិនគ្រាន់តែជាមនុស្សដែលបដិសេធមិនជឿ និងទទួលយកព្រះជាព្រះប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួរួមជាមួយនឹងអាទទឹងនឹងព្រះគ្រីស្ទ ក្នុងការទាស់ប្រឆាំងនឹងទ្រង់ផងដែរ។ 
ដោយគ្រប់គ្រងដោយអំណាចរបស់អាទទឹងនឹងព្រះគ្រីស្ទ អស់អ្នកដែលបានទាស់ប្រឆាំងនឹងសេចក្តីស្រឡាញ់របស់ព្រះនៅក្នុងលោកិយនេះ នឹងបៀតបៀន និងសម្លាប់ពួកបរិសុទ្ធស្ងួនភ្ងារបស់ព្រះ និងពួកអ្នកបម្រើរបស់ទ្រង់។ អស់អ្នកដែលមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅពេលនេះ ដែលព្រះអម្ចាស់បានប្រទានដល់យើង ដើម្បីសង្រ្គោះមនុស្សនៅក្នុងលោកិយនេះចេញពីបាប នឹងបង្ហូរឈាម ហើយសម្លាប់ពួកហោរា និងពួកបរិសុទ្ធនៅថ្ងៃចុងក្រោយ។ ដូច្នេះ ព្រះនឹងចាក់គ្រោះកាចទីបីរបស់ទ្រង់មកលើផែនដីនេះ ដែលពួកខ្មាំងសត្រូវរបស់ទ្រង់កំពុងតែរស់នៅ ហើយប្រែទឹកដ៏ជាឫសនៃជីវិតឲ្យទៅជាឈាម ដើម្បីបំផ្លាញពួកគេ។ 
នេះគឺជាការជំនុំជម្រះដ៏យុត្តិធម៌របស់ព្រះ ដែលធ្វើឲ្យពួកបរិសុទ្ធនៅលើអាកាសមានអំណរ។ ហេតុអ្វី? ពីព្រោះតាមរយៈការជំនុំជម្រះដ៏សុចរិតរបស់ទ្រង់លើពួកខ្មាំងសត្រូវដែលបានសម្លាប់ពួកបរិសុទ្ធ ព្រះនឹងសងសឹកពួកគេសម្រាប់ការស្លាប់របស់ពួកបរិសុទ្ធ។ ដូច្នេះ ពួកអ្នកបម្រើ និងពួកបរិសុទ្ធរបស់ព្រះមិនត្រូវភ័យខ្លាចទេ ប៉ុន្តែត្រូវតែការពារជំនឿរបស់ខ្លួននៅក្នុងព្រះអម្ចាស់វិញ ហើយសម្លឹងឆ្ពោះទៅកាន់សេចក្តីសន្យារបស់ព្រះ កាលណាពួកគេប្រឈមនឹងទុក្ករកម្មរបស់ពួកគេ។ 

ខ.៨-៩៖ ទេវតាទី៤ក៏ចាក់ពីចានខ្លួន ទៅលើព្រះអាទិត្យ រួចព្រះអាទិត្យបានអំណាចនឹងធ្វើឲ្យមនុស្សត្រូវខ្លោច ដោយសារភ្លើង មនុស្សលោកក៏ត្រូវខ្លោចទៅ ដោយអំណាចក្តៅជាខ្លាំង តែគេមិនបានប្រែចិត្ត ដើម្បីនឹងលើកសរសើរដល់សិរីល្អនៃព្រះទេ គឺគេប្រមាថដល់ព្រះនាមព្រះ ដែលមានអំណាចលើសេចក្តីវេទនាទាំងនោះវិញ។ 
កាលណាទេវតាទី៤ចាក់គ្រោះកាចមកលើព្រះអាទិត្យ មនុស្សនឹងត្រូវឆេះស្លាប់ ដោយសារភ្លើងដ៏សែនក្តៅ។ ព្រះនឹងនាំគ្រោះកាចនៃភ្លើងដ៏សែនក្តៅនេះមកអស់អ្នកដែលបានទាស់ប្រឆាំងនឹងទ្រង់។ ដោយសារផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យយ៉ាងត្រឹមត្រូវ បើសិនផែនដីងាកចេញពីគន្លងនេះ ហើយចូលទៅជិតព្រះអាទិត្យសូម្បីតែបន្តិច នោះជីវិតទាំងអស់នៅលើផែនដីនេះនឹងត្រូវឆេះស្លាប់។ ដូច្នេះ កាលណាគ្រោះកាចទី៤នេះមកដល់ មនុស្សដែលនៅរស់នៅលើផែនដីនេះ នឹងត្រូវឆេះស្លាប់ទាំង អស់។ ប៉ុន្តែពួកគេនៅតែមិនប្រែចិត្តចេញពីបាបនៃការទាស់ប្រឆាំងនឹងព្រះទៀត។ ហេតុអ្វី? ពីព្រោះដោយបានទាស់ប្រឆាំងនឹងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ពួកគេត្រូវបានកំណត់ឲ្យវិនាសរួចទៅហើយ។ ដូច្នេះ ឥឡូវនេះ គ្រប់គ្នាត្រូវតែប្រញាប់ត្រៀមជំនឿរបស់ខ្លួនជាស្រេច ដែលអាចជួយឲ្យពួកគេរួចផុតពីសេចក្តីក្រោធរបស់ព្រះ។ ជំនឿនេះ គឺត្រូវជឿ និងទទួលយកតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណជាសេចក្តីសង្រ្គោះរបស់យើង។ ដូច្នេះ គ្រប់គ្នាត្រូវតែជឿតាមសេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណ។ 

ខ.១០-១១៖ ឯទេវតាទី៥ ក៏ចាក់ពីចានខ្លួន ទៅលើបល្ល័ង្ករបស់សត្វនោះ រួចនគរវាត្រឡប់ទៅជាងងឹតសូន្យសុង ហើយគេខាំអណ្តាត ដោយមានសេចក្តីទុក្ខលំបាក ក៏ប្រមាថដល់ព្រះនៃស្ថានសួគ៌ដោយព្រោះទុក្ខលំបាក និងដំបៅរបស់គេ តែមិនបានប្រែចិត្តលះចោលពីការដែលគេប្រព្រឹត្តឡើយ។ 
គ្រោះកាចទី៥នឹងនាំភាពងងឹត និងការឈឺចាប់មកលើផែនដី។ ព្រះនឹងចាក់ចាននៃគ្រោះកាចទី៥នេះមកលើបល្ល័ង្ករបស់អាទទឹងនឹងព្រះគ្រីស្ទ ហើយនាំគ្រោះកាចនៃភាពងងឹត និងការឈឺចាប់មក។ ដោយសារគ្រោះកាចនេះ មនុស្សនឹងខំាអណ្តាតរបស់ខ្លួន ដោយសារពួកគេរងទុក្ខ និងឈឺចាប់ខ្លាំងពេក។ ព្រះនឹងធ្វើឲ្យប្រាកដថា ទ្រង់សងសឹកពួកគេសម្រាប់ការរងទុក្ខរបស់ពួកបរិសុទ្ធ ដោយការឈឺចាប់ដ៏ខ្លាំងចំនួនពីរដង។ 
នៅក្នុងន័យផ្សេង ព្រះនឹងធ្វើឲ្យពួកគេរងទុក្ខយ៉ាងខ្លាំង ដូចដែលពួកគេបានធ្វើឲ្យពួកបរិសុទ្ធរងទុក្ខពីមុនដែរ។ ប៉ុន្តែពួកគេនៅតែប្រមាថព្រះ និងមិនប្រែចិត្តដដែក ទោះបើពួកគេទទួលរងដំបៅយ៉ាងនេះក៏ដោយ។ ដូច្នេះ ពួកគេត្រូវតែទទួលទណ្ឌកម្មធ្លាក់ទៅក្នុងស្ថាននរកដែលឆេះអស់កល្បជានិច្ច។ 

ខ.១២៖ ទេវតាទី៦ ក៏ចាក់ពីចានខ្លួន ទៅលើទន្លេធំ គឺជាទន្លេអ៊ើប្រាត រួចទឹកទន្លេនោះក៏រីងទៅ ដើម្បីឲ្យបានរៀបចំផ្លូវរបស់ពួកស្តេចពីទិសខាងថ្ងៃរះ។ 
គ្រោះកាចនៃចានទី៦គឺជាគ្រោះទុរ្ភិក្ស ដែលនឹងធ្វើឲ្យទន្លេអើប្រាតរីងស្ងួត។ មនុស្សជាតិនឹងប្រឈមនឹងការរងទុក្ខដ៏ធ្ងន់ធ្ងរបំផុតពីគ្រោះកាចនេះ។ គ្រោះកាចនៃទុរ្ភិក្សគឺជាគ្រោះកាចដែលគំរាមកំហែងយ៉ាងខ្លាំងបំផុតដល់អាយុជីវិតរបស់មនុស្សម្នាក់ៗ។ គ្រោះកាចនេះដែលសម្រាប់អស់អ្នកដែលបដិសេធដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យ បង្ហាញប្រាប់យើងពីភាពធ្ងន់ធ្ងរនៃទណ្ឌកម្មលើអស់អ្នកដែលបានបដិសេធសេចក្តីស្រឡាញ់របស់ព្រះ និងបានទាស់ប្រឆាំងនឹងទ្រង់។ បន្តិចទៀត ទាហាននៃព្រះពីស្ថានសួគ៌ និងទាហាននៃសាតាំងពីផែនដី នឹងប្រកាសធ្វើសង្រ្គាមចុងក្រោយបង្អស់នៅលើសមរភូមិនេះ។ ប៉ុន្តែព្រះនឹងយកឈ្នះ ហើយបំផ្លាញសាតាំង និងអ្នកដើរតាមរបស់វា។

ខ.១៣៖ រួចខ្ញុំឃើញវិញ្ញាណអសោច៣ ដូចជាកង្កែប ចេញពីមាត់នាគ មាត់សត្វ និងពីមាត់ហោរាក្លែងក្លាយមក។ 
ខនេះបង្ហាញយើងថា កិច្ចការរបស់ពួកវិញ្ញាណអាក្រក់ទាំងអស់ចេញមកពីមាត់របស់សាតាំង សត្វរបស់វា និងពួកហោរាក្លែងក្លាយ។ កិច្ចការរបស់វិញ្ញាណអាក្រក់នឹងគ្រប់គ្រងលើពិភពលោកទាំងមូល កាលណាទីបញ្ចប់របស់វាជិតមកដល់។ ពួកវិញ្ញាណអាក្រក់នឹងបញ្ឆោតមនុស្ស ហើយដឹកនាំពួកគេទៅកាន់សេចក្តីវិនាស ដោយសារការធ្វើការអស្ចារ្យ និងទីសម្គាល់ផ្សេងៗពីសាតាំង ពួកហោរាក្លែងក្លាយ និងអាទទឹងនឹងព្រះ គ្រីស្ទ។ ពិភពលោកនៅថ្ងៃចុងក្រោយ នឹងក្លាយជាពិភពលោករបស់ពួកវិញ្ញាណអាក្រក់។ ប៉ុន្តែព្រះនឹងនាំពិភពលោករបស់ពួកវាទៅកាន់ទីបញ្ចប់ ដោយគ្រោះកាចនៃចានទាំង៧ ដែលព្រះយេស៊ូវនឹងចាក់មក និងការយាងត្រឡប់មកជាលើកទីពីររបស់ទ្រង់។ 

ខ.១៤៖ ដ្បិតវិញ្ញាណទាំងនោះ ជាវិញ្ញាណនៃពួកអារក្ស ដែលចេញទៅឯអស់ទាំងស្តេច នៅផែនដីទាំងមូល ទាំងធ្វើទីសំគាល់ ដើម្បីនឹងប្រមូលស្តេចទាំងនោះមកក្នុងចំបាំង នៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្តាបំផុត។ 
ពួកវិញ្ញាណអាក្រក់នឹងធ្វើឲ្យចិត្តរបស់ស្តេចទាំងអស់នៅក្នុងពិភពលោកទាំងមូលបានរួបរួមគ្នានៅកន្លែងមួយ ដើម្បីធ្វើសង្រ្គាមប្រឆាំងនឹងព្រះ។ នៅក្នុងពិភពលោកនៅថ្ងៃចុងក្រោយ ចិត្តរបស់មនុស្សម្នាក់ៗនឹងត្រូវបានដឹកនាំ ដោយពួកវិញ្ញាណអាក្រក់ ហើយពួកគេនឹងធ្វើជាបាវបម្រើរបស់សាតាំង ដែលធ្វើការងាររបស់អារក្ស។ 

ខ.១៥៖ (មើល អញមកដូចជាចោរប្លន់ មានពរហើយ អ្នកណាដែលនៅចាំ ហើយរក្សាសំលៀកបំពាក់ខ្លួន ដើម្បីមិនឲ្យដើរអាក្រាត ឲ្យអ្នកណាឃើញកេរ្តិ៍ខ្មាសខ្លួនឡើយ)។ 
ព្រះអម្ចាស់នឹងយាងមកផែនដីនេះដូចជាចោរប្លន់ ហើយអស់អ្នកដែលការពារជំនឿរបស់ខ្លួន និងប្រកាសដំណឹងល្អរបស់ទ្រង់ រហូតដល់ការចាក់គ្រោះកាចនៃចានទី៧ នឹងទទួលបានព្រះពរដ៏អស្ចារ្យ។ ព្រះ អម្ចាស់របស់យើងប្រាប់ពួកបរិសុទ្ធនៅថ្ងៃក្រោយថា ពួកគេត្រូវតែរស់នៅ ដោយសារជំនឿរបស់ពួកគេតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលទ្រង់បានប្រទានឲ្យ ហើយការពារជំនឿនេះ រហូតដល់ថ្ងៃចុងក្រោយរបស់ពួកគេ។ អស់អ្នកដែលការពារជំនឿរបស់ខ្លួននៅក្នុងព្រះអម្ចាស់ មុនពេលការចាក់គ្រោះកាចនៃចានទី៧ នឹងទទួលបានរង្វាន់ដ៏អស្ចារ្យពីទ្រង់។ ព្រះអម្ចាស់របស់យើងពិតជានឹងយាងមកម្តងទៀត ដើម្បីស្វែងរកអស់អ្នកដែលទ្រង់នឹងប្រទានព្រះពររបស់ទ្រង់ឲ្យ។ 

ខ.១៦៖ រួចវិញ្ញាណទាំងនោះ ក៏ប្រមូលគេទៅឯកន្លែង ដែលភាសាហេព្រើរហៅថា អើម៉ាគេដូន។ 
ព្រះគម្ពីរទាយថា សង្រ្គាមចុងក្រោយរវាងសាតាំង និងព្រះ នឹងកើតឡើងនៅកន្លែងមួយ ដែលគេហៅថា អើម៉ាគេដូន។ ប៉ុន្តែដោយសារព្រះមានសព្វញ្ញុតភាព ទ្រង់នឹងយកជ័យជំនះលើសាតាំង ហើយបោះសត្វទៅក្នុងបឹងភ្លើង។ យើងត្រូវតែដឹងថា សាតាំងតែងតែជាអ្នកបញ្ឆោត ហើយយើងត្រូវតែរក្សាជំនឿរបស់យើងនៅក្នុងព្រះអម្ចាស់ឲ្យបានខ្ជាប់ខ្ជួន រហូតដល់ថ្ងៃដែលយើងឈរនៅចំពោះព្រះ។

ខ.១៧-២១៖ ទេវតាទី៧ ក៏ចាក់ពីចានខ្លួន ទៅក្នុងអាកាស រួចមានឮសំឡេងខ្លាំង ចេញពីបល្ល័ង្ក ក្នុងព្រះវិហារនៅស្ថានសួគ៌ មកថា ស្រេចហើយ រួចមានផ្លេកបន្ទោរ សូរសំឡេង និងផ្គរលាន់ ហើយមានកក្រើកដីជាខ្លាំងដែរ ដល់ម៉្លេះបានជាតាំងពីមានមនុស្សនៅផែនដីរៀងមក នោះមិនដែលមានកក្រើកដីយ៉ាងខ្លាំង ហើយសំបើមដូច្នេះឡើយ ទីក្រុងដ៏ធំញែកចេញជា៣ភាគ អស់ទាំងទីក្រុងរបស់សាសន៍ដទៃទាំងប៉ុន្មានក៏រលំ ហើយព្រះទ្រង់នឹកចាំពីក្រុងបាប៊ីឡូនដ៏ជាធំ ដើម្បីនឹងឲ្យពែងស្រារបស់សេចក្តីឃោរឃៅផងសេចក្តីខ្ញាល់ទ្រង់ដល់គេ នោះគ្រប់ទាំងកោះក៏បាត់ទៅ ហើយមិនឃើញមានភ្នំណាទៀតសោះឡើយ ក៏មានព្រិលយ៉ាងធំៗ គ្រាប់១ទំងន់១ហាប ធ្លាក់ចុះពីផ្ទៃមេឃមកលើមនុស្សលោក ហើយមនុស្សលោកក៏ប្រមាថដល់ព្រះ ដោយព្រោះសេចក្តីវេទនា នឹងព្រិលនោះ ពីព្រោះសេចក្តីវេទនានោះជាខ្លាំងក្រៃលែង។
កាលណាព្រះចាក់គ្រោះកាចនៃចានទីប្រាំពីរទៅក្នុងអាកាស នឹងមានផ្លេកបន្ទោរ និងសម្លេងផ្គរលាន់កក្រើកមេឃ ហើយក៏មានការរញ្ជួយដី និងព្រិលយ៉ាងធំវាយប្រហារផែនដីនេះ ដែលមិនធ្លាប់មានពីមុនមក ឡើយ។ តាមរយៈគ្រោះមហន្តរាយទាំងនេះ ពិភពលោកចាស់នឹងរលាយបាត់ ដោយមិនបន្សល់ដានអ្វីសោះឡើយ។ បន្ទាប់ពីនេះ ពួកបរិសុទ្ធនឹងរស់នៅក្នុងសិរីល្អ ជាមួយព្រះយេស៊ូវនៅលើផែនដីថ្មី សម្រាប់រយៈពេលមួយពាន់ឆ្នាំ។
កាលណារយៈពេលមួយពាន់ឆ្នាំកន្លងផុតទៅ ហើយពេលវេលានៃការបំពេញសម្រេចសេចក្តីសន្យារបស់ទ្រង់អំពីផ្ទៃមេឃថ្មី និងផែនដីថ្មីសម្រាប់ពួកបរិសុទ្ធមកដល់ ព្រះនឹងធ្វើឲ្យផែនដីចាស់រលាយបាត់ ហើយប្រទានផ្ទៃមេឃថ្មី និងផែនដីថ្មីរដល់ពួកបរិសុទ្ធ។ បន្ទាប់មក ពួកបរិសុទ្ធនឹងសោយរាជ្យជាមួយព្រះនៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មីនេះ អស់កល្បជានិច្ច។ ពួកបរិសុទ្ធត្រូវតែជឿថា ពួកគេត្រូវតែរស់នៅក្នុងនគររាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ ហើយបន្ទាប់មក រស់នៅក្នុងសិរីល្អនៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី។ ពួកគេត្រូវតែរស់នៅក្នុងសេចក្តីសង្ឃឹមនេះ ហើយរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់។