Search

خطبات

Subject 11 : រោងឧបោសថ

[11-5] របៀបដែលជនជាតិ អ៊ីស្រាអែលចូលមកថ្វាយតង្វាយក្នុងរោងឧបោសថ៖ សាវតារប្រវត្តិសាស្ត្រ (លោកុប្បត្តិ ១៥:១-២១)

របៀបដែលជនជាតិ អ៊ីស្រាអែលចូលមកថ្វាយតង្វាយក្នុងរោងឧបោសថ៖ សាវតារប្រវត្តិសាស្ត្រ
(លោកុប្បត្តិ ១៥:១-២១)
«ក្រោយការទាំងនោះមក ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអាប់រ៉ាមដោយការជាក់ស្តែងថា អាប់រ៉ាមអើយ កុំឲ្យខ្លាចអ្វីឡើយ អញជាខែល ហើយជារង្វាន់ដ៏ធំក្រៃលែងរបស់ឯង នោះអាប់រ៉ាមគាត់ទូលសួរថា ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ តើទ្រង់នឹងប្រទានអ្វីមកទូលបង្គំ ដែលទូលបង្គំចេះតែនៅដោយឥតមានកូនដូច្នេះ ហើយអ្នកដែលត្រូវធ្វើជាម្ចាស់លើផ្ទះទូលបង្គំ នោះមានតែអេលាស៊ើរជាអ្នកស្រុកដាម៉ាសនេះប៉ុណ្ណោះ អាប់រ៉ាមក៏ទូលទៀតថា មើល ទ្រង់មិនបានប្រទានឲ្យទូលបង្គំមានកូនសោះ ហើយមើល បាវម្នាក់ដែលកើតនៅផ្ទះទូលបង្គំ វានឹងគ្រងមរដករបស់ទូលបង្គំហើយ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងគាត់ថា អ្នកនោះមិនត្រូវស៊ីមរដករបស់ឯងទេ គឺជាម្នាក់ដែលនឹងកើតពីឯងមកវិញទេតើ ដែលត្រូវស៊ីមរដករបស់ឯងនោះ រួចទ្រង់នាំគាត់ចេញទៅក្រៅប្រាប់ថា ចូរមើលទៅលើមេឃឥឡូវ ហើយរាប់ផ្កាយចុះ បើឯងអាចនឹងរាប់ទាំងអស់បាន រួចទ្រង់មានព្រះបន្ទូលប្រាប់ថា ពូជឯងនឹងបានដូច្នោះដែរ គាត់ក៏ជឿដល់ព្រះយេហូវ៉ា ហើយទ្រង់រាប់សេចក្តីជំនឿនោះ ទុកជាសេចក្តីសុចរិតដល់គាត់ នោះទ្រង់មានព្រះបន្ទូលទៅគាត់ថា អញជាព្រះយេហូវ៉ា ដែលនាំឯងចេញពីស្រុកអ៊ើររបស់សាសន៍ខាល់ដេ មកដើម្បីនឹងឲ្យស្រុកនេះដល់ឯងទុកជាកេរអាករ រួចគាត់ទូលសួរថា ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ តើទូលបង្គំនឹងដឹងដោយសារអ្វីថា ទូលបង្គំនឹងបានស្រុកនេះជាកេរអាករពិត នោះទ្រង់មានព្រះបន្ទូលថា ចូរយកគោញី១អាយុ៣ខួប ពពែញី១អាយុ៣ខួប ចៀមឈ្មោល១ អាយុ៣ខួប ហើយលលក១ និងព្រាបជំទើ១មកឲ្យអញ គាត់ក៏យកសត្វទាំងនោះមកពុះជា២ភាគ រួចដាក់ចំហៀងប្រទល់គ្នា តែសត្វស្លាបគាត់មិនពុះទេ ឯពួកសត្វហើរក៏ចុះមកលើខ្មោចនៃសត្វទាំងនោះ តែអាប់រ៉ាមដេញវាទៅ លុះដល់វេលាថ្ងៃដែលកំពុងតែលិច អាប់រ៉ាមក៏ដេកលក់យន់ទៅ នោះឃើញមានងងឹតយ៉ាងខ្លាំងគួរស្ញែងខ្លាចចុះមកគ្របលើគាត់ រួចទ្រង់មានព្រះបន្ទូលប្រាប់អាប់រ៉ាមថា ចូរដឹងជាប្រាកដថា ពូជឯងនឹងត្រូវទៅជាអ្នកដទៃនៅស្រុក១ដែលមិនមែនជាស្រុករបស់ផងខ្លួន ហើយត្រូវបំរើពួកស្រុកនោះ ដែលគេនឹងសង្កត់សង្កិនឯងអស់រវាង៤០០ឆ្នាំ តែអញនឹងជំនុំជំរះសាសន៍ដែលឯងត្រូវបំរើនោះ រួចពីនោះមក ពូជឯងនឹងចេញមកទាំងមានទ្រព្យសម្បត្តិជាច្រើនវិញ ឯឯងនឹងទៅឯពួកឰយុកោឯងដោយសុខសាន្ត ហើយគេនឹងកប់ឯង ក្រោយដែលឯងមានអាយុវែងល្អហើយ ដល់ដំណរទី៤ នោះគេនឹងវិលមកឯណេះវិញ ដ្បិតសេចក្តីទុច្ចរិតរបស់ពួកសាសន៍អាម៉ូរីមិនទាន់ពោរពេញនៅឡើយ រួចកាលថ្ងៃលិចទៅ បានងងឹតហើយ នោះឃើញមានគុកភ្លើងហុយផ្សែង និងចន្លោះដែលឆេះទៅមកនៅកណ្តាលដុំសាច់ទាំងនោះ នៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់តាំងសញ្ញានឹងអាប់រ៉ាមថា អញឲ្យស្រុកនេះដល់ពូជឯង ចាប់តាំងពីទន្លេស្រុកអេស៊ីព្ទរហូតដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត ព្រមទាំងពួកកែន ពួកគេនិស៊ីត ពួកកាត់ម៉ូនី ពួកហេត ពួកពេរិស៊ីត ពួករេផែម ពួកអាម៉ូរី ពួកកាណាន ពួកគើកាស៊ី ហើយនឹងពួកយេប៊ូសផង។» 
 
 

ជំនឿរបស់លោកអ័ប្រាហាំតាមព្រះបន្ទូលព្រះ


ខ្ញុំមានការគោរព និងការកោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះសេចក្តីជំនឿរបស់លោកអ័ប្រាហាំ ដែលត្រូវបានបង្ហាញប្រាប់នៅក្នុងព្រះគម្ពីរ។ កាលណាយើងពិនិត្យមើលសេចក្តីជំនឿរបស់លោកអ័ប្រាហាំ យើងអាចមើលឃើញការខិតខំនៃជំនឿរបស់គាត់ទាំងអស់ ក្នុងការដើរតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ហើយដូច្នេះ យើងពិតជាកោតសរសើរជំនឿរបស់ គាត់។ ព្រះបានប្រទានពរយ៉ាងខ្លាំង ដល់លោកអ័រប្រាហាំ ដូចដែល លោកុប្បត្តិ ១២:៣ បង្ហាញប្រាប់យើងថា «អញនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរដល់ឯង ហើយនឹងដាក់បណ្តាសាដល់អស់អ្នកណាដែលផ្តាសាឯង គ្រប់ទាំងគ្រួនៅផែនដីនឹងបានពរដោយសារឯង »។ ហើយព្រះពរដ៏ធំនេះក៏មាននៅក្នុង លោកុប្បត្តិ ១៥:១ ផងដែរ ដែលព្រះបានប្រកាសទៅកាន់លោកអ័ប្រាហាំថា «អាប់រ៉ាមអើយ កុំឲ្យខ្លាចអ្វីឡើយ អញជាខែល ហើយជារង្វាន់ដ៏ធំក្រៃលែងរបស់ឯង»។ ព្រះមានសេចក្តីស្រឡាញ់ពិសេសនេះសម្រាប់លោកអ័ប្រាហាំ គឺទ្រង់ធ្វើជាព្រះរបស់គាត់ផ្ទាល់។ 
បន្ទាប់ពីដឹកនាំលោកអ័ប្រាហាំចេញពីស្រុកអ៊ើរ ព្រះបានលេចមកឯគាត់ ហើយមានបន្ទូលប្រាប់គាត់ថា «អញជាខែល ហើយជារង្វាន់ដ៏ធំក្រៃលែងរបស់ឯង»។ នៅពេលព្រះមានបន្ទូលដូច្នេះ លោកអ័ប្រាហាំសួរទ្រង់វិញថា «តើព្រះអង្គនឹងប្រទានអ្វីដល់ទូលបង្គំ?»។ សំណួរនេះមិនមែនជាពាក្យនៃការមិនជឿ ដែលចេញពីចិត្តសង្ស័យអំពីអ្វីដែលព្រះអាចប្រទានឲ្យគាត់នោះទេ ប៉ុន្តែវាមានបំណងចិត្តស្មោះត្រង់របស់លោកអ័ប្រាហាំក្នុងការទទួលព្រះពរពីព្រះ។ ដូច្នេះ តើព្រះពរអ្វីដែលគាត់ចង់បានពីព្រះ? នេះមាននៅក្នុងអ្វីដែលគាត់បានទូលព្រះថា៖ «តើព្រះអង្គនឹងប្រទានអ្វីដល់ទូលបង្គំ? ដោយសារទូលបង្គំមិនមានកូន បាវបម្រើរបស់ទូលបង្គំ អេលាសើរជាអ្នកស្រុកដាម៉ាស គឺជាអ្នកស្នងមរដករបស់ទូលបង្គំ ហើយវានឹងធ្វើជាកូនប្រុសចិញ្ចឹមរបស់ទូលបង្គំ ដែលនឹងស្នងមរដកទាំងអស់របស់ទូលបង្គំ! ដូច្នេះ តើព្រះអង្គនឹងប្រទានអ្វីដល់ទូលបង្គំ?»។ នៅទីនេះ យើងគួរតែយល់ថា គាត់ពិតជាចង់បានកូនប្រុសបង្កើតខ្លាំងយ៉ាងណាហើយ។ អ្នកដែលជ្រើសមិនមានកូនបង្កើតរបស់ខ្លួន ប្រហែលមិនយល់ពីបំណងចិត្តស្មោះត្រង់លោកអ័ប្រាហាំទេ ប៉ុន្តែគាត់ពិតជាប្រាថ្នាចង់បានកូនប្រុសបង្កើតរបស់គាត់ ដើម្បីធ្វើជាអ្នកស្នងមរដកមែន។ 
ដូចដែលព្រះប្រទានព្រះពរទាំងអស់របស់ទ្រង់ ដល់កូនៗរបស់ទ្រង់ ដែលទ្រង់បង្កើតមកតាមរូបអង្គទ្រង់ មនុស្សក៏មានបំណងចិត្តចង់ផ្តល់គ្រប់យ៉ាងដែលល្អបំផុតដល់កូនៗរបស់ពួកគេផងដែរ។ ដូច្នេះ នៅពេលលោកអ័ប្រាហាំទូលព្រះថា «បាវបម្រើរបស់ទូលបង្គំនឹងស្នងមរដករបស់ទូលបង្គំ! យើងអាចយល់ពីបំណងចិត្តរបស់គាត់ក្នុងការទទួលបានព្រះពរពីព្រះ។ បន្ទាប់មក ព្រះបានមានបន្ទូលទៅគាត់ថា «មិនពិតទេ។ កូនដែលចេញមកពីឯង នឹងធ្វើជាអ្នកស្នងមរដករបស់ឯង។ កូនដែលកើតចេញពីប្រពន្ធរបស់ឯង នឹងធ្វើជាអ្នកស្នងមរដករបស់ឯង មិនមែនបាវបម្រើរបស់ឯង អេលាសើរជាអ្នកស្រុកដាម៉ាសឡើយ»។ 
បន្ទាប់មក ព្រះបាននាំលោកអ័ប្រាហាំចេញមកខាងក្រៅ ហើយបង្គាប់ឲ្យគាត់មើលទៅលើមេញ ហើយរាប់ផ្កាយទាំងអស់។ ដូច្នេះ គាត់បានសម្លឹងមើលទៅលើមេឃ ឃើញផ្កាយ និងកាឡាស៊ីស្រស់ស្អាតនៅពេញមេឃ។ បន្ទាប់មក ព្រះបានប្រាប់ឲ្យគាត់រាប់ផ្កាយទាំងនោះ ប៉ុន្តែគាត់បានឆ្លើយថា មានផ្កាយយ៉ាងច្រើនរាប់មិនអស់ ដែលគាត់មិនអាចរាប់អស់បានឡើយ។ បន្ទាប់មក ព្រះបានសន្យានឹងគាត់ថា ទ្រង់នឹងប្រទានដល់គាត់នូវពូជពង្សយ៉ាងច្រើនដូចជាផ្កាយនៅលើមេឃ។ 
លោកអ័ប្រាហាំបានជឿតាមព្រះបន្ទូលសន្យា ដែលព្រះបានប្រទានដល់គាត់។ នេះគឺជារបៀបដែលគាត់បានក្លាយជាឪពុកនៃសេចក្តីជំនឿ ដែលពិតជាបានជឿតាមព្រះបន្ទូលទាំងអស់របស់ព្រះ។ ដូច្នេះ ព្រះបានមានបន្ទូលទៅកាន់គាត់ថា «សេចក្តីជំនឿរបស់ឯងត្រឹមត្រូវហើយ។ ឯងពិតជាជឿតាមពាក្យរបស់អញមែន។ ដូច្នេះ អញនឹងប្រទានពូជពង្សដ៏ច្រើនដូចជាផ្កាយនៅលើមេឃដល់ឯង»។ 
 
 

តង្វាយយញ្ញបូជារបស់លោកអ័ប្រាហាំ និងសេចក្តីសន្យារបស់ព្រះអំពីទឹកដីកាណាន


ព្រះបាននាំលោកអ័ប្រាហាំចេញពីទឹកដីខាល់ដេ ហើយបានសន្យានឹងគាត់ថា ទ្រង់នឹងប្រទានដល់គាត់ និងពូជពង្សរបស់គាត់នូវទឹកដី កាណាន។ ដូច្នេះ តើអ្វីជាភស្តុតាងបញ្ជាក់ថា ព្រះនឹងបំពេញតាមសេចក្តីសន្យានេះ? នេះត្រូវបានបង្ហាញនៅក្នុងអ្វីដែលព្រះបានប្រាប់លោក អ័ប្រាហាំថា «ចូរយកគោញី១អាយុ៣ខួប ពពែញី១អាយុ៣ខួប ចៀមឈ្មោល១ អាយុ៣ខួប ហើយលលក១ និងព្រាបជំទើ១មកឲ្យអញ។ នេះគឺជាភស្តុតាងនៃ សម្ព័ន្ធមេត្រីដែលអញមានធ្វើជាមួយឯង ដើម្បីប្រទានទឹកដីកាណានដល់ពូជពង្សរបស់ឯង»។ នេះបង្ហាញប្រាប់យើងថា ពូជពង្សរបស់លោកអ័ប្រាហាំនឹងថ្វាយតង្វាយយញ្ញបូជាទៅកាន់ព្រះ ដើម្បីបានស្អាតពីអំពើបាបរបស់ពួកគេ ហើយវាគឺជាសេចក្តីសន្យារបស់ព្រះ ដែលដោយសារជំនឿនេះ ពួកគេនឹងបានចូលទៅក្នុងទឹកដីកាណាន។ 
នៅពេលលោកអ័ប្រាហាំបានដេកលង់លក់ ខណៈដែលកំពុងតែថ្វាយតង្វាយយញ្ញបូជា ព្រះបានលេចមកឯគាត់ ហើយបានសន្យានឹងគាត់ថា «ចូរដឹងជាប្រាកដថា ពូជឯងនឹងត្រូវទៅជាអ្នកដទៃនៅស្រុក១ដែលមិនមែនជាស្រុករបស់ផងខ្លួន ហើយត្រូវបំរើពួកស្រុកនោះ ដែលគេនឹងសង្កត់សង្កិនឯងអស់រវាង៤០០ឆ្នាំ តែអញនឹងជំនុំជំរះសាសន៍ដែលឯងត្រូវបំរើនោះ រួចពីនោះមក ពូជឯងនឹងចេញមកទាំងមានទ្រព្យសម្បត្តិជាច្រើនវិញ ឯឯងនឹងទៅឯពួកឰយុកោឯងដោយសុខសាន្ត ហើយគេនឹងកប់ឯង ក្រោយដែលឯងមានអាយុវែងល្អហើយ ដល់ដំណរទី៤ នោះគេនឹងវិលមកឯណេះវិញ ដ្បិតសេចក្តីទុច្ចរិតរបស់ពួកសាសន៍អាម៉ូរីមិនទាន់ពោរពេញនៅឡើយ» (លោកុប្បត្តិ ១៥:១៣-១៦)។ 
ក្នុងន័យផ្សេង ព្រះបានសន្យាថា ទ្រង់នឹងធ្វើឲ្យជនជាតិអ៊ីស្រាអែលចម្រុងចម្រើននៅក្នុងទឹកដីស្រុកអេស៊ីព្ទ ហើយបន្ទាប់មក ដឹកនាំពួកគេទៅកាន់ទឹកដីកាណាន។ ហើយដើម្បីធ្វើដូច្នេះ ទ្រង់បានសម្រេចព្រះទ័យបង្គាប់ឲ្យពួកគេថ្វាយតង្វាយដែលដោះអំពើបាបរបស់ពួកគេចេញ នៅក្នុងរោងឧបោសថ។ ដើម្បីបង្ហាញលោកអ័ប្រាហាំថា ទ្រង់នឹងបំពេញតាម សេចក្តីសន្យានេះ ព្រះបានធ្វើចន្លុះដែលឆេះនៅកណ្តាលដុំសាច់នៃតង្វាយយញ្ញបូជារបស់លោកអ័ប្រាហាំ។ 
តាមរបៀបនេះ សេចក្តីសន្យារបស់ព្រះចំពោះលោកអ័ប្រាហាំថា ទ្រង់នឹងយកគាត់ និងពូជពង្សរបស់គាត់ធ្វើជារាស្ត្ររបស់ទ្រង់ បានមក ដោយសារតង្វាយយញ្ញបូជានៃការអត់ទោសបាប។ ហើយព្រះក៏បានប្រាប់លោកអ័ប្រាហាំផងដែរថា «អញឲ្យស្រុកនេះដល់ពូជឯង ចាប់តាំងពីទន្លេស្រុកអេស៊ីព្ទរហូតដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត ព្រមទាំងពួកកែន ពួកគេនិស៊ីត ពួកកាត់ម៉ូនី ពួកហេត ពួកពេរិស៊ីត ពួករេផែម ពួកអាម៉ូរី ពួកកាណាន ពួកគើកាស៊ី ហើយនឹងពួកយេប៊ូសផង»។ មូលហេតុដែលព្រះបានសន្យាដូច្នេះ គឺដើម្បីបង្ហាញថា ទ្រង់នឹងលាងសម្អាតអំពើបាបរបស់លោកអ័ប្រាហាំ និងពូជពង្សរបស់គាត់ តាមរយៈតង្វាយយញ្ញបូជា។ ហើយដំណើរការបំពេញសម្រេចរបស់ព្រះចំពោះព្រះបន្ទូលសន្យាជាមួយលោកអ័ប្រាហាំនេះ ត្រូវបានបង្ហាញពេញក្នុងប្រវត្តិសាស្ត្រនៃព្រះគម្ពីរសញ្ញាចាស់។ 
ព្រះបានធ្វើឲ្យលោកយ៉ូសែបក្លាយជានាយករដ្ឋមន្ត្រីនៃស្រុកអេស៊ីព្ទ ហើយបានដឹកនាំគ្រួសាររបស់យ៉ាកុបមកទឹកដីស្រុកអេស៊ីព្ទ ដើម្បីចម្រើនពួកគេឡើង (លោកុប្បត្តិ ៤១:៣៧-៤៥; លោកុប្បត្តិ ៤៧)។ ប៉ុន្តែខណៈដែលពេលវេលាកន្លងទៅ មានស្តេចផារ៉ោនថ្មី ដែលមិនបានដឹងពីស្នាដៃដ៏លេចធ្លោរក្នុងការបម្រើសង្គមស្រុកអេស៊ីព្ទរបស់លោកយ៉ូសែប ហើយ ស្តេចនោះក៏បានចាប់ផ្តើមបៀតបៀនដល់ជនជាតិអ៊ីស្រាអែល ដែលកំពុងតែចម្រុងចម្រើននៅក្នុងទឹកដីស្រុកអេស៊ីព្ទ។ ក្រោយមកបន្តិច គេបានបង្ខំឲ្យជនជាតិអ៊ីស្រាអែលធ្វើជាទាសករដាច់ថ្លៃ ធ្វើការដោយជាប់ចំណងសម្រាប់ស្រុកអេស៊ីព្ទ (និក្ខមនំ ១:៨-១៤)។ ទោះបីដូច្នេះ ជនជាតិ អ៊ីស្រាអែលនៅតែបន្តចម្រុងចម្រើនដដែល ហើយដូច្នេះ ស្តេចផារ៉ោនបានធ្វើទុក្ខពួកគេដោយបន្ទុកនៃទាសភាពកាន់តែធ្ងន់ធ្ងរ។ នៅពេលជនជាតិ អ៊ីស្រាអែលរងទុក្ខនៅក្នុងស្រុកអេស៊ីព្ទ ដោយជាប់ចំណងអស់រយៈពេល៤០០ឆ្នាំនេះហើយ ដែលពួកគេបែរមកស្វែងរកព្រះអង្គសង្រ្គោះវិញ។ 
តាមរយៈលោកម៉ូសេ ព្រះបានដឹកនាំពួកគេចេញពីស្រុកអេស៊ីព្ទ ដើម្បីគេចចេញពីចំណង (និក្ខមនំ ១៤:២១-២៥)។ ព្រះបានប្រទានប្រព័ន្ធថ្វាយយញ្ញបូជាក្នុងរោងឧបោសថ តាមរយៈលោកម៉ូសេ ដល់ជនជាតិអ៊ីស្រាអែលដែលបានរួចពីទឹកដីស្រុកអេស៊ីព្ទ ហើយលាងសម្អាតអំពើបាបរបស់ពួកគេ ដោយការថ្វាយយញ្ញបូជារបស់ពួកគេទៅកាន់ទ្រង់។ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានទទួលក្រិត្យវិន័យពីព្រះ (និក្ខមនំ ២០) និងប្រព័ន្ធថ្វាយយញ្ញបូជាក្នុងរោងឧបោសថ (លេវីវិន័យ ១-៤)។ តាមរយៈ ក្រិត្យវិន័យ និងប្រព័ន្ធថ្វាយយញ្ញបូជា ជនជាតិអ៊ីស្រាអែលបានស្គាល់ពីតង្វាយយញ្ញបូជា ដែលនឹងអត់ទោសដល់អំពើបាបរបស់ពួកគេ ហើយព្រះបានប្រទានឲ្យអ្នកដែលបានជឿតាមសេចក្តីពិត បានធ្វើជារាស្ត្ររបស់ទ្រង់ ហើយបានប្រទានពរឲ្យអ៊ីស្រាអែលបានធ្វើជានគរនៃសង្ឃ និងជាតិសាសន៍បរិសុទ្ធនៅចំពោះព្រះ (និក្ខមនំ ១៩:៦)។ 
ចុងបញ្ចប់ យើងអាចមើលឃើញថា តាមរយៈប្រព័ន្ធថ្វាយតង្វាយយញ្ញបូជា ព្រះពិតជាបានបំពេញតាមសេចក្តីសន្យារបស់ទ្រង់ចំពោះលោកអ័ប្រាហាំថា ទ្រង់នឹងប្រទានដល់គាត់នូវពូជពង្សយ៉ាងច្រើនដូចជាផ្កាយនៅលើមេឃ ហើយប្រទានទឹកដីកាណានដល់ពួកគេ។ នៅពេលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីព្ទ មនុស្សប្រុសអាយុចាប់ពី២០ឆ្នាំឡើងទៅ ដែលអាចប្រយុទ្ធនៅក្នុងសង្រ្គាមបាន មានចំនួនជាង៦០០០០០នាក់។ ដូច្នេះ ព្រះពិតជាបានបំពេញតាមសេចក្តីសន្យារបស់ទ្រង់ចំពោះលោកអ័ប្រាហាំមែន។ 
ដោយទតឃើញជំនឿរបស់លោកអ័ប្រាហាំ ដែលគាត់បានជឿតាមព្រះបន្ទូលសន្យារបស់ទ្រង់ ព្រះបានទទួលយកជំនឿរបស់គាត់។ ព្រះបានប្រទានពរដល់គាត់ ដោយសារតែជំនឿរបស់គាត់។ នៅក្នុងន័យផ្សេង មូលហេតុដែលព្រះបានស្រឡាញ់ និងប្រទានពរដល់គាត់ គឺដោយសារតែជំនឿរបស់គាត់តាមព្រះបន្ទូលទ្រង់។ ដោយសារលោកអ័ប្រាហាំបានជឿតាមព្រះបន្ទូលទ្រង់ ព្រះបានសព្វព្រះទ័យចំពោះជំនឿរបស់គាត់។ ដូច្នេះ ព្រះចង់បង្កើតជាតិសាសន៍អ៊ីស្រាអែលចេញពីលោកអ័ប្រាហាំ ហើយតាម រយៈតង្វាយយញ្ញបូជាដែលពូជពង្សរបស់គាត់ថ្វាយទ្រង់ គឺដើម្បីបំពេញតាមសេចក្តីសន្យាអំពីការកាត់ស្បែក។ 
យើងមើលឃើញថា ជំនឿរបស់លោកអ័ប្រាហាំត្រូវបានព្រះសព្វព្រះទ័យ ពីព្រោះគាត់បានថ្វាយតង្វាយយញ្ញបូជាដល់ព្រះ។ ជំនឿនេះបានអនុញ្ញាតឲ្យយើងទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង មិនដោយសារការប្រព្រឹត្តរបស់យើងឡើយ ប៉ុន្តែដោយសារជំនឿរបស់យើងតាមព្រះបន្ទូលទ្រង់។ សម្រាប់អ្នកដែលបានទទួលការកាត់ស្បែកខាងវិញ្ញាណ ដែលកាត់ផ្តាច់អំពើបាបរបស់ពួកគេចេញ តាមរយៈតង្វាយយញ្ញបូជា ដោយការជឿតាមព្រះបន្ទូលទ្រង់ ដូចដែលលោក អ័ប្រាហាំបានធ្វើ ព្រះបានប្រទានទឹកដីកាណានជាព្រះពរដល់ពួកគេ។ ដូច្នេះ ព្រះចង់បានជំនឿរបស់លោកអ័ប្រាហាំពីយើង។ នៅថ្ងៃនេះ ទ្រង់ចង់ឲ្យអ្នក និងខ្ញុំទទួលយកការអត់ទោសបាបទុកនៅក្នុងចិត្តរបស់យើង ដោយការជឿតាមព្រះបន្ទូលទ្រង់ ដូចដែលលោកអ័ប្រាហាំបានធ្វើដែរ ហើយដូច្នេះ យើងអាចទទួលបាននគរព្រះជាមរដកបាន។ ព្រះវរបិតាបានផ្ទេរអំពើបាបរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយអនុញ្ញាតឲ្យទ្រង់ធ្វើជា «កូនចៀមនៃព្រះ» សម្រាប់មនុស្សជាតិទាំងមូល។ ហើយព្រះចង់ឲ្យយើងជឿតាមសេចក្តីពិតនេះ ដូចដែលលោកអ័ប្រាហាំបានជឿដែរ។ ទ្រង់ចង់យកអ្នកជឿបែបនេះធ្វើជារាស្ត្ររបស់ទ្រង់អស់កល្បជានិច្ច។ 
ព្រះបង្ហាញប្រាប់យើងថា ដូចដែលលោកអ័ប្រាហាំបានទទួលព្រះពរយ៉ាងធំក្រៃលែង ដោយសារតែជំនឿរបស់គាត់តាមព្រះបន្ទូលព្រះ នៅថ្ងៃនេះ អ្នក និងខ្ញុំក៏អាចទទួលបានព្រះពរទាំងអស់របស់ព្រះ ដោយការមានជំនឿដែលលោកអ័ប្រាហាំបានមានផងដែរ។ ព្រះបានហៅលោកម៉ូសេមកឯភ្នំស៊ីណាយ បានប្រទានក្រិត្យវិន័យ និងប្រព័ន្ធថ្វាយយញ្ញបូជាដល់គាត់ ហើយបានប្រទានពរឲ្យអ្នកដែលជឿតាមព្រះបន្ទូលទ្រង់បានធ្វើជា រាស្ត្ររបស់ទ្រង់។ 
ព្រះក៏បានយកយើងធ្វើជារាស្ត្ររបស់ទ្រង់ផងដែរ តាមរយៈការអត់ទោសបាប ដែលមាននៅក្នុងរោងឧបោសថ ទោះបើយើងមិនបានរក្សាតាមក្រិត្យវិន័យក៏ដោយ។ តាមរយៈជំនឿរបស់យើងតាមសេចក្តីពិតដែលមាននៅក្នុងរោងឧបោសថ ព្រះបានជួយឲ្យយើងអាចទទួលព្រះពរដ៏អស់កល្បជានិច្ចបាន។ ដូច្នេះ យើងត្រូវតែធ្វើជារាស្ត្ររបស់ព្រះ ដោយការជឿតាមសេចក្តីពិតនេះ ដែលមាននៅក្នុងរោងឧបោសថ។ លុះត្រាតែយើងជឿដោយចិត្តថា ព្រះបានបង្ហាញព្រះយេស៊ូវគ្រីស្ទដល់យើង ហើយបានប្រទានសេចក្តីសង្រ្គោះដល់យើង តាមរយៈរោងឧបោសថ ទើបយើងអាចទទួលបានព្រះពរដ៏បរិបូរនេះបាន។ 
 
 

ដូចដែលលោកអ័ប្រាហាំបានជឿតាមព្រះបន្ទូលព្រះ យើងក៏ត្រូវតែជឿតាមព្រះ ដោយផ្អែកលើព្រះបន្ទូលទ្រង់ដែរ


លោកអ័ប្រាហាំបានទទួលព្រះពរ មិនដោយសារការប្រព្រឹត្តល្អរបស់គាត់ឡើយ ប៉ុន្តែដោយសារជំនឿរបស់គាត់តាមព្រះបន្ទូលព្រះវិញ។ តាម រយៈក្រិត្យវិន័យ ព្រះបានជួយឲ្យយើងដឹងពីអំពើបាបរបស់យើង ហើយតាមរយៈប្រព័ន្ធថ្វាយយញ្ញបូជាក្នុងរោងឧបោសថ ទ្រង់បានជួយឲ្យយើងអាចទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង ដោយការផ្ទេរអំពើបាបរបស់យើងទៅលើតង្វាយយញ្ញបូជាដ៏ឥតខ្ចោះ និងការថ្វាយឈាមរបស់វាទៅកាន់ព្រះ។ តាមរបៀបដូចគ្នានេះ ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ បានទទួលផ្ទុកអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ បានទទួលទោសសម្រាប់អំពើបាបរបស់យើង តាមរយៈការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ហើយបានអត់ទោសដល់អំពើបាបទាំងអស់របស់យើង តាមរយៈការមានព្រះជន្មរស់ពីសុគតឡើង វិញ។ អំពើបាបទាំងអស់របស់យើងអាចត្រូវបានអត់ទោសឲ្យ ហើយយើងអាចធ្វើជាកូនរបស់ព្រះបាន លុះត្រាតែយើងជឿតាមសេចក្តីពិតនេះ។ ព្រះគម្ពីរប្រាប់យើងថា មានតែអ្នកដែលជឿតាមសេចក្តីពិតនេះដោយចិត្តប៉ុណ្ណោះ ទើបអាចទទួលបានព្រះពរទាំងអស់របស់ព្រះបាន។ តាមរយៈការជឿតាមព្រះបន្ទូល យើងត្រូវតែយកព្រះបន្ទូលរបស់ទ្រង់អំពីសេចក្តីសង្រ្គោះជាព្រះពរដ៏មានតម្លៃបំផុតរបស់យើង ដែលលោកិយទាំងមូលមិនអាចមានឡើយ។ 
ហេតុអ្វីដែលលោកអ័ប្រាហាំបានទទួលព្រះពរដ៏បរិបូរពីព្រះ? គាត់បានទទួលព្រះពរនេះ ពីព្រោះគាត់បានជឿតាមអ្វីដែលព្រះបានប្រាប់ គាត់។ នៅថ្ងៃនេះ បើសិនអ្នក និងខ្ញុំជឿតាមព្រះបន្ទូលរបស់ព្រះនៅក្នុងព្រះគម្ពីរ យើងក៏អាចមានសេចក្តីជំនឿរបស់លោកអ័ប្រាហាំ ហើយទទួលបានព្រះពរជាច្រើនពីស្ថានសួគ៌បានផងដែរ។ នេះមិនមែនការងារមួយ ដែលយើងពិបាកធ្វើនោះឡើយ។ បើសិនយើងចង់បានភស្តុតាងដែលបង្ហាញថា យើងគឺជារាស្ត្ររបស់ព្រះ យើងមិនត្រូវព្យាយាមផ្គាប់ព្រះ ទ័យព្រះ ដោយការប្រព្រឹត្តផ្ទាល់ខ្លួនរបស់យើងឡើយ ប៉ុន្តែយើងត្រូវជឿតាមព្រះបន្ទូលទ្រង់ដោយចិត្តរបស់យើងវិញ។ 
ព្រះបានសន្យានឹងលោកអ័ប្រាហាំ ដោយព្រះបន្ទូលថា ទ្រង់នឹងប្រទានទឹកដីកាណានដល់ពូជពង្សរបស់គាត់។ យើងទាំងអស់គ្នាដែលរស់នៅសម័យនេះ ត្រូវតែជឿថា ព័ន្ធកិច្ចទាំងបួនរបស់ព្រះយេស៊ូវ ត្រូវបានបើកសម្តែង និងទាយ ដោយអំបោះខ្លូតទេសត្បាញយ៉ាងខ្មាញ់ពណ៌ក្រហម ពណ៌ស្វាយ និងពណ៌ផ្ទៃមេឃ នៅរោងឧបោសថរបស់ទ្រង់ បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ ហើយដោយជឿដូច្នេះ យើងត្រូវតែទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់យើង បានធ្វើជាកូនរបស់ព្រះ និងទទួលបាននគរស្ថានសួគ៌ជាមរដក។ 
យើងត្រូវតែជឿតាមព្រះបន្ទូលទ្រង់ទាំងស្រុង ពីព្រោះគ្មានព្រះបន្ទូលណាមួយឥតប្រយោជន៍នោះឡើយ ហើយពីព្រោះព្រះបន្ទូលទ្រង់សុទ្ធតែពិតទាំងអស់ និងមានសារៈសំខាន់សម្រាប់ជំនឿរបស់យើង។ យើងត្រូវតែយល់យ៉ាងច្បាស់លាស់ពីព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណរបស់ទ្រង់ ហើយយើងត្រូវតែជឿតាមវាឲ្យប្រាកដ។ ហេតុអ្វី? ពីព្រោះវាគឺជាសេចក្តីពិតដាច់ខាត! តើអ្នកជឿដែរទេ? បើសិនអ្នកជឿតាមសេចក្តីពិតដោយចិត្តរបស់អ្នក ហើយសារភាពដោយមាត់របស់អ្នក នោះព្រះនឹងទទួលយក អ្នក។ «ដ្បិតយើងបានសុចរិត ដោយមានចិត្តជឿ ហើយក៏បានសង្រ្គោះ ដោយមាត់ទទួលថ្លែងប្រាប់» (រ៉ូម ១០:១០)។ ដូច្នេះហើយបានជាជំនឿមានសារៈសំខាន់ខ្លាំងណាស់។ ហើយក៏សំខាន់បំផុត ដែលយើងត្រូវតែជឿតាមព្រះបន្ទូលព្រះដោយចិត្តរបស់យើង។ យើងមិនត្រូវជឿតាមអ្វីដែលមនុស្សនិយាយឡើយ ប៉ុន្តែតាមព្រះបន្ទូលរបស់ព្រះនៅក្នុងព្រះគម្ពីរ វិញ។ ហើយយើងមិនត្រូវជឿតាមព្រះបន្ទូល ដោយគំនិត ឬអារម្មណ៍របស់យើងឡើយ ប៉ុន្តែជឿដោយចិត្តនូវអ្វីដែលមាននៅក្នុងព្រះគម្ពីរស្រាប់។ ដូច្នេះហើយបានជាពួកអ្នកបម្រើរបស់ព្រះ និងអ្នកដែលបានសង្រ្គោះពីមុន ប្រកាសព្រះបន្ទូលដូចដែលមាននៅក្នុងព្រះគម្ពីរ។ 
តាមរយៈសញ្ញានៃការកាត់ស្បែក ព្រះបានបង្កើតសម្ព័ន្ធមេត្រីជាមួយលោកអ័ប្រាហាំ និងពូជពង្សរបស់គាត់ ហើយបានប្រទានដល់ពួកគេនូវប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងរោងឧបោសថ ដើម្បីឲ្យពួកគេអាចជឿលើព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះមែស៊ីដែលនឹងមកដល់ និងអត់ទោសអំពើបាបទាំងអស់របស់ពួកគេ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ហើយតាមរយៈជំនឿនេះ ពួកគេអាចចូលទៅក្នុងនគរព្រះបាន។ 
ខ្ញុំជឿតាមព្រះបន្ទូលនៃសម្ព័ន្ធមេត្រីរបស់ព្រះ។ មិនត្រឹមតែលោក អ័ប្រាហាំប៉ុណ្ណោះទេ ដែលបានទទួលព្រះពរ ដោយសារការជឿតាមព្រះបន្ទូលព្រះ ប៉ុន្តែយើងក៏អាចទទួលបានព្រះពរដូចជាគាត់ផងដែរ ដោយការជឿតាមព្រះបន្ទូលទ្រង់។ ខ្ញុំជឿថា ព្រះសាងសង់រោងឧបោសថ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ ដូច្នេះហើយបានជាព្រះបានដឹកនាំពូជពង្សរបស់លោកអ័ប្រាហាំចេញទៅភ្នំស៊ីណាយ ហើយបានប្រទានក្រិត្យវិន័យ និងប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងរោងឧបោសថដល់ពួកគេ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែដឹងថា សេចក្តីពិតនេះគឺជាទិព្វញ្ញាណរបស់ព្រះ។