Search

خطبات

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 15-2] ចំណុចបែងចែកនៃវាសនា អស់កល្បជានិច្ច (វិវរណៈ ១៥:១-៨)

ចំណុចបែងចែកនៃវាសនា អស់កល្បជានិច្ច
(វិវរណៈ ១៥:១-៨)

ជំពូក១៥ ពិពណ៌នាពីគ្រោះកាចនៃចានទាំង៧ ដែលបន្ទាប់ពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ហើយ នឹងត្រូវទម្លាក់មកលើអស់អ្នកជាខ្មាំងសត្រូវរបស់ព្រះ ដែលទាស់ប្រឆាំងនឹងព្រះ។ លេខ «៧» ដែលលេចឡើងជាច្រើនដង នៅក្នុងកណ្ឌគម្ពីរវិវរណៈ ដូចជាត្រាទាំង៧ ត្រែទាំង៧ និងចានទាំង៧ គឺជានិមិត្តរូបនៃភាពគ្រប់លក្ខណ៍របស់ព្រះ និងអំណាចព្រះចេស្តារបស់ទ្រង់។ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះប្រកបដោយសព្វញ្ញុតភាព និងសព្វានុភាព។ នេះមានន័យថា ព្រះអម្ចាស់របស់យើងគឺជាព្រះមានគ្រប់ទាំងអំណាចព្រះចេស្តា ដែលគ្មានការអ្វីដែលទ្រង់ធ្វើមិនបានសោះឡើយ។ ទ្រង់គឺជាព្រះទ្រង់ផ្ទាល់ ដែលបានរៀបចំគម្រោងទាំងអស់ ហើយដែលមានអំណាចបំពេញសម្រេចគម្រោងទាំងអស់បាន។ 
ដូច្នេះ ពួកបរិសុទ្ធត្រូវតែសរសើរតម្កើងព្រះអម្ចាស់ សម្រាប់សព្វញ្ញុតភាព និងសព្វានុភាពរបស់ទ្រង់ ដែលត្រូវបានបើកសម្តែង តាមរយៈគ្រោះកាចនៃចានទាំង៧ ដែលទ្រង់នឹងចាក់មកលើផែនដីនេះ។ យើងអរព្រះគុណដល់ព្រះអម្ចាស់របស់យើង សម្រាប់ការពិតថា ការជំនុំជម្រះនេះកើតឡើង ដោយសារសព្វញ្ញុតភាព និងសព្វានុភាពរបស់ទ្រង់។ ការដែលព្រះអម្ចាស់នឹងសងសឹកលើពួកខ្មាំងសត្រូវរបស់ទ្រង់ ដោយគ្រោះកាចនៃចានទាំង៧ និងការរងទុក្ខអស់កល្បជានិច្ចនៅក្នុងស្ថាននរក គឺជាការមួយ ដែលពួកបរិសុទ្ធមានតែអរព្រះគុណ និងថ្វាយតម្លៃខ្ពស់បំផុត។ ដូច្នេះ ពួកបរិសុទ្ធមានតែសរសើរតម្កើងព្រះអម្ចាស់ប៉ុណ្ណោះ។ ហាលេលូយ៉ា!
បន្ទាប់ពីបីឆ្នាំកន្លះនៃរយៈពេល៧ឆ្នាំនៃការរងទុក្ខវេទនាដ៏ធំកន្លងផុតបន្តិច គឺបន្ទាប់ពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ហើយ គ្រោះកាចនៃចានទាំង៧នឹងមកដល់។ ដោយសារតែគ្រោះកាចនៃចានទាំង៧ ចិត្តរបស់ពួកខ្មាំងសត្រូវរបស់ព្រះនឹងមានទុក្ខព្រួយ ហើយដោយសារពួកគេដឹងថា ព្រះអម្ចាស់របស់យើងគឺជាព្រះដ៏មានអំណាចព្រះចេស្តា ពួកគេនឹងភ័យខ្លាចចំពោះទ្រង់។
«ទីសំគាល់១ទៀត ដែលធំហើយអស្ចារ្យ» នៅក្នុងខ.១ សំដៅទៅលើគ្រោះកាចចុងក្រោយ ដែលនឹងត្រូវធ្លាក់មកលើផែនដីនេះ គឺគ្រោះកាចនៃចានទាំង៧។ ម៉្យាងវិញទៀត ឃ្លាថា «ដែលធំហើយអស្ចារ្យ» ប្រាប់យើងអំពីការបីយ៉ាង។ ទីមួយ តាមរយៈព្រះបន្ទូលទំនាយ ពួកបរិសុទ្ធដឹងរួចហើយអំពីគ្រោះកាចដែលនឹងធ្លាក់មកលើផែនដីនេះ។ ទីពីរ ពួកបរិសុទ្ធនឹងបានរួចខ្លួនពីគ្រោះកាចនៃចានទាំង៧។ ហើយទីបី អំណាចនៃគ្រោះកាចនៃចានទាំង៧នេះ ដែលមកពីព្រះ នឹងមានលក្ខណៈជាសកល និងបំផ្លិចបំផ្លាញយ៉ាងខ្លាំង។
ម៉្យាងវិញទៀត អ្នកបានប្រោសលោះ និងពួកបរិសុទ្ធ នឹងច្រៀង «ទំនុករបស់លោកម៉ូសេ ជាបាវបំរើនៃព្រះ និងទំនុករបស់កូនចៀម» នៅលើពពក។ ដូចដែលយើងអាចមើលឃើញនៅក្នុង និក្ខមនំ ១៥:១-៨ សាវតានៃចម្រៀងនេះគឺជាចម្រៀងរបស់សាសន៍អ៊ីស្រាអែល ដែលបានច្រៀងសរសើរតម្កើងព្រះអម្ចាស់ សម្រាប់អំណាចព្រះចេស្តារបស់ទ្រង់ បន្ទាប់ពីលោកម៉ូសេបានដឹកនាំពួកគេឆ្លងសមុទ្រក្រហម។ ពួកគេត្រូវតែសរសើរតម្កើងព្រះអម្ចាស់ សម្រាប់ការសង្រ្គោះពួកគេ ដោយអំណាចព្រះចេស្តារបស់ទ្រង់ ចេញពីស្ថានភាពអស់សង្ឃឹម ដែលទាហានអេស៊ីព្ទកំពុងតែដេញតាម។ 
ដូចគ្នាដែរ ពួកបរិសុទ្ធនៅក្នុងព្រះគម្ពីរសញ្ញាថ្មីត្រូវតែសរសើរតម្កើងព្រះអម្ចាស់ សម្រាប់សេចក្តីសង្រ្គោះដ៏អស់កល្បជានិច្ចរបស់ពួកគេ ដែលពួកគេទទួលបាន តាមរយៈការអត់ទោសបាប ដែលត្រូវបានបំពេញសម្រេច ដោយសារបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោក យ៉ូហាន និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ កាលណាថ្ងៃចុងក្រោយមកដល់ រាស្ត្ររបស់ព្រះនឹងច្រៀងសរសើរតម្កើងព្រះអម្ចាស់ម្តងទៀត ដោយអរព្រះគុណទ្រង់ សម្រាប់ទុក្ករកម្ម ការរស់ពីស្លាប់ឡើងវិញ ការលើកឡើងទៅលើអាកាស និងជីវិតអស់កល្បជានិច្ចរបស់ពួកគេ ដែលពួកគេទទួលបាន តាមរយៈព្រះយេស៊ូវគ្រីស្ទ ដែលបានសង្រ្គោះពួកគេចេញពីខ្មាំងសត្រូវរបស់ពួកគេ និងអំពើបាបទាំងអស់របស់ពួកគេ។ 
លើសពីនេះ ភាពខុសគ្នាសំខាន់នៃចម្រៀងនេះគឺថា វាសរសើរតម្កើងសព្វញ្ញុតភាព និងសេចក្តីសុចរិតរបស់ព្រះអម្ចាស់។ ទុក្ករបុគ្គលត្រូវតែច្រៀងសរសើរតម្កើងទ្រង់ សម្រាប់អំណាចរបស់ទ្រង់ ព្រះគុណនៃសេចក្តីសង្រ្គោះចេញពីបាបរបស់ពួកគេ និងព្រះពរនៃជីវិតអស់កល្បជានិច្ច។
«រោងឧបោសថនៃសេចក្តីបន្ទាល់» នៅក្នុងខ.៥ សំដៅទៅលើរោងឧបោសថ ដែលព្រះបានបង្គាប់ឲ្យសាសន៍អ៊ីស្រអែលសាងសង់ នៅពេលពួកគេបានចាកចេញពីស្រុកអេស៊ីព្ទ ដើម្បីឲ្យពួកគេបានរួមដំណើរជាមួយព្រះអម្ចាស់។
«សំពត់ទេស» នៅក្នុងខ.៦ សំដៅទៅលើសេចក្តីសុចរិតរបស់ព្រះ ដែលប្រាប់យើងថា ពួកទេវតានឹងបានពាក់សេចក្តីសុចរិតរបស់ព្រះ ហើយទទួលអំណាចពីទ្រង់ ដើម្បីធ្វើការកាត់សេចក្តី ដែលគ្មានខ្មាំងសត្រូវណាអាចបដិសេធបានឡើយ។ 
ខ.៨និយាយថា «នោះព្រះវិហារមានពេញដោយផ្សែងពីសិរីល្អ ហើយពីព្រះចេស្តានៃព្រះ គ្មានអ្នកណាអាចនឹងចូលទៅក្នុងព្រះវិហារបានទេ ទាល់តែសេចក្តីវេទនាទាំង៧ របស់ទេវតា៧នោះបានសំរេចស្រេច»។ នៅទីនេះ យើងអាចមើលឃើញអត្ថន័យបី។ ទីមួយ វាបង្ហាញភាពរួចជាស្រេចនៃសេចក្តីក្រោធរបស់ទ្រង់លើពួកខ្មាំងសត្រូវរបស់ទ្រង់។
ទីពីរ វាប្រាប់យើងថា គ្មានអ្នកណាម្នាក់អាចចូលទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ដោយមិនបានជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ គ្រីស្ទ និងព្រះលោហិតទ្រង់បានឡើយ ពីព្រោះសេចក្តីសង្រ្គោះរបស់ព្រះសម្រាប់មនុស្សមានបាបមានភាពគ្រប់លក្ខណ៍យ៉ាងក្រៃលែង។ 
ទីបី វាបង្ហាញថា គ្មានសេចក្តីល្អរបស់មនុស្សណាមួយ ដែលអាចជួយឲ្យមនុស្សគេចផុតពីការជំនុំជម្រះដ៏សុចរិតរបស់ព្រះបានឡើយ និងថា មានតែជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងប៉ុណ្ណោះ ទើបមនុស្សអាចរួចផុតពីសេចក្តីក្រោធរបស់ព្រះ ដែលទ្រង់ចាក់មកលើមនុស្សមានបាប។ 
ដូច្នេះ ពួកបរិសុទ្ធត្រូវតែប្រកាន់ខ្ជាប់តាមដំណឹងល្អ ហើយប្រកាសវា រហូតដល់ថ្ងៃចុងក្រោយ។ ហើយអស់អ្នកដែលមិនទាន់បានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន ត្រូវតែដឹងថា ពួកគេត្រូវតែប្រឈមនឹងការជំនុំជម្រះដ៏សុចរិតរបស់ព្រះ ហើយពួកគេត្រូវតែប្រញាប់បែរមកឯដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់ប្រទានឲ្យ។ បទគម្ពីរបង្ហាញប្រាប់យើងថា នៅពេលការជំនុំជម្រះដ៏គ្រប់លក្ខណ៍របស់ព្រះនឹងធ្លាក់មកលើពួកខ្មាំងសត្រូវរបស់ទ្រង់ ដោយគ្រោះកាចនៃចានទាំង៧ ដែលគ្រប់គ្នានឹងមើលឃើញ គ្មានអ្នកណាម្នាក់អាចបញ្ឈប់វាបានឡើយ រហូតដល់ការជំនុំជម្រះបាបត្រូវចប់សព្វគ្រប់ទាំងអស់។ 
វិវរណៈ ១៥ បង្ហាញប្រាប់យើងថា ពួកខ្មាំងសត្រូវរបស់ព្រះអម្ចាស់របស់យើងគឺជាអាទទឹងនឹងព្រះគ្រីស្ទ សាតាំង ពួកវិញ្ញាណអាក្រក់ និងអស់អ្នកដែលទាស់ប្រឆាំង និងមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានដល់យើង តាមរយៈសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។ ខ្ញុំសូមសរសើរតម្កើង និងអរព្រគុណដល់ព្រះអម្ចាស់ សម្រាប់ការនាំគ្រោះកាចរបស់ទ្រង់មកលើពួកខ្មាំងសត្រូវរបស់ព្រះ ដើម្បីជំនុំជម្រះពួកគេ។ សម្រាប់ពួកបរិសុទ្ធ មានតែការសរសើរតម្កើងព្រះអម្ចាស់ ដោយចម្រៀងរបស់លោកម៉ូសេ ដែលជាអ្នកបម្រើរបស់ព្រះ និងចម្រៀងរបស់កូនចៀមប៉ុណ្ណោះ។
គ្មានអ្នកណាអាចបញ្ឈប់ការសរសើរតម្កើងរបស់យើងចំពោះសេចក្តីសុចរិត អំណាចព្រះចេស្តា និងសេចក្តីពិតរបស់ព្រះអម្ចាស់បានឡើយ។ ហើយខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់ សម្រាប់ការប្រទានព្រះពរនេះដល់យើង។ ហាលេលូយ៉ា!