Search

خطبات

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 18-1] ក្រុងបាប៊ីឡូនរលំ (វិវរណៈ ១៨:១-២៤)

ក្រុងបាប៊ីឡូនរលំ
(វិវរណៈ ១៨:១-២៤)
«ក្រោយនោះមក ខ្ញុំឃើញទេវតា១ទៀតចុះពីស្ថានសួគ៌មក មានអំណាចយ៉ាងធំ ហើយសិរីល្អរបស់ទេវតានោះក៏បំភ្លឺផែនដី ទេវតានោះបន្លឺឡើង ដោយសំឡេងយ៉ាងខ្លាំងថា ក្រុងបាប៊ីឡូនដ៏ជាធំបានរលំហើយ បានរលំហើយ ក៏ត្រឡប់ជាលំនៅនៃពួកអារក្ស ជាកន្លែងរបស់អស់ទាំងវិញ្ញាណអសោច និងអស់ទាំងសត្វស្លាបអសោចគួរខ្ពើម ពីព្រោះគ្រប់ទាំងសាសន៍បានផឹកស្រារបស់សេចក្តីឃោរឃៅផងសេចក្តីកំផិតវា ពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយពួកជំនួញនៅផែនដីបានត្រឡប់ជាមានឡើង ដោយអំណាចនៃការហ៊ឺហាររបស់វាដែរ ខ្ញុំក៏ឮសំឡេង១ទៀតពីលើមេឃ ពោលថា រាស្ត្រអញអើយ ចូរចេញពីទីក្រុងនោះមក ដើម្បីកុំឲ្យត្រូវមានចំណែកក្នុងអំពើបាបវាឡើយ ក្រែងត្រូវវេទនាដូចជាវាដែរ ដ្បិតអំពើបាបវាបានគរជាគំនរឡើងដល់ផ្ទៃមេឃ ហើយព្រះទ្រង់បាននឹកចាំពីការទុច្ចរិតរបស់វា ចូរសងវាតាមការដែលវាបានធ្វើដល់ឯងចុះ ទាំងទ្វេ១ជា២ឲ្យវាផង ចូរចាក់១ជា២ទៅក្នុងពែង ដែលវាបានចាក់ឲ្យឯង ដែលវាបានដំកើងខ្លួន ហើយរស់ដោយហ៊ឺហាយ៉ាងណា នោះត្រូវឲ្យវាមានសេចក្តីទុក្ខលំបាក និងសេចក្តីសោកសង្រេងយ៉ាងនោះដែរ ដ្បិតវាគិតក្នុងចិត្តថា អញអង្គុយជាមហាក្សត្រី មិនមែនជាមេម៉ាយទេ ក៏មិនត្រូវមានសេចក្តីសោកសង្រេងឡើយ ដោយហេតុនោះបានជាសេចក្តីទេវនារបស់វា នឹងមកដល់ក្នុងថ្ងៃតែ១វិញ គឺជាសេចក្តីស្លាប់សោកសង្រេង និងអំណត់អត់ ហើយវានឹងត្រូវភ្លើងឆេះទៅ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលជំនុំជំរះវា ទ្រង់ខ្លាំងពូកែណាស់ នោះពួកស្តេចនៅផែនដី ដែលសហាយស្មន់ ហើយរស់ដោយហ៊ឺហាជាមួយនឹងវា គេនឹងយំទួញ ហើយសោកសង្រេង ក្នុងកាលដែលឃើញផ្សែងហុយឡើង ពីភ្លើងដែលកំពុងតែឆេះវានោះ គេនឹងឈរពីចំងាយ ដោយខ្លាចសេចក្តីវេទនារបស់វា ទាំងនិយាយថា វេទនាៗហើយ ក្រុងបាប៊ីឡូនដ៏ជាធំ ហើយខ្លាំងពូកែអើយ ដ្បិតសេចក្តីជំនុំជំរះឯងបានសំរេចក្នុងខណៈតែ១ម៉ោងទេ ឯពួកជំនួញនៅផែនដី គេយំទួញ ហើយសោកសង្រេងនឹងវា ដោយព្រោះគ្មានអ្នកណាទិញទំនិញរបស់គេទៀតឡើយ ឯទំនិញនោះ គឺជាមាស ប្រាក់ ត្បូងមានដំឡៃ កែវមុក្តា សំពត់ទេស ព្រែ ល័ខពណ៌ស្វាយ ពណ៌ក្រហម ឈើក្រអូបគ្រប់យ៉ាង អស់ទាំងគ្រឿងធ្វើពីភ្លុក ហើយពីឈើមានដំឡៃ ពីលង្ហិន ពីដែក ហើយពីថ្មកែវ សម្បុរល្វែង ជ័រល្វីងទេស ទឹកអប់ កំញាន គ្រឿងក្រអូប ស្រាទំពាំងបាយជូរ ប្រេង ម្សៅម៉ដ្ឋ ស្រូវសាលី គោ ចៀម សេះ រទេះ ហើយទាំងខ្លួនប្រាណ និងព្រលឹងមនុស្សផង ឯអស់ទាំងផលផ្លែ ដែលចិត្តឯងប្រាថ្នាចង់បាន នោះបានថយចេញពីឯងហើយ ព្រមទាំងរបស់ថ្លៃវិសេស និងរបស់ភ្លឺរុងរឿងដែរ ឯងនឹងមិនឃើញទៀតឡើយ ពួកជំនួញដែលជួញរបស់ទាំងនោះ ហើយបានត្រឡប់ជាមាន ដោយសារក្រុងនោះ គេយំទួញ ទាំងសោកសង្រេង ហើយឈរពីចំងាយ ដោយខ្លាចសេចក្តីវេទនារបស់វា ក៏និយាយថា វេទនាៗហើយ ទីក្រុងដ៏ធំដែលបានស្លៀកពាក់ ដោយសំពត់ទេស ពណ៌ស្វាយ និងពណ៌ក្រហម ទាំងតែងខ្លួនដោយមាស និងត្បូងមានដំឡៃ ហើយកែវមុក្តាផង ដ្បិតទ្រព្យសម្បត្តិដ៏ច្រើនម៉្លេះនេះ បានវិនាសបាត់ទៅ ក្នុងខណៈតែ១ម៉ោងប៉ុណ្ណោះ អស់ទាំងតៃកុង និងពួកសំពៅទាំងអស់ ពួកជើងឈ្នួល និងអស់អ្នកដែលរកស៊ីខាងជើងទឹក គេក៏ឈរពីចំងាយ ទាំងស្រែកឡើង ដោយឃើញផ្សែងហុយឡើងពីភ្លើង ដែលឆេះវានោះថា តើមានទីក្រុងណាឲ្យដូចជាក្រុងធំនេះ ហើយគេបាចធូលីដីទៅលើក្បាលខ្លួនគេ ទាំងស្រែកឡើង ដោយយំទួញ ហើយសោកសង្រេងថា វេទនាៗហើយ ទីក្រុងដ៏ធំ ដែលអស់ពួកអ្នកមាននាវាដើរសមុទ្របានមានឡើង ដោយសារសេចក្តីប្រសើររុងរឿងរបស់វា ពីព្រោះវាត្រូវចោលស្ងាត់ទៅ ក្នុងខណៈតែ១ម៉ោង ឱស្ថានសួគ៌ ពួកសាវ័ក និងពួកហោរាបរិសុទ្ធអើយ ចូរអរសប្បាយនឹងទីក្រុងនោះឡើង ដ្បិតព្រះទ្រង់បានកាត់ទោស តាមសេចក្តីជំនុំជំរះរបស់ឯងរាល់គ្នាហើយ នោះមានទេវតាខ្លាំងពូកែ១រូប បានលើកថ្ម ដូចជាថ្មត្បាល់កិនយ៉ាងធំ ទំលាក់ចុះទៅក្នុងសមុទ្រ ដោយពោលថា ទីក្រុងបាប៊ីឡូនដ៏ជាធំ នឹងត្រូវបោះទំលាក់ទៅ ដោយគំហុកយ៉ាងដូច្នេះ គេនឹងរកទៀតមិនឃើញឡើយ ក៏នឹងគ្មានឮសំឡេងនៃពួកអ្នកចាប់ស៊ុង ច្រៀងចំរៀង ផ្លុំខ្លុយ និងត្រែ នៅក្នុងឯងទៀតឡើយ ហើយមិនឃើញមានជាងណា ដែលធ្វើការអ្វីក៏ដោយនៅក្នុងឯង ឬឮសូរត្បាល់កិន នៅក្នុងឯងទៀតឡើយ និងគ្មានពន្លឺចង្កៀងណាភ្លឺនៅក្នុងឯង ឬឮសំឡេងប្តីប្រពន្ធថ្មោងថ្មី នៅក្នុងឯងទៀតឡើយ ដ្បិតពួកជំនួញរបស់ឯង នោះជាអ្នកធំនៅផែនដី ពីព្រោះអស់ទាំងសាសន៍បានវង្វេង ដោយសារការមន្តអាគមរបស់ឯង រីឯនៅក្នុងទីក្រុងនោះ ឃើញមានសុទ្ធតែឈាមនៃពួកហោរា និងពួកបរិសុទ្ធ ហើយនិងឈាមនៃអស់អ្នក ដែលត្រូវគេ សំឡាប់នៅផែនដីដែរ» 
 


ការកាត់ស្រាយ


ខ.១៖ ក្រោយនោះមក ខ្ញុំឃើញទេវតា១ទៀតចុះពីស្ថានសួគ៌មក មានអំណាចយ៉ាងធំ ហើយសិរីល្អរបស់ទេវតានោះក៏បំភ្លឺផែនដី។ 
តាមរយៈពួកអ្នកបម្រើដែលព្រះបានបញ្ជូនមកកាន់ផែនដីនេះ ដើម្បីធ្វើកិច្ចការរបស់ទ្រង់ មនុស្សអាចស្តាប់ឮសេចក្តីអធិប្បាយពីព្រះពរ និង បណ្តាសារបស់ព្រះបាន។ ដូច្នេះ ដើម្បីបានរួចពីអំពើបាបទាំងអស់ និងការរងទុក្ខ អ្នករាល់គ្នាត្រូវតែទទួលទុកក្នុងចិត្ត និងជឿតាមព្រះបន្ទូលអំពីព្រះពរនៃស្ថានសួគ៌ខាងវិញ្ញាណ ដែលពួកអ្នកបម្រើរបស់ព្រះប្រកាស។ 

ខ.២៖ ទេវតានោះបន្លឺឡើង ដោយសំឡេងយ៉ាងខ្លាំងថា ក្រុងបាប៊ីឡូនដ៏ជាធំបានរលំហើយ បានរលំហើយ ក៏ត្រឡប់ជាលំនៅនៃពួកអារក្ស ជាកន្លែងរបស់អស់វិញ្ញាណអសោច និងអស់ទាំងសត្វស្លាបអសោចគួរខ្ពើម។ 
នៅក្នុងឃ្លា «ក្រុងបាប៊ីឡូនដ៏ជាធំបានរលំហើយ» ព្រះគម្ពីរប្រើពាក្យបាប៊ីឡូន ដើម្បីសំដៅទៅលើលោកិយដែលមិនជឿព្រះ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ យើងមានប៉មបាបិល ដែលមនុស្សជាតិបានបង្កើត ដើម្បីបះបោរចំពោះព្រះ ដោយការរួបរួមកម្លាំងរបស់ពួកគេ។ ប៉ុន្តែព្រះបានផ្តួលរំលំប៉មបាបិលនេះ។ នៅពេលបទគម្ពីរខាងលើនិយាយថា ក្រុងបាប៊ីឡូនដ៏ជាធំបានរលំហើយ វាកំពុងតែប្រាប់យើងថា លោកិយនេះនឹងដួលរលំ។ មនុស្សមួយចំនួនអាចគិតថា «ឥឡូវនេះ លោកិយនេះមិនមានបញ្ហាអ្វីទេ ហើយវាអាចនឹងដួលរលំបានយ៉ាងដូចម្តេច?»។ ប៉ុន្តែនៅទីនេះ ព្រះកំពុងតែប្រាប់យើងថា នៅពេលគ្រោះកាចនៃចានទាំង៧ធ្លាក់មកជាបន្តបន្ទាប់ ទ្រង់នឹងផ្តួលរំលំផែនដីនេះ ដូចដែលទ្រង់បានផ្តួលរំលំប៉មបាបិលដែរ។ 
ដូច្នេះ ហេតុអ្វីព្រះនឹងបំផ្លាញផែនដីនេះ ដោយគ្រោះកាចនៃចានទាំង៧? ហើយហេតុអ្វីផែនដីនេះបានក្លាយជាកន្លែងស្នាក់នៅរបស់ពួកវិញ្ញាណអាក្រក់? ពីព្រោះកាលណាថ្ងៃចុងក្រោយមកដល់ មនុស្សជាច្រើននឹងចុះចូលចំពោះអាទទឹងនឹងព្រះគ្រីស្ទ ហើយធ្វើជាបាវបម្រើរបស់វា ដោយការទទួលយកសញ្ញារបស់សាតាំងពីវា។
នៅក្នុងព្រះគម្ពីរ នាគសំដៅទៅលើសាតាំង ហើយពួកវិញ្ញាណអាក្រក់សំដៅទៅលើពួកបាវបម្រើរបស់នាគ។ ដូច្នេះ នៅពេលបទគម្ពីរនិយាយនៅទីនេះថា លោកិយនេះបានក្លាយជាកន្លែងស្នាក់នៅរបស់ពួកវិញ្ញាណអាក្រក់ វាមានន័យថា អាទទឹងនឹងព្រះគ្រីស្ទដែលជាបាវបម្រើម្នាក់របស់នាគ នឹងគ្រប់គ្រងលើលោកិយនេះទាំងស្រុង។ លោកិយនៅថ្ងៃចុងក្រោយ នឹងប្រឈមនឹងគ្រានៃសេចក្តីវេទនាដ៏ធំ នៅពេលគ្រោះកាចនៃចានទាំង៧បានចាក់មក។ លោកិយនេះនឹងក្លាយជាពិភពរបស់នាគ ហើយពួកវិញ្ញាណអាក្រក់នឹងនៅពាសពេញ ហាក់ដូចជាលោកិយនេះជារបស់ពួកវាអញ្ចឹង។ ហើយលោកិយនេះនឹងដួលរលំយ៉ាងលឿន ដោយសារគ្រោះកាចនៃចានទាំង៧ពីព្រះ។ 

ខ.៣៖ ពីព្រោះគ្រប់ទាំងសាសន៍បានផឹកស្រារបស់សេចក្តីឃោរឃៅផងសេចក្តីកំផិតវា ពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយពួកជំនួញនៅផែនដីបានត្រឡប់ជាមានឡើង ដោយអំណាចនៃការហ៊ឺហាររបស់វាដែរ។ 
ខគម្ពីរនិយាយក្នុងន័យត្រង់នៅទីនេះថា «គ្រប់ទាំងសាសន៍» នៅលើផែនដីនេះបានផឹកស្រារបស់សេចក្តីឃោរឃៅ នៃសេចក្តីកំផិតរបស់លោកិយនេះ។ នៅក្នុងន័យផ្សេង មនុស្សនៅលើផែនដីនេះបានចាត់ទុកលោកិយនេះជាព្រះ ហើយបានជឿ និងតាមដើរតាមគំនិតបែបនេះ។ ពួកគេបានស្រឡាញ់លោកិយជាជាងព្រះ។ ដូច្នេះ លោកិយនេះបានក្លាយជាប្រភពនៃបាប ហើយមនុស្សបានរស់នៅក្នុងជីវិតដែលស្រវឹងនឹងបាប។ 
ដូច្នេះ លទ្ធផលគឺជាការដួលរលំនៃលោកិយនេះ ដោយសារបាប។ ដោយសារមនុស្សបានស្រឡាញ់ និងដើរតាមលោកិយនេះ ជាជាងព្រះ ទ្រង់នឹងបំផ្លាញពួកគេ ដោយទណ្ឌកម្មនៃគ្រោះកាចនៃចានទាំង៧របស់ ទ្រង់។ គ្រប់គ្នាដែលនៅក្នុងលោកិយនេះ នឹងត្រូវវិនាស ដោយសារគ្រោះកាចទាំងនេះ ហើយត្រូវធ្លាក់ទៅក្នុងស្ថាននរក។ 
ព្រះកំពុងតែប្រទានការព្រមានច្បាស់លាស់ថា គ្រប់គ្នាដែលមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅពេលនេះ នឹងប្រឈមនឹងគ្រោះកាចនៃចានទាំង៧នៅថ្ងៃចុងក្រោយ។ អ្នកត្រូវតែចងចាំថា បើសិនអ្នកមិនជឿតាមដំណឹងល្អនេះ ហើយបន្តទាស់ប្រឆាំងនឹងព្រះ ដោយព្រងើយកន្តើយចំពោះការព្រមានរបស់ទ្រង់ អ្នកពិតជានឹងត្រូវទទួលទណ្ឌកម្មនៃគ្រោះកាចនៃចានទាំង៧នេះ ហើយអ្នកក៏នឹងទទួលបានទណ្ឌកម្មនៅក្នុងស្ថាននរកអស់កល្បជានិច្ចផងដែរ។ 
ដូច្នេះ មនុស្សត្រូវតែដឹងថា ពួកគេត្រូវតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅពេលនេះ ដើម្បីបានរួចពីគ្រោះកាចដ៏សាហាវពីព្រះ ហើយពួកគេត្រូវតែបែរមកឯជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឲ្យបានឆាប់។ 
ទោះបីជាពួកស្តេច និងពួកអ្នកជំនួញលើផែនដីនេះមានទ្រព្យសម្បត្តិមហាសាលក៏ដោយ ក៏ពួកគេនឹងត្រូវទួញយំ និងសោកសង្រេងដែរ នៅពេលពួកគេមើលឃើញផែនដីនេះបាក់បែក ដោយសារគ្រោះកាចពីព្រះ។ 
ដូច្នេះ យើងទាំងអស់គ្នាមិនត្រូវភ្លេចថា យើងត្រូវតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់មនុស្សទាំងអស់ ហើយថា យើងត្រូវតែរស់នៅក្នុងជីវិតដែលទន្ទឹងដល់នគររាជ្យមួយពាន់ឆ្នាំ។ យើងត្រូវតែដឹកនាំមនុស្សគ្រប់គ្នាទៅឯដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីឲ្យពួកគេបានរួចពីគ្រោះកាចដ៏សាហាវទាំងនេះ។ 

ខ.៤៖ ខ្ញុំក៏ឮសំឡេង១ទៀតពីលើមេឃ ពោលថា រាស្ត្រអញអើយ ចូរចេញពីទីក្រុងនោះមក ដើម្បីកុំឲ្យត្រូវមានចំណែកក្នុងអំពើបាបវាឡើយ ក្រែងត្រូវវេទនាដូចជាវាដែរ។ 
«ស្ត្រអញអើយ ចូរចេញពីទីក្រុងនោះមក ដើម្បីកុំឲ្យត្រូវមានចំណែកក្នុងអំពើបាបវាឡើយ ក្រែងត្រូវវេទនាដូចជាវាដែរ។» នេះគឺជាព្រះបន្ទូលព្រះទៅកាន់ពួកបរិសុទ្ធរបស់ទ្រង់។ នៅក្នុងន័យផ្សេង ពួកបរិសុទ្ធមិនត្រូវរស់នៅក្នុងជីវិតដែលជារបស់លោកិយនេះ និងជាបាវបម្រើរបស់វានៅថ្ងៃចុងក្រោយឡើយ។ សូម្បីតែអស់អ្នកដែលបានធ្វើជាពួកបរិសុទ្ធពីមុនហើយ បើសិនពួកគេធ្លាក់ទៅក្នុងអំពើបាបរបស់លោកិយនេះនៅថ្ងៃចុងក្រោយ ក៏ពួកគេមិនអាចគេចរួចពីការជំនុំជម្រះរបស់ព្រះ តាមរយៈគ្រោះកាចដ៏គួរឲ្យខ្លាចបានដែរ។ នៅក្នុងន័យផ្សេង ព្រះកំពុងតែប្រាប់ពួកបរិសុទ្ធទាំងអស់កុំឲ្យប្រមូលសេចក្តីក្រោធរបស់ទ្រង់ទុក ដោយការធ្វើជាបាវបម្រើរបស់លោកិយនេះឲ្យសោះ។ 

ខ.៥៖ ដ្បិតអំពើបាបវាបានគរជាគំនរឡើងដល់ផ្ទៃមេឃ ហើយព្រះទ្រង់បាននឹកចាំពីការទុច្ចរិតរបស់វា។ 
ព្រះពិតជានឹកចាំអំពើបាប និងទង្វើទាំងអស់របស់លោកិយនេះ ហើយរង់ចាំតែថ្ងៃជំនុំជម្រះវាប៉ុណ្ណោះ។ កាលណាអាទទឹងនឹងព្រះគ្រីស្ទនឹងលេចមកនៅថ្ងៃមួយ សេចក្តីវិនាសនឹងគ្របដណ្តប់ផែនដីទាំងមូលយ៉ាងឆាប់ ដូចដែលព្រះបានរៀបចំផែនការ។ ប៉ុន្តែនៅតែមានមនុស្សមួយចំនួន ដែលជឿថា លោកិយនេះនឹងមិនត្រូវវិនាសឡើយ ប៉ុន្តែវានឹងស្ថិតស្ថេរនៅជារៀងរហូត។ 
ទោះបីយ៉ាងណា លោកិយនេះនឹងមិនគង់នៅ ដូចដែលពួកគេគិតទេ ប៉ុន្តែនឹងត្រូវវិនាសភ្លាមៗ ដោយសារគ្រោះកាចនៃចានទាំង៧ពីព្រះវិញ។ កាលណាថ្ងៃចុងក្រោយមកដល់ ព្រះនឹងទម្លាក់សេចក្តីវេទនាដ៏ធំមកលើគ្រប់ទីកន្លែងនៅក្នុងលោកិយនេះ ហើយបំផ្លាញវាចោល។ ដូច្នេះ យើងត្រូវតែឧស្សាហ៍នៅក្នុងជីវិតនៃជំនឿរបស់យើង រហូតដល់ទីបំផុត ដោយប្រកាន់ខ្ជាប់តាមជំនឿរបស់យើងថា នគររបស់ព្រះយេស៊ូវគ្រីស្ទពិតជានឹងមកដល់។ 
មុនពេលព្រះបង្គាប់ឲ្យទេវតារបស់ទ្រង់ចាក់ចានទាំង៧មកលើផែនដីនេះ អំពើបាបនៅលើផែនដីនេះមានពេញហូរហៀរ ដែលវាលើសពីសមនឹងទទួលការជំនុំជម្រះរបស់ព្រះទៅទៀត។ ដូច្នេះ ព្រះនឹងនឹកចាំពីអំពើបាបរបស់វា ហើយទម្លាក់សេចក្តីវិនាសលើវាភ្លាមៗតែម្តង។ លើសពីនេះ អាទទឹងនឹងព្រះគ្រីស្ទ និងមនុស្សខាងលោកិយនឹងកំពុងតែបៀតបៀន រាស្ត្ររបស់ព្រះ បង្ខំឲ្យពួកគេបដិសេធជំនឿរបស់ពួកគេ ហើយសម្លាប់ពួកគេចោល។ កាលណាការទាំងនេះកើតឡើង ផែនដីនេះនឹងប្រឈមនឹងគ្រោះកាចនៃចានទាំង៧ហើយ។

ខ.៦៖ ចូរសងវាតាមការដែលវាបានធ្វើដល់ឯងចុះ ទាំងទ្វេ១ជា២ឲ្យវាផង ចូរចាក់១ជា២ទៅក្នុងពែង ដែលវាបានចាក់ឲ្យឯង។ 
នៅទីនេះ សរសេរថា «ចូរសងវាតាមការដែលវាបានធ្វើដល់ឯងចុះ»។ តើ «វា» នៅទីនេះ សំដៅទៅលើអ្នកណា? វាសំដៅទៅលើលោកិយនេះ ពួកមនុស្សមានបាប អាទទឹងនឹងព្រះគ្រីស្ទ និងសាតាំង។ វាប្រាប់យើងថា ព្រះនឹងសងតាមដែលពួកគេបានបៀតបៀន ធ្វើទុក្ខ និងសម្លាប់ពួកបរិសុទ្ធ។
ខ.៦ ក៏និយាយផងដែរថា «ចូរចាក់១ជា២ទៅក្នុងពែង ដែលវាបានចាក់ឲ្យឯង»។ នេះគឺជាការបង្គាប់របស់ព្រះទៅកាន់ពួកទេវតារបស់ទ្រង់ឲ្យដាក់ទោសសាសនាក្លែងក្លាយទាំងអស់នៅក្នុងលោកិយនេះ ដែលបានដឹកនាំមនុស្សទៅស្ថាននរក ដោយការផ្សព្វផ្សាយសេចក្តីកុហករបស់ អារក្ស។ វាមានន័យថា ព្រះនឹងទម្លាក់សេចក្តីក្រោធ និងទណ្ឌកម្មរបស់ទ្រង់មកលើជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះ សម្រាប់អំពើបាបរបស់វាដែល ផ្តល់សេចក្តីបង្រៀនខុសឆ្គង ដែលដាក់សេចក្តីបង្រៀនរបស់សាតាំងបញ្ចូលទៅក្នុងព្រះបន្ទូលព្រះ និងដឹកនាំមនុស្សទៅឯអារក្ស។ ដូច្នេះ គ្រីស្ទបរិស័ទដែលមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នឹងទទួលបានទណ្ឌកម្មដូចគ្នាជាមួយនឹងមនុស្សនៅក្នុងលោកិយនេះដែរ។ 

ខ.៧៖ ដែលវាបានដំកើងខ្លួន ហើយរស់ដោយហ៊ឺហាយ៉ាងណា នោះត្រូវឲ្យវាមានសេចក្តីទុក្ខលំបាក និងសេចក្តីសោកសង្រេងយ៉ាងនោះដែរ ដ្បិតវាគិតក្នុងចិត្តថា អញអង្គុយជាមហាក្សត្រី មិនមែនជាមេម៉ាយទេ ក៏មិនត្រូវមានសេចក្តីសោកសង្រេងឡើយ។ 
នៅទីនេះ ព្រះមានបន្ទូលថា ទ្រង់នឹងសងចំពោះអំពើបាបរបស់មនុស្សដែលមានអំណួតទាំងនេះ ដោយសេចក្តីទុក្ខលំបាក និងសេចក្តីសោកសង្រេង។ សម្រាប់មនុស្សកាន់សាសនាទាំងអស់ដែលមិនបានកើតជាថ្មីនៅក្នុងលោកិយនេះ ព្រះនឹងសងចំពោះអំពើបាបរបស់ពួកគេ ហើយដាក់ទណ្ឌកម្មពួកគេ។
ប៉ុន្តែពួកគេនៅតែមានអំណួត ដោយនិយាយទៅកាន់ខ្លួនពួកគេថា «អញអង្គុយជាមហាក្សត្រី មិនមែនជាមេម៉ាយទេ ក៏មិនត្រូវមានសេចក្តីសោកសង្រេងឡើយ»។ ដូច្នេះ ព្រះនឹងចាក់គ្រោះកាចមក ដើម្បីធ្វើឲ្យពួកគេវិនាស។ តាមរយៈគ្រោះកាចទាំងនេះពីព្រះ ពួកគេទាំងអស់គ្នានឹងរងទុក្ខ និងសោកសង្រេង ដោយសារការបាត់បង់មនុស្សជាទីស្រឡាញ់ និងទ្រព្យសម្បត្តិខាងលោកិយរបស់ពួកគេក្នុងពេលតែមួយ។ 

ខ.៨៖ ដោយហេតុនោះបានជាសេចក្តីទេវនារបស់វា នឹងមកដល់ក្នុងថ្ងៃតែ១វិញ គឺជាសេចក្តីស្លាប់សោកសង្រេង និងអំណត់អត់ ហើយវានឹងត្រូវភ្លើងឆេះទៅ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលជំនុំជំរះវា ទ្រង់ខ្លាំងពូកែណាស់។ 
ក្នុងកំឡុងគ្រោះកាចទាំង៧ គ្រោះកាចនៃសេចក្តីស្លាប់ សោកសង្រេង និងអំណត់អត់នឹងធ្លាក់មកលើផែនដីនេះក្នុងថ្ងៃតែមួយតែម្តង។ ដូច្នេះ អាទទឹងនឹងព្រះគ្រីស្ទ និងពួកអ្នកដើរតាមរបស់វាដែលនៅលើផែនដីនេះនឹងទទួលទណ្ឌកម្មនៅក្នុងភ្លើងនរកអស់កល្បជានិច្ច។ 

ខ.៩៖ នោះពួកស្តេចនៅផែនដី ដែលសហាយស្មន់ ហើយរស់ដោយហ៊ឺហាជាមួយនឹងវា គេនឹងយំទួញ ហើយសោកសង្រេង ក្នុងកាលដែលឃើញផ្សែងហុយឡើង ពីភ្លើងដែលកំពុងតែឆេះវានោះ។ 
មនុស្ស និងពួកស្តេចនៅលើផែនដីនេះនឹងមើលឃើញដោយភ្នែកផ្ទាល់នូវផែនដីកំពុងតែឆេះដោយភ្លើង ការរញ្ជួយដី ហើយវិនាសដោយសារគ្រោះកាចនៃចានទាំង៧។ ដូច្នេះ ពួកស្តេចនៅលើផែនដីនេះនឹងទួញយំ ហើយសោកសង្រេងសម្រាប់ការបាត់បង់របស់ពួកគេ។ 

ខ.១០៖ គេនឹងឈរពីចំងាយ ដោយខ្លាចសេចក្តីវេទនារបស់វា ទាំងនិយាយថា វេទនាៗហើយ ក្រុងបាប៊ីឡូនដ៏ជាធំ ហើយខ្លាំងពូកែអើយ ដ្បិតសេចក្តីជំនុំជំរះឯងបានសំរេចក្នុងខណៈតែ១ម៉ោងទេ។ 
មនុស្សដែលមិនបានជឿថា ផែនដីនេះនឹងធ្លាក់ចុះ នឹងមានសេចក្តីភ័យខ្លាចយ៉ាងខ្លាំង នៅពេលពួកគេមើលឃើញដោយភ្នែកនូវផែនដីកំពុងតែបាក់បែកនៅចំពោះភ្នែករបស់ពួកគេ។ ពិភពលោកមួយដែលពោរពេញដោយសោភណ្ឌភាពស្រស់បំព្រង នឹងត្រូវទទួលរងការជំនុំជំ្រះរបស់ព្រះ ហើយបាក់បែកក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ។ 

ខ.១១-១៣៖ ឯពួកជំនួញនៅផែនដី គេយំទួញ ហើយសោកសង្រេងនឹងវា ព្រោះគ្មានអ្នកណាទិញទំនិញរបស់គេទៀតឡើយ ឯទំនិញនោះ គឺជាមាស ប្រាក់ ត្បូងមានដំឡៃ កែវមុក្តា សំពត់ទេស ព្រែ ល័ខពណ៌ស្វាយ ពណ៌ក្រហម ឈើក្រអូបគ្រប់យ៉ាង អស់ទាំងគ្រឿងធ្វើពីភ្លុក ហើយពីឈើមានដំឡៃ ពីលង្ហិន ពីដែក ហើយពីថ្មកែវ សម្បុរល្វែង ជ័រល្វីងទេស ទឹកអប់ កំញាន គ្រឿងក្រអូប ស្រាទំពាំងបាយជូរ ប្រេង ម្សៅម៉ដ្ឋ ស្រូវសាលី គោ ចៀម សេះ រទេះ ហើយទាំងខ្លួនប្រាណ និងព្រលឹងមនុស្សផង។ 
តើអ្នកណាអាចទិញ ឬលក់អ្វីបាន នៅពេលសេចក្តីវិនាសរបស់លោកិយនេះជិតមកដល់ហើយ? ពួកអ្នកជំនួញនៅលើផែនដីនេះក៏នឹងទួញយំ និងសោកសង្រេង ដោយសារការបាត់បង់លោកិយរបស់ពួកគេផងដែរ។ កាលណាព្រះចាក់គ្រោះកាចនៃចានទាំង៧មក គ្មានអ្នកណាម្នាក់នៅលើផែនដីនេះអាចនឹងទិញ ឬលក់អ្វីបានឡើយ។ ផែនដីនេះនឹងមិនត្រូវបានបង្កើតឡើងវិញម្តងទៀតឡើយ ហើយមានតែនគររបស់ព្រះ គ្រីស្ទប៉ុណ្ណោះ ដែលនឹងត្រូវបានបង្កើតនៅលើការបាក់បែករបស់វា។ 
នេះគឺជាបញ្ជីទំនិញ ដោយមនុស្សបានរស់នៅយ៉ាងហ៊ឺហារហូតមកដល់សព្វថ្ងៃនេះ។ ប៉ុន្តែរបស់ទាំងនេះនឹងត្រឡប់ជាឥតប្រយោជន៍ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ ហើយគ្មានអ្នកណាម្នាក់នឹងស្វែងរករបស់ខាងលោកិយនេះម្តងទៀតឡើយ។ របស់ទាំងនេះគឺជាអ្វីដែលសាសនាទាំងឡាយនៅលើផែនដីនេះចង់បាន។ សាសនាទាំងឡាយនៅលើផែនដីនេះបានធ្វើគ្រប់យ៉ាង ដោយសារសេចក្តីស្រឡាញ់ប្រាក់របស់ពួកគេ ហើយពួកគេហ៊ានលក់ទាំងព្រលឹងទៀតផង។

ខ.១៤-១៨៖ ឯអស់ទាំងផលផ្លែ ដែលចិត្តឯងប្រាថ្នាចង់បាន នោះបានថយចេញពីឯងហើយ ព្រមទាំងរបស់ថ្លៃវិសេស និងរបស់ភ្លឺរុងរឿងដែរ ឯងនឹងមិនឃើញទៀតឡើយ ពួកជំនួញដែលជួញរបស់ទាំងនោះ ហើយបានត្រឡប់ជាមាន ដោយសារក្រុងនោះ គេយំទួញ ទាំងសោកសង្រេង ហើយឈរពីចំងាយ ដោយខ្លាចសេចក្តីវេទនារបស់វា ក៏និយាយថា វេទនាៗហើយ ទីក្រុងដ៏ធំដែលបានស្លៀកពាក់ ដោយសំពត់ទេស ពណ៌ស្វាយ និងពណ៌ក្រហម ទាំងតែងខ្លួនដោយមាស និងត្បូងមានដំឡៃ ហើយកែវមុក្តាផង ដ្បិតទ្រព្យសម្បត្តិដ៏ច្រើនម៉្លេះនេះ បានវិនាសបាត់ទៅ ក្នុងខណៈតែ១ម៉ោងប៉ុណ្ណោះ អស់ទាំងតៃកុង និងពួកសំពៅទាំងអស់ ពួកជើងឈ្នួល និងអស់អ្នកដែលរកស៊ីខាងជើងទឹក គេក៏ឈរពីចំងាយ ទាំងស្រែកឡើង ដោយឃើញផ្សែងហុយឡើងពីភ្លើង ដែលឆេះវានោះថា តើមានទីក្រុងណាឲ្យដូចជាក្រុងធំនេះ។ 
ដូច្នេះ មនុស្សនឹងមិនអាចមើលឃើញទ្រព្យសម្បត្តិខាងលោកិយរបស់ពួកគេទៀតបានឡើយ។
ពួកជំនួញដែលបានក្លាយជាអ្នកមាន ដោយសារលោកិយនេះ នឹងទួញយំ ហើយសោកសង្រេង នៅពេលពួកគេឃើញពិភពលោករបស់ខ្លួនបាក់បែកទៅ។ ពួកគេនឹងយំសោក ដោយអស់សង្ឃឹម ពីព្រោះកាលណាផែនដីនេះដួលរលំទៅ ពួកគេក៏ដួលរលំជាមួយវាដែរ ហើយទ្រព្យសម្បត្តិយ៉ាងហូរហៀររបស់ពួកគេនឹងបាត់បង់ទៅ ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ។
កាលណាសាសនាទាំងឡាយ ដែលបង្កើតឡើងនៅលើទ្រព្យសម្បត្តិខាងលោកិយ ធ្លាក់ចុះ មនុស្សនៅលើផែនដីនេះនឹងយំសោកសង្រេងថា «ឱព្រះអើយ! ឱព្រះអើយ!»។ អ្នកជំនួញ និងអ្នកដឹកជញ្ជូនទំនិញអន្តរជាតិនៅក្នុងពិភពលោកក៏នឹងទួញយំផងដែរ។ មនុស្សទាំងនេះនឹងស្រែកដោយអស់សង្ឃឹមថា «តើអរិយធម៌អ្វីដែលមនុស្សបានបង្កើតមានភាពប្រសើរជាងអរិយធម៌សព្វថ្ងៃនេះទៀតទៅ?»។

ខ.១៩៖ ហើយគេបាចធូលីដីទៅលើក្បាលខ្លួនគេ ទាំងស្រែកឡើង ដោយយំទួញ ហើយសោកសង្រេងថា វេទនាៗហើយ ទីក្រុងដ៏ធំ ដែលអស់ពួកអ្នកមាននាវាដើរសមុទ្របានមានឡើង ដោយសារសេចក្តីប្រសើររុងរឿងរបស់វា ពីព្រោះវាត្រូវចោលស្ងាត់ទៅ ក្នុងខណៈតែ១ម៉ោង។ 
ដោយមើលឃើញផែនដីនេះដួលរលំ ដោយសារគ្រោះកាចនៃចានទាំង៧ អស់អ្នកដែលបានគិតថា ផែនដីនេះនឹងគង់នៅជារៀងរហូត នឹងទួញយំ និងសោកសង្រេងយ៉ាងខ្លាំង។ អស់អ្នកដែលនៅសល់នៅលើផែនដីនេះ នឹងទួញយំ និងសោកសង្រេង នៅពេលពួកគេមើលឃើញផែនដីទាំងមូលកំពុងតែត្រូវបានបំផ្លាញភ្លាមៗ ដោយគ្រោះកាចនៃចានទាំង៧ពីព្រះ ប៉ុន្តែការយំរបស់ពួកគេនឹងឥតប្រយោជន៍ទទេ ពីព្រោះនៅពេលនោះ ផែនដីនេះ និងរបស់គ្រប់យ៉ាងបានវិនាសរួចទៅហើយ។ បើសិនពួកគេមានកម្លាំងយំ ពួកគេគួរតែទួញយំសម្រាប់វាសនាផ្ទាល់ខ្លួនរបស់ពួកគេវិញ ដែលពួកគេត្រូវធ្លាក់ទៅក្នុងស្ថាននរក ដោយសារអំពើបាបរបស់ពួកគេ ហើយពួកគេគួរតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីបានរួចពីសេចក្តីវិនាសដ៏អស់កល្បជានិច្ច។ 

ខ.២០៖ ឱស្ថានសួគ៌ ពួកសាវ័ក និងពួកហោរាបរិសុទ្ធអើយ ចូរអរសប្បាយនឹងទីក្រុងនោះឡើង ដ្បិតព្រះទ្រង់បានកាត់ទោស តាមសេចក្តីជំនុំជំរះរបស់ឯងរាល់គ្នាហើយ។ 
ពួកបរិសុទ្ធដែលត្រូវបានលើកឡើងទៅស្ថានសួគ៌ នឹងមានអំណរ នៅពេលគ្រោះកាចនៃចានទាំង៧ធ្លាក់មកលើផែនដីនេះ ពីព្រោះវាគឺជាការដែលព្រះសងសឹកសម្រាប់ពួកគេ។ ពិតជាត្រឹមត្រូវណាស់ ដែលព្រះនឹងចាក់គ្រោះកាចដ៏ធំ និងកាចសាហាវលើពួកខ្មាំងសត្រូវរបស់ទ្រង់។

ខ.២១៖ នោះមានទេវតាខ្លាំងពូកែ១រូប បានលើកថ្ម ដូចជាថ្មត្បាល់កិនយ៉ាងធំ ទំលាក់ចុះទៅក្នុងសមុទ្រ ដោយពោលថា ទីក្រុងបាប៊ីឡូនដ៏ជាធំ នឹងត្រូវបោះទំលាក់ទៅ ដោយគំហុកយ៉ាងដូច្នេះ គេនឹងរកទៀតមិនឃើញឡើយ។ 
នៅទីនេះ ព្រះមានបន្ទូលថា នឹងលែងមានផែនដីនេះទៀតហើយ ពីព្រោះថ្មត្បាល់នឹងត្រូវបានទម្លាក់ទៅក្នុងសមុទ្រ។ បន្ទាប់មក ព្រះអម្ចាស់របស់យើងនឹងបង្កើតសកលលោកទាំងមូល និងគ្រប់ទាំងអស់នៅក្នុងវាសារជាថ្មី ហើយបំពេញសម្រេចកិច្ចការរបស់ទ្រង់ ដែលប្រែក្លាយផែនដីនេះឲ្យទៅជានគររបស់ព្រះគ្រីស្ទ។ 

ខ.២២៖ ក៏នឹងគ្មានឮសំឡេងនៃពួកអ្នកចាប់ស៊ុង ច្រៀងចំរៀង ផ្លុំខ្លុយ និងត្រែ នៅក្នុងឯងទៀតឡើយ ហើយមិនឃើញមានជាងណា ដែលធ្វើការអ្វីក៏ដោយនៅក្នុងឯង ឬឮសូរត្បាល់កិន នៅក្នុងឯងទៀតឡើយ។
នៅពេលគ្រោះកាចនៃចានទាំង៧បញ្ចប់ទៅ លែងមានសម្លេងតន្ត្រីដែលធ្លាប់ស្តាប់ឮនៅផែនដីនេះ ឬសម្លេងធ្វើការរបស់ជាងទៀតហើយ។ 

ខ.២៣៖ គ្មានពន្លឺចង្កៀងណាភ្លឺនៅក្នុងឯង ឬឮសំឡេងប្តីប្រពន្ធថ្មោងថ្មី នៅក្នុងឯងទៀតឡើយ ដ្បិតពួកជំនួញរបស់ឯង នោះជាអ្នកធំនៅផែនដី ពីព្រោះអស់ទាំងសាសន៍បានវង្វេង ដោយសារការមន្តអាគមរបស់ឯង។ 
នៅពេលគ្រោះកាចនៃចានទាំង៧បញ្ចប់ទៅ លែងមានពន្លឺចង្កៀង ឬសម្លេងប្តីប្រពន្ធថ្មោងថ្មីទៀតហើយ។ ហើយការបោកបញ្ឆោតពីពួកគ្រូមន្តអាគមក៏នឹងបញ្ចប់ដែរ ពីព្រោះផែនដីនេះដល់ទីបញ្ចប់របស់វាហើយ។ 

ខ.២៤៖ រីឯនៅក្នុងទីក្រុងនោះ ឃើញមានសុទ្ធតែឈាមនៃពួកហោរា និងពួកបរិសុទ្ធ ហើយនិងឈាមនៃអស់អ្នក ដែលត្រូវគេសំឡាប់នៅផែនដីដែរ។ 
មូលហេតុដែលព្រះនឹងចាក់គ្រោះកាចនៃចានទាំង៧មកលើផែនដីនេះ គឺដោយសារពួកអ្នកបម្រើរបស់សាតាំងនឹងសម្លាប់ពួកហោរា និងពួកបរិសុទ្ធរបស់ទ្រង់។