Search

خطبات

Subject 8 : ព្រះវិញ្ញាណបរិសុទ្ធ

[8-16] បេសកកម្មរបស់អ្នកដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធ (អេសាយ ៦១:១-១១)

(អេសាយ ៦១:១-១១)
«ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្តីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង ព្រមទាំងប្រកាសប្រាប់ពីឆ្នាំ ដែលព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ និងពីថ្ងៃ ដែលព្រះនៃយើងខ្ញុំនឹងសងសឹកផង ហើយឲ្យកំសាន្តចិត្តនៃអស់អ្នកណាដែលសោយសោក នឹងចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលំអជំនួសផេះ ហើយប្រេងនៃ សេចក្តីអំណរជំនួសសេចក្តីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្តីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្តីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យទ្រង់បានថ្កើងឡើង គេនឹងសង់អស់ទាំងទី ដែលខូចបង់ពីដើមឡើងវិញ ហើយរៀបកន្លែងចោលស្ងាត់ពីកាលមុនឡើងជាថ្មី គេនឹងជួសជុលអស់ទាំងទីក្រុងដែលខូចបង់ ហើយអស់ទាំងទីកន្លែងដែលចោលស្ងាត់ តាំងពីច្រើនដំណតមកផង គ្រានោះ ពួកសាសន៍ដទៃនឹងឃ្វាលហ្វូងសត្វឲ្យឯង ហើយមនុស្សប្រទេសក្រៅនឹងភ្ជួររាស់ ហើយថែរក្សាចំការទំពាំងបាយជូរឲ្យឯង តែឯឯងរាល់គ្នា នឹងបានហៅថាជាសង្ឃរបស់ព្រះយេហូវ៉ា មនុស្សទាំងឡាយនឹងហៅឯងរាល់គ្នាជាអ្នកគោរពដល់ព្រះនៃយើងរាល់គ្នា ឯងរាល់គ្នានឹងស៊ីទ្រព្យសម្បត្តិរបស់អស់ទាំងសាសន៍ ហើយនឹងមានសេចក្តីរីករាយដោយរបស់រុងរឿងនៃគេ ឯងរាល់គ្នានឹងបានចំណែក១ជា២ជំនួសសេចក្តីខ្មាសរបស់ឯង ហើយនឹងមានសេចក្តីរីករាយ ដោយចំណែកដែលខ្លួនទទួលជំនួសសេចក្តីអាប់យស ដូច្នេះ ឯងនឹងបាន២ចំណែកនៅក្នុងស្រុករបស់ឯង ហើយនឹងមានសេចក្តីអំណរ ដ៏នៅអស់កល្បជានិច្ច ដ្បិតអញ គឺព្រះយេហូវ៉ា អញស្រឡាញ់សេចក្តីយុត្តិធម៌ តែស្អប់ការលួចប្លន់ និងសេចក្តីទុច្ចរិតវិញ អញនឹងឲ្យរង្វាន់ដល់ឯងដោយសេចក្តីពិត ហើយនឹងតាំងសេចក្តីសញ្ញាដ៏នៅអស់កល្បជានិច្ចនឹងឯង គេនឹងស្គាល់ពូជពង្សរបស់ឯង នៅកណ្តាលអស់ទាំងសាសន៍ ហើយកូនចៅរបស់ឯង នៅកណ្តាលជនជាតិទាំងឡាយ អស់អ្នកណាដែលឃើញឯងនឹងទទួលស្គាល់ថា ឯងជាពួកអ្នកដែលព្រះយេហូវ៉ាបានប្រទានពរឲ្យ ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ពីព្រោះទ្រង់បានប្រដាប់ខ្លួនខ្ញុំដោយសំលៀកបំពាក់នៃសេចក្តីសង្គ្រោះ ទ្រង់បាន គ្រលុំខ្ញុំដោយអាវជាសេចក្តីសុចរិត ដូចជាប្តីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលំអ ហើយដូចជាប្រពន្ធថ្មោងថ្មី ក៏ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ ដ្បិតដែលដីធ្វើឲ្យចេញពន្លក ហើយសួនច្បារបណ្តាលឲ្យពូជផ្សេងៗ ដែលគេដាំនៅទីនោះ បានដុះឡើងជាយ៉ាងណា នោះព្រះ អម្ចាស់យេហូវ៉ា ទ្រង់នឹងធ្វើឲ្យសេចក្តីសុចរិត និងសេចក្តីសរសើរ បានលេចឡើង នៅចំពោះអស់ទាំងសាសន៍យ៉ាងនោះដែរ។»
 
 
តើអ្វីគឺជាបេសកកម្មរបស់អស់អ្នក ដែលទទួលបានព្រះវិញ្ញាណបរិសុទ្ធ?
គឺត្រូវប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់មនុស្សទាំងអស់ នៅក្នុងលោកិយនេះ

តើមនុស្សម្នាក់ដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធគួរតែធ្វើអ្វី? គាត់គួរតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់មនុស្សទាំងអស់។ ព្រះបានប្រគល់ដំណឹងល្អពិតអំពីការបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណដល់អស់អ្នកដែលទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ហើយអស់អ្នកដែលទទួលបានការអត់ទោសអំពើបាបរបស់ខ្លួននៅចំពោះព្រះ ទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ ហេតុអ្វីអ្នកគិតថា ព្រះប្រទានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេ?
ដើម្បីប្រទានការធានាចុងក្រោយបង្អស់ថា ទ្រង់បានយកពួកគេធ្វើជាកូនរបស់ទ្រង់ ទ្រង់ប្រទានព្រះវិញ្ញាណបរិសុទ្ធជាអំណោយទានដល់ពួកគេ។ ទ្រង់ក៏ចង់ជួយពួកគេឲ្យយកឈ្នះសាតាំងដែរ។ ទ្រង់ជួយឲ្យអស់អ្នក ដែលបានទទួលការអត់ទោសអំពើបាបរបស់ខ្លួន និងទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណ ធ្វើដូចតទៅ៖
 
 
ទ្រង់ជួយឲ្យពួកគេប្រកាសដំណឹងល្អទៅកាន់ពួកអ្នកក្រ
 
តើអ្វីគឺជាដំណឹងល្អសម្រាប់ពួកអ្នកក្រ? វាគឺជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ព្រះបានបង្គាប់អស់អ្នកដែលបានទទួលការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ឲ្យប្រកាសដំណឹងល្អពិតទៅកាន់ពួកអ្នកក្រ។ អស់អ្នកដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធ មិនដែលស្កប់ចិត្តនឹងរបស់នៅលើផែនដីនេះឡើយ ពីព្រោះពួកគេមានសេចក្តីសង្ឃឹមពីស្ថានសួគ៌។ 
ព្រះ បានប្រទានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដល់ពួកអ្នកក្រ ហើយបានអត់ទោសដល់អំពើបាបរបស់ពួកគេ។ បន្ទាប់មក ទ្រង់បានប្រទានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេ ហើយអនុញ្ញាតឲ្យពួកគេចូលទៅក្នុងស្ថានសួគ៌ដ៏អស់កល្ប ជានិច្ច។ ព្រះបានបង្គាប់មនុស្សសុចរិតឲ្យប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដល់ពួកអ្នកក្រ។ ហើយទ្រង់ក៏បញ្ចុះបញ្ចូលពួកគេឲ្យចែកចាយជំនឿលើព្រះ និងព្រះយេស៊ូវផងដែរ។ ដូច្នេះ ហេតុផលដែលព្រះបានប្រទានព្រះវិញ្ញាណបរិសុទ្ធដល់យើង គឺដើម្បីប្រកាសដំណឹងល្អពិតទៅកាន់ពួកអ្នកក្រនៅក្នុងលោកិយនេះ។
 
 
ទ្រង់បញ្ជូនយើងឲ្យទៅព្យាបាលមនុស្សខូចចិត្ត
 
តើព្រះអម្ចាស់របស់យើងព្យាបាលគំនិតរបស់យើងយ៉ាងដូចម្តេច? ទ្រង់ព្យាបាលមនុស្សខូចចិត្ត ដោយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ មានមនុស្សជាច្រើន ដែលខូចចិត្ត។ សម្រាប់ពួកគេ ជីវិតគឺគ្មានន័យទេ ហើយសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានលិចលុង។ ពួកគេមានជីវិតដែលបន្ទាបខ្លួន និងឈឺចាប់ ពីព្រោះតែអំពើបាបរបស់ពួកគេ។ ដូច្នេះ ពួកគេបានរងទារុណកម្ម ដោយការសង្ស័យរបស់ពួកគេអំពីជីវិត។ មនុស្សទាំងអស់ប្រាថ្នាចង់រស់នៅដោយសុខសាន្ត ហើយចង់ទទួលបានសេចក្តីចម្រុងចម្រើននៅក្នុងសាច់ឈាម និងវិញ្ញាណ ប៉ុន្តែការនេះមិនកើតឡើងដោយងាយស្រួល ដូចពេលដែលមនុស្សត្រូវបានចោរប្លន់យកទ្រព្យសម្បត្តិទាំងអស់របស់ពួកគេឡើយ។
ដូចគ្នាដែរ អ្នកដែលមានបាបនៅក្នុងចិត្ត នៅតែបន្តត្រូវបានគេប្លន់យកទ្រព្យសម្បត្តិទាំងអស់របស់ខ្លួន ហើយជាចុងក្រោយ ពួកគេត្រូវធ្លាក់ទៅក្នុងស្ថាននរក ដោយព្រោះអំពើបាបរបស់ខ្លួន។ នេះគឺជាមូលហេតុដែលព្រះអម្ចាស់អាណិតដល់មនុស្សខូចចិត្ត ហើយបានបង្គាប់យើងឲ្យប្រកាសដំណឹងល្អពិតទៅកាន់ពួកគេ។ តើព្រះបានព្យាបាលពួកគេដោយព្រះបន្ទូលអ្វីខ្លះ? ទ្រង់បានធ្វើដូច្នេះ ដោយដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។ ទ្រង់បានព្យាបាលមនុស្សខូចចិត្ត ហើយក៏បានប្រទានជីវិតអស់កល្បជានិច្ចដល់ពួកគេផងដែរ។ 
 
 
ទ្រង់ប្រកាសសេរីភាពទៅកាន់អ្នកជាប់ចំណងបាប
 
ទ្រង់ ប្រទានសេរីភាពដល់អ្នកជាប់ចំណង។ តើនេះមានន័យយ៉ាងដូចម្តេច? នេះមានន័យថា ព្រះបានរំដោះព្រលឹងរបស់មនុស្សចេញពីអំពើបាបទាំងអស់របស់លោកិយនេះ។ ហើយទ្រង់បានប្រទានបេសកកម្មនេះដល់អស់អ្នក ដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ ហើយពួកគេអាចរំដោះអ្នកដទៃទៀតឲ្យរួចពីអំពើបាបរបស់ពួកគេបាន។
មនុស្ស មានរូបកាយមួយ និងព្រលឹងមួយ។ ហើយរូបកាយ និងព្រលឹងរបស់មនុស្សរស់នៅ ដោយនៅជាប់បណ្តាសានៃបាប និងក្រិត្យវិន័យ។ មនុស្សមិនអាចធ្វើអ្វីបានឡើយ ប៉ុន្តែរស់នៅជាទាសករនៃបាប ទោះបើពួកគេជឿព្រះ ឬមិនជឿព្រះក៏ដោយ។ ដោយបានកើតមកជាមួយបាប មនុស្សនៅតែបន្តធ្វើបាបជានិច្ច។ ដូច្នេះហើយបានជាមនុស្សត្រូវរស់នៅជាទាសករនៃបាបអស់មួយ ជីវិត។ មនុស្សរស់នៅតាមរបៀបនេះ ហើយត្រូវវិនាសនៅទីបំផុត។
នេះគឺជាមូលហេតុដែលមនុស្សមានជីវិតបែបនេះដោយចៀសមិនរួច ហើយមានការអាណិតខ្លួនឯង ដោយសារតែភាពខ្សោយរបស់ខ្លួន ដែលបានដាក់ខ្លួននៅក្នុងស្ថានភាពបែបនេះ។ ព្រះបានបញ្ជូនព្រះវិញ្ញាណបរិសុទ្ធទៅកាន់អស់អ្នកដែលធ្វើបាប ហើយត្រូវស្លាប់ ដើម្បីឲ្យពួកគេអាចប្រកាសដំណឹងល្អពិតទៅកាន់មនុស្សមានបាបដទៃទៀត ហើយប្រទានដល់ពួកអ្នកជាប់ចំណងនូវ សេរីភាពចេញពីអំពើបាបទាំងអស់របស់ពួកគេ។ 
 
 
ទ្រង់កំសាន្តចិត្តអ្នកដែលសោយសោក
 
តើព្រះបានប្រទានអ្វីដល់អ្នកដែលសោយសោក? ព្រះកំសាន្តចិត្តអស់អ្នកដែលសោយសោកនៅក្នុងលោកិយនេះ ដោយការប្រទានដំណឹងល្អអំពីសេចក្តីអត់ទោសអំពើបាបដល់ពួកគេ គឺទ្រង់បានបញ្ជូនព្រះយេស៊ូវគ្រីស្ទមកក្នុងលោកិយនេះ ដើម្បីអត់ទោសដល់អំពើបាបរបស់មនុស្សជាតិ។ ហើយទ្រង់បានអនុញ្ញាតឲ្យព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស និងសុគតនៅលើឈើឆ្កាង ដើម្បីផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើទ្រង់។ នេះហើយគឺជារបៀបដែលព្រះបានលាងសម្អាតយើងចេញពីអំពើបាបរបស់យើង។ ដូច្នេះ ព្រះបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់លោកិយនេះហើយ។ 
ព្រះអម្ចាស់របស់យើង កំសាន្តចិត្តអស់អ្នកដែលសោយសោក ដោយការរំឮកពួកគេអំពីដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។ ដោយធ្វើដូច្នោះ ទ្រង់ប្រទានពរដល់អស់អ្នកដែលរងទុក្ខដោយសារតែជំនឿមិនពេញលេញ។ ទ្រង់ដឹកនាំតែអស់អ្នកដែលមានព្រះវិញ្ញាណបរិសុទ្ធ ឲ្យប្រកាសដំណឹងល្អពិតនេះ ព្យាបាលមនុស្សដែលមានចិត្តសង្រេង ហើយដោះលែងពួកអ្នកជាប់បំណងបាប។
គោលបំណងនៃអត្ថិភាពរបស់យើងនៅក្នុងលោកិយនេះ គឺដើម្បីទទួលបានការអត់ទោសពីព្រះអម្ចាស់របស់យើង ហើយបន្ទាប់មក ប្រកាសដំណឹងល្អពិតទៅកាន់មនុស្សដែលជាប់ចំណងបាប និងត្រូវការការកំសាន្តចិត្ត ដើម្បីបានរួចពីបាប។ ព្រះប្រាប់យើងថា ទោះបីជាជីវិតរបស់យើងមានរយៈពេលខ្លីក៏ដោយ ក៏ជីវិតរបស់យើងមិនជាឥតប្រយោជន៍ឡើយ។ ការដែលព្រះបានរៀបចំការអត់ទោសអំពើបាប និងព្រះពរដ៏អស្ចារ្យផ្សេងៗសម្រាប់មនុស្សជាតិ គឺជាភស្តុតាងបញ្ជាក់ពីការពិតនេះហើយ។
ព្រះអម្ចាស់របស់យើង ក៏បានប្រទានដល់អស់អ្នកដែលសោយសោកនូវមកុដនៃសិរីល្អផងដែរ។ នេះមានន័យថា មនុស្សមានបាបដែលត្រូវបានអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន អាចអរគុណដល់បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយអាចចូលទៅក្នុងនគរស្ថានសួគ៌បាន។ បើសិនមនុស្សម្នាក់ត្រូវបានអត់ទោសអំពើបាបឲ្យហើយ គាត់បានលំហែរនៅក្នុងគំនិតរបស់គាត់ ហើយ អរព្រះគុណដល់ព្រះសម្រាប់ព្រះពរដ៏អស្ចារ្យនេះ។ ហើយព្រះអម្ចាស់បំពាក់សិរីល្អដល់គាត់។ ទ្រង់បានប្រទានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដល់មនុស្សមានបាប ហើយយកអស់អ្នកដែលជឿតាមដំណឹងល្អនេះ បានធ្វើជាកូនរបស់ទ្រង់។ អស់អ្នកដែលជឿតាមដំណឹងល្អពិតនេះ ទទួលបានអំណរ មិនមែនទុក្ខព្រួយទៀតនោះឡើយ។
ដោយសារមនុស្សទាំងអស់បានកើតមក និងស្លាប់ទៅវិញជាមួយសម្រែកយំ អំណរក៏មានតែមួយភ្លែតដែរ ហើយគំនិតរបស់ពួកគេពោរពេញទៅដោយទុក្ខព្រួយ។ ទោះបីជាយ៉ាងណា ព្រះបានជួបពួកគេ ហើយបានជួយឲ្យពួកគេបានកើតជាថ្មី ហើយមានសង្ឃឹម និងអំណរ។ ដូចគ្នាដែរ អស់អ្នកដែលបានកើតជាថ្មី ដោយការជឿតាមដំណឹងល្អពិត មានជីវិតថ្មីមួយ និងការងារថ្មីមួយ។ លើសពីនេះ ពួកគេអាចធ្វើអ្វីដែលព្រះចង់ឲ្យពួកគេធ្វើ គឺត្រូវប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់មនុស្សមានបាបទាំងអស់នៅក្នុងលោកិយនេះ ដោះអស់ទាំងទុក្ខព្រួយចេញពីចិត្តរបស់ពួកគេ ហើយឲ្យពួកគេមានអំណរ និងសុភមង្គលវិញ។
អស់អ្នកដែលទទួលបានការអត់ទោសអំពើបាបរបស់ខ្លួនពីព្រះ ថ្វាយសិរីល្អដល់ព្រះ។ ទ្រង់បានប្រាប់មនុស្សសុចរិតឲ្យប្រកាសដំណឹងល្អពិត។ ទ្រង់បានប្រាប់ឲ្យពួកគេប្រកាសថា ទ្រង់គឺជាអ្នកណា ហើយប្រកាសពីដំណឹងល្អដែលទ្រង់បានប្រទានមក និងនគរស្ថានសួគ៌ដ៏ពេញដោយសិរីល្អ ដែលទ្រង់បានរៀបចំសម្រាប់យើង។ យើងអាចមើលឃើញសិរីល្អរបស់ព្រះនៅក្នុងអស់អ្នកដែលបានទទួលការអត់ទោសអំពើបាបរបស់ខ្លូន។ អស់ អ្នកដែលសោយសោកនៅក្នុងជីវិត មុនពេលបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ឥឡូវនេះ មានអំណរឡើងវិញហើយ អស់អ្នកដែលជាប់ចំណងបាប ឥឡូវនេះ រីករាយជាមួយនឹងសេរីភាពហើយ ហើយអស់អ្នកដែលបានមានជីវិតឥតន័យ ឥឡូវនេះ មានជីវិតសុចរិតវិញហើយ។ ទាំងនេះឆ្លុះបញ្ចាំងពីសិរីល្អរបស់ព្រះ។ ព្រះបានហៅមនុស្សសុចរិតថា អ្នកដែលនឹងសាងសង់ទីក្រុងដែលខ្ទេចខ្ទីរឡើងវិញ។
តាមការពិត ដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណគឺជាដំណឹងល្អ ដែលពួកសាវកបានប្រកាសនៅសម័យពួកជំនុំដំបូង។ ព្រះយេស៊ូវត្រូវបានបញ្ជូនមកក្នុងលោកិយនេះ កាលពីជាងពីរពាន់ឆ្នាំ មុន។ ដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណត្រូវបានប្រកាសនៅក្នុងលោកិយនេះ រហូតដល់ឆ្នាំ៣០០គ.ស។ ដំណឹងល្អដែលមនុស្សសុចរិតប្រកាស នៅសព្វថ្ងៃនេះ គឺជាដំណឹងល្អតែមួយរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលពួកសាវកបានប្រកាសនៅសម័យនោះ។ ប៉ុន្តែនៅសម័យដើមសតវត្សទី៤នៃចក្រភពរ៉ូម៉ាំង នៅពេលជំនឿ គ្រីស្ទបរិស័ទត្រូវបានទទួលស្គាល់ជាសាសនារបស់រដ្ឋ ហើយពលរដ្ឋមានសេរីភាពខាងសាសនារបស់ខ្លួន ដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវត្រូវបានស្រអាប់ ហើយបន្តិចម្តងៗ ក៏បានបាត់បង់ទៅ។ បន្ទាប់ពីនេះ នៅពេលជំនឿគ្រីស្ទបរិស័ទដែលគេបានទទួលស្គាល់ជាសាសនាមួយ កាន់តែរីកចម្រើនខ្លាំងទៅៗ អស់អ្នកដែលបានប្រកាសដំណឹងល្អពិតបានបាត់បង់អស់ទៅ។
ហេតុអ្វីជំនឿរបស់អស់អ្នកដែលបានជឿ និងប្រកាសជំនឿ គ្រីស្ទបរិស័ទ្ធពិតបានផ្លាស់ប្តូរ? បន្ទាប់ពីជំនឿគ្រីស្ទបរិស័ទបានក្លាយជាសាសនារបស់រដ្ឋនៃចក្រភពរ៉ូម៉ាំង គ្រីស្ទបរិស័ទមាន សេរីភាពពីការហាមឃាត់ផ្សេងៗ ហើយទទួលបានឯកសិទ្ធិដូចជាពលរដ្ឋរ៉ូម៉ាំងដែរ។ ហើយគ្រីស្ទបរិស័ទអាចរៀបការជាមួយអភិជន រ៉ូម៉ាំង និងអាចបម្រើនៅក្នុងជួររដ្ឋាភិបាលបាន។ ដោយសារតែ ឯកសិទ្ធិនេះ ជំនឿរបស់ពួកគេបានផ្លាស់ប្តូរពីជំនឿពិតទៅជាសាសនាមួយ។ បន្ទាប់ពីពេលនោះមក ដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណបានបាត់បង់ទៅ ហើយទម្រង់នៃជំនឿគ្រីស្ទបរិស័ទតាមបែបលោកិយបានចាប់ផ្តើមរីកចម្រើនឡើង។
ព្រះ បង្គាប់ឲ្យយើងដែលជាគ្រីស្ទបរិស័ទចុងក្រោយនៅសម័យយុត្តិធម៌របស់ទ្រង់ ប្រកាសដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ ដែលត្រូវបានគេធ្វើឲ្យខូចបង់ អស់រយៈពេលជាយូរមកហើយ ដើម្បីសង្រ្គោះមនុស្សជាតិចេញពីអំពើបាបរបស់ពួកគេ។ ទ្រង់នឹងធ្វើឲ្យដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលត្រូវបានប្រកាស នៅសម័យពួកសាវក ឲ្យរស់ឡើងវិញ។ ដំណឹងល្អនៅសម័យពួកសាវក គឺជាដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ទ្រង់ហៅយើងថា មនុស្សដែលជួសជុលទីក្រុងដែលបែកបាក់ឡើងវិញ។ ទ្រង់ជួយឲ្យយើងរៀន និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយយកយើងធ្វើជាអ្នកធ្វើការនៅចំការទំពាំងបាយរបស់ទ្រង់។
ព្រះ បានប្រទានដល់យើងនូវបេសកកម្មតែមួយ ដែលទ្រង់បានធ្វើ តាមរយៈពួកសាវក។ ទ្រង់ជួយឲ្យអ្នក និងខ្ញុំប្រកាសដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។ «ព្រះវិញ្ញាណនៃព្រះអម្ចាស់ យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ។» ព្រះជួយអស់អ្នកដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធ ឲ្យប្រកាសដំណឹងល្អ ហើយបានប្រទានព្រះវិញ្ញាណបរិសុទ្ធដល់យើង។ 
ព្រះ បានបំពាក់កម្រងផ្កាដល់យើង ដោះទុក្ខព្រួយទាំងអស់ចេញ និងបំពាក់សំលៀកបំពាក់សិរីល្អដល់យើង ដោយការ បណ្តាលឲ្យយើងមានអំណរនៅក្នុងខ្លួន។ អស់អ្នកដែលមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្ត ព្រោះគ្រាប់ពូជនៃដំណឹងល្អពិតនេះ ដើម្បីឲ្យអ្នកដទៃបានទទួលទ្រង់។ បន្ទាប់មក ពួកគេក៏នឹងទទួលយកដំណឹងល្អ ដែលព្រះអម្ចាស់របស់យើងប្រទានឲ្យ ទទួលបានការអត់ទោស និងជាចុងក្រោយ ទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ 
យើង បានធ្វើជាអ្នកធ្វើការរបស់ព្រះ។ អ្នក និងខ្ញុំទទួលបានព្រះពរនៃសិរីល្អនៃនគរស្ថានសួគ៌។ ប៉ុន្តែព្រះបានធ្វើឲ្យអស់អ្នកដែលមិនមានព្រះវិញ្ញាណបរិសុទ្ធបានខ្វាក់ ដើម្បីមិនឲ្យពួកគេអាចស្គាល់ មើលឃើញ ឬយល់ដំណឹងល្អពិតនេះ។ ពួកគេអាចធ្វើឲ្យអ្នកដទៃជឿព្រះយេស៊ូវ ប៉ុន្តែមិនអាចធ្វើឲ្យពួកគេទទួលបានព្រះវិញ្ញាណបរិសុទ្ធបានឡើយ។
ព្រះអម្ចាស់ បានធ្វើកិច្ចការដូចតទៅ តាមរយៈអស់អ្នកដែលមានព្រះវិញ្ញាណបរិសុទ្ធ។ ទ្រង់បានជួយឲ្យពួកគេប្រកាសដំណឹងល្អពិតទៅកាន់ពួកអ្នកក្រ និងព្យាបាលមនុស្សសោកសង្រេង ដោយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ទ្រង់ក៏បានប្រទានដល់ពួកអ្នកជាប់ចំណងបាបនូវសេរីភាពនៃសេចក្តីសង្រ្គោះពិតប្រាកដ ហើយបានកំសាន្តចិត្តអស់អ្នកដែលសោយសោក ដោយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ទ្រង់ដោះលែងអស់អ្នកដែលជាប់ចំណងបាប ដោយសារតែភាពខ្សោយរបស់ពួកគេ ហើយបានប្រទានឲ្យពួកគេនូវអំណរ និងសង្ឃឹមវិញ។ បន្ទាប់មក ទ្រង់បានយាងត្រឡប់ទៅស្ថានសួគ៌វិញ។
បន្ទាប់មក ព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងយើង បានជួយយើងឲ្យប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់មនុស្សទាំងអស់។ ព្រះយេស៊ូវគ្រីស្ទបានប្រាប់អស់អ្នកដែលបានទទួលការអត់ទោសអំពើបាប និងមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្ត ឲ្យសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីអំពើបាបរបស់ពួកគេ។ ហើយព្រះអម្ចាស់បានប្រទានអំណាចដល់អស់អ្នកដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ឲ្យទទួលខុសត្រូវចំពោះអ្វីដែលទ្រង់បានរៀបចំផែនការធ្វើ។ ទ្រង់បានជួយមនុស្សសុចរិតទាំងអស់ឲ្យធ្វើកិច្ចការរបស់ទ្រង់។ យើងគឺជាអ្នកធ្វើការរបស់ទ្រង់ ជាអ្នកដែលទ្រង់បានតែងតាំងជាអ្នកកាន់កាប់ នៅក្នុងចំការទំពាំងបាយរបស់ទ្រង់ ហើយជាព្រះវិហារ និងអ្នកអ្នកបម្រើរបស់ទ្រង់។ ព្រះពរដ៏អស្ចារ្យទាំងនេះហើយ ដែលបានប្រទានដល់យើង។
យើង បានស្គាល់ពីភាពខ្សោយរបស់យើង នៅពេលយើង ពិនិត្យមើលសាច់ឈាមរបស់យើង ប៉ុន្តែដោយសារព្រះធ្វើការនៅក្នុងយើង យើងជឿតាមទ្រង់ ហើយបានធ្វើជាអ្នកបម្រើរបស់ទ្រង់ ដោយសារជំនឿ។ យើងជឿថា ព្រះនឹងធ្វើការអស្ចារ្យជាច្រើន តាមរយៈយើង ហើយពង្រីកអំណាចគ្រប់គ្រងរបស់ទ្រង់លើយើង។
ព្រះ បានសម្រេចព្រះទ័យសាងសង់បន្ទាយបាក់បែកនៃដំណឹងល្អនៅក្នុងទីក្រុងបាក់បែកឡើងវិញ។ ហើយទ្រង់បានសន្យាថា ទ្រង់នឹងស្តាសេចក្តីហិនវិនាសពីមុន និងជួសជុលទីក្រុងបាក់បែកឡើងវិញ។ ខ្ញុំជឿថា ដំណឹងល្អនឹងរស់ឡើងវិញម្តងទៀត នៅ ទូទាំងពិភពលោកនេះ!
ប៉ុន្តែនេះមិនមែនជាបំណងរបស់ខ្ញុំឡើយ។ ខ្ញុំជឿដូច្នេះ ពីព្រោះព្រះបានមានបន្ទូលដូច្នេះ។ ព្រះអម្ចាស់របស់យើងជួយឲ្យអស់អ្នកដែលទទួលបានព្រះវិញ្ញាណបរិសុទ្ធ ប្រកាសដំណឹងល្អពិតទៅកាន់លោកិយទាំងមូល។ ទ្រង់បានបញ្ជូនព្រះរាជបុត្រានៃទ្រង់មកក្នុងលោកិយនេះ ហើយបានបំពេញសម្រេចដំណឹងល្អ ហើយខ្ញុំជឿថា ទ្រង់កំពុងសម្រេចតាមបំណងព្រះហឫទ័យទ្រង់ម្តងទៀត តាមរយៈពួកយើងដែលមានព្រះវិញ្ញាណបរិសុទ្ធ។ អស់អ្នកដែលជឿតាមដំណឹងល្អពិតនេះ នឹងមើលឃើញសិរីល្អរបស់ព្រះ។ ហាលេលូយ៉ា!