Search

خطبات

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 2-1] សេចក្តីណែនាំទៅកាន់កណ្ឌគម្ពីររ៉ូម ជំពូក២

នៅក្នុងពិភពលោកនេះ មានមនុស្សតែក្រុមប៉ុណ្ណោះ ដែលជឿលើព្រះ គឺសាសន៍យូដា និងគ្រីស្ទបរិស័ទ។ នៅក្នុងចំណោមមនុស្សពីរក្រុមនេះ សាសន៍យូដាមិនជឿលើព្រះយេស៊ូវទេ ប៉ុន្តែគ្រីស្ទបរិស័ទជឿលើព្រះយេស៊ូវ។ ព្រះចាត់ទុកសេចក្តីជំនឿរបស់អ្នកដែលមិនជឿលើព្រះយេស៊ូវ ជាឥតប្រយោជន៍។ ទោះបីជាយ៉ាងណា បញ្ហាដ៏ធ្ងន់ធ្ងរបំផុត ដែល គ្រីស្ទបរិស័ទប្រឈមគឺថា ពួកគេជឿលើព្រះយេស៊ូវ ប៉ុន្តែមិនបានរួចពីបាបឡើយ។ សាវកប៉ុលនិយាយអំពីផ្ទៃរឿងនេះនៅក្នុង រ៉ូម ២ មិនគ្រាន់តែទៅកាន់សាសន៍យូដា និងសាសន៍ក្រិកប៉ុណ្ណោះទេ ប៉ុន្តែក៏ទៅកាន់គ្រីស្ទ បរិស័ទសព្វថ្ងៃនេះផងដែរ។ 
 
 
សាសន៍យូដាងាយនឹងវិនិច្ឆ័យអ្នកដទៃខ្លាំងណាស់
 
សាវកប៉ុល បន្ទោសទាំងសាសន៍យូដា និងគ្រីស្ទបរិស័ទ ដែលមានជំនឿដូចគ្នា។ នៅក្នុង រ៉ូម ២:១ សាវកប៉ុលនិយាយថា «ឱមនុស្សអើយ អស់អ្នកណាដែលថ្កោលទោសគេ» ដើម្បីបន្ទោសដល់អស់អ្នកដែលគិតតែពីឧត្តមភាពនៃភាពជាសាសន៍យូដា ឬភាពជាគ្រីស្ទបរិស័ទរបស់ខ្លួន។ សូម្បីតែអ្នកដែលមិនបានកើតជាថ្មី បន្ទាប់ពីជឿព្រះហើយ ក៏ដឹងពីអ្វីខុស តាមរយៈច្បាប់នៃបញ្ញាចិត្តរបស់ពួកគេផងដែរ។ ដូច្នេះហើយបានជាពួកគេបានបង្រៀនអ្នកដទៃថា កុំឲ្យលួចឲ្យសោះ។ ប៉ុន្តែពួកគេប្រព្រឹត្តកំផិតខ្លួនឯង និងមិនស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ តែពួកគេបែរជាដឹកនាំអ្នកដទៃ ដោយក្រិត្យវិន័យរបស់ព្រះ ហើយអះអាងថា ខ្លួនឯងគឺជាអ្នកជឿព្រះទៅវិញ។ 
អ្នកដែលជឿព្រះ ប្រាប់អ្នកដទៃមិនឲ្យថ្វាយបង្គំរូបព្រះ ឬសម្លាប់គេ ហើយអួតថា ពួកគេរក្សាតាមក្រិត្យវិន័យរបស់ព្រះ។ ដូច្នេះ ពួកគេមិនគោរពព្រះ ដោយការបំពានក្រិត្យវិន័យរបស់ទ្រង់។ ហើយអ្នកដែលមិនស្គាល់សេចក្តីសុចរិតរបស់ព្រះ តែជឿលើព្រះយេស៊ូវ ក៏និយាយផងដែរថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់ខ្លួន។ ប៉ុន្តែសេចក្តីជំនឿរបស់ពួកគេមិនផ្អែកលើសេចក្តីសុចរិតរបស់ព្រះឡើយ។ ហើយពួកគេប្រឆាំងនឹង សេចក្តីសុចរិតរបស់ព្រះ ដែលបានលាងសម្អាតអំពើបាបទាំងអស់របស់យើងពួកគេរួចហើយទៅវិញ។ ពួកគេខ្លួនឯងក៏មិនដឹងថា ខ្លួនកំពុងតែប្រឆាំងនឹងអ្នកជឿព្រះដែរ។ យើងអាចមើលឃើញថា មនុស្សជាច្រើនហៅខ្លួនឯងថា គ្រីស្ទបរិស័ទ ប៉ុន្តែបដិសេធដំណឹងល្អ ដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះ ដោយមិនស្គាល់ពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ឬការកាត់ស្បែកខាងវិញ្ញាណឡើយ។ ពួកគេអះអាងថា ពួកគេដើរតាមបំណងព្រះហឫទ័យព្រះ ប៉ុន្តែតាមការពិត ពួកគេមិនបានទទួលយកព្រះយេស៊ូវទេ ហើយបានឆ្កាងទ្រង់នៅលើឈើឆ្កាង ដោយបានចោទថា ព្រះយេស៊ូវបានចាត់ទុកអង្គទ្រង់ជាព្រះរាជបុត្រានៃព្រះ។ 
សាវកប៉ុលបាននិយាយថា សាសន៍យូដាខាងក្រៅមិនមែនជាសាសន៍យូដាទេ ប៉ុន្តែសាសន៍យូដាខាងក្នុងគឺជាសាសន៍យូដាវិញ។ ពួកគេអះអាងថា ពួកគេគឺជារាស្ត្ររបស់ព្រះ និងថា ពួកគេគឺជាផ្នែកមួយនៃជាតិសាសន៍របស់ព្រះ។ ប៉ុន្តែតើសាសន៍យូដាអាចជឿព្រះបានយ៉ាងដូចម្តេច បើសិនពួកគេបានបដិសេធព្រះយេស៊ូវ ដែលជាព្រះអង្គសង្រ្គោះរបស់ពួកគេ?
សាវកប៉ុលនិយាយថា «រីឯសាសន៍យូដាដ៏ពិតប្រាកដ នោះគឺខាងក្នុងវិញ ហើយការកាត់ស្បែកក៏នៅក្នុងចិត្ត ខាងព្រលឹងវិញ្ញាណដែរ» (រ៉ូម ២:២៩)។ អស់អ្នកដែលជឿលើការកាត់ស្បែកខាងវិញ្ញាណ គឺជាអ្នកជឿព្រះពិតប្រាកដ និងជាមនុស្សសុចរិត ដោយសារសេចក្តីជំនឿ។ 
តើអ្នកជឿព្រះគួរតែទទួលបានការទទួលស្គាល់ និងការសរសើរពីអ្នកណា? ពួកគេគួរតែទទួលបានវាពីព្រះ។ សាវកប៉ុលនិយាយថា «មនុស្សយ៉ាងនោះតែងមានសេចក្តីសរសើរ មិនមែនមកពីមនុស្ស គឺពីព្រះវិញ» (រ៉ូម ២:២៩)។ បើសិនយើងជឿលើសេចក្តីសុចរិតរបស់ព្រះ យើងទទួលបានការសរសើរ និងរង្វាន់ពីទ្រង់។ បើសិនអ្នកជឿព្រះយេស៊ូវតែខាងក្រៅ តែខាងក្នុងនៅតែមានបាប នោះអ្នកពិតជាមិនជឿសេចក្តីសុចរិតរបស់ព្រះឡើយ គឺអ្នកកំពុងតែចំអកដល់ទ្រង់វិញទេ។ ដូច្នេះ អ្នកនឹងទទួលបាន ការវិនិច្ឆ័យពីអ្នកមិនជឿ។
តើអ្នកណាព្រងើយកន្តើយចំពោះសេចក្តីពិតរបស់ព្រះ? ពួកគេគឺជាមនុស្សដែលដើរតាមពាក្យសម្តីរបស់មនុស្សខ្លាំងជាងព្រះបន្ទូលព្រះ។ ពួកគេបានដាក់ខ្លួនរបស់ពួកគេ នៅក្នុងនិកាយសាសនាផ្សេងៗនៅក្នុងជំនឿ គ្រីស្ទបរិស័ទ ហើយប្រឆាំងនឹងព្រះ។ ហើយពួកគេបដិសេធ និងប្រឆាំងនឹងសេចក្តីសុចរិតនៃសេចក្តីសង្រ្គោះរបស់ព្រះ ដោយកម្លាំងរួបរួមរបស់ពួកគេ។ តើអ្នកអាចដឹងបានទេថា ទណ្ឌកម្មបែបណានឹងធ្លាក់មកលើមនុស្សទាំងនេះ?
 
 
ទណ្ឌកម្មសម្រាប់អ្នកដែលទាស់ប្រឆាំងនឹងព្រះ
 
ខ.៨ និង ៩ និយាយថា «តែពួកអ្នកដែលទាស់ទទឹង មិនព្រមស្តាប់តាមសេចក្តីពិត គឺស្តាប់តាមតែសេចក្តីទុច្ចរិតវិញ នោះនឹងបានសេចក្តីក្រោធ និងសេចក្តីឃោរឃៅ ជាសេចក្តីវេទនា និងសេចក្តីលំបាកនៅលើគ្រប់ទាំងព្រលឹងមនុស្សណា ដែលប្រព្រឹត្តអាក្រក់ មានសាសន៍យូដាជាដើម និងសាសន៍ក្រេកផង»។
សេចក្តីវេទនា និងសេចក្តីលំបាក នឹងធ្លាក់មកលើព្រលឹងមនុស្សណា ដែលប្រព្រឹត្តអាក្រក់។ នៅទីនេះ ពាក្យថា «សេចក្តីលំបាក» គឺជាទណ្ឌកម្មនៅក្នុងស្ថាននរក។ សម្រាប់អ្នកដែលប្រព្រឹត្តអាក្រក់ មានសេចក្តីវេទនា និងសេចក្តីលំបាកនៅក្នុងស្ថាននរក។
តើអ្នកដែលបដិសេធព្រះនឹងទទួលបានបណ្តាសាអ្វី? ព្រះទម្លាក់ការជំនុំជម្រះដ៏គួរឲ្យខ្លាច ទៅលើអ្នកដែលបដិសេធសេចក្តីស្រឡាញ់របស់ ទ្រង់។ យើងមិនអាចរំពឹងចង់ឲ្យអ្នកដែលបានប្រឆាំងនឹងសេចក្តីស្រឡាញ់របស់ព្រះ ដែលមកពីការកាត់ស្បែកខាងវិញ្ញាណ រស់នៅ ដោយមាន សន្តិភាពនៅក្នុងរូបកាយ និងចិត្តបានឡើយ។ មនុស្សមួយចំនួននឹងរស់នៅក្នុងជីវិតដែលវិនាស នៅពេលនេះ និងបន្ទាប់ពីស្លាប់ ពីព្រោះពួកគេសមនឹងទទួលបានសេចក្តីក្រោធរបស់ព្រះ។ ពួកគេបានប្រឆាំងនឹង សេចក្តីសុចរិតរបស់ព្រះ និងមិនអាចមានភាពស្កប់ចិត្តពិតប្រាកដនៅក្នុងចិត្តបានឡើយ។ ពួកគេមិនស្គាល់សេចក្តីស្រឡាញ់ ដែលចេញមកពីការកាត់ស្បែកខាងវិញ្ញាណឡើយ។ ហើយទោះបីជាពួកគេទៅពួកជំនុំ និងសារភាពថា ពួកគេជឿលើព្រះយេស៊ូវក៏ដោយ ក៏ពួកគេនឹងរងទុក្ខពីការមិនទទួលបានការអត់ទោសអំពើបាបរបស់ពួកគេដែរ។
អ្នកមិនអាចដឹងពីអាថ៌កំបាំងនេះបានទេ បើទោះអ្នកជឿព្រះយេស៊ូវក៏ដោយ។ មានតែអ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះទេ ទើបស្គាល់អាថ៌កំបាំងនេះ។
ខ្ញុំទូន្មានដល់អ្នកដែលជឿមិនត្រឹមត្រូវលើព្រះថា អ្នកគួរតែយល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាសេចក្តីសុចរិតរបស់ព្រះ។ បន្ទាប់មក អ្នកនឹងអាចបានរួចពីបណ្តាសាដ៏អាក្រក់នេះបាន។
ប្រសិនបើមនុស្សម្នាក់ជឿព្រះយេស៊ូវ តែនៅតែនិយាយថា ខ្លួនមានបាបនៅក្នុងចិត្ត វាមានន័យថា គាត់ជឿតាមផ្លូវខុស ហើយត្រូវតែជឿតាមដំណឹងល្អ ដែលផ្តល់សេចក្តីសុចរិតរបស់ព្រះវិញ។ ទោះបីជាមនុស្សជឿព្រះយេស៊ូវនៅក្នុងនិកាយណាក៏ដោយ បើសិនពួកគេប្រកាសថា ពួកគេជឿទ្រង់ តែនៅមានបាបនៅក្នុងចិត្តរបស់ពួកគេ នោះពួកគេកំពុងតែព្រងើយកន្តើយចំពោះសេចក្តីសុចរិតរបស់ព្រះហើយ។ តើអ្វីគឺជាលទ្ធផលត្រឹមត្រូវនៃការជឿព្រះ? បើសិនអ្នកជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់អ្នក នៅក្នុងសេចក្តីពិត អ្នកនឹងលែងមានបាបទៀត ហើយ។ ប៉ុន្តែបើសិនអ្នកមានបាបនៅក្នុងចិត្តរបស់អ្នក បន្ទាប់ពីជឿព្រះយេស៊ូវ វាមានន័យថា អ្នកមិនទាន់យល់ពីសេចក្តីសុចរិតរបស់ព្រះបានច្បាស់លាស់ទេ។
ព្រះអម្ចាស់ ដែលបានសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីអំពើបាបរបស់ពួកគេ បានយាងមកជាសាច់ឈាម បានសង្រ្គោះមនុស្សមានបាប និងបានធ្វើជាព្រះអង្គសង្រ្គោះរបស់អ្នកជឿទាំងអស់។ ដូច្នេះ តើមនុស្សម្នាក់ដែលពិតជាជឿលើទឹក និងព្រះវិញ្ញាណបរិសុទ្ធ អាចមានបាបបានយ៉ាងដូចម្តេច? បើសិនគាត់ពិតជាជឿលើសេចក្តីសុចរិតរបស់ព្រះ ចាប់តាំងពីពេលដែលគាត់ជឿព្រះយេស៊ូវដំបូង គាត់មិនមានបាបឡើយ។ ប៉ុន្តែដោយសារតែគាត់ជឿព្រះយេស៊ូវ តែព្រងើយកន្តើយចំពោះសេចក្តីសុចរិតរបស់ព្រះ ទើបចិត្តរបស់គាត់នៅមានបាប។
ដូច្នេះ អ្នកត្រូវតែបោះបង់ចោលភាពរឹងរួសរបស់អ្នក នៅពេលឥឡូវនេះ។ «ខ្ញុំបានជឿព្រះយេស៊ូវនៅក្នុងផ្លូវខុសហើយ! ដូច្នេះ តើខ្ញុំគួរតែស្គាល់ និងជឿព្រះយេស៊ូវតាមរបៀបណា? ខ្ញុំបានយល់ថា ឈើឆ្កាងសំខាន់នៅក្នុងការជឿព្រះយេស៊ូវ ប៉ុន្តែបុណ្យជ្រមុជរបស់ទ្រង់ក៏សំខាន់ផងដែរ។ ឥឡូវនេះ ខ្ញុំបានយល់ហើយថា ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង និងបានទទួលការជំនុំជម្រះជំនួសមនុស្ស ពីព្រោះទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជ។» អ្នកត្រូវតែយល់ និងជឿលើសេចក្តីពិតទាំងនេះ។
អ្នកដែលនៅតែមានចិត្តរឹងរួសប្រឆាំងនឹងព្រះ នឹងទទួលបានទណ្ឌកម្មពីព្រះ ដែលជាការទម្លាក់ទៅក្នុងភ្លើងនរក។ ដូច្នេះហើយបានជា ម៉ាថាយ ៧:២២ និយាយថា «នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនៅព្រះនាមទ្រង់ទេឬអី»។ នៅពេលព្រះអម្ចាស់យាងត្រឡប់មកវិញ អ្នកដែលមិនជឿលើសេចក្តីសុចរិតរបស់ព្រះ និងមានបាបនៅក្នុងចិត្តរបស់ខ្លួន ហើយធ្វើពុតជាជឿព្រះយេស៊ូវ នឹងត្រូវទទួលការជំនុំជម្រះនៅចំពោះព្រះ។ ហើយពួកគេនឹងទូលទៅកាន់ព្រះអម្ចាស់ថា «ព្រះអម្ចាស់! តើទូលបង្គំមិនបានជឿទ្រង់ទេឬ? តើទូលបង្គំមិនបានដេញអារក្ស ដោយនូវព្រះនាមទ្រង់ និងនិយាយភាសាដទៃទេឬ? ហើយតើទូលបង្គំមិនបានបម្រើទ្រង់ទេឬ?
ប៉ុន្តែ ព្រះអម្ចាស់មានបន្ទូលថា «នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ» (នេះសំដៅលើអ្នកមិនជឿលើសេចក្តីសុចរិតរបស់ព្រះ)! តើអ្នកអាចនិយាយថា អ្នកជឿលើខ្ញុំបានយ៉ាងដូចម្តេច នៅពេលអ្នកមិនជឿថា ខ្ញុំបានលាងសម្អាតអំពើបាបទាំងអស់របស់អ្នក ដោយការទទួលបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងផងនោះ? អ្នកគឺជាអ្នកកុហក ដែលនឹងត្រូវធ្លាក់ទៅក្នុងភ្លើងឆេះអស់កល្បជានិច្ច។ អំពើបាបរបស់អ្នកមកពីអំពើបាបរបស់ហោរាក្លែងក្លាយ ហើយបានដឹកនាំមនុស្សជាច្រើនឲ្យធ្លាក់ទៅក្នុងស្ថាននរក»។ ដូច្នេះ អ្នកដែលមិនជឿលើសេចក្តីសុចរិតរបស់ព្រះ និងមិនបោះបង់ចោលភាពរឹងរួសរបស់ខ្លួន នឹងទទួលបានសេចក្តីក្រោធដ៏ឃោរឃៅរបស់ព្រះ។
ជំនឿរបស់សាសន៍យូដា គឺជាឧទាហរណ៍ដ៏ធំបំផុតមួយនៃជំនឿបែបនេះ។ សាសន៍យូដានៅតែមានចិត្តរឹងរួសនៅចំពោះ ហើយរហូតដល់សព្វថ្ងៃនេះ ពួកគេមិនជឿលើសេចក្តីសុចរិតរបស់ព្រះ តាមរយៈព្រះយេស៊ូវ គ្រីស្ទឡើយ។ សូម្បីតែក្នុងចំណោមគ្រីស្ទបរិស័ទប្រូតេស្តង់ ក៏មានគ្រីស្ទ បរិស័ទដែលមានចិត្តរឹងរួសយ៉ាងច្រើន ដែលនិយាយថា ការអធិស្ឋានលន់តួអាចនាំឲ្យពួកគេទទួលបានការអត់ទោសសម្រាប់អំពើបាបប្រចាំថ្ងៃរបស់ពួកគេបាន។ មនុស្សទាំងនេះគួរតែបោះបង់ចោលចិត្តរឹងរួសរបស់ខ្លួន ដែលមិនជឿលើសេចក្តីសុចរិតរបស់ព្រះ ដើម្បីបានរួចពីសេចក្តីក្រោធរបស់ទ្រង់។
តើព្រះយេស៊ូវអត់ទោសដល់អំពើបាបប្រចាំថ្ងៃរបស់ពួកគេ នៅពេលណាពួកគេប្រែចិត្ត ហើយអធិស្ឋានសុំការអត់ទោសជារៀងរាល់ថ្ងៃដែរទេ? ទេ ទ្រង់មិនធ្វើដូច្នេះទេ។ លោកយ៉ូហាន-បាទ្ទីស ដែលជាសម្តេចសង្ឃចុងក្រោយបង្អស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងជាតំណាងនៃមនុស្សជាតិទាំងមូល បានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ កាលពីជាង២០០០ឆ្នាំមុន ហើយព្រះយេស៊ូវបានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ ដូច្នេះ ទ្រង់បានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ និងលាងសម្អាតអំពើបាបទាំងអស់របស់មនុស្សជាតិភ្លាមតែម្តង។
តើព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើងនៅកន្លែងណា? ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិ តែម្តងជាសម្រេច នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស នៅឯទន្លេយ័រដាន់។ ទ្រង់ក៏បានសង្រ្គោះអ្នកជឿចេញពីបាបអស់កល្បជានិច្ច ដោយការយាងទៅលើភ្នំលលាក្បាល ដើម្បីបង្ហូរព្រះលោហិតនៅលើឈើឆ្កាង និងទទួលការជំនុំជម្រះសម្រាប់អំពើបាបទាំងអស់ជំនួសយើង។ ប៉ុន្តែគ្រីស្ទបរិស័ទដែលជាមនុស្សមានបាបទាំងអស់ នៅតែមានចិត្តរឹងរួស ហើយមិនជឿលើសេចក្តីសុចរិតរបស់ព្រះទៀត។ បើសិនចិត្តរបស់ពួកគេត្រូវបានលាងសម្អាតចេញពីអំពើបាបទាំងអស់ ដោយព្រះលោហិតនៅលើឈើឆ្កាងរួចហើយ ហេតុអ្វីពួកគេនៅតែទូលសុំការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេ រហូតដល់ថ្ងៃពួកគេស្លាប់ទៀត? ពួកគេកំពុងតែមានចិត្តរឹងរួសហើយ។ ព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងសំខាន់ ប៉ុន្តែបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន ក៏សំខាន់ផងដែរ ដែលមនុស្សគួរតែជឿ និងទទួលបានការអត់ទោសអំពើបាប តែម្តងជា សម្រេច ដើម្បីទទួលបានសេចក្តីសុចរិតបស់ព្រះ។
មនុស្សគ្រប់គ្នាមានចិត្តរឹងរួស! ប៉ុន្តែនៅចំពោះព្រះ អ្នកគួរតែបោះបង់ចោលចិត្តរឹងរួសរបស់អ្នក ដែលបដិសេធសេចក្តីសុចរិតរបស់ទ្រង់។ អ្នកដែលជឿលើព្រះ គួរតែស្តាប់តាម និងជឿតាមព្រះបន្ទូលទ្រង់។ ខ្ញុំក៏ជាមនុស្សមានចិត្តរឹងរួសម្នាក់ផងដែរ ប៉ុន្តែខ្ញុំបានបោះបង់ចោលភាពរឹងរួសរបស់ខ្ញុំនៅចំពោះព្រះ ហើយបានរាប់ជាសុចរិត ដោយសារព្រះគុណរបស់ទ្រង់ហើយ។ 
ការប្រែចិត្តពិតប្រាកដ គឺជាការបោះបង់ចោលភាពរឹងរួសរបស់យើង និងការទទួលយកការអត់ទោសអំពើបាប ដោយការទទួលយកសេចក្តីសុចរិតរបស់ព្រះដាក់ទៅក្នុងចិត្តគំនិតរបស់យើង។ បន្ទាប់ពីទទួលបានការអត់ទោសហើយ យើងត្រូវតែផ្លាស់ប្តូរផ្លូវខុសរបស់យើង និងទទួលស្គាល់កំហុសរបស់យើង ដោយព្យាយាមរស់នៅក្នុងជីវិតល្អប្រសើរខាងវិញ្ញាណនៅចំពោះព្រះ។ នេះគឺជាការប្រែចិត្តពិតប្រាកដនៅក្នុងជីវិតរបស់គ្រីស្ទបរិស័ទដែលបានកើតជាថ្មី។
អ្នកដែលជឿព្រះយេស៊ូវ តែមិនស្គាល់ពីសេចក្តីសុចរិតរបស់ព្រះ នឹងត្រូវវិនាស។ អ្នកទាំងនេះគួរតែបោះបង់ចិត្តរឹងរួសរបស់ខ្លួនចោល ប្រែចិត្ត និងជឿលើបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះ ដើម្បីទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន (កិច្ចការ ៣:១៩)។ ព្រះអម្ចាស់បានប្រទានសេចក្តីបង្គាប់នេះដល់យើង ដើម្បីឲ្យយើងទទួលបានការអត់ទោសអំពើបាបតែម្តងជាសម្រេច ដោយការជឿលើសេចក្តីសុចរិតរបស់ទ្រង់។ យើងត្រូវតែស្តាប់ព្រះ និងព្រះបន្ទូលទ្រង់ ដើម្បីឲ្យយើងអាចបានរាប់ជាសុចរិត និងទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់ តែម្តងជាសម្រេច ដោយការជឿលើសេចក្តីពិតថា ព្រះយេស៊ូវបានធួននឹងអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់រួចហើយ។ នៅពេលមនុស្សម្នាក់ជឿលើសេចក្តីសុចរិតរបស់ព្រះ គាត់នឹងទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់ ហើយទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ។ សាវក និងសិស្សទាំងអស់របស់ព្រះយេស៊ូវ សុទ្ធតែបានជឿលើសេចក្តីសុចរិតរបស់ព្រះ ហើយបានទទួលការអត់ទោសអំពើបាប តែម្តងជាសម្រេច។ ហើយអ្នកមិនគួរមានចិត្តរឹងរួសចំពោះសេចក្តីពិតទេ។ បើសិនអ្នកមិនយល់ពីការកាត់ស្បែកខាងវិញ្ញាណបានច្បាស់លាស់ទេ អ្នកត្រូវតែរៀន និងជឿលើវា ប៉ុន្តែអ្នកមិនគួរមានចិត្តរឹងរួសទេ គឺអ្នកត្រូវតែប្រែចិត្តជឿវិញ។
មនុស្សបដិសេធ និងចំអកដាក់សេចក្តីពិត ដោយមិនស្គាល់ពីសេចក្តីពិតនៃការកាត់ស្បែកខាងវិញ្ញាណទេ។ «វាខុសហើយ! តើមនុស្សម្នាក់អាចបានរាប់ជាសុចរិតបានយ៉ាងដូចម្តេច បើសិនគាត់ប្រព្រឹត្តអំពើបាបជារៀងរាល់ថ្ងៃ?» តើអ្នកដឹងទេថា ព្រះរាប់អ្នកជឿព្រះយេស៊ូវជាសុចរិត ទោះបើពួកគេនៅតែធ្វើបាបក៏ដោយ។ នេះគឺជាគោលលទ្ធិនៃការរាប់ជាសុចរិត។ អ្នកមិនបានរាប់ជាសុចរិតទេ ពីព្រោះពិតជាមិនមានបាបនៅក្នុងចិត្តរបស់ អ្នក។» ប៉ុន្តែអ្នកគួរតែដឹងថា នេះគឺជាសេចក្តីបង្រៀនដ៏គ្រោះថ្នាក់បំផុត។
នៅក្នុងព្រះគម្ពីរ ព្រះបានមានបន្ទូលថា តាមរយៈដំណឹងល្អអំពីការកាត់ស្បែកខាងវិញ្ញាណ ដែលផ្តល់ឲ្យយើងនូវការអត់ទោសអំពើបាប «ខ្ញុំបានលាងសម្អាតអំពើបាបទាំងអស់របស់អ្នករួចរាល់ហើយ។ ឥឡូវនេះ អ្នកឥតមានបាបទៀតទេ។ ហើយដោយសារខ្ញុំបានទទួលយកអំពើបាបទាំងអស់របស់អ្នក ឥឡូវនេះ អ្នកបានរាប់ជាសុចរិតហើយ»។ «តើអ្នកជឿលើសេចក្តីសុចរិតរបស់ខ្ញុំទេ? បើសិនអ្នកជឿតាមព្រះបន្ទូលអំពីការកាត់ស្បែកខាងវិញ្ញាណ នោះអ្នកគឺជារាស្ត្ររបស់ខ្ញុំ ហើយអ្នកឥតមានបាបទេ។» ព្រះមានបន្ទូលអំពីសេចក្តីសង្រ្គោះពេញលេញរបស់ទ្រង់ ប៉ុន្តែ គ្រីស្ទបរិស័ទមួយចំនួននិយាយបង្កាច់ និងចំអកដល់គ្រីស្ទបរិស័ទដែលបានកើតជាថ្មី ដែលជឿលើការកាត់ស្បែកខាងវិញ្ញាណថា «តើមនុស្សម្នាក់អាចបានរាប់ជាសុចរិតបានយ៉ាងដូចម្តេច បើសិនគាត់ប្រព្រឹត្តអំពើបាបជារៀងរាល់ថ្ងៃដូច្នេះ? អ្នកហៅគាត់ជាមនុស្ស «ឥតមានបាប» ម្នាក់បាន តាមរយៈគោលលទ្ធិនៃការរាប់ជាសុចរិតតែប៉ុណ្ណោះ។ ដូច្នេះ យើងមិនអាចហៅគាត់ជាមនុស្សឥតមានបាបបានឡើយ ពីព្រោះគាត់នៅតែបន្តធ្វើបាបដោយឥតឈប់ឈរ»។ ពួកគេនិយាយបង្កាច់ដូច្នេះ ហើយនៅតែមានចិត្តរឹងរួស ពីព្រោះពួកគេមិនជឿលើសេចក្តីសុចរិតរបស់ព្រះទេ។ 
ប៉ុន្តែ ព្រះប្រទានជីវិតអស់កល្បជានិច្ចដល់អ្នកដែលអត់ធ្មត់នៅក្នុងការធ្វើល្អ។ អ្នកដែលស្វែងរកសិរីល្អ កិត្តិយស និងសេចក្តីមិនចេះស្លាប់ តាមរយៈការអត់ធ្មត់នៅក្នុងការធ្វើល្អ នឹងបានធ្វើជាកូនរបស់ព្រះ ប៉ុន្តែអ្នកដែលមិនធ្វើដូច្នេះ នឹងទទួលបានទណ្ឌកម្មវិញ។ គ្រប់គ្នាចង់ធ្វើជាកូនរបស់ព្រះ និងមានជីវិតអស់កល្បជានិច្ច។ ព្រះយេស៊ូវប្រទានជីវិតអស់កល្ប ជានិច្ចដល់អ្នកដែលពិតជាចង់បានជីវិតឥតមានបាប និងរស់នៅជារៀង រហូត។
«ព្រះអម្ចាស់ អ្វីដែលទូលបង្គំពិតជាចង់បាន គឺជឿលើការអត់ទោសបាប តាមរយៈការកាត់ស្បែកខាងវិញ្ញាណ ដើម្បីឲ្យទូលបង្គំអាចមានជីវិតមួយ ដែលមិនមានអ្វីត្រូវខ្មាស់នៅក្នុងបញ្ញាចិត្តសោះ។ ទូលបង្គំចង់ធ្វើជាមនុស្សឥតមានបាប ធ្វើជាកូនរបស់ទ្រង់ ចង់ជឿលើសេចក្តីសុចរិតរបស់ទ្រង់ ហើយធ្វើឲ្យទ្រង់សព្វព្រះទ័យ។ ដូច្នេះ សូមសង្រ្គោះទូលបង្គំចេញពីអំពើបាបទាំងអស់របស់ទូលបង្គំផង។» សម្រាប់អ្នកដែលស្វែងរកសេចក្តីសង្រ្គោះដ៏សុចរិតរបស់ព្រះ និងចង់បានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់ខ្លួន ព្រះស្តាប់សេចក្តីប្រាថ្នាទាំងអស់របស់ពួកគេ ហើយអត់ទោសដល់អំពើបាបទាំងអស់របស់ពួកគេ ដោយការប្រទានដល់ពួកគេនូវដំណឹងល្អអំពីសេចក្តីសុចរិតរបស់ព្រះ។ ព្រះប្រទានជីវិតអស់កល្បជានិច្ចដល់អ្នកដែលចង់រស់នៅអស់កល្បជានិច្ច។
 
 
តើអ្វីគឺជាការកាត់ស្បែកខាងវិញ្ញាណ?
 
វា មានន័យថា ការអត់ទោសអំពើបាប ដែលបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់បានសម្រេចបាន។ ព្រះលោហិតនៃកូនចៀមគឺជាការទទួលការជំនុំជម្រះជំនួសយើង ហើយបុណ្យជ្រមុជរបស់ព្រះយេស៊ូវមានន័យថា អំពើបាបរបស់លោកិយនេះត្រូវបានផ្ទេរទៅលើអង្គព្រះយេស៊ូវ ហើយ។ សូម្បីតែនៅសព្វថ្ងៃនេះ ជំនឿគ្រីស្ទបរិស័ទមិនអាចព្រងើយកន្តើយចំពោះព្រះគម្ពីរសញ្ញាចាស់បានឡើយ ពីព្រោះបើសិនមិនមានវា យើងមិនអាចជឿតាមព្រះគម្ពីរសញ្ញាថ្មីបានឡើយ។ នៅក្នុងព្រះគម្ពីរ យើងអាចមើលឃើញថា ការកាត់ស្បែកខាងវិញ្ញាណ និងឈាមនៃកូនចៀមនៅពិធីបុណ្យរំលង មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។
នៅក្នុង ១យ៉ូហាន ៥:៦ ប្រាប់យើងថា ព្រះយេស៊ូវបានយាងមក «ដោយទឹក ហើយនិងឈាម មិនមែនដោយទឹកតែប៉ុណ្ណោះ គឺទាំងទឹកទាំងឈាមផង»។ ព្រះយេស៊ូវមិនបានយាងមក ដោយទឹក ឬព្រះលោហិតទេ ប៉ុន្តែដោយទាំងទឹក និងព្រះលោហិត។ អ្នកត្រូវតែជឿលើការកាត់ស្បែកខាងវិញ្ញាណ ដែលមាននៅក្នុងព្រះបន្ទូលអំពីទឹក ព្រះលោហិត និងព្រះវិញ្ញាណ ដើម្បីបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់អ្នក។ 
ការអាន និក្ខមនំ ១២ បានធ្វើឲ្យខ្ញុំមានសំណួរមួយចំនួនអំពីការកាត់ស្បែកខាងវិញ្ញាណ។ តើ និក្ខមនំ ១២ មានន័យយ៉ាងដូចម្តេច? ខ្ញុំបាន ពិនិត្យមើលយ៉ាងម៉ត់ចត់នៅក្នុងជំពូកទាំងមូល និងបទគម្ពីរទាក់ទងទាំងអស់នៅក្នុងព្រះគម្ពីរ ម្តងហើយម្តងទៀត។ បន្ទាប់មក ខ្ញុំបានយល់ថា ជនជាតិអ៊ីស្រាអែលអាចចូលរួមក្នុងពិធីបុណ្យរំលងបាន ពីព្រោះពួកគេបានទទួលការកាត់ស្បែករួចហើយ ហើយព្រះគម្ពីរសញ្ញាថ្មីប្រាប់យើងថា ព្រះយេស៊ូវមិនគ្រាន់តែបានបង្ហូរព្រះលោហិត នៅលើឈើឆ្កាងប៉ុណ្ណោះទេ ប៉ុន្តែទ្រង់បានបង្ហូរព្រះលោហិត ពីព្រោះទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស។
ព្រះបានប្រទានសេចក្តីបង្គាប់ពីរដល់ជនជាតិអ៊ីស្រាអែល សម្រាប់ពិធីបុណ្យរំលងស្របច្បាប់៖ ទទួលការកាត់ស្បែកពីមុន ហើយបរិភោគសាច់ចៀមនៃបុណ្យរំលង។ នេះហើយគឺជាការកាត់ស្បែកខាងវិញ្ញាណនៅក្នុងព្រះគម្ពីរសញ្ញាចាស់! ព្រះគម្ពីរសញ្ញាថ្មីប្រាប់យើងថា អំពើបាបរបស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជពីលោកយ៉ូហាន ហើយទ្រង់បានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ ខ្ញុំបានយល់ថា ការទទួលយកការពិតទាំងនេះនាំឲ្យយើងអាចទទួលបានការកាត់ស្បែកខាងវិញ្ញាណបាន។ នៅក្នុងទន្លេយ័រដាន់ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដែលនេះជារបៀបដែលទ្រង់ផ្ទុកអំពើបាបរបស់លោកិយនេះនៅលើអង្គទ្រង់ និងជាមូលហេតុដែលទ្រង់ត្រូវតែសុគតនៅលើឈើឆ្កាង ដើម្បីទទួលការជំនុំជម្រះជំនួសយើង។ 
អ្នកអាចទទួលបានសេចក្តីសង្រ្គោះចេញពីអំពើបាប និងអំពើរំលងទាំងអស់បាន ដោយការទទួលយកសេចក្តីពិតនេះទុកនៅក្នុងចិត្ត។ ដើម្បីឲ្យមនុស្សម្នាក់ទទួលបានសេចក្តីសង្រ្គោះចេញពីបាបបាន គាត់ត្រូវជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលអាចផ្តល់ឲ្យយើងនូវការកាត់ស្បែកខាងវិញ្ញាណបាន។ មនុស្សត្រូវស្គាល់ពីសេចក្តីពិតនេះ។ អ្នកដែលជាអ្នកអានសៀវភៅនេះ ត្រូវតែយល់ពីសេចក្តីពិត ដែលការកាត់ស្បែកខាងវិញ្ញាណនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មីបង្កើតជាគូមួយ ដែលទាក់ទងនឹងការអត់ទោសអំពើបាប។ ព្រះយេស៊ូវបានទទួលការជំនុំជម្រះ មិនដោយព្រោះទ្រង់បានធ្វើបាបឡើយ ប៉ុន្តែទ្រង់បានសុគតនៅលើឈើឆ្កាងសម្រាប់មនុស្សជាតិ ពីព្រោះទ្រង់បានទទួលបុណ្យជ្រមុជ និងផ្ទុកអំពើបាបរបស់លោកិយនេះនៅលើអង្គទ្រង់។ នេះគឺជាសេចក្តីជំនឿរបស់អ្នកដែលបានទទួលការកាត់ស្បែកខាងវិញ្ញាណ។
អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ តាមរយៈការកាត់ស្បែកខាងវិញ្ញាណ ឥតមានបាបទេ ពីព្រោះពួគគេពិតជាជឿដល់ព្រះយេស៊ូវ មែន។ ខ្ញុំអាណិតអ្នកដែលជឿដល់ព្រះយេស៊ូវ តែមិនទាន់បានទទួលការកាត់ស្បែកខាងវិញ្ញាណពីព្រះ។ ពួកគេត្រូវតែជឿលើសេចក្តីពិតថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញហើយ នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។
គួរឲ្យសោកស្តាយ គ្រីស្ទបរិស័ទភាគច្រើនជឿតែលើឈើឆ្កាង មិនជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវឡើយ។ ដូច្នេះ ពួកគេមិនមានជំនឿលើសេចក្តីសុចរិតរបស់ព្រះឡើយ។ យើងត្រូវដឹងថា យើងត្រូវតែជឿលើអ្វីដែលព្រះបានប្រាប់យើងនៅក្នុងព្រះគម្ពីរ។
យើងត្រូវតែបោះបង់ចោលគោលលទ្ធិរបស់ទេវវិទូទាំងឡាយ ហើយជឿតាមតែព្រះបន្ទូលព្រះ ដែលដឹកនាំយើងទៅដល់សេចក្តីសុចរិតរបស់ទ្រង់។ នេះដោយព្រោះតែព្រះបន្ទូលដែលមិនមានសេចក្តីសុចរិតរបស់ទ្រង់ មិនមែនជាព្រះបន្ទូលព្រះពិតប្រាកដឡើយ។ ហើយដំណឹងល្អដែលមិនមានការកាត់ស្បែកខាងវិញ្ញាណ ក៏មិនពេញលេញដែរ។ ដូច្នេះហើយបានជាព្រះបានមានបន្ទូលជារឿយៗនៅក្នុងព្រះគម្ពីរ អំពីការកាត់ស្បែកនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ នៅក្នុងន័យផ្សេង ព្រះគម្ពីរនិយាយអំពីការកាត់ស្បែក និងឈាមកូនចៀមនៃបុណ្យរំលងនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ស្របគ្នាជាមួយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ យើងត្រូវតែជឿលើសេចក្តីពិតនេះ ដើម្បីទទួលបានការកាត់ស្បែកខាងវិញ្ញាណ។ ប៉ុន្តែបើសិនយើងមិនជឿលើសេចក្តីពិតនេះទេ យើងនឹងត្រូវបានកាត់ចេញពីនគរព្រះហើយ។
តើសេចក្តីសុចរិតរបស់ព្រះត្រូវបានបំពេញសម្រេច ដោយព្រះលោហិតទ្រង់នៅលើឈើឆ្កាងតែមួយមុខឬ? មិនដូច្នេះទេ។ សេចក្តីសុចរិតរបស់ព្រះត្រូវបានបំពេញសម្រេច ដោយទាំងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ដូច្នេះ យើងបានទទួលការកាត់ស្បែកខាងវិញ្ញាណនៅក្នុងចិត្តរបស់យើង មិនដោយសារការបង្ហូរព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខនោះទេ ប៉ុន្តែដោយសារបុណ្យជ្រមុជ ដែលទ្រង់បានទទួលពីលោកយ៉ូហានផងដែរ។ យើងអាចទទួលបានការកាត់ស្បែកខាងវិញ្ញាណបាន ពីព្រោះព្រះយេស៊ូវពិតជាបានលាងសម្អាតអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងការសុគតធួននឹងបាបរបស់ទ្រង់នៅលើឈើឆ្កាងរួចហើយ។
 
 
ការកាត់ស្បែកមានន័យថា កាត់ផ្តាច់
 
ហោរាអេសាយ បានទាយថា ព្រះមែស៊ី ដែលជាព្រះយេស៊ូវគ្រីស្ទ នឹងទទួលការជំនុំជម្រះសម្រាប់អំពើបាបជំនួសយើង ដោយរបួស និងស្នាមជាំ។ ដូច្នេះ មានអ្វីមួយ ដែលយើងគួរតែដឹង មុនពេលយើងបន្តទៅមុខទៀត។ ហេតុអ្វីព្រះគ្រីស្ទត្រូវតែសុគតនៅលើឈើឆ្កាង?
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ មនុស្សមានបាបម្នាក់ត្រូវតែដាក់ដៃរបស់ខ្លួនលើកូនចៀមយញ្ញបូជា ដើម្បីផ្ទេរអំពើបាប ហើយសម្លាប់កូនចៀមនោះ។ បន្ទាប់មក សង្ឃបានយកម្រាមដៃជ្រលក់ក្នុងឈាមខ្លះ ហើយយកទៅប្រោះលើស្នែងអាសនាតង្វាយដុត ហើយចាក់ឈាមទាំងអស់ដែលនៅសល់នៅជើងអាសនា (លេលីវិន័យ ៤:២៧-៣០)។ ដូច្នេះ មនុស្សមានបាបម្នាក់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ បានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន តាមរបៀបដូច្នេះ។ ដូច្នេះ តើព្រះយេស៊ូវ ដែលបានយាងមកធ្វើជាកូនចៀមនៃព្រះ (យ៉ូហាន ១:២៩) ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង មិនត្រូវតែឲ្យលោកយ៉ូហានដាក់ដៃលើសិរសារបស់ទ្រង់ ដូចនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដើម្បីទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិទេឬអី?
ដូច្នេះ តើព្រះអម្ចាស់បានដោះអំពើបាបរបស់លោកិយនេះនៅពេលណា និងដោយរបៀបណា? វាបានកើតឡើងនៅក្នុង ម៉ាថាយ ៣:១៣-១៧ ដែលលោកយ៉ូហានបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ គឺដូចជាកណ្ឌលេវីវិន័យបន្តនិយាយថា «នោះគេត្រូវដាក់ដៃលើក្បាលនៃសត្វនោះ» (លេវីវិន័យ ១:៤; ៣:៨; ៤:២៩) ដើម្បីផ្ទេរអំពើបាប។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ សម្តេចសង្ឃត្រូវដាក់ដៃរបស់ខ្លួនលើក្បាលកូនចៀម ហើយផ្ទេរអំពើបាបទាំងអស់របស់ជនជាតិអ៊ីស្រាអែល (លេវីវិន័យ ១៦:២១)។ បន្ទាប់មក គាត់បានយកម្រាមដៃជ្រលក់ក្នុងឈាមខ្លះ ហើយយកទៅប្រោះលើស្នែងអាសនាតង្វាយដុត ហើយចាក់ឈាមទាំងអស់ដែលនៅសល់នៅជើងអាសនា។ ដូច្នេះ ពួកគេបានទទួលការអត់ទោសអំពើបាប តាមរបៀបដូច្នេះ។ 
តាមរបៀបនេះ យើងអាចទទួលបានការអត់ទោសអំពើបាបបាន តាមរយៈបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ នេះគឺជាសេចក្តីសុចរិតរបស់ព្រះ និងការកាត់ស្បែកខាងវិញ្ញាណនៅក្នុងព្រះគម្ពីរ ដែលព្រះចង់ប្រទានឲ្យ យើង។ ដូច្នេះ បុណ្យជ្រមុជ និងព្រះលោហិតនៅលើឈើឆ្កាងរបស់ព្រះយេស៊ូវបានកាត់ផ្តាច់អំពើបាបរបស់យើង ដែលជឿលើសេចក្តីសុចរិតរបស់ព្រះ។ កាលណាយើងយល់ពីអត្ថន័យនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលមានទំនាក់ទំនងជាមួយការកាត់ស្បែកនៅក្នុងព្រះគម្ពីរសញ្ញាចាស់ យើងជឿលើសេចក្តីសុចរិតរបស់ព្រះ ហើយយើងពិតជាទទួលបានការកាត់ស្បែកខាងវិញ្ញាណនៅក្នុងចិត្តរបស់យើង។
 
 
ការកាត់ស្បែកខាងវិញ្ញាណដ៏ពិតនៅក្នុងព្រះគម្ពីរសញ្ញាថ្មី
 
ចូរ យើងពិនិត្យមើល ម៉ាថាយ ៣:១៣-១៥។ «នោះព្រះយេស៊ូវទ្រង់យាងពីស្រុកកាលីឡេ មកឯយ៉ូហានត្រង់ទន្លេយ័រដាន់ ដើម្បីនឹងទទួលបុណ្យជ្រមុជពីគាត់ តែយ៉ូហានប្រកែកថា ដូចម្តេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ រួចគាត់ក៏ព្រមធ្វើ។»
លោកយ៉ូហាន-បាទ្ទីស បានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ នៅឯទន្លេយ័រដាន់។ គាត់បានដាក់ដៃរបស់គាត់លើសិរសារបស់ព្រះយេស៊ូវ នៅពេលគាត់ជ្រមុជទ្រង់។ (ធ្វើបុណ្យជ្រមុជឲ្យ «baptizo» ជាភាសាក្រិក មានន័យថា ជ្រមុជចុះទៅក្នុងទឹក។)
ដើម្បីព្រះអាចសុគតនៅលើឈើឆ្កាង សម្រាប់អំពើបាបរបស់យើងបាន ជាដំបូង ទ្រង់ត្រូវតែទទួលយកអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ដូច្នេះ ទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន- បាទ្ទីស ដោយការជ្រមុជចុះទៅក្នុងទឹក។ ហេតុអ្វីទ្រង់ទទួលបុណ្យជ្រមុជ? ទ្រង់ទទួលបុណ្យជ្រមុជ ដើម្បីបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ។ វាគឺជាអំពើត្រឹមត្រូវ និងសុចរិត ដែលទ្រង់បានទទួលយកអំពើបាបរបស់មនុស្សជាតិ តាមរយៈបុណ្យជ្រមុជ និងដែលទ្រង់បានធ្វើជាព្រះ និងព្រះអង្គសង្រ្គោះរបស់យើង។ ហើយវាយុត្តិធម៌ណាស់ ដែលព្រះសុគតនៅលើឈើឆ្កាង ដោយផ្ទុកអំពើបាបទាំងអស់របស់យើងនៅលើអង្គទ្រង់។
កិច្ចការដំបូងគេ ដែលព្រះយេស៊ូវបានធ្វើនៅក្នុងព័ន្ធកិច្ចសាធារណៈរបស់ទ្រង់ គឺទទួលបុណ្យជ្រមុជ។ បុណ្យជ្រមុជ ជាភាសាក្រិក «baptisma» មានន័យថា «លាងសម្អាត កប់ និងផ្ទេរទៅឲ្យ»។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ នៅថ្ងៃទីដប់ក្នុងខែប្រាំពីរ គឺជាថ្ងៃធួននឹងបាបរបស់ជនជាតិអ៊ីស្រាអែល ហើយសម្តេចសង្ឃអើរ៉ុនបានដាក់ដៃរបស់គាត់នៅលើពពែយញ្ញបូជា ដើម្បីផ្ទេរអំពើបាបទាំងអស់របស់ជនជាតិអ៊ីស្រាអែល។ ក្នុងចំណោមពពែពីរ ពពែមួយត្រូវបានថ្វាយទៅចំពោះព្រះ ហើយពពែមួយទៀតត្រូវធ្វើជាតង្វាយសម្រាប់ការធួននឹងបាប នៅចំពោះមុខជនជាតិ អ៊ីស្រាអែល (លេវីវិន័យ ១៦)។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើង ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស។ 
ថ្ងៃបន្ទាប់ពីបុណ្យជ្រមុជរបស់ទ្រង់ លោកយ៉ូហានបានចង្អុលទៅព្រះយេស៊ូវ និងនិយាយថា «នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» (១:២៩)។
 អ្នកត្រូវតែទទួលស្គាល់ថា យើងមិនអាចទទួលបានការកាត់ស្បែកខាងវិញ្ញាណ ដោយសារជំនឿលើព្រះលោហិតតែមួយមុខបានឡើយ។
ចូរយើងពិនិត្យមើល ១យ៉ូហាន ៥:៤-១២។ «ពីព្រោះគ្រប់ទាំងអស់ដែលកើតពីព្រះមក នោះបានឈ្នះលោកីយ៍ហើយ ឯជ័យជំនះដែលឈ្នះលោកីយ៍ នោះគឺជាសេចក្តីជំនឿរបស់យើង តើអ្នកណាជាអ្នកឈ្នះលោកីយ៍ បើមិនមែនជាអ្នកដែលជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ គឺព្រះយេស៊ូវគ្រីស្ទនេះហើយ ដែលយាងមកដោយទឹក ហើយនិងឈាម មិនមែនដោយទឹកតែប៉ុណ្ណោះ គឺទាំងទឹកទាំងឈាមផង គឺជាព្រះវិញ្ញាណដែលធ្វើបន្ទាល់ ដ្បិតព្រះវិញ្ញាណទ្រង់ជាសេចក្តីពិត មានសាក្សី៣អង្គដែលធ្វើបន្ទាល់នៅស្ថានសួគ៌ គឺជាព្រះវរបិតា១ ព្រះបន្ទូល១ និងព្រះវិញ្ញាណបរិសុទ្ធ១ តែទាំង៣អង្គនេះរួមមកតែ១ទេ ហើយមាន៣មុខទៀត ដែលធ្វើបន្ទាល់នៅផែនដីដែរ គឺជាព្រះវិញ្ញាណ១ ទឹក១ និងឈាម១ ទាំង៣នេះក៏ត្រូវគ្នាដែរ បើសិនជាយើងបានទទួលសេចក្តីបន្ទាល់របស់មនុស្សទៅហើយ នោះសេចក្តីបន្ទាល់របស់ព្រះ ក៏ប្រសើរជាងទៅទៀត ដ្បិតសេចក្តីបន្ទាល់របស់ព្រះ គឺជាសេចក្តីដែលទ្រង់ថ្លែងប្រាប់ ពីព្រះរាជបុត្រានៃទ្រង់ អ្នកណាដែលជឿដល់ព្រះរាជបុត្រានៃព្រះ នោះមានសេចក្តីបន្ទាល់ នៅក្នុងខ្លួនហើយ តែអ្នកណាដែលមិនជឿសោះ នោះឈ្មោះថា បានធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ពីព្រោះមិនបានជឿដល់សេចក្តីបន្ទាល់ ដែលទ្រង់បានធ្វើពីដំណើរព្រះរាជបុត្រានៃទ្រង់ នេះហើយជាសេចក្តីបន្ទាល់នោះ គឺថា ព្រះទ្រង់បានប្រទាន ជីវិតដ៏នៅអស់កល្បជានិច្ចមកយើងរាល់គ្នា ហើយជីវិតនោះ គឺនៅក្នុងព្រះរាជបុត្រានៃទ្រង់ ឯអ្នកណាដែលមានព្រះរាជបុត្រា នោះក៏មានជីវិតដែរ តែអ្នកណាដែលគ្មានព្រះរាជបុត្រានៃព្រះទេ នោះគ្មានជីវិតឡើយ។»
តើអ្វីគឺជាភស្តុតាងនៃការកាត់ស្បែកខាងវិញ្ញាណ? វាគឺជាការជឿលើ និងទទួលយកទាំងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ ជាសេចក្តីសង្រ្គោះរបស់យើង។ ជ័យជំនះលើលោកិយនេះ គឺជាទឹក និងព្រះលោហិត។ «យេស៊ូវគ្រីស្ទនេះហើយ ដែលយាងមកដោយទឹក ហើយនិងឈាម មិនមែនដោយទឹកតែប៉ុណ្ណោះ គឺទាំងទឹកទាំងឈាមផង គឺជាព្រះវិញ្ញាណដែលធ្វើបន្ទាល់ ដ្បិតព្រះវិញ្ញាណទ្រង់ជាសេចក្តីពិត មានសាក្សី៣អង្គដែលធ្វើបន្ទាល់នៅស្ថានសួគ៌ គឺជាព្រះវរបិតា១ ព្រះបន្ទូល១ និងព្រះវិញ្ញាណបរិសុទ្ធ១ តែទាំង៣អង្គនេះរួមមកតែ១ទេ ហើយមាន៣មុខទៀត ដែលធ្វើបន្ទាល់នៅផែនដីដែរ គឺជាព្រះវិញ្ញាណ១ ទឹក១ និងឈាម១ ទាំង៣នេះក៏ត្រូវគ្នាដែរ។» ទីបន្ទាល់ទាំងនេះ ដែលបង្ហាញថា ព្រះគឺជាព្រះ និងព្រះអង្គសង្រ្គោះរបស់យើង ធ្វើបន្ទាល់ថា ព្រះបានយាងមកផែនដីនេះជាសាច់ឈាម បានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ បង្ហូរព្រះលោហិតនៅលើឈើឆ្កាងជំនួសយើង និងសង្រ្គោះយើងចេញពីអំពើបាបរបស់យើង។
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដំណឹងល្អអំពីការកាត់ស្បែកខាងវិញ្ញាណផ្ទុកនូវទឹក និងព្រះលោហិត។ ទឹកគឺជាបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន ហើយព្រះលោហិតគឺជាការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជាគូនឹងការកាត់ស្បែកនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ហើយបុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជា ភស្តុតាងបញ្ជាក់ថា អំពើបាបរបស់យើងត្រូវបានផ្ទេរទៅលើទ្រង់រួច ហើយ។ អ្នកដែលជឿតាមសេចក្តីពិត នឹងអាចឈរនៅចំពោះព្រះ និងនិយាយថា «ព្រះជាម្ចាស់ ទ្រង់គឺជាព្រះអង្គសង្រ្គោះរបស់ទូលបង្គំ។ ទូលបង្គំជឿលើសេចក្តីសុចរិតរបស់ទ្រង់។ ទូលបង្គំឥតមានបាបទេ និងជាកូនសុចរិតរបស់ទ្រង់ ហើយទ្រង់គឺជាព្រះរបស់ទូលបង្គំ»។ តើមានមូលដ្ឋានគ្រឹះអ្វីនៅក្នុងព្រះគម្ពីរ ដែលអនុញ្ញាតឲ្យអ្នកប្រកាសបែបនេះ? វាគឺជា សេចក្តីជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដែលបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ។ ការជឿលើព្រះលោហិតរបស់ព្រះគ្រីស្ទតែមួយមុខ មិនអាចនាំឲ្យយើងទទួលបាន សេចក្តីសុចរិតរបស់ព្រះបានឡើយ ប៉ុន្តែការជឿទាំងបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ នាំឲ្យយើងទទួលបានសេចក្តីសុចរិតរបស់ព្រះ។
ចូរយើងពិនិត្យមើលបទគម្ពីរអំពីភាពមិនអាចខ្វះបាននៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងសេចក្តីសង្រ្គោះរបស់យើង។ ១ពេត្រុស ៣:២១ បញ្ជាក់ពីសេចក្តីពិតនេះ។ «ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ មិនមែនជាការសំអាតក្អែលរបស់រូបសាច់ចេញទេ គឺជាសេចក្តីសន្មតិរបស់បញ្ញាចិត្តដ៏ជ្រះថ្លាចំពោះព្រះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្មរស់ឡើងវិញ។»
ឥឡូវនេះ សាវកពេត្រុសកំពុងតែនិយាយអំពីភស្តុតាងរឹងមាំនៃ សេចក្តីសង្រ្គោះរបស់យើង។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជាការកាត់ស្បែកនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ តើអ្នកយល់ទេ? ដូចដែលជនជាតិ អ៊ីស្រាអែលបានកាត់ស្បែកអង្គជាតិរបស់ពួកគេសម្រាប់ការកាត់ស្បែកនៅក្នុងព្រះគម្ពីរសញ្ញាចាស់ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ដើម្បីជួយឲ្យយើងអាចទទួលការកាត់ស្បែកខាងវិញ្ញាណ បាន។ បុណ្យជ្រមុជ និងព្រះលោហិតនៅលើឈើឆ្កាងបានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ។ ហើយការកាត់ស្បែកខាងវិញ្ញាណ និងបុណ្យជ្រមុជ មានន័យដូចគ្នា។ អ្នកត្រូវតែយល់ថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជាការកាត់ស្បែកខាងវិញ្ញាណរបស់យើងទាំងអស់គ្នា។ 
«ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ។» តើយើងទទួលបានសេចក្តីសុចរិតរបស់ព្រះដោយរបៀបណា? ដោយការជឿថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ និងបានសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់យើង។ ម៉ាថាយ ៣:១៥ និយាយថា «ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ»។ ដោយសារអំពើបាបទាំងអស់របស់មនុស្សជាតិត្រូវបានផ្ទេរទៅលើអង្គព្រះយេស៊ូវ អំពើបាបត្រូវបានលាងសម្អាតទាំងស្រុង។ មនុស្សមានបាបទាំងអស់បានរាប់ជាសុចរិត ដោយការជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវគ្រីស្ទបានបង្ហូរព្រះលោហិតនៃការជំនុំជម្រះនៅលើឈើឆ្កាង បន្ទាប់ពីបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ គឺអំពើបាបទាំងអស់របស់មនុស្សជាតិត្រូវបានធួនតាមរបៀបនេះ។ ការជឿថា ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់លោកិយនេះ តាមរយៈបុណ្យជ្រមុជ និងថា ទ្រង់បានទទួលការជំនុំជម្រះជំនួសយើង គឺជាជំនឿលើសេចក្តីពិត ដែលនឹងផ្តល់សេចក្តីសុចរិតរបស់ព្រះដល់អ្នកជឿទាំងអស់។ ដូច្នេះ ចូរជឿលើសេចក្តីពិតនេះចុះ។
យ៉ូហាន ១:២៩ និយាយថា «នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក»។ ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ និងជាព្រះអាទិកររបស់ព្រះ ដែលបានបំពេញសម្រេចសេចក្តីសន្យាអំពើការកាត់ស្បែករបស់ទ្រង់ ដោយការទទួលយកអំពើបាបរបស់មនុស្សមានបាប។ នេះគឺជាជំនឿត្រឹមត្រូវ ដែលនាំឲ្យកើតមានការកាត់ស្បែកខាងវិញ្ញាណនៅក្នុងចិត្តរបស់យើង ដែលជាសេចក្តីសុចរិតរបស់ព្រះ។ ទ្រង់គឺសេចក្តីសុចរិតដ៏ពិតរបស់យើង។ យើងត្រូវតែអរព្រះគុណដល់ទ្រង់ សម្រាប់បុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ដែលបានជួយឲ្យយើងអាចទទួលបានការកាត់ស្បែកខាងវិញ្ញាណបាន។
១ពេត្រុស ៣:២១ បន្តថា «មិនមែនជាការសំអាតក្អែលរបស់រូបសាច់ចេញទេ គឺជាសេចក្តីសន្មតិរបស់បញ្ញាចិត្តដ៏ជ្រះថ្លាចំពោះព្រះវិញ»។ ក្អែលរបស់មនុស្សម្នាក់មិនត្រូវបានសម្អាត ដោយសារតែគាត់ជឿ និងទទួលយកព្រះជាព្រះអង្គសង្រ្គោះរបស់គាត់ទេ។ អ្នកអាចទទួលបានការអត់ទោសអំពើបាប ដោយការជឿថា អំពើបាបទាំងអស់របស់អ្នកត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជ និងការបង្ហូរព្រះលោហិតនៅលើឈើឆ្កាងរបស់ទ្រង់។ ការទទួលបានការអត់ទោសអំពើបាប ដោយប្រកាសថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់អ្នក កើតមាននៅក្នុងចិត្តរបស់អ្នកជឿ។ បើសិនអ្នកជឿលើព្រះអង្គសង្រ្គោះដោយចិត្តរបស់អ្នក អ្នកនឹងបានរួចពីបាប ខណៈដែលសាច់ឈាមរបស់អ្នកនៅតែមានក្អែល និងប្រព្រឹត្តអំពើរំលងជារៀងរាល់ថ្ងៃ ប៉ុន្តែអ្នកឥតមានបាបនៅចំពោះព្រះ ឡើយ។ អ្នកទទួលបានសេចក្តីសុចរិតរបស់ព្រះ ដោយការជឿថា នៅពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជ អំពើបាបទាំងអស់របស់អ្នកត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ និងថា លែងមានបាបនៅក្នុងចិត្តរបស់អ្នកហើយ។ 
 
 
អ្នកត្រូវតែជឿលើសេចក្តីពិត ហើយយកសេចក្តីពិតធ្វើជារបស់អ្នក
 
យ៉ូហាន ១:១២ និយាយថា «ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ»។ 
តើព្រះបន្ទូលអ្វីខ្លះដែលអ្នកបានជឿតាម និងទទួលយក? អ្នកត្រូវតែទទួលយកកិច្ចការទាំងអស់ ដែលព្រះរាជបុត្រានៃព្រះបានធ្វើ។ តើការងាររបស់ព្រះគឺជាអ្វី? ព្រះរាជបុត្រានៃព្រះបានយាងមកផែនដីនេះ ក្នុងរូបភាពជាសាច់ឈាម ហើយនៅពេលទ្រង់មានព្រះជន្ម៣០វស្សា ទ្រង់បានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបរបស់មនុស្សជាតិ និងបានប្រទានការកាត់ស្បែកខាងវិញ្ញាណ ដើម្បីលាងសម្អាតអំពើបាបរបស់យើង។ បន្ទាប់មក ទ្រង់បានសុគតនៅលើឈើឆ្កាង ក្នុងនាមជាកូនចៀមនៃព្រះ និងបានធ្វើជាយញ្ញបូជាធួននឹងអំពើបាបសម្រាប់យើង។ ទ្រង់បានធ្វើជាតង្វាយលោះបាបដ៏អស់កល្បជានិច្ច សម្រាប់មនុស្សមានបាបទាំងអស់ ហើយបានសង្រ្គោះយើងអស់កល្បជានិច្ច។ នេះគឺជាសេចក្តីជំនឿដ៏ត្រឹមត្រូវ ហើយយើងបានរាប់ជាសុចរិត ដោយការជឿតាមសេចក្តីពិតនេះ។ 
តើយើងអាចទទួលបានការកាត់ស្បែកខាងវិញ្ញាណ ដោយការជឿលើព្រះលោហិតរបស់ព្រះយេស៊ូវតែមួយមុខបានដែរទេ? ទេ យើងមិនអាចឡើយ។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវបានកាត់ផ្តាច់អំពើបាបចេញពីយើង ហើយការជំនុំជម្រះដែលទ្រង់បានទទួលនៅលើឈើឆ្កាង ដោយការបង្ហូរព្រះលោហិតរហូតដល់សុគត គឺជាការទទួលការជំនុំជម្រះជំនួសអ្នក និងខ្ញុំ។ យើងបានសង្រ្គោះចេញពីបាប និងបានរួចពីការជំនុំជម្រះ ពីព្រោះយើងជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលជាដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតនៅលើឈើឆ្កាងរបស់ព្រះយេស៊ូវ។ ការទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះមិនអាចលាងសម្អាតអំពើបាបទាំងអស់នៅក្នុងចិត្តរបស់មនុស្សមានបាបបានឡើយ។ ដូច្នេះ ចូរទទួលយកការកាត់ស្បែកខាងវិញ្ញាណនៅក្នុងចិត្តរបស់អ្នកចុះ នោះអ្នកនឹងទទួលបានសេចក្តីសុចរិតរបស់ព្រះ។
 
 
ការកាត់ស្បែកខាងវិញ្ញាណគួរតែកើតមាននៅក្នុងចិត្ត
 
នៅក្នុង រ៉ូម ២ សាវកប៉ុលនិយាយថា «ការកាត់ស្បែកនៅក្នុងចិត្ត!។ តើអ្នកកាត់ស្បែករបស់អ្នកនៅក្នុងចិត្តយ៉ាងដូចម្តេច? អ្នកអាចធ្វើដូច្នេះបាន លុះត្រាតែអ្នកជឿថា ព្រះយេស៊ូវបានយាងមកផែនដីនេះ ជាសាច់ឈាម ទទួលបុណ្យជ្រមុជ ដើម្បីដោះ «អំពើបាបទាំងអស់របស់លោកិយនេះ» ចេញ បង្ហូរព្រះលោហិតរហូតដល់សុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីធ្វើជាព្រះអង្គសង្រ្គោះដ៏អស់កល្ប ជានិច្ច។ សាវកប៉ុលបាននិយាយថា ការកាត់ស្បែកគួរតែត្រូវបានធ្វើឡើងនៅក្នុងចិត្ត ហើយអ្នកអាចកាត់ស្បែកនៅក្នុងចិត្តរបស់អ្នកបាន ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ បើសិនអ្នកចង់ទទួលបានការកាត់ស្បែកខាងវិញ្ញាណនៅក្នុងចិត្តរបស់អ្នក ចូរជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវចុះ។ ហើយអ្នកពិតជានឹងបានធ្វើជាកូនរបស់ព្រះហើយ។ បានរាប់ជាសុចរិតហើយ អ្នកណាដែលជឿថា បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវបានសង្រ្គោះគាត់ចេញពីអំពើបាបរបស់គាត់។ អាម៉ែន។
ព្រះយេស៊ូវបានរស់នៅក្នុងព្រះជន្មឯកជនមួយ ដើម្បីថែរក្សាគ្រួសាររបស់ទ្រង់ រហូតដល់ទ្រង់មានព្រះជន្ម២៩វស្សា ប៉ុន្តែនៅពេលទ្រង់មានព្រះជន្ម៣០វស្សា ទ្រង់បានចាប់ផ្តើមព្រះជន្មជាសាធារណៈរបស់ទ្រង់។ នៅក្នុងកំឡុងព្រះជន្មជាសាធារណៈរបស់ទ្រង់ ទ្រង់បានលាងសម្អាតអំពើបាបទាំងអស់របស់មនុស្សជាតិ និងបានសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបរបស់ពួកគេ។ កិច្ចការដំបូងគេ ដែលទ្រង់បានធ្វើ គឺទទួលបុណ្យជ្រមុជ ដើម្បីសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបរបស់ពួកគេ និងរាប់ពួកគេជាសុចរិត។ «នោះព្រះយេស៊ូវទ្រង់យាងពីស្រុកកាលីឡេ មកឯយ៉ូហានត្រង់ទន្លេយ័រដាន់ ដើម្បីនឹងទទួលបុណ្យជ្រមុជពីគាត់» (ម៉ាថាយ ៣:១៣)។ ហេតុអ្វីព្រះយេស៊ូវទទួលបុណ្យជ្រមុជ? យើងត្រូវតែដឹងថា ទ្រង់បានធ្វើដូច្នេះ ដើម្បីដោះអំពើបាបទាំងអស់របស់មនុស្សមានបាបចេញ។ ហើយយើងមិនត្រូវយល់ខុសពីអត្ថន័យពិតប្រាកដនៃបុណ្យជ្រមុជរបស់ទ្រង់ឡើយ។ បុណ្យជ្រមុជ គឺត្រូវលាងសម្អាតអំពើបាប ដោយការផ្ទេរអំពើបាប។ នេះហើយគឺជាមូលហេតុដែលព្រះបានបង្គាប់ឲ្យលោកយ៉ូហាន- បាទ្ទីសធ្វើបុណ្យជ្រមុជថ្វាយទ្រង់ ដើម្បីដោះអំពើបាបរបស់មនុស្សមានបាបចេញ។ 
តើលោកយ៉ូហានដែលធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ គឺជាអ្នកណា? លោកយ៉ូហានគឺជាតំណាងនៃមនុស្សជាតិទាំងមូល។ មានការពន្យល់យ៉ាងច្បាស់លាស់មួយនៅក្នុង ម៉ាថាយ ១១:១១-១៤។ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងបណ្តាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំជាងយ៉ូហាន-បាទ្ទីស ប៉ុន្តែអ្នកណាដែលតូចជាងគេក្នុងនគរស្ថានសួគ៌ នោះធំជាងគាត់ហើយ តាំងតែពីគ្រាយ៉ូហាន-បាទ្ទីស ដរាបដល់គ្រាឥឡូវនេះ នោះមានគេខំប្រឹងចាប់បាននគរស្ថានសួគ៌ ហើយគឺជាពួកខំប្រឹងពិតដែលចាប់បានផង ពីព្រោះអស់ទាំងហោរា និងក្រឹត្យវិន័យបានទាយ ដរាបមកដល់គ្រាលោកយ៉ូហាន ហើយបើសិនជាអ្នករាល់គ្នាព្រមទទួលពាក្យនេះ នោះគឺលោកនេះហើយ ជាលោកអេលីយ៉ាដែលត្រូវមក។»
ចាប់ពីសម័យលោកយ៉ូហាន-បាទ្ទីសមក សម័យនៃសម័្ពន្ធមេត្រីរបស់ព្រះបានបញ្ចប់។ នេះគឺដោយសារព្រះយេស៊ូវ ដែលនឹងត្រូវបំពេញសម្រេចសេចក្តីសន្យារបស់ព្រះ បានយាងមកហើយ។ ដូច្នេះ តើអ្នកណាខ្លះគឺជាអ្នកត្រូវបំពេញសម្រេចសេចក្តីសន្យាទាំងឡាយ នៅក្នុងព្រះគម្ពីរសញ្ញាចាស់? ពួកគេគឺជាព្រះយេស៊ូវ និងលោកយ៉ូហាន-បាទ្ទីស។ លោកយ៉ូហាន-បាទ្ទីសគឺជាហោរាចុងក្រោយបង្អស់ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលត្រូវបានបញ្ជូនមក ដើម្បីផ្ទេរអំពើបាបទាំងអស់ទៅលើកូនចៀមនៃព្រះ ដែលបានយាងមកនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ដូច្នេះ គាត់បានផ្ទេរអំពើបាបទៅលើព្រះយេស៊ូវ ដោយបានដាក់ដៃរបស់គាត់នៅលើសិរសារបស់ទ្រង់ ដែលស្របតាមប្រព័ន្ធថ្វាយយញ្ញបូជា ដែលព្រះបានបង្កើត ឡើង។ ដូច្នេះ អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានដោះចេញ និងផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ។ «ដ្បិតគួរឲ្យ» ព្រះបានប្រទានការកាត់ស្បែកខាងវិញ្ញាណទៅក្នុងចិត្តរបស់មនុស្សជាតិទាំងមូល។
ចូរជឿ និងទទួលយកយ៉ាងខ្ជាប់ខ្ជួនលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ជាការធួននឹងបាបរបស់អ្នកចុះ។ ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ និងការជំនុំជម្រះទាំងអស់រួចរាល់ហើយ។ ដំណឹងល្អអំពីសេចក្តីសុចរិតរបស់ព្រះគឺជាសេចក្តីពិតថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ និងបង្ហូរព្រះលោហិត ដើម្បីធួននឹងអំពើបាបទាំងអស់របស់យើង។ ឥឡូវនេះ យើងអាចទទួលបានការអត់ទោសអំពើបាប ដោយការទទួលយកសេចក្តីសុចរិតរបស់ព្រះនៅក្នុងចិត្តរបស់យើង។ បើសិនអ្នកទទួលយកវា នោះអ្នកនឹងអាចចូលទៅក្នុង «បញ្ជីពង្សាវតារពីព្រះយេស៊ូវគ្រីស្ទ ជាវង្សាហ្លួងដាវីឌ និងជាជំនួរវង្សនៃលោក អ័ប្រាហាំ»។ មានមនុស្សដែលបានស្គាល់ពីសេចក្តីសុចរិតរបស់ព្រះរួចហើយ ហើយមានមនុស្សដែលមិនស្គាល់ និងនៅខាងក្រៅព្រះយេស៊ូវ គ្រីស្ទនៅឡើយ។ ព្រះអាទិត្យនឹងលេចបាត់ទៅ។ ដូច្នេះ ចូរជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយចូលទៅក្នុងទ្រង់ចុះ។ សេចក្តីជំនឿជឿលើបុណ្យជ្រមុជ នឹងក្លាយជាប្រេងរបស់អ្នក ដែលត្រៀមរួចជាស្រេចសម្រាប់ពិធីមង្គលការ។ ខ្ញុំសង្ឃឹមថា អ្នកដឹងពីអាថ៌កំបាំង ដើម្បីឲ្យអ្នកអាចត្រៀមប្រេងចង្កៀង ដើម្បីជួបជាមួយការយាងមកម្តងទៀតរបស់ព្រះអម្ចាស់យេស៊ូវ ដោយការជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។
ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីទ្រង់អាចលាងសម្អាតអំពើបាបរបស់មនុស្សគ្រប់គ្នាបាន។ ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ និងព្រះ អាទិករ ដែលបានយាងមកផែនដីនេះ តាមបំណងព្រះហឫទ័យព្រះវរបិតារបស់ទ្រង់ ដើម្បីទទួលយកយើងធ្វើជាកូនរបស់ព្រះ។ តើគ្រប់ទាំងបទទំនាយនៅក្នុងព្រះគម្ពីរសញ្ញាចាស់និយាយអំពីអ្នកណា? បទទំនាយទាំងអស់និយាយអំពីព្រះយេស៊ូវ និងរបៀបដែលទ្រង់នឹងយាងមកផែនដីនេះ ទទួលយក និងលាងសម្អាតអំពើបាបរបស់យើង។ ដូចដែលទំនាយនៅក្នុងព្រះគម្ពីរសញ្ញាចាស់បាននិយាយ ព្រះយេស៊ូវបានយាងមកផែនដីនេះ ប្រហែលជាជាង២០០០ឆ្នាំមុន ហើយបានទទួលយកអំពើបាបទាំងអស់របស់យើង ដោយការទទួលបុណ្យជ្រមុជ។ ទ្រង់បានផ្ទុកអំពើបាបទាំងអស់របស់មនុស្ស ចាប់ពីអ័ដាម និងអេវ៉ា រហូតដល់មនុស្សចុងក្រោយបង្អស់នៅលើផែនដីនេះ។
ចូរទទួលយកការកាត់ស្បែកខាងវិញ្ញាណ ទុកនៅក្នុងចិត្តរបស់អ្នកចុះ។ «ការកាត់ស្បែកគឺនៅក្នុងចិត្ត» (រ៉ូម ២:២៩)។ នៅពេលអ្នកជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ អ្នកនឹងទទួលបានការកាត់ស្បែកចិត្ត ដោយស្វ័យប្រវត្តិ។ ការកាត់ស្បែកចិត្តមានន័យថា ការលុបបំបាត់អំពើបាបទាំងអស់នៅក្នុងចិត្តរបស់យើង នៅពេលយើងទទួលស្គាល់ថា អំពើបាបទាំងអស់ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់រួចហើយ។ តើអ្នកបានទទួលការកាត់ស្បែកចិត្តហើយឬនៅ? ដោយការជឿលើការកាត់ស្បែកនៅក្នុងចិត្ត «អំពើបាបទាំងអស់នឹងត្រូវបានលាងសម្អាត ដោយសារសេចក្តីជំនឿ»។
 
 
តើអ្នកពិតជាទទួលយកសេចក្តីពិតអំពីការកាត់ស្បែកនៅក្នុងចិត្តរបស់អ្នកដែរទេ?
 
អស់រយៈពេលជាង២០០០ឆ្នាំមកហើយ ចាប់តាំងពីព្រះយេស៊ូវបានយាងមកផែនដីនេះ ទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាង។ នៅពេលនេះ យើងគួរតែទទួលយកការពិតនេះនៅក្នុងចិត្តរបស់យើង។ «ការកាត់ស្បែកនៅក្នុងចិត្ត»។ យើងអាចទទួលបានការកាត់ស្បែកនៅក្នុងចិត្ត និងគំនិតរបស់យើងបាន ដោយសារសេចក្តីជំនឿតាមសេចក្តីពិត។ យើងទាំងអស់គ្នាបានទទួលសេចក្តីសង្រ្គោះ ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ។ យើងនឹងមិនខ្លាចឡើយ ទោះបើសេចក្តីជំនុំជម្រះរបស់ព្រះនឹងធ្លាក់មកលើផែនដីនេះក៏ដោយ ពីព្រោះអ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ នឹងមិនត្រូវទទួលការជំនុំជម្រះរបស់ព្រះឡើយ។ ការជំនុំជម្រះរបស់ព្រះធ្លាក់លើអ្នកដែលមិនបានទទួលយកសេចក្តីសុចរិតរបស់ព្រះនៅក្នុងចិត្តរបស់ពួកគេ។ 
ហេតុអ្វីគ្រីស្ទបរិស័ទសព្វថ្ងៃនេះជឿព្រះហើយ តែនៅតែវង្វេងទៀត? ហេតុអ្វីពួកគេរស់នៅក្នុងទុក្ខព្រួយ? ពីព្រោះពួកគេជឿលើព្រះលោហិតរបស់ព្រះតែមួយមុខប៉ុណ្ណោះ សម្រាប់សេចក្តីសង្រ្គោះរបស់ពួកគេ។ ឥឡូវនេះ អ្នកគួរតែទទួលស្គាល់ថា អ្នកបានធ្វើឲ្យព្រះក្រោធ ដោយសារតែចិត្តរឹងរួសរបស់អ្នក ហើយបែរមកឯសេចក្តីពិតថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់អ្នកចេញ ដោយការទទួលបុណ្យជ្រមុជនៅក្នុងទន្លេ យ័រដាន់។ បន្ទាប់មក ការកាត់ស្បែកខាងវិញ្ញាណនឹងកើតមាននៅក្នុងចិត្តរបស់អ្នកហើយ។
ប្រសិនបើអ្នកជឿទាំងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ ការកាត់ស្បែកខាងវិញ្ញាណនឹងកើតមាននៅក្នុងចិត្តរបស់អ្នក ហើយអ្នកនឹងមិនត្រូវទទួលការជំនុំជម្រះឡើយ ប៉ុន្តែបានធ្វើជាកូនម្នាក់របស់ទ្រង់វិញ។ ព្រះនឹងធ្វើជាព្រះរបស់អ្នក ហើយអ្នកនឹងធ្វើជារាស្ត្ររបស់ទ្រង់។ បើសិនអ្នកជឿព្រះយេស៊ូវ ដោយពឹងផ្អែកលើព្រះលោហិតទ្រង់តែមួយមុខ ខ្ញុំចង់សួរសំណួរមួយដល់អ្នក។ តើយើងអាចទទួលបានការកាត់ស្បែកខាងវិញ្ញាណរបស់យើង និងសេចក្តីសុចរិតរបស់ព្រះបាន ដោយសារព្រះលោហិតទ្រង់នៅលើឈើឆ្កាងតែមួយមុខឬ? សេចក្តីសង្រ្គោះរបស់យើងត្រូវបានបញ្ចប់យ៉ាងពេញលេញ មិនដោយសារព្រះលោហិតតែមួយមុខទេ ប៉ុន្តែដោយសារបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ព្រះលោហិតទ្រង់ និងព្រះវិញ្ញាណ។ 
 
 
យើងអាចទទួលបានសេចក្តីសុចរិតរបស់ព្រះបាន ដោយការបានរួបរួមជាមួយព្រះគ្រីស្ទ
 
ចូរ យើងសិក្សា រ៉ូម ៦:៣-៨។ «តើអ្នករាល់គ្នាមិនដឹងទេឬអី ថា យើងទាំងប៉ុន្មានដែលបានទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូវគ្រីស្ទ នោះគឺបានទទួលជ្រមុជក្នុងសេចក្តីសុគតនៃទ្រង់ដែរ ដូច្នេះ យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អនៃព្រះវរបិតាដែរ ដ្បិតបើយើងបានជាប់ជាមួយនឹងទ្រង់ ក្នុងការដែលជាគំរូពីសេចក្តីសុគតរបស់ទ្រង់ នោះក៏នឹងបានជាប់ក្នុងសេចក្តីរស់ឡើងវិញរបស់ទ្រង់ដែរ ដោយដឹងសេចក្តីនេះថា មនុស្សចាស់របស់យើង បានត្រូវឆ្កាងជាមួយនឹងទ្រង់ហើយ ដើម្បីឲ្យតួអំពើបាបបានត្រូវសូន្យទៅ ប្រយោជន៍កុំឲ្យយើងនៅបំរើអំពើបាបទៀតឡើយ ដ្បិតអ្នកណាដែលស្លាប់ នោះក៏បានរាប់ជាសុចរិតរួចពីបាបហើយ បើសិនជាយើងស្លាប់ជាមួយនឹងព្រះគ្រីស្ទ នោះយើងជឿថា យើងនឹងរស់នៅជាមួយនឹងទ្រង់ដែរ។»
ខគម្ពីរនិយាយថា «ដ្បិតបើយើងបានជាប់ជាមួយនឹងទ្រង់ ក្នុងការដែលជាគំរូពីសេចក្តីសុគតរបស់ទ្រង់ នោះក៏នឹងបានជាប់ក្នុងសេចក្តីរស់ឡើងវិញរបស់ទ្រង់ដែរ»។ ព្រះគម្ពីរនិយាយថា ឈ្នួលនៃអំពើបាបគឺជា សេចក្តីស្លាប់ ដែលមានន័យថា អ្នកណាដែលមានបាប នឹងត្រូវវិនាស និងធ្លាក់ទៅក្នុងស្ថាននរក។ មុនពេលជឿលើសេចក្តីពិតអំពីព្រះយេស៊ូវគ្រីស្ទ តើអ្នករាល់គ្នាមិនមានបាបទេឬ? បាទ យើងមាន។ ទោះបីជាអ្នកមានបាបតែបន្តិចបន្តួចក៏ដោយ ក៏អ្នកនឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក ហើយទទួលការជំនុំជម្រះនៅក្នុង «បឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ» ដែរ (វិវរណៈ ២១:៨)។ បើសិនយើងត្រូវសងថ្លៃឈ្នួលនៃអំពើបាប ដែលជាសេចក្តីស្លាប់ ដោយខ្លួនឯង យើងនឹងមិនអាចបានសង្រ្គោះចេញពីបាបបាន ឡើយ។ ដូច្នេះហើយបានជាព្រះបានបញ្ជូនព្រះយេស៊ូវគ្រីស្ទមកក្នុងលោកិយនេះ បានផ្ទេរអំពើបាបទាំងអស់ទៅលើអង្គទ្រង់ និងបានកាត់ទោសទ្រង់សម្រាប់អំពើបាបទាំងនោះ។
ព្រះបានសង្រ្គោះយើង ពីព្រោះទ្រង់បានស្រឡាញ់យើងយ៉ាងខ្លាំង។ ព្រះវរបិតាបានបញ្ជូនព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់ ឲ្យយាងមកលោកិយនេះ បានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើទ្រង់ តាមរយៈបុណ្យជ្រមុជ និងបានឆ្កាងទ្រង់ដោយដែកគោល ដើម្បីឲ្យទ្រង់អាចបង្ហូរព្រះលោហិតធួននឹងអំពើបាបទាំងអស់បាន។ ការជឿលើការពិតគឺជាការបានរួបរួមជាមួយព្រះយេស៊ូវហើយ។ ឈ្នួលនៃអំពើបាបគឺជា សេចក្តីស្លាប់។ យើងទាំងអស់គ្នាមានបាបនៅក្នុងចិត្តរបស់យើង ហើយត្រូវធ្លាក់ទៅក្នុងស្ថាននរក ដោយសារតែអំពើបាបទាំងនោះ។ ប៉ុន្តែព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់នៅក្នុងទន្លេយ័រដាន់ តាមរយៈបុណ្យជ្រមុជ និងបានរងទណ្ឌកម្មនៅលើឈើឆ្កាង ជំនួសយើងដែលជាអ្នកត្រូវធ្លាក់ទៅស្ថាននរក។ ដូច្នេះ ការសុគតរបស់ទ្រង់បានក្លាយជាការស្លាប់របស់យើង ពីព្រោះបុណ្យជ្រមុជរបស់ទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញ។ នេះហើយគឺជាជំនឿ ដែលនាំឲ្យយើងបានរួបរួមជាមួយព្រះគ្រីស្ទ។
មនុស្សជាច្រើននៅតែជឿព្រះយេស៊ូវ តាមរបៀបសាសនាដដែល។ ពួកគេទៅព្រះវិហារ យំស្រែកសារភាពអំពើបាបរបស់ខ្លួន និងអធិស្ឋានសុំការអត់ទោស។ ចូរឈប់ធ្វើដូច្នេះ ឥឡូវនេះ ហើយជឿលើសេចក្តីសុចរិតរបស់ព្រះវិញ នោះអ្នកនឹងទទួលបានសន្តិភាពរបស់ព្រះនៅក្នុងចិត្តរបស់ អ្នក។ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ និងបានសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើង ហើយខ្ញុំសង្ឃឹមថា អ្នកជឿតាមដំណឹងល្អនេះ។ 
តាមរយៈលោកម៉ូសេ ព្រះបានបង្រៀនយើងអំពីការអត់ទោសអំពើបាប។ លោកម៉ូសេបានទទួលបង្គាប់របស់ព្រះ ដើម្បីទៅស្រុកអេស៊ីព្ទ ដើម្បីរំដោះជនជាតិអ៊ីស្រាអែល ដែលជារាស្ត្ររបស់ទ្រង់។ ដូច្នេះ គាត់បានទៅស្រុកអេស៊ីព្ទ ជាមួយប្រពន្ធ និងកូនរបស់គាត់នៅលើសត្វលា។ នៅយប់នោះ ទេវតថារបស់ព្រះបានលេចមក និងព្យាយាមសម្លាប់លោកម៉ូសេ។ បន្ទាប់មក ប្រពន្ធរបស់គាត់ ឈ្មោះ សេផូរ៉ា បានយកថ្មយ៉ាងមុត មកកាត់ស្បែកចុងស្វាសរបស់កូនបោះចោលទៅត្រង់ជើងប្តី ដោយពាក្យថា «អ្នកជាប្តីបានឈ្មោះថាខ្ចាយឈាមដល់ខ្ញុំហើយ!» (និក្ខមនំ ៤:២៥)។
សេចក្តីពិតនៅក្នុងបទគម្ពីរនេះគឺដូច្នេះ។ សូម្បីតែកូនប្រុសរបស់លោកម៉ូសេ បើសិនមិនបានកាត់ស្បែកទេ ក៏ព្រះនឹងមិនចាត់ទុកជារាស្ត្រម្នាក់របស់ទ្រង់ដែរ។ ដូច្នេះហើយបានជាទ្រង់ហៀបនឹងសម្លាប់គាត់។ ព្រះបានមានបន្ទូលថា បើសិនជនជាតិអ៊ីស្រាអែលមិនបានកាត់ស្បែកទេ ពួកគេមិនមែនជារាស្ត្ររបស់ទ្រង់ឡើយ។ ការកាត់ស្បែកនៅក្នុងព្រះគម្ពីរសញ្ញាចាស់គឺជាសញ្ញាមួយនៃភាពជារាស្ត្រម្នាក់របស់ព្រះ។ ព្រះត្រូវតែធ្វើឲ្យលោកម៉ូសេបានដឹងពីចំណុចនេះ។ ដូច្នេះ ប្រពន្ធរបស់លោកម៉ូសេបានកាត់ចុងស្វាសរបស់កូនប្រុសរបស់គាត់បោះចោលយ៉ាងលឿន ហើយនិយាយថា «អ្នកជាប្តីបានឈ្មោះថាខ្ចាយឈាមដល់ខ្ញុំហើយ!»។ ព្រះបានព្យាយាមសម្លាប់លោកម៉ូសេចោល ដោយសារការមិនកាត់ស្បែកកូនប្រុសរបស់គាត់។ 
សូម្បីតែមនុស្សម្នាក់ដែលជាពូជពង្សរបស់លោកអ័ប្រាហាំ បើសិនគាត់មិនបានកាត់ស្បែកទេ គាត់ក៏នឹងត្រូវបានកាត់ចេញពីសាសន៍ អ៊ីស្រាអែលដែរ។ មានតែអ្នកដែលបានកាត់ស្បែកទេ ទើបអាចបរិភោគសាច់ចៀមបុណ្យរំលងបាន ហើយយកឈាមចៀមលាបធ្នឹម និងក្របទ្វារទាំងពីរបាន។ ដូច្នេះ មានតែអ្នកដែលបានកាត់ស្បែកខាងវិញ្ញាណទេ ទើបអាចចូលរួមនៅក្នុងពិធីសម័្ពន្ធវង្សបរិសុទ្ធបាន។ អ្នកដែលមិនមានជំនឿបែបនេះ មិនអាចចូលទៅក្នុងសេចក្តីសុចរិតរបស់ព្រះបានឡើយ គឺមិនអាចចូលរួមនៅក្នុងសិរីល្អរបស់ទ្រង់បានឡើយ។ 
សាវកប៉ុលគឺជាសាសន៍យូដាម្នាក់ ដែលបានកាត់ស្បែក នៅពេលគាត់អារយុប្រាំបីថ្ងៃ និងបានទទួលបណ្តុះបណ្តាលពីលោកកាម៉ាលាល។ គាត់ចេះ និងយល់ព្រះគម្ពីរយ៉ាងច្បាស់លាស់។ ដូច្នេះសាវកប៉ុលបានយល់យ៉ាងច្បាស់លាស់អំពីមូលហេតុ ដែលព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជ នៅឯទន្លេយ័រដាន់ និងមូលហេតុដែលទ្រង់ត្រូវតែសុគតនៅលើឈើឆ្កាង។ ដូច្នេះ គាត់អាចអធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយទំនុកចិត្តយ៉ាងខ្លាំង។ ដូច្នេះហើយបានជាគាត់និយាយថា «ការកាត់ស្បែកក៏នៅក្នុងចិត្ត» (រ៉ូម ២:២៩)។ 
ពិតមែនហើយ សាវកប៉ុលបាននិយាយពីការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងជាច្រើនដង។ ហេតុអ្វី? ពីព្រោះទោះបីជាព្រះយេស៊ូវបានកាត់ស្បែកខាងវិញ្ញាណឲ្យយើង ដើម្បីដោះអំពើបាបរបស់យើងក៏ដោយ បើសិនទ្រង់មិនបានសុគតនៅលើឈើឆ្កាងទេ ឬបើសិនទ្រង់មិនបានទទួលការកាត់ទោសទេ យើងពិតជាមិនអាចបានសង្រ្គោះបានឡើយ។ នេះគឺជាមូលហេតុដែលគាត់បាននិយាយអំពីឈើឆ្កាងជាច្រើនដងជាង។ អ្នកត្រូវតែចងចាំថា ឈើឆ្កាងគឺជាការបញ្ចប់នៃការកាត់ស្បែកខាងវិញ្ញាណរបស់យើង។ ទោះបីជាយ៉ាងណា គ្រីស្ទបរិស័ទភាគច្រើននៅសព្វថ្ងៃនេះ មិនយល់អ្វីសោះអំពីទំនាក់ទំនងរវាងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ ដូច្នេះហើយបានជាពួកគេកំពុងតែធ្វើដំណើរឆ្ពោះទៅស្ថាននរក។ បើសិនអំណាចនៃជំនឿលើការកាត់ស្បែកខាងវិញ្ញាណត្រូវបានផ្ទេរ ពីមួយជំនាន់ទៅមួយជំនាន់បានយ៉ាងត្រឹមត្រូវ នោះជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះមិនដូច្នេះឡើយ។
មនុស្សមួយចំនួនមានការអរព្រះគុណយ៉ាងខ្លាំង នៅពេលពួកគេជឿព្រះយេស៊ូវដំបូង ប៉ុន្តែពួកគេបែរជាអស់សង្ឃឹមចំពោះភាពខ្សោយរបស់ពួកគេ ហើយបានក្លាយជាមនុស្សមានបាបកាន់តែធ្ងន់ធ្ងរ ទៅតាមពេល វេលា។ រយៈពេលដប់ឆ្នាំបានកន្លងទៅ ប៉ុន្តែពួកគេបានក្លាយជាមនុស្សមានបាបកាន់តែធ្ងន់ធ្ងរទៅវិញ។ តើពួកគេអាចនៅតែជាមនុស្សមានបាបទេ បន្ទាប់ពីជឿព្រះយេស៊ូវ? ពួកគេច្រៀងទំនុកតម្កើង។
«♪ការទួញសោកនឹងមិនសង្រ្គោះខ្ញុំទេ! ♫ទោះបើមុខរបស់ខ្ញុំពេញដោយទឹកភ្នែក ♫នឹងមិនបំបាត់សេចក្តីភ័យខ្លាចរបស់ខ្ញុំ ♫មិនអាចលាងសម្អាតអំពើបាបពេញមួយឆ្នាំ ♫ការទួញសោកនឹងមិនសង្រ្គោះខ្ញុំទេ!...♪ជំនឿលើព្រះគ្រីស្ទនឹងសង្រ្គោះខ្ញុំ! ♫ឲ្យទូលបង្គំទុកចិត្តព្រះរាជបុត្រានៃទ្រង់ ♪ទុកចិត្តលើព្រះរាជកិច្ចដែលទ្រង់បានធ្វើ ♪ព្រះអម្ចាស់ ជួយទូលបង្គំឲ្យរត់ទៅឯព្រះហស្តទ្រង់ ♪ជំនឿលើព្រះគ្រីស្ទនឹងសង្រ្គោះខ្ញុំ♫» 
ពួកគេច្រៀងថា «ការទួញសោកនឹងមិនសង្រ្គោះខ្ញុំទេ។ ជំនឿលើព្រះគ្រីស្ទនឹងសង្រ្គោះខ្ញុំ»។ ប៉ុន្តែនេះគ្រាន់តែជាពាក្យសម្តីប៉ុណ្ណោះ។ រាល់ពេលពួកគេធ្វើបាប ពួកគេអធិស្ឋាន ដោយសម្រក់ទឹកភ្នែកថា «ព្រះ ជាម្ចាស់ សូមអត់ទោសដល់ទូលបង្គំផង។ បើសិនទ្រង់អត់ទោសដល់ទូលបង្គពេលនេះ ទូលបង្គំនឹងបានល្អ ចាប់ពីពេលនេះតទៅហើយ»។ នៅពេលគ្រីស្ទបរិស័ទម្នាក់ធ្វើបាប គាត់សារភាព យំស្រែក និងទូលសុំការអត់ទោស ហើយបន្ទាប់មក គាត់មានអារម្មណ៍ធូរស្បើយ។ ប៉ុន្តែអ្នកដែលបន្តធ្វើបាបអស់រយៈពេលជាច្រើនឆ្នាំ ចិត្តរបស់គាត់ពេញដោយអំពើបាបច្រើនជាងពេលគាត់ទើបតែជឿព្រះយេស៊ូវពីដំបូង។ គាត់ស្តាយក្រោយ ហើយសួរសំណួរថា «ហេតុអ្វីខ្ញុំបានជឿយ៉ាងឆាប់ម៉្លេះ? ខ្ញុំគួរតែបានជឿទ្រង់ នៅពេលខ្ញុំអាយុ៨០ឆ្នាំ ឬនៅមុនពេលខ្ញុំស្លាប់វិញ។ ខ្ញុំបានជឿទ្រង់ យ៉ាងលឿនពេកហើយ»។ វាគឺដោយសារតែគាត់ត្រូវរស់នៅតាមបំណងព្រះហឫទ័យព្រះ ប៉ុន្តែគាត់មិនអាចធ្វើបាន។
ត្រូវតែមានការកាត់ទោសសម្រាប់គ្រប់អំពើបាបទាំងអស់។ ដូច្នេះហើយបានជាព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ និងទទួលការកាត់ទោសនៅលើឈើឆ្កាង ដើម្បីទ្រង់អាចសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។ ទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ នៅថ្ងៃទីបី គឺព្រះវរបិតាបានប្រោសទ្រង់ឲ្យមានព្រះជន្មពីសុគតឡើងវិញ។ មនុស្សម្នាក់ដែលជឿលើការកាត់ស្បែកខាងវិញ្ញាណ អាច និងត្រូវរស់នៅក្នុងជីវិតមួយ ដែលប្រកាសដំណឹងល្អ។ ការកាត់ស្បែកខាងវិញ្ញាណគឺជាភស្តុតាងបញ្ជាក់ថា យើងបានធ្វើជាកូនរបស់ព្រះហើយ ហើយវាគឺជាសេចក្តីសុចរិតរបស់ព្រះ។ ចំណែកឯបុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជាភស្តុតាងបញ្ជាក់ថា អំពើបាបរបស់យើងត្រូវបានផ្ទេរទៅលើអង្គទ្រង់ ហើយព្រះលោហិតដ៏ថ្លៃថ្លារបស់ទ្រង់បញ្ជាក់ថា ទ្រង់បានសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់ ដោយការទទួលការជំនុំជម្រះជំនួសយើងរួចហើយ។ 
តើអ្នកជឿព្រះយេស៊ូវហើយ តែនៅតែមានបាបនៅក្នុងចិត្តរបស់អ្នកឬ? នេះគឺជាជំនឿរបស់បុគ្គលម្នាក់ដែលមានជំនឿខុសឆ្គង។ ទីតុស ៣:១០-១១ ប្រាប់យើងថា «ឯមនុស្សណាដែលបង្កើតបក្សពួក នោះត្រូវកាត់គេចោលចេញ ក្នុងពេលក្រោយដែលទូន្មានប្រដៅគេម្តងពីរហើយ ដោយដឹងថា មនុស្សយ៉ាងនោះខូចអស់ហើយ ក៏ចេះតែធ្វើបាបព្រមទាំងកាត់ទោសខ្លួនគេផង»។ អ្នកដែលមានជំនឿខុសឆ្គង គឺជាមនុស្សមានបាបដែលកាត់ទោសខ្លួនឯង។ ពួកគេទទូចថា ពួកគេគឺជាមនុស្សមានបាប ទោះបើពួកគេកំពុងតែប្រឈមនឹងការគំរាមកំហែងដល់ស្លាប់ក៏ដោយ។ ពួកគេមានះយ៉ាងខ្លាំង ក្នុងការផ្លាស់ប្តូរការយល់ខុសរបស់ពួកគេ។ ព្រះមានបន្ទូលប្រាប់មនុស្សមានបាបទាំងនេះថា «អ្នកគឺជាបុគ្គលដែលមានជំនឿខុសឆ្គង មនុស្សមានបាប ដែលមិនមែនជាកូនរបស់ខ្ញុំទេ ហើយអ្នកនឹងធ្លាក់ទៅក្នុងភ្លើងនរកអស់កល្បជានិច្ច»។ 
អ្នកដែលជឿព្រះយេស៊ូវ តែមិនបានទទួលយកសេចក្តីសុចរិតរបស់ព្រះ ឬការកាត់ស្បែកខាងវិញ្ញាណនៃបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវទេ គឺជាគ្រីស្ទបរិស័ទដែលមានជំនឿខុសឆ្គង និងជាមនុស្សមានបាបដ៏ធ្ងន់ធ្ងរ ដែលនៅតែបន្តសារភាពអំពើបាបរបស់ខ្លួននៅចំពោះព្រះជានិច្ច។ ហើយមនុស្សមានបាប ដែលមិនជឿលើសេចក្តីសុចរិតរបស់ព្រះយេស៊ូវ មិនអាចចូលទៅក្នុងនគររបស់ទ្រង់បានឡើយ។
អ្នកដែលបានរាប់ជាសុចរិតហើយ បន្ទាប់ពីជឿព្រះយេស៊ូវ មាន ភស្តុតាងនៃការទទួលបានការកាត់ស្បែកខាងវិញ្ញាណនៅក្នុងចិត្តរបស់ពួកគេ។ ភស្តុតាងទាំងនោះគឺថា ព្រះយេស៊ូវគឺជាព្រះ ដែលបានយាងមកជាសាច់ឈាម ហើយទ្រង់បានទទួលបុណ្យជ្រមុជ និងបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ ព្រះយេស៊ូវបានយាងមកផែនដីនេះ និងបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដើម្បីដោះអំពើបាបរបស់លោកិយនេះ ចេញ។ ហើយទ្រង់បានទទួលការជំនុំជំ្រះនៅលើឈើឆ្កាង ដើម្បីធ្វើឲ្យគ្រប់លក្ខណ៍នូវសេចក្តីជំនឿរបស់អស់អ្នក ដែលជឿលើការកាត់ស្បែកខាងវិញ្ញាណ។ ទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ នៅថ្ងៃទីបី ហើយបានធ្វើជាព្រះអង្គសង្រ្គោះដ៏រស់របស់យើង។ នេះគឺជាសេចក្តីសង្រ្គោះយ៉ាងពិតប្រាកដនៃសេចក្តីសុចរិតរបស់ព្រះ តាមរយៈទឹក ព្រះលោហិត និងព្រះវិញ្ញាណ មិនតាមរយៈព្រះលោហិតតែមួយមុខនោះទេ។ ទាំងនេះគឺជាភស្តុតាងនៃការកាត់ស្បែកខាងវិញ្ញាណ ដែលធ្វើបន្ទាល់ពីសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍របស់ទ្រង់សម្រាប់យើង។ 
គ្រីស្ទបរិស័ទជាទីស្រឡាញ់! ចូរជឿនៅក្នុងចិត្តរបស់អ្នកថា សេចក្តីសង្រ្គោះរបស់យើងមិនតាមរយៈតែព្រះលោហិតរបស់ព្រះយេស៊ូវប៉ុណ្ណោះទេ ប៉ុន្តែក៏តាមរយៈទឹក ព្រះលោហិត និងព្រះវិញ្ញាណផងដែរ។ ព្រះបានដោះអំពើបាបរបស់លោកិយនេះចេញ ហើយបានបំបាត់ទណ្ឌកម្មទាំងស្រុងចេញពីយើង។ ទ្រង់មិនគ្រាន់តែបានដោះអំពើបាបរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែអំពើបាបរបស់លោកិយទាំងមូលផងដែរ ចាប់ពីអំពើបាបរបស់អ័ដាម រហូតដល់អំពើបាបរបស់មនុស្សចុងក្រោយបង្អស់នៅលើផែនដីនេះ។ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ទ្រង់បានលាងសម្អាតអំពើបាបទាំងអស់។ ការទទួលយកការកាត់ស្បែកខាងវិញ្ញាណនឹងសង្រ្គោះអ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលត្រូវបានបំពេញសម្រេច ដោយទ្រង់ ដែលបានយាងមក ដោយទឹក និងព្រះលោហិត។ 
បុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ ឥឡូវនេះ អ្នកដែលជឿលើការកាត់ស្បែកខាងវិញ្ញាណ មិនអាចមានបាបនៅក្នុងចិត្តបានឡើយ។ ព្រះយេស៊ូវបានមានព្រះជន្មរស់នៅក្នុងសុគត នៅក្នុងចំណោមមនុស្សស្លាប់ ហើយបានប្រោសព្រលឹងរបស់យើង ដែលបានបាត់បង់ជាមួយបាប ដោយសេចក្តីសុចរិតរបស់ទ្រង់។ ព្រះកំពុងតែស្វែងរកយើង ជាមួយនឹងដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ព្រះលោហិតទ្រង់ និងព្រះវិញ្ញាណ ហើយឥឡូវនេះ យើងអាចបានសង្រ្គោះបាន ដោយសារការកាត់ស្បែកខាងវិញ្ញាណ។ ការកាត់ស្បែកខាងវិញ្ញាណគឺជាផែនការរបស់ព្រះនៅក្នុងព្រះយេស៊ូវ តាំងពីមុនកំណើតលោកិយម៉្លេះ សម្រាប់អស់អ្នកដែលជឿ។ ហើយឥឡូវនេះ អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ ក៏ទទួលបានការកាត់ស្បែកខាងវិញ្ញាណផងដែរ។