Search

خطبات

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 8-5] ការដើរនៅក្នុងសេចក្តីសុចរិតរបស់ព្រះ (រ៉ូម ៨:១២-១៦)

(រ៉ូម ៨:១២-១៦)
«ដូច្នេះ បងប្អូនអើយ យើងមានសេចក្តីជាប់ជំពាក់ មិនមែនជំពាក់ចំពោះសាច់ឈាម ឲ្យបានរស់តាមសាច់ឈាមនោះទេ ដ្បិតបើសិនជាអ្នករាល់គ្នារស់តាមសាច់ឈាម នោះនឹងត្រូវស្លាប់ទៅ តែបើសំឡាប់អំពើរបស់រូបសាច់ចេញ ដោយសារព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងបានរស់វិញ ហើយអស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ។»
 
 
ក្នុងនាមជាបុរសម្នាក់ ដែលបានទទួលសេចក្តីសង្រ្គោះពីព្រះ សាវកប៉ុលបាននិយាយថា អ្នកជឿដែលបានកើតជាថ្មី មិនគួររស់នៅតាមសាច់ឈាមទេ ប៉ុន្តែតាមព្រះវិញ្ញាណវិញ។ គាត់បាននិយាយយ៉ាងជាក់លាក់ថា បើសិនយើងដែលមានសេចក្តីសុចរិតរបស់ព្រះ រស់នៅតាមសាច់ឈាម យើងនឹងស្លាប់ ប៉ុន្តែបើសិនយើងរស់នៅតាមព្រះវិញ្ញាណ យើងនឹងបានរស់នៅ។ ដូច្នេះ យើងត្រូវតែជឿតាមសេចក្តីពិតនេះ។ ដូច្នេះ តើអ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ គួរតែរស់នៅយ៉ាងដូចម្តេច? ហើយតើពួកគេគួរតែរស់នៅតាមសេចក្តីសុចរិតរបស់ព្រះ ឬតាមសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម? ពួកគេត្រូវតែដឹងថា អ្វីដែលត្រឹមត្រូវ ហើយលុតដំរូបកាយរបស់ពួកគេ ដើម្បីថ្វាយខ្លួនទៅចំពោះការងារសុចរិតរបស់ព្រះ។
 
 
កាតព្វកិច្ចចាំបាច់
 
សាវកប៉ុល បានអះអាងថា យើងមានកាតព្វកិច្ចមួយ ក្នុងការរស់នៅតាមព្រះវិញ្ញាណ មិនតាមនិស្ស័យបាបរបស់យើងទេ ពីព្រោះយើងដែលជាគ្រីស្ទបរិស័ទ ត្រូវបានសង្រ្គោះចេញពីសេចក្តីក្រោធរបស់ព្រះ និងបានដឹងនាំទៅក្នុងសេចក្តីសុចរិតរបស់ទ្រង់ហើយ។ ប៉ុន្តែមុនពេលយើងបានដឹងពីសេចក្តីសុចរិតរបស់ព្រះ យើងមិនអាចរស់នៅតាមព្រះវិញ្ញាណបានឡើយ។ ប៉ុន្តែឥឡូវនេះ ដោយសារយើងបានស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះហើយ យើងអាចថ្វាយចិត្ត គំនិត អំណោយទាន និងពេលវេលារបស់យើងទៅចំពោះការងារសុចរិតបាន។ ហើយយើងគួរតែប្រើប្រាស់ខ្លួនរបស់យើងជាឧបករណ៍នៃការប្រកាសពីសេចក្តីសុចរិតរបស់ព្រះ និងការបំពេញការងារសុចរិតរបស់ទ្រង់។ 
 
 
ការរស់នៅតាមសាច់ឈាម
 
ប្រសិនបើអ្នកនៅក្នុងព្រះគ្រីស្ទ តែនៅតែរស់នៅតាមនិស្ស័យបាបរបស់អ្នក មិនតាមព្រះវិញ្ញាណ ព្រះគម្ពីរប្រាប់ថា អ្នកក៏នឹងវិនាសដូចជាអ្នកមិនជឿទាំងអស់ដែរ។ ទោះបីជាអ្នកគឺជាគ្រីស្ទបរិស័ទដែលបានកើតជាថ្មីក៏ដោយ បើសិនអ្នកចង់ធ្វើជាគ្រីស្ទបរិស័ទពិតប្រាកដម្នាក់ អ្នកមិនគួររស់នៅតាមសាច់ឈាមទៀតទេ ប៉ុន្តែតាមសេចក្តីសុចរិតរបស់ព្រះវិញ ពីព្រោះអ្នកជឿលើសេចក្តីសុចរិតរបស់ព្រះ ហើយព្រះតម្រូវឲ្យអ្នកបម្រើសេចក្តីសុចរិតរបស់ទ្រង់។ ដូច្នេះ បើសិនអ្នករស់នៅតាមសាច់ឈាម វិញ្ញាណរបស់អ្នកនឹងស្លាប់ ប៉ុន្តែបើសិនអ្នករស់នៅតាមសេចក្តីសុចរិតរបស់ព្រះ អ្នកនឹងបានរស់នៅក្នុងសន្តិភាពជារៀងរហូត។
 
 
កូនៗរបស់ព្រះ
 
«ហើយអស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ» (រ៉ូម ៨:១៤)។ 
អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ បានទទួលអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ហើយព្រះវិញ្ញាណបរិសុទ្ធដឹកនាំពួកគេ។ ពួកគេគឺជា «ពួកកូនរបស់ព្រះ»។ «ពួកកូនរបស់ព្រះ» មានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងខ្លួន។ ដូច្នេះ អ្នកដែលមិនមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងខ្លួន មិនមែនជារបស់ទ្រង់ទេ។ ចំណុចចាប់ផ្តើមនៃការដើរតាមព្រះ ចាប់ ផ្តើមពីសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ទ្រង់ គឺដោយការជឿលើព្រះបន្ទូលអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីបានធ្វើជាកូនរបស់ព្រះ។ នៅក្នុងន័យផ្សេង ការបានធ្វើជាកូនរបស់ព្រះចាប់ផ្តើមដោយការជឿលើដំណឹងល្អអំពីសេចក្តីសុចរិតរបស់ទ្រង់។ នេះមានន័យថា អ្នកបានធ្វើជាសមាជិកម្នាក់នៃគ្រួសារបស់ព្រះ ដោយការជឿលើសេចក្តីសុចរិតរបស់ទ្រង់ និងថា ព្រះបានប្រទានសេចក្តីសុចរិតរបស់ទ្រង់ ដើម្បីសង្រ្គោះអ្នកចេញពីអំពើបាបរបស់អ្នក។ 
នៅពេលលោកនីកូដេម ដែលជាអ្នកដឹកនាំសាសន៍យូដាម្នាក់ បានមកឯព្រះយេស៊ូវ ព្រះយេស៊ូវបានប្រាប់គាត់ថា គ្មានអ្នកណាម្នាក់អាចធ្វើជាកូនរបស់ព្រះបានឡើយ បើសិនគាត់មិនបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ។ លោកនីកូដេមបានឆ្ងល់ និងសួរថា «ធ្វើដូចម្តេចនឹងកើតឡើងបាន ក្នុងកាលដែលចាស់ហើយ» (យ៉ូហាន ៣:៤)។ ហើយព្រះយេស៊ូវបានឆ្លើយថា «ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ របស់អ្វីដែលកើតពីសាច់ នោះជាសាច់ទេ ហើយដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណវិញ កុំឲ្យឆ្ងល់ ពីពាក្យដែលខ្ញុំប្រាប់ថា ត្រូវតែកើតជាថ្មីនោះឡើយ ឯខ្យល់ ចង់បក់ទៅឯណា ក៏ចេះតែបាន ហើយអ្នកឮសូរសព្ទ តែមិនដឹងជាមកពីណា ឬទៅឯណាទេ អស់អ្នកណាដែលកើតមកពីព្រះវិញ្ញាណ នោះក៏ដូច្នោះដែរ» (យ៉ូហាន ៣:៥-៨)។ 
ព្រះយេស៊ូវបានមានបន្ទូលថា អ្នកដែលមិនបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ មិនអាចយល់ពីអត្ថន័យនៃការបានកើតជាថ្មីបានទេ។ សេចក្តីជំនឿលើបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោក យ៉ូហាន-បាទ្ទីស និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ជួយឲ្យអ្នកដែលជឿលើសេចក្តីសុចរិតរបស់ទ្រង់ទទួលបានសេចក្តីសុចរិតរបស់ព្រះ។ ហើយអ្នកដែលជឿតាមព្រះបន្ទូលអំពីដំណឹងល្អ អាចទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ យើងអាចទទួលបានសេចក្តីសុចរិតរបស់ព្រះ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អ្នកណាដែលទទួលយកសេចក្តីសុចរិតរបស់ព្រះ អាចធ្វើជាកូនរបស់ព្រះបាន ហើយអ្នកដែលជារបស់ទ្រង់ គឺជាបងប្អូនប្រុសស្រីរបស់យើង។ 
 
 
ព្រះវិញ្ញាណធ្វើបន្ទល់ថា យើងគឺជាកូនរបស់ព្រះ
 
«អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ» (រ៉ូម ៨:១៥-១៦)។
មានតែពីររបៀបប៉ុណ្ណោះ ដែលយើងអាចធ្វើបន្ទាល់ពីការពិតថា យើងគឺជាកូនរបស់ព្រះ។ ទីមួយ សេចក្តីសុចរិតរបស់ព្រះ ដែលត្រូវបានសម្តែងឲ្យឃើញនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បានធ្វើឲ្យយើងបានធ្វើជាកូនរបស់ទ្រង់។ ហើយទីពីរ ព្រះវិញ្ញាណបរិសុទ្ធយាងមកគង់នៅក្នុងយើង។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ព្រះបានរៀបចំផែនការទាំងអស់នេះ។ ការមានជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាបន្ទាល់នៅក្នុងខ្លួនយើង ដែលប្រាប់យើងថា យើងបានធ្វើជាកូនរបស់ព្រះហើយ។ ហើយអ្នកដែលបានធ្វើជាកូនរបស់ព្រះ ដោយការស្គាល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះ មានសិទ្ធិអធិស្ឋានទៅកាន់ព្រះថា «ឱអ័ប្បា» ព្រះវរបិតារបស់យើង។
ចូរយើងព្យាយាមគិត យ៉ាងសមហេតុផល។ តើមនុស្សម្នាក់ដែលមានបាបនៅក្នុងចិត្តរបស់ខ្លួន អាចហៅព្រះថា ព្រះវរបិតារបស់ខ្លួនបានយ៉ាងដូចម្តេច? ព្រះវរបិតាមិនដែលយកមនុស្សមានបាបណាម្នាក់ធ្វើជាកូនរបស់ទ្រង់ឡើយ ហើយមនុស្សមានបាបក៏មិនដែលបានប្រើព្រះ ដោយចាត់ទុកទ្រង់ជាព្រះវរបិតារបស់ពួកគេដែរ។ ដូច្នេះ អ្នកត្រូវតែពិនិត្យមើលទៅក្នុងខ្លួនរបស់អ្នកថា អ្នកក៏កំពុងតែប្រព្រឹត្តកំហុសបែបនេះផងដែរ ឬយ៉ាងណា។ អ្នកដែលធ្វើបន្ទាល់ពីការបានធ្វើជាកូនរបស់ព្រះ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះហើយ។ ដូច្នេះ យើងត្រូវតែគិតយ៉ាងស៊ីជម្រៅអំពីសេចក្តីសុចរិតរបស់ព្រះ។