Search

ስብከቶች፤

Subject 3 : ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ

[3-4] បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ជាគំរូពីសេចក្តីសង្រ្គោះ របស់មនុស្សមានបាប (១ពេត្រុស ៣:២០-២២)

(១ពេត្រុស ៣:២០-២២)
«គឺ​ក្នុង​ខណៈ​ដែល​សេចក្តី​អត់ធ្មត់​របស់​ព្រះ បាន​រង់ចាំ​នៅ​ជំនាន់​លោក​ណូអេ កាល​លោក​កំពុង​តែ​ធ្វើ​ទូក​ធំ ហើយ​នៅ​ក្នុង​ទូក​នោះ​មាន​មនុស្ស​តែ​បន្តិច គឺ​៨​នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ដោយសារ​ទឹក ដែល​ទឹក​នោះ​ហើយ ជា​គំរូ​ពី​បុណ្យ​ជ្រមុជ ដែល​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ការ​សំអាត​ក្អែល​របស់​រូប​សាច់​ចេញ​ទេ គឺ​ជា​សេចក្តី​សន្មតិ​របស់​បញ្ញា​ចិត្ត​ដ៏​ជ្រះថ្លា​ចំពោះ​ព្រះ​វិញ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដែល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ស្ថានសួគ៌ គង់​នៅ​ខាង​ស្តាំ​នៃ​ព្រះ ទាំង​មាន​ពួក​ទេវតា ពួក​មាន​អំណាច និង​ពួក​មាន​ឥទ្ធិឫទ្ធិ​ទាំង​ប៉ុន្មាន ចុះ​ចូល​នឹង​ទ្រង់​ដែរ។»
 

តើយើងអាចបានសុចរិត តាមរយៈអ្វី?
តាមរយៈព្រះគុណរបស់ព្រះ
 
ព្រះ បានស្គាល់យើង នៅមុនពេលយើងបានកើតមកនៅលើផែនដីនេះទៅទៀត។ ទ្រង់បានដឹងថា យើងនឹងបានកើតមកជាមនុស្សមានបាប ហើយបានសង្រ្គោះយើងទាំងអស់គ្នា ដែលជាអ្នកជឿ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ដែលបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។
គ្រប់ការទាំងនេះ គឺជាលទ្ធផលនៃព្រះគុណរបស់ទ្រង់។​ ដូចមានចែងក្នុង ទំនុកដំកើង ៨:៤ ថា «នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ ហើយ​កូន​មនុស្ស​ផង ដែល​ទ្រង់​ប្រោស​ដូច្នេះ»។ អ្នកដែលបានប្រោសលោះ និងបានសង្រ្គោះចេញពីអំពើបាបទាំងអស់ហើយ គឺជាអ្នកទទួលបានសេចក្តីស្រឡាញ់ដ៏ពិសេសរបស់ទ្រង់ គឺពួកគេគឺជាកូនរបស់ទ្រង់។
តើយើងពីមុនជាអ្វី ដែលបានជឿតែលើព្រះលោហិត និងព្រះវិញ្ញាណ មុនពេលពេលយើងបានត្រឡប់ជាកូនរបស់ព្រះ នៅមុនពេលយើងបានរាប់ជាសុចរិត ហើយបានសង្រ្គោះ និងទទួលបានសិទ្ធិហៅទ្រង់ជាព្រះវរបិតា? យើងគ្រាន់តែជាមនុស្សមានបាប ដែលបានកើតមក ហើយរស់នៅលើផែនដីនេះ សម្រាប់តែរយៈពេល៧០ ឬ៨០ឆ្នាំប៉ុណ្ណោះ បើសិនយើងមានសុខភាពល្អ។
មុនពេលយើងត្រូវបានលាងសម្អាតចេញពីអំពើបាបរបស់យើង ហើយមុនពេលយើងមានជំនឿលើដំណឹងល្អនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ យើងជាមនុស្សអាក្រក់ដែលត្រូវវិនាសជាពិតប្រាកដ។
សាវកប៉ុល បាននិយាយថា គាត់បានជំពាក់ព្រះគុណទ្រង់ សម្រាប់អ្វីដែលជាគាត់។ ដូចគ្នាដែរ ដោយសារតែព្រះគុណទ្រង់ ទើបយើងគឺជាយើងនៅពេលឥឡូវនេះ។ យើងអរព្រះគុណដល់ទ្រង់សម្រាប់ព្រះគុណទ្រង់ ដែលទ្រង់ជាព្រះអាទិករ បានយាងមកផែនដីនេះ សង្រ្គោះយើង យកយើងជារាស្ត្ររបស់ទ្រង់ ហើយប្រទានព្រះគុណនៃសេចក្តីសង្រ្គោះដោយទឹក និងព្រះវិញ្ញាណ។
តើមានហេតុផលអ្វី ដែលទ្រង់អនុញ្ញាតឲ្យយើងធ្វើជាកូនសុចរិតរបស់ទ្រង់? តើដោយសារតែយើងល្អស្អាតឬ? ហើយតើដោយសារតែយើងសាកសមនឹងទទួលបានដូច្នេះឬ? ឬដោយសារតែយើងជាមនុស្សដ៏ល្អឬ? ចូរយើងគិតអំពីមូលហេតុ ហើយអរព្រះគុណដល់ទ្រង់ចុះ។
មូលហេតុគឺថា ព្រះបានបង្កើតយើង ដើម្បីយកយើងធ្វើជារាស្ត្ររបស់ទ្រង់ ហើយឲ្យយើងបានរស់នៅក្នុងនគរស្ថានសួគ៌ជាមួយ ទ្រង់។ ទ្រង់បានបង្កើតយើង ដើម្បីអនុញ្ញាតឲ្យយើងរស់នៅជាមួយទ្រង់អស់កល្បជានិច្ច។ នេះហើយគឺជាមូលហេតុតែមួយ ដែលព្រះបានប្រទានជីវិតអស់កល្បជានិច្ចដល់យើង។ ទ្រង់មិនបានបង្កើតយើងមក ដោយសារតែយើងល្អស្អាត សាកសម ឬមានគុណធម៌ជាងស្នាព្រះហស្តដទៃទៀតឡើយ។ ហេតុផលតែមួយគត់គឺថា ទ្រង់ស្រឡាញ់យើង។
«ដែល​ទឹក​នោះ​ហើយ ជា​គំរូ​ពី​បុណ្យ​ជ្រមុជ ដែល​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ» (១ពេត្រុស ៣:២១)។ «គឺ​៨​នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ដោយសារ​ទឹក» (១ពេត្រុស ៣:២០)។
មនុស្សតែបន្តិចប៉ុណ្ណោះ ម្នាក់នៅក្នុងទីក្រុងមួយ ហើយពីរនាក់ទៀតនៅក្នុងគ្រួសារមួយ បានសង្រ្គោះ។ ដូច្នេះ តើយើងល្អប្រសើរជាងអ្នកដទៃឬ? អត់ទេ។ យើងទាំងអស់គ្នាមិនពិសេសទេ ប៉ុន្តែយើងបានសង្រ្គោះ ដោយសារតែសេចក្តីជំនឿរបស់យើងលើទឹក និងព្រះវិញ្ញាណ។
វាគឺជាការអស្ចារ្យក្នុងចំណោមការអស្ចារ្យទាំងឡាយ ដែលយើងបានសង្រ្គោះ ហើយវាគឺជាអំណោយទាន និងព្រះពរឥត ល័ក្ខខ័ណ្ឌពីព្រះ ដែលយើងអាចហៅទ្រង់ថា ព្រះវរបិតា និងព្រះ អម្ចាស់របស់យើង។ យើងមិនអាចបដិសេធព្រះពរនេះបានឡើយ។ តើយើងអាចហៅទ្រង់ថា ព្រះវរបិតា និងព្រះអម្ចាស់របស់យើងបានយ៉ាងដូចម្តេច បើសិនយើងនៅតែជាមនុស្សមានបាបនោះ?
នៅពេលយើងគិតអំពីការពិតថា យើងបានសង្រ្គោះ យើងដឹងថា ព្រះបានស្រឡាញ់យើង ដោយឥតលក្ខខ័ណ្ឌ។ តើយើងមិនអាចអរព្រះគុណដល់ទ្រង់បានទេឬ? យើងគួរតែបានកើតមក ហើយស្លាប់ បន្ទាប់ពីបានរស់នៅក្នុងជីវិតអស់សង្ឃឹម ហើយធ្លាក់ទៅក្នុងស្ថាននរក បើសិនមិនមានសេចក្តីស្រឡាញ់ និងព្រះពររបស់ទ្រង់។ ដូច្នេះ យើងអរព្រះគុណដល់ព្រះ ម្តងហើយម្តងទៀត សម្រាប់ព្រះពរ និងសេចក្តីស្រឡាញ់របស់ទ្រង់ ដែលបានធ្វើឲ្យយើងសាកសមធ្វើជាកូនរបស់ទ្រង់។
 
 
សេចក្តីសង្រ្គោះដ៏មានតម្លៃ ត្រូវបានប្រទានដល់យើង តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ

ហេតុអ្វីមនុស្សនៅសម័យ ណូអេបានវិនាស?
ពីព្រោះពួកគេមិនបានជឿលើទឹក (បុណ្យជ្រមុជរបស់ព្រះយេស៊ូវ)
 
«ដែល​ទឹក​នោះ​ហើយ ជា​គំរូ​ពី​បុណ្យ​ជ្រមុជ ដែល​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ។» កណ្ឌគម្ពីរ ១ពេត្រុស ប្រាប់យើងថា មានតែមនុស្សប្រាំបីនាក់ប៉ុណ្ណោះ ដែលបានសង្រ្គោះតាមរយៈទឹក។ តើនៅសម័យណូអេមានចំនួនមនុស្សប៉ុន្មាននាក់? យើងពិតជាមិនដឹងថា មានមនុស្សចំនួនប៉ុន្មាននាក់ទេ ប៉ុន្តែចូរយើងស្មានថា មានប្រហែលមួយលាននាក់។ ក្នុងចំណោមប្រហែលមួយលាននាក់ មានតែប្រាំបីនាក់គត់ ដែលបានសង្រ្គោះ។
អនុបាត គឺដូចគ្នានឹងសព្វថ្ងៃនេះដែរ។ ពួកគេនិយាយថា បច្ចុប្បន្ននេះ មានមនុស្សចំនួនប្រាំមួយពាន់លាននាក់នៅលើផែនដីនេះ។ តើមានមនុស្សប៉ុន្មាននាក់ ដែលត្រូវបានលាងសម្អាតចេញពីអំពើបាបរបស់ខ្លួន នៅក្នុងចំណោមអ្នកដែលជឿលើព្រះយេស៊ូវនៅសព្វថ្ងៃនេះ? បើសិនយើងសំឡឹងមើលតែទីក្រុងមួយ គឺមានតែមនុស្សតែបន្តិចបន្តួចប៉ុណ្ណោះ។
នៅក្នុងទីក្រុងរបស់ខ្ញុំ មានមនុស្សប្រហែល២៥០០០០នាក់។ ដូច្នេះ តើមានប៉ុន្មាននាក់ ដែលបានប្រោសលោះចេញពីអំពើបាបរបស់ខ្លួន? ប្រហែល២០០នាក់? ដូច្នេះ តើអនុបាតប៉ុន្មាន? វាមានន័យថា តិចជាងមនុស្សម្នាក់ក្នុងចំណោមមនុស្សចំនួនមួយពាន់នាក់ ដែលបានទទួលព្រះពរនៃសេចក្តីប្រោសលោះ។
គេ បានប៉ាន់ប្រមាណថា មានគ្រីស្ទបរិស័ទចំនួន១២លាននាក់ រួមទាំងកាតូលិកផងដែរ នៅក្នុងប្រទេសកូរ៉េ។ នៅក្នុងចំណោមពួកគេ តើមានមនុស្សប៉ុន្មាននាក់ ដែលបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ? យើងគួរតែចងចាំថា នៅសម័យណូអេ មានតែមនុស្សចំនួនប្រាំបីនាក់ប៉ុណ្ណោះ ក្នុងចំណោមចំនួនមនុស្សទាំងអស់នៅលើផែនដី ដែលបានសង្រ្គោះ។ យើងគួរតែដឹង ហើយជឿថា ព្រះយេស៊ូវបានដោះអំពើបាបរបស់អ្នកដែលជឿលើបុណ្យជ្រមុជរបស់ទ្រង់ ដែលទ្រង់បានទទួល ដើម្បីដោះអំពើបាបចេញ។
មិនមានមនុស្សច្រើនទេ ដែលជឿថា ព្រះយេស៊ូវបានប្រោសលោះយើងទាំងអស់គ្នា ដោយបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ចូរមើលរូបភាពល្បីល្បាញអំពី «ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ»។ តើវាបង្ហាញមនុស្សដែលមានជីវិតរស់ពីស្លាប់ឡើងវិញប៉ុន្មាននាក់? អ្នកអាចមើលឃើញពួកគេចុះពីព្រះវិហារក្រុងយេរូសាឡិម ហើយសំដៅទៅរូបរបស់ព្រះយេស៊ូវ ដែលមានព្រះហស្តបើកចំហសម្រាប់ពួកគេ។ ចូរស្មានមើលថា មានទេវវិទូ និងអ្នកបម្រើព្រះប៉ុន្មាននាក់ក្នុងចំណោមពួកគេ។
នៅសព្វថ្ងៃនេះ មានទេវវិទ្យាយ៉ាងច្រើននៅក្នុងពិភពលោកនេះ ប៉ុន្តែយើងឃើញមានតែទេវវិទូបន្តិចបន្តួចប៉ុណ្ណោះ ដែលដឹង ហើយជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវថា ជាសេចក្តីពិតចាំបាច់សម្រាប់សេចក្តីប្រោសលោះ។ ទេវវិទូមួយចំនួន និយាយថា មូលហេតុដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជគឺថា ទ្រង់ចង់បន្ទាបខ្លួន ហើយទេវវិទូមួយចំនួនទៀតនិយាយថា ទ្រង់បានទទួលបុណ្យជ្រមុជ ដើម្បីបានត្រឡប់កាន់តែដូចយើង ដែលជាមនុស្សជាតិ។
ទោះបីយ៉ាងណា ព្រះគម្ពីរបានប្រាប់យើងថា ពួកសាវកទាំងអស់ រួមទាំងសាវកពេត្រុស និងសាវកយ៉ូហាន សុទ្ធតែបានធ្វើបន្ទាល់ពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវថា ជាការផ្ទេរអំពើបាបរបស់យើងទៅកាន់អង្គទ្រង់ ហើយយើងក៏ជឿលើសេចក្តីពិតនេះដែរ។
ពួកសាវក ធ្វើបន្ទាល់នៅក្នុងបទគម្ពីរថា អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ នេះគឺជាទីបន្ទាល់ដ៏អស្ចារ្យមួយពីព្រះគុណព្រះថា យើងអាចបានសង្រ្គោះ ដោយគ្រាន់តែជឿលើសេចក្តីពិតនេះ។
 
 
ឥតមានពាក្យថា «ប្រហែល» អំពីបុណ្យជ្រមុជនៃ សេចក្តីប្រោសលោះ

តើអ្នកណាទទួលបានសេចក្តីស្រឡាញ់ ឥតដែនកំណត់របស់ព្រះ?
អ្នកដែលជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់
 
មនុស្ស ងាយនឹងជឿថា គ្រាន់តែជឿលើព្រះយេស៊ូវ​ នឹងបានសង្រ្គោះហើយ។ និកាយទាំងអស់ ជឿលើសេចក្តីសង្រ្គោះទៅតាមជំនឿរបស់ពួកគេ ហើយមនុស្សជាច្រើនគិតថា បុណ្យជ្រមុជគ្រាន់តែជាជំនឿខុសឆ្គងរបស់សហគមន៍គ្រីស្ទបរិស័ទប៉ុណ្ណោះ។ ប៉ុន្តែវាមិនបែបដូច្នេះទេ។ ក្នុងចំណោមសៀវរាប់ពាន់ក្បាល ដែលខ្ញុំបានអានកន្លងមក ខ្ញុំមិនអាចរកឃើញសៀវភៅមួយក្បាលណានិយាយអំពីសេចក្តីសង្រ្គោះ ដែលបញ្ជាក់ពីទំនាក់ទំនងរវាងសេចក្តីប្រោសលោះនៅក្នុងបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ និងសេចក្តីសង្រ្គោះរបស់ព្រះសោះ។
នៅសម័យណូអេ មានមនុស្សតែប្រាំបីនាក់ប៉ុណ្ណោះ ដែលបានសង្រ្គោះ។ ខ្ញុំមិនដឹងថា នៅសព្វថ្ងៃនេះ មានប៉ុន្មាននាក់បានសង្រ្គោះទេ តែប្រហែលជាមិនច្រើនទេ។ អ្នកដែលបានសង្រ្គោះ គឺជាអ្នកដែលជឿលើបុណ្យជ្រមុជ និងលោហិតរបស់ព្រះយេស៊ូវ។ នៅពេលខ្ញុំសួរសុខទុក្ខពួកជំនុំជាច្រើន ខ្ញុំមើលឃើញម្តងហើយម្តងទៀតថា មានមនុស្សតែបន្តិចបន្តួចប៉ុណ្ណោះ ដែលអធិប្បាយពីដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលជាដំណឹងល្អអំពីសេចក្តីពិត។
បើសិនជាយើងមិនជឿលើសេចក្តីប្រោសលោះ ដោយបុណ្យជ្រមុជ និងព្រះលោហិរបស់ព្រះយេស៊ូវទេ នោះយើងនៅតែជាមនុស្សមានបាបនៅឡើយ ហើយមិនទាន់បានសង្រ្គោះទេ បើទោះបីយើងចូលរួមព្រះវិហារយ៉ាងស្មោះត្រង់យ៉ាងណាក៏ដោយ។ ហើយយើងអាចចូលរួមនៅព្រះវិហារយ៉ាងស្មោះត្រង់ ពេញមួយជីវិតរបស់យើង ប៉ុន្តែបើសិនយើងនៅតែមានបាបនៅក្នុងចិត្តរបស់យើង នោះយើងនៅតែជាមនុស្សមានបាបដដែល។
បើសិនយើងបានចូលរួមនៅព្រះវិហារ អស់រយៈពេល៥០ឆ្នាំ ប៉ុន្តែនៅតែមានបាបនៅក្នុងចិត្តរបស់យើង នោះជំនឿរបស់យើង រយៈពេល៥០ឆ្នាំគឺឥតន័យ និងមិនត្រឹមត្រូវទេ។ វាល្អប្រសើរជាង បើសិនយើងមានជំនឿពិតប្រាកដតែរយៈពេលមួយថ្ងៃគត់។ នៅក្នុងចំណោមអ្នកដែលជឿលើព្រះយេស៊ូវ មានតែអ្នកដែលជឿត្រឹមត្រូវលើអត្ថន័យនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ប៉ុណ្ណោះ ដែលនឹងបានចូលទៅក្នុងនគរស្ថានសួគ៌។
ជំនឿត្រឹមត្រូវគឺថា ជឿលើសេចក្តីពិតថា ព្រះរាជបុត្រានៃព្រះបានយាងចុះមកផែនដីនេះ ហើយបានទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ នេះគឺជាជំនឿ ដែលដឹកនាំយើងទៅឯនគរស្ថានសួគ៌។ យើងក៏គួរតែជឿផងដែរថា ព្រះយេស៊ូវបានបង្ហូរព្រះលោហិតនៅលើឈើឆ្កាងសម្រាប់អ្នក និងខ្ញុំ។ យើងក៏គួរតែស្គាល់សេចក្តីពិតផងដែរ ដើម្បីអរព្រះគុណ និងថ្វាយសិរីល្អដល់ទ្រង់។
តើយើងគឺជាអ្នកណា? យើងគឺជាកូនរបស់មនុស្ស ដែលបានសង្រ្គោះ ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ ដូច្នេះ យើងត្រូវតែអរព្រះគុណដល់ទ្រង់។ ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជនៅឯទន្លេយ័រដាន់ នៅពេលទ្រង់មានព្រះជន្ម៣០ព្រះវស្សា ដើម្បីសង្រ្គោះយើង។ តាមរយៈបុណ្យជ្រមុជនេះ យើងបានដោះអំពើបាបទាំងអស់របស់យើងចេញ ហើយបានទទួលយកការកាត់ទោសជំនួសយើងនៅលើឈើឆ្កាង។
នៅពេលយើងគិតពីសេចក្តីពិតនេះ យើងត្រូវតែអរព្រះគុណដល់ទ្រង់ ដោយបន្ទាបខ្លួន។ យើងគួរតែដឹងថា គ្រប់យ៉ាងដែលព្រះយេស៊ូវបានធ្វើនៅក្នុងលោកិយនេះគឺសម្រាប់សេចក្តីសង្រ្គោះរបស់យើង។ ជាដំបូង ទ្រង់បានយាងចុះមកក្នុងលោកិយនេះ ហើយបានទទួលបុណ្យជ្រមុជ បានត្រូវគេឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី ហើយឥឡូវនេះ ទ្រង់គង់នៅខាងស្តាំព្រះហស្តព្រះវរបិតា។
សេចក្តីប្រោសលោះរបស់ព្រះ គឺសម្រាប់យើងម្នាក់ៗ ដោយឥតមានការលើកលែងឡើយ។ សេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ គឺសម្រាប់អ្នក និងខ្ញុំ។ ដូច្នេះ យើងសរសើរតម្កើងព្រះសម្រាប់សេចក្តីស្រឡាញ់ និងព្រះពររបស់ទ្រង់។
យើងចេះចម្រៀងដំណឹងល្អមួយបទ ដែលច្រៀងថា «♫មានរឿងដ៏អស្ចារ្យមួយ។ ក្នុងចំណោមមនុស្សជាច្រើននៅលើផែនដីនេះ ខ្ញុំជាមនុស្សម្នាក់ដែលបានសេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះរបស់ទ្រង់។ អូ សេចក្តីស្រឡាញ់របស់ទ្រង់អស្ចារ្យណាស់! សេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់ខ្ញុំ សេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់ខ្ញុំ។ មានរឿងដ៏អស្ចារ្យមួយ។ ក្នុងចំណោមមនុស្សជាច្រើននៅលើផែនដីនេះ យើងជាអ្នកដែលបានសង្រ្គោះ ដែលបានត្រឡប់ជា រាស្ត្ររបស់ទ្រង់។ សេចក្តីស្រឡាញ់របស់ទ្រង់ស្រោចស្រពលើ យើង។ អូ សេចក្តីស្រឡាញ់របស់ព្រះ ព្រះគុណរបស់ព្រះ។ អូ សេចក្តីស្រឡាញ់របស់ទ្រង់អស្ចារ្យណាស់! សេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់ខ្ញុំ♫»។
ព្រះយេស៊ូវ បានយាងចុះមកសង្រ្គោះអ្នក និងខ្ញុំ ហើយសេចក្តីប្រោសលោះនៃបុណ្យជ្រមុជរបស់ទ្រង់ក៏សម្រាប់យើងផងដែរ។ ដំណឹងល្អ មិនមែនជារឿងនិទានពីអទិទេពឡើយ ប៉ុន្តែវាគឺជា សេចក្តីពិត ដែលរំដោះយើងចេញពីជីវិតអាក្រក់នៅលើផែនដីនេះឲ្យចូលទៅក្នុងនគរព្រះ។ អ្នកគួរតែចងចាំថា ជំនឿគឺជាទំនាក់ទំនងរវាងព្រះ និងខ្លួនអ្នក។
ទ្រង់ បានយាងចុះមកផែនដីនេះ ដើម្បីសង្រ្គោះយើង គឺទ្រង់បានទទួលបុណ្យជ្រមុជ ហើយបានទទួលការកាត់ទោសនៅលើឈើឆ្កាង ដើម្បីដោះបាបរបស់យើងចេញ។
វាគឺជាព្រះពរដ៏អស្ចារ្យ ដែលពួកអ្នកស្មោះត្រង់អាចហៅព្រះថាព្រះវរបិតារបស់ខ្លួន! តើយើងអាចជឿលើព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់យើង ហើយបានសង្រ្គោះចេញពីបាប ដោយសារជំនឿ បានយ៉ាងដូចម្តេច? យើងអាចជឿ និងបានសង្រ្គោះ ដោយសារតែសេចក្តីស្រឡាញ់ឥតដែនកំណត់របស់ទ្រង់សម្រាប់យើង។ យើងបានសង្រ្គោះ ដោយព្រោះទ្រង់ ដែលបានស្រឡាញ់យើងជាមុន។
 
 
ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់យើង ម្តងជាសម្រេច

តើយើងបានសង្រ្គោះម្តងជាសម្រេច ឬបន្តិចម្តងៗ?
ម្តងជាសម្រេច
 
«ព្រោះ​ព្រះគ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺ​ជា​ព្រះ​ដ៏​សុចរិត ទ្រង់​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ ដោយ​ទ្រង់​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់​ឈាម តែ​បាន​វិញ្ញាណ​ប្រោស​ឲ្យ​រស់​វិញ» (១ពេត្រុស ៣:១៨)។ ព្រះយេស៊ូវគ្រីស្ទ បានទទួលបុណ្យជ្រមុជ សម្រាប់សេចក្តីប្រោសលោះរបស់យើង ហើយបានសុគតម្តងនៅលើឈើឆ្កាង ដើម្បីសង្រ្គោះអ្នក និងខ្ញុំ ដែលជាមនុស្សទុច្ចរិត។
 ទ្រង់ បានសុគតនៅលើផែនដីនេះម្តង ដើម្បីសង្រ្គោះយើងចេញពីការកាត់ទោសរបស់ព្រះ។ ដើម្បីឲ្យយើងអាចចូលទៅក្នុងនគរស្ថានសួគ៌ ហើយរស់នៅជាមួយព្រះអស់កល្បជានិច្ច ទ្រង់បានយាងចុះមកលោកិយនេះជាសាច់ឈាម ហើយលាងសម្អាតទាំងស្រុងនូវអំពើបាបទាំងអស់របស់យើង ម្តងជាសម្រេច ដោយបុណ្យជ្រមុជ ការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។
តើអ្នកជឿថា ព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះយើងទាំងស្រុង ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ដែរឬទេ? បើសិនអ្នកមិនជឿលើដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ទេ នោះអ្នកមិនអាចបានសង្រ្គោះឡើយ។ ដោយសារយើងខ្សោយយ៉ាងខ្លាំង យើងមិនអាចបានកើតជាថ្មីឡើយ បើសិនយើងមិនជឿថា ព្រះយេស៊ូវពិតជាបានលាងសម្អាតទាំងស្រុងនូវអំពើបាបទាំងអស់របស់យើង ម្តងជាសម្រេច ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។
ទ្រង់ បានទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ ហើយបានទទួលការកាត់ទោសនៅលើឈើឆ្កាងជំនួសយើង។ ព្រះយេស៊ូវ បានលាងសម្អាតអំពើបាបរបស់មនុស្សមានបាប ម្តងជាសម្រេច ដោយសេចក្តីប្រោសលោះនៃបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។
យើង គឺជាមនុស្សជាតិ ហើយយើងមិនអាចបានសង្រ្គោះឡើយ បើសិនយើងត្រូវតែលន់តួគ្រប់ពេលដែលយើងបានធ្វើបាប ខិតខំធ្វើល្អ និងសប្បុរសគ្រប់ពេលវេលា ហើយថ្វាយតង្វាយជាច្រើនដល់ព្រះវិហារ។
ដូច្នេះ ជំនឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង គឺជាសេចក្តីតម្រូវសម្រាប់សេចក្តីសង្រ្គោះរបស់យើង គឺយើងត្រូវតែជឿលើទឹក និងព្រះលោហិត។ ការគ្រាន់តែប្រព្រឹត្តល្អមិនមានឥទ្ធិពលអ្វីដល់ការអត់ទោសបាបឡើយ។
ការទិញសំលៀកំពាក់ថ្លៃៗសម្រាប់អ្នកក្រីក្រ ឬបម្រើអាហារ ឆ្ងាញ់ៗសម្រាប់គ្រូគង្វាល មិនមានប្រយោជន៍អ្វីសោះដល់សេចក្តីសង្រ្គោះរបស់អ្នក។ ព្រះយេស៊ូវ សង្រ្គោះតែអ្នកដែលជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ប៉ុណ្ណោះ។ បើសិនអ្នកជឿថា ព្រះបានសង្រ្គោះយើង តាមរយៈព្រះយេស៊ូវ ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ម្តងជាសម្រេច នោះយើងនឹងបាន សង្រ្គោះជាពិត។​
មនុស្សមួយចំនួន អាចគិតថា ទោះបីជាព្រះបានមានបន្ទូលដូច្នេះនៅក្នុងព្រះគម្ពីរក៏ដោយ ក៏យើងត្រូវតែគិតឲ្យកាន់តែលើសពីនេះដែរ។ តាមចិត្តរបស់ពួកគេចុះ ប៉ុន្តែយើងគួរតែជឿលើព្រះបន្ទូលទ្រង់ ដែលបានចែងមកវិញ។
នៅក្នុង ហេព្រើរ ១០:១-១០ ប្រាប់យើងថា ទ្រង់បានសង្រ្គោះយើងទាំងអស់គ្នា ម្តងជាសម្រេច។ វាគឺជាការពិត ដែលព្រះបានសង្រ្គោះអ្នកដែលបានជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវម្តងជាសម្រេច។ ហើយយើងក៏គួរតែជឿសេចក្តីពិតនេះផងដែរ។ «♫ទ្រង់បានសុគតម្តង បានសង្គ្រោះយើងម្តង។ ឱបងប្អូនហើយ ចូរជឿ និងបានសង្រ្គោះចុះ។ ដាក់បន្ទុករបស់អ្នកចុះ នៅក្រោមបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។♫» ព្រះយេស៊ូវ បានសង្រ្គោះយើងចេញពីចិត្តមិនជឿ និងអំពើបាបទាំងអស់ម្តងជាសម្រេច ដោយការទទួលបុណ្យជ្រមុជម្តង និងការបង្ហូរព្រះលោហិតម្តង។
«ព្រះ​ដ៏​សុចរិត ទ្រង់​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត» (១ពេត្រុស ៣:១៨)។ ព្រះយេស៊ូវ គឺជាព្រះដែលឥតមានបាបសោះ ហើយទ្រង់មិនដែលធ្វើបាបឡើយ។ ទ្រង់បានយាងចុះមកឯយើងជាសាច់ឈាម ដើម្បីសង្រ្គោះមនុស្សចេញពីបាប។ ទ្រង់បានទទួលបុណ្យជ្រមុជ ហើយដោះអំពើបាបទាំងអស់ចេញ។ ទ្រង់បានសង្រ្គោះយើងចេញពីបាប និងអយុត្តិធម៌។
អំពើបាបទាំងអស់របស់មនុស្ស ចាប់តាំងពីកំណើតដល់ពេលស្លាប់ ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់បានទទួលបុណ្យជ្រមុជ ហើយទាំងអស់គ្នាត្រូវបានសង្រ្គោះចេញពីការវិនិច្ឆ័យ នៅពេលទ្រង់បានបង្ហូរព្រះលោហិត និងសុគតនៅលើឈើឆ្កាង គឺទ្រង់បានទទួលបុណ្យជ្រមុជសម្រាប់មនុស្សមានបាប ហើយបានសុគតជំនួសពួកគេ។
នេះគឺជាសេចក្តីប្រោសលោះ ដោយបុណ្យជ្រមុជរបស់ទ្រង់។ ព្រះយេស៊ូវ បានសង្រ្គោះយើងទាំងអស់គ្នា ដែលជាមនុស្សមានបាប ម្តងជាសម្រេច។ យើងម្នាក់ៗខ្សោយខ្លាំងណាស់! ព្រះយេស៊ូវ បានប្រោសលោះយើងទាំងអស់គ្នា ចេញពីអំពើបាបរបស់យើង ចាប់តាំងពីកំណើតដល់ពេលស្លាប់របស់យើង ហើយបានថ្វាយអង្គទ្រង់សម្រាប់ការវិនិច្ឆ័យនៅលើឈើឆ្កាងជំនួសយើង។ យើងដែលជឿលើព្រះយស៊ូវ គួរតែជឿថា ទ្រង់បានសង្រ្គោះយើងម្តងជា សម្រេច ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។
យើង ខ្សោយ ប៉ុន្តែព្រះយេស៊ូវមិនខ្សោយទេ ហើយយើងមិនស្មោះត្រង់ ប៉ុន្តែព្រះយេស៊ូវស្មោះត្រង់។ ព្រះបានសង្រ្គោះយើង ម្តងជាសម្រេច។ «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ» (យ៉ូហាន ៣:១៦)។ ព្រះទ្រង់បានប្រទានព្រះរាជបុត្រាទ្រង់តែមួយដល់យើង ហើយបានអនុញ្ញាតឲ្យព្រះរាជបុត្រាទទួលបុណ្យជ្រមុជ ដើម្បីផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើទ្រង់ ដើម្បីឲ្យទ្រង់អាចទទួលយកការវិនិច្ឆ័យជំនួសមនុស្សជាតិទាំងមូលបាន។
នេះគឺជាសេចក្តីសង្រ្គោះដ៏អស្ចារ្យណាស់! នេះគឺជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យខ្លាំងណាស់! យើងអរព្រះគុណដល់ព្រះសម្រាប់សេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះរបស់ទ្រង់។ ព្រះសង្រ្គោះអ្នកដែលជឿលើទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវ៖ បុណ្យជ្រមុជ និងការបង្ហូរព្រះលោហិតរបស់ព្រះយេស៊ូវ និងសេចក្តីពិតថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ។
អ្នកដែលជឿលើព្រះយេស៊ូវ អាចបានសង្រ្គោះ ដោយជឿលើសេចក្តីពិតនៃបុណ្យជ្រមុជ និងព្រះលោហហិតរបស់ព្រះយេស៊ូវ ហើយបានជីវិតអស់កល្បជានិច្ច ក្នុងនាមជាមនុស្សសុចរិត។ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែជឿលើសេចក្តីពិតនេះ។
តើអ្នកណាបានសង្រ្គោះយើង? តើព្រះបានសង្រ្គោះយើង ឬក៏ស្នាព្រះហស្តណាមួយរបស់ទ្រង់បានសង្រ្គោះយើង? គឺព្រះយេស៊ូវ ដែលជាព្រះ ដែលបានសង្រ្គោះយើង។ ហើយយើងបានសង្រ្គោះ ពីព្រោះយើងបានជឿលើសេចក្តីប្រោសលោះរបស់ព្រះ ហើយនេះគឺជាសេចក្តីសង្រ្គោះនៃសេចក្តីប្រោសលោះ។
 
 
ព្រះយេស៊ូវជាព្រះអម្ចាស់នៃសេចក្តីសង្រ្គោះ

តើ «ព្រះគ្រីស្ទ» មានអត្ថន័យ យ៉ាងដូចម្តេច?
សង្ឃ ស្តេច និងហោរា
 
ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះជាម្ចាស់។ ព្រះយេស៊ូវ មានន័យថា ព្រះអង្គសង្រ្គោះ ហើយព្រះគ្រីស្ទមានន័យថា «អង្គដែលបានទទួលការចាក់ប្រេងតាំង»។ ដូចដែលហោរាសាំយូអែលបានចាក់ប្រេងតាំងនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ស្តេចត្រូវទទួលការចាក់ប្រេងតាំង សង្ឃត្រូវទទួលការចាក់ប្រេងតាំង ហើយហោរាក៏ត្រូវទទួលការចាក់ប្រេងតាំងផងដែរ ដើម្បីបំពេញការងាររបស់ខ្លួន។
ព្រះយេស៊ូវ បានយាងមកផែនដីនេះ ហើយបានទទួលការចាក់ប្រេងតាំងសម្រាប់តួនាទីបី៖ តួនាទីជាសង្ឃ តួនាទីជាស្តេច និងតួនាទីជាហោរា។ ក្នុងនាមជាសង្ឃពីស្ថានសួគ៌ ទ្រង់បានទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបរបស់មនុស្សទាំងអស់ចេញ។
ដោយបានស្តាប់បង្គាប់តាមព្រះវរបិតា ទ្រង់បានថ្វាយអង្គទ្រង់ជាតង្វាយលោះបាបនៅចំពោះព្រះវរបិតា។ «ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ» (យ៉ូហាន ១៤:៦)។ ព្រះយេស៊ូវ បានសង្រ្គោះអ្នកដែលជឿលើទ្រង់ ដោយដោះអំពើបាបទាំងអស់របស់ពួគគេចេញ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់ និងការជាប់ឆ្កាង។
«ជីវិតនៃរូបសាច់ នោះនៅក្នុងឈាម» (លេវីវិន័យ ១៧:១១)។ ព្រះយេស៊ូវ បានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង បន្ទាប់ពីបុណ្យជ្រមុជរបស់ទ្រង់ ដើម្បីថ្វាយព្រះជន្មរបស់ទ្រង់ទៅចំពោះព្រះជាឈ្នួលសម្រាប់អំពើបាបរប​ស់យើង ដើម្បីឲ្យយើងបានសង្រ្គោះ។
បន្ទាប់ពីបានសុគតនៅលើឈើឆ្កាង នៅថ្ងៃទីបី ទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយបានអធិប្បាយដំណឹងល្អដល់ព្រលឹងដែលជាប់ឃុំ។ អ្នកដែលមិនទាន់បានសង្រ្គោះ ដូចជាអ្នកទោសខាងវិញ្ញាណនៅក្នុងគុកនៃបាប ហើយព្រះយេស៊ូវអធិប្បាយដំណឹងល្អអំពីសេចក្តីពិតទៅកាន់ពួកគេ ដែលជាដំណឹងល្អអំពីទឹក និងព្រះលោហិត។ ព្រះបានប្រទានដល់យើងនូវដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីសង្រ្គោះយើង។ ដូច្នេះ អ្នកណាដែលជឿលើសេចក្តីពិតនេះ នឹងអាចបានកើតជាថ្មី។
 
 
បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ សង្រ្គោះ មនុស្សមានបាប
 
តើយើងអាចមានបញ្ញាចិត្តដ៏ជ្រះថ្លា នៅចំពោះព្រះបានយ៉ាងដូចម្តេច?
ដោយមានជំនឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ
 
ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះអង្គសង្រ្គោះរបស់យើង ហើយ ១ពេត្រុស ៣:២១ បានធ្វើបន្ទាល់ថា «ដែល​ទឹក​នោះ​ហើយ ជា​គំរូ​ពី​បុណ្យ​ជ្រមុជ ដែល​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ការ​សំអាត​ក្អែល​របស់​រូប​សាច់​ចេញ​ទេ គឺ​ជា​សេចក្តី​សន្មតិ​របស់​បញ្ញា​ចិត្ត​ដ៏​ជ្រះថ្លា​ចំពោះ​ព្រះ​វិញ»។ ទឹកនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ត្រូវតែមានសម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សមានបាប។
ព្រះយេស៊ូវ បានលាងសម្អាតអំពើបាបរបស់មនុស្សមានបាបទាំងអស់ ដោយទទួលយកអំពើបាបទាំងអស់ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជ។ ដូច្នេះ តើអ្នកជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវដែរឬទេ? តើអ្នកជឿថា​ ចិត្តរបស់យើងត្រូវបានលាងសម្អាតស្អាតចេញពីអំពើបាបទាំងអស់ ដោយបុណ្យជ្រមុជដែរឬទេ? ចិត្តរបស់យើង ត្រូវបានលាងសម្អាតស្អាតចេញពីអំពើបាបទាំងអស់ហើយ ប៉ុន្តែសាច់ឈាម​របស់យើងនៅតែធ្វើបាប។
«បានកើតជាថ្មី» មិនមានន័យថា មនុស្សម្នាក់នឹងមិនធ្វើបាបទៀតឡើយ។ អ្នកដែលបានកើតជាថ្មី ក៏ធ្វើបាបផងដែរ ប៉ុន្តែចិត្តរបស់យើងនៅតែស្អាតពីបាប ដោយសារជំនឿរបស់យើងលើបុណ្យជ្រមុជរបស់ទ្រង់។ ដូច្នេះ បទគម្ពីរខាងលើប្រាប់ថា «មិន​មែន​ជា​ការ​សំអាត​ក្អែល​របស់​រូប​សាច់​ចេញ​ទេ គឺ​ជា​សេចក្តី​សន្មតិ​របស់​បញ្ញា​ចិត្ត​ដ៏​ជ្រះថ្លា​ចំពោះ​ព្រះ​វិញ» (១ពេត្រុស ៣:២១)។
ដោយសារព្រះយេស៊ូវបានលាងសម្អាតបាបរបស់ខ្ញុំ ហើយដោយសារព្រះបានទទួលការវិនិច្ឆ័យជំនួសខ្ញុំហើយ ខ្ញុំត្រូវតែជឿលើទ្រង់។ ដោយដឹងថា ព្រះយេស៊ូវ ដែលជាព្រះ បានសង្រ្គោះខ្ញុំ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ខ្ញុំត្រូវតែជឿលើទ្រង់។ យើងបានសង្រ្គោះនៅចំពោះព្រះហើយ ហើយបញ្ញាចិត្តរបស់យើងក៏ជ្រះថ្លាដែរ។ យើងលែងអាចនិយាយនៅចំពោះព្រះថា ព្រះយេស៊ូវមិនបានលាងសម្អាតអំពើបាបរបស់យើងទាំងស្រុង និងថា ព្រះមិនស្រឡាញ់យើងទៀតហើយ។
បន្ទាប់ពីបានកើតជាថ្មី បញ្ញាចិត្តរបស់យើង ត្រឡប់ជាប្រយ័ត្នប្រយែង និងផ្តល់សញ្ញាឲ្យយើង ពេលណាដែលយើងចង់ធ្វើបាប។ បើសិនបញ្ញាចិត្តរបស់យើង មានការរំខានតែបន្តិច នោះយើងមិនអាចរួចពីបាបបានទាំងស្រុងឡើយ លុះត្រាតែយើងរំលឹកខ្លួនយើងពីអំណាចនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ នេះគឺជារបៀបតែមួយដែលយើងអាចមានបញ្ញាចិត្តជ្រះថ្លាបាន។
នៅពេលបញ្ញាចិត្តរបស់យើង រំខានយើង នោះមានន័យថា មានអ្វីមួយខុសហើយ។ ទឹកនៃបុណ្យជ្រមុជរបស់ព្រះ សម្អាតក្អែលនៃបាបទាំងអស់ចេញ។ ព្រះយេស៊ូវ បានដោះអំពើបាបទាំងអស់របស់យើងចេញ ដោយបុណ្យជ្រមុជរបស់ទ្រង់ ហើយបានសម្អាតយើងឲ្យបានស្អាត រួមនឹងបញ្ញាចិត្តរបស់យើងផងដែរ។ នៅពេលយើងពិតជាជឿសេចក្តីពិតនេះ នោះបញ្ញាចិត្តរបស់យើងពិតជាអាចបានជ្រះថ្លាហើយ។ ដូច្នេះ តើបញ្ញាចិត្តរបស់យើងត្រូវបានសម្អាតយ៉ាងដូចម្តេច? ដោយសារយើងជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ គ្រប់គ្នា មានបញ្ញាចិត្តអាក្រក់ និងកខ្វក់តាំងពីកំណើត ប៉ុន្តែបើសិនយើងជឿថា អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវហើយ នោះយើងអាចរួចពីស្នាមនោះបាន។
នេះគឺជាជំនឿរបស់អ្នកដែលបានកើតជាថ្មី។ វាមិនមែនជាស្វ័យសណ្តំ ដែលជាអ្វីដែលអ្នកទទួលស្គាល់ ដោយដឹងខ្លួននោះទេ។ តើបញ្ញាចិត្តរបស់អ្នកជ្រះថ្លាដែរឬទេ? ហើយតើវាជ្រះថ្លា ដោយសារតែអ្នករស់នៅក្នុងជីវិតល្អមួយ ឬដោយសាតែអំពើបាបទាំងអស់របស់អ្នកត្រូវបានផ្ទេរទៅលើអង្គព្រះយេស៊ូវ ហើយអ្នកបានជឿលើទ្រង់ឬ? មានតែតាមរយៈជំនឿបែបនេះទេ ដែលអ្នកអាចទទួលបានបញ្ញាចិត្តជ្រះថ្លាបាន។
មានពាក្យដែលមានជីវិត ហើយមានពាក្យដែលមិនមានជីវិត។ តើបញ្ញាចិត្តរបស់មនុស្សអាចបានជ្រះថ្លាបានយ៉ាងដូចម្តេច? ផ្លូវតែមួយ ដែលយើងអាចបានសុចរិត ហើយមានបញ្ញាចិត្តជ្រះថ្លា គឺត្រូវជឿលើសេចក្តីប្រោសលោះពេញលេញរបស់ព្រះយេស៊ូវ។
ការជឿលើបុណ្យជ្រមុជរបស់ទ្រង់ ញែកយើងជាបរិសុទ្ធ មិនមានន័យថា ភាពកខ្វក់របស់សាច់ឈាមត្រូវបានដោះចេញនោះទេ ប៉ុន្តែបញ្ញាចិត្តរបស់យើងបានជ្រះថ្លានៅចំពោះព្រះវិញ។ សម្រាប់មូលហេតុនេះ ទ្រង់បានយាងមក ទទួលបុណ្យជ្រមុជ សុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយឥឡូវនេះ គង់នៅខាងស្តាំព្រះហស្តព្រះវរបិតា។
ឥឡូវនេះ ពេលវេលាមកដល់ ទ្រង់នឹងយាងមកលោកិយនេះម្តងទៀត។ «នោះទ្រង់នឹងលេចមកម្តងទៀត ក្រៅពីរឿងអំពើបាប គឺសំរាប់ជួយសង្រ្គោះដល់អស់អ្នកដែលរង់ចាំទ្រង់» (ហេព្រើរ ៩:២៨)។ យើងជឿថា ទ្រង់នឹងយាងមកយកយើង ដែលរង់ចាំទ្រង់ដោយអន្ទះសារ ហើយយើងឥតមានបាបទៀតទេ ពីព្រោះយើងបានជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ហើយ។
 
 
ការពិសោធន៍ជំនឿ
 
តើយើងអាចបានសង្រ្គោះ ដោយមិនមាន បុណ្យជ្រមុជរបស់ព្រះយេស៊ូវដែឬឬទេ?
ពិតជាមិនអាចទេ
 
យើង បានធ្វើការពិសោធន៍ជំនឿមួយដោយឥតព្រាងទុក នៅឯពួកជំនុំ Daejeon។
លោកគ្រូ Park ពីពួកជំនុំ Daejeon បានប្រាប់ប្តីប្រពន្ធមួយគូថា មិនមានបាបនៅក្នុងលោកិយនេះទេ បើសិនយើងមិននិយាយអំពីអត្ថន័យនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ប្តីធ្លាប់តែងោកងុយ នៅកំឡុងពេលសេចក្តីអធិប្បាយ គ្រប់ពេលដែលគាត់បានចូលរួមពួកជំនុំផ្សេងៗទៀត ពីព្រោះគ្រូគង្វាលទាំងអស់បានអធិប្បាយ ដោយបំបាត់សេចក្តីប្រោសលោះ ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយបង្ខំឲ្យគាត់លន់តួអំពើបាបជារៀងរាល់ថ្ងៃ។
ប៉ុន្តែនៅពួកជំនុំ Daejeon របស់យើង គាត់បានស្តាប់សេចក្តីអធិប្បាយ ដោយបើកភ្នែកទាំងពីរធំៗ ពីព្រោះគាត់ត្រូវបានប្រាប់ថា អំពើបាបទាំងអស់របស់គាត់ត្រូវបានផ្ទេរទៅឲ្យព្រះយេស៊ូវហើយ។ វាងាយស្រួលសម្រាប់ប្រពន្ធរបស់គាត់ ក្នុងការបញ្ចុះបញ្ចូលគាត់ឲ្យមកព្រះវិហារជាមួយខ្លួន។
ថ្ងៃមួយ គាត់កំពុងអង្គុយនៅក្នុងព្រះវិហារ ហើយបានស្តាប់ឮពី រ៉ូម ៨:១ ដែលប្រាប់ថា «ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ»។ បន្ទាប់មក គាត់បានគិតមួយរំពេចថា «អូ បើសិនយើងជឿលើព្រះយេស៊ូវ នោះយើងគ្មានបាបទេ។ ដូច្នេះ ដោយសារខ្ញុំជឿលើព្រះយេស៊ូវ នោះខ្ញុំក៏មិនមានបាបដែរ»។
ដូច្នេះ គាត់បានទូរស័ព្ទទៅប្អូនប្រុសថ្លៃរបស់គាត់ និងមិត្តភ័ក្តិ របស់គាត់ម្នាក់ម្តងៗ ដោយនិយាយថា «តើអ្នកមានបាបនៅក្នុងចិត្តរបស់អ្នកដែរឬទេ? ដូច្នេះ ជំនឿរបស់អ្នកមិនត្រឹមត្រូវទេ»។ ដោយឮដូច្នេះ លោកគ្រូ Park មិនដឹងមានពាក្យអ្វីត្រូវនិយាយទេ។ ប្តីមិនបានយល់អំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវទេ ប៉ុន្តែគាត់បានទទូចថា ឥឡូវនេះ គាត់មិនមានបាបទៀតទេ។
បន្ទាប់មក ប្តីប្រពន្ធបានចាប់ផ្តើមមានបញ្ហា។ ប្រពន្ធដែលធ្លាប់តែចូលរួមព្រះវិហារយ៉ាងសកម្មជាង ប៉ុន្តែគាត់នៅតែមានបាបនៅក្នុងចិត្តរបស់គាត់ រីឯប្តីបាននិយាយថា គាត់មិនមានបាបទេ។ ប្តីបានទៅព្រះវិហារតែពីរបីដងទេ ប៉ុន្តែគាត់បាននិយាយថា គាត់លែងមានបាបទៀតហើយ។ ប៉ុន្តែប្រពន្ធប្រាកដថា ពួកគាត់ទាំងពីរនាក់នៅតែមានបាបនៅក្នុងចិត្ត។​ដូច្នេះ ពួកគេបានចាប់ផ្តើមប្រកែកគ្នាអំពីបញ្ហានេះ។ ប្តីនៅតែទទូចថា គាត់មិនមានបាបទេ ពីព្រោះ «អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ»។ ហើយប្រពន្ធប្រកែកថា គាត់នៅតែមានបាបនៅក្នុងចិត្តរបស់គាត់។
បន្ទាប់មក នៅថ្ងៃមួយ ប្រពន្ធរបស់គាត់ខ្វល់ខ្វាយអំពីបញ្ហានេះយ៉ាងខ្លាំង ហើយគាត់បានសម្រេចិត្តទៅសួរលោកគ្រូ Park ពី អត្ថន័យដែលគាត់បាននិយាយថា អំពើបាបទាំងអស់ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវហើយ។
ដូច្នេះ ថ្ងៃមួយ បន្ទាប់ពីកម្មវិធីថ្វាយបង្គំពេលល្ងាច គាត់បានជូនប្តីគាត់ទៅផ្ទះ ហើយគាត់បាននៅសួរលោកគ្រូ Park នូវសំណួរ មួយ។ គាត់បាននិយាយថា «ខ្ញុំដឹងថា លោកគ្រូកំពុងព្យាយាមប្រាប់យើងអំពីអ្វីមួយ ប៉ុន្តែខ្ញុំច្បាស់ថា មានផ្នែកសំខាន់មួយនៅលាក់បាំង។ ដូច្នេះ សូមប្រាប់ខ្ញុំថា វាជាអ្វី»។ បន្ទាប់មក លោកគ្រូ Park បានប្រាប់គាត់អំពីការកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។
គាត់ បានដឹងភ្លាមៗពីហេតុផលដែល រ៉ូម ៨:១ ចែងថា «អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ»។ គាត់ក៏បានជឿភ្លាមៗ ហើយបានសង្រ្គោះ។ ជាចុងក្រោយ គាត់បានដឹងថា អំពើបាបទាំងអស់របស់យើង ត្រូវបានផ្ទេរទៅឲ្យព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ដើម្បីឲ្យអ្នកដែលនៅក្នុងព្រះគ្រីស្ទមិនត្រូវទោសសោះ។
គាត់បានចាប់ផ្តើមយល់ពីព្រះបន្ទូលព្រះ។ ហើយជាចុងក្រោយ គាត់បានស្វែងយល់ថា គន្លឹះទៅកាន់សេចក្តីប្រោសលោះគឺ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយថា យើងអាចបានរាប់ជាសុចរិត តាមរយៈសេចក្តីប្រោសលោះដោយបុណ្យជ្រមុជរបស់ទ្រង់។
ការពិត ប្តីរបស់កាត់មិនបានទៅផ្ទះទេ ប៉ុន្តែគាត់បានរង់ចាំប្រពន្ធរបស់គាត់នៅខាងក្រៅ។ គាត់បានស្តាប់ទីបន្ទាល់របស់ប្រពន្ធថា អំពើបាបរបស់ប្រពន្ធត្រូវបានលាងសម្អាត ហើយបានសួរថា «តើឥឡូវនេះអូនបានសង្រ្គោះហើយឬ?»។
ប៉ុន្តែបន្ទាប់ពីស្តាប់ពីអ្វី ដែលគ្រូគង្វាលរបស់គាត់បានប្រាប់ដល់ប្រពន្ធរបស់គាត់ គាត់បែរជាច្របូកច្របល់។ គាត់មិនធ្លាប់ស្តាប់ឮពីដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវពីមុនទេ។ គាត់ប្រាកដច្បាស់ថា គាត់លែងមានបាបនៅក្នុងចិត្តរបស់គាត់ទៀតហើយ បើទោះជាអត់មានបុណ្យជ្រមុជរបស់ព្រះយេស៊ូវក៏ដោយ។ ដូច្នេះ ពេលទៅដល់ផ្ទះ ពួកគេបានប្រកែកគ្នាម្តងទៀត។
ម្តងនេះ មានការប្តូរជំហរ។ ប្រពន្ធបានសួរប្តីថា គាត់មានបាបនៅក្នុងចិត្ត ឬមិនមាន។ ប្រពន្ធបានសួរប្តីថា តើគាត់អាចមិនមានបាបបានយ៉ាងដូចម្តេច បើសិនគាត់មិនបានជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ប្រពន្ធបានទទូចឲ្យប្តីពិនិត្យមើលបញ្ញាចិត្តយ៉ាងដិតដល់។ បន្ទាប់មក ខណៈដែលកំពុងពិនិត្យមើលបញ្ញាចិត្តរបស់ខ្លួន ប្តីបានដឹងថា គាត់នៅតែមានបាបនៅក្នុងចិត្តរបស់គាត់។
ដូច្នេះ គាត់បានទៅឯលោកគ្រូ Park ហើយសារភាពថា គាត់នៅតែមានបាបនៅក្នុងចិត្តរបស់គាត់។ គាត់បានសួរថា «តើនៅពេលគេដាក់ដៃលើក្បាលពពែដែលត្រូវបំបរបង់ នៅមុនគេសំឡាប់វា ឬបន្ទាប់ពីគេសំឡាប់វា?»។ គាត់មិនធ្លាប់បានស្តាប់ឮដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ ទើបធ្វើឲ្យគាត់មានភាពច្របូកច្របល់យ៉ាងខ្លាំងបែបនេះ។
នេះគឺជាចំណុចសំខាន់នៃការពិសោធន៍ខាងវិញ្ញាណនេះ។ ព្រះយេស៊ូវ ត្រូវតែទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបរបស់លោកិយនេះដាក់លើអង្គទ្រង់ ហើយបន្ទាប់មក ទ្រង់បានសុគតនៅលើឈើឆ្កាង ពីព្រោះឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់។
«តើគេដាក់ដៃលើយញ្ញបូជា នៅមុន ឬបន្ទាប់ពីគេសំឡាប់វា?» គាត់បានសួរសំណួរនេះ ពីព្រោះគាត់ច្របូកច្របល់អំពីការដាក់ដៃលើ និងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ដូច្នេះ លោកគ្រូ Park បានពន្យល់គាត់អំពីសេចក្តីប្រោសលោះ ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវយ៉ាងលម្អិត។
នៅថ្ងៃនោះ ប្តីបានស្តាប់ឮជាលើកដំបូងពីដំណឹងល្អអមពីទឹក និងព្រះវិញ្ញាណ ហើយគាត់បានសង្រ្គោះ។ គាត់បានស្តាប់ឮដំណឹងល្អតែម្តង ហើយក៏បានសង្រ្គោះភ្លាម។
នេះគឺជាការពិសោធន៍ អំពីការលុបបំបាត់បុណ្យជ្រមុជរបស់ព្រះយេស៊ូវចោល។ យើងអាចនិយាយថា យើងមិនមានបាប ប៉ុន្តែយើងប្រាកដជានៅមានបាបនៅក្នុងបញ្ញាចិត្តរបស់យើង បើសិនយើងមិនមានបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ជាទូទៅ មនុស្សនិយាយថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់ ដោយការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ប៉ុន្តែមានតែអ្នកដែលជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវទេ ទើបអាចនិយាយថា ពួកគេពិតជាមិនមានបាបនៅចំពោះព្រះ។
លោកគ្រូ Park បញ្ជាក់ជាមួយប្តីប្រពន្ធមួយគូនេះថា យើងមិនអាចបានសង្រ្គោះទាំងស្រុងចេញពីអំពើបាបរបស់យើងបានទេ បើសិនយើងមិនមានសេចក្តីប្រោសលោះ តាមរយៈជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។
 
 
គំរូពីសេចក្តីសង្រ្គោះ៖ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ

តើអ្វីជាគំរូពីសេចក្តីសង្រ្គោះ?
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ

«ដែល​ទឹក​នោះ​ហើយ ជា​គំរូ​ពី​បុណ្យ​ជ្រមុជ ដែល​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ។» ព្រះយេស៊ូវ បានយាងចុះមកក្នុងលោកិយនេះ ដើម្បីលាងសម្អាតអំពើបាបទាំងអស់របស់យើង ហើយដើម្បីធ្វើឲ្យបញ្ញាចិត្តរបស់យើងបានសដូចជាព្រិល។ យើងបានស្អាតពីអំពើបាបទាំងអស់ ពីព្រោះទ្រង់បានទទួលយកវាដាក់ទៅលើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ហើយទ្រង់បានសង្រ្គោះយើង ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ ដូច្នេះ ស្នាព្រះហស្តទាំងអស់គួរតែលុតជង្គុងចុះនៅចំពោះទ្រង់។
ការជឿលើព្រះយេស៊ូវ សង្រ្គោះយើង។ យើងបានរាប់ជាសុចរិត ត្រឡប់ជាកូនរបស់ព្រះ និងទៅស្ថានសួគ៌ ដោយការជឿលើព្រះយេស៊ូវ។ យើងគឺជាពូជសង្ឃហ្លួង។ យើងអាចហៅព្រះថាជាព្រះវរបិតារបស់យើងបាន។ ហើយយើងរស់នៅក្នុងលោកិយនេះមែន តែយើងគឺជាស្តេច។
តើអ្នកពិតជាជឿថា ព្រះបានសង្រ្គោះយើងទាំងអស់គ្នា ដែលជឿលើសេចក្តីប្រោសលោះដោយទឹក និងព្រះវិញ្ញាណដែរឬទេ? សេចក្តីប្រោសលោះរបស់យើង មិនអាចបានពេញលេញទេ បើសិនមិនមានបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ជំនឿដែលជឿថា ព្រះជាម្ចាស់ និងព្រះយេស៊ូវទទួលស្គាល់ថាជាជំនឿត្រឹមត្រូវ គឺជាជំនឿលើដំណឹងល្អអំពីបុណ្យជ្រមុជរបស់ទ្រង់ ឈើឆ្កាងរបស់ទ្រង់ និងព្រះវិញ្ញាណ ដែលសង្រ្គោះយើងយ៉ាងពេញលេញ។ នេះគឺជាជំនឿពិតប្រាកដតែមួយគត់។

អំពើបាបរបស់យើង ត្រូវបានលាងសម្អាត នៅពេលព្រះយេស៊ូវបានទទួលយកវា ដោយបុណ្យជ្រមុជរបស់ទ្រង់ ហើយអំពើបាបរបស់យើងត្រូវបានបង់ថ្លៃសង នៅពេលទ្រង់បានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ ព្រះគ្រីស្ទយេស៊ូវ បានសង្រ្គោះយើង ដោយទឹក និងព្រះវិញ្ញាណ។ មែនហើយ! យើងជឿសេចក្តីពិតនេះ!