Search

ስብከቶች፤

Subject 8 : ព្រះវិញ្ញាណបរិសុទ្ធ

[8-1] ព្រះវិញ្ញាណបរិសុទ្ធធ្វើការ នៅក្នុងព្រះបន្ទូលសន្យារបស់ព្រះ (កិច្ចការ ១:៤-៨)

(កិច្ចការ ១:៤-៨)
«រួចមក កាលបានប្រជុំទាំងអស់គ្នាហើយ នោះទ្រង់ហាមមិនឲ្យគេចេញពីក្រុងយេរូសាឡិមឡើយ ដោយព្រះបន្ទូលថា ត្រូវឲ្យនៅចាំ សេចក្តីសន្យានៃព្រះវរបិតា ដែលអ្នករាល់គ្នាបានឮខ្ញុំថ្លែងប្រាប់ហើយ ដ្បិតពិតជាលោកយ៉ូហានបានធ្វើបុណ្យជ្រមុជដោយទឹក ប៉ុន្តែនៅបន្តិចទៀត អ្នករាល់គ្នានឹងទទួលបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធវិញ ដូច្នេះ កាលពួក សាវ័កបានប្រជុំគ្នា នោះក៏ទូលសួរថា ព្រះអម្ចាស់អើយ តើនៅគ្រានេះឬអី ដែលទ្រង់នឹងតាំងនគរឲ្យសាសន៍អ៊ីស្រាអែលឡើងវិញនោះ តែទ្រង់មានព្រះបន្ទូលឆ្លើយថា មិនត្រូវឲ្យអ្នករាល់គ្នាដឹងពេល ដឹងកំណត់ ដែលព្រះវរបិតាបានទុកនៅក្នុងអំណាចរបស់ទ្រង់នោះឡើយ ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធ បានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង។»
 
 
តើការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាអំណោយទានពីព្រះ ឬមនុស្សអាចខិតខំ ទទួលបានដោយខ្លួនឯង?
វាជាអំណោយទាន ដែលព្រះប្រទានដល់អ្នក ដែលទទួលបានការអត់ទោសអំពើបាប និងបញ្ជាក់ពីអត្ថន័យនៃការបំពេញសម្រេច សេចក្តីសន្យារបស់ព្រះ

មានពេលមួយ ខ្ញុំបានមានបទពិសោធន៍ទទួលបានអណ្តាត ភ្លើងនៃព្រះវិញ្ញាណ តាមរយៈការអធិស្ឋាន។ ប៉ុន្តែអណ្តាតភ្លើងនោះមិនស្ថិតនៅជាមួយខ្ញុំបានយូរទេ ហើយបានរលត់បាត់ទៅវិញ ដោយសារអំពើបាបរបស់ខ្លួនបានកើនឡើង។ ទោះបីជាយ៉ាងណា ឥឡូវនេះ ខ្ញុំចង់បង្ហាញអ្នកពីសេចក្តីពិតអំពីព្រះវិញ្ញាណបរិសុទ្ធ ដែលនឹងគង់នៅក្នុងយើងអស់កល្បជានិច្ច មិនមែនតាមរយៈព្រះវិញ្ញាណក្លែងក្លាយ ដែលងាយនឹងរលត់បាត់ទៅវិញ ដោយអំពើបាបនោះឡើយ ប៉ុន្តែតាមរយៈដំណឹងល្អពិតវិញ។ ព្រះវិញ្ញាណបរិសុទ្ធ ដែលខ្ញុំនឹងណែនាំដល់អ្នក តាមរយៈព្រះរាជសារនេះ មិនមែនជាអ្វីមួយ ដែលអ្នកអាចទទួលបាន តាមរយៈការអធិស្ឋានឡើយ ប៉ុន្តែតាមរយៈជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណតែមួយគត់វិញ។ 
ខ្ញុំ ចង់ដឹកនាំអ្នកឲ្យទទួលបាន ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈសៀវភៅនេះ។ អ្នកនឹងបានដឹងថា ព្រះវិញ្ញាណបរិសុទ្ធបណ្តាលឲ្យមានព្រះរាជសារនេះ ដែលខ្ញុំកំពុងនិយាយទៅកាន់អ្នក។ នៅពេលនេះ ព្រះពិតជាមានបំណងចង់ឲ្យយើងទទូលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ហើយអ្នកអាចរៀនអំពីការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ និងទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន តាមរយៈសៀវភៅមួយក្បាលនេះ។ បើសិនសៀវភៅនេះមិនទាន់គ្រប់គ្រាន់សម្រាប់អ្នកទេ ខ្ញុំសូមណែនាំឲ្យអ្នកអានសៀវភៅពីរក្បាលទៀត ដែលខ្ញុំបានបោះពុម្ពផ្សាយពីលើកមុន។ ហើយអ្នកនឹងទទួលបានជំនឿត្រឹមត្រូវនៅចំពោះព្រះ តាមរយៈសៀវភៅទាំងនេះ។
 
ព្រះវិញ្ញាណបរិសុទ្ធ គង់នៅក្នុងចិត្តរបស់អ្នកដែលបានកើតជាថ្មី ដែលបានទទួលការអត់ទោសអំពើបាបរបស់ខ្លួន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ កាលណាគាត់ចូលមកក្នុងពួកបរិសុទ្ធ ទ្រង់គង់នៅក្នុងគាត់ជារៀងរហូត ហើយនឹងមិនចាកចោលគាត់ឡើយ ដរាបណាគាត់ជឿតាមដំណឹងល្អ។ ទ្រង់ប្រទានជំនឿមុតមាំដល់ពួកបរិសុទ្ធ ដឹកនាំពួកគេឲ្យស្គាល់បំណងព្រះហឫទ័យព្រះនៅក្នុងព្រះគម្ពីរ ពង្រឹងពួកគេឲ្យយកឈ្នះសេចក្តីល្បួង និងទុក្ខលំបាកផ្សេងៗនៅក្នុងលោកិយនេះ ហើយជួយឲ្យពួកគេបង្កើតផលផ្លែនៃព្រះវិញ្ញាណជាបរិបូរ។ ព្រះលើកតម្កើងរូបកាយពួកបរិសុទ្ធជាព្រះវិហារនៃព្រះ តាមរយៈការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ (កិច្ចការ ២:៣៨-៣៩; យ៉ូហាន ១៤:១៦; ១កូរិនថូស ៣:១៦; ៦:១៩; កាឡាទី ៥:២២-២៣)។
 
គ្រីស្ទបរិស័ទជាច្រើន កំពុងតែព្យាយាមទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដូចដែលទ្រង់បានយាងមកសណ្ឋិតលើពួកសិស្សរបស់ព្រះយេស៊ូវ នៅថ្ងៃបុណ្យទី៥០ដែរ។ មនុស្សមួយចំនួន បានទទួលប្រាក់យ៉ាងច្រើន ដោយការប្រើប្រាស់វិធីនេះ ដើម្បីទាញយកប្រយោជន៍សម្រាប់ខ្លួន។ ពួកគេធ្វើពុតថា មនុស្សអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការប្រព្រឹត្តរបស់ខ្លួនបាន។ ហើយពួកគេចង់មាននិមិត្ត ធ្វើការអស្ចារ្យ ស្តាប់ឮព្រះបន្ទូលរបស់ព្រះយេស៊ូវ និយាយភាសាដទៃ ព្យាបាលជម្ងឺ និងដេញអារក្ស។ ទោះបីជាយ៉ាងណា ពួកគេមានបាបនៅក្នុងចិត្តរបស់ខ្លួន ហើយស្ថិតនៅក្រោម ឥទ្ធិពលរបស់វិញ្ញាណអាក្រក់ (អេភេសូរ ២:១-២)។ សូម្បីតែពេលនេះ មនុស្សជាច្រើនបន្តរស់នៅ ដោយមិនដឹងថា ពួកគេស្ថិតនៅក្រោមអំណាចរបស់វិញ្ញាណអាក្រក់ទេ។ នេះហើយគឺជាមូលហេតុដែលសាតាំងល្បួង និងបោកបញ្ឆោតមនុស្ស ដោយការប្រើប្រាស់គ្រប់មធ្យោបាយដូចជា ទីសម្គាល់ និងការអស្ចារ្យ ដែលគ្រាន់តែជាមាយាការប៉ុណ្ណោះ។
ព្រះយេស៊ូវ បានបង្គាប់ពួកសិស្សរបស់ទ្រង់ថា «មិនឲ្យគេចេញពីក្រុងយេរូសាឡិមឡើយ ដោយព្រះបន្ទូលថា ត្រូវឲ្យនៅចាំ សេចក្តីសន្យានៃព្រះវរបិតា» (កិច្ចការ ១:៤)។ ការទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដែលត្រូវបានបើកសម្តែងនៅក្នុងកណ្ឌគម្ពីរកិច្ចការ មិនមែនតាមរយៈ «បទពិសោធន៍» «ភក្តីភាព» ឬ «ការអធិស្ឋានលន់តួ» នោះឡើយ ប៉ុន្តែតាមរយៈ «ការរង់ចាំសេចក្តីសន្យារបស់ព្រះ» ក្នុងការប្រទានព្រះវិញ្ញាណដល់ពួកគេវិញ។ អ្វីដែលយើងគួរតែរៀនពីបទគម្ពីរនេះគឺថា ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធមិនកើតឡើង តាមរយៈការអធិស្ឋានដែលអស់សង្ឃឹមរបស់មនុស្សឡើយ ពីព្រោះវាគឺជាអំណោយទានរបស់ព្រះ ដែលយើងអាចទទួលបាន តាមរយៈជំនឿពេញលេញតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណតែមួយគត់ ដែលព្រះវរបិតា និងព្រះយេស៊ូវបានប្រទាន់ដល់មនុស្សជាតិ។ ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធពិតប្រាកដ កើតឡើង តាមរយៈជំនឿតាមដំណឹងល្អ ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានដល់យើង។ ព្រះបានប្រទានសេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណដល់យើង ដើម្បីឲ្យយើងអាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ (យ៉ូហាន ៣:៣-៥)។ 
ឃ្លាថា «សេចក្តីសន្យាពីព្រះវិញ្ញាណបរិសុទ្ធ» លេចឡើងជាច្រើនដង នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ នៅថ្ងៃបុណ្យទី៥០ សាវក ពេត្រុស និយាយនៅក្នុងសេចក្តីអធិប្បាយរបស់គាត់ (កិច្ចការ ២:៣៨-៣៩) អំពីការទទួលបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធថា «វាគឺជាសេចក្តីសន្យារបស់ព្រះ ក្នុងការប្រទានព្រះវិញ្ញាណបរិសុទ្ធដល់អ្នកដែលទទួលបានការអត់ទោសអំពើបាប ដោយព្រោះបានជឿតាមដំណឹងល្អពិត»។ 
ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាអំណោយ ដែលព្រះប្រទានដល់អ្នកដែលទទួលបានការអត់ទោសអំពើបាប ហើយវាបញ្ជាក់ពីអត្ថន័យនៃការបំពេញសម្រេចសេចក្តីសន្យារបស់ព្រះ។ ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងព្រះគម្ពីរសញ្ញាថ្មី មិនមែនជាអ្វីដែលយើងអាចទទួលបាន តាមរយៈការសម្របសម្រួលរវាងព្រះ និងមនុស្សឡើយ ប៉ុន្តែវាគឺជាអំណោយទានដែលព្រះបានសន្យាប្រទានឲ្យវិញ។ ដូច្នេះ ដូចដែលបានបើកសម្តែងនៅក្នុងកណ្ឌកិច្ចការ ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធមិនជាអ្វីដែលយើងអាចទទួលបាន តាមយៈការអធិស្ឋានឡើយ (កិច្ចការ ៨:១៩-២០)។
ព្រះវិញ្ញាណបរិសុទ្ធ យាងមកសណ្ឋិតជាមួយអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវបានប្រទានដល់យើងតែប៉ុណ្ណោះ។ ព្រះយេស៊ូវ បានសន្យាជាមួយពួកសិស្សរបស់ទ្រង់ថា ទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេ ដើម្បីឲ្យពួកគេមានព្រះវិញ្ញាណគង់ជាមួយ។ «ដ្បិតពិតជាលោក យ៉ូហានបានធ្វើបុណ្យជ្រមុជដោយទឹក ប៉ុន្តែនៅបន្តិចទៀត អ្នករាល់គ្នានឹងទទួលបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធវិញ» (កិច្ចការ ១:៥)។ ដូច្នេះ ពួកសិស្សរបស់ទ្រង់បានរង់ចាំការបំពេញសម្រេចសេចក្តីសន្យារបស់ព្រះ។
តាមរយៈការពិនិត្យមើលជំនឿរបស់អស់អ្នក នៅក្នុងព្រះគម្ពីរ ដែលបានទទួលការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ទ យើងបានដឹងថា ការនេះបានកើតឡើង មិនតាមរយៈការប្រព្រឹត្តរបស់ពួកគេឡើយ ប៉ុន្តែដោយបំណងព្រះហឫទ័យព្រះវិញ។ ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលបានកើតឡើងចំពោះពួកសិស្សនៅក្នុងកណ្ឌគម្ពីរកិច្ចការ មិនបានកើតឡើង តាមរយៈការព្យាយាម និងសមិទ្ធិភាពរបស់មនុស្សឡើយ។ 
ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាមួយពួកសិស្សរបស់ទ្រង់ នៅក្នុងកណ្ឌគម្ពីរកិច្ចការ បានក្លាយជាការពិត យ៉ាងឆាប់ ដូចដែលព្រះយេស៊ូវបានមានបន្ទូលថា «នៅបន្តិចទៀត»។ នេះគឺជាព្រះពរទីមួយ នៅសម័យពួកជំនុំដំបូង។ ដោយការពិនិត្យមើលព្រះគម្ពីរ យើងអាចមមើលឃើញថា សេចក្តីសន្យារបស់ព្រះមិនត្រូវបានបំពេញសម្រេច តាមរយៈការតម ការអធិស្ឋាន ឬការលះបង់ខ្លួនឯងឡើយ ប៉ុន្តែតាមរយៈជំនឿលើព្រះយេស៊ូវវិញ។ បន្ទាប់ពីការយាងត្រឡប់របស់ព្រះយេស៊ូវទៅស្ថានសួគ៌វិញ អ្នកជឿបានទទួលបានសេចក្តីអត់ទោសអំពើបាប និងការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ក្នុងពេលតែមួយ។ 
 
 
ព្រះវិញ្ញាណបរិសុទ្ធបានយាងពីស្ថានសួគ៌មកសណ្ឋិតលើពួកសិស្សរបស់ព្រះមួយរំពេច!
 
«កាលបុណ្យថ្ងៃទី៥០បានមកដល់ នោះគេមានចិត្តព្រមព្រៀងប្រជុំទាំងអស់គ្នា នៅកន្លែងតែ១» (កិច្ចការ ២:១)។ ពួកសិស្សរបស់ព្រះយេស៊ូវ បានប្រមូលផ្តុំគ្នា ហើយរង់ចាំការបំពេញសម្រេច សេចក្តីសន្យារបស់ព្រះ ក្នុងការបញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកឯពួកគេ។ ហើយទីបំផុត ព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើពួកគេមែន។ 
«ស្រាប់តែមានឮសូរពីលើមេឃ ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង មកពេញក្នុងផ្ទះដែលគេអង្គុយនៅ ក៏មានអណ្តាត ដូចជា អណ្តាតភ្លើង ដែលបែកចេញពីគ្នា លេចមកឲ្យគេឃើញ ហើយមកសណ្ឋិតលើគេគ្រប់គ្នា រួចគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់ ក៏តាំងនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យ» (កិច្ចការ ២:២-៤)។ 
ព្រះវិញ្ញាណបរិសុទ្ធ បានយាងមកឯពួកគេ «ពីលើមេឃ»។ ពាក្យថា «ស្រាប់តែ» នៅទីនេះ មានន័យថា វាមិនបានកើតឡើង តាមរយៈបំណងរបស់មនុស្សឡើយ។ លើសពីនេះ ឃ្លាថា «ពីលើមេឃ» ពន្យល់យើងពីកន្លែងដែលព្រះវិញ្ញាណបរិសុទ្ធបានយាងមកពី ហើយក៏ប្រឆាំងនឹងគំនិតថា យើងអាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈបំណង ឬការប្រព្រឹត្តរបស់មនុស្ស។ ឃ្លាថា «ពីលើមេឃ» បង្ហាញយើងថា ការនិយាយថា យើងអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការអធិស្ឋាន គឺជាការអះអាងក្លែងក្លាយមួយ។
នៅក្នុងន័យផ្សេង ការនិយាយថា ព្រះវិញ្ញាណបរិសុទ្ធបានយាងពីស្ថានសួគ៌មករំពេច មានន័យថា ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធមិនកើតឡើង តាមរបៀបរបស់លោកិយឡើយ ដូចជាការនិយាយភាសាដទៃ ឬការលះបង់ខ្លួនឯងជាដើម។ ជាដំបូង ពួកសិស្សរបស់ព្រះយេស៊ូវបាននិយាយភាសាដទៃ ដើម្បីប្រកាសដំណឹងល្អពិតទៅកាន់មនុស្សដែលបានមកពីគ្រប់សាសន៍។ មូលហេតុនោះគឺថា ដើម្បីអនុញ្ញាតឲ្យពួកគេអាចប្រកាសដំណឹងល្អទៅកាន់ពួកយូដាដែលនិយាយភាសាបរទេស ជាភាសារបស់ពួកគេផ្ទាល់ តាមរយៈជំនួយរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលបានមកពីគ្រប់សាសន៍ បានគិតថា វាចម្លែកត្រង់ថា ពួកគេបានស្តាប់ឮការនិយាយភាសាដទៃរបស់ពួកសិស្សជាភាសារបស់ខ្លួន ពីព្រោះពួកសិស្សភាគច្រើនមកពីស្រុកកាលីឡេ។ 
«ក៏មានអណ្តាត ដូចជាអណ្តាតភ្លើង ដែលបែកចេញពីគ្នា លេចមកឲ្យគេឃើញ ហើយមកសណ្ឋិតលើគេគ្រប់គ្នា រួចគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់ ក៏តាំងនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យ» (កិច្ចការ ២:៣-៤)។ នៅទីនេះ យើងគួរតែចាប់អារម្មណ៍ខ្លាំងលើឃ្លាថា ព្រះវិញ្ញាណបរិសុទ្ធ «មកសណ្ឋិតលើគេគ្រប់គ្នា»។ ខណៈដែលកំពុងតែរង់ចាំការយាងមកដល់របស់ព្រះវិញ្ញាណបរិសុទ្ធនៅកន្លែងមួយ ពួកសិស្សបានជឿរួចទៅហើយតាមដំណឹងល្អអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។
នៅសព្វថ្ងៃនេះ គ្រីស្ទបរិស័ទជាច្រើនយល់ខុសចំពោះមួយផ្នែកនៃបទគម្ពីរនេះ គឺជឿថា ការយាងមករបស់ព្រះវិញ្ញាណបរិសុទ្ធកើតឡើងដូចជាខ្យល់បក់ ខណៈដែលពួកគេកំពុងតែអធិស្ឋាន។ ប៉ុន្តែនេះគឺជាការយល់ខុសអំពីព្រះវិញ្ញាណ ដែលកើតចេញពី សេចក្តីចំកួត និងការយល់ច្រឡំ។ តើព្រះវិញ្ញាណបរិសុទ្ធបង្កើតជាសម្លេងបែបនេះ នៅពេលទ្រង់យាងមកសណ្ឋិតលើមនុស្សឬ? ទេ ទ្រង់មិនធ្វើដូច្នេះទេ។
អ្វីដែលមនុស្សស្តាប់ឮនឹងត្រចៀករបស់ពួកគេ គឺជាសម្លេងដែលសាតាំងបង្កើត នៅពេលវាលេបត្របាក់ព្រលឹងរបស់មនុស្ស។ វាបង្កើតជាសម្លេងបែបនេះ នៅពេលវាធ្វើការជាមួយមាយាការ សម្លេងត្រាប់ និងការអស្ចារ្យក្លែងក្លាយ ដើម្បីធ្វើជាពុតជាព្រះវិញ្ញាណបរិសុទ្ធ ហើយអូសទាញមនុស្សឲ្យធ្លាក់ទៅក្នុងភាពច្របូកច្របល់។ មនុស្សធ្វើការទាំងអស់នេះសម្រាប់ជាភស្តុតាងនៃការយាងមករបស់ព្រះវិញ្ញាណបរិសុទ្ធ។ ហើយមនុស្សក៏គិតផងដែរថា ព្រះវិញ្ញាណបរិសុទ្ធយាងមក ដោយសម្លេងដូចជាខ្យល់បក់ខ្លាំង។ ប៉ុន្តែ ពួកគេត្រូវបានដឹកនាំឲ្យវង្វេងដោយអារក្សហើយ ពីព្រោះការយាងមករបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលបានកត់ត្រានៅក្នុងកណ្ឌគម្ពីរកិច្ចការ បានកើតឡើង តាមរយៈជំនឿតាមដំណឹងល្អពិត។
 
 
ជំនឿរបស់សាវកពេត្រុស (១ពេត្រុស ៣:២១) គ្រប់លក្ខណ៍ល្មមឲ្យគាត់ទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ
 
តាមរយៈការបង្កើតព្រឹត្តិការណ៍ នៅថ្ងៃបុណ្យទី៥០លើកដំបូង នៅក្នុង កិច្ចការ ២ ព្រះចង់សង្កត់ធ្ងន់លើសេចក្តីពិតថា ព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើពួកគេ ពីព្រោះពួកគេបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណរួចទៅហើយ។ ប៉ុន្តែជាទូទៅ មនុស្សបែរជាចាត់ទុក «ថ្ងៃបុណ្យទី៥០» ជាពេលវេលាដែលព្រះវិញ្ញាណបរិសុទ្ធយាងចុះពីស្ថានសួគ៌មក ដោយទីសំគាល់អស្ចារ្យ និងសម្លេងគគ្រឹកគគ្រេងទៅវិញ។
នេះ គឺជាមូលហេតុដែលនៅសព្វថ្ងៃនេះ គេជឿថា មនុស្សអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន តាមរយៈការអធិស្ឋានតក់ក្រហល់ ការតម ឬការដាក់ដៃលើ នៅក្នុងចលនាជួបជុំធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណ។ បាតុភូតដូចជា អារក្សចូល ការដួលសន្លប់ ការមានអារម្មណ៍អណ្តែតអណ្តូងអស់ជាច្រើនថ្ងៃ ឬការមានសេចក្តីញាប់ញ័រ មិនមែនជាការងារបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ 
ព្រះវិញ្ញាណបរិសុទ្ធ គឺជាអង្គសមហេតុផល ហើយមិនបំពានបុគ្គលិកលក្ខណៈរបស់មនុស្សឡើយ។ ទ្រង់មិនប្រព្រឹត្តបំពានមនុស្សឡើយ ពីព្រោះទ្រង់គឺជាអង្គបុគ្គល ដែលមានប្រាជ្ញា អារម្មណ៍ និងឆន្ទះ។ ទ្រង់យាងមកសណ្ឋិតលើមនុស្ស លុះត្រាតែពួកគេជឿតាមព្រះបន្ទូលអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ (កិច្ចការ ២:៣៨)។
សាវកពេត្រុស បានធ្វើបន្ទាល់ថា ព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើពួកសិស្ស តាមការទាយទុករបស់ហោរា យ៉ូអែល។ វាគឺជាការបំពេញសម្រេចសេចក្តីសន្យារបស់ព្រះ ដែលបាននិយាយថា ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើអស់អ្នកដែលទទួលបានសេចក្តីអត់ទោសដល់អំពើបាបរបស់ខ្លួន។ នៅក្នុងន័យផ្សេង ព្រះប្រទានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធដល់អស់អ្នកដែលជឿលើសេចក្តីពិតថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយបានជាប់ឆ្កាង ដើម្បីសង្រ្គោះមនុស្សទាំងអស់ចេញពីអំពើបាបរបស់ពួកគេ។ សេចក្តីអធិប្បាយរបស់សាវកពេត្រុស ជាមួយនឹងទំនាយរបស់ហោរា យ៉ូអែល បង្ហាញប្រាប់យើងថា យើងត្រូវដឹងពីមូលហេតុដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ និងហេតុផលដែលយើងត្រូវតែជឿលើបុណ្យជ្រមុជនោះ ពីព្រោះការដឹងពីសេចក្តីពិតនេះអាចដឹកនាំ គ្រីស្ទបរិស័ទឲ្យទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន។ 
តើអ្នកជឿតាមដំណឹងល្អពិត ដែលសាវកពេត្រុសធ្វើបន្ទាល់ពីដែរឬទេ? (១ពេត្រុស ៣:២១) ឬតើអ្នកនៅតែមានជំនឿមិនត្រឹមត្រូវ និងឥតប្រយោជន៍ ដែលមិនស្របតាមដំណឹងល្អពិត? ហើយតើអ្នកព្យាយាមទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការប្រព្រឹត្តរបស់ខ្លួន ហើយមិនតាមផែនការរបស់ព្រះឬ? សូម្បីតែមនុស្សម្នាក់ជឿលើព្រះ ហើយថ្វាយការអធិស្ឋានលន់តួអំពើបាប ដោយសង្ឃឹមថា នឹងបានលាងសម្អាតអំពើបាបរបស់ខ្លួនក៏ដោយ ក៏គាត់គ្មានផ្លូវទទួលបានការគង់សណ្ឋិតរបស់ព្រះបរិសុទ្ធដែរ បើសិនគាត់មិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនោះ។ 
តើអ្នកកំពុងតែរង់ចាំការយាងមកសណ្ឋិតរបស់ព្រះវិញ្ញាណ បរិសុទ្ធ ដោយមិនស្គាល់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឬ? ហើយតើអ្នកយល់ពីអត្ថន័យពិតនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដែលបណ្តាលឲ្យព្រះវិញ្ញាណបរិសុទ្ធគង់សណ្ឋិតនៅក្នុងចិត្តរបស់អ្នកដែរឬទេ? អ្នកគួរតែដឹងថា ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធអាចកើតឡើងបាន លុះត្រាតែអ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធពិតប្រាកដ អាចកើតមានឡើងចំពោះអស់អ្នកដែលជឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណតែប៉ុណ្ណោះ។ យើងសូមអរព្រះគុណដល់ព្រះ សម្រាប់ការប្រទានដល់យើងនូវដំណឹងល្អរបស់ទ្រង់អំពីទឹក និងព្រះវិញ្ញាណ ដែលធ្វើឲ្យយើងទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។