Search

ስብከቶች፤

Subject 8 : ព្រះវិញ្ញាណបរិសុទ្ធ

[8-10] ដើរនៅក្នុងព្រះវិញ្ញាណ! (កាឡាទី ៥:១៦-២៦; ៦:៦-១៨)

(កាឡាទី ៥:១៦-២៦; ៦:៦-១៨)
«តែខ្ញុំប្រាប់ថា ចូរដើរក្នុងព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងមិនបំពេញសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមទេ ដ្បិតសាច់ឈាមតែងតែប៉ងប្រាថ្នាទាស់នឹងព្រះវិញ្ញាណ ឯព្រះវិញ្ញាណ ទ្រង់ក៏ទាស់នឹងសាច់ឈាមដែរ សេចក្តីទាំង២នេះប្រឆាំងនឹងគ្នា ដល់ម៉្លេះបានជាអ្នករាល់គ្នារកធ្វើការ ដែលចង់ធ្វើទៅមិនកើត បើព្រះវិញ្ញាណទ្រង់នាំអ្នករាល់គ្នាវិញ នោះអ្នករាល់គ្នាមិននៅក្រោមបន្ទុកក្រឹត្យវិន័យទៀតទេ រីឯកិច្ចការខាងសាច់ឈាម នោះប្រាកដច្បាស់ហើយ គឺជាសេចក្តី កំផិត សហាយស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយបង្គំរូបព្រះ មន្តអាគម សំអប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន កាប់សំឡាប់ ប្រមឹក ស៊ីផឹកជ្រុល និងការអ្វីទៀត ដែលស្រដៀងនឹងសេចក្តីទាំងនេះផង ហើយខ្ញុំប្រាប់អ្នករាល់គ្នាទុកជាមុន ដូចជាបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តដូច្នេះ នោះមិនបានគ្រងនគរព្រះ ទុកជាមរដកឡើយ តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្តីយ៉ាងនោះទេ ហើយអស់អ្នកដែលជារបស់ផងព្រះគ្រីស្ទ នោះបានឆ្កាងសាច់ឈាមហើយ ព្រមទាំងសេចក្តីរំជួល និងសេចក្តីប៉ងប្រាថ្នាទាំងប៉ុន្មានផង បើសិនជាយើងរស់ដោយនូវព្រះវិញ្ញាណ នោះត្រូវដើរដោយព្រះវិញ្ញាណដែរ កុំឲ្យយើងរាល់គ្នារកកេរ្តិ៍ឈ្មោះ ដែលឥតប្រយោជន៍ ទាំងចាក់រុក ហើយឈ្នានីសគ្នាទៅវិញទៅមកឡើយ អ្នកណាដែលមានគ្រូបង្រៀនខាងព្រះបន្ទូល នោះត្រូវចែកគ្រប់ទាំងរបស់ល្អដល់គ្រូនោះផង កុំឲ្យច្រឡំឡើយ និងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ អ្នកណាដែលព្រោះខាងឯសាច់ឈាមរបស់ខ្លួន នឹងច្រូតបានសេចក្តីពុករលួយពីសាច់ឈាមនោះឯង តែអ្នកណាដែលព្រោះខាងឯព្រះវិញ្ញាណ នោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ ដូច្នេះ កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម សូមមើលអក្សរធំទាំងម៉្លេះនេះ ដែលខ្ញុំសរសេរដោយដៃខ្ញុំ ផ្ញើមកអ្នករាល់គ្នា អស់អ្នកណាដែលចង់បានឫកពាល្អខាងសាច់ឈាម នោះគេបង្ខំឲ្យអ្នករាល់គ្នាទទួលកាត់ស្បែក ដើម្បីឲ្យតែខ្លួនគេបានរួចពីសេចក្តីបៀតបៀន ដោយព្រោះឈើឆ្កាងនៃព្រះគ្រីស្ទ ដ្បិតពួកអ្នកដែលទទួលពិធីកាត់ស្បែកនោះ គេមិនទាំងកាន់តាមក្រឹត្យវិន័យផង តែគេចង់ឲ្យអ្នករាល់គ្នាកាត់ស្បែកវិញ ដើម្បីឲ្យគេបានអួតខ្លួន ខាងឯសាច់ឈាមរបស់អ្នករាល់គ្នាប៉ុណ្ណោះ ឯខ្ញុំ កុំបីឲ្យខ្ញុំអួតខ្លួនឡើយ អួតបានតែពីឈើឆ្កាងនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាប៉ុណ្ណោះ ដែលដោយសារទ្រង់ នោះលោកីយ៍បានត្រូវជាប់ឆ្កាងខាងឯខ្ញុំ ហើយខ្ញុំខាងឯលោកីយ៍ដែរ ដ្បិតក្នុងព្រះគ្រីស្ទយេស៊ូវ ដែលកាត់ស្បែក ឬមិនកាត់ នោះមិនជាប្រយោជន៍អ្វីទេ ដែលហៅថាមានប្រយោជន៍ នោះមានតែកើតជាថ្មីវិញប៉ុណ្ណោះ សូមឲ្យអស់អ្នកដែលដើរតាមមាត្រានេះ បានប្រកបដោយសេចក្តីសុខសាន្ត និងសេចក្តីមេត្តាករុណាចុះ ព្រមទាំងសាសន៍អ៊ីស្រាអែលនៃព្រះផង អំពីនេះទៅមុខ កុំឲ្យអ្នកណារំខានចិត្តខ្ញុំទៀតឡើយ ដ្បិតខ្ញុំជាប់មានស្នាមត្រា របស់ព្រះអម្ចាស់យេស៊ូវ នៅខ្លួនខ្ញុំហើយ បងប្អូនអើយ សូមឲ្យព្រលឹងវិញ្ញាណរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។»
 
 
តើយើងគួរតែធ្វើយ៉ាងដូចម្តេច ដើម្បីដើរនៅក្នុងព្រះវិញ្ញាណ?
យើងគួរតែប្រកាស និងដើរតាមដំណឹងល្អពិត

សាវកប៉ុល បានសរសេរអំពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងសំបុត្ររបស់គាត់ទៅកាន់ពួកកាឡាទី។ នៅក្នុងកាឡាទី ៥:១៣-១៤ គាត់បាននិយាយថា «បងប្អូនអើយ ព្រះទ្រង់បានហៅអ្នករាល់គ្នាមក ឲ្យមានសេរីភាព តែកុំឲ្យប្រើសេរីនោះ ទុកជាឱកាសដល់សាច់ឈាមឡើយ គឺត្រូវបំរើគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់វិញ ដ្បិតក្រឹត្យវិន័យទាំងមូល បានសំរេចមកក្នុងពាក្យតែ១ម៉ាត់នេះថា ចូរឯងស្រឡាញ់អ្នកជិតខាង ដូចខ្លួនឯង»។
ជាសង្ខេប សាររបស់គាត់គឺថា ចាប់ពីយើងបានសង្រ្គោះ និងបានរួចពីបាប ដោយការជឿតាមដំណឹងល្អពិតហើយ យើងមិនត្រូវយកសេរីភាពនេះធ្វើជាឱកាសមួយ ដើម្បីបណ្តោយខ្លួនយើងឲ្យធ្លាក់ទៅក្នុងសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមទេ ប៉ុន្តែតាមរយៈសេចក្តីស្រឡាញ់ យើងត្រូវតែបម្រើគ្នាទៅវិញទៅមក ហើយដើរតាមដំណឹងល្អពិតវិញ។ ដោយសារព្រះបានសង្រ្គោះយើងចេញពីអំពើបាបរបស់យើងហើយ នោះវាសមឲ្យយើងប្រកាសដំណឹងល្អ។ សាវកប៉ុលក៏បាននិយាយផងដែរថា «បើអ្នករាល់គ្នាចេះតែប្រខាំ ហើយហែកគ្នាស៊ីទៅវិញទៅមក នោះត្រូវប្រយ័ត្នចុះ ក្រែងលោវិនាសអស់រលីងទៅ» (កាឡាទី ៥:១៥)។
 
 
ដើរនៅក្នុងព្រះវិញ្ញាណ ដើម្បីឲ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ
 
នៅក្នុង កាឡាទី ៥:១៦ សាវកប៉ុលបាននិយាយថា «តែខ្ញុំប្រាប់ថា ចូរដើរក្នុងព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងមិនបំពេញសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមទេ»។ ហើយនៅក្នុងខ.២២-២៦ គាត់បាននិយាយថា «តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្តីយ៉ាងនោះទេ ហើយអស់អ្នកដែលជារបស់ផងព្រះគ្រីស្ទ នោះបានឆ្កាងសាច់ឈាមហើយ ព្រមទាំងសេចក្តីរំជួល និងសេចក្តីប៉ងប្រាថ្នាទាំងប៉ុន្មានផង បើសិនជាយើងរស់ដោយនូវព្រះវិញ្ញាណ នោះត្រូវដើរដោយព្រះវិញ្ញាណដែរ កុំឲ្យយើងរាល់គ្នារកកេរ្តិ៍ឈ្មោះ ដែលឥតប្រយោជន៍ ទាំងចាក់រុក ហើយឈ្នានីសគ្នាទៅវិញទៅមកឡើយ»។ នៅទីនេះ សាវកប៉ុលប្រាប់យើងថា បើសិនយើងដើរនៅក្នុងព្រះវិញ្ញាណ យើងនឹងបង្កើតផលផ្លែនៃព្រះវិញ្ញាណ។ ព្រះវិញ្ញាណបរិសុទ្ធតម្រូវឲ្យយើងដើរនៅក្នុងព្រះវិញ្ញាណ។ ប៉ុន្តែយើងរស់នៅក្នុងសាច់ឈាម។ 
មនុស្សជាតិយើង បានកើតមកនៅក្នុងសាច់ឈាម ដែលមិនអាចបង្កើតផលផ្លែនៃព្រះវិញ្ញាណបានឡើយ។ ទោះបីជាយើងព្យាយាមដើរនៅក្នុងព្រះវិញ្ញាណក៏ដោយ ក៏និស្ស័យរបស់យើងមិនអាចត្រូវបានផ្លាស់ប្តូរដែរ។ ដូច្នេះហើយបានជាមានតែអ្នកដែលទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយការជឿតាមដំណឹងល្អពិតប៉ុណ្ណោះ ទើបអាចដើរនៅក្នុងព្រះវិញ្ញាណ និងបង្កើតផលផ្លែនៃព្រះវិញ្ញាណបាន។ 
នៅពេលព្រះគម្ពីរប្រាប់យើងឲ្យដើរនៅក្នុងព្រះវិញ្ញាណ វាមានន័យថា យើងគួរតែប្រកាសដំណឹងល្អពិត ដើម្បីឲ្យអ្នកដទៃទៀតក៏អាចទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ពួកគេដែរ។ បើសិនយើងរស់នៅសម្រាប់ដំណឹងល្អពិតនះ យើងនឹងបង្កើតផលផ្លែនៃព្រះវិញ្ញាណហើយ។ នៅក្នុងន័យផ្សេង វាមិនមែនជាបញ្ហាផ្លាស់ប្តូរនិស្ស័យរបស់មនុស្សទេ។ នៅពេលយើងដើរជាមួយដំណឹងល្អពិតនេះ យើងអាចបង្កើតផលផ្លែនៃព្រះវិញ្ញាណ ដែលមានដូចជា សេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត និងដឹងខ្នាត។ ផលផ្លែនៃព្រះវិញ្ញាណជួយយើងឲ្យសង្រ្គោះអ្នកដទៃចេញពីអំពើបាបរបស់ពួកគេ ដើម្បីទទួលបានជីវិតអស់កល្បជានិច្ច។
 
 
សេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម និងសេចក្តីប៉ងប្រាថ្នានៃព្រះវិញ្ញាណ
 
សាវកប៉ុលបាននិយាយថា «ដ្បិតសាច់ឈាមតែងតែប៉ងប្រាថ្នាទាស់នឹងព្រះវិញ្ញាណ ឯព្រះវិញ្ញាណ ទ្រង់ក៏ទាស់នឹងសាច់ឈាមដែរ សេចក្តីទាំង២នេះប្រឆាំងនឹងគ្នា ដល់ម៉្លេះបានជាអ្នករាល់គ្នារកធ្វើការ ដែលចង់ធ្វើទៅមិនកើត » (កាឡាទី ៥:១៧)។ ដោយសារតែយើងដែលបានសង្រ្គោះហើយ មានសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម និងខាងវិញ្ញាណនៅក្នុងពេលតែមួយ ធាតុទាំងពីរនេះគឺតែងតែប្រឆាំងនឹងគ្នាទៅវិញទៅមក។ លទ្ធផលគឺថា មិនមានមួយណាអាចបំពេញចិត្តរបស់យើងបានទាំងស្រុងឡើយ។
ព្រះវិញ្ញាណ ដឹកនាំយើងឲ្យចង់ប្រកាសដំណឹងល្អពិត និងបម្រើព្រះអម្ចាស់ ដោយអស់ពីចិត្ត។ ទ្រង់ជួយយើងឲ្យមានភាពឆេះឆួលក្នុងការចូលរួមបម្រើការងារខាងព្រលឹងវិញ្ញាណ ហើយជួយយើងឲ្យជួយមនុស្សចេញពីអំពើបាបរបស់ពួកគេ ដោយការប្រកាសដំណឹងល្អពិតរបស់ព្រះ។ 
ផ្ទុយទៅវិញ បំណងចិត្តរបស់យើងបង្កឲ្យមានសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដើម្បីមិនឲ្យយើងដើរនៅក្នុងព្រះវិញ្ញាណ បាន។ នេះគឺជាជម្លោះជាអចិន្ត្រៃមួយរវាងព្រះវិញ្ញាណ និងសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម។ នៅពេលសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមគ្រប់គ្រងមនុស្សម្នាក់ គាត់ធ្វើគ្រប់យ៉ាងសម្រាប់តែសាច់ ឈាម។ សាច់ឈាមបង្កើតបំណងចិត្តប្រឆាំងនឹងព្រះវិញ្ញាណ។ ទាំងពីរនេះប្រឆាំងគ្នាទៅវិញទៅមក ដើម្បីមិនយើងធ្វើអ្វីដែលយើងចង់ធ្វើបាន។
ដូច្នេះ តើអ្វីពាក់ព័ន្ធនៅក្នុងការដើរនៅក្នុងព្រះវិញ្ញាណ? ហើយតើកិច្ចការអ្វីខ្លះដែលផ្គាប់ព្រះហឫទ័យព្រះ? ព្រះបានមានបន្ទូលថា ការប្រកាស និងការដើរតាមដំណឹងល្អពិតគឺជាជីវិតដែលដើរនៅក្នុងព្រះវិញ្ញាណ។ ទ្រង់ប្រទានចិត្តដែលដើរនៅក្នុងព្រះវិញ្ញាណដល់អ្នកដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឲ្យពួកគេអាចមានជីវិតខាងព្រលឹងវិញ្ញាណបាន។ សេចក្តីបង្គាប់របស់ព្រះឲ្យយើងបង្កើតផលផ្លែនៃព្រះវិញ្ញាណ ដោយការដើរនៅក្នុងព្រះវិញ្ញាណ គឺជាការដាស់តឿនមួយ និងជាសេចក្តីបង្គាប់មួយសម្រាប់យើងសង្រ្គោះអ្នកដទៃចេញពីអំពើបាបរបស់ពួកគេ ដោយការប្រកាសដំណឹងល្អពិត។ ការដើរនៅក្នុងព្រះវិញ្ញាណបរិសុទ្ធមានន័យថា ការរស់នៅក្នុងជីវិតមួយ ដែលផ្គាប់ព្រះហឫទ័យព្រះ។ 
ដើម្បីដើរនៅក្នុងព្រះវិញ្ញាណ យើងត្រូវមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធជាមុនសិន។ ជាដំបូង យើងត្រូវតែជឿតាមដំណឹងល្អពិត ដែលព្រះបានប្រទានឲ្យយើង បើសិនយើងចង់ទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់យើង។ បើសិនយើងមិនជឿតាមដំណឹងល្អពិត ដោយអស់ពីចិត្តទេ យើងនឹងមិនទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬទទួលបានសេចក្តីសង្រ្គោះចេញពីអំពើបាបដែរ ដែលមានន័យថា យើងនឹងមិនអាចដើរនៅក្នុងព្រះវិញ្ញាណបានឡើយ។
ព្រះវិញ្ញាណ ប្រទានឲ្យយើងនូវបំណងចិត្តប្រកាសដំណឹងល្អពិត បម្រើព្រះអម្ចាស់ និងថ្វាយសិរីល្អដល់ព្រះ។ បំណងចិត្តនេះចេញមកពីចិត្តមួយ ដែលមានការប្តេជ្ញាចំពោះព្រះ និងការប្រកាសដំណឹងល្អពិតទៅកាន់លោកិយទាំងមូល។ វាក៏ចេញមកពីចិត្តមួយ ដែលប្តេជ្ញាធ្វើគ្រប់យ៉ាង ដើម្បីប្រកាសដំណឹងល្អពិតផងដែរ។ អ្នកដែលជឿតាមដំណឹងល្អពិត និងទទួលបានព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់ពីបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន អាចដើរនៅក្នុងព្រះវិញ្ញាណ និងថ្វាយខ្លួនទៅក្នុងការប្រកាសដំណឹងល្អបាន។ នេះគឺជាមរតកខាងវិញ្ញាណពីស្ថានសួគ៌របស់ពួកគេ។ 
អ្នកដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ស្តាប់បង្គាប់តាមព្រះវិញ្ញាណបរិសុទ្ធ ហើយដើរនៅក្នុងព្រះវិញ្ញាណ ទោះបើពួកគេមានសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមក៏ដោយ ពីព្រោះព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងពួកគេ។ សាវកប៉ុលបាននិយាយថា «ចូរដើរនៅក្នុងព្រះវិញ្ញាណ»។ គាត់ចង់មានន័យថា យើងត្រូវតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះយេស៊ូវបានប្រទានឲ្យយើង ដើម្បីឲ្យយើងអាចជួយអ្នកដទៃឲ្យបានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេ។
ពេលខ្លះ ខណៈដែលកំពុងតែដើរនៅក្នុងព្រះវិញ្ញាណ យើងក៏ដើរតាមសាច់ឈាមផងដែរ។ សេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម និងបំណងចិត្តរបស់ព្រះវិញ្ញាណ ប្រឆាំងនឹងគ្នាទៅវិញទៅមកនៅក្នុងជីវិតរបស់យើង ប៉ុន្តែអ្វីដែលយើងត្រូវដឹង និងចងចាំឲ្យបានច្បាស់លាស់គឺថា អ្នកដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធគួរតែរស់នៅក្នុងជីវិតដែលដើរនៅក្នុងព្រះវិញ្ញាណ។ មានតែតាមរបៀបនេះទេ ទើបយើងអាចរស់នៅក្នុងជីវិតពេញដោយព្រះពររបស់ព្រះបាន។ បើសិនអ្នកដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ បដិសេធមិនបង្កើតផលផ្លែនៃព្រះវិញ្ញាណ នោះពួកគេនឹងវិនាស ដោយការបង្កើតផលផ្លែនៃសាច់ឈាមវិញ។ ផលផ្លែរបស់ពួកគេនឹងខូច ហើយវិនាសទៅ។ ដូច្នេះហើយបានជាយើងត្រូវរស់នៅ ដោយការដើរនៅក្នុងព្រះវិញ្ញាណ។ 
យើង បានស្តាប់ឮថា «ដើរនៅក្នុងព្រះវិញ្ញាណ» ប៉ុន្តែពួកយើងខ្លះអាចគិតថា «តើខ្ញុំអាចធ្វើដូច្នេះបានយ៉ាងដូចម្តេច នៅពេលខ្ញុំមិនអាចដឹងថា ព្រះវិញ្ញាណគង់នៅក្នុងខ្ញុំផង?»។ ពួកយើងខ្លះគិតថា យើងអាចដឹងពីការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធបាន បើសិនព្រះបានលេចមក និងមានបន្ទូលដោយផ្ទាល់មកកាន់យើង។ ប៉ុន្តែគំនិតនេះគឺជាការយល់ច្រឡំមួយ។ ព្រះវិញ្ញាណប្រទានឲ្យយើងនូវបំណងចិត្តក្នុងការរស់នៅសម្រាប់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
អាចមានពេលខ្លះ ដែលយើងប្រាកដថា ទ្រង់គង់នៅក្នុងយើង ប៉ុន្តែយើងមិនអាចប៉ះពាល់ទ្រង់បានទេ ពីព្រោះយើងកំពុងតែដើរតាមសាច់ឈាម។ អ្នកខ្លះអាចគិតថា ទ្រង់កំពុងតែផ្ទុំនៅក្នុងយើង។ ពួកគេគឺជាមនុស្សដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយ ប៉ុន្តែនៅតែដើរតាមសាច់ឈាមដដែល។
មនុស្សទាំងនេះ បំពេញតែសាច់ឈាមរបស់ខ្លួនតែប៉ុណ្ណោះ ហើយប្រព្រឹត្តដូចជាស្តាប់បង្គាប់ ប៉ុន្តែនៅចុងក្រោយត្រូវរងទុក្ខ ដោយសារតែការតម្រូវកាន់តែច្រើនពីសាច់ឈាម។ សូម្បីតែអ្នកដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធហើយ ក៏ចង់រស់នៅតាមសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមដែរ ពីព្រោះពួកគេគិតថា ការធ្វើដូច្នោះគឺធម្មតា។ ប៉ុន្តែអ្នកដែលចុះចូលចំពោះសាច់ឈាម ក្លាយជាទាសកររបស់សាច់ឈាមហើយ។
ព្រះអម្ចាស់ ប្រាប់យើងឲ្យរស់នៅតាមព្រះវិញ្ញាណ។ នេះមានន័យថា ការបម្រើដំណឹងល្អពិត។ វាក៏មានន័យផងដែរថា យើងត្រូវតែប្តេជ្ញាខ្លួនទាំងស្រុងទៅចំពោះដំណឹងល្អពិតអំពីទឹក និងព្រះ វិញ្ញាណ។ ការអរសប្បាយនៅក្នុងដំណឹងល្អ និងការរស់នៅតាមដំណឹងល្អ គឺត្រូវរស់នៅតាមព្រះវិញ្ញាណ។ យើងត្រូវតែរស់នៅដូច្នេះ ដោយការៀនពីអត្ថន័យនៃការដើរនៅក្នុងព្រះវិញ្ញាណ។ តើអ្នកកំពុងតែដើរនៅក្នុងព្រះវិញ្ញាណដែរឬទេ?
 
 
តើមនុស្សម្នាក់ដែលមិនមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធអាចដើរនៅក្នុងព្រះវិញ្ញាណបានទេ?
 
អ្នកដែលមិនបានកើតជាថ្មី មិនស្គាល់ពីអត្ថន័យនៃការដើរនៅក្នុងព្រះវិញ្ញាណឡើយ។ ដូច្នេះ មនុស្សជាច្រើនព្យាយាមទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរបៀបផ្ទាល់ខ្លួន។ ពួកគេគិតថា សកម្មភាពនៃការចង់បានព្រះវិញ្ញាណបរិសុទ្ធ គឺដូចគ្នាទៅនឹងការពេញដោយព្រះវិញ្ញាណបរិសុទ្ធ។
ជាក់ស្តែង នៅពេលមនុស្សប្រមូលផ្តុំគ្នាថ្វាយបង្គំនៅកន្លែងមួយ អ្នកដឹកនាំអធិស្ឋានខ្លាំងៗ ហើយគ្រប់គ្នាចាប់ផ្តើមស្រែកយំហៅព្រះនាមព្រះអម្ចាស់។ ពួកគេខ្លះនិយាយភាសាដទៃ ធ្វើដូចជាពួកគេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធអញ្ចឹង ប៉ុន្តែគ្មានអ្នកណាម្នាក់អាចយល់ពីអ្វីដែលពួកគេកំពុងតែនិយាយឡើយ។ ក្នុងពេលជាមួយគ្នា ពួកគេខ្លះដួលចុះ ហើយខ្លួនប្រាណរបស់ពួកគេចាប់ផ្តើមញ័រញាក់ និងអណ្តែតអណ្តូង។ តាមការពិត ពួកគេត្រូវបានអារក្សចូលទេ ប៉ុន្តែពួកគេគិតថា ពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធទៅវិញ។ បន្ទាប់មក ពួកគេស្រែកកាន់តែខ្លាំងឡើងៗថា «ព្រះ អម្ចាស់ៗ!»។ ពួកគេសស្រែកហៅព្រះអម្ចាស់ ស្រក់ទឹកភ្នែក និងទះដៃផង។ ជាទូទៅ ពួកគេហៅហេតុការណ៍នេះថា «បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ»។
អ្នកដឹកនាំ និយាយភាសាដទៃ ខណៈដែលគោះអាសនាផូងផាំង ហើយមនុស្សស្រែកថា «ព្រះអម្ចាស់ៗ!»។ ពួកគេស្រឡាញ់បរិយាកាសបែបនេះ ហើយអ្នកខ្លះនិយាយថា ពួកគេបានមើលឃើញនិមិត្តនៃដើមដឹងខុសត្រូវនៅក្នុងសួនច្បារអេដែន និងព្រះ ភ័ក្ររបស់ព្រះយេស៊ូវ កំឡុងពេលពួកគេមានអារម្មណ៍អណ្តែត អណ្តូង។ ពួកគេយល់ច្រឡំហេតុការណ៍ទាំងនោះថាជារបៀបទទួលបានព្រះវិញ្ញាណបរិសុទ្ធ បានពេញដោយទ្រង់ និងដើរជាមួយទ្រង់។ ទង្វើខុសឆ្គងរបស់ពួកគេចេញមកពីការយល់ខុសរបស់ពួកគេអំពីព្រះបន្ទូលព្រះ និងព្រះវិញ្ញាណបរិសុទ្ធ។
ព្រះ មានបន្ទូលថា «ចូរដើរនៅក្នុងព្រះវិញ្ញាណ» ទៅកាន់អ្នកដែលបានកើតជាថ្មី។ វាមានន័យថា ការធ្វើកិច្ចការដែលផ្គាប់ព្រះហឫទ័យព្រះ។ សាវកប៉ុលប្រៀបធៀបកិច្ចការខាងសាច់ឈាម និងផលផ្លែនៃព្រះវិញ្ញាណថា «តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត» (កាឡាទី ៥:២២-២៣)។ 
«ដើរនៅក្នុងព្រះវិញ្ញាណ» មានន័យថា ប្រកាសដំណឹងល្អពិត ហើយសង្រ្គោះអ្នកដទៃចេញពីអំពើបាបរបស់ពួកគេ។ បើសិនយើងធ្វើដូច្នេះ យើងនឹងអាចបង្កើតផលផ្លែនៃព្រះវិញ្ញាណបានហើយ។ ផលផ្លែនៃព្រះវិញ្ញាណមាន សេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត ហើយយើងអាចបង្កើតផលផ្លែទាំងនេះបាន លុះត្រាតែយើងរស់តាមដំណឹងល្អពិត។ បើសិនយើងបម្រើ និងប្រកាសដំណឹងល្អពិត លះបង់ខ្លួនឯងសម្រាប់ដំណឹងល្អ នោះយើងអាចមានជីវិតខាងវិញ្ញាណ ដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធបាន។
ក្នុងនាមជាផលផ្លែមួយនៃព្រះវិញ្ញាណ «សប្បុរស» មានន័យថា ការធ្វើទង្វើល្អ។ វាក៏មានន័យថា គុណធម៌ ផងដែរ។ ការរក្សាគុណធម៌សម្រាប់ដំណឹងល្អពិត និងការធ្វើអ្វីមួយសម្រាប់ផលប្រយោជន៍របស់អ្នកដទៃគឺជាសប្បុរស។ សប្បុរសដ៏ធំធេងបំផុតនៅចំពោះព្រះ គឺត្រូវប្រកាសដំណឹងល្អសម្រាប់ផលប្រយោជន៍របស់អ្នកដទៃ។
ហើយ «សុភាព» គឺត្រូវមានសេចក្តីមេត្តាករុណាសម្រាប់ មនុស្ស។ អ្នកដែលមានសេចក្តីមេត្តាករុណាសម្រាប់អ្នកដទៃ បម្រើដំណឹងល្អដោយអត់ធ្មត់ សប្បុរស និងសន្តិភាព។ អ្នកដែលដើរនៅក្នុងព្រះវិញ្ញាណ មានអំណរដែលមើលឃើញការងារបស់ព្រះ អម្ចាស់ត្រូវបានសម្រេច ស្រឡាញ់ការងាររបស់ទ្រង់ ស្រឡាញ់អ្នកដទៃ និងស្មោះត្រង់ក្នុងគ្រប់ការទាំងអស់។ ទោះបីជាវាមិនមែនជាកាតព្វកិច្ចក៏ដោយ ក៏អ្នកដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅតែស្មោះត្រង់នៅក្នុងការងាររបស់ទ្រង់ដែរ រហូតដល់វាត្រូវបានសម្រេច។ គាត់សុភាព និងដឹងខ្នាត។ គាត់មានផលផ្លែនៃព្រះវិញ្ញាណ។ អ្នកដែលមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងខ្លួន ត្រូវតែដើរនៅក្នុងព្រះវិញ្ញាណ។ គាត់នឹងអាចបង្កើតផលផ្លែនៃព្រះវិញ្ញាណបាន លុះត្រាតែគាត់ធ្វើដូច្នេះ។ 
អ្នក ក៏អាចបង្កើតផលផ្លែនៃព្រះវិញ្ញាណបានផងដែរ បើសិនអ្នកដើរនៅក្នុងព្រះវិញ្ញាណ។ ប៉ុន្តែបើសិនអ្នកមិនដើរនៅក្នុងព្រះវិញ្ញាណទេ អ្នកនឹងត្រូវដើរជាមួយសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមហើយ។ កាឡាទី ៥:១៩-២១ ប្រាប់យើងថា «រីឯកិច្ចការខាងសាច់ឈាម នោះប្រាកដច្បាស់ហើយ គឺជាសេចក្តីកំផិត សហាយស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយបង្គំរូបព្រះ មន្តអាគម សំអប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន កាប់សំឡាប់ ប្រមឹក ស៊ីផឹកជ្រុល និងការអ្វីទៀត ដែលស្រដៀងនឹងសេចក្តីទាំងនេះផង ហើយខ្ញុំប្រាប់អ្នករាល់គ្នាទុកជាមុន ដូចជាបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តដូច្នេះ នោះមិនបានគ្រងនគរព្រះ ទុកជាមរដកឡើយ»។ 
 
 
កិច្ចការខាងសាច់ឈាមគឺជាក់ស្តែង
 
យើង អាចមើលឃើញកិច្ចការខាងសាច់ឈាមបានយ៉ាង ច្បាស់ហើយ។ កិច្ចការខាងសាច់ឈាមទីមួយគឺ «សេចក្តីកំផិត» ដែលមានន័យថា ការពាក់ព័ន្ធនៅក្នុងទំនាក់ទំនងមិនសមស្របជាមួយមនុស្សមានភេទផ្ទុយគ្នា។ ទីពីរគឺ «សាហាយស្មន់»។ ទីបីគឺ «ស្មោគគ្រោក»។ ទីបួនគឺ «អាសអាភាស» ដែលមានន័យថា យ៉ាងមានតម្រេក។ ទីប្រាំគឺ «ថ្វាយបង្គំរូបព្រះ» ដែលមានន័យថា បម្រើព្រះដទៃក្រៅពីព្រះពិត។ ទីប្រាំមួយគឺ «មន្តអាគម»។ ទីប្រាំពីរគឺ «សំអប់គ្នា»។ បើសិនមនុស្សម្នាក់ដែលមិនមានព្រះវិញ្ញាណបរិសុទ្ធ ដើរតាមសាច់ឈាម គាត់នឹងបង្ហាញសំអប់ចំពោះអ្នកដទៃ ដោយសារតែនិស្សន័យបាបរបស់ខ្លួន។ ទីប្រាំបីគឺ «ឈ្លោះប្រកែក»ដែលមានន័យថា ជម្លោះជាមួយមិត្តភ័ក្តិ ឬគ្រួសារ។ កិច្ចការខាងសាច់ឈាមដទៃទៀតមានដូចជា «ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន កាប់សំឡាប់ ប្រមឹក ស៊ីផឹកជ្រុល»។ ទាំងនេះជាបុគ្គលិកលក្ខណៈរបស់អ្នកដែលដើរតាមសាច់ឈាម។
ទីដប់គឺ «កំហឹង»។ នៅពេលមនុស្សម្នាក់ដើរតាមសាច់ឈាម គាត់មិនអាចធ្វើកិច្ចការរបស់ពួកជំនុំ ហើយជាចុងក្រោយ គាត់នឹងត្រូវចាកចេញពីពួកគេតាមចិត្តរបស់គាត់។ ហើយទីដប់មួយគឺ «បាក់បែក»។ អ្នកដែលដើរតាមសាច់ឈាម ធ្វើដូច្នេះ ដើម្បីបំពេញតាមបំណងចិត្តរបស់ខ្លួន។ ប៉ុន្តែជីវិតបែបនេះខុសគ្នានឹងបំណងព្រះហឫទ័យព្រះយ៉ាងខ្លាំង ដែលជាចុងក្រោយ គាត់បែរចេញពីដំណឹងល្អពិត។ បាក់បែក មានន័យថា ការងាកចេញពីសេចក្តីពិតតាមព្រះគម្ពីរ។ គ្មានអ្នកណាដែលមានជំនឿតាមព្រះបន្ទូលព្រះ និងដើរក្នុងព្រះវិញ្ញាណ ងាកចេញពីបំណងព្រះហរទ័យព្រះឡើយ។ ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន កាប់សំឡាប់ ប្រមឹក ស៊ីផឹកជ្រុល និងការអ្វីទៀត ដែលស្រដៀងនឹងសេចក្តីទាំងនេះផង» គឺជាកិច្ចការខាងសាច់ឈាមទាំងអស់។ អ្នកដែលជឿតាមសាច់ឈាម ប្រព្រឹត្តកិច្ចការទាំងអស់នេះ នៅទីបំផុត។ ដូច្នេះហើយបានជាព្រះអម្ចាស់មានបន្ទូលថា «ចូរដើរក្នុងព្រះវិញ្ញាណ»។ យើងដែលបានកើតជាថ្មី ត្រូវតែដើរក្នុងព្រះវិញ្ញាណ។
អ្នកដែលមិនបានកើតជាថ្មី មានតែសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមនៅក្នុងចិត្តរបស់ខ្លួនប៉ុណ្ណោះ។ ដូច្នេះហើយបានជាពួកគេប្រព្រឹត្ត «សហាយស្មន់ ស្មោកគ្រោក អាសអាភាស ថ្វាយបង្គំរូបព្រះ»។ អ្នកដឹកនាំក្លែងក្លាយដែលមិនបានកើតជាថ្មី ប្រព្រឹត្ត «មន្តអាគម» ដាក់លើអ្នកដើរតាមរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យបរិច្ចាគប្រាក់ជាច្រើន។ ពួកគេផ្តល់ ទំនួលខុសត្រូវ និងតួនាទី សំខាន់ៗនៅក្នុងពួកជំនុំ ដល់អ្នកដែលបរិច្ចាគប្រាក់ច្រើនជាងគេបំផុត។ អ្នកដែលរស់នៅតាមសាច់ឈាម បង្ហាញ «សំអប់» ដល់អ្នកដទៃ។ ពួកគេបំបាក់បំបែកពួកជំនុំទៅជានិកាយផ្សេងៗ អួតពីនិកាយរបស់ខ្លួន ហើយចាត់ទុកអ្នកទៃជាបុគ្គលមានជំនឿខុសឆ្គងទៅវិញ។ «ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន» គឺសុទ្ធតែស្ថិតនៅក្នុងចិត្តរបស់អ្នកដែលមិនបានកើតជាថ្មី។ ហើយយើងដែលជាពួកបរិសុទ្ធ ក៏អាចធ្វើដូចគេផងដែរ បើសិនយើងដើរតាមសាច់ឈាម។ 
 
 
ព្រះវិញ្ញាណជួយឲ្យគ្រីស្ទបរិស័ទដែលបានកើតជាថ្មី បង្កើតផលផ្លែនៃព្រះវិញ្ញាណ
 
អ្នកដែលបានកើតជាថ្មី ត្រូវតែរស់នៅ ដើម្បីប្រកាសដំណឹងល្អពិត។ ដោយសារតែការដើរតាមព្រះអម្ចាស់តែមួយពិបាកសម្រាប់យើង នោះយើងត្រូវតែធ្វើការបម្រើដំណឹងល្អពិត ដោយចូលរួមជាមួយពួកជំនុំ។ យើងត្រូវតែអធិស្ឋានរួមគ្នា និងលះបង់កំឡាំងកាយចិត្តរបស់យើង ដើម្បីក្លាយជាមនុស្សម្នាក់ដែលដើរតាមដំណឹងល្អពិតអំពីព្រះវិញ្ញាណ។ មនុស្សដែលដើរនៅក្នុងព្រះវិញ្ញាណ រស់នៅ ដើម្បីប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នៅក្នុងន័យផ្សេង ការដើរតាមសាច់ឈាមមានន័យថា ការរស់នៅសម្រាប់តែខ្លួនឯងប៉ុណ្ណោះ ខណៈដែលការដើរនៅក្នុងព្រះវិញ្ញាណមានន័យថា ការធ្វើការងារ ដើម្បីសង្រ្គោះព្រលឹងរបស់អ្នកដទៃ។ គ្រីស្ទបរិស័ទដែលបានកើតជាថ្មីជាថ្មី មានជីវិតមានព្រះពរនេះ។ ហើយ ពួកគេរស់នៅសម្រាប់ប្រយោជន៍របស់អ្នកដទៃ។ 
មានមនុស្សជាច្រើន នៅទូទាំងពិភពលោក ដែលមិនទាន់បានស្តាប់ឮដំណឹងល្អពិតនៅឡើយ។ យើងស្រឡាញ់មនុស្សនៅទ្វីប អាហ្វ្រិក និងអាស៊ី។ ហើយយើងក៏ស្រឡាញ់មនុស្សទាំងអស់នៅទ្វីបអឺរ៉ុប អាមេរិក និងដែនកោះដាច់ស្រយាលទាំងឡាយផងដែរ។ យើងគួរតែបង្ហាញសេចក្តីស្រឡាញ់របស់យើង ដោយការណែនាំពួកគេទៅកាន់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
យើង ត្រូវតែដើរនៅក្នុងព្រះវិញ្ញាណ។ មិនមានក្រិត្យវិន័យណា ដែលប្រឆាំងនឹងការនេះឡើយ។ «តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្តីយ៉ាងនោះទេ» (កាឡាទី ៥:២២-២៣)។ តើមាន ក្រិត្យវិន័ណា ដែលអាចប្រឆាំងនឹងការនេះបានទេ? ទេ។ នេះគឺជាច្បាប់នៃព្រះវិញ្ញាណ ដែលយើងត្រូវតែស្តាប់បង្គាប់តាម។ សាវក ប៉ុលបានប្រាប់យើងឲ្យដើរនៅក្នុងព្រះវិញ្ញាណ។ ដោយសារព្រះ អម្ចាស់របស់យើងប្រទានព្រះជន្មរបស់ទ្រង់សម្រាប់យើង ដែលជាមនុស្សមានបាប យើងត្រូវតែប្រកាសដំណឹងល្អទៅកាន់អ្នកដទៃ។ ការសង្រ្គោះអ្នកដទៃចេញពីអំពើបាបរបស់ពួកគេ គឺជាការដើរនៅក្នុងព្រះវិញ្ញាណ។ ដូច្នេះ យើងគួរតែដើរនៅក្នុងព្រះវិញ្ញាណ។ 
សាវកប៉ុលបាននិយាយនៅក្នុង កាឡាទី ៥:២៤-២៦ ថា «អស់អ្នកដែលជារបស់ផងព្រះគ្រីស្ទ នោះបានឆ្កាងសាច់ឈាមហើយ ព្រមទាំងសេចក្តីរំជួល និងសេចក្តីប៉ងប្រាថ្នាទាំងប៉ុន្មានផង បើសិនជាយើងរស់ដោយនូវព្រះវិញ្ញាណ នោះត្រូវដើរដោយព្រះវិញ្ញាណដែរ កុំឲ្យយើងរាល់គ្នារកកេរ្តិ៍ឈ្មោះ ដែលឥតប្រយោជន៍ ទាំងចាក់រុក ហើយឈ្នានីសគ្នាទៅវិញទៅមកឡើយ»។ យើងត្រូវតែរស់នៅ ដើម្បីសង្រ្គោះព្រលឹងរបស់អ្នកដទៃ បើសិនយើងចង់រស់នៅព្រះវិញ្ញាណ។ យើងគួរតែធ្វើការងារបស់ព្រះវិញ្ញាណ ហើយដើរជាមួយទ្រង់។ ព្រះវិញ្ញាណបរិសុទ្ធដែលព្រះបានប្រទានឲ្យយើង ដឹកនាំយើងឲ្យរស់នៅ ដោយមានព្រះយេស៊ូវគ្រីស្ទនៅក្នុងចិត្តរបស់ យើង។ ហើយព្រះវិញ្ញាណបរិសុទ្ធគឺជាស្តេចនៃសេចក្តីស្រឡាញ់ ដែលព្រះប្រើ ដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់។
សាវកប៉ុលបាននិយាយថា «ហើយអស់អ្នកដែលជារបស់ផងព្រះគ្រីស្ទ នោះបានឆ្កាងសាច់ឈាមហើយ ព្រមទាំងសេចក្តីរំជួល និងសេចក្តីប៉ងប្រាថ្នាទាំងប៉ុន្មានផង» (កាឡាទី ៥:២៤)។ គាត់ក៏បាននិយាយផងដែរថា អ្នកដែលបានកើតជាថ្មី បានស្លាប់ជាមួយព្រះយេស៊ូវគ្រីស្ទហើយ។ អ្នកដែលពិតជាបានកើតជាថ្មី បានស្លាប់ជាមួយព្រះយេស៊ូវហើយ។ យើងមិនបានដឹងពីវាទេ ប៉ុន្តែយើងបានស្លាប់ជាមួយព្រះយេស៊ូវគ្រីស្ទ នៅពេលទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាបរបស់យើង។ នៅក្នុងន័យផ្សេង ការពិតថា ព្រះយេស៊ូវគ្រីស្ទបានសុគតនៅលើឈើឆ្កាង មានន័យថា អ្នក និងខ្ញុំបានស្លាប់ជាមួយទ្រង់នៅលើឈើឆ្កាងហើយ។ ការសុគតរបស់ទ្រង់គឺជាការស្លាប់របស់យើង ហើយការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ គឺជាការធានាពីការរស់ពីស្លាប់ឡើងវិញរបស់យើង។ អ្នក និងខ្ញុំរស់នៅ និងស្លាប់នៅក្នុងព្រះយេស៊ូវគ្រីស្ទ តាមរយៈជំនឿរបស់យើង។ ដូច្នេះ យើងត្រូវមានជំនឿ ដែលដឹកនាំយើងឲ្យដើរនៅក្នុងព្រះវិញ្ញាណ។
ព្រះ បានប្រទានអំណាចព្រះចេស្តាឲ្យយើងដើរនៅក្នុងព្រះវិញ្ញាណ។ ដូច្នេះ យើងដែលបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួនហើយ គួរតែដើរនៅក្នុងព្រះវិញ្ញាណ។ អ្នកដែលទទួលបានព្រះវិញ្ញាណបរិសុទ្ធ ត្រូវតែអរព្រះគុណសម្រាប់ការទទួលបានការអត់ទោសអំពើបាប ហើយលះបង់ខ្លួនឯងសម្រាប់ការប្រកាសដំណឹងល្អពិត សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សដែលបាត់បង់។ សូម្បីតែមនុស្សម្នាក់ដែលទទួលបានការអត់ទោសអំពើបាប និងបានកើតជាថ្មីហើយក៏ដោយ ក៏គាត់នឹងដាច់ចេញពីពួកជំនុំរបស់ព្រះអម្ចាស់ និងមិនអាចបម្រើទ្រង់បានដែរ បើសិនគាត់រស់នៅតាមសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម។ អ្នក និងខ្ញុំគួរតែរស់នៅតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ រហូតដល់ថ្ងៃនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ 
 
 
ចូរកុំស្វែងរកកេរ្តិ៍ឈ្មោះឲ្យសោះ ប៉ុន្តែរស់នៅដោយពេញដោយ ព្រះវិញ្ញាណបរិសុទ្ធវិញ
 
សាវកប៉ុល បាននិយាយថា «កុំឲ្យយើងរាល់គ្នារកកេរ្តិ៍ឈ្មោះ ដែលឥតប្រយោជន៍ ទាំងចាក់រុក ហើយឈ្នានីសគ្នាទៅវិញទៅមកឡើយ»។ តើអ្វីគឺជាការរកកេរ្តិ៍ឈ្មោះ? វាគឺជាការរស់នៅតាម សេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម។ មានមនុស្សជាច្រើននៅក្នុងលោកិយនេះ ដែលរស់នៅសម្រាប់ការកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ មនុស្សជាច្រើនខិតខំបង្កើនប្រាក់ឲ្យបានច្រើន ចង់បានឧត្តមភាព ស្រឡាញ់សម្រស់ខាងលោកិយ និងរស់នៅសម្រាប់តែបច្ចុប្បន្ននេះ។ មិនមានភក្តីភាពនៅក្នុងមនុស្សទាំងនេះទេ ហើយពួកគេនឹងពុករលួយ និងបាត់បង់ទៅតាមពេលវេលា។ ដូច្នេះហើយបានជាមនុស្សដែលដើរតាមសាច់ឈាម ត្រូវបានហៅថា មនុស្សរកកេរ្តិ៍ឈ្មោះ។ សូម្បីតែមនុស្សមានទ្រព្យសម្បត្តិហូរហៀរ តើមានសន្តិភាព និងភាពស្កប់ស្កល់ពិតប្រាកដនៅក្នុងចិត្តរបស់ពួកគេដែរឬទេ? ផលផ្លែនៃសាច់ឈាមនឹងពុករលួយ និងបាត់បង់ទៅ។ របស់ខាងលោកិយនេះគឺសម្រាប់តែសាច់ឈាមខ្លួនឯងប៉ុណ្ណោះ ហើយគ្មានប្រយោជន៍សម្រាប់ព្រលឹងរបស់អ្នកដទៃទេ។
ព្រះគម្ពីរ និយាយថា «មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចំរើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ» (សុភាសិត ១១:២៤)។ អ្នកដែលមិនបានកើតជាថ្មី ព្យាយាមប្រមូលប្រាក់យ៉ាងច្រើន។ ដោយសារតែរបស់ខាងលោកិយនេះគឺជាអ្វីៗគ្រប់យ៉ាងសម្រាប់ពួកគេ ពួកគេមិនមានការយកចិត្តទុកចំពោះអ្នកដទៃនៅក្នុងខ្លូនរបស់ពួកគេឡើយ។ ដូច្នេះហើយបានជាពួកគេគ្រាន់តែចង់បាន និងខ្វល់ខ្វាយតែពីជីវិតរបស់ខ្លួនប៉ុណ្ណោះ។ ប៉ុន្តែព្រះគម្ពីរនិយាយថា មានមនុស្សដែលហួងហែងប្រាក់ហួសខ្នាត តែចេះតែខ្វះខាតវិញ។ មនុស្សដើរតាមសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ប៉ុន្តែជាលទ្ធផលគឺដូចជាការដើរកាត់ចោរប្លន់ម្នាក់ ហើយត្រូវស្លាប់ដោយសារតែចោរនោះប្លន់ និងសំឡាប់យកទ្រព្យសម្បត្តិរបស់ខ្លួន។ ការទាំងនេះគឺជាលទ្ធផលនៃការរកកេរ្តិ៍ឈ្មោះ។ 
 
 
អ្នកដែលដើរតាមសេចក្តីប៉ងប្រាថ្នានៃព្រះវិញ្ញាណ
 
សាវកប៉ុល ចង់មានជីវិតមួយនៅក្នុងព្រះវិញ្ញាណ។ ហើយគាត់បានមានជីវិតបែបនោះមែន។ គាត់បានបង្រៀនយើងឲ្យរស់នៅបានល្អប្រសើរ តាមរយៈព្រះបន្ទូលព្រះ។ គាត់បាននិយាយនៅក្នុង កាឡាទី ៦:៦-១០ ថា «អ្នកណាដែលមានគ្រូបង្រៀនខាងព្រះបន្ទូល នោះត្រូវចែកគ្រប់ទាំងរបស់ល្អដល់គ្រូនោះផង កុំឲ្យច្រឡំឡើយ និងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ អ្នកណាដែលព្រោះខាងឯសាច់ឈាមរបស់ខ្លួន នឹងច្រូតបានសេចក្តីពុករលួយពីសាច់ឈាមនោះឯង តែអ្នកណាដែលព្រោះខាងឯព្រះវិញ្ញាណ នោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ ដូច្នេះ កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម»។
សាវកប៉ុល បានផ្តល់ដំបូន្មានដល់អ្នកដែលស្គាល់ព្រះបន្ទូលព្រះឲ្យចែករំលែករបស់ល្អជាមួយគ្រូបង្រៀនរបស់ពួកគេ។ តាម រយៈ «គ្រប់ទាំងរបស់ល្អ» គាត់ចង់មានន័យថា ផ្គាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយការសង្រ្គោះព្រលឹងបាត់បង់ទាំងឡាយ តាមរយៈជីវិតនៃការដើរក្នុងព្រះវិញ្ញាណ និងការប្រកាសដំណឹងល្អ។ អ្នកដែលបានកើតជាថ្មី គួរតែចូលរួមជាមួយអ្នកដែលបង្រៀន និងដើរក្នុងព្រះវិញ្ញាណ ដែលមានគំនិត សេចក្តីស្រឡាញ់ និងការវិនិច្ឆ័យតែមួយ។
«នោះត្រូវចែកគ្រប់ទាំងរបស់ល្អដល់គ្រូនោះផង។» «គ្រប់ទាំងរបស់ល្អ» មានន័យថា សង្រ្គោះអ្នកដទៃចេញពីអំពើបាបរបស់ពួកគេ តាមរយៈពួកជំនុំ។ សាវកប៉ុលបានប្រាប់យើងឲ្យធ្វើអ្វីៗគ្រប់យ៉ាងនៅក្នុងគំនិតតែមួយ ការអធិស្ឋានតែមួយ និងភក្តីភាពតែ មួយ។ យើងត្រូវតែបំពេញការងាររបស់ព្រះអម្ចាស់ជាមួយគ្នា។
សាវកប៉ុល បាននិយាយថា «ឲ្យច្រឡំឡើយ និងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ»។ នៅទីនេះ ពាក្យថា «បញ្ឆោត» មានន័យថា «ចំអកមើលងាយ»។ ដូច្នេះ «ឲ្យច្រឡំឡើយ និងបញ្ឆោតព្រះមិនបានទេ» មានន័យថា កុំចំអកមើលងាយព្រះឲ្យសោះ។ ជាក់ស្តែង មនុស្សមិនត្រូវមើលងាយព្រះបន្ទូលព្រះ កាត់ស្រាយព្រះបន្ទូលតាមតែគំនិតរបស់ខ្លួន ហើយមិនជឿព្រះបន្ទូលឡើយ។ សាវកប៉ុលបាននិយាយថា «ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ»។ នេះមានន័យថា អ្នកដែលព្រោះព្រះវិញ្ញាណ នឹងច្រូតបានជីវិតអស់កល្បជានិច្ច។
តើយើងនឹងច្រូតបានអ្វី បើសិនយើងរស់នៅតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ? យើងនឹងទទួលបានជីវិតអស់កល្បជានិច្ច និងសេចក្តីសង្រ្គោះចេញពីអំពើបាបរបស់យើង។ យើងនឹងច្រូតបានផលផ្លែនៃព្រះវិញ្ញាណ ដោយការដឹកនាំព្រលឹងរបស់អ្នកដទៃទៅឯសេចក្តីប្រោសលោះចេញពីអំពើបាបរបស់ពួកគេ និងជីវិតអស់កល្បជានិច្ច តាមរយៈព្រះពររបស់ព្រះ។ 
ចុះមនុស្សដែលរស់នៅសម្រាប់តែសាច់ឈាមរបស់ខ្លួនវិញ? ពួកគេច្រូតបានសេចក្តីពុករលួយ និងសេចក្តីស្លាប់នៅទីបំផុត គឺមានតែសេចក្តីស្លាប់សម្រាប់ពួកគេប៉ុណ្ណោះ។ មនុស្សបានកើតមកជាមួយដៃទទេ ហើយស្លាប់ទៅវិញជាមួយដៃទទេដែរ។
ប្រសិនបើគាត់ធ្វើកិច្ចការសង្រ្គោះអ្នកដទៃ ចេញពីអំពើបាបរបស់ពួកគេ ពួកគេនឹងច្រូតបានផលផ្លែនៃព្រះវិញ្ញាណ និងមានជីវិតអស់កល្បជានិច្ចវិញ។ ប៉ុន្តែបើសិនគាត់នៅតែដើរតាមសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម នោះគាត់នឹងច្រូតបានសេចក្តីពុករលួយហើយ។ ដូច្នេះ គាត់នឹងច្រូតបានបណ្តាសា និងហុចបណ្តាសានេះទៅឲ្យអ្នកដទៃទៀត។ ដូច្នេះ សាវកប៉ុលដែលបានដឹងគ្រប់យ៉ាងអំពីការរស់នៅដោយជំនឿ បានទូន្មានយើងមិនឲ្យដើរតាមសាច់ឈាមឡើយ។
«កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ។» សាវកប៉ុលគឺជាអ្នកបម្រើព្រះ ដែលបានដើរនៅក្នុងព្រះវិញ្ញាណ។ នៅពេលមនុស្សមើលឃើញនៅក្នុងព្រះគម្ពីរថា គាត់បានដើរនៅក្នុងព្រះ វិញ្ញណ អ្នកខ្លះគិតថា ព្រះវិញ្ញាណបរិសុទ្ធបានបង្គាប់គាត់ដោយផ្ទាល់ឲ្យធ្វើកិច្ចការដូចជា «ប៉ុល ទៅខាងឆ្វេង ហើយជួបនឹងមនុស្សម្នាក់» ឬ »អ្នកគួរតែគេចចេញពីមនុស្សម្នាក់នោះ»។ ប៉ុន្តែគំនិតបែបនេះមិនត្រឹមត្រូវទេ។ 
គាត់ បានដើរនៅក្នុងព្រះវិញ្ញាណ ដោយការប្រកាសដំណឹងល្អអំពីសេចក្តីសង្រ្គោះទៅដល់អ្នកដទៃ ហើយជួយសង្រ្គោះព្រលឹងរបស់ពួកគេ។ សាវកប៉ុលក៏បានបម្រើព្រះអម្ចាស់ផងដែរ ដោយចូលរួមជាមួយអ្នកដែលបានដើរនៅក្នុងព្រះវិញ្ញាណ។ ក្នុងចំណោមគ្រីស្ទបរិស័ទ មានមនុស្សដែលមិនដើរនៅក្នុងព្រះវិញ្ញាណ ប៉ុន្តែដើរតាមសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមវិញ។ ពួកគេមិនបានស្វាគមន៍សាវកប៉ុលទេ ប៉ុន្តែបានប្រឆាំង និងបៀតបៀនគាត់វិញ។ សាវកប៉ុលបានប្រាប់ថា គាត់មិនចង់ពាក់ព័ន្ធជាមួយនឹងអ្នកដែលប្រឆាំង និងបៀតបៀនពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទឡើយ។
ប្រសិនបើអ្នកចង់ដើរនៅក្នុងព្រះវិញ្ញាណ អ្នកត្រូវតែរស់នៅតាមដំណឹងល្អ។ ពួកអ្នកកាត់ស្បែកបានកាត់ទោសសាវកប៉ុល។ កាឡាទី ៥:១១ និយាយថា «ប៉ុន្តែ បងប្អូនអើយ បើសិនជាខ្ញុំនៅតែប្រដៅឲ្យគេកាត់ស្បែក នោះតើហេតុអ្វីបានជាគេនៅតែបៀតបៀនដល់ខ្ញុំទៀត បើប្រដៅដូច្នោះ នោះសេចក្តីបង្អាក់បង្អន់ ពីរឿងឈើឆ្កាង ត្រូវបាត់ហើយ»។ ពួកអ្នកកាត់ស្បែក ដែលជាជើងឯកខាងការអនុវត្តការកាត់ស្បែក បាននិយាយថា «ទោះបីជាមនុស្សម្នាក់បានកើតជាថ្មី ដោយសារជំនឿលើព្រះយេស៊ូវក៏ដោយ ក៏គាត់ត្រូវតែទទួលការកាត់ស្បែកដែរ។ ពីព្រោះបើសិនអ្នកមិនបានកាត់ស្បែកទេ គាត់មិនមែនជាកូនរបស់ព្រះឡើយ»។ ហេតុអ្វីពួកគេកាត់ទោសគាត់? សាវកប៉ុលបានជឿថា សេចក្តីប្រោសលោះ និងជីវិតអស់កល្បជានិច្ច បានចេញមកពីជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងតែប៉ុណ្ណោះ។ នេះហើយគឺជាអ្វីដែលគាត់បានអធិប្បាយ។
ជំនឿដែលរាប់មនុស្សជាសុចរិត ចេញពីការរៀនពីសេចក្តីពិត ហើយប្រកាសសេចក្តីពិតនោះ។ សាវកប៉ុលបានចាត់ទុកសេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណគឺជារឿងយ៉ាងសំខាន់។ គាត់បានជឿថា អ្នកដែលស្គាល់សេចក្តីពិត អាចដើរនៅក្នុងព្រះវិញ្ញាណបាន ហើយថា យើងមិនចាំបាច់ទទួលការកាត់ស្បែកឡើយ។ នេះហើយគឺជាអ្វីដែលគាត់បានអធិប្បាយ។ ប៉ុន្តែពួកអ្នកកាត់ស្បែកបានជឿថា ការកាត់ស្បែកគឺជាផ្នែកចាំបាច់នៃជំនឿរបស់មនុស្សម្នាក់លើសេចក្តីសង្រ្គោះ។ ទោះបីជាយ៉ាងណា មិនមានដំណឹងល្អណាផ្សេង ដែលព្រះប្រទានឲ្យឡើយ។ ដូច្នេះ យើងមិនត្រូវបន្ថែម និងដកអ្វីចេញពីដំណឹងល្អពិតនេះឡើយ។ 
នៅពេលសាវកប៉ុលដើរនៅក្នុងព្រះវិញ្ញាណ ពួកយូដាព្រងើយកន្តើយ និងកាត់ទោសគាត់។ «អស់អ្នកណាដែលចង់បានឫកពាល្អខាងសាច់ឈាម នោះគេបង្ខំឲ្យអ្នករាល់គ្នាទទួលកាត់ស្បែក ដើម្បីឲ្យតែខ្លួនគេបានរួចពីសេចក្តីបៀតបៀន ដោយព្រោះឈើឆ្កាងនៃព្រះគ្រីស្ទ ដ្បិតពួកអ្នកដែលទទួលពិធីកាត់ស្បែកនោះ គេមិនទាំងកាន់តាមក្រឹត្យវិន័យផង តែគេចង់ឲ្យអ្នករាល់គ្នាកាត់ស្បែកវិញ ដើម្បីឲ្យគេបានអួតខ្លួន ខាងឯសាច់ឈាមរបស់អ្នករាល់គ្នាប៉ុណ្ណោះ ឯខ្ញុំ កុំបីឲ្យខ្ញុំអួតខ្លួនឡើយ អួតបានតែពីឈើឆ្កាងនៃព្រះយេស៊ូវ គ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាប៉ុណ្ណោះ ដែលដោយសារទ្រង់ នោះលោកីយ៍បានត្រូវជាប់ឆ្កាងខាងឯខ្ញុំ ហើយខ្ញុំខាងឯលោកីយ៍ដែរ ដ្បិតក្នុងព្រះគ្រីស្ទយេស៊ូវ ដែលកាត់ស្បែក ឬមិនកាត់ នោះមិនជាប្រយោជន៍អ្វីទេ ដែលហៅថាមានប្រយោជន៍ នោះមានតែកើតជាថ្មីវិញប៉ុណ្ណោះ» (កាឡាទី ៦:១២-១៥)។ ហើយសាវកប៉ុលបាននិយាយទៅកាន់ពួកអ្នកកាត់ស្បែកថា «អស់អ្នកណាដែលចង់បានឫកពាល្អខាងសាច់ឈាម នោះគេបង្ខំឲ្យអ្នករាល់គ្នាទទួលកាត់ស្បែក ដើម្បីឲ្យតែខ្លួនគេបានរួចពីសេចក្តីបៀតបៀន ដោយព្រោះឈើឆ្កាងនៃព្រះគ្រីស្ទ»។ 
សាវកប៉ុល បានបន្ទោសអ្នកដែលបានដើរតាមសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម។ ពួកគេបានដើរតាមសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមនៅក្នុងទង្វើ ហើយមានមនុស្សជាច្រើនបានធ្វើដូចជាពួកគេ។ ប៉ុន្តែសាវកប៉ុលបានបញ្ចប់ទំនាក់ទំនងរបស់គាត់ជាមួយពួកគេ។ គាត់បាននិយាយថា «ឯខ្ញុំ កុំបីឲ្យខ្ញុំអួតខ្លួនឡើយ អួតបានតែពីឈើឆ្កាងនៃព្រះយេស៊ូវ គ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាប៉ុណ្ណោះ»។ ព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជពីលោក យ៉ូហាន ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះសាវកប៉ុល និងមនុស្សជាច្រើន តាមដែលព្រះអម្ចាស់ហៅ។ សាវកប៉ុលបាននិយាយថា «ដោយសារទ្រង់ នោះលោកីយ៍បានត្រូវជាប់ឆ្កាងខាងឯខ្ញុំ ហើយខ្ញុំខាងឯលោកីយ៍ដែរ ដ្បិតក្នុងព្រះគ្រីស្ទយេស៊ូវ ដែលកាត់ស្បែក ឬមិនកាត់ នោះមិនជាប្រយោជន៍អ្វីទេ ដែលហៅថាមានប្រយោជន៍ នោះមានតែកើតជាថ្មីវិញប៉ុណ្ណោះ»។ សាវកប៉ុលដែលបានស្លាប់ខាងលោកិយនេះ បានរស់នៅតាមរយៈព្រះយេស៊ូវ គ្រីស្ទម្តងទៀត។ 
យើង ពិតជាស្លាប់នៅក្នុងព្រះគ្រីស្ទយេស៊ូវហើយ។ ប៉ុន្តែពេលខ្លះ យើងភ្លេចសេចក្តីពិតនេះ។ យើងត្រូវតែជឿតាមសេចក្តីពិតនេះ ពីព្រោះបើសិនយើងមិនមានជំនឿតាមសេចក្តីពិតនេះទេ យើងត្រូវបានគ្រប់គ្រងដោយសេចក្តីប៉ងប្រាថ្នាមខាងសាច់ឈាម និងក្រុមគ្រួសារបស់យើង ហើយការនេះរារាំងយើងមិនឲ្យដើរជាមួយព្រះ អម្ចាស់ទេ។ សាច់ឈាមរបស់យើងខ្សោយខ្លាំងណាស់ ហើយ សូម្បីតែក្រុមគ្រួសារបស់យើងក៏មិនអាចជួយយើង ឲ្យដើរតាមទ្រង់បានដែរ។ តើមនុស្សស្លាប់អាចជួយមនុស្សនៅក្នុងលោកិយនេះក្នុងរឿងលោកិយនេះបានយ៉ាងដូចម្តេច? មនុស្សដែលបានស្លាប់នៅក្នុងលោកិយនេះ មិនអាចបានរបស់ក្នុងលោកិយនេះជារបស់ខ្លួនបានឡើយ។
ព្រះយេស៊ូវ បានមានព្រះជន្មរស់ពីសុគតឡើងវិញ។ មានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់បានអនុញ្ញាតឲ្យយើងបានកើតជាថ្មី គឺមានជីវិតខាងវិញ្ញាណថ្មីមួយ។ នៅទីនេះ យើងមានការងារថ្មី គ្រួសារថ្មី និងសេចក្តីសង្ឃឹមថ្មី។ យើងគឺជាមនុស្សដែលបានកើតជាថ្មី។ ក្នុងនាមជាទាហានស្ថានសួគ៌ យើងមានទំនួលខុសត្រូវចំពោះការប្រកាសព្រះបន្ទូលព្រះ។ សាវកប៉ុលបានសារភាពថា គាត់បានក្លាយជាមនុស្សម្នាក់ ដោយការជួយអ្នកដទៃឲ្យទទួលបានសេចក្តីសង្រ្កោះ មិនតាមរយៈរបៀបខាងលោកិយទេ ប៉ុន្តែតាមរបៀបខាងវិញ្ញាណវិញ។ គាត់បាននិយាយថា គាត់បានស្លាប់ ហើយបានកើតជាថ្មី តាមរយៈព្រះយេស៊ូវគ្រីស្ទ។ ដូច្នេះ ចូរយើងខិតខំធ្វើជាមនុស្សដែលហ៊ានប្រកាសជំនឿបែបនេះ។
នៅក្នុង កាឡាទី ៦:១៧-១៨ សាវកប៉ុលបាននិយាយថា «អំពីនេះទៅមុខ កុំឲ្យអ្នកណារំខានចិត្តខ្ញុំទៀតឡើយ ដ្បិតខ្ញុំជាប់មានស្នាមត្រា របស់ព្រះអម្ចាស់យេស៊ូវ នៅខ្លួនខ្ញុំហើយ បងប្អូនអើយ សូមឲ្យព្រលឹងវិញ្ញាណរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»។ សាវកប៉ុលមានស្នាមត្រារបស់ព្រះអម្ចាស់យេស៊ូវ ដើម្បីដើរនៅក្នុងព្រះ វិញ្ញាណហើយ។ គាត់មិនអាចសរសេរបានទេ ពីព្រោះភ្នែករបស់គាត់មើលមិនសូវច្បាស់។ ដូច្នេះ មានសំបុត្ររបស់សាវកប៉ុលជាច្រើន ដែលត្រូវបានកត់ត្រាដោយដៃគូរបស់គាត់ដូចជាលោកទើទាស ខណៈដែលគាត់កំពុងតែនិយាយព្រះបន្ទូលព្រះ។ ទោះបីជាគាត់ខ្សោយខាងសាច់ឈាម គាត់មានអំណរដែលអាចដើរនៅក្នុងព្រះវិញ្ញាណ ហើយបាននិយាយថា «ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែ ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ» (២កូរិនថូស ៤:១៦)។ 
សាវកប៉ុល ដាស់តឿនយើងឲ្យធ្វើជាមនុស្ស ដែលដើរនៅក្នុងព្រះវិញ្ញាណ។ គាត់ក៏និយាយផងដែរថា «ការដើរនៅក្នុងព្រះវិញ្ញាណមានន័យថា ការរស់នៅសម្រាប់ដំណឹងល្អ»។ អ្នក និងខ្ញុំត្រូវតែចងចាំពីអត្ថន័យនៃការដើរនៅក្នុងព្រះវិញ្ញាណនេះ។ ហើយយើងមិនត្រូវដេញតាមរបស់ឥតប្រយោជន៍ ប៉ុន្តែត្រូវបម្រើ និងរស់នៅសម្រាប់ដំណឹងល្អវិញ។ ចូរយើងដើរនៅក្នុងព្រះវិញ្ញាណ ដោយជំនឿអស់មួយជីវិតរបស់យើង។ 
ឥឡូវនេះ ព្រះវិញ្ញាណពិតគង់នៅក្នុងចិត្តរបស់យើង ហើយព្រះនឹងសព្វព្រះទ័យឆ្លើយតប បើសិនយើងអធិស្ឋានស្របតាមដំណឹងល្អ។ បង្កើតផលផ្លែនៃព្រះវិញ្ញាណមានន័យថា ដើរនៅក្នុងព្រះវិញ្ញាណ និងសង្រ្គោះព្រលឹងបាត់បង់។ នៅពេលអ្នកដើរនៅក្នុងព្រះវិញ្ញាណ និងរស់នៅសម្រាប់ដំណឹងល្អ អ្នកអាចបង្កើតផលផ្លែនៃព្រះវិញ្ញាណបានដូចជា សេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត។ ហើយដើម្បីប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងត្រូវតែរងទុក្ខ អត់ធ្មត់ សុភាព និងធ្វើល្អសម្រាប់មនុស្សដែលបាត់បង់។
ផលផ្លែនៃព្រះវិញ្ញាណ មាននៅក្នុងអ្នកដែលសង្រ្គោះព្រលឹងបាត់បង់ ដោយការធ្វើល្អ និងការប្រកាសដំណឹងល្អ ដែលជួយពួកគេឲ្យទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយដើរនៅក្នុងព្រះវិញ្ញាណ។