Search

ስብከቶች፤

Subject 8 : ព្រះវិញ្ញាណបរិសុទ្ធ

[8-13] ព្រះរាជកិច្ច និងអំណោយទានរបស់ព្រះវិញ្ញាណបរិសុទ្ធ (យ៉ូហាន ១៦:៥-១១)

(យ៉ូហាន ១៦:៥-១១)
«តែឥឡូវនេះ ខ្ញុំទៅឯព្រះអង្គដែលចាត់ឲ្យខ្ញុំមក ហើយក្នុងពួកអ្នករាល់គ្នា គ្មានអ្នកណាសួរខ្ញុំថា លោកអញ្ជើញទៅឯណា នោះទេ ប៉ុន្តែ អ្នករាល់គ្នាមានចិត្តពេញដោយសេចក្តីព្រួយ ដោយព្រោះខ្ញុំបានប្រាប់សេចក្តីទាំងនេះ ខ្ញុំប្រាប់តាមត្រង់ថា ដែលខ្ញុំទៅ នោះមានប្រយោជន៍ដល់អ្នករាល់គ្នាវិញ ដ្បិតបើខ្ញុំមិនទៅទេ នោះព្រះដ៏ជាជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ តែបើខ្ញុំទៅ នោះខ្ញុំនឹងចាត់ទ្រង់ឲ្យមក កាលណាទ្រង់បានយាងមកហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ពីសេចក្តីសុចរិត ហើយពី សេចក្តីជំនុំជំរះ គឺពីអំពើបាបដោយព្រោះគេមិនជឿដល់ខ្ញុំ ពីសេចក្តីសុចរិត ដោយព្រោះខ្ញុំទៅឯព្រះវរបិតាខ្ញុំ ហើយអ្នករាល់គ្នាមិនឃើញខ្ញុំទៀតទេ និងពីសេចក្តីជំនុំជំរះ ដោយព្រោះចៅហ្វាយរបស់លោកីយ៍នេះត្រូវទោសហើយ។»
 
 
តើព្រះរាជកិច្ចរបស់ ព្រះវិញ្ញាណបរិសុទ្ធមានអ្វីខ្លះ? 
ទ្រង់សម្តែងឲ្យលោកិយនេះដឹងពីបាប សេចក្តីសុចរិត និងសេចក្តីជំនុំជម្រះ

លោកុប្បត្តិ ១:២ សរសេរថា «ឯផែនដីបានខូច ហើយនៅទទេ មានសុទ្ធតែងងឹតនៅគ្របលើជំរៅទឹក ហើយព្រះវិញ្ញាណនៃព្រះក៏ រេរានៅពីលើទឹក»។ យើងអាចមើលឃើញចេញពីបទគម្ពីរថា ព្រះវិញ្ញាណបរិសុទ្ធ មិនគង់នៅក្នុងចិត្តដែលពេញដោយភាពច្របូកច្របល់ និងបាបឡើយ ប៉ុន្តែគង់នៅក្នុងចិត្តរបស់អ្នកដែលជឿតាមដំណឹងល្អពិតវិញ។ ទោះបីជាយ៉ាងណា ដោយស្ថិតនៅក្នុងភាពច្របូកច្របល់ និងភាពទទេរបស់ខ្លួន មនុស្សជាច្រើនធ្លាក់ទៅក្រោមឥទ្ធិពលនៃជំនឿខុសឆ្គង។ ហើយពួកគេនិយាយថា ពួកគេចង់ទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ខណៈដែលកំពុងតែមានបាបនៅក្នុងចិត្តរបស់ខ្លួននៅឡើយ។
វិញ្ញាណដែលមនុស្សទទួលបាន តាមរបៀបរវើរវាយមិនត្រឹមត្រូវ មិនមែនជាព្រះវិញ្ញាណពិតប្រាកដឡើយ។ កិច្ចការរបស់សាតាំងមាននៅក្នុងពួកអ្នកជឿតាមលទ្ធិខុសឆ្គង និងមិនត្រឹមត្រូវ ហើយអ្នកដែលមានជំនឿខុសឆ្គង ងាយស្រួលធ្លាក់ទៅក្រោម ឥទ្ធិពលនៃល្បិច និងអំណាចរបស់សាតាំងណាស់។ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធគឺជាអង្គបុគ្គល ដែលមានប្រាជ្ញា អារម្មណ៍ និងឆន្ទះច្បាស់លាស់។ ទ្រង់បានធ្វើការជាមួយព្រះវរបិតា និងព្រះយេស៊ូវ គ្រីស្ទ ដែលជាព្រះរាជបុត្រានៃទ្រង់ ក្នុងការបង្កើតលោកិយនេះ ឡើយ។ ឥឡូវនេះ យើងនឹងរៀនអំពីព្រះរាជកិច្ច ដែលព្រះវិញ្ញាណបរិសុទ្ធបានបំពេញនៅក្នុងលោកិយនេះ។ 
 
 
ព្រះវិញ្ញាណបរិសុទ្ធសម្តែងឲ្យលោកិយនេះបានដឹងពីបាប
 
តើព្រះរាជកិច្ចដំបូងគេ ដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើគឺជាអ្វី? ទ្រង់សម្តែងឲ្យលោកិយនេះដឹងពីបាប។ មនុស្សដែលព្រះវិញ្ញាណបរិសុទ្ធបានសម្តែងឲ្យដឹង គឺជាអ្នកដែលមិនទទួលយកដំណឹងល្អពិតអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ទ្រង់កាត់ទោសមនុស្សមានបាបទាំងអស់ និងអំពើបាបរបស់អ្នកដែលមិនជឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។ 
 
 
ទ្រង់សម្តែងឲ្យលោកិយនេះបានដឹងពីសេចក្តីសុចរិតរបស់ព្រះ
 
តើព្រះរាជកិច្ចទីពីរដែលព្រះវិញ្ញាណបរិសុទ្ធធ្វើគឺជាអ្វី? ទ្រង់ធ្វើបន្ទាល់ពីសេចក្តីសុចរិតរបស់ព្រះ និងសមិទ្ធិផលរបស់ព្រះយេស៊ូវក្នុងការសង្រ្គោះមនុស្សមានបាប ចេញពីអំពើបាបរបស់ពួកគេ។ យ៉ូហាន ១៦:១០ និយាយថា «សេចក្តីសុចរិត ដោយព្រោះខ្ញុំទៅឯព្រះវរបិតាខ្ញុំ ហើយអ្នករាល់គ្នាមិនឃើញខ្ញុំទៀតទេ»។ យើងត្រូវតែដឹងពីអត្ថន័យនៃសេចក្តីសុចរិតរបស់ព្រះនៅក្នុងព្រះគម្ពីរ។ វាគឺជាសេចក្តីពិតថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ពីលោក យ៉ូហាន ហើយថា អ្នកណាជឿតាមទ្រង់ អាចបានរាប់ជាសុចរិត តាមរយៈព្រះគុណរបស់ព្រះបាន។ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ហើយបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ បានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ឡើងវិញ ហើយបានធ្វើជាព្រះអង្គសង្រ្គោះរបស់មនុស្សមានបាបទាំងអស់។ នេះហើយគឺជាដំណឹងល្អពិត ដែលព្រះបានប្រទានដល់យើង។ ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈទឹក និងព្រះលោហិត ស្របតាមបំណងព្រះហឫទ័យព្រះ ហើយបានធ្វើជាម្ចាស់នៃជីវិតរបស់យើង។ 
ព្រះវិញ្ញាណបរិសុទ្ធ ជួយមនុស្សឲ្យជឿតាមដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវពីលោកយ៉ូហាន និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង គឺជួយពួកគេឲ្យទទួលបានការអត់ទោសអំពើបាបរបស់ពួកគេ។ អ្នកគួរតែដឹងថា ព្រះរាជកិច្ចរបស់ព្រះនៅក្នុងព្រះត្រៃឯកគឺបំពេញបន្ថែមគ្នា។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការសម្រាប់ដំណឹងល្អពិត គឺជួយមនុស្សឲ្យជឿតាមសេចក្តីស្រឡាញ់របស់ព្រះ។ ហើយទ្រង់ក៏ធានាថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាការពិត។ 
 
 
ទ្រង់សម្តែងឲ្យលោកិយនេះបានដឹងពីសេចក្តីជំនុំជម្រះ
 
តើព្រះរាជកិច្ចទីបីរបស់ព្រះវិញ្ញាណបរិសុទ្ធគឺជាអ្វី? ទ្រង់បំផ្លាញកិច្ចការរបស់សាតាំង។ សាតាំងខ្សឹបនៅក្នុងគំនិតរបស់មនុស្សថា «អ្នកអាចជឿព្រះយេស៊ូវបាន ប៉ុន្តែចូរចាត់ទុកជំនឿ គ្រីស្ទបរិស័ទជាសាសនាមួយនៅលើផែនដីនេះ»។ សាតាំងព្យាយាមរារាំងមនុស្ស មិនឲ្យជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដើម្បីមិនឲ្យពួកគេទទួលបានការអត់ទោសអំពើបាបរបស់ពួកគេ ទោះបើពួកគេជឿព្រះយេស៊ូវក៏ដោយ។ ដោយសារសាតាំងបន្ថយជំនឿគ្រីស្ទបរិស័ទមកត្រឹមជាសាសនា «ធម្មតា» មួយ មនុស្សជាច្រើនក្លាយជាជនរងគ្រោះនៃការបោកបញ្ឆោតរបស់សាតាំងថា មូលហេតុសម្រាប់ការជឿព្រះយេស៊ូវ គឺត្រូវធ្វើជាមនុស្សល្អ។ ប៉ុន្តែគោលបំណងពិតប្រាកដនៃការជឿព្រះយេស៊ូវ គឺត្រូវបានកើតជាថ្មី និងធ្វើជាមនុស្សសុចរិតវិញ។
អ្នក មិនគួរមានជំនឿខុសឆ្គងឡើយ។ ជំនឿខុសឆ្គងមិនអាចធ្វើឲ្យអ្នកបានញែកជាបរិសុទ្ធទេ មិនថាអ្នកជឿព្រះយេស៊ូវខ្លាំងប៉ុណ្ណាក៏ដោយ។ បើសិនអ្នកមានជំនឿខុសឆ្គង អ្នកនឹងមិនដឹង ឬមើលឃើញព្រះយេស៊ូវបានយ៉ាងច្បាស់លាស់ទេ ពីព្រោះវាគឺជា សេចក្តីកុហករបស់សាតាំង។ ព្រះវិញ្ញាណបរិសុទ្ធធ្វើជាការធានាអំពីសេចក្តីសង្រ្គោះសម្រាប់អ្នកដែលបានសង្រ្គោះ ដោយការជឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។ ប៉ុន្តែជំនឿទាំងអស់របស់អស់អ្នកមានបាបនៅក្នុងចិត្ត គឺឥតប្រយោជន៍ទាំងអស់។
ព្រះវិញ្ញាណបរិសុទ្ធ ធ្វើបន្ទាល់ពីសេចក្តីពិតអំពីដំណឹងល្អ។ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ហើយទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នូលនៃអំពើបាបទាំងនោះ។ ហើយព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ពីសេចក្តីពិតនេះ។ ព្រះវិញ្ញាណបរិសុទ្ធដាស់តឿនមនុស្សទាំអស់នៅក្នុងលោកិយនេះ ឲ្យទទួលបានការអត់ទោសអំពើបាបទាំងអស់របស់ខ្លួន ដោយការជឿតាមដំណឹងល្អពិត។ ទោះបីជាយ៉ាងណា យើងគួរតែចងចាំថា ព្រះវិញ្ញាណបរិសុទ្ធកាត់ទោស និងជំនុំជម្រះអស់អ្នកដែលមិនទទួលយកដំណឹងល្អពិតទុកនៅក្នុងចិត្តរបស់ខ្លួន។ 
 
 
មនុស្សគ្រប់គ្នាគួរតែមានជំនឿដែលមានពរ
 
តើជំនឿដែលមានពរគឺជាអ្វី? វាគឺជាជំនឿដែលដឹកនាំយើងឲ្យទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការអត់ទោសអំពើបាប។ ទោះបីជាយ៉ាងណា យើងមើលឃើញគ្រីស្ទ បរិស័ទជាច្រើននៅក្នុងពិភពលោកនេះ នៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួន ទោះបើពួកគេបានរក្សាជំនឿលើព្រះយេស៊ូវអស់រយៈពេលជាយូរក៏ដោយ។ ពួកគេជឿព្រះយេស៊ូវកាន់តែយូរ ពួកគេកាន់តែមានបាប។ បញ្ហាធំបំផុតដែលរារាំងពួកគេមិនឲ្យបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួនគឺថា ពួកគេចាត់ទុកការនិយាយភាសាដទៃ និងការមាននិមិត្តគឺជាភស្តុតាងថា ពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយ។ ពួកគេមិនបានដឹងអំពីសេចក្តីជំនុំជម្រះរបស់ព្រះចំពោះអំពើបាបរបស់ខ្លួនឡើយ។ 
មនុស្សជាច្រើននៅក្នុងពិភពលោកនេះ មិនអាចបែងចែកព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធ ពីកិច្ចការរបស់សាតាំងឡើយ។ កិច្ចការរបស់សាតាំង គឺត្រូវដឹកនាំមនុស្សទៅក្នុងភាពច្របូកច្របល់ ដោយផ្តល់ឲ្យពួកគេនូវជំនឿខុសឆ្គង ហើយបន្ទាប់មក ដឹកនាំពួកគេទៅរកសេចក្តីវិនាស។ នេះហើយគឺជាអ្វីដែលសាតាំងព្យាយាមសម្រេចបាន ដោយការប្រឆាំងនឹងព្រះ។ ហើយសាតាំងបណ្តាលឲ្យមនុស្សធ្លាក់ទៅក្រោមឥទ្ធិពលនៃជំនឿ ដែលគ្មានអ្វីជាមូលដ្ឋាន ហើយយកពួកគេធ្វើជាទាសករ។ សាតាំងបណ្តុះនៅក្នុងពួកគេនូវសេចក្តីប៉ងប្រាថ្នាមួយសម្រាប់បទពិសោធន៍នៃការអស្ចារ្យ និងទីសម្គាល់ ដោយការធ្វើឲ្យពួកគេគិតថា បទពិសោធន៍បែបនេះមានតម្លៃជាងការទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈជំនឿតាមដំណឹងល្អពិតទៅទៀត។ 
ទោះបីជាយ៉ាងណា ព្រះវិញ្ញាណបរិសុទ្ធអនុញ្ញាតឲ្យមនុស្សមើលឃើញពិភពរបស់ព្រះ តាមរយៈព្រះបន្ទូល។ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ពួកគេបានដឹង និងជឿថា ព្រះបានបង្កើតមនុស្សមក ព្រះស្រឡាញ់មនុស្ស ហើយព្រះចង់សង្រ្គោះមនុស្ស។ ផែនការរបស់ទ្រង់ គឺឲ្យព្រះយេស៊ូវសង្រ្គោះពួកគេចេញពីអំពើបាបរបស់ពួកគេ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយអញ្ជើញពួកគេឲ្យរស់នៅក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ដោយជំនឿ។ 
១ពេត្រុស ៣:២១ និយាយថា «ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ»។ ហើយ ១ពេត្រុស ១:២៣ ក៏និយាយផងដែរថា «ដ្បិតព្រះបានបង្កើតអ្នករាល់គ្នាជាថ្មី មិនមែនពីពូជដែលតែងតែពុករលួយនោះទេ គឺពីពូជដែលមិនចេះពុករលួយវិញ គឺជាព្រះបន្ទូលដ៏រស់ ហើយនៅជាប់លាប់»។ 
ព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺត្រូវសម្តែងឲ្យមនុស្សមានបាបដឹងច្បាស់ពីសេចក្តីពិតអំពីបាប សេចក្តីសុចរិត និង សេចក្តីជំនុំជម្រះ ហើយជួយឲ្យពួកគេជឿលើសេចក្តីពិតទាំងនេះ។ ព្រះវិញ្ញាណបរិសុទ្ធជួយឲ្យពួកគេដឹងអំពីសេចក្តីជំនុំជម្រះរបស់ព្រះ ហើយថា ពួកគេអាចបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួនបាន ដោយការជឿតាមដំណឹងល្អពិតអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ហើយព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យពួកគេបានដឹងថា ទ្រង់គង់នៅក្នុងពួកគេ នៅពេលពួកគេមានជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
កន្លងមកនេះ យើងបានពិនិត្យមើលព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សទាំងអស់នៅក្នុងលោកិយនេះអាចមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ និងសេចក្តីស្រឡាញ់របស់ព្រះបាន លុះត្រាតែពួកគេបានទទួលការអត់ទោសអំពើបាប ដោយការជឿតាមដំណឹងល្អពិតរបស់ព្រះយេស៊ូវអំពីទឹក និងព្រះវិញ្ញាណ។ 
 
 
បុគ្គលិកលក្ខណះរបស់ព្រះវិញ្ញាណបរិសុទ្ធ
 
ព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះដ៏មានអំណាចព្រះចេស្តា។ ទ្រង់មានបុគ្គលិកលក្ខណះចាំបាច់ដូចជា ប្រាជ្ញា អារម្មណ៏ និងធន្ទះ។ ដោយសារព្រះវិញ្ញាណបរិសុទ្ធមានប្រាជ្ញា ទ្រង់ស្ទង់មើលទាំងអស់ ព្រមទាំងសេចក្តីជ្រាលជ្រៅនៃព្រះ (១កូរិនថូស ២:១០) និងចិត្តរបស់មនុស្សផង។
ដោយសារព្រះវិញ្ញាណបរិសុទ្ធ មានអារម្មណ៏ ទ្រង់សព្វព្រះ ទ័យចំពោះអ្នកដែលជឿតាមព្រះបន្ទូលព្រះ ប៉ុន្តែមានសេចក្តីក្រោធចំពោះអ្នកមិនជឿ។ មនុស្សសុចរិតក៏អាចទទួលបានសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈព្រះវិញ្ញាណបរិសុទ្ធផងដែរ។
ព្រះវិញ្ញាណបរិសុទ្ធ ក៏ត្រូវបានហៅថា «ព្រះដ៏ជាជំនួយ» ផងដែរ។ នេះមានន័យថា ព្រះវិញ្ញាណបរិសុទ្ធជួយមនុស្សសុចរិតនៅក្នុងទុក្ខលំបាកផ្សេងៗ ហើយជួយពួកគេតយុទ្ធនឹងខ្មាំងសត្រូវរបស់ពួកគេ ដើម្បីទទួលជ័យជំនះ។ ទ្រង់មានប្រាជ្ញា អារម្មណ៍ និងធន្ទះ ដូចជាមនុស្សជាតិមានដែរ ហើយទ្រង់គង់នៅក្នុងអស់អ្នកដែលជឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។ 
 
 
ព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធ
 
ព្រះវិញ្ញាណបរិសុទ្ធ ជួយមនុស្សឲ្យបានដឹងពីសេចក្តីពិតនៃសេចក្តីអត់ទោសអំពើបាប ហើយគង់នៅក្នុងចិត្តរបស់អ្នកជឿ។ ព្រះរាជកិច្ចរបស់ទ្រង់ គឺត្រូវធ្វើបន្ទាល់ពីសេចក្តីពិតថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់មនុស្សជាតិចេញ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ (១យ៉ូហាន ៥:៦-៨)។ ទ្រង់ក៏ជួយដល់អ្នកបម្រើរបស់ទ្រង់ និងពួកបរិសុទ្ធនៅក្នុងទុក្ខលំបាក ផ្សេងៗ និងពង្រឹងពួកគេឲ្យក្រោកឈរជាថ្មីផងដែរ។ អង្គទ្រង់ផ្ទាល់ទូលអង្វរជំនួសពួកគេ នៅពេលពួកគេមិនដឹងថា ពួកគេគួរតែអធិស្ឋានពីអ្វី (រ៉ូម ៨:២៦)។ ហើយទ្រង់ប្រទានសេចក្តីសម្រាកដល់មនុស្សសុចរិតនៅក្នុងពួកជំនុំរបស់ព្រះ ហើយដឹកនាំពួកគេទៅរកភាពបរិបូរនៃព្រះបន្ទូលទ្រង់ (ទំនុកដំកើង ២៣)។ 
ព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលទាក់ទងនឹងព្រះគម្ពីរ
ព្រះវិញ្ញាណបរិសុទ្ធ ដឹកនាំមនុស្សសុចរិតឲ្យទទួលស្គាល់ និងជឿតាមសេចក្តីពិតនៅក្នុងចិត្តរបស់ពួកគេ ហើយប្រកាសសេចក្តីពិតនោះទៅកាន់អ្នកដទៃ។ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត» (២ធីម៉ូថេ ៣:១៦)។
«ចូរស្វែងរកក្នុងគម្ពីររបស់ព្រះយេហូវ៉ា ហើយមើលចុះ នឹងគ្មានសត្វណាមួយនេះខានមក ហើយនឹងគ្មានណាមួយឥតគូឡើយ ពីព្រោះព្រះឱស្ឋទ្រង់បានបង្គាប់ហើយ ព្រះវិញ្ញាណទ្រង់ក៏បានប្រមូលមកដែរ» (អេសាយ ៣៤:១៦)។
«ដោយដឹងសេចក្តីនេះជាមុនដំបូងថា គ្មានពាក្យទំនាយណាក្នុងគម្ពីរ ដែលស្រាយបានតាមតែចិត្តនោះឡើយ ដ្បិតសេចក្តីទំនាយមិនដែលមក ដោយបំណងចិត្តមនុស្សទេ គឺជាមនុស្សបរិសុទ្ធរបស់ព្រះ ដែលបានទាយ ដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្តាលវិញ» (២ពេត្រុស ១:២០-២១)។
ព្រះវិញ្ញាណបរិសុទ្ធ បានបណ្តាលឲ្យអ្នកបម្រើរបស់ព្រះកត់ត្រាព្រះបន្ទូលព្រះ ដើម្បីឲ្យយើងអាចអានបាន។ ទ្រង់ដឹកនាំមនុស្សទៅកាន់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយដឹកនាំយើងឲ្យប្រកាសដំណឹងល្អនេះទៅកាន់លោកិយទាំងមូល។ ដូច្នេះហើយ ទោះបីជាមនុស្សសុចរិតអាចរងទុក្ខលំបាកជាច្រើន នៅក្នុងជីវិតក៏ដោយ ក៏ពួកគេអាចយកឈ្នះលើទុក្ខលំបាកទាំងនោះបានដែរ ដោយសារតែអំណាចព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។ 
 
 
អំណោយទាន និងផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធ
 
អំណោយទានរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាសមត្ថភាព ផ្សេងៗ ដែលទ្រង់ប្រទានឲ្យពួកបរិសុទ្ធ ដើម្បីប្រកាសដំណឹងល្អពិតរបស់ព្រះទៅកាន់អ្នកដទៃ។ ដូច្នេះ ពួកបរិសុទ្ធលះបង់ខ្លួនឯងសម្រាប់ព្រះរាជកិច្ចរបស់ព្រះ ជាមួយនឹងអំណោយទានផ្សេងៗដែលទ្រង់ប្រទានឲ្យ ហើយព្រះវិញ្ញាណបរិសុទ្ទជួយពួកគេឲ្យថ្វាយសិរីល្អដល់ព្រះអម្ចាស់។ «ហើយទ្រង់ប្រទានឲ្យព្រះវិញ្ញាណសំដែងមកក្នុងគ្រប់គ្នា ដើម្បីឲ្យបានកើតផល» (១កូរិនថូស ១២:៧)។
គោលបំណងនៃអំណោយទានរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺដើម្បីស្អាងពួកបរិសុទ្ធឡើងនៅក្នុងជំនឿ ហើយជួយពួកគេឲ្យបញ្ចប់ការរត់ប្រណាំង ដែលនៅមុខពួកគេ (អេភេសូរ ៤:១១-១២)។ ព្រះវិញ្ញាណបរិសុទ្ធប្រទានសមត្ថភាពផ្សេងៗ ដល់អ្នកបម្រើរបស់ព្រះ និងពួកបរិសុទ្ធ ដើម្បីជួយពួកគេនៅក្នុងការប្រកាសដំណឹងល្អ។ ពួកជំនុំរបស់ព្រះគឺជាសហគមន៍ពួកបរិសុទ្ធមួយ ដែលបានញែកជាបរិសុទ្ធ នៅក្នុងព្រះគ្រីស្ទយេស៊ូវហើយ (១កូរិនថូស ១:២)។
 
 
ប្រភេទខុសៗគ្នានៃអំណោយទានរបស់ព្រះវិញ្ញាណបរិសុទ្ធ
 
មានអំណោយទានរបស់ព្រះវិញ្ញណបរិសុទ្ធចំនួន១២ប្រភេទ។ យើងអាចមើលឃើញនៅក្នុងព្រះគម្ពីរថា អំណោយទានទាំងនេះមានជាទម្រង់ផ្សេងៗសម្រាប់មនុស្សខុសៗគ្នា។ បញ្ជីនៃអំណោយទានមានក្នុង រ៉ូម ១២:៦-៨; ១កូរិនថូស ១២:៨-១០ និង អេភេសូរ ៤:១១។ ខាងក្រោមនេះគឺជាអំណោយទានខាងវិញ្ញាណទាំងប្រាំបួន ដែលត្រូវបានលើកឡើងនៅក្នុង ១កូរិនថូស ១២។
១. ពាក្យសម្តីនៃប្រាជ្ញាវាងវៃ៖ នេះផ្តល់ឲ្យយើងនូវការជម្រុញចិត្តខាងវិញ្ញាណ ដើម្បីយល់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយជួយយើងឲ្យប្រកាសដំណឹងល្អពិតនេះ។
២. ពាក្យសម្តីនៃចំណេះចេះស្ទាត់៖ នេះគឺជាសមត្ថភាពដោះស្រាយបញ្ហាជាច្រើន ដែលកើតឡើងនៅក្នុងជីវិតរបស់មនុស្សសុចរិត តាមរយៈព្រះបន្ទូលព្រះនៅក្នុងព្រះគម្ពីរ។
៣. សេចក្តីជំនឿ៖ ព្រះវិញ្ញាណបរិសុទ្ធប្រទានសេចក្តីជំនឿរឹងមាំ និងទំនុកចិត្តដល់ពួកបរិសុទ្ធ ដើម្បីឲ្យពួកគេអាចសម្តែងការ អស្ចារ្យនៃការសង្រ្គោះព្រលឹងចេញពីអំពើបាបរបស់ពួកគេ និង សាតាំង។ ហើយមនុស្សសុចរិតម្នាក់ អាចមានការអត់ទោសអំពើបាបរបស់ខ្លួន ហើយបានជាជម្ងឺខាងវិញ្ញាណរបស់ពួកគេ តាមរយៈអំណាចនៃសេចក្តីជំនឿ។
៤. ការប្រោសឲ្យជា៖ ព្រះវិញ្ញាណបរិសុទ្ធប្រទានសមត្ថភាពប្រោសមនុស្សសុចរិតឲ្យជា តាមរយៈសេចក្តីជំនឿរបស់ពួកគេតាមព្រះបន្ទូល។
៥. ការសម្តែងការឬទ្ធិបារមី៖ នេះគឺជាអំណោយទានដ៏គួរឲ្យភ្ញាក់ផ្អើល ដែលអនុញ្ញាតឲ្យពួកបរិសុទ្ធធ្វើកិច្ចការរបស់ព្រះ ដោយការជឿតាមព្រះបន្ទូលព្រះ។ ការអស្ចារ្យមួយគឺជាអ្វីមួយ ដែលកើតឡើងតាមបែបអធិធម្មជាតិ តាមរយៈជំនឿ លើសពីព្រំដែននៃការយល់ដឹងរបស់មនុស្សអំពីច្បាប់ធម្មជាតិ។ 
៦. ការអធិប្បាយ៖ ពេលនេះ មានតែអ្នកដែលជឿ និងស្តាប់បង្គាប់តាមព្រះបន្ទូលព្រះទេ ទើបអាចទាយស្របតាមអ្វីដែលបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរបាន។ ពាក្យសម្តីរបស់អ្នកដែលមានជំនឿមិនស្របតាមព្រះគម្ពីរ មិនអាចជាទំនាយត្រឹមត្រូវបាន ឡើយ។ អ្នកមប្រើរបស់ព្រះ ដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ អធិប្បាយព្រះបន្ទូលព្រះ ហើយប្រដៅ និងដាស់តឿនពួកគេឲ្យធ្វើកិច្ចការរបស់ទ្រង់ តាមរយៈពួកជំនុំ ដែលជារូបកាយរបស់ព្រះ។ ព្រះវិញ្ញាណបរិសុទ្ធបានប្រទានសមត្ថភាពនេះដល់អ្នកបម្រើរបស់ព្រះ និងពួកបរិសុទ្ធ។
៧. ការស្គាល់វិញ្ញាណ៖ នេះគឺជាសមត្ថភាពសន្និដ្ឋានថា មនុស្សមា្នក់បានទទួលការអត់ទោសអំពើបាបរបស់ខ្លួន ឬមិនទាន់បាន។ សាតាំងអាចដឹកនាំយើងឲ្យវង្វេង បើសិនយើងមិនមានអំណោទាននេះ ដោយការជឿតាមដំណឹងល្អពិតថា ព្រះបានប្រទានដល់យើង ដើម្បីយកឈ្នះទុក្ខលំបាក បន្ទុក និងការអាក្រក់ផ្សេងៗនៅក្នុងលោកិយនេះទេ។ មនុស្សសុចរិតម្នាក់ទទួលបានអំណោយទាននេះ ដោយការជឿតាមដំណឹងល្អពិត។ ដូច្នេះ គាត់អាចប្រាប់បានថា មនុស្សមានបាបនៅក្នុងចិត្ត ឬមិនមាន។
៨. ការនិយាយភាសាដទៃ៖ ព្រះគម្ពីរប្រាប់យើងអំពីការនិយាយភាសាដទៃ៖ «ខ្ញុំចូលចិត្តនិយាយតែពាក្យ៥ម៉ាត់ដោយនូវប្រាជ្ញាខ្ញុំ ដើម្បីនឹងបង្រៀនដល់មនុស្សឯទៀត ជាជាងនិយាយភាសាដទៃ១ម៉ឺនម៉ាត់វិញ» (១កូរិនថូស ១៤:១៩)។ មនុស្សសុចរិតម្នាក់គួរតែដឹងថា ការយល់ពីព្រះបន្ទូលព្រះអំពីសេចក្តីពិតសំខាន់ជាងការនិយាយភាសាដទៃ ដែលខ្លួនគាត់មិនអាចយល់បាន។
៩. ការបកប្រែភាសាដទៃ៖ ទ្រង់បានប្រទានអំណោយទាននេះដល់ពួកសិស្ស ដើម្បីជួយឲ្យពួកគេប្រកាសដំណឹងល្អ នៅសម័យពួកជំនុំដំបូង។ នៅសព្វថ្ងៃនេះ ព្រះវិញ្ញាណបរិសុទ្ធផ្សាយដំណឹងល្អតាមរយៈព័ន្ធកិច្ចនៃការបកប្រែ និងការកាត់ស្រាយព្រះរាជសារទាំងឡាយទៅជាភាសាផ្សេងៗ។ មិនចាំបាច់មានអ្នកបកប្រែទេ នៅពេលមនុស្សដែលប្រកាសដំណឹងល្អ អាចនិយាយភាសាដទៃទាំងអស់នោះ។ ទោះបីជាយ៉ាងណា នៅពេលយើងប្រឈមនឹងបញ្ហាភាសា ព្រះតែងតែប្រទានអ្នកបកប្រែដល់យើង ដើម្បីបំពេញព្រះរាជកិច្ចរបស់ទ្រង់។ ព្រះមិនធ្វើការតាមរបៀបគ្មានសណ្តាប់ធ្នាប់ និងរវើរវាយឡើយ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងដំណឹងល្អពិត ហើយក៏ដឹកនាំពួកបរិសុទ្ធឲ្យបកប្រែដំណឹងល្អទៅជាភាសា ផ្សេងៗផងដែរ។ 
 
 
ផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធមានអ្វីខ្លះ?
 
ទាក់ទងនឹងផលផ្លែនៃព្រះវិញ្ញាណ ព្រះគម្ពីរប្រាប់យើងថា «តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្តីយ៉ាងនោះទេ» (កាឡាទី ៥:២២-២៣)។ 
១. សេចក្តីស្រឡាញ់៖ សេចក្តីស្រឡាញ់ពិតគឺសម្រាប់ឲ្យមនុស្សសុចរិតសង្រ្គោះមនុស្សមានបាបទាំងអស់ ចេញពីអំពើបាបរបស់ពួកគេ ដោយការប្រកាសដំណឹងល្អពិតអំពីទឹក និងព្រះ វិញ្ញាណ។ ដោយសារមនុស្សសុចរិតមានដំណឹងល្អពិត ដែលជាសេចក្តីស្រឡាញ់ពិតប្រាកដរបស់ព្រះយេស៊ូវ ពួកគេប្រកាសដំណឹងល្អអំពីសេចក្តីស្រឡាញ់ពិត ហើយមានសេចក្តីស្រឡាញ់ពិតសម្រាប់ព្រលឹងដទៃទៀត។
២. អំណរអរ៖ នេះគឺជាសុភមង្គលដ៏អស្ចារ្យដែលមិនអាចពិពណ៌នាបាន ដែលចេញមកពីជម្រៅចិត្តរបស់យើង នៅពេលយើងបានកើតជាថ្មី។ មនុស្សសុចរិតដែលមានទទួលការអត់ទោសអំពើបាបរបស់ខ្លួន មានអំណរអរនៅក្នុងចិត្ត (ភីលីព ៤:៤)។ ដោយសារមានអំណរអរនៅក្នុងចិត្តរបស់មនុស្សសុចរិត ពួកគេមានសមត្ថភាពចែកចាយអំណរអររបស់ខ្លួនជាមួយអ្នកដទៃទៀតបាន។
៣. មេត្រីភាព៖ នេះគឺជាចិត្តនៃសេចក្តីសុខសាន្ត ដែលទ្រង់បានប្រទានដល់អ្នក ដែលបានទទួលការអត់ទោសអំពើបាបរបស់ខ្លួនហើយ ដោយការមានជំនឿតាមដំណឹងល្អអំពីទឹក និងព្រះ វិញ្ញាណ។ ព្រះវិញ្ញាណបរិសុទ្ធបណ្តាលឲ្យមនុស្សសុចរិតប្រកាសដំណឹងល្អអំពីមេត្រីភាព។ ហើយអ្នកដែលបានស្តាប់តាមដំណឹងល្អអំពីមេត្រីភាពនេះហើយ អាចដឹកនាំអ្នកដទៃឲ្យយកឈ្នះលើអំពើបាបរបស់លោកិយនេះ និងមានជំនឿរឹងមាំ និងទំនុកចិត្តនៅក្នុងអំណោយទានជាសេចក្តីសង្រ្គោះ។ មនុស្សសុចរិតដែលបង្កើតមេត្រីភាពរវាងព្រះ និងមនុស្សជាតិ ត្រូវបានហៅថា កូនរបស់ព្រះ (ម៉ាថាយ ៥:៩) ហើយដឹកនាំអ្នកដទៃឲ្យទទួលបានការអត់ទោសអំពើបាប (សុភាសិត ១២:២០)។ ព្រះវិញ្ញាណបរិសុទ្ធបណ្តាលឲ្យមនុស្សសុចរិតមានជីវិតសុចរិត និងចែករំលែកព្រះពរនៃមេត្រីភាពដល់អ្នកដទៃ ដោយការចែកចាយដំណឹងល្អពិត។
៤. អត់ធ្មត់៖ អត់ធ្មត់គឺជាផលផ្លែមួយ ដែលមាននៅក្នុងចិត្តរបស់មនុស្សសុចរិត ដែលបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួនហើយ ដោយសារជំនឿតាមដំណឹងល្អពិត។ យើងអាចមានផលផ្លែនេះបាន ដោយការថែរក្សាទំនាក់ទំនងយូរអង្វែងជាមួយព្រះវិញ្ញាណបរិសុទ្ធ។ មានចិត្តអត់ធ្មត់នៅក្នុងមនុស្សសុចរិត។
៥. សុភាព៖ ព្រះបានមានសេចក្តីមេត្តាករុណាដល់យើង នៅពេលយើងមានពេញដោយបាប ហើយបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ យើងអាចស្រឡាញ់ និងមានសេចក្តីមេត្តាករុណាដល់អ្នកដទៃបាន ពីព្រោះព្រះយេស៊ូវបានផ្តល់សេចក្តីមេត្តាករុណាដល់យើង ហើយបានលុបអំពើបាបទាំងអស់របស់យើងចោល ហើយពីព្រោះយើងបានជឿទ្រង់ ហើយទទួលបានព្រះគុណរបស់ទ្រង់។ មនុស្សសុចរិតមានចិត្តសុភាព និងផលផ្លែនៃដំណឹងល្អពិត។ 
៦. សប្បុរស៖ សប្បុរសមានន័យថា «គុណធម៌)។ មនុស្សសុចរិតមានសេចក្តីសប្បុរស និងជំនឿលើព្រះអម្ចាស់នៅក្នុងចិត្តរបស់ខ្លួន។
៧. ស្មោះត្រង់៖ ស្មោះត្រង់មានន័យថា ចិត្តមួយពេញដោយជំនឿលើព្រះ។ សេចក្តីស្មោះត្រង់នៅក្នុងមនុស្សសុចរិតម្នាក់ចេញមកពីភាពស្មោះត្រង់ចំពោះព្រះយេស៊ូវ។
៨. ស្លូតបូត៖ នេះមានន័យថា ការមានសមត្ថភាពយល់ពីអ្នកដទៃយ៉ាងច្បាស់លាស់ ហើយទទួលពួកគេយ៉ាងកក់ក្តៅ និងទន់ភ្លន់នៅក្នុងចិត្ត។ មនុស្សសុចរិតមានចិត្តស្រឡាញ់ខ្មំាងសត្រូវរបស់ខ្លួន និងអធិស្ឋានសម្រាប់សេចក្តីសង្រ្គោះរបស់ពួកគេ។
៩. ដឹងខ្នាត៖ ដឹងខ្នាតគឺជាសមត្ថភាពគ្រប់គ្រងខ្លួនឯង ដើម្បីចៀសវាងការមានជីវិតខិលខូច ហើយរស់នៅដោយមានការគ្រប់គ្រងខ្លួនឯង និងភាពអត់ធ្មត់។
 
 
ការពេញដោយព្រះវិញ្ញាណបរិសុទ្ធ
 
តើអ្វីគឺជាលទ្ធផលនៃការពេញដោយព្រះវិញ្ញាណបរិសុទ្ធ? ការទទួលបានព្រះពរនេះ អនុញ្ញាតឲ្យពួកបរិសុទ្ធរស់នៅជាសិស្សរបស់ព្រះគ្រីស្ទ និងចូលរួមនៅក្នុងពួកជំនុំនៃព្រះ។ ព្រះវិញ្ញាណបរិសុទ្ធជួយមនុស្សសុចរិត ឲ្យអាចធ្វើជាឧបករណ៍នៃសេចក្តីសុចរិត និងប្តេជ្ញាចិត្តបំពេញសម្រេចតាមបំណងព្រះហឫទ័យព្រះគ្រីស្ទ។ បំណងរបស់មនុស្សសុចរិតត្រូវបានគ្រប់គ្រង ដោយបំណងព្រះ ហឫទ័យព្រះ ហើយពួកគេស្ម័គ្រចិត្តថ្វាយទ្រព្យ និងអំណោទានទាំងអស់របស់ខ្លួនទៅចំពោះទ្រង់។ ព្រះវិញ្ញាណបរិសុទ្ធបណ្តាលឲ្យមនុស្សសុចរិតមានជីវិត ដែលប្តេជ្ញាយកឈ្នះលើអំពើបាបរបស់លោកិយនេះ ដោយគំនិតជ័យជំនះ អំណរ និងទំនុកចិត្ត មិនមែនភាពក្រខាងវិញ្ញាណ ការចុះចាញ់ ឬការអាក់អន់ចិត្តទេ (រ៉ូម ៧)។
«ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុក សាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង» (កិច្ចការ ១:៨)។ ភាពពេញលេញនៃព្រះវិញ្ញាណបរិសុទ្ធ ដឹកនាំមនុស្សសុចរិតឲ្យប្រកាសដំណឹងល្អ។ 
ព្រះអម្ចាស់ បានប្រទានជំនឿដែលមានអំណាចដល់អ្នកដែលមានព្រះវិញ្ញាណបរិសុទ្ធគង់។ ហើយព្រះបានប្រទានសិទ្ធិឲ្យបានធ្វើជាកូនរបស់ទ្រង់ ដល់អស់អ្នកដែលបានទទួលការអត់ទោសអំពើបាប ដោយសារជំនឿតាមដំណឹងល្អរបស់ព្រះយេស៊ូវ (យ៉ូហាន ១:១២)។ មនុស្សសុចរិតដែលបានធ្វើជាកូនរបស់ព្រះ តាមរយៈជំនឿហើយ អាចប្រកាសដំណឹងល្អពិតនៅក្នុងលោកិយនេះបាន។
មនុស្សសុចរិត អាចយកឈ្នះលើសាតាំងបាន តាមរយៈដំណឹងល្អអំពីការអត់ទោសអំពើបាប។ ហើយពួកគេក៏មានអំណាចប្រោសជម្ងឺខាងវិញ្ញាណឲ្យជា (ម៉ាកុស ១៦:៨) ជាន់ឈ្លីអំណាចរបស់សាតាំង (លូកា ១០:១៩) និងចូលទៅក្នុងនគរស្ថាសួគ៌បានផងដែរ (វិវរណៈ ២២:១៤)។ មនុស្សសុចរិតរស់នៅ ដោយមានអំណាចជាស្តេច ដោយការជឿតាមព្រះបន្ទូលសន្យារបស់ព្រះ (២កូរិនថូស ៦:១៧-១៨)។ 
ព្រះវិញ្ញាណបរិសុទ្ធ បណ្តាលឲ្យមនុស្សសុចរិតបោះបង់ចំណង់ខាងលោកិយទាំងអស់របស់ខ្លួនចោល។ ហើយទ្រង់ក៏ដឹកនាំយើងឲ្យប្រកាសដំណឹងល្អពិតផងដែរ (កាឡាទី ៥:៦)។
ព្រះវិញ្ញាណបរិសុទ្ធ បណ្តាលឲ្យមនុស្សសុចរិតអាន និងជឿតាមដំណឹងល្អ ហើយបង្រៀនដំណឹងល្អដល់អ្នកដទៃទៀត (១ធីម៉ូថេ ៤:១៣)។ 
ព្រះវិញ្ញាណបរិសុទ្ធ ប្រមូលផ្តុំមនុស្សសុចរិតនៅក្នុងពួកជំនុំរបស់ព្រះ ជារៀងរាល់ថ្ងៃ (ហេព្រើរ ១០:២៥)។
ព្រះវិញ្ញាណបរិសុទ្ធ បណ្តាលឲ្យមនុស្សសុចរិតលន់តួអំពើបាបរបស់ខ្លួន (១យ៉ូហាន ១:៩) ដើម្បីធ្វើចិត្តរបស់ពួកគេបានភ្លឺច្បាស់ ដោយពន្លឺនៃសេចក្តីពិត (អេភេសូរ ៥:១៣)។
ព្រះវិញ្ញាណបរិសុទ្ធ ដឹកនាំមនុស្សសុចរិតទៅកាន់ផ្លូវត្រឹមត្រូវនៅក្នុងជីវិតរបស់ពួកគេ (ទំនុកដំកើង ២៣)។
ព្រះវិញ្ញាណបរិសុទ្ធ ប្រាប់មនុស្សសុចរិតមិនឲ្យពន្លត់អំណោយទានរបស់ពួកគេ (១ថែស្សាឡូនីច ៥:១៩)។
ព្រះវិញ្ញាណបរិសុទ្ធ ធ្វើការងារអស្ចារ្យ តាមរយៈដំណឹងល្អដ៏ អស្ចារ្យ (ម៉ាកុស ១៦:១៧-១៨)។
ព្រះវិញ្ញាណបរិសុទ្ធ ជួយមនុស្សសុចរិតឲ្យរស់នៅជាសិស្សរបស់ព្រះអម្ចាស់ ដោយការចូលរួមនៅក្នុងពួកជំនុំនៃព្រះ។ ហើយទ្រង់ដឹកនាំមនុស្សសុចរិត ឲ្យរស់នៅក្នុងជីវិតខាងវិញ្ញាណ ដែលប្រកាសដំណឹងល្អ និងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ នេះហើយគឺជាព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈដំណឹងល្អដ៏អស្ចារ្យនេះ (១ពេត្រុស ២:៩)។
ហើយនៅវេលានេះ ទ្រង់កំពុងតែធ្វើការនៅក្នុងចិត្តរបស់ពួក បរិសុទ្ធ។ ហាលេលូយ៉ា!