Search

ስብከቶች፤

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 2-7] អ្នកដើរតាមសេចក្តីបង្រៀន របស់ពួកនីកូឡាស (វិវរណៈ ២:១២-១៧)

អ្នកដើរតាមសេចក្តីបង្រៀន របស់ពួកនីកូឡាស
(វិវរណៈ ២:១២-១៧)
 

ផ្លូវរបស់បាឡាម

នៅទីនេះ និយាយថា នៅក្នុងចំណោមពួកជំនុំទាំង៧នៅស្រុកអាស៊ី ពួកជំនុំក្រុងពើកាម៉ុសមានសមាជិក ដែលបានដើរតាមសេចក្តីបង្រៀនរបស់ពួកនីកូឡាស។ មនុស្សទាំងនេះមានបំណងចិត្តក្នុងការកសាងកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិលោកិយផ្ទាល់ខ្លួនតែប៉ុណ្ណោះ ហើយមិនចាប់អារម្មណ៍លើការសង្រ្គោះព្រលឹងឡើយ។ ដូច្នេះ អ្នកដឹកនាំត្រូវតែប្រុងប្រយ័ត្ន និងមិនត្រូវដើរតាមសេចក្តីបង្រៀនរបស់បាឡាមនេះឡើយ។ បាឡាមបានធ្វើឲ្យពួកបរិសុទ្ធថ្វាយបង្គំលោកិយនេះ ហើយបានដឹកនាំពួកគេទៅរកសេចក្តីវិនាស។
ព្រះបានប្រទានដល់យើងនូវព្រះបន្ទូលសន្យាថា ទ្រង់នឹងប្រទាននំ ម៉ន៉ាអាថ៌កំបាំង និងគ្រួសសដល់អ្នកណាដែលឈ្នះ។ នៅក្នុងន័យផ្សេង នេះមានន័យថា គ្រូគង្វាលដែលដេញតាមលោកិយនេះ នឹងត្រូវបាត់បង់នំម៉ាន៉ារបស់ពួកគេ។ នំម៉ាន៉ានៅទីនេះមានន័យថា «ព្រះបន្ទូលដ៏អស្ចារ្យរបស់ព្រះ» ហើយការបាត់បង់នំម៉ាន៉ាអាថ៌កំបាំងមានន័យថា ការបាត់បង់បំណងព្រះហឫទ័យព្រះ ដែលត្រូវបានលាក់ទុកនៅក្នុងព្រះបន្ទូលទ្រង់។ 
នៅពេលអ្នកបម្រើដែលបានកើតជាថ្មីរបស់ព្រះ ដេញតាមលោកិយនេះ ពួកគេនឹងមិនអាចមើលឃើញ ឬស្តាប់ឮព្រះបន្ទូលព្រះបានទេ។ នេះគឺជាទិដ្ឋភាពដ៏គួរឲ្យភ័យខ្លាចមួយ។ ខ្ញុំភ័យខ្លាចចំពោះទិដ្ឋភាពនេះ ហើយអ្នកក៏គួរតែភ័យខ្លាចចំពោះទិដ្ឋភាពនេះផងដែរ។ ព្រះប្រាប់យើងថា ទ្រង់នឹងប្រទាននំម៉ាន៉ាអាថ៌កំបាំង និងគ្រួសសមួយដល់អ្នកណាដែលឈ្នះ ប៉ុន្តែទ្រង់នឹងមិនប្រទាននំម៉ាន៉ានេះ ដល់អ្នកដែលបាត់បង់តាមលោកិយនេះ ដោយការសម្របសម្រួល និងចុះចូលជាមួយសេចក្តីរីករាយ ឬកេរ្តិ៍ឈ្មោះរបស់វាឡើយ។
ព្រះគម្ពីរប្រាប់យើងថា «ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគនំម៉ាន៉ាដ៏លាក់កំបាំង ហើយនិងឲ្យគ្រួសស១ដល់អ្នកនោះ នៅ គ្រួសនោះមានឆ្លាក់ជាឈ្មោះថ្មី ដែលគ្មានអ្នកណាស្គាល់ឡើយ ស្គាល់បានតែអ្នកដែលទទួលប៉ុណ្ណោះ»។ ព្រះបន្ទូលព្រះពិតប្រាកដមែន! អ្នកដែលស្រឡាញ់លោកិយនេះ គឺជាអ្នកដែលមិនបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន ពីព្រោះពួកគេមិនជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងទេ។ មនុស្សទាំងនេះមិនស្គាល់សេចក្តីពិតថា ព្រះគ្រីស្ទបានអត់ទោសដល់អំពើបាបទាំងអស់របស់ពួកគេ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ហើយឡើយ។
សេចក្តីជំនឿរបស់មនុស្សមួយចំនួនលើព្រះយេស៊ូវ នៅតែជាសេចក្តីជំនឿបែបទ្រឹស្តីមួយប៉ុណ្ណោះ។ ពួកគេគិតថា ព្រះយេស៊ូវបានដោះអំពើបាបរបស់ពួកគេចេញ ហើយពួកគេបានរាប់ជាសុចរិតហើយ ប៉ុន្តែសេចក្តីជំនឿរបស់ពួកគេគឺទទេ ពីព្រោះមិនមានព្រះវិញ្ញាណបរិសុទ្ធគង់នៅចិត្តរបស់ពួកគេ។ នេះហើយគឺជាសេចក្តីជំនឿបែបទ្រឹស្តីមួយ។ បើសិនមនុស្សម្នាក់ពិតជាបានទទួលសេចក្តីប្រោសលោះមែន គាត់ត្រូវតែតយុទ្ធ និងយកឈ្នះលើកិច្ចការរបស់លោកិយ ដែលជាអំណាច ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់លោកិយនេះ។ ការយកឈ្នះលោកិយនេះមានន័យថា ការប្រកាន់ខ្ជាប់តាមព្រះបន្ទូលព្រះ ដែលបានអនុញ្ញាតឲ្យយើងបានកើតជាថ្មី ការតយុទ្ធជាមួយអ្នកដែលដេញតាមទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះលោកិយ និងការរក្សាព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់យើង។ 
ព្រះប្រាប់យើងថា ទ្រង់នឹងសរសេរឈ្មោះរបស់អ្នកដែលបានប្រោសលោះ និងអ្នកដែលមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្ត នៅក្នុងបញ្ជី ជីវិត។ ព្រះគម្ពីរប្រាប់យើងថា «បានជាអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងផុតទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ» អ្នកដែលបានកើតជាថ្មី និងមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្ត ដឹងថា ពួកគេលែងជាមនុស្សពីមុនទៀតហើយ។ ពួកគេដឹងខ្លួនថា ជីវិតចាស់របស់ពួកគេបានក្លាយជាស្នាព្រះហស្តថ្មី ដោយការជឿលើទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវ។ តាម រយៈសេចក្តីជំនឿរបស់ពួកគេ ពួកគេដឹងថា ឈ្មោះរបស់ពួកគេត្រូវបានកត់ទុកនៅក្នុងបញ្ជីជីវិតរួចហើយ។ នេះហើយគឺជារបៀបដែលពួកគេអាចមើលឃើញនំម៉ាន៉ាអាថ៌កំបាំងរបស់ព្រះ និងរបៀបដែលពួកបរិសុទ្ធ និងអ្នកបម្រើរបស់ព្រះអាចស្តាប់ឮព្រះបន្ទូលនៃសេចក្តីពិត ដែលជាសម្លេងដ៏អស្ចារ្យរបស់ព្រះបាន។ 
ព្រះបានប្រទាននំម៉ាន៉ាដល់ជនជាតិអ៊ីស្រាងែល នៅពេលពួកគេកំពុងតែវង្វេងនៅក្នុងវាលរហោស្ថានអស់រយៈពេលសែសិបឆ្នាំ មុនពេលទៅដល់ទឹកដីកាណាន ដែលព្រះបានសន្យាជាមួយពួកគេ។ យោងតាមការបិរយាយរបស់ព្រះគម្ពីរ នំម៉ាន៉ាគឺដូចជាគ្រាប់រុក្ខជាតិមូលតូច។ នៅពេលជនជាតិអ៊ីស្រាអែលភ្ញាក់ពីដំណេកនៅពេលព្រឹក ទីវាលនៅជុំវិញពួកគេមានពេញដោយនំម៉ាន៉ា ដូចជាបានធ្លាក់ព្រិលពេញមួយយប់មក អញ្ចឹង។ បន្ទាប់មក ពួកគេប្រមូលនំម៉ាន៉ា ហើយបរិភោគវានៅពេលព្រឹក ទុកជាអាហារប្រចាំថ្ងៃរបស់ពួកគេ។ ប្រហែលពួកគេចៀន ដុត ឬស្ងោរវា ប៉ុន្តែនេះគឺជាអាហាររបស់ជនជាតិអ៊ីស្រាអែល ក្នុងកំឡុងពេលសែសិបឆ្នាំនៃការវង្វេងនៅក្នុងវាលរហោស្ថានរបស់ពួកគេ។ 
ដោយសារតែនំម៉ាន៉ាតូចដូចជាគ្រាប់រុក្ខជាតិ មនុស្សមិនអាចបរិភោគនំម៉ាន៉ាតែមួយហើយឆ្អែតបានឡើយ។ ប៉ុន្តែសម្រាប់រយៈពេលមួយយប់ ព្រះបានប្រទានដល់ពួកគេនូវនំម៉ាន៉ាគ្រប់គ្រាន់ ដើម្បីបំពេញសេចក្តីត្រូវការសម្រាប់រយៈពេលមួយថ្ងៃរបស់ជនជាតិអ៊ីស្រាអែល គឺមិនខ្វះ ហើយក៏មិនលើស ពីព្រោះពួកគេមិនអាចរក្សាទុកនំម៉ាន៉ាបានឡើយ។ ប៉ុន្តែនៅថ្ងៃទីប្រាំមួយ ព្រះបានប្រទានដល់ពួកគេនូវនំម៉ាន៉ាគ្រប់គ្រាន់សម្រាប់រយៈពេលពីរថ្ងៃ ដើម្បីឲ្យពួកគេមិនចាំបាច់ប្រមូលនំម៉ាន៉ានៅថ្ងៃសាប្ប័ទ។
 

នំប៉័ងជីវិត

ព្រះបន្ទូលព្រះគឺជានំម៉ាន៉ា ដែលជានំប៉័ងជីវិតរបស់យើង។ នៅក្នុងព្រះបន្ទូលព្រះមាននំប៉័ងជីវិតសម្រាប់ព្រលឹងរបស់យើង។ មិនមែននៅក្នុងបទគម្ពីរជាក់លាក់មួយ ដែលអ្នកនឹងរកឃើញនំប៉័ងមួយដុំធំនោះទេ ប៉ុន្តែបំណងព្រះហឫទ័យទាំងស្រុងរបស់ព្រះ មាននៅពេញទាំងព្រះគម្ពីរទាំងមូល សម្បីតែនៅក្នុងផ្នែកដ៏តូចបំផុតមួយក៏ដោយ។
ព្រះបានប្រទាននំប៉័ងជីវិតដល់ពួកបរិសុទ្ធ និងអ្នកបម្រើរបស់ព្រះ ដែលមិនសម្របសម្រួលជាមួយលោកិយនេះ។ ហើយទ្រង់បន្តប្រទានឲ្យយើងម្នាក់ៗនូវនំប៉័ងប្រចាំថ្ងៃនេះ ដែលបំពេញតាមសេចក្តីត្រូវការខាងសាច់ឈាម និងខាងវិញ្ញាណរបស់យើង។ 
ដោយសារតែនំម៉ាន៉ានេះ ជនជាតិអ៊ីស្រាអែលមិនបានអត់ឃ្លាន ក្នុងកំឡុងពេល៤០ឆ្នាំនៃការវង្វេងនៅក្នុងវាលរហោស្ថានទេ ទោះបើវាលរហោស្ថានមិនបានបង្កើតអ្វីសម្រាប់ពួកគេបរិភោគក៏ដោយ។ ដូចគ្នាដែរ ព្រះបានសន្យាថា ទ្រង់នឹងប្រទាននំម៉ាន៉ាអាថ៌កំបាំងដល់អ្នកដែលបដិសេធទង្វើរបស់ពួកនីកូឡាស។ ហើយអ្នកបម្រើរបស់ព្រះ ដែលមិនដេញតាមទ្រព្យសម្បត្តិ និងឋានៈខាងលោកិយ ទ្រង់ប្រទានព្រះបន្ទូលនៃសេចក្តីពិត ដែលជាព្រះបន្ទូលនៃជីវិត ដែលអនុញ្ញាតឲ្យពួកគេបានកើតជាថ្មី ដោយសារដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
យើងត្រូវតែស្អប់ និងបដិសេធជំនឿរបស់ពួកនីកូលាស ដែលមាននៅក្នុងសហគមន៍គ្រីស្ទបរិស័ទសព្វថ្ងៃនេះ។ យើងមិនត្រូវដើរតាមសេចក្តីជំនឿរបស់អ្នកដែលមិនបានកើតជាថ្មី ហើយយើងត្រូវតែបដិសេធមិនត្រាប់តាមលោកិយនេះ។ ទោះបីជាតាមរយៈក្រិត្យវិន័យរបស់ព្រះ សាច់ឈាមរបស់យើងដេញតាមកិច្ចការខាងសាច់ឈាម ហើយវិញ្ញាណរបស់យើងដេញតាមកិច្ចការរបស់ព្រះវិញ្ញាណក៏ដោយ ក៏យើងត្រូវតែបដិសេធសេចក្តីបង្រៀនរបស់ពួកនីកូឡាស ស្អប់ទង្វើទាំងអស់ដែលត្រាប់តាមលោកិយនេះ ប៉ុន្តែត្រូវបរិភោគនំម៉ាន៉ារបស់ព្រះវិញ ដោយការជឿតាមព្រះបន្ទូលនៃសេចក្តីពិត ដែលព្រះបានប្រទានដល់យើង។ យើងទាំងអស់គ្នាត្រូវតែរស់នៅ ដោយសារសេចក្តីជំនឿ ដោយការទទួលស្គាល់ថា ឥឡូវនេះ យើងបានរាប់ជាសុចរិតហើយ និងថា ឥឡូវនេះ យើងមានព្រះវិញ្ញាណបរិសុទ្ធគង់នៅចិត្តរបស់យើងហើយ។ 
អ្នកដែលបានកើតជាថ្មី ត្រូវតែតយុទ្ធជាមួយលោកិយនេះ។ ពួកគេត្រូវតែតយុទ្ធជាមួយពួកនីកូឡាស។ ដូចដែលអ្នកបានដឹងហើយ គ្រូគង្វាលជាច្រើននៅសព្វថ្ងៃនេះ ដេញតាមកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន លើកតំកើងខ្លួនឯង ត្រាប់តាមលោកិយនេះ និងព្យាយាមជោគជ័យតាមរបៀបលោកិយ។ ដូច្នេះ យើងត្រូវតែតយុទ្ធជាមួយពួកហោរាក្លែងក្លាយទាំងនេះ។ 
យើងក៏មានសាច់ឈាម និងសេចក្តីប៉ងប្រាថ្នាចង់បានទ្រព្យសម្បត្តិលោកិយផងដែរ។ ប៉ុន្តែអ្នកដែលមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងខ្លួន ត្រូវតែដឹងថា ពួកគេមិនអាចដើរតាមលោកិយនេះនៅក្នុងចិត្តរបស់ខ្លួនបានឡើយ ហើយពួកគេត្រូវតែបដិសេធកិច្ចការរបស់លោកិយនេះ និងរស់នៅដោយសារសេចក្តីជំនឿតែមួយគត់។ បើសិនចិត្តរបស់អ្នករួបរួមជាមួយអ្នកដែលដើរតាមលោកិយ យល់ស្របជាមួយសេចក្តីជំនឿរបស់ពួកគេ និងដេញតាមលោកិយដូចជាពួកគេដែរ នោះអ្នកនឹងត្រូវដើរតាមផ្លូវរបស់ បាឡាម ដែលឆ្ពោះទៅកាន់សេចក្តីវិនាសចុងក្រោយរបស់អ្នកហើយ។ នេះគឺជាផ្លូវសម្រាប់សេចក្តីវិនាសខាងសាច់ឈាម និងវិញ្ញាណរបស់អ្នក។ នៅពេលអ្នកដើរតាមលោកិយនេះ អ្នកនឹងបាត់បង់សេចក្តីជំនឿរបស់ អ្នក។ ព្រះបានមានបន្ទូលថា ទ្រង់នឹងខ្ជាក់មនុស្សបែបនេះចេញពីព្រះឱសរបស់ទ្រង់ ហើយពួកគេនឹងលែងបានបរិភោគនំម៉ាន៉ាទៀតហើយ ហើយនឹងបាត់បង់សេចក្តីជំនឿរបស់ខ្លួនតែម្តង។ 
មូលហេតុដែលព្រះបានបន្ទោសដល់ពួកជំនុំក្រុងពើកាម៉ុស គឺដោយសារតែសមាជិកពួកជំនុំនេះ បានដើរតាមសេចក្តីបង្រៀនរបស់បាឡាម។ ព្រះបានបន្ទោសអ្នកបម្រើពួកជំនុំពើកាម៉ុស ពីព្រោះក្នុងនាមជាអ្នកបម្រើដែលបានកើតជាថ្មី និងមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្ត គាត់បានដឹកនាំពួកជំនុំតាមបែបលោកិយ ដើម្បីទទួលបានការទទួលស្គាល់ពី លោកិយ។ លើសពីនេះ គាត់បានដាំជំនឿខុសឆ្គងនៅក្នុងចំណោមហ្វូងចៀមរបស់គាត់ ហើយដឹកនាំពួកគេឲ្យវង្វេង។ អ្នកបម្រើបែបនេះមិនខុសអ្វីពីគ្រូគង្វាលលោកិយដែលមិនបានកើតជាថ្មីទេ។ តាមរយៈបទគម្ពីរនេះ ព្រះបានព្រមានធ្ងន់ៗទៅកាន់អ្នកបម្រើព្រះបែបនេះ ដែលចាប់អារម្មណ៍តែលើទ្រព្យសម្បត្តិលោកិយ និងភាពមានបានរបស់ពួកជំនុំថា «ដូច្នេះ ចូរប្រែចិត្តចុះ ពុំនោះសោត អញនឹងមកឯឯងជាឆាប់ នោះអញនឹងយកដាវ ដែលនៅមាត់អញ ច្បាំងនឹងគេ»។ 
 

សេចក្តីជំនឿដែលដឹកនាំអ្នកទៅកាន់សេចក្តីវិនាស

តើមានរឿងអ្វីកើតឡើង បើសិនមនុស្សប្រឆាំងនឹងព្រះ? អ្នកមិនចាំបាច់គិតច្រើនទេ។ វាពិតជាផ្លូវទៅកាន់សេចក្តីវិនាសយ៉ាងលឿនបំផុតហើយ។ «ព្រះដែលមានដាវមុខពីរដ៏មុត» មានន័យថា ព្រះបន្ទូលព្រះគឺជាដាវមុខពីរ។ មិនខ្វល់ថា អ្នកគឺជាអ្នកណាទេ បើសិនអ្នកត្រូវបានវាយប្រហារ ដោយព្រះបន្ទូល អ្នកប្រាកដជាត្រូវស្លាប់ជាមិនខាន។ ព្រះបន្ទូលព្រះគឺជាដាវនៃអំណាចព្រះចេស្តា ដែលអាចចាក់ទម្លុះ «ចូលទៅ ទាល់តែកាត់ព្រលឹងនឹងវិញ្ញាណ ហើយសន្លាក់ នឹងខួរឆ្អឹងដាច់ពីគ្នា» (ហេព្រើរ ៤:១២)។ ហើយវាគឺជាការយល់ដឹងក្នុងគំនិត និងបំណងនៅក្នុងចិត្ត ដែលមនុស្សអាចបានពាក់សេចក្តីប្រោសលោះ ដែលមាននៅក្នុងទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទបាន។ 
មានមនុស្សជាច្រើន ដែលជឿព្រះយេស៊ូវហើយ តែធ្លាក់ទៅក្នុងអន្ទាក់នៃក្រិត្យវិន័យនិយម ហើយជាលទ្ធផល ពួកគេត្រូវបានវាយឲ្យស្លាប់ ដោយសារក្រិត្យវិន័យ។ ដើម្បីចៀសវាងលទ្ធលអាក្រក់នេះ យើងត្រូវតែតយុទ្ធ និងយកឈ្នះលើសេចក្តីជំនឿបែបលោកិយ។ អ្នកបម្រើការងារព្រះ ត្រូវតែយកឈ្នះលើសេចក្តីបង្រៀនខុសឆ្គង ហើយត្រូវតែប្រាកដថា ហ្វូងចៀមរបស់ពួកគេមិនចាញ់បោកសេចក្តីកុហកឡើយ។ អ្នកណាដែលស្រឡាញ់លោកិយ និងធ្លាក់ទៅក្នុងអន្ទាក់លោកិយ នឹងមើលឃើញថា សេចក្តីជំនឿរបស់ខ្លួនរលាយបាត់បង់។ 
ពួកជំនុំជាច្រើននៅសព្វថ្ងៃនេះ មិនមែនជាពួកជំនុំទេ តែជាជំនួញ វិញ។ នេះគឺជារឿងគួរឲ្យស្តាយខ្លាំងណាស់។ ហេតុអ្វីពួកជំនុំទាំងនេះត្រូវបានគេចាត់ទុកជាជំនួញទៅវិញ? ពីព្រោះពួកជំនុំសព្វថ្ងៃនេះរវល់តែដេញតាមលោកិយនេះ ហើយយកគុណតម្លៃលោកិយនេះជាអាទិភាព និងថ្វាយបង្គំ។ ខ្ញុំមិនកំពុងតែនិយាយថា អ្នកដែលបានកើតជាថ្មី មិនមាន សេចក្តីប៉ងប្រថ្នាខាងសាច់ឈាមឡើយ។ សូម្បីតែអ្នកជឿដែលបានកើតជាថ្មី ក៏មានសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមដែរ ប៉ុន្តែសេចក្តីប៉ងប្រាថ្នានេះត្រូវបានកាត់បន្ថយ ដោយសេចក្តីជំនឿរបស់ពួកគេ។ ពួកគេមិនស្វែងរកកិច្ចការខាងសាច់ឈាម ដូចជាពួកអ្នកមិនជឿដែលដេញតាមសេចក្តីប៉ងប្រាថ្នាខាងលោកិយ ដោយអស់ពីចិត្តរបស់ពួកគេឡើយ។
អ្នកដែលមិនបានកើតជាថ្មី បង្កើតខ្នាតគំរូផ្ទាល់ខ្លួន ហើយរស់នៅក្នុងជីវិតរីករាយជាមួយគ្រប់យ៉ាងដែលពួកគេអាច នៅក្នុងព្រំដែននៃខ្នាតគំរូទាំងនេះ។ ការថ្វាយបង្គំរូបព្រះ និងអសីលធម៌ផ្លូវភេទគឺជារឿងធម្មតាសម្រាប់ពួកគេ។ អាក្រក់ជាងនេះ ពួកគេខ្លះថ្វាយបង្គំអារក្សទៀតផង។ តើអ្នកដែលបានកើតជាថ្មី អាចប្រព្រឹត្តទង្វើទាំងនេះដែរទេ? ពិតជាមិនអាចទេ! ពួកគេមិនអាចធ្វើការដូច្នេះបានទេ ពីព្រោះអ្នកដែលបានកើតជាថ្មី ដឹងថា ការទាំងនេះអាក្រក់ និងកខ្វក់ខ្លាំងណាស់។ ដោយសារយើងដែលបានកើតជាថ្មី មានមូលដ្ឋានខុសគ្នាពីអ្នកដែលដេញតាមសិរីល្អលោកិយ និងគ្រប់ទាំងសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម យើងមិនត្រូវរស់នៅ ដោយបណ្តោយឲ្យជីវិតរបស់យើងត្រូវបានគ្រប់គ្រង ដោយទ្រព្យសម្បត្តិលោកិយឡើយ។
អ្នកដែលដើរតាមទង្វើរបស់ពួកនីកូឡាស គឺជាអ្នកដែលដេញតាមទ្រព្យសម្បត្តិលោកិយនេះ។ តាមពិត គ្មានអ្វីខុសទេ ក្នុងការព្យាយាមប្រកបរបរចិញ្ចឹមជីវិត ឬព្យាយាមមានបាន។ ប៉ុន្តែកាលណាគោលបំណងចម្បងនៃជីវិតរបស់អ្នកដូច្នេះ ហើយកាលណាអ្នកធ្លាក់ទៅក្នុងការថ្វាយបង្គំរូបព្រះ និងសេចក្តីលោភលន់ ជំនឿរបស់អ្នកពិតជានឹងត្រូវបានបំផ្លាញ។ អ្នកដែលដឹកនាំដើម្បីប្រាក់ និងអ្នកដែលទៅពួកជំនុំដើម្បីទ្រព្យសម្បត្តិលោកិយ គឺសុទ្ធតែកំពុងតែដើរតាមទង្វើរបស់ពួកនីកូឡាសហើយ។ មនុស្សទាំងនេះនឹងចាញ់លោកិយនេះ នៅចុងបញ្ចប់ ពីព្រោះទោះបើពួកគេអះអាងថា ពួកគេជឿព្រះក៏ដោយ ក៏ចិត្តរបស់ពួកគេមិនទាន់ប្រោសលោះចេញពីអំពើបាបទាំងអស់នៅឡើយទេ។ 
 

ដីនៃចិត្តទាំងបួនប្រភេទ

កណ្ឌដំណឹងល្អម៉ាថាយ ប្រាប់យើងអំពីរឿងប្រៀបប្រដូចមួយ ដែលព្រះយេស៊ូវមានបន្ទូលអំពីអ្នកព្រោះពូជម្នាក់ ដែលគ្រាប់ពូជរបស់គាត់ធ្លាក់ទៅក្នុងដីបួនប្រភេទ។ ដីទីមួយ ដែលគ្រាប់ពូជធ្លាក់ទៅលើ គឺជាផ្លូវដើរ ដីទីពីរ គឺជាកន្លែងមានថ្មដីទីបី គឺជាដីមានបន្លា ហើយដីទីបួន គឺជាដីល្អ។ ដូច្នេះ ចូរយើងពិនិត្យមើលដីទាំងបួនប្រភេទនេះ។ 
ផ្លូវដើរតំណាងឲ្យចិត្តដែលមានះ។ មនុស្សបែបនេះស្តាប់ឮព្រះបន្ទូល ប៉ុន្តែដោយតែគាត់មិនទទួលយកទៅក្នុងចិត្តយ៉ាងលឿន នោះសត្វស្លាបក៏ចឹកស៊ីអស់ទៅ។ នៅក្នុងន័យផ្សេង ដោយសារតែមនុស្សបែបនេះមើលតាមបែបប្រាជ្ញាតែប៉ុណ្ណោះ ទៅឯព្រះបន្ទូលនៃសេចក្តីសង្រ្គោះ ដែលអាចអនុញ្ញាតឲ្យគាត់បានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណបាន សត្វស្លាប (សាតាំង) ឆក់វាពីគាត់ ហើយជំនឿរបស់គាត់មិនចាប់ផ្តើមរីកចម្រើនផង។ 
អញ្ចឹង តើកន្លែងមានថ្ម មានន័យយ៉ាងដូចម្តេច? នេះសំដៅទៅលើអស់អ្នកដែលមិនស៊ូទ្រាំបានយូរ បន្ទាប់ពីបានទទួលយកព្រះបន្ទូលដោយអំណរ ពីព្រោះពួកគេមិនមានឫសនៅក្នុងដីរាក់ទេ។ ចំណែកឯអស់អ្នកដែលទទួលគ្រាប់ពូជ នៅកណ្តាលបន្លា សំដៅទៅលើអស់អ្នកដែលយកចិត្តទុកដាក់ចំពោះលោកិយនេះ ហើយសេចក្តីឆបោកនៃទ្រព្យសម្បត្តិបានធ្វើឲ្យព្រះបន្ទូលដែលពួកគេបានទទួលយកពីដំបូង ឈ្លក់។ 
ចុងក្រោយ អស់អ្នកដែលទទួលគ្រាប់ពូជនៅលើដីល្អ គឺជាអស់អ្នកដែលបង្កើតផលផ្លែនៅក្នុងចិត្តរបស់ពួកគេ ដោយការទទួលយកទាំងស្រុង និងការដើរតាមព្រះបន្ទូលព្រះ។
តើដីប្រភេទមួយណា ដែលតំណាងឲ្យចិត្តរបស់អ្នក? បើសិនចិត្តរបស់អ្នកដូចជាផ្លូវដើរ មិនបានត្រៀមអ្វីទាំងអស់សម្រាប់ការដុះរបស់គ្រាប់ពូជនៃព្រះបន្ទូល វានឹងត្រូវបាត់បង់ ឬសត្វស្លាបចឹកស៊ីជាចំណី ហើយអ្នកមិនទទួលបានព្រះពរនៃព្រះបន្ទូលឡើយ។ យើងត្រូវតែដឹងថា យើងគឺជាគ្រាប់ពូជបាប ហើយបើសិនមិនមានព្រះបន្ទូលព្រះទេ យើងនៅតែមិនអាចមានទំនាក់ទំនងជាមួយទ្រង់រហូត។ ម៉្យាងវិញទៀត បើសិនចិត្តរបស់យើងដូចជាដីដែលមានបន្លា នោះគ្រាប់ពូជនៃព្រះបន្ទូលនឹងមិនអាចចាក់ឫសបានឡើយ ហើយក៏នឹងទប់ទល់នឹងព្យុះ ភ្លៀង ខ្យល់ និងភាពស្ងួតបានដែរ។ មនុស្សទាំងនេះត្រូវធ្វើដីរបស់ពួកគេឡើងវិញ។ ទោះបីជាពួកគេមានអំណរខ្លាំងយ៉ាងណា នៅពេលពួកគេបានទទួលព្រះបន្ទូលព្រះពីដំបូងក៏ដោយ បើសិនវាមិនដុះឡើង និងស្វិតក្រៀមទៅវិញ ដោយសារទុក្ខលំបាកតែបន្តិចបន្តួច ការទទួលយករបស់ពួកគេពីដំបូង នូវព្រះបន្ទូលព្រះ នឹងត្រឡប់ជាឥតប្រយោជន៍អ្វីទាំងអស់។ 
ហើយយើងក៏ត្រូវតែយកឈ្នះលើចិត្តនៃដីដែលមានបន្លាផងដែរ។ យើងត្រូវតែតយុទ្ធជាមួយ និងកាត់បន្លាដែលគំរាមដល់ជិវិតរបស់យើងចេញ ពីព្រោះបើសិនអ្នកមិនកាត់វាចេញទេ បន្លានឹងដុះគ្របយើង ហើយបាំងយើងពីពន្លឺថ្ងៃហើយ។ ដែលបាំងពីពន្លឺថ្ងៃ និងបាត់បង់ជីវជាតិពីដី ដោយសារបន្លា ដើមឈើនៃព្រះបន្ទូលនេះនឹងត្រូវងាប់ជាក់ជាមិនខាន។
កាលណាយើងប្រឈមនឹងទុក្ខលំបាក និងសេចក្តីវេទនានៅក្នុងជីវិតរបស់យើង យើងត្រូវតែយកឈ្នះលើវា ដោយសេចក្តីក្លាហាន។ យើងត្រូវតែតយុទ្ធជាមួយបន្លា ដែលកំពុងតែបាំងផ្លូវ និងមុខរបស់យើង ដោយអស់ពីកម្លាំងរបស់យើង ពីព្រោះវាអាចបំផ្លាញជីវិតរបស់យើងបាន។ កាលណាប្រាក់នៅក្នុងលោកិយនេះអូសទាញយើងមកក្រោយ ឬកេរ្តិ៍ឈ្មោះខាងលោកិយនេះគំរាមយើង យើងត្រូវតែតយុទ្ធជាមួយ និងយកឈ្នះលើពួកវា។ ដោយសារការខ្វល់ខ្វាយរបស់លោកិយ និងសេចក្តីលោភលន់របស់វាគឺជាសេចក្តីស្លាប់សម្រាប់ព្រលឹង យើងត្រូវតែយកឈ្នះលើវា។ ហើយកាលណាយើងមានជីវិតជ័យជំនះខាងវិញ្ញាណមួយ រូបកាយ និងព្រលឹងរបស់យើងនឹងចម្រុងចម្រើនឡើយ ពីព្រោះពួកវានឹងទទួលបានពន្លឺថ្ងៃ និងជីវជាតិពីព្រះ។ 
សម្រាប់អ្នកបម្រើព្រះ និងពួកបរិសុទ្ធដែលបានកើតជាថ្មី ត្រូវតែមានការតយុទ្ធខាងវិញ្ញាណមួយប្រឆាំងនឹងលោកិយនេះ។ ដូច្នេះ យើងមិនត្រូវដើរតាមសេចក្តីបង្រៀនរបស់ពួកនីកូឡាសឡើយ។ ពួកនីកូឡាសផ្តោតសំខាន់ទៅលើការបម្រើសាធារណៈជន។ ប៉ុន្តែការបម្រើសាធារណៈមិនមែនជាតួនាទីចម្បងរបស់ពួកជំនុំទេ។ វាគឺជាកំហុសដ៏ធំមួយ ដែលគិតថា គោលបំណងចម្បងរបស់ពួកគេគឺជាការបម្រើសង្គម។ 
 

ចូរបដិសេធដោយក្លាហាន!

ព្រះប្រាប់យើងថា យើងគឺជាអំបិលនៅផែនដីនេះ។ តើនេះមានន័យយ៉ាងដូចម្តេច? នៅពេលព្រះប្រាប់យើងថា យើងគឺជាអំបិលនៅផែនដីនេះ វាមានន័យថា លោកិយនេះត្រូវការយើង។ តួនាទីនៃអំបិល គឺត្រូវប្រកាសព្រះបន្ទូលអំពីទឹក និងព្រះលោហិតរបស់ព្រះគ្រីស្ទ ទៅកាន់មនុស្សមានបាប ដើម្បីឲ្យពួកគេអាចបានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេ និងបានចូលទៅក្នុងនគរស្ថានសួគ៌។ ដូចដែលអំបិលត្រូវបញ្ចេញរសជាតិ លោកិយនេះត្រូវការមនុស្សសុចរិតដែលបានកើតជាថ្មី ធ្វើជាអំបិល។ នៅក្នុងន័យផ្សេង មនុស្សសុចរិតដែលបានកើតជាថ្មី ត្រូវតែប្រកាសព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណ ហើយដឹកនាំមនុស្សទៅកាន់សេចក្តីប្រោសលោះរបស់ពួកគេ។ ដូច្នេះ យើងត្រូវតែបំពេញតួនាទីជាអំបិលនេះ ហើយជួយឲ្យព្រលឹងបានកើតជាថ្មី។ យើងត្រូវតែជួយឲ្យមនុស្សមានបាបបានធ្វើជាមនុស្សសុចរិត។ 
តើពួកជំនុំពិតប្រាកដរបស់ព្រះគឺជាអ្វី? ពួកជំនុំពិតប្រាកដរបស់ព្រះគឺជាកន្លែងដែលមនុស្សជួបជុំគ្នា ដើម្បីថ្វាយបង្គំទ្រង់។ វាគឺជាកន្លែងដែលពួកគេសរសើរតម្កើងព្រះ និងអធិស្ឋានទៅកាន់ទ្រង់។ នៅពេលសេចក្តីល្បួងមកដល់ អ្នកបម្រើរបស់ព្រះត្រូវតែអាចតស៊ូជាមួយវាបាន។ ហើយពួកបរិសុទ្ធក៏ត្រូវតែអាចតស៊ូជាមួយសេចក្តីល្បួងនៃលោកិយនេះ ដែលមកពីសាតាំងបានផងដែរ។ អារក្សអាចល្បួងអ្នកថា «ចូរបំភ្លេចពីជំនឿរបស់អ្នក នោះខ្ញុំនឹងធ្វើឲ្យអ្នកក្លាយជាអ្នកមាន! អ្នកមិនចាំបាច់ចូលរួមក្នុងពួកជំនុំដែលបានកើតជាថ្មីទេ តែចូរមកពួកជំនុំរបស់ខ្ញុំវិញ ហើយខ្ញុំនឹងយកអ្នកធ្វើជាចាស់ទុំម្នាក់!»។ ប៉ុន្តែដោយសារសាតាំងតែងតែកំពុងព្យាយាមធ្វើឲ្យមនុស្សសុចរិតជំពប់ ហើយអូសទាញពួកគេឲ្យធ្លាក់អន្ទាក់របស់វា ហើយត្រូវតែត្រៀមខ្លួនជានិច្ច ដើម្បីតយុទ្ធ និងយកឈ្នះលើវា ដើម្បីឲ្យយើងអាចការពារជំនឿរបស់យើងនៅចុងបញ្ចប់បាន។
អ្នកដែលមានសេចក្តីជំនឿក្លែងក្លាយ ជារឿយៗ ព្យាយាមល្បួងអ្នកដែលបានប្រោសលោះ ជាមួយទ្រព្យសម្បត្តិលោកិយ។ ពួកគេល្បួង ដោយប្រើប្រាក់ និងកេរ្តិ៍ឈ្មោះ។ សាតាំងបង្ហាញទ្រព្យសម្បត្តិលោកិយ ហើយប្រាប់យើងឲ្យបោះបង់សេចក្តីជំនឿរបស់យើង និងព្រះចោល។ នៅក្នុងស្ថានភាពបែបនេះ អ្វីដែលយើងត្រូវតែមាន គឺជាសេចក្តីជំនឿលើព្រះអម្ចាស់ថា ទ្រង់នឹងបំពេញតាមសេចក្តីត្រូវការទាំងអស់របស់យើង ហើយជាមួយនឹងសេចក្តីជំនឿនេះ យើងអាចបដិសេធយ៉ាងក្លាហាន និងយកឈ្នះលើសេចក្តីល្បួងរបស់សាតាំងបាន។ 
ប្រភពនៃព្រះពរមាននៅក្នុងព្រះ។ ព្រះគឺជាអង្គដែលប្រទានពរដល់យើង ទាំងខាងវិញ្ញាណ និងទាំងសាច់ឈាម។ ដោយដឹងថា អារក្សមិនមែនជាអ្នកផ្តល់ព្រះពរដល់មនុស្សជាតិ យើងអាចតយុទ្ធនឹងវាបាន។ មានពេលខ្លះ យើងក៏តយុទ្ធជាមួយសេចក្តីប៉ងប្រាថ្នាផ្ទាល់ខ្លួនរបស់យើងផង ដែរ។ កាលសេចក្តីលោភលន់ និងតម្រេកចាប់ផ្តើមលេចជារូបរាង ដោយព្រោះយើងបណ្តោយឲ្យចិត្តរបស់យើងទៅតាមលោកិយនេះ យើងត្រូវតែតយុទ្ធនឹងខ្លួនឯងយើង។ យើងត្រូវតែតយុទ្ធជាមួយមនុស្សខាងលោកិយ ដែលព្យាយាមបំផ្លាញ់ជំនឿរបស់យើង។ ហើយយើងត្រូវតែតយុទ្ធនៅក្នុងសង្រ្គាមខាងវិញ្ញាណ ជាមួយនឹងអំណាចខាងលោកិយទាំងអស់។ 
ហេតុអ្វី? ពីព្រោះកាលណាគ្រីស្ទបរិស័ទម្នាក់មិនពាក់ព័ន្ធនឹងសង្រ្គាមខាងវិញ្ញាណទេ មានន័យថា ជំនឿរបស់គាត់ស្លាប់ហើយ។ នឹងបន្តមានល្បិចកលផ្សេងៗ ដើម្បីបំផ្លាញជំនឿរបស់យើង រហូតដល់ចុងបញ្ចប់នៃលោកិយនេះ និងថ្ងៃជំនុំជម្រះមនុស្សសុចរិត និងមនុស្សមានបាប។ ដូច្នេះហើយបានជាយើងត្រូវតែបន្តចូលរួមក្នុងសង្រ្គាមខាងវិញ្ញាណជានិច្ច។ បើសិនយើងនៅតែទ្រាំទ្រចំពោះអ្នកដែលប្រឆាំងនឹងព្រះ និងព្យាយាមបំផ្លាញជំនឿរបស់យើង ជាចុងក្រោយ យើងនឹងបាត់បង់គ្រប់យ៉ាង រួមទាំងជីវិតរបស់យើងផងដែរ។ បើសិនយើងគ្មានការប្តេជ្ញាចិត្តមុតមាំ មិនអនុញ្ញាតឲ្យអ្វីក្រៅពីជំនឿរបស់យើងគ្រប់គ្រងយើងទេ យើងមិនត្រូវតែបាត់បង់ទ្រព្យសម្បត្តិរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែព្រះក៏នឹងបោះបង់យើងចោលផងដែរ។ យើងត្រូវតែអាចស្គាល់យ៉ាងច្បាស់លាស់ថា អ្នកណាឈរជាមួយយើង និងអ្នកណាប្រឆាំងនឹងយើង ដើម្បីឲ្យយើងអាចតយុទ្ធ និងយកឈ្នះពួកខ្មាំងសត្រូវរបស់យើងបាន។ ខណៈដែលយើងគួរតែមាន សេចក្តីសប្បុរសចំពោះគ្នាទៅវិញទៅមក យើងត្រូវតែរឹងមាំនៅក្នុងការ តយុទ្ធរបស់យើងជាមួយសត្រូវរបស់យើង រហូតដល់សត្រូវរបស់យើងមិនទាំងហ៊ានសាកល្បងអ្វីជាមួយយើងផង។ 
ពួកនីកូឡាសគឺជាសត្រូវរបស់យើង ពីព្រោះពួកគេគឺជា «សាលាប្រជុំរបស់សាតាំង» ដែលយើងមិនអាចទ្រាំទ្រ ឬធ្វើការជាមួយបានឡើយ។ យើងដែលអំពើបាបត្រូវបានអត់ទោសឲ្យហើយ មិនត្រូវទ្រាំទ្រជាមួយពួកនីកូឡាស ដែលប្រព្រឹត្តការថ្វាយបង្គំរូបព្រះ និងស្វែងរកតែទ្រព្យសម្បត្តិប៉ុណ្ណោះឡើយ ប៉ុន្តែយើងត្រូវតែលះបង់ជីវិតរបស់យើងចំពោះការបម្រើព្រះអម្ចាស់ និងការងារសុចរិតរបស់ទ្រ ង់ក្នុងការកសាងនគរព្រះនៅលើផែនដីនេះវិញ។ 
 

ចូរស្វែងរកនគរព្រះជាមុន

ព្រះយេស៊ូវបានប្រាប់យើងថា «ចូរស្វែងរកនគរព្រះ និងសេចក្តីសុចរិតនៃព្រះជាមុនសិន» ដែលដាស់តឿនយើងឲ្យធ្វើការងាររបស់ព្រះ មុនពេលធ្វើការងារខាងសាច់ឈាមរបស់យើង។ យើងដែលបានកើតជាថ្មី មានសេចក្តីប៉ងប្រាថ្នាខាងវិញ្ញាណ។ វាមិនមែនជាសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមទេ ប៉ុន្តែជាសេចក្តីប៉ងប្រថ្នារបស់ព្រះវិញ្ញាណ។ នេះហើយគឺជារបៀបដែលយើងអាចបម្រើកិច្ចការរបស់ព្រះ និងនគររបស់ទ្រង់ជា មុនសិន។ យើងបម្រើព្រះជាមុន ប៉ុន្តែយើងក៏ធ្វើកិច្ចការខាងសាច់ឈាមផងដែរ។ ព្រះគម្ពីរប្រាប់យើងថា «មនុស្សមិនរស់ ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱសព្រះមកដែរ»។ នៅក្នុងន័យផ្សេង យើងមិនរស់នៅក្នុងសាច់ឈាមតែប៉ុណ្ណោះទេ ប៉ុន្តែទាំងសាច់ឈាម និងវិញ្ញាណផង។ យើងត្រូវតែអាចធ្វើឲ្យការរស់នៅទាំងពីរនេះមានតុល្យភាព។ បើសិនយើងដើរតាមទង្វើរបស់ កូនីកូឡាស ដែលគិតថា អ្វីដែលសំខាន់បំផុត គឺជាសុភមង្គលរបស់យើងនៅផែនដីនេះ នោះយើងនឹងត្រូវប្រឈមនឹង សេចក្តីវិនាសរបស់យើងហើយ។ ដូច្នេះហើយបានជាយើងត្រូវតែស្វែងរកសេចក្តីប៉ងប្រាថ្នាខាងវិញ្ញាណរបស់យើងជាមុនសិន។ 
នៅពេលប្រធានបទអំពីស្ថានសួគ៌ និងស្ថាននរកត្រូវបានលើកឡើង មនុស្សមួយចំនួនត្រឡប់ជាខឹងសម្បារទៅវិញ។ ពួកគេសួរថា «តើអ្នកធ្លាប់បានទៅស្ថាននរកដែរទេ? តើអ្នកធ្លាប់មើលឃើញវាដោយភ្នែករបស់អ្នកដែរទេ?»។ ប៉ុន្តែសំនួរទាំងនេះចេញមកពីគំនិតរបស់សាតាំងទេ។ មិនត្រឹមតែមនុស្សធម្មតាប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែគ្រូគង្វាលភាគច្រើន ដែលបានចំណាយពេលជាច្រើនឆ្នាំសិក្សាទេវសាស្ត្រ ក៏បម្រើហ្វូងចៀមរបស់ខ្លួន ដោយមិនមានការធានាអ្វីទាំងអស់អំពីស្ថានសួគ៌ និងចំណេះដឹងអំពីរបៀបបានកើតជាថ្មីដែរ។ នេះគឺជាស្ថានភាពដែលគយរឲ្យសោកស្តាយបំផុត ពីព្រោះអ្នកដឹកនាំទាំងនេះ ដែលមិនមានជំនឿមុតមាំ និងមិនបានកើតជាថ្មី មិនអាចដឹកនាំអ្នកដែលមិនដឹងអ្វីសោះពីព្រះ ដើម្បីកើតជាថ្មីបានឡើយ។ នៅពេលព្រលឹងជាច្រើនត្រូវជាប់នៅក្នុងគំនិតរបស់សាតាំង ហើយឈរទាស់ប្រឆាំងនឹងព្រះ តើពួកគេអាចរៀនបានអ្វីពីពួកគ្រូគង្វាលរបស់ពួកគេ ដែលមិនជឿលើស្ថានសួគ៌ ឬសេចក្តីសង្រ្គោះផ្ទាល់ខ្លួនរបស់ពួកគេផងនោះ?
«កន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំង» មានន័យថា ឥឡូវនេះ សាតាំងសោយរាជ្យនៅលើពិភពលោកទាំងមូល។ នេះគឺជាគ្រាដែលយើងរស់នៅ ហើយពេញទៅដោយពួកនីកូឡាស ដែលបំភ្លឺមេឃនៅពេលយប់ ដោយឈើឆ្កាងមានអគ្គីសនីរបស់ពួកគេ យើងដឹកនាំពួកជំនុំរបស់ពួកគេ ដូចជាការធ្វើជំនួញ។ ព្រះបានប្រាប់យើងថា ទាំងនេះមិនមែនជាពួកជំនុំរបស់ទ្រង់ទេ ប៉ុន្តែជា «សាលាប្រជុំរបស់សាតាំង» វិញ។ ពិភពលោកសព្វថ្ងៃនេះ ពេញទៅដោយមនុស្សច្រើនរាប់មិនអស់ ដែលបានជាប់អន្ទាក់ក្នុងគំនិតរបស់សាតាំង ហើយដេញតាមសេចក្តីលោភលន់របស់លោកិយនេះ ធ្វើពុតជាអ្នកបម្រើពួកជំនុំ ចូលរួមក្នុងព្រះវិហារ និងអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ ប៉ុន្តែការកើតជាថ្មីនៃព្រលឹង និងសេចក្តីសង្ឃឹមរបស់ពួកគេបានរលាយបាត់ជាយូរមកហើយ។ នេះហើយគឺជាគ្រាដែលយើងកំពុងតែរស់នៅ និងបម្រើព្រះអម្ចាស់។ 
 

សង្រ្គាមខាងវិញ្ញាណជាមួយអ្នកដែលមិនបានកើតជាថ្មី

យើងកំពុងតែរស់នៅលើផែនដីនេះ ដែលជា «កន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំង»។ យើងត្រូវតែការពារជំនឿរបស់យើង ដោយការចាំយាម និងការប្រឈមយ៉ាងក្លាហាននឹងការគំរាមកំហែងពីខ្មាំងសត្រូវរបស់យើង។ រហូតដល់ថ្ងៃនៃការយាងមករបស់ព្រះអម្ចាស់របស់យើង យើងត្រូវតែការពារ និងថែរក្សា «គ្រួសស» ដែលជាជំនឿរបស់យើង យ៉ាងប្រុងប្រយ័ត្ន គឺដោយការជឿតាមដំណឹងល្អដែលជួយឲ្យយើងបានកើតជាថ្មីពីទឹក និងឈាម។
យើងត្រូវតែរស់នៅ ដោយការបរិភោគនំម៉ាន៉ា។ ដើម្បីធ្វើដូច្នេះ យើងត្រូវតែតយុទ្ធ និងយកឈ្នះលើទង្វើរបស់ពួកនីកូឡាស។ យើងត្រូវតែបដិសេធពួកគេ។ យើងមិនត្រូវទៅជិតអស់អ្នកដែលស្វែងរកតែប្រាក់ និងកេរ្តិ៍ឈ្មោះខាងលោកិយឡើយ។ ទោះបីជាយើងអាចទ្រាទ្រ និងអត់ទោសដល់ភាពខ្សោយរបស់ពួកគេបានក៏ដោយ ក៏យើងមិនអាចមានទំនាក់ទំនងជាមួយអស់អ្នកដែលទាស់ប្រឆាំងនឹងសេចក្តីពិត និងប្រាថ្នាតែប្រាក់បានដែរ គឺមិនត្រូវធ្វើកិច្ចការរបស់ព្រះជាមួយមនុស្សបែបនេះឡើយ។
តើឈ្មោះរបស់អស់អ្នកដែលបានកើតជាថ្មី ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មានកត់ទុកនៅកន្លែងណា? ឈ្មោះរបស់ពួកគេត្រូវបានកត់ទុកនៅក្នុងបញ្ជីជីវិត។ ដូច្នេះ តើការសរសេរឈ្មោះថ្មីមួយនៅលើគ្រួសស មានន័យយ៉ាងដូចម្តេច? វាមានន័យថា យើងបានធ្វើជាកូនរបស់ព្រះហើយ។ ព្រះគម្ពីរក៏ប្រាប់យើងផងដែរថា គ្មានអ្នកណាដឹងពីឈ្មោះថ្មីនេះទេ «ស្គាល់បានតែអ្នកដែលទទួលប៉ុណ្ណោះ»។ នេះមានន័យថា គ្មានអ្នកណាក្រៅពីអ្នកដែលបានកើតជាថ្មីទេ ដែលដឹងពីសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ។ មនុស្សមានបាបមិនដឹងពីរបៀបដែលពួកគេបានរាប់ជាសុចរិតទេ ប៉ុន្តែមានតែអ្នកដែលទទួលឈ្មោះថ្មីពីព្រះយេស៊ូវទេ ទើបដឹងពីរបៀបដែលធ្វើឲ្យអំពើបាបរបស់ពួកគេរលាយបាត់។ 
យើងត្រូវតែតយុទ្ធជាមួយពួកនីកូឡាស មិនជាមួយអ្នកណាផ្សេងទេ តែជាមួយពួកនីកូឡាស។ ខ្លឹមសារស្នូលនៃបទគម្ពីរគឺថា យើងត្រូវតែតយុទ្ធ និងយកឈ្នះលើពួកនីកូឡាស ដែលនៅតែបន្តមិនស្តាប់បង្គាប់ និងបដិសេធព្រះបន្ទូលព្រះ ហើយដេញតាមតែប្រាក់ ទ្រព្យសម្បត្តិលោកិយ និងកេរ្តិ៍ឈ្មោះសម្រាប់សាច់ឈាមរបស់ពួកគេតែប៉ុណ្ណោះ ទោះបើពួកគេជឿព្រះ ហើយស្គាល់ព្រះបន្ទូលនៃសេចក្តីពិតក៏ដោយ។ 
យើងក៏ត្រូវតែតយុទ្ធជាមួយខ្លួនយើងផងដែរ។ បើសិនយើងមិនអាចដើរតាមព្រះបាន ដោយសារតែភាពឥតប្រយោជន៍ និងអំណួតរបស់យើង យើងត្រូវតែតយុទ្ធជាមួយចិត្តរបស់យើង។ ហើយយើងក៏ត្រូវតែចូលរួមក្នុងការតយុទ្ធខាងវិញ្ញាណជាមួយអ្នកដែលអះអាងថា ពួកគេជឿលើព្រះយេស៊ូវ ដោយមិនបានកើតជាថ្មីផងដែរ។ 
ទោះបីជាការពិតថា យើងខ្វះមិនដល់សិរីល្អនៃទ្រង់ក៏ដោយ ក៏ព្រះ អម្ចាស់បានសង្រ្គោះយើង ដោយទឹក និងព្រះលោហិតរបស់ទ្រង់ដែរ។ យើងត្រូវតែការពារសេចក្តីជំនឿរបស់យើង ដោយការជឿតាមព្រះបន្ទូលនេះ ហើយរស់នៅក្នុងជីវិតជាអ្នកបម្រើរបស់ព្រះ អរព្រះគុណដល់ទ្រង់សម្រាប់សេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍ ដែលទ្រង់បានប្រទានឲ្យយើង។ ជាដំបូង យើងត្រូវតែស្វែងរកនគរព្រះ និងសេចក្តីសុចរិតរបស់ទ្រង់សិន។ ដូច្នេះ ចូរឲ្យយើងទាំងអស់គ្នាធ្វើជាអ្នកដែលឈ្នះលើការតយុទ្ធ ដោយ សេចក្តីជំនឿ រហូតដល់ចុងបញ្ចប់។
 

អ្នកដែលឈ្នះ នឹងទទួលបាននំម៉ាន៉ា

ករណីធំបំផុតនៃការបាត់ខ្លួននៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ នឹងជាការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក ដែលនឹងមកដល់។ ក្នុងពេលជាមួយគ្នា ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគឺជាបញ្ហាដែលទាក់ទាញចំណាប់អារម្មណ៍ខ្លាំងបំផុត ពីអស់អ្នកដែលជឿដល់ព្រះគ្រីស្ទ។ មនុស្សមួយចំនួនគិតថា «នឹងមានការបាត់ខ្លួនមនុស្សដ៏ធំមួយ នៅពេលពួកបរិសុទ្ធត្រូវបានលើកឡើងទៅក្នុងពពក គឺកាលណាមនុស្សគ្រប់សណ្ឋានបាត់ខ្លួន ចាប់ពីអ្នកបើកបរយន្តហោះ ទៅដល់អ្នកបើកបររទេះភ្លើង និងអ្នកបើកបរតាក់ស៊ី នោះពិភពលោកនឹងមានពេញទៅដោយគ្រោះថ្នាក់ និងគ្រោះមហន្តរាយគ្រប់ប្រភេទ ជាមួយយន្តធ្លាក់ចុះពីមេឃ រទេះភ្លើងក្រឡាប់ ហើយផ្លូវធំៗស្ទះចរាចរ»។ សៀវភៅមួយក្បាល ដែលមានខ្សែរឿងស្របនឹងហេតុការណ៍ទាំងនេះ មានចំណងជើងថា ការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក ធ្លាប់ជាសៀវភៅមួយ ដែលលក់ដាច់ជាងគេនៅអតីតកាល។ មនុស្សទាំងនេះបានជឿថា ពួកបរិសុទ្ធនឹងបាត់ខ្លួនទៅក្នុងអាកាស នៅពេលពួកគេត្រូវបានលើកឡើង។ ដូច្នេះ ពួកគេមិនគ្រាន់តែបានប្រែចិត្ត និងត្រៀមជំនឿរបស់ពួកគេសម្រាប់ថ្ងៃនៃការលើកឡើងប៉ុណ្ណោះទេ ប៉ុន្តែពួកគេខ្លះបានបោះបង់សាលា និងការងារទៀតផង។ 
ពេលវេលាកន្លងទៅមិនយូរប៉ុន្មានទេ និកាយមួយដែលជឿតាមគោលលទ្ធិនៃការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកមុនពេលការរងទុក្ខវេទនាដ៏ធំ បានបង្គាប់ក្រុមជំនុំរបស់ខ្លួនឲ្យផ្តល់ទ្រព្យសម្បត្តិរបស់ពួកគេទៅពួកជំនុំ ហើយរង់ចាំតែថ្ងៃនៃការលើកឡើង ដែលពួកអ្នកដឹកនាំបានទាយទុកប៉ុណ្ណោះ។ ពិតមែនហើយ ថ្ងៃដែលពួកគេបានទាយទុក និងបានរង់ចាំយ៉ាងអន្ទះសារ បានកន្លងទៅ ដូចជាថ្ងៃផ្សេងៗទៀតដែរ។ ដូច្នេះ ពួកគេទាំងអស់បានរង់ចាំខ្យល់! គ្រប់យ៉ាងដែលពួកគេបានជឿ និងរង់ចាំយ៉ាងស្មោះត្រង់ គ្រាន់តែប្រែក្លាយទៅជាសេចក្តីកុហកមួយប៉ុណ្ណោះ។
ប៉ុន្តែពួកគេមួយចំនួននៅតែមានះ ហើយបានប្រកាសថ្ងៃមួយទៀតនៅក្នុងឆ្នាំ១៩៩៩ ជាថ្ងៃនៃការលើកឡើងទៅក្នុងពពក ហើយបានរង់ចាំ និងរង់ចាំ។ ទោះបីយ៉ាងណា ដូចពីពេលមុនដែរ វាបង្ហាញឲ្យឃើញថា ពួកគេទាំងអស់គ្នាត្រូវបានបោកបញ្ឆោត ដោយសេចក្តីកុហក។ ដោយមានភាពអាម៉ាស់សម្រាប់ទំនាយដែលមិនបានសម្រេចរបស់ខ្លួន ពួកអ្នកដឹកនាំរបស់ពួកគេបានសម្រេចថា ពួកគេនឹងមិនកំណត់ពេលវេលានៃការយាងមករបស់ព្រះគ្រីស្ទម្តងទៀតឡើយ។ ដូច្នេះ យើងអាចមើលឃើញពីព្រឹត្តិការណ៍ទាំងនេះថា គោលនៃការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកមុនពេលការរងទុក្ខវេទនាដ៏ធំពិតជាមិនស៊ីគ្នានឹងព្រះបន្ទូលអ្វីទាំងអស់។
ចំណុចសំខាន់បំផុតនៅក្នុងកណ្ឌគម្ពីរវិវរណៈ គឺជាការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវ និងការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក។ សម្រាប់គ្រីស្ទបរិស័ទស្មោះត្រង់ទាំងអស់ នៅពេលព្រះគ្រីស្ទយាងមកផែនដីនេះ និងលើកអ្នកជឿរបស់ទ្រង់ឡើងទៅក្នុងអាកាស គឺជាសេចក្តីសង្ឃឹម ការរង់ចាំដ៏ធំបំផុតរបស់ពួកគេ។ តាមការពិត វាសមហតុសមផលហើយ ដែលគ្រីស្ទបរិស័ទរង់ចាំយ៉ាងអន្ទះសារនៅក្នុងជំនឿរបស់ពួកគេ ដល់ការយាងមករបស់ព្រះគ្រីស្ទ។ អ្នកណាដែលពិតជាជឿដល់ព្រះយេស៊ូវ ត្រូវតែរង់ចាំថ្ងៃនៃការយាងមករបស់ព្រះអម្ចាស់ ដោយស្មោះត្រង់។
ដែលមានជំនឿដែលរង់ចាំការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ និងការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក គឺប្រសើរជាងដែលមានជំនឿដែលមិនរង់ចាំអ្វីទាំងអស់។ កំហុសរបស់អ្នកកំណត់ពេលវេលាចុងក្រោយគឺថា ពួកគេបានកំណត់ថ្ងៃ និងពេលវេលាជាក់លាក់មួយសម្រាប់ការលើកឡើងទៅក្នុងពពករបស់ពួកគេ ដែលការនេះបានធ្វើឲ្យពួកគេដើរតាមផ្លូវ ខុស។ រយៈមូលដ្ឋាននៃការគណនារបស់ពួកគេ ពួកគេជាច្រើនបានកាត់ស្រាយខុសលើទំនាយរយៈពេល៧០សប្តាហ៍ ដែលមានក្នុង ដានីយ៉ែល ៩ ក៏ដូចជាកណ្ឌគម្ពីរសាការីផងដែរ ហើយឈានទៅដល់ការកំណត់កាលបរិច្ឆេទផ្ទាល់ខ្លួនពួកគេ។
សាវកប៉ុលនិយាយនៅក្នុង ១ថែស្សាឡូនីច ៤ ថា កាលណាព្រះ គ្រីស្ទយាងត្រឡប់មកផែនដីនេះវិញ ពួកបរិសុទ្ធនឹងត្រូវបានលើកឡើងទៅក្នុងអាកាស ដើម្បីជួបជាមួយទ្រង់។ ដូច្នេះ អស់អ្នកដែលជឿដល់ព្រះយេស៊ូវបានត្រឹមត្រូវ នឹងរង់ចាំថ្ងៃនោះ។ ប៉ុន្តែការគណនា និងកំណត់កាលបរិច្ឆេទជាក់លាក់សម្រាប់ការលើកឡើងទៅក្នុងពពក គឺជាទង្វើយ៉ាងខុស ពីព្រោះវាបង្ហាញពីអំណួតរបស់ពួកគេ ដែលព្រងើយកន្តើយចំពោះប្រាជ្ញារបស់ព្រះ។ វាគឺជាកំហុសដ៏ធំ ដែលព្យាយាមដោះស្រាយ និងយល់ពីទំនាយនៅក្នុងព្រះគម្ពីរ ដោយរូបមន្តគណិតវិទ្យារបស់មនុស្ស។ 
ដូច្នេះ តើការលើកឡើងទៅក្នុងពពកពិតប្រាកដនឹងកើតឡើងនៅពេលណា? វិវរណៈ ៦ និយាយអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក ហើយយោងតាមជំពូកនេះ ក្នុងកំឡុងគ្រាទីបួនរបស់ព្រះ ដែលជាគ្រាសេះសម្បុរស្លាំង នឹងមានការធ្វើទុក្ករកម្មរបស់ពួកបរិសុទ្ធ ហើយបន្ទាប់ពីនោះ ការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកនឹងកើតឡើងនៅក្នុងគ្រាទីប្រាំ។ ការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក ត្រូវបរិយាយយ៉ាងល្អិត ហើយវាពិតជានឹងក្លាយទៅជាការពិត កាលណាពេលវេលាមកដល់។ 
ព្រះបានរៀបចំគ្រាទាំង៧សម្រាប់មនុស្សជាតិ ដែលគ្រាទី១គឺជាគ្រាសេះស។ នៅក្នុងគ្រានេះ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណចាប់ផ្តើមនិងបន្តមានជ័យជំនះ។ គ្រាទី២គឺជាគ្រាសេះក្រហម ដែលមានការចាប់ផ្តើមនៃសម័យនៃសាតាំង។ គ្រាទី៣គឺជាគ្រាសេះខ្មៅ ដែលពិភពលោកនេះនឹងត្រូវរងការវាយប្រហារពីគ្រោះអំណត់ខាងសាច់ឈាម និងវិញ្ញាណ។ គ្រាទី៤គឺជាគ្រាសេះសម្បុរស្លាំង ដែលអាទទឹងនឹងព្រះគ្រីស្ទនឹងលេចមក ហើយវានឹងធ្វើទុក្ករកម្មដល់ពួកបរិសុទ្ធ។ នៅក្នុងគ្រាទី៥ ពួកបរិសុទ្ធនឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ និងលើកឡើងទៅក្នុងអាកាស បន្ទាប់ពីទុក្ករកម្មរបស់ពួកគេ។ នៅក្នុងគ្រាទី៦ ព្រះនឹងបង្កឲ្យមានសេចក្តីវិនាសទាំងស្រុងនៃការបង្កបង្កើតទីមួយ គឺផែនដីនេះ។ បន្ទាប់ក មានគ្រាទី៧ ដែលព្រះនឹងបើកនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី ដើម្បីរស់នៅជាមួយពួកបរិសុទ្ធរបស់ទ្រង់ ជារៀងរហូតតទៅ។ ដូច្នេះ ព្រះបានបង្កើតគ្រាទាំង៧ខុសៗគ្នា សម្រាប់មនុស្សជាតិទាំងមូល។ ហើយអស់អ្នកដែលជឿដល់ព្រះយេស៊ូវ គួរតែដឹង និងជឿលើគ្រាទាំង៧ ដែលព្រះបានបង្កើតសម្រាប់ពួកគេ។ 
កាលពីចុងសតវត្សមុន នៅក្នុងប្រទេសកូរ៉ មានមនុស្សប្រមាណ១០០០០០នាក់ ដែលបានញែកខ្លួនពួកគេចេញ ហើយរង់ចាំថ្ងៃ និងពេលវេលានៃការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ និងការលើកឡើងទៅក្នុងអាកាសរបស់ពួកគេ។ ប្រទេសកូរ៉េមានគ្រីស្ទបរិស័ទប្រហែលចំនួន១២លាននាក់ ហើយក្នុងចំណោមពួកគេ មានប្រហែល១០០០០០នាក់ ដែលបានរង់ចាំការយាងមកវិញរបស់ព្រះយេស៊ូវ និងការលើកឡើងទៅក្នុងអាកាសរបស់ពួកគេ។ នៅក្នុងន័យផ្សេង ពួកគេទាំងនេះគឺជាអ្នកជឿដែលរឹងមាំលើព្រះបន្ទូលព្រះ ដូចដែលបានសរសេរនៅក្នុងព្រះគម្ពីរ ហើយបានរង់ចាំការយាងមករបស់ព្រះអម្ចាស់ គឺមានតែ១០០០០០នាក់ក្នុងចំណោម១២លាននាក់ ដែលតិចជា១ភាគរយផង។ 
ទោះបីយ៉ាងណា បញ្ហារបស់ពួកគេគឺថា ពួកគេមិនមានការយល់ដឹងត្រឹមត្រូវអំពីគ្រាទាំងអស់ដែលព្រះបានបង្កើតសម្រាប់ពួកគេទេ។ ដោយគ្មានការយល់ដឹងត្រឹមត្រូវអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ គ្រីស្ទ បរិស័ទជាច្រើននៅពួកជំនុំដំបូងបានធ្វើកំហុសបែបនេះ គឺព្យាយាមគណនាកាលបរិច្ឆេទនៃការយាងមករបស់ព្រះយេស៊ូវ ដោយផ្អែកលើចំណេះដឹងខុសអំពីគ្រាដែលព្រះគ្រីស្ទយាងមកវិញ និងការលើកពួកបរិសុទ្ធឡើងទៅក្នុងអាកាស។ ដូច្នេះហើយបានជាសាវកប៉ុលបានព្រមានពួកគេថា «កុំឲ្យអ្នករាល់គ្នាឆាប់មានគំនិតរវើរវាយ ឬថប់ព្រួយឡើយ ទោះបើដោយសារវិញ្ញាណណា ឬពាក្យសំដីណា ឬសំបុត្រណា ដូចជាមកពីពួកយើងខ្ញុំក្តី ដែលថាថ្ងៃនៃព្រះអម្ចាស់ជិតដល់ហើយនោះឡើយ» (២ថែស្សាឡូនីច ២:២)។
ប្រវត្តិសាស្ត្រប្រាប់យើងថា មនុស្សជាច្រើនបាននៅតែបន្តមានភាពល្ងង់ខ្លៅអំពីផែនការរបស់ព្រះ ហើយកំណត់កាលបរិច្ឆេទខុសពីមួយទៅមួយ ជាឥតប្រយោជន៍។ ខ្ញុំជឿថា ជំនឿខុសរបស់ពួកគេពិតជាត្រូវការកែប្រែ។ ប៉ុន្តែខ្ញុំមិនចង់បន្ទោសពួកគេយ៉ាងខ្លាំងនោះទេ ប៉ុន្តែខ្ញុំចង់កែប្រែពួកគេវិញ។ ហេតុអ្វី? ពីព្រោះកំហុសរបស់ពួកគេគឺដោយសារតែភាពល្ងង់ខ្លៅរបស់ពួកគេអំពីគ្រាទាំង៧ ដែលព្រះបានបង្កើតសម្រាប់មនុស្សជាតិ។ ពួកគេគណនាខុស អំពីកាលបរិច្ឆេទនៃការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវ ពីព្រោះពួកគេបានយល់ខុស និងអនុវត្តខុសលើលេខដែលមាននៅក្នុងព្រះគម្ពីរ ដោយប្រើគំនិតរបស់មនុស្ស។
កំហុសនេះមិនត្រឹមតែកើតឡើងនៅប្រទេសកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែក៏កើតឡើងនៅគ្រប់ទីកន្លែងក្នុងពិភពលោកផងដែរ។ ពួកអ្នកដឹកនាំពួកជំនុំពីគ្រប់ផ្នែកនៃផែនដី ដែលអ្នកខ្លះល្បីល្បាញផង បានធ្វើកំហុសដូចគ្នានេះ។ ខ្ញុំមានបំណងចិត្តធ្វើបន្ទាល់ពីផែនការរបស់ព្រះ ដល់អស់អ្នកដែលបានជឿដល់ព្រះយេស៊ូវ និងបានរង់ចាំការលើកឡើងទៅក្នុងពពក នៅថ្ងៃ និងពេលវេលាដែលពួកគេបានជ្រើសរើស ដើម្បីឲ្យពួកគេមានការយល់ដឹងត្រឹមត្រូវអំពីផែនការរបស់ព្រះសម្រាប់ពួកគេ។ ខ្ញុំសង្ឃឹមថា ពួកគេក៏នឹងទទួលបានព្រះពរនៃការលើកឡើងទៅក្នុងអាកាសផងដែរ។
ការលើកពួកបរិសុទ្ធឡើងពិតប្រាកដ នឹងមកដល់ បន្ទាប់ពីគ្រាសេះសម្បុរស្លាំង និងទុក្ករកម្មរបស់ពួកបរិសុទ្ធកន្លងផុតទៅ។ កាលណាការរងទុក្ខវេទនារយៈពេល៧ឆ្នាំចាប់ផ្តើមក្នុងគ្រាសេះសម្បុរស្លាំងនេះ អាទទឹងនឹងព្រះគ្រីស្ទនឹងលេចមក ក្នុងនាមជាអ្នកដឹកនាំពិភពលោកដ៏មានអំណាចខ្លាំងបំផុត ហើយវានឹងសោយរាជ្យនៅលើផែនដីនេះ។ 
អាទទឹងនឹងព្រះគ្រីស្ទនឹងចាប់ផ្តើមបៀតបៀនដល់ពួកបរិសុទ្ធ នៅពេលការរងទុក្ខវេទនាដ៏ធំចាប់ផ្តើម ហើយវានឹងបង្កើនកម្លាំងនៅកណ្តាលដំបូងនៃការរងទុក្ខវេទនាដ៏ធំ គឺជារយៈពេលបីឆ្នាំកន្លះដំបូង រហូតដល់ចំណុចកំពូលនៅពាក់កណ្តាលនៃរយៈពេល៧ឆ្នាំ។ នេះគឺជាពេលដែលពួកបរិសុទ្ធនឹងត្រូវធ្វើទុក្ករកម្ម ដើម្បីការពារជំនឿរបស់ពួកគេ។ ហើយ ភ្លាមៗបន្ទាប់ពីនោះ នឹងមានគ្រាទី៦មកដល់ គឺពេលដែលពួកបរិសុទ្ធដែលបានធ្វើទុក្ករកម្ម នឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើង និងលើកឡើងទៅក្នុងអាកាស។ 
អស់អ្នកដែលជឿដល់ព្រះយេស៊ូវ ត្រូវតែស្គាល់ពេលវេលាយ៉ាងច្បាស់លាស់។ យោងតាមជំនឿរបស់ពួកគេលើការលើកពួកបរិសុទ្ធឡើងទៅក្នុងអាកាសមុនពេល ឬពាក់កណ្តាលពេលនៃការរងទុក្ខវេទនាដ៏ធំ ជីវិត និងជំនឿរបស់ពួកគេនឹងមានភាពខុសគ្នា។ ហើយយោងតាមមូលដ្ឋានគ្រឹះនៃជំនឿរបស់ពួកគេលើព្រះបន្ទូលព្រះ ឬអត់ អ្នកជឿនឹងរង់ចាំដោយឆ្លាតវ័យសម្រាប់ការលើកឡើងទៅក្នុងអាកាស ជាមួយជំនឿត្រឹមត្រូវ ឬធ្វើកំហុសនៃការផ្តោតលើកាលបរិច្ឆេទស្មានៗ ដែលពួកគេបានជ្រើសរើសដោយខ្លួនឯង។ 
បើសិនអ្នកប្រឈមនឹងសេចក្តីបង្រៀនទាំងនេះអំពីព្រះបន្ទូលនៃការបើកសម្តែង ដោយត្រជាក់ចិត្ត អ្នកពិតជាអាចរកឃើញអ្វីដែលសេចក្តីអះអាងសមហតុសមផល ហើយអ្នកអាចឆ្លើយនឹងសំណួរទាំងអស់របស់អ្នកបានយ៉ាងត្រឹមត្រូវ។ ប៉ុន្តែបើសិនអ្នកមិនមានការយល់ដឹងត្រឹមត្រូវអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក និងមិនរង់ចាំត្រឹមត្រូវសម្រាប់ថ្ងៃនោះទេ ជំនឿរបស់្នកនឹងត្រូវខូច។ 
ទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងអាកាសមុនពេលការរងទុក្ខវេទនាដ៏ធំ ត្រូវបានបង្កើតឡើង ដោយលោក Scofield ដែលជាទេវវិទូជនជាតិអាមេរិក ដែលបានបង្កើតឡើងជាដំបូងគេនូវមូលដ្ឋានគោលលទ្ធិជាប្រព័ន្ធនៅក្នុងព្រះគម្ពីរយោង Scofield របស់គាត់។ ព្រះគម្ពីរយោងនេះត្រូវបានបកប្រែ និងប្រើប្រាស់នៅពេញពិភពលោកយ៉ាងទូលំទូលាយ។ គឺដោយសារតែឥទ្ធិពលនៃព្រះគម្ពីរយោង Scofield នេះហើយ ដែលទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងអាកាសមុនពេលការរងទុក្ខវេទនាដ៏ធំ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ដោយសារព្រះគម្ពីរយោងនេះត្រូវបានសរសេរ ដោយទេវវិទូដ៏មានឥទ្ធិពលនៅប្រទេសមានអំណាចមួយ សៀវភៅនេះត្រូវបានបកប្រែទៅជាភាសាជាច្រើន ហើយមានគ្រីស្ទ បរិស័យ៉ាងច្រើនអាន។
លោក Scofield ផ្ទាល់ខ្លួនមិនបានដឹងថា ការអះអាងរបស់គាត់ អំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងអាកាសមុនពេលការរងទុក្ខវេទនាដ៏ធំ នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅទូទាំងពិភពលោកនេះទេ។ ជាលទ្ធផល ទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងអាកាសមុនពេលការរងទុក្ខវេទនាដ៏ធំ ត្រូវបានទទួលយក ដោយគ្រីស្ទបរិស័ទទាំងអស់នៅក្នុងពិភពលោក។ ប៉ុន្តែមុនពេលទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងអាកាសមុនពេលការរងទុក្ខវេទនាដ៏ធំមានរូបរាង ជំនឿភាគច្រើនដែលគ្របដណ្តប់លើពិភពគ្រីស្ទបរិស័ទគឺ ទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងអាកាសក្រោយពេលការរងទុក្ខវេទនាដ៏ធំ។
ទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងអាកាសក្រោយពេលការរងទុក្ខវេទនាដ៏ធំ សន្មត់ថា ព្រះគ្រីស្ទនឹងយាងមកវិញ បន្ទាប់ពីបញ្ចប់រយៈពេល៧ឆ្នាំនៃការរងទុក្ខវេទនាដ៏ធំ និងថា ទ្រង់នឹងលើកពួកបរិសុទ្ធឡើងទៅក្នុងអាកាសនៅពេលនោះ។ ដូច្នេះ មនុស្សជាច្រើនមានសេចក្តីភ័យខ្លាចយ៉ាងខ្លាំង ចំពោះការរងទុក្ខវេទនាដ៏ធំនៅមុនការលើកឡើងទៅក្នុងអាកាស និងការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់។ នៅពេលអ្នកដែលមកពីចលនាធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណ អធិប្បាយចេញពី អាសនារបស់ពួកគេ អំពីការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ មនុស្សបានរត់ទៅប្រែចិត្ត យំស្រែក ទួញសោកចំពោះអំពើបាបរបស់ពួកគេ និងលន់តួអំពើបាបរបស់ពួកគេ។ ដូច្នេះ អ្នកណាដែលបានយំស្រែកច្រើនបំផុត ត្រូវបានគេចាត់ទុកថា បានទទួលព្រះពរច្រើនបំផុត។ មនុស្សបែបនេះ ទោះបើពួកគេជឿដល់ព្រះយេស៊ូវក៏ដោយ ក៏ពួកគេនៅតែបង្ហូរទឹកយ៉ាងច្រើនតំណក់ដែរ។
ប៉ុន្តែជំនឿពីសម័យមុនលើការលើកពួកបរិសុទ្ធឡើងទៅក្នុងអាកាសក្រោយពេលការរងទុក្ខវេទនាដ៏ធំ ត្រូវបានជំនួសដោយទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងអាកាសមុនពេលការរងទុក្ខវេទនាដ៏ធំ បន្តិច ម្តងៗ។ ហេតុអ្វីដូច្នេះ? មនុស្សបានយល់ឃើញថា មានការកំសាន្តចិត្តខ្លាំងជាង ដែលបែរចេញពីការលើកពួកបរិសុទ្ធឡើងទៅក្នុងអាកាសក្រោយពេលការរងទុក្ខវេទនាដ៏ធំ ទៅឯការលើកពួកបរិសុទ្ធឡើងទៅក្នុងអាកាសមុនពេលការរងទុក្ខវេទនាដ៏ធំ ពីព្រោះវាមានន័យថា ពួកគេនឹងមិនប្រឈមនឹងទុក្ខលំបាក និងសេចក្តីវេទនាដ៏ធំទេ។ បើមិនដូច្នេះទេ ពួកគេត្រូវតែឆ្លងកាត់ទុក្ខលំបាក និងសេចក្តីវេទនាទាំងនោះហើយ។ វាគួរឲ្យភ្ញាក់ផ្អើលបន្តិច ដែលពួកគេចង់បានការលើកឡើងទៅក្នុងអាកាស មុនពេលទុក្ខលំបាក និងសេចក្តីវេទនាដ៏ធំធ្លាក់មកលើពួកគេ។ តាមរបៀបនេះ ទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងអាកាសមុនពេលការរងទុក្ខវេទនាដ៏ធំ រីកផ្សាយទៅលឿន ដូចជាភ្លើងចំបើង ពីព្រោះផ្តល់ជំនឿងាយស្រួល និងអាចទទួលបាន ជាជាងការត្រូវឆ្លងកាត់ទុក្ខលំបាក និងសេចក្តីវេទនាដ៏ធំ។
មនុស្សចូលចិត្តរសជាតិផ្អែម ជាជាងរសជាតិសាប ឬចត់ ហើយមនុស្សក៏ចង់បានជំនឿដែលមានភាពងាយស្រួលដែរ។ ពួកគេចង់ជ្រើសរើស និងជឿតាមអ្វីដែលមានរសជាតិឆ្ងាញ់បំផុត ក្នុងចំណោមទ្រឹស្តីទាំងអស់ ដែលពួកអ្នកប្រាជ្ញាបានបង្កើតឡើង។ ដូច្នេះហើយបានជាមនុស្សយ៉ាងច្រើនបានជឿតាមទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងអាកាសមុនពេលការរងទុក្ខវេទនាដ៏ធំ យ៉ាងងាយ។ អស់អ្នកដែលបានគាំទ្រទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងអាកាសមុនពេលការរងទុក្ខវេទនាដ៏ធំនេះ បានគិតថា ពួកគេត្រូវតែថែរក្សារូបកាយ និងចិត្តរបស់ពួកគេឲ្យបានស្អាតជានិច្ច ដើម្បីត្រូវបានលើកឡើងទៅក្នុងអាកាស។ ដូច្នេះហើយបានជាពួកគេមានភាពឆេះឆួលនៅក្នុងជីវិតនៃជំនឿរបស់ពួកគេ។ ប៉ុន្តែជំនឿខុសឆ្គងបានខ្ទាស់ជំនឿរបស់ពួកគេឲ្យនៅជាប់ក្នុងទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងអាកាសមុនពេលការរងទុក្ខវេទនាដ៏ធំ។ ខណៈដែលជំនឿរបស់ពួកគេនៅក្នុងព្រះយេស៊ូវ និងការរង់ចាំរបស់ពួកគេដល់ការយាងមករបស់ព្រះអម្ចាស់ ត្រូវបានកោតសរសើរ ពួកគេបែរជាបានធ្វើកំហុសដ៏ធំពីរទៅវិញ។
ទីមួយ ពួកគេមិនបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ប៉ុន្តែពួកគេបានរង់ចាំព្រះអម្ចាស់ ដោយចិត្តរបស់ពួកគេនៅតែមានបាប។ពួកគេជឿ និងពឹងផ្អែកលើព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខប៉ុណ្ណោះ ទោះបើពួកគេលន់តួច្រើនយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចទទួលបានការអត់ទោសសម្រាប់អំពើបាបដែលពួកគេប្រព្រឹត្តជារៀងរាល់ថ្ងៃដែរ។ ប៉ុន្តែរាល់ថ្ងៃយប់ ពួកគេបានរង់ចាំការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ។ ពួកគេបានជួបជុំគ្នានៅក្នុងព្រះវិហាររបស់ពួកគេ ដើម្បីលន់តួអំពើបាប អធិស្ឋាន និងច្រៀងសរសើរតម្កើងពេញមួយយប់តែម្តង ដើម្បីរង់ចាំការលើកឡើងទៅក្នុងអាកាស។ វាមិនខុសទេ សម្រាប់ការពិតថា ពួកគេទន្ទឹងរង់ចាំការលើកឡើងទៅក្នុងពពក។ ប៉ុន្តែពួកគេបានធ្វើកំហុសដ៏ធំមួយ គឺរង់ចាំដោយឥតមានជំនឿត្រឹមត្រូវ។ ពួកគេមិនបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាជំនឿតែមួយគត់ ដែលជួយយើងឲ្យអាចឈរនៅចំពោះព្រះ ក្នុងនាមជាកូនរបស់ទ្រង់បានទេ។
កំហុសទីពីរគឺថា ពួកគេមួយចំនួនធ្លាប់បានប្រកាសតាមចិត្តអំពីកាលបរិច្ឆេទនៃការយាងមករបស់ព្រះយេស៊ូវ ដោយមិនមានការយល់ដឹងត្រឹមត្រូវអំពីផែនការរបស់ព្រះ។ កំហុសនេះមិនគ្រាន់តែបានធ្វើឲ្យអ្នកជាច្រើមរង់ចាំទ្រង់ជាឥតប្រយោជន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កឲ្យមានភាពវឹកវរគ្រប់ប្រភេទនៅក្នុងសង្គមផងដែរ ដែលជំនឿគ្រីស្ទបរិស័ទត្រូវបានមើលងាយហើយកេរ្តិ៍ឈ្មោះរបស់អ្នកជឿត្រូវខូចក្នុងចំណោមអ្នកមិនជឿ។
ដោយសារតែកំហុសទាំងពីរនេះ នៅពេលការលើកឡើងទៅក្នុងពពក ដែលមនុស្សទាំងនេះបានរង់ចាំយ៉ាងអន្ទះសារ មិនបានកើតឡើង វាគ្រាន់តែដឹកនាំមនុស្សជាច្រើនឲ្យគិតអវិជ្ជមានអំពីការលើកឡើងទៅក្នុងពពកនេះតែប៉ុណ្ណោះ ហើយរុញច្រានពួកគេឲ្យឃ្លាតឆ្ងាយពីសេចក្តីពិត។ ឥឡូវនេះ ដោយសារមនុស្សមួយចំនួនតូចដែលត្រូវបានគេដឹកនាំឲ្យវង្វេង មនុស្សកម្រនិយាយអំពីការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ និងពេលណាដែលទ្រង់ជិតយាងមកណាស់។ បទគម្ពីរដែលយើងកំពុងតែពិភាក្សានៅពេលនេះ គឺថា តាមរយៈ ព្រះបានសរសេរសំបុត្រទៅកាន់ទេវតានៃពួកជំនុំពើកាម៉ុស។ ព្រះបានសរសើរអ្នកបម្រើ និងពួកបរិសុទ្ធនៅពួកជំនុំនេះ សម្រាប់ការការពារជំនឿរបស់ពួកគេ ដោយទុក្ករកម្មរបស់ពួកគេ រហូតដល់ចុងបញ្ចប់។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានការបន្ទោសខ្លះដែរ ពីព្រោះពួកជំនុំនេះមានសមាជិកមួយចំនួនដែលបានដេញតាមលោកិយ។ ហេតុនេះហើយបានជាព្រះបានប្រាប់ពួកជំនុំនេះឲ្យប្រែចិត្ត ហើយបើមិនដូច្នេះទេ ទ្រង់នឹងយាងមកយ៉ាងឆាប់ ដើម្បីដាក់ទណ្ឌកម្មពួកគេ។ 
នៅទីនេះ យើងត្រូវយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះបានមានបន្ទូល តាមរយៈសាវកយ៉ូហាន ទៅកាន់ពួកជំនុំទាំងប្រាំពីរនៅស្រុកអាស៊ី «អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ»។ នេះមានន័យថា ព្រះធ្វើឲ្យប្រាកដថា ទ្រង់មានបន្ទូលអំពីសេចក្តីពិតរបស់ទ្រង់ទៅកាន់អ្នកមិនជឿ និងពួកបរិសុទ្ធ តាមរយៈអ្នកបម្រើ និងពួកជំនុំរបស់ទ្រង់។ ហើយយើងគួរកត់សម្គាល់ នៅពេលព្រះបានប្រាប់ពួកជំនុំក្រុងពើកាម៉ុសថា «អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគនំម៉ាន៉ាដ៏លាក់កំបាំង ហើយនិងឲ្យគ្រួសស១ដល់អ្នកនោះ នៅគ្រួសនោះមានឆ្លាក់ជាឈ្មោះថ្មី ដែលគ្មានអ្នកណាស្គាល់ឡើយ ស្គាល់បានតែអ្នកដែលទទួលប៉ុណ្ណោះ»។ 
ខ្ញុំចង់សង្កត់ធ្ងន់លើឃ្លាថា «ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគនំម៉ាន៉ាដ៏លាក់កំបាំង»។ នេះមានន័យថា អស់អ្នកដែលពិតជារង់ចាំព្រះអម្ចាស់ ត្រូវតែយកឈ្នះលើខ្មាំងសត្រូវរបស់ព្រះ។ ហើយពួកគេត្រូវតែតយុទ្ធជាមួយអស់អ្នកដែលដើរតាមលោកិយនេះ និងថា ពួកគេត្រូវតែញែកខ្លួនឯងចេញពីពួកអ្នកស្រឡាញ់លោកិយនេះ។ អស់អ្នកដែលដើរតាមបាឡាម គឺជាអ្នកដែលដើរតាមហោរាខុសឆ្គង។ ព្រះប្រាប់យើងថា មនុស្សទាំងនេះមានសេចក្តីលោភលន់ និងដេញតាមទ្រព្យសម្បត្តិខាងលោកិយតែប៉ុណ្ណោះ ហើយទ្រង់ហៅពួកគេថាជាអ្នកដើរតាមសេចក្តីបង្រៀនរបស់បាឡាម។ 
មិនមែនពួកជំនុំទាំងអស់គឺជាពួកជំនុំរបស់ព្រះទេ។ អ្នកដឹកនាំពួកជំនុំមួយចំនួននៅសព្វថ្ងៃនេះជឿថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ ប៉ុន្តែពួកគេមិនជឿថា ទ្រង់គឺជាព្រះឡើយ។ មានមនុស្សជាច្រើន ដែលមិនជឿថា ព្រះយេស៊ូវគ្រីស្ទបានបង្កើតពិភពលោកនេះឡើយ។
លើសពីនេះ មនុស្សជាច្រើនមកឯពួកជំនុំ ដើម្បីទទួលបានព្រះពរជាទ្រព្យសម្បត្តិ។ អ្នកដឹកនាំពួកជំនុំយ៉ាងច្រើនប្រាប់ក្រុមជំនុំរបស់ពួកគេថា ពួកគេនឹងទទួលបានព្រះពរ បើសិនពួកគេផ្តល់ប្រាក់ទៅកាន់ព្រះវិហារ។ ដោយចាញ់បោកសេចក្តីបង្រៀនខុសឆ្គង អ្នកជឿជាច្រើនពិតជាគិតថា ចំនួនតង្វាយដែលពួកគេថ្វាយទៅក្នុងព្រះវិហារ គឺជាការឆ្លុះបញ្ចាំងពី សេចក្តីជំនឿរបស់ពួកគេ។ ដោយគ្រាន់តែការថ្វាយតង្វាយ និងការចូលរួមក្នុងពួកជំនុំយ៉ាងទៀងទាត់ ពួកគេយ៉ាងច្រើនត្រូវបានចាត់ទុកជាអ្នកជឿដែលស្មោះត្រង់។ លើសពីនេះ ពួកគេខ្លះទទួលបានតួនាទីជាអ្នកដឹកនាំក្នុងពួកជំនុំទៀតផង ដូចជាគ្រូជំនួយ ឬចាស់ទុំ ដោយព្រោះតែពួកគេបម្រើ និងចូលរួមក្នុងពួកជំនុំយ៉ាងទៀតទាត់ និងថ្វាយតង្វាយច្រើន។ ទាំងនេះគឺជាផ្លូវរបស់បាឡាម ដែលជាអ្វីដែលយើងត្រូវតែចៀសចេញឲ្យឆ្ងាយ។
អ្នកត្រូវតែតយុទ្ធជាមួយជំនឿបែបនេះ។ បើសិនអ្នកពិតជាចង់បរិភោគនំម៉ាន៉ាមែន ជាដំបូង អ្នកត្រូវតែដឹងថា ពួកជំនុំរបស់អ្នកគឺជាពួកជំនុំដែលដើរតាមព្រះបន្ទូលព្រះ ឬមិនដើរតាម។ បើសិនវាមិនដើរតាមទេ នោះអ្នកត្រូវតែតយុទ្ធ និងយកឈ្នះលើវា។ មានតែធ្វើដូច្នេះទេ ទើបអ្នកអាចបរិភោគសេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណ ដែលជាព្រះបន្ទូលព្រះពិតបាន។ 
មានតែមានរយៈការបរិភោគព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណ ដែលជានំម៉ាន៉ាទេ ទើបអ្នកអាចបានកើតជាថ្មីបាន ហើយមានតែតាមរយៈការបានកើតជាថ្មីទេ ទើបអ្នកអាចបន្តបរិភោគព្រះបន្ទូលនៃសេចក្តីពិត ដែលព្រះប្រទានឲ្យបាន។ តាមរបៀបនេះហើយ ដែលអ្នកដែលបានកើតជាថ្មី អាចពិភាក្សាគ្នាអំពីអ្វីដែលជាព្រះបន្ទូលព្រះ បរិភោគព្រះបន្ទូល ដោយការស្តាប់ឮ មើលឃើញ និងការប្រកាសព្រះបន្ទូលនៅក្នុងសេចក្តីប្រកបគ្នាបាន។
បើសិនអ្នកពិតជាចង់ឲ្យព្រះលើកអ្នកឡើងទៅក្នុងពពកមែន បើសិនអ្នកពិតជាចង់បានកើតជាថ្មីមែន នោះវាគឺជាកិច្ចការដ៏ចំកួតមួយ ដែលអ្នកបន្តចូលរួមពួកជំនុំមួយ ដែលមានតែឈ្មោះ។ តាមរយៈការចូលរួមពួកជំនុំមួយ ដែលមិនមែនជារបស់ព្រះ អ្នកនឹងមិនអាចបរិភោគព្រះបន្ទូលនៃជីវិតពិតបានឡើយ ទោះបើអ្នកបានចូលរួមពួកជំនុំនេះ រយៈពេលយូរយ៉ាងណាក៏ដោយ មួយរយៈឆ្នាំ មួយពាន់ឆ្នាំ ឬយូរជាងនេះផង គឺគ្មានអ្វីជួយអ្នកឲ្យដើរនៅក្នុងផ្លូវត្រឹមត្រូវឆ្ពោះកាន់សេចក្តីសង្រ្គោះរបស់អ្នកឡើយ។
មនុស្សបែបនេះមិនគ្រាន់តែមិនបានកើតជាថ្មីទេ ប៉ុន្តែពួកគេត្រូវធ្វើកំហុសដ៏ចំកួតមួយ គឺការរង់ចាំសម្រាប់ការលើកពួកគេឡើងទៅក្នុងពពក ដោយមិនបានបំពេញតាមសេចក្តីតម្រូវទីមួយរបស់វា គឺដោយមិនបានកើតជាថ្មីជាមុនសិន។ ជំនឿបែបនេះពិតជាខុសហើយ។ មិនថាអ្នករង់ចាំការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទយ៉ាងឧស្សាហ៍យ៉ាងណាទេ មិនថាអ្នកពិតជាស្រឡាញ់ព្រះអម្ចាស់ខ្លាំងយ៉ាងណានៅក្នុងចិត្តទេ មិនថាអ្នកព្រមលះបង់ជីវិតសម្រាប់ព្រះយេស៊ូវទេ ការទាំងនេះនៅតែឥតប្រយោជន៍អ្វីសោះ។ មនុស្សបែបនេះនឹងមិនជួបជាមួយព្រះអម្ចាស់ទេ។ សេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះ នឹងនៅតែជាសេចក្តីស្រឡាញ់ពីភាគីតែម្ខាងដដែល។ 
ដូច្នេះហើយបានជាព្រះបានមានបន្ទូលទៅកាន់ពួកជំនុំទាំង៧នៅស្រុកអាស៊ីថា «ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគនំម៉ាន៉ាដ៏លាក់កំបាំង»។ ព្រះមិនប្រាប់យើងថា យើងអាចមានព្រះបន្ទូលនៃសេចក្តីពិតរបស់ទ្រង់បាន ដោយមិនមានទុក្ខលំបាកឡើយ។ បើសិនយើងមិន តយុទ្ធជាមួយ និងយកឈ្នះលើសេចក្តីកុហកទេ យើងនឹងមិនអាចបរិភោគនំម៉ាន៉ារបស់ទ្រង់ ដែលជាព្រះបន្ទូលនៃជីវិតបានឡើយ។ មិនថាអ្នកបានចូលរួមពួកជំនុំរបស់អ្នកដោយស្មោះត្រង់យ៉ាងណាទេ បើសិនអ្នកមិនស្គាល់សេចក្តីពិត នោះគ្រប់យ៉ាងដែលអ្នកបានយល់ដឹងកន្លងមក សុទ្ធតែជាសេចក្តីកុហកទាំងអស់។ អ្នកត្រូវតែគេចចេញពីសេចក្តីកុហកទាំងនេះ ដោយការតយុទ្ធ និងយកឈ្នះលើវា នៅក្នុងការស្វែងរកសេចក្តីពិតរបស់ អ្នក។ លុះត្រាតែអ្នករកឃើញសេចក្តីពិតនេះ ដោយការរកឃើញពួកជំនុំមួយ ដែលធ្វើបន្ទាល់ពីព្រះបន្ទូលព្រះ និងប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទើបអ្នកនឹងអាចបរិភោគនំម៉ាន៉ាជីវិតបាន។ 
គ្មានអ្វីដែលរារាំងយើងពីការទទួលយកព្រះបន្ទូលអំពីសេចក្តីពិតនៃទឹក និងព្រះវិញ្ញាណដាក់នៅក្នុងចិត្តរបស់យើងទេ។ ចិត្តរបស់អ្នកដែលប្រកាស និងស្តាប់ឮព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណនេះ បានរួបរួមគ្នា ហើយព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់ពួកគេទាំងអស់គ្នា។ 
ព្រះបានសន្យាជាមួយយើងថា ទ្រង់នឹងប្រទាននំម៉ាន៉ាអាថ៌កំបាំងរបស់ទ្រង់ដល់អស់អ្នកដែលយកឈ្នះ។ ដូច្នេះ យើងត្រូវតែយកឈ្នះលើសាតាំង នៅក្នុងការតយុទ្ធរបស់យើងជាមួយវា ហើយតយុទ្ធ និងយកឈ្នះលើសេចក្តីកុហកទាំងអស់។ បើសិនអ្នកចង់បានជីវិតអស់កល្បជានិច្ច អ្នកត្រូវតែបានកើតជាថ្មី ហើយបើសិនអ្នកចង់ឲ្យព្រះលើកអ្នកឡើងទៅក្នុងពពក អ្នកត្រូវតែមានជំនឿត្រឹមត្រូវ។ អ្នកត្រូវតែតយុទ្ធ និងយកឈ្នះលើសេចក្តីកុហកជាច្រើននៅក្នុងលោកិយនេះ ក៏ជាសេចក្តីកុហកទាំងអស់ដែលមាននៅក្នុងពិភពគ្រីស្ទបរិស័ទផងដែរ។ 
ជំនឿរបស់អ្នកមិនត្រូវជាជំនឿស្ទាក់ស្ទើរ ដែលបន្តរេពីម្ខាងទៅម្ខាងទៀត ហើយកាលណាមានអ្វីថ្មីកើតឡើង ក៏ហូរទៅតាម។ បើសិនពួកជំនុំរបស់អ្នកមិនមែនជាពួកជំនុំមួយ ដែលអធិប្បាយព្រះបន្ទូលព្រះដូចនៅក្នុងព្រះគម្ពីរ នោះអ្នកត្រូវតែឈប់ចូលរួមពួកជំនុំនោះ។ មានតែអ្នកដែលមានចិត្តស្រឡាញ់ និងដេញតាមសេចក្តីពិតទេ ទើបព្រះនឹងយាងមកជួបពួកគេ តាមរយៈព្រះបន្ទូលនៃនំម៉ាន៉ារបស់ទ្រង់ ដែលជាព្រះបន្ទូលអំពីសេចក្តីពិតនៃទឹក និងព្រះវិញ្ញាណបាន។ 
ខ្ញុំគឺជាសិស្សដ៏ពូកែម្នាក់ នៅពេលខ្ញុំសិក្សានៅមហាវិទ្យាល័យព្រះ គម្ពីរ។ ខ្ញុំមិនដែលខកខានថ្នាក់ណាមួយឡើយ ហើយពិន្ទុរបស់ខ្ញុំសុទ្ធតែល្អប្រសើរទាំងអស់។ ខ្ញុំបានសិក្សាយ៉ាងឧស្សាហ៍ និងស្មោះត្រង់។ ប៉ុន្តែនៅតែមានការជាច្រើន ដែលខ្ញុំមិនបានដឹង និងយល់។ ដោយសារខ្ញុំធ្លាប់ជាពុទ្ធបរិស័ទអស់រយៈពេលជាយូរជាមួយគ្រួសាររបស់ខ្ញុំ មុនពេលខ្ញុំបានជួប និងជឿលើព្រះយេស៊ូវ ការយល់ដឹងរបស់ខ្ញុំអំពីទ្រង់មិនកម្រិតខ្លាំងមែនទែន នៅពេលនោះ។ ហើយកាន់មានកម្រិតខ្សោយយ៉ាងខ្លាំងនៃការយល់ដឹងអំពីព្រះបន្ទូល។ ដូច្នេះ ខ្ញុំពិតជាមានចិត្តឆេះឆួលខ្លាំងណាស់ ក្នុងការរៀនអំពីព្រះគម្ពីរ។ ដោយសារខ្ញុំស្រេកឃ្លានចំណេះដឹងអំពីព្រះបន្ទូល ខ្ញុំបានខិតខំរៀនសូត្រពីសាស្ត្រាចារ្យជាច្រើន នៅមហាវិទ្យាល័យព្រះគម្ពីរ ដោយសួរសំណួរជាច្រើនដល់ពួកគាត់ ហើយសង្ឃឹមថា ចម្លើយរបស់ពួកគាត់នឹងបំបាត់ភាពស្រេកឃ្លានការយល់ដឹងអំពីព្រះគម្ពីររបស់ខ្ញុំ។
ទោះបីយ៉ាងណា ពួកគេមិនបានផ្តល់ចម្លើយច្បាស់លាស់ណាមួយដល់ខ្ញុំទេ។ នៅពេលខ្ញុំសួរសំណួរទៅកាន់សាស្ត្រាចារ្យដែលមានគេកោតសរសើរពីចំណេះដឹងខាងវិញ្ញាណ ពួកគាត់គ្រាន់តែសរសើរពីការយល់ដឹងអំពីព្រះគម្ពីររបស់ខ្ញុំប៉ុណ្ណោះ ដោយមិនឆ្លើយនឹងសំណួររបស់ខ្ញុំទេ។ នៅមហាវិទ្យាល័យព្រះគម្ពីរ ពួកសាស្ត្រាចារ្យមិនអធិប្បាយព្រះបន្ទូលទេ ប៉ុន្តែពួកគាត់បង្រៀនពី «ទ្រឹស្តី» ផ្ទាល់ខ្លួនពួកគាត់ទៅលើព្រះគម្ពីរ។ ប៉ុន្តែទ្រឹស្តីទាំងអស់របស់ពួកគាត់ ចាប់ពីទេវសាស្ត្រព្រះគម្ពីរសញ្ញាចាស់ ទៅដល់ ទេវសាស្ត្រព្រះគម្ពីរសញ្ញាថ្មី ចាប់ពីទេវសាស្ត្រជាប្រព័ន្ធ ទៅដល់ប្រវត្តិសាស្ត្រនៃជំនឿគ្រីស្ទបរិស័ទ ចាប់ពីគោលលទ្ធិកាល់វិន ទៅដល់គោលលទ្ធិ អាមីនា (Arminianism) ចាប់ពីព្រះគ្រីស្ទវិទ្យា ទៅដល់ការសិក្សាអំពីព្រះវិញ្ញាណបរិសុទ្ធ និងចាប់ពីការសិក្សាលំនាំ ទៅដល់ការបកស្រាយលម្អិត គឺគ្រាន់តែជាផលិតផលនៃគំនិតរបស់មនុស្សទាំងអស់។ ពួកគាត់គ្រាន់តែបង្រៀនទ្រឹស្តីផ្សេងៗ ដែលពួកអ្នកប្រាជ្ញបានបង្កើតឡើងតែប៉ុណ្ណោះ ដែលមិនខុសពីបទពិសោធន៍រៀនរបស់យើងនៅសាកលវិទ្យាល័យ ដែលរៀនពីទស្សនៈបែបទ្រឹស្តីនៅក្នុងការសិក្សាបែបលោកិយនេះ។ 
ពីមុន ខ្ញុំគឺជាមនុស្សម្នាក់ ដែលមិនយល់ពីព្រះគម្ពីរ។ ទោះបីជាខ្ញុំមានការហ្វឹកហ្វឺនស៊ីជ្រៅខ្លាំងយ៉ាងណា ឬមនុស្សជាច្រើនបានកោតសរសើរការយល់ដឹងទូលំទូលាយរបស់ខ្ញុំអំពីព្រះគម្ពីរយ៉ាងណា ឬដែលខ្ញុំយកចំណេះដឹងនេះធ្វើជាមូលដ្ឋានគ្រឹះសម្រាប់សេចក្តីអធិប្បាយរបស់ខ្ញុំយ៉ាងណាក៏ដោយ កាលណាខ្ញុំកាន់តែសិក្សាព្រះគម្ពីរ និងទេវសាស្ត្រ ខ្ញុំកាន់តែមានការសង្ស័យអំពីផ្លូវរបស់ខ្ញុំ។ ទីបំផុត ខ្ញុំបានដឹងដោយខ្លួនឯងថា ខ្ញុំគឺពិតជាមនុស្សល្ងង់ខ្លៅម្នាក់ និងថា ខ្ញុំត្រូវតែចាប់ផ្តើមពីដើមដំបូងមកវិញ។ ដូច្នេះ ខ្ញុំបានចាប់ផ្តើមលើកពីអ្វីដែលគេចាត់ទុកថាជាសំណួរចម្លែក និងអាក្រក់នៅក្នុងថ្នាក់រៀនរបស់ខ្ញុំ។ សំណួរមួយគឺ «ហេតុអ្វីព្រះយេស៊ូវទទួលបុណ្យជ្រមុជ?»។ ប៉ុន្តែខ្ញុំមិនដែលបានស្តាប់ឮចម្លើយច្បាស់លាស់ណាមួយសម្រាប់សំណួរនេះទេ។ គ្មានអ្នកណាម្នាក់ ដែលអាចផ្តល់ឲ្យខ្ញុំនូវចម្លើយត្រឹមត្រូវបានទេ ដែលថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ ពីលោកយ៉ូហាន-បាទ្ទីស ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់។ 
ខ្ញុំក៏មានសំណួរផ្សេងៗអំពីការអស្ចារ្យដែលព្រះយេស៊ូវបានធ្វើផងដែរ ដូចជាការអស្ចារ្យមួយ ដែលព្រះយេស៊ូវបានចម្អែតមនុស្សជាងប្រាំពាន់នាក់ ដោយនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ។ ដូច្នេះ ខ្ញុំបានសួរថា «នៅពេលព្រះយេស៊ូវបានប្រទានពរដល់នំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ តើផ្ទុះចេញនំប៉័ង និងត្រីជាច្រើនបែបនេះ តែម្តង ឬវាបន្តកើនឡើង នៅពេលអាហារនោះត្រូវបានចែកទៅដល់មនុស្សម្នាក់ៗ?»។ ជារឿយៗ ពួកគេស្តីបន្ទោសខ្ញុំ សម្រាប់ការលើកសំណួរបែបនេះឡើង។ 
នេះគឺជារបៀបដែលខ្ញុំបានដឹងថា «ដូច្នេះ នេះគឺជាអ្វីដែលហៅថា ទេវសាស្ត្រ។ យើងគ្រាន់តែរៀនអំពីអ្វីដែលលោក Frenchman Calvin បានធ្វើប្រព័ន្ធឲ្យក្លាយទៅជាទ្រឹស្តី និងការពន្យល់ស៊ីជម្រៅ។ យើងមិនដឹងអ្វីអំពីព្រះគម្ពីរឡើយ»។ ដូច្នេះ ខ្ញុំបានចាប់ផ្តើមការស្រាវជ្រាវយ៉ាងទូលំទូលាយ ដោយការចងក្រងការចេញផ្សាយរបស់និកាយជាច្រើន ហើយប្រៀបធៀបវាជាមួយព្រះគម្ពីរ។ ប៉ុន្តែខ្ញុំនៅតែមិនទទួលបានការយល់ដឹងអ្វីសោះ។
សេចក្តីបង្រៀនទាំងនោះមានការសន្និដ្ឋានដូចគ្នាថា កាលណាមនុស្សជឿព្រះយេស៊ូវ អំពើបាបរបស់ពួកគេនឹងរលាយបាត់បន្តិចម្តងៗ ពីព្រោះការអធិស្ឋានលន់តួរបស់ពួកគេញែកពួកគេជាបរិសុទ្ធ និងថា ពួកគេត្រឡប់ជាឥតមានទាំងស្រុង នៅពេលពួកគេស្លាប់ ហើយបន្ទាប់មក ពួកគេបានចូលទៅក្នុងស្ថានសួគ៌។ ភាពខុសគ្នាខាងនិកាយមិនជាបញ្ហាទេ ខណៈដែលពួកគេមានការសន្និដ្ឋានចម្បងថា គ្រីស្ទបរិស័ទត្រូវតែដេញតាមការអធិស្ឋានលន់តួអំពើបាប និងការញែកជាបរិសុទ្ធបន្តិចម្តងៗ ដែលជាអ្វីដែលមិនទាក់ទងនឹងព្រះបន្ទូលឡើយ។ ការអះអាងទាំងនេះដាច់ឆ្ងាយស្រឡះពីអ្វីដែលព្រះបន្ទូលព្រះនិយាយ។ ដូច្នេះ ខ្ញុំបានលុតជង្គង់នៅចំពោះព្រះ ហើយខិតខំទូលសូមសេចក្តីពិតរបស់ទ្រង់។ 
នេះគឺជាពេលដែលព្រះបានប្រៀនខ្ញុំអំពីដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។ សេចក្តីពិតនេះពិតជាបានធ្វើឲ្យខ្ញុំស្ញប់ស្ញែងមែន។ ហើយនៅពេលខ្ញុំបានដឹងថា សេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណមាននៅក្នុងកណ្ឌគម្ពីរទាំង៦៦កណ្ឌនៅក្នុងព្រះគម្ពីរ ភ្នែកខ្វាក់របស់ខ្ញុំត្រូវបានបើក ហើយខ្ញុំបានចាប់ផ្តើមមើលឃើញព្រះបន្ទូលនៅក្នុងព្រះគម្ពីរ យ៉ាងច្បាស់លាស់។ ខ្ញុំអាចយល់ពីរបៀបដែលព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីស៊ីគ្នា ហើយព្រះវិញ្ញាណបរិសុទ្ធបានយាងមកគង់នៅក្នុងចិត្តរបស់ខ្ញុំ នៅពេលខ្ញុំបានរកឃើញសេចក្តីពិតនេះ។ បន្ទាប់ពីបានមើលឃើញ និងយល់ព្រះបន្ទូលនៃសេចក្តីពិតនេះ អំពើបាបយ៉ាងច្រើន ដែលបានធ្វើទុក្ខដល់ចិត្តរបស់ខ្ញុំ និងទាញខ្ញុំចុះយ៉ាងខ្លាំង បានរលាយបាត់ទាំងស្រុង នៅក្នុងព្រះរាជកិច្ចនៃព្រះគុណ និងសេចក្តីស្រឡាញ់របស់ព្រះ។ 
ពន្លឺ និងអំណរដ៏ស្ងប់ស្ងាត់បានចូលមកក្នុងចិត្តរបស់ខ្ញុំ ដូចមានជារលកអង្កាញ់ៗ កាលណាយើងចោលដុំថ្មមួយទៅក្នុងទន្លេស្ងប់ស្ងាត់មួយ។ ពន្លឺនៅទីនេះ ខ្ញុំចង់មានន័យថា ខ្ញុំបានដឹងពីអ្វីដែលជាសេចក្តីពិតនៃព្រះបន្ទូល។ នៅវេលានេះហើយ ដែលព្រះវិញ្ញាណបរិសុទ្ធបានចូលមកក្នុងចិត្តរបស់ខ្ញុំ ហើយដោយសារព្រះវិញ្ញាណបរិសុទ្ធ ខ្ញុំអាចមើលឃើញព្រះបន្ទូលនៅក្នុងព្រះគម្ពីរបានយ៉ាងច្បាស់លាស់។ ចាប់ពីពេលនោះមក ខ្ញុំតែងតែបាមប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណជានិច្ច។
មកទល់សព្វថ្ងៃនេះ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបាននៅស្ថិតស្ថេរនៅក្នុងចិត្តរបស់ខ្ញុំ កំសាន្តចិត្ត និងពង្រឹងទឹកចិត្តខ្ញុំ ហើយរក្សាចិត្តរបស់ខ្ញុំឲ្យស្អាតជានិច្ច។ នៅពេលខ្ញុំនៅជាប់នឹងព្រះបន្ទូល ជាមួយនឹងការយល់ពីអន្ថន័យនៃព្រះបន្ទូល ខ្ញុំទទួលបានព្រះពរយ៉ាងស្ងប់ស្ងាត់ ដែលបំពេញចិត្តរបស់ខ្ញុំ ហើយចិត្តរបស់ខ្ញុំបានចាប់ផ្តើមហែលនៅក្នុងសមុទ្រនៃព្រះគុណ។ ដូច្នេះ ដូចដែលចិត្តរបស់ខ្ញុំបានពេញដោយព្រះពរនេះ កាលណាអ្នកជឿតាមព្រះបន្ទូលទ្រង់ អំពីសេចក្តីសង្រ្គោះនៃការបានកើតជាថ្មី ព្រះបន្ទូលព្រះក៏នឹងផ្តល់ព្រះពរ និងព្រះគុណទ្រង់ដល់អ្នកផងដែរ។ 
នៅពេលខ្ញុំបើកព្រះគម្ពីរ និងសញ្ជឹងគិតអំពីព្រះបន្ទូល គំនិតអន្ទះអន្ទែង និងទុក្ខព្រួយទាំងអស់របស់ខ្ញុំរលាយបាត់ ហើយចិត្តរបស់ខ្ញុំពេញទៅដោយអំណរ និងសន្តិភាព។ ខ្ញុំអាចឆ្លើយអំពីអត្ថន័យនៅក្នុងព្រះបន្ទូលទ្រង់បានជានិច្ច នៅពេលគេសួរខ្ញុំអំពីព្រះគម្ពីរ។ មានតែស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ទើបយើងអាចបរិភោគព្រះបន្ទូលព្រះបាន ហើយមានតែការបរិភោគព្រះបន្ទូលព្រះប៉ុណ្ណោះ ទើបយើងអាចបានកើតជាថ្មីបាន។ ដោយសារអ្នកដែលបានកើតជាថ្មី លែងមានបាបនៅក្នុងចិត្តទៀតហើយ ទោះបើព្រះអម្ចាស់យាង ត្រឡប់មកផែនដីនេះវិញនៅពេលណាក៏ដោយ ពួកគេទាំងអស់គ្នាត្រូវត្រៀមខ្លួនជាស្រេចសម្រាប់ការលើកឡើងទៅក្នុងពពក នៅពេលព្រះ អម្ចាស់លើកពួកគេឡើងទៅលើអាកាស។ 
 

ជំនឿដែលអាចដឹកនាំយើងទៅដល់ការលើងឡើងទៅក្នុងពពក

ការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក គឺជាអ្វីដែលយើងរង់ចាំ បន្ទាប់ពីទទួលបានសេចក្តីប្រោសលោះរបស់យើង ដោយការយល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នៅពេលយើងរង់ចាំវា យើងត្រូវតែរង់ចាំ ដោយមានការយល់ដឹងយ៉ាងច្បាស់លាស់អំពីពេលវេលាដែលព្រះបានកំណត់។ ពេលវេលាដែលព្រះបានកំណត់ គឺជាគ្រាទាំង៧ ហើយគ្រាសម្រាប់ទុក្ករកម្មគឺជាគ្រាសេះសម្បុរស្លាំង។ គ្រាសេះសម្បុរស្លាំងនេះគឺជាគ្រាទី៤ ដែលព្រះបានបង្កើតឡើង។ ចំណែកឯគ្រាដែលយើងកំពុងតែរស់នៅពេលនេះ គឺជាគ្រាទីបី ដែលហៅថា គ្រាសេះខ្មៅ។
នៅពេលយើងឡើងទៅលើភ្នំខ្ពស់មួយ យើងពឹងផ្អែកលើផែនទីមួយជាអ្នកនាំផ្លូវ។ ប៉ុន្តែដើម្បីឈានទៅដល់គោលដៅរបស់យើងដោយសុវត្ថិភាព ដោយការប្រើប្រាស់ផែនទីនេះ ជាដំបូង យើងត្រូវតែស្គាល់ពីទីតាំងរបស់យើងនៅត្រង់ណាសិន។ មិនថាអ្នកពូកែមើលផែនទី ឬផែនទីនោះមានភាពច្បាស់លាស់យ៉ាងណាទេ បើសិនអ្នកមិនស្គាល់កន្លែងដែលអ្នកកំពុងតែនៅទេ ផែនទីនោះត្រឡប់ជាឥតប្រយោជន៍ហើយ។ លុះត្រាអ្នកស្គាល់ទីតាំងរបស់អ្នកជាមុនសិន ទើបអ្នកអាចទៅដល់គោលដៅរបស់អ្នកដោយសុវត្ថិភាពបាន។ 
ដូចគ្នាដែរ លុះត្រាតាមរយៈការបានកើតជាថ្មី ដោយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទើបអ្នកអាចដឹងថា នៅពេលណាអ្នកនឹងត្រូវបានលើកឡើងទៅក្នុងពពក។ តាមព្រះគម្ពីរ ពេលវេលាត្រឹមត្រូវសម្រាប់ការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក គឺបន្ទាប់ពីពាក់កណ្តាលពេលវេលារងទុក្ខវេទនាដ៏ធំ៧ឆ្នាំកន្លងផុតតែបន្តិចប៉ុណ្ណោះ គឺបីឆ្នាំកន្លះទៅក្នុងការរងទុក្ខវេទនាដ៏ធំ។ នេះហើយគឺជាអ្វីដែលព្រះបានរៀបចំនៅក្នុងព្រះយេស៊ូវគ្រីស្ទ នៅពេលទ្រង់បានបង្កើតសាកលលោកនេះពីដំបូង។ 
ផែនការសង្រ្គោះរបស់ព្រះនៅក្នុងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់ត្រូវបញ្ជូនព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់មកកាន់ផែនដីនេះ ត្រូវអនុញ្ញាតឲ្យព្រះរាជបុត្រាទទួលបុណ្យជ្រមុជ និងសុគតនៅលើឈើឆ្កាង ហើយប្រោសទ្រង់ឲ្យរស់ពីសុគតឡើងវិញ មិនគ្រាន់តែជាផែនការប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានកំណត់ពេលវេលាសម្រាប់សាកលលោកផងដែរ ចាប់ពីការបង្កបង្កើត រហូតដល់ទីបញ្ចប់របស់វា ដោយគ្រាទាំង៧របស់ទ្រង់។ សូម្បីតែយើងគូប្លង់ មុនពេលសាងសង់ផ្ទះរបស់យើង និងរៀបគម្រោងជាមុនសម្រាប់ជំនួញរបស់យើង យើងក៍ដាក់កាលវិភាគពីអ្វីដែលយើងត្រូវធ្វើក្នុងមួយថ្ងៃផងដែរ។ ដូច្នេះ តើព្រះបានបង្កើតសាកលលោក មនុស្ស អ្នក និងខ្ញុំនៅក្នុងព្រះយេស៊ូវគ្រីស្ទ ដោយមិនមានគម្រោងដែរឬ? ពិតជាមិនដូច្នេះឡើយ! ទ្រង់បានបង្កើតយើងមក នៅក្នុងផែនការមួយ!
ផែនការនេះត្រូវបានបើកសម្តែងយ៉ាងច្បាស់លាស់នៅក្នុងព្រះបន្ទូលនៃការបើកសម្តែង។ នៅពេលយើងបើក និងពឹងផ្អែកលើព្រះបន្ទូលនេះ យើងអាចមើលឃើញពីអ្វីដែលជាផែនការរបស់ព្រះ។ ព្រះបន្ទូលនេះគឺជាសេចក្តីពិត។ ទោះបីជាព្រះបន្ទូលព្រះមានអាយុកាលរាប់ពាន់ឆ្នាំហើយក៏ដោយ វានៅតែជាសេចក្តីពិតដែលមិនមានការកែប្រែ និងផ្លាស់ប្តូរអ្វីទាំងអស់ គឺមិនមានការដកចេញ ឬការបន្ថែមអ្វីទាំងអស់។ អស់អ្នកដែលមិនដឹងពីការពិតនេះ និងមិនបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ នៅតែល្ងង់ខ្លៅចំពោះសេចក្តីពិតដែលព្រះបានបើកសម្តែងមកកាន់យើង ដោយព្រះបន្ទូលព្រះដដែល។ ប៉ុន្តែអស់អ្នកដែលពឹងផ្អែកលើព្រះបន្ទូល នឹងអាចរកឃើញ និងស្គាល់សេចក្តីពិតទាំងអស់ ដែលត្រូវបានបើកសម្តែងនៅក្នុងព្រះគម្ពីរបាន។
បទគម្ពីរដែលព្រះសន្យាប្រទាននំម៉ាន៉ារបស់ទ្រង់ដល់អស់អ្នកដែលយកឈ្នះ មានន័យថា ព្រះនឹងបើកសម្តែងព្រះបន្ទូលរបស់ទ្រង់ដល់អស់អ្នកដែលអាចបែងចែកសេចក្តីពិតចេពីសេចក្តីមិនពិត និងយកឈ្នះលើសេចក្តីកុហក ដោយការយល់ព្រះបន្ទូលនៃសេចក្តីពិតរបស់ទ្រង់ប៉ុណ្ណោះ។ ព្រះបានសន្យាជាមួយយើងថា អស់អ្នកដែលជឿតាមដំណឹងល្អ ទ្រង់នឹងប្រទានព្រះពរនៃការបានបរិភោគនំម៉ាន៉ារបស់ទ្រង់៖ «អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានព្រះបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគនំម៉ាន៉ាដ៏លាក់កំបាំង ហើយនិងឲ្យគ្រួសស១ដល់អ្នកនោះ នៅគ្រួសនោះមានឆ្លាក់ជាឈ្មោះថ្មី ដែលគ្មានអ្នកណាស្គាល់ឡើយ ស្គាល់បានតែអ្នកដែលទទួលប៉ុណ្ណោះ»។ 
នំម៉ាន៉ាអាថ៌កំបាំងនៅទីនេះ មានន័យថា ព្រះបន្ទូលព្រះ។ ម៉្យាងវិញទៀត គ្រួសសមានន័យថា ឈ្មោះរបស់យើងនឹងត្រូវបានកត់ទុកនៅក្នុងបញ្ជីជីវិត។ កាលណាមនុស្សជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ចិត្តរបស់ពួកគេផ្លាស់ប្តូរ។ ដោយមានចិត្តពេញដោយព្រះបន្ទូលរបស់ព្រះវិញ្ញាណ ពួកគេនឹងដឹងថា តាមរយៈការជឿតាមព្រះបន្ទូល អំពើបាបទាំងអស់របស់ពួកគេបានរលុបបាត់ហើយ។ ដូច្នេះ ដោយបានស្អាតដោយសារទឹក និងព្រះវិញ្ញាណ ឈ្មោះរបស់ពួកគេត្រូវបានកត់នៅលើគ្រួសស។
ព្រះប្រាប់យើងថា គ្មានអ្នកណាម្នាក់ដឹងពីឈ្មោះថ្មីនេះទេ លើកលែងតែអ្នកដែលទទួលបានឈ្មោះនេះ។ អស់អ្នកដែលទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់ខ្លួន ត្រូវតែដឹងថា ចិត្តរបស់ពួកគេលែងមានបាបទៀតហើយ និងថា ឈ្មោះរបស់ពួកគេត្រូវបានកត់ទុកនៅក្នុងបញ្ជីជីវិតរួចហើយ។ នៅក្នុងន័យផ្សេង ពួកគេដឹងថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានដោះអំពើបាបទាំងអស់ ចេញពីចិត្តរបស់ពួកគេរួច ហើយ។ មានតែអ្នកដែលបានកើតជាថ្មី ដោយការយល់ព្រះបន្ទូលពិតអំពីទឹក និងព្រះវិញ្ញាណ និងទទួលបានសេចក្តីប្រោសលោះទេ ទើបអាចស្គាល់ព្រះអម្ចាស់ និងសេចក្តីពិតបាន។ ប៉ុន្តែអស់អ្នកដែលមិនបានកើតជាថ្មី មិនដឹងថា ពួកគេមិនទាន់បានកើតជាថ្មីនៅឡើយទេ។ ហើយអ្នកដែលបានកើតជាថ្មី អាចចំណាំមនុស្សទាំងនេះបានយ៉ាងងាយស្រួលថា ពួកគេមិនទាន់បានបរិភោគនំម៉ាន៉ានៅឡើយទេ និងថា ឈ្មោះរបស់ពួកគេមិនទាន់ត្រូវបានកត់ទុកនៅលើថ្មដាពណ៌សនៅឡើយទេ។ 
តើអ្នកចង់ឲ្យទ្រង់លើកអ្នកឡើងទៅក្នុងពពកដែរ? បើសិនអ្នកចង់ អ្នកត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់បរិភោគនំម៉ាន៉ាជាមុន សិន។ លក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បរិភោគនំម៉ាន៉ា ខ្ញុំចង់មានន័យថា អ្នកត្រូវតែបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណជាមុនសិន។ ដើម្បីបរិភោគនំម៉ាន៉ា អ្នកក៏ត្រូវតែតយុទ្ធ និងយកឈ្នះលើសេចក្តីកុហកទាំងឡាយ ដោយជំនឿរបស់អ្នកផងដែរ។ ពួកគ្រូក្លែងក្លាយមិននាំសេចក្តីល្បួងដល់មនុស្សមានបាបទេ ប៉ុន្តែការបំផ្លាញព្រលឹងរបស់ពួកគេ និងទ្រព្យសម្បត្តិលោកិយតែប៉ុណ្ណោះ។ ដូច្នេះ យើងត្រូវតែតយុទ្ធ និងយកឈ្នះលើពួកជំនុំក្លែងក្លាយ ហោរាក្លែងក្លាយ និងអ្នកបម្រើក្លែងក្លាយនៅក្នុងជំនឿគ្រីស្ទបរិស័ទសព្វថ្ងៃនេះ។ 
ដោយផ្អែកលើព្រះគម្ពីរ អ្នកត្រូវតែដឹងយ៉ាងច្បាស់លាស់ពីរបៀបដែលព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញ មូលហេតុដែលទ្រង់បានទទួលបុណ្យជ្រមុជ មូលហេតុដែលទ្រង់បានផ្ទុកអំពើបាបទាំងអស់របស់លោកិយទៅលើអង្គទ្រង់ មូលហេតុដែលទ្រង់បានសុគតនៅលើឈើឆ្កាង មូលហេតុដែលទ្រង់បានមានព្រះជន្មរស់ពីសុគតឡើង វិញ។ យើងត្រូវតែដឹងយ៉ាងច្បាស់លាស់ពីមូលហេតុដែលព្រះយេស៊ូវបានយាងមកផែនដីនេះ ជាសាច់ឈាម និងបានធ្វើគ្រប់ការទាំងនេះ ហើយយើងត្រូវតែដឹងថា ព្រះយេស៊ូវពិតជាអ្នកណា។ ប៉ុន្តែពួកជំនុំក្លែងក្លាយ ផ្ទុយពីការបង្រៀនពីសេចក្តីពិតទាំងនេះ ហៅមនុស្សដែលចូលរួមជាមួយពួកគេថា «មនុស្សបរិសុទ្ធម្នាក់» តាមអំណាចផ្ទាល់ខ្លួនពួកគេ។ ពួកគេគ្រាន់តែសួរថា «តើអ្នកជឿលើព្រះយេស៊ូវដែរទេ?»។ បើសិនចម្លើយគឺ «បាទ យើងជឿ» នោះពួកជំនុំក្លែងក្លាយទាំងនេះចាត់ទុកពួកគេជាពួកបរិសុទ្ធភ្លាមតែម្តង ធ្វើបុណ្យជ្រមុជឲ្យពួកគេក្នុងរយៈពេលប្រហែលមួយឆ្នាំ ហើយបន្ទាប់មកដកហូតតង្វាយគ្រប់ប្រភេទពីពួកគេ ចាប់ពីតង្វាយអរព្រះគុណ ដល់តង្វាយពិសេស ដើម្បីថ្វាយសម្រាប់អាគារព្រះវិហារថ្មីស្រឡាងមួយ។ ពួកជំនុំបែបនេះ ដែលរវល់តែពីប្រាក់ និងសេចក្តីលោភលន់ ដើម្បីសាងសង់អាគារធំទំនើប គឺសុទ្ធតែជាពួកជំនុំក្លែងក្លាយទាំងអស់។
នៅពេលយើងបរិភោគនំម៉ាន៉ា យើងត្រូវតែតយុទ្ធជាមួយពួកជំនុំក្លែងក្លាយទាំងនេះ និងអស់អ្នកដែលប្រកាសដំណឹងល្អក្លែងក្លាយ។ បើសិនយើងចាញ់សង្រ្គាមរបស់យើង វាមានន័យថា យើងលែងជាពួកបរិសុទ្ធរបស់ព្រះទៀតហើយ ប៉ុន្តែក៏មានន័យផងដែរថា ទ្រង់នឹងមិនលើកយើងឡើងទៅក្នុងពពកទេ។ ដែលមិនមែនជាពួកបរិសុទ្ធរបស់ព្រះ គឺស្មើនឹងមិនមែនជាកូនរបស់ព្រះ ហើយទោះបើព្រះគ្រីស្ទត្រូវយាងត្រឡប់មកវិញសម្រាប់លើកទី១០០ក៏ដោយ ក៏ទ្រង់នឹងមិនលើកយើងឡើងទៅដែរ។ 
ម៉ាថាយ ២៥ ប្រាប់យើងអំពីរឿងប្រៀបប្រដូចអំពីកូនក្រមុំទាំងដប់នាក់ ដែលប្រាំនាក់មានប្រាជ្ញា និងប្រាំនាក់ទៀតល្ងង់។ វាប្រាប់យើងថា កូនក្រមុំល្ងង់ទាំងប្រាំបានយកចង្កៀងរបស់ខ្លួន តែឥតមានប្រេង ហើយបានចេញទៅទិញប្រេង បន្ទាប់ពីការប្រកាសអំពីការមកដល់របស់កូន កម្លោះ។ ដូច្នេះ យើងត្រូវតែធ្វើជាកូនក្រមុំមានប្រាជ្ញា ដែលបានត្រៀមប្រេងទុកជាមុន។ ដោយការមានសេចក្តីជំនឿនៃការត្រៀមប្រេងជាស្រេច ខ្ញុំមានន័យថា យើងត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបរិភោគនំម៉ាន៉ានៅចំពោះព្រះយេស៊ូវ យកឈ្នះលើពួកកុហក និងបានកើតជាថ្មី ដោយសារព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណ។ 
នៅពេលយើងស្តាប់ឮសេចក្តីអធិប្បាយមួយ យើងត្រូវតែសួរខ្លួនឯងថា តើគ្រូគង្វាលនោះកំពុងតែអធិប្បាយព្រះបន្ទូលព្រះដែរទេ? ហើយយើងក៏ត្រូវសួរថា តើពួកជំនុំចំណាយប្រាក់ តាមព្រះហឫទ័យព្រះ សម្រាប់ការងារ ឬតាមចិត្តរបស់ពួកជំនុំ? នៅក្នុងន័យផ្សេង យើងត្រូវតែស្វែងរកពួកជំនុំពិតនៃព្រះ។ ចូរកុំនៅក្បែរពួកជំនុំដែលប្រើតែបបូរមាត់អធិប្បាយព្រះបន្ទូលព្រះ និងសេចក្តីបង្រៀនរបស់ទ្រង់ប៉ុណ្ណោះ។
ទោះបីជាពួកគេពូកែនិយាយ និងលន់តួយ៉ាងណាក៏ដោយ ក៏ទង្វើរបស់ពួកគេនឹងប្រាប់អ្នកពីអ្វីដែលពួកគេពិតជាចង់បានដែរ។ ពួកគេចាប់អារម្មណ៍ខ្លាំងទៅលើការសាងសង់អាគារព្រះវិហារធំជាង ឬពួកគេថែរក្សាពួកអ្នកក្រ ឬយកចិត្តតែពួកអ្នកមាន ឬពួកគេចាប់អារម្មណ៍លើការសង្រ្គោះព្រលឹង។ ព្រះបានប្រទានដល់អ្នកនូវភ្នែក និងត្រចៀករបស់អ្នក ដើម្បីឲ្យអ្នកអាចមើលឃើញ និងវិនិច្ឆ័យសម្រាប់ខ្លួនអ្នកណា។ ដូច្នេះ កាលណាអ្នកមានការសន្និដ្ឋានថា ពួកជំនុំរបស់អ្នកមិនមែនជាពួកជំនុំត្រឹមត្រូវទេ ចូរកុំស្ទាក់ស្ទើរក្នុងការចាកចេញពីវាភ្លាម ពីព្រោះការបន្តចូលរួមពួកជំនុំខុសឆ្គងបែបនេះ គឺដូចជាការព្យាយាមធ្លាក់ទៅក្នុងស្ថាននរកដែរ ហើយអ្នកអាចនឹងបាត់បង់ជីវិតរបស់អ្នកបាន។
តើអ្នកដឹងថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណមានភាពអស្ចារ្យយ៉ាងណាដែរទេ? នៅពេលអ្នកស្គាល់ និងទទួលយកសេចក្តីពិតនេះនៅក្នុងចិត្តរបស់អ្នក អ្នកនឹងក្លាយជាមនុស្សម្នាក់ថ្មីទាំងស្រុង។ អ្នកដែលជារបស់លោកិយនេះពីមុន ឥឡូវនេះក្លាយជារបស់ស្ថានសួគ៌ ហើយអ្នកដែលត្រូវរងទុក្ខ ដោយសារវិញ្ញាណអាក្រក់ ឥឡូវនេះ មានសេរីភាពវិញ។
វិញ្ញាណអាក្រក់អាចចូលទៅក្នុង និងធ្វើទុក្ខព្រលឹងរបស់អ្នកដែលមានបាបនៅក្នុងចិត្ត និងជាប់ច្រវ៉ាក់នៃអំពើបាបរបស់ពួកគេ។ ប៉ុន្តែព្រះ អម្ចាស់បានយាងមកផែនដីនេះ ហើយបានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដោយសារទ្រង់បានដោះអំពើបាបរបស់យើងចេញទាំងស្រុងហើយ វិញ្ញាណអាក្រក់លែងអាចធ្វើទុក្ខ ឬលួចព្រលឹងរបស់យើងបានទៀតហើយ។ ដូច្នេះហើយបានជាកាលណាអ្នកស្គាល់ និងជឿតាមដំណឹងល្អនេះ វិញ្ញាណអាក្រក់ត្រូវបានបណ្តេញចេញ ហើយជីវិតរបស់អ្នកមានការផ្លាស់ប្តូរ។
នៅក្នុងន័យផ្សេង អ្នកដែលជាអ្នកបម្រើលោកិយនេះ បានរួចពី សេវគតិភាពនេះ។ ព្រះបានធ្វើកិច្ចការដ៏អស្ចារ្យនៃការធ្វើឲ្យមនុស្សមានបាបក្លាយជាមនុស្សសុចរិត និងការធ្វើឲ្យអ្នកដែលជារបស់លោកិយនេះ ក្លាយជារបស់ស្ថានសួគ៌វិញ ហើយនៅពេលព្រះអម្ចាស់យាងត្រឡប់មកវិញ ទ្រង់នឹងលើកពួកគេឡើងនៅក្នុងនគររបស់ទ្រង់។ 
ជីវិតរបស់យើងនៅផែនដីនេះ មិនមែនជាចុងបញ្ចប់របស់យើង ឡើយ។ ដោយបានបង្កើយយើងតាមរូបអង្គទ្រង់ ព្រះមិនបានដាក់យើងនៅលើផែនដីនេះ ឲ្យរស់នៅតែមួយភ្លែតទេ។ ជីវិតខាងសាច់ឈាមរបស់យើងពិតជាខ្លីមែន។ នៅពេលយើងបញ្ចប់ការសិក្សា យើងឈានដល់អាយុពាក់កណ្តាល២០ឆ្នាំរួចទៅហើយ។ នៅពេលយើងមានវ័យ៣០ឆ្នាំរបស់យើងព្យាយាមសាងសង់មូលដ្ឋានគ្រឹះសម្រាប់ជីវិតរបស់យើង ហើយនៅពេលមូលដ្ឋានគ្រឹះនេះរួចរាល់ឲ្យយើងសាងសង់បន្តពីលើ យើងឈានដល់វ័យ៤០ ឬ៥០ឆ្នាំរបស់យើងបាត់ទៅហើយ។ នៅពេលយើងគិតថា ទីបំផុត យើងគ្រប់គ្រងជីវិតរបស់យើងបានហើយ ពេលវេលាជីវិតទាំងស្រុងរបស់យើងបានកន្លងទៅរួចទៅហើយ ហើយបន្ទាប់មក យើងប្រឈមនឹងទីបញ្ចប់នៃជីវិតរបស់យើង។ ដូចដែលផ្ការីកនៅពេលព្រឹក ហើយក្រៀមស្វិតនៅពេលល្ងាច នៅពេលយើងគិតថា បំផុត យើងគ្រប់គ្រងជីវិតរបស់យើងបានហើយ យើងដឹងថា ពេលវេលារបស់យើងបានកន្លងផុតទៅហើយ និងថា យើងកំពុងតែសម្លឹងទៅឯទីបញ្ចប់របស់វាតែប៉ុណ្ណោះ។
ដូច្នេះ ជីវិតមានរយៈពេលខ្លីណាស់។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយជាងនេះទៅទៀតគឺថា មានមនុស្សយ៉ាងច្រើន ដែលមិនទាំងដឹងពីភាពខ្លីនៃជីវិតនេះផង។ ប៉ុន្តែទីបញ្ចប់នៃជីវិតរបស់យើងនៅក្នុងសាច់ឈាមនេះ មិនមែនជាទីបញ្ចប់របស់យើងឡើយ ពីព្រោះវាគ្រាន់តែជាការចាប់ផ្តើមនៃជីវិតខាងវិញ្ញាណនៃព្រលឹងរបស់យើងប៉ុណ្ណោះ។ ហេតុអ្វី? ពីព្រោះដើម្បីទូទាត់សងយើងសម្រាប់ភាពខ្លីនៃជីវិតរបស់យើងនៅលើផែនដីនេះ ព្រះបានត្រៀមសម្រាប់យើងនូវនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលយើងនឹងត្រូវរស់នៅអស់កល្បជានិច្ច។ នេះគឺជាព្រះពរនៃជីវិតអស់កល្បជានិច្ច ដែលទ្រង់ប្រទានដល់អស់អ្នកដែលបានកើតជាថ្មី ដោយការជឿតាមព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណរបស់ទ្រង់តែប៉ុណ្ណោះ។ 
លុះត្រាតែអ្នកបរិភោគនំម៉ាន៉ាអាថ៌កំបាំង ហើយឈ្មោះរបស់អ្នកត្រូវតែកត់នៅលើថ្មដាពណ៌ស ទើបអ្នកអាចត្រូវបានលើកឡើងទៅក្នុងពពកបាន។ ព្រះប្រាប់យើងថា មានតែអ្នកដែលបរិភោគនំម៉ាន៉ារបស់ទ្រង់ទេ ដែលអាចយកឈ្នះលើសាតាំង ក្នុងកំឡុងគ្រារងទុក្ខវេទនាដ៏ធំ និងថា មានតែឈ្មោះរបស់អ្នកដែលយកឈ្នះទេ ដែលត្រូវបានកត់ទុកនៅលើថ្មដាពណ៌ស។ ដូច្នេះ អ្នកដែលមិនយកឈ្នះ មិនគួរស្រម៉ៃអំពីការត្រូវបានលើកឡើងទៅក្នុងពពក ឬការបានកើតជាថ្មីទេ។ 
យើងត្រូវមានការលះបង់ដ៏ធំ ដើម្បីថែរក្សាអ្វីដែលមានតម្លៃពិសេស។ ឧទាហរណ៍ល្អមួយគឺ មាស។ វាត្រូវចំណាយការខិតខំ ពេលវេលា និងការប្រថុយប្រថានយ៉ាងខ្លាំង ក្នុងការរុករកមាស។ មនុស្សជាច្រើនបានស្លាប់នៅក្នុងអណ្តូងរ៉ែមាស មុនពេលពួកគេអាចស្វែងរកដុំមាសមួយដុំ។ ការរុករកមាសនៅក្នុងដីល្បប់ក៏មានការលំបាកខ្លាំងផងដែរ។ កើបដីមួយឡានរយៈពេលមួយថ្ងៃពេញ បង្កើតជាចំនួនមាសតែមួយនាទីប៉ុណ្ណោះ។ លើសពីនេះ យើងមិនអាចរុករកមាសនៅក្នុងគ្រប់ទន្លេទេ ប៉ុន្តែយើងត្រូវតែស្វែងរកទន្លេមួយ ដែលមានមាស។ នៅក្នុងន័យផ្សេង យើងត្រូវចំណាយការខិតខំយ៉ាងខ្លាំង ក្នុងការស្វែងរកមាស ដែលពេលខ្លះ យើងត្រូវចំណាយជីវិតផង។ ដូច្នេះ ហេតុអ្វីមនុស្សព្យាយាមស្វែងរកមាស? ពួកគេធ្វើដូច្នេះ ពីព្រោះពួកគេចាត់ទុកមាសជារបស់មានតម្លៃ ទោះបើត្រូវប្រថុយជីវិតរបស់ពួកគេក៏ដោយ។
ប៉ុន្តែអ្វីដែលមានតម្លៃ និងពិសេសជាងមាស និងប្រាក់ គឺការពិតថា យើងអាចធ្វើជាកូនរបស់ព្រះបាន។ មាសអាចនាំសុភមង្គលបណ្តោះ អាសន្តខ្លះដល់សាច់ឈាមរបស់អ្នកបាន ប៉ុន្តែការបានធ្វើជាកូនរបស់ព្រះនាំមកនូវសុភមង្គលដ៏អស់កល្បជានិច្ចដល់អ្នក។ ដើម្បីត្រូវបានលើកឡើងទៅក្នុងពពកនៅថ្ងៃចុងក្រោយ ដើម្បីទទួលបានទ្រព្យសម្បត្តិ សេចក្តីចម្រុងចម្រើន និងកិត្តិយសនៅក្នុងនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី និងជីវិតអស់កល្បជានិច្ច ឥឡូវនេះ អ្នកត្រូវតែតយុទ្ធជាមួយសេចក្តីកុហកទាំងអស់នៅផែនដីនេះ ជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ការពារជំនឿរបស់អ្នក និងធានាពីជ័យជំនះរបស់អ្នក។
មានសេចក្តីកុហកយ៉ាងច្រើននៅក្នុងលោកិយនេះ ដែលតែងតែរកឱកាសឆក់យកចិត្តរបស់យើង ដើម្បីធ្វើឲ្យយើងបាត់បង់ជំនឿ។ អស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងមានសេចក្តីពិតនៅក្នុងចិត្តរបស់ពួកគេ ពិតជាដឹងថា ជំនឿរបស់ពួកគេមានតម្លៃពិសេសខ្លាំងយ៉ាងណា។ ហើយដោយសារពួកគេដឹងតម្លៃពិសេសនៃជំនឿនេះ ពួកគេ តយុទ្ធជាមួយសេចក្តីបង្រៀនខុសឆ្គងទាំងអស់ ដែលព្យាយាមលួចជំនឿនេះពីពួកគេ។ បើសិនយើងដឹងថា មនុស្សជាច្រើនទន្ទឹងចង់បានជំនឿនេះខ្លាំងយ៉ាងណា ប៉ុន្តែមិនទាន់អាចទទួលវាបាន ហើយបើសិនយើងដឹងថា មានតែជំនឿនេះទេ ដែលនឹងជួយឲ្យមានការស្វាគមន៍ចំពោះយើងនៅពិធីមង្គលការរបស់កូនចៀម និងផ្តល់នូវជីវិតអស់កល្បជានិច្ច យើងត្រូវតែយកវាធ្វើជាកម្មសិទ្ធិឲ្យបាន ហើយមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ឆក់យកវាចេញពីយើងឡើយ។ នេះហើយគឺជាជំនឿដែលតយុទ្ធ និងយកឈ្នះ។
ខ្ញុំមើលឃើញពីសេចក្តីត្រូវការផ្សព្វផ្សាយចំណេះដឹង និងការយល់ដឹងត្រឹមត្រូវអំពីព្រះបន្ទូលនៃការបើកសម្តែង ដើម្បីធ្វើឲ្យប្រាកដថា អ្នកអាចការពារដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដ៏មានតម្លៃពិសេសបាន ពីព្រោះខ្ញុំបានដឹងថា ពួកគ្រូក្លែងក្លាយជាច្រើននឹងព្យាយាមប្រើព្រះបន្ទូលនៃការបើកសម្តែង ដើម្បីបោកបញ្ឆោត និងបង្កភាពច្របូកច្របល់ដល់អ្នកមិនជឿ និងពួកបរិសុទ្ធដែលបានកើតជាថ្មីផង។ នេះហើយគឺជាមូលហេតុដែលខ្ញុំកំពុងតែប្រកាសព្រះបន្ទូលនៃការបើកសម្តែង តាមរយៈសៀវភៅ និងសេចក្តីអធិប្បាយរបស់ខ្ញុំ ដើម្បីធានាថា អ្នកអាចរស់ក្នុងជីវិតនៃជំនឿ ជាមួយជំនឿ និងការយល់ដឹងត្រឹមត្រូវ នៅថ្ងៃចុងក្រោយបាន។
កណ្ឌគម្ពីរវិវរណៈផ្តល់ឲ្យយើងនូវសេចក្តីពិតមួយដែលសំខាន់យ៉ាងខ្លាំងក្រៃលែង។ ប៉ុន្តែព្រះបន្ទូលនៃការបើកសម្តែងនេះ មិនបើកសម្តែងអ្វីទៅកាន់អស់អ្នកដែលមិនអាចបរិភោគនំម៉ាន៉ាអាថ៌កំបាំងរបស់ព្រះបាន និងមិនមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់ពួកគេបានឡើយ។ ចាប់ពីទីសម្គាល់នៃថ្ងៃចុងក្រោយ ទៅដល់ការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក សេចក្តីសង្ឃឹមរបស់គ្រីស្ទបរិស័ទម្នាក់ៗ ទៅដល់ផ្ទៃមេឃថ្មី និងផែនដីថ្មី ផែនការពិសេសមួយត្រូវបានកត់ត្រាទុកនៅក្នុងព្រះបន្ទូលនៃការបើកសម្តែង។ ប៉ុន្តែដោយសារប្រាជ្ញារបស់ព្រះ ដែលមិនបើកសម្តែងសេចក្តីអាថ៌កំបាំងរបស់ទ្រង់ទៅកាន់មនុស្សគ្រប់គ្នា កណ្ឌគម្ពីរវិវរណៈនៅតែជាអត្ថបទពិបាកមួយ ដែលមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចយល់បាន ឡើយ។ គ្មានអ្នកណាក្រៅពីអស់អ្នកដែលបានបរិភោគនំម៉ាន៉ារបស់ព្រះ និងអស់អ្នកដែលមានឈ្មោះកត់ទុកនៅលើគ្រួសស ដោយការបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ និងការយកឈ្នះលើសេចក្តីកុហកទេ ដែលអាចយល់ពីព្រះបន្ទូលនៃការបើកសម្តែងបាន។ 
នេះគឺជាមូលហេតុដែលនៅក្នុងភាពល្ងង់ខ្លៅរបស់ពួកគេ អស់អ្នកដែលមិនបានកើតជាថ្មី និយាយអំពីការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកមុនពេល ឬក្រោយពេលការរងទុក្ខវេទនាដ៏ធំ និងជាមូលហេតុដែលឥឡូវនេះ យើងមើលឃើញមានមនុស្សមួយចំនួន ដែលអះអាងថា នគររាជ្យមួយពាន់ឆ្នាំគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ។ ព្រះបន្ទូលព្រះគឺជាសេចក្តីពិត ហើយប្រាប់យើងយ៉ាងច្បាស់លាស់ថា ការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកនឹងកើតឡើង បន្ទាប់ពីពាក់កណ្តាលនៃគ្រារងទុក្ខវេទនាដ៏ធំរយៈពេល៧ឆ្នាំតែបន្តិចប៉ុណ្ណោះ គឺបន្ទាប់ពីទុក្ករកម្មរបស់ពួកបរិសុទ្ធ និងការរស់ពីស្លាប់ឡើងវិញរបស់ពួកគេ។ 
ខ្ញុំសូមប្រាប់ថា ការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក ខណៈដែលមនុស្សកំពុងតែរស់នៅប្រចាំថ្ងៃ ការដែលអ្នកបើកបរយន្តហោះបាត់ខ្លួនមួយរំពេច និងការដែលម្តាយបាត់ខ្លួនពីតុអាហារពេលល្ងាច នឹងមិនកើតឡើងឡើយ។ ប៉ុន្តែការលើកឡើងទៅក្នុងពពកនឹងកើតឡើង នៅពេលគ្រោះកាចដ៏ធំធ្លាក់មកលើផែនដីនេះ ការរញ្ជួយដីបំផ្លាញគ្រប់យ៉ាង ផ្កាយធ្លាក់ពីមេឃ ហើយផែនដីប្រេះបែក។ នៅក្នុងន័យផ្សេង ការលើកឡើងទៅក្នុងពពកនឹងមិនកើតឡើង នៅថ្ងៃដែលមានសន្តិភាពទាំង កណ្តាលថ្ងៃនោះឡើយ។ 
ផ្កាយមិនទាន់ធ្លាក់មកនៅឡើយ មួយភាគបីនៃពិភពលោកនេះមិនទាន់ឆេះអស់នៅឡើយ ហើយសមុទ្រនៅមិនទាន់ប្រែទៅជាឈាមនៅ ឡើយ។ តើខ្ញុំចង់មានន័យយ៉ាងដូចម្តេច? ខ្ញុំចង់មានន័យថា ឥឡូវនេះមិនមែនជាពេលវេលាសម្រាប់ការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកទេ។ ព្រះប្រាប់យើងថា ទ្រង់នឹងប្រទានទីសម្គាល់ដល់យើង ដែលយើងទាំងអស់គ្នាអាចដឹងជាមុនពីការលើកឡើងទៅក្នុងពពកនេះ។ ទីសម្គាល់ទាំងនេះគឺជាគ្រោះមហន្តរាយទាំងឡាយ ដែលនឹងធ្លាក់មកលើផែនដីនេះ គឺមួយភាគបីនៃសមុទ្រ និងទន្លេប្រែក្លាយជាឈាម មួយភាគបីនៃព្រៃឈើត្រូវឆេះអស់ ផ្កាយធ្លាក់ពីមេឃ និងទឹកត្រឡប់ជាផឹកមិនបាន។ 
ដូច្នេះ កាលណាពិភពលោកនេះប្រឈមនឹងទុក្ខវេទនាដ៏ធំ អាទទឹងនឹងព្រះគ្រីស្ទនឹងលេចមក ដើម្បីរៀបចំសណ្តាប់ធ្នាប់។ ការលេចមកលើកទីមួយគឺជាអ្នកដឹកនាំពិភពលោកដ៏គួរឲ្យកត់សម្គាល់ម្នាក់ ហើយជាចុងក្រោយ វានឹងក្លាយទៅជាជនផ្តាច់ការម្នាក់ ដែលនឹងគ្រប់គ្រងពិភពលោកនេះ ដោយអំណាចផ្តាច់ការរបស់វា។ ព្រះគម្ពីរប្រាប់យើងថា គឺនៅពេលនេះហើយ ដែលអំណាចគ្រប់គ្រងផ្តាច់ការរបស់អាទទឹងនឹងព្រះគ្រីស្ទត្រូវបានបង្កើតឡើង ហើយព្រះអម្ចាស់នឹងយាងមកផែនដីនេះ ដើម្បីនាំពួកបរិសុទ្ធរបស់ទ្រង់ទៅ។ ការលើកពួកបរិសុទ្ធឡើងទៅក្នុងពពកនឹងមិនកើតឡើងឡើយ ដរាបណាគ្រាទុក្ខវេទនាដ៏ធំមិនទាន់កើតឡើង ហើយអាទទឹងនឹងព្រះគ្រីស្ទមិនទាន់លេចមក។ 
នៅក្នុងន័យផ្សេង វាមិនពិតទេ បើសិនអ្នកណាម្នាក់ឈប់ធ្វើការ ឈប់ទៅសាលា គឺឈប់ធ្វើអ្វីទាំងស្រុងនៅក្នុងជីវិតរបស់គាត់ ហើយគិតថា គាត់នឹងត្រូវបានលើកឡើងទៅក្នុងពពកក្នុងពេលដ៏ឆាប់ ខណៈដែលការពិតគឺថា សញ្ញាទាំងនេះដែលព្រះបានសន្យាមិនទាន់មកដល់នៅ ឡើយ។ ដូច្នេះ អ្នកមិនត្រូវចាញ់បោកគេ តាមរបៀបនេះឡើយ ពីព្រោះនេះគឺជាអន្ទាក់នៃសេចក្តីកុហករបស់សាតាំងទេ។ 
យើងត្រូវតែប្រយុទ្ធជាមួយ និងយកឈ្នះលើគ្រប់យ៉ាង ដែលសេចក្តីបង្រៀនខុសឆ្គងទាំងនោះបង្កើតឡើង ដើម្បីដាក់អន្ទាក់យើង។ ជំនឿតែមួយដែលអាចយកឈ្នះលើសេចក្តីបង្រៀនខុសឆ្គងទាំងនោះបាន គឺជាជំនឿនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ អស់អ្នកដែលជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលបានដោះអំពើបាបទាំងអស់របស់ពួកគេចេញ បានរួចទាំងស្រុងពីច្រវ៉ាក់នៃអំពើបាបទាំងនេះ។ ដោយសារព្រះយេស៊ូវបានដាក់អំពើបាបរបស់យើងទៅលើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយដោយសារទ្រង់បានទិញយើង ដោយព្រះលោហិតទ្រង់ផ្ទាល់ ដែលបានលាងសម្អាតអំពើបាបរបស់យើងចេញ យើងបានទទួលសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍របស់ទ្រង់ ដោយការជឿលើការទាំងអស់ ដែលព្រះអម្ចាស់បានធ្វើសម្រាប់យើង គឺដោយជំនឿតែមួយគត់។ ឥឡូវនេះ អស់អ្នកដែលជឿតាមព្រះបន្ទូលនេះ បានធ្វើជាកូនរបស់ព្រះ ហើយពួកគេនឹងយកឈ្នះនៅក្នុងផែនការទាំងអស់ ដែលព្រះបង្កើតឡើងសម្រាប់ពួកគេ។ 
ម៉្យាងវិញទៀត ការតែមួយគត់ដែលរង់ចាំពួកកុហក ដែលអះអាងថា ពួកគេជឿលើព្រះយេស៊ូវ តែចិត្តរបស់ពួកគេនៅតែមានបាប និងដែលដេញតាមសេចក្តីលោភលន់របស់ពួកគេនៅក្នុងការបម្រើព្រះអម្ចាស់ គឺជាទណ្ឌកម្មដែលពួកគេនឹងប្រឈមជាមួយសាតាំង។ ដូច្នេះហើយបានជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណរបស់យើងមានតម្លៃយ៉ាងខ្លាំង។ មានតែអ្នកដែលស្គាល់ដំណឹងល្អនេះ និងដែលស្គាល់ដំណឹងល្អពិត និងដំណឹងល្អក្លែងក្លាយប៉ុណ្ណោះ ទើបអាចបរិភោគនំម៉ាន៉ាអាថ៌កំបាំងរបស់ព្រះ យកឈ្នះលើសេចក្តីកុហកទាំងអស់នៅទីបញ្ចប់ និងចូលទៅក្នុងនគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មីបាន។ ចូរអានព្រះបន្ទូលសម្រាប់ខ្លួនអ្នក ដើម្បីមើលឃើញពីអ្វីដែលជាសេចក្តីពិតដែលអាចសង្រ្គោះអ្នក ហើយផ្តល់សេចក្តីសង្ឃឹម និងជីវិតអស់កល្បជានិច្ចដល់អ្នកបាន។ ចូរដឹងពីវា ហើយជឿលើវា។ នេះហើយគឺជាជំនឿដែលមានជ័យជំនះ។ 
ជ័យជំនះនៅក្នុងសង្រ្គាមខាងវិញ្ញាណរបស់យើង ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង ពីព្រោះការចាញ់សង្រ្គាមនេះមិនមែនជាការចាញ់ធម្មតាទេ តែជាការត្រូវធ្លាក់ទៅក្នុងស្ថាននរក។ នៅក្នុងសង្រ្គាមផ្សេងទៀត យើងអាចជាសះស្បើយពីការចាញ់ ប៉ុន្តែនៅក្នុងសង្រ្គាមនៃជំនឿនេះ យើងលែងមានឱកាសជាសះស្បើយទៀតហើយ។ ដូច្នេះ អ្នកត្រូវតែអាចស្គាល់ពីអ្វីដែលជាសេចក្តីពិត និងអ្វីដែលជាគំនិតផ្ទាល់ខ្លួនរបស់អ្នក សេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមរបស់អ្នក និងសេចក្តីកុហករបស់ពួកគ្រូខុសឆ្គង ហើយអ្នកត្រូវតែត្រៀមជំនឿរបស់អ្នកជាស្រេច សម្រាប់ថ្ងៃចុងក្រោយ ដោយចាប់យកការយល់ដឹងត្រឹមត្រូវអំពីពេលវេលារបស់វា ដោយអំណាចនៃព្រះបន្ទូល។
ព្រះបានត្រៀមគ្រោះកាចនៃត្រែទាំង៧ និងចានទាំង៧ ហើយទ្រង់បានអនុញ្ញាតឲ្យការរងទុក្ខវេទនាដ៏ធំកើតឡើងចំពោះយើង។ កាលណាពិភពលោកនេះត្រូវបានវាយប្រហារ ដោយគ្រោះធម្មជាតិធ្ងន់ធ្ងរ គឺភ្លើងដ៏ធំដុះបំផ្លាញ និងផ្កាយធ្លាក់ចុះមក ហើយសមុទ្រ ទន្លេ និងរន្ធទឹកប្រែក្លាយទៅជាឈាម ពួកអាទទឹងនឹងព្រះគ្រីស្ទនឹងលេចមក ហើយអ្នកគួរតែដឹងថា នេះគឺជាទីសម្គាល់នៃការចាប់ផ្តើមនៃការរងទុក្ខវេទនាដ៏ធំរយៈពេល៧ឆ្នាំហើយ។ ទុក្ករកម្ម ការរស់ពីស្លាប់ឡើងវិញ និងការលើកពួកបរិសុទ្ធឡើងទៅក្នុងពពក នឹងកើតឡើង នៅចុងបញ្ចប់នៃគ្រោះកាចនៃត្រែទាំង៧ គឺកាលណាត្រែចុងក្រោយបន្លឺសម្លេងឡើង តែនៅមុនគ្រោះកាចនៃចានទាំង៧មកដល់។
កាលណាត្រាទីបួនរបស់ព្រះត្រូវបានបក ពួកអាទទឹងនឹងព្រះគ្រីស្ទនឹងតម្រូវឲ្យពួកបរិសុទ្ធបោះបង់ជំនឿរបស់ពួកគេចោល។ នៅពេលនេះ អស់អ្នកដែលមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិត ដែលជាអ្នកដែលបានកើតជាថ្មី ដែលបានបរិភោគនំម៉ាន៉ា និងអស់អ្នកដែលមានឈ្មោះកត់ទុកនៅលើថ្មដាពណ៌ស នឹងហ៊ានធ្វើទុក្ខរកម្ម ដោយក្លាហាន។ នេះហើយគឺជាជំនឿចុងក្រោយ និងអស្ចារ្យបំផុត ដែលថ្វាយគ្រប់សិរីល្អទាំងអស់ដល់ព្រះអម្ចាស់។ នេះហើយគឺជាជំនឿរបស់អស់អ្នកដែលជឿតាម និងរស់នៅស្របតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ សរុបមក នេះគឺហើយជាជំនឿដែលអាចជួយឲ្យយើងក្លាយជាអ្នកមានជ័យជំនះ នៅក្នុងសង្រ្គាមខាងវិញ្ញាណរបស់យើងបាន។ 
ទោះក្នុងតម្លៃណាក៏ដោយ យើងត្រូវតែយកឈ្នះលើពួកខ្មាំងសត្រូវរបស់យើង។ បន្ទាប់ពីបានកើតជាថ្មីហើយ យើងត្រូវតែបន្តតយុទ្ធជាមួយ និងយកឈ្នះពួកអ្នកកុហក។ ដើម្បីធ្វើដូច្នេះ យើងត្រូវតែរស់នៅក្នុងជីវិត ដែលបរិភោគនំម៉ាន៉ារបស់ព្រះ ហើយប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់របស់យើង រហូតដល់ចុងបញ្ចប់។ សម្រាប់អ្នកដែលយកឈ្នះ ព្រះបានសន្យាថ្វាយសិរីល្អ និងព្រះពររបស់ទ្រង់។ សេចក្តីជំនឿដែលសមនឹងព្រះលើកឡើងទៅក្នុងពពក ដែលជាសេចក្តីសង្ឃឹមដ៏ធំបំផុតសម្រាប់អ្នកជឿ និងចិត្តជឿយ៉ាងមុតមាំសម្រាប់នគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលទាំងអស់នេះមានតែអ្នកដែលបានទទួលនំម៉ាន៉ារបស់ព្រះ ដោយការយកឈ្នះលើសេចក្តីកុហក ដោយសារជំនឿតាមព្រះបន្ទូលព្រះប៉ុណ្ណោះ ដែលទទួលបាន។ 
អ្នកដែលស្គាល់អ្វីដែលពិតជាមានតម្លៃ នឹងលក់គ្រប់យ៉ាងរបស់ខ្លួន ដើម្បីទទួលបានវា ហើយលះបង់គ្រប់យ៉ាង ដើម្បីថែរក្សាវា។ ដោយសារការលះបង់បែបនេះ នឹងមិនមានលទ្ធផលជាការឈឺចាប់ទេ តែជាសេចក្តីអំណរដ៏ធំសម្រាប់យើងវិញ និងដោយសារនេះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត ដែលនឹងផ្តល់គ្រប់យ៉ាងដល់យើង នៅចុងបញ្ចប់ យើងចាំបាច់ត្រូវលះបង់គ្រប់យ៉ាង ដើម្បីថែរក្សាវាឲ្យបាន។ 
ខ្ញុំសង្ឃឹម និងអធិស្ឋានថា អ្នកនឹងបន្តមានសង្ឃឹមសម្រាប់នគររាជ្យមួយពាន់ឆ្នាំ និងផ្ទៃមេឃថ្មី និងផែនដីថ្មី យកឈ្នះលើខ្មាំងសត្រូវទាំងអស់ ដោយសេចក្តីសង្ឃឹមនេះ ហើយធ្វើជាអ្នកឈ្នះដែលពេញដោយសេចក្តីអំណរ និងសុភមង្គល នៅទីបញ្ចប់។